Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

អភិបាលរាជធានី ភ្នំពេញផ្តល់ ថវិកាត បណ្តាញទឹកស្អាត ជូនប្រជាសហគមន៍ ទួលសំបូរ ៩១គ្រួសារ

$
0
0

-លោក ប្រាជ្ញ សីហា ដាក់ម៉ាស៊ីន បូមទឹកសង្គ្រោះ ស្រូវប្រជាជន នៅសង្កាត់ប្រទះឡាង ដែលកំពុង ខ្វះខាតទឹក

ភ្នំពេញ ៖ តបតាមការសន្យា របស់ខ្លួន កាលពីពេលកន្លងទៅថ្មីៗនេះ អភិបាលរាជធានី ភ្នំពេញ លោក ប៉ា សុជាតិវង្ស បានឧបត្ថម្ភថវិកា ជិត ៣ពាន់ដុល្លារ សម្រាប់ចំណាយលើការ តបណ្តាញទឹកស្អាត ជូនប្រជាសហគមន៍ទួលសំបូរ ចំនួន ៩១គ្រួសារ ស្ថិតនៅសហគមន៍ទួលសំបូរ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ដើម្បីបានប្រើប្រាស់ សម្រាប់ជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋ ទាំង៩១គ្រួសារ រស់នៅក្នុងសហគមន៍ទួលសំបូរ ជាច្រើនឆ្នាំមកហើយ ពុំដែលមានបណ្តាញទឹកស្អាត សម្រាប់ប្រើប្រាស់នោះឡើយ ពោលប្រជាពលរដ្ឋបាន ទិញទឹកពីឈ្មួញឯកជន ដែលដឹកលក់តាមលំនៅឋាន ។ ដូច្នេះក្នុងឱកាសចុះទៅសួរ សុខទុក្ខ និងចែកអំណោយដល់ប្រជាពលរដ្ឋនៅទីនោះ កាលពីកន្កងទៅ ពីសំណាក់អភិបាល រាជធានីភ្នំពេញនោះ ប្រជាពលរដ្ឋបានស្នើសុំអោយ ជួយតបណ្តាញទឹកស្អាត ដល់សហគមន៍របស់ពួកគេ ហើយលោក អភិបាលរាជធានី ក៏បានសន្យាតាមការស្នើសុំផងដែរ ។

ជាក់ស្តែងកាលពីព្រឹក ថ្ងៃទី១៦ខែសីហា អភិបាលរងខណ្ឌដង្កោ លោក ប្រាជ្ញ សីហា និងអាជ្ញាធរមូលដ្ឋាន បាននាំយកថវិកាចំនួន ២៩៣៦ដុល្លារ ផ្តល់ជូន សហគមន៍ទួលសំបូរតបណ្តាញទឹកស្អាតនេះ ។

នៅចំពោះមុខប្រជាពលរដ្ឋ ទាំងនេះ លោក ប្រាជ្ញ សីហា បានផ្តាំផ្ញើការសាកសួរសុខ ទុក្ខ និងការគិតគូរពីលោក អភិបាលរាជធានី ថ្នាក់ដឹកនាំខណ្ឌដង្កោ ចំពោះការរស់នៅប្រចាំថ្ងៃ របស់បងប្អូន ទើបថ្ងៃនេះ លោកនាំថវិកាឧបត្ថម្ភរបស់ អភិបាលរាជធានីភ្នំពេញ មកប្រគល់ជូន ដើម្បីតបណ្តាញទឹកស្អាតតាមការសន្យា ។

លោក ប្រាជ្ញ សីហា ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមសហការគ្នាថែរក្សា និងចូលរួមប្រើប្រាស់ទឹក ដោយសន្សំសំចៃ កុំចំណាយលុយច្រើន ពេលត្រូវ បង់នៅចុងខែ ។

ដោយឡែកនៅព្រឹកថ្ងៃដដែលនេះ លោក ប្រាជ្ញ សីហា និងក្រុមការងារ ក៏បាននាំយកម៉ាស៊ីនបូមទឹក របស់សាលាខណ្ឌចំនួនមួយគ្រឿង ទៅប្រគល់ជូនអាជ្ញាធរ សង្កាត់ប្រទះឡាង ដើម្បីជួយបូមទឹកសង្គ្រោះ ស្រូវរបស់ប្រជាពលរដ្ឋនៅទីនោះ ដែលទំហំផ្ទៃដីជិត ១០០ហិកា ដែលកំពុងជួបគ្រោះរាំងស្ងួត ៕


ឯកអគ្គរាជទូត ចក្រភពអង់គ្លេស ជួបសំណេះ សំណាល ជាមួយអតីត និស្សិត រៀននៅ ចក្រភពអង់គ្លេស

$
0
0

ភ្នំពេញ ៖ នៅសាកល វិទ្យាល័យ ប៊ែលធីអន្តជាតិ ព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤នេះ បានរៀបចំសិក្ខា សាលាស្តី ពីការអប់រំ នៅចក្រភពអង់គ្លេស ក្រោម អធិបតីភាព លោក Bill Longhurst ឯកអគ្គរាជទូត ចក្រភព អង់គ្លេសប្រចាំ នៅកម្ពុជា លោក ហោ ណាំបូរ៉ា អគ្គនាយករង រាជរដ្ឋាភិបាល និងលោកលី ឆេង អគ្គនាយកប៊ែលធី គ្រុបនិង ជាសាកលវិទ្យាធិការ សាកលវិទ្យាល័យ ប៊ែលធីអន្តជាតិព្រមជាមួយវត្តមាន របស់អតីតនិស្សិតកម្ពុជា មកពីចក្រភពអង់គ្លេស និងមានការចូលរួមពីសិស្ស-និស្សិត កម្ពុជា ចំនួនជាង ៥០០នាក់ ។

លោកពៅ សាលីដេត អគ្គលេខាធិការ សមាគម អតីតនិស្សិតកម្ពុជា ពីចក្រភពអង់គ្លេស បានឲ្យដឹង ថា គោលបំណង នៃការបង្កើតឲ្យមានសិក្ខា សាលាស្តីពីការអប់រំ នៅចក្រភពអង់គ្លេសនេះឡើង គឺដើម្បីបំផុស សិស្សនិស្សិត នៅកម្ពុជាឲ្យមានការចាប់អារម្មណ៍ អំពីការសិក្សា នៅចក្រភពអង់គ្លេស ដោយមាន វាគ្មិន ជាច្រើននាក់ ចូលរួមចែករំលែក បទពិសោធន៍ នៃការសិក្សា របស់អតីតនិស្សិតកម្ពុជា នៅចក្រភព អង់គ្លេស ។ សិក្ខាសាលានេះ ក៏នឹងជួយបំផុត ឲ្យសិស្សនិស្សិត ទាំងអស់ចេះរៀបចំ ដំណើរអនាគត របស់ពួកគេឲ្យមានន័យ ហើយក៏មានការផ្តល់ព័ត៌មាន ពីការជ្រើសរើសនិស្សិតអាហារូបករណ៍ ក៏ដូចជាការ ផ្សព្វផ្សាយពីប្រព័ន្ធ អប់រំនៅទីនោះផងដែរ ។ អតីតនិស្សិត ដែលធ្លាប់បានសិក្សា នៅចក្រភពអង់គ្លេស រូបនេះ បានបញ្ជាក់ថា ការសិក្សានៅចក្រភពអង់គ្លេស គឺពិតជាមានសារៈសំខាន់ និងបានផ្តល់ឲ្យលោក នូវបទពិសោធន៍ជាច្រើន ។ លោកបានចំណាយពេល២ឆ្នាំ ដើម្បីស្វែងយល់និង ស្នើសុំអាហារ រូបករណ៍ ហើយដើម្បីទទួលបានអាអាហារូបករណ៍ គឺលោកត្រូវមានបទពិសោធន៍ លើជំនាញ ដែលចង់សិក្សា ហើយត្រូវមានពិន្ទុក្នុងភាសាអង់គ្លេស គ្រប់គ្រាន់ យ៉ាងហោច៦.៥ និងត្រូវឆ្លងកាត់ការសម្ភាសន៍ ពីសំណាក់ឯកអគ្គរាជទូតដោយផ្ទាល់។

លោក បណ្ឌិត ឌី សុវណ្ណ ប្រធានសមាគម អតីតនិស្សិតកម្ពុជា ពីចក្រភពអង់គ្លេស បានបញ្ជាក់ដែរថា ការសិក្សានៅចក្រភពអង់គ្លេស ទាមទាឲ្យមានការខិតខំប្រឹងប្រែងខ្ពស់ ប៉ុន្តែការទទួលបានជោគជ័យ លើការសិក្សានៅទីនោះ ក៏បានហុចផលជាវិជ្ជមាន សម្រាប់រូបលោក ដែលបច្ចុប្បន្នលោកបាននឹង កំពុងបម្រើការងារ នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងតំណែងជាអគ្គនាយករង នៃអគ្គនាយកដ្ឋាន រដ្ឋបាលហិរញ្ញវត្ថុថ្នាក់ក្រោមជាតិ ដែលមានកិច្ចការងារជាច្រើន ជាប់ពាក់ព័ន្ធទៅនឹង ការសិក្សាស្រាវជ្រាវ របស់លោកកន្លង មកហើយក៏ទទួលបានការរីកចម្រើន ការគាំទ្រនិងកោតសរសើរច្រើន ហើយលោក មានមោទនភាព ដែលបានយកចំណេះដឹង បទពិសោធន៍ដែលលោកបាន សិក្សាមកចូលរួម បម្រើកិច្ច ការងាររបស់ប្រទេសជាតិ។

លោកលី ឆេង អគ្គនាយកប៊ែលធីគ្រុប និងជាសាកលវិទ្យាធិការ សាកលវិទ្យាល័យប៊ែលធី អន្តជាតិ បានមានប្រសាសន៍ ស្វាគមន៍ ចំពោះវត្តមាន របស់លោក Bill Longhurst ឯកអគ្គរាជទូត អង់គ្លេស ប្រចាំនៅកម្ពុជា ក៏ដូចជាអតីតនិស្សិតមកពីចក្រភពអង់គ្លេស និងសិស្ស-និស្សិតកម្ពុជា ទាំងអស់ ដែល បានចូលរួមក្នុងសិក្ខាសាលានេះ ។

លោកបានបន្ថែមទៀតថា លោកពិតជាមានសេចក្តីរីករាយ យ៉ាងក្រៃលែង ដែលសាកលវិទ្យាល័យប៊ែលធី អន្តជាតិ បានចូលរួមចំណែកក្នុងការធ្វើឲ្យសិក្ខាសាលានេះ លេចជារូបរាងឡើង ហើយលោកនឹង នៅតែបន្តគាំទ្រ លើដំណើរការនៃសិក្ខាសាលាមួយនេះ តទៅមុខទៀត ។ លោកបាននិយាយថា បានសិក្ខា សាលានេះ ពិតជាមានសារសំខាន់ ក្នុងការចូលរួមចំណែក ជាមួយរាជរដ្ឋាភិបាល ដើម្បីលើកស្ទួយ គុណ ភាពអប់រំ ក៏ដូចជាផ្តល់នូវចំណេះ ដឹងនិងបទពិសោធន៍ដល់ សិស្ស-និស្សិត កម្ពុជា ដើម្បីឲ្យពួកគេ មានសមត្ថភាពសីលធម៌ និងគុណធម៌ហើយក្លាយជាធនធានយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោកBill Longhurst ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ បើកអង្គសិក្ខា សាលា ព្រមជាមួយមតិកោតសរសើរ ចំពោះការយកចិត្តទុកដាក់ របស់លោកលី ឆេង និងសមាគមអតីត និស្សិតកម្ពុជា មកពីចក្រភពអង់គ្លេស ដែលជំរុញឲ្យសិក្ខាសាលាមួយនេះ ដំណើរការបាន យ៉ាងរលូន និងមានការចាប់អារម្មណ៍ យ៉ាងខ្លាំងពីសិស្ស-និស្សិតកម្ពុជា ។ លោក ឯកអគ្គរាជទូត ក៏បានលើកទឹក ចិត្តឲ្យគណៈកម្មការបង្កើតសិក្ខាសាលាលើកនេះ បន្តនូវបេសកកម្មរបស់ខ្លួន បន្តទៀត ដើម្បីដក ស្រង់យកបទពិសោធន៍ល្អៗ និងព័ត៌មានទាក់ទង នឹងអាហារូបករណ៍ មកចែកជូនដល់សិស្ស-និស្សិត កម្ពុជាបានជ្រាប ៕

 

កូនភ្លោះពីរ ដែលកើត នៅពីរគ្រួសារផ្សេងគ្នា នៅសង្កាត់បឹងធំ បានទទួលអំណោយ លោក ប៊ុន សំបូរ រដ្ឋលេខាធិការ ទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី អៀង ប្ញទ្ធា

$
0
0

រាជធានីភ្នំពេញ ៖ ទារក ទារិកា ភ្លោះដែលបានប្រសូត្រ ពីម្តាយឈ្មោះ ស៊ីន អួង និងឱពុកឈ្មោះ ហ៊ន ហាន នៅភូមិខ្ចៅ និងទារកភ្លោះ ដែលបានប្រសូត្រពីម្តាយ ឈ្មោះ ឈែល ចិន្តា និងឱពុកឈ្មោះ ហៀង សុខ ហៃ នៅភូមិអន្លង់ស្វាយសង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានទទួលអំណោយពីលោក ប៊ុន សំបូរ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី និងលោកស្រី។

លោក ប៊ុន ចន្ទវិចិត្រ សមាជិកក្រុមលេខា សម្តេចតេជោ និងលោកស្រី សំបូរ សម្ផស្ស និងស្វាមី បុត្រា- បុត្រី លោក ប៊ុន សំបូរ បាននាំយកអំណោយនេះ ទៅជូនដល់លំនៅដ្ឋានកូនភ្លោះទាំងពីរគ្រួសារ នៅរសៀលថ្ងៃសៅរ៍ ទី១៦ ខែសីហា ឆ្នាំ២០១៤ ជាថ្ងៃសម្រាកពីការងារ ដោយមានការចូលរួមពីលោកចៅសង្កាត់ និងមន្ត្រីសាលាសង្កាត់មួយចំនួនផងដែរ។

លោក ប៊ុន ចន្ទវិចិត្រ បានពាំនាំប្រសាសន៏ផ្តាំផ្ញើ សាកសួរសុខទុក្ខជូនដល់គ្រួសារកូនភ្លោះទាំងពីរ ពីសំណាក់ មាតា បិតារបស់លោក ហើយសូមអធ្យាស្រ័យ ដែលរូបលោកទាំងពីរមិនបាន អញ្ជើញមកផ្ទាល់ដោយសារមាន ធុរៈនៅបរទេស តែទោះជាយ៉ាងណាក៏លោកទាំងពីរបានចាត់រូបលោក និងប្អូនស្រី មកជំនួស នៅពេលដឹងថា មានគ្រួសារប្រសូត្របានកូនភ្លោះ នៅសង្កាត់បឹងធំនេះ ហើយលើកនេះជាគ្រួសារដែលប្រសូត្រ បានកូនភ្លោះទី ៨ ដែលមាតា បិតា រប់សលោកតែងតែយកចិត្តទុកដាក់ ជួយឧបត្ថម្ភតាំងតែពីដើមរៀងមក។

លោកស្រី សំបូរ សម្ផស្ស បានមានប្រសាសន៍ថា មាតា បិតា លោកស្រី បានដឹង និងធ្លាប់ឆ្លងកាត់អំពីការលំបាក ចំពោះគ្រួសារដែលប្រសូត្របានកូនភ្លោះ ព្រោះរូបលោកទាំងពីរ ក៏ធ្លាប់មានកូនភ្លោះពីរដែរ គឺរូបលោកស្រីផ្ទាល់ និងប្អូនស្រីឈ្មោះ សំបូរ ផុស្សតី ហើយអំណោយយកមក ជូនថ្ងៃនេះមានចំនួនតិចតួច បើប្រៀបនឹងការលំបាក តែនេះជាទឹកចិត្តរបស់ក្រុមគ្រួសារលោកស្រី។

ក្នុងឱកាសនោះ លោកស្រី បានជូនពរឲ្យកូនភ្លោះនៃគ្រួសារទាំងពីរ បានទទួលសេចក្តីសុខ សុខភាពល្អ និងបានជម្រាបដល់មាតា បិតា អោយយកចិត្តទុកដាក់ បញ្ហាអនាម័យ មូស និងសត្វល្អិតខាំ ការបញ្ជូនកូនទៅចាក់វ៉ាក់សាំងការពារនានា និងជាពិសេសត្រូវទៅធ្វើសំបុត្រកំណើតឲ្យកូន ។

អំណោយរបស់លោក ប៊ុន សំបូរ និងលោកស្រី ដែលបានយកទៅជូនក្នុងមួយគ្រួសារមាន ថវិកា ១០០ ដុល្លា អង្ករ ៥០ គីឡូក្រាម ក្រម៉ា ២ ភួយ ២ សារុង ២ មី ១ កេស អាវយឺតគណបក្សប្រជាជនកម្ពុជា ២ ទឹកត្រី ២ យួរ ទឹកស៊ីអ៊ីវ ១ យួរ ស្កសរ ២ គីឡូក្រាម អំបិល ៣ គីឡូក្រាម ជួយជួសជុលផ្ទះគ្រួសារ ហៀង សុខហៃ ប្រក់ដំបូល និងជញ្ជាំង។ ដោយឡែក លោកស្រី សំបូរ ផុស្សតី និងស្វាមីជាបុត្រីរបស់លោកដែលរស់នៅ ប្រទេសស្វីស ក៏បានបន្ថែមថវិកាចំនួន ៥០ដុលារ ក្នុង ១គ្រួសារផងដែរ៕

ថៃនឹងដោះលែង អាជីវករខ្មែរ ទាំង១៦នាក់ នៅថ្ងៃចន្ទ សប្តាហ៍ក្រោយ

$
0
0

បន្ទាយមានបជ័យ ៖ អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានចូលរួមកិច្ចប្រជុំជាមួយភាគីថៃ ដែលដឹកនាំដោយ អភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួន នោះបានថ្លែងថា ជាលទ្ធផលតាមកិច្ចប្រជុំនេះ គឺនៅថ្ងៃចន្ទសប្តាហ៍ក្រោយ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ ភាគីថៃនឹងដោះលែង អាជីវករខ្មែរទាំង ១៦នាក់ មកវិញហើយ។ នេះជាការសម្រេចក្នុងកិច្ចប្រជុំ ដែលធ្វើឡើងរវាងភាគីទាំងពីរ នារសៀលថ្ងៃទី១៦ ខែសីហា នេះ ។

សូមបញ្ជាក់ថា កិច្ចប្រជុំរវាងភាគីទាំងពីរបានធ្វើឡើង ដែលភាគីកម្ពុជាដឹកនាំដោយ អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត ចំណែកភាគីថៃដឹកនាំដោយ អភិបាលខេត្តស្រះកែវ ហើយភាគីថៃក៏មានការយោគយល់ បើកឲ្យច្រកទ្វារអន្តរជាតិដំណើរជាធម្មតាឡើងវិញ។ ដោយឡែកអាជីវករ ១៦នាក់ ភាគីថៃសន្យា នឹងដោះលែងមកវិញ នៅថ្ងៃចន្ទ សប្តាហ៍ក្រោយ ។

លោក កុយ គួង អ្នកនាំពាក្យ ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ថា អាជ្ញាធរថៃមិនបានបិទទេ គឺកម្មករខ្មែរបានយករទេះមកបាំង ពេលអគ្គកុងស៊ុលខ្មែរ បានទៅ ដោះស្រាយ រួចបើកឲ្យដំណើរការទៅ ។ ដោយនៅរសៀលថ្ងៃនេះដែរ អភិបាលបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត និងអភិបាលខេត្តស្រះកែវ បានជួប ពិភាក្សាគ្នា។ 

លោក កុយ គួង បានបញ្ជាក់ទៀតថា នៅថ្ងៃស្អែកអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ នឹងទៅទីរួចខេត្តស្រះកែវ ដើម្បីដោះស្រាយពីបញ្ហានេះ ។

គួរបញ្ជាក់ថា  រយៈ៣ថ្ងៃមកហើយ ដែលអាជ្ញាធរថៃ បានចាប់ផ្តើមរឹតបន្តឹងទំនិញចេញចូល តាមច្រក អន្តរជាតិប៉ោយប៉ែត ក្នុងនោះទំនិញខ្មែរជាច្រើនត្រូវឃាត់ទុក ដោយមិនបញ្ជាក់ពីមូលហេតុ និងមិនបាន ផ្តល់ដំណឹងជាមុន ដល់ភាគីកម្ពុជា ធ្វើឱ្យអាជីវករខ្មែរជាច្រើន រួមទាំងកម្មករ អូសរទេះផង ផ្ទុះការតវ៉ា រហូតដល់យករទេះដឹកទំនិញ បិទនៅម្តុំស្ពានមិត្តភាពកម្ពុជា-ថៃ ។

ដោយឡែកព្រឹកមិញនេះ អាជ្ញាធរកម្ពុជា ដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន បានចុះ សម្របសម្រួលជាមួយភាគីថៃ ប៉ុន្តែមិនទទួលបានលទ្ធផល នៅឡើយទេ ។

អាជ្ញាធរថៃ បានបញ្ជាក់ថា ចំពោះអាជីវករឃាត់ខ្លួន ១៦នាក់ នោះ ខាងអាជ្ញាធរ នឹងសុំគោលការណ៍ទៅថ្នាក់លើសិន ហើយលទ្ធផលយ៉ាងណានោះ នឹងជម្រាបជូននៅពេលក្រោយ ៕

វេជ្ជបណ្ឌិត​ម៉ាឡេស៊ី​ ទាក់ទាញ​ឲ្យ​ ពលរដ្ឋ​កម្ពុជា​ ទៅ​កែសម្ផស្ស នៅ​ម៉ាឡេស៊ី

$
0
0

ភ្នំពេញ៖ ក្នុងសិក្ខាសាលាមួយ ស្តីពី “ការវះកាត់ត្របកភ្នែក លើកសម្ភស្ស” ដែលរៀបចំដោយ មន្ទីរពេទ្យ អាយលេន ជាមន្ទីរពេទ្យជំនាញ ផ្នែកវះកាត់ កែសម្ភស្ស ត្របកភ្នែក នៅប្រទេសម៉ាឡេស៊ី កាលពីព្រឹកថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤ នៅសណ្ឋាគារ ឡឺរ៉ូយ៉ាល់ វេជ្ជបណ្ឌិតជំនាញ របស់ម៉ាឡេស៊ី បានអះអាងថា ពីមួយឆ្នាំៗ ទៅមួយឆ្នាំ ប្រជាពលរដ្ឋខ្មែរ កាន់តែរច្រើនឡើងបាន ទៅទទួលការព្យាបាលជំងឺ និងកែសម្ផស្ស នៅប្រទេសម៉ាឡេស៊ី

លោកវេជ្ជបណ្ឌិត DARREN KHOOTENG LYE អ្នកជំនាញផ្នែកវះកាត់ នៃមន្ទីរពេទ្យ អាយលេន បានមានប្រសាសន៍ថា គិតរហូតមកពេលនេះមាន ប្រជាជនកម្ពុជា ២ទៅ៣ពាន់នាក់ហើយ ដែលបាន មកទទួលការព្យាបាល និងកែសម្ភស្សផ្នែក ត្របកភ្នែក នៅក្នុងប្រទេសម៉ាឡេស៊ី ។

លោកបានបន្ថែមថា នេះគឺជាលើកដំបូង ដែលមន្ទីរពេទ្យរបស់ខ្លួន បានធ្វើការផ្សព្វផ្សាយជូន ប្រជាជនកម្ពុជា ឱ្យមានការយល់ដឹងពីសេវាកម្មនេះ បន្ថែមទៀត ហើយនឹង សង្ឃឹមថា ប្រជាជនកម្ពុជា នឹងទទួលយកសេវាកម្ម កែសម្ភស្ស ត្របកភ្នែក កាន់តែច្រើន។ គួបផ្សំទៅនឹង តម្លៃសមរម្យ និង ការព្យាបាល មានទំនុកចិត្ត បើធៀបទៅនឹង ប្រទេសជិតខាង ។ លោកបន្តថា “យើងដឹងហើយថា ភ្នែកគឺជាសរីរាង្គដែលមាន សារសំខាន់ណាស់ ដែលមនុស្សទាំងអស់ នៅមន្ទីររបស់យើងមាន ការកែច្នៃ ឲ្យកាន់តែ មានការទាក់ទាញ និងស្រស់ស្អាតជាងមុន»។

គួរបញ្ជាក់ថា មន្ទីរពេទ្យ អាយលេន គឺជាមន្ទីរពេទ្យ ដែលមានឧបករណ៍ និងបច្ចេកទេសទំនើប អាច ធ្វើឱ្យអតិថិជនដែល មកធ្វើការកែសម្ភស្ស មានទំនុកចិត្ត និងមានផាសុកភាព ។ រហូតមកដល់ពេលនេះ មន្ទីរពេទ្យ បានចាប់ផ្តើមជាង ១៧ឆ្នាំហើយ និងជាមន្ទីរពេទ្យ ដែលឈានមុខគេ នៅក្នុងប្រទេស ម៉ាឡេស៊ី ហើយក៏មាន បម្រើរសេវាកម្ម ជូនអតិថិជន តាមបែបទេសចរណ៍ ដែលមានអ្នកមកព្យាបាល មកពីប្រទេសជាច្រើន នៅក្នុងតំបន់អាស៊ី ក្នុងនោះមានដូចជា ឥណ្ឌូនេស៊ី សិង្ហបុរី អាម៉េរិក អូស្រា្តលី និងបណ្តាប្រទេស ជាច្រើនទៀត ផងដែរ៕

មន្ទីរពេទ្យ​ទន្តសាស្រ្ត និង​សម្ផស្ស​រំចង់​ ពង្រីកសាខាថ្មី​ក្នុង​វិមាន​កុលាប

$
0
0

ភ្នំពេញ៖ មន្ទីរពេទ្យទន្តសាស្រ្ត និងសម្ផស្សរំចង់ បានបើកសម្ពោធសាខាថ្មី របស់ខ្លួន នៅក្នុងវិមានកុលាប ស្ថិតក្នុងបុរីឧទ្យានបាសាក់ ក្នុងសង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងបានធ្វើពិធីបើកសម្ពោធ ដំណើរការសេវាកម្មជូនអតិថិជន កាលពីល្ងាចថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០១៤នេះ ដោយមានការចូលរួម ពីសំណាក់នាយក មន្ទីរពេទ្យ ភ្ញៀវជាតិ-អន្តរជាតិ និងទន្តបណ្ឌិត ជាច្រើននាក់។

លោកវេជ្ជបណ្ឌិត ទិត ហុងយឺ នាយកមន្ទីរពេទ្យទន្តសាស្រ្ត និងសម្ផស្សរំចង់ បានថ្លែងក្នុង ពិធីបើកសម្ពោធនោះថា មន្ទីរពេទ្យទន្តសាស្រ្ត និងសម្ផស្ស រំចង់ បានពង្រីកសាខាថ្មីរបស់ខ្លួន ដើម្បីបំពេញសេចក្ដីត្រូវការ របស់អតិថិជន ទាំងជាតិ និងអន្តរជាតិ ដែលតែងតែគាំទ្រ មន្ទីរទន្តសាស្រ្ត និងសម្ផស្សរំចង់ តាំងពីដើមមក ។ លោកយល់ឃើញថា កម្រិតជីវភាព របស់ប្រជាពលរដ្ឋ មានភាពរីកចម្រើនខ្លាំងគួរឲ្យគត់សម្គាល់ ពួកគាត់ងាក មកចាប់អារម្មណ៍ លើការថែទាំសុខភាពច្រើន ហើយការពង្រីកសាខានេះ ក៏ជាការឆ្លើយតប ទៅនឹងការអភិវឌ្ឍន៍ ដ៏ជឿនលឿន ពីមួយថ្ងៃ ទៅមួយថ្ងៃ លើផ្នែកវេជ្ជសាស្រ្ត និងសេវាកម្មសុខាភិបាល ដែលប្រទេសកម្ពុជា កំពុងតែដើរឆ្ពោះទៅមុខ ឥតឈប់ឈរ និងបើកចំហយ៉ាង ទូលំទូលាយ។

លោកវេជ្ជបណ្ឌិត ទិត ហុងយឺ បានបន្តទៀតថា មន្ទីរទន្តសាស្រ្ត និងសម្ផស្សរំចង់ ការព្យាបាលមានគុណភាពខ្ពស់ កម្រិតស្ដង់ដាអន្តរជាតិ និងជាមន្ទីរពេទ្យទន្ដសាស្រ្ត ដ៏ល្បីល្បាញនៅកម្ពុជា ។ រំចង់ បានផ្ដោតសំខាន់ ទៅលើសេវាអតិថិជនល្អឥតរខ្ចោះ អនាម័យត្រឹមត្រូវ សម្ភារៈបរិក្ខារ ទំនើបៗ មានបច្ចេកទេស និងវិជ្ជាជីវៈត្រឹមត្រូវ ប្រកបដោយក្រមសីលធម៌ ទទួលខុសត្រូវពិតប្រាកដ ។

លោកបានបន្ថែមថា មន្ទីរទន្តសាស្រ្ត និងសម្ផស្សរំចង់ មានទទួលសេវាកម្ម ដកធ្មេញ ដាក់ធ្មេញ ពត់ធ្មេញ ប៉ះធ្មេញ សម្អាតធ្មេញ តម្រង់ធ្មេញ ថែទាំធ្មេញ វះកាត់ដាំបង្គោលធ្មេញថ្មី ព្យាបាលធ្មេញកុមារ និងមានសេវាពាក់ព័ន្ធ នឹងមាត់ធ្មេញជាច្រើនទៀត ប្រកបដោយគុណភាពខ្ពស់ ធ្វើការព្យាបាល ដោយវេជ្ជបណ្ឌិត មានជំនាញច្បាស់លាស់ ប្រកបដោយផាសុខភាព។

គួរបញ្ជាក់ថា មន្ទីរទន្តសាស្រ្ត និងសម្ផស្សរំចង់ សាខាថ្មី នៅក្នុងវិមានកុលាប នឹងចាប់ផ្ដើមដំណើរ ការស្វាគមន៍ភ្ញៀវជាតិ-អន្តរជាតិ ចាប់ពីថ្ងៃទី ១៨ខែសីហា ឆ្នាំ២០១៤ នេះតទៅ ហើយអតិថិជន ដែលរស់នៅក្នុង បុរីឧទ្យានបាសាក់ បុរីវិរៈជនកោះពេជ្រ និងតំបន់ជុំវិញនេះ មានឱកាស ប្រើប្រាស់ និងទទួលសេវាកម្មពីរំចង់ ដោយងាយស្រួលបំផុត៕

បទល្មើសនេសាទ ក្នុងខេត្តកំពង់ធំ បានកក្រើកពេញ ផ្ទៃទន្លេសាប សមត្ថកិច្ច ជ្រើសរើស ទីតាំងបង្រ្កាប ដោយភាព លាក់លៀម

$
0
0

កំពង់ធំៈ សកម្មភាពរីកដុះដាល បទល្មើសនេសាទ បានក្រើកសារជាថ្មី បន្ទាប់រដូវវស្សាឈានចូលមកដល់ តែក្នុងនោះគេសង្កេតឃើញ សមត្ថកិច្ចរដ្ឋបាលជលផល ទាល់តែមានការឆ្កេះពីសំណាក់ថ្នាក់ដឹកនាំ ទើបភ្ញាក់រលឹក ចុះទៅបង្រ្កាប តែការបង្រ្កាប បានធ្វើឡើងក្នុងលក្ខណៈលាក់លៀម បិទបាំងពីក្រសែភ្នែករបស់ អ្នកសារព័ត៌មាន តែការបង្រ្កាប ត្រូវបានធ្វើសកម្មភាពទាំងបង្ខំចិត្ត ព្រោះត្រូវបានគេដឹងថា អង្ករក្លាយជាបាយ ។

ប៉ុន្មានថ្ងៃកន្លងមកនេះ លោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទរដ្ឋបាល ជលផលកំពង់ធំ បានដឹកនាំកម្លាំងបង្រ្កាប ក្នុងភូមិសាស្រ្ត ស្រុកស្ទោង ឃុំពាមបាង ឃុំម្សាក្រង តែសកម្មភាពបង្រ្កាបបានធ្វើឲ្យមានការសង្ស័យជាខ្លាំង ដោយសារតែកន្លងមក អ្នកយកព័ត៌មានយើងបាន ចុះទៅថតរូបភាពផ្ទាល់ នៅទីតាំងបទល្មើស នឹងបានប្រទះ ឃើញ បទល្មើស របាំងសាច់អួនរាប់ពាន់ម៉ែត្រ ដាក់កាត់បឹង និងមានជាច្រើនកន្លែង មិនតែប៉ុណ្ណោះ ក្រុមកម្មកររបស់ជនល្មើស បានសាង់ខ្ទមនៅលើដើមឈើ និងមានសម្ភារៈជាច្រើន សម្រាប់ដាក់បទល្មើស តែបែរជាលោក ហួន ផល នាយសង្កាត់ពាមបាង និងលោក ប៉ែន វណ្ណរិទ្ធ នាយខណ្ទមិនខ្ចីបង្រ្កាប និងបានបើកភ្លើង ខៀវឲ្យលោក ឆេង សួរ រស់នៅឃុំកំពង់ក្តី ខេត្តសៀមរាប មកប្រព្រឹត្តបទល្មើសយ៉ាងរំភើយ ។

សកម្មភាពការចុះបង្រ្កាបបទល្មើសនេសាទ របស់ខណ្ទរដ្ឋបាលជលផលកំពង់ធំ និងការអនុវត្តច្បាប់ស្តីពី ការការពារ អភិរក្សធនធានមច្ឆជាតិ វាផ្ទុយគ្នារវាង ការអនុវត្តន៍ ការចុះបង្រ្កាបជាក់ស្តែង ដោយសារតែការចុះបង្រ្កាបកន្លងមក គ្រាន់តែចុះជាពិធី ពុំមានការកាប់បំផ្លាញ ដុះចោលនោះទេ ឬធ្វើឲ្យឧបករណ៍ នេសាទទាំងនោះ មានការខូចខាតនោះទេ គឺគ្រាន់តែកាត់របាំងអួនទំលាក់ចូលទឹក  ហើយក៏បើកការណូតចេញទៅ ការធ្វើបែប នេះគឺជាការផ្តល់ឱកាសឲ្យ ជនល្មើសពុំមានការរាងចាល ចំណែកអ្នកព័ត៌មានពុំបានឲ្យចុះទៅ សង្កេតការណ៍ និងថតយកព័ត៌មាននោះទេ ចាំតែខណ្ឌរដ្ឋបាលជលផល សរសេរតួលេខព្រាវៗ រៀបរាប់ចំនួនម៉ែត្រ ចំនួនបង្គោល ចេះតែដាក់ក្នុងរបាយការណ៍ ដោយពុំមែនជាការពិត។

ប្រជាពលរដ្ឋ ដែលរស់នៅក្នុងឃុំពាមបាង និងឃុំផាត់សណ្តាយបានក្តៅក្រហាយជាខ្លំាង ចំពោះលោក ហួន ផល និងលោក ប៉ែន វណ្ណរិទ្ធ បើកដៃឲ្យខ្មោចព្រៃ ចូលស្រុក ដោយប្រជាពលរដ្ឋ ធ្លាប់បានប្តឹងមកលោក អភិបាលស្រុកស្ទោង ដើម្បីសុំកាប់របាំងសាច់អួនរបស់ លោក ឆេង សួរ ចោល ម្យ៉ាងទៀតប្រជាពលរដ្ឋ ស្ថិតនៅក្នុងមូលដ្ឋាន នេសាទ ខុសច្បាប់ សុទ្ធតែចាប់ចង តែចំពោះលោក ឆេង សួរ ឈ្មួញធំ មានទីតាំងដាក់ បទល្មើសដូចឡូត៍នេសាទ បែរជាដាក់បានដោយ ពុំមានការហាមឃាត់ ។

ពាក់ព័ន្ឋទៅនឹងបញ្ហារនេះ លោក យ៉ាន់ វិសាក់ នាយផ្នែករដ្ឋបាលជលផល បានឲ្យដឹងថា បទល្មើសវាតែង តែមានខ្លះបង្រ្កាបមិនអស់ទេ តែបើសិនជាមានច្រើន អួនមួយមានប្រវែងរាប់រយម៉ែត្រ លោកនឹងសុំលាលែង សុំឈប់តែម្តង។ សម្រាប់លោក ប៉ែន វណ្ណរិទ្ធ មិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺជុំវិញ ករណីបើកភ្លើងខៀវ ឲ្យមានការនេសាទខុសច្បាប់នោះ ៕

សម្តេចតេជោ ហ៊ុន សែន ផ្ញើលិខិតចូលរួម រំលែកទុក្ខ ជាមួយក្រុមគ្រួសារ លោក ឈឹម ផលវរុណ


យុវជនម្នាក់ ត្រូវខ្សែភ្លើងឆក់ ស្លាប់ភ្លាមៗ

$
0
0

ភ្នំពេញ ៖ យុវជនម្នាក់ បានឆក់ខ្សែភ្លើងស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីចេញពីបន្ទប់ទឹក រួចកាន់ចំខ្សែភ្លើង ក៏បណ្តាលឲ្យឆក់ស្លាប់តែម្តង ។ យុវជននេះមាន  ឈ្មោះ តុង ណាក អាយុ ២២ឆ្នាំ មុខ មានទីលំនៅភូមិស្វាយមាសស្នេហ៍ ឃុំអំពិលតាពើក ស្រុកអូររាំងឪ ខេត្តកំពង់ចាម មានមុខរបរជាងក្រឡឹង ស្នាក់នៅតូបលេខ ៨១ ផ្សារតូច ភូមិ១៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

ប្រភពពីសាក្សី បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញយុវជនខាងលើ ធ្វើជាងផ្សារដែក នៅតូបលេខ ៨១ នៅផ្តុំផ្សារ សង្កាត់ស្រះចក ខណ្ឌពេញ រួមនឹងមិត្តភក្តិរបស់គាត់ ៣នាក់ទៀត ដែលធ្វើជាមួយគ្នា ចង់ទៅផ្ទះ ពេលនោះថៅកែបានឲ្យលុយ ២០ដុល្លារ តែដោយម៉ូតូមួយជិះគ្នា ៤នាក់ មិនអស់ ជនរងគ្រោះក៏បានឲ្យមិត្តភក្តិ៣នាក់ទៅមុន ដោយខ្លួនគេស្នាក់នៅម្នាក់ឯងមួយយប់ទៀត លុះព្រឹកឡើងជនរងគ្រោះរៀបចំងូតទឹក ពេលចេញពីបន្ទប់ទឹក កាន់ចំខ្សែភ្លើង បណ្តាលឲ្យឆក់ស្លាប់ភ្លាមៗតែម្តង។

បច្ចុប្បន្នសពជនរងគ្រោះ ត្រូវបានបញ្ជូនទៅស្រុកកំណើត ធ្វើបុណ្យតាមប្រពៃណី ៕

លោក សម រង្ស៊ី គាំទ្រសម្ដី អ្នកនាំពាក្យ ក្រសួងមហាផ្ទៃ

$
0
0

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានគាំទ្រសម្ដីរបស់លោក ខៀវ សុភ័គ អ្នកនាំពាក្យ ក្រសួងមហាផ្ទៃដែលថា ការដុតទង់ជាតិក្នុងពេលបាតុកម្មដោយអ្នកតវ៉ា មិនមែនជារឿងចម្លែក ដែលមិនធ្លាប់កើត ឡើង នៅលើពិភពលោកនោះទេ។

តាមរយៈសារជាអក្សរនៅក្នុងទំព័រហ្វេសប៊ុក របស់ខ្លួនកាលពីថ្ងៃទី១៦ខែសីហាឆ្នាំ២០១៤ លោក សម រង្ស៊ីថ្លែថា ខ្ញុំសូមគាំទ្រសេចក្តីថ្លែងការណ៍ របស់មន្ត្រីអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា ដែលបាន លើក ឡើងថា "ការដុតទង់ ជាតិក្នុងពេលបាតុកម្មដោយអ្នកតវ៉ា អាចជារឿងអសីលធម៌ ប៉ុន្តែវាក៏មិន មែនជារឿងចម្លែកដែលមិនធ្លាប់កើត ឡើង នៅលើពិភពលោកនោះដែរ”។

ការលើកឡើងរបស់លោក ខៀវ សុភ័គ ធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលវៀតណាមស្នើឲ្យរដ្ឋាភិបាលកម្ពុជា ចាត់វិធាន ការបញ្ឈប់បាតុកម្មរបស់ពលរដ្ឋខ្មែរក្រោម និងផ្តន្ទាទោសចំពោះការដុតទង់ជាតិវៀតណាម។
ថ្លែងប្រាប់វិទ្យុបរទេសផ្សាយជាខេមរៈភាសា នៅថ្ងៃទី១៥ខែសីហាឆ្នាំ២០១៤ លោក ខៀវ សុភ័គ មាន ប្រសាសន៍ ថា "ប្រទេសកម្ពុជា ខុសពីប្រទេសវៀតណាម"។

លោកថា "កម្ពុជា ជាប្រទេសដែល ប្រកាន់ លទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដូច្នេះពលរដ្ឋកម្ពុជា មានសិទ្ធិសេរីភាពក្នុងការសម្តែងមតិ ឲ្យ តែការ សម្តែងមតិនោះ ធ្វើឡើងដោយស្របច្បាប់ និងអហិង្សា”៕

មន្ទីរធនធានទឹក ខេត្តឧត្តរមានជ័យ នាំគ្រឿងចក្រស្តារ​ ប្រឡាយ និងបូមទឹក ដាក់ស្រូវ ជូនប្រជាពលរដ្ឋ នៅស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល

$
0
0

ឧត្តរមានជ័យ ៖ នៅព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ នេះ មន្ទីរធនធានទឹក ខេត្តឧត្តរមានជ័យ នាំគ្រឿងចក្រ ២គ្រឿង ចុះស្តារប្រឡាយប្រវែង ៥០០ម៉ែត្រ ដើម្បីនាំទឹក ទៅស្រោចស្រព ស្រូវវស្សារបស់កសិករ ២០០ហិកតា នៅស្រុកចុងកាល់ និងចុះបូមទឹកសង្គ្រោះស្រូវវស្សានៅ ស្រុកបន្ទាយអំពិល ៣៥០ហិកតា ដោយសរុបទាំង ២ស្រុកនេះ ប្រើប្រាស់ម៉ាស៊ីនទាំងតូចទាំងធំចំនួន ១០គ្រឿង ដើម្បីបូមសង្គ្រោះ ។

ប្រតិបត្តិការនេះ ធ្វើឡើងក្រោយពីមានបទបញ្ជា របស់រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក លឹម គានហោ ក្នុងការជួយបូមទឹកដាក់ស្រូវរដូវវស្សា របស់ប្រជាពលរដ្ឋ ដែលជួបបញ្ហាខ្វះខាតទឹក នៅស្រុកចុងកាល់ និងស្រុកបន្ទាយអំពិល ៕

នាយឧត្តម​ សេនីយ៍ ហ៊ីង ប៊ុនហៀង ផ្ដល់ប្រេងម៉ាស៊ុត ៥ពាន់លីត្រ និងម៉ាស៊ីនបូមទឹក ២០គ្រឿង ដល់សាលាស្រុកសំរោង

$
0
0

តាកែវ ៖ ខណៈដែលប្រជាពលរដ្ឋ នៅស្រុកសំរោងកំពុងតែ រងគ្រោះដោយភាព រាំងស្ងួត ដែលធ្វើឲ្យសន្ទូង សំណាបពួកគាត់ រងការខូចខាតជាបណ្ដើៗនោះ  មេបញ្ជាការកងអង្គរក្សសម្ដេចតេជោ លោក នាយឧត្តមសេនីយ៏ ហ៊ីង ប៊ុនហៀង បានសម្រចផ្ដល់ប្រេងម៉ាស៊ុតចំនួន ៥ពាន់លីត្រ ព្រមទាំងឲ្យខ្ចីម៉ាស៊ីន បូបទឹកចំនួន ២០គ្រឿងសម្រាប់យកមកប្រើប្រាស់ បូមទឹកដាក់ស្រែរបស់ប្រជាពលរដ្ឋនៅក្នុងស្រុកសំរោង នេះផងដែរ។

ការផ្ដល់ប្រេង និងឲ្យខ្ចីម៉ាស៊ីនបូបទឹកនេះ ខណៈដែលលោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អនុប្រធានគណៈពង្រឹងមូលដ្ឋាន ខេត្តតាកែវ បានអញ្ជើញចុះសំណេះសំណាល ជាមួយសមាជិក គណបក្សប្រជាជនកម្ពុជាចំនួន ១២០០នាក់ នៅព្រឹកថ្ងៃ អាទិត្យ ទី១៧ ខែ សីហា ឆ្នាំ នៅវិទ្យាល័យ សម្ដេចឪ ដែលស្ថិតក្នុងស្រុកសំរោង។

មានប្រសាសន៍នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ក្រៅពីបានពាំនាំនូវបណ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចទាំង៣ ដែលជាប្រមុខថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា លោកនាយឧត្តមសេនីយ៍ ក៏បានលើកឡើងពីការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំគណបក្ស ប្រជាជន ចំពោះប្រជាពលរដ្ឋ ខណៈដែលមានខេត្តមួយចំនួន បានរងគ្រោះដោយសារទឹកជំនន់ និងខេត្តមួយចំនួនទៀត ជួបគ្រោះរាំងស្ងួត ដូចជាខេត្តតាកែវ ដែលកំពុងតែរាំងស្ងួត ជាពិសេសក្នុងស្រុកសំរោងនេះតែម្ដងទើបបានជាសម្ដេចតេជោ បានបញ្ជាឲ្យលោកចុះមកសាកសួរសុខទុក្ខ ដល់សមាជិកបក្សផង និងបាននាំមកជាមួយនូវប្រេងម៉ាស៊ូត និងម៉ាស៊ីនបូបទឹកចំនួន ២០គ្រឿង ផ្ដល់ជូនដល់អាជ្ញាធរស្រុក ដើម្បីបូបទឹកជួយសង្រ្គោះសំណាប និងសន្ទូងរបស់ប្រជាពលរដ្ឋ ដែលរងការប៉ះពាល់ ដោយសារតែភាពរាំងស្ងួតនេះ ។

លោកនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង បានបន្តថា ជានិច្ចការនៅពេលដែលប្រជាពលរដ្ឋ ជួបនូវទុកលំបាក គឺតែងតែលិចមុខថ្នាក់ដឹកនាំ គណបក្សប្រជាជនកម្ពុជា ចុះមកជួយជានិច្ច តែចំពោះមន្រ្តីគណបក្សខ្លះបាត់មុខ ឈឹងតែម្ដង ពេលដែលប្រជាពលរដ្ឋជួបនូវបញ្ហា ប៉ុន្តែពេលត្រូវការសន្លឹកឆ្នោត ទើបពួកគេនាំគ្នា ចុះមកសន្យានេះសន្យានោះ ដូចជាកន្លងមកបានសន្យាថា ផ្ដល់ប្រាក់ដល់មនុស្សចាស់ម្នាក់ៗ ១០ដុល្លារជាដើម ដែលនេះគឺជាការសន្យាបោកប្រាស់តែប៉ុណ្ណោះ ក៏ប៉ុន្តែប្រជាជនយើងមួយចំនួន ពេលគេនិយាយបោកប្រាស់ ចូលចិត្តជឿគេណាស់ ហើយបើអ្នកនិយាយត្រង់មិនជឿនោះទេ ដូច្នោះចាប់ពីថ្ងៃនេះតទៅ សូមបងប្អូនពិចារណាឲ្យបានល្អិតល្អន់ ថាតើអ្នកណាដែលនៅជាមួយបងប្អូន ពេលដែលបងប្អូនមានទុក្ខលំបាក និងអ្នកណាដែលមកជួបបងប្អូន ៥ឆ្នាំម្ដង ពេលដែលត្រូវការសន្លឹកឆ្នោតពីបងប្អូន ៕

ចាប់ប្រេងម្រះព្រៅ ជាង៣០ប៊ីដុង នៅស្រុកវាលវែង ខេត្តពោធិ៍សាត់

$
0
0

ពោធិសាត់ ៖ ប្រេងម្រះព្រៅ ជាង៣០ប៊ីដុង ត្រូវបានសមត្ថកិច្ច ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ចាប់បាន កាលពីវេលាម៉ោង២រសៀល ថ្ងៃអាទិត្យទី១៧ ខែសីហា ឆ្នាំ២០១៤នេះ ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្នុងចំណោមប្រេងម្រះព្រៅ ជាង៣០ប៊ីដុងនេះ ត្រូវបានជនសង្ស័យ កប់ដីលាក់ទុកក្នុងព្រៃ ក្នុង១ប៊ីដុងមាន៣០លីត្រ។ ប្រភពដដែលបានបន្តថា ជនសង្ស័យបានរត់គេចខ្លួនបាត់ហើយសមត្ថកិច្ច កំពុងស្វែងរកចាប់ខ្លួនជនទាំងនោះមកផ្តន្ទាទោសតាមច្បាប់។
សូមបញ្ជាក់ថា ប្រេងម្រះព្រៅគឺជាប្រភេទប្រេងម្យ៉ាង ដែលរាជរដ្ឋាភិបាលបានធ្វើការហាមឃាត់រត់ពន្ធ ព្រោះមានសារ ជាតិញៀន។

មន្ទីរធនធានទឹក រាជធានីភ្នំពេញ កំពុងបន្តការងារ អន្តរាគមន៍បូមទឹក សង្គ្រោះស្រូវជូន ប្រជាកសិករ នៅសង្កាត់ចំនួន៤ ក្នុងខណ្ឌដង្កោ

$
0
0

ភ្នំពេញ ៖ មន្ទីរធនធានទឹក រាជធានីភ្នំពេញ បន្តចុះជួយអន្តរាគមន៍បូបទឹកសង្គ្រោះស្រូវវស្សា ប្រជាកសិករ នៅសង្កាត់ចំនួន៤ និងខណ្ឌង្កោ រាជធានីភ្នំពេញ ។

ក្រោយពីជួយអន្តរាគមន៍នៅតាមបណ្តាខេត្ត ងាកមក រាជធានីភ្នំពេញ គឺមន្ទីរធនធានទឹក រាជធានីភ្នំពេញ ក៏បានបំពេញប្រតិបត្តិការ ចុះជួយបូមទឹកសង្គ្រោះ ស្រូវប្រជាពលរដ្ឋ នៅសង្កាត់ចំនួន ៤ រហូតមកដល់រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ នេះ ។

មន្ត្រីធនធានទឹក រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីមានបទបញ្ជា និងការណែនាំ ពីសំណាក់លោក រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លឹម គានហោ រួចមក ខាងមន្ទីរក៏ដូចជាក្រុមការងារបានចុះជួយ បូមទឹកសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ នៅសង្កាត់ចំនួន ៤ ក្នុងខណ្ឌដង្កោ ដែលកំពុងជួបគ្រោះរាំងស្ងួត ។

បន្ទាប់ពីការអន្តរាគមន៍បូមទឹក សង្គ្រោះស្រូវហើយ ប្រជាពលរដ្ឋបានថ្លែងអំណរគុណ ដល់ក្រុមការងារមន្ទីរ ធនធានទឹក ក្រោយពីពួកគាត់ទទួលបានទឹក ស្រោចស្រពស្រូវឡើងវិញ ៕

អាជ្ញាធរ ខណ្ឌមានជ័យរារាំង និងទប់ស្កាប់មិនឲ្យ ក្រុមយុវជន មហានគរ ដង្ហែក្បូនជិះកង់

$
0
0

ភ្នំពេញ ៖ រសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ នេះ អាជ្ញាធរ និងសមត្ថកិច្ចរបស់ ខណ្ឌមានជ័យ ដឹកនាំដោយអភិបាលរងខណ្ឌ លោក ហ៊ាក់ ចាន់លាង និងលោកចៅសង្កាត់ស្ទឹងមានជ័យ សេង សាញ់ ព្រមទាំងកម្លាំងសមត្ថកិច្ច មានទាំងអាវុធហត្ថ និងនគរបាល ជាច្រើននាក់ បានចុះទៅរារាំង ក្រុមបណ្តាញ ចលនាមាតាធម្មជាតិ ឬហៅថា ក្រុមយុវជនខ្មែរ មហានគរ មិនឲ្យដង្ហែក្បូនជិះកង់ឡើយ ដោយសារពួកគេពុំបាន ទទួលច្បាប់អនុញ្ញាត ពីសាលារាជធានីភ្នំពេញ ។ យ៉ាងណាក៏ដោយមិនមាន ការប៉ះទង្គិចខ្លាំង រហូតដល់មានការប្រើ អំពើហិង្សានោះទេ ។

គួរបញ្ជាក់ថា ក្រុមបណ្តាញ ចលនាមាតាធម្មជាតិ ឬហៅថា ក្រុមយុវជនខ្មែរ មហានគរនៅតែមានះ ដង្ហែក្បួនជិះកង់ ក្នុងរាជធានីភ្នំពេញ ដើម្បីផ្សព្វផ្សាយពីការ ការពារបរិស្ថាន ធនធានធម្ម ជាតិ និងតំបន់ទេសភាពស្ទឹងអារែង នារសៀលថ្ងៃអាទិត្យ ទី១៧ ខែសីហា ឆ្នាំ២០១៤ នេះ បើទោះបីអាជ្ញាធររាជធានីភ្នំពេញ មិនទាន់បានអនុញ្ញាតជូនក៏ដោយនោះ ។

ប៉ុន្តែអ្នកនាំពាក្យសាលារាជ ធានីភ្នំពេញ លោក ឡុង ឌីម៉ង់ បានថ្លែងថា សាលារាជធានី ភ្នំពេញ មិនហាមឃាត់ ចំពោះ ការជិះកង់ដង្ហែក្បួនរបស់ក្រុមយុវជននេះឡើយ ប៉ុន្តែសុំឲ្យ ពួកគេធ្វើលិខិតស្នើសុំមក សារជាថ្មី ពីព្រោះ លិខិតមុន ពួកគេដាក់មក ជាការជូនដំណឹង ដូច្នេះវាខុស ទៅនឹងនិតិវិធី ។

សមាជិកក្រុមបណ្តាញចលនាមាតាធម្មជាតិ លោក ហេង សំណាង បាននិយាយថា នៅវេលាម៉ោង ៣និង ៣០នាទី រសៀលថ្ងៃនេះ សមាជិករបស់ពួកគេ ពី ៥០ទៅ៦០នាក់ នឹងធ្វើការជួបជុំនៅស្នាក់ការ ក្រោយវត្តសន្សំ កុសល រួចនាំគ្នាជិះកង់ដង្ហែក្បួនឆ្លង កាត់ផ្លូវមួយចំនួន រហូតដល់ រមណនីយដ្ឋានវត្តភ្នំ ទើបត្រឡប់មកវិញ ។

សម្រាប់ការជិះកង់ដង្ហែក្បួន ខាងលើនេះ ត្រូវបានយុវជន ហេង សំណាង អះអាងថា ធ្វើឡើងក្នុងគោលដៅធំៗ ចំនួន២ រួមមានទី១-ជិះកង់ដើម្បី សុខភាព និងបរិស្ថាន និងទី២-ជិះកង់ដើម្បីផ្សព្វផ្សាយ តំបន់ទេសភាពស្ទឹង អារែង ដែលយុទ្ឋនាការនេះ ស្របទៅតាមព្រះរាជតម្រះ ព្រះមហាក្សត្រ និងគោលនយោបាយ របស់រាជរដ្ឋាភិ បាល ដើម្បីឲ្យ ប្រជាពលរដ្ឋ ចូលរួមថែរក្សាបរិស្ថាន និងការពារធនធានធម្មជាតិ ។

បើតាមយុវជន ហេង សំណាង កាលពីវេលាម៉ោង ៦ល្ងាច ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ មន្ត្រីសាលារាជធានី ភ្នំពេញ បានអញ្ជើញពួកគេ២នាក់ ទៅពិភាក្សាការជិះកង់ ដង្ហែក្បួន ក្រោយដាក់លិខិត បាន៣ម៉ោង ប៉ុន្តែក្នុង កិច្ចពិភាក្សានេះ ត្រូវបានសាលារាជធានីភ្នំពេញ មិនអនុញ្ញាតជូនឡើយ ហើយពួកគេនៅបន្តនាំគ្នាជិះ កង់តាមការ គ្រោងទុក ។

ចំពោះការលើកឡើងរបស់ ក្រុមយុវជនខ្មែរមហានគរ ខាងលើនេះ ត្រូវបានលោក ឡុង ឌីម៉ង់ បកស្រាយត្រឡប់ ទៅវិញថា សាលារាជធានីភ្នំពេញ មិនបានធ្វើការ ហាមឃាត់ ចំពោះយុទ្ឋនាការជិះកង់របស់ពួកគេត្រឹម ៥០-៦០ នាក់ នោះឡើយ ប៉ុន្តែពួកគេមិន សរសេរលិខិត ក្នុងន័យស្នើ សុំ បែរជាសរសេរលិខិត ក្នុងន័យ ជូនដំណឹង ទៅ វិញ ។ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ថា លិខិតជូនដំណឹង ធ្វើឡើងក្នុងន័យ ការជួបជុំ ការប្រមូលផ្តុំ ដើម្បីធ្វើ កូដកម្ម ឬបាតុកម្ម ដោយឡែកការជិះកង់ ឬដង្ហែក្បួនតាមដងផ្លូវ ដែលធ្វើឲ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណ: នោះ ពួកគេត្រូវតែសរសេរលិខិតស្នើសុំមកវិញ ក្នុងគោលបំណងអោយសាលារាជធានីភ្នំពេញ ត្រៀមកម្លាំង សមត្ថកិច្ច សម្រួលចរាចរ និងការពារសុវត្ថិភាព ។

អ្នកនាំពាក្យសាលរាជធានី ភ្នំពេញ បានបញ្ជាក់ទៀតថា ពេលជួបពិភាក្សាគ្នា កាលពី ល្ងាចថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤កន្លងទៅនោះ មន្ត្រីសាលារាជធានីភ្នំពេញ បានពន្យល់ហេតុផល និងនិតិវិធី ព្រមទាំងការធ្វើ លិខិត និងសុំអោយពួកគេកែលិខិត  ពីសេចក្តីជូនដំណឹង ទៅជា លិខិតស្នើសុំវិញ ប៉ុន្តែពួកគេ មិនព្រមធ្វើតាម បែរជាខឹង ច្រឡោត និងចោទថា អាជ្ញាធរបិទសិទ្ឋិសេរីភាព របស់ពួកគេទៅវិញ គ្រាន់តែជិះកង់ផ្សព្វផ្សាយពី បរិស្ថាន និងធនធានធម្មជាតិ នោះ ។ លោក ឡុង ឌីម៉ង់ បានបញ្ជាក់ទៀតថា កាលពីពេលកន្លងទៅ ក្រុមសហគមន៍ អឺរ៉ុបជាង ១០០០នាក់ បើកយុទ្ឋនាការ ជិះកង់ ប៉ុន្តែអាជ្ញាធរមិន ហាមឃាត់នោះឡើយ ថែមទាំងជួយ ការពារសន្តិសុខនិងសណ្តាប់ទៀតផង ហើយការជួបជុំ ឬដង្ហែក្បួនរបស់គណបក្ស នយោបាយ និងអង្គការសង្គម ស៊ីវិលនាពេលកន្លងទៅរាប់ពាន់នាក់ ក៏មិនបាន ហាមឃាត់នោះទេ ចុះត្រឹមក្រុមយុវជន ៥០-៦០នាក់ តើមាន មូលហេតុអ្វី ដែលសាលារាជធានីភ្នំពេញ ហាមឃាត់នោះ ពោលគ្រាន់ តែអោយពួកគេសរសេរ លិខិតស្នើសុំមកវិញ ប៉ុន្តែពួកគេមិនព្រម ៕


ឧត្តមសេនីយ៍ ឌុល គឿន នាំអំណោយជូន ជនរងគ្រោះ ដោយទឹកជំនន់

$
0
0

កណ្តាល៖ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ឌុល គឿន និង លោក ផៃ ប៊ុនឈឿន អភិបាលខេត្តកណ្តាល បាននាំយកអំណោយចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ ៦៨២គ្រួសារ នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។

អំណោយ ដែលចែកជូនប្រជាពលរដ្ឋនាពេលនោះ រួមមាន៖ អង្ករចំនួន ២៥គីឡូក្រាម មី ១កេះ ទឹកត្រី ១យួរ ថវិកា ចំនួន ១ម៉ឺនរៀល ក្នុង ១គ្រួសារ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ ឌុល គឿន មានប្រសាសន៍សំណេះសំណាលសួរសុខទុក្ខដល់គ្រួសាររង គ្រោះដោយទឹកជំនន់។

លោកឧត្តមសេនីយ៍ ឌុល គឿន ក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការរស់ នៅជាពិសេសកូនតូចៗ ក្លាចជួបគ្រោះភ័យផ្សេងៗ គ្រាមានគ្រោះទឹកជំនន់នេះ។

លោកឧត្តមសេនីយ៍ ក៏បាននាំយកនូវការផ្តាំផ្ញើរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា ឲ្យអាជ្ញាធរបន្តបង្កើនការយកចិត្តទុកដាក់ លើសុខទុក្ខ របស់ប្រជាពលរដ្ឋកុំឲ្យមានគ្រោះថ្នាក់ ដោយសារទឹក ជំនន់។ ជាពិសេសត្រូវជួយផ្តល់ជំនួយសង្រ្គោះ ដែលប្រជាពលរដ្ឋឲ្យបាន ទាន់ពេលវេលា កុំឲ្យជួបគ្រោះអត់ ឃ្លាន៕

លាក់ឈើជិត តែលាក់ព័ត៌មាន​ មិនជិត រថយន្តដំឡើង អង់តែនទូរស័ព្ទ បង្កប់ឈើគ្រញូង ត្រូវនគរបាលបង្ក្រាប

$
0
0

កំពង់ចាម ៖ កម្លាំងនគរបាល ការិយាល័យប្រឆាំងបទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម សហការជាមួយកម្លាំង នគរបាលស្រុកជើងព្រៃ បានឃាត់ និងបង្ក្រាបរថយន្ត មួយគ្រឿងលួចបង្កប់ឈើគ្រញូង នៅក្រោមបាតរថយន្ត នារសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤ នេះ ដែលរថយន្តខាងលើ គឺជារបស់ ក្រុមហ៊ុនឯកជន ខាងដំឡើងអង់តែនទូរស័ព្ទ ធ្វើដំណើរចេញមកពី ខេត្តព្រះវិហារ ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន បានបញ្ជាក់ថា ឈ្មួញរកស៊ីដឹកឈើគ្រញូងខុសច្បាប់ខាងលើនេះ បានប្រើរូបភាព ផ្សាបាតរថយន្ត ចំនួន ២ជាន់ ហើយយកឈើគ្រញូងទៅលាក់នៅទីនោះ យ៉ាងជិតឈឹង ដើម្បីបន្លំភ្នែកសមត្ថកិច្ចនៅតាមដងផ្លូវពីខេត្តព្រះ វិហារ ឆ្ពោះមកកាន់ខេត្តកំពង់ចាម ប៉ុន្តែពួកគេអាចលាក់ឈើជិត ផ្ទុយទៅវិញលាក់ព័ត៌មានមិនជិត ។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា ក្រោយពីទទួលព័ត៌មានសម្ងាត់ថា មានរថយន្តកូរ៉េធុនធំ ពណ៌ខៀវ ជារបស់ក្រុមហ៊ុនដំឡើងអង់តែនទូរស័ព្ទ លួចបង្កប់ ឈើគ្រញូងចេញពីទឹកដីខេត្តព្រះវិហារមក នោះ លោកបានបញ្ជាឲ្យកម្លាំងនគរបាលការិយាល័យជំនាញ សហការជាមួយកម្លាំងនគរបាលតាមស្រុក ពូនស្ទាក់ ឃាត់រថយន្តនេះបាន នៅចំណុចព្រៃកុង ស្រុកជើងព្រៃ ។

លោកស្នងការខេត្តកំពង់ចាម បានបញ្ជាក់ថា "ឈើនេះបានដឹកមកពីខេត្តព្រះវិហារ ជារបស់ក្រុមហ៊ុនដំឡើងអង់តែនទូរស័ព្ទ ហើយឈើនេះពេលឡាន ដឹកមកអត់មានបិទទ្វារបិទអីទេ គឺធ្វើបានចំនួន២ជាន់ ហើយគេលាក់ឈើនៅក្នុងហ្នឹង ដូច្នេះបើគ្មានព័ត៌មានចាប់អត់ទេ ឈប់ឲ្យមើលទៀត ក៏រកមិនឃើញដែរ " ។

លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបន្តថា "បច្ចេកទេសលាក់សាហាវណាស់ ប្រាប់ឲ្យរក រកមិនឃើញទៀត ប្រើបច្ចេកទេសរក ហើយជួលជាងពីរបីនាក់ ក៏រកមិនចង់ឃើញទៀត"។

ស្នងការខេត្តកំពង់ចាម បានឲ្យដឹងទៀតថា ក្រោយពីបញ្ជូនរថយន្តមកកាន់ស្នងការខេត្ត ហើយធ្វើការរាប់ឈើគ្រញូងទាំងនោះ មានចំនួន ៧៥ដុំ គឺឈើគ្រញូង សុទ្ធតែម្តង ។ ដោយឡែកអ្នកបើក រថយន្តវិញត្រូវបានលោកស្នងការបញ្ជាក់ថា នៅពេលដែលកម្លាំងនគរបាលរបស់លោកស្ទាក់រថយន្តភា្លម ស្រាប់តែអ្នកបើកនោះ រត់គេចខ្លួនបាត់ ហើយពុំមានរកឃើញអ្វីនៅក្នុងរថយន្ត ដើម្បីសម្គាល់អត្តសញ្ញាណ នោះទេ ប៉ុន្តែលោកនឹងបញ្ជូនរថយន្តឲ្យខាង មន្ទីរសាធារណការត្រួតពិនិត្យ ស្លាកលេខ ដែលមាននៅតែខាង មុខរថយន្ត ដើម្បីរកម្ចាស់កម្មសិទ្ធិ។

បច្ចុប្បន្ន ដោយមានការណែនាំពីអភិបាលខេត្តកំពង់ចាម និងមានការអនុញ្ញាតតាមផ្លូវច្បាប់ពីព្រះរាជអាជ្ញា ផងនោះ ឈើ និងរថយន្តត្រូវបានរក្សាទុក ជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធីបន្តទៀត ៕

មន្ទីរធនធានទឹក ខេត្តបន្ទាយមានជ័យ បន្តបូមទឹក សង្គ្រោះស្រូវ របស់ប្រជាកសិករ នៅស្រុកមង្គលបូរី

$
0
0

បន្ទាយមានជ័យ ៖ ក្រុមការងារ មន្ទីរធនធានទឹក ខេត្តបន្ទាយមានជ័យ បានបន្តចុះបូមទឹក ជួយសង្គ្រោះស្រូវវស្សា របស់ប្រជាកសិករ ខណៈស្រូវទាំងនោះកំពុង ជួបគ្រោះរាំងស្ងួត ។

ជាក់ស្តែង នៅរសៀលថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៤នេះ ក្រុមការងារ របស់មន្ទីរ ដោយមានបញ្ជាពី សំណាក់ រដ្ឋមន្រ្តី លោក លឹម គានហោ បានចុះជួយបូមទឹក សង្គ្រោះស្រូវ របស់ប្រជាកសិករ នៅឃុំរហាត់ទឹក និងឃុំសឿ ស្រុកមង្គលបូរី ចំនួន១០៧ហិកតា ។

មន្រ្តីមន្ទីរធនធានទឹក ខេត្តបន្ទាយមានជ័យ បានថ្លែងឲ្យដឹងថា ក្រោយពីមានការណែនាំ ពីសំណាក់រដ្ឋមន្រ្តី រួចមក ក្រុមការងារ បានចុះទៅសហការ ជាមួយអាជ្ញាធរមូលដ្ឋាន បូមទឹក ជួយសង្គ្រោះ ស្រូវវស្សា របស់ប្រជាកសិករ នៅចំនួន២ឃុំ ដែលកំពុងត្រូវការទឹក យ៉ាងចាំបាច់ ។

ក្រោយពីជួយ អន្តរាគមន៍រួចមក ស្រូវរបស់ប្រជាកសិករ ទាំងនេះ រួចផុត ពីគ្រោះរាំងស្ងួត ហើយម្ចាស់ស្រែ សូមថ្លែងអំណរគុណដល់ ក្រុមការងារ ចំពោះការជួយអន្តរាគមន៍ទាន់ពេលវេលា៕

ខឹងប្ដី ស្ដីបន្ទោសរឿង ចាយលុយខ្ជះ ខ្ជាយ លោតពីលើផ្ទះជាន់ទី២ សំណាងបាន កៅស៊ូតង់ទ្រ

$
0
0

ភ្នំពេញ ៖ ស្ដ្រីវ័យក្មេងម្នាក់ បានលោត សម្លាប់ខ្លួនពីលើផ្ទះជាន់ទី២ តែសំណាងល្អ នៅជាន់ទី១ មានគេចងតង់ដើម្បីបាំងថ្ងៃ លក់ដូរ ទើបមិនបណ្ដាលឱ្យស្ដ្រីខាងលើនេះ ធ្លាក់មកដីផ្ទាល់ បណ្ដាលឱ្យស្លាប់បាត់ បង់ជីវិតនោះទេ គឺគ្រាន់តែរបួសស្រាលប៉ុណ្ណោះ ដោយករណីខាងលើនេះ ត្រូវបានគេអះអាងថា ដោយ សារតែស្ដ្រីខាងលើខឹងនឹងប្ដីស្ដី បន្ទោសរឿងចាយលុយខ្ជះខ្ជាយ ។

ហេតុការណ៍ស្ដ្រីប៉ងធ្វើអត្ដឃាត មិន បានសម្រេចខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ៥ និង ៤៥នាទីល្ងាចថ្ងៃទី ១៧ ខែសីហា ឆ្នាំ២០១៤ កន្លងទៅនេះ ស្ថិត នៅចំណុចច្រកឌឿងហែម តាម បណ្ដោយ ផ្លូវលេខ ២១៧ សង្កាត់ផ្សារអូរឫស្សីទី៣ ខណ្ឌ ៧មករា ។ ស្ដ្រីរងគ្រោះត្រូវបានគេ ស្គាល់ ឈ្មោះ សុខ ណារី អាយុ ២៥ឆ្នាំ មាន មុខរបរនៅផ្ទះ មានប្ដីឈ្មោះ សុខ យីង ហៅ គង្គា អាយុ ៤៣ឆ្នាំ មានកូនចំនួន ២ នាក់នៅក្នុងបន្ទុក មានមុខរបរលក់ដូរ ស្នាក់ នៅផ្ទះលេខ ៣៧ E2Z ចំណុចកើតហេតុ ខាងលើនេះ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុរវាង ស្ដ្រីរងគ្រោះ និងប្ដីមានការឈ្លោះប្រកែក គ្នាបន្ដិចបន្ដួច ពីរឿងប្ដីស្ដីបន្ទោសឱ្យប្រពន្ធ ចាយលុយខ្ជះខ្ជាយ ជាពិសេសលុយដែលប្ដី ឱ្យសម្រាប់យកទៅមើលជំងឺជីដូន បែរជាប្រពន្ធមិនព្រមយកទៅមើលជំងឺជីដូន ហើយយកទៅចាយវាយអស់ ។ ក្រោយពីឈ្លោះប្រកែកគ្នាបន្ដិចបន្ដួច បុរសជាប្ដីបាន ពកូនតូចម្នាក់ដើរចុះមកខាងក្រោម ហើយ នៅតែបន្ដរអ៊ូរទាំពីរឿងប្រពន្ធចាយលុយ ខ្ជះខ្ជាយដដែល ។ ចំណែកប្រពន្ធពេលស្ដាប់ ឮប្ដីនៅតែបន្ដរអ៊ូ ក៏បានស្រែកទៅកាន់ប្ដីថា បើនៅតែរអ៊ូទៀត ខ្ញុំនឹងលោតសម្លាប់ខ្លួនឱ្យចប់រឿងគ្រាន់តែថាប៉ុណ្ណឹង ស្ដ្រីខាងលើនេះ ក៏បានលោតចុះមកមែន តែសំណាងល្អ ពេលធ្លាក់មកជាន់ទី១ ប៉ះនឹងកៅស៊ូតង់ ដែលអ្នកផ្ទះជាន់ខាងក្រោមចង សម្រាប់ បាំងថ្ងៃធ្វើការលក់ដូរនោះ គឺមិនបណ្ដាលឱ្យស្ដ្រីខាងលើធ្លាក់មកដីផ្ទាល់ពេញទំហឹងនោះ ទេ គឺប៉ះនឹងកៅស៊ូតង់មួយជាន់ទើបដាច់ ធ្លាក់បន្ដមកក្រោម បណ្ដាលឱ្យរងរបួស ថ្លោះចង្កេះស្រាលប៉ុណ្ណោះ ហើយត្រូវបានប្ដី និងអ្នកជិតខាង ដឹកយកទៅសង្គ្រោះនៅ មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗផងដែរ ៕

បុគ្គលិក​ក្រុមហ៊ុន​ស្រាបៀរ Tiger ចុះជួយ​លាបថ្នាំ​សាលាបឋមសិក្សាបោះអង្កាញ់

$
0
0

ភ្នំពេញៈ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៤ កន្លងទៅនេះ បុគ្គលិក ក្រុមហ៊ុនស្រាបៀរ Tiger បានចុះជួយលាបថ្នាំ សាលាបឋមសិក្សារបោះអង្កាញ់ ក្រោមការដឹកនាំរបស់លោក Roland Bala អគ្គនាយកក្រុមហ៊ុន និងមានការចូលរួមជាអធិបតីដោយលោក អ៊ុយ ផាន មេភូមិរបោះអង្កាញ់ លោកស្រី អ៊ូ ឡាំង នាយិការង ព្រមលោកគ្រូអ្នកគ្រូ នៃសាលាបឋមសិក្សាបោះអង្កាញ់ ជាច្រើនរូបទៀត។

ក្នុងឱកាសនោះដែរ លោក Roland Bala អគ្គនាយកក្រុមហ៊ុន បានរំលឹកថា កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៣ កន្លងទៅនេះ យើងបានផ្តល់សម្ភារៈសិក្សាមួយចំនួន ដូចជា កាតាប ប៊ិច ខ្មៅដៃ បន្ទាត់ សៀវភៅ និងជ័រលុប ជូនដល់សិស្សានុសិស្សជាង ៣០០ នាក់នៅក្នុង សាលាបឋមសិក្សាបោះអង្កាញ់នេះ។ ហើយសកម្មភាពលាបថ្នាំសាលា ពេលនេះ គឺជាសកម្មភាពបន្ថែមទៀត ត្រូវបាន រៀបចំឡើង ក្នុងគោលបំណងចូលរួមចំណែក ជួយសហគមន៍ក្នុងការអភិវឌ្ឍន៍វិស័យអប់រំតាមរយៈ ការធ្វើឲ្យប្រសើរនូវ ហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសសាលាបឋមសិក្សាបោះអង្កាញ់ ដែលអគារសិក្សាភាគច្រើន មានសភាពចាស់ទ្រុមទ្រោម និងលេចធ្លាយក្នុងអំឡុងពេលភ្លៀងធ្លាក់ខ្លាំង អាចបង្ករការលំបាកដល់ សិស្សានុសិស្សក្នុងអំឡុងពេលសិក្សា។

លោក Roland Bala ក៏បានមាន ប្រសាសន៍ កោតសរសើរដល់បុគ្គលិក ស្ម័គ្រចិត្តរបស់ក្រុមហ៊ុន ដែលបានចំណាយ កម្លាំង និងពេលវេលាសម្រាកចុងសប្តាហ៍ របស់ខ្លួនមកចូលរួម សកម្មភាពជួយសង្គមនៅថ្ងៃនេះ ។

ជាមួយគ្នានេះដែរ លោកស្រី អ៊ូ ឡាំង នាយិការងសាលាបឋមសិក្សាបោះអង្កាញ់ ក៏បានថ្លែង អំណរគុណ យ៉ាងជ្រាលជ្រៅដល់ លោកអគ្គនាយកក្រុមហ៊ុន ព្រមទាំងសហការី ទាំងអស់ដែលបាន ចំណាយថវិកា រួមទាំងកម្លាំងកាយចិត្ត ជួយដល់សាលាឱ្យមានការរីកចំរើន ហើយសង្ឃឹមថា លោកអគ្គនាយកក្រុមហ៊ុនព្រមទាំងសហការីនឹងបន្តជួយឧបត្ថម្ភ នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត រហូតដល់សាលាអាចឈាន ឡើងដល់កម្រិតអភិវឌ្ឍន៍ នៃសាលាកុមារមេត្រី។

គួររំលឹកផងដែរថា ក្រុមហ៊ុនស្រាបៀរTiger តែងតែ ចូលរួមសកម្មភាពនានា ក្នុងការអភិវឌ្ឍន៏សហគមន៍ និងផ្ដោតការយកចិត្ដទុកដាក់ជាពិសេស លើ ស្មារតីទទួលខុសត្រូវខ្ពស់ចំពោះ សង្គមជាតិ៕

Viewing all 8042 articles
Browse latest View live




Latest Images