ដើម្បីទទួលបានការងារធ្វើល្អប្រសើរ ឬ ជ្រើសរើសបានបុគ្គលិកដ៏ត្រឹមត្រូវ និងទាន់ពេលវេលាលោកអ្នកគប្បី ចូលមើល ក្នុងគេហទំព័រ www.hrcambodia.com ដែលក្នុងនោះរួមមាន៖
I-សម្រាប់អ្នកស្វែងរកការងារ (For Job Seekers)
- មានដំណឹងជ្រើសរើសបុគ្គលិកជាង 8,០០០ ដំណឹងជាប្រចាំ
- ទទួលព៌ត័មានឬដំណឹងការងារដែលមានតាមរយៈអ៊ីម៉ែល
- មានជម្រើសច្រើនក្នុងការស្វែងរកការងារ
- រក្សាទុកការងារដែលអ្នកពេញចិត្តសម្រាប់អានពេលក្រោយ
- ការគ្រប់គ្រងជីវប្រវត្តិងាយស្រួលសម្រាប់បេក្ខជនបង្ហាញដល់និយោជក
- មានភាពងាយស្រួលក្នុងការបញ្ជូនជីវប្រវត្តិទៅនិយោជកដោយស្វ័យប្រវត្តិ
-ទទួលបានពិន្ទុសម្រាប់ចាប់ឆ្នោតយករង្វាន់ជាច្រើនរួមមាន៖ ម៉ូតូ កុំព្យូទ័រ ទូរស័ព្ទ iPaid iPhone និងរង្វាន់ជាច្រើនទៀត(ចូលមើលក្នុង Scoring) ។
II-សម្រាប់និយោជក (For Employers)
លោកអ្នកទទួលបានភាពងាយស្រួលជាច្រើនដោយសារ www.hrcambodia.com ៖
- មានអ្នកចូលទស្សនាវេបសាយជាង ៤០,០០០ នាក់ក្នុងមួយថ្ងៃ
- មានដំណឹងជ្រើសរើសបុគ្គលិកជាង 8,០០០ ដំណឹងជាប្រចាំ
-មានប្រវត្តិរូបបេក្ខជនដែលស្វែងរកការងាររាប់ពាន់នាក់នៅក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យ (CV Management Database)។
-មានដៃគូសហការជាង ២,០០០ស្ថាប័ន
-ជួយបង្ហាញពីសក្តានុពលស្ថាប័នរបស់លោកអ្នក
-ជួយលោកអ្នកជ្រើសរើសបុគ្គលិក បានត្រឹមត្រូវ និងទាន់ពេលវេលា
-ជួយលោកអ្នកក្នុងការបណ្តុះបណ្តាល ហឹ្វកហ្វឺន និងអភិវឌ្ឍសម្ថភាព បុគ្គលិកស្របតាមតម្រូវការជាក់ស្តែង
-ជួយលោកអ្នកក្នុងការរៀបចំសរសេរគោលនយោបាយ និងនីតិវិធីគ្រប់គ្រងធនធាន មនុស្សដើម្បីគ្រប់គ្រង និង ដំណើរការស្ថាប័ន របស់លោកអ្នកដោយ រលូននិងជោគជ័យ
-ជួយលោកអ្នកក្នុងការផ្សព្វផ្សាយដំណឹងជ្រើសរើសបុគ្គលិក តាមតម្រូវការ
-ជួយលោកអ្នកក្នុងការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ លើបដាវេបសាយ ដែលជាមធ្យោបាយដ៏មានប្រសិទ្ធភាព ក្នុងការផ្សព្វផ្សាយ ផលិតផលរបស់លោកអ្នក ទៅកាន់អតិថិជនដោយផ្ទាល់
-លោកអ្នកអាចចូលមើលប្រវត្តិរូបបេក្ខជនឆ្នើម ក្នុងវេបសាយ អេជ អា ខេមបូឌា យើងខ្ញុំ ដើម្បីជ្រើសរើសបុគ្គលិក តាមបំណងរបស់លោកអ្នកដោយផ្ទាល់ គ្រប់ពេល និង គ្រប់ទីកន្លែង៕
សូមចូលមើល វេបសាយរកការងារ ធំជាងគេ
វិទ្យាស្ថាន វ៉ានដា ជាមួយវិទ្យាស្ថាន គណនេយ្យករ ជំនាញនិងសវនករ កម្ពុជា ធ្វើសិក្ខាសាលា ស្ដីពី ឱកាសការងារ ក្នុងវិស័យធនាគារ
សៀមរាប ៖ វិទ្យាស្ថាន វ៉ាន់ដា សាខាខេត្តសៀមរាប បានរៀបចំ សិក្ខាសាលាមួយ ស្ដីពី ‘ឱកាសការងារក្នុង វិស័យ ធនាគារ’ ដោយមានការចូលរួមពី ធនាគារ ពាណិជ្ជកម្ម អន្តរជាតិ (Foreign Trade Bank, FTB) តំណាងដោយ លោកទ្រី ចន្ធី ប្រធានសាខាខេត្តសៀមរាប នៅរសៀលនៅថ្ងៃសុក្រទី៣ ខែតុលា ឆ្នាំ២០១៤ នៅសាលប្រជុំ របស់វិទ្យាស្ថាន ។
ចំពោះ សិក្ខាសាលានេះ គឺមានការសហការរៀបចំដោយ វិទ្យាស្ថាន វ៉ាន់ដា សាខាសៀមរាប (Vanda Institute, Siem Reap Campus), វិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករ កម្ពុជា (KICPAA), Association of Chartered Certified Accountant (ACCA), និងក្រុមហ៊ុន Aplus Consulting Ltd។
លោកប្រធាន សាខាធានាគារ FTB ខេត្តសៀមរាប បានណែនាំដល់សិក្ខាកាម ពីសមត្ថភាព បំពេញការងារ របស់ បុគ្គលិក គឺអាស្រ័យផងដែរដល់ការសិក្សាអប់រំ ដូចនេះសិស្ស-និស្សិត ត្រូវជ្រើសរើសយកគ្រឹះស្ថានអប់រំណា ដែល មានគុណភាពពិតប្រាកដ ដើម្បីកុំឲ្យចំណាយ ពេលវេលា និងប្រាក់កាសមិនចំគោលដៅ ។ រួមផ្សំជាមួយ គ្រឹះស្ថាន អប់រំ ដែលមានគុណភាពល្អ ក្នុងកម្រិតស្ដង់ដា គឺតម្រូវឲ្យសិស្ស-និស្សិតត្រូវខិតខំ ព្យាយាមដោយខ្លួនឯង បន្ថែម ផងដែរ។
លោក ស គីណាល់ អគ្គនាយកក្រុមហ៊ុន Aplus Consulting Ltd បានបង្ហាញពីរបៀបសរសេរប្រវត្តិរូបសង្ខេប (CV), ការត្រៀមខ្លួនមុនពេលសម្ភាស, និងបច្ចេកទេសធ្វើបទសម្ភាស ដើម្បីឲ្យសិក្ខាកាម ទួលបានជោគជ័យនៅពេល សម្ភាសការងារ ។
ចំពោះនាយក ផ្នែកទំនាក់ទំនងអាជីវកម្មនៃស្ថាប័ន ACCA Cambodia លោក នូវ រតនា បានបង្ហាញពីអត្ថប្រយោជន៍ ជាច្រើនដែលទទួលបាន បន្ទាប់ពីសិស្ស-និស្សិត បានក្លាយជាសមាជិកស្ថាប័ន ACCA ជាពិសេសជាងគេគឺការ ទទួលបាន ចំណេះដឹងជំនាញពិតប្រាកដ លើជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងអាចទទួលបានតួនាទី-មុខតំណែង ល្អៗ ក្នុងការងារ ជាក់ស្ដែង ប្រធានធនាគារ FTB ខេត្តសៀមរាប ក៏ជាសមាជិកមួយរូបរបស់ ACCA ផងដែរ។ លោក បានបញ្ជាក់បន្ថែមថា អនាគតដ៏ខ្លីខាងមុខនេះ សិស្ស-និស្សិតដែលបានសិក្សានៅ វិទ្យាស្ថាន វ៉ាន់ដា អាចដាក់ពាក្យ ប្រឡង ចូលជាសមាជិក ACCA បានផងដែរ ។
លោក ហួរ សុខសង្ហា នាយកប្រតិបត្តិ វិទ្យាស្ថាន វ៉ាន់ដា សាខាខេត្តសៀមរាប បានបញ្ជាក់ថា វិទ្យាស្ថាន វ៉ាន់ដា សាខាខេត្តសៀមរាប បានបង្កើតឡើង និងមានការទទួលស្គាល់ ពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងឆ្នាំ២០១២ និង ត្រូវបានគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំ នៃកម្ពុជា (ហៅកាត់ថា ACC) ផ្ដល់ការទទួលស្គាល់គុណភាព អប់រំពេញសិទ្ធ លើដំណើរការបណ្ដុះបណ្ដាល ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានក្នុងឆ្នាំ២០១៣ ផងដែរ ។
បច្ចុប្បន្ន វិទ្យាស្ថាន វ៉ាន់ដា សាខាខេត្តសៀមរាប ផ្ដល់ការបណ្ដុះបណ្ដាលជំនាញ គណនេយ្យ សវនកម្ម និងពន្ធដា ព្រមទាំងជំនាញ ហិរញ្ញវត្ថុ និងធនាគារ ដែលកម្មវិធីសិក្សាត្រូវបានរៀបចំឡើង ដោយគណៈកម្មការអភិវឌ្ឍន៍ កម្មវិធី សិក្សារបស់វិទ្យាស្ថានវ៉ាន់ដា(ភ្នំពេញ) ដែលផ្សារភ្ជាប់ជាមួយតម្រូវការទីផ្សារការងារជាក់ស្ដែង ដូចជា គណនេយ្យ កុំព្យូទ័រ(QuickBooks,Peachtree), គណនេយ្យអនុវត្ត (Accounting Practice) និងការរៀបចំឯកសារ ប្រកាសពន្ធ ជាដើម ។
ហើយចាប់ពីបើកដំណើរការមកដល់បច្ចុប្បន្ន វិទ្យាស្ថាន វ៉ាន់ដា សាខាខេត្តសៀមរាប បានធ្វើការបណ្ដុះបណ្ដាល រយៈពេលជាង២ឆ្នាំមកហើយ និងមានចំនួននិស្សិតកំពុងសិក្សា ៨២៤នាក់ (ស្រី៦០០នាក់, ប្រុស២២៤នាក់) ដែល ក្នុងនោះនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រ មានចំនួន ៦៩៤នាក់ និងអ្នកសិក្សាវគ្គខ្លីចំនួន ១៣០នាក់ លើមុខជំនាញដូច ខាងលើនេះ ។ និស្សិតបានសិក្សា ជាមួយធនធានសាស្រ្តាចារ្យ ប្រកបដោយគុណវុឌ្ឍិខ្ពស់ ព្រមទាំងសម្ភារៈរូបវន្ត គ្រប់គ្រាន់ឆ្លើយតបតាមស្ដង់ដា នៃការអប់រំ ។
ចំពោះ ការសិក្សាមាន ៤ពេល អាចជ្រើសរើសបានគឺ ពេលព្រឹក, ពេលរសៀល, ពេលយប់, និងសៅរ៍-អាទិត្យ ទំនាក់ទំនងសួរព័ត៌មាន និងចុះឈ្មោះចូលរៀន តាមអាសយដ្ឋាន៖ អគារលឿង ផ្លូវលោកតាណឺយ សង្កាត់សាលា កំរើក ក្រុង-ខេត្តសៀមរាប ឬតាមទូរស័ព្ទលេខ : 063 968 563 / 092 9000 32 / 069 533 339 / 087 222 098 ៕
សម្តេចតេជោ៖ តម្លៃអគ្គិសនី នឹងថយចុះ ចាប់ពីឆ្នាំនេះ រហូតដល់ ឆ្នាំ២០១៨
ភ្នំពេញ៖ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៤ នេះបានថ្លែងឲ្យដឹងថា ចាប់ពីបច្ចុប្បន្នរហូតដល់ឆ្នាំ ២០១៨ ខាងមុខ តម្លៃអគ្គិសនី នឹងមិនមានការឡើងថ្លៃទេ ហើយថែមទាំង ចុះថោកបន្តិចម្តងៗ ទៅតាមឆ្នាំនិមួយៗ។
ថ្លែងក្នុងពីធីបើកសន្និសីទ វិនិយោគអន្ដរជាតិ ឆ្នាំ២០១៤ នៅសណ្ឋាគារអ៊ីធើខនទីណង់តល សម្តេចតេជោបាន មានប្រសាសន៍ថា ថ្វីត្បិតតែថ្លៃ ថាមពលអគិ្គសនីនៅតែ មានកម្រិតខ្ពស់ បើធៀបនឹងប្រទេសជិតខាង ហើយការធានា ភាពទុកចិត្ដពេញលេញ ក្នុងការផ្គត់ផ្គង់ថាមពលអគិ្គសនី នៅតែជាឧបសគ្គ សម្រាប់ពង្រឹងភាពប្រកួតប្រជែង និង ការអភិវឌ្ឍ សេដ្ឋកិច្ច ក៍វិស័យថាមពលអគ្គិសនី កម្ពុជាមានវឌ្ឍនភាពច្រើន គួរឱ្យកត់សម្គាល់ ។
សម្តេចបន្ថែមថា តាមរយៈការខិតខំរបស់ រាជរដ្ឋាភិបាលកន្លងមក ស្ថានភាពប្រភពអគ្គិសនី នៅឆ្នាំ ២០១៤ នេះ មានលក្ខណៈខុសពីឆ្នាំមុន ដោយសារប្រភពអគ្គិសនី ធំៗដែលបានអភិវឌ្ឍ ដូចជា វារីអគ្គិសនី និង រោងចក្រធ្យូងថ្មបានដាក់ឱ្យ ដំណើរការជាបន្ដបន្ទាប់ ធ្វើឱ្យរដូវវស្សាឆ្នាំ ២០១៤ នេះ មានសល់ប្រភព ថាមពលប្រហែល ២៤៦ មេហ្គាវ៉ាត់ មិនបានប្រើប្រាស់ ដោយមូលហេតុ មកពីខ្សែបណ្ដាញ
បញ្ជូន និង បណ្ដាញចែកចាយ នៅមិនទាន់គ្រប់គ្រង ។
សម្តេចតេជោថ្លែងថា «ពីពេលបច្ចុប្បន្នរហូតដល់ឆ្នាំ ២០១៨ អត្រាថ្លៃអគ្គិសនី នៅកមុជានឹងមិនកើនឡើងទេ ប៉ុន្ដែ នឹងថយចុះបន្ដិចម្ដងៗ តាមឆ្នាំនីមួយៗ រហូតដល់ឆ្នាំ ២០១៨ »។
ជាងនេះទៅទៀតនោះ ដើម្បីបំពេញដល់សេចក្ដីត្រូវការអគ្គិសនីក្នុងការ ពង្រីកវិសាលវិស័យឧស្សាហកម្ម និង ទាក់ទាញ ការវិនិយោគបន្ថែម សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំឱ្យក្រសួងរ៉ែ និង ថាមពល រួមទាំងអាជ្ញាធរអគិ្គសនីកម្ពុជា និង ក្រុមហ៊ុន អគិ្គសនីកម្ពុជា ក្រសួងសេដ្ឋកិច្ច និង ហិរញវត្ថុ ក្រុមប្រឹក្សា អភិវឌ្ឍន៍កមុជា ត្រូវរួមគ្នាសិក្សា និង ពិនិត្យឱ្យបានហ្មត់ចត់ និង ពិចារណាទៅលើការ កំណត់ថ្លៃអគ្គិសនីឡើងវិញ សម្រាប់វិស័យ ឧស្សាហកម្ម ដែលអាចមានអត្រាថ្លៃនៅពេលយប់ និង ថ្លៃ អគ្គិសនី សម្រាប់អតិថិជនទិញក្នុងទំហំធំៗ និង កំណត់តាម តំបន់អាទិភាពជាដើម។
ការថ្លែងពាក់ព័ន្ធតម្លៃអគ្គិសនីរបស់សម្តេចតេជោនេះ ទទួលការការសាទរពីសំណាក់វិស័យឯកជននៅកម្ពុជា៕
វេទិកាតំបន់លើកទី២ ស្តីពីការប្រែប្រួល អាកាសធាតុតំបន់ អាងទន្លេមេគង្គ នៅក្នុងបរិបទឆ្លងដែន
សៀមរាប៖ នៅថ្ងៃទី៦-៨ ខែតុលា ឆ្នាំ២០១៤ នៅសណ្ឋាគារអប្សារាអង្គរ គណៈកម្មាធិការជាតិ ទន្លេមេគង្គកម្ពុជា បានសហការជាមួយ លេខាធិការដ្ឋានគណៈកម្មការ ទន្លេមេគង្គ រៀបចំវេទិកាលើកទី២ ស្តីពីការប្រែប្រួលអាកាសធាតុ តំបន់អាងទន្លេមេគង្គ នៅក្នុងបរិបទឆ្លងដែន។
លោក ប៊ុន ហ៊ាន រដ្ឋលេខា ធិការក្រសួងធនធានទឹក និងឧតុនិយម និងជាអនុប្រធានអចិន្រ្តៃយ៏ គណៈកម្មាធិការជាតិទន្លេមេគង្គ កម្ពុជា ក្នុងនាមលោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា បានអញ្ជើញជាអធិបតីបើកវេទិកានេះ។
វេទិកាតំបន់នេះមានអ្នកចូលរួមប្រមាណ២០០នាក់ អញ្ជើញមកពី ស្ថាប័នរដ្ឋ ស្ថាប័នសិក្សាស្រាវជ្រាវ អ្នកជំនាញការ អង្គការសង្គមស៊ីវិល និងវិស័យឯកជន នៃប្រទេសជាសមាជិក គណៈកម្មការទន្លេមេគង្គ កម្ពុជា ឡាវ ថៃ និង វៀតណាម និងអង្គការអាងទន្លេអន្តរជាតិនានា ដៃគូអភិវឌ្ឍន៏ ដើម្បីចែករំលែក និងផ្លាស់ប្តូរចំណេះដឹង បទពិសោធន៏ និងវឌ្ឍនភាព ក្នុងការអនុវត្តវិធានការ បន្សាំនឹងការប្រែប្រួលអាកាសធាតុ និងផ្តោតកិច្ចពិភាក្សាទៅលើការផ្តួច ផ្តើមក្នុងការដោះស្រាយ ផលប៉ះពាល់នៃការប្រែប្រួល អាកាសធាតុ ក្នុងបរិបទឆ្លងដែន។ វេទិកានេះផ្តល់ ឱកាសដល់អ្នកពាក់ព័ន្ធ ក្នុងការផ្លាស់ប្តូរគំនិត លើយុទ្ធសាស្រ្តបន្សាំថ្នាក់ជាតិ និងតំបន់។
វេទិកានេះនឹងពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗ រួមមាន៖ ទី១. បច្ចុប្បន្នភាពនៃចំណេះដឹងលើ ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ និងភាពងាយរងគ្រោះក្នុងអាងទន្លេមេគង្គក្រោម ទី២. ការបន្ស៉ាំនឹងការប្រែប្រួលអាកាសធាតុ ក្នុងអាងទន្លេមេគង្គក្រោម៖ គោលនយោបាយ យុទ្ធសាស្រ្ត និង សកម្មភាពអនុវត្តជាក់ស្តែង ទី៣. វិធីសាស្រ្ត និងតម្រូវការបន្ស៊ុំានឹងការប្រែប្រួលអាកាសធាតុឆ្លងដែន និងទី៤. លទ្ធភាពនៃការបន្ស៊ុំាដែលអាចអនុវត្តនៅថ្នាក់ជាតិ និងតំបន់។
លទ្ធផលដែលនឹងទទួលបានពីវេទិកានេះនឹងផ្តល់ជាទុនដ៏សំខាន់ដល់ការ រៀបចំរបាយការណ៏ លើកទី១ស្តីពីស្ថានភាពនៃការប្រែប្រួល អាកាសធាតុ ផលប៉ះពាល់និងការបន្សាំ ក្នុងអាងទន្លេមេគង្គក្រោម។ របាយការណ៏នេះគឺត្រូវបានគ្រោងនឹងបោះពុម្ពផ្សាយ នាឆ្នាំ២០១៥ខាងមុខ និងសម្រាប់យកមក បញ្ចប់ការធ្វើផែនការសកម្មភាព និងយុទ្ធសាស្រ្តបន្សាំ ថ្នាក់តំបន់ របស់គណៈកម្មការទន្លេមេគង្គ ដែលគ្រោងនឹងបញ្ចប់ នាឆ្នាំ២០១៥ ខាងមុខនេះ៕
យុវវ័យជាច្រើន ទស្សនាបាល់ទាត់ លីកកំពូល របស់អង់គ្លេស តាមរយៈការ ផ្សាយបន្តផ្ទាល់ នៅកោះពេជ្រ
ភ្នំពេញ ៖ ការប្រកួតដ៏អស្ចារ្យ ដែលអ្នកស្នេហា វិស័យកីឡាបាល់ទាត់ទាំងអស់ មិនអាចខកខានទស្សនា បាន រវាងក្រុមតោខៀវ Chelsea និង ក្រុមកាំភ្លើងធំ Arsenal ត្រូវបានផ្សាយបន្តផ្ទាល់ នៅមជ្ឈមណ្ឌលកោះពេជ្រ កាលពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៤ យប់មិញនេះ ក្នុងនោះមានយុវវ័យជាច្រើន បានចូលរួម ទស្សនាបាល់ទាត់ តាមរយៈកម្មវិធីនេះ ។
ស្រាបៀរសិង្ហា ដែលជាដៃគូផ្លូវការ របស់ក្លិបបាល់ទាត់ Chelsea ដែលបានរៀបចំកម្មវិធី SINGHA STADIUM ដ៏ធំនេះឡើង ដើម្បីផ្តល់ឱកាសឲ្យអ្នកគាំទ្រនៅកម្ពុជា ដែលទន្ទឹងរង់ចាំ ការប្រកួតនេះបានចូលរួមទស្សនា និង ជួបជាមួយបរិយាកាស ដ៏រំជើបរំជួលពិតប្រាកដ នៃការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌកំពូល របស់ប្រទេស អង់គ្លេសនេះ។
អ្នកគាំទ្ររាប់ពាន់នាក់ បានចូលរួមទស្សនា និងហ៊ោកញ្ជៀវយ៉ាងកងរំពង ដែលបង្ហាញពីការគាំទ្រដ៏ស្មោះស្ម័គ្រ ចំពោះក្រុមដែលខ្លួនស្រលាញ់ នៅមុខអេក្រង់ដ៏ធំ មិនធា្លប់មាន។ អ្នកគាំទ្រនៅកម្ពុជាទាំងអស់បានសម្តែងអារម្មណ៍ ភ្ញាក់ផ្អើលរបស់ខ្លួនថា SINGHA STADIUM គឺពិតជាកន្លែង ដ៏អស្ចារ្យបំផុតសម្រាប់ការជួបជុំទស្សនា ការប្រកួតបាល់ទាត់ក្នុងក្របខណ្ឌមួយនេះ។
អ្វីដែលកាន់តែអស្ចារ្យទៅទៀតនោះ អ្នកចូលរួមទាំងអស់សុទ្ធតែបានជួបដោយផ្ទាល់ ជាមួយនឹងតារាចម្រៀង ដ៏ល្បីប្រចាំប្រទេសកម្ពុជាគឺកញ្ញា ឱក សុគន្ធកញ្ញា, លោក ខេម, កញ្ញា អេនជី និងក្រុម SKY BAND ដែលបានរួម សហការគ្នាជាមួយ ក្រុមរាំអាជីព មកពីប្រទេសថៃ ធ្វើឲ្យឆាកតន្រ្តីទាំងមូលពោរពេញទៅដោយភាពរំជើបរំជួល ខណៈដែលស្រាបៀរសិង្ហាដ៏ត្រជាក់ ឆ្ងាញ់លើសគេ ក៏បានចូលរួមកំដរបរិយាកាសនារាត្រីនោះផងដែរ។
សូមបញ្ជាក់ថាសម្រាប់កម្មវិធីនេះ សំបុត្រចូលរួមទស្សនាមានតម្លៃត្រឹមតែ ៦.០០០ រៀលប៉ុណ្ណោះ ហើយលោក អ្នកនឹងទទួល បានស្រាបៀរសិង្ហាចំនួន ២ កំប៉ុងដោយឥតគិតថ្លៃ។ លើសពីនេះទៅទៀត អ្នកចូលរួមមានឱកាស ឈ្នះរង្វាន់ទ្វេដងពីស្រាបៀរសិង្ហាថែមទៀតផង។ រាល់ការជាវស្រាបៀរសិង្ហាចំនួន ៣ កំប៉ុង មានឱកាសឈ្នះ រង្វាន់ធំ ពីការចាប់ឆ្នោត រួមនឹងឱកាសឈ្នះរង្វាន់ជាច្រើនទៀតពីការកោសសន្លឹកប័ណ្ណដូចជា អាវក្រៅ និង អាវយឺត Chelsea មួក Chelsea កន្សែង Chelsea ក៏ដូចជាឆ័ត្រ និងអាវយឺត ស្រាបៀរសិង្ហា៕
តើលោកអ្នកចង់ ប្រើប្រាស់កម្មវិធី គណនេយ្យមួយណា ?
បើលោកអ្នកមាន ការពិបាកក្នុងការជ្រើសរើស កម្មវិធីគណនេយ្យ អោយត្រូវជាមួយ មុខរបរ ឬស្ថានភាព អាជីវកម្ម របស់ខ្លួន Leopard Business Consultancy Co., Ltd.(LBC) ជាក្រុមហ៊ុន ដែលមានឯកទេស ច្បាស់លាស់លើវិជ្ជាជីវ នេះ អាចជួយលោកអ្នក បានគ្រប់បែបយ៉ាង ។ LBC ផ្តល់ជូនលោកអ្នក រួមមាន៖
- សេវាជ្រើសរើសកម្មវិធី គ្រប់គ្រងគណនេយ្យកុំព្យូទ័រ ដែលមាន Licenseត្រឹមត្រូវមាន សមត្ថភាព ស្របតាមទំហំ និងប្រភេទនៃអាជីវកម្មឬស្ថាប័ន របស់លោកអ្នកស្រប តាមស្តង់ដា International Financial Reporting Standard និង Cambodia Accounting Standard .
- សេវាតម្លើងកម្មវិធី រៀបចំរចនាសម្ព័នរបស់ កម្មវិធីអោយត្រូវតាមទំហំ និងប្រភេទអាជីវកម្ម ជាក់ស្តែង (Customization and Internal control design)ព្រោះគ្រប់ប្រភេទនៃកម្មវិធី គណនេយ្យកុំព្យូទ័រ ទាំងអស់តែងតែមាន ចំណុច ឬផែ្នកខ្លះនៃកម្មវិធីដែលស្ថាប័នលោកអ្នក មិនត្រូវការប្រើប្រាស់។
- សេវាហ្វឹកហាត់ បុគ្គលិករបស់លោកអ្នក អោយចេះប្រើប្រាស់កម្មវិធីច្បាស់លាស់ និងស្ទាត់ជំនាញ។
សូមទាក់ទង អគារលេខ២ ផ្លូវលេខ២៨៤ កែងផ្លូវ១៦៣ សង្កាត់អូឡាំពិច ខណ្ឌចំការមនភ្នំពេញ ជាប់ខាងត្បូង វត្តមហាមន្ត្រី ទូរស័ព្ទលេខៈ 011 777 110 , 089 888 656 អ៊ីម៉ែល info@lbc-firm.com។
ក្រៅពីនេះ LBC មានសេវាកម្មបណ្តុះបណ្តាលជំនាញពន្ធដារគណនេយ្យ និងហិរញ្ញវត្ថុជូនដល់ បុគ្គលិកក្រុមហ៊ុន អង្គការ សមាគម ... របស់លោកអ្នកដល់ទីកន្លែង តាមមុខងារ និងតួនាទី(ប្រធានគណនេយ្យ គណនេយ្យករ បេឡាករ អ្នកគ្រប់គ្រងសន្និធិ...) និងគ្រប់កម្រិត (កម្រិតប្រតិបត្តិ កម្រិតបច្ចេកទេស និង កម្រិតយុទ្ធសាស្រ្ត) ធ្វើអោយ បុគ្គលិករបស់លោកអ្នកចេះនិងយល់ច្បាស់អំពី គោលនយោបាយ នីតិវិធីគណនេយ្យ និង ហិរញ្ញវត្ថុ ការរៀបចំឯសារពន្ធដារនិងការបង់ពន្ធដែលត្រឹម ត្រូវការកត់ត្រាបញ្ជីគណនេយ្យ និងរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ប្រចាំខែ និងប្រចាំឆ្នាំ(បិទបញ្ជី) ស្របតាមគោលនយោបាយ និងនីតិវិធី ស្តង់ដារ និង លក្ខខណ្ឌតម្រូវផ្នែកច្បាប់ ព្រមជាមួយចំណេះដឹង នានាពាក់ព័ន្ធជាមួយពន្ធដារគណនេយ្យ និងហិរញ្ញវត្ថុ ។
ទូរស័ព្ទលេខៈ 011 777 110 , 089 888 656 ។
នគរបាល ឃាត់ខ្លួន ជនសង្ស័យ ចែកចាយគ្រឿងញៀន ពីរនាក់ បញ្ជូនទៅ សាលាដំបូង ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ ជនសង្ស័យ ចែកចាយគ្រឿងញៀន ចំនួន០២នាក់ ត្រូវបានកម្លាំង នគរបាល ស្រុករលាប្អៀរ ដឹកនាំដោយនាយរង ការិយាល័យ កណ្តាលប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង លោក គឹម សារ៉េត ធ្វើការចាប់ឃាត់ ខ្លួនបានខណៈជនសង្ស័យ កំពុងធ្វើការចែកចាយ នៅចំណុចស្ពានជ្រៃបាក់ ស្ថិតក្នុងភូមិជ្រៃបាក់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ហេតុការ ឃាត់ជនសង្ស័យនេះ បានធ្វើឡើងនៅ វេលាម៉ោង ៥និង៣០នាទីល្ងាចថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤ ។
លោក គឹម សារ៉េត នាយរង ការិយាល័យ កណ្តាលប្រឆាំង បទល្មើស សេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង បានអោយដឹងថា ខណៈពេលដែលកម្លាំង នគរបាល មូលដ្ឋាន ដើរល្បាតក៏ ប្រទះឃើញ ជនសង្ស័យ ទាំងពីរនាក់ កំពុងធ្វើសកម្មភាព ចែកចាយគ្រឿងញៀន ប្រភេទ ម៉ាទឹកក ភ្លាមៗនោះ លោកបានដឹកនាំកម្លាំង ចុះធ្វើការបង្ក្រាបតែម្តង។
តាមចម្លើយ សារភាព របស់ជនសង្ស័យ បានដោយដឹងថា ពួកគេបានទទួលគ្រឿងញៀន ប្រភេទម៉ាទឹកកក ដែលផ្ញើតាមឡាន តាក់ស៊ី មកពីរាជធានីភ្នំពេញ ដើយវេចខ្ចប់បន្លំក្នុងសឺមី ដូចជាកញ្ចប់ឯកសារ ក្រោយពីពួកគេ ទទួលបានគ្រឿងញៀនទាំងនេះ ពួកគេក៏យកទៅចែកចាយបន្ត តែម្តង ។
ជនសង្ស័យ ទី១-ឈ្មោះ ម៉ន គង់ ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ទី២-ឈ្មោះ ញឹម ងួនឡុង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅ ភូមិស្ពករាជ ឃុំអណ្តូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
វត្ថុតាង ឃាត់ចាប់បានរួមមាន ម៉ាទឹកកក ២កញ្ចប់ ស្មើ ២,៦៨ក្រាម ទូរស័ព្ទដៃ៣គ្រឿង ម៉ូតូ ឌ្រីមសង់ ០១គ្រឿង និងប្រាក់រៀល មួយចំនួនទៀត ។ ជនសង្ស័យ ត្រូវបានកម្លាំង នគរបាល នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តកំពង់ឆ្នាំង តាមនីតិវិធីច្បាប់ ៕
លោក ពុយ គា៖ វគ្គសិក្សា ស្តីពីគន្លឹះ សរសេរ និងវិភាគព្រឹត្តិការណ៍ ព័ត៌មាន នឹងផ្តល់ចំណេះដឹងថ្មី ដល់សិក្ខាកាម
ភ្នំពេញ៖ លោក ពុយ គា ប្រធានអ្នក ឆ្លើយឆ្លងព័ត៌មាន របស់ទីភ្នាក់ងារ ជប៉ុនក្យូដូ និងជាទីប្រឹក្សា របស់ សាកលវិទ្យាល័យ អាមេរិកាំងភ្នំពេញ (AUPP) រួមសហការ ជាមួយអ្នកសារព័ត៌មាន ជើងចាស់ពីររូប របស់វិទ្យុ បារាំង អន្តរជាតិ (RFI) គឺលោក ហ្សង់ហ្វ្រង់ស័រ តាន់ អ្នកវិភាគភូមិសាស្ត្រ នយោបាយពិភពលោក និងលោក ប៉ែន បូណា អ្នកវិភាគព្រឹត្តិការណ៍សង្គម និងនយោបាយខ្មែរដើម្បីរៀបចំ បើកវគ្គសិក្សា ពិសេសមួយ ទាក់ទង នឹងគន្លឹះ ក្នុងការសរសេរ និងវិភាគព្រឹត្តិការណ៍ ព័ត៌មានជាតិ និងអន្តរជាតិ។
វគ្គសិក្សាពិសេសនេះ នឹងបើកក្នុងពេលឆាប់ៗ នៅនៅឯសាកលវិទ្យាល័យ AUPP ។ តទៅនេះជាកិច្ចសម្ភាសន៍ជាមួយ លោក ពុយ គា អ្នករៀបចំវគ្គសិក្សានេះ។
សំណួរ ៖ លោក ពុយ គា ហេតុអ្វីបានជាលោក មានគំនិតបើកវគ្គសិក្សានេះឡើង?
ចម្លើយ ៖ ខ្ញុំសង្កេតឃើញថា កន្លងទៅនេះមានការ បើកវគ្គសិក្សា វគ្គបណ្តុះបណ្តាល ច្រើនហើយ ទាក់ទងនឹងអាជីព អ្នកកាសែត មានទាំងវគ្គសិក្សាឥតបង់ប្រាក់ និងមានទាំងវគ្គ សក្សាដែលត្រូវ បង់ប្រាក់ ។ តាមរយៈវគ្គសិក្សាទាំងនោះ អ្នកកាសែតយើង ក៏បានទទួលចំណេះដឹងថ្មីៗ បន្ថែមទៀត ដើម្បីពង្រឹងអាជីពរបស់ខ្លួន។
មិនត្រឹមតែ អ្នកកាសែតទេ តែអ្នកធ្វើការ ក្នុងស្ថាប័នផ្សេងៗទៀត ក៏ទទួលបាន ប្រយោជន៍ពីវគ្គសិក្សា ទាំងនោះដែរ មានដូចជា មន្ត្រីព័ត៌មានរបស់អង្គការ ស្ថាប័នរដ្ឋ ឯកជន និងសង្គមស៊ីវិល ជាដើម ។ ប៉ុន្តែអ្វីដែលខ្ញុំឃើញថា នៅមិនទាន់មាននៅឡើយ គឺវគ្គសិក្សាបែបស៊ីជម្រៅ ដែលផ្តោតទៅលើគន្លឹះ ក្នុងការសរសេរព័ត៌មានខ្លី ខ្លឹម គន្លឹះធ្វើការជាមួយអ្នកកាសែត និងជាពិសេស គឺគន្លឹះក្នុងការវិភាគ ព្រឹត្តិការណ៍ព័ត៌មានជាតិ និងអន្តរជាតិ ។
គន្លឹះទាំងនេះ មានសារសំខាន់មិនត្រឹមតែ សម្រាប់អ្នកកាសែតទេ តែក៏សម្រាប់រាល់ អ្នកសរសេររបាយការណ៍ និងជាពិសេសមន្ត្រី ព័ត៌មានទាំងឡាយផងដែរ ដែលត្រូវចេះជំនាញនេះ ។ ដោយសារមើលឃើញ ពីសារសំខាន់នេះហើយ បានជាខ្ញុំត្រូវសហការណ៍ជាមួយអ្នកកាសែតជើង ចាស់ទាំងពីររៀបចំវគ្គសិក្សា ពិសេសឡើងនេះឡើង។
សំណួរ ៖ ហេតុអ្វីបានជាលោកជ្រើសរើស យកលោក ហ្សង់ហ្វ្រង់ស័រ តាន់ និងលោក ប៉ែន បូណា ជាវាគ្មិនក្នុងវគ្គសិក្សាពិសេសនេះ?
ចម្លើយ៖ ទី១៖ មកពីខ្ញុំសង្កេតឃើញថា វិទ្យុបារាំងអន្តរជាតិ ( RFI) ជាខេមរភសា មានកម្មវិធីល្អៗប្លែកពីគេ។ ក្រៅពីផ្សាយព័ត៌មានប្រចាំថ្ងៃ ដែលយើងហៅថាព័ត៌មានក្តៅហើយ វិទ្យុនេះក៏បានពន្យល់ ដល់អ្នកស្តាប់នូវព្រឹត្តិការណ៍ធំៗ ក្នុងពិភពលោក មានកម្មវិធីវិភាគ ភូមិសាស្ត្រនយោបាយ ពិភពលោក វិភាគព្រឹត្តិការណ៍សង្គម និងនយោបាយកម្ពុជាជាដើម។
កម្មវិធីទាំងនោះ អនុញ្ញាតឲ្យអ្នកស្តាប់ទទួលបានព័ត៌មានផង និងបានយល់ស៊ីជម្រៅទៅលើព្រឹត្តិការណ៍ផ្សេងៗ ផងទាំងជាតិ និងអន្តរជាតិផង។ កម្មវិធីបែបនេះយើង មិនសូវឃើញមានក្នុង ប្រព័ន្ធផ្សាយព័ត៌មានក្នុងស្រុកទេ។
ទី២៖ អ្នកវិភាគរបស់វិទ្យុ បារាំងអន្តរជាតិ ជាពិសេស គឺលោក ហ្សង់ហ្វ្រង់ស័រ តាន់ និងលោក ប៉ែន បូណា ជាទូទៅមានការគាំទ្រ ច្រើនបើតាមខ្ញុំស្ទាបស្ទង់មើលពីព្រោះ ពួកគាត់ទាំងពីរវិភាគ ដោយសម្អាង ទៅលើការស្រាវជ្រាវ ទៅលើហេតុផលសត្យានុម័តតែមិនមែនសម្អាង លើនិន្នាការនយោបាយទេ ។ អ៊ីចឹងហើយបានជាអ្នកស្តាប់ជាទូទៅគេទទួលយកបាន។
ទី៣៖ ពួកគាត់ទាំងពីរជា អ្នកកាសែតអាជីព ដែលមានការសិក្សាវិជ្ជាជីវៈនេះច្បាស់លាស់និងមានបទ ពិសោធ ២០ឆ្នាំឬជិត២០ឆ្នាំ ហើយម្នាក់ៗ។ ដូច្នេះ ខ្ញុំគិតថា ពួកគាត់ទាំងពីរ មានសមត្ថភាពគ្រប់គ្រាន់ ក្នុងការចែករម្លែក បទពិសោធដល់ដិក្ខាកាម ហើយស័ក្តិសម នឹងត្រូវជ្រើសរើស ជាវាគ្មិនក្នុង វគ្គសិក្សាពិសេសនេះ។
សំណួរ៖ លោក ពុយ គា វគ្គសិក្សានេះ មានរយៈពេល៤សប្តាហ៍ តែរៀនតែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យទេ ។ តម្លៃសិក្សាគឺ ១៥០ ដុល្លារ។ តម្លៃនេះដូចជា ខ្ពស់ដែរសម្រាប់សិក្ខាកាមមួយចំនួន ដែលគ្មានលទ្ធភាព។ តើហេតុអ្វីបានជាយកតម្លៃខ្ពស់ម្ល៉េះ? ចម្លើយ៖ យើងថាតម្លៃខ្ពស់ក៏ថាបាន ប៉ុន្តែ តម្លៃនេះគឺយើងទទួល បន្ទុកទាំងអាហារ សម្រន់២ពេលក្នុ1ថ្ងៃ អាហារថ្ងៃត្រង់ និងត្រូវបង់ថ្លៃអាគារសិក្សា និងតម្លៃសេវាកម្មរដ្ឋបាល និងការផ្សព្វផ្សាយ ពាណិជ្ជកម្ម រួមទាំងវិញ្ញាបនបត្រសម្រាប់ចែកជូន ដល់សិក្ខាកាមក្រោយ បញ្ចប់វគ្គផងដែរ។ ម្យ៉ាងទៀត វគ្គសិក្សានេះយើងចង់ឲ្យសិក្ខាកាមទទួល បានចំណេះដឹងថ្មីៗ ពិតៗ ដោយមានការ អនុវត្តជាក់ស្តែង និងស៊ីជម្រៅ។
ដូច្នេះហើយ ទើបយើងកំណត់ចំនួនអ្នក ដែលត្រូវចូលរៀន ក្នុងវគ្គនីមួយៗតែ៥០នាក់ និងត្រូវបែងចែក ជា២ថ្នាក់ ដើម្បីងាយស្រួល ក្នុងការរៀននិងការបង្រៀន។ បើគ្រាន់តែ ទៅអង្គុយស្តាប់របៀបដូចជា សិក្ខាសាលា យើងអាចទទួលយកមនុស្សប៉ុន្មាននាក់ក៏បាន ហើយតម្លៃ ក៏ទាបជាងនេះឆ្ងាយដែរ។
សូមបញ្ជាក់ថា វគ្គសិក្សានេះមិនសំដៅទៅលើតែ អ្នកសារព័ត៌មានទេ តែក៏ជាឱកាសសម្រាប់មន្ត្រីរាជការ បុគ្គលិកអង្គការក្រៅរដ្ឋាភិបាល ឬស្ថាប័នឯកជន ឬមនុស្សទូទៅដែលចង់ស្វែង យល់ពីវិស័យសារព័ត៌មាន ចង់ធ្វើការជាមួយបណ្តាញផ្សាយព័ត៌មានឲ្យមានប្រសិទ្ធភាព ឬក៏គ្រាន់តែជា ចំណេះដឹងផ្ទាល់ខ្លួន ក្នុងការតាមដានព័ត៌មានក៏បាន។
ដោយសារវគ្គសិក្សានេះ ត្រូវចំណាយពេលច្រើន ហើយវាគ្មិនក៏ជាអ្នកមាន បទសោធ និងមានកេរ្តិ៍ឈ្មោះដែរនោះ ខ្ញុំជឿថា តម្លៃនេះមិនខ្ពស់ទេ។
បើយើងគិតជា ម៉ោងរៀនវិញ គឺមួយម៉ោងប្រហែលជា ៤ ដុល្លារតែប៉ុណ្ណោះហើយ មានទាំងអាហារ សម្រន់ និងអាហារថ្ងៃត្រង់ទៀត ៕
(លេខទូរស័ព្ទទំនាក់ទំនងចុះឈ្មោះសិក្សា 089 60 88 89 និង 092 25 04 92)
ក្រុមហ៊ុនហ្វដ (Ford) របស់អាមេរិក ផ្តល់ឱកាស ការងារ ដល់និស្សិត សាកលវិទ្យាល័យ «អាមេរិកាំងភ្នំពេញ»
ភ្នំពេញ៖ ក្រុមហ៊ុនរថយន្ត ម៉ាកហ្វដ របស់អាមេរិក ដែលមានឈ្មោះ ផ្លូវការ RMA បានចុះហត្ថលេខា ជាមួយសាកលវិទ្យាល័យ «អាមេរិកាំងភ្នំពេញ» (American University of Phnom Penh "AUPP") ដើម្បីផ្តល់ឱកាស ដល់និស្សិត ដែលរៀននៅ សាកលវិទ្យាល័យមួយនេះ អាចរៀនធ្វើការងារ (កម្មសិក្សា)បណ្តើរៗ នៅក្រុមហ៊ុននេះ បើទោះបីជាពួកគាត់ កំពុងរៀននៅឆ្នាំទីមួយ ឬឆ្នាំទីពីរក៏ដោយ។
ក្រោយពីចុះហត្ថលេខាលើ MOU រួច លោក ងន សាំង អគ្គនាយករង របស់ក្រុមហ៊ុន RMA បាននិយាយថា "និស្សិត ដែលរៀននៅ AUPP អាចហាត់ការ (internship) ឬធ្វើកម្មសិក្សា នៅក្រុមហ៊ុន RMA CAMBODIA ដែលមានច្រើនផ្នែក និងច្រើនសាខា ដូចជា ក្រុមហ៊ុន លក់ឡាន Ford, Range Rover, Jaguar ឬក៏ផ្នែ្នកម្ហូបអាហារ ដូចជា ក្រុមហ៊ុន Pizza Company, Costa Coffee, ឬការ៉េម Swensen ។ល។ "
បើតាមប្រសាសន៍របស់ លោក ងន សាំង ក្រុមហ៊ុន របស់លោកត្រូវ ការធនធានមនុស្ស ដែលមាន ចំណេះដឹងពិតប្រាកដ ជាពិសេសនិស្សិត ដែលមានជំនាញ ផ្នែកពាណិជ្ជកម្ម និងសេដ្ឋកិច្ច ដូចដែល សាកលវិទ្យាល័យ «អាមេរិកាំងភ្នំពេញ» កំពុងបណ្តុះបណ្តាលនេះ។
លោកស្រី បណ្ឌិត Sharon Siverts សាកលវិទ្យាធិការ សាកលវិទ្យាល័យ «អាមេរិកាំងភ្នំពេញ» បានមាន ប្រសាសន៍ថា AUPP ជាសាកលវិទ្យាល័យ ឈានមុខគេនៅកម្ពុជា ដូច្នេះការចុះ កិច្ចព្រមព្រៀងរវាង AUPP ជាមួយក្រុមហ៊ុន RMA CAMBODIA នៅពេលនេះ ជាការបំពេញគ្នា ទៅវិញទៅមក តាមរយៈការផ្តល់ បទពិសោធន៍ ការងារ និងការងារជាក់ស្តែង ដល់និសិ្សតរៀននៅ AUPP ហើយជាមួយគ្នានេះ ក្រុមហ៊ុន RMA ក៏បានទទួលមកវិញនូវ ធនធានមនុស្ស ដ៏ល្អនិងពូកែៗវិញដែរ ។
យោងតាមកិច្ចព្រមព្រៀង ក្រៅពីការផ្តល់ការងារ ធ្វើដល់និសិ្សតរៀននៅ AUPP ពីក្រុមហ៊ុន RMA CAMBODIA និសិ្សតAUPP ក៏នឹងមានឱកាសសិក្សាស្រាវជ្រាវ លើគំរោងអ្វីមួយរួមគ្នា ជាមួយក្រុមហ៊ុន RMAផងដែរ ហើយជាមួយគ្នានេះនិស្សិត AUPP ក៏នឹងមានឱកាស ទិញនូវផលិតផល ឬម្ហូបអាហារពីក្រុមហ៊ុន RMA ដោយតំលៃមួយសមរម្យ តាមលទ្ធភាព ដែលក្រុមហ៊ុន អាចផ្តល់ជូន ។
AUPP ជាសាកលវិទ្យាល័យ អាមេរិកទីមួយ នៅកម្ពុជាដែលជួយបើកចំហរទីផ្សារការងារ ទាំងក្នុងប្រទេស ក្នុងតំបន់ និងក្នុងសាកលលោក ទាំងមូលដល់និស្សិតខ្មែរ ៕
ព័ត៌មានបន្ថែម សូមទាក់ទង៖ 023 990 023/ 097 325 8295/ ឬ www.aupp.edu.kh
សង្គមស៊ីវិល ទទូចឲ្យគណបក្ស ធំៗទាំងពីរ អនុញ្ញាតឲ្យ សាធារណជន ចូលរួមកិច្ចប្រជុំ របស់គណៈកម្មការ រដ្ឋសភា
ភ្នំពេញ៖ សម្ព័ន្ធកំណែទម្រង់ ការបោះឆ្នោត (ERA) ដែលមានអង្គការ ជាសមាជិកជាង២០ បានទទូចដល់ គណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្រ្គោះជាតិ (CNRP) អនុញ្ញាតឲ្យ សង្គមស៊ីវិល និងសាធារណជន នានា បានចូលរួមស្តាប់ការ ពិភាក្សាកិច្ចប្រជុំនីមួយៗ របស់គណៈកម្មការចម្រុះ របស់រដ្ឋសភាផង។
ថ្លែងនៅក្នុងសន្និសីទកាសែតស្តីពី តម្រូវការ នៃតម្លាភាព និងការទទួលបានព័ត៌មានការអនុវត្ត ដំណើរការកំណែ ទម្រង់ ការបោះឆ្នោត របស់គណបក្ស នយោបាយទាំងពីរ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ នាទីស្នាក់ការអង្គការ ខុមហ្វ្រែល រាជធានីភ្នំពេញ លោក ហ៊ឹម យន់ អ្នកសម្របសម្រួល សម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាព សង្គម (CISA) បានមានប្រសាសន៍ថា រាល់ការសម្រេចចិត្ត របស់ក្រុមការងារ កំណែទម្រង់គណៈកម្មាធិជាតិ រៀបចំ ការបោះឆ្នោត (គ.ជ.ប.) និងដំណើរការទាំងឡាយ នៃការបោះឆ្នោតនេះ គឺមានសារសំខាន់ក្នុងការ កាត់បន្ថយនូវ ទំនាស់ ទាំងឡាយក្រោយការបោះឆ្នោត។
លោកថា “បើនិយាយពីអភិបាលកិច្ចល្អ គឺត្រូវមានការចូលរួមពីអ្នកពាក់ព័ន្ធទាំងឡាយ ដូច្នេះ ក្រុមការងារនៃ គណបក្សទាំងពីរនេះ គួរតែបើកចំហ ឲ្យមានការផ្តល់ជាអនុសាសន៍ ផ្តល់ជាគំនិតយោបល់ ដើម្បីកែទម្រង់ នៃ ការបោះឆ្នោតហ្នឹងទទួលបានទាំងអស់គ្នា ទាំងសាធារណជន និងគណបក្សនយោបាយផ្សេងៗទៀត”។
លោក ហ៊ឹម យន់ បានបញ្ជាក់ថា បញ្ហានេះ មិនមែនសម្រាប់តែគណបក្សធំៗទាំងពីរនោះទេ ព្រោះជារឿងរបស់ សង្គមទូទៅ និងរបស់គណបក្សផ្សេងៗទៀតដែរ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៤ បានផ្ញើលិខិតទៅគណបក្សនយោយបាយធំៗទាំងពីរ ស្នើសុំ ចូលរួមជាមួយអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំ ឬទទួលព័ត៌មានអំពីលទ្ធផល នៃកិច្ចប្រជុំនីមួយៗ របស់គណៈកម្មការ ចម្រុះ នៃរដ្ឋសភា ៕
អាម៉េរិកមិនទាន់ សម្រេចដាក់ពង្រាយ យន្តហោះ Osprey នៅជប៉ុននៅឡើយទេ
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសអាម៉េរិក មិនទាន់សម្រេចចិត្តចំពោះ ការដាក់ពង្រាយយន្តហោះ ប្រភេទ Osprey នៅមូលដ្ឋានយោធាអាម៉េរិក ក្នុងទីក្រុង តូក្យូ ប្រទេសជប៉ុននៅឡើយទេ។ នេះបើតាមមន្រ្តីមន្ទីរប៉ង់តាហ្គោន បានលើកឡើងនៅថ្ងៃចន្ទ បន្ទាប់ពីព័ត៌មានថា អាចនឹងមានការដាក់ ពង្រាយនៅឆ្នាំក្រោយនេះ។
សារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃអង្គារ ទី០៧ ខែតុលា ឆ្នាំ២០១៤ បានឲ្យដឹងថា ការដាក់ពង្រាយយន្តហោះ នៅមូលដ្ឋានយោធា អាម៉េរិក នៅជប៉ុននេះ បង្កឲ្យភាពភាពចម្រូងចម្រាស់ ដោយសារតែមានកំណត់ ត្រានៃគ្រោះថ្នាក់ចាប់តំាងពីឆ្នាំ២០១២ ក្នុងនោះមានទំាងការ ស្លាប់នាវិកអាម៉េរិកជាដើម។
មន្រ្តីមន្ទីរបង់តាហ្គោនអាម៉េរិកបាននិយាយថា «មិនទាន់មានការសម្រេចចិត្តដាក់ពង្រាយ យន្តហោះប្រភេទ Osprey នៅតំបន់អាស៊ីប៉ាស៊ីហ្វិកនៅឡើយទេ។ យើងកំពុងស្វែងយល់ស្ថានភាពយោធានៅអាស៊ីប៉ាស៊ីហិ្វក ដែលបង្កើតទីតំាងភូមិសាស្រ្ត និងប្រតិបត្តិការយោធា ផ្តោតទៅលើនិរន្តរភាពផ្នែកនយោបាយ»។
ការថ្លែងអះអាងនេះ បានធ្វើឡើងបន្ទាប់ពីមានលេចលឺព័ត៌មានថា ជប៉ុន និងអាម៉េរិកកំពុងពិចារណាលើកការដាក់ពង្រាយយន្តហោះប្រភេទ 12CV-22 នៅមូលដ្ឋានទ័ពអាកាសអាម៉េរិក យូកូតា នៅខែកក្កដា ឆ្នាំក្រោយ។
លោក វង សូត សូមឲ្យចាស់ៗ ជួយតម្រង់ទិស ក្មេងៗ កុំឲ្យដើរធ្លាក់គន្លង នៃការបែកបាក់ (មានវីដេអូ)
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក វង សូត បានហៅចាស់ៗព្រឹទ្ធាចារ្យនៅកម្ពុជា ជាអ្នកមានពិសោធន៍ជីវិត និងហែលឆ្លងនូវទុក្ខលំបាកកើតចេញពីជម្លោះបែកបាក់ និងសង្រ្គាម ដែលកម្ពុជាបានហែលឆ្លងអស់ជាច្រើនទសវត្សរ៍។ លោកបានអំពាវនាវដល់ចាស់ៗមានពិសោធន៍ជីវិតទាំងអស់ ត្រូវតែអប់រំក្មេងៗជំនាន់ក្រោយ កុំឲ្យដើរធ្លាក់ទៅក្នុងគន្លង នៃការបែកបាក់នេះបន្តទៅទៀត។
លោក វង សូត ក្នុងឱកាសអញ្ជើញជាអធិបតីប្រារព្ធទិវាមនុស្សចាស់កម្ពុជា និង មនុស្សអន្តរជាតិ ០១ តុលា នៅក្រសួងសង្គមកិច្ចនាព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៤ បានថ្លែងថា ការស្វែងរកសន្តិភាពនៅកម្ពុជា គឺលំបាកខ្លាំងណាស់ ដូច្នេះអ្នករស់នៅក្រោមដំបូលសន្តិភាពនាពេលបច្ចុប្បន្នត្រូវតែរួមគ្នាជួយថែរក្សា មិនត្រូវឲ្យដានប្រវត្តិសាស្រ្ត វិលត្រឡប់មកវិញនោះឡើយ។ លោក វង សូត បានហៅសន្តិភាព ដែលលោកគិតថា ទើបមានពេញលេញនាឆ្នាំ ២០០០នេះ មានសារៈសំខាន់ណាស់ សម្រាប់ជួយកសាង និងអភិវឌ្ឍប្រទេសជាតិ។
លោក វង សូត ក៏បានលើកឡើងពីតួនាទី ដ៏មានសារៈសំខាន់របស់មនុស្សចាស់ៗជំនាន់មុនផងដែរ ពោលចាស់នៅ ដែលមានចាប់ពី ៦០ឆ្នាំឡើងទៅសុទ្ធតែបានដឹង និងមានពិសោធន៍យ៉ាងច្បាស់អំពីផលលំបាក និងទុក្ខវេទនា កើតចេញពីការឈ្លោះប្រកែក បែកបាក់ និងភ្លើងសង្រ្គាម ដែលកម្ពុជា បានហែលឆ្លង។
លោក វង សូត បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា «សម័យនេះ មានតែវិធីមួយទេ អ៊ុំៗ មានតួនាទីជួយមើលចៅៗ ក្មួយៗ ហើយជួយតម្រង់ទិសនូវអ្វី ដែលជាពិសោធន៍ក្នុងជីវិតរបស់យើងនាពេលកន្លងមក ដើម្បីឲ្យក្មួយៗ ចៅៗរបស់ យើងជំនាន់ក្រោយដឹងពីអ្វី ដែលយើងឆ្លងកាត់ […]។ អ៊ុំៗ ជួយណែនាំកូនក្មួយ ស្រុកយើងសន្តិភាពហើយ ឯងចូលបក្សណា ក៏ចូលទៅ ប៉ុន្តែប្រយ័ត្នរឿងមួយ កុំឲ្យទៅជាប្រទូសរ៉ាយ នាំឲ្យមានអំពើហិង្សា វាហិនហោចទាំងអស់ គ្នាហ្នឹង មិនថា បក្សណា ជាបក្សណាទេ ចឹងហើយត្រូវតែជួយតម្រង់ទិសថា យើងឆ្លងកាត់ពិសោធន៍ជីវិតការឈ្លោះ ប្រកែកគ្នាអត់ចំណេញអ្វីសោះ»។
លោក វង សូត នៅបញ្ជាក់ទៀតថា ទោះការតម្រង់ទិសនេះ ក្មេងស្តាប់តិច ឬច្រើន ក៏ត្រូវតែនិយាយប្រាប់ដែរ៕
យុវជនពីរនាក់ ប្រដាប់ដោយ ដាវស៊ាំម៉ូរៃ ដេញកាប់យុវជនម្នាក់ បណ្តាលឲ្យ ដាច់កដៃ ខាងស្តាំ
ភ្នំពេញ: យុវជនម្នាក់ត្រូវបាន ដាច់កដៃខាងស្តាំ ដេកស្តូកស្តឹង ក្នុងថ្លុកឈាម ដោយសារយុវជនពីរនាក់ ប្រដាប់ដោយ ដាវស៊ាំម៉ូរៃ បានដេញកាប់ ទាំងមិនដឹងមូលហេតុ រួចបានរត់គេចខ្លួនបាត់ បន្សល់ទុកដាវពីរដើម នៅក្បែរកន្លែងកើតហេតុ។ ហេតុការណ៍នេះ បានកើតឡើងកាលពីម៉ោងជាង១ រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី ០៧ ខែតុលា ឆ្នាំ២០១៤ នៅច្រកផ្លូវឌឿងហែម ស្ថិតក្នុងសង្កាត់មនោរម្យ ខណ្ឌ៧មករា។
ប្រភពពត៌មានពីជនរងគ្រោះ នៅ
ក្រោយពេលកើតហេតុ យុវជនទាំងពីរ
អាជ្ញាធរ នគរបាល យោធា និងប្រជាពលរដ្ឋ រួមគ្នា សំអាត បរិស្ថាន តាមដងស្ទឹងសិរីសោ ភ័ណ
បន្ទាយមានជ័យ ៖ ដើម្បីត្រៀមរៀបចំ ពិធីប្រណាំងទូក នាពេលខាងមុខដ៏ខ្លីនេះ កម្លាំងនគរបាល កម្លាំង យោធា ដោយមាន ការចូលរួមពីក្រុមសិស្សានុសិស្ស ជាកីឡា បាល់ទាត់ និងប្រជាពលរដ្ឋ ប្រមាណ៧០០ នាក់ បានរួមគ្នាសំអាតបរិស្ថាន តាមដងស្ទឹង សិរីសោភ័ណ ស្ថិតនៅសង្កាត់ព្រះពន្លា ក្រុង សិរីសោភ័ណ ខេត្ដបន្ទាយមានជ័យ ក្នុង គោលបំណងលើកកម្ពស់បញ្ហាបរិស្ថាន និង សោភ័ណភាពទីក្រុងកាន់ តែប្រសើរឡើង ។
ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ លោកឧត្ដមសេនីយ៍ អាត់ ខែម បានថ្លែងឱ្យ ដឹងថា ចំពោះយុទ្ធនាការ ចុះសំអាតបរិស្ថាន រើសសំរាមកាកសំណល់ តាមដងស្ទឹងសិរីសោ ភ័ណ ដែលធ្វើឡើង តាំងពីម៉ោង៨ព្រឹក រហូតដល់ម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤នេះ លោកបានដឹកនាំ កម្លាំងនគរបាល ទាំងថ្នាក់ស្នងការ ស្រុក ក្រុង និងតាមវរៈ ២៥០នាក់ ចូលរួមសហការជាមួយកម្លាំងយោធា ប្រមាណ១០០នាក់ កម្លាំងយុវជន ជាសិស្សានុសិស្ស ផ្នែកបាល់ទាត់ ៥០នាក់ និងប្រជាពលរដ្ឋ ប្រមាណ១០០ នាក់ បានរួម គ្នា សំអាតបរិស្ថាន តាមដងស្ទឹងមួយនេះ លើកតម្កើន សោភ័ណភាព បញ្ហាបរិស្ថាន នៅក្នុងក្រុង ។
លោកឧត្ដមសេនីយ៍ ស្នងការ បាន បញ្ជាក់ទៀតថា នៅក្នុងយុទ្ធនាការរួមគ្នា សំអាតបរិស្ថាន ដោយមានការ ចូលរួមពីអ្នក តំណាងរាស្ដ្រខេត្ដបន្ទាយមានជ័យ និងអភិបាលក្រុងសិរីសោភ័ណ ក៏ដូចជាថ្នាក់ ដឹកនាំខេត្ដមួយចំនួននោះ ធ្វើឡើងក៏ដើម្បី ត្រៀមរៀបចំពិធីប្រណាំងទូកតាមដងស្ទឹង សិរីសោភ័ណ ដែលនឹងប្រារឰធ្វើឡើងនាអំឡុងខែវិច្ឆិកា ឆ្នាំ២០១៤ខាងមុខនេះ ដែលខេត្ដបានរៀបចំ ជារៀងរាល់ឆ្នាំ ។
បើតាមលោកឧត្ដមសេនីយ៍ អាត់ ខែម ក្នុងយុទ្ធនាការចុះសំអាតបរិស្ថាន ស្ដារសំរាម រើសកាកសំណល់ ផ្សេងៗ អណ្ដែតតាមដង ស្ទឹងនោះកម្លាំងនគរបាលរបស់លោក បានប្រើប្រាស់មធ្យោបាយមួយចំនួន ដូចជា រថយន្ដ ទូក ២៥គ្រឿង អូរប័រ និងម៉ាស៊ីន កាត់ស្មៅជាដើម ។
ក្រោយបញ្ចប់យុទ្ធនាការ អស់រយៈពេលពេញ មួយព្រឹកនេះ បញ្ហា បរិស្ថាននៅតាមដងស្ទឹងសិរីសោភ័ណ បាន ប្រែក្លាយ និងគួរឱ្យទាក់ទាញ យ៉ាងខ្លាំង ដែលទាំងនេះ បានចូលរួមចំណែកលើកកម្ពស់ បញ្ហា សុមាល ភាព របស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងក្រុង ក៏ដូចជាបង្កើនការចាប់អារម្មណ៍កាន់តែខ្លាំង ពីសំណាក់ ភ្ញៀវជាតិ និងអន្ដរជាតិ ដែលមកលេងនៅក្រុងសិរីភ័ណនោះ ។
ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ ក៏បានអំពាវនាវទៅដល់ប្រជាពលរដ្ឋ ដែល រស់នៅក្រុងសិរីភាព ក៏ដូចជារស់នៅតាម ដងស្ទឹងសិរីសោភ័ណ ត្រូវចូលរួមសហការ ជួយសំអាតបរិស្ថាន ដើម្បីមុខមាត់សង្គម និងសុខភាពរបស់យើងទាំងអស់ ពោលមិន ត្រូវចោលសំរាម កាកសំណល់ ឬបង្ហូរលាមក ចូលទៅ ក្នុងស្ទឹងនោះឡើយ៕
ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អាត់ ខែម (រូបពាក់អាវស) កំពុងដឹកនាំកម្លាំង នគរបាលចុះសំអាត បរិស្ថាន
សាលាវ៉េសឡាញន៍ ប្រគល់ រង្វាន់ជូនសិស្សជ័យលាភី ប្រកួត ប្រជែងចំណេះដឹង អាស៊ាន ៦នាក់
ភ្នំពេញ៖ សាលាវ៉េសឡាញន៍ បានរៀបចំកម្មវិធី ប្រគល់រង្វាន់ជូន ដល់សិស្ស ដែលបានប្រឡងជាប់ ក្នុងការប្រកួតប្រជែង ចំណេះដឹងអាស៊ាន ក្នុងនោះ រួមមាន ដំណើរកម្សាន្តទស្សនកិច្ច ទៅកាន់ប្រទេសសឹង្ហបុរីនិង ម៉ាឡេស៊ីរយៈពេលបីយប់បួនថ្ងៃ និងអ្នកដែលទទួលបានអាហារូបករណ៍លេខ១ បានទឹកប្រាក់១០០០ដុល្លារ លេខ២ ទទួលបាន៧០០ដុល្លារ និងលេខ៣ ទទួលបាន៥០០ដុល្លារសហរដ្ឋអាមេរិក។ ក្នុងនោះដែលសម្រាប់ការប្រគល់រង្វាន់ និងអាហារូបករណ៍ នេះត្រូវបានរៀបចំឡើង នៅសាលារៀនវ៉េសឡាញន៍ សាខាដូនពេញនៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៤។
លោក គង់ សំនៀង នាយកសិក្សាធិការនៃវេសឡាញ៍ អេឌ្យូខេសិន គ្រុប បានថ្លែងនូវការកោតសរសើរ និងមានសេចក្តីសោមនស្សរីករាយ យ៉ាងក្រៃលែងដល់សិស្សានុសិស្ស ដែលបានទទួលជ័យលាភី ដែលបានប្រឡងជាប់ ក្នុងការប្រកួតប្រជែងចំណេះដឹង អាស៊ានលើកនេះ ឲ្យទទួលបានជោគជ័យ ។
លោកបន្តថា រង្វាន់ទាំងអស់គឺជារង្វាន់ដែលសាលារៀនបាន ធ្វើការលើកទឹកចិត្ត ចំពោះសិស្សពូកែដែលបាន ខិតខំប្រឹងប្រែងរៀនសូត្រ ហើយក៏ចង់បង្ហាញ ឲ្យសិស្សដទៃទៀតបានឃើញ និងខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីក្លាយជាសិស្សពូកែ ប្រចំាសាលា ក៏ជាលើកកិត្តិយស សម្រាប់ខ្លួនឯង និងក្រុមគ្រួសារផងដែរ។
លោកបន្ថែមថា កម្មវិធីប្រកួតប្រជែងចំណេះដឹងអាស៊ានសម្រាប់យុវជននេះ ត្រូវបានរៀបចំឡើង ដោយវិទ្យាស្ថានអភិវឌ្ឍ វិស័យអប់រំ រួមសហការជាមួយសាលារៀន វ៉េសឡាញន៍ និងសាលារៀនណត្សឡាញន៍ ព្រមទាំងបានការឧបត្ថម្ភពីក្រុមហ៊ុន សេវាទូរស័ព្ទMetfone សកលវិទ្យាល័យ អាមេរិកកំាងភ្នំពេញ អន្តរជាតិ អាហារដ្ឋាន Cowboy Snack សហគ្រាស Goolhill ប៉ឺហ្គើ LOTTERIA ភោជនីដ្ឋាន Park Café សួនកម្សាន្ត Dreamland នុំសាគីរ៉ា រោងភាពយន្ត Platinum និងវិទ្យាស្ថានសិក្សា ដើម្បីជោគជ័យ៕
លោក គង់ សំនៀង នាយកសិក្សាធិការនៃ វេសឡាញ៍ អេឌ្យូខេសិន គ្រុប
ទីភ្នាក់ងារកូរ៉េ សម្រាប់ការអភិវឌ្ឍ អន្តរជាតិ (KOICA) បើកកិច្ចប្រជុំ ពិភាក្សាលើកម្ម វិធីអ្នកស្ម័គ្រចិត្ត កយកា ក្នុងប្រទេស កម្ពុជា ឆ្នាំ២០១៤
ភ្នំពេញ៖ នាព្រឹកថ្ងៃទី ០៨ ខែតុលាឆ្នាំ២០១៤ ទីភ្នាក់ងារកូរ៉េ សម្រាប់ការអភិវឌ្ឍ អន្តរជាតិ (KOICA) បានរៀបចំ បើកកិច្ចប្រជុំមួយពិភាក្សា លើកម្មវិធីអ្នកស្ម័គ្រចិត្តកយកា ក្នុងប្រទេសកម្ពុជា ឆ្នាំ ២០១៤ ដែលកម្មវិធីនេះ ធ្វើ ឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងពិនិត្យឡើងវិញនឹងវាយតម្លៃ លើប្រសិទ្ធភាពការងារ របស់អ្នកស្ម័គ្រចិត្ត ដែលបានបំពេញការងារ របស់ខ្លួនក្នុងរយះពេលមួយឆ្នាំកន្លងមក។
កម្មវិធីនេះប្រព្រឹត្តឡើងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយស្ថិតក្រោមអធិបតីភាព លោកស្រីគឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន នឹងកីឡា នឹងលោកស្រី ប៊ែក ស៊ុកហ៊ី ប្រធានការិយាល័យតំណាង KOICA ប្រចាំនៅកម្ពុជា នឹងមានការអញ្ជើញចូលពីសំណាក់អង្គការជាដៃគូរអភិវឌ្ឍន៍ជាច្រើននាក់ទៀត។
លោកស្រី ប៊ែក ស៊ុកហ៊ី ប្រធានការិយាល័យតំណាង KOICA ប្រចាំនៅកម្ពុជាបានថ្លែង សន្ទរកថា សព្វថ្ងៃនេះ ប្រទេសកូរ៉េបានក្លាយជាម្ចាស់ជំនួយទី៥ នៅប្រទេសកម្ពុជា នៅក្នុងនោះផងដែរ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍ ធនធានមនុស្សដែលជាកត្តាមួយដ៏សំខាន់ សម្រាប់ការអភិវឌ្ឍន៍ប្រទេសកម្ពុជា សាធារណៈរដ្ឋកូរ៉េ បានអញ្ចើញ មន្រ្តីរាជការរដ្ឋាភិបាលកម្ពុជា អោយទៅទស្សនកិច្ចនឹងចូលរួមវគ្គ បណ្តុះបណ្តាលនៅប្រទេសកូរ៉េ បានប្រមាណ ជាង ២ពាន់នាក់ ក្នុងរយៈពេល១០ឆ្នាំចុងក្រោមនេះ នឹងបានបញ្ជូនអ្នកស្ម័គ្រចិត្តកូរ៉េ មកប្រទេសកម្ពុជា បាន ប្រមាណជាង៣០០នាក់ រួមមានអ្នកជំនាញកយកាមកចូលរួមផ្ទេរបទពិសោធន៍ដល់កម្ពូជាផងដែរ ។
ឆ្លៀតក្នុងឱកាសខាងលើនេះ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំយុវជន នឹងកីឡា បានថ្លែងដល់ ទីភ្នាក់ងារកូរ៉េសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិ KOICA ដែលបានរៀបចំកម្មវិធីនេះឡើង ហើយលោកស្រីក៏បាន បញ្ជាក់ថាកម្មវិធីនេះ បានផ្តល់ជំនួយបច្ចេកទេសពីប្រទេសកូរ៉េ ដោយបានពង្រាយអ្នកស្ម័គ្រ ចិត្តជាច្រើន ទៅរស់ នៅនឹងធ្វើការរួមគ្នាជាមួយសហគមន៍នានា ដើម្បីរួមចំណែកអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ។
លោកស្រីរដ្ឋលេខាធិការបានបន្តថា កម្មវីធីអ្នកស្ម័គ្រចិត្តកយកា គ្រប់ដណ្តប់លើវិស័យ ជាអាទិតភាព មួយចំនួន ដូចជា វិស័យអប់រំ សុខភាព អភិវឌ្ឍន៍ជនបទ នឹងវិស័យសុខមាលភាពសង្គម ដែលមានក្រសួង ស្ថាប័នជាតិ សំខាន់ចំនួន ៧ពាក់ព័ន្ធគឺ ក្រសួងអប់រំ យុវជន នឹងកីឡា ក្រសួងការងារនឹងបណ្តុះបណ្តាល វិជ្ជាជីវៈ ក្រសួងសុខា ភិបាល ក្រសួងទេសចរណ៍ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន នឹងយុវនីតិសម្បទា ក្រសួងវប្បធម៍នឹងវិចិត្តសិល្បះ នឹងសាលារាជធានីភ្នំពេញផងដែរ។ ចាប់តាំងពីឆ្នាំ ២០១៣ មក KOICA បានពង្រាយអ្នកស្ម័គ្រចិត្តចំនួន ៣៨៧ នាក់ នៅទូទាំងប្រទេសកម្ពុជា ។ហើយបច្ចុប្បន្ន មានអ្នកស្ម័គ្រចិត្ត ចំនួន ៦៣នាក់ បាននឹងកំពុងបំពេញការងារបស់ខ្លួន។ ដោយឡែកសម្រាប់ក្រសួងអប់រំ ចាប់តាំងពីឆ្នាំ ២០០៣ រហូតមកដល់ឆ្នាំ ២០១៤នេះ មានអ្នកស្ម័គ្រ ចិត្តចំនួន ១៨៣នាក់ ត្រូវបានដាក់ពង្រាយអោយបំពេញការងារជំនាញរបស់ខ្លួននៅតាម រាជធានី ខេត្តមួយចំនួន នៅក្នុងប្រទេស កម្ពុជា ក្នុងនោះមានអ្នកស្មគ្រចិត្តចំនួន ៥១នាក់ កំពុងបំពេញការងារលើវិស័យអប់រំក្រោម កិច្ចសហប្រតិបត្តិការរវាង KOICAនឹងក្រសួងអប់រំ ។
លោកស្រីបន្តទៀតថា បើទោះបីសព្វថ្ងៃនេះ ប្រទេសកម្ពុជា មានអភិវឌ្ឍន៍នឹងរីកចំរើនគួរអោយកត់សម្គាល់លើគ្រប់វិស័យក៏កម្ពជានៅតែត្រូវការជំនួយផ្សេងៗ ពីមិត្តភ័ក្តិបរទេសជាពិសេស គឺជំនួយបច្ចេកទេសដើម្បិអភិវឌ្ឍន៍ជំនាញដល់មន្រ្តីរាជការតាមក្រសួង ស្ថាប័នានា ឲ្យមានសមត្ថភាពស្របតាមស្តង់ដារតំបន់ នឹងសកលលោក។ ស្ថិតក្នុងបរិបទ កម្មវិធីអ្នកស្ម័គ្រចិត្តកយកាក្នុង ប្រទេសកម្ពុជា នាពេលនេះគឺពិតជាដើរតួយ៉ាងសំខាន់ ក្នុងការរួមចំណែកអភិវឌ្ឍន៍ជំនាញបច្ចេកទេស ដល់មន្រ្តីរាជការកម្ពុជា ជាពិសេសមន្ត្រីដែលកំពុងបំរើការងារនៅតំបន់ដាច់ស្រយ៉ាល ព្រមទាំងពង្រឹងនូវកិច្ច សហប្រតិបត្តិនឹងមិត្តភាព រវាងរដ្ឋាភិបាលនឹងប្រជាជាតិនៃប្រទេសទាំង២ផងដែរ ៕
ចាប់ក្រុមក្មេង ស្ទាវពីរនាក់ ព្រួតវាយ កម្មករឃ្លាំង ផ្ទុកឥដ្ឋការ៉ូខេធី
ភ្នំពេញ ៖ ក្រុមក្មេងស្ទាវពីរនាក់ ត្រូវបាន ក្រុមកម្មករ ដែលធ្វើការនៅឃ្លាំងស្ដុកឥដ្ឋការ៉ូ ខេធី ស្ថិតនៅតាមផ្លូវបេតុង ភូមិចោមចៅ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ឃាត់ ខ្លួនឱ្យសមត្ថកិច្ចមូលដ្ឋាន ក្រោយពីពួកគេ ទាំងពីរនាក់ ក្នុងចំណោមបក្ខពួកទាំង៤នាក់ បាននាំគ្នាព្រួតវាយកម្មករទាំងនោះ កាលពី ល្ងាចថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៤ ។
នគរបាលប៉ុស្ដិ៍ចោមចៅ បាននិយាយថា ក្មេងទំនើងទាំងពីរនាក់ ដែលត្រូវចាប់ខ្លួនពី បទហិង្សាដោយចេតនាខាងលើនេះ រួមមាន ទី១ឈ្មោះមឿង គា អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិថ្មគោល សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី២ឈ្មោះ លឹម ធឿង អាយុ២៣ឆ្នាំ មុខរបរកម្មករសំ ណង់ រស់នៅភូមិថ្មគោល ។ ដោយឡែកជន រងគ្រោះឈ្មោះប៊ី វីសាក់ អាយុ២១ឆ្នាំ មុខ របរកម្មករលីឥដ្ឋការ៉ូ ស្នាក់នៅក្នុងឃ្លាំង រង របួសពកក្បាល និងកំភួនដៃខាងស្ដាំ ។
បើតាមសមត្ថកិច្ចមុនពេលកើតហេតុ ក្រុមជនបង្កមានគ្នា បានគប់ដុំថ្មទៅក្នុងឃ្លាំង ខេធី បណ្ដាលឱ្យចំក្បាលជនរងគ្រោះ ពេល នោះជនរងគ្រោះនិងមិត្ដភក្ដិរួម ការងារបាន រត់ចេញពីឃ្លាំងដេញវាយជនសង្ស័យរូបនេះ ប៉ុន្ដែត្រូវបានជនបង្កដេញវាយត្រឡប់មកវិញ ដោយកាន់ដាវនៅក្នុងដៃ បម្រុងចូលទៅ កាប់ ប៉ុន្ដែត្រូវបានជនរងគ្រោះនាំគ្នាឡោម ព័ទ្ធនិងឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ចតែម្ដង។
បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបាន ឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌពោធិ៍សែនជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការ តាម ផ្លូវច្បាប់ ៕
ឆ្លងចរន្តអគ្គីសនី ឆេះលុច្សស៊ីស ផ្អើលពលរដ្ឋ យកបំពង់ពន្លត់ អគ្គីភ័យ អន្តរាគមន៍
ភ្នំពេញ៖ រថយន្តលុច្សស៊ីស RX៣០០ មួយគ្រឿង បានឆ្លងចរន្តអគ្គីសនី ឆេះបង្កឲ្យមាន ការភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋ ដែលនៅក្បែរ ជួយអន្តរាគមន៍ យកបំពង់ពន្លត់ អគ្គីភ័យមកបាញ់ពន្លត់ ខណៈដែល កំពុងធ្វើដំណើរ កាលពីវេលាម៉ោង ២០និង៣០នាទីយប់ ថ្ងៃទី៧ខែតុលា ឆ្នាំ២០១៤ នៅចំណុចមុខ សកលវិទ្យាល័យ ភូមិន្ទកម្ពុជា តាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទទួលគោក ។
តាមសាក្សីនៅកន្លែង កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ បើករថយន្តលុច្សស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2G- 8428 ធ្វើដំណើរតាមបណ្តោយ ផ្លូវសហព័ន្ធរុស្សី ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចមុខ សកលវិទ្យាល័យភូមិន្ទកម្ពុជា ស្រាប់តែឃើញ មានហុយផ្សែង ចេញពីកាប៊ិនខាងមុខ និងបង្កឲ្យមានអណ្តាតភ្លើង ធ្វើឲ្យផ្អើលដល់ ប្រជាពលរដ្ឋ ដែលនៅកន្លែងរួមទាំង អ្នកធ្វើដំណើរជួយ អន្ត រាគមន៍ យកបំពុងពន្លត់អគ្គីភ័យមកបាញ់ពន្លត់ ទាន់ពេលវេលា តែមិនបង្កឲ្យមានមនុស្សណា ម្នាក់រងរបួស នោះទេ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះមក ដល់ចំណុចកើតហេតុ ពិនិត្យជាក់ស្តែង ហើយបានឲ្យម្ចាស់ រថយន្ត អូសទៅជួសជុលដោយខ្លួន ឯងដោយសារតែ ហេតុការណ៍នេះមិនបង្ក ឲ្យប៉ះពាល់ដល់អ្នកផ្សេង៕
សំណង់១កន្លែង សង់គ្មានច្បាប់ អាជ្ញាធរចុះទៅឃាត់ ៣ដង ម្ចាស់នៅតែធ្វើ
កោះកុង ៖ សំណង់មួយកន្លែង ដែលសាងសង់ ដោយគ្មានច្បាប់ អនុញ្ញាតពីអាជ្ញាធរ មន្រ្តីជំនាញ ហើយត្រូវបានអាជ្ញាធរ បានធ្វើលិខិត ហាមឃាត់រហូត ទៅដល់៣ដង តែម្ចាស់សំណង នៅតែធ្វើដដែល ដោយគ្មានខ្លាច ញញើតច្បាប់ អ្វីបន្ដិចសោះប្រហែលអាង មានទឹកលុយ នឹងអាងមានខ្សែ នៅពីក្រោយខ្នង ហើយមើទៅ បានជាម្ចាស់សំណង់រូបនោះ នៅធ្វើរាល់ថ្ងៃ។ សំណង់អាណាធិបតេយ្យ មួយកន្លែង នេះស្ថិតនៅ ភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង នៅ តាមបណ្ដោយផ្លូវជាតិ លេខ៤៨ ដែលមានទំហ៊ំ ប្រហែល ២០គុណ ៣០ម ដែលម្ចាស់សំណង់មានឈ្មោះ តែង ប៊ុន ។
លោក ហាក់ បូរ៉ា ប្រធានភូមិបាល ក្រុងខេរភូមិន្ទ បាននិយាយថា ចំពោះសំណង់១កន្លែងនេះ ដែលមានម្ចាស់ឈ្មោះ តែង ប៊ុន បានសាងសង់ ដោយគ្មាន សុំច្បាប់អនុញ្ញាត ពីស្ថាប័ន ជំនាញនោះទេ គឺសាងសង់ដោយ អំពើចិត្ដខ្លួនឯង ហើយលោកបានចុះផ្អាកការ សាងសង់ចំនួន៣ដង ហើយតែលោក តែង ប៊ុន នៅតែធ្វើដដែល ។ ហើយការឱ្យគាត់ផ្អាក ការសាងសង់នេះ គឺសំដៅឱ្យគាត់ធ្វើការសាងសង់ ដោយស្របច្បាប់ជៀសរៀង បញ្ហាទៅថ្ងៃក្រោយ ។
លោក ប៉ែន ប៊ុនឈួយ អភិបាលស្ដីទី ក្រុងខេមរភូមិន្ទ បាននិយាយនៅព្រឹកថ្ងៃទី៨ ខែ តុលា ឆ្នាំ២០១៤ថា ចំពោះសំណង់ខាងលើនេះ លោក នឹងមន្រ្តី ជំនាញបានដឹង អស់ហើយ ហើយក្នុងនាមលោក ជាអាជ្ញាធរដែនដី លោកធ្វើលិខិតផ្អាក ជាលើទី៣ ដើម្បីឱ្យគាត់មកធ្វើច្បាប់ សាងសង់ឱ្យបានស្របច្បាប់ តែលោក តែង ប៊ុន មិនស្ដាប់ អ្នកណាទាំងអស់ ដោយច្រឡោត ដាក់លោកទៀត មិនដឹងជាគាត់ សំណាង ទៅលើអ្វីនោះទេ ។
តែអីឡូវលោកបានរាយការណ៍ ទៅមន្ទីរដែនដី ដើម្បីឱ្យគាត់ធ្វើម្ដង ព្រោះម្ចាស់សំណង់ រូបនោះ មិនស្ដាប់អាជ្ញាធរ ។ លោក សេង ប៊ុនឈឿន ប្រធានការិយាល័យ សំណង់ បាននិយាយប្រាប់ឱ្យដឹង នៅព្រឹកថ្ងៃទី៨ ខែតុលា នេះថា ចំពោះសំណង់របស់ លោក តែង ប៊ុន ដែលសាងសង់ គ្មានច្បាប់អនុញ្ញាត ពីស្ថាប័ន ជំនាញ ក្រុងនោះ លោកទទួលសេចក្ដីរាយការណ៍ ពីសាលាក្រុងហើយ។ ហើយថ្ងៃនេះ ឬថ្ងៃស្អែក លោកធ្វើលិខិតជូន ម្ចាស់សំណង់ ដើម្បីឱ្យគាត់ផ្អាកការសាងសង់ ដោយឱ្យគាត់ធ្វើច្បាប់ ឱ្យបានត្រឹមត្រូវស្របទៅ ផ្លូវច្បាប់ ទើបអនុញ្ញាតឱ្យសាងសង់បន្ដ បើមិនដូច្នោះទេ លោកនឹងមានវិធានការទៅតាមច្បាប់ ។
ប្រភពពីមជ្ឈដ្ឋាន មួយបាន និយាយថា ការសាងសង់នៅ សំណង់មួយចំនួន មិនបានសុំច្បាប់មុននោះទេ គឺបណ្ដើរ រត់ការបណ្ដើរនេះ ទង្វើដ៏អាក្រក់ សម្រាប់អ្នកមានលុយ នឹងអ្នកមានអំណាច ។ ហើយមន្រ្តីជំនាញនោះ ក៏អីចឹងដែរ បើប្រជាពលរដ្ឋ សាងសង់បន្ដិចបន្ដួចរក រឿងគ្មានឈប់ទេ បើអ្នកមានលុយ អ្នកមានអំណាចវិញ ធ្វើមិនឃើញទេ ដល់ បែកធ្លាយរឿងទើបធ្វើ ។ ប្រភពពីមជ្ឈដ្ឋាន ដដែលបាននិយាយបន្ដថា ក្នុងនាម ជាអាជ្ញាធរ និងជំនាញ មានសិទ្ធិពេញលេញ ក្នុងការអនុវត្ដន៍ច្បាប់ ដែលរាជរដ្ឋាភិបាល បានប្រគល់ជូន ហើយត្រូវអនុវត្ដន៍ ដោយមិនលំអៀងទោះបី ប្រជាពលរដ្ឋ ក្ដីអ្នកមានលុយក្ដី អ្នកមានអំណាចក្ដី៕
៧ថ្ងៃ អ្នកចុះបញ្ជីឈ្មោះ បោះឆ្នោតថ្មី មានជាង ៤ម៉ឺននាក់
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៤ នេះ បានបង្ហាញលទ្ធផល នូវអ្នកចុះបោះឆ្នោតថ្មី សម្រាប់ឆ្នាំ២០១៤ ក្នុងរយៈពេល៧ថ្ងៃ មានចំនួន ៤៣,៤៤៩ នាក់។
សេចក្តីប្រកាសព័ត៌មាន របស់ គ.ជ.ប ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃទី៨ ខែ តុលា នេះបានឲ្យដឹងថា ក្នុងខេត្ត-រាជធានីចំនួន ២៥ ក្នុងឃុំ-សង្កាត់១,៦៣៣ ប្រជាពលរដ្ឋមក ចុះ ឈ្មោះបោះឆ្នោតថ្មី មាន ៤៣,៤៤៩ នាក់ ក្នុងនោះ បានកែតម្រូវឈ្មោះ ៨,២១០នាក់ និងបានលុប ឈ្មោះ ១៥,៩៨៥នាក់ ។
សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៤ បានធ្វើឡើងរយៈពេល ២០ថ្ងៃ ចាប់ពី ថ្ងៃទី១-២០ ខែតុលា៕