Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

GLF-Cham Prasid Cup ចាប់ផ្ដើម បើកការប្រកួត ឈានដល់ថ្ងៃទី២

0
0

ភ្នំពេញៈ ក្រោយពីបានបញ្ចប់ ការប្រកួតកីឡាវាយកូនបាល់ ក្នុងដំណាក់កាលទី១ នៃពានរង្វាន់ ITF Men’s Fututres ឈ្មោះថា Naga World Cambodia ITFFutures Championship កាលពីថ្ងៃសៅរ៍ ទី២៤ ខែវិច្ឆិកា ឆ្នាំ២០១២ កន្លងទៅ ឥឡូវដំណាក់កាលថ្មី ដែលមានឈ្មោះថា GLF-Cham Prasid Cup បានចាប់បើកការប្រកួតជាបន្ដ នៅក្នុងដំណាក់ កាលទី២ នាថ្ងៃចន្ទ ទី២៦ វិច្ឆិកា ម្សិលមិញនេះ ។

នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកានេះ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជា បានធ្វើសន្និសីទកាសែតសារព័ត៌មាន ស្ដីពីការចាប់ផ្ដើមការប្រកួត នៅក្នុងដំណាក់កាលទី២នេះ ដោយមានការសហការ ជាមួយក្រុមហ៊ុនអាជីវកម្ម Group Lease Finance ដែលស្គាល់ថា ជាមូលនិធិអភិវឌ្ឍន៍អាស៊ី (APF) ក្នុងការរៀបចំព្រឹត្តិការណ៍ នេះឡើងនៅកម្ពុជា ។

លោកទេព រិទ្ធិវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡា វាយកូនបាល់កម្ពុជា បានលើកឡើងថា កីឡាករ ដែលចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍ទី២នេះ មានចំនួន ១៩ប្រទេស ដែលប្រទេសចាប់ឆ្នោត ត្រូវប្រកួតមានចំនួន ៣២នាក់ ក្នុងនោះ ក៏មានកីឡាកររបស់កម្ពុជាចំនួន ៤រូបចូលរួមផងដែរ។

លោកបានបន្ដទៀតថា នៅក្នុងចំណោមប្រទេសទាំងអស់ ដែលបានមកចូលរួមនោះ ក៏មានកីឡាករល្អៗជាច្រើនផងដែរ ដូចនេះ វាគឺជាឱកាសសម្រាប់កីឡាករ របស់ កម្ពុជាយើងត្រូវដកស្រង យកបទពិសោធន៍ពីពួកគេទាំងនោះ ។ ម្យ៉ាងវិញទៀត កម្មវិធីនេះវាក៏ជាកិត្តិយសមួយដែរ ដែលកម្ពុជាបានធ្វើជាម្ចាស់ផ្ទះ សម្រាប់ការប្រកួត លក្ខណៈ អន្ដរជាតិបែបនេះ ហើយលោកនឹងខិតខំ ប្រឹងប្រែងបន្ថែមទៀត ដើម្បីរៀបចំការប្រកួតបែបនេះ នៅឆ្នាំក្រោយៗទៀត ។

ចំណែកលោក Mitsuji Konoshita ជាប្រធាន APF និង GLF ព្រមទាំងជាអតីតកីឡាករ វាយកូនបាល់មួយរូបដែរនោះ បាននិយាយថា ចំពោះកីឡាករកម្ពុជាទាំងអស់ ប្រសិនបើកីឡាករណា បានលេងឡើងដល់ជុំទី៤ លោកនឹងផ្ដល់ទឹកប្រាក់លើកទឹកចិត្តចំនួន ៥០០ដុល្លារ និងកីឡាករណាដែលដណ្ដើម បានចំណាតថ្នាក់លេខ១ នៅក្នុងវគ្គនេះ លោកនឹងបន្ថែម ប្រាក់រង្វាន់លើកទឹកចិត្ត ពីលើប្រាក់រង្វាន់ដែល ទទួលបានពីការប្រកួត ចំនួន ២០០០ដុល្លារ បន្ថែមទៀត ។

សូមរំឭកថា ចំពោះលទ្ធផលនៃ ការប្រកួតក្នុងថ្ងៃដំបូង សម្រាប់ដំណាក់កាលទី២នេះរួមមាន កីឡាករដែលប្រកួតឈ្នះ នៅក្នុងវិញ្ញាសាឯកត្តជនមានកីឡាករ Mehdi Bouras កីឡាករ Alexander Ward និងកីឡាករ Antoine Escoffier ។ ចំណែកអ្នកឈ្នះ នៅក្នុងវិញ្ញាសាវាយជាគូវិញ មានកីឡាករ Maximilian Neuchrist និង Artem Sitak កីឡាករ Gabor Csonka និង Markus Kerner ៕

Photo by Looking Today

Photo by Looking Today

Photo by Looking Today


ចោរលួច និងចោរប្លន់ កម្រើកឡើងវិញហើយ នៅក្នុងក្រុង ស្វាយរៀង

0
0

ស្វាយរៀងៈ ក្រុមប្រជាពលរដ្ឋក្រុងស្វាយរៀង បានសំដែងនៅការភ័យខ្លាច របស់ខ្លួនទៅនិងអំពើលួចប្លន់ ដែល បានកើតឡើងជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ដោយក្រុមចោរទាំងលួច និងប្លន់ទាំងនោះ ក្រោយពីលួច និងប្លន់ហើយ បានរត់គេចខ្លួនដោយសុវត្ថិភាព។

ជាក់ស្ដែងកាលពីយប់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២ ក្រុមចោរបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង នៅសង្កាត់ ចេក ក្រុងស្វាយរៀង ដោយទទួលបានមហាជោគជ័យជាទីបំផុត ដោយមិនបានរំខានលោកនគរបាលប៉ុស្តិ៍ និង នគរបាលក្រុងស្វាយរៀងនោះទេ។

ម្ចាស់ផ្ទះដែលត្រូវលោកចោរលួចយកម៉ូតូទៅបាត់នោះឈ្មោះ កា សាភី អាយុ ៣៧ឆ្នាំ មានទីលំនៅភូមិស្វាយ សង្កាត់ចេក ក្រុងស្វាយរៀង មានមុខរបរជាអ្នករត់ម៉ូតូឌុប ត្រូវបានក្រុមចោរចូលលួចយកម៉ូតូម៉ាកសង់ការ៉េ ព័ណ៌ក្រហមពាក់ស្លាកលេខ ធ ៦៤៧៨ ភព១ ខណៈដែលគាត់កំពុងដេកលក់។

បើតាមប្រភពពីជនរងគ្រោះបានឲ្យដឹងថា នៅយប់ដែលចោរចូលលួចនោះ ខ្លួនបានយកម៉ូតូទៅទុកនៅក្នុងផ្ទះ បាយខាងក្រោយផ្ទះ ដោយពុំបានបិទទ្វារទេ ព្រោះអាងតែមិនដែលមានបញ្ហាអ្វីពីមុនមក ប៉ុន្តែពេលព្រឹកឡើង ស្រាប់តែបាត់ម៉ូតូតែម្ដងធ្វើឲ្យគាត់ ភ្ញាក់ផ្អើល និងបានដើររកពេញភូមិ តែមិនឃើញក៏រត់ទៅប្ដឹងសមត្ថកិច្ចឲ្យជួយ រកផងដែរ។

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា គេសង្កេតឃើញក្រុមសមត្ថកិច្ច នគរបាលសង្កាត់ចេក បានចុះទៅដល់ផ្ទះកើតហេតុ ដោយបានកត់កំណត់ហេតុ ដើម្បីងាយស្រួលក្នុងការសើបអង្កេត។

គួបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមចោរលួច និងចោរប្លន់បានបង្កការអុកឡុកពេញទាំងក្រុង ស្វាយរៀងតែម្ដង ដោយការលួច និងប្លន់របស់លោកចោរទាំងអស់នេះ វាមិនបានធ្វើឲ្យលោកអធិការនគរបាល ក្រុងស្វាយរៀង ងិន សុផល ឈឺក្បាលវិលមុខនោះទេ៕

កាកបាទក្រហម កម្ពុជា ចិន ប្តេជ្ញាពង្រឹង ទំនាក់ទំនង

0
0

ភ្នំពេញ, (ស៊ិនហួ)៖ កាកបាទក្រហម នៃព្រះរាជាណាចក្រ កម្ពុជា និង កាកបាទក្រហមសង្គម របស់ចិន នៅថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ នេះ បានប្តេជ្ញារួមគ្នាថា នឹង ពង្រឹងទំនាក់ ទំនងទ្វេភាគី ព្រមទាំងកិច្ច សហប្រតិបត្តិការ បន្ថែមទៀត លើសកម្មភាព មនុស្សធម៌ទាំងឡាយ។

ការប្តេជ្ញារួមគ្នានេះដែរ បានធ្វើឡើងក្នុងជំនួបរវាងលោកជំទាវ អានី សុខ អាន អនុប្រធានទី១ កាកបាទក្រហម កម្ពុជា ជាមួយនឹងលោក ហួ ជានមីន ប្រធានកាកបាទ ក្រហមចិន និង ជា អនុប្រធាននៃ គណកម្មធិការអចិន្ត្រៃយ៍ នៃសមាជជាតិ ប្រជាជនចិន។ លោក ហួ បាននិយាយ ថា នេះជាដំណើរទស្សនកិច្ច លើកទី១ហើយ របស់ លោក មកកាន់ប្រទេស កម្ពុជា ដើម្បី ធ្វើការពង្រឹង និង ពង្រីកកិច្ច សហប្រតិបត្តិការរវាង ទីភ្នាក់ងារមនុស្សធម៌ នៃប្រទេស ទាំងពីរ។

ជាងនេះទៅទៀតប្រធានកាកបាតក្រហមចិន ក៏បានលើកឡើងផងដែរ ពីទំនាក់ទំនងជាយូរ អង្វែងរវាង ប្រទេសចិន និង កម្ពុជា ហើយលោកក៏សូមថ្លែង អំណរគុណ ផងដែរ ចំពោះប្រទេសកម្ពុជា ដែលនៅតែគាំទ្រ ចិនយ៉ាងពេញទំហឹង ចំពោះបញ្ហាទាំងឡាយ ដែលទាក់ទងទៅនឹង ផលប្រយោជន៍ស្នូល របស់ប្រទេសចិន។ ដោយ ឡែកលោក ជំទាវ អានី សុខ អាន ក៏ បានមាន ប្រសាសន៍ក្នុងឱកាស នោះដែរថា ដំណើរទស្សនកិច្ច របស់លោក ហួ ពេលនេះ នឹងលើកស្ទួយ ទំនាក់ទំនង ទេ្វភាគី រវាងស្ថាប័ន មនុស្សធម៌ទាំងពីរ នេះបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា កាកបាតក្រហមចិន បានសម្រេចចិត្តផ្តល់ជំនួយ មនុស្សធម៌ ដែលគិតជា ទឹកប្រាក់ ២០០,០០០ ដុល្លារអាមេរិក ទៅដល់កាកបាទ ក្រហមកម្ពុជា សម្រាប់សកម្មភាព មនុស្សធម៌គ្រប់ទម្រង់ ហើយជំនួយនេះនឹង ត្រូវមកដល់នៅ ពេលខាងមុខ៕

Photo by DAP-NEWS

ព្រះមហាក្សត្រ ព្រះរាជទាន ថវិកា ១.០០០ដុល្លារ ជូនកាកបាទ ក្រហមកម្ពុជា

រថយន្តក្រុង រិទ្ធិមុនី ដឹកភ្ញៀវ អមដោយ ឈើគ្រញូង២២ដុំ

0
0

កំពង់ធំ ៖ សេចក្តីរាយការណ៍ ពីខេត្តកំពង់ធំ បានឲ្យដឹងថា រថយន្ដក្រុង ក្រុមហ៊ុន រិទ្ធមុនី មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 3B-0238 ពណ៌ទឹកប្រាក់ ឆ្នូតក្រហម ដឹកអ្នកដំណើរ រួមមានភ្ញៀវ ទេសចរណ៍ ជាតិ និងអន្តរជាតិ ចេញដំណើរ ពីខេត្ដសៀមរាប មកកាន់រាជធានី ភ្នំពេញ ដោយបន្លំ ដឹកឈើក្រញូង តែត្រូវបាន សមត្ថកិច្ចរដ្ឋបាល ព្រៃឈើ ចាប់បានពេលធ្វើដំណើរ មកដល់ខេត្តកំពង់ធំ កាលពីវេលា ម៉ោង៣៖៥០ នាទីយប់ទៀបភ្លឺ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ ។

ប្រភពព័ត៌មាន ពីមន្រ្តីរដ្ឋបាល ព្រៃឈើកំពង់ថ្ម បានឱ្យដឹងថា ក្រោយទទួល ព័ត៌មានថា មានរថយន្ដក្រុង១គ្រឿង បានលួចដឹក ឈើក្រញូង ពីខេត្ដសៀមរាប ឆ្ពោះទៅ រាជធានីភ្នំពេញ ពេលនោះ កម្លាំងរដ្ឋបាល ព្រៃឈើកំពង់ថ្ម ដោយមានការ ចូលរួម ពីកម្លាំង អាវុធហត្ថ និងកម្លាំង តំបន់ប្រត្ដិបត្ដិការ សឹករង ឃាត់រថយន្ដក្រុងនេះ បាននៅចំណុច ភូមិបន្ទាយយមរាជ្យ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្ដកំពង់ធំ កាលពីវេលា ម៉ោង៣៖៥០ នាទីយប់ទៀបភ្លឺ ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ ។

ប្រភពព័ត៌មាន បានបន្តថា ក្រោយឃាត់ រថយន្តក្រុងនេះ អ្នកបើករថយន្ត បានរត់គេចខ្លួនបាត់ ហើយសមត្ថកិច្ច បានរឹបអូសឈើ គ្រញូងចំនួន ២២ដុំ ស្មើនឹង ០,៣០៣ម៉ែត្រគូប យកមករក្សាទុក ទាំងឈើ និងរថយន្ដដើម្បី ចាត់ការ តាមផ្លូវច្បាប់ ។

ក្រោយការចុះបង្ក្រាប ឈើគ្រញូងទាំងនេះ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុក ដើម្បីចាត់ការ តាមផ្លូវច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

ព្រះមហាក្សត្រកម្ពុជា អបអរសាទរបុណ្យ ឯករាជ្យជាតិ ទីម័រខាងកើត

0
0

ភ្នំពេញៈ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ផ្ញើព្រះរាជ សារអបអរសាទរ លោក តួរ ម៉ាតាន់ រួក ប្រធានាធិបតី នៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតក្នុងឱកាស ខួបឆ្នាំទី៣៧ នៃបុណ្យឯករាជ្យជាតិ។

ព្រះរាជសារចុះថ្ងៃទី២៣ ខែវិច្ឆិកា ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលទទួលបាននៅថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ឱ្យដឹងថា « តំណាងឲ្យប្រជាជនកម្ពុជា និង ខ្ញុំព្រះអង្គផ្ទាល់ នេះគឺជាក្តីសប្បាយរីករាយមួយសម្រាប់ខ្ញុំ ក្នុងឱកាស នៃទិវារំលឹកខួបលើកទី៣៧ឆ្នាំ នៃការទទួលបានឯករាជ្យរបស់សាធារណរដ្ឋ ប្រជាធិបតេយ្យទីម័រ ខាងកើត ដើម្បី សម្តែងនូវការអបអរសាទរដ៏ខ្ពង់ខ្ពស់ទៅកាន់លោក និង ប្រជាជនទាំងអស់របស់លោក។ ខ្ញុំក៏សូមសម្តែងនូវការ ជូនពរផងដែរ ឲ្យលោកប្រធានាធិបតី ទទួលបាននូវសុខភាពល្អប្រសើរ និង ជោគជ័យ ព្រមទាំងជូនពរផងដែរ ដល់ប្រជាជនទីម័រ ទាំងអស់ឲ្យ ទទួលបាននូវសន្តិភាព និង វិបុលភាព ជានិច្ចនិរន្ត»។

ព្រះរាជា បានបន្ទូល ទៀតថា «ខ្ញុំមានជំនឿទុកចិត្តថា ទំនាក់ទំនងមិត្តភាព ជាបងប្អូន សាមគ្គីភាព និង កិច្ចសហ ប្រតិបត្តិការរវាងប្រជាជាតិទាំងពីរនេះ នឹងបន្តវិវឌ្ឍន៍ជាច្រើនឆ្នាំទៅមុខទៀត»៕

Photo by DAP-NEWS

ក្រុមអ្នកកាសែត មីយ៉ាន់ម៉ា ស្វែងយល់ពី ប្រវត្តិសាស្រ្ត និងតួនាទីរដ្ឋសភា

0
0

ភ្នំពេញៈ ទីភ្នាក់ងារព័ត៌មានកម្ពុជា AKP រាយការណ៍កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ថា គណៈប្រតិភូសារព័ត៌មាន របស់ប្រទេសមីយ៉ាន់ម៉ា ដែលធ្វើការផ្តោតសំខាន់ទៅលើមូលនិធិកាសែតឯករាជ្យ (IJF) ដោយមានការឧបត្ថម្ភ ពីរដ្ឋាភិបាលអូស្រ្តាលី បានធ្វើការសិក្សាស្វែងយល់ពីប្រវត្តិសាស្រ្ត និងតួនាទីរដ្ឋសភា ព្រមទាំងការបោះឆ្នោតនៅ កម្ពុជាផងដែរ។

AKP រាយការណ៍ថា លោក Ye Naing Moe ដែលតំណាងឲ្យអ្នកសារព័ត៌មានមីយ៉ាន់ម៉ា បានឲ្យដឹងថា ក្រុម សារព័ត៌មាន ដែលបានបំពេញភារកិច្ចក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២១ នៅកម្ពុជា ចង់សិក្សាស្វែងយល់អំពី ប្រវត្តិតួនាទីរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា និងកិច្ចការបោះឆ្នោត ដែលកម្ពុជា ជាប្រទេសមានបទ ពិសោធន៍ល្អ ព្រមទាំងមានភាពជោគជ័យជាច្រើន បានបំពេញភារកិច្ចកន្លងមក។

ទីភ្នាក់ងារដដែល បានដកស្រង់ប្រសាសន៍លោក ប៉ែន បញ្ញា ប្រធានគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋ សភា ដែលបានជម្រាបជូនពីប្រវត្តិរបស់រដ្ឋសភាក្នុងចន្លោះពីឆ្នាំ១៩៤៧-១៩៩៣ ដែលកម្ពុជា បានរៀបចំធ្វើការ បោះឆ្នោតចំនួន ១០ លើករួចមកហើយ។ ចាប់ពីឆ្នាំ១៩៩៣ រហូតដល់បច្ចុប្បន្ន កម្ពុជាបានរៀបចំការបោះឆ្នោត បានចំនួន ៣លើក ក្នុងនោះនៅឆ្នាំ១៩៩៣ រៀបចំឡើងដោយអ៊ុនតាក់ និងឆ្នាំ១៩៩៨ រហូតដល់ឆ្នាំ២០០៨ កម្ពុជាបានរៀបចំដោយខ្លួនឯង ដោយមានការចូលរួមសង្កេតការណ៍ពី អង្គការជាតិ អន្តរជាតិ ហើយកម្ពុជានឹង ត្រៀមរៀបចំធ្វើការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត នីតិកាលពី៥ នាពេលខាងមុខនេះទៀត។

លោកបានបន្ថែមថា រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា បានចែងថា កម្ពុជាប្រកាន់របបលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងបែងចែកអំណាចជាបីដាច់ពីគ្នាគឺ អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និង អំណាចតុលា ការ។

លោកក៏បានលើកឡើងពីភារកិច្ចស្នូលរបស់រដ្ឋសភា ដែលធ្វើជាអ្នកតំណាង ដើម្បីឆ្លើយតបនូវសំណូមពរប្រជា ពលរដ្ឋ, ជាអ្នកត្រួតពិនិត្យលើដំណើរការស្ថាប័ននីតិប្រតិបត្តិ និងជាអ្នកអនុម័តច្បាប់។

លោក ប៉ែន បញ្ញា បានថ្លែងបន្តថា រដ្ឋសភាអនុម័តច្បាប់បានចំនួន ៤០០ច្បាប់ ហើយលោកបានពន្យល់បង្ហាញ អំពីដំណើរការមួយចំនួនពាក់ព័ន្ធព្រឹទ្ធសភា និងគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត ដែលគណៈកម្មការ ជំនាញរបស់រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរួមផងដែរ៕

ស្វែងយល់អំពី វិស័យពន្ធ នៅក្នុងប្រទេស កម្ពុជា

0
0

ពន្ធលើប្រាក់ចំណេញ

ពន្ធលើប្រាក់ចំណេញ ត្រូវបានកំណត់លើអ្នកជាប់ ពន្ធនិវាសនជន ចំពោះប្រាក់ចំណូលប្រភពកម្ពុជា និងប្រាក់ចំណូល ប្រភពបរទេស។ សម្រាប់អ្នកជាប់ពន្ធ អនិវាសនជន ពន្ធលើប្រាក់ចំណេញ កំណត់តែលើប្រាក់ចំណូល ប្រភពកម្ពុជាប៉ុណ្ណោះ។

ប្រាក់ចំណេញជាប់ពន្ធ
ប្រាក់ចំណេញជាប់ពន្ធ គឺជាប្រាក់ចំណេញសុទ្ធ បានមកពីលទ្ធផលទាំងអស់ នៃប្រតិបត្តិការអារជីវកម្មគ្រប់ប្រភេទរួម បញ្ចូលទាំងចំណេញ មូលធនដែលសម្រេចបាន ក្នុងពេលកំពុងប្រកបអាជីវកម្ម ឬនៅពេលបញ្ចប់អាជីវកម្ម ព្រមទាំងប្រាក់ ចំណូលពីទ្រព្យសកម្មហិរញ្ញវត្ថុ ឬទ្រព្យសកម្មវិនិយោគ ការប្រាក់ថ្លៃឈ្នួល និងសួយសារផង។ ប្រាក់ចំណេញជាប់ពន្ធក៏រួម បញ្ចូលផងដែរនូវចំណេញ មូលធនទាំងអស់ពីអចលនទ្រព្យ ទ្រព្យហិរញ្ញវត្ថុ ឬទ្រព្យវិនិយោគ ដែលសម្រេចបានមកពីប្រតិបត្តិ ការនានាក្រៅពីប្រតិបត្តិការអាជីវកម្ម។

អត្រាពន្ធលើប្រាក់ចំណេញ ប្រចាំឆ្នាំមានដូចតទៅៈ
១- ២០ភាគរយ ចំពោះប្រាក់ចំណេញ ដែលសម្រេចបានដោយនីតិបុគ្គល
២- ៣០ភាគរយ ចំពោះប្រាក់ចំណេញដែលសម្រេចបាន ក្រោមកិច្ចសន្យាបែងចែក ផលិតផលប្រេងកាត និងឧស្ម័ន ធម្មជាតិ ឬសម្រេចបាន ពីការធ្វើអាជីវកម្មលើ ធនធានធម្មជាតិរួមទាំង ព្រៃឈើ រ៉ែ មាស ឬត្បូងថ្មមានតម្លៃនានា
៣- ៩ភាគរយ ចំពោះប្រាក់ចំណេញ របស់គម្រោងវិនិយោគមានលក្ខណៈ សម្បតិ្តគ្រប់គ្រាន់ដែលទទួលស្គាល់ដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រាប់រយៈពេលអន្តរកាល ៥ឆ្នាំ ដោយគិតចាប់ផ្តើមពីប្រកាស ឱ្យប្រើច្បាប់ស្តីពីវិនិយោគនៃ ព្រះរាជាណាចក្រកម្ពុជា
៤- ០ភាគរយ ចំពោះប្រាក់ចំណេញ របស់គម្រោងវិនិយោគមានលក្ខណៈសម្បតិ្ត គ្រប់គ្រាន់ដែលស្ថិតនៅក្នុងរយៈ ពេលលើកលែងពន្ធ ដែលកំណត់ដោយក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
៥- តាមតារាងអត្រាពន្ធកំណើន តាមថ្នាក់ខាងក្រោមចំពោះប្រាក់ចំណេញ ដែលសម្រេចបានដោយរូបវន្តបុគ្គល និងចំណែកដែលត្រូវបែងចែក ឱ្យសមាជិកម្នាក់ៗរបស់ ក្រុមអាជីវកម្មដែលមិនត្រូវបាន ចាត់ទុកជានីតិបុគ្គលៈ

ភាគនៃប្រាក់ចំណេញប្រចាំឆ្នាំដែលត្រូវជាប់ពន្ធ              អត្រាពន្ធ
ពី                         ០ ៛    ដល់    ៦.០០០.០០០ ៛              ០%
ពី        ៦.០០០.០០១ ៛    ដល់    ១៥.០០០.០០០ ៛           ៥%
ពី      ១៥.០០០.០០១ ៛    ដល់    ១០២.០០០.០០០ ៛     ១០%
ពី    ១០២.០០០.០០១ ៛   ដល់    ១៥០.០០០.០០០ ៛     ១៥%
                                 លើសពី  ១៥០.០០០.០០០ ៛     ២០%

៦- ចំពោះសហគ្រាស ដែលមានសកម្មភាពជាសំខាន់ ក្នុងការធានារ៉ាប់រងឬ ធានារ៉ាប់រងបន្តលើជីវិត ទ្រព្យសម្បត្តិ ឬហានិភ័យផ្សេងៗ ពន្ធលើប្រាក់ចំណេញត្រូវបាន កំណត់ខាងក្រោមៈ

     ក. ៥% នៃបុព្វលាភធានារ៉ាប់រងដុលដែលទទួលបាននៅក្នុងឆ្នាំជាប់ពន្ធ ចំពោះការធានារ៉ាប់រង ឬធានារ៉ាប់រងបន្ត នូវហានិភ័យនៅព្រះរាជាណាចក្រកម្ពុជា
     . តាមអត្រាទាំងឡាយ ដូចមានចែងក្នុងចំណុច ១-២-៣-៤និង៥ ខាងលើ ចំពោះសកម្មភាពដទៃទៀតដែល មិនមែនជាការធានារ៉ាប់រង ឬធានារ៉ាប់រងបន្ត

ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ
អ្នកជាប់ពន្ធតាម របបស្វ័យប្រកាស រួមទាំងគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលជាប់ពន្ធលើប្រាក់ ចំណេញតាមអត្រា ៩% ត្រូវមានកាតព្វកិច្ច បង់ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ ប្រចាំខែតាមអត្រា ១% នៃផលរបរគិតរួម បញ្ចូលទាំងពន្ធអាករទាំងអស់ វៀរលែងតែអាករលើតម្លៃបន្ថែម ដែលសម្រេចបានក្នុងខែមុន យ៉ាងយឺតបំផុតត្រឹមថ្ងៃទី ១៥ នៃខែបន្ទាប់។

ផលរបរនៃគម្រោងវិនិយោគ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដែលស្ថិតក្នុងរយៈពេល លើកលែងពន្ធត្រូវបាន លើកលែងពីការបង់ប្រាក់រំដោះនេះ។ ប្រាក់រំដោះពន្ធលើប្រាក់ចំណេញ នឹងត្រួវបានយកទៅកាត់កង ពីពន្ធលើប្រាក់ចំណេញ នៅពេលធ្វើការទូទាត់ប្រចាំឆ្នាំ។

ពន្ធលើប្រាក់ចំណេញ បន្ថែមលើការបែងចែកភាគលាភ
នៅពេលបែងចែកភាគលាភ អ្នកជាប់ពន្ធតាមរបបស្វ័យប្រកាសត្រូវបង់ពន្ធលើ ប្រាក់ចំណេញបន្ថែមលើការបែង ចែកភាគលាភដូចតទៅៈ
១- ពន្ធលើប្រាក់ចំណេញបន្ថែម ត្រូវបង់ក្នុងចំនួនស្មើនឹង ២០ភាគរយ នៃទឹកប្រាក់ត្រូវបែងចែកចំពោះ :
     ក. ការបែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំ ក្រោយការបង់ពន្ធលើប្រាក់ចំណេញ ប្រសិនបើអ្នកជាប់ពន្ធ ធ្វើការបែងចែកប្រាក់ចំណេញ រក្សាទុកឬប្រាក់ចំណេញប្រចាំឆ្នាំ ដែលបានបង់ពន្ធលើ ប្រាកប់ចំណេញ តាមអត្រា ០ភាគរយ
     ខ. ការបែងចែកដទៃទៀត វៀរលែងតែការបែងចែក ដែលបានកំណត់ក្នុងចំណុច ២ និង ៣ ខាងក្រោមនេះ និងការបង់សងវិញនូវមូលធន
២- ពន្ធលើប្រាក់ចំណេញបន្ថែម ត្រូវបង់ក្នុងចំនួនស្មើនឹង ១១ ភាគ ៩១ នៃទឹកប្រាក់ត្រូវបែងចែក ចំពោះការបែងចែក ប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំឆ្នាំ ក្រោយការបង់ពន្ធលើប្រាក់ចំណេញ ប្រសិនបើអ្នកជាប់ពន្ធ ធ្វើការបែងចែក ប្រាក់ចំណេញរក្សាទុក ប្រាក់ចំណេញប្រចាំឆ្នាំ ដែលបានបង់ពន្ធលើ ប្រាក់ចំណេញ តាមអត្រា ៩ភាគរយ
៣- ពន្ធលើប្រាក់ចំណេញបន្ថែម មិនត្រូវអនុវត្តទេចំពោះ ការបែងចែកប្រាក់ចំណេញ រក្សាទុក ឬប្រាក់ចំណេញប្រចាំ ឆ្នាំក្រោយការបង់ពន្ធ លើប្រាក់ចំណេញ ប្រសិនបើអ្នកជាប់ពន្ធធ្វើការ បែងចែកប្រាក់ចំណេញរក្សាទុក ឬប្រាក់ចំណេញប្រចាំ ឆ្នាំដែលបានបង់ពន្ធលើ ប្រាក់ចំណេញតាមអត្រា ២០ភាគរយ ឬអត្រា ៣០ភាគរយ

ពន្ធកាត់ទុកលើនិវាសនជន
អ្នកជាប់ពន្ធនិវាសនជន ដែលប្រកបអាជីវកម្ម ដែលបានធ្វើការទូទាត់ជាសាច់ប្រាក់ ឬជាវត្ថុឱ្យដល់អ្នកជាប់ពន្ធ និវាសនជន ត្រូវកាត់ទុក និងបង់ប្រាក់ពន្ធទៅតាម អត្រាដូចខាងក្រោមលើចំនួន ទូទាត់មុនការកាត់ទុកប្រាក់ពន្ធៈ
ក. អត្រា ១៥% ចំពោះ
- ប្រាក់ចំណូលដែលរូបវន្តបុគ្គល បានទទួលពីការបំពេញសេវានានា រួមទាំងការគ្រប់គ្រង ឬការពិគ្រោះយោ បល់ឬសេវាប្រហាក់ប្រហែល
- សួយសារចំពោះទ្រព្យអរូបបី និងភាគកម្មក្នុងធនធានរ៉ែ ហើយនិងការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជន ដែលប្រកបអាជីវកម្ម ដែលមិនមែនជាធនាគារឬ ស្ថាប័នសញ្ជ័យធន ក្នុងស្រុកបង់ឱ្យទៅអ្នក ជាប់ពន្ធនិវាសនជន
ខ. អត្រា ១០% ចំពោះប្រាក់ចំណូលពីការ ឱ្យជួលចលនឬអចលនទ្រព្យ
គ. អត្រា ៦% ចំពោះការប្រាក់ ដែលធនាគារឬស្ថាប័នសញ្ច័យធន ក្នុងស្រុកបង់ឱ្យទៅអ្នកជាប់ពន្ធ និវាសនជនដែល មានគណនីបញ្ញើមានកាលកំណត់
ឃ. អត្រា ៤% ចំពោះការប្រាក់ដែលធនាគារ ឬស្ថាប័នសញ្ជ័យធនក្នុងស្រុក បង់ឱ្យទៅអ្នកជាប់ពន្ធ និវាសនជនដែល មានគណនីសន្សំ គ្មានកាលកំណត់

ការកាត់ទុកខាងលើនេះ មិនត្រូវអនុវត្តទេចំពោះការប្រាក់ ដែលបង់ទៅឱ្យធនាគារ និងស្ថាប័នសញ្ជ័យធនក្នុងស្រុក និងការទូទាត់ចំពោះ ប្រាក់ចំណូលលើកលែង ពន្ធដូចមានចែងក្នុងមាត្រា ៩ថ្មីនៃច្បាប់ស្តីពីសារពើពន្ធ។

ពន្ធកាត់ទុកលើមនិវាសនជន
អ្នកជាប់ពន្ធនិវាសនជន ដែលប្រកបអាជីវកម្មដែល ធ្វើការទូទាត់ប្រាក់ចំណូល ដូចខាងក្រោមនេះ ឱ្យទៅអ្នកជាប់ពន្ធ អនិវាសនជនត្រូវកាត់ទុក និងបង់នូវប្រាក់ពន្ធតាមអត្រា ១៤% នៃទឹកប្រាក់ត្រូវបើកៈ
ក. ការប្រាក់
ខ. សួយសារ ថ្លៃឈ្នួល និងប្រាក់ចំណូលផ្សេងៗទាក់ទិននិងការប្រើប្រាស់ទ្រព្យសម្បត្តិ
គ. ការទូទាត់ចំពោះសេវាគ្រប់គ្រង និងសេវាបច្ចេកទេសនានា
ឃ. ភាគលាភ

សហគ្រាស ក្រុមហ៊ុនត្រូវដាក់លិខិត ប្រកាសនិងបង់ប្រាក់ពន្ធ ដែលបានកាត់ទុកក្នុងរយៈពេល ១៥ថ្ងៃក្រោយដំណាច់ ខែដែលមានការទូទាត់។ ពេលកាត់ទុកគឺជាពេល ដែលចំណាយត្រូវបានកត់ត្រា ក្នុងបញ្ជីគណនេយ្យ៕

***ប្រភពអគ្គនាយកដ្ឋានពន្ធដានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

DAP-News


លោកស្រី យីងឡាក់ រងការចោទប្រកាន់ ពីបទកេងប្រវ័ញ្ច ថវិកាសង្រ្គោះបន្ទាន់

0
0

បាងកក៖ តំណាងរាស្រ្តមកពីគណបក្ស ប្រជាធិបតេយ្យលោក សាធីត ពីទូតេជៈ បានចោទប្រកាន់នាយករដ្ឋ មន្រ្តី លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នៅថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកា ថា កេងប្រវ័ញ្ចថវិកាសង្រ្គោះបន្ទាន់។

លោកបានមានប្រសាសន៍ថា នៅថ្ងៃចុងក្រោយ នៃការរិះគន់ខ្លាំងៗ កិច្ចពិភាក្សាតទល់គ្នាថា គណៈរដ្ឋមន្ត្រី បាន អនុម័តថវិកា ៤៣លានបាត នៅក្នុងខែមករា និង ថវិកា ៦៧ លានបាត នៅក្នុងខែកក្កដា ដើម្បីទូទាត់សង និង បង់ប្រាក់ធានា ចំពោះក្រុមតវ៉ាអាវក្រហម។

លោកក៏បានចាក់វីដេអូ បង្ហាញពីអតីតនាយករដ្ឋមន្ត្រី ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដោយអំពាវនាវឲ្យសងយ៉ាងឆាប់ រហ័សសម្រាប់ក្រុមអាវក្រហម ហើយជាពិសេសក្រុមអាវក្រហមទាំងនោះ បានកំពុងជាប់ឃុំឃាំងនៅឡើយ ចាប់ តាំងពីមានការងើបឡើងប្រឆាំងតវ៉ាជាមួយរដ្ឋាភិបាលលោក អាប់ភីស៊ីត វេចាជីវ៉ា នៅក្នុងឆ្នាំ២០១០។

សាធីត បាននិយាយឲ្យដឹងថា ថវិកាទុកបម្រុងសម្រាប់មូលនិធិក្រសួងយុត្តិធម៌ តាមធម្មតាគណៈរដ្ឋមន្ត្រី បាន ប្រើប្រាស់ថវិកា ដែលរក្សាទុកសម្រាប់ពេលមានអាសន្ន ដើម្បីឲ្យពួកគេនៅក្រៅឃុំឃាំងបាន។

លោកបានបន្តទៀតថា នយោបាយដើម្បីទូទាត់សង និងជួយក្រុមអាវក្រហម ជាជាងការផ្សះផ្សាសម្រួល ដូច ដែលបានគ្រោងទុកជាមុន ហើយគួរតែមិនបែងចែកវណ្ណៈសង្គមកាន់តែខ្លាំងឡើងៗទៀតទេ៕

Photo by DAP-NEWS

គ្រូបង្រៀន នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ មិនយកលុយ បង់តាមម៉ោង

0
0

-អាណាព្យាបាលសិស្ស ត្អូញត្អែថា គ្មានលទ្ធភាព រកប្រាក់បង់ឲ្យ កូនរៀនក្រៅម៉ោង

ភ្នំពេញ៖ ទាំងអាណាព្យាបាល និងកូនសិស្ស ដែលរៀន នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ស្ថិនៅក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ជាច្រើននាក់ បានរិះគន់ និងមិនពេញចិត្ត ចំពោះ ទង្វើរបស់គ្រួបង្រៀន នៅវិទ្យាល័យ មួយនេះថា បានបដិសេធមិន យកលុយ បង់តាមម៉ោង សម្រាប់ការ បង្រៀនគួ (ការបង្រៀនក្រៅម៉ោង)  ពោលគ្រូបង្រៀន បានតម្រូវឲ្យកូនសិស្សទាំងអស់ ដែលចូលគួ ត្រូវបង់តាមខែ។

ការធ្វើបែបនេះ កូនសិស្ស ជាពិសេស ក្រុមអាណាព្យាបាល សិស្សានុ សិស្សទាំងនោះ បានសម្តែងការ ខឹងសម្បាផង និងរិះគន់ផងថា ពួកគាត់ពិតជា គ្មាន លទ្ធភាព បង់លុយឲ្យ តាមខែ ដែលមានចំនួនម្តងៗ ច្រើននោះទេ មានន័យថា បើបង់តាមខែ គឺត្រូវបង់ ម្តងមាន ២ម៉ឺនរៀល ៣ម៉ឺនរៀល និង៤ម៉ឺនរៀល ជាដើម ដូច្នេះបើសិនពួកគាត់ មានកូនរៀនក្រៅ ម៉ោងចំនួន២ ទៅ៣នាក់ និងរៀនច្រើនមុខវិជ្ជានោះ គឺត្រូវបង់លុយ អស់មិនតិចទេ ដែលគ្មានលទ្ធភាព រកលុយបង់ ឲ្យកូនបាន ខណៈការ រកចំណូលរបស់ពួកគាត់ មានកម្រិតតិចតួច នៅឡើយប្រចាំខែ។

ក្រុម អាណាព្យាបាល ទាំងនេះ ដែលបានប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ថា ពួកគាត់មិនប្រកែក និងមិនប្រឆាំង ចំពោះការយក លុយ ពីគ្រូបង្រៀន សម្រាប់ការ បង្រៀនក្រៅម៉ោងឡើយ ពីព្រោះនេះ គឺជាមុខរបរ រកស៊ីបន្ថែម របស់គ្រូបង្រៀន ខណៈប្រាក់ ខែរបស់ពួកគេ នៅមានកម្រិត នៅឡើយ ប៉ុន្តែបើបង្រៀនក្រៅម៉ោង សូមឲ្យយកលុយ ក្នុង ជម្រើពីរយ៉ាង ទី១ បើកូនសិស្សណា ចង់បង់តាមម៉ោង គឺអាចបង់បាន និងទី២ បើកូនសិស្សណា ចង់បង់ តាមខែ គឺបង់ទៅតាមនោះ ផ្ទុយទៅវិញ គ្រូបង្រៀននៅវិទ្យាល័យដែលសម្បូររឿងអាស្រូវ ច្រើនជាងគេ ក្នុងករណីកូនសិស្ស ដេញវាយ កាប់ចាក់គ្នា មួយនេះ បែរជាតម្រូវឲ្យ កូនសិស្សគ្រប់គ្នា ត្រូវតែបង់ តាមខែទៅវិញ មិនយកលុយ បង់តាមម៉ោងឡើយ ដូច្នេះបើរៀន ច្រើនមុខ នឹងបង់លុយ មិនតិចឡើយ ពេលដល់ខែម្តងៗ។

កូនសិស្សម្នាក់ រៀននៅវិទ្យាល័យនេះ ដែលមានផ្ទះនៅ ក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ នៅជិតសាលារៀនោះ និងជីវភាពរបស់គេ មិនសូវធូធា បានប្រាប់ថា វាជាទម្លាប់ ទៅហើយ សម្រាប់គ្រូបង្រៀន នៅវិទ្យាល័យ ហ៊ុន សែន ប៊ុន រ៉ានី វត្តភ្នំ ដែលបាន ធ្វើយ៉ាងដូចេ្នះ គឺពេលបង្រៀន ក្រៅម៉ោង ដាត់ខាត តម្រូវឲ្យ កូនសិស្ស បង់លុយ តាមខែ មិនត្រូវបង់លុយ តាមម៉ោង ឧទាហរណ៍ មួយម៉ោង១០០០រៀល ឫ២០០០រៀលនោះឡើយ គឺត្រូវបង់តាមខែ មានចាប់ ពី២០០០០រៀល ទៅ៤០០០០រៀលជាដើម។

បុរសម្នាក់ដែល អះអាងថា មានកូនស្រី និងកូនប្រុស របស់ខ្លួន រៀននៅវិទ្យាល័យនេះ បានត្អូញត្អែថា គាត់មាន ការលំបាកខ្លាំងណាស់ សម្រាប់ រកលុយឲ្យ កូននៅពេល បង់មួយខែៗ ពោលអស់ជាច្រើនម៉ឺនរៀល ដោយសារកូនរបស់គាត់រៀនច្រើន មុខវិជ្ជា ដែលគ្រូបង្រៀន ក្រៅម៉ោង មិនឲ្យបង់លុយ តាមម៉ោងនោះ។

អាណាព្យា បាលរូបនេះ ដែលចំណូល របស់គាត់រកបានមួយថ្ងៃ ប្រហែល ២០០០០ ទៅ៣០០០០រៀល មកពីការ រត់ម៉ូតូឌុបនោះ បានបន្តថា បើគ្រូយកលុយ តាមម៉ោង នោះគាត់អាច ឲ្យកូនម្តង៤ទៅ៥ពាន់រៀល ហើយបើថ្ងៃណា រកលុយមិនសូវបានគឺ ឲ្យកូនខានរៀនមួយថ្ងៃសិន តែបើគ្រូយក លុយតាមខែនោះ គឺពិតជា ពិបាកណាស់ ជួនកាល ពេលដល់ ខែដែលត្រូវចំណាយលុយច្រើន គាត់ស្ទើតែគ្មានលទ្ធភាព ហើយខែខ្លះបាន ទៅខ្ចីលុយអ្នកជិតខាង យកឲ្យកូនទៅ បង់លុយដល់គ្រូ ថែមទៀតផង។

បើយោងតាមអាណាព្យាបាលខាងលើ បើបង់តាមខែ នោះនឹងខាតច្រើន ពោល ពេលណាចំថ្ងៃឈប់សម្រាក ដូចជា ថ្ងៃបុណ្យអុំទូក ជាដើម ប៉ុន្តែការបង់តាមខែ ដាច់ខាតមិនត្រូវបានលើកទេ បើបង់ចំថ្ងៃទី១ នៃដើមខែនិមួយៗ គឺត្រូវបង់ទៅតាមហ្នឹង។

យ៉ាងណាក៏ ដោយ បរុសរូបនេះ ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា គ្រូបង្រៀន ក្រៅម៉ោង មិនគួរធ្វើដាច់ម៉ាត់ យ៉ាងនេះ ឡើយ ពោលពួកគាត់ គួរតែមានជម្រើស ពីរយ៉ាង ដូច្នេះបើអាណាព្យាបាលណា មានលទ្ធភាព នោះនឹងបង់តាមខែ ហើយបើអាណាព្យាបាលណា គ្មានលទ្ធភាព វិញនោះ នឹងបង់តាមម៉ោងសិក្សា មួយមុខវិជ្ជាម្តង។

ជាមួយគ្នានេះ កូនសិស្សមួយចំនួន ដែលរៀន នៅសាលានេះ បានរិះគន់នូវបញ្ហា ជាច្រើនដែលកើត មានឡើង ដូចជាបើកូន សិស្សណា ចង់ជាប់ដោយ មិនសូវមករៀននោះ គឺគ្រាន់តែបង់លុយឲ្យ គ្រូតាមមុខវិជ្ជា រួចជាស្រេច ហើយបើមិនទៅរៀន ទេនោះ នឹងមានការ ផាកពិន័យ ជាក់ជាមិនខាន ពោលមួយម៉ោង១ដុល្លារ។

ទាក់ទិននឹងការ រិះគន់ នូវទុក្ខលំបាក របស់កូនសិស្ស និងអាណាព្យាបាលខាងលើនេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចស្វែងរក ការបកស្រាយណាមួយ ពីលោកគ្រូនាយកសាលា បានទេ នៅយប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២នេះ ៕  

អ្នកបោះឆ្នោត បង្ហាញក្តីកង្វល់ អំពីបញ្ហា អំពើពុករលួយ

0
0

ហាណូយ៖ អ្នកបោះឆ្នោត នៅក្នុងស្រុក២កន្លែង ឋិតនៅកណ្តាលភាគ ខាងជើងនៃខេត្តងែអាន បានលើកឡើងពីក្តីកង្វល់អំពី អំពើពុករលួយ ដែលពុំអាច ទប់ស្កាត់បាន នៅពេលដែលពួកគាត់ បានជួបជាមួយ លោកប្រធានសភាជាតិ ងុយិន សិញ ហុង នៅក្នុងស្រុកកំណើត របស់គាត់កាលពីថ្ងៃម្សិលមិញ។

ក្រុមអ្នកបោះឆ្នោតទាំងនោះ បានតាំងមូលដ្ឋាន នៅក្នុងស្រុក២កន្លែង ដែលមានផល វិបាកគឺស្រុកឡុកហា និងស្រុកងីហ៊្សួន បាននិយាយលើកឡើង នៃប្រធានសភាជាតិសម្រាប់ការឲ្យសច្ចាប័ន ពិនិត្យច្បាប់ប្រឆាំងអំពើពុករលួយ និងត្រួតពិនិត្យឡើង វិញ នៅចំពេលដែល សម័យប្រជុំលើកទី៤របស់ខ្លួន នៅសប្តាហ៍មុននេះ។

ប៉ុន្តែពួកគាត់ ក៏បានប្តឹងឧទ្ធរណ៍រដ្ឋាភិបាល ក្នុងគោលបំណង ដើម្បីឲ្យជួយធ្វើអន្ត រាគមន៍ ឲ្យកាន់មានប្រសិទ្ធភាពជាងនេះ ដើម្បីបំបាត់ចោលនូវបញ្ហាអំពើ ពុករលួយបែបនេះ ដើម្បីផ្តល់ការគាំទ្រដល់ជំនឿទុកចិត្តរបស់ប្រជាជន ក្នុងនាមជាថ្នាក់ដឹកនាំ នៃគណបក្ស និងការធ្វើឲ្យពួកគាត់ជឿទុកចិត្តថា រដ្ឋាភិបាលអាចពាំនាំយកមកនូវការអភិវឌ្ឍន៍ ខាងសង្គមសេដ្ឋកិច្ចពិតៗ។

អ្នកបោះឆ្នោត បានស្នើឲ្យថ្នាក់ដឹកនាំ ពិនិត្យឡើងវិញនូវច្បាប់ ប្រយុទ្ធប្រឆាំងអំពើពុក រលួយដូចដែលបានប្រយុទ្ធប្រឆាំង ចំពោះ «អ្នកជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង»។

ពួគគាត់ បានស្នើសុំឲ្យមាន ការគាំទ្រយ៉ាងពេញទំហឹងសំរាប់អ្នកភូមិ ដែលរស់នៅ តាមជួរមាត់ច្រាំងសមុទ្រ ក្នុងគោលបំណង ដើម្បីអភិវឌ្ឍន៍វារីកសិកម្ម ហើយតំបន់ មួយក្នុងចំណោមតំបន់ជាច្រើន គឺជាតំបន់មានភាពរឹងមាំសំខាន់ជាងគេ និងវិស័យ ឧស្សាហកម្ម ដែលបាននាំមកនូវភាពរីកចម្រើនខាងវិស័យសេដ្ឋកិច្ចជាច្រើនរបស់ ខ្លួន។

ប្រធានសភាជាតិលោក ហុង បានឆ្លើយតបនូវសេចក្តីកង្វល់ទាំងឡាយទៅកាន់ ក្រុមអ្នកបោះឆ្នោត ដោយបានមានប្រសាសន៍ ថា ការប្រយុទ្ធប្រឆាំង និងអំពើពុករលួ យ គឺជាកាតព្វកិច្ចដែលពិបាកធ្វើ និងត្រូវការប្រើពេលយូរទៀត ដែលតម្រូវឲ្យមាន ការចូលរួមពីអ្នកទាំងអស់គ្នាផងដែរ នៅគោលនយោបាយកម្រិតថ្នាក់មូលដ្ឋាន។

លោកហុង ក៏បានក្រើនរំលឹកវិញផងដែរថា តាមតំបន់ត្រូវតែអនុវត្តន៍រកដំណោះ ស្រាយដែលបានអនុម័តកាលពីពេលថ្មីៗនេះ ទៅលើសំឡេងឆ្នោតគាំទ្រនៃទំនុកចិត្ត សម្រាប់លើកកម្ពស់ជាតិ និងទីកន្លែងមូលដ្ឋាន ដែលចូលជាធរមានចាប់ប្រតិបត្តិចាប់ ពីដើមឆ្នាំក្រោយ ៕

នគរបាល ក្រុងប៉ោយប៉ែត ចុះពង្រឹង​ សណ្តាប់ធ្នាប់ តាមដងផ្លូវជាតិ

0
0

បន្ទាយមានជ័យ៖ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត បានចុះពង្រឹង សណ្តាប់ធ្នាប់តាម ដងផ្លូវជាតិ ទូទាំងក្រុងដោយធ្វើការ ណែនាំ ដល់អាជីវករលក់ ដូរទាំងឡាយ ត្រូវតាំងលក់ទំនិញ ឲ្យឆ្ងាយពីចិញ្ចើមផ្លូវ និងព្រមានដក រថយន្តដឹកទំនិញ ដឹកដី សំពីងសំពោងឲ្យ យល់ពីផលប៉ះពាល់ ផងដែរ ក្នុងករណី មិនរាងចាល នឹងចាត់ការតាមផ្លូវច្បាប់។

លោក សៅ សារឿន នាយផ្នែក សណ្តាប់ធ្នាប់ នៃអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា អនុវត្ត តាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកអធិការ អធិការរងទទួលផែនសណ្តាប់ធ្នាប់ ឲ្យធ្វើយ៉ាងណា ត្រូវលុបបំបាត់ ភាពអណាធិបតេយ្យ តាមដងផ្លូវ ដើម្បីលើក មុខមាត់ និងសោភ័ណភាពក្រុង លោកក៏បាន ដឹកនាំកម្លាំង ចុះណែនាំដល់បងប្អូនអាជីវករ លក់ដូរតាមដងផ្លូវតែម្តង។

លោកបានបន្តថា ថ្ងៃនេះកម្លាំង របស់លោក បានណែនាំ ដល់ប្រជាពលរដ្ឋ ដែលកំពុងសាងសង់ លំនៅដ្ឋានថ្មីចំនួ១២កន្លែង ហាមមិនឲ្យ ដាក់ខ្សាច់ ឥដ្ឋ ថ្ម រាយប៉ាយ តាមចិញ្ចើមផ្លូវជាដាច់ខាត ព្រោះកាលណា មានភ្លៀងធ្លាក់ ខ្សាច់ ថ្ម ទាំងនោះ នឹងហូរចូលលូអាច បង្កឲ្យស្ទះបាន។

ម្យ៉ាងទៀត ការដែលប្រជាពលរដ្ឋដាក់ ខ្សាច់ ថ្ម តាមចិញ្ចើម ផ្លូវជាតិវាធ្វើឲ្យ មានភាពរាយ ប៉ាយខូចសោភ័ណភាព ក្រុង ពិសេស ជាងនេះទៀតនោះ ខ្សាច់ ថ្ម ទាំងនោះ អាចហោះចូលភ្នែក គេឯងខណះធ្វើដំណើរ បង្កជាគ្រោះថ្នាក់ បានផងដែរ។

លោក សៅ សារឿន បានបន្ថែមថា ក្រៅពីនេះ កម្លាំងរបស់លោក ក៏បានឃាត់ រថយន្តដឹកដី គ្មាន គម្របស្បៃ និងរបាំង គូថក្រោយ ធ្វើឲ្យជ្រុះដីតាម ដងផ្លូវ និងធ្វើកិច្ចសន្យា លើកទីមួយផងដែរ ក្នុងករណី មិនរៀងចាល សមត្ថកិច្ច និងចាត់ការតាម និតិវិធីច្បាប់៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ក្រុមចោរប្លន់ ស្រីប្រុស ៧នាក់ ចាប់បាន ៤នាក់ រត់រួច ៣នាក់

0
0

ខេត្តកណ្តាលៈ បក្ខពួកក្រុមចោរប្លន់៧នាក់ ត្រូវបាននគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនបាន ៤នាក់ ប្រុស ២ ស្រី២ និង៣នាក់ទៀត រត់គេចខ្លួន ក្រោយពីពួកគេបានធ្វើសកម្មភាព យកដុំថ្មគប់ សំពងទៅលើជនរងគ្រោះ ប្លន់យកម៉ូតូមួយគ្រឿងបាន ដោយ សុវត្ថិភាព កាលពីវេលាម៉ោង១និង១០នាទី យប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ ស្ថិតនៅមាត់ទន្លេភូមិតាខ្មៅ ក្រុងតាខ្មៅ ខេត្ត កណ្តាល ។

នគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនរងគ្រោះមាន នី ចាន់ថន ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិព្រែកសំរោង សង្កាត់ តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។ ចំណែកឯម៉ូតូ ដែលក្រុមចោរប្លន់យកទៅបាត់នោះ ម៉ាក សេ៧០ ពណ៌ ទឹកសមុទ្រ មិនចាំ ស្លាកលេខ ។ រីឯជនសង្ស័យមានបក្ខពួក ៧នាក់ ទី១ ឈ្មោះ រង់ សំនិត ហៅក្តី មានស្រុកកំណើត នៅភូមិអណ្តូង ស្រុកបាភ្នំ ខេត្តព្រៃវែង (ឃាត់ខ្លួន) ទី២ឈ្មោះ ម៉ើ ស្រីនី ភេទស្រី អាយុ១៨ឆ្នាំ មានស្រុកកំណើត នៅភូមិឌួង ឃុំ កំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល (ឃាត់ខ្លួន) ទី៣ ឈ្មោះ ឆែម ឌីរ៉ាវិចិត្រា ហៅ ឌូ ភេទប្រុស អាយុ១៩ឆ្នាំ មានស្រុកកំណើតនៅភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ (ឃាត់ខ្លួន) ទី៤ ឈ្មោះ វណ្ណ ចំរ៉ុង ហៅ ង៉ា ភេទប្រុស អាយុ១៩ឆ្នាំ មាន ស្រុកកំណើត នៅភូមិអញ្ចាញ សង្កាត់បដិវត្តន៍ ទីរួមខេត្តកណ្តាល អ្នកទាំង៤នាក់ បច្ចុប្បន្នស្នាក់នៅក្រុងតាខ្មៅ (គេចខ្លួន)ទី៥ឈ្មោះ ឡេង វណ្ណរ៉ា ហៅរ៉ា ភេទប្រុសអាយុ២៨ឆ្នាំ មានមុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដើមមានសង្កាត់ សាមគ្គី ក្រុងតាខ្មៅ(គេចខ្លួន) ៦ឈ្មោះ រៀម ចាន់វាសសនា ភេទប្រុស អាយុ ២២ឆ្នាំ មានមុខរបរពិតប្រាដក រស់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុង តាខ្មៅ (គេចខ្លួន) ទី៧ឈ្មោះ លី ស្រីល័ក្ខ ហៅ មុំ ភេទស្រី អាយុ ១៥ឆ្នាំ មានមុខរបរមិនពិតប្រាដក រស់នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ (ឃាត់ខ្លួន)។

ប្រភពព័ត៌មាន បានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះ បានទៅផឹកស៊ីជាមួយមិត្ត ៣នាក់ ផ្សេងទៀតនៅ ម្តុំមាត់ ទន្លេក្រុងតាខ្មៅ ហើយពេលនោះជនសង្ស័យ ក៏អង្គុយជិតនោះដែរ មិនដឹងជាមានរឿងហេតុអ្វីជនសង្ស័យក៏ បានជិះម៉ូតូមក មើលជនរងគ្រោះ ហើយក៏បានជិះម៉ូតូត្រឡប់ទៅវិញ ជនរងគ្រោះឃើញសភាពការណ៍មិនស្រូល ក៏ទាញម៉ូតូធាក់បំរុងជិះចេញ ប៉ុន្តែមិនទាន់ទាំងធាក់ម៉ូតូឆេះផង ក៏ស្រាប់តែឃើញក្រុមជនសង្ស័យត្រឡប់មកវិញ រួចហើយយកដុំថ្មគប់ទៅ លើជនរងគ្រោះ បណ្តាលឲ្យរងរបួសជាច្រើនកន្លែង ពេលនោះជនរងគ្រោះក៏បានរត់គេច ខ្លួនពីក្រុមជនសង្ស័យ ចំណែកឯជនសង្ស័យវិញ ក៏បានយកម៉ូតូរបស់ជនរងគ្រោះ ជិះចេញទៅទុកនៅផ្ទះរបស់មិត្តគេ ឈ្មោះ រាម ចាន់វាសនា នៅជាមួយ ឆែម ឌីរ៉ាវិចិត្រា ហៅឌូ រួចហើយ ឌូ និងក្តី ក៏បានត្រឡប់ទៅដេកនៅបន្ទប់ជួលរបស់ រ៉ា ហើយនៅថ្ងៃដដែលនោះ វេលាម៉ោង១៦ និងជនសង្ស័យ ២នាក់ ឈ្មោះ រ៉ា និង វាសនា បានយកម៉ូតូនេះ ទៅលក់បាត់។

ប្រភពបានបន្តថា កម្លាំងនគរបាល បន្ទាប់ពីបានទទួលពាក្យបណ្តឹង របស់ជនរងគ្រោះ ក៏បានធ្វើការស្រាវជ្រាវរហូត ឈានទៅ ដល់ឃាត់ខ្លួនមុខសញ្ញា បានជាបន្តបន្ទាប់ ក្នុងនោះមានស្រី២នាក់ និងប្រុស២នាក់ រីឯ៣នាក់ កំពុងតែរត់ គេចខ្លួននោះ នគរបាលកំពុងតាមស្វែងរកឃាត់ខ្លួន ដើម្បីចាត់យកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ ឃុំខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ កសាងសំណុំរឿងបញ្ជូនទៅ កាន់ស្នងការដ្ឋាន ដើម្បីចាត់ការបន្ត៕

www.dap-news.com

សមត្ថកិច្ច ចរាចរខេត្ត រឹតបណ្តឹង ច្បាប់ចរាចរណ៍ ក្នុងឱកាស បុណ្យអុំទូក

0
0

មណ្ឌលគិរី៖ ក្នុងឱកាស ថ្ងៃឈប់សម្រាក របស់ប្រជាពលរដ្ឋ ទូទាំងប្រទេស ក្នុងថ្ងៃបុណ្យ អុំទូក អកអំបុក និងសំពះព្រះខែ ដើម្បីជួយកាត់ បន្ថយនូវគ្រោះ ថ្នាក់ចរាចរណ៏ លោក ចាន់ ទិត្យ នាយការិយាល័យ ចរាចរណ៏ផ្លូវគោក នៃស្នងការដ្ឋាន នគរបាល ខេត្តមណ្ឌលគិរី នៅថ្ងៃទី២៨ វិច្ឆិកា ២០១២ បានដឹកនាំកម្លាំង ក្រោម ឱវាទចុះអនុវត្តន៏ នឹងរឹតបណ្តឹងចរាចរ តាមបណ្តោយ ផ្លូវជាតិ លេខ៧៦។

លោកនាយការិយាល័យ បានឲ្យមជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ដឹងថា ការចុះអនុវត្ត ច្បាប់ចរាចរណ៏ នៅក្នុងថ្ងៃនេះ ការិយាល័យបានដឹកនាំ កម្លាំងចំនួន១២នាក់ ដើម្បីចាត់វិធានការ ចំពោះរថយន្ត តាក់ស៊ី ដែលដឹកសំពីង សំពោង នឹងផ្ទុកហួសចំណុះ ធ្វើការផាកពិន័យ ទៅតាមផ្លូវច្បាប់ ។ លោក បានបន្តថា បន្ទាប់ពីបានធ្វើការ ផាកពិន័យរួច សមត្ថកិច្ច បានអប់រំណែនាំ នឹងហាមមិនឲ្យមានការ ដឹកជញ្ជួនលើសចំណុះ ដែលបានកំណត់ ។

លោក ចាន់ ទិត្យ បានបន្តថា រថយន្ត ដែលមានដឹកឥវ៉ាន់ សំពីងសំពោង ត្រូវបានឲ្យ រើទម្លាក់ចុះ ហើយធ្វើការ ផាកពិន័យ ប៉ុន្តែ ចំពោះ រថយន្ត ណាដែល ដឹកលើសចំណុះ ហើយមិនព្រមអនុវត្ត តាមវិធានការ របស់សមត្ថកិច្ច ទេនោះ ត្រូវបញ្ជូនទៅស្នងការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។

ចំណែកបុរសម្នាក់ ដែលមានវ័យ ប្រហែល៣០ឆ្នាំ ត្រូវបានសមត្ថកិច្ច ធ្វើការផាកពិន័យ គាត់បានព្រម ទទូលយកនូវ ការផាកពិន័យ នឹងការអប់រំ ណែពី សមត្ថកិច្ច ហើយគាត់ បានសន្យាថា នឹងគោរព អនុវត្តន៏ ទៅតាម អ្វី ដែលសមត្ថកិច្ច បានអប់រំណែនាំ៕

តុលាការ សម្រេចឃុំខ្លួន មន្រ្តីយោធាម្នាក់ ពីបទរំលោភ សេពសន្ថវៈ លើកក្មេងស្រី អាយុ១៣ឆ្នាំ

0
0

ខេត្តក្រចេះ៖ ជនសង្ស័យ ដែលជាមន្ត្រីយោធាម្នាក់ ត្រូវបានតុលាការសម្រេច ឃុំខ្លួនបណ្តោះអាសន្ន នៅពន្ឋនាគារខេត្ត ក្រចេះ កាលពីព្រឹកថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០១២ បន្ទាប់ពីនគរបាលព្រហ្មទណ្ឌ បានចាប់បញ្ជូនខ្លួនជនជាប់ចោទពីបទ រំលោភសេពសន្ថវៈ ទៅលើក្មួយស្រី អាយុ១៣ឆ្នាំ ចំនួន៣លើក នៅស្រុកស្នួល។

ជនសង្ស័យ ដែលកម្លាំងនគរបាលចាប់ឃាត់ខ្លួននេះ ឈ្មោះ ស៊ឹម វិទូ អាយុ ៣៣ ឆ្នាំមានមុខងារ ជាមន្ត្រីយោធា អង្គភាពវរៈការពារព្រំដែនលេខ២០៤ នៅស្រុកស្នួល មានទីលំនៅភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ។

មន្ត្រីនគរបាលព្រហ្មទណ្ឌ បានឲ្យដឹងថា ការចាប់ខ្លួនជនសង្ស័យម្នាក់នេះ គឺធ្វើឡើងទៅតាមពាក្យបណ្តឹង របស់ស្ត្រីជាប្រពន្ធ ខណៈដែលនារីជាប្រពន្ធ បានតាមទាន់សកម្មភាព បុរសជាប្តីកំហូចរូបនេះ កំពុងតែធ្វើសកម្មភាព ចាប់រំលោភ ក្មួយស្រីបង្កើត របស់ខ្លួននៅក្នុង បន្ទប់ដេកលើផ្ទះ។

ក្មេងស្រីរងគ្រោះ អាយុ១៣ឆ្នាំ ដែលជនសង្ស័យធ្លាប់ធ្វើសកម្មភាព ចាប់រំលោភចំនួនបីដងជាបន្តបន្ទាប់  ជាក្មួយស្រីបង្កើត របស់នារីជាប្រពន្ធជនសង្ស័យ ហើយបានមកស្នាក់នៅ ផ្ទះជាមួយជនសង្ស័យចំនួន ៣ឆ្នាំមកហើយ។

តាមពាក្យបណ្តឹង របស់ក្មេងស្រីរងគ្រោះ បានប្រាប់សមត្ថកិច្ច ចាប់តាំងពីខែវិច្ឆិកា ឆ្នាំ ២០១២ មក ជនសង្ស័យជាពូសាច់ថ្លៃ រូបនេះ បានចាប់រំលោភនាងចំនួន៣លើក នៅពេលដែលគាត់ស្រវឹង និងពេលនាងនៅផ្ទះម្នាក់ឯង ក្នុងនោះបានសម្រេច ១លើកតែមិនស៊ីជម្រៅខ្លាំង និងពីរលើកទៀត មិនបានសម្រេច ដោយត្រូវនាងប្រឹងរើបំរាស់រួច និងលើកចុងក្រោយ គឺចាប់ រំលោភនាងនៅក្នុងបន្ទប់ដេក និងត្រូវម្តាយមីងនាងមនទាន់ ក៏បែកធ្លាយរឿងតែម្តង។

មន្ត្រីនគរបាល បានឲ្យដឹងទៀតថា បន្ទាប់ពីនគរបាលព្រហ្មទណ្ឌ បានចាត់បញ្ជូនខ្លួននិងកសាងសំណុំរឿងរួច ជនម្នាក់នេះត្រូវ បានចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្ត សម្រេចឃុំខ្លួននៅពន្ធនាគាខេត្ត កាលពីព្រឹកថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ២០១២៕

www.dap-news.com


ផ្ទុះ ៤ដង ក្រឡុកទីក្រុង ដាម៉ាស, មនុស្សស្លាប់ ២០នាក់

0
0

ដាម៉ាស, (ស៊ិនហួ)៖ ផ្ទុះ៤កន្លែង បានកើតឡើងនៅជាយក្រុង ចារ៉ាម៉ាណា ជាយ ទីក្រុង ដាម៉ាស នៅព្រឹកព្រលឹមថ្ងៃពុធនេះ ដែលបានសម្លាប់ មនុស្សយ៉ាងតិច ២០នាក់ និង បង្កឲ្យមានអ្នករង របួស មួយចំនួនទៀត។ នេះបើតាមការផ្សាយ របស់ទូរទស្សន៍ ស៊ីរី អាំល់ អេកបារៀ។

ទូរទស្សន៍របស់ស៊ីរី បានចេញផ្សាយទៀតថា មានរថយន្តដែលបង្កប់ គ្រាប់បែកពីរគ្រឿងនិង គ្រឿងឧបករណ៍ផ្ទុះចំនួនពីរ ត្រូវបានផ្ទុះឡើងជាប់ៗគ្នា នៅក្នុងបរិវេណនៃ ខេត្ត ចារ៉ាម៉ាណា ដែលបង្កឲ្យមានមនុស្សស្លាប់ ២០នាក់ និង របួសជាច្រើននាក់ទៀត។

ការផ្ទុះចុងក្រោយននោះ បានធ្វើឡើងដើម្បីកាត់បន្ថយ ពីការគាបសង្កត់លើ ក្រុមបះបោរប្រដាប់អាវុធ បច្ចុប្បន្នត្រូវបានឡោមព័ទ្ធ ដោយកងទ័ពរបស់រដ្ឋាភិបាល នៅក្នុងទីក្រុងដាម៉ាស នៃខេត្ត ដារ៉ាយ៉ា ដែលកន្លែងកើតហេតុចុងក្រោយ នៃការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លា។

ប្រជាជនស៊ីរី បាននិយាយថា ទាហានរាប់ពាន់នាក់ របស់រដ្ឋាភិបាល គឺកំពុងតែប្រយុទ្ធ ជាមួយនឹង ក្រុមសកម្មប្រយុទ្ធរបស់ អាល់កៃដានៅក្នុង តំបន់ជាច្រើនទូទាំងប្រទេស៕

DAP-News

លោកឧត្ដមសេនីយ៍ឯក កែវ សាមួន មេ បញ្ជាការភូមិភាគ៣ ទទួលមរណភាព

0
0

ភ្នំពេញ ៖ លោកឧត្ដមសេនីយ៍ផ្កាយ៣ កែវ សាមួន មេបញ្ជាការភូមិភាគ៣ នៃកង យោធពលខេមរភូមិន្ទ បានទទួលមរណភាព កាលពីថ្ងៃចន្ទ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១២កន្លង ទៅនេះ ដោយរោគាពាធ ក្នុងជន្មាយុជិត៦០ឆ្នាំ។

សពលោកឧត្ដមសេនីយ៍ កែវ សាមួន ត្រូវ បានសាច់ញាតិនិងក្រុមគ្រួសារតម្កល់ ទុករៀបចំធ្វើបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា ស្ថិតនៅជិតផ្សារទួលទំពូង  ខណ្ឌចំការមន។

យោងតាម ប្រភពព័ត៌មានបានឱ្យដឹងថា សពលោកឧត្ដមសេនីយ៍ឯក កែវ សាមួន និងត្រូវក្រុមគ្រួសារ ដង្ហែទៅបូជានៅវត្ដទួលទំពូង នាថ្ងៃព្រហស្បតិ៍ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១២នេះ។

គួរបញ្ជាក់ថា លោកឧត្ដមសេនីយ៍ កែវ សាមួន ត្រូវបានគេដឹងថា ជាមន្ដ្រីយោធា ជើងចាស់និងបានតស៊ូបម្រើ ប្រទេសជាតិ អស់ជាច្រើនឆ្នាំមកហើយ ។បើតាមប្រភពព័ត៌មាន នាយឧត្ដមសេនីយ៍ មាស សុភា មេបញ្ជាការកងទ័ពជើងគោក និងប្រទានភ្លើងបូជាសពនៅវត្ដទួលទំពូង។

ការបាត់បង់ឧត្ដម សេនីយ៍មេបញ្ជាការ ភូមិភាគ៣ខាងលើនេះ គឺជាការបាត់បង់ធនធានថ្នាក់ដឹកនាំក្នុងជួរកងយោធពលខេមរភូមិន្ទមួយដ៏សំខាន់ សម្រាប់ប្រទេសជាតិ៕

NGO ព្រួយបារម្ភពី ការកក្រើក ករណីរំលោភ សេពសន្ថវៈ លើកុមារ

0
0

ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិល ធ្វើការងារទាក់ទង និងសិទ្ធិកុមារ បានសម្តែងការព្រួយបារម្ភ ចំពោះការកក្រើកឡើង នូវករណីរំលោភសេពសន្ថវៈ លើកុមារ មិនគ្រប់អាយុ ក្នុងរយៈពេលចុងក្រោយនេះ ដែលបណ្ដាញសារព័ត៌មានក្នុងស្រុកចុះផ្សាយស្ទើររៀងរាល់ថ្ងៃ។

អនុប្រធានកម្មវិធីស្រ្តី និងកុមារនៃអង្គការអាដហុកលោកស្រី លឹម មុន្នី បានថ្លែងប្រាប់មជ្ឈ មណ្ឌលព័ត៌មាន ដើមអម្ពិលនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២ ថា សង្គមស៊ីវិលពិតជាមានការព្រួយបារម្ភ ចំពោះករណី រំលោភសេពសន្ថវៈ លើកុមារ ដែលជាអនីតិជននេះ។តែអង្គការ សង្គមស៊ីវិល មិនមែនព្រួយតែមួយផ្នែកនោះទេ តែព្រួយផងដែរ ចំពោះបញ្ហា និទណ្ឌភាព និងការរត់គេចខ្លួនរបស់ជនល្មើស។

លោកស្រីបន្ត ថា "ចំពោះពួកយើងជាអង្គការសង្គមស៊ីវិល វាមិនព្រួយតែមួយផ្នែកទេ ព្រួយចំពោះការអនុវត្តច្បាប់ ទៅទៀត ដោយយើងសង្កេតឃើញ ថា ការខ្វះចន្លោះនៃអនុវត្តច្បាប់ ឲ្យមានប្រសិទ្ធភាពនឹង វានៅតែជាបញ្ហាចោទដដែល ថ្វីត្បិតតែមានការចាប់អារម្មណ៍ ពីក្រសួង មន្ទីរ ជាច្រើនដែលរួមគ្នាធ្វើកិច្ចការនឹង ក៏យើងឃើញនៅមាន បញ្ហានិទណ្ឌភាព ក៏ដូចជាបញ្ហារត់គេចខ្លួន របស់ជនល្មើសនឹង ដែលវាជាសំណួរមួយ គួរឲ្យចាប់អារម្មណ៍”។

លោកស្រីបានឲ្យដឹង ថា មូលហេតុដែលកុមារងាយទទួលរងគ្រោះ ពីចាប់រំលោភនោះ គឺដោយសារតែ កុមារជាជនងាយស្រួលបំពារបំពាន ហើយពួកគេមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការពារខ្លួន។

មិនខុសគ្នាដែរ ប្រធានអង្គការ មិនមែនរដ្ឋាភិបាល ដើម្បីសិទ្ធិកុមារ លោកស្រី យឹម សុខារី បានសង្កេតឃើញ ថា ករណី រំលោភសេពសន្ថវៈលើកុមារ ហាក់ដូចជាមានការកើនឡើង ក្នុងរយៈពេលចុងក្រោយនេះ ហើយលោកស្រីក៏បានសំណូរពរ ឲ្យអាជ្ញាធររាជធានី-ខេត្ត គួរតែមានវិធានការលើបញ្ហានេះ ជាបន្ទាន់ផងដែរ។

ចំណែក លោក កែម ឡី ប្រធានក្រុមអ្នកស្រាវជ្រាវ ផ្នែកសង្គមជាន់ខ្ពស់ មានប្រសាសន៍ ដោយយោងតាមរបាយការណ៍របស់ អង្គការអាដហុក និងលីកាដូ ពាក់ព័ន្ធនឹងបញ្ហារំលោភ សេពសន្ថវៈនេះដែរ ថា ក្នុងមួយឆ្នាំៗ ករណីចាប់រំលោភសេពសន្ថវៈមិនតិចជាង៥០០ទៅ៦០០ករណីនោះទេ ហើយជនរងគ្រោះភាគច្រើនជាអនីតិជន។ "ជារួមយើងមើលរបាយការណ៍ ដែលបានដឹង របាយការណ៍អាដហុក របាយការណ៍លីកាដូ អីក្នុងមួយឆ្នាំៗករណី ចាប់រំលោភលើជនរងគ្រោះនឹង មិនតិចជាង៥០០ទៅ៦០០ករណីទេ ហើយជនរងគ្រោះភាគច្រើន ដែលយើងឃើញ និងធ្វើការសិក្សានឹង ភាគច្រើនជាអនីតិជន”។

លោកបានបន្តឲ្យដឹង ថា កត្ដាដែលបណ្ដាល ឲ្យមានករណីរំលោភសេពសន្ថវៈលើស្រ្ដី និងកុមារនោះ ទី១បញ្ហានិទណ្ឌភាពនៅតែមាន ទី២មិនទាន់មានការវិនិយោគ លើវិធានការទប់ស្ដាប់ករណី រំលោភសេពសន្ថវៈនៅឡើយ ហើយអង្គការសង្គមស៊ីវិលធ្វើការងារផ្នែក ទប់ស្ដាប់ករណីរំលោភ សេពសន្ថវៈក៏នៅមិនតិចដែរ និងទី៣មានកន្លែងកម្សាន្តសម្រាប់យុវវ័យច្រើន ដែលអាចឲ្យពួកគេមាន ឱកាសប្រព្រឹត្តអំពើរំលោភ សេពសន្ថវៈ ឬបៀតបៀនកេរ្តិ៍ខ្មាស់លើក្មេងស្រី មិនទាន់គ្រប់អាយុជាដើម។

ក្រុមអង្គការសង្គមស៊ីវិលខាងលើនេះ បានអំពាវនាវឲ្យរដ្ឋាភិបាល សហការជាមួយខ្លួន ដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីទប់ករណីរំលោភសេពសន្ថវៈ លើកុមារនេះ។មួយវិញទៀត សង្គមស៊ីវិលក៏ជំរុញឲ្យរដ្ឋាភិបាលត្រូវ ពង្រឹងប្រព័ន្ធអនុវត្តច្បាប់ ប្រព័ន្ធសន្តិសុខ ដើម្បីលុបបំបាត់ការរំលោភសេពសន្ថវៈលើកុមារឲ្យអស់ពីសង្គមកម្ពុជា។ ចំណែកអាណាព្យាបាល ក៏ត្រូវមានការប្រុងប្រយ័ត្ន ពីការសុវត្តិភាពរបស់កូន របស់ខ្លួនផងដែរ ដោយមិនត្រូវទុកក្មេងឲ្យនៅម្នាក់ឯង ឬនៅជាមួយមនុស្សដែល មិនគួរឲ្យទុកចិត្ត។ រីឯប្រព័ន្ធផ្សព្វផ្សាយ ក៏មិនត្រូវផ្សាយនូវ ទិដ្ឋភាពសប្បាយហួសហេតុពេក ដែលបណ្ដាលឲ្យយុវវ័យប្រុស-ស្រី ទាំងនោះមានការភ្លើតភ្លើន ដែលអាចឈានទៅដល់ការ ប្រព្រឹត្តិបទល្មើសសេពសន្ថវៈនេះ។

ករណីរំលោភសេពសន្ថវៈលើកុមារ ត្រូវបានបណ្ដាញសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ចុះផ្សាយស្ទើររៀងរាល់ថ្ងៃ ដែលករណីរំលោភ ទាំងនោះភាគច្រើន កើតលើកុមារ ដែលមានអាយុមិនដល់១០ឆ្នាំផង ហើយជនល្មើសខ្លះជាឪពុកជនរងគ្រោះ ខ្លះជាជីតាជនរងគ្រោះ ខ្លះជាមនុស្សចាស់ដែល ស្គាល់គ្នាក្នុងភូមិ និងខ្លះទៀតជាយុវវ័យ ភ្លើតភ្លើន និងការសេពគ្រឿងស្រវឹង គ្រឿងញៀន និងមើលរឿងអាសអាភាសជាដើមនោះ ដែលឈានទៅដល់ការ ប្រព្រឹត្តិអំពើថោកទាបដែលមជ្ឈដ្ឋានទូទៅ ស្អប់ខ្ពើមជាទីបំផុត៕

កន្លែងលេងល្បែង នៅក្បែរ ប៉ុស្តិ៍នគរបាល វត្តភ្នំ ខណ្ឌដូនពេញ តែមិនទាន់ចុះបង្រ្កាប

0
0

ភ្នំពេញ៖ តាមសេចក្តី រាយការណ៍មួយ បានឲ្យដឹងថា នៅជិតប៉ុស្តិ៍នគរបាល វត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានកន្លែងលេង ល្បែងមួយ ដែលវង់ល្បែងមួយនេះ មិនទាន់មានការ ចុះបង្ក្រាប នោះឡើយ បើទោះបី ជាសមត្ថកិច្ច នគរបាល នៃប៉ុស្តិ៍នគរបាលវត្តភ្នំ នៅជិតក៏ដោយ ចំងាយប្រមាណ មិនដល់២០ម៉ែត្រផងនោះ ។

សេចក្តីរាយការណ៍ បានបន្តថា វង់ល្បែងនេះ ស្ថិតនៅក្នុង កន្លែងលក់ និងទិញ រថយន្ត យីហោ កោះកែវ តាមបណ្តោយ ផ្លូវលេខ១០៨ ហើយគេដឹងថា មានមន្រ្តីនគរបាល ទៅយក លុយជាប្រចាំខែ មិនចុះបង្ក្រាប នោះឡើយ។

យ៉ាងណាក៏ដោយ មន្រ្តីប៉ុស្តិ៍នគរបាល វត្តភ្នំ មួយរូប បានឲ្យដឹងថា ពីមុនកន្លែងនេះ មានអ្នកលេង ល្បែងមែន ប៉ុន្តែឥឡូវនេះ គ្មានអ្នកណា លេងនោះឡើយ ហើយបើលេងមែន សមត្ថកិច្ច និងចុះបង្រ្កាបជាក់ជា មិនខាន មិនទុកឲ្យមាន សកម្មភាព លេងល្បែង ស៊ីសងយ៉ាង ដូច្នេះឡើយ។

មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល មិនទាន់អាចទាក់ទង នាយនគរបាលប៉ុស្តិ៍វត្តភ្នំ បានទេនៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១២នេះ៕

www.dap-news.com

ស្ត្រីម្នាក់ និងក្មេងប្រុស ស្រី៦នាក់ទៀត មានអាការៈពុល បន្ទាប់ពី ទទួលទាន បបរស ស្រូបទឹកស៊ីអ៊ីវ ស៊ូគី ស៊ូគី

0
0

-គ្រូពេទ្យបង្អែក ស្រុកជើងព្រៃ ទុកជនរងគ្រោះចោល មិនព្យាបាលឲ្យ

កំពង់ចាមៈ ស្រ្តីម្នាក់ម្នាក់ និងក្មេងប្រុស ស្រី ចំនួន៦នាក់ទៀត មានអាការៈ ក្អួតចង្អោ និងទន់ដៃទន់ជើង បន្ទាប់ពីពួកគេបាន ទទួលទាន បបរ ស ស្រូបទឹកស៊ីអ៊ីវ យីហោ ស៊ូគី ស៊ូគី កាលពីព្រលប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១២ នៅភូមិគកកណ្តាល ឃុំតុងរុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ ស្រ្តីឈ្មោះ កេត គឹមហ៊ន់ អាយុ៣៤ឆ្នាំ បានអោយ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដឹងថា នៅល្ងាចថ្ងៃទី ២៧ ខែវិច្ឆិកា គាត់បានទិញទឹកស៊ីអ៊ីវ១ដប យីហោ ស៊ូគី ស៊ូគី ដបជ័រ ចំណុះ៤៥០មីលីលីត្រ ពីផ្ទះអ្នកលក់ ឥវ៉ាន់ចាប់ ហួយក្នុងភូមិ ។

អ្នកស្រី គឹមហ៊ន់ បានឲ្យដឹងទៀតថា នៅល្ងាចថ្ងៃដដែលនោះ គាត់បានចំអិន បបរអង្កស្រូវថ្មី រួច គាត់ និងកូនប្រុស ស្រីវ័យ ពី៣ឆ្នាំ ទៅ១២ឆ្នាំ ចំនួន៤នាក់ទៀត បាននាំគ្នាទទួលទាន បបរ ស ស្រូបទឹកស៊ីអ៊ីវ យីហោ សូគី សូគីទាំងអស់គ្នា លុះរហូតដល់ម៉ោង ១១យប់ថ្ងៃដដែល ស្រាប់តែរូបគាត់ និងកូនប្រុស ស្រីរបស់គាត់ទាំង៤នាក់ មានអាការៈពុល ក្អួតចង្អោ វិលមុខ ដូចៗគ្នា ។

លោក អៀង ប៉េងថៃ នាយនគរបាលប៉ុស្តិ៍តុងរុង បានប្រាប់ ដើមអម្ពិលឲ្យដឹងថា នៅក្នុងពេលតែមួយនោះ នៅផ្ទះអ៊ុំស្រី ឈ្មោះ យី ណា អាយុ៥៦ឆ្នាំ ជាគ្រួសារមួយផ្សេងទៀត នៅភូមិជាមួយគា្ន ចៅរបស់គាត់ចំនួន២នាក់ក៏មាន អាការៈពុល ដូចគ្រួសារខាងលើនោះដែរ បន្ទាប់ពីបានទទួលទាន បបរ ស ស្រូបទឹកស៊ីអ៊ីវ យីហោ ស៊ូគីស៊ូគី ដូចគ្នានោះ ដែលចៅប្រុស មានអាយុ៥ឆ្នាំ និងចៅស្រី មានអាយុ២ឆ្នាំ ។

នាយនគរបាលប៉ុស្តិ៍ បានបន្តទៀតថា មនុស្សទាំង៧នាក់ខាងលើ បន្ទាប់ពីមានអាការៈក្អួតចង្អោ និងវិលមុខ ត្រូវបានសាច់ញាតិ ដឹករឺម៉កម៉ូតូ បញ្ជូនទៅមន្ទីរពេទ្យ បង្អែកស្រុកព្រៃឈរ ប៉ុន្តែ នៅពេលដែលអ្នកជម្ងឺទៅ ដល់មន្ទីរពេទ្យ ខាងគ្រូពេទ្យ បានប្រាប់សាច់ញាតិអ្នកជម្ងឺថា គ្មានសេរ៉ូមទេ ហើយអ្នកជម្ងឺ រង់ចាំព្រឹកឡើង ទើបគ្រូពេទ្យ ធ្វើការព្យាបាល ។ បន្ទាប់ពីគ្រូពេទ្យប្រាប់ដូច្នោះ ខាងសាច់ញាតិ អ្នកជម្ងឺ បានពិភាក្សាគ្នា រួច ក៏សម្រេចចិត្ត ដឹកអ្នកជម្ងឺ ត្រឡប់ទៅផ្ទះវិញ ដើម្បីរក វិធីបន្សាប ជាតិពុល លុះពេលត្រឡប់ ទៅដល់ផ្ទះ សាច់ញាតិ អ្នកជម្ងឺទាំងពីរ គ្រួសារ បានប្រញ៉ាប់នាំគ្នា រកក្រូចឆ្មារ ច្របាច់ដាក់លាយស្ករ ស ឲ្យអ្នកជម្ងឺផឹក បន្ទាប់មក អ្នកជម្ងឺទាំងអស់ ក៏មានអាការៈធូរស្បើយឡើងវិញ ។

មន្រ្តីនគរបាល រូបនេះ បានបញ្ជាក់ផងដែរថារហូតដល់ រសៀលថ្ងៃទី២៨ ខែវិច្ឆកា អ្នកជម្ងឺ ក្មេងប្រុស ស្រីចំនួន៦នាក់ បានធូរស្បើយ ធម្មតាវិញហើយចំណែកឯស្ត្រី ឈ្មោះ កេត គឹមហ៊ន់ នៅមានអាការៈ ធីងធោងនៅឡើយ។ ចំពោះបញ្ហា ដែលថា អ្នកជម្ងឺទាំង៧នាក់ មានអាការៈពុលបន្ទាប់ពីបានទទួល ទានបបរ ស លាយទឹកស៊ីអ៊ីវនោះ នៅរសៀលថ្ងៃទី២៨ ខែវិច្ឆកា  លោក ប៉េងថៃ នាយនគរបាលប៉ុស្តិ៍ ឃុំតុងរុង បានឲ្យដឹងផងដែរ ថា លោក បានឃើញមាន សមត្ថកិច្ច នគរបាលផ្នែកព្រហ្មទណ្ឌ ស្រុកព្រៃឈរ និងមានប្រធាន មណ្ឌលសុខភាព ឃុំតុងរុង បានចុះធ្វើការស្រាវ ដើម្បីរកមូលហេតុ ក្នុងករណីខាងលើនោះផងដែរ។

នៅរសៀលថ្ងៃទី២៨ នេះ ដើមអម្ពិល មិនទាន់ទទួលបានការ បំភ្លឺពីក្រុមការងារដែលចុះស៊ើបអង្កេតនូវករណីខាងលើនោះនៅឡើយទេ៕

Viewing all 8042 articles
Browse latest View live




Latest Images