Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

សន្និបាត បូកសរុប លទ្ធផលការងារ ទេសចរណ៍ ខេត្តក្រចេះប្រចាំឆមាសទី១ និងទិសដៅអនុវត្ត បន្តឆមាសទី២ ឆ្នាំ២០១៤

$
0
0

ក្រចេះ៖  លោក ស្តើង សុខុម អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី០២  ខែកក្កដា ឆ្នាំ២០១៤នេះ បានអញ្ជើញអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ឋផលការងារ ទេសចរណ៍របស់មន្ទីរទេសចរណ៍ ខេត្តក្រចេះ ប្រចាំឆមាសទី១ និងទិស ដៅអនុវត្តន៍បន្តឆមាសទី២ ឆ្នាំ២០១៤ នៅសាលមហោស្របខេត្ត។

ពិធីនោះក៏មានការអញ្ជើញចូលរួមលោក ខណ្ឌ ចំណាន អភិបាលរង ខេត្តក្រចេះលោក ប្រធានមន្ទីរអង្គភាព ដែលមានការពាក់ព័ន្ធ រួមនិងប្រតិបត្តិករទេសចរណ៍ សិស្ស និស្សិតជាច្រើននាក់ទៀត ។

តាមរបាយការណ៍របស់លោក រុន ភារ៉ា ប្រធានមន្ទីទេសចរណ៍ខេត្តបាន ឲ្យដឹងថា កំណើនភ្ញៀវទេសចរណ៍ ដែលមកទស្សនា នៅតាមតំបន់ រមណីដ្ឋាន នានាក្នុងខេត្តក្រចេះមានការកើនឡើង។ ដោយឡែកក្នុងរយៈពេល ៦ខែ គឺចាប់ពី ខែមករា ដល់ខែមិថុនា ឆ្នាំ២០១៤ ខេត្តក្រចេះទទួលបានភ្ញៀវអន្តរជាតិ បានចំនួន១២,៦៦២នាក់ ធៀបទៅនិងរយៈពេលដូចគ្នា ឆ្នាំ២០១៣ ចំនួន១១,៥៤១នាក់ គឺមានការកើនឡើង ១,១២១នាក់ស្មើ និង៩,៧១%  រីឯភ្ញៀវទេសចរជាតិ មានចំនួន១៩០,០០២នាក់ កើនឡើង៩,៧១០នាក់ស្មើនិង ៥,១១%  ។

មានប្រសាសន៍នៅក្នុងពិធីបិទសន្និបាតនោះ លោក ស្តើង សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានជំរុញឲ្យមានការយក ចិត្តទុកដាក់ខ្ពស់ ទាមទារអោយមានការចូល រវាងមន្ទីទេសចរណ៍ និងគ្រប់ភាគីទាំងអស់ ដែលមាន ការពាក់ព័ន្ធ។

លោក មានប្រសាសន៍ទៀតថា វិស័យទេសចរណ៍ត្រូវបាន រាជរដ្ឋាភិបាលកំណត់ជាវិស័យអាទិភាព មួយក្នុងយុទ្ឋសាស្ត្រ ចតុកោណតំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលចំណោមវិស័យអាទិភាព១០ ដោយ យើងមានសក្តានុពលសម្បិត្តវប្បធម៌ ដែលស្ថិតក្នុង មុំនៃការអភិវឌ្ឍន៍ ដើរតួនាទីជាមាសបៃតង រួមចំណែក ដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមរយៈការបង្កើត និងបង្កើនឱកាសការងារសំដៅលើការបង្កើនប្រាក់ចំណូល របស់ប្រជាពលរដ្ឋដោយផ្ទល់ដែលជា ការរួមចំណែកកាត់បន្ថយភាពក្រីក្រស្រប តាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ។

លោក ស្តើង សុខុម អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ បានស្នើរអោយអាជ្ញាធរខេត្ត រួមនិងមន្ទីរទេសចរណ៍ ខេត្តត្រូវព្យាយាម បន្តចុះអប់រំបើកវគ្គបណ្តុះបណ្តាលដល់ប្រតិបត្តិករទេសចរណ៍ តាមបណ្តាររមណីដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ ដើម្បីផ្តល់នូវបទពិសោធន៍ល្អៗ ដោយឈរលើការទទួលខុសត្រូវ និងប្រុងប្រយ័ត្ន ខ្ពស់ក្នុងការផ្តល់សេវាកម្ម សុវត្តិភាពចំណីអាហារ ការស្នាក់នៅ សេវាកម្មសម្សាន្តនានា អោយមាន សោភណ្ឌភាពកាន់តែមានការទាក់ទាញ និងសម្រួលដល់ការទស្សនាកម្សាន្តរបស់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិថែមទៀត៕


សិក្ខាសាលា ថ្នាក់ជាតិ ស្ដីពីវឌ្ឍនភាព ការងារគំរោង គំរបដី ២០០៩-២០១០ នៅអាងទន្លេ មេគង្គក្រោម

$
0
0

សៀមរាប ៖ គណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា បានរៀបចំនូវសិក្ខាសាលា ពិគ្រោះយោបល់ ថ្នាក់ជាតិ ស្ដីពី វឌ្ឍនភាពការងារគំរោងគំរបដី ២០០៩-២០១០ នៅអាងទន្លេមេគង្គក្រោម  គឺរៀបចំនៅព្រឹកថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤នេះ នៅសណ្ឋាគារអង្គរប៉ារាឌី ក្រុងសៀមរាប ។

កិច្ចប្រជុំនេះមានវត្តមានចូលរួមពីមន្ត្រីពាក់ព័ន្ធជំនាញ ពីស្ថាប័នពាក់ព័ន្ធ តំណាងលេខាធិការ គណៈកម្មាធិការជាតិទន្លេមេគង្គ ១៦រូប ស្ដិតក្នុងអធិបតីភាពរបស់លោក តែ ណាវុធ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ។

ក្នុងនាមលោករដ្ឋមន្ដ្រី លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា លោក តែ ណាវុធ បានបង្ហាញពីគោលបំណងនៃសិក្ខាសាលានេះថា គឺដើម្បីជម្រាបជូនពីវឌ្ឍនភាពការងារ នៃដំណើរការរៀបចំគំរោងគំរបដី នៅអាងទន្លេមេគង្គក្រោម ដែលបាន ដំណើរការអនុវត្តក្នុងចំណោមប្រទេសជាសមាជិកទាំងបួន គឺមាន ប្រទេសថៃ ឡាវ កម្ពុជា និងវៀតណាម ដើម្បីប្រមូលមតិយោបល់ បច្ចេកទេសសំដៅធ្វើយ៉ាងណាឲ្យលទ្ធផលកាន់តែមានភាពសុក្រិតថែមទៀត ។ លើសពីនេះទៀត គឺដើម្បីប្រមូលមតិយោបល់ សម្រាប់ការរៀបចំគម្រោងបច្ចុប្បន្នភាពគំរបដី ឆ្នាំ២០១៣ និង ២០១៤ នៅទូទាំងប្រទេសកម្ពុជា។

ទាក់ទងនឹងការងារនេះ ខាងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានរៀបចំក្រុមការងារថ្នាក់ជាតិមួយ ដែល មានការចូលរួមពីក្រសួងពាក់ព័ន្ធ ដើម្បីចូលរួមជាមួយថ្នាក់តំបន់ ក្នុងការផលិតផែនទីគំរបដី នៅអាងទន្លេ មេគង្គក្រោម ដោយចាប់ផ្ដើមតាំងពីឆ្នាំ ២០១២ ដែលរហូតមកដល់ពេលនេះ សម្រេចបានលទ្ធផលប្រមាណជា ៩០ភាគរយ ដែលគ្រោងនឹងបញ្ចប់ក្នុងខែសីហា ឆ្នាំ២០១៤ ខាងមុខនេះ ។

តាមរយៈការចូលរួមក្នុងអង្គសិក្ខាសាលានេះ លោកប្រធានសង្ឃឹមថា លោក លោកស្រី និងមានការយកចិត្ត ទុកដាក់ខ្ពស់ ក្នុងការស្វែងយល់ឲ្យបានហ្មត់ចត់ និងការស្វែងយល់ពីវិធីសាស្ដ្រ ក្នុងការរៀបចំផែនទីគំរបដី និងផ្ដល់យោបល់ស្ថាបនា ដើម្បីឲ្យការរៀបចំផែនទីនេះ កាន់តែមានភាពសុក្រិតបន្ថែមទៀត ៕

ឆេះស្ថានីយ ប្រេងសាំង នៅឃុំព្រែកកក់ សំណាងល្អ ជួយអន្ដរាគមន៍ទាន់

$
0
0

កំពង់ចាម  ៖ ស្ថានីយប្រេង ឥន្ធនៈមួយកន្លែង ស្ថិតនៅ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្ដកំពង់ចាម កាលពីវេលា ប្រមាណ ម៉ោង៥ល្ងាច ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤នេះ ត្រូវបាន អគ្គិភ័យឆាបឆេះ យ៉ាងខ្លាំង ប៉ុន្ដែសំណាងល្អ ត្រូវបានកម្លាំង នគរបាល រថយន្តពន្លត់ អគ្គិភ័យ របស់ក្រុមហ៊ុន ចំការកៅស៊ូ ហេងឡុង និងប្រជាពលរដ្ឋ នៅក្បែរ កន្លែងកើតហេតុ ជួយអន្ដរាគមន៍ទាន់ ពេលវេលា ក្នុងរយៈពេល៣០នាទី ក្រោយមក មិនបណ្ដាលឱ្យរីករាល ដាលកាន់តែខ្លាំង និងប៉ះពាល់ដល់ ផ្ទះប្រជាពលរដ្ឋ នោះឡើយ ។

សេចក្ដីរាយការណ៍ពី សមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា ក្រោយពីមាន ករណីអគ្គិភ័យ កើតឡើងភ្លាម ស្នងការនគរបាល ខេត្ដកំពង់ចាម បានបញ្ជាឱ្យបញ្ជូន រថយន្ដពន្លត់អគ្គិភ័យ និងសុំអន្តរាគមន៍ រថយន្ដពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុនកៅស៊ូ ហេងឡុង ទៅជួយបាញ់ពន្លត់ ក្នុង រយៈពេល៣០នាទី ទើបភ្លើងបានថមថយទៅវិញ និងរលត់ទាំងស្រុងតែម្តង ។

បើតាមសមត្ថកិច្ច ក្នុងគ្រោះអគ្គិភ័យនេះ បានធ្វើឱ្យ រថយន្ដតួរីស មួយគ្រឿង ត្រូវឆេះបំផ្លាញ និងទ្រព្យ សម្បត្ដិមួយចំនួនទៀត ដូចជា ម៉ាស៊ីនភ្លើង តម្លៃប្រមាណ៣០០០ដុល្លារ ប៉ុន្ដែប្រេងនៅក្រោមដី និងផ្ទះប្រជាពលរដ្ឋ នៅក្បែរខាង មិនប៉ះពាល់នោះឡើយ ។

បើតាមសមត្ថកិច្ច បានបញ្ជាក់ថា មូលហេតុដែលនាំឲ្យ មានគ្រោះអគ្គិភ័យ ខាងលើនេះ កើតឡើង ដោយសារតែ មានរថយន្តតួរីសមួយគ្រឿង ចូលទៅចាក់សាំង ហើយមិនពន្លត់ម៉ាស៊ីន ។  

ជុំវិញគ្រោះអគ្គិភ័យ ខាងលើនេះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលតាមទូរស័ព្ទថា លោកបានទទួលព័ត៌មានពី ប្រជាពលរដ្ឋតាមទូរស័ព្ទ មុនពេលកម្លាំង នគរបាលរបស់លោក បានរាយការនណ៍មកម្ល៉េះ ។

លោកស្នងការ បានបន្តទៀតថា ក្រោយទទួលព័ត៌មានភ្លាម ពីប្រជាពលរដ្ឋ លោកបានបញ្ជាឲ្យ កម្លាំងនគរបាល ការិយាល័យ ពន្លត់អគ្គិភ័យ របស់ស្នងការ ចេញជួយអន្តរាគមន៍ភ្លាមៗ ប៉ុន្តែទន្ទឹមនឹងនេះ ដោយសារតែស្ថានផ្លូវពីព្រោះមានស្ពានតូចៗ សម្រាប់ការធ្វើដំណើរ របស់រថយន្តពន្លត់អគ្គិភ័យ និងមានចំងាយជិត៤០គីឡូម៉ែត្រ ទំរាំទៅដល់កន្លែង កើតហេតុនោះ លោកបានសុំអន្តរាគមន៍ ពីសំណាក់ក្រុមហ៊ុន ចំការកៅស៊ូ ហេងឡុង ឲ្យជួយបញ្ជូន រថយន្តទៅជួយបាញ់ពន្លត់ផងដែរ ដោយសារតែ ទីតាំងក្រុមហ៊ុន មានចំងាយប្រមាណ ៨គីឡូម៉ែត្រ ពីទីតាំងកើតហេតុនោះ។

លោកឧត្តមសេនីយ៍ បានបន្តទៀតថា បើមិនបានរថយន្ត ពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន ហេងឡុង ចេញជួយ អន្តរាគមន៍នោះទេ ច្បាស់ជាស្ថានភាព អគ្គិភ័យនឹងធ្ងន់ធ្ងរជាក់ជាមិនខានឡើយ ។

ដោយសារតែមានស្ថានភាព និងបញ្ហានេះកើតឡើងដោយផ្ទាល់ និងជាបទពិសោធន៍ នោះ ស្នងការនគរបាល ខេត្តកំពង់ចាម បានថ្លែងបញ្ជាក់ថា លោកនឹងសុំគោល ការណ៍បន្ថែម ពីអភិបាល ខេត្តកំពង់ចាម ដើម្បីដាក់រថយន្តពន្លត់អគ្គិភ័យជាប្រចាំ នៅស្រុកស្ទឹងត្រង់ ដើម្បីជួយអន្តរាគមន៍ ក្នុងករណីដែលមាន អគ្គិភ័យណាមួយកើតឡើងនោះ ពីព្រោះពេលខ្លះរថយន្ត ជួយអន្តរាគមន៍ នៅឯស្នងការនោះ ពិតជាត្រូវចំណាយពេល ក្នុងការបញ្ជូនទៅបាញ់ពន្លត់ ៕

រន្ទះបាញ់ បាញ់គោមេ ងាប់មួយក្បាល ខណៈកំពុង ស៊ីស្មៅនៅ ខាងក្រោយផ្ទះ

$
0
0

មេគោមួយក្បាល បានស្លាប់ភ្លាមៗ ដោយសារតែមានរន្ទះបាញ់ បាញ់ត្រូវ ខណៈគោមេមួយក្បាលនេះ កំពុងស៊ីស្មៅ ក្រោយផ្ទះ ជាប់នឹងមាត់ទន្ល ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១៧ និង៣៥នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិពោធិ៍មៀវ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មេគោមួយក្បាលដែលបានងាប់ខាងលើនេះ មានម្ចាស់ឈ្មោះ សុខ សៀ ភេទប្រុស អាយុ៥២ឆ្នាំ នៅភូមិឃុំកើតហេតុខាងលើ ដោយមានរូបភាពភ្ជាប់ជាមួយ ។

ប្រភពដដែលបានបន្តថា ក្រោយមានភ្លៀង ខ្យល់ជាច្រើននោះ ក៏មានរន្ទះបាញ់ ហើយបានបាញ់ ត្រូវមេគោមួយក្បាលដែលកំពុងស៊ី ស្មៅនៅក្រោយផ្ទះ បណ្តាលឲ្យងាប់តែម្តង៕

មន្រ្តីចម្រុះ សម្រេចយក ៣ ចំណុច ជាជំហានដំបូង ក្រោយពីចុះត្រួតពិនិត្យ កន្លែងចាក់កាកសំណល់ មេតាណុល ក្រោយភ្នំរាប (មានវីដេអូ)

$
0
0

កណ្ដាល ៖ មន្រ្តីពាក់ព័ន្ធជាច្រើន នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៤នេះ បានសម្រេចយក ៣ ជា ជំហានដំបូងទាក់ទងទៅនឹង កន្លែងចាក់កាកសំណល់ មេតាណុល ក្រោយភ្នំរាប ដែលបានធ្វើ ឲ្យប៉ះ ពាល់ទៅដល់សុខភាព និងខូចគុណភាពដី របស់ប្រជាពលរដ្ឋដែលមានទីលំនៅក្បែរនោះ។

ការសម្រេចនេះ បានធ្វើឡើង នៅក្នុងកិច្ចប្រជុំមួយ ដែលមានការចូលរួមពី មន្រ្តីសាលាខេត្តកណ្តាល មន្ទីរបរិស្ថាន ក្រសួងបរិស្ថាន អភិបាលស្រុកអង្គស្នួល និងមេឃុំទួលព្រិច នៅព្រឹកថ្ងៃទី២ ខែមិថុនា ។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សា មន្រ្តីទាំងអស់ក៏បានទទួលស្គាល់ថា ពិតជាជះក្លិនស្អុយនិងប៉ះពាល់ដល់ ការរស់នៅរបស់អ្នកភូមិ ជាពិសេសនាពេលយប់ និងពេលមានភ្លៀងធ្លាក់ម្តងៗ ធ្វើឲ្យប្រជាពលរដ្ឋទ្រាំ មិនបាន ។

មន្រ្តីសាលាខេត្តបានឲ្យដឹងថា ៣ចំណុចនោះ រួមមាន ទី១-ត្រូវបញ្ឈប់សកម្មភាព ចាក់កាកសំណល់ មេតាណុលជាបន្ទាន់, ទី២-ត្រូវកាយដីលុបកន្លែងចាក់ និងទី៣-រង់ចាំលទ្ធផលស្រាវជ្រាវ ពីក្រសួង បរិស្ថាន បើមិនមានបញ្ហាអ្វីខុស ពីប្រក្រតីនឹងចាត់ការបន្តទៀត ។

បើតាមការឲ្យដឹង ពីក្រុមប្រជាពលរដ្ឋថា ការដឹកជាតិមេតាណុលចេញពីរោងចក្ររបស់ជនជាតិកូរ៉េ គឺ គ្មានច្បាប់ទម្លាប់ត្រឹមត្រូវទេ ហើយតែងតែយកជាតិមេតាណុលនេះ នៅម៉ោង ៤ទាបភ្លឺជារៀងរាល់ថ្ងៃ ហើយក្នុងមួយថ្ងៃៗ ជាតិមេតាណុលនេះ យកមកចាក់ចោល១៧តោន។

កាកសំណល់មេតាណុលខាងលើ ត្រូវបានគេដឹងថា បានដឹកចេញពីរោងចក្រមេតាណុលរបស់កូរ៉េ ស្ថិត នៅតាមផ្លូវជាតិលេខ៥ ដែលក្រុមហ៊ុនកាលពីកន្លងទៅ ធ្លាប់ធ្វើ ឲ្យប្រជាពលរដ្ឋផ្ទុះការតវ៉ានឹងសកម្ម ភាព បំពុលសុខភាពប្រជាពលរដ្ឋ និងបរិស្ថានរួចម្តងមកហើយ ដោយសារតែក្រុមហ៊ុន បានបង្ហូរជាតិ មេតាណុលចូលក្នុងទឹកទន្លេ ។

សូមបញ្ជាក់ថា អ្នកឃុំទួលព្រិច និងអ្នកភូមិម្កាក់ ស្រុកអង្គស្នួល ជាច្រើនគ្រួសារ ដែលមានផ្ទះសម្បែង និងដីចំការនៅខាងត្បូងភ្នំថ្ម ៣ដុំ និងខាងក្រោយ វត្ដភ្នំរាប បាននាំគ្នាប្រតិកម្ម និងរាយការណ៍ សូមឱ្យ មន្ដ្រីអាជ្ញាធរសមត្ថកិច្ច ជាពិសេស មន្ដ្រីបរិស្ថាន ចុះទៅត្រួតពិនិត្យមើលករណី គេយកកាកសំណល់រាវ រាប់រយរាប់ពាន់តោន យកទៅចាក់ចោល ពាសវាលពាសកាលជះ ក្លិនស្អុយអាសោច ធ្វើឱ្យអ្នក ស្រុកពិបាកទ្រាំបំផុត ។

អ្នកភូមិរំលិច ឃុំទួលព្រិច ដែលជាកន្លែងគេយកកាកសំណល់ទៅចាក់ចោលខាងលើនេះ បានអះអាង ថា សកម្មភាពគេយកកាកសំណល់ មកចាក់ចោលខាងលើនេះ គឺកើតមានជាយូរ មកហើយ ដោយ ទីតាំងចាក់មាន ទំហំដីជាច្រើនហិកតា ហើយដោយសារតែកាកសំណល់ដែលគេដឹកយកមកចាក់ចោល ខាងលើនេះ ជាប្រភេទ កាកសំណល់រាវដូចភក់ ម្ចាស់ទីតាំងបានកាយជាប្រឡាយលើកជារង ដូចរងដាំ ដំឡូង រួចហើយមានរថយន្ដដូចប្រភេទរថយន្ដបូមលូធំៗ ពណ៌លឿង ដឹកកាក សំណល់ យកទៅបូម ចាក់ចូលតាមប្រឡាយនោះ ទុកចោលពាសវាល ពាសកាល ជះក្លិន ស្អុយអាសោចពិបាកនឹងទ្រាំបំផុត ហើយប្រសិនបើខ្យល់បក់មកម្ដងៗ ក្លិនស្អុយសាយភាយរាប់ពាន់ម៉ែត្រ សូម្បីតែអ្នកទៅអង្គុយ លេងនៅ រម្មណីយដ្ឋានភ្នំរាប ក៏ធំក្លិនស្អុយ ស្ទើទ្រាំមិនបានផងដែរ ពេលខ្យល់បក់ចំម្ដងៗ ។

ចំណែកអ្នកភូមិ ដែលមានដីចំការនៅក្បែរៗនោះ បាននាំគ្នាព្រួយបារម្ភពីទឹករាវ នៃកាក សំណល់ខាង លើនេះ ពេលជ្រាបចូលក្នុងដី ឬក៏ហូរហៀរ ចូលទៅដីរបស់ពួកគាត់ ដែលនៅ ខាងទំនាបអាចនឹងបង្ក ផលប៉ះពាល់ដល់ដំណាំ ឬសត្វចិញ្ចឹមរបស់ពួកគាត់ ខណៈគេមិនដឹងថា កាកសំណល់ខាងលើ ជាកាក សំណល់អ្វីពិតប្រាកដផងនោះ និងមានសារធាតុគីមី ឬ អត់?៕

ឃាត់ខ្លួន ជនសង្ស័យ២នាក់ ពីបទបង្កហិង្សា ដោយចេតនា

$
0
0

កណ្តាលៈ យុវជនម្នាក់ បានរងរបួសស្រាល ខណៈកំពុងជិះម៉ូតូ ហើយត្រូវបានជនសង្ស័យ២នាក់ ស្រែកថា ចោរៗ បានឃាត់ម៉ូតូ រួចវាយទៅលើងជនរងគ្រោះ ជាច្រើនដៃបណ្តាលឲ្យរងរបួស ។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង ១៧ និង២០នាទី ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៤ នៅចំណុច លើផ្លូវលំខាងត្បូងវត្ត កំពង់ភ្នំក្នុង ភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្ត កណ្តាល។

ជនសង្ស័យ២នាក់ ដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននេះ មាន១/ ឈ្មោះ ទ្រាង ចាន់ថុន ភេទប្រុស អាយុ២៧ ឆ្នាំ ទីលំនៅភូមិ កំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល  មុខរបរកម្មករ សំណង់ (ស្ពាន ) ។ ២/ឈ្មោះ អុន សុភក្ត្រ័ ភេទប្រុស អាយុ២១ ឆ្នាំ មានទីលំនៅ ភូមិ កំពង់ពោធិ៍ ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល មុខរបរ ជាងម៉ាស៊ីន ។ ចំណែកជនរងគ្រោះមាន ឈ្មោះ គួយ សេងហុង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ បុគ្គលិកអង្កការអភិវឌ្ឍន៍ រងរបួសស្រាល មានទីលំនៅ ភូមិព្រែកបិ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល។ វត្ថុតាងរួមមាន ម៉ូតូ ចំនួន២គឿង ១/ ម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1-AU 2890 ជារបស់ជនរងគ្រោះ ។ ២/  ម៉ាកហុងដា វ៉េវ សេ១១០ សេរីឆ្នាំ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1O-3314 ជារបស់ជសង្ស័យ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនថ្ងៃកើតហេតុយូរមកហើយ  ជនសង្ស័យ ឈ្មោះ ទ្រង ចាន់ថុន បានបាត់ម៉ូតូ ១គឿង សេរីឆ្នាំ ២០១១ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AU-9028  ។ លុះមកដល់ថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០១៤ ជនសង្ស័យ បានបើកម៉ូតូ មានគ្នា២ នាក់ មកពី ផ្សារព្រែកដាច់  ពេលជិះឡើងមក ដល់ចំណុចលើផ្លូវជាតិលេខ១ក្នុងភូមិអំពិលទឹក ឃុំកំពង់ភ្នំ បានជួប និងជនរងគ្រោះ កំពង់តែជិះម៉ូតូ សេ១២៥ ស៊េរី ២០១១ ពណ៌ខ្មៅ ពាក់ស្លកលេខ ភ្នំពេញ 1 AU-2890  ពេលនោះជនសង្ស័យ ទាំងពីរនាក់ ស្មានថា ជាម៉ូតូ របស់ខ្លួនដែលបានបាត់ ក៏បានជិះម៉ូតូដេញតាមពីក្រោយ ហើយហៅអោយឈប់ ពេលនោះជនរងគ្រោះខ្លាច មិនហ៊ានឈប់ក៏បានបើកម៉ូតូ ចូលតាមផ្លូវលំខាងត្បូងវត្តកំពង់ភ្នំក្នុង ហើយ ជនសង្ស័យ បានជិះម៉ូតូ ដេញតាមពីរក្រោយ  ហើយបានស្រែកថា ចោរ ៗ ភ្លាមនោះជនសង្ស័យ ចាប់បានជនរងគ្រោះ រួចបានវាយជាច្រើនដៃ បណ្តាលអោយរងរបួសលើផ្ទៃមុខ និងពកថ្ងាស់មួយកន្លែងតែម្តង ។

ជនសង្ស័យទាំងពីរនាក់ ត្រូវបានឃាត់ខ្លួន ជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុក ដើម្បី កសាងសំណុំរឿងតាមនិតិវិធី៕

ជនរងគ្រោះ ក្រោយជនសង្ស័យ វាយជាច្រើនដៃ

បំបែកសំបុក ចែកចាយ គ្រឿងញៀន នៅផ្ទះសំណាក់ ដាលីន

$
0
0

កំពង់ឆ្នាំងៈ កម្លាំងនគរបាល ក្រុងកំពង់ឆ្នាំង ដឹកនាំដោយព្រះរាជអាជ្ញារង លោកស៊ុន រស្មី នៅវេលាម៉ោង១១ និង១០នាទីយប់ ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៤ បានចុះបង្រ្កាបសំបុក ចែកចាយគ្រឿងញៀន នៅផ្ទះសំណាក់យីហោ ដាលីន ស្ថិតក្នុងភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។

ក្នុងយុទ្ធនាការនេះ កម្លាំងសមត្ថកិច្ចបានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន៦នាក់ ក្នុងនោះមានស្រី២នាក់។ប្រភពព័ត៌មានពី សមត្ថកិច្ចកន្លែងកើតហេតុ បានអោយដឹងថា ជនសង្ស័យទី១ឈ្មោះ មុត ចន្ថា ហៅស្រើល ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិឃ្លាំងប្រាក់ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង មេចែកចាយទី២ឈ្មោះ ឃឹម ផល្លា ហៅអ៊ូកភេទស្រី អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិទួលក្រឡាញ់ សង្កាត់កំពង់ឆ្នាំង ជាអ្នករក្សាទុកចែកចាយ ទី៣ឈ្មោះគល់ សុធា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង សេបគ្រឿងញៀន ទី៤ឈ្មោះសៅ សុធារ៉ា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមស្រែព្រីង សង្កាត់កំពង់ឆ្នាំង សេបគ្រឿងញៀន ទី៥សុក ប៊ុនធឿន ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង សេបគ្រឿងញៀន និងទី៦ឈ្មោះជួង ស្រីមុំ ភេទស្រី អាយុ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលភូមិត្រពាំងចិក្សា សង្កាត់កំពង់ឆ្នាំង សេពនិងប្រើប្រាស់គ្រឿងញៀន។

សមត្ថកិច្ចរឹបអូស បានវត្ថុតាងរួមមាន ម៉ាទឹកកកចំនួន២១កញ្ចប់តូច និង២កញ្ចប់ធំ និងទូរស្ទ័ពដៃ ៤គ្រឿង៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតី ដាក់ចេញផែនការ យុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ២០១៤-២០១៨

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០ ១៤នេះ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដាក់ឲ្យអនុវត្ត«ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព ២០១៤-២០១ ៨» និងអបអរសាទរគម្រប់ខួប ៥ឆ្នាំ ច្បាប់ស្តីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ នៅសាលមហោស្រព កោះពេជ្រ។

ពិធីប្រកាសដាក់ឲ្យអនុវត្ត «ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព២០១៤-២០១៨» ក៏មានការអញ្ជើញចូលរួម ផងដែរ ពីមន្រ្តីជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា មន្រ្តីក្រុមប្រឹក្សាសកម្មភាពជនពិការ អង្គការសង្គមស៊ីវិលជាតិ អន្តរជាតិជាដៃគូ ព្រមទាំងជនពិការជាច្រើនរយនាក់ផ្សេងទៀត។

លោក ឯម ច័ន្ទមករា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានឲ្យដឹងថា ផែន ការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព២០១៤-២០១៨ មាន ១០ចំណុចសំខាន់ៗ។ លោកបន្តថា ផែនការយុទ្ធ សាស្រ្តជាតិនេះ ត្រូវបានរៀបចំឡើង ដើម្បីបំពេញចំណុចខ្វះខាត និងបំពេញបន្ថែមលើគោលនយោបាយ ដែល មានស្រាប់សំដៅឆ្លើយតបទៅនឹងបញ្ហាប្រឈមថ្មីៗ ក្នុងកិច្ចខិតខំប្រឹងប្រែងបញ្ចូលជនពិការទៅក្នុងកិច្ចអភិវឌ្ឍន៍ សង្គមកម្ពុជា នាពេលបច្ចុប្បន្ន។

អគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការវ័យក្មេងរូបនេះ  បានសម្តែងការរំពឹងទុក្ខថា ផែនការយុទ្ធសាស្រ្ត ជាតិ ស្តីពិការភាព២០១៤-២០១៨ នឹងជួយឲ្យជនពិការ និងក្រុមគ្រួសារមានគុណភាពជីវិតល្អប្រសើរ និងចូលរួម យ៉ាងសកម្មភាពពេញលេញ ស្មើភាពគ្នាក្នុងសង្គម ដែលមានការគោរពសិទ្ធិ និង សេចក្តីថ្លៃថ្នូរ។

របាយការណ៍ជំរឿនប្រជាជនឆ្នាំ២០១៣ បានបង្ហាញថា កម្ពុជាមានជនពិការ ៣០១.៦២៩នាក់។ ក្នុងនោះស្រ្តីពិ ការមានចំនួន ១៤៤.៦២២នាក់ និងកុមារពិការអយុពី០ឆ្នាំ ដល់១៤ឆ្នាំ មានចំនួន ៣២.០៥៦នាក់ ស្មើនឹង ១០,៦៣ភាគរយ នៃជនពិការសរុប។

សម្តេចតេជោ ហ៊ុន សែន តាមរយៈសារលិខិត ដែលចែកជូនអ្នកចូលរួមកម្មវិធីនាព្រឹកថ្ងៃនេះ បានមានប្រសាសន៍ ថា ជនពិការ គឺជាមនុស្ស ដែលត្រូវបានយកចិត្តទុកដាក់ និងមានសិទ្ធិដូចជនមិនពិការ។ សម្តេចបានជំរុញឲ្យ បញ្ចូលជនពិការទៅគ្រប់សកម្មភាពសង្គម និងលុបចោលនូវឥរិយាបថមើលងាយដល់ជនពិការ។

តាមរយៈលិខិតដដែលនេះ សម្តេចតេជោ បានថ្លែងយ៉ាងដូច្នេះ «ជនពិការ និងកុមារពិការត្រូវដាក់បញ្ចូលទៅក្នុង គ្រប់សកម្មភាពអភិវឌ្ឍ មិនត្រូវទុកជនពិការឲ្យនៅដាច់ដោយឡែកនោះទេ។ ត្រូវធ្វើឲ្យមានការផ្លាស់ប្តូរឥរិយាបថ ការយល់ឃើញរបស់សង្គមចំពោះជនពិការ ក្នុងការទទួលស្គាល់សកម្មភាព និងសំឡេងរបស់ជនពិការ ដែលនាំ មកនូវការលើកកម្ពស់ដល់ការអភិវឌ្ឍសង្គម»។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានថ្លែងរំពឹងដែរថា ផែនការយុទ្ធសាស្រ្តជាតិស្តីពីពិការរភាពរយៈពេល ៥ឆ្នាំនេះ នឹង ទទួលបាននូវដំណោះស្រាយជាក់លាក់ និង បទពិសោធន៍ល្អៗ សម្រាប់រួមចំណែកកសាងសមត្ថភាពជាតិឲ្យបាន កាន់តែមានប្រសិទ្ធភាព។ ផែនការយុទ្ធសាស្រ្តនេះ ក៏នឹងចូលរួមចំណែកជួយជំរុញសង្គមកម្ពុជា បោះជំហានឆ្ពោះ ទៅមុខ ក្នុងការលុបបំបាត់ឧបស័គ្គនានា និងផ្តល់ឱកាសដល់ជនពិការចូលរួមបម្រើកិច្ចការនៅក្នុងសង្គមកម្ពុជា។    

សូមបញ្ជាក់ថា ចំណុចសំខាន់ៗ នៃផែនការយុទ្ធសាស្រ្តជាតិ ស្តីពីពិការភាព២០១៤-២០១៨ ទាំង ១០នោះរួម មាន៖

១. ការកាត់បន្ថយភាពក្រីក្ររបស់ជនពិការ តាមរយៈការលើកកម្ពស់កំណើនការងារ និងអាជីពសមស្របសម្រាប់ ជនពិការ ដើម្បីបង្កើនជីវភាពរស់នៅសមរម្យ និងពង្រឹងភាពជាម្ចាស់ការ។

២. ផ្តល់ដល់ជនពិការ នូវសេវាសុខភាព ប្រកបដោយគុណភាព និង សមភាព ព្រមទាំងការស្តារលទ្ធភាពពលកម្ម កាយសម្បទា និងសតិបញ្ញា។

៣. បង្កើនកិច្ចអន្តរាគមន៍សេវាយុត្តិធម៌ កាត់បន្ថយ និងឈានទៅរកការលុបបំបត់ការរើសអើង ការរំលោភបំពាន ការប្រមាថ និងការកេងប្រវ័ញ្ចលើជនពិការ។

៤. ពង្រឹង និងពង្រីកសេរីភាព សន្តិសុខបុគ្គល និងការគ្រប់គ្រងស្ថានភាពនៃហានិភ័យ ស្ថានភាពបន្ទាន់ផ្នែក មនុស្សធម៌ ក្នុងពេលមានគ្រោះមហន្តរាយ ដែលរួមបញ្ចូលជនពិការ។

៥. ធានាថា ជនពិការអាចមានលទ្ធភាពទទួលបានសេវាអប់រំ បណ្តុះបណ្តាលវិជ្ជាជីវៈប្រកបដោយគុណភាព និងសមភាព។

៦. លើកកម្ពស់ការចូលរួមរបស់ជនពិការក្នុងការសម្តែងមតិ ទទួលព័ត៌មាន និងចូលរួមជីវភាពនយោបាយ។

៧. ធានាដល់ការចូលរួមសកម្មភាពសង្គម រួមមាន៖ វប្បធម៌ សាសនា កីឡា សិល្បៈ ការសម្រាកលំហែរ និង សកម្មភាពផ្សេងៗទៀត។

៨. អភិវឌ្ឍន និងកែសម្រួលឲ្យមានលក្ខណៈងាយស្រួល ក្នុងការប្រើប្រាស់បរិស្ថាន រូបវន្ត មធ្យោបាយដឹកជញ្ជូន បម្រើជាសាធារណៈ ចំណេះដឹង ព័ត៌មាន និងទំនាក់ទំនងចំពោះជនពិការ។

៩. ធានាសមភាពយេនឌ័រ និងការលើកកម្ពស់សមត្ថភាពស្រ្តី និងកុមារ។

១០. ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយថ្នាក់អន្តរជាតិ ថ្នាក់អន្តរតំបន់ ថ្នាក់តំបន់ ថ្នាក់អនុតំបន់ ថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ៕


UN ចាត់វិធានការ ដើម្បីបញ្ចៀសវិបត្តិ មនុស្សធម៌នៅសូម៉ាលី

$
0
0

ណៃរ៉ូប៊ី៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤ បានឲ្យដឹងថា ភ្នាក់ងារអង្គការសហ ប្រជាជាតិ UN បានអំពាវនាវដល់សហគមន៍អន្តរជាតិ ឲ្យមានការចាត់វិធានការភ្លាមៗ ដើម្បីជួយដោះស្រាយ វិបត្តិមនុស្សធម៌នៅប្រទេសសូម៉ាលី។

ស្ថាប័នអង្គការសហប្រជាជាតិ ដើម្បីសម្របសម្រួលកិច្ចការមនុស្សធម៌ ដែលហៅកាត់ថា OCHA និងមូលនីធិ កុមារ បានស្នើឲ្យម្ចាស់ជំនួយពួកគេក្នុងការឆ្លើយតប ក៏ដូចជាពង្រឹងស្ថានភាពនៅក្នុងតំបន់ Horn អាហ្វ្រិកឲ្យបាន ជាបន្ទាន់។

លោក John Ging ប្រធានប្រតិបត្តិប្រចាំការិយាល័យ ដើម្បីការសម្របសម្រួលកិច្ចការមនុស្សធម៌បានលើកឡើង ថា អ្វីដែលធ្លាប់កើតមានមុនឆ្នាំ២០១១ បានកើតមានឡើងសារជាថ្មីក្នុងនោះ មានដូចជា ការថយចុះនូវជំនួយ មនុស្សធម៌ អសន្តិសុខ ការកើនឡើងនូវតម្លៃអាហារ គ្រោះរាំងស្ងួត និងបញ្ហាកង្វះអាហាររូបត្ថម្ភរបស់កុមារតូចៗ។

ប្រធានប្រតិបតិ្តរូបនេះបន្តថ្លែងថា វាពិតជាមានសារៈសំខាន់ជាទីបំផុត ដែលមនុស្សចាំបាច់ ត្រូវចាត់វិធានការ ភ្លាមៗ ដើម្បីបញ្ចៀសកុំឲ្យវិបត្តិកាន់តែធ្ងន់ធ្ងរ។ សូមជំរាបថា លោក Ging ជាផ្នែកមួយរបស់ប្រធានក្រុមសង្គ្រោះ បន្ទាន់ នៃភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ និងជាអង្គការដៃគូមួយ ដែលបានបំពេញទស្សនកិច្ចនៅ ប្រទេសសូម៉ាលី និងយ៉េមែនកាលពីសប្តាហ៍មុន៕

វៀតណាម ចាប់អារម្មណ៍ ចំពោះកំណែរទម្រង់ រដ្ឋធម្មនុញ្ញរបស់ជប៉ុន

$
0
0

ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញ ផ្សាយកាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤ បានឲ្យដឹងថា ប្រ ទេសវៀតណាម បានសម្តែងការចាប់អារម្មណ៍ខ្ពស់ ចំពោះព័ត៌មាន ដែលបានបង្ហាញពីការធ្វើកំណែទម្រង់រដ្ឋធម្ម នុញ្ញរបស់ប្រទេសជប៉ុន ទាក់ទងនឹងការប្រើប្រាស់កម្លាំងយោធាឡើងវិញ។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីប្រទេសវៀតណាម។

អ្នកនាំពាក្យប្រចាំក្រសួងការបរទេសប្រទេសវៀតណាម លោក Le Hai Binh បានថ្លែងថា ទាក់ទងការធ្វើកំណែ ទម្រង់រដ្ឋធម្មនុញ្ញនេះថា ប្រទេសវៀតណាម សង្ឃឹមថា ប្រទេសជប៉ុន ដែលជាប្រទេសប្រកបដោយឥទ្ធិពលមួយ ក្នុងតំបន់ និងក្នុងពិភពលោកមួយនេះ នឹងបន្តកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីចូលរួមក្នុងការកសាង រក្សាសន្តិ ភាព ព្រមទាំងកិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍន៍លើពិភពលោក៕

អាម៉េរិកយល់ពីកិច្ច ខិតខំប្រឹងប្រែង របស់ជប៉ុន ដើម្បីដោះស្រាយ បញ្ហាចាប់ជំរិត

$
0
0

វ៉ាស៊ីនតោន៖ សហរដ្ឋអាម៉េរិកនៅថ្ងៃព្រហស្បតិ៍ ទី០៣ ខែកក្កដា បាននិយាយថា ខ្លួនបានយល់អំពីកិច្ចខិតខំប្រឹង ប្រែងរបស់ប្រទេសជប៉ុន ដើម្បីដោះស្រាយបញ្ហាចាប់ជំរិតពលរដ្ឋរបស់ខ្លួន បន្ទាប់ពីជប៉ុន បានប្រកាសដកទណ្ឌ កម្មមួយចំនួន ចេញពីប្រទេសកូរ៉េខាងជើង។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី០៤ ខែកក្កដា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើកឡើង របស់លោកស្រី ចេន ហ្សាគី អ្នកនាំពាក្យក្រសួងការបរទេសអាម៉េរិក នៅក្នុងសេចក្តីថ្លែងការណ៍ថា «យើងនឹកគិត ជាមួយនឹងគ្រួសារ នៃអ្នកដែលបានចាប់ជំរិតទំាងនោះ ហើយយើងក៏បានយល់អំពីកិច្ចខិតខំប្រឹងប្រែងរបស់ជប៉ុន ដើម្បីដោះស្រាយបញ្ហាមនុស្សធម៌នេះដែរ»។

ពាក់ព័ន្ធនឹងបញ្ហានេះ ជប៉ុនបានសម្រេចចិត្តដកទណ្ឌកម្មមួយចំនួនប្រឆំាងនឹងប្រទេស កូរ៉េខាងជើង កាលពីថ្ងៃ ព្រហស្បតិ៍ ដើម្បីប្តូរមកវិញ នូវការស៊ើបអង្កេតជាថ្មីរបស់រដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង ទៅលើករណីចាប់ជំរិតជន ជាតិជប៉ុនកាលពីឆ្នាំ១៩៧០ និងឆ្នាំ១៩៨០។

លោកស្រី ហ្សាគី បានបន្តថា «រដ្ឋាភិបាលជប៉ុនកំពុងបន្តការដោះស្រាយបញ្ហានេះក្នុងលក្ខណៈតម្លាភាព ដែល ត្រូវគិតទាំងផលប្រយោជន៍របស់គ្រួសារ នៃអ្នកដែលបានចាប់ជំរិត និងផលប្រយោជន៍សន្តិសុខជាតិរបស់ប្រទេស ជប៉ុន រួមទំាងដៃគូការទូតរបស់ខ្លួននៅក្នុងកិច្ចខិតខំប្រឹងប្រែងមិនឲ្យសាយភាយអាវុធនុយក្លេអ៊ែរ»។

អ្នកនាំពាក្យរូបនេះ បាននិយាយទៀតថា សហរដ្ឋអាមេរិកបានសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយសម្ព័ន្ធមិត្ត និង ដៃគូផ្សេងទៀត រួមទាំងប្រទេសជប៉ុន ដើម្បីប្រឆាំងនឹងការគំរាមកំហែងដល់សន្តិសុខពិភពលោក ដោយសារតែ កម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែររបស់កូរ៉េខាងជើងនេះ៕

ឃាត់ខ្លួនជនជាតិចិន ២៨នាក់ពីបទគំរាម ទារប្រាក់តាម Internet

$
0
0

តាកែវ៖ កម្លាំងសមត្ថកិច្ចក្រសួងមហាផ្ទៃសហការជាមួយ សមត្ថកិច្ចនគរបាលខេត្តតាកែវ ដឹកនាំដោយព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្ត បានចុះឡោមព័ន្ធ និងបានឃាត់ខ្លួនជនជាតិចិនដីគោគ និងចិនតៃវ៉ាន់ ២៨នាក់ ដោយជនជាតិចិនទាំងអស់ បានជាប់ពាក់ព័ន្ធ និងការចាប់ជំរិតទារប្រាក់តាមប្រព័ន្ធ Internet។

ការធ្វើប្រតិបត្តិការចុះឡោមព័ទ្ធ និងឈានដល់ឃាត់ខ្លួនជនជាតិចិនទាំងអស់នេះ បានកើតឡើងនៅវេលាម៉ោង ២រសៀលថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្ដដា ឆ្នាំ២០១៤ នៅក្នុងផ្ទះជួលមួយកន្លែង ស្ថិតនៅក្នុងភូមិស្រងែ ឃុំឧត្តម សូរិយា ស្រុកត្រាំកក់។

យោងតាមលោកឧត្តមសេនីយ៏ត្រី អ៊ុក សំណាង ស្នងការនគបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា ប្រតិបត្តិការនេះ ដឹកនាំដោយព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ និងមានការចូលរួមពីកម្លាំងសមត្ថកិច្ច របស់នាយកដ្ឋាន សន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃ សមត្ថកិច្ចចិនចំនួន ៧នាក់ ព្រមទាំងកម្លាំងសមត្ថកិច្ចខេត្តតាកែវ បានចុះឡោម ព័ទ្ធ ដោយបានឃាត់ខ្លួនជនជាតិចិន ២៨នាក់ ក្នុងនោះ ប្រុសចំនួន ២១នាក់ និងស្រ្តី ៧នាក់ ព្រមទាំងសម្ភារៈ មួយចំនួនទៀត រួមមានម៉ាស៊ីនកុំព្យូទ័រ ទូរស័ព្វ ប៉ាស្ព័រ ។ល។

បើតាមលោកឧត្តមសេនីយ៏ត្រី អ៊ុក សំណាង  ជនជាតិចិនទាំង ២៨នាក់នេះ ត្រូវបានជាប់សង្ស័យពីបទ ជំរិតទារ ប្រាក់តាមប្រព័ន្ធ Internet «VOIP»។ បន្ទាប់ពីឃាត់ខ្លួន ជនសង្ស័យទាំងអស់ ត្រូវបានបញ្ជូនទៅសាកសួរបន្តនៅ ក្រសួងមហាផ្ទៃ៕

ផ្ទេរភារកិច្ច តែងតាំង មុខតំណែង និងបំពាក់ ឋានន្តរស័ក្តិ នរគបាល ខេត្តពោធិ៍សាត់ ៤៤នាក់

$
0
0

ពោធិ៍សាត់៖ ស្នងការនគរបាលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ សារុន ចាន់ធី នៅព្រឹកថ្ងៃទី០៤ ខែ កក្កដា ឆ្នាំ ២០១៤នេះ បានអញ្ជើញជាអធិបតីធ្វើពិធីផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិជូនមន្រ្តីនគរ បាល ដែលមានស្នាដៃបម្រើប្រយោជន៍សង្គម និងប្រជាពលរដ្ឋប្រមាណ ៤៤នាក់។

នៅក្នុងពិធីខាងលើនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកវរៈសេនីយ៍ឯក ហៀង ស៊ីថា, លោកវរសេនីយ៍ ឯក បាន ហេង និង លោកវរសេនីយ៍ឯក កែវ សុគន្ធា ស្នងការរងនគរបាលខេត្ត ព្រមទាំងមន្រ្តីនគរបាលតាមមកពី បណ្តាក្រុង ស្រុក ឃុំ-សង្កាត់ជាច្រើននាក់ផ្សេងទៀត។

យោងសេចក្តីសម្រេចរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មន្ត្រីនគរបាល ដែលត្រូវបានបំពាក់ ឋានន្តរសក្តិរួមមាន៖ ថ្នាក់អនុសេនីយ៍ឯក ២នាក់, ថ្នាក់អនុសេនីយ៍ទោ ៥នាក់, ថ្នាក់អនុសេនីយ៍ត្រី ៧នាក់, ថ្នាក់ ព្រឹន្ទបាលឯក ១នាក់ និង ថ្នាក់ព្រឹន្ទបាលទោចំនួន ១នាក់។

យោងតាមសេចក្តីសម្រេច ដដែលនេះ មន្រ្តីនគរបាលក្នុងខេត្ត ស្រុក ក្រុង ២៨នាក់ផ្សេងទៀត ត្រូវបានផ្ទេរភារ កិច្ច និងតែងតាំងមុខតំណែងថ្មី៕

បើកម៉ូតូលឿន រវល់ងាកមើលគ្នា បុករថយន្តមកពីមុខ ស្លាប់ភ្លាមនៅ កន្លែងកើតហេតុ

$
0
0

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរ ដ៏រន្ធត់មួយ បានបង្កឡើង ដោយយុវជនម្នាក់ ជិះម៉ូតូលឿន ហើយរវល់ងាយ មើលក្រោយ ក៏បុករថយន្តមកពីមុខ បណ្តាលឲ្យស្លាប់ភ្លាមៗនៅន្លែងកើតហេតុ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹកថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤ តាម បណ្តោយផ្លូវ R ៦ ជិតរដ្ឋាករទឹកស្វយ័៏តក្រុងភ្នំពេញ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ នួន សាន ភេទប្រុស អាយុ១៩ឆ្នាំ ។

បច្ចុប្បន្នរថយន្តនិងម៉ូតូរបស់ជនរងគ្រោះត្រូវបាននគរបាលចរាចរណ៍រាជធានីភ្នំពេញ ស្ទូចយកទៅរក្សាទុក ដើម្បីរង់ចាំធ្ចើការដោះស្រាយនៅពេលក្រោយ ។

មិត្តភក្តិរបស់សពជនរងគ្រោះ

អាជ្ញាធរខណ្ឌដូនពេញ បើកកិច្ចប្រជុំ ដោះស្រាយបញ្ហា ជនអនាថា អ្នកសុំទាន អ្នកញៀនថ្នាំ និងស្រ្តីរកស៊ីផ្លូវភេទ

$
0
0

ភ្នំពេញ : នៅព្រឹកម៉ោង៨ ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៤នេះ នៅសាលាខណ្ឌដូនពេញមានកិច្ចប្រជុំពិភាក្សា ស្តីពីការគ្រប់គ្រងជនអនាថា អ្នកសុំទាន អ្នកញៀនថ្នាំ និងស្រ្តីរកស៊ីផ្លូវភេទ ដើម្បីសោភ័ណ ភាពរាជ ធានី ភ្នំពេញ និងកុំឲ្យមានការិះគន់ ពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសភ្ញៀវទេសចរ ទាំងជាតិ និងបរទេស ។

កិច្ចពិភាក្សាគ្នានេះ បានធ្វើឡើង ក្រោមអធិបតីភាពលោកអភិបាលខណ្ឌដូនពេញ គួច ចំរើន លោកប្រធានមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ និងមានការចូលរួមខាង តំណាងអង្កការគ្រួសារថ្មី អង្កការមូលនិធិកុមារកម្ពុជា អង្កការហាការ អង្កការមិត្តសំឡាញ់និងមជ្ឈមណ្ឌលឱកាសខ្ញុំ ។

គួរកត់សម្គាល់ថា សម្រាប់ខណ្ឌដូនពេញ ជាពិសេស កន្លែងកំសាន្ត វត្តភ្នំ ស្រ្តីរកស៊ីផ្លូវ បានយកទីតាំងមួយនេះ ជាកន្លែងប្រកបមុខរបររបស់ ខ្លួនទៅហើយ ទាំងយប់ ទាំងថ្ងៃ បើទោះ បីនាពេលកន្លងទៅ ទាំងអាជ្ញាធរ និងសមត្ថកិច្ច បានបើកប្រតិបត្តិការ ចុះប្រមូល ជាច្រើនលើក ជាច្រើនសារ តែបាត់មួយរយ: ក៏លេចមុខសារជាថ្មី ។

នៅក្នុងកិច្ចប្រជុំខាងលើនេះ អភិបាលខណ្ឌដូនពេញ បានជំរុញឲ្យ មន្រ្តីពាក់ព័ន្ធទាំងអស់ ត្រូវរួមគ្នា ជួយរកវិធីដោះស្រាយបញ្ហាទាំងនេះ ដើម្បីធ្វើឲ្យមុខមាត់ ខណ្ឌដូនពេញ និយាយ ដោយឡែក និងរាជធានីភ្នំពេញ និយាយជារួម កាន់តែចាប់អារម្មណ៍ និងទាក់ទាញ ជាពិសេសនោះ កុំឲ្យមានការប៉ះពាល់ដល់ភ្ញៀវទេសចរជាដើម ៕


វិចារណកថាៈ ហេតុអ្វី បានជាក្រុម ម៉ាហ្វីយ៉ាចិន អាចចូលមក កម្ពុជាបាន?

$
0
0

ករណីសមត្ថកិច្ច នគរបាល និងកងរាជអាវុធបង្រ្កាប ក្រុមម៉ាហ្វីយ៉ា ជនជាតិចិន និងចិនតៃវ៉ាន់បានកើតឡើងជាបន្ត បន្ទាប់ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានា ដូចជានៅខេត្តកំពង់ចាម ខេត្តកណ្តាល ក្រុងព្រះសីហនុ និងនៅក្រុងបាវិត ខេត្តស្វាយរៀងជាដើម ។ ក្រុមម៉ាហ្វីយ៉ាបានប្រព្រឹត្ត បទឧក្រិដ្ឋជម្រិតយកប្រាក់ពីក្រុមគ្រួសារជនរង គ្រោះតាមទូរស័ព្ទ និងវិធីផ្សេងៗទៀតតាមប្រព័ន្ធបច្ចេកវិទ្យា ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គមក្នុងប្រទេស កម្ពុជា ។ ពាក់ព័ន្ធនឹងបញ្ហានេះ មជ្ឈដ្ឋានមួយ ចំនួនបានវាយតម្លៃថា មានកត្តាពីរយ៉ាងដែលក្រុមម៉ាហ្វីយ៉ាអាចចូលមកធ្វើ សកម្មភាពខុសច្បាប់ នៅ កម្ពុជាគឺទី១ការអនុវត្តច្បាប់នៅមានភាពធូររលុង និងទី២សមត្ថភាពរបស់សមត្ថកិច្ចនៅមាន កម្រិត ក្នុងការទប់ស្កាត់លំហូរចូលក្រុមម៉ាហ្វីយ៉ា ។ ជាការពិតក្រុមម៉ាហ្វីយ៉ាមួយ ចំនួនដែលសមត្ថកិច្ច កម្ពុជា ចាប់ខ្លួនគឺ ពួកគេពុំមានលិខិតឆ្លងដែន និងឯកសារស្របច្បាប់សម្រាប់ចូលមកកម្ពុជាឡើយ ។

កាលពីថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៣មានការបង្រ្កាបក្រុមម៉ាហ្វីយ៉ាជនជាតិចិន នៅ៣កន្លែងផ្សេងគ្នា ហើយចាប់ ខ្លួនជនសង្ស័យសរុបបានរហូតដល់ទៅ៨១នាក់ ។ ប្រតិបត្តិការទី១គឺ នគរបាលនាយកដ្ឋាន សន្តិសុខផ្ទៃក្នុងនៃក្រសួង មហាផ្ទៃសហការ ជាមួយព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចមូលដ្ឋាន និងប៉ូលិសចិនចុះបង្រ្កាប ជនជាតិចិនប្រុសស្រីចំនួន៧នាក់ ពាក់ព័ន្ធនឹង ករណី ជម្រិតទារប្រាក់ដែលគេហៅថា ជាក្រុមម៉ាហ្វីយ៉ាឆ្លងដែន ។ នៅក្នុង ប្រតិបត្តិការនេះ ធ្វើឡើងកាលពី វេលាម៉ោង ០១ និង ១៥នាទីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤នៅភូមិគ្រឹះលេខ៨៩ ក្រុមទី៧ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ នៅក្នុងហេតុការណ៍នេះដែរមានជនជាតិចិនម្នាក់បាន ព្យាយាមរត់គេចដោយលោតពីលើភូមិគ្រឹះទៅប៉ះរបងបន្លាលួសបណ្តាលឲ្យរងរបួស ។ ជាពិសេស សមត្ថកិច្ចរឹបអូស បានកុំព្យូទ័រជាច្រើនគ្រឿង រថយន្ត១គ្រឿង ម៉ូតូ១គ្រឿង និងទូរស័ព្ទលើតុចំនួន ១៥គ្រឿងសម្រាប់ប្រើជាមធ្យោបាយក្នុង ការចាប់ជំរិតឆ្លងដែន ។

ប្រតិបត្តិការទី២ប្រព្រឹត្តទៅ នៅក្រុងសៀមរាប ខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤ ហើយសមត្ថកិច្ចបង្រ្កាបបានក្រុមម៉ាហ្វីយ៉ាជនជាតិចិន៤៤នាក់ និងវត្ថុតាងជាច្រើន ។ ប្រតិបត្តិការនោះដឹកនាំដោយ លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ចុះឆែក ឆេរផ្ទះមួយកន្លែងនៅខាងក្រោយទីតាំងអគ្គិសនី ចាស់ក្នុងភូមិក្រួស សង្កាត់ស្វាយដង្គំកណ្តាល ក្រុង សៀមរាបដោយមានកិច្ចសហប្រតិបត្តិការ ពីនគរបាលនាយកដ្ឋាន សន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ នគរបាលខេត្តសៀមរាប និងប៉ូលិសចិន ។ ក្នុងចំណោមក្រុមម៉ាហ្វីយ៉ាជនជាតិចិនទាំង ៤៤នាក់ ដែលត្រូវឃាត់ខ្លួននោះអ្នកខ្លះគ្មានលិខិតឆ្លងដែនឡើយ ដែលបញ្ហានេះសមត្ថកិច្ចកំពុងតែ សាកសួរ យ៉ាងយក ចិត្តទុកដាក់បំផុត ។ នៅខាងក្នុងបន្ទប់ផ្ទះដែលសមត្ថកិច្ចបង្រ្កាបនោះមានបំពាក់ទូរស័ព្ទ និងប្រព័ន្ធកុំព្យូទ័រជាច្រើនគ្រឿង ដែលគេសង្ស័យថាជាឧបករណ៍សម្រាប់បម្រើការចាប់ជម្រិត ជនជាតិ ចិនជាអ្នកមានទ្រព្យសម្បត្តិដែលកំពុងរស់នៅក្រៅ ប្រទេស និងរស់នៅក្នុងប្រទេសចិនតែម្តង ។ ប្រតិបត្តិការនៅខេត្តសៀមរាបធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះក្រុម ម៉ាហ្វីយ៉ាកំពុងយក ប្រទេសកម្ពុជា ធ្វើជាទីតាំងនៃការប្រព្រឹត្តបទឧក្រិដ្ឋយ៉ាងពេញបន្ទុក ។

ប្រតិបត្តិការទី៣ គឺមន្រ្តីនគរបាលនាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ សហការជាមួយនគរបាល ខេត្តតា កែវ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ព្រមទាំងប៉ូលិសចិន ធ្វើការបង្រ្កាបក្រុមម៉ាហ្វីយ៉ា ជនជាតិចិន ចំនួន២៨នាក់នៅ ក្នុងឃ្លាំងជួលមួយកន្លែងស្ថិតនៅក្នុងភូមិស្រងែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ ។ ការបង្រ្កាបនោះធ្វើឡើង កាលរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤ ហើយសមត្ថកិច្ចបានដកហូតទូរស័ព្ទលើតុចំនួន៥៧គ្រឿង ទូរស័ព្ទចំនួន ១១គ្រឿង និងរថយន្តម៉ាក សាំយ៉ុង១គ្រឿងនៅក្នុងឃ្លាំងជួលនោះ ។ ការបង្រ្កាបផ្ទួនៗទៅលើក្រុមម៉ាហ្វីយ៉ាជនជាតិចិន កាលពី ថ្ងៃទី០៣ ខែកក្កដាគឺជាភស្តុតាងបង្ហាញថា សមត្ថកិច្ចកម្ពុជាយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការ បង្រ្កាប បទឧក្រិដ្ឋ ឆ្លងដែនដើម្បីរក្សាសន្តិសុខសង្គម ។ ជាពិសេសធ្វើយ៉ាង ណាទប់ស្កាត់កុំឲ្យក្រុម ម៉ាហ្វីយ៉ា ជនជាតិចិនឆ្លងដែនចូលមក ប្រព្រឹត្តបទឧក្រិដ្ឋនៅលើទឹកដីកម្ពុជា ឬយកទឹកដីកម្ពុជា ធ្វើជាទីតាំងប្រព្រឹត្ត បទឧក្រិដ្ឋបន្តទៀត ។

សរុបសេចក្តីមកការដែលក្រុមម៉ាហ្វីយ៉ា ជនជាតិចិនឆ្លងដែនចូលមកប្រព្រឹត្ត បទឧក្រិដ្ឋនៅក្នុងប្រទេស កម្ពុជាបាន ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខសង្គម ព្រោះករណីជំរិតយកប្រាក់ តាមប្រព័ន្ធ បច្ចេកវិទ្យាដ៏ទំនើបគឺជាបទឧក្រិដ្ឋ មួយពិបាកក្នុងការបង្រ្កាបខ្លាំងណាស់ ។ ដើម្បីទប់ស្កាត់បញ្ហានេះក្រសួង និងស្ថាប័នពាក់ព័ន្ធក្នុងប្រទេសកម្ពុជាត្រូវយក ចិត្តទុកដាក់ពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាពង្រឹងសមត្ថ ភាពរបស់សមត្ថកិច្ចដែលមានតួនាទីក្នុងការបង្រ្កាបបទល្មើសឲ្យ ស្របទៅតាមបទដ្ឋានអន្តរជាតិ ។ ជាពិសេសការវែកមុខមន្រី្តពុករលួយខិលខូចក៏ជារឿងសំខាន់ដែរ ព្រោះករណីដែល ក្រុមម៉ាហ្វីយ៉ា ជនជាតិចិនអាចចូលមកកម្ពុជាដោយគ្មានលិខិតឆ្លងដែន មិនមែនជារឿងធម្មតាឡើយ ហើយអាចមាន ពាក់ព័ន្ធនឹងរឿងអាថ៌កំបាំងជាច្រើនទៀត ។ ដូច្នេះដើម្បីទប់ស្កាត់បទឧក្រិដ្ឋឆ្លងដែនគឺក្រសួង និងស្ថាប័នពាក់ព័ន្ធត្រូវ យកចិត្តទុកដាក់បង្រ្កាបក្រុមម៉ាហ្វីយ៉ាជាប្រចាំ ហើយក្រុមឧក្រិដ្ឋជន ដែលជាមេខ្លោងជួញដូរគ្រឿងញៀន និងជួញដូរ មនុស្សក៏ជាគោលដៅដែល ត្រូវធ្វើការ បង្រ្កាបជាប្រចាំផងដែរ ៕

ក្រសួងសាធារណការ ចុះហត្ថលេខា ជាមួយ ក្រុមហ៊ុនកាតាហ៊ីរ៉ា លើកិច្ចសន្យាស្តារឡើងវិញ ផ្លូវជាតិលេខ៥

$
0
0

ភ្នំពេញៈ កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០១៤ មានរៀបចំពិធីចុះហត្ថលេខា នៅទីស្តីការ ក្រសួង សាធារណការ និងដឹកជញ្ជូន រវាងលោក តូច ចាន់កុសល រដ្ឋមន្ត្រីស្តីទី តំណាងលោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ជាមួយ លោក ស៊ីង ដូ តំណាងក្រុមហ៊ុន កាតាហ៊ីរ៉ា របស់ប្រទេសជប៉ុន លើកិច្ចសន្យាស្តារឡើងវិញ នូវផ្លូវជាតិលេខ៥ ពីទីរួម ខេត្តបាត់ដំបង ដល់ស្វាយស៊ីសុផុន ខេត្តបន្ទាយមានជ័យ មានបីដំណាក់កាល គឺ ដំណាក់កាលទី១ ពីទីរួមខេត្តបាត់ ដំបង ដល់ស្វាយស៊ីសុផុន ប្រវែង ៤៧គ.ម ។ ដំណាក់កាលទី២ ផ្លូវវៀង ក្រុងបាត់ដំបង ប្រវែង ២៣គ.ម ដំណាក់ ទី៣ ផ្លូវវៀងស្វាយស៊ីសុផុន មានប្រវែងប្រហែល១៣គ.ម ។

គម្រោងនេះ គឺដើម្បីចូលរួមកសាង សេដ្ឋកិច្ចកម្ពុជា និងធ្វើសមាហរណកម្មក្នុងតំបន់។ លោករដ្ឋមន្ត្រីស្តីទី បានមានប្រសាសន៍ថា ក្រសួងសាធារណការ និងដឹកជញ្ជូន បាននឹងកំពុងខិតខំស្តារ ហេដ្ឋារចនា សម្ព័ន្ធផ្លូវ ថ្នល់ ស្ពាន នៅទូទាំងប្រទេស ដើម្បីជួយសម្រាលទុក្ខលំបាក និងកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ ជា ពិសេសផ្លូវជាតិលេខ៥នេះ បានកាត់បន្ថយ នូវរយៈពេលធ្វើដំណើរ ឱ្យកាន់តែខ្លី និងជួយសម្រួលដល់ វិស័យពាណិជ្ជកម្ម ជាមួយបណ្តាប្រទេសជិតខាង ក្នុងការដឹកជញ្ជូនទំនិញ និងកសិផលនានា ។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីស្តីទី ក៏បានសំណូមពរ សូមឱ្យក្រុមហ៊ុន យកចិត្តទុកដាក់លើគុណ ភាពផ្លូវស្ពានឱ្យបានល្អ ដោយធ្វើពិសោធន៍តេស្តវិភាគ គុណភាពសម្ភារៈសំណង់ ឬស្ថានភាពដី ដែលមាន សម្ភារៈវត្ថុធាតុដើមមិនល្អ គ្មានគុណភាព ដើម្បីធ្វើការជីកយកចេញ និងជំនួសដោយវត្ថុធាតុដើម មានគុណ ភាព ព្រមទាំងបង្ហាប់បន្ថែមតាមបទដ្ឋាន បច្ចេកទេស ដើម្បីធ្វើឱ្យការប្រើប្រាស់ បានយូរអង្វែង និងកាត់បន្ថយនូវការចំណាយ ថវិកាជាតិ ។

លោករដ្ឋមន្ត្រីស្តីទី បានពាំនាំនូវអនុសាសន៍ លោករដ្ឋមន្ត្រី ត្រាំ អ៊ីវតឹក ដោយបញ្ជាក់បន្ថែមថា នៅពេលដែលផ្លូវស្ពានមានលក្ខណៈល្អប្រសើរ សូមឱ្យក្រុមហ៊ុនត្រូវយកចិត្តទុកដាក់ បញ្ហាគុណភាពសំណង់ សុវត្ថិភាពការដ្ឋាន និងស្លាកសញ្ញាចរាចរណ៍។ ការស្ថាបនាផ្លូវនេះ គឺការធ្វើឱ្យប្រសើរឡើង នូវប្រព័ន្ធដឹកជញ្ជូន នៅកម្ពុជា ដើម្បីឈាន ទៅរកការអភិវឌ្ឍន៍ សេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ស្របតាមប្រសាសន៍ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី បានលើក ឡើងថា មានផ្លូវ មានស្ពាន គឺមានក្តីសង្ឃឹម ក្នុងការួម ចំណែកអនុវត្តកម្ម វិធីយុទ្ធសាស្ត្រចតុកោណដំណាក់ទី៣ ឱ្យរីកចម្រើនគ្រប់ទិសទី ក្នុងព្រះរាជាណាចក្រ កម្ពុជា ៕

លោក កុយ គួង ថ្លែងថា​ពលរដ្ឋ​ខែ្មរ ១៤នាក់ ដោះលែង​នៅព្រឹក​នេះ​ហើយ

$
0
0

ភ្នំពេញ៖ លោក កុយ គួង អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា បានថ្លែងប្រាប់ឲ្យដឹង នៅម៉ោង ៩៖៤០នាទីព្រឹក ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០១៤នេះថា ពលរដ្ឋខ្មែរ ១៤នាក់ ដែលត្រូវបានអាជ្ញាធរថៃ ចាប់ឃាត់ខ្លួននោះ ត្រូវបានដោះលែងឲ្យត្រឡប់ មកកម្ពុជាវិញនៅព្រឹកថ្ងៃនេះ ហើយឥឡូវកំពុងធ្វើដំណើរ មកជិតដល់ព្រំដែន ក្រុងប៉ោយប៉ែតហើយ៕

សូមជំរាបថា ពលរដ្ឋខែ្មរ ១៤នាក់ខាងលើនេះ ត្រូវបានអាជ្ញាធរថៃ ចាប់ឃាត់ខ្លួនអស់មួយរយៈ បន្ទាប់ពីពួកគេបានចូលទៅទឹកដីថៃ ដោយខុសច្បាប់ នាពេលកន្លងទៅ៕

សមត្ថកិច្ច ឃាត់ខ្លួន ជនសង្ស័យ ចំនួន២នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់ អាវុធខុសច្បាប់

$
0
0

រតនគិរីៈ កម្លាំងនគរបាល ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការនគរបាលខេត្តរតនគិរី សហការជាមួយ កម្លាំងនគរ បាលស្រុកបរកែវ បានចុះទៅសួរនាំ ជនសង្ស័យចំនួន២នាក់ កាលពីល្ងាចថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៤ ត្រង់ចំណុចចំការស្វាយចន្ទី ស្ថិតក្នុងភូមិត្រុំ ឃុំឡាមិញ ស្រុកបរកែវ ខណៈជនសង្ស័យដឹកខ្លួនទាន់ក៏រត់គេចខ្លួនបាត់បន្សល់ទុក កាំភ្លើងអាកាកាត់ស្វាយ១ដើម គ្រាប់បែក៣គ្រាប់ ទូរស័ព្ទចុចពិល២គ្រឿង ខោអាវប៉ារ៉ា១កំប្លេ ម៉ូតូ១គ្រឿង និងសម្ភារៈផ្សេងៗមួយចំនួនទៀត។        

ស្នងការរងទទួលបន្ទុកព្រហ្មទណ្ឌលោក វរៈសេនីយ៍ឯក ផែន ឌីណា បានប្រាប់ឲ្យដឹងថាបន្ទាប់ពីមាន សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ ថាមានជនគួរឲ្យសង្ស័យកំពុងចងអង្រឹងដេក ក្នុងចំការស្វាយចន្ទី  ហើយក៏បានរាយការណ៍ជួូនសមត្ថកិច្ច មូលដ្ឋានចុះទៅសួរនាំ ប៉ុន្តែជនសង្ស័យដឹក ខ្លួនក៏រត់គេចខ្លួនតែម្តង។

ស្នងការរងរូបនេះបានបន្តទៀតថា ដោយមានការសហការគ្នាល្អ រវាងកម្លាំងនគរបាលជំនាញ និងនគរបាលប៉ុស្តិ៍សង្កាត់ឡាបានសៀក ក្រុងបានលុង នោះ ក៏ប្រទះឃើញជនសង្ស័យ កាលពីវេលាម៉ោង ប្រមាណ១០យប់ ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៤ ក៏ឃាត់ខ្លួនតែម្តង។ ហើយជនសង្ស័យទី១ឈ្មោះ តឹក សំអុល អាយុ៣០ឆ្នាំ ជាមន្ត្រីយោធា ស្នាក់នៅភូមិជ្រៃធំ ឃុំពេជ្រសារ ស្រុកកោះអណ្តែត ខេត្តតាកែវ និងម្នាក់ទៀត ឈ្មោះសុខ សន អាយុ១៦ឆ្នាំ ជាព្រូឡាន ស្នាក់នៅភូមិក្រាំងល្ហុង ឃុំរកាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

លោកស្នងការរងបញ្ជាក់ឲ្យដឹកទៀតថា តាមចម្លើយសារភាពជនសង្ស័យឈ្មោះតឹក សំអុល ខ្លួនធ្លាប់ផ្ញើរអាវុធ ម៉ាកសេកាសេ១ ដើមតាមរថយន្តក្រុងមក ខេត្តរតនគិរី លើកទី២កាំភ្លើងម៉ាក អាកាស្វាយបត់ ២ដើម (យកមកខ្លួនឯង) លើកទី៣ កាំភ្លើង២ដើម(អាកាបត់១ដើម និងស្វាយត្រង់១ដើម)  និងលើកចុងក្រោយ កាំភ្លើង១ដើម គ្រាប់១កេសស្មើនឹង៧៥០គ្រាប់។

បច្ចុប្បន្នជនសង្ស័យចំនួន២នាក់ខាងលើ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តរតនគិរីដើម្បីសាកសួររកអ្នកទិញ និងអ្នកប្រើប្រាស់ អាវុធខុសច្បាប់៕

តុលាការកំពូល តម្កល់ទោស ចែមុំឲ្យជាប់ ពន្ធនាគារ ៣ឆ្នាំកន្លះ ពីបទ សញ្ចារកម្ម

$
0
0

ភំ្នពេញ៖ តុលាការកំពូល កាលពីថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០១៤នេះ បានបើកសវនាការ ប្រកាសសាលដីកា លើសំណុំរឿង ថៅកែហាងកែសម្ផស្សមីកាហ្សា ដ៏ល្បីឈ្មោះ ដែលជាប់ចោទពីបទ សញ្ចារកម្ម  ប្រព្រឹត្តិ កាលពីកំឡុងឆ្នាំ២០១២ នៅក្នុងរាជធានីភ្នំពេញ។ តុលាការកំពូលបានសម្រេច ដម្កល់សេចក្តី សម្រេច របស់តុលាការជាន់ទាប និង ផ្តន្ទាទោស  ឲ្យជាប់ពន្ធនាគារ រយៈពេល ៤ឆ្នាំ ៦ខែ តែអនុវត្តទោស ក្នុងពន្ធនាគារត្រឹមតែ៣ឆ្នាំ ៦ខែប៉ុណ្ណោះ ទោសនៅសេសសល់ត្រូវព្យួរ ពីបទ«សញ្ចារកម្ម» ។

លោកស្រីគឹម សត្ថាវី ចៅក្រមជំនុំជម្រះ នៃ តុលាការកំពូលបានប្រសាសន៍ថា តុលាការកំពូល សម្រេច ដម្កល់សេចក្តី របស់សាលាឧទ្ទរណ៍ ចុះកាលបរិច្ឆេទ ថ្ងៃ ទី ២៥ ខែ វិច្ឆិកា ២០១៣ រក្សាទុកជាបានការដដែល និង ផ្តន្ទាទោស ជនត្រូវចោទឈ្មោះ ចាន់ ស្រីណុច ហៅចែមុំ អាយុ៤១ ឆ្នាំ ដាក់ពន្ធនាគាររយៈពេល ៤ ឆ្នាំ ៦ខែ តែអនុវត្តទោស ក្នុងពន្ធនាគារតែ៣ ឆ្នាំ ៦ខែ ប៉ុណ្ណោះ ទោសនៅសេសសល់គឺត្រូវ ព្យួរទាំងអស់។

យោងតាមឯកសារពីតុលាការ បានឲ្យដឹងថា ជនជាប់ចោទឈ្មោះ ចាន់ ស្រីណុច ហៅ ស្រីមុំ ត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស កាលពីយប់ថ្ងៃទី១៩ ខែកញ្ញាឆ្នាំ ២០១២ នៅផ្ទះសំណាក់ស្រែលាភ។ ក្រៅអំពើសំណុំរឿងនេះ   ទណ្ឌិត ឈ្មោះ ចាន់ ស្រីណុច ហៅចែមុំ ក៏ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេល ២ ឆ្នាំថែមទៀត តែអនុវត្តទោស ១២ ខែនៅក្នុងពន្ធនាគារទោសនៅសល់ត្រូវព្យួរទាំងអស់ ពីបទចាត់ចែងឲ្យប្រើប្រាស់ថ្នាំញៀន នៅក្នុងពន្ធនាគារព្រៃស មណ្ឌល ម២ ប្រព្រឹត្តកាលពីថ្ងៃទី ៣ ខែតុលា ឆ្នាំ២០១២ ផងដែរ៕

Viewing all 8042 articles
Browse latest View live




Latest Images