Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លោក ងី តាយី មានជំនឿថា និស្សិត​នៅ​ខេត្តក្រចេះ​ មានកម្រិត​សិក្សាខ្ពស់​ និង​ជាទំពាំង​ ស្នង​ឬស្សី

0
0

ខេត្តក្រចេះ៖ លោក ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជា ប្រធានក្រុមប្រឹក្សាភិបាល សមាគមសិស្សនិស្សិត ខេត្តក្រចេះ មានជំនឿថា និស្សិតនៅខេត្ត ក្រចេះ លើវត្តមានការប្រឡងប្រគួតប្រជែង គ្រប់មុខវិញ្ញាសារ មិនចាញ់និស្សិតនៅតាម បណ្តារខេត្ត-រាជធានីផ្សេងៗ ដោយលោកអះអាងថា មានមន្រ្តីរាជការជាន់ខ្ពស់ ជាច្រើន នាក់ដែលកំពុងតែបំរើការងារ ឲ្យរាជរដ្ឋាភិបាល គឺភាគច្រើនមានដើមកំណើត និងសិក្សា រៀនសូត្រចេញពីខេត្តក្រចេះ។

ការអះអាងបែបនេះ របស់រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក ងី តាយី លោកបានជម្រុញឲ្យ សិស្សនិស្សិតបន្តការខិតខំសិក្សា លើមុខវិជ្ជាជំនាញ គឺបាន ធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិការ នៅក្នុងសាលប្រជុំរបស់សកលវិទ្យាល័យគ្រប់គ្រង និង សេដ្ឋកិច្ច ហៅកាត់ថាUMEសាខាខេត្តក្រចេះ ក្នុងសិក្ខាសាលាមួយស្តីពី ស្តង់ដារគណនេយ្យ កម្ពុជាដោយមាននិស្សិតប្រុស ស្រី ជំនាញគណនេយ្យប្រមាណជាង១០០នាក់ចូលរួម។

បើតាមការលើកឡើងរបស់លោក ទេព វាសនា សកលវិទ្យាធិការនៃសកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ចខេត្តក្រចេះបានឲ្យដឹងដែរថា សកលវិទ្យល័យគ្រប់គ្រង និងសេដ្ឋកិច្ច ខេត្តក្រចេះ គឺបានធ្វើការបណ្តុះបណ្តាលដល់សិស្សនិស្សិតចំនួន៣កំរិត គឺចាប់ពីកំរិតបរិញ្ញា ប័ត្ររង បរិញ្ញាប័ត្រនិងបរិញ្ញាប័ត្រជាន់ខ្ពស់ ដែលមាន សិស្សនិស្សិត កំពុងតែសិក្សាបច្ចុប្បន្ន មានចំនួនជាង២ពាន់នាក់ សិស្សនារី ជាង៨រយនាក់ លើហមាវិទ្យាល័យចំនយន៤ គឺមហា វទ្យាល័យគ្រប់គ្រងពាណិជ្ជ និងទេសចរណ៏ មហាវិទ្យាល័យសិល្បះ មនុស្សសាស្រ្ត និង ភាសា មហាវិទ្យាល័យនីតិសាស្រ្ត និងបច្ចេកទេស។

លោក ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុម ប្រឹក្សាភិបាលសមាគមសិស្សនិស្សិតខេត្តក្រចេះ បានធ្វើការពន្យល់នែនាំពីគន្លិះសិក្សាមួយ ចំនួនជូនដល់សិស្សនិស្សិតលើជំនាញផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ លោកថា ទន្ទឹមនិង ប្រទេសកម្ពុជបច្ចុប្បន្ន គឺកំពុងតែមានភាពរីកចំរើនលើគ្រប់វិស័យ ក្នុងនោះ វិស័យអប់រំក៏ វិស័យស្នូលមួយដែលរាជរដ្ឋាភិបាល ចាត់ទុកក្នុងការអភិវឌ្ឍន៏ជាតិ។ ហើយរាល់មុខវិជ្ជា សិក្សានីមួយ ពិសេសផ្នែកជំនាញគណនេយ្យ គឺសុទ្ឋតែទទួលស្គាល់ តាមស្តង់ដារអន្តរជាតិ ដោយ លោកបានមានជំនឿថា សិស្សនិស្សិតប្រាកដជាខិតខំរៀនសូត្រ ដើម្បីបង្កើនធនធាន មនុស្សដ៏ប្រសើររួមចំណែក ក្នុងការកសាងនិង អភិវឌ្ឍន៏កម្ពុជា ប្រកបដោយចីរភាព៕


លិខិត​អន្តរាគមន៍​ដោះលែង​ លោក មាជ សុវណ្ណារ៉ា របស់​លោក​ សម រង្ស៊ី ទៅដល់​ក្រសួងយុត្តិធម៌​ហើយ​

0
0

ភ្នំពេញ៖ លិខិតរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលបានស្នើឲ្យមានការ ដោះលែង សកម្មជនតវ៉ា ដីធ្លីរស់នៅតំបន់បឹងកកនិង លោក មាជ សុវណ្ណរ៉ា ផងនោះឥឡូវនេះបាន ទៅ ដល់ដៃក្រសួងយុត្តិធម៌ ហើយកាលពីល្ងាច ថ្ងៃសុក្រទី១៤វិច្ឆិកា បន្ទាប់ពីក្រសួង មហាផ្ទៃ បានបង្វែរលិខិតដែលស្នើដោយលោក សម រង្ស៊ីនេះ ទៅក្រសួងយុត្តិធម៌ជាអ្នក មានសមត្ថកិច្ចដោះស្រាយ រឿងនេះជំនួសវិញ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅរសៀលថ្ងៃអាទិត្យទី១៦ខែវិច្ឆិកានេះ លោក គឹម សន្តិភាព បញ្ជាក់ថា" យើងទទួលបានលិខិតហ្នឹង ហើយកាលពី ល្ងាចថ្ងៃសុក្រ។ អត់មាន ដំណោះ ស្រាយថានឹងត្រូវធ្វើ យ៉ាងម៉េចទៀតនោះទេ។ ប៉ុន្តែទោះជាយ៉ាងណាក៏ ដោយរឿងនេះ ស្ថិតនៅក្នុងនីតិវិធីរបស់តុលាការ"។

សូមបញ្ជាក់ថា បន្ទាប់ពីមានការឃាត់ខ្លួនលោក មាជ សុវណ្ណារ៉ា ប្រធាន នាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយ និងជាអនុប្រធានក្រុមការងារ ខេត្តបន្ទាយមានជ័យរបស់ គណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធនឹងអំពើហិង្សាក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១១ ខែវិច្ឆិកា រួចមក លោក សម រង្ស៊ី បានសរសេរលិខិតមួយច្បាប់ ទៅកាន់ លោកឧបនាយករដ្ឋមន្រ្តី ស ខេង ស្នើឲ្យជួយអន្តរាគមន៍លើសកម្មជនរូបនេះ និងសកម្មជនមួយដីធ្លីមួយចំនួនទៀតរស់នៅតំបន់បឹងកក កាលពីថ្ងៃទី១២ វិច្ឆិកា ៕

ក្រុមហ៊ុន​អេហ្សិត​ នឹង​ពង្រីក​ផ្លូវជាតិ​លេខបួន​ នៅតាម​ភូមិសាស្រ្ត​មួយចំនួន​ បន្ថែមទៀត​ដើម្បី​ កាត់​បន្ថយ​គ្រោះថ្នាក់​ ចរាចរ​

0
0

ភ្នំពេញៈ ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរ និងសម្រួលចរាចរ ដល់សាធារណជន ក៏ដូចជាប្រជាពលរដ្ឋ ដែលរស់នៅតាម បណ្តោយផ្លូវ ជាតិលេខបួន ក្រុមហ៊ុនអេហ្សិត នឹងធ្វើការពង្រីកផ្លូវ នៅតាមភូមិសាស្រ្ត មួយចំនួនបន្ថែមទៀត (ជាពិសេសផ្លូវកោងនិងផ្លូវឆ្លងកាត់) ហើយកំរោងនេះបាន កំពុងចាប់ផ្តើម ជាបណ្តើរៗផងដែរ។

យោងតាមលោក ជួន វ៉ាន់ឌន នាយកកិច្ចការធុរកិច្ច នៃក្រុមហ៊ុន អេហ្សិតបានថ្លែងឲ្យដឹងនៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថាក្រុមហ៊ុនអេហ្សិតរបស់លោកបាន កំពុងដំណើរការអនុវត្តគម្រោងសាងសង់ពង្រីកផ្លូវនៅក្នុងតំបន់ភូមិសាស្រ្តដែលមាន ចរាចរមមាញឹក និងនៅលើកំណាត់ផ្លូវកោង និងកំណាត់ផ្លូវដែលអាចបង្កឲ្យ មានគ្រោះថ្នាក់ចរាចរ ហើយតំបន់នីមួយៗដែលពង្រីកបន្ថែមនោះគឺ នឹងពង្រីក២.៥ម៉ែត្រ។

លោក ឌន បានបន្តថាក្រុមការងារសាងសង់ បាននិងកំពុងដំណើរបើកការដ្ឋានពង្រីកផ្លូវនៅក្នុងភូមិសាស្រ្តទីប្រជុំជនស្មាច់ដែង ការពង្រីកផ្លូវនេះ គឺតភ្ជាប់ពីផ្សារទៅ ចំណោតប៊ិតត្រាង (ចំនុចគីឡូម៉ែត្រលេខ ២១១)។ ហើយថា គម្រោងពង្រីកផ្លូវនៅតាមកំណាត់ផ្លូវខ្លីៗតាមតំបន់ភូមិសាស្រ្ត ដែលមានចរាចរមមាញឹក និងលើកំណាត់ផ្លូវកោង និងកំណាត់ផ្លូវដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍។ សម្រាប់គម្រោងនៅកន្លែងនេះយើងត្រូវពង្រីក ផ្លូវបន្ថែម ប្រមាណ២.៥ម៉ែត្រ សងខាងនិងមានប្រវែងប្រមាណជាង ២គីឡូម៉ែត្រ។ ដូចគ្នានេះដែរ ប្រមាណជាពីរបីសប្តាហ៍ខាងមុខ នឹងមានក្រុមការងារមួយក្រុមទៀតមកបើកការដ្ឋានជិតនេះដែរ គឺនៅក្បែរចំណោតអូរត្រាវ (ត្រង់ចំនុចគីឡូម៉ែត្រលេខ ២១៥)។

លោក ជួន វ៉ាន់ឌន បានមានប្រសាសន៍បន្តថាគម្រោងការងារសំខាន់ៗមួយចំនួនដែលក្រុមហ៊ុនកំពុងអនុវត្ត គឺការងារអ៊ុតបេតុងកៅស៊ូនៅតាមដងផ្លូវ ការពង្រីកផ្លូវឲ្យ បាន៤ជួរនៅតំបន់ភូមិសាស្រ្តពីរាជធានីភ្នំពេញ ការងារ ពង្រីកផ្លូវនៅតាមកំណាត់ផ្លូវខ្លីៗតាមតំបន់ភូមិសាស្រ្តដែលមានចរាចរមមាញឹក និងនៅលើកំណាត់ផ្លូវកោង និង កំណាត់ផ្លូវដែលអាចបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ព្រមទាំងកិច្ចការសាងសង់ជួសជុលស្ពាន លូ ប្រឡាយ ការជួសជុល គ្រឹះផ្លូវថ្នល់ និងការងារថែទាំជាប្រចាំលើតួផ្លូវ ការងារគូសគំនូសផ្លូវ ការងារថែទាំ និងបំពាក់បរិក្ខារសុវត្ថិភាពតាមដងផ្លូវជាដើម។

ជាមួយគ្នានោះ ដែរប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរដែលរស់នៅតាមបណ្តោយផ្លូវជាតិលេខបួនតែងតែអំពាវនាវដល់ អ្នកបញ្ជារយានយន្តទាំងអស់ឲ្យ ចេះគោរពនូវ ច្បាប់ចរាចរ និងចេះស្រលាញ់ជីវិតខ្លូនឯងនិងជីវិតអ្នកដទៃ។ ប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរបានលើកឡើងថា “ចំពោះការបើកការដ្ឋាន ការអភិវឌ្ឍន៏របស់ក្រុមហ៊ុន ដែលបង្កការងាយស្រួល ក្នុងការធ្វើដំណើរទៅកាន់ទីក្រុងព្រះសីហនុ។ ប៉ុន្តែក៏មានការបារម្ភផងដែរថា ផ្លូវស្រួលមនុស្សបើកលឿន មិនគោរពផ្លាកសញ្ញា មិនគោរព ច្បាប់ជាដើម។ អ្នកខ្លះបើកបរទាំងមានជាតិញៀន ជាតិស្រវឹងក្នុងខ្លួន ជាពិសេសអ្នកបើកឡានដឹកជញ្ជូនទំនិញធំៗ។ មានការអី ជួនកាលជាន់ហ្រ្វាំងអត់ស៊ីជាដើម។”

ប្រជាពលរដ្ឋទាំងនោះបានសំណូមពរឲ្យអ្នកបើកបរទាំងអស់ ចូលរួមគោរពច្បាប់ទាំងអស់គ្នា ជាពីសេសក្រុមហ៊ុនដឹកជញ្ជូនសូម មើលកូនចៅឲ្យមែនទែន កុំអាងបុក ហើយរត់។ កន្លងមក ផ្លូវនេះភាគច្រើនកំហុសបណ្តាលមកពីតៃកុងឡានភាគច្រើន។

សូមបញ្ជាក់ថាបច្ចុប្បន្នក្រុមហ៊ុន មានបុគ្គលិកបំរើការងារប្រមាណជាង ៥០០នាក់ ក្នុងនោះបុគ្គលិកបំរើការងារសំណង់ប្រមាណ ២៥០នាក់ និងបានបែកចែក ទៅតាមក្រុមឯកទេស ដែលមាន ចំនួន១៥ក្រុមហើយពួកគេបានកំពុងមមាញឹកជារៀងរាល់ថ្ងៃក្នុងការជុសជុលនិងពង្រីកផ្លូវទាំងនេះ៕

ដំរីព្រៃដេញជាន់ ស្លាប់ក្មេងស្រីម្នាក់ ពេលទៅរកត្រី ជាមួយម្តាយ

0
0

កោះកុង៖ ក្មេងស្រីម្នាក់ត្រូវបានដំរីព្រៃដេញជាន់រហូត ស្លាប់បាត់បង់ជីវិត ពេលទៅបង់សំណាញ់រកត្រី ជាមួយ ម្តាយ តាមទឹកជ្រោះក្នុងព្រៃដាច់ស្រយាល់មួយកន្លែង ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង កាលពីម៉ោងប្រមាណ ១០ និង៤៥នាទីព្រឹក។

សមត្ថកិច្ចបានបញ្ជាក់ជាជំហានដំបូងថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះ និងម្តាយរបស់ខ្លួន បានចេញទៅបង់ សំណាញ់ពេលកំពុងដើរបង់សំណាញ់រកត្រី ក៏ជួបនឹងដំរីព្រៃ ហើយដំរីនោះ ដេញជាន់បណ្តាលឲ្យក្មេងស្រីស្លាប់ ខណៈស្ត្រីជាម្តាយរត់រួចជីវិត។

អត្តសញ្ញាណក្មេងរងគ្រោះ និងស្រ្តីជាម្តាយ ព្រមទាំងមូលហេតុលំអិតជុំវិញហេតុការណ៍នេះ សមត្ថកិច្ចមិនទាន់ បានបញ្ជាក់នៅឡើយទេ។ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នឹងចេញផ្សាយព័ត៌មានលំអិត ក្រោយទទួលបានការ បញ្ជាក់ពីសមត្ថកិច្ច និងស្រ្តីជាម្តាយ៕

សិស្ស-និស្សិតជិត ១ពាន់នាក់ចូលរួម ក្នុងសន្និសីទថ្នាក់ជាតិ ស្តីពីដំណើរឆ្ពោះទៅ រកភាពជោគជ័យ អាហាររូបករណ៍

0
0

ភ្នំពេញ ៖ ដូចតាមការគ្រោងទុក សន្និសីទថ្នាក់ជាតិស្តី ពីដំណើរឆ្ពោះទៅរកភាព ជោគជ័យក្នុងអាហាររូបករណ៍ ត្រូវបានរៀបចំឡើង ជាលើកទី៣ នៅក្នុងបរិវេណ វិទ្យាស្ថានជាតិអប់រំ កាលពីថ្ងៃទី១៥ វិច្ឆិកា ២០១៤ក្រោមការចូលរួម ពីតំណាងស្ថានទូតធំៗ និងមន្ត្រីបំពេញការលើ វិស័យអាហារូបករណ៍ប្រមាណ៨ ដូចជាស្ថានទូត អាមេរិក ជប៉ុន អូស្ត្រាលី កូរ៉េ អង់គ្លេស បារាំង ឥណ្ឌា និងសភាពអឺរ៉ុប ព្រមទាំងមាន ការចូលរួមពីបញ្ញាវន្តខ្មែរ ដែលទទួលបាន អាហាររូបករណ៍ល្បីៗ ទៅសិក្សានៅ សាកលវិទ្យាល័យល្អៗ នៅទូទាំងពិភពលោក សិស្សានុសិស្សនិងមហាជនប្រមាណ ១ពាន់នាក់ផ្សេងទៀតផងដែរ ។

គោលបំណងសំខាន់ នៃសន្និសីទថ្នាក់ជាតិ លើកទី៣ក្នុងឆ្នាំនេះ គឺចូលរួមចំណែកក្នុង ការជម្រុញទឹកចិត្តយុវជនខ្មែរ អោយខ្នាស់ខ្នែងស្វែង រកអាហាររូបករណ៍ទៅ សិក្សានៅបរទេសដើម្បីពង្រឹង នូវសមត្ថភាព ចំណេះនិងជំនាញ របស់ខ្លួន ហើយដើម្បីអោយ ការជំរុញនេះមានប្រសិទ្ធភាព សន្និសីទនេះបាននាំ មកនូវគន្លឹះនិងគោលការណ៍ ពិសេសជាច្រើនសម្រាប់ការបំពេញ និងដាក់ពាក្យស្នើរសុំអាហាររូបករណ៍ បទសម្ភាសន៍ និងភាពជោគជ័យផ្ទាល់ខ្លួនផ្សេងៗទៀត ។

លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិក្រុមហ៊ុន Anussa Event Planner Co.,Ltd បានមានប្រសាសន៍ថាសន្និសីទនេះ បានក្លាយជាស្ពានមួយ ដែលភ្ជាប់ទំនាក់ទំនង រវាងស្ថាប័ន អាហាររូបករណ៍ និស្សិតដែលធ្លាប់ទទួល បានអាហាររូបករណ៍ ទៅសិស្សនិស្សិតដែលកំពុង សិក្សាស្វះស្វែងរកចាប់ ឱកាសអាហាររូបករណ៍ ។ បន្ថែមលើពីនេះទៀត សន្និសីទស្តីពីដំណើរឆ្ពោះ ទៅរកភាពជោគជ័យ នៃអាហាររូបករណ៍ នេះបានក្លាយជាផ្នែកមួយ ដែលជួយជំរុញអោយ មានការចូលរួមពីគ្រប់ស្ថាប័នរដ្ឋ ឯកជន និងអង្គភាពនានាក្នុងការ អភិវឌ្ឍន៍សមត្ថភាព និងធនធានយុវជនកម្ពុជា ជាពិសេសក្នុងវិស័យអប់រំ ។

លោកបន្ថែមថា សន្និសីទលើកនេះ ក៏បានបង្ហាញនូវសក្តានុពល នៃឱកាសដ៏មានតម្លៃដែល សិស្សនិស្សិតខ្មែរមិនគួរមើលរំលង ដើម្បីបន្តនូវការសិក្សាក្រេប យកនូវចំណេះដឹង អោយបានខ្ពង់ខ្ពស់ និងដើម្បីជាប្រយោជន៍ជាតិផងដែរ។

គួរបញ្ជាក់ថា សន្និសីទថ្នាក់ជាតិស្តីពីដំណើរឆ្ពោះទៅ រកភាពជោគជ័យនៃអាហាររូបករណ៍ លើកទី៣នេះ មានការឧបត្ថម្ភ និងសហការឧបត្ថម្ភ ដោយក្រុមហ៊ុន ថ្នាំពណ៌ជាតិ ស្ថាប័នស្ព្រីងបត ហ្វរខេមបូឌា រោងកុនផ្លាទីនៀមស៊ីនេផ្លិច ទឹកបរិសុទ្ធវីតាល់ ក្រុមហ៊ុនភេសជ្ជៈកូកាកូឡា ថ្នាំកូសីល ក្រុមហ៊ុនសប្បាយ សាលាយូស៊ីម៉ាស ក្រុមហ៊ុនខនហ្វើរ៉ែល ជាដើម ៕

Photo by LookingTODAY

Photo by LookingTODAY

Photo by LookingTODAY

លោកស្រី ពុង ឈីវកេក អាចនឹង​មិន​ទទួល​បានជា​សមាជិក​ទី៩ របស់ គ.ជ.ប. ដោយសារ​បញ្ហា​សញ្ជាតិ​ពីរ

0
0

ភ្នំពេញ៖ លោកស្រី ពុង ឈីវកេក ប្រធានអង្គការលីកាដូ អាចនឹងមិនទទួលបានតួនាទី ជាសមាជិកទី៩ របស់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប.) នោះទេ ដោយសារបញ្ហាសញ្ជាតិពីររបស់គាត់ ព្រោះថាក្រុមការងារនៃគណបក្សទាំងពីរ នៅខ្វែងគំនិតគ្នាត្រង់ចំណុចសញ្ជាតិនេះ។

ថ្លែងបន្ទាប់បញ្ចប់កិច្ចពិភាក្សា លើការរៀបចំអង្គការរៀបចំការបោះឆ្នោត នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នាវិមានរដ្ឋសភា លោក ប៊ិន ឈិន ប្រធានក្រុមការងារ នៃគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា ក្រុមការងារនៃគណបក្សទាំងពីរ នៅមានចំណុច ២ទៀត ដែលមិនទាន់ឯកភាពគ្នានៅឡើយទេ គឺត្រង់ចំណុចសញ្ជាតិ និងញាតិសាច់សាលោហិត ដែលចំណុចទាំងពីរនេះ ទុកឲ្យថ្នាក់ដឹកនាំ នៃគណបក្សទាំងពីរពិភាក្សាគ្នាសិន។

លោកថា “ត្រង់ចំណុចសញ្ជាតិ គឺសញ្ជាតិខ្មែរពីកំណើត និងសញ្ជាតិខ្មែរតែមួយគត់, អាមួយគត់ហ្នឹង គឺមិនឲ្យមានសញ្ជាតិពីរនោះទេ, មិនឲ្យមានសញ្ជាតិពីរទេ មកធ្វើជាសមាជិកគ.ជ.ប. ត្រូវមានសញ្ជាតិខ្មែរពីកំណើតហើយ ហើយត្រូវមានសញ្ជាតិខ្មែរតែមួយគត់”។

លោក ប៊ិន ឈិន បានបន្ថែមថា រឿងលោកស្រី ពុង ឈីវកេក គឺពីមុនយើងស្នើគាត់ឲ្យធ្វើជាសមាជិករបស់ គ.ជ.ប. នោះ គឺយើងមិនដឹងថាគាត់មានសញ្ជាតិពីរនោះឡើយ។

ដោយឡែក លោក គួយ ប៊ុនរឿន ប្រធានក្រុមការងាររបស់គណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា រឿងសញ្ជាតិនេះ គឺក្នុងច្បាប់មិនទាន់មានហាមប្រាម នៅឡើយនោះទេ។

លោកបន្តថា “យើងក៏ចង់ឲ្យមេដឹកនាំដែល ទទួលបានរស់នៅស្រុកគេ បានទទួលសញ្ជាតិគេ បានទទួលលក្ខណៈសម្បត្តិមួយ ទទួលបានចំណេះជំនាញដើម្បីមកបម្រើការងារ បើយើងបិទផ្លូវអីចឹង អាចមានការរើសអើង ព្រោះរដ្ឋធម្មនុញ្ញយើង គាំទ្រប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេសថែមទៀត”។

លោកបញ្ជាក់ថា រឿងសាច់សាលោហិតវិញ គឺសមាជិក គ.ជ.ប. មិនអនុញ្ញាតឲ្យសហព័ន្ធរបស់ថ្នាក់ដឹកនាំបក្សទាំងពីរ មានកូន, ចៅ ឬក្មួយ ចូលរួមនោះឡើយ៕

បំបែក​រនាំង​ព័ត៌មាន និង​អាថ៌កំបាំង​នៅក្នុង​កិច្ច​ប្រជុំ​អាស៊ានក្នុង​ប្រទេស​ភូមា

0
0

ភូមាបានចូលជាសមាជិករបស់អាស៊ានកាលពី១៤ ឆ្នាំមុន (១៩៩៧) តែជាកូនពៅគេបង្អស់ដែលបានធ្វើ ជាម្ចាស់ផ្ទះជាលើកដំបូង ឬជាលើកទីមួយ ដោយសារប្រទេសមួយនេះ មានបញ្ហាផ្ទៃក្នុងជុំវិញការបន្តប្រកាន់យក របបយោធានិយម បញ្ហាប្រទូសរ៉ាយជុំវិញលទ្ធិប្រជាធិបតេយ្យ បញ្ហាសិទ្ធិមនុស្ស ។ល។ ធ្វើឲ្យប្រទេសជាសមាជិកអាស៊ានដ៏ទៃទៀត និងជាពិសេសបណ្តាប្រទេសលោកខាងលិច ដែលជាដៃគូរបស់អាស៊ានដូចជា សហរដ្ឋអាមេរិក និងសហគមន៍អឺរ៉ុបជាដើម បានព្រមានថា នឹងមិនចូលរួមកិច្ចប្រជុំអាស៊ានឡើយ បើសិនជាប្រទេសភូមាធ្វើជាម្ចាស់ផ្ទះ។ នេះជាហេតុផលដែលធ្វើឲ្យប្រទេសមួយនេះ អាក់ខានពុំអាចធ្វើជាម្ចាស់ផ្ទះបាន ចាប់តាំងពីឆ្នាំ១៩៩៧ តែប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានផែនទីចង្អុលផ្លូវ និងការអនុវត្តន៍កំណែទំរង់ជាបន្តបន្ទាប់នៅភូមា ទើបបណ្តាប្រទេសលោកខាងលិច មិនជំទាស់ទៅនឹងភូមា ធ្វើជាម្ចាស់ផ្ទះកាលពីថ្ងៃទី៩-១៣ ខែវិច្ឆិកាកន្លងទៅនេះ។

១. ព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍ពេលភូមាធ្វើជាម្ចាស់ផ្ទះ
- ប្រទេសភូមាបានព្យាយាម កាត់ចោលកម្មវិធីណាដែលគិតថា រសើបដូចជាកិច្ចប្រជុំចង្អៀត (Retreat) របស់ថ្នាក់ដឹកនាំកំពូល ប្រហែលជាបារម្មណ៍ខ្លាចការជជែក នាំឲ្យស្មុគស្មាញនិងប៉ះពាល់ដល់ប្រទេសដ៏ទៃ ជាពិសេសបញ្ហាសមុទ្រចិនខាងត្បូង ជាសាវតារជំលោះតភាគ នៃសង្គ្រាមពាក្យសម្តី និងការប៉ះទង្គិចគ្នាម្តងម្កាល លើដែនសមុទ្រនៃប្រទេសចិន និងសមាជិកអាស៊ានពីរ៖ វៀតណាម និងហ្វីលីពីន ហើយបញ្ហានេះកំពុងបន្តតាមលងប្រទេសទាំងបីនេះ តែទីបំផុតការព្យាយាមគេចវេសរបស់ភូមា នូវតែជាប់អន្ទាក់របស់វៀតណាម និងហ្វីលីពីនដដែល ពោលគឺគំរោងចេញសេចក្តីប្រកាសព័ត៌មានរួម ស្តីពីកិច្ចប្រជុំកំពូលលើកទី១៧ របស់អាស៊ាន-ចិន ត្រូវជាប់គាំងចេញមិនរួច ដោយសារតែវៀតណាមនិងហ្វីលីពីន ជំទាស់នឹងពាក្យរបស់ចិន (Dual Track Approach)។ នៅពេលនោះវៀតណាម និងហ្វីលីពីន ហាក់ដូចជា នៅចងគំនុំជាមួយកម្ពុជា រួចបន្តដល់ភូមា និងព្រមានដល់ប្រទេសថៃមួយទៀតថា ថៃដូចជាលំអៀងទៅរកចិន នៅពេលខ្លួនធ្វើជាប្រទេសអ្នកសំរបសំរួល (Country Coordinator) រវាងអាស៊ាននិងចិន។

- អង្គរក្សរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា ប្រឈមមុខដាក់គ្នា ជាមួយក្រុមសន្តិសុខរបស់ភូមា ដែលការពារថ្នាក់ដឹកនាំទាំងអស់ ក្នុងពិធីទទួលទានអាហារពេលល្ងាច (Gala Dinner) នៅក្នុងទីក្រុងណៃពិដោ។ ពេលនោះអង្គរក្សរបស់លោកអូបាម៉ា បានសម្តែងភាពគឃ្លើន ដោយធ្វើការចល័តឆ្លងហួសដែនកំណត់ជាង ២ម៉ែត្រ ហើយពួកគេមិនបានស្តាប់ការហាមឃាត់ របស់កម្លំាងសន្តិសុខរបស់ភូមានោះទេ។ ភ្ញៀវជាច្រើនដែលចូលរួម អាហារពេលល្ងាចថ្ងៃនោះ បាននិយាយថាវាគឺជាការរំលោភលើ ទីលានសន្តិសុខដែលរៀបចំដោយ ប្រទេសភូមាជាម្ចាស់ផ្ទះ។  បន្ទាប់ពីមានបញ្ហាតឹងសរសៃកដាក់គ្នា ក្រុមសន្តិសុខភូមា បានហៅគ្នាជាច្រើននាក់ថែមទៀត មកឈរពាំង និងកំរិតខ្សែបន្ទាត់ក្រហម មិនឲ្យអង្គរក្សរបស់អូបាម៉ា បន្តចូលទៅតំបន់ហាមឃាត់តទៅទៀត។ ក្រោយកម្មវិធីត្រូវបានបញ្ចប់ សន្តិសុខម្នាក់របស់ភូមា បានហៅអង្គរក្ស ៣នាក់របស់លោក អូបាម៉ា ទៅបន្ទប់របស់ខ្លួន តែពុំដឹងថា គេនិយាយអំពីអ្វី ឬក៏ហៅទៅដើម្បីជាការព្រមានក៏មិនដឹង។ ដោយឡែកបណ្តាញព័ត៌មានសង្គម (Facebook) របស់ភូមា បានរិះគន់យ៉ាងខ្លាំងទៅលើក្រុមសន្តិសុខ និងអង្គរក្សរបស់ប្រធានាធិបតីអូបាម៉ាថា បានរំលោភលើដែនអធិបតីភាពរបស់ប្រទេសភូមា តាមរយៈរូបភាពមួយដែលបង្ហាញ សន្តិសុខរបស់អាមេរិកបានឆែកឆេរខ្លួន កងកំលាំងកិត្តិយសរបស់ភូមា។

សំរាប់អ្នកសារព័ត៌មានអន្តរជាតិវិញ គេបានពណ៌នាថា ក្រុមអង្គរក្សមាឌធំៗ និងខ្ពស់ៗរបស់អូបាម៉ា បានឈរពាំង និងបាំងអ្នកកាសែតដូចជញ្ជាំងបែកឡាំង (Berlin Wall) ។ ព្រឹត្តិការណ៍នេះបានរំលឹកខ្ញុំ ដល់ហេតុការណ៍មួយ កើតឡើងនៅឆ្នាំ២០១១ នៅពេលប្រទេសឥណ្ឌូណេស៊ី ធ្វើជាម្ចាស់ផ្ទះ ពេលនោះប្រធានពិធីការមាឌធំគួរសម របស់ឥណ្ឌូណេស៊ី បានបក់ដៃហៅអង្គរក្សរបស់មេដឹកនាំចិន វ៉ៃគ្នាដោយសារតែខឹងអង្គរក្សរូបនោះ ចូលបំពានលើសខ្សែដែនកំណត់ ពិធីការរបស់ប្រទេសជាម្ចាស់ផ្ទះ។

២. កម្ពុជាបានចំណេញអ្វីពីកិច្ចប្រជុំអាស៊ាននៅភូមា?

តាមពិតយើងមើលមិនឃើញ ពីផលចំណេញភ្លាមៗពីការចូលរួម កិច្ចប្រជុំប្រចាំឆ្នាំរបស់អាស៊ាននោះឡើយ ដោយហេតុថា រាល់ការប្រជុំជាទូទៅគេពិភាក្សា លើផលប្រយោជន៍រួមរបស់បណ្តា ប្រទេសអាស៊ានទាំង១០ និងបូកជាមួយដៃគូជាច្រើនទៀត រួមទាំងមហាអំណាចធំៗដូចជា សហរដ្ឋអាមេរិក ចិន រុស្ស៊ី និងប្រទេសជាដៃគូដ៏ទៃទៀតដូចជា ជប៉ុន កូរ៉េ ឥណ្ឌា អូស្រ្តាលី ។ ល។ ប៉ុន្តែផលចំណេញដែលអាចមើលឃើញភ្លាមៗ គឺជំនួបទ្វេភាគីរវាងមេដឹកនាំនៃប្រទេសនីមួយៗ ដែលបានឆ្លៀតកេងចំណេញ ពីកិច្ចប្រជុំតំបន់ទាំងនេះ។

៣. តើកម្ពុជាបានកេងចំណេញដែរឬទេ?

ថ្នាក់ដឹកនាំរបស់ប្រទេសកម្ពុជា បានជួបទ្វេភាគីជាមួយមេដឹកនាំមកពីប្រទេស និងស្ថាប័នអន្តរជាតិចំនួន ៦រួមមាន៖ អាមេរិក រុស្ស៊ី អូស្រ្តាលី ឥណ្ឌា ជប៉ុន និងអង្គការសហប្រជាជាតិ។  បញ្ហាជំនួយ បំណុល ប្រឆាំងភេរវកម្ម សេដ្ឋកិច្ច វិនិយោគ ទេសចរណ៍ អាកាសចរណ៍។ល។ គឺជាប្រធានបទដែលបានជជែកគ្នា។ ការចាប់អារម្មណ៍ពិសេសមួយក្នុងចំណោមជំនួបទាំងនោះ គឺការជួបគ្នារវាងនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាមួយប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា (Hun Sen-Barack Obama) ។ កាយវិការរបស់លោក អូបាម៉ា មកកាន់លោក ហ៊ុន សែន ត្រូវបានគេចាប់អារម្មណ៍ គ្រប់គ្នាដោយហេតុថា បន្ទាប់ពីកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក ចប់ភ្លាម ស្រាប់តែលោក អូបាម៉ា ងើបស្ទុះមកចាប់ដៃ លោក ហ៊ុន សែន ហើយនិយាយនូវពាក្យអរគុណនឹងសំណួរដែល លោក ហ៊ុន សែនបានសួរត្រង់ៗឥតបញ្ឆិតបញ្ឆៀង ទៅលើលោកជុំវិញយុទ្ធសាស្រ្តដ៏រសើប របស់អាមេរិកប្រឆាំង នឹងពួកឥស្លាមជ្រុលនិយម (ISIS) នៅអ៊ីរ៉ាក់និងស៊ីរី និងស្នើឲ្យអាស៊ានទាំងមូលយកទំរង់ និងបង្កើតនូវការពិភាក្សាបែបនេះតទៅទៀត។ ក្នុងកិច្ចប្រជុំពិតជាគួរឲ្យឆ្ងល់ថា ជាចេតនាឬអចេតនា ដែលលោកអូបាម៉ា ហៅលោក ហ៊ុន សែន ថា President Hun Sen (លោកប្រធាន ហ៊ុន សែន ឬ ប្រធានាធិបតី ហ៊ុន សែន) មិនមែនប្រើពាក្យ Prime Minister Hun Sen (នាយករដ្ឋមន្រ្តី ហ៊ុន សែន) ទេ ។

សំណួរអ្វីបានជាគេចាប់អារម្មណ៍ខ្លាំងម្លេះ?

មានសំណួរមួយចំនួនដែលលោក ហ៊ុន សែន បានចោទសួរទៅ អូបាម៉ា តែខ្ញុំសូមលើកជាឧទាហរណ៍ពីរដែលពុំមែនជាពាក្យដើម តែក្នុងអត្ថន័យយ៉ាងដូច្នេះ "តើពួក ISIS និងរបប Bashar al-Assad មួយណាគ្រោះថ្នាក់ជាង? អាមេរិកវាយពួក ISIS ហើយរបប Assad ក៏វាយ ISIS ដូច្នេះអាមេរិកអាចបែរមកចាប់ដៃជាមួយរបប Assad ដើម្បីវាយ ISIS រួមគ្នាដែរឬទេ?"

៤. មានអាថ៌កំបាំងអ្វីមុនកិច្ចប្រជុំនេះ?

មេដឹកនាំអាស៊ានបានជជែកគ្នាជាមុន លើប្រធានបទដែលត្រូវយកមកពិភាក្សា ជាមួយលោក អូបាម៉ា មុនកិច្ចប្រជុំកំពូល អាស៊ាន-អាមេរិក ចាប់ផ្តើម ពេលនោះមានសំណួរលើកឡើងថា នរណាគួរលើកបញ្ហាអ្វី? តាមពិតអាស៊ាន ត្រូវបានគេបែងចែកជា អាស៊ានចាស់ និងអាស៊ានថ្មី អាស៊ានមាន និងអាស៊ានក្រ អាស៊ានដីគោក និងអាស៊ានដីកោះ។ មេដឹកនាំក៏ដូចគ្នា ក្នុងចំណោមមេដឹកនាំរបស់អាស៊ានទាំង១០ ស្តេចស៊ុលតង់ របស់ប្រទេសព្រុយណេ និងលោក ហ៊ុន សែន ត្រូវបានគេកត់ត្រាជាមេដឹកនាំ ដែលកាន់អំណាចយូរជាងគេ។ ប្រទេសកម្ពុជាជាអាស៊ានថ្មី ក្រ និងស្ថិតនៅលើដីគោក តែត្រូវបានមេដឹកនាំរបស់អាស៊ាន លួចហៅក្រៅនិងខ្សឹបដាក់ត្រចៀកគ្នាថា លោក ហ៊ុន សែន ជា "បងធំ" របស់អាស៊ាន។ នាយករដ្ឋមន្រ្តីរបស់ប្រទេសថៃបច្ចុប្បន្ន លោក ប្រាយុថ ចាន់អូចា ដែលជាសត្រូវលើសមរភូមិព្រំដែនកម្ពុជា-ថៃ ជាមួយបុរសខ្លាំង ហ៊ុន សែន កាលពីចន្លោះឆ្នាំ ២០០៨-២០១១ ក៏បានចូលរួមប្រជុំកំពូលអាស៊ាននេះដែរ តែលោកប្រាយុថ បានក្រឡាខ្លួនជាមិត្តដ៏ល្អរបស់លោក ហ៊ុន សែន នៅមុនពេលប្រជុំបន្តិច ហើយបានបន្ទាបខ្លួនមិនដឹងថា ជាឧបាយកលរបស់គាត់ ឬចេតនាពិត បានស្នើឲ្យលោក ហ៊ុន សែន ធ្វើជាតំណាងរបស់អាស៊ាន ក្នុងការដឹកនាំកិច្ចពិភាក្សាជាមួយ សហរដ្ឋអាមេរិកលើបញ្ហាការប្រឆាំងភេរវកម្មនិងការប្រឆាំងនឹងពួកឥស្លាមជ្រុលនិយម។ សំណួររបស់លោក ហ៊ុន សែន ទៅកាន់លោក អូបាម៉ា ធ្វើឲ្យអ្នកចូលរួមមានការភ្ញាក់ផ្អើលនិងសរសើរអំពីខ្លឹមសារព្រមទាំងភាពក្លាហានរបស់គាត់ ជាងមេដឹកនាំមកពីប្រទេសធំៗ និងប្រទេសអ្នកមាន ព្រោះសំណួរនោះធ្វើឲ្យលោក អូបាម៉ា ពិបាកនឹងឆ្លើយតែត្រូវតែឆ្លើយ បែបពង្វៀងផង និងបង្ហើបផង។

ឥរិយាបទរបស់លោក ប្រាយុថ ធ្វើឲ្យខ្ញុំនឹកទៅដល់ការសំណេះសំណាលគ្នាមួយរវាងរូបខ្ញុំជាមួយអ្នកកាសែតជើងចាស់ និងជើងខ្លាំងមួយរូបរបស់ថៃ គឺលោក Kavi Chongkittavorn កាលពីឆ្នាំ២០០៨ នៅប្រទេសថៃ។ លោក Kavi ជានិពន្ធនាយករងរបស់កាសែត The Nations អស់រយៈពេលជាងពីរទសវត្សរ៍ គាត់ជាអ្នកកាសែតដែលមិនសំចៃមាត់និងមិនសំចៃដៃ ក្នុងការសរសេរអត្ថបទអំពីប្រទេសកម្ពុជា និងការដឹកនាំរបស់លោក ហ៊ុន សែន។ ពេលនោះលោក Kavi បាននិយាយថា "លោក ហ៊ុន សែន កាន់អំណាចយូរជាងគេក្នុងជួរអ្នកដឹកនាំអាស៊ានទាំងអស់បន្ទាប់ពីស្តេចស៊ុលតង់ គាត់អាចដើរជាតួឯក និងតួរងក្នុងអាស៊ាន ប៉ុន្តែគាត់ពុំទាន់ធ្វើបាន”។ ប្រទេសថៃ ត្រូវបានជនជាតិខ្លួនឯងលាបពណ៌ជាពីរ៖ អាវក្រហម និង អាវលឿង ។ តាមខ្ញុំយល់ លោក Kavi មិននៅជាមួយក្រុមអាវក្រហមទេ ហើយលោកប្រាយុថ មិនត្រឹមតែមិនមែនជាអ្នកគាំទ្រអាវក្រហម តែជាអ្នកប្រឆាំង និងជាអ្នកផ្តួលរំលំក្រុមអាវក្រហម របស់លោក ថាក់ ស៊ីន ទៀតផង។ ដូចនេះឥរិយាបទរបស់លោកប្រាយុថ ក្នុងការលើកតម្កើងតួអង្គ លោក ហ៊ុន សែន នៅពេលនេះក្នុងបំណងអ្វី?

៥. ដោយឡែកជំនួបរបស់មេដឹកនាំកម្ពុជា (លោក ហ៊ុន សែន-ដេមីតទ្រី មេដវេដេវ) នាយករដ្ឋមន្រ្តីរបស់ប្រទេសរុស្ស៊ី បានប្រយោជន៍អ្វី?

តាមការអង្កេតរបស់ខ្ញុំ ទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងរុស្ស៊ីក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ហាក់ដូចជាបានដើរលើផ្លូវដ៏រដាក់រដុបនិងរលាក់យ៉ាងខ្លាំង ជាទំនាក់ទំនងបញ្ច្រាសទ្រនិច ខុសពីទសវត្សរ៍ ៨០ និង៩០ ដែលពេលនោះគេហៅរុស្ស៊ីថា ជាសហភាពសូវៀតបានជួយគាំទ្រកម្ពុជាក្នុងគ្រាលំបាក និងបានបណ្តុះបណ្តាលធនធានមនុស្សយ៉ាងច្រើន។ រហូតមកទល់ពេលនេះរុស្ស៊ីគួរមានមោទនភាពជាងអាមេរិក លើបរិបទជាមួយប្រទេសកម្ពុជា ដោយហេតុថាធនធានមនុស្សជាច្រើននៅកម្ពុជាបច្ចុប្បន្នត្រូវបានបណ្តុះបណ្តាលនៅអតីតសហភាពសូវៀត ហើយអ្នកទាំងនោះក៏បានក្លាយជាមន្រ្តីធំៗ និងមានឥទ្ធិពលនិងមានទ្រពធនដ៏សំបូរហូរហៀរទៀតផង ក្នុងនោះអាចរាប់បញ្ចូលដល់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ថកិច្ច និងហិរញ្ញវត្ថុ និងលោក ហង់ ជួនណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។

ជំនួបថ្នាក់កំពូលរបស់កម្ពុជា ជាមួយនាយករដ្ឋមន្រ្តីរបស់ប្រទេសរុស្ស៊ី ពេលនេះបានបំបែកនូវរនាំងការទូតដ៏ចង្អៀត និងមិនរលូនជាមួយរុស្ស៊ី ដែលជាប្រទេសបានសំងំយកពិស អស់រយៈពេលច្រើនឆ្នាំមកហើយ ហើយទើបតែងើបឡើងសម្តែងឫទ្ធិជាថ្មីជាមួយនឹងមហាអំណាចផ្សេងទៀត។ បំណុលដែលកម្ពុជាជំពាក់រុស្ស៊ីចំនួន ១.៥ពាន់លានដុល្លា ចាប់តាំងពីឆ្នាំ១៩៧៩ ហើយដែលរុស្ស៊ីពុំព្រមលប់ចោលទាល់តែសោះនោះ បានក្លាយជាប្រធានបទដ៏សំខាន់ក្នុងជំនួបទ្វេភាគី Hun Sen-Dmitry Medvedev
លទ្ធផលដែលចេញពីជំនួបនោះគឺ រុស្ស៊ីអាចនឹងយល់ព្រមលប់បំណុល ឲ្យនៅសល់ប្រមាណជា ៤៥៧លានដុល្លារ តបតាមការស្នើសុំរបស់កម្ពុជាតាមរយៈ Paris Club និងអាចបញ្ចុះជាងនេះទៀត។ ក្រៅពីនេះគឺការបើកទំព័រទំនាក់ទំនងការទូតដ៏ល្អឡើងវិញ តាមរយៈការអញ្ជើញទស្សនកិច្ចទៅវិញទៅមក ជាពិសេសការអញ្ជើញថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ទៅទស្សនកិច្ចនៅរុស្ស៊ី បន្ទាប់ពីអាក់ខានអស់ជាងមួយទសវត្សកន្លងមក។

ដោយសារតែអវត្តមានដ៏យូរទៅកាន់ប្រទេសមួយនេះ លោក ហ៊ុន សែន បានរំលឹកដល់ការចង់បាន និងយកមកវិញនូវគូស្នេហ៍របស់លោកគឺ អាវម៉ុងតូ (អាវរងារ) មួយចំនួន ដែលលោកបានបន្សល់ទុកនៅក្នុងប្រទេសរុស្ស៊ីរហូតដល់បច្ចុប្បន្ន។ ភ្ញៀវទេសចរ និងអាកាសចរណ៍រុស្ស៊ីមកកាន់កម្ពុជា ក៏ជាប្រធានបទមួយទៀតដែលបានរំលេច ដោយហេតុថាកាលពីឆ្នាំ២០១៣កន្លងទៅ មានភ្ញៀវទេសចររុស្ស៊ីចំនួនជាង ១៣ម៉ឺននាក់ឯណោះ ដែលបានមកទស្សនកិច្ចនៅកម្ពុជា តែបែរជានៅពុំទាន់មានអាកាសចរណ៍រុស្ស៊ីហោះត្រង់មកកម្ពុជានៅឡើយ។ ប្រទេសកម្ពុជាពិតជាពុំអាចមើលរំលងទេសចររុស្ស៊ីឡើយ ព្រោះជនជាតិរុស្ស៊ីត្រូវបានជាប់ជាចំណាត់ថ្នាក់ថា ជាប្រទេសដែលមានមហាសេដ្ឋីនិងអ្នកមានមិនតិចឡើយ។

ម្ចាស់ហាងលក់វត្ថុអនុស្សាវរីយ៍នៅសៀមរាប បាននិយាយថា ភ្ញៀវទេសចរបរទេសទាំងអស់ដែលហ៊ាន ចំណាយលុយទិញវត្ថុអនុស្សាវរីយ៍ច្រើនជាងគេ គឺមិនមែនជាទេសចរដែលមកពី ប្រទេសអ្នកមានដូចជា ជប៉ុន អាមេរិក អាល្លឺម៉ង់ ឬបារាំងឡើយ តែជាទេសចររុស្ស៊ីទៅវិញទេ ហើយជនជាតិខ្មែរដែលជាអ្នកនាំភ្ញៀវឲ្យរុស្ស៊ី ក៏បានត្រូវប៉ាន់ និងក្លាយជាអ្នកមាននិងជាអ្នកធូរធារមិនតិចដែរ៕

សូមអរគុណដល់ប្រិយមិត្ត ទាំងអស់ដែលបានអានអត្ថបទនេះ។ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល សុំរក្សាសិទ្ធិមិនកែប្រែ

ពីខ្ញុំ ពុយ គា 
(អ្នកកាសែតខ្មែរមួយរូបដែលបានតាមដានការងារ និងកិច្ចប្រជុំអាស៊ាននានា អស់រយៈពេលមួយទសវត្សរ៍កន្លះចុងក្រោយនេះ)

មូលនិធិ សប្បុរសធម៌គ្រួសារ អាស៊ី អឺរ៉ុប ជួយកុមារកំពុង ជួបការលំបាក ចំនួន៥០០នាក់

0
0

ភ្នំពេញ ៖ គណៈគ្រប់គ្រង នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសាលារៀនខេមអេលីត ព្រមទាំង សិស្ស-និស្សិត និងបណ្តាសប្បុរសធម៌មួយចំនួន បានចុះជួយកុមារ ដែលមានជីវភាពក្រីក្រ និងមានការ ខ្វះខាត ក្នុងការសិក្សា ស្ថិតនៅក្នុងសាលាបឋមសិក្សា ផ្ចិតជ្រុំ ក្នុងឃុំពេជមុនី្ន ស្រុកគងពិសី ខេត្តកំពុងស្ពឺ ចំនួន៥០០នាក់ កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នំា២០១៤ ។

ការនាំយកមូលនិធិសប្បុរសគ្រូសារអាស៊ី អឺរ៉ុប នេះ ដឹកនាំដោយលោកសួស សោភា ប្រធានដេប៉ាតឺម៉ង់ ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន និង លោក ម៉ៅ សុផាត ប្រធានដេប៉ាតឺម៉ង់អភិវឌ្ឍន៍ សហគមន៍ នៃសាកល វិទ្យាល័យ អាស៊ីអឺរ៉ុប។

លោកសួស សោភា បានមានប្រសាសន៍ថា សម្ភារសិក្សានិងថវិការដែលនាំយក មកប្រគល់ ជូនដល់ ប្អូនៗ ទាំង៥០០នាក់នេះ មានសៀវភៅសរសេរ៥ក្បាល ប៊ិច២ដើម ខ្មៅដៃ ២ដើម ជ័រលុប១ បន្ទាត់១ ដែកខួង១ ខ្មៅដៃប្រដាប់ផាត់ពណ៍១កញ្ចប់ និងថវិកាចំនួន មួយម៉ីនរៀល សម្រាប់មួយនាក់ៗ ដែលថវិកា ទាំងនេះ បានមកពីទឹកចិត្តដ៏ថ្លៃថ្លារបស់ សប្បុរសជននានាដូចជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវីសិនហ្វាន់ ,ក្រុមហ៊ុនភ្នំពេញ បាយអូហ្វាម៉ា, ហាងសាក់កូជីនកាហ្វេនិងស្ប៉ា, ទារកដ្ឋាននិងសាលាមតេយ្យ ភាសា បារាំងជូជូ ព្រមទាំង សិស្ស-និស្សិត សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសាលារៀនខេមអេលីត ហើយនា ពេលនោះ ក៏មានការដាំ កូនឈើ ជានិម្មិតរូបនៃការអប់រំអនាម័យ និងការបណ្តុះគំនិតអោយប្អូនៗ មានការតស៊ូក្នុងការសិក្សា ក៏ដូច ជាការតស៊ូក្នុងការរស់នៅផងដែរ។

លោក ម៉ៅ សុផាត ប្រធានដេប៉ាតឺម៉ង់អភិវឌ្ឍន៍សហគមន៍ នៃសាកលវិទ្យាល័យ អាស៊ីអឺរ៉ុបបាន មាន ប្រសាសន៍ យើងគឺជាកូនខ្មែរ ដូច្នេះហើយយើងត្រូវ តែចេះជួយដល់ខ្មែរ ដូចគ្នា ទន្ទឹមនឹង នោះផងដែរ លោកបានអំពាវនាវដល់សប្បុរសជននានា សូមឲ្យបន្តជួយ ឧបត្ថម្ភដល់កុមារ ជាបន្តទៀត ទៅតាម លទ្ធភាព ពីព្រោះដូចជាបានឃើញស្រាប់ហើយកុមារ  កុមារគឺជាជនងាយរងគ្រោះ  ដូច្នេះត្រូវតែចូល រួមគាំទ្រទាំង អស់គ្នា។

លោកនាយកសាលាផ្ចិតជ្រុំបានថ្លែងអំណរគុណ ដល់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប និងសាលារៀន ខេមអេលីត ព្រមទាំងបណ្តាសប្បុរសធម៌ និងនិស្សិតទាំងអស់យ៉ាងជ្រាលជ្រៅ បំផុត ដែលបានខិតខំ ប្រមូលថវិកា និងសម្ភារសិក្សា តាមរយៈមូលនិធិ ដើម្បីនាំយក ថវិកា សម្ភារសិក្សាមកជួយដល់កុមារ ដែលកំពុងសិក្សានៅសាលាបឋមសិក្សា របស់យើងខ្ញុំ ពេលនេះ។ នេះគឺជាគំរូ និងទឹកចិត្តដ៏ថ្លៃថ្លា របស់ សាកលវិទ្យាល័យអាស៊ី អឺរ៉ុប និង សាលាខេមអេលីត ក្នុងការចូលរួមជួយចែករំលែកទុក្ខ លំបាករបស់កុមារ និងពលរដ្ឋខ្មែរ ហើយលោកសង្ឃឹមថា ប្រជាជនកម្ពុជាគ្រប់រូបជាពិសេស នោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ទាំងស្ថាប័នរដ្ឋ និងឯកជន នឹងបន្តជួយឧបត្ថម្ភជាសម្ភារសិក្សា និងថវិកាសប្បុរសធម៌ ដូចសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ជាក់ជាមិនខានឡើយ ៕ 


ក្រុមការងារ បក្សប្រជាជន ចុះជួយឃុំអូរស្វាយ ចុះពិនិត្យដី សង់ស្នាក់ការបក្សឃុំ និងចូលបុណ្យ រំលែកទុក្ខសព ប្រជា ពលរដ្ឋ ២នាក់

0
0

កំពង់ចាម ៖ លោក សោ សាវឿន ប្រធានក្រុមការងារ បក្សប្រជាជន ចុះជួយឃុំអូរស្វាយ និងជាមេបញ្ជាការកងរាជ អាវុធហត្ថ ខេត្តកំពង់ចាម កាលពីរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ បានដឹកនាំក្រុមការងារ ចុះសំណេះសំណាល និងចូលបុណ្យសព ប្រជាពលរដ្ឋក្នុងមូលដ្ឋានចំនួន ២នាក់ និងបានចុះទៅពិនិត្យដី សម្រាប់សាងសង់ស្នាក់ការ បក្ស ប្រជាជនឃុំ អូរស្វាយ ស្រុកកំពង់សៀម ផងដែរ ។

ប្រធានក្រុមការងារ បក្សប្រជាជនចុះជួយឃុំអូរស្វាយ លោក សោ សាវឿន បានមានប្រសាសន៍ឲ្យដឹងថា ដោយបាន ទទួលការណែនាំពីលោក លន់ លឹមថៃ ប្រធានបក្សប្រជាជនខេត្ត និងជាអភិបាលខេត្តកំពង់ចាម ក្រៅពីកិច្ចការពារ សន្តិសុខជូនប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ជាមួយ ប្រជាពលរដ្ឋឲ្យបានល្អ ។

ដូច្នេះនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា នេះ ក្នុងនាមលោក ជាប្រធានក្រុមការងារចុះជួយឃុំអូរស្វាយ បានដឹកនាំក្រុមការ ងារចុះសួរសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋានឃុំអូរស្វាយ ក្នុងនោះ ក៏បានចូលបុណ្យសព ប្រជាពលរដ្ឋចំនួន២នាក់ ដោយសពម្នាក់ ថវិកា៤០ម៉ឺនរៀល អង្ករ ២បាវ និងមី១កេស ។ ក្នុងនោះដែរមានគ្រួសារមួយ សមាជិកម្នាក់ ជួបគ្រោះ ថ្នាក់ចរាចរណ៍ និងមានជីវភាពខ្វះខាតផងនោះ ក្រុមការរបស់លោកបានឧបត្ថម្ភ ថវិកា ១០ម៉ឺនរៀល អង្ករ ១បាវ និង មី១កេសផងដែរ ។

លោក សោ សាវឿន បានបញ្ជាក់ថា ជាគោលកាណ៍ក្នុងឃុំអូរស្វាយ លោក និងក្រុមការងារ បានត្រៀមជួយរំលែកទុក្ខ ដល់ប្រជាជនគ្រប់រូប ដែលកំពុងជួបការលំបាក ទីទាល់ក្រ មិនចំពោះតែអ្នកស្លាប់នោះទេ ។

លោក សោ សាវឿន បានមានប្រសាសន៍ឲ្យដឹងដែរថា ដោយមើលឃើញថា នៅក្នុងឃុំអូរស្វាយ មិនទាន់មាន ស្នាក់ការបក្សប្រជាជននោះ លោក និងក្រុមការងារ បានទិញដីមួយកន្លែង សម្រាប់សាងសង់ស្នាក់ការបក្សឃុំ មាន ទំហំទទឹង១៨ម៉ែត្រ បណ្តោយប្រវែង១០០ម៉ែត្រ បានទិញដោយថវិការបស់លោក និងថវិកាអនុប្រធានក្រុមការងារ ជាមេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ជាច្រើននាក់ទៀត ហើយស្នាក់ការបក្សឃុំនេះ និងចាប់ដំណើរការ សាងសង់ នៅខែមករា ដើមឆ្នាំ ២០១៥ ៕  

ទាហានជើងគោកថៃ ធ្លាក់ឧទ្ធម្ភាគចក្រ ស្លាប់៩នាក់ ពេលចុះទៅពិនិត្យ ការជួញដូរ ថ្នាំញៀន ជិត២លានគ្រាប់ នៅជាប់ព្រំដែនភូមា

0
0

ថៃ ៖ ទាហានជើងគោក ថៃចំនួន៩នាក់ បានស្លាប់ក្រោយ ពេលដែលធ្លាក់ ឧទ្ធម្ភាគចក្រ នៅខេត្តក្រយ៉ៅ ជាប់ព្រំដែន ប្រទេសភូមា កាលពីវេលាម៉ោង ប្រមាណ ៣៖៣០នាទី រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ខណៈមន្រ្តី យោធាទាំងនេះ រួមទាំង មេបញ្ជាការរបស់ខ្លួន បាននាំគ្នាធ្វើដំណើរ ចេញ ទៅត្រួត ពិនិត្យមើល ករណីជួញដូរ ថ្នាំញៀនដ៏ធំមួយនៅខេត្តមួយនេះ ។

សេចក្តីរាយការណ៍ ពីបណ្តាញ សារព័ត៌មាន នៅប្រទេសថៃ បានផ្សាយថា ដើមឡើយ មានមន្រ្តីយោធាម្នាក់ បានបើករថយន្តទូ លួចបង្កប់ថ្នាំញៀន ជាប្រភេទ យ៉ាម៉ាគ្រាប់ និងម៉ាទឹកកក នៅតាមដងផ្លូវ គោលបំណងយកទៅ លក់ និងចែកចាយ នៅតំបន់ផ្សេង និងប្រទេសជាប់ព្រំដែន។

ពេលនោះ ស្រាប់តែក្រុមប៉ូលិស មានការសង្ស័យពីព្រោះរថយន្តទូ នៅពេលដែល យោធាបើក ត្រូវមានមេបញ្ជាការរបស់ខ្លួន ទៅជាមួយ តែការបើកនេះ មានតែម្នាក់ឯង ទើបហៅសួរនាំ ។

សេចក្តីរាយការណ៍ បានបន្តទៀតថា ខណៈហៅឲ្យឈប់ ដើម្បីត្រួតពិនិត្យនោះ ស្រាប់តែប៉ូលិស បានរក ឃើញថ្នាំញៀន ប្រយ៉ាម៉ា ចំនួន១,៨លានគ្រាប់ និងម៉ាទឹកកក ចំនួន១៨០ គីឡូក្រាម ។

ក្រោយពិនិត្យឃើញថា មានថ្នាំញៀនដ៏ច្រើនបែបនេះ ត្រូវបានគេដឹកជញ្ជូនប្រុងធ្វើការជួញដូរនោះ និងជាមន្រ្តីយោធាទៀត ផង ក្រុមប៉ូលិស បានទាក់ទងទៅ មេបញ្ជាការយោធា ជាន់ខ្ពស់ ដើម្បីឲ្យចុះមក ត្រួតពិនិត្យភ្លាមៗ ។

សេចក្តីរាយការណ៍ បានបន្តថា ក្រោយទទួលបាន ព័ត៌មាននេះភ្លាម ក្រុមមន្រ្តីយោធាជើងគោក ចំនួន៩នាក់ ក្នុងនោះ មានទាំង មេបញ្ជាផង បានឡើងជិះឧទ្ធម្ភាគចក្រ មួយគ្រឿង ចេញដំណើរ ប៉ុន្តែ ជាអកុសល ការធ្វើដំណើរ តាមត្រឹមប្រមាណ១០នាទីប៉ុណ្ណោះ ក៏ធ្លាក់ បណ្តាលឲ្យ ស្លាប់ទាំងអស់គ្នាតែម្តង ខណៈឧទ្ធម្ភាគចក្រ ទាំងមូល ត្រូវបាន ផ្ទុះឆេះ ខូចខាតសល់ តែគ្រោងឆ្អឹង។

យ៉ាងណាក៏ដោយ សម្រាប់ការ ធ្លាក់ ឧទ្ធម្ភាគចក្រនេះ នៅមិនទាន់មានសេចក្តី រាយការណ៍ បញ្ជាក់ណាមួយ ឲ្យបានច្បាស់នោះទេ ថាតើមកពីមូលហេតុអ្វី? បើតាមការសេចក្តីរាយការណ៍ បានបន្តទៀតថា សម្រាប់ហេតុការណ៍ ខាងលើនេះ យោធាថៃ មានបំណងចង់លាក់ បាំងផងដែរ ប៉ុន្តែលាក់មិនជិត៕

អាវុធហត្ថ រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្ស ៨១នាក់ ពាក់ព័ន្ធ នឹងបទល្មើសនានា ក្រោយអំទូក

0
0

ភ្នំពេញ៖ ត្រឹមតែរយៈពេល១សប្តាហ៍ ប៉ុណ្ណោះ បន្ទាប់ពីបុណ្យអុំទូក បានបិទបញ្ចប់ កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ បានបើក ប្រតិបត្តិការ ឃាត់ខ្លួនមនុស្ស៨១នាក់ ពាក់ព័ន្ធនឹងបទល្មើសនានា នៅក្នុងរាជធានីភ្នំពេញ ។
តាមរបាយការណ៍ របស់សមត្ថកិច្ច បានឱ្យដឹងថា បន្ទាប់ពីព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក សំពះ ព្រះខែបានបញ្ចប់ទៅ សកម្មភាព ចោរឆក់ ចោរប្លន់នៅរាជធានីភ្នំពេញ ហាក់មាន សកម្មភាពកើនឡើងគួរឲ្យកត់សម្គាល់។

ប្រតិបត្តិការខាងលើនេះ បានធ្វើឡើង ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១៧-១១-២០១៤ បន្ទាប់ពី នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានចេញបញ្ជាមក ឧត្តមសេនីយ៍ទោ រត័្ន ស៊្រាង មេបញ្ជាការ កងរាជ អាវុធហត្ថ រាជធានីភ្នំពេញ ដាក់ចេញនូវវិធានការ ក្តៅមួយ ដល់បណ្តា អង្គភាព ក្រោមឱវាទ ទាំងអស់ដើម្បីទប់ស្កាត់ និងពួនស្ទាក់ បង្រ្កាបក្រុមចោរឆក់ ចោរប្លន់ដែលពេលថ្មីៗនេះ ក្រៅពីសកម្មភាពប្លន់ ដោយប្រើកាំភ្លើងជាអាវុធ ក៏មានលេចចេញនូវ សកម្មភាពក្រុមចោរ ប្រើដាវសាំមូរ៉ៃ ឬកាំបិតដេញ គំរាមកាប់លើ ជនរងគ្រោះ ប្លន់យកម៉ូតូ និងទ្រព្យសម្បត្តិ ពីជនរងគ្រោះយ៉ាងគឃ្លើន។

កម្លាំងកងរាជអាវុធហត្ថ ក្នុងមូលដ្ឋានខណ្ឌទាំង១២ រួមជាមួយកម្លាំងអន្តរាគមន៍ បានសហការ យ៉ាងសកម្ម ជាមួយ កម្លាំងជំនាញមន្ទីរស្រាវជ្រាវ និងយុត្តិធម៌ មន្ទីរព័ត៌មាន និងសន្តិសុខ នៃបញ្ជាការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ពង្រាយទាំងយប់ទាំងថ្ងៃជាប់ជាប្រចាំ ដើម្បីពួនស្ទាក់គ្រប់ច្រកល្ហកគោលដៅសំខាន់ៗ កន្លែងស្ងាត់មួយ ចំនួនដែលក្រុមចោរធ្លាប់ ធ្វើសកម្មភាពកន្លងមក ព្រមទាំងប្រើប្រាស់ កម្លាំងចេញល្បាតដោយថ្មើរជើង ដោយម៉ូតូ និងដោយរថយន្ត ដើម្បីធ្វើការត្រួតពិនិត្យ ឆែកឆេរភ្លាមៗទៅលើមុខសញ្ញាសង្ស័យ។

សមត្ថកិច្ចកងរាជអាវុធហត្ថបានធ្វើការឃាត់ខ្លួនជនសង្ស័យ ដែលជាមុខសញ្ញាពាក់ព័ន្ធករណីឆក់ប្លន់ ក្រុមចែកចាយប្រើប្រាស់គ្រឿងញៀន ក្រុមប្រើដាវសាំមូរ៉ៃសរុប បានចំនួន៨១នាក់ ចាប់យកសម្ភារៈ វត្ថុតាងរួមមាន អាវុធខ្លីចំនួន០៥ដើម,ដាវសាំមូរ៉ៃ,ថ្នាំញៀន,ប្រដាប់កាច់សោរឆ្កឹះសោរ និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ហើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះ គឺបានត្រៀម ជួយអន្តរាគមន៍ ទាន់ពេលវេលាដល់ជនរងគ្រោះ៕

ជំនុំជម្រះ បុរសជាប់ចោទ៥នាក់ ពីបទ រំលោភបូក លើនារីរោងចក្រម្នាក់ បានសម្រេច

0
0

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាល ពីថ្ងៃច័ន្ទ ទី ១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ បានបើកសវនាការជំនុំជម្រះ និង កាត់ទោស យុវជនជាប់ចោទ ចំនួន៥នាក់ ជាប់ពាក់ព័ន្ធនឹងករណី រំលោភបូក នារីរោងចក្រកាត់ដេរម្នាក់ បានសម្រេច ម្នាក់ម្តងៗ ប្រព្រឹត្ត នៅនៅក្នុង សង្កាត់បឹងធំ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលកំឡុងអាធ្រាត ខែធ្នូ ឆ្នាំ២០១៣ ។

លោកនូ វាសនា  ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ខាងលើនេះ មានឈ្មោះ ទី១-ឈ្មោះ ឡុង រ៉ាវុធ ភេទប្រុសអាយុ ២៤ឆ្នាំ ទី២-ឈ្មោះ យ៉ា សុខុម ភេទប្រុស អាយុ ២៤ឆ្នាំ ទី៣-ឈ្មោះ ផាន់ ចាន់ធឿន ភេទប្រុស អាយុ ២៥ឆ្នាំ ទី៤-ឈ្មោះ ស ធុន ភេទប្រុស អាយុ ២៤ឆ្នាំ និង ទី៥-ឈ្មោះ ឆន ចាន់ណិត ភេទប្រុស អាយុ ២៥ ឆ្នាំ រត់គេចខ្លួន អ្នកទាំង៥នាក់នេះ មានមុខរបរ ជាកម្មកររោងចក្រ។

លោកចៅក្រមបានបន្ថែមថា ក្នុងចំណោមជនជាប់ចោទទាំង៥នាក់នេះ មានជនជាប់ចោទ៤នាក់ ត្រូវបានចាប់ខ្លួន និង ឃុំខ្លួន នៅក្នុងពន្ធនាគារព្រៃ ក្រោមការចោទប្រកាន់ពីបទ រំលោភសេពសន្ទវៈមានស្ថានទម្ងន់ទោស ដោយសារ មធ្យោបាយប្រើ ប្រាស់ទាក់ទងនឹង ជនរងគ្រោះ ។ ចំណែកឯ ជនជាប់ចោទម្នាក់ទៀត ឈ្មោះ ឆន ចាន់ណិត បានរត់ គេចខ្លួន។

នៅក្នុងរឿងក្តី នារីរងគ្រោះ បានប្តឹងទាមទារជំងឺចិត្ត ចំនួន២០០០ ដុល្លារអាម៉េរិក និង សុំឲ្យតុលាការសម្រេចផ្តន្ទាទោស ជនជាប់ចោទ ទាំងអស់ខាងលើនេះ ឲ្យមានធ្ងន់ធ្ងរ តាមច្បាប់។

សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រម នៃសំណុំរឿងក្តីនេះ នៅថ្ងៃ ទី២ ខែធ្នូ ២០១៤ ខាងមុខនេះ ៕

កម្លាំងសមត្ថកិច្ច ស្រុកមង្គលបុរី ឃាត់ខ្លួន ជនសង្ស័យ ជួញដូរ គ្រឿងញៀន ម្នាក់

0
0

បន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ត្រូវបាន កម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានធ្វើ សកម្មភាពជួញដូរ គ្រឿងញៀន ហើយក៏ត្រូវបានកម្លាំង សមត្ថកិច្ចស្រុកមង្គលបុរី ពួនស្ទាក់ចាប់បាន កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិកោះកែវ ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនបាន ខាងលើនេះមានឈ្មោះ កុល ចំរើន រស់នៅភូមិផាស៊ីស្រា និងបានដកហូតថ្នាំញៀន ប្រភេទម៉ាទឹកកក២កញ្ចប់តូច នៅចំណុចផ្លូវចន្ទ្រា ភូមិកោះកែវ ឃុំឫស្សីក្រោក ស្រុកមង្គលបុរី កាលពីវេលាម៉ោង១៩និង ៣០នាទី។

បច្ចុប្បន្នការបង្ក្រាបបទល្មើសផ្សេងៗ ជាពិសេសបទល្មើសគ្រឿងញៀន ត្រូវបានធ្វើឡើងយ៉ាងសកម្មក្រោម ការដឹកនាំ និងបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ អាត់ ខែម  ហើយលោកក៏កំពុងតែតាមដានរាល់បទល្មើសគ្រឿងញៀន ជាបន្តបន្ទាប់ទៀត ៕

លោក កែម ឡី បង្ហាញជំហរ ជុំវិញការបង្កើត «បណ្តាញខ្មែរ ដើម្បីខ្មែរ»

0
0

- លោក កែម ឡី បង្ហើបបំណង ចង់បង្កើតបក្សនយោបាយ

ភ្នំពេញ៖ អ្នកស្រាវជ្រាវបញ្ហាសង្គម លោក កែម ឡី និងលោក សយ សុភាព នាររាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០  ១៤ នេះ បានជួបពិសារអាហាររួមគ្នាក្នុងភោជនីយដ្ឋានមួយក្នុងរាជធានីភ្នំពេញ។ ជំនួបអាហាររយៈពេលខ្លីរវាង  អ្នកស្រាវជ្រាវបញ្ហាសង្គម និងអ្នកព័ត៌មានប្រឡូកច្រើន លើស្ថានភាពនយោបាយនៅកម្ពុជា បានពិភាក្សាបញ្ហាជាច្រើនជុំវិញ  ការបង្កើត «បណ្តាញពលរដ្ឋសកម្ម ដើម្បីអភិវឌ្ឍមូលដ្ឋាន» ឬហៅថា CAN (Citizens Action Network for Lo  cal Development) ឬ «ខ្មែរ ដើម្បីខ្មែរ»។

លោក កែម ឡី បានបញ្ជាក់ថា គម្រោង ដែលលោកបង្កើតឡើងនេះ គឺសក្តិសមបំផុត សម្រាប់ស្ថានភាពសង្គម  កម្ពុជានាពេលបច្ចុប្បន្ន។ លោក ក៏បានបង្ហើបផងដែរថា ចរន្តនៃគម្រោងមួយនេះ អាចនឹងឈានដល់ការបង្កើត  បក្សនយោបាយនៅថ្ងៃអនាគតថែមទៀតផង។

ដើម្បីជ្រាបច្បាស់ជុំវិញបញ្ហា ដែលលើកឡើងខាងលើនេះ សូមរង់ចាំទស្សនាបទសម្ភាសន៍រវាងលោក សយ សុភាព  និង លោក កែម ឡី តាមវីដេអូយូធូប «DAP TV Online» នៅរសៀលថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤៕

ទំនាស់បង្កឡើង ដោយសារតែ គោចូលស៊ីអំពៅ ក្នុងចំការ បណ្តាលឲ្យ ស្ត្រីម្នាក់ស្លាប់ និងជនរងគ្រោះ ២នាក់ទៀត រងរបួសស្រាល

0
0

ត្បូងឃ្មុំៈ ស្ត្រីម្នាក់ត្រូវបានស្លាប់ និងក្មេងស្រីម្នាក់ រួមនិងក្មេងប្រុស ត្រូវជាក្មួយម្នាក់ទៀត បានរងរបួសស្រាល បន្ទាប់ ពីត្រូវបាន ជនសង្ស័យម្នាក់ យកកាំបិតកាប់ទៅលើស្រីជាម្តាយបណ្តាលឲ្យស្លាប់  និងបានវាយទៅលើនារីរងគ្រោះ ដែលត្រូវជាកូន ស្រ្តីរងគ្រោះ រួមនឹងក្មេងប្រុសម្នាក់ ដែលត្រូវជាក្មួយ បណ្តាលឲ្យរងរបួសស្រាល។ ហេតុការណ៍ខាងលើ នេះបង្កឡើងដោយសារតែ គោរបស់ជនសង្ស័យ ចូលទៅស៊ីអំពៅរបស់ជនរងគ្រោះ ហើយបានបង្ក ជាជម្លោះកាប់គ្នា នេះឡើង កាលពីវេលាម៉ោង ១៧ និង ៣០នាទីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ ស្ថិតក្នុងភូមិស្ពានជ្រៃ ឃុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។

ជនសង្ស័យមានឈ្មោះ តាក សិត ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិស្ពានជ្រៃ ជុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានរត់គេចខ្លួន។ ចំណែករងគ្រោះមានឈ្មោះ ប៊ុន មុន ភេទស្រី អាយុ៥៦ឆ្នាំ រស់នៅភូមិ ស្ពានជ្រៃ ជុំដូនតី ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំត្រូវបានជនសង្ស័យវាយ សម្លាប់។ ឈ្មោះ ប៊ុន មុំ ភេទស្រី អាយុ២១ឆ្នាំ ត្រូវជាកូនរងរបួសស្រាល និងក្មេងប្រុសម្នាក់ទៀតត្រូវជាក្មួយ មានអាយុមួយឆ្នាំកន្លះ រងរបួសស្រាល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គោរបស់ជនសង្ស័យបានចូលទៅស៊ី អពៅនៅក្នុងចំការ របស់ជនរងគ្រោះ ហើយបានបង្កជាជម្លោះកើតឡើង។

បច្ចុប្បន្នជន កម្លាំងសមត្ថកិច្ចកំពុងតាមចាប់ជនសង្ស័យ យកមកផ្តន្ទាទោសតាមច្បាប់៕


មន្រ្តីកូរ៉េខាងត្បូង ជំរុញឲ្យកសាង រោងចក្រ សម្រាប់កាកសំណល់ នុយក្លេអ៊ែរ នៅឆ្នាំ២០៥៥

0
0

សេអ៊ូល៖ មន្រ្តីមួយរូប មកពីគណៈកម្មការ ពិភាក្សាសាធារណៈកូរ៉េខាងត្បូង នៅថ្ងៃអង្គារ បានស្នើឲ្យរដ្ឋាភិបាល សាងសង់រោងចក្រ បំផ្លាញកាកសំណល់ឥន្ធនៈ នុយក្លេអ៊ែរ នៅឆ្នាំ២០៥៥ បន្ទាប់ពីពិនិត្យឡើងវិញអស់រយៈពេលមួយឆ្នាំ។

សារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ដោយផ្អែកតាមការលើកឡើង របស់មន្រ្តីថាមពល និងពាណិជ្ជកម្មថា គណៈកម្មការចូលរួមសាធារណៈ បានចំណាយលើការគ្រប់គ្រងឥន្ធនៈ នុយក្លេអ៊ែរ (PECOS) ដែលបានចាប់ផ្តើមប្រតិបត្តិការ កាលពីខែកុម្ភៈ ហើយការសន្និដ្ឋានបឋម បានឲ្យដឹងថា រោងចក្រនុយក្លេអ៊ែរ សម្រាប់បំផ្លាញកាកសំណល់នុយក្លេអ៊ែរ ចុងក្រោយ គួរតែកសាងនៅឆ្នាំ២០៥៥។

ពាក់ព័ន្ធនឹងបញ្ហានេះ គណៈកម្មការបានដឹកនាំ កិច្ចពិភាក្សាសាធារណៈ តាមរយៈសិក្ខាសាលាខុសៗគ្នា និងការ ស្ទាបស្ទង់ជាច្រើន អស់រយៈពេលជាង ១០ខែ ហើយខ្លួនគ្រោងនឹងពង្រីកសកម្មភាពនេះ រហូតដល់ខែមេសា ឆ្នាំ២០១៥ ដើម្បីប្រមូលផ្តុំមតិសាធារណៈបន្ថែម៕

Photo by DAP-News

ក្មេងប្រុស ២នាក់ ក្នុងចំណោម ៤នាក់ ស្លាប់ នៅស្រុកកែវសីមា ដោយសារលង់ទឹក

0
0

មណ្ឌលគិរី ៖ ជីវិតក្មេងប្រុស ២នាក់ បានលង់ទឹកស្លាប់ភ្លាមៗ នៅក្នុងស្រះទឹកក្នុងកែវសីមា ខណៈពួកគេមានគ្នាចំនួន ៤នាក់ នាំគ្នាចុះលេងទឹកស្រះមួយ ស្ថិតនៅចំណុចម៉ារីយោង ភូមិអូរអាមឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ហេតុការណ៍នេះ បានកើតឡើងនៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤។

តាមការឲ្យដឹងពីលោក អន សារ៉ា អធិការរងនគរបាល ស្រុកកែវសីមា និយាយថា មុនពេលមានហេតុការណ៍ ក្មេងលង់ទឹកស្លាប់ គឺមានក្មេងប្រុសស្រី៤នាក់ រត់ប្រលែងគ្នា ក្នុងទីវាលរបស់លំនៅឋាន ឪពុកម្តាយក្មេងរងគ្រោះ។ ក្រោយមកម៉ោងប្រមាណជាង ៤ល្ងាច ឪពុកម្តាយរបស់ក្មេងរងគ្រោះ បានដើររកក្រុម ក្មេងៗទាំងនោះ តែរកមិនឃើញ។ ពេលនោះដែរ ឪពុកក្មេងជនរងគ្រោះ បានដើរសំដៅទៅស្រះទឹកមួយ មានចម្ងាយ ២០០ម៉ែតពីផ្ទះ ក៏ប្រទះឃើញមានក្មេង ២នាក់ នៅឈរលើមាត់ស្រះនោះ។ ដោយមានការសង្ស័យ ឪពុកក្មេងរងគ្រោះបានចុះទៅរាវ ក៏ប្រទះឃើញក្មេង២នាក់ទៀត ដែលលង់លិចចូលក្នុងទឹកស្រះ តែគួរឲ្យសោកស្តាយ ក្មេងទាំងពីរនាក់ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។

លោកអធិការរងបន្ថែមថា ក្រោយធ្វើកោសល្យវិច័យ សមត្ថកិច្ចបានសន្និដ្ឋានថា ក្មេងទាំងពីរ ពិតជាបានស្លាប់ ដោយសារលង់ទឹកពិតមែន។ លោកបញ្ជាក់ថា ជនរងគ្រោះទី១ មានឈ្មោះ មករា ម៉េងឈាង ភេទប្រុស អាយុ ៦ឆ្នាំ និងជនរងគ្រោះ ទី២ ឈ្មោះ ណាង ប៊ុនលាភ ភេទប្រុ អាយុ ៦ឆ្នាំដូចគ្នា ។ បច្ចុប្បន្នសពក្មេងប្រុសទាំងពីរ ត្រូវបានក្រុមគ្រូសារ យកទៅធ្វើបុណ្យរូមគ្នា ក្នុងថ្ងៃតែមួយ។

លោកអធិការ ក៏បានសំណូមពរ ឲ្យឪពុកម្តាយ និងអាណាព្យាបាលបុត្រធីតាស្រីប្រុសទាំងអស់ សូមមេត្តាជួយថែទាំ និងរក្សាកូនឲ្យបានល្អប្រសើរ ដើម្បីចៀសវាងការកើតមាននូវវិបដិសារី  ៕

ស្រវឹងជិះម៉ូតូលឿន ជ្រុលទៅបុកខឿនផ្លូវ រងរបួសបែកមុខ

0
0

ភ្នំពេញ៖ បុរសម្នាក់បានរងរបួស បែកមុខបែកមាត់សន្លប់ស្តូកស្តឹងនៅនឹងកន្លែង ខណៈដែលបើកបរម៉ូតូ ក្នុងស្ថានភាពស្រវឹងជោកជាំ មានល្បឿនលឿន ហើយក៏បានជ្រុលចង្កូតទៅបុកខឿន ចិញ្ចើមថ្នល់ បណ្តាលឱ្យដួលតែម្នាក់ឯង។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើងកាលពីវេលាម៉ោង ៨ និង ១៥យប់ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅចំណុចបេតុង ក្បែរផ្សារដំបូលខៀវ ស្ថិតក្នុងភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

ប្រភពពីប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ បាននិយាយឱ្យដឹងថាដំបូងឡើយ គេបានឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿង ម៉ាក គុបជ្រុង ពាក់ស្លាក់លេខ កំពត 1B 7855 ក្នុងស្ថានភាពស្រវឹង ហើយល្បឿនលឿន ទិសដៅពីជើងទៅត្បូង ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏បានរេចង្កូតទៅបុកជាមួយខឿនចញ្ចើមផ្លូវ បណ្តាលឱ្យដួលសន្លប់រងរបួសធ្ងន់។

បុរសខាងលើ ត្រូវបានគេស្គាល់ឈ្មោះ មឿច សាម៉ៃ មានស្រុកកំណើត នៅខេត្តព្រៃវែង។ ក្រោយពីកើតហេតុភ្លាមៗ នោះ ក្រុមប្រជាពលរដ្ឋ និងអ្នកដំណើរ បាននាំគ្នាជួយសង្គ្រោះ ជួយដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ៕

Photo by DAP-News

Photo by DAP-News

គូស្នេហ៍មួយគូ យកកាំបិត ចាក់គ្នា បណ្តាលឲ្យ រងរបួស ទាំងសងខាង ក្នុងផ្ទះសំណាក់ រិទ្ធីហេង

0
0

ភ្នំពេញៈ គូស្នេហ៍វ័យក្មេងមួយគូ បានយកកាំបិតចាក់គ្នាទៅវិញទៅមក បណ្តាលឲ្យរងរបួសធ្ងន់ស្រាល ទាំងសងខាង ក្នុងផ្ទះសំណាក់យីហៅ រិទ្ធីហេង ដែលមានទីតាំង នៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដោយតួអង្គខាងស្រី រងរបួសស្រាល ត្រូវបានបងប្អូនដឹកយក ទៅសង្គ្រោះនៅមន្ទីរពេទ្យ កាល់ម៉ែត ចំណែកភាគីខាងប្រុសរងរបួសធ្ងន់ ដេកនៅក្នុងត្លុកឈាម  បន្ទប់ទឹកផ្ទះសំណាក់។ ហេតុការណ៍នេះបានកើតឡើងកាលវេលាម៉ោង៦ និង៥០នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤។

លោកសៅ ណុល អធិការរងនគរបាលខណ្ឌដូនពេញ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទថា លោកមិនទាន់ដឹងពីមូលហេតុ ដែលបង្កឲ្យគូស្នេហ៍វ័យក្មេងទាំងពីរនេះ យកកាំបិតចាក់គ្នាទៅវិញ ទៅមកនោះទេ រង់ចាំការស៊ើបអង្កេតជាមុនសិន។

ភាគីខាងស្រីត្រូវបានសាច់ញាតិបញ្ជូនយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកភាគីខាងបុ្រសដែលជាសង្សា បានដេកនៅ សល់ដង្ហើមតិចក្នុងត្លុកឈាម ហើយបច្ចុប្បន្នលោក សៅ ណុប កំពុងទាក់ទងទៅរថយន្តសង្គ្រោះ បន្ទាន់ ដើម្បីដឹកជនរងគ្រោះ យកទៅសង្គ្រោះ។

តាមប្រភពពីមន្ត្រីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ សៅ យៀកមី ភេទស្រី អាយុ១៧ឆ្នាំ មុខរបរ ជាសិស្សសាលា ឯកជនម្តុំផ្សារចាស់ ស្នាក់នៅសង្កាត់ផ្សារកណ្តាល ផ្លូវលេខ១៣០ កែងផ្លូវលេខ១៣ ខណ្ឌដូនពេញ រងរបួសប្រអប់ដៃខាងស្តាំ ២កន្លែង និងពោះចំមុខចំនួន៧កន្លែង។ ចំណែកជនល្មើស ឈ្មោះ ហួត សក្ខណា ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជាមួយបងស្រី នៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រងរបួសបំពង់ក ៣កន្លែង ឆ្អឹងជំនីខាងឆ្វេង១កន្លែង។

តាមការសន្និដ្ឋានជាជំហានដំបូង បានឲ្យដឹងថា ជនល្មើសបានយកកាំបិតចាក់ទៅលើខ្លួនឯង ហើយចាក់ទៅលើជនរងគ្រោះ ក្នុងបំណង់សម្លាប់ខ្លួនទាំងសង្ខាង ៕

បទល្មើសនេសាទ នៅតែបន្តកើតមាន ពេញបន្ទុកនៅ ចំណុច ក្អមសំណរ និងដីរនាត ក្នុងស្រុកបាកាន

0
0

ពោធិ៍សាត់៖ បើតាមសេចក្តីរាយករណ៍ ពីប្រភពនានា បានអោយដឹងថា នៅលើផ្ទៃបឹងទន្លេសាប ចាប់ពីចំណុចក្នុងភូមិសាស្រ្ត ក្អមសំណរ និង ចំណុចក្នុងភូមិសាស្រ្តដីរនាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ មានបទល្មើស នេសាទ ជាច្រើនដូចជារបាំងសាច់មង និង អួនក្រឡាញឹក ព្រួល និង ឆ្នុកសព្វថ្ងៃនេះបាន និង កំពុងកើត មានយ៉ាងពេញបន្ទុក ដោយការបង្រ្កាបពី សំណាក់មន្រ្តីជលផល នៃសង្កាត់រដ្ឋបាលជលផលបាកានដ៍តិចតួច កន្លងមក ហាក់ដូចជាគ្មានប្រសិទ្ធភាព ពោលគឺមន្រ្តីជលផលនៃសង្កាត់មួយនេះ ហាក់ដូចជាចុះបង្រ្កាបម្តងម្កាល តែប៉ុណ្ណោះ ប្រៀបបាន ទៅនិងវាយទឹកបង្ហើលត្រីអោយចូលលបប៉ុណោះ។

សេចក្តីរាយការណ៍ដដែលក៏បានបង្ហើប អោយដឹងទៀតថា ពួកជនប្រព្រឹត្តិបទល្មើសទាំងនោះមុននិងពួកគេលួចដាក់ ឧបករណ៍ល្មើសនានា ដើម្បីលួចចាប់ត្រីចំរុះគ្រប់ប្រភេទ នៅក្នុងបឹងទន្លេសាប បានលុះណាតែមានមេខ្យល់ តាមក្រុមខ្មែរ ឬមេខ្យល់តាមក្រុមវៀតណាម គេចូលទៅចែចូវសុំភ្លើងខៀវ ពីលោកនាយសង្កាត់ ឬមន្រ្តីជលផលនៃសង្កាត់រដ្ឋបាល ជលផល បាកានជាមុនសិន ទើបអ្វីៗវាប្រព្រឹត្តិទៅដោយរលួនបាន!!! ក្រៅពីសុំភ្លើងខៀវពីជំនាញជលផលហើយ។

បើតាមសេចក្តីរាយការណ៍ពួកមេខ្យល់រត់ការបទល្មើសនេសាទទាំងនោះក៍ត្រូវតែរតទៅសុំភ្លើងខៀវពីមន្រ្តីពាក់ព័ន្ធផ្សេងៗទៀតផងដែរដោយក្នុងនោះរួមមានមន្រ្តីជលផលនៃអធិការដ្ឋានខាងជើងបឹងទន្លេសាប មន្រ្តីកងរាជអាវុធហត្ថប្រចាំការនៅផ្ទៃបឹងទន្លេសាប មន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួង មន្រ្តីនគរបាលសេដ្ឋកិច្ចខេត្ត និង មន្រ្តីពាក់ព័ន្ធដទៃទៀត៕

Viewing all 8042 articles
Browse latest View live




Latest Images