Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ជំនួបរយៈពេលជាង ៣ ម៉ោង រវាងក្រុមការងារ CPP និង CNRP មិនទាន់មានលទ្ធផល ប៉ុន្តែ បន្តជួបគ្នា នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ

0
0

ភ្នំពេញ៖ ក្រុមការងារគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្គ្រោះជាតិ(CNRP) បាន បញ្ចប់ការត្រួតពិនិត្យ ទៅលើសេចក្ដីព្រាងច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃស្ថាប័នជាតិ រៀប ចំការបោះឆ្នោត (គ.ជ.ប) ទី២ និងច្បាប់ស្ដីពីការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ ហើយនឹងសន្យា នឹងជួបគ្នាជាថ្មីម្ដងទៀត នៅថ្ងៃចន្ទសប្ដាហ៍ក្រោយ ។

ជាលទ្ធផល នៃជំនួបធ្វើឡើង ប្រើពេលជាង ៣ ម៉ោង ភាគីទាំងពីរ ទុកពេលឲ្យគ្នាសិក្សាបន្ថែមទៀត ទៅ លើសេចក្ដីព្រាងច្បាប់ទាំងពីរខាងលើ ។

សូមបញ្ជាក់ថា ក្រុមការងារគណបក្សទាំងពីរ មានសមាសភាពម្ខាងៗ៨រូប ។ គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយ លោក ប៊ិន ឈិន ។ គណបក្សសង្គ្រោះជាតិដឹកនាំដោយលោក គួយ ប៊ុនរឿន ៕


តើមន្ដ្រីរូបណា ថ្លើមពាសមេឃ ហ៊ានលាក់ឯកសារជម្លោះដីធ្លី របស់ពលរដ្ឋពេល មកប្ដឹងនាយករដ្ឋ មន្ដ្រី ?

0
0

ភ្នំពេញ ៖ រឿងមន្ដ្រីថ្នាក់ក្រោម ផ្អឹប (លាក់ទុកមិនរាយការណ៍) ឯកសារសំណុំរឿងដីធ្លី ដែលប្រជាពល រដ្ឋមានទំនាស់  ហើយនាំគ្នាឡើងមកភ្នំពេញ ប្ដឹងសុំឱ្យ នាយករដ្ឋមន្ដ្រីអន្ដរាគមន៍ដោះស្រាយមិនឱ្យ នាយករដ្ឋមន្ដ្រីដឹងនោះ ត្រូវបានទម្លាយ ចេញជាសាធារណៈ ដោយសម្ដេចនាយក រដ្ឋមន្ដ្រី ហ៊ុន សែន ខណៈដែលសម្ដេចថ្លែង នៅក្នុងវេទិកាផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពី សន្ដិសុខស្បៀង និងអាហារូបត្ថម្ភ សម្រាប់ ឆ្នាំ២០១៤-២០១៨ នៅវិមានសន្ដិភាព នា ព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤ នេះ។

ថ្លែងទៅកាន់អង្គវេទិកា សម្ដេចតេជោ ហ៊ុន សែន បានថ្លែងទៅកាន់ប្រជាពលរដ្ឋថា ឯកសារសំណុំរឿង នៃជម្លោះដីធ្លីរបស់ប្រជា ពលរដ្ឋដែលប្ដឹងសុំអន្ដរាគមន៍ពីសម្ដេចកន្លងមកនោះ សម្ដេចមិនដែលបាន ទទួលនោះ ឡើយ ។ ក្នុងនោះសម្ដេចបានធ្វើការរិះគន់ ដល់មន្ដ្រីថ្នាក់ក្រោមមួយចំនួន រារាំងប្រជាពល រដ្ឋ និងផ្អឹបទុកឯកសារបណ្ដឹងរបស់ប្រជា ពលរដ្ឋមិនឱ្យសម្ដេចដឹងទៀតផង ។

ពាក់ព័ន្ធទៅនឹងទង្វើរបស់មន្ដ្រីថ្លើមពាស មេឃ ដែលហ៊ានលាក់ឯកសារបណ្ដឹងដីធ្លី របស់ប្រជាពលរដ្ឋ មិនឱ្យនាយករដ្ឋមន្ដ្រីដឹង ខាងលើនេះ ត្រូវបានប្រភពមន្ដ្រីមួយចំនួន ធ្វើការអះអាងថា ឯកសារបណ្ដឹង របស់ប្រជាពលរដ្ឋលើកគ្នាមកស្វែងរកការអន្ដ រាគមន៍ ពីសម្ដេចនាយករដ្ឋមន្ដ្រីដល់ភូមិ គ្រឹះនោះ ត្រូវ បានរារាំង និងហាមឃាត់ ដោយអាជ្ញាធរសមត្ថកិច្ច រាជធានីភ្នំពេញ រួចហើយដកហូតយកឯកសារ បណ្ដឹង ឬក៏ពេលខ្លះអះអាងនៅចំពោះមុខ ប្រជាពល រដ្ឋថា ខ្លួននឹងយកឯកសារបណ្ដឹងទាំងអស់ នោះ ទៅប្រគល់ជូននាយករដ្ឋមន្ដ្រី ឬប្រគល់ ទៅខុទ្ទកាល័យនាយករដ្ឋមន្ដ្រីជាដើម តែ ក្រោយពីទទួលបាន ឯកសាររួចហើយ ត្រូវបានគេអះអាងថា ឯកសារទាំងអស់នោះ មិនបានយកទៅប្រគល់ជូន ដូចការ សន្យានោះឡើយ គឺត្រូវបានផ្អឹបទុកចោល ពេល ខ្លះរហូតដល់ប្រជាពលរដ្ឋចាំបាត់ៗ ក៏លើក គ្នាមកធ្វើ ការតវ៉ា និងសុំអន្ដរាគមន៍ម្ដងជា ពីរដងថែមទៀត ធ្វើឱ្យពេលខ្លះគេមើល ឃើញថា ជម្លោះតិចតួចសោះ មន្ដ្រីអាជ្ញាធរ ថ្នាក់ក្រោមភាគច្រើន មិនព្យាយាមធ្វើការដោះស្រាយនោះទេ ច្រើនតែផ្អឹបទុកចោល ហើយ យករួចខ្លួន ពេលខ្លះទាល់តែនាយក រដ្ឋមន្ដ្រីដឹង ហើយស្រែកទើបពួកគេស្ទុះស្ទាស្វះស្វែងទៅដោះ ស្រាយតាមបញ្ជា នាយករដ្ឋមន្ដ្រីតែប៉ុណ្ណោះ និយាយរួមទាល់ តែនាយករដ្ឋមន្ដ្រីគំរាម នាយករដ្ឋមន្ដ្រី ស្រែក ទើបមន្ដ្រីថ្នាក់ក្រោមរត់ជើងបីជើងបួន បើមិនដូច្នោះទេ សម្ងំយកសុខទុកពេល ផឹកស៊ីចូលខារ៉ាអូ ខេឯណោះ ។

ករណីមួយទៀត ត្រូវគេមើលឃើញថា  ពេលខ្លះខណៈប្រជាពលរដ្ឋ ដែលរងនូវភាព អយុត្ដិធម៌ ក្នុង ជម្លោះដីធ្លីនៅតាមខេត្ដគ្មាន ការដោះស្រាយ ហើយលើកគ្នាមកធ្វើការតវ៉ា ឬក៏សុំអន្ដរាគមន៍ពីនាយក រដ្ឋ មន្ដ្រីម្ដងៗ មន្ដ្រីអាជ្ញាធរ តែងតែបញ្ចេញចំណាត់ការ រារាំងប្រជាពលរដ្ឋ មិនឱ្យធ្វើដំណើរទៅដល់ មុខ ភូមិគ្រឹះនាយករដ្ឋមន្ដ្រីនោះឡើយ គឺ ធ្វើការរារាំង និងទប់ស្កាត់រហូតពេលខ្លះបង្ក ទៅជាអំពើហិង្សា ព្រោះតែចំណាត់ការរា រាំងទាំងអស់នោះថែមទៀតផង ។ ចំណែកសមត្ថកិច្ចតូចតាច ដែលត្រូវបាន បញ្ជាឱ្យទៅទប់ស្កាត់ និងរារាំងប្រជាពលរដ្ឋមិនឱ្យ ធ្វើដំណើរទៅមុខភូមិគ្រឹះនាយករដ្ឋមន្ដ្រី តែហ៊ាន ថ្លោះធ្លោយឱ្យប្រជាពលរដ្ឋឆ្លងផុត របាំងបាននោះ គឺតែងតែរងនូវការស្ដីបន្ទោស ពីថ្នាក់លើរបស់ខ្លួនក៏ មានដែរ ៕

សង្គមស៊ីវិល​ នឹងរៀបចំ កិច្ចពិភាក្សាតុមូល ស្ដីពីការកំណត់ អាណត្តិ នាយករដ្ឋមន្ត្រី

0
0

ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិលនៅកម្ពុជា នឹងរៀបចំកិច្ចពិភាក្សាតុមូល ស្ដីពី«ការកំណត់អាណត្តិនាយករដ្ឋមន្ត្រី» នៅថ្ងៃអង្គារទី១៩ ខែសីហា នៅភោជនីយដ្ឋានខ្មែរសុរិន្ទ វេលាម៉ោង៨ព្រឹក។

យោងតាម សេចក្ដីប្រកាសព័ត៌មាន  របស់ក្រុមអង្គការសង្គមស៊ីវិល ចុះថ្ងៃទី១៥ ខែសីហា បន្តថា វាគ្មិនចូលរួមមាន លោក សុខ ទូច អ្នកវិភាគនយោបាយឯករាជ្យ លោក កែម ឡី អ្នកស្រាវ ជ្រាវសង្គមឯករាជ្យ លោក មេធាវី សុក សំអឿន, លោក នី ចរិយា ប្រធានស៊ើបអង្គេត នៃសមាគមអាដហុក និង លោក គល់ បញ្ញា នាយកប្រតិបត្តិអង្គការខុមហ្វ្រែល (អ្នកសម្របសម្រួល) ៕

វេទិកាមិត្ដអ្នកអាន ៖ មន្ដ្រី អ.ហ ខេត្ដ កណ្ដាល ៨នាក់ អុកឡុកលើផ្ទៃបឹង !

0
0

ភ្នំពេញ ៖ អ្នកស្រុករស់នៅក្នុងស្រុក កៀនស្វាយ និងស្រុកលើកដែកបានទូរស័ព្ទ រាយការណ៍ប្រាប់នាយ ខ្វែកឱ្យដឹងថា ក្នុងរដូវទឹកឡើងនេះ នៅក្នុងស្រុកភូមិរបស់ពួកគាត់ គេសង្កេតឃើញមានមន្ដ្រីកងរាជ អាវុធហត្ថមួយក្រុម មានគ្នាជិត ១០នាក់ បាននាំគ្នាទៅដាក់ប៉ុស្ដិ៍នៅកណ្ដាលបឹង ក្រោយភូមិ រួចហើយ ប្រើប្រាស់ទូកម៉ាស៊ីន ២គ្រឿង ចេញធ្វើសកម្មភាពចាប់អ្នករកស៊ីបទល្មើស នេសាទយកលុយ សូម្បីតែ អ្នកនេសាទជាលក្ខណៈគ្រួសារ ដូចជាដាក់មង ចងសន្ទូច ដាក់លាន់យកអន្ទង់ជាដើម ក៏ចាប់យកលុយ ដែរ ។

អ្នកស្រុកបានរាយការណ៍ឱ្យដឹងថា ក្រុម មន្ដ្រីអាវុធហត្ថដែលទៅដាក់កុងត្រូលនៅ កណ្ដាលបឹងលើ បែរ ត្រីតំបន់អតីតឡូត៍ នេសាទលេខ ៤ លេខ៥ ស្ថិតក្នុងភូមិសាស្ដ្រ នៃស្រុកស្អាង ស្រុកកៀនស្វាយ និង ស្រុកលើកដែកនោះ មានគ្នាប្រមាណ ៨នាក់ ប្រដាប់ដោយអាវុធវែងខ្លី និងទូកម៉ាស៊ីន ប្រភេទលឿន ២ គ្រឿង ជ័រ ១គ្រឿង ឈើ ១គ្រឿង ត្រូវបានគេស្គាល់ថា ជាមន្ដ្រីអាវុធ ហត្ថខេត្ដកណ្ដាល ដឹកនាំដោយ ឈ្មោះ សី ជាចៅរបស់លោក មាស សុវណ្ណ មេបញ្ជា ការកងរាជអាវុធហត្ថខេត្ដកណ្ដាល ។

តាមប្រភពព័ត៌មានពីអ្នកស្រុក ដែលដឹង រឿងបានអះអាងថា តាមពិតឱ្យតែរដូវទឹក ឡើង លិចបឹងដែល លាតសន្ធឹងរហូតដល់ព្រំ ដែនវៀតណាមនោះ ក្រុមមន្ដ្រីអាវុធហត្ថខាងលើ ត្រូវបានថ្នាក់លើបញ្ជាឱ្យ ទៅ ដាក់គោលដៅលើផ្ទៃបឹងនាតំបន់នោះ ដើម្បីឃ្លាំមើលឈ្មួញនាំឈើគ្រញូង ឈើប្រណីតដឹក តាមទូក យកទៅលក់នៅប្រទេសវៀតណាម។ ប៉ុន្ដែ មន្ដ្រីអាវុធហត្ថដែលចុះទៅប្រចាំ ការខាងលើ បានឆ្លៀត ឱកាសរកលុយថ្លៃសាំង លុយថ្លៃបាយ ដើរប្រមូលលុយពីអ្នក រកស៊ីនេសាទខុសច្បាប់ ដោយចាប់ហើយ មិនបានអនុវត្ដទៅតាមច្បាប់នោះទេ បែរជា ចាប់ហើយគោះយកលុយឆៅៗតែម្ដង ។មិន តែប៉ុណ្ណោះ សូម្បីតែអ្នកស្រុកដើរប្រមូល ទិញត្រី ទិញអន្ទង់ កង្កែប ពីអ្នកដាក់មង ចងសន្ទូច ដាក់លាន់យកអន្ទង់ជា លក្ខណៈគ្រួសារ ដើម្បីយកមកលក់នៅទីផ្សារ ក៏ត្រូវមន្ដ្រី អាវុធហត្ថខាងលើ ចាប់គោះយកលុយដែរ។

ជាក់ស្ដែង កាលពីប៉ុន្មានថ្ងៃមុននេះ មន្ដ្រី អាវុធហត្ថ ដែលដឹកនាំដោយឈ្មោះ សី ខាង លើនេះ បានចាប់ អ្នកដើរទិញអន្ទង់ពីអ្នកភូមិ ក្នុងឃុំសំរោងធំ ដែលដាក់លាន់បានគាបទារ លុយរហូតដល់ ១.០០០ដុល្លារ ឯណោះ តែចុងក្រោយដោយមានការសម្រួលគ្នា ទើប អ្នកដើរទិញអន្ទង់ បង់ឱ្យត្រឹម ៧០០ដុល្លារ។ ចំណែកអ្នកដើរទិញត្រីចំនួន ២នាក់ ក៏ត្រូវ ក្រុមមន្ដ្រីអាវុធហត្ថខាងលើ ចាប់គាបយក លុយអស់ម្នាក់ៗ ១លានរៀលផងដែរ ។ ដោយឡែកចំពោះអ្នកប្រកបរបរបទល្មើសនេសាទ ដោយដាក់ឡុក ដាក់ស្បៃ មុងវិញ ត្រូវក្រុមមន្ដ្រីអាវុធហត្ថខាងលើ កំណត់ឱ្យ បង់លុយក្នុងមួយរដូវម្នាក់ៗ ៣០ម៉ឺនរៀល បើមិនបង់ ឱ្យទេ គឺមិនអាចដាក់ចាប់ត្រីបានឡើយ ។

សកម្មភាពដើរចាប់អ្នកទិញត្រី ទិញអន្ទង់គាបយកលុយខាងលើនេះ ត្រូវបានពួក គេចោទថា ធ្វើសកម្ម ភាព និងទិញ-លក់ផល នេសាទក្នុងរដូវហាមឃាត់ តែតាមពិតពួក គេដើរប្រមូលទិញពីអ្នកនេសាទជា លក្ខណៈ គ្រួសារតែប៉ុណ្ណោះ ដូចជាផ្ទះខ្លះដាក់មងបាន ត្រី ២-៣គីឡូក្រាម ផ្ទះខ្លះទៀត ដាក់លាន់ ចាប់អន្ទង់ បាន១-២គីឡូ ប្រមូលមួយភូមិ ទើបបាន ១០-២០គីឡូក្រាម ដឹកយកទៅ លក់នៅលើទីផ្សារ បានចំណេញតិចតួចតែប៉ុណ្ណោះ មិនមែនពួកគេទៅធ្វើសកម្មភាព នេសាទល្មើសច្បាប់ ឬក៏ទិញពីអ្នក នេសាទ ដែលប្រើឧបករណ៍ហាមឃាត់ទ្រង់ទ្រាយធំ នៅក្នុងរដូវបិទនេសាទនោះទេ ។

អ្នកសំរោងធំ និងគគីរធំ ដែលរងគ្រោះ ដោយមន្ដ្រីអាវុធហត្ថខាងលើ បានស្នើសុំឱ្យ ថ្នាក់លើជួយពិនិត្យ មើល មន្ដ្រីអាវុធហត្ថ ដែលដឹកនាំដោយឈ្មោះ សី ខាងលើនេះផង ប្រយ័ត្នពួកគាត់លើកគ្នា ធ្វើបាតុកម្ម ប្រឆាំងដោយចេញមុខ ។

ពួកគាត់បានអះអាងថា បើមន្ដ្រីអាវុធ ហត្ថខាងលើ ពិតជាអនុវត្ដច្បាប់ការពារផល ប្រយោជន៍ជាតិមែន ខ្វះអីបទល្មើសដាក់ ស្បៃមុង ដាក់ឡុក ចាប់កូនត្រី ក្រុមល្មើស ដើរឆក់ត្រី ពេលយប់នោះ គួរតែចាប់ បង្ក្រាប ឱ្យអស់ទៅរឿងអីមកចាប់អ្នកដើរប្រមូល ទិញត្រី ទិញអន្ទង់ តាមភូមិបែបនេះទៅវិញ ។

មន្ដ្រីសមត្ថកិច្ច នៅស្រុកកៀនស្វាយមួយ រូបបានអះអាងថា ពិតជាមានករណីបែប នេះកើតឡើងមែន តែសមត្ថកិច្ចថ្នាក់ក្រោម គេមិនហ៊ាន ព្រោះមន្ដ្រី អ.ហ ឈ្មោះ សី តែងតែយកឈ្មោះជីតារបស់គេ ដែល ជាមេ អ.ហ ខេត្ដមកបន្លាចថ្នាក់ក្រោមរហូត ។

កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ ២០១៤ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលបាន ព្យាយាមទាក់ទង ឈ្មោះ សី ដើម្បីសុំការបំភ្លឺដែរ តែមិនអាចទាក់ទងបានឡើយ ។ដូច្នេះ សូមលោក មាស សុវណ្ណ ជួយ ពិនិត្យមើលផង តើកូនចៅលោកធ្វើសកម្មភាពដូចអ្នក ស្រុករាយការណ៍មែន ឬអត់ ?៕

កុមារតូចៗ ៤០នាក់ ចូលរួមកម្មវិធី “ផាត់គំនូររថយន្ត តូយ៉ូតា ក្នុងក្តីស្រមៃ សម្រាប់ថ្ងៃអនាគត”

0
0

ភ្នំពេញ៖ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) កាលពីថ្ងៃទី១៧ សីហា បានរៀបចំកម្មវិធី ដ៏គួរឱ្យភ្ញាក់ផ្អើល គឺកម្មវិធី ប្រកួតប្រជែង “ផាត់គំនូរ រថយន្តតូយ៉ាតា ក្នុងស្រមៃសម្រាប់ ថ្ងៃអនាគត” នៅផ្សារទំនើប AEON Mall ជាន់ផ្ទាល់ដី ដោយមានការចូលរួម កុមារាកុមារីតូចៗ ប្រហែល ៤០នាក់ អាយុពី៥ឆ្នាំ ដល់១០ឆ្នាំ។

កម្មវិធីនេះ រៀបចំធ្វើឡើង ដើម្បីប្រកាស ដល់កុមារាកុមារី ក៏ដូចជា សាធារណជន ពីការជិតមកដល់ នៃការបើ កម្មវិធី “ការប្រកួតប្រជែង គូរគំនូររថយន្ត ក្នុងក្តីស្រមៃ សម្រាប់ថ្ងៃអនាគត លើកទី៥ ក្នុងប្រទេសកម្ពុជា” ដែល ត្រូវនឹង “ការប្រកួតប្រជែង គូរគំនូររថយន្តក្នុងក្តីស្រមៃ សម្រាប់ថ្ងៃអនាគត ថ្នាក់ពិភពលោក លើកទី៩” ដែលនឹង ប្រព្រឹត្តទៅជាផ្លូវការ ចាប់ពីថ្ងៃទី០១ តុលា ឆ្នាំ២០១៤។ ជាមួយគ្នានោះដែរ កម្មវិធីផាត់គំនូរថយន្តនេះ ក៏ផ្តល់ឱ្យ កុមារជំនាន់ក្រោយ នូវភាពប៉ិនប្រសព្វ ក្នុងការផាត់គំនូរ ឱ្យបានស្អាត ទៅតាមក្តីស្រមៃ របស់ខ្លួន ព្រមទាំង ដើម្បី លើកកម្ពស់ សារៈសំខាន់ នៃសិល្បៈគំនូរ។

តំណាងក្រុមហ៊ុនតូយ៉ូតា បានឱ្យដឹងថា ក្រុមហ៊ុនតូយ៉ូតា តែងតែមានគោលបំណង ក្នុង សកម្មភាពសង្គម តាម រយៈការលើកទឹកចិត្ត ក្នុងការបង្កើត គំនិតច្នៃប្រឌិតថ្មីៗ របស់កុមារ ដើម្បីឱ្យសង្គមជាតិ កាន់តែរុងរឿង និងមាន ការអភិវឌ្ឍន៍។ នៅពេលចប់កម្មវិធីនេះ កុមារតូចៗ ចំនួន៥នាក់ ដែលផាត់រូប បានល្អជាង បានទទួលរង្វាន់ អនុស្សាវរីយ៍ ពីក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ផងដែរ។

ក្រោយពីចប់កម្មវិធីគំនូរខាងលើ ក៏បានបន្តកម្មវិធីអប់រំ បណ្តុះបណ្តាល ស្តីពីសុវត្ថិភាព ចរាចរណ៍ លើដងផ្លូវ ដល់ កុមារតូចៗ ដែលបានចូលរួមទាំងនោះ ដោយក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) សហការជាមួយអង្គការ សម្ព័ន្ធដើម្បី សុវត្ថិភាពចរាចរណ៍ ផ្លូវគោក ផងដែរ។ កម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណង ផ្តល់ចំណេះដឹង អំពីសារៈសំខាន់ នៃសុវត្ថិភាពចរាចរណ៍ ព្រមទាំងពង្រឹង និងបង្កើនការយល់ដឹង របស់កុមារពាក់ព័ន្ធនឹង សុវត្ថិភាពចរាចរណ៍។

អ្វីដែលពិសេសនេះ កម្មវិធីនេះ ធ្វើឡើង ដោយមានការធ្វើបទ បង្ហាញពី ប៉ូលីសចរាចរណ៍ ពីផ្លាកសញ្ញា ចរាចរចណ៍ សំខាន់ៗ ដែលតែងតែ ឃើញច្រើន នៅតាមផ្លូវ។ កម្មវិធីបណ្តុះបណ្តាល ក៏បានផ្តល់ការលើកទឹកចិត្ត ដល់កុមារតូចៗ ដែលបានឆ្លើយត្រូវ សំណួរផង។

គួរបញ្ជាក់ថា ក្រុមហ៊ុន ក៏ធ្វើការចាប់ឆ្នោត ផ្សងសំណាង ចំពោះអតិថិជន ដែលបានទិញរថយន្ត Fortuner, Hilux Vigo, Camry, Corolla និង Avanza ចាប់ពីថ្ងៃតី០១ ខែឧសភា ឆ្នាំ២០១៤ ដល់ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤។ រង្វាន់ដែលនឹងត្រូវចាប់ រួមមាន ការធ្វើដំណើរកម្សាន្ត ទៅកាន់ប្រទេស សឹង្ហបុរី និងម៉ាឡេស៊ី រយៈពេល ៦ថ្ងៃ ៥យប់ ចំនួន៥រង្វាន់ ដែលមួយរង្វាន់ សម្រាប់មនុស្ស ២នាក់៕

រោងចក្រ សហគ្រាស ជាច្រើន មិនបាន បណ្តុះបណ្តាល ជំនាញដល់កម្មករ និយោជិត តាមការណែនាំ របស់ក្រសួង

0
0

ភ្នំពេញ៖ ទោះបីជាការបណ្តុះបណ្តាល និងហ្វឹកហ្វឺន ដល់កម្មករ និយោជិត ឲ្យកាន់តែមានជំនាញ នឹងចូលរួម ចំណែកជួយជំរុញចង្វាក់ផលិតកម្ម នៅក្នុងរោងចក្រ សហគ្រាស ឲ្យបានកាន់តែល្អប្រសើរក៏ដោយ តែការហ្វឹកហ្វឺន បំពាក់បំប៉នជំនាញបន្ថែម ទៅដល់កម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាស នៅមានចំនួនតិចតួចនៅ  ឡើយ ពោលការអនុវត្តរបស់និយោជក តាមប្រកាសរបស់ក្រសួងការងារស្តីពីការ «ហ្វឹកហ្វឺនកូនជាង» មិនសូវជា មានប្រសិទ្ធភាពនោះទេ។ នេះបើយោងតាមមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ។

យោងតាមប្រកាសស្តីពីការ «ហ្វឹកហ្វឺនកូនជាង» របស់ក្រសួងការងារ បានឲ្យនិយមន័យ «កូនជាង» ថា កូនជាង គឺ  ជាជន ដែលបានចុះកិច្ចសន្យាសិក្សាវិជ្ជាជីវៈជាមួយនឹងនិយោជក ឬសិប្បករណាម្នាក់ ដែលបានចុះកិច្ចសន្យានឹង  គ្នាថា និយោជកត្រូវបង្រៀន ឬប្រើឲ្យគេបង្រៀនវិជ្ជាជីវៈខ្លួន ហើយកូនជាងត្រូវធ្វើការឲ្យនិយោជក តែតាមលក្ខខណ្ឌ  និង ក្នុងរយៈពេល នៃកិច្ចសន្យា។

ដោយសារតែមើលឃើញថា ការចូលរួមរបស់រោងចក្រ សហគ្រាស អនុវត្តទៅលើប្រកាសស្តីពីការ «ហ្វឹកហ្វឺនកូន  ជាង» នៅមានកម្រិត និងមិនសូវមានប្រសិទ្ធភាព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី១៨ ខែ  សីហា ឆ្នាំ២០១៤ បានអញ្ជើញតំណាងរោងចក្រ សហគ្រាស នៅកម្ពុជាជាច្រើន ចូលរួមក្នុងសិក្ខាសាលាសាធារ ណៈមួយនៅសណ្ឋាគារភ្នំពេញ ក្នុងបំណងស្វែងរកមតិយោបល់នានា ពីតំណាងរោចក្រ សហគ្រាស កែលំអរទៅ  លើសេចក្តីប្រកាស ព្រមទាំងចង់ស្រង់យកនូវបញ្ហាផ្សេងៗទៀត ដែលជាមូលហេតុនាំឲ្យរោងចក្រ សហគ្រាសមិន  ព្រមចូលរួមអនុវត្ត នូវសេចក្តីប្រកាសស្តីពីការ «ហ្វឹកហ្វឺនកូនជាង» ។

សិក្ខាសាលា ដែលគេគិតថា មានសារៈសំខាន់ អាចនាំមកនូវប្រយោជន៍សម្រាប់កម្មករ និយោជិត ក៏ដូចជានិយោ  ជក រោងចក្រ សហគ្រាស មួយនេះ គេសង្កេត ឃើញថា មិនសូវមានការចូលរួមពីវិស័យឯកជននោះទេ គឺមាន ចំនួនតិចតួចបំផុត បើប្រៀបធៀបនឹងរោងចក្រ សហគ្រាស ដែលកំពុងប្រតិបត្តិការរកស៊ីនៅកម្ពុជា។

លោក កាន់ ម៉ន រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងក្នុងឱកាសបើកសិក្ខាសាលា  នោះថា ប្រកាសស្តីពីការ «ហ្វឹកហ្វឺនកូនជាង» គឺមានសារៈសំខាន់ ព្រមទាំងបាននឹងដើរតួនាទីជាចលករជំរុញឲ្យនិ  យោជក កម្មករ និយោជិត ទទួលបាននូវផលប្រយោជន៍ខ្ពស់។ តែប្រកាសនេះ កំពុងប្រឈមបញ្ហាច្រើន ព្រោះតែ  អ្នកពាក់ព័ន្ធមិនយល់ពីតម្លៃ និងមិនអនុវត្តតាមនោះឡើយ។

លោក បានថ្លែងយ៉ាងដូច្នេះ «ប្រកាសនេះ មានសារៈសំខាន់ណាស់ សព្វថ្ងៃវាបាននិងកំពុងដើរតួនាទីជាចលនករ  ជំរុញនាយកជក កម្មករ និយោជិត ឲ្យទទួលបានផលប្រយោជន៍។ តែប្រកាសនេះ មានបញ្ហាប្រឈមច្រើន ដោយ  សារអ្នកពាក់ព័ន្ធមួយចំនួនមិនអនុវត្តតាមខ្លឹមសារ នៃប្រកាស។ មិនទាន់ឲ្យតម្លៃ និងគោរពបានល្អនៅឡើយ»។

បើតាមមន្រ្តីក្រសួងការងារ បានបញ្ជាក់ថា ប្រកាសស្តីពីការ«ហ្វឹកហ្វឺនកូនជាង» បង្កើតឡើងក្នុងគោលបំណងបង្កើន ធនធានមនុស្សឲ្យមានជំនាញសម្រាប់បម្រើការងារតាមចង្វាក់ផលិតកម្ម សេវាកម្ម នៅក្នុងសហគ្រាស គ្រឹះស្ថាន  ក្រុមហ៊ុនផ្ទាល់។ ប្រកាសនេះ ក៏នឹងចូលរួមបង្កឲ្យមានទំនាក់ទំនងវិជ្ជាជីវៈល្អ រវាងនិយោជក និងកម្មករ និយោជិត  ដើម្បីបង្កើនភាពសុខដុមនីយកម្មជាមួយគ្នាផងដែរ។

ទោះបីជាការហ្វឹកហ្វឺន ដល់កម្មករ និយោជិត ឲ្យមានជំនាញ វាបានចូលរួមចំណែកអភិវឌ្ឍន៍ដល់ចង្វាក់ផលិតកម្ម  តាមរោងចក្រ សហគ្រាសយ៉ាងណា ក៏ដោយ តែការបណ្តុះបណ្តាលលើកម្មករ និយោជិត ពីសំណាក់រោងចក្រ  សហគ្រាស នៅមានចំនួនតិចតួច ដោយសារនិយោជក ឬថ្នាក់គ្រប់គ្រង នៃក្រុមហ៊ុន រោងចក្រ សហគ្រាសទាំង  នោះគិតថា ការបណ្តុះបណ្តាលលើកម្មករ និយោជិត នាំឲ្យពួកគេចំណាយពេលវេលា និងថវិកាច្រើន។

មន្រ្តីមួយរូបមកពីក្រសួងការងារ ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ការបណ្ តុះបណ្តាល ឬហ្វឹកហ្វឺន ដល់កម្មករ និយោជិត នៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាសនៅកម្ពុជា មានចំនួនតិច តួចនៅឡើយ។ មន្រ្តីរូបនេះ បានបន្តថា រោងចក្រ សហគ្រាស ដែលចូលរួមហ្វឹកហ្វឺន និងបណ្តុះបណ្តាលដល់កម្ម ករ និយោជិត មានតែរោងចក្រកាត់ដេរសម្លៀកបំពាក់ និង រោងចក្រស្បែកជើងតែប៉ុណ្ណោះ ក្រៅពីនេះមិនសូវមាន នោះទេ។

មន្រ្តីសុំលាក់អត្តសញ្ញាណមកពីក្រសួងការងាររូបនេះ បានបន្តថា ការបង្ហាត់បង្រៀន ឬហ្វឹកហ្វឺនជំនាញបន្ថែមដល់  កម្មករ និយោជិត វានឹងជួយឲ្យកម្មករ និយោជិត កាន់តែមានសមត្ថភាព និងជំនាញជួយឲ្យចង្វាក់លផិតកម្មរីក ចម្រើនខ្លាំង ព្រមទាំងជួយឲ្យកម្មករ និយោជិត មានជំនាញច្បាស់លាស់ មានទំនួលខុសត្រូវខ្ពស់លើការងារ និង  ជួយកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗ។

មន្រ្តីរូបនេះ ក៏បានលើកទឹកចិត្តដល់ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាសនៅកម្ពុជា បង្កើនការបណ្តុះបណ្តាលដល់  កម្មករ និយោជិត ដើម្បីទទួលបាននូវផលប្រយោជន៍ខ្ពស់ និងពង្រីកចង្វាក់ផលិតកម្មរបស់ខ្លួន។

លោក ប៊ុន ធឿន តំណាងក្រុមហ៊ុនជីពម៉ុងគ្រុប បានថ្លែងទទួលស្គាល់ថា ការហ្វឹកហ្វឺនបំប៉នជំនាញដល់កម្មករ  និយោជិត ពិតជាជួយឲ្យការងារនៅក្នុងក្រុមហ៊ុនកាន់តែរីកចម្រើន ហើយក្រុមហ៊ុនជីពម៉ុង ក៏បាននិងកំពុងអនុវត្ត  តាមសេចក្តីប្រកាសនេះដែរ តែមិនបានពេញលេញ១០០ភាគរយនោះទេ។

បើតាមលោក ប៊ុន ធឿន បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា មូលហេតុ ដែលនាំឲ្យរោងចក្រសហ  គ្រាស គេចវេសមិនអនុវត្តតាមសេចក្តីប្រកាសស្តីពីការ «ហ្វឹកហ្វឺនកូនជាង» ដោយសារតែការខ្លាចចំណាយច្រើន ទាំងថវិកា និងពេលវេលាលើការបណ្តុះបណ្តាល, ក្រុមហ៊ុន រោងចក្រ សហគ្រាស មិនមានឆន្ទៈ ក្នុងការបណ្តុះប ណ្តាលើកម្មករ និយោជិត និងមួយវិញទៀតនោះ ដោយសារតែការផ្សព្វផ្សាយរបស់ក្រសួងការងារ មិនបានទូលំ ទូលាយ និងឲ្យបានស៊ីជម្រៅនៅតាមក្រុមហ៊ុន រោងចក្រ សហគ្រាស។

នៅក្នុងប្រកាសស្តីពីការ «ហ្វឹកហ្វឺនកូនជាង» ត្រង់មាត្រា៥៧ បានកំណត់ថា សហគ្រាសទាំងឡាយ ដែលមានប្រើ  កម្មករ និយោជិតច្រើនជាង៦០នាក់ ត្រូវតែមានកូនជាងស្មើនឹងមួយភាគដប់ នៃចំនួនកម្មករ និយោជិត ដែលធ្វើការ ក្នុងសហគ្រាសនោះ។ សម្រាប់សហគ្រាស គ្រឹះស្ថាន រោងចក្រទាំងឡាយណា ដែលគ្មានលទ្ធភាព និង រៀបចំការ ហ្វឹកហ្វឺនកូនជាង បាននោះ ត្រូវធ្វើសំណើទៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើការបង់ពន្ធអាករ ហ្វឹកហ្វឺនកូនជាងជំនួសវិញ។ ពន្ធអាករត្រូវបង់តាមអត្រាកំណត់ចំនួន ១ភាគរយ លើប្រាក់ឈ្នួលប្រចាំឆ្នាំ នៃចំនួន សរុបរបស់កម្មករ និយោជិតទាំងអស់ របស់សហគ្រាសជារៀងរាល់ឆ្នាំ។

យោងតាមរបាយការណ៍របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅឆ្នាំ២០១៣ រោងចក្រ នៅកម្ពុជា មានចំនួន ៩៦០រោងចក្រ និងមានកម្មករសរុបជិត ៦៣ម៉ឺននាក់។

របាយការណ៍ ក៏បានឲ្យដឹងផងដែរថា ចាប់ពីឆ្នាំ២០០៩ រហូតដល់ឆ្នាំ២០១៣ រោងចក្រសហគ្រាសចំនួន ៤៤៨  បានចូលរួមអនុវត្តសេចក្តីប្រកាសរបស់ក្រសួង ហ្វឹកហ្វឺនដល់កម្មករ និយោជិត បានចំនួនសរុប ២៧.៦៣០នាក់។  ចំនូនកម្មករ និយោជិត ដែលទទួលបានការហ្វឹកហ្វឺននេះ ជាចំនួនមួយដ៏តិចតួចនៅឡើយ បើធៀបនឹងចំនួនកម្មករ  និយោជិត ដែលកំពុងបម្រើការងារតាមបណ្តារោងចក្រ សហគ្រាសនៅកម្ពុជា៕

លោក កាន់ ម៉ន រដ្ឋលេខាធិការក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ

លោក ប៊ុន ធឿន តំណាងក្រុមហ៊ុនជីពម៉ុងគ្រុប

វប្បធម៌យកមន្រ្តី «ពីលើមេឃ» មកធ្វើប្រធានមន្ទីរ នៅតែកើតមាន ក្នុងខេត្តតាកែវ

0
0

តាកែវ ៖ នៅពេលដែលរាជរដ្ឋាភិបាលអាណត្តិទី ៥ បានបង្កើតឡើង និងបានដាក់ចេញ នូវកំណែទម្រង់ យ៉ាងស៊ីជម្រៅនោះ មានមនុស្សជាច្រើន ជាពិសេស មន្រ្តីរាជការនៅក្នុងខេត្តតាកែវ សង្ឃឹមថា វប្បធម៌ ដែលយកមន្រ្តីពីលើៗ «មន្រ្តីធ្លាក់ពីលើមេឃ» ឲ្យមកកាន់ តំណែងជាប្រធានមន្ទីរ ឬអង្គភាព នៅក្នុង ខេត្តតាកែវ ដោយមានអន្តរាគមន៍ពីអ្នកធំ នឹងត្រូវលុបបំបាត់ជាក់ជាពុំខាន ។

ហេហេ !!! តែក្ដីសង្ឃឹមនេះ វាបានរលាយ ដូចជា អំបិលត្រូវទឹកយ៉ាងដូច្នោះដែរ។ កាលពីប៉ុន្មានឆ្នាំមុន អ្នកពូកែថែមាន់ជល់ពីរនាក់ឲ្យថ្នាក់ដឹកនាំ ត្រូវបានតំឡើងឋានៈជាប្រធានមន្ទីរគួរឲ្យស្ញប់ស្ញែង តែត្រូវ បានប្រជាពលរដ្ឋ និងមន្រ្តីរាជការរិះគន់ ស្ទើរតែម៉ាខេត្តតាកែវ ។ ហេតុអ្វីបានជាគេរិះគន់ និងសើចចំអក បែបនេះ? ព្រោះគ្រាន់តែប្រធានមន្ទីរទេសចរណ៍ចូលនិវត្តន៍ភា្លម គេមិនយកអនុប្រធានមន្ទីរនេះ ឲ្យ ឡើងធ្វើប្រធានទេ តែបែរជាយកលោកក្រឡាបញ្ជី វ័យក្មេងខេត្តតាកែវ ម្នាក់ឈ្មោះ ឯម សុវណ្ណារ៉ា ដែល ពូកែថែមាន់ ជូនថ្នាក់ដឹកនាំឲ្យមកធ្វើប្រធានមន្ទីរទៅវិញឯណាឆ្កុយ។ ចំណែកមន្ទីរអភិវឌ្ឍន៍ ជនបទខេត្ត តាកែវ ក៏ដូចគ្នាដែរ ប្រធានមន្ទីរ ចូលនិវត្តន៍ ស្រាប់មានមន្រ្តីវ័យក្មេងឈ្មោះ លីវ សំណាង បានធ្លាក់ពីលើ មេឃ មកធ្វើប្រធានមន្ទីរនេះយ៉ាងរំភើយ ធ្វើឲ្យអស់លោកអនុប្រធានមន្ទីរនេះមួយចំនួន ស្ទើរតែក្អួត ឈាមដូចលោក អ៊ុក សារ៉េន ។

នៅមានការតែងតាំងមន្រ្តីរាជការ ប្រកបដោយ ភាពមិនប្រក្រតីជាច្រើនទៀត ដែលយើងរៀបរាប់ មិន អស់ទេ នៅក្នុងរជ្ជកាលលោក ស្រី បេន ធ្វើជា អភិបាលខេត្តតាកែវ ។ រឿងសើចចំអក និងការរិះគន់ ពីសំណាក់ ប្រជាពលរដ្ឋ និងមន្រ្តីរាជការនៅក្នុងខេត្តនេះ វាគួរតែមានការជ្រាប ដល់អស់លោកជាថ្នាក់ ដឹកនាំធំៗ ព្រោះបញ្ហាទាំងអស់នេះ វាក៏បានជះឥទ្ធិពល ដល់សន្លឹកឆ្នោតគាំទ្រ គណបក្សកាន់អំណាច នៅក្នុងខេត្តតាកែវ ក្នុងការបោះឆ្នោតអាណត្តិទី៥កន្លងមកថ្មីៗនេះ មានការធ្លាក់ចុះយ៉ាងគំហុកផងដែរ។

ហេហេ !!! ឥឡូវនេះ អ្វីៗគ្រប់យ៉ាងហាក់បានកើតឡើង សារជាថ្មីនៅលើទឹកដីភូមិកំណើតរបស់ បុរស ល្បីល្បាញខាងសាហាវគ្មានមេត្តា តា ម៉ុក ដដែល ។ ក្នុងឆ្នាំ២០១៤នេះ នៅស្ថាប័ននគរបាល គ្រាន់តែ លោកអធិការស្រុកត្រាំកក់ចូលនិវត្តន៍ភ្លាម ស្រាប់តែមានមន្រ្តីនគរបាល ធ្លាក់មកពីលើមេឃម្នាក់ ដែល ត្រូវជាក្មួយរបស់អតីតរដ្ឋមន្រ្តីម្នាក់ បានមកកាន់តំណែងនេះយ៉ាងត្រជាក់ល្ហឹម ចំណែក លោកអធិការរង ៣-៤ នាក់ ដែលធ្វើការរាប់សិបឆ្នាំមកហើយនោះ បានត្រឹមម៉ាសោការតែប៉ុណ្ណោះ។ រីឯមន្ទីរការងារ និង បណ្ដុះបណ្ដាលវិជ្ជាជិវៈខេត្តតាកែវ ក៏មានវាសនាដូចស្ថាប័នខាលើដែរ ។ បើតាម ដំណឹងល្ហិចល្ហៀង លោកប្រធានមន្ទីរ អ៊ូច សានវ៉ាន់ឡុង ត្រូវបានសម្រួលការងារឲ្យទៅសម្រាក យកកម្លាំងនៅក្រសួង ព្រោះដោយសារតែស្ថានភាព សុខភាពរបស់លោកមិនអំណោយផល ។

ហេហេ!!! សូមអ្នកតាកែវ កុំច្រឡំថា លោកប្រធានមន្ទីរការងារ ត្រូវផ្លាស់ទៅក្រសួង និងមានការតែង តាំង អនុប្រធានមន្ទីរណាម្នាក់ ក្នុងចំណោមអនុប្រធានមន្ទីរទាំង៣នាក់ ឡើងជំនួសប្រធានចាស់ឲ្យ សោះ !! បើគិតចឹងមែននោះ គឺខុស១០០ភាគរយតែម្ដង ។ អ្នកដែលឡើងជាប្រធានមន្ទីរ ជាមន្រ្តីធ្លាក់ ពីលើមេឃទៀតហើយ គឺតំណែងនេះត្រូវបានទៅលើលោក ម៉េង វិរីយ៉ា នាយករងវិទ្យាស្ថានពហុបច្ចេក វិជ្ជាព្រះកុសុមៈ រាជធានីភ្នំពេញ។  ចំណែកឯអ្នកដែលត្រូវជំនួសតំណែងលោកស្រី សុខ រ៉ាន្នី អតីត ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តតាកែវ ដែលត្រូវចាប់ខ្លួន ពីបទ ពុករលួយនោះ ក៏មកពី ភ្នំពេញដែរ ដោយតំណែងនេះ បានទៅលើលោក ប៉ាន់ ណូរ៉ា ប្រធានមជ្ឈមណ្ឌលសហគ្រិនឥណ្ឌា នៅ រាជធានីភ្នំពេញ។ ដូច្នោះឆ្លងតាមការរៀបរាប់ ប្រាប់ខាងលើនេះ សូមលោកអនុប្រធានមន្ទីរ និងនាយក រងមជ្ឈមណ្ឌលទាំងឡាយ ដែលជាអ្នកខេត្តតាកែវ មេត្តាដេកចាំ «ដាំចេក» តទៅទៀតទៅ ដូចសុភាសិត បុរាណចិន បាននិយាយថា «កូនប្រុសរង់ចាំ ១០ ឬ២០ឆ្នាំទៀត ក៏មិនទាន់ហួសពេលដែរ»។

ហេហេ!!!! ឲ្យតែវប្បធម៌បែបនេះ នៅតែបន្តទៀតនោះ រឿងអី ដែលសន្លឹកឆ្នោតគណបក្សកាន់ អំណាច ក្នុងខេត្តតាកែវអាចនឹងកើនឡើងវិញនោះ !! ឬមួយក៏នាំគ្នាចាំទម្លាក់ការទទួលការខុសត្រូវ តែទៅលើ លោកអភិបាលខេត្តតែម្នាក់ឯង?៕

នគរបាល ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល ចុះបង្ក្រាបទីតាំង កត់កន្ទុយ លេខ២កន្លែង នៅសង្កាត់និរោធ ឃាត់ខ្លួនមុនស្ស ៤នាក់

0
0

ភ្នំពេញៈ កម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌ កម្រិតស្រាល នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ កាលពីវេលាម៉ោង ជាង៣រសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤  បានចុះទៅបង្ក្រាប ទីតាំងលួចកត់កន្ទុយលេខ ២កន្លែងដែល ស្ថិតនៅ ផ្ទះលេខ២១៦ ផ្លូវ ២០៩ សង្កាត់និរោធ ខណ្ឌច្បាអំពៅ ដោយឃាត់ខ្លួនមុនស្ស៤នាក់ ក្នុងនោះប្រុសម្នាក់ ស្រី៣នាក់ ។

មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានី ភ្នំពេញ នៅក្នុង ប្រតិបត្តិការ ចុះបង្ក្រាបទីតាំងខាងលើនេះ  ក្រៅពីឃាត់ខ្លួនមនុស្សចំនួន៤នាក់ សមត្ថកិច្ចបានធ្វើការដកហូត ដកហូតម៉ាស៊ីនហ្វាក ឯកសារ និងលុយមួយចំនួនទៀត ។

មន្ត្រីនគរបាលបានបន្តថា ក្រោយពីទទួលបានព័ត៌មាន ថាមានទីតាំងខាងលើ មានបង្កប់លួចកត់ កន្ទុយលេខ ដ៏ធំ នៅក្នុងសង្កាត់និរោធរួចមក ការិយាល័យជំនាញបានសុំគោលការណ៍ពីស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ជួន សុវណ្ណ និងស្នងការរងលោកឧត្តមសេនីយ៍ ជួន ណារិន ព្រមទាំងមានការឯកភាពពីតំណាងឯយ្យកាផងនោះ កម្លាំងនគរបាល ដែលដឹកនាំដោយ លោកប៊ុន សត្យា នាយការិយាល័យ បានចុះទៅកាន់ទីតាំងទំាងនោះ  ធ្វើការបង្ក្រាបនិងចាប់ខ្លួនមនុស្សទាំង៤នាក់ កំពុងតែប្រព្រឹត្ត បទល្មើសផ្ទាល់តែម្តង។

មន្ត្រីនគរបាលការិយាល័យកម្រិតស្រាលបានបញ្ជាក់ថា មនុស្សទាំង៤នាក់ដែលត្រូវ ចាប់ខ្លួននោះ រួមមាន ប្រុសម្នាក់ ស្រី៣ ក្នុងនោះអ្នកចាក់ម្នាក់ អ្នកកត់ម្នាក់ និងម្ចាស់ទីតាំង២នាក់។ ក្រោយធ្វើការឃាត់ខ្លួន ជនសង្ស័យ ទាំង៤ នាក់ រួមនិងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ ការិយាល័យព្រហ្មកម្រិតស្រាល រាជធានីភ្នំពេញ ដើម្បីសួរនាំនិងចាត់ការ តាមនីតិវិធីច្បាប់៕


ប្រច័ណ្ឌប្ដី បើកម៉ូតូឌុបកូន តាមរថយន្ដ ដឹកដីរបស់ប្ដី ដួលចូល កង់ក្រោយ ស្លាប់កូន ប្រុស ខ្លួនឯងរបួសធ្ងន់

0
0

ភ្នំពេញ ៖ គ្រោះថ្នាក់ចរាចរ ដោយគ្មាន ចេតនា របស់បុរសជាប្ដី ពេលកំពុងបើក រថយន្ដដឹកដី បានកិនម៉ូតូ ដែលប្រពន្ធបើក ឌុបកូន បណ្ដាលឱ្យកូនរបស់ខ្លួន ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ រីឯស្ដ្រីជាប្រពន្ធរង របួសធ្ងន់ ត្រូវដឹកបញ្ជូនទៅកាន់មន្ទីរ ពេទ្យលោកសង្ឃ ដើម្បីជួយសង្គ្រោះ ។

គ្រោះថ្នាក់ចរាចរ ដែលបុរសជាប្ដីបើក រថយន្ដកិនម៉ូតូរបស់ប្រពន្ធ ដោយគ្មានចេតនា ខាងលើនេះ បាន បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង ៤០នាទីរសៀលថ្ងៃ ទី១៩ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវ ៣០ម៉ែត្រ ភូមិព្រៃស សង្កាត់ព្រៃស ខណ្ឌដង្កោ ។

បុរសជាប្ដី ឈ្មោះសាំ រិទ្ធ អាយុ២៣ឆ្នាំ មុខរបរបើករថយន្ដដឹកដី មានស្រុកកំណើត នៅខេត្ដកំពង់ស្ពឺ បាននិយាយទាំងទឹកភ្នែក ទាំងដៃជាប់ខ្នោះថា ប្រពន្ធរបស់ខ្លួន ឈ្មោះ ម៉េត សុខុម អាយុ២៣ឆ្នាំ មុខរបរ កម្មការិនី កាត់ដេរនៅរោងចក្រ និងមានកូនប្រុសម្នាក់ អាយុទើប ១ខួប ៨ខែ ឈ្មោះរិទ្ធី ។

លោកសាំ រិទ្ធ បានរៀបរាប់ថា កាលពី ប៉ុន្មានថ្ងៃមុន ប្រពន្ធរបស់លោកខឹង ដោយសារ តែមានមនុស្សស្រី បានទូរស័ព្ទ មកលោក ប៉ុន្ដែប្រពន្ធលើក ក៏កើតជម្លោះ ដោយសារតែនាងប្រច័ណ្ឌ ។

ក្រោយឈ្លោះគ្នា ប្រពន្ធរបស់ខ្លួនបាន ចាកចេញពីផ្ទះនៅភ្នំពេញ ទៅរស់នៅជាមួយឪពុកម្ដាយ ឯក្បែរ ភ្នំបាសិទ្ធ ប៉ុន្ដែពេលទៅរស់នៅនោះ ត្រូវម្ដាយស្ដី បន្ទោស ហើយឱ្យត្រឡប់មករស់នៅជាមួយប្ដីវិញ ។

បុរសជាប្ដីរូបនេះ បានបន្ដទៀតថា លុះពេលម្ដាយស្ដីបន្ទោសយ៉ាងដូច្នេះ រូបនាង បានបើកម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១៤ ឌុបកូនប្រុស មករកប្ដីវិញ លុះពេលបានជួបប្ដី កំពុងបើករថយន្ដឆ្ពោះទៅរណ្ដៅដី នៅកែង ធម្មត្រ័យ ប្រពន្ធរបស់លោកសុំឱ្យឈប់និយាយគ្នាសិន ។ ពេលនោះលោកសាំ រិទ្ធ បានប្រាប់ទៅ ប្រពន្ធថា ចាំជួបគ្នានៅកន្លែងរណ្ដៅដី ពីព្រោះខ្លាចថៅកែស្ដីឱ្យ ។ ប៉ុន្ដែប្រពន្ធរបស់លោក មិនព្រមក៏បើកម៉ូតូឌុប កូនតាមក្រោយរថយន្ដរបស់ប្ដី លុះពេលធ្វើដំណើរបានជាងកន្លះគីឡូ ប្រពន្ធរបស់ខ្លួនបានបើកម៉ូតូវ៉ា រថយន្ដនៅខាងឆ្វេងដៃ ស្រាប់តែពេលទៅដល់មុខរថយន្ដ ចូលមកកណ្ដាលផ្លូវ ទំនងជាធ្លាក់ជង្ហុក ភ្លាមៗនោះ លោកបានកាច់ចង្កូតមកស្ដាំដៃ ស្ទើរធ្លាក់ប្រឡាយ ប៉ុន្ដែអនិច្ចាផុតកង់មុខ នៅកង់ក្រោយ កិននិងអូសម៉ូតូ បណ្ដាលឱ្យកូនប្រុស អាយុជិត២ខួប ខ្ទេចជើងទាំងសងខាងស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ រីឯស្ដ្រីជាប្រពន្ធរងរបួសធ្ងន់ ត្រូវបាន រថយន្តសង្គ្រោះបន្ទាន់ របស់អង្គភាព ៧១១ នៃកងពលតូចលេខ៧០ ជួយដឹក បញ្ជូនទៅកាន់មន្ទីរពេទ្យលោកសង្ឃ ។

បច្ចុប្បន្នបុរសជាប្ដីរូបនេះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីយកទៅសួរនាំ ។

យ៉ាងណាក៏ដោយ ចំពោះហេតុការណ៍ នេះ ប្រជាពលរដ្ឋ បានលើកឡើងថា សមត្ថកិច្ច អាចពិចារណា ក្នុងផ្លូវណាមួយ ដោយ មិនដាក់ទោសទណ្ឌបុរសជាប្ដី ពីព្រោះវាជា រឿងអចេតនា ហើយបើចាប់ប្ដី បញ្ជូនពន្ធនាគារទៀតនោះ កាន់តែជួបទុក្ខធ្ងន់ធ្ងរ ពីព្រោះកូនក៏ស្លាប់ ប្រពន្ធរបួសធ្ងន់ ហើយខ្លួនឯងត្រូវ ជាប់គុកទៀត។

ធ្វើយ៉ាងម៉េច បើ​វីដេអូ​សម្ងាត់ របស់​អ្នកត្រូ​វ​បែកធ្លាយ? (Trailer Inside)

0
0

ភ្នំពេញ៖ លោកអ្នកបានថតវីដេអូ ដ៏សម្ងាត់មួយទុក ប៉ុន្តែថ្ងៃក្រោយមក ក៏បានដឹងថា វីដេអូនោះ ត្រូវបានបែកធ្លាយតាមអ៊ីនធើណែត ជាសាធារណៈ។ តើលោកអ្នកមានអារម្មណ៍យ៉ាងណាទៅ?

ហេតុការណ៍នេះ បានកើតឡើងទៅលើគូស្នេហ៍មួយ ដែលបានរៀបការជាមួយគ្នា អស់ជាង ដប់ឆ្នាំមកហើយ ដោយមានកូនពីរនាក់ទៀតផង។ ពួកគេ គឺ Jay និង Annie ដែលជាគូស្នេហ៍ស្រលាញ់គ្នា តាំងពីរៀននៅមហាវិទ្យាល័យ ក្នុងសាលាជាមួយគ្នាម្ល៉េះ។ ពួកគេក៏បានសំរេចចិត្ត រៀបការហើយភ្លើងស្នេហ៍ របស់ពួកគេក្តៅសន្ធោសន្ធៅ តែចាប់ពីមួយថ្ងៃទៅមួយថ្ងៃ ពួកគេហេវហត់ជាមួយនឹងការងារផង បួករួមទាំងការមានកូនផងនោះ ក៏បានធ្វើឲ្យពួកគេ បាត់បង់ចំណងស្នេហ៍ ដែលធ្លាប់តែមាន កាលពីពួកគេនៅក្មេងៗ។

សំណួរសួរថា តើត្រូវធ្វើយ៉ាងណា ទើបអាចយកអារម្មណ៍ស្នេហ៍ ដ៏ជ្រាលជ្រៅត្រឡប់មកវិញ ឲ្យខ្លាំងក្លាដូចកាលពីនៅក្មេងបាន? Annie ជាភរិយា ក៏មានគំនិតមួយគឺ ថតវីដេអូរបស់ខ្លួន និងប្តីពេលកំពុងឡើងគ្រែ ដើម្បីជាការប្លែកអារម្មណ៍ពីធម្មតា។ នេះជាគំនិតមួយ ដ៏ល្អណាស់ ព្រោះពួកគេពិតជាមាន យប់ដ៏អស្ចារ្យ ចំឡែកអណ្តែតអណ្តូងពិតមែន។ ប៉ុន្តែពួកគេភ្លេចរឿងមួយ ដ៏សំខាន់ គឺ វីដេអូរបស់ពួកគេ ដែលបានថតនោះ គឺមិនទាន់បានលុបចោលនៅឡើយទេ ហើយវីដេអូនោះ ក៏បានបញ្ជូន ដោយ Cloud ទៅគ្រប់ឧបករណ៏ iPad ទាំងអស់ ដែល Jay ជាប្តីបានទិញ យកមកហើយបានចែកទៅឲ្យក្រុមគ្រួសារ មិត្ត និងប្រធានក្រុមហ៊ុនរបស់ពួកគេ។ អ៊ីចឹងបានន័យថា វីដេអូនៅលើគ្រែ របស់ពួកគេនៅយប់នោះ គឺត្រូវបានមើល ដោយអ្នកដទៃអស់ហើយ។

តើ Annie និង Jay និងទៅជាយ៉ាងណា ប្រឈមមុខនឹងរឿងនេះ? តើពួកគេមានវិធានការអ្វី ដើម្បីស្រោចស្រង់ហេតុការណ៍ នេះឡើងវិញ ដើម្បីស្តារមុខមាត់ថ្មី? រឿង វីដេអូបែកធ្លាយ ឬ Sex Tape និងចាក់បញ្ចាំង តាមរោងភាពយន្តទំនើបៗ ចាប់ពីថ្ងៃទី 21 ខែសីហានេះ តទៅហើយ ដូចេ្នះសូមរួសរាន់ ប្រញាប់កក់ និងទិញសំបុត្រឲ្យបានរួសរាន់។ ចូលរួមសម្ដែងដោយតារាល្បីប្រចាំ ហូលីវូដ ដូចជាស្រីស្អាតសាច់ចាំ Cameron Diaz ដែលដើរតួជាភរិយា ស្រស់ស្អាត Annie និង Jason Segel ដែលដើរតួជាប្តី ដ៏ល្អ Jay។

សូមបញ្ជាក់ថា រឿងនេះមិនអនុញ្ញាតឲ្យប្រិយមិត្ត មានអាយុក្រោយ 18 ឆ្នាំចូលទស្សនានោះទេ។

សូមទស្សនាវីដេអូឃ្លីបខ្លី នៅទីនេះ៖

លោក សម រង្ស៊ី រងការ រិះគន់ថា យកសព ស្ត្រីចំណាស់ ផ្សព្វផ្សាយ កេងចំណេញគោល នយោបាយបក្ស

0
0

ភ្នំពេញ៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្រ្គោះជាតិ ដែលជាបក្សប្រឆាំងមានសក្តានុពលមួយនៅកម្ពុជា បាន រងនូវការរិះគន់យ៉ាងធ្ងន់ធ្ងរពីសំណាក់ អ្នកនិយមលេងបណ្តាញសង្គមហ្វេសប៊ុក ក៏ដូចជាមជ្ឈដ្ឋានខាងក្រៅថា ព្រោះ តែសម្រេចមហិច្ឆតានយោបាយ ហ៊ានបំពានក្រមសីលធម៌ និងភាពថ្លៃថ្នូរ ជាមនុស្ស ដោយបានយកសពស្រ្តី ចំណាស់ចងកម្នាក់ ទៅដាក់លើទំព័រហ្វេសប៊ុករបស់ខ្លួន ដើម្បីផ្សព្វផ្សាយពីគោលនយោបាយបក្ស។

ការប្រតិកម្ម និងផ្ទុះនូវការរិះគន់ដ៏ធ្ងន់ធ្ងរ លើអ្នកនយោបាយជាន់ខ្ពស់មួយរូបនៅកម្ពុជា នៅក្រោយពេលដែលទំព័រ  របស់លោក សម រង្ស៊ី នៅម៉ោងប្រមាណ ១រសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ បានបង្ហោះរូបភាពស្រ្តីចំណាស់ ម្នាក់ ដែលធ្វើអត្តឃាតចងកបញ្ចប់ជីវិត ព្រោះតែមានជំងឺប្រចាំកាយ និង មិនចង់បង្កការលំបាកដល់កូនចៅ។ ការ បង្ហោះនូវរូបភាព ដែលត្រូវបានគេស្តីបន្ទោសថា មិនបានគោរពដល់សព និង ក្រុមគ្រួសារ នៃសពហើយនោះ ទំព័រ នេះ បានឆ្លៀតកេងចំណេញលើការធ្វើនយោបាយថែមទៀត ដោយបានសរសេរអក្សបរិយាយលើរូបភាពថា «ថ្មីៗ នេះ មានស្រ្តីចំណាស់ម្នាក់ អាយុ ៨៧ឆ្នាំ បានធ្វើអត្តឃាត ព្រោះគាត់មានជំងឺ ហើយ គ្មានលុយទៅឲ្យពេទ្យព្យាបា ល។ លើសពីនេះ គាត់មិនចង់ដាក់បន្ទុកហិរញ្ញវត្ថុទៅលើកូនចៅរបស់គាត់ ដែលរស់នៅក្នុងភាពក្រីក្រ។ ក្នុងកម្មវិធី នយោបាយរបស់គណបក្សសង្រ្គោះជាតិ មានការផ្តល់ប្រាក់ឧបត្ថម្ភ ៤០.០០០ (បួនម៉ឺន) រៀល ក្នុងមួយខែ ជូន ដល់មនុស្សចាស់ជរាគ្មានទីពឹង ហើយមានការផ្តល់សេវាព្យាបាលជំងឺ ដោយមិនគិតថ្លៃ ជូនដល់ជនក្រីក្រ។»

ក្រុមអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក គេបានសាទរចំពោះគោលនយោបាយរបស់គណបក្សសង្រ្គោះជាតិ ដែល មានការយកចិត្តទុកដាក់ទៅលើសុខទុក្ខមនុស្សចាស់។ តែពួកគេបែរជានាំគ្នាបន្លឺនូវការរិះគន់ទៅវិញ លើសកម្ម  ភាព នៃការយករូបភាពស្រ្តីចំណាស់ម្នាក់ ដែលបានស្លាប់បាត់បង់ជីវិតទៅហើយ មកភ្ជាប់ជាមួយនូវសារនយោ  បាយបែបនេះ។

ក្រុមអ្នកលេងបណ្តាញសង្គម ក៏ដូចជាមជ្ឈដ្ឋានខាងក្រៅ បានធ្វើការរិះគន់ និងស្តីបន្ទោសថា ទង្វើដែលបានធ្វើ ឡើងនៅក្នុងទំព័រហ្វេសប៊ុករបស់លោក សម រង្ស៊ី បាននិងបំពានទៅលើសិទ្ធិ និងមិនបានគោរពលើតម្លៃសពស្រ្តីរង  គ្រោះ គ្រាដែលកូនចៅ សាច់ញាតិរបស់ជនរងគ្រោះ កំពុងសោកសង្រេងនៅឡើយនោះ។

មតិដ៏ច្រើនលើបណ្តាញសង្គមហ្វេសប៊ុក បានហៅសកម្មភាពនេះថា ជាការធ្វើជំនួញនយោបាយមួយ របស់លោក  សម រង្ស៊ី ទៅលើសពស្រ្តីចំណាស់។ ក្រុមអ្នកលេងបណ្តាញសង្គម បានលើកឡើងថា ពិតណាស់ ដើម្បីជំនួញ នយោបាយជោគជ័យ អ្នកនយោបាយប៉ិនប្រសប់ខ្លាំងណាស់លើជំនួញជាមួយប្រជាពលរដ្ឋ តាមរយៈសកម្មភាព  ប្រកបដោយសិល្បៈអូសទាញ និងប្រជាភថុតិ តែអ្នកនយោបាយ គួរណាស់មានក្រមសីលធម៌វិជ្ជាជីវៈថ្លៃថ្នូរ មិន មែនសូម្បីតែសពរបស់មនុស្ស ក៏ត្រូវយកទៅបំពេញជំនួញនយោបាយរបស់ខ្លួនដែរនោះទេ។

រដ្ឋមន្រ្តីក្រសួង ព័ត៌មានលោក ខៀវ កាញ៉ារីទ្ធ បានហៅការបង្ហោះរូបបែបនេះ ថាជាការមិនមានក្រមសីលធម៌។

មិនថា តែលោករដ្ឋមន្រ្តីក្រសួងព័ត៌មាននោះទេ បណ្តាប្រទេសនៅតំបន់អឺរ៉ុប គឺគោរពខ្លាំងណាស់លើតម្លៃរបស់ពលរដ្ឋរបស់គេ បូករួមទាំងសពផងដែរ។

បណ្តាមន្រ្តីស្ថានទូតប្រទេសនានា ប្រចាំនៅកម្ពុជា រាល់ពេលប្រជាពលរដ្ឋរបស់ជួបគ្រោះរហូតដល់ស្លាប់បាត់បង់ជីវិត មិនថាគ្រោះថ្នាក់នោះ ដោយប្រការណាមួយនោះទេ គឺពួកគេមិនដែលអនុញ្ញាតឲ្យអ្នកព័ត៌មានថតរូបយកទៅបង្ហោះនោះឡើយ ព្រោះគេគិតថា ការធ្វើបែបនេះជាទង្វើប្រមាថ និងមិនឲ្យតម្លៃលើសពពលរដ្ឋរបស់ពួកគេ។

គេក៏នៅចាំបានដែរថា ស្ថានទូតបារាំង ប្រចាំនៅកម្ពុជា ធ្លាប់បានចេញសេចក្តីថ្លែងការណ៍មួយ ហាមមិនឲ្យបណ្តាញព័ត៌មានផ្សព្វផ្សាយរូបភាព បុរសជនជាតិបារាំងម្នាក់ រួមនិងកូនៗ ដែលរងនូវអំពើឃាតកម្មមួយនៅក្នុងខេត្តកំពង់ស្ពឺ ដោយសម្លាប់មួយគ្រួសារ។ នៅក្នុងសេចក្តីថ្លែងការណ៍ស្ថានទូតបារាំង នាពេលនោះ បានសង្កត់ធ្ងន់ថា ការផ្សព្វផ្សាយបែបនេះ ជាការប្រមាថ និងមើលងាយទៅជនរងគ្រោះ ដែលជាជនជាតិរបស់គេ។

រូបភាពមួយសន្លឹកនេះ ត្រូវបានមនុស្សជាច្រើនពាន់នាក់ ចុច like និង ចែក  ចាយបន្ត។ ដើម្បីជាការទទួលខុសត្រូវលើទង្វើខុសឆ្គងមួយនេះ ក្រុមអ្នកលេង បណ្តាញសង្គមចង់ឲ្យប្រធានបក្សប្រ  ឆាំង លោក សម រង្ស៊ី ធ្វើការសូមទោសតាមទំព័រហ្វេសប៊ុក ជាការគោរពដល់សពស្រ្តីរងគ្រោះ និង ក្រុមគ្រួសារ នៃ  សពផងដែរ៕

អគ្គិភ័យឆាបឆេះ ខុនដូ ក្បែរផ្សារបឹង ត្របែកផ្លាហ្សា (មានវីដេអូ)

0
0

ភ្នំពេញ៖ នៅម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤នេះ អគ្គិភ័យបានឆាបឆេះខុនដូមួយកន្លែង  ស្ថិតតាមបណ្តោយផ្លូវលេខ ៩៩ ក្បែរផ្សារបឹងត្របែកផ្លាហ្សា។

អគ្គិភ័យនេះ ត្រូវបានសមត្ថកិច្ចអះអាងថា ផ្តើមចេញពីការទុស្សេខ្សែភ្លើង នៅក្នុងបន្ទប់លេខ ៣០១។ ទាំងកម្លាំងនគរបាលពន្លត់អគ្គិភ័យ សមត្ថកិច្ច  មូលដ្ឋាន រួមនិងអាជ្ញាធរ កំពុងញាប់ដៃញាប់ជើង ជួយអន្តរាគមន៍បាញ់ទឹកពន្លត់។

រហូតដល់ម៉ោង ៥ និង៥០នាទី ក្រោយពីការឆាបឆេះបានប្រមាណជា ២០នាទី អគ្គិភ័យ ត្រូវបានសមត្ថកិច្ចគ្រប់គ្រងបាន និងបាញ់ទឹកពន្លត់ស្ទើរតែរលត់ទៅវិញហើយ៕

ទេសរដ្ឋមន្រ្តី សេរី កុសល ទទួលតួនាទីថ្មី ជាអនុប្រធាន អាជ្ញាធរមីនកម្ពុជា

0
0

ភ្នំពេញ៖ លោកទេសរដ្ឋមន្រ្តី សេរី កុសល ត្រូវបានព្រះមហាក្សត្រខ្មែរ ត្រាស់បង្គាប់តែងតាំង ជាអនុប្រធានអាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្រ្គោះ ជនពិការដោយសារមីន។

ព្រះរាជក្រឹត្យរបស់ព្រះមហាក្សត្រ ក៏បានបញ្ចប់តួនាទីរបស់លោក សេរី កុសល ពីអនុប្រធានក្រុមប្រឹក្សា ស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និង ជនបទផងដែរ។

លោកទេសរដ្ឋមន្រ្តី សេរី កុសល បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិលនៅល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៤ថា ព្រះរាជក្រឹត្យត្រូវបាន ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ចុះ  ព្រះហស្ថលេខាកាលពីថ្ងៃទី១៥ ខែសីហា ហើយរូបលោកទើបទទួលបាននៅល្ងាចថ្ងៃនេះ។

លោកទេសរដ្ឋមន្រ្តី បានថ្លែងព្រះរាជអំណរគុណចំពោះព្រះមហាក្សត្រ ដែលបានផ្តល់ការទុកចិត្តលើរូបលោកឲ្យ បម្រើការនៅអាជ្ញាធរមីនកម្ពុជា។ លោកក៏បានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានស្នើសុំរាជា នុញ្ញាតព្រះមហាក្សត្រផ្តល់ឱកាសដល់រូបលោកចូលរួមបម្រើការងារ នៅអាជ្ញាធរមីនកម្ពុជា។

សូមបញ្ជាក់ថា អាជ្ញាធរមីនកម្ពុជា មានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន និង មានលោក ប្រាក់ សុខុន រដ្ឋមន្រ្តី ក្រសួងប្រៃសណីយ៍ និងទូគមនាគមន៍ ជាអនុប្រធាន៕

នាយករដ្ឋមន្រ្តី វៀតណាម ស្នើសម្តេច ហេង សំរិន ពិនិត្យមើល ការដុតទង់ជាតិ វៀតណាម នៅកម្ពុជា

0
0

ហាណូយៈ នាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន តាន់យ៉ុង បានស្នើដោយត្រង់ៗ ទៅកាន់ប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការ នៅវៀតណាម មេត្តាពិនិត្យមើលឡើងវិញនូវបញ្ហានានា ជាពិសេសបាតុករ កម្ពុជាក្រោមមួយចំនួន បានដុតទង់ជាតិវៀតណាម នៅក្នុងរាជធានីភ្នំពេញ កាលពីពេលថ្មីៗកន្លងទៅនេះ។ បើយោងតាម ការផ្សាយ របស់កាសែតវៀតណាម នៅថ្ងៃអង្គារ ទី១៩ ខែសីហា ឆ្នាំ២០១៤។

សេចក្តីរាយការណ៍បានឱ្យដឹងទៀតថា ដោយមានការព្រួយបារម្ភ ពីសកម្មភាពមួយចំនួន របស់ក្រុមជ្រុលនិយមខ្មែរកម្ពុជាក្រោម ដូចជាការធ្វើបាតុកម្មខុសច្បាប់ ប្រឆាំងវៀតណាម និងការដុតទង់ជាតិជាដើម ហើយវាពិតជាបានធ្វើឱ្យប៉ះពាល់ ដល់ សតិអារម្មណ៍ពលរដ្ឋវៀតណាមនោះ លោកនាយករដ្ឋមន្រ្តី ក៏បានស្នើឱ្យស្ថាប័ននីតិបញ្ញត្តិ និងរាជរដ្ឋាភិបាលកម្ពុជា ចាត់ វិធានការឱ្យបានសមស្រប ដើម្បីបង្ការកុំឱ្យមានហេតុការណ៍បែបនេះ កើតមានតទៅទៀត នាពេលអនាគត។

សម្តេច ហេង សំរិន បានថ្លែងថា សម្តេចមានការសោកស្តាយ ចំពោះការបាតុកម្មប្រឆាំងនឹងវៀតណាម ជាពិសេសការដុត បំផ្លាញទង់ជាតិវៀតណាម ដោយបានគូសបញ្ជាក់ថា សកម្មភាពនោះ បង្កឡើងដោយពួកជ្រុលនិយម ដែលចំណេះដឹងរបស់ពួកគេមានកម្រិត អំពីប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរ។

ព្រមគ្នានេះ លោក ង្វៀន តាន់យ៉ុង ក៏បានស្នើឱ្យសភាកម្ពុជា បន្តផ្តល់ការគាំទ្រ ចំពោះការរុករកអដ្ឋិធាតុទាហាន ដែលបាន ស្លាប់នៅក្នុងប្រទេសកម្ពុជា ប្រមាណ៥ពាន់នាក់ផងដែរ៕

Photo by DAP-News

ប្រមុខការទូតខ្មែរ ជួបពិភាក្សាបិទទ្វារ ជាមួយតំណាងអង្គការ សមាគមខ្មែរក្រោម

0
0

ភ្នំបេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការបរទេស លោក ហោ ណាំហុង នៅម៉ោង ៣រសៀលថ្ងៃទី១៩ ខែសី  ហា នេះ បានអនុញ្ញាតឲ្យតំណាងអង្គការ សមាគមខ្មែរក្រោមជាច្រើននាក់ ចូលជួបពិភាក្សាការងារនៅក្នុងបន្ទប់ ប្រជុំនាក្រសួងការបរទេស។

នៅក្នុងកិច្ចប្រជុំត្រូវបានធ្វើឡើងដោយបិទទ្វារ ហើយគេក៏មិនដឹងថា ជំនួបនោះពិភាក្សាលើបញ្ហាអ្វីនោះដែរ។

ទោះជាយ៉ាងណាក្រុមអ្នកព័ត៌មានជាច្រើន បានដាក់ការសង្ស័យថា ជំនួបអាចនឹងពិភាក្សាជុំវិញការតវ៉ារបស់ប្រជាពលរដ្ឋខ្មែរក្រោមដែលបាននាំគ្នាតវ៉ាក្នុងមួយរយៈពេលចុងក្រោយនេះ ទាមទារអ្នកនាំពាក្យស្ថានទូតវៀតណាម  នៅកម្ពុជា លោក ត្រឹង វ៉ាន់ថុង សុំទោសនូវពាក្យបំភ្លៃប្រវត្តិសាស្រ្តថា ទឹកដីភាគខាងត្បូងវៀតណាម បច្ចុប្បន្នមិនមែនជាអតីតទឹកដីរបស់ខ្មែរក្រោម៕


ព្រៃឈើ នៅក្នុងតំបន់ អភិរក្សជីវៈចំរុះ សីមា រងការកាប់ បំផ្លិចបំផ្លាញ ខ្លាំងឡើងៗ គ្រាដែល លោក ប្រធានថ្មី មកគ្រប់គ្រង

0
0

មណ្ឌលគិរី៖ តំបន់ព្រៃឈើ ហាមឃាត់អភិរក្សជីវៈចំរុះសីមា លាតសន្ធឹងលើផ្ទៃដី ប្រមាណជិត ៣០០០០០ហិចតា ក្នុងស្រុកកែវសីមា ស្រុកអូរាំង និងក្រុងសែន មនោរម្យ សព្វថ្ងៃត្រូវបាន ប្រជាពលរដ្ឋ និងអ្នកឃ្លាំមើល បទល្មើសព្រៃឈើក្នុងស្រុក សំដែងនូវការព្រួយបារម្ភ យ៉ាងខ្លាំងចំពោះ អ្នកគ្រប់គ្រង នៅតំបន់នេះ មានការបណ្ដែតបណ្ដោយ កើតមានបទល្មើស នៅក្នុងទីតាំងនេះពេញបន្ទុក យ៉ាងអនាធិបតេយ្យ មិនគិតពីភាពរិចរិលធនធានធម្មជាតិនិងពពួក អំបូរជីវៈចំរុះកំពុងរស់នៅផងដែរ។

ប្រជាពលរដ្ឋនិងអ្នកឃ្លាំមើល បទល្មើសព្រៃឈើបានអោយដឹងថា ចាប់តាំងពីលោក មាគ វុឌ្ធី ប្រធានគំរោងអភិរក្សជីវៈចំរុះសីមា ឡើងមកគ្រប់គ្រង តំបន់នេះ ត្រូវបានគេមើលឃើញថា បានបណ្ដែតបណ្ដោយ ជនខិលខូចចូលកាប់ រំលំ អារ ដោយរណាយន្ត(ត្រង់សឺន័រ) អាររងើរព្រៃ បណ្ដែត បណ្ដោយអោយក្រុមឈ្មួញ ចូលដឹកជញ្ជូនចេញពីព្រៃហាមឃាត់ តាមរយៈរថយន្តកែឆ្នៃធំៗ ខ្នាតយក្សជញ្ជូន ចេញរូងដី និងមានកាប់ អារ គរទុកដូចភ្នំទៀតផង រួចឈ្មួញដឹកចេញបានគ្រប់ច្រកល្ហក គ្មានការរំខាន ពីមន្ត្រីដែលគ្រប់គ្រង តំបន់ខាងលើនេះឡើយ។ សកម្មភាពរបស់ក្រុមដឹកជញ្ជូនឈើប្រណីត តាមរយៈរថយន្ត តូច ធំឆ្លងកាត់ផ្លូវជាតិដឹកជញ្ជូន ឆ្លងកាត់មុខស្នាក់ការអភិរក្សជីវៈអូរាំង ស្នាក់ការចំណុច១៦៤(ហៅ៦៤) ស្នាក់ការ នៅស្រុកកែវសីមា យ៉ាងរំភើយគ្មានផលរំខានឡើយ។

ដោយឡែករថយន្តល្មើស ដែលមិនបានសែនឬថ្វាយសសណូកដល់មន្ត្រីអភិរក្ស គឺរថយន្តនោះឯង មិនអាចរួចខ្លួន ពីកណ្ដប់ដៃឆ្មាំ ប៉េអឹម ដែលមានលោក ស្វាយ វណ្ណាជាប្រធានក្រុម ប៉េអឹម បំរើការនៅស្នាក់ការ អភិរក្សជីវៈចំរុះនោះទេ។  ការបណ្ដែតបណ្ដោយអោយ មានបទល្មើសនៅតំបន់មួយនេះ យ៉ាងគគ្រិកគគ្រេង បែបនេះត្រូវបានគេសង្ស័យថា លោក មាគ វុឌ្ធី ប្រធានគំរោងឡើងកាន់តំណែងថ្មីនេះពិត ជាបានទទួល ផលប្រយោជន៍ ខ្លាំងណាស់មើលទៅឬមួយប្រាក់បាំងភ្នែក ជិតងងិតមើលបទល្មើស លែងឃើញបែប នេះម្យ៉ាងវិញទៀត លោកប្រធានគំរោងឡើងកាន់តំណែង យ៉ាងខ្លឹមនេះជាមួយលោក ស្វាយ វណ្ណា ប្រធានក្រុមល្បាត គ្រប់គ្រងកម្លាំងអាវុធហត្ថ នៅស្នាក់ការនេះ មានដឹងខ្លួនខ្លះទេថា តើការបណ្ដែតបណ្ដោយ បែបនេះត្រឹមត្រូវឬមួយយ៉ាងណា?

ការអនុវត្តបែបអសមត្ថភាពយ៉ាងហ្នឹង គឺបាននិងកំពុងផ្ទុយទៅ និងការហាមប្រាម របស់នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជាយ៉ាងពិតប្រាកដ ។ ទាក់ទងទៅនិងការចោទប្រកាន់ដ៍ធ្ងន់ធ្ងរ នៅករណីនេះ អ្នក ឆ្លើយឆ្លងព័ត៌មានប្រចាំខេត្ត បានព្យាយាមចង់សុំការពន្យល់ ផ្ទាល់ឬក៍តាមរយៈទូរសព្ទ័ពីលោក មាគ វុឌ្ធី ប្រធាន គំរោងឡើងកាន់តំណែងថ្មីនេះដែរ ប៉ុន្តែពុំស្គាល់លេខទូរសព្ទ័របស់គាត់។

លោក ស្វាយ វណ្ណា ប្រធានក្រុមល្បាតគ្រប់គ្រងកម្លាំងអាវុធហត្ថ នៅស្នាក់ការអភិរក្សជីវៈចំរុះសីមា ដែលជាស្នាក់ធំ នៅស្រុកកែវសីមា លោកតែងតែឆ្លើយថាជាប់រវល់រួចបិទទូរសព្ទ័ ៕

នាយទាហាន ពលទាហាន សឹករងកោះកុង ចំនួន២០រូប ស្ម័គ្រចិត្ដផ្ដល់ឈាម ជូនអតីត នាយទាហានខេត្ដ

0
0

កោះកុង៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៤  នាយទាហាន ទាហានរង និង ពលទាហាន ជាសិក្ខាកាមសិក្សាក្នុង ប្រតិបត្ដិការណ៍ សឹករងកោះកុង ចំនួន ២០រូប បានស្ម័គ្រចិត្ដ ធ្វើការបរិច្ចាគឈាម ដើម្បីជួយដល់ លោក អ៊ុំម្នាក់ ឈ្មោះ ម៉ាក់ វិញ ភេទ ប្រុស  ដែលមានទីលំនៅនៅភូមិ១ ជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្ដកោះកុង  ដែលជាអតីត យោធា ខេត្ដកោះកុង ។ ក្រោមការដឹកនាំ ដោយលោក វរៈសេនីយ៍ឯក មុន មែន មេបញ្ជាការរង និង ជាគ្រូយោធាចារ្យគ្រប់គ្រង រួមនិង យុវជនស្ម័គ្រចិត្ដ ជាសិក្ខាកាមចំនួន២០រូប ។

នៅក្នុងការធ្វើតេស្ត ដើម្បីធ្វើការបរិច្ចាគឈាម នៅថ្ងៃនេះយុវជនជាយោធពល បានសំដែងទឹកមុខញញឹមរីករាយ ថា  ពួកគាត់ទាំងអស់គ្នា មកនេះគឺដើម្បីធ្វើការបរិច្ចាគឈាម ជូនលោកអ៊ុំឈ្មោះ ម៉ាក់ វិញ គាត់ ជានាយទាហាន ជើងចាស់ម្នាក់ ដែលធ្លាប់ឆ្លងកាត់នៅ បទពិសោធន៏ជាច្រើនដំណាក់កាល។ តែពេលនេះគាត់ មានវ័យចាស់ជរា ហើយ តែពួកគាត់ជានាយទាហានជំនាន់ក្រោយនៅតែគោរពជានិច្ច តែនៅពេលនេះគាត់បានជួបនៅកង្វះឈាម ទើបសិក្ខាកាមចំនួន២០រូប បានមកមន្ទីរពេទ្យបង្អែកខេត្ដ ដើម្បីធ្វើការបរិច្ចាគឈាម ជួយគាត់វិញព្រោះគាត់ ជួយជាតិច្រើនណាស់ក្នុងការពារទឹកដី។  ហើយការមកធ្វើការបរិច្ចាគឈាមថ្ងៃនេះ ក៏មានការចង្អុលបង្ហាញ និងដឹកផ្ទាល់ពីលោក យន្ដ មីន មេបញ្ជាការ តំបន់ប្រតិបត្ដិការណ៏សឹកកោះកុង ដែលលោកបានណែនាំ ពីការតស៊ូរបស់អតីត នាយទាហានជើងចាស់រូបនេះផងដែរ។

លោក វរសេនីយ៏ឯក មុន មែន បានមានប្រសាសន៏ថា  នៅក្នុងនាយទាហាន ទាហានរង និងពលទាហាន ជាសិក្ខាកាមនៃប្រតិបត្ដិការណ៏សឹករងកោះកុង ដែលមកធ្វើការបរិច្ចាគឈាម ដើម្បីជូន អតីតយោធាខេត្ដ ដែលគាត់ ស្ថិតនៅការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ដ ដោយអាការៈកង្វះឈាមនោះ ហើយយុវជន យើងទាំង២០រូបបានធ្វើការបរិច្ចាគឈាម បានចំនួន១០ផ្លោក មាន ឈាមប្រភេទ អូ ៦ផ្លោក ប្រភេទ អា ៣ ផ្លោក ប្រភេទ អាបេ១ផ្លោក នេះជាការធ្វើតេស្តយុវជនចំនួន១០រូប ហើយ១០រូបទៀតមានឈាមជាប្រភេទ បេ មិនអាទទួល យកបានព្រោះខុសពី ប្រភេទឈាមដែលគាត់ទទួលយក។ 

លោកបានបន្ដថា លោកសប្បាយចិត្ដខ្លាំងដោយមើលឃើញនូវនាយទាហានទាហានរង និងពលទាហានទាំង ដែលស្ម័គ្រចិត្ដមកធ្វើការបរិច្ចាគឈាម ដើម្បីជួយដល់អតីតៈនាយទាហាន ខេត្ដម្នាក់ នេះពិតជាកូនខ្មែរជួយ ខ្មែរមែន៕

លោកលី ធុជ នាំអំណោយ ចែកជូន ប្រជាពលរដ្ឋ រងគ្រោះដោយសារ ទឹកជំនន់ នៅស្រុកលំផាត់ ជាង១០០គ្រួសារ

0
0

រតនគិរីៈទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មនិងជាអនុប្រធានទី២ នៃគណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ លោកលី ធុជ បានដឹកនាំក្រុមការងារ  ចុះចែកអំណោយជូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ មកពីឃុំចំនួន២  នៅស្រុកលំផាត់ខេត្តរតនៈគិរី នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៤ នេះ ក្រោយពីប្រជាពល រដ្ឋរងគ្រោះដោយសារទឹកជំនន់ នាពេលកន្លងទៅថ្មីៗនេះ។

នៅចំពោះមុខប្រជាពលរដ្ឋជាង១០០គ្រួសារ មកពីឃុំចំនួន២ ក្នុងស្រុកលំផាត់ នេះ លោកលី ធុជ ដែល ជា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយ ខេត្តរតនៈគិរីផងនោះបានលើកឡើងអំពីផលប៉ះពាល់ទាំងឡាយ ដែលបណ្តាលមកពីគ្រោះទឹកជំនន់ នៅតាមបណ្តាលខេត្តមួយចំនួន ធ្វើឲ្យបំផ្លាញហេដ្ឋារចនា សម្ព័ន្ធ ផ្ទះសំបែង ផលដំណាំ និងរងផលប៉ះពាល់ដល់អាយុជីវិត។ ហើយនៅក្នុងនោះ បងប្អូនដែលរស់នៅ ក្នុងស្រុកលំផាត់  ខេត្តរតនៈគិរី បានទទួលរងផលប៉ះពាល់គ្រោះធម្មជាតិមួយនេះផងដែរ ។

លោក លី ធុជ បានបន្ថែមថា ដោយមើលឃើញពីផលប៉ះពាល់ដោយសារគ្រោះធម្មជាតិខាងលើនេះ រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ និងថ្នាក់ដឹកនាំតាមក្រសួងស្ថាប័ន ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធបាន បញ្ចេញប្រត្តិបតិការណ៍ជាបន្តបន្ទាប់ ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់ និងនាំអំណោយចែកជួនពួកគាត់ជាបន្តបន្ទាប់រហូតមកដល់ពេលនេះ។ ជាក់ស្តែង រហូតមកដល់ពេលនេះលោកបានអំណោយជាគ្រឿងឧបភោគ បរិភោគមួយចំនួន មកចែកជួនប្រជាពលរដ្ឋ ដើម្បីជួយកាត់បន្ថយការខ្វះខាតមួយរយៈពេល។

លោកបានបញ្ជាក់ថា ក្រោយពីទទួលរងផលប៉ះពាល់ទាំងនេះ គឺសម្តេចតេជោ ហ៊ុន សែន បានណែនាំ ឲ្យ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចុះជួយប្រជាពលរដ្ឋដែលរងគ្រោះនៅក្នុងតំបន់ហ្នឹងជាបន្តបន្ទាប់ ធ្វើយ៉ាងណា មិនពួកគាត់ជួបបញ្ហានោះទេ។

ជាចុងក្រោយលោក លី  ធុជ  បានណែនាំឲ្យអាជ្ញាធរ ក៏ដូចជាមន្ត្រីពាក់ព័ន្ធនៅក្នុងខេត្តរតនគិរី បន្តការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋដែល រងគ្រោះដោយសារទឹកជំនន់ ហើយប្រជាពលរដ្ឋ ខ្លួនឯងក៏ត្រូវថែទាំសុខភាព  ក៏ដូចជាមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិមួយនេះ ជាពិសេស គឺក្មេងៗ៕

ឆ្លងចរន្តភ្លើង ឆេះបំផ្លាញផ្ទះ ចំនួន២ខ្នង នៅស្រុកបាធាយ

0
0

កំពង់ចាម ៖ កាលពីព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ មានគ្រោះអគ្គីភ័យ នៅភូមិ-ឃុំ- ស្រុកបាធាយ ខេត្តកំពង់ចាម បានបណ្តាលឱ្យ ឆេះផ្ទះចំនួន2ខ្នង បេតុងក្រោម ឈើលើ ប្រក់ក្បឿង ទំហំ 8គុណ12ម៉ែត្រ របស់ឈ្មោះ យិម សាវ៉ាត ប្រពន្ធ ឈ្មោះ ផ្លូច គាំ ដែលបណ្តាលមកពី ឆ្លងចរន្តអគ្គីសនី ។

មន្រ្តីនគរបាល ស្រុកបាធាយ បានថ្លែងថា ក្រោយទទួលបាន ព័ត៌មានភ្លាមភ្លាមៗ លោកឧត្តមសេនីយ៍ស្នងការ បាន បញ្ជាឲ្យ កម្លាំងនគរបាល និងរថយន្តពន្លត់3គ្រឿង ចេញអន្តរាគមន៍ ដោយប្រើទឹកអស់4រថយន្ត ហើយពុំបណ្តាលឱ្យ រាលដល់ផ្ទះអ្នកដ៍ទៃឡើយ។

យ៉ាងណាក៏ដោយ មិនទាន់ដឹងអំពី ទំហំនៃការខូចខាតនោះឡើយ៕

លោក លី ធុជ និងសហការី ចុះសម្របសម្រួល ដោះស្រាយ ករណីម្ចាស់ដី ធ្វើរបងបិទ ផ្លូវលំ មិនឲ្យធ្វើដំណើរ

0
0

រតនគិរី ៖ លោកទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារ ថ្នាក់ជាតិចុះជួយ ខេត្តរតនគិរី និងសហការី នៅរសៀលថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ នេះបានអញ្ជើញ ចុះមកធ្វើការដោះស្រាយ សម្របសម្រួល ជាមួយបងប្អូន ប្រជាពលរដ្ឋ ជាង២០គ្រួសារ ស្ថិត ក្នុងអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ដែលមានទំនាស់ ជាមួយម្ចាស់ដី ដែលបានធ្វើ របងបិទផ្លូវលំមិនឲ្យ ធ្វើដំណើរឆ្លងកាត់។

គួរបញ្ជាក់ ផងដែរថា ដីដែលមាន ទំនាស់អស់ រយៈពេលជិត១ឆ្នាំ ដោះស្រាយមិនចេញ ចាប់តាំងពីថ្នាក់មូលដ្ឋាន រហូតបានប្តឹងផ្តល់គ្នា ឡើង ដល់តុលាការទៀត នៅតែមិនអាចដោះស្រាយ បញ្ចប់រឿង ។

ប៉ុន្តែនៅពេល ចុះត្រួតពិនិត្យដោះស្រាយ សម្របសម្រួល គេពុំឃើញមានវត្តមាន ម្ចាស់ដី លោក ហេង ប៊ុនធឿន ចូលរួមនោះទេ មានតែភាគីខាងបងប្អូន ប្រជាពលរដ្ឋ។

បើតាមការបញ្ជាក់ពី បងប្អូន ប្រជាពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ដីនេះ ដំបូងឡើយមានផ្លូវលំ ចូលក្នុង ភូមិមានទំហំ៦ម៉ែត្រ ដែលអាចបើក រថយន្តទៅមកបាន តែដល់ពេល ឈ្មោះ ហេង ប៊ុនធឿន បានទិញពី ឈ្មោះ តាន់ សុឃីត បានធ្វើ របងបិទផ្លូវលំ មិនឲ្យ ប្រជាពលរដ្ឋ ឆ្លងកាត់ទៅមកបាន ។

ជាមួយគ្នានេះ ប្រជាពលរដ្ឋ ជាង២០គ្រួសារ បានប្តឹងទៅអាជ្ញាធរ មូលដ្ឋាន រហូតដល់ខេត្តដើម្បីសុំបើកផ្លូវលំ នេះឡើងវិញ តែការដោះស្រាយ អស់រយៈពេលជិត១ឆ្នាំ កន្លងមកហើយ នៅតែដោះស្រាយ មិនចេញទៀត ។

ទើបនៅពេលនេះ ពួកគាត់ ជាង២០គ្រួសារ សូមឲ្យលោកទេសរដ្ឋមន្ត្រី លី ធុជ ជួយអន្តរាគមន៍ ដោះស្រាយដើម្បីឲ្យម្ចាស់ដី ឈ្មោះ ហេង ប៊ុនធឿន បើកផ្លូវលំ នេះចេញ-ចូល ធម្មតាឡើងវិញ។

ក្នុងការចុះត្រួតពិនិត្យ ជាក់ស្តែងនោះដែរ លោក ទេសរដ្ឋមន្ត្រី លី ធុជ បានជម្រុញឲ្យ អាជ្ញាធរ ក្រុងបានលុង ដោះស្រាយជូន ប្រជាពលរដ្ឋក្រៅ ប្រព័ន្ធតុលាការ ពោលគឺជម្រុញឲ្យ អាជ្ញាធរក្រុងបានលុង ទៅជួបចរចារ ជាមួយលោក ហេង ប៊ុនធឿន (ម្ចាស់ដី)។

ដោយឡែក អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ប្រាប់ លោកទេសរដ្ឋមន្ត្រី លី ធុជ ថា ពិតជាមានផ្លូវលំ ចេញ ចូល តាំងពីឆ្នាំ១៩៨០មកម្ល៉េះ៕

Viewing all 8042 articles
Browse latest View live




Latest Images