Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ជិះម៉ូតូជ្រុល ទៅបុករថយន្ត សាំយ៉ុង ពីក្រោយរងរបួស បាក់ជើង

$
0
0

ភ្នំពេញ ៖ បុរសម្នាក់រងរបួស បាក់ជើងខាងស្តាំខ្ទេច ត្រូវបានក្រុមសង្រ្គោះ របស់អង្គភាព ៧១១ សង្រ្គោះ អាយុជីវិត បន្ទាប់ពីជិះម៉ូតូជ្រុលទៅបុក ពីក្រោយរថយន្ត ទួរីស ខណៈដែលអ្នកបើកបររថយន្ត រវល់តែ និយាយទូរស័ព្ទ ។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១២និង៣០នាទីរសៀល ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ៕


នគរបាល នាយកដ្ឋាន ព្រហ្មទណ្ឌបញ្ជូន ចោរឆក់សកម្ម ៥នាក់ ទៅតុលាការ

$
0
0

ភ្នំពេញ ៖ មន្ត្រីនគរបាល នាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃអាទិត្យ ទី០៧ ខែកញ្ញា ឆ្នាំ២០១៤ នេះ បានបញ្ជូនជនសង្ស័យចំនួន ៥នាក់ ក្នុងនោះស្រីម្នាក់ ដែលជាប្រពន្ធ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ ក្រោយពីចាប់ខ្លួនបានជាបន្តបន្ទាប់ កាលពីយប់ថ្ងៃសុក្រ ចុងសប្តាហ៍កន្លងទៅនេះ ពាក់ព័ន្ធ ទៅនឹងសកម្មភាពឆក់ បូកជាមួយការប្រើប្រាស់គ្រឿងញៀន ដែលធ្លាប់ធ្វើសកម្មភាពច្រើនលើក ក្នុងរាជធានី ភ្នំពេញ ។

អនុប្រធាននាយកដ្ឋាន ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ ង៉េង ជួរ បានឲ្យដឹងថា ជនសង្ស័យ ទាំង៥នាក់នេះ ត្រូវបានកម្លាំងនគរបាលរបស់លោកចាប់ខ្លួនជាបន្តបន្ទាប់ រហូតដល់ពេលដែលពួកគេ កំពុងស្នាក់នៅ ក្នុងផ្ទះសំណាក់មួយ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីយប់ថ្ងៃសុក្រកន្លងទៅនេះ ពាក់ព័ន្ធទៅនឹងសកម្មភាពឆក់ដ៏សកម្មនាពេលកន្លងទៅ ។

បើតាមលោក ង៉េង ជួរ ជនសង្ស័យទាំងនេះ បានធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ កាលពីប៉ុន្មានថ្ងៃ មុន បានជិត១ម៉ឺនដុល្លារ មុនពេលដែលត្រូវចាប់ខ្លួន ៕

អនុរដ្ឋមន្ត្រី ក្រសួងធនធានមនុស្ស និងសន្តិសុខសង្គមចិន មកទស្សនកិច្ច នៅកម្ពុជា

$
0
0

ភ្នំពេញ៖ លោក ស៊ីន ចាងស៊ីង អនុរដ្ឋមន្ត្រីក្រសួងធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋ ប្រជាមានិតចិន បានដឹកនាំគណៈប្រតិភូមួយក្រុម មកដល់ប្រទេសកម្ពុជា រសៀលថ្ងៃទី ០៧ ខែកញ្ញា ឆ្នាំ២០១៤នេះ ដើម្បីធ្វើទស្សនកិច្ច រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១០ខែកញ្ញា ឆ្នាំ២០១៤។

បើតាមប្រភពពីមន្រ្តីក្រសួងការងារ ដែលធ្វើទទួលស្វាគមន៍ លោក ចាងស៊ីង បានឱ្យដឹងថា ដំណើរទស្សនកិច្ច របស់អនុរដ្ឋមន្រ្តីចិនរូបនេះ គឺដើម្បី ពិនិត្យមើលវឌ្ឍនភាពរបស់គម្រោង សហប្រតិបត្តិការ South-South Cooperation Project និងជំរុញកិច្ចសហប្រតិបត្តិការរួមគ្នារវាងភាគីពាក់ព័ន្ធនានា ក្នុងការធ្វើឲ្យវិស័យការងារ នៅកម្ពុជា មានភាពប្រសើរឡើង។

គម្រោងសហប្រតិបត្តិការ South-South Cooperation Projectត្រូវបានចុះអនុស្សារណៈ នៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយគណៈកម្មាធិការជាតិ បណ្តុះបណ្តាល និងអង្គការអន្តរជាតិខាងការងារ (ILO) នាថ្ងៃទី១៦ ខែមករា ឆ្នាំ ២០១៤។

ចំពោះភាគីដែលទទួលអនុវត្តរួម ក្នុងសកម្មភាពនេះ គឺមានការចូលរួមពី ទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តំណាងនិយោជក និងសហជីព និង ក្នុងករណីចាំបាច់ ក៏អាចមានអង្គការមិនមែនរដ្ឋាភិបាល ចូលរួមផងដែរ។

សូមបញ្ជាក់ថា ក្រៅពីទៅទស្សនា នៅព្រះបរមរាជវាំង លោកចាងស៊ីង ក៏នឹងជួបជាមួយលោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងទស្សនកិច្ច នៅមជ្ឈមណ្ឌល របស់ទីភ្នាក់ងារជាតិ មុខរបរ និងការងារផងដែរ ៕

សង្ស័យគំនុំចាស់ កាប់ជនរងគ្រោះ ២ពូថៅ ត្រូវ អ.ហ ឃាត់ខ្លួន

$
0
0

កំពត៖ កងរាជឣាវុធហត្ថ ក្រុងកំពត ធ្វើការឃាត់ខ្លួន ជនដៃដល់ម្នាក់ បានកាប់ទៅលើបុរសម្នាក់ ចំនួន២ពូថៅ របួសធ្ងន់ នៅវេលាម៉ោង១២និង២០នាទី ថ្ងៃត្រង់ ទី០៧ ខែវិច្ឆការ ឆ្នាំ២០១៤ ត្រង់ចំណុចចំការ ឣ៉ឹង លីសៀង ស្ថិតក្នុងភមិឣូរតូច សង្កាត់ឣណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត។

ជនរងគ្រោះ ដែលត្រូវគេកាប់ មានឈ្មោះ ឈិន ចំរើន ភេទប្រុស ឣាយុ ៣៥ឆ្នាំ មានស្រុកនៅភូមិជុំគ្រៀល ឃុំ ជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ជាកម្មករចាំចំការឲ្យលោក ឣ៉ឹង លីសៀង បច្ចុប្បន្នស្នាក់នៅ កន្លែងហេតុ ខាងលើ។ រីឯជនដៃដល់ឈ្មោះ ពៅ សារឿង ភេទប្រុស ឣាយុ ៥៩ឆ្នាំ មានស្រុករស់នៅភូមិខ្នាចខាងជើង ឃុំ បឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ បច្ចុប្បន្នចាំចំការឲ្យឈ្មោះពៅ សំឣាត ហៅ ស៊ែម ត្រង់ចំណុចកើតហេតុដែរ។

រវាងជនរងគ្រោះ និងជនដៃដល់ កើតសកម្មភាពឈានទៅដល់ការកាប់គ្នាយ៉ាងដូច្នេះ សង្ស័យរឿងគំនុំចាស់។បច្ចុប្បន្ន កងរាជឣាវុធហត្ថក្រុង កំពុងសាកសួរ ដើម្បីចាត់ការទៅតាមនិតិវិធីច្បាប់៕

ការតម្រង់ទិស យុវជនក្រោយ បញ្ចប់មធ្យមសិក្សា ទុតិយភូមិ

$
0
0

ភ្នំពេញ ដោយមើលឃើញ នូវបញ្ហាប្រឈមជាច្រើន ដែលយុវជនកំពុងតែ ជួបប្រទះសព្វថ្ងៃដូចជា ការជ្រើសរើសជំនាញសិក្សា ក្រោយពីបញ្ចប់ការសិក្សា នៅកម្រិតមធ្យមសិក្សា ដោយមិនមានមូលដ្ឋាន ច្បាស់លាស់ ការបាត់បង់នូវក្ដីសង្ឃឹម និងសេចក្ដីក្លាហាន ក្នុងការបន្តដំណើរជីវិត ទៅថ្ងៃអនាគត ខ្វះការត្រៀម លក្ខណៈគ្រប់គ្រាន់ សម្រាប់ប្រកួតប្រជែងការងារ ក្នុងទីផ្សារសេដ្ឋកិច្ចតំបន់អាស៊ាន ឆ្នាំ២០១៥ ជាដើម សមាគម HOH ជួយស្រុកកំណើតយើង បានរៀបចំវេទិកាសាធារណៈនេះឡើង ដើម្បីរួមចូលចែករំលែក នូវចំណេះដឹង បទពិសោធន៍ ភាពជោគជ័យ ពិសេសគឺក្នុងគោលបំណងជួយតម្រង់ទិស យុវជនកម្ពុជា ដែលទើបតែបញ្ចប់ថ្នាក់ មធ្យមសិក្សាទុតិយភូមិ កន្លងទៅថ្មីៗនេះ។

លោកស្រី ប៉ែន បុប្ផា ប្រធានសមាគម HOH ជួយស្រុកកំណើតយើង បានឲ្យដឹងដែរថាជារួមគឺសិក្ខាសាលា ដែលរៀបចំឡើងនៅថ្ងៃនេះ ផ្តោតយកចិត្តទុកដាក់យ៉ាងសំខាន់លើ យុវជនពីព្រោះ យុវជនជាបុគ្គលប្រកប ដោយសក្ដានុពលដ៏ធំធេង ទាំងកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី យុវជន គឺជាគ្រាប់ពេជ្រដ៏មានតម្លៃដែល មិនអាច កាត់ថ្លៃបាន តែរង់ចាំការកែច្នៃ និងការតម្រង់ទិសឱ្យបានត្រឹមត្រូវ ហើយយុវជនគឺជាទំពាំងស្នងឫស្សី ជា កម្លាំងស្នូលសម្រាប់បន្តវេន”។

សិក្ខាសាលាយុវជនថ្នាក់ជាតិ លើកទី៨ ស្ដីពីការតម្រង់ទិសយុវជន ក្រោយបញ្ចប់ថ្នាក់ មធ្យមសិក្សាទុតិយភូមិ មានរយៈពេលមួយថ្ងៃពេញ គឺនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៤ ទៅវិទ្យាស្ថានជាតិអប់រំ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព របស់លោក ហ៊ុន ម៉ាណែត ។

ឆ្លៀតក្នុងឱកាសនេះដែរ លោក ហ៊ុន ម៉ាណែត បានមានប្រសាន៍ ឲ្យដឹងដែរថា “ខ្ញុំសូមចូលរួមអបអរសាទរ ចំពោះប្អូនៗដែលបានជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ហើយក៏សូមចូលរួមសោកស្តាយ ចំពោះប្អូនៗ ដែលមិនទាន់បានជាប់ ប៉ុន្តែប្អូននៅមានឱកាសប្រឡងជាលើកទី២ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៤ ខាង មុខនេះ។ ហើយថ្ងៃនេះជាឱកាសល្អណាស់ ដែលសមាគម HOH ជួយស្រុកកំណើតយើង បានរៀបចំ សិក្ខាសាលាតម្រង់ទិសនេះឡើង ដើម្បីលើកទឹកចិត្តប្អូនៗឱ្យមានសង្ឃឹម ហើយខំប្រឹងប្រែងតទៅ មុខទៀត។”

យុវសិស្សដែលទើបតែប្រឡងជាប់ សញ្ញាបត្រទុតិយភូមិកន្លងទៅថ្មីៗនេះ យុវសិស្ស ជា ថាវរៈ បានបង្ហាញពី ចំណាប់អារម្មណ៍ផ្ទាល់ បន្ទាប់ពីបានចូលរួមវេទិកាតម្រង់ទិសនេះថា លោកពិតជាទទួលបានចំណេះដឹងថ្មីៗ ជាច្រើន នៅពេលបានចូលក្នុងវេទិកានេះ ដោយវាគ្មិនម្នាក់ៗពិតជាពោរពេញទៅដោយបទពិសោធន៍ និងភាពជោគជ័យជាច្រើនក្នុងជីវិត។ យុវសិស្ស ជា ថាវរៈ បានបញ្ជាក់ផងដែរ៖ “វេទិកានេះល្អណាស់ វាពិតជា ធ្វើឲ្យខ្ញុំស្គាល់ខ្លួនឯងរឹតច្បាស់ជាងមុន ហើយពិសេសវាបានជួយខ្ញុំ ក្នុងការជ្រើសរើសមុខវិជ្ជារៀនបន្ត និងការសំលឹងមើលទីផ្សារការងារបន្ទាប់ពីរៀនចប់” ។

គួរបញ្ជាក់ផងដែរថា វេទិកានេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ បន្ទាប់ពីការប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ។ ហើយវេទិកាតម្រង់ទិសលើកទី៧ បានរៀបចំឡើងកាលពីឆ្នាំមុន នៅទីក្រុងរណបកោះពេជ្រ ដោយមានអ្នកចូលរួមជាង ៣.០០០នាក់។ ជាងនេះទៅទៀត វេទិកាតម្រង់ទិសលើកទី៨ របស់ សមាគម HOH ជួយស្រុកកំណើតយើង នេះ រៀបចំបានដោយមានការគាំទ្រពីក្រសួងអប់រំយុវជន និងកីឡា ឯកភាព ដោយសាលារាជធានីភ្នំពេញ និងឧត្ថម្ភធំដោយ ថ្នាំពណ៌ជាតិ Cam Paint រួមជាមួយដៃគូ សហការឧបត្ថម្ភ ដោយរោងពុម្ព គីម សួគ៌ ក៏ដូចជាសប្បុរសជនជាច្រើនរូប ផ្សេងទៀតផងដែរ ៕

ដំណើរ ទស្សនកិច្ចសិក្សា និងការងារ មនុស្សធម៌របស់ សាលារៀន ខេមអេលីត

$
0
0

ភ្នំពេញ ៖ កាលពីថ្ងៃសៅរ៍ ទី០៥ ខែកញ្ញា ឆ្នាំ២០១៤ សាលារៀន ខេមអេលីត បានរៀបចំឱ្យមានដំណើរ ទស្សនកិច្ចសិក្សា និងមនុស្សធម៌ ឆ្ពោះទៅកាន់រមណីយដ្ឋាន ភ្នំកំពង់ត្រាច ខេត្តកំពត ដោយមានការចូលរួម ពីសំណាក់សិស្សានុសិស្ស បុគ្គលិកសិក្សា ចំនួន ១៣៥នាក់ ក្នុងគោលបំណង ស្វែងយល់ពី ទីតាំងភូមិសាស្ត្រ វប្បធម៌ និងចែករំលែកសម្ភារៈសិក្សា ដល់សិស្សានុសិស្ស ដែលកំពុងជួបការខ្វះខាត ។

លោក ហេង រដ្ឋា នាយកសាលារៀន ខេមអេលីត បានបញ្ជាក់ថា គោលបំណងដែលសាលារៀន រៀបចំឱ្យ មានដំណើរទស្សនកិច្ចសិក្សានេះ គឺដើម្បីឱ្យសិស្សគ្រប់រូប មានឱកាសបានសិក្សាបន្ថែម លើទីតាំងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ វប្បធម៌ ជំនឿរបស់បុព្វបុរសខ្មែរ និងបង្កភាពសប្បាយរីករាយ រឹតចំណងមិត្តភាព សាមគ្គីភាព រវាងសិស្ស គ្រូបង្រៀន បុគ្គលិកសិក្សា នឹងសហគមន៍ ។

លោក ហេង រដ្ឋា បានបន្ថែមទៀតថា ជានិច្ចកាលសាលារៀន ខេមអេលីត តែងតែព្យាយាម តម្រង់ទិស សិស្សានុសិស្សគ្រប់រូប ឱ្យមានសីលធម៌រស់នៅល្អ មានមនុស្សធម៌ និងចេះចែករំលែក។

តួយ៉ាងដោយមានការចូលរួម ពីសំណាក់សិស្ស និសិ្សត បុគ្គលិក គ្រូបង្រៀន សាស្ត្រាចារ្យ របស់សាលារៀន ខេមអេលីត អង្គការអាស៊ី អឺរ៉ុប សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប សាលារៀន ខេមអេលីត បានទទួលជំនួយ សប្បុរសធម៌ជាទឹកប្រាក់ និងសម្ភារៈសិក្សាមួយចំនួន ដើម្បីចែកជូនប្អូនៗ សិស្សានុសិស្សនៅសាលាបឋម និងអនុវិទ្យាល័យ ឧត្តមមានជ័យ ដែលមានទីតាំង ស្ថិតនៅស្រុកកំពង់ត្រាច ខេត្តកំពត ។

សាលារៀន ខេមអេលីត បានបែងចែកជំនួយ សប្បុរសទាំងអស់ ជូនសិស្សានុសិស្សចំនួន ២០០នាក់ និងបាន ប្រគល់ជូនសម្ភារៈ ផ្គត់ផ្គង់ដល់ការបង្រៀន ជាច្រើនទៀត ដូចជា សៀវភៅចំនួន ៥០០ក្បាល ប៊ិច ៥០០ដើម វចនានុក្រមសម្តេច ជួនណាត ២ក្បាល កុំព្យូទ័រចំនួន ២គ្រឿង ម៉ាស៊ីនព្រីនធ័រចំនួន១គ្រឿង និងទឹកប្រាក់ មួយចំនួនទៀត សម្រាប់អភិវឌ្ឍសាលា។ សាលារៀន ខេមអេលីត ក៏បានដាំកូនឈើចំនួន ១០ដើម ជានិមិត្តរូប នៃការអភិរក្សព្រៃឈើខ្មែរផងដែរ។

សូមបញ្ជាក់ថា សាលារៀន ខេមអេលីត គឺជាសាខាមួយទៀត របស់សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដែលមាន បណ្តុះបណ្តាលលើបួនកម្មវិធី ដូចជា ចំណេះទូទៅភាសាខ្មែរ ពីកម្រិតមត្តេយ្យដល់ថ្នាក់ទី១២ ភាសាអង់គ្លេស សម្រាប់កុមារពីអាយុ ២ឆ្នាំកន្លះឡើងទៅ ភាសាអង់គ្លេសសិស្សធំ (ថ្នាក់ពេញម៉ោង និងក្រៅម៉ោង) ភាសាអង់ គ្លេស-ចិន (មត្តេយ្យ និងសិស្សធំ) សិក្សាជាមួយ គ្រូបរទេសជនជាតិដើម ។

ដើម្បីអបអរការបើកឱ្យ ដំណើរការសាលារៀន ខេមអេលីតសាខាទេពផន សាលារៀន ខេមអេលីត សូមប្រកាស ផ្តល់អាហារូបករណ៍ចំណេះទូទៅខ្មែរ រហូតមួយចប់កម្មវិធីសិក្សា (ទី១ ដល់ទី១២) ៣០% សម្រាប់សិស្សានុសិស្ស ទូទៅ និង៥០% សម្រាប់សិស្សានុសិស្ស ដែលមានចំណាត់ថ្នាក់ពីលេខ១ ដល់លេខ១០ ពីសាលានានា ។

សាលារៀន ខេមអេលីត សាខាទី១ អាសយដ្ឋាន អាគារលេខ ១៦២ABC ផ្លូវលេខ១៤៣ កែងផ្លូវ៣៨៦ សង្កាត់ បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សាខាទី២ អាគារអង្គការអាស៊ីអឺរ៉ុបចាស់ (ផ្លូវឧកញ៉ា ទេព ផន)។

ទូរស័ព្ទលេខៈ ០១០ ៦៦៦ ៨៩៧ ឫ ០២៣ ៦៦៣ ០១០១ Website: thecameliteschool.com ៕

នឹម ថូត៖ អង្គការ យល់ពីកម្ពុជា ជាការរួមចំណែក វិស័យអប់រំ នៅកម្ពុជា

$
0
0

ភ្នំពេញ ៖ អង្គការយល់ពីកម្ពុជា បានសម្ភោធអគារគម្រោង ឧត្តមសិក្សាមួយដើម្បី ផ្តល់ការស្នាក់នៅ និង ផ្តល់អហារូបករណ៍ ដល់និស្សិតក្រីក្រ នៅកម្ពុជានៅព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅ ភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

អគារនោះមានកម្ពស់ ៤ជាន់ សម្រាប់ទទួលនិស្សិតក្រីក្រ នៅកម្ពុជា និងផ្តល់អាហារូបករណ៍ ដល់ពួកគេឲ្យ ចូលសិក្សាថ្នាក់ឧត្តម ពិសេសដល់កុមារកំព្រា និងមានជីវភាពក្រីក្រ ។

លោក នឹម ថូត រដ្ឋលេខាធិការក្រសួង សង្គមកិច្ចអតីតយុទ្ធជន និង យុវនីតិសម្បទា ដែលបានចូលរួម សម្ពោធ អគារគម្រោងឧត្តមសិក្សា របស់អង្គការយល់ពីកម្ពុជា បានថ្លែងថា ការផ្តល់កន្លែងស្នាក់នៅ អាហារ និង ថ្លៃសិក្សាដល់និស្សិតក្រីក្រកម្ពុជា គឺជាការួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់វិស័យអប់រំ នៅកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ខណៈដែលពួកគេជាសិស្សក្រីក្រ មកពីបណ្តាខេត្ត និងគ្មានលទ្ធភាព បន្តការ សិក្សាដល់ថ្នាក់ឧត្តមសិក្សា ។

លោកថា “នេះជាការួមចំណែកជាមួយរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយការអប់រំដល់និស្សិតកម្ពុជា” ។
អគាររបស់អង្គការយល់ពីកម្ពុជា ដែលមានទីតាំងនៅភូមិតាងៅក្រោម សង្កាត់និរោធ ខណ្ឌច្បារអំពៅ បច្ចុប្បន្នទទួល បាននិស្សិតក្រីក្រចំនួន ២០នាក់ ដែលតាមគម្រោងជ្រើសរើស ផ្តល់និស្សិត ៨០នាក់ ៕

លោក ស៊ុយ សែម អញ្ជើញប្រគល់ អគារសិក្សាតម្លៃជិត ៧ម៉ឺនដុល្លារ ជូនកូនអ្នកស្រុក បាកាន

$
0
0

ពោធិ៍សាត់៖ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអញ្ជើញប្រគល់អគារសិក្សាមួយខ្នង ៦បន្ទប់ តម្លៃជិត ៧ម៉ឺនដុល្លារជូនកូនចៅប្រជាពលរដ្ឋនៅក្នុងឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់ ដើម្បីទទួលយកការ អប់រំ ពង្រីកចំណេះដឹងឲ្យបានកាន់តែល្អប្រសើរថែមទៀត។

សាលារៀនថ្នាលបណ្តុះនូវចំណេះដឹងដ៏ថ្មីសន្លាង ជាចំណងដៃថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបានកាត់ខ្សែបូរសម្ពោធឲ្យប្រើប្រាស់នាព្រឹកថ្ងៃអាទិត្យ ទី០៧ ខែកញ្ញា ឆ្នាំ២០១៤នេះ ដើម្បីត្រៀមទទួល សិស្សានុសិស្សក្នុងបវេសនកាលថ្មី ដែលនឹងឈានមកដល់នាពេលខាងមុខឆាប់ៗនេះ។

នៅក្នុងពិធីសម្ពោធអគារសិក្សាក្រោមអធិបតីភាព លោក ស៊ុយ សែម ដែលជាប្រធានក្រុមការងារចុះជួយខេត្ត ពោធិ៍សាត់ ក៏មានការអញ្ជើញចូលរួមពីអភិបាលខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សនុ សិស្ស មាតា បិតា និងប្រជាពលរដ្ឋប្រមាណ ១.៣០០នាក់។

លោករដ្ឋមន្ត្រី ស៊ុយ សែម នៅចំពោះមុខមន្រ្តីថ្នាក់ដឹកនាំ មន្រ្តីរាជការ និងប្រជាពលរដ្ឋខេត្តពោធិ៍សាត់ បាននាំ យកនូវក្តីនឹករលឹកពីប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ជូនដល់ប្រជាពលរដ្ឋ។ ព្រមទាំងបានលើកឡើងបង្ហាញពីកិច្ច ខិតខំរបស់ប្រមុខរាជរដ្ឋាភិបាល ពិសេសសម្តេចតេជោ ហ៊ុន សែន ក្នុងការដោះស្រាយបញ្ហាជាតិ ក្រោយការបោះ ឆ្នោតនាពេលកន្លងមក ដើម្បីរក្សាបាននូវស្ថេរភាព និងសណ្តាប់ធ្នាប់សង្គម។

លោករដ្ឋមន្ត្រី ស៊ុន សែម បានបញ្ជាក់ទៀតថា ការរីកចម្រើន និងភាពសុខដុមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ន កើតចេញពីសន្តិភាព ដែលប្រជាពលរដ្ឋទាំងអស់ត្រូវចេះរក្សានូវសន្តិភាព ដែលខ្លួនកំពុងទទួលបាននេះ។ « យើង មានការអភិវឌ្ឍដូចសព្វថ្ងៃ ដោយសារមានសន្តិភាព និងគតិបណ្ឌិតរបស់ថ្នាក់ដឹកនាំ ដូចនេះសូមបងប្អូនរួមគ្នាចូល រួមថែរក្សាសន្តិភាពទាំងអស់គ្នា»។

លោក ស៊ុយ សែម ក៏បានផ្តាំផ្ញើឲ្យសិស្សានុសិស្សទាំងអស់ខិតខំរៀនសូត្រ ដើម្បីអនាគតរៀងៗខ្លួន និងចូលរួម ចំណែកអភិវឌ្ឍប្រទេសបន្តវេនពីចាស់ៗ។

បន្ទាប់ពីបញ្ចប់កិច្ចសំណេះសំណាល លោករដ្ឋមន្រ្តី ក៏បានចែកសិស្សានុសិស្ស ២៥០នាក់ក្នុងម្នាក់ៗ សៀវភៅ ៣ក្បាល ប៊ិក ១ ដើមថវិកា ៥.០០០រៀល ប្រជាពលរដ្ឋចូលរួម ៨៥០នាក់ ពលរដ្ឋម្នាក់ទទួលបានសារុង១។ លោក ស៊ុយ សែម ក៏បានផ្តល់កុំព្យូទ័រ ២គ្រឿង ម៉ាស៊ីនព្រីនធ័រ ២គ្រឿង ដល់សាលា និងប្រគេនបច្ច័យកសាងវត្ត ខ្នាចរមាស ២ លានរៀលផងដែរ។

សូមបញ្ជាក់ថា អគារសិក្សា ១ខ្នង ដែលបើកសម្ពោធដាក់ឲ្យប្រើប្រើសនាព្រឹកមិញនេះ ចំណាយថវិកាសាងសង់ អស់ចំនួន ៦៩.៩៩៨ដុល្លារ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និង សម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ក្នុងឱកាស ដែល សម្តេច អញ្ជើញជាអធិបតីសម្ពោធស្ពានថ្មពីរកន្លែង និងសមិទ្ឋិផលនានា ក្នុងខេត្តពោធិ៍សាត់ កាលពីឆ្នាំ២០១៣ កន្លងទៅ ហើយទទួលសាងសង់ដោយលោក ស៊ុយ សែម និង លោកស្រី ជា ខេង៕


មេដឹកនាំកំពូលអ៊ីរ៉ង់ ចូលវះកាត់ ក្រពេញប្រូស្តាត

$
0
0

តេហេរ៉ង់៖ មេដឹកនាំជាន់ខ្ពស់នៃរដ្ឋឥស្លាមអ៊ីរ៉ង់ លោក អាយ៉ាតូឡាហ៍ អាលី ខាមេណៃ បាន សម្រេចជោគជ័យក្នុងការវះ កាត់ព្យាបាលក្រពេញប្រូស្តាត នៅឯមន្ទីរពេទ្យរដ្ឋធានីតេហេរ៉ង់ ហើយ នាថ្ងៃចន្ទ ទី០៨ ខែកញ្ញា ឆ្នាំ២០១៤។ នេះបើតាមការផ្សាយពីសារព័ត៌មានរដ្ឋ IRNA។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានដកស្រង់ពីសារព័ត៌មានអ៊ីរ៉ង់ ផងដែរថា ការវះកាត់ ក្រពេញ ប្រូស្តាតនោះ ត្រូវបានមន្ទីរពេទ្យប្រកាសថា បានសម្រេចជោគជ័យ បន្ទាប់ពីបញ្ចប់ការវះកាត់ ភ្លាមៗ ដែលការធ្វើបែបនេះ គឺក្នុងន័យសម្រាល អារម្មណ៍ព្រួយបារម្ភពីសំណាក់មន្ត្រី និង ប្រជាជនអ៊ីរ៉ង់ទាំងឡាយ ដែលមានការព្រួយបារម្ភ ចំពោះមេដឹកនាំកំពូលរបស់ពួកគេ។

កាលពីមុនពេលនៃការវះកាត់នោះ លោក ខាមេណៃ បានថ្លែងប្រាប់អ្នកសារព័ត៌មានថា “នេះ គឺជាការវះកាត់ជាទូទៅធម្មតា ហើយវាគ្មានអ្វីដែលត្រូវបារម្ភនោះទេ។”

គួរបញ្ជាក់ថាលោក ខាមេណៃ វ័យ ៧៥ឆ្នាំ បានឡើងកាន់តំណែងជំនួសបិតាស្ថាបនិក រដ្ឋឥស្លាម លោក អាយ៉ាតូឡាហ៍ រូហ៊ូឡាហ៍ ខូមេនី តាំងពីឆ្នាំ ១៩៨៩ ដោយលោក ដោយលោកមានតួនាទី ជាអ្នកដឹកនាំរដ្ឋ និង ផ្តល់ដំបូន្មានផ្នែកនយោបាយ ដល់ប្រធានាធិបតីអ៊ីរ៉ង់ និង បណ្តាអ្នកនយោបាយផ្សេងៗទៀតក្នុងប្រទេស។ កាលពីឆ្នាំ ២០១២ ទស្សនាវត្តី Forbes បានកត់ត្រារូបលោក ជាមនុស្សដែលមាន អំណាចបំផុតលំដាប់ទី ២១ នៅលើសកលលោក៕

ចូលប្លន់ ផ្ទះដូរលុយ លក់មាស និងលក់ជី នៅស្រុកពារាំង យកអស់ជាច្រើន តែសមត្ថកិច្ច មិនទាន់ជឿ ទំហំនៃការបាត់

$
0
0

-សមត្ថកិច្ច រកឃើញម៉ូតូ២គ្រឿង ដែលក្រុមចោរ ប្លុងចោលនៅ ក្បែរផ្ទះជនរងគ្រោះ

ព្រៃវែង៖ ជនសង្ស័យ ចំនួន៤នាក់ ប្រដាប់ដោយ អាវុធ វែង ខ្លី និងម៉ូតូចំនួន២គ្រឿង បានចូលទៅធ្វើ សកម្មភាពប្លន់ អាជីវករ រកស៊ី ដូរលុយ លក់គ្រឿងអលង្កា និងលក់ជី ស្ថិតនៅ ភូមិព្រៃព្នៅ ឃុំព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង កាលពីវេលា ម៉ោងប្រមាណ ៥៖៣០នាទី ល្ងាចថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤ ដោយជនរងគ្រោះអះអាងថា បានបាត់ម៉ូតូមួយគ្រឿង លុយរៀល លុយបាត និងមាស អស់ជាច្រើន ខណៈសមត្ថកិច្ច មិនទាន់ជឿនៅឡើយ រង់ចាំការ ស្រាវជ្រាវបន្តទៀត។

ស្នងការរង នគរបាល ខេត្តព្រៃវែង លោកឧត្តមសេនីយ៍ សេង សុភក្រ្ត ដែលចុះទៅកាន់ កន្លែងកើតហេតុ ក្រោយមានសកម្មភាពប្លន់រយះជាង៤០នាទី បានថ្លែងថា ក្រុមចោរប្លន់ មានចំនួន៤នាក់ ជិះម៉ូតូចំនួន២គ្រឿងនិងមានអាវុធ ក្នុងដៃ ចំនួន៣ដើម (កាំភ្លើងខ្លី២ដើម និងកាំភ្លើងអាកា១ដើម) បានចូលទៅភ្ជង់ បុរសជាប្តី អាយុ៥៥ឆ្នាំ ក្នុងផ្ទះវីឡាមួយ នៅភូមិព្រៃព្នៅ ខណៈស្រ្តីជាប្រពន្ធ កំពុងដុតសំរាម នៅក្រោយផ្ទះ។

លោក សេង សុភក្រ្ត ក្រោយដកស្រង់សំដីរបស់ជនរងគ្រោះមកបន្តទៀតថា នៅពេលក្រុមចោរ ទាំងនេះចូលទៅភ្ជង់នោះ ពួកវាបានសម្លុត ទៅជនរងគ្រោះឲ្យប្រមូល លុយដុល្លារ និងគ្រឿងអលង្កា ព្រមទាំងទ្រព្យសម្បត្តិ ប្រគល់ទៅពួកវា តែជនរងគ្រោះឆ្លើយថាមានតែលុយខ្មែរ ។

លោកស្នងការរង បានបន្តថា នៅពេលនោះ ដោយភ័យខ្លាំងពេក និងត្រូវក្រុមចោរ វាយផងនោះ ជនរងគ្រោះ ក៏បានប្រមូលទ្រព្យសម្បត្តិ ទាំងលុយដុល្លារ លុយរៀល លុយបាត និងគ្រឿងអលង្កា យកទៅឲ្យពួកវាដើម្បីរួចផុតពីសេចក្តីស្លាប់ ។

បើតាមលោក សេង សុភក្រ្ត ជនរងគ្រោះប្រាប់ថា ទ្រព្យសម្បត្តិដែលបាត់បង់នោះ រួមមាន លុយខ្មែរជិត៥០០លានរៀល លុយបាត២លានបាត មាស៣០តម្លឹង លុយដុល្លារចំនួន៥០០០ដុល្លារ និងម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០១១ មួយគ្រឿងទៀតផង ដោយសារតែ ជនសង្ស័យបានទុកម៉ូតូម៉ាក ស៊ីរូស កញ្ចាស់របស់ពួកគេនៅទីនោះ។

លោក សេង សុភក្រ្ត មិនទាន់ជឿទាំងស្រុង នូវការលើកឡើងរបស់ជនរងគ្រោះថា បានបាត់ទ្រព្យសម្បត្តិ ដែលមានទំហំដ៏ច្រើនបែបនេះឡើយ ពីព្រោះនៅមានចំណុចសង្ស័យ មួយចំនួនទៀត ដែលតម្រូវឲ្យសមត្ថកិច្ច របស់លោក បាននិងកំពុងធ្វើការស្រាវជ្រាវបន្តទៀត។

លោកថា ចំពោះករណីនេះ ជនរងគ្រោះហាក់បីដូចជា មិនសូវសហការជាមួយ សមត្ថកិច្ចទៀតផង ខណៈពីដំបូង សមត្ថកិច្ចមូលដ្ឋាន ជនរងគ្រោះមិនព្រមជួបនោះឡើយ។

បើតាមលោក សេង សុភក្រ្ត សកម្មភាពប្លន់នេះ បានកើតឡើងខណៈជនរងគ្រោះ នៅតែ២នាក់ ប្តីប្រពន្ធ ហើយផ្ទះប្រជាពលរដ្ឋ ផ្សេងទៀតបានបិទទ្វារអស់ហើយនោះ។

យ៉ាងណាក៏ដោយ ជនរងគ្រោះបានរួចផុតពីសេចក្តីស្លាប់ ដោយសារតែលោកចោរប្លន់ទាំងនោះ មិនបានបាញ់ ពោលគ្រាន់តែភ្ជង់ និងសម្លុត វាយបន្តិចបន្តួចតែប៉ុណ្ណោះ។

យោងតាម ប្រភពព័ត៌មានពី សមត្ថកិច្ច រហូតមកដល់ រសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤ ជនសង្ស័យទាំង៤នាក់ ពុំទាន់ត្រូវ បានចាប់ខ្លួននៅឡើយទេ ហើយសមត្ថកិច្ចក៏ មិនទាន់អាចធ្វើ ការសន្និដ្ឋាន ដើម្បីកំណត់ អត្ដសញ្ញាណ នោះឡើយ ក៏ព្រោះតែជនរង គ្រោះ មិនបានចូលរួម សហការពេញដៃពេញជើង ប្រាប់ពីភិនភាគ ក្រុមចោរទាំងនោះជូន ដល់សមត្ថកិច្ច ។

លោកឧត្ដមសេនីយ៍ សេង សុភក្ដ្រ បានបញ្ជាក់នៅ រសៀលថ្ងៃទី៨ ខែកញ្ញាថា បើទោះបីកម្លាំងសមត្ថកិច្ច ទាំងក្រសួងមហាផ្ទៃ និងខេត្ដព្រៃវែង ព្រមទាំង សមត្ថកិច្ចពាក់ព័ន្ធ ដូចជា អាវុធហត្ថ រួមសហការគ្នា មិនទាន់បាន ចាប់ខ្លួនក្រុមចោរប្លន់ ទាំងនេះក៏ដោយ ប៉ុន្ដែសមត្ថកិច្ច បាននឹងកំពុងខិតខំប្រឹងប្រែងធ្វើការ ស្រាវជ្រាវ ដើម្បីតាម ប្រមាញ់ពួកគេ ។

លោក សេង សុភក្ដ្រ បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ច របស់លោកបាន រកឃើញ ម៉ូតូពីរគ្រឿង ដែលក្រុមចោរ បន្សល់ទុកនៅ តាមផ្លូវ ក្រោយពីពួកគេបាន ធ្វើសកម្មភាព និងរត់គេច ខ្លួននោះ ដែលមួយគ្រឿង ជារបស់ ជនរងគ្រោះ ម៉ាកសេ១២៥ ស៊េរី ឆ្នាំ២០១១ និងម៉ូតូគ្រឿងទៀត ម៉ាកស៊ីរូស ជាកម្មសិទ្ធ របស់ពួកគេ ។

ជុំវិញសកម្មភាព ប្លន់ខាងលើនេះ លោកឧត្ដមសេនីយ៍ បានបង្ហាញពីការលំបាកនូវការ មិនចូលរួមសហការ របស់ជនរងគ្រោះ ដែល ជាម្ចាស់ផ្ទះ ហើយការរៀបរាប់ពីជនរងគ្រោះ នៅមានចំណុច សង្ស័យ ហើយប្រាប់មិនអស់ទៀតផង ។ លោកបន្ដថា ក្រោយការសួរនាំ រហូតមក ដល់ព្រឹកថ្ងៃទី៨ ខែកញ្ញានោះ ជនរងគ្រោះ បានអះអាងថា ជំពាក់លុយ ក្រុមហ៊ុនចំនួន ៤០ម៉ឺនដុល្លារ ។

ប៉ុន្ដែជនរងគ្រោះហាក់បីដូចជាលាក់លៀម ហើយនៅ ក្រោយកើតហេតុ ភ្លាមៗនោះ មិនឱ្យសមត្ថកិច្ច ចូលផ្ទះរបស់ ពួកគាត់ ហើយថែមទាំង ជេរប្រមាថកាត ទានមកលើសមត្ថកិច្ច ទៀតផង លុះព្រឹកឡើង ទើបអនុញ្ញាតឱ្យសមត្ថកិច្ច ប៉ុន្ដែរើស មុខ ចូលទៅសួរនៅក្នុងផ្ទះរបស់គាត់ ។

លោក សេង សុភក្ដ្រ បានបញ្ជាក់ថា ជន រងគ្រោះជាប្ដីឈ្មោះ កែ រិទ្ធ អាយុ៥៥ឆ្នាំ រីឯ ប្រពន្ធឈ្មោះ ឈាង វណ្ណី អាយុ៥០ឆ្នាំ ពួកគេ មានកូន៣នាក់ កូនពីរនាក់ មករៀននៅភ្នំពេញ រីឯកូនម្នាក់ទៀត ទៅរៀននៅទីរួមខេត្ដព្រៃ វៃង ដូច្នេះរាល់ថ្ងៃពួកគេរស់នៅតែពីរ នាក់ប្ដី ប្រពន្ធប៉ុណ្ណោះ៕

ចោរលួចម៉ូតូ ស្ទើភ្លើង រងគ្រោះដោយសារ ស្នាដៃជនបរទេស

$
0
0

ភ្នំពេញ៖ សេចក្តីរាយការណ៍ នៅម៉ោងប្រមាណ២ និង៤៥ នាទី រសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤ នេះបានឲ្យ ដឹងថា បុរសម្នាក់ត្រូវ បានជនបរទេសវាយ និងកាបូបយួរ ធ្លាក់ពីលើម៉ូតូ ខណៈកំពុងលួចម៉ូតូស្រ្តី ពីហាងបាន ប្រមាណម៉ែត្រ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅម៉ោង២ និង៤៥ នាទីរសៀលនេះ ស្រ្តីម្នាក់ឈ្មោះ ម៉េង សុខលាភ អាយុ៣៤ ឆ្នាំ ដែលរស់នៅសង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ បានជិះម៉ូតូម៉ាកគុបជ្រុង៧០ ពណ៌ទឹកប៊ិច ពាក់ ស្លាកលេខ ដ-២៦៩១-ភព១ យកសំលៀកបំពាក់ មកដាក់នៅហាងនៅ ម្តុំផ្លូវលេខ២៧៨ សង្កាត់ទទួលទំពូង១ ខណ្ឌចំការមន។ សាក្សីបានបន្តទៀតថា ខណៈឈប់មុខហាង ទីតាំងលេខ១៣ នោះ ស្ត្រីម្ចាស់ម៉ូតូបានយក ឥវ៉ាន់ ទៅទុកក្នុងហាង ដោយបញ្ឆេះម៉ូតូចោល ក្រោយពីទុកឥវ៉ាន់ លើតុរួចក៏ក្រលែកមកវិញ ឃើញបុរស ម្នាក់ជិះម៉ូតូ គាត់ចេញទៅ ភ្លាមនោះក៏បានស្រេកថាចោរៗ ធ្វើឲ្យជនបរទេស ដែលកំពុងដើរតាមផ្លូវបានឮ ហើយឃើញគាត់ ក៏វាយចោរនោះនិងកាបូបដាក់កុំព្យូទ័រ លេបថបរបស់គាត់ធ្វើឲ្យ ជនសង្ស័យដួលធ្លាក់ពីលើម៉ូតូ ហើយប្រជាពលរដ្ឋ ក៏បាននាំគ្នាព័ទ្ធចាប់ បញ្ជូនមកឲ្យសមត្ថកិច្ច។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សេង ពិសិដ្ឋ អាយុ៣០ ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ បឹងទំពុន ខណ្ឌមានជ័យ ដោយឡែកជនបរទេស ដែលជាអ្នកវាយបុរសនោះឲ្យធ្លាក់ ពីលើម៉ូតូក្រោយកើត ហេតុ គាត់ក៏បាន ធ្វើដំណើរទៅបាត់ដោយពុំមានសាក្សី ណាម្នាក់អាចបញ្ជាក់អំពី អត្តសញ្ញាណថាជាជនជាតិអ្វីនោះទេ ៕

Photo by DAP-News

ប្រជាពលរដ្ឋ ចង់ឲ្យមន្រ្តីពន្ធដារ បង្ហាញចំណូល បានមកពី សេវាទូរទស្សន៍ ខ្សែកាប្លិ៍

$
0
0

ភ្នំពេញ ៖ ដោយសារតែ ប្រជាពលរដ្ឋ បច្ចុប្បន្ន ជាពិសេស អ្នករស់នៅ ក្នុងរាជធានី ភ្នំពេញ និងទីប្រជុំជន មានជីវភាព កាន់តែប្រសើរឡើង នាំឲ្យពួកគាត់ មានលទ្ធភាព ទិញសម្ភារះ ប្រើប្រាស់ ជាច្រើន ប្រចាំខ្លួន អ្នកខ្លះមាន រថយន្ត អ្នកខ្លះមានម៉ូតូ ព្រមទាំងសម្ភារះ បំពាក់ នៅក្នុងផ្ទះ ជាច្រើនទៀតផង។

ជាមួយគ្នានេះ បើតាមការអង្កេត ជាក់ស្តែង នៅតាមផ្ទះរបស់ ប្រជាពលរដ្ឋ ទូទាំង រាជធានីភ្នំពេញ និងទីប្រជុំជន ព្រមទាំងទីជនបទនោះ គ្មានផ្ទះ ណាមួយ ដែលមិនមាន ទូរទស្សន៍មើល នោះឡើយ ។

មានទូរទស្សន៍ហើយ ថែមទាំងមាន លទ្ធភាព ឲ្យក្រុមហ៊ុន ទូរទស្សន៍ឯកជន ប៉ុស្តិ៍ខ្សែកាប្លិ៍ តបណ្តាញខ្សែកាប្លិ៍ ដើម្បីអាច មើលបានគ្រប់ប៉ុស្តិ៍ ទៀតផង ទាំងជាតិ និងអន្តរជាតិ ដោយបង់មួយខែ ចន្លោះពី៥ ទៅ១០ ដុល្លារ ។

សម្រាប់នៅ រាជធានីភ្នំពេញ ត្រូវបានគេប៉ាន់ស្មាន់ថា មានអ្នកប្រើ ទូរទស្សន៍ខ្សែកាប្លិ៍ រាប់ម៉ឺនគ្រួសារ ដូច្នេះ ចំណូលដែលបានមកពី ការបម្រើសេវាមួយនេះ ក្នុងមួយខែៗ មួយឆ្នាំៗ មិនតិចនោះឡើយ ប៉ុន្តែទន្ទឹមនឹង ការបង់សេវាជូននោះ ប្រជាពលរដ្ឋ ចង់ឲ្យថ្នាក់ដឹកនាំ នៅអគ្គនាយកដ្ឋាន ពន្ធដារបង្ហាញ ពីការបង់ពន្ធ របស់ក្រុមហ៊ុន ទូរទស្សន៍ ខ្សែកាប្លិ៍ ចូលរដ្ឋ តើក្នុងមួយឆ្នាំៗ មានទំហំទឹកប្រាក់ប៉ុន្មាន?

ប្រជាពលរដ្ឋ មួយរូប រស់នៅក្នុង រាជធានីភ្នំពេញ ដែលបានបង់សេវា ទូរទស្សន៍ ខ្សែកាប្លិ៍ ត្រូវបង់ ចំនួន១០ដុល្លារ ក្នុងមួយខែនោះ បានបង្ហាញចម្ងល់ថា តើរដ្ឋបានទទួលចំណូល ពីការបង់ពន្ធ របស់ក្រុមហ៊ុន ទូរទស្សន៍ ឯកជនមួយនេះ បានប៉ុន្មានក្នុងមួយខែ ឫក្នុង មួយឆ្នាំ?

ពីព្រោះបើគិតពីចំណូល ប្រចាំខែវិញ គឺមិនតិចនោះឡើយ បើគេគិតថា អ្នកប្រើ ទូរទស្សន៍ ខ្សែកាប្លិ៍ ២ម៉ឺននាក់ ហើយត្រូវបង់១០ដុល្លារក្នុងមួយខែ នោះតើចំណូលប្រចាំខែ មានទំហំប៉ុន្មាន? នេះមិនទាន់គិតទាំងការបង់សេវា ថ្លៃតម្លើងម្តងៗ នៅពេល ប្រើជាលើកដំបូង ។

ប្រជាពលរដ្ឋរូបនេះ បានបង្ហាញយោបល់ថា សូមកុំឲ្យមន្រ្តី ទៅគៀបសង្កត់ ពីអ្នកតូចតាច តែសម្រាប់ ក្រុមហ៊ុនធំៗ និងឈ្មួញធំៗ មិនឃើញ មានការរិតបន្តឹងនោះ ៕

កម្ពុជា ស្នើឱ្យចិន ជួយបង្កើត មជ្ឈមណ្ឌលការងារ ឱ្យបានទូទាំងប្រទេស

$
0
0

ភ្នំពេញ ៖ ក្រសួងការងាររបស់កម្ពុជា បានស្នើឱ្យរដ្ឋាភិបាលចិន ជួយផ្តល់ជំនួយបន្ថែម សម្រាប់បង្កើត មជ្ឈមណ្ឌលការងារថ្មីចំនួន ១៨ កន្លែង ឱ្យបានគ្របដណ្តប់គ្របរាជធានី-ខេត្ត ដើម្បីផ្តល់ភាពងាយ ស្រួល ក្នុងការផ្តល់សេវាកម្ម រកការងារធ្វើជូនប្រជាពលរដ្ឋតាមជនបទ កាន់តែទូលំទូលាយឡើង ។

សំណើនេះ បានលើកឡើង ដោយលោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាល វិជ្ជា ជីវៈ ក្នុងជំនួបជាមួយលោក ស៊ិន ចាងស៊ីង (Xin ChangXing) អនុរដ្ឋមន្រ្តី ក្រសួងធនធានមនុស្ស និង សន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នៅទីស្តីការក្រសួងការងារ នាព្រឹកថ្ងៃចន្ទ ទី៨ ខែ សីហា នេះ ស្របពេលដែល លោកចាងស៊ីង បានធ្វើទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅកម្ពុជា ដើម្បីត្រួត ពិនិត្យ លើកគម្រោង សហប្រតិបត្តិការ ILOChina South-South ស្តីពី “ការពង្រីកសេវា ការងារ និង លើកកម្ពស់ព័តមាន ទីផ្សារការងារនៅកម្ពុជា” ។

បើតាមផ្តល់ដំណឹង ដោយលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមសារអេឡិចត្រូនិកមួយនៅថ្ងៃនេះ បានឱ្យដឹងថា ក្នុងជំនួបនេះ លោក អ៊ិត សំហេង រដ្ឋមន្រ្តី ក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានស្នើសុំតាមរយៈ លោក Xin Chang Xing សុំឱ្យរដ្ឋាភិបាលចិន ជួយបង្កើត មជ្ឈមណ្ឌលការងារចំនួន ១៨បន្ថែមទៀត ដើម្បីផ្សព្វផ្សាយ និងផ្តល់សេវាការងារ ឱ្យបាន គ្រប់ទូទាំង២៥ រាជធានី-ខេត្ត ។

ទន្ទឹមនឹងនេះ លោក អ៉ិត សំហេង ក៏បានស្នើសុំរដ្ឋាភិបាលចិន ពិចារណាផ្តល់នូវជំនួយឥតសំណង ឬ ហិរញ្ញប្បទានអនុគ្រោះដល់កម្ពុជា ដើម្បីមកកសាងជាវិទ្យាស្ថាន បច្ចេកទេស និងពង្រឹងវិស័យ បណ្តុះ បណ្តាលវិជ្ជាជីវៈនៅកម្ពុជាផងដែរ ។

លោក ហុង ជឿន ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារបានឱ្យដឹងថា បច្ចុប្បន្ន ប្រទេសកម្ពុជា មាន មជ្ឈមណ្ឌលការងារ ចំនួន៧កន្លែងរួចហើយ នៅតាមបណ្តារាជធានី-ខេត្ត អាទិភាព របស់កម្ពុជា ក្នុង នោះ មាននៅភ្នំពេញ បាត់ដំបង សៀមរាប ស្វាយរៀង កំពត តាកែវ និងកំពង់ចាមជាដើម ។

លោកបានបន្ថែមថា មជ្ឈមណ្ឌលការងារទាំងនេះ នឹងផ្តល់សេវាប្រឹក្សាការងារ ក៏ដូចជា ជួយស្វែងរក ការងារ ជូនប្រជាពលរដ្ឋ សម្រាប់តែក្នុងប្រទេសប៉ុណ្ណោះ ហើយថា បើសិនជា មានមជ្ឈមណ្ឌល ការ ងារគ្រប់រាជធានី-ខេត្តមែននោះ នឹងជំរុញឱ្យប្រជាពលរដ្ឋ កាន់តែងាយស្រួល ក្នុងការទទួល បានសេវា ការងារថែមទៀត បើទោះបីជាបច្ចុប្បន្ន ការផ្តល់សេវាប្រឹក្សា និងរកការងារធ្វើ បានទៅដល់ ស្រុក-ឃុំ តាមរយៈកិច្ចសហការពីអាជ្ញាធរមូលដ្ឋានក៏ដោយ ។

ទោះជាយ៉ាងណា ខាងភាគីចិនមិនទាន់យល់ព្រមភ្លាមៗ ចំពោះសំណើនេះ នៅឡើយទេ ។ បើតាម លោក ចាងស៊ីង ក្នុងជំនួបនៅព្រឹកមិញ បានអះអាងថា ភាគីចិននឹងទទួលយក សំណើររបស់កម្ពុជា ទៅ សិក្សា ហើយនឹងឆ្លើយតបវិញ ក្នុងពេលឆាប់ៗខាងមុខនេះ ៕

សន្តិសុខផ្សារអូឡាំពិក ចាប់ជនសង្ស័យ លួកកាបូប ប្រជាពលរដ្ឋ ប្រគល់ជូនសមត្ថកិច្ច

$
0
0

ភ្នំពេញ ៖ យុវជនវ័យ ប្រមាណ២០ ឆ្នាំ ម្នាក់ត្រូវបានកម្លាំង សន្តិសុខផ្សារអូរឡាំពិក ធ្វើការឃាត់ ខ្លួនខណៈ កំពុងធ្វើសកម្មភាពបន្លំលួចការបូបលុយពីប្រជាពលរដ្ឋដែលដើរផ្សារ នៅម៉ោង១០ និង២០នាទី ព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតសង្កាត់អូរឡំាពិក ខណ្ឌចំការមន។

សាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា ជនងយុវជនសង្ស័យនោះ ឈ្មោះ ផង់ រ៉ាដែន ភេទប្រុស អាយុ២២ឆ្នាំ ជាជនដែលដែលគ្មានមុខរបរនិងទីន្លែងរស់នៅពិតប្រាកដ។ ជនសង្ស័យរូបនេះក៏ត្រូវ បានសន្តិសុខផ្សារអូរឡាំពិកបញ្ជាក់ថា កន្លងមកធ្លាប់ឃាត់ខ្លួន ប្រគល់ឱ្យសមត្ថកិច្ចម្ដងរួច មកហើយ តែមិនព្រមរៀងចាលរហូត ដល់ថ្ងៃកើតហេតុខាងលើស្រាប់តែលេច មុខជនដដែលទៀត ហើយចូល មកផ្សារអូរឡាំពិកដើម្បីធ្វើសកម្មភាពលួចបន្លំយកកាបូបលុយពីប្រជា ពលរដ្ឋ តែត្រូវឃើញទាន់ ក៏ចាប់ក្របួចជាប់រួមនឹងវត្ថុតាងផងដែរ ។

បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យ ខាងលើនេះគឺគណៈកម្មការផ្សារបាន បញ្ជូនជនសង្ស័យ ទៅកាន់នគរបាលប៉ុស្ដិ៍រដ្ឋបាលអូរឡាំពិកដើម្បីចាត់ការតាមច្បាប់ ។ បច្ចុប្បន្នជនសង្ស័យខាងលើនេះត្រូវ បាននគរបាលប៉ុស្ដិ៍អូរឡាំពិកបញ្ជូនបន្ដ ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌចំការ មនដើម្បីឃុំខ្លួន បណ្ដោះអាសន្ននិងកសាង សំណុំរឿងបញ្ជូនទៅសាលាដំបូង រាជធានីភ្នំពេញចាត់ការតាមនីតិវិធី ៕

អភិបាលខេត្ត បន្តចុះផ្តល់ប័ណ្ណកម្មសិទ្ធដីធ្លី ជូនពលរដ្ឋ នៅស្រុកវាលវែង ចំនួន ២១៦៣គ្រួសារ

$
0
0

 ពោធិ៍សាត់: អភិបាលខេត្តពោធិ៍សាត់ លោក ម៉ៅ ធនិន រួមដំណើរ ដោយលោកវិស្វករចេង ឡៃ ប្រធាន មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ព្រមទាំងមានការចូលរួម ពីសំណាក់លោក ប្រធានមន្ទីរស្ថាប័ននានា ក្នុងខេត្ត លោកអភិបាលស្រុកមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ បានបន្តចុះចែក ប័ណ្ណកម្មសិទ្ធដីធ្លី ជូនប្រជាពលរដ្ឋចំនួន ២១៦៣ គ្រួសារ ស្មើនឹង ៤០៥១ប័ណ្ណ ដោយក្នុងនោះ ប្រជា ពលរដ្ឋ មកពីភូមិស្ទឹងថ្មី ក្នុងឃុំប្រម៉ោយចំនួន ១០៤៨គ្រួសារ ស្មើនឹង ២០៤៤ ប័ណ្ណ និងប្រជាពលរដ្ឋ មកពីភូមិស្រឡាញ់ ឃុំក្រពើរពីរចំនួន ១១១៥គ្រួសារ ស្មើនឹង ២០០៧ ប័ណ្ណ ។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ នៅក្នុងឱកាសនោះ លោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានមាន ប្រសាសន៍ថា ការបន្តផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ជូនបងប្អូនមីងមា នៅពេលនេះ គឺរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ជាងជ័យ សម្តេចតែងតែគិតគូរ និងយកចិត្តទុក ដាក់ អំពីជីវភាពរស់នៅ និងការលំបាកផ្សេងៗ ចំពោះបងប្អូនមីងមា លោកយាយលោកតា គ្រប់កាលៈ ទេសៈ ។ លោកអភិបាលខេត្ត ក៏បានមានប្រសាសន៍បន្តថា ដើម្បីឲ្យបងប្អូនមីងមា លោកយាយ លោក តា ទទួលបានសិទ្ធិគ្រប់គ្រងដីអាស្រ័យផល របស់ខ្លួនពេញលក្ខណៈច្បាប់ត្រឹមត្រូវ តកូនតចៅ ក្នុងការ ប្រកបមុខរបរផ្សេងៗ សម្រាប់ចិញ្ចឹមជីវិតនៅក្នុងគ្រួសារ ។ លោកអភិបាលខេត្ត ក៏បានមានប្រសាសន៍ បន្តថា ការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីនៅថ្ងៃនេះ គឺយើងអនុវត្តតាមគោលនយោបាយចាស់ សកម្មភាពថ្មី លើ វិស័យដីធ្លី និងអនុវត្តតាមបទបញ្ជាលេខ ០១ របស់រាជរដ្ឋាភិបាលកម្ពុជា ៕


មានមតិរិះគន់ច្រើន ទាក់ទិន ឈ្មោះ ថេង បានដើរជមរិតទារប្រាក់ ពីឈ្មួញដឹកឈើ បន្តិចបន្តួច តាម ផ្លូវគោក និងផ្លូវទឹក

$
0
0

កំពង់ចាម ៖ មានការរិះគន់ច្រើន ពីសំណាក់អ្នករកស៊ីដឹកឈើ តាមរ៉ឺមក ក៏ដូចជាខាងសមត្ថកិច្ចថា ឈ្មោះ ថេង ដែលជាភ្នាក់ងារផ្តល់ព័ត៌មាន ឲ្យអ្នកព័ត៌មានទូរទស្សន៍ក្នុងស្រុកមួយ បានយកឥទ្ធិពល ឈ្មោះទូរទស្សន៍នោះ ដើរប្រមូលលុយពីឈ្មួញរកស៊ីដឹកឈើតាមផ្លូវទឹក និងផ្លូវគោក តាមអំពើចិត្ត ក្នុង ខេត្តកំពង់ចាម ពិសេស គឺនៅតាមបណ្តោយដងទន្លេក្នុងស្រុកស្ទឹងត្រង់ និងស្រុកកំពង់សៀម ។ ការរិះ គន់បែបនេះ បានលេចឮ ក្រោយពីមានការបង្ក្រាបទូកដឹកឈើអត់ច្បាប់ ១ គ្រឿង លួចដឹកឈើ ប្រភេទ សសរជ្រុងចំនួន ២២ ដើម នៅចំណុចមាត់ទន្លេ ភូមិរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ ចាម កាលពីម៉ោងជិតភ្លឺ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៤ ។

លោក យឹម អូន មេបញ្ជាការអាវុធហត្ថ ស្រុកកំពង់សៀម បានប្រាប់ឲ្យដឹងថា ខណៈដែលលោកចុះ បង្ក្រាបទូកឈើនោះ ភ្លាមៗ លោក បានទទួលព័ត៌មានពីម្ចាស់ទូកថា គេបានប្រាប់ឲ្យឈ្មោះ ថេង ជាអ្នក រត់ការ ។ លោក យឹម អូន បានឲ្យដឹងបន្ថែមថា កន្លងទៅ ស្ទើរតែគ្រប់ទូកដឹក គ្រួសារដែលមានបង្កប់ ឈើតិចតួចនៅបាតទូក ដឹកពីខេត្តក្រចេះ មកខេត្តកំពង់ចាម ឈ្មោះ ថេង នោះ តែងតែទំនាក់ទំនងបង្ខំ ឲ្យម្ចាស់ទូក បង់លុយឲ្យខ្លួនរត់ការ បើមិនដូច្នោះទេ ឈ្មោះ ថេង គម្រាមថតចុះផ្សាយលើទូរទស្សន៍ និង លើទំព័រកាសែត ។ ដូច្នេះ ម្ចាស់ទូក មានការខ្លាចផង ទើបបង់លុយឲ្យឈ្មោះ ថេង រត់ការ ហើយលុយ ដែលទទួលបានមិនដឹងថា ឈ្មោះ ថេង យកទៅរត់ការឲ្យអ្នកណានោះទេ ។

ជាមួយគ្នានេះដែរ ឈ្មោះ ស្នា ដែលជាឈ្មួញ រកស៊ីដឹកឈើតាមរ៉ឺម៉ក បន្តិចបន្តួច បានរៀបរាប់ប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា កន្លងទៅថ្មីៗនេះ នៅពេលដែលខ្លួន ដឹកឈើ ពីស្រុកស្ទឹងត្រង់ យកមកលក់ឲ្យតាមដេប៉ូ នៅស្រុកកំពង់សៀម ឈ្មោះ ថេង តែងតែទៅឃាត់រ៉ឺម៉ក ដោយមិនបាន បញ្ជាក់ថា ខ្លួនជាសមត្ថកិច្ចខាងណានោះទេ ហើយបានទារឲ្យរូបគាត់បង់លុយ ក្នុងរ៉ឺមកដឹកឈើ១គ្រឿង ៣ម៉ឺនរៀល ដើម្បីយកទៅឲ្យសមត្ថកិច្ចពាក់ព័ន្ធ ។ ឈ្មោះ ស្នា បានឲ្យដឹងទៀតថា ដោយការភ័យខ្លាច គាត់បានបង់លុយឲ្យឈ្មោះ ថេង គ្រប់ជើង ប៉ុន្តែ ក្រោយមកគាត់បានដឹងថា លុយទាំងអស់ ឈ្មោះ ថេង មិនបានយកទៅឲ្យសមត្ថកិច្ចណាទេ គឺយកដាក់ហោប៉ៅរបស់ខ្លួនឯងប៉ុណ្ណោះ ទើបគាត់សុំឲ្យឈ្មោះ ថេង ជួយបន្ធូបន្ថយលុយខ្លះ ប៉ុន្តែឈ្មោះ ថេង មិនព្រម និងបានគម្រាមគាត់ថា បើដឹកឈើទៀត ឈ្មោះ ថេង និងចាប់រ៉ឺម៉ករបស់គាត់ ទើបរយៈពេលប៉ុន្មានថ្ងៃនេះ គាត់មិនហ៊ានដឹកឈើទៅលក់ឲ្យដេប៉ូទៀតទេ ។ ឈ្មោះ ស្នា ក៏បានឲ្យដឹងទៀតថា រ៉ឺម៉កដឹកឈើ គ្នាគាត់មាន ៣គ្រឿង ហើយពេលដឹកឈើមកលក់ម្តងៗ ត្រូវបង់លុយឲ្យឈ្មោះ ថេង ចំនួន៩ ម៉ឺនរៀល ។ជាងនេះទៅទៀតនោះ ប្រភពដដែលនេះ បាន បង្ហើបឲ្យដឹងថា ឈ្មោះ ថេង បានដើរប្រមូលលុយពីអ្នករកស៊ីដឹកឈើជាច្រើនទៀត នៅក្នុងទឹកដីស្រុក ស្ទឹងត្រង់  ដោយមិនដឹងថា ឈ្មោះ ថេង មានតួនាទីជាអ្វីនោះទេ គ្រាន់តែដឹងថា ជាបណ្តាញយកព័ត៌ មានឲ្យអ្នកព័ត៌មានទូរទស្សន៍ក្នុងស្រុកមួយតែប៉ុណ្ណោះ ។ យ៉ាងណាក៏ដោយទាក់ទិនទៅនឹងការរិះគន់ ឈ្មោះ ថេង ចំៗខាងលើនោះ នៅល្ងាចថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់អាចរកការបំភ្លឺពីឈ្មោះ ថេង នោះបានទេ ៕

ប្រកែកគ្នា រឿងភ្នាល់បាល់ ទះបន្តិចបន្តួច ដេញកាប់គ្នា ដូចរឿងហុងកុង

$
0
0

ព្រះសីហនុ៖ បុរសម្នាក់សំណាងល្អ រួចផុតពីការស្លាប់ គ្រាន់តែរងរបួសមធ្យម បន្ទាប់ពីទាស់ពាក្យសម្តី ជាមួយអ្នកបើក រថយន្តដឹកទំនិញ ឲ្យគេដូចគ្នាដេញកាប់ប្រហារ ដូចក្នុងរឿងហុងកុង ។ សមត្ថកិច្ចឃុំកែវផុស បានប្រាប់ឲ្យដឹងថា ហេតុការណ៍ នេះកើតឡើង នៅថ្ងែទី០៨ ខែកញ្ញា ឆ្នាំ២០១៤ វេលាម៉ោង ១៣ និង៣០នាទីនៅចំនុចមុខកំពង់ផែកែវផុស ស្ថិតក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ  ដែលបង្កឡើងដោយជនល្មើសចំនួន២នាក់ មានឈ្មោះ មាស សុនិត ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ បើកបររថយន្ត និងឈ្មោះ សុង បូអី អាយុ ១៩ឆ្នាំ មុខរបរព្រូរថយន្ត ចំណែកជនរងគ្រោះមានឈ្មោះ សោ សន ភេទ ប្រុស អាយុ ៣៤ឆ្នាំ មុខរបរបើកបររថយន្ត រស់នៅភូមិឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ រងរបួសស្មារដេរអស់ ៧ថ្នេរ និងបែក ឆ្អឹងប្រអប់ដៃ ។

ប្រភពពីជនរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគេបានទៅមើលគេលែងបាល់ទះមួយកន្លែង នៅមុខកំពង់ផែ កែវផុស ហើយក៏បានទាស់សម្តី ជាមួយជនល្មើស រួចឈានទៅ ដល់ការវាយទៅវាយមក។ បន្ទាប់មកក៏បែកគ្នារៀងៗខ្លួន ហើយក៏ឮជនល្មើស បានបោះពាក្យសម្តីថា មិនឲ្យរួចខ្លួនទេ ប៉ុន្តែខ្លួនមិនចាប់អារម្មណ៍ ក៏ឡើងរថយន្ត ជិះចូលទៅក្នុងកំពង់ផែ ជាមួយគ្នាម្នាក់ទៀត ជាអ្នកបើក ក៏ត្រូវជនល្មើសចំនួន២នាក់ ជិះម៉ូតូមកស្កាត់ពីមុខរថយន្ត ភ្លាមនោះ ខ្លួនក៏ប្រាប់អ្នកបើក រថយន្ត ឲ្យបើកគេចម៉ូតូ បន្តដំណើដំណើទៅមុខទៀត លុះដល់កន្លែងចត ក៏បើកទ្វាររថយន្តចេញមក ក៏ត្រូវជនល្មើស ទាំងពីរនាក់ ម្នាក់កាន់ដាវសាមូរៃ និងម្នាក់ទៀត កាន់ដំបងដេញកាប់យ៉ាងសាហាវជាទីបំផុត ដូចក្នុងរឿងកុនចិនហុងកុង បណ្តាលឲ្យរងរបួសដៃ ហើយជនល្មើស ក៏ត្រូវបាននគរបាលអន្តោប្រវេសន៍ ប្រចាំការក្នុងកំពង់ផែជួយចាប់ ម្ល៉េះខ្លួន មិនដឹងទៅជាយ៉ាងណានោះទេ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរ កំពុងត្រូវបាននគរបាលឃុំកែវផុស កសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់អធិកាដ្ឋាន និង ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបញ្ជូនបន្តទៅសាលាដំបូង ខេត្តព្រះសីហនុ វិនិច្ឆ័យទោសទៅតាមច្បាប់ ៕

សប្បុរសជន កូរ៉េផ្តល់ម៉ាស៊ីន កុំព្យូទ័រចំនួន ១២គ្រឿង ដល់អគ្គលេខាដ្ឋាន អាជ្ញាធរជាតិអាវុធគីមី

$
0
0

ភ្នំពេញ ៖ ដោយមានការសម្របសម្រួល និងការធ្វើទំនាក់ទំនងល្អ រវាងឧត្តមសេនីយ៍ឯក បណ្ឌិត ហេង វុទ្ធី អគ្គលេខាធិការរង អាជ្ញាធរជាតិអាវុធគីមី ក្រសួងការពារជាតិកម្ពុជា ជាមួយសប្បរសជនកូរ៉េ នៅព្រឹក ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៤ សមាគមសង្គ្រោះគ្រោះមហន្តរាយ នៃសាធារណរដ្ឋកូរ៉េ បានប្រគល់ម៉ាស៊ីន កុំព្យូទ័រចំនួន ១២គ្រឿង ម៉ាស៊ីនព្រីនធ័រ ៧គ្រឿង ម៉ាស៊ីន Photo Copy ខ្នាតធំ ១គ្រឿង និង ម៉ាស៊ីន ចម្រោះទឹកស្អាត ៥ គ្រឿង ជូនដល់អគ្គលេខាដ្ឋាន អាជ្ញាធរជាតិអាវុធគីមី ។

ការផ្តល់ជូនសម្រាប់ប្រើប្រាស់ការងារជំនាញ ក្នុងអង្គភាព ក្នុងពេលដែល អគ្គលេខាដ្ឋាន អាជ្ញាធរជាតិ អាវុធគីមី បានទទួលនូវអគារការិយាល័យថ្មី ដែលទើបសាងសង់រួច តែពុំទាន់មានគ្រឿងបំពាក់ គ្រប់ គ្រាន់សម្រាប់បំពេញការងារនោះ ។

ឧត្តមសេនីយ៍ឯក បណ្ឌិត ហេង វុទ្ធី បានចាត់ទុកការផ្តល់សម្ភារៈ ការិយាល័យរបស់សប្បុរសជនកូរ៉េជូន ដល់អគ្គលេខាដ្ឋានអាជ្ញាធរជាតិអាវុធគីមី ក្រសួងការពារជាតិកម្ពុជានាពេលនេះ ស្របពេលដែលអង្គ ភាពកំពុងតែមានតម្រូវការចាំបាច់នូវសម្ភារៈទាំងនេះ ក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានវិទ្យា និង ធន ធានមនុស្ស ដើម្បីយកមកអនុវត្ត ការងារឲ្យសមស្រប តាមសម័យកាល នៃសាកលភាវូបនីកម្ម កុំព្យូទ័រ ពិភពលោក និងសមាហរណកម្មសេដ្ឋកិច្ចអាស៊ានក្នុងឆ្នាំ ២០១៥ ខាងមុខ ។ ក្នុងឱកាសនោះ លោក Cho Sung Lae ប្រធានសមាគមសង្គ្រោះគ្រោះមហន្តរាយ នៃសាធារណរដ្ឋកូរ៉េវិញបានមានប្រសាសន៍ ថា ការប្រគល់អំណោយនេះ សម្រាប់ឲ្យអគ្គលេខាដ្ឋានអាជ្ញាធរជាតិ អាវុធគីមីបម្រើការងារ ក្នុងអង្គភាព ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព តាមវិជ្ជាជីវៈ ។ ចំណែកឯនាយឧត្តមសេនីយ៍ ជ័យ សុន អគ្គលេខាធិការ អាជ្ញាធរជាតិអាវុធគីមីវិញ បានថ្លែងអំណរគុណដល់សប្បុរសជនកូរ៉េ ហើយបានចាត់ ទុកថា នេះមិនមែនជាលើកទីមួយទេ ដែលសប្បុរសជនកូរ៉េ តាមរយៈ ឧត្តមសេនីយ៍ឯក បណ្ឌិត ហេង វុទ្ធី បាននាំយកនូវសម្ភារៈមកផ្តល់ជូនដល់ អគ្គលេខាដ្ឋានអាជ្ញាធរជាតិអាវុធគីមី ដែលអំណោយទាំងនេះ បានបំពេញតម្រូវការចាំបាច់របស់អង្គភាព ប្រកបដោយប្រសិទ្ធភាព ៕

មេជាងសំណង់ បើកលុយយកពីចិន ២០០០ដុល្លារ គេចខ្លួនបាត់ កម្មករសំណង់ ជាង៤០នាក់ អត់លុយបើក

$
0
0

ភ្នំពេញ ៖ មេជាងសំណង់ អគារលក់គ្រឿង ចក្រមួយកន្លែង បានបើកលុយ ពីក្រុមហ៊ុន រួចហើយប្រើល្បិច ទៅដូរលុយរួចហើយគេចខ្លួនបាត់ ធ្វើឲ្យកម្មករសំណង់ ប្រមាណជាង៤០នាក់ គ្មានលុយបើក ហើយ អ្នកម៉ៅការ បន្តចោទថា ក្រុមហ៊ុនបើកលុយ ឲ្យមេជាងមិនប្រាប់លោក ។

ការចោទដាក់គ្នាទៅវិញ ទៅមកនេះ បានកើតឡើង កាលពីវេលាម៉ោង១០និង៤០នាទីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៤ ស្ថិតនៅក្នុង ក្រុមហ៊ុនលក់គ្រឿងខាងលិច ផ្សារជម្ពូវ័ន្តភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បើយោងតាមលោក ចិន ចូវ អាយុ៤១ឆ្នាំ ជាជនជាតិវៀតណាម បានឲ្យដឹងថា លោកបានម៉ៅ ការបន្តពី លោក ស វ៉ាន់ថុល អាយុ៥០ឆ្នាំ ជាងជាជនជាតិវៀតណាម ដូចគ្នាដែរ ដោយម៉ៅផ្នែកខាងក្រោយ ធ្វើហើយនឹងបានហៅមេជាងឈ្មោះ ភក្តិ ហៅ ឆុន មកធ្វើការឲ្យផងដែរ ប៉ុន្តែក្រោយមក ក្រុមហ៊ុនបានហៅ មេជាងរបស់លោកឲ្យមកធ្វើផ្នែកខាងមុខ លុះដល់ថ្ងៃទី៨ខែកញ្ញា ឆ្នាំ២០១៤ ខាងក្រុមហ៊ុន បានហៅមេជាង ឈ្មោះ ឆុន នេះទៅបើកលុយចំនួន២០០០ដុល្លារ ដោយមិនបានប្រាប់លោកផងដែរ ពេលបើកបានឈ្មោះ ឆុន បានប្រើល្បិចទៅដូរ លុយរួចហើយគេចខ្លួនបាត់ បែរជាក្រុមហ៊ុនឲ្យ លោកចេញសងដោយចោទប្រកាន់ថា ឈ្មោះ ឆុន ជាកូនចៅរបស់លោក ។

លោកបានបន្តថា រឿងនេះលោកមិនអាចទទួលខុសត្រូវបានទេ ដោយសារក្រុមហ៊ុន ហៅមេជាងរបស់គាត់ ទៅធ្វើការមិនបានប្រាប់រូបគាត់នោះទេ ហើយបើកលុយឲ្យក៏មិនបានប្រាប់គាត់ដែរ ដូច្នេះគាត់ពុំបាន ពាក់ព័ន្ធក្នុងរឿងនេះនោះទេ ។

បើយោងតាមតំណាងក្រុមហ៊ុនមួយរូបបាននិយាយថា  ការបើកលុយឲ្យឈ្មោះ ឆុន នោះគឺឈ្មោះ ចូវ មិនមែនមិនដឹងនោះទេ ពីព្រោះកាលពីថ្ងៃទី៨ខែកញ្ញានោះ ពេលហៅឈ្មោះ ឆុន ទៅបើកលុយនោះឈ្មោះ ចូវ ក៏បានទៅជាមួយគ្នាផងដែរ ដូច្នេះមិនអាចឆ្លើយថាមិនដឹងបាននោះទេ ។

ចំណែកឯកម្មករវិញបាននិយាយថា កម្មករសំណង់ធ្វើការនៅក្នុងក្រុមហ៊ុននេះមានចំនួនជាង៤០នាក់ ដោយអ្នកខ្លះត្រូវ បើកលុយ៤០ម៉ឺនក្នុង១ខែ ហើយអ្នកខ្លះក៏ ទទួលបានក្រោម៤០ម៉ឺនក្នុង ១ខែទៅការងារ របស់ពួកគេម្នាក់ ។ ហើយឥឡូវនេះមេជាងរបស់លោក ចូវ បើកលុយពីក្រុមហ៊ុន រួចហើយគេច ខ្លួនបាត់ធ្វើឲ្យពួកគេមានការលំបាក ដោយក្រុមហ៊ុនមិនបើកលុយ ឲ្យរង់ចាំការសម្របសម្រួល ជាមួយលោក ចូវ ជាអ្នកម៉ៅការបន្តសិន ពីព្រោះឈ្មោះ ឆុន ជាកូនចៅរបស់លោក ចូវ ៕

អ៊ីរ៉ង់ ប្តេជ្ញាថា នឹងមិនទ្រាំឲ្យអាម៉េរិក ដាក់ទណ្ឌកម្មដដែលៗ ទៀតនោះទេ

$
0
0

តេហេរ៉ង់ ៖ ប្រធានផ្នែកចរចានុយក្លេអ៊ែរជាន់ខ្ពស់អ៊ីរ៉ង់លោក អាប់បាស់ អារ៉ាកជី បានថ្លែងនៅ ថ្ងៃអង្គារ នេះថា ប្រទេសរបស់លោក នឹងមិនអាចទ្រាំតទៅមុខទៀតបានទេ ចំពោះទណ្ឌកម្ម ដែលបានធ្វើឡើង ដោយអាម៉េរិក ប្រឆាំងនឹងសេចក្តីសុខ របស់រដ្ឋឥស្លាមមួយនេះ ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃអង្គារ ទី០៩ ខែកញ្ញា នេះដោយដកស្រង់សម្តី របស់លោក អារ៉ាកជី ដូច្នេះថា “ ក្នុងជំនួបទេ្វភាគីរបស់យើង ជាមួយមន្ត្រីអាម៉េរិក យើងបានប្រកាស ចំពោះមុខគេរួចរាល់ហើយថា យើងនឹងមិនអាចស៊ូទ្រាំ ចំពោះដំណោះស្រាយ នៃការដាក់ទណ្ឌកម្មនេះ បានទៀតទេ ” ។

កាលពីប៉ុន្មានខែមុននេះ សហរដ្ឋអាម៉េរិក បានបង្កើតទណ្ឌកម្មថ្មីបន្ថែមទៀត ដាក់មកលើ ប្រទេសអ៊ីរ៉ង់ ក្នុងនោះ បុគ្គលអ៊ីរ៉ង់មួយចំនួន ត្រូវបានចុះទៅក្នុងបញ្ជីខ្មៅ ហើយនឹងក្រុមហ៊ុន ផ្សេងៗទៀត ស្របពេល ដែលអាម៉េរិកខ្លួនឯង កំពុងតែធ្វើការស្វែងរកដំណោះស្រាយចំពោះ កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់នោះ។ អាម៉េរិកបានចោទអ៊ីរ៉ង់ថា បានទទួលការគាំទ្រពីបណ្តាញពួកភេរវករ ដើម្បីអភិវឌ្ឍន៍កម្មវិធី នុយក្លេអ៊ែរ ក្នុងប្រទេសរហូតដល់សព្វថ្ងៃនេះ ។

ជាចុងក្រោយ ប្រទេសអ៊ីរ៉ង់បានបង្ហាញទស្សនៈរបស់ខ្លួនថា ការដាក់ទណ្ឌកម្មមិនមែនជា ឆន្ទៈល្អ ក្នុង ការដោះស្រាយបញ្ហា ឬមួយក៏ដើម្បីជម្រិតឲ្យមានកិច្ចពិភាក្សាផ្នកនុយក្លេអ៊ែរនោះឡើយ ។ ជាងនេះទៅ ទៀត ការបន្តដាក់ទណ្ឌកម្ម នឹងធ្វើឲ្យបញ្ហាកាន់តែធ្ងន់ធ្ងរ ហើយបញ្ហាដែលមាន ស្រាប់ នៅក្នុងតំបន់ មជ្ឈិមបូព៌ា ក៏នឹងរីករាលដាលកាន់តែគ្រោះថ្នាក់ជាងមុនផងដែរ ៕

Viewing all 8042 articles
Browse latest View live




Latest Images