Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

នារីលក់កាហ្វេម្នាក់ ត្រូវរថយន្តបុកស្លាប់ ពេលឆ្លងផ្លូវ

$
0
0

ភ្នំពេញ : នារីវ័យក្មេងលក់ កាហ្វេម្នាក់ ត្រូវរថយន្តមួយ គ្រឿងបុកស្លាប់ ពេលដើរ ឆ្កងផ្លូវទៅទិញនំបុ័ង នៅវេលា ម៉ោង៣និង៣០នាទី រសៀល ថ្ងទី២៩ ខែវិច្ចិកា ឆ្នាំ២០១៤ ជិតឃ្លាំងសាំង សង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ ។ ប៉ុន្តែរថយន្តបើកគេច ពីកន្លែងកើតហេតុបាត់ទៅ ។

សេចក្តីរាយការណ៍ ពីកន្លែងកើតហេតុ បានឲ្យដឹងថា នារីរងគ្រោះ ឈ្មោះ ចរិយា អាយុ ១៩ឆ្នាំ ។ តាមប្រជាពលរដ្ឋខ្លះ បាននិយាយថា រថយន្តបង្ក ជាប្រភេទរថយន្តលុច្សស៊ីស ៤៧០ ពណ៌ខ្មៅ ប៉ុន្តែមិនចាំស្លាកលេខ ពិតប្រាកដ បើទោះបីអ្នកខ្លះអះអាងថា ពាក់ស្លាកលេខ ភ្នំពេញ 2AB-4048 ក៏ដោយនោះ ។

បច្ចុប្បន្នសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ច ប្រគល់ទៅអោយក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ។ រីឯរថយន្តបង្ក កំពុងធ្វើការ ស្រាវជ្រាវ ៕

Photo by DAP-News

Photo by DAP-News


តុលាការ អេហ្ស៊ីប លើកលែងបណ្តឹង ឃាតកម្ម ប្រឆាំងអតីត ប្រធានាធិបតី ហូស្នី មូបារ៉ាក់

$
0
0

គែរ៖ តុលាការ នៃប្រទេសអេហ្ស៊ីប នៅថ្ងៃសោរ៍ ទី២៩ ខែវិច្ឆិកា នេះបានសម្រេចលើកលែង បណ្តឹងដែលបានចោទប្រកាន់ អតីតប្រធានាធិបតី ហូស្នី មូបារ៉ាក់ លើករណីឃាតកម្ម សម្លាប់បាតុករនោះហើយ ក្រោយរយៈពេល ៤ឆ្នាំ ដែលត្រូវបានអំណាចប្រជាជនបណ្តេញ ចេញពី របបដឹកនាំផ្តាច់ការ ដែលមានរយៈពេល ៣២ឆ្នាំ នោះ។

សារព័ត៌មានសិង្ហបុរី ចេញផ្សាយនៅទៀតថា នៅថ្ងៃសៅរ៍នេះ ទូរទស្សន៍រដ្ឋអេហ្ស៊ីប បានបង្ហាញ រូបភាពលោក មូបារ៉ាក់ វ័យ ៨៦ឆ្នាំ ដេកលើគ្រែពូករុញ ទៅកាន់តុលាការ និង ស្លៀកសម្លៀកបំពាក់ ពណ៌ខៀវ ក្នុងនាមជាជនជាប់ចោទ។ លោកត្រូវបាន កម្លាំងសន្តិសុខបញ្ជូនពីមន្ទីរពេទ្យ យោធា តាមឧទ្ធម្ភាគចក្រនៅជាយទីក្រុងគែរ មកកាន់តុលាការ ដើម្បីស្តាប់សេចក្តី សម្រេចកាលពីព្រឹកថ្ងៃសៅរ៍នេះ។

គួរបញ្ជាក់ថា លោក មូបារ៉ាក់ ត្រូវបានបណ្តេញពីអំណាច កាលពីខែកុម្ភៈ ឆ្នាំ ២០១១ ក្រោយ ការតវ៉ាយ៉ាងកក្រើក ក្នុងប្រទេសរយៈពេល ១៨ថ្ងៃ។ លោកត្រូវបានចោទប្រកាន់ក្រោយធ្លាក់ ពីអំណាចផ្តាច់ការ ថា លោកបានបញ្ជា ឲ្យកងកម្លាំងបង្កអំពើហិង្សា សម្លាប់បាតុករ ដែលក្រោកឈរឡើង ប្រឆាំងរូបលោកនាគ្រានោះ។ ទោះជាតុលាការសម្រេចបែបនេះ តែគេមិនទាន់ដឹង ថាលោក អាចរួចផុតទោស និង មានសេរីភាពដែរ ឬអត់នោះទេ៕

Photo by DAP-News

លោក ម៉ុង ឫទ្ធី ចុះពិនិត្យពីការងារ បម្រើប្រជាពលរដ្ឋ របស់អាជ្ញាធរ ខេត្តព្រៃវែង

$
0
0

ព្រៃវែង៖ លោក ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា (គណៈកម្មការ ទទួលបន្ទុកលើផែនការ វិនិយោគ  កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន) កាលពីរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៤  បានដឹកនាំគណៈប្រតិភូរបស់ខ្លួន ចុះពិនិត្យពីការគ្រប់គ្រងរដ្ឋបាល និងកិច្ចអភិវឌ្ឍន៍នានា នៅក្នុងខេត្តព្រៃវែង។

ក្នុងដំណើរចុះត្រួតពិនិត្យពីការគ្រប់គ្រង និងកិច្ចអភិវឌ្ឍន៍នៅក្នុងខេត្តព្រៃវែង លោក ម៉ុង ឫទ្ធី បានជួបពិភាក្សា ការងារជាមួយលោក ហាស់ សារ៉េត អភិបាលខេត្តព្រៃវែង រួមនិងប្រធានមន្ទីរមួយចំនួនទៀត ក្នុងបំណងស្វែង យល់លទ្ធផលការងារ ដែលពួកគេបានធ្វើជាប្រយោជន៍សម្រាប់ ប្រជាពលរដ្ឋនៅក្នុងខេត្តជាប់ព្រំប្រទល់ដែន ប្រទេសវៀតណាម។

លោក ហាស់ សារ៉េត បានឲ្យដឹងថា ខេត្តព្រៃវែងជាខេត្ត ដែលមានសក្តានុពលខាងវិស័យកសិកម្ម ដោយធានា បានការដោះស្រាយបញ្ហាទឹកពីទំនប់ចំនួន ១៣៦កន្លែង ប្រឡាយមេ១៦០ខ្សែ និងស្ថានីយបូមទឹក ១១កន្លែង។  បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងអនុវត្តគម្រោងសាងសង់ប្រព័ន្ធស្រោចស្រព្វវៃកូ ដែលឆ្លងកាត់ភូមិសាស្ត្រខេត្តព្រៃ វែងប្រវែង ៩៨គីឡូម៉ែត្រ កាត់ស្រុកចំនួន០៥ គឺស្រុកស៊ីធរកណ្តាល កញ្ជ្រៀច កំចាយមារ ស្វាយអន្ទរ និង មេ សាង។

ក្នុងឱកាសនោះ ក៏មានការធ្វើសេចក្តីរាយការណ៍ពីប្រធានមន្ទីរកសិកម្មខេត្ត ជុំវិញការដាំដំណាំស្រូវ, ប្រធានមន្ទីរ ធនធានទឹកខេត្ត បង្ហាញពីការងារប្រព័ន្ធធារាសាស្ត្រ, ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ផ្តោតលើការងារអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធជនបទ និងបញ្ហាប្រឈមនានា។

មន្រ្តីសភាពាណិជ្ជកម្មខេត្ត ក៏បានរាយការណ៍ពីគោលនយោបាយ របស់រាជរដ្ឋាភិបាលពាក់ព័ន្ធការវិនិយោគលើវិ ស័យកសិកម្ម ពាណិជ្ជកម្ម ទស្សនវិស័យក្នុងការវិនិយោគ និង បញ្ហាប្រឈមពាក់ព័ន្ធការអនុវត្តច្បាប់ និងសេចក្តី រាយការណ៍ពីក្រុមប្រឹក្សាឃុំ-សង្កាត់ តំណាងសមាគមន៍កសិកម្មផ្តោតលើគោលនយោបាយភូមិ ឃុំមានសុវត្ថិ ភាព ការគ្រប់គ្រង និងចលនាសមាគមន៍ ព្រមទាំងបញ្ហាប្រឈមនានាផងដែរ។

លោក ម៉ុង ឫទ្ធី បានគូសបញ្ជាក់ថា ដំណើរចុះទៅកាន់ខេត្តព្រៃវែងរបស់លោក និងសមាជិកគណៈកម្មការទី៣ ដទៃទៀត ក្នុងបំណងសិក្សាឈ្វេងយល់ និងស្រង់ព័ត៌មាននានា ពាក់ព័ន្ធការអនុវត្តគោលនយោបាយកំណែ ទម្រង់វិមជ្ឈការ វិសហមជ្ឈការ និងលទ្ធផល នៃការអភិវឌ្ឍរបស់ឃុំ សង្កាត់ ស្រុក ខណ្ឌ ក្នុងខេត្ត និង បច្ចុប្បន្ន ភាពការងារ និងលទ្ធផលផែនការវិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ការផ្សព្វផ្សាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹងការពង្រឹងវិស័យនីតិរដ្ឋនៅកម្ពុជា ឈ្វេងយល់អំពីប្រតិបត្តិ ការវិស័យឯកជន និងបញ្ហាប្រឈម។

លោក ម៉ុង ឫទ្ធី ក៏បានបង្ហាញពីតួនាទី និងភារកិច្ចរបស់គណៈកម្មការទាំង១០នៃព្រឹទ្ធសភាផងដែរ។ លោកបាន  បានបញ្ជាក់ថា គណៈកម្មការទាំង១០ មានមុខងារសំខាន់ចំនួន ០៣ រួមមាន៖ មុខងារនីតិកម្ម មុខងារត្រួតពិនិត្យ  និងមុខងារតំណាង ឬមុខងារផ្តល់ព័ត៌មាន។ មុខងារផ្តល់ព័ត៌មានដែលគណៈកម្មការទាំង១០ទទួលរ៉ាប់រង ជាវិធី សាស្ត្រដ៏មានអត្ថប្រយោជន៍បំផុតដើម្បីឆ្លើយតបបានយ៉ាងត្រឹមត្រូវទៅនឹងមុខងារនីតិកម្ម មុខងារត្រួតពិនិត្យ និង មុខងារតំណាងរបស់ព្រឹទ្ធសភា ហើយក៏ជាតំណាងឲ្យម្ចាស់ឆ្នោតទាំងមូលផងដែរ ពីព្រោះថា គណៈកម្មការទាំង ១០ដើរតួជាតំណាងឲ្យស្ថាប័នព្រឹទ្ធសភាទាំងមូល ដោយផ្តោតលើវិស័យដែលជាសមត្ថកិច្ចរបស់គណៈកម្មការនី មួយៗ។

លោក ម៉ុង ឫទ្ធី មានប្រសាសន៍បន្តថា រាល់បញ្ហាប្រឈម និងការលំបាក ចំពោះការអនុវត្តការងារ របស់អាជ្ញាធរ  ខេត្ត ដែលបានលើកឡើង គណៈកម្មការនឹងរៀបជារបាយការណ៍ដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា  ដើម្បីលើកជាអនុសាសន៍ដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីដោះស្រាយ។

បន្ទាប់ពីកិច្ចសំណេះសំណាលជាមួយថ្នាក់ដឹកនាំខេត្តហើយនោះ លោក ម៉ុង ឫទ្ធី រួមដំណើរដោយលោក ហាស់  សារ៉េត អភិបាលខេត្តព្រៃវែង ព្រមទាំងមន្ត្រីក្រោមឱបានអញ្ជើញពិនិត្យសហគមន៍កសិកម្ម ដែលមានទីទាំងស្ថិត នៅភូមិព្រៃភ្ញាមិ ឃុំរោងដំរី ស្រុកបាភ្នំ៕

នគរបាល ខណ្ឌទួលគោក ក្របួចចោរឆក់ ទូរស័ព្ទ២នាក់ភ្លាមៗ ក្រោយធ្វើសកម្មភាព

$
0
0

ភ្នំពេញ ៖ ចោរឆក់ទូរស័ព្ទ២នាក់ ត្រូវបានកម្លាំង នគរបាលល្បាត ប៉ុស្តិ៍ផ្សារដើមគរ នៃអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក និងប្រជាពលរដ្ឋ តាមចាប់ភ្លាមៗ ក្រោយ ធ្វើសកម្មភាព ឆក់ទូរស័ព្ទ ពីបុរសវ័យចំណាស់ម្នាក់ ខណៈកំពុងអង្គុយ លេងហ្គេម នៅមុខផ្ទះរបស់ខ្លួន លេខ១១០AEOZ ផ្លូវលេខ២៦១ ក្រុមទី១៧ ភូមិទី៧ សង្កាត់ ទឹកល្អក់ទី៣ កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃ២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ហើយដកហូត ទូរស័ព្ទ ជូនជនរងគ្រោះវិញផងដែរ ។

មន្ដ្រីនគរបាល ព្រហ្មទណ្ឌ ខណ្ឌទួលគោក បានឱ្យដឹងថា នៅវេលាម៉ោង កើតហេតុខាងលើ ខណៈជនរងគ្រោះ កំពុងអង្គុយមុខផ្ទះ ហើយយកទូរស័ព្ទ របស់ខ្លួន ម៉ាក I Phone 4S មកចុចលេងហ្គេមនោះ ស្រាប់តែ លេចមុខ ជនសង្ស័យ ពីរនាក់ ជិះម៉ូតូម៉ាកសេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 1D-6271 ធ្វើសកម្មភាព ឆក់យកទូរស័ព្ទ ពីជនរងគ្រោះ ។

មន្រ្តីនគរបាល បានបន្តទៀតថា ក្រោយធ្វើសកម្មភាព ឆក់យកទូរស័ព្ទជនរងគ្រោះ ជនសង្ស័យទាំង២នាក់ បានបើកម៉ូតូ គេចខ្លួនតាមផ្លូវលេខ ២០២ ក្នុងទិសដៅ ពីលិចទៅកើត ស្រាប់តែជនរងគ្រោះ បានស្រែកចោរៗ ហើយដេញតាមពីក្រោយ  បង្កឲ្យមានការភ្ញាក់ ដល់ប្រជាពលរដ្ឋ នៅតាមដងផ្លូវជួយដេញតាម និងកម្លាំងនគរបាល ល្បាតរបស់ ប៉ុស្តិ៍ផ្សារដើមគរ ដេញស្ទាក់ចាប់ ជនសង្ស័យទាំង២នាក់ បានតែម្តង នៅមុខផ្ទះលេខ១៩៩ ផ្លូវលេខ២៣០ ក្រុមទី៣៧ ភូមិទី១៦ សង្កាត់ផ្សារដើមគរ ។

ក្រោយការចាប់ខ្លួន នគរបាលបានដកហូត ម៉ូតូមួយគ្រឿង ដែលជិះធ្វើសកម្មភាព និងទូរស័ព្ទរបស់ជនរងគ្រោះ បានមកវិញ ។

ក្រោយការសួរនាំ មន្រ្តីនគរបាល បានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ រ៉េត រដ្ឋា ហៅព្រឹក អាយុ២៤ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅ ផ្ទះជួល មិនចាំលេខ ផ្លូវលេខ១១២ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក និងជន សង្ស័យទី២ ឈ្មោះ មាន សុផាន់និត អាយុ១៨ឆ្នាំ មុខរបរមិនពិត ប្រាកដ ស្នាក់នៅ ផ្ទះជួល ផ្លូវលំ ភូមិចំការដូង សង្កាត់ដង្កោ ខណ្ឌដង្កោ ។ ដោយឡែក ជនរងគ្រោះ មានឈ្មោះ ម៉ាង ប៊ុនធឿន អាយុ៦០ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅ ផ្ទះកើតហេតុខាងលើ។

ក្រោយការចាប់ខ្លួន ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូន ទៅសួរនាំបន្ដទៀត នៅអធិការដ្ឋាន នគរបាល ខណ្ឌទួលគោក  ដើម្បីកសាង សំណុំរឿងបញ្ជូន ទៅកាន់ តុលាការ ចាត់ការតាមផ្លូវច្បាប់ ។

សូមបញ្ជាក់ថា ដោយមានការណែនាំ ពីសំណាក់ ស្នងការ នគរបាល រាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ ជួន សុវណ្ណ និងស្នងការរង ទទួលផែនព្រហ្មទណ្ឌ លើការពង្រឹងសន្តិសុខ តាមមូលដ្ឋាននោះ អធិការ នគរបាល ខណ្ឌទួលគោក លោក ហ៊ុន សុធី បានដាក់ផែនការ ដល់កម្លាំងនគរបាល នៃអធិការ ដ្ឋានខណ្ឌ និងនគរបាល តាមបណ្តាប៉ុស្តិ៍ ចុះល្បាតជាប្រចាំ ទាំងថ្ងៃ ទាំងយប់ ដើម្បីជួយ អន្តរាគមន៍ភ្លាមៗ នៅពេលដែលមានបទល្មើស អ្វីមួយកើតឡើង។

ជាក់ស្តែង ដូចករណីខា ងលើនេះ ខណៈកម្លាំងនគរបាលល្បាត របស់ប៉ុស្តិ៍ផ្សារដើមគរ កំពុង ល្បាត នៅក្នុងភូមិសាស្រ្តនោះ បានជួយអន្តរាគមន៍ដោយជោគជ័យ នៅពេលដែល ជនសង្ស័យ ទាំង២នាក់ ធ្វើសកម្មភាពឆក់យកទូរស័ព្ទពីជនរងគ្រោះ៕

សមត្ថកិច្ចប្រគល់ទូរស័ព្ទជូនជនរងគ្រោះវិញ

នគរបាល វរះ៨០៧ ចុះជួយច្រូតស្រូវ របស់ប្រជាពលរដ្ឋ នៅឃុំគោករមៀត

$
0
0

បន្ទាយមានជ័យ ៖ ដើម្បីជួយសម្រួលដល់ ការលំបាក របស់ប្រជាពលរដ្ឋ ដែលមាន ជីវភាពខ្វះខាត តាមមូលដ្ឋាន នារដូវច្រូតកាត់នេះ កម្លាំងនគរបាល វរសេនា តូចការពារ ព្រំដែនគោក លេខ៨០៧ នៃស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ បានឆ្លៀត ពេលទៅជួយ ច្រូតស្រូវរបស់ ប្រជាពលរដ្ឋផងដែរ។

មន្រ្តីនគរបាល វរះ៨០៧ បានឲ្យដឹងថា «នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤នេះ វេលា ម៉ោង៧៖៣០នាទីព្រឹក  លោក វរសេនីយ៍ទោ ប្រាក់ សាំ មេបញ្ជាការវរះ បានដឹកនាំកម្លាំង ចំនួន៨៥នាក់ ចុះជួយ ច្រូតស្រូវ ប្រជាពលរដ្ឋ បានចំនួន៣រ៉ៃ នៅចំណុច ភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជូនលោក គុណ គឹមចេងអាយុ47 ឆ្នាំ ជាម្ចាស់ស្រែ»។

លោក ប្រាក់ សាំ បានបញ្ជាក់ថា ដោយសារតែរដូវនេះជា រដូវស្រូវទុំ ដូច្នេះប្រជាពលរដ្ឋ មូលដ្ឋាន ជាពិសេស ប្រជាពលរដ្ឋខ្លះ មានការខ្វះខាត លើការជួលកម្លាំងពលកម្ម ក្នុងការច្រូតស្រូវនោះ លោកបានទទួល បានទទួលការណែ នាំពីសំណាក់ស្នងការ នគរបាលខេត្ត ឆ្លៀតពេលវេលា ដឹកនាំកម្លាំង ចុះទៅជួយច្រូតស្រូវ របស់ពួកគាត់ ដើម្បីចូលរួម កាត់បន្ថយការ លំបាកមួយចំនួន ។

ជាការឆ្លើយតប ប្រជាកសិករ ជាម្ចាស់ស្រូវ បានបង្ហាញការសាទរ យ៉ាងខ្លាំង និងអរគុណ ចំពោះទឹកចិត្ត សកម្មភាព របស់កងកម្លាំង នគរបាលវរះ ចំពោះការងារ សប្បុរសធម៌មួយនេះ។

កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ កម្លាំងនគរបាល ស្រុកម៉ាឡៃ ក៏បានចុះជួយ ច្រូតស្រូវរបស់ ប្រជាពលរដ្ឋផងដែរ នៅឃុំទួលពង្រ បានចំនួន១០រ៉ៃផងដែរ ។

ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានថ្លែងថា ដោយសារតែ រដូវនេះជារដូវ ប្រមូលផល ស្រូវស្រែរបស់ប្រជាកសិករនោះ លោកបានណែនាំដល់នគរបាល តាមបណ្តាស្រុក និងតាមវរះ ជួយចុះច្រូតស្រូវ ជូនម្ចាស់ស្រែ ជាពិសេស គឺជួយប្រមូលផល ជូនជនណាដែលមានជីវភាព ខ្វះខាត និងស្រ្តីមេម៉ាយជាដើម៕

បញ្ជូនជន ល្មោភកាមម្នាក់ ទៅស្នងការខេត្ត ពីបទរំលោភ ប្រពន្ធគេ មិនសម្រេច

$
0
0

បាត់ដំបង ៖ កម្លាំងនគរបាលស្រុកសំឡូត ចាប់បញ្ជូនជនសង្ស័យម្នាក់ ទៅស្នងការខេត្ត នៅរសៀលថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ ពីបទប៉ុនប៉ងរំលោភប្រពន្ធគេ មិនសម្រេច ដែលបានប្រព្រឹត្តផ្លោះបង្អួច ចូលចាប់ កាលម៉ោង ២៣យប់ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៤ នៅភូមិភ្នុំរ៉ៃឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

មន្រ្តីនគរបាលស្រុកសំឡូត បានឱ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួន មានឈ្មោះ ទូច ភុន ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅក្រុមទី១២ ភូមិភ្នុំរ៉ៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។ ចំណែកជនរងគ្រោះ មានអាយុ៣៣ឆ្នាំ ខណៈប្តីរវល់ទៅធ្វើការងារនៅខេត្តឆ្ងាយ។

ស្ត្រីរងគ្រោះបានប្រាប់សមត្ថកិច្ចឱ្យដឹងថា ពេលខ្លួនដេកលក់ ជនសង្ស័យបានផ្លោះបង្អួចចូលមកចាប់ខ្ទប់មាត់ គំរាមមិនអោយស្រែ និងសុំស្នេហាដេកជាមួយ ភ្លាមៗនោះ ខ្លួនបានបដិសេធន៍ថាមិនព្រមទេ ជនសង្ស័យនៅតែ បន្តដោះខោអាវ និងសើយអាវខ្លួនចាប់ច្របាច់សុដន់ ពេលនោះខ្លួនបាននិយាយលួងលោម សុំបត់ជើងតូចបន្ទាប់ មកខ្លួនក៏បើកទ្វារត់ចុះពីផ្ទះសំដៅមកផ្ទះម្តាយបាត់ លុះព្រឹកថ្ងៃទី២៦ដាក់បណ្តឹង នៅអធិការដ្ឋាននគរបាល តែម្តង។

ជនសង្ស័យបានសារភាភថា នៅថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០១៤ ខ្លួនបានទៅផឹកស្រា នៅផ្ទះឈ្មោះ យ៉ែន តាំងពី ម៉ោង១៦រហូតដល់ ម៉ោង២២និង៣០នាទី ក៏នឹកឃើញរឿងស្នេហា ហើយជនសង្ស័យនឹកឃើញថា ប្តីជនរង គ្រោះមិននៅផ្ទះក៏ឡើងទៅប៉ងចាប់រំលោភនាង ប៉ុន្តែពេលកំពុងចាប់ច្របាច់សុដន់នាង បានសុំពេលទៅបត់ជើង រួចក៏ទៅបាត់រហូតតែម្តង។លុះថ្ងៃទី២៦ខែវិច្ឆិកា កម្លាំងនគរបាលស្រុកបានហៅមកសាកសួររួចឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានកសាងសំណុំរឿង ទៅស្នងការនគរបាលខេត្ត នៅល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ ដើម្បីចាត់ការតាមច្បាប់៕

រេចង្កូតជ្រុល ទៅបុក ដើមប្រេងខ្យល់ អ្នកបើកបរម្នាក់ កៀបជាប់ក្នុង កាប៊ីនរថយន្ត រីឯព្រូ របួសស្រាល

$
0
0

កំពង់ឆ្នាំងៈ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៌មួយ បានកើតឡើង កាលពីវេលាម៉ោង ២រសៀល ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤កើតឡើងនៅលើកំណាត់ ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ ១០២ -១០៣ ក្នុងភូមិទ័ពត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

នៅក្នុងហេតុការណ៍ បណ្តាលឲ្យអ្នកបើកបររថយន្តដឹកចំណីសត្វម្នាក់ បានរបួសធ្ងន់កៀបជាប់ ក្នុងកាប៊ីនរថយន្ត និង ព្រូរថយន្តម្នាក់ បានរងរបួសស្រាល ដោយរថយន្តនេះបានបួងចង្កូតជ្រុលទៅបុកដើមប្រេងខ្យល់ ក្រឡាប់ធ្លាក់ប្រឡាយ ចាក់ចំណីសត្វចូលទៅក្នុងទឹក។

សមត្ថកិច្ចបានអោយដឹងថា រថយន្តដឹកចំណីសត្វមួយគ្រឿងម៉ាកទីតាន់ ពាក់ស្លាកលេខ ឆ ៥០៦១ ភ.ព២ បាន ក្រឡាប់ធ្លាក់ចូលក្នុងប្រឡាយ បណ្តាលអោយកៀបអ្នកបើកបរជាប់នៅក្នុងកាប៊ីន រយៈពេលជាង១ម៉ោង ទើប គាស់យកចេញបាន ។ ហេតុការណ៌គ្រោះថ្នាក់ចរាចរណ៌នេះ បណ្តាលអោយអ្នកបើកបរ ឈ្មោះ រ៉ាយ ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំនៅក្នុងភូមិគ្រួស ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង រងរបួសធ្ងន់ដោយកៀប ជាប់នៅក្នុងកាប៊ីន រយៈពេលជាង១ម៉ោង ទើបគាស់យកចេញបាន ។ រីឯម្នាក់ទៀតឈ្មោះសីហា ភេទប្រុស អាយុ២៧ឆ្នាំ ជាព្រូរថយន្ត មានទីលំនៅក្នុងខេត្តកំពង់ស្ពឺ រងរបួសស្រាល ។ រថយន្តដឹកចំណីសត្វនេះ បើកបរក្នុងទិសដៅត្បូងទៅជើង នៅពេលទៅដល់ចំណុចកើតហេតុរថយន្តនេះ បានបើកវ៉ាជែង រថយន្តធុនធំមួយគ្រឿង នៅពីមុខ ដែលកំពុងបើកក្នុងទិសដៅស្របគ្នា ។ ប៉ុន្តែវ៉ាមិនទាន់ផុតផង ក៏វ៉ាក់និងរថយន្តមួយគ្រឿងទៀត នៅពី មុខដែលកំពុងបើកយ៉ាងលឿនក្នុងទិសដៅផ្ទុយគ្នា អ្នកបើក បររថយន្តដឹកចំណីសត្វ ក៍បានបួងចង្កូតគេច ទៅ បុកដើមប្រេងខ្យល់ និង ក្រឡាប់ធ្លាក់ទៅក្នុងប្រឡាយតែម្តង ៕

អាល់ ហ្សេរីៈ ដោះលែង បាតុករ១៦នាក់ បន្ទាប់ពីប៉ះទង្គិច ជាមួយសមត្ថកិច្ច

$
0
0

អាល់ហ្សេ៖ រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ អាល់ហ្សេរី លោក Tayeb Belaiz កាលពីថ្ងៃសៅរ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៤ បានបញ្ជាឲ្យដោះលែងពួកបាតុករ ចំនួន ១៦ នាក់ ដែលត្រូវបានឃាត់ខ្លួន បន្ទាប់ពីមានការប៉ះទង្គិច ជាមួយនឹងប៉ូលិស កាលពីយប់ថ្ងៃសុក្រ ទី២៨ កន្លងទៅ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា នេះថា ហេតុការណ៍ប៉ះទង្គិចគ្នាខាង លើនេះ បានកើតឡើងនៅពេលដែល ក្រុមបាតុករជាយុវជន បានបិទផ្លូវ នៅក្នុងតំបន់ Tougourt នៃខេត្ត Ouargla ចំងាយ ៦១៥ គីឡូម៉ែត នាភាគអាគ្នេយ៍ ប្រទេសអាល់ហ្សេរី ដោយលើកបដា ថា កង្វះលំនៅដ្ឋាន, ទឹកស្អាត, និង ការងារ។

មនុស្សចំនួន ០២ នាក់បានស្លាប់ និង លើសពី ៤០ នាក់បានរងរបួស ខណៈដែលក្រុមបាតុករ ១៦ នាក់បាន ចាប់ខ្លូន កាលពីរាត្រីថ្ងៃសុក្រ៕


លោក ស៊ី សម្លឹងមើល ពីសុខដុមនីយកម្ម ពិភពលោក សម្រាប់ការអភិវឌ្ឍ ប្រកបដោយ សន្តិភាពរបស់ចិន

$
0
0

ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសម្លឹងពីការធ្វើ ឱ្យសុខុដុមនីយកម្មអន្តរជាតិ សម្រាប់ការ អភិវឌ្ឍ ប្រកបដោយសនិ្តភាពរបស់ចិន ខណៈលោកអញ្ជើញចូលរួម ធ្វើបឋកថា នៅក្នុងសន្និសីទមួយ នាទី ក្រុងប៉េកាំង កាលពីថ្ងៃសុក្រនិងថ្ងៃសៅរ៍។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួរាយការណ៍ នៅថ្ងៃអាទិត្យទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ថា លោក ស៊ី ដែលជាអគ្គ លេខាធិការបក្សកុំម្មុយនីស្តចិន និងប្រធានគណៈកម្មាធិការយោធា ផងនោះ បានសង្កត់ធ្ងន់អំពីការសារៈសំខាន់ នៃការលើកកម្ពស់ស្មារតីសន្តិភាព វឌ្ឍនភាព និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ការបន្តរក្សាផលប្រយោជន៍ ជាតិនិងអន្តរជាតិ និងវិស័យអទិភាពដូចជាសន្តិសុខនិងការអភិវឌ្ឍ នៅក្នុងយុទ្ធវិធីតុល្យភាព លើកកម្ពស់ អធិបតេយ្យភាព ផលប្រយោជន៍អភិវឌ្ឍន៍ និងសន្តិសុខ បង្កើតបរិយាកាសល្អៗ ថែមដើម្បីអភិវឌ្ឍន៍ប្រកបដោយ សន្តិភាព និងរក្សានិរន្តភាព សារៈសំខាន់នៃកាលានុវត្តភាពជាយុទ្ធសាស្រ្ត សម្រាប់ការអភិវឌ្ឍរបស់ប្រទេសចិន។

លោក ស៊ី បន្ថែមថា កិច្ចប្រឹងប្រែងទាំងនេះ នឹងធានានូវភាពប្រាកដប្រជានៃ “គោលដៅខួប២សតវត្សរ៍” (ទ្វេភាព នៃ GDP2010 និងចំណូលសម្រាប់ប្រជាពលរដ្ឋនៅទីជនបទនិងទីក្រុង និងបញ្ចប់នូវការសា្ថបនា សង្គមមួយ ប្រកបដោយភាពរុងរឿង នៅគ្រប់វិស័យ នៅពេលដែលបក្សកុំម្មុយនីស្តចិន ប្រារព្វខួបទី១០០ឆ្នាំ របស់ខ្លួន និង ប្រែក្លាយប្រទេសចិន ឱ្យទៅប្រទេសសង្គមនិយមជឿនលឿនមួយ ដែលរុងរឿង ខ្លាំង ប្រជាធិបតេយ្យ និង វឌ្ឍនភាពវប្បធម៌ និងសុខដុម) និងការស្រមៃពីការកសាងជាតិដ៏មហាអស្ចារ្យនៃប្រជាជាតិចិន។

សន្និសីទនោះ ត្រូវបានធ្វើជាអធិបតី ដោយលោក លី ខឺឈាំង សមាជិកគណៈកម្មាធិការទទួលបន្ទុកការិយាល័យ នយោបាយ នៃគណៈមជ្ឈិមបក្សកុំម្មុយនីស្ត និងជានាយករដ្ឋមន្រ្តីចិន។
សន្និសីទ ដែលមានការចូលរួមមេដឹកនាំកំពូលនៃបក្សកុំម្មុយនីស្តនេះ គឺដើម្បីលើកកម្ពស់នយោបាយការទូត របស់ចិន ក្រោយលក្ខខណ្ឌថ្មី និងមិនតែប៉ុណ្ណោះ ក៏ដើម្បីអនុវត្តតាមមាគ៌ាដ៏ភ្លឺស្វាង ទ្រឹស្តីរបស់លោក តេង ស៊ាវភីង ផងដែរ៕

ប្រជាប្រិយភាព របស់លោក អាបេ ធ្លាក់ចុះជាលំដាប់

$
0
0

ក្យូដូ៖ ការស្ទាបស្ទង់មតិ នៃការបោះឆ្នោតជ្រើសតាំង នាយករដ្ឋមន្រ្តីជប៉ុនខាងមុខ បានបង្ហាញថា សម្លេងមិន ពេញចិត្ត លោកនាយករដ្ឋមន្រ្តី ស៊ីនហ្សូ អាបេ មានលើសពីសម្លេងគាំទ្ររបស់គាត់ ដែលសម្លេង ៤១,២ ភាគរយ មិនទាន់សម្រេចចិត្តថា តើគណបក្សមួយណាដែលពួកគេនឹងបោះឆ្នោតឲ្យ។

បណ្តាញព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា ការ ស្ទាបស្ទង់ខាងលើ បានឲ្យដឹងថា សម្លេង ៤៧,៣ ភាគរយ មិនគាំទ្រ លោក អាបេ ខណៈដែល សម្លេង ៤៣,៦ ភាគរយ គាំទ្រគាត់។ ការធ្លាក់ចុះនៃប្រជាប្រិយភាពរបស់គាត់ ដោយសាតែ កំណែទម្រង់វិសោធនកម្មរដ្ឋធម្មនុញ្ញ លើ វិស័យសេដ្ឋកិច្ច និង យោធា កាលពីកន្លងទៅ គឺពុំសូវទទួលបានការគាំទ្រ ឬអាចនិយាយថា ៨៤,២ ភាគរយ គិតថាសេដ្ឋកិច្ច ប្រទេសជប៉ុនមិនរីកដុះដាល និង ៥៣,៣ ភាគរយ មិនគាំទ្រលើកំណែទម្រង់ ទាមទារឲ្យប្រទេសជប៉ុន មាន សិទ្ធបង្កើតទាហានស្វ័យការពារខ្លួន។

មុនពេលដែល សភាត្រូវបានរំសាយកាលពីសប្តាហ៍មុន កៅអី ចំនួន ៣២៦ ត្រូវបានកាន់កាប់ដោយ គណបក្ស កាន់អំណាច ក្នុងចំណោម ៤៨០ នៃកៅអីសរុប ខណៈដែល កៅអីសេសសល់ ចំនួន ១៥៤ ត្រូវបានកាន់កាប់ ដោយគណបក្សប្រឆាំង និង គណបក្សឯករាជ។

គួរបញ្ជាក់ផងដែរថា នៅក្នុងយុទ្ធនាការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្រ្តីជប៉ុនខាងមុខ កៅអី ចំនួន ៤៧៥ នៅក្នុងសភា នឹងត្រូវបានបែងចែក អាស្រ័យទៅតាមសម្លេងឆ្នោតដែលគណបក្សទទួលបាន ដែលកៅអីចំនួន ០៥ ត្រូវបានរុះរើចេញដោយសារតែទម្ងន់វិសមភាពនៅក្នុងការបោះឆ្នោត។

អតីត​ប្រធានាធិបតី​ នីកូឡាស់ សាកូហ្សី ជាប់ធ្វើជា​មេដឹកនាំ​គណបក្ស​ UMP

$
0
0

ប៉ារីស៖ អតីត ប្រធានាធិបតីបារាំង លោក នីកូឡាស់ សាកូហ្ស៊ី បានជាប់ធ្វើជាមេដឹកនាំ នៃគណបក្សសហភាព សម្រាប់ចលនាប្រជាជន (UMP) នៅថ្ងៃសៅរ៍ ទី29 ខែវិច្ឆិកា ឆ្នាំ២០១៤នេះ ដែលនេះជាជំហាន ដំបូងក្នុងការឈានទៅរកតំណែងប្រធានាធិបតី ក្នុងអាណត្តិ ២០១៧ខាងមុខ ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា ក្នុងការបោះឆ្នោតជ្រើសតាំងមេដឹកនាំគណបក្សនេះ លោក សាកូហ្ស៊ី បានទទួលសម្លេងគាំទ្រ ៦៤,៥ ភាគរយ ដែល អតីតរដ្ឋមន្រ្តី ០២ រូប គឺលោក Bruno Le Maire និង Herve Mariton ជួយឲ្យស្វែងរកសម្លេងឆ្នោតឲ្យគាត់ បាន ៣៥,៥ ភាគរយ។

មេដឹកនាំជើងចាស់ វ័យ ៥៩ ឆ្នាំរូបនេះ បានសរសេរក្នុងគេហទំព័ត ហ្វេសបុក របស់ខ្លួនភ្លាមៗ បន្ទាប់ពីលទ្ធផល បានប្រកាស ថា«ការជាប់ឆ្នោតនេះ គឺតំណាងឲ្យការចាប់ផ្តើមជាថ្មី នៃគ្រួសារនយោបាយរបស់យើង។ យើងត្រូវតែរួបរួមគ្នា និង យកចិត្តទុកដាក់ក្នុងការស្វែងរកដំណោះស្រាយថ្មីឲ្យប្រទេសបារាំង។ ហើយយើងនឹងរួមគ្នាធ្វើវាឲ្យបានជាដាច់ខាត។»

តែទោះជាយ៉ាងណាក្តី នាពេលអនាគតនយោបាយរបស់អតីតប្រធានាធិបតីរូបនេះ នៅតែមិនទាន់ច្បាស់លាស់ នៅឡើយ ដោយសារតែគាត់អាចនឹងត្រូវមាន ការជាប់ពាក់ព័ន្ធក្នុងអំពើពុករលួយ ដែលកំពុងស្ថិតក្រោមការ ស៊ើបអង្កេត ដែលអាចជាកត្តាបរាជ័យ ក្នុងការវិលត្រលប់របស់លោក បន្ទាប់ពីបរាជ័យក្នុង អាណត្តិទីពីរ ឆ្នាំ ២០១២ កន្លងទៅ ៕

ឥណ្ឌា៖ ៤១នាក់ ដួលសន្លប់ ដោយសារ ឧស្ម័នពុល

$
0
0

ញូវដែលី៖ យ៉ាងហោចណាស់ មនុស្សចំនួន ៤១ នាក់ បានដួលសន្លប់ដោយសារ ការលេចធ្លាយឧស្ម័នពុល ពីរោងចក្រគីមី នៅក្បែរ រដ្ឋធានី Bhopal នៃរដ្ឋ Madhya Pradesh ប្រទេសឥណ្ឌា កាលពីល្ងាចថ្ងៃសៅរ៍ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤នេះថា កម្មករ នៅរោងចក្រ បានត្អូញត្អែរពីការពិបាកដកដង្ហើម ដោយសារមានការលេចធ្លាយឧស្ម័នពុល កាលពីល្ងាចថ្ងៃសៅរ៍។ ពួកគេត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ ហើយ ក្នុងនោះ កម្មករ ០៣ នាក់ កំពុងស្ថិតនៅស្ថានភាពធ្ងន់ធ្ងរ។

ប៉ូលិស សង្ស័យថា ឧស្ម័នលេចធ្លាយនោះ ជាឧស្ម័ន Chlorine ដែលត្រូវបានប្រើប្រាស់នៅក្នុងរោងចក្រ។
សូមរម្លឹកផងដែរថា កាលពីថ្ងៃទី ០២ ខែធ្នូ ឆ្នាំ១៩៨៤ មនុស្សរាប់ពាន់ នាក់ ត្រូវបានស្លាប់ដោយសារតែ លេចធ្លាយឧស្ម័នពុលរបៀបនេះ នៅក្នុងរដ្ឋធានី Bhopal ម្តងរួចមកហើយ៕

រដ្ឋសភា នឹងផ្តើមអនុម័ត សេចក្តីព្រាងច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី នាថ្ងៃចន្ទស្អែកនេះ

$
0
0

ភ្នំពេញៈ ប្រសិន បើគ្មានការប្រែប្រួលទេ រដ្ឋសភាជាតិ ដែលដឹកនាំដោយសម្តេចពញាចក្រី ហេង សំរិន នឹងបើក កិច្ចប្រជុំនៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤នេះ ដើម្បីពិភាក្សាគ្នាអំពីសេចក្តីព្រាងច្បាប់ ចរាចរណ៍ផ្លូវគោកថ្មី ក្នុង គោលបំណងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលមានសភាពធ្ងន់ធ្ងរជាងគេ ក្នុងចំណោមប្រទេសជា សមាជិកអាស៊ាន។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់រដ្ឋសភាជាតិ ដែលបានចេញកាលពីកន្លងទៅថ្មីៗនេះ បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក មាន ១២ ជំពូក និង ៩២មាត្រា ហើយច្បាប់នេះនឹងប្រជុំអនុម័ត នៅព្រឹកថ្ងៃចន្ទនេះតែម្តង ក្នុងគោលបំណងធានាសុវត្ថិភាព សណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ធានាការពារ សុខភាព និងអាយុជីវិតមនុស្សសត្វ និងទ្រព្យសម្បត្តិសាធារណៈជាដើម។ មិនតែប៉ុណ្ណោះ ច្បាប់ថ្មីនេះ ក៏ដើម្បី ផ្តល់ការយល់ដឹងអំពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក គ្រប់គ្រងសុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងទប់ស្កាត់ការ ប្រព្រឹត្តបទល្មើសចរាចរណ៍ផ្លូវគោកផងដែរ។

បើតាមសេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ បានកំណត់ពីការដាក់ទោសលើអ្នកល្មើសធ្ងន់ធ្ងរជាងមុន ក្នុងបំណងដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ ដែលបានសម្លាប់ជីវិតប្រជាពលរដ្ឋកម្ពុជា ជាមធ្យម ចំនួន៥ទៅ៦ នាក់ ក្នុងមួយថ្ងៃនាពេលបច្ចុប្បន្នភាពនេះ។ តែយ៉ាងណាក្តី សេចក្តីព្រាងច្បាប់ថ្មីនេះក៏ មានការដាក់ ទោសចំពោះ មន្រ្តីនគរបាលណាដែលធ្វើការផាកពិន័យដល់ម្ចាស់យានយន្ត ដោយខុសច្បាប់ផងដែរ។

សូមបញ្ជាក់ថា សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោក ដែលបានទៅដល់រដ្ឋសភាកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០១៤ បន្ទាប់ពីគណៈរដ្ឋមន្ត្រី បានឯកភាព ក្នុងសម័យប្រជុំពេញអង្គ កាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០១៤ មានចំណុចសំខាន់ៗ ខុសពីច្បាប់ចាស់ដូចជាម៉ូតូអាចផ្ទុកមនុស្សពីរនាក់ និងអាចបន្ថែមបានកុមារមួយនាក់ទៀត តែអ្នកទាំងបីនោះត្រូវតែពាក់មួកសុវត្ថិភាពឲ្យបានត្រឹមត្រូវ។

សេចក្តីព្រៀងច្បាប់ បានបង្ហាញទៀតថា ជនណាដែលបើកបរយានយន្តដោយគ្មានបណ្ណ បើកបរត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ ថ្ងៃ ទៅ ១ ខែ និងពិន័យជាប្រាក់ពី ១សែនរៀលទៅ៨សែនរៀល ។ ជនណា បើកបរយាន យន្ត មិនព្រមបញ្ឈប់យានយន្តតាមការបញ្ជារបស់មន្ត្រីនគរបាលចរាចរណ៍ ផ្លូវគោក ដើម្បីធ្វើតេស្តពិនិត្យ ជាតិអាល់កុល ឬសារធាតុគ្រឿងញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ ថ្ងៃ ទៅ ១ ខែ និងពិន័យជាប្រាក់ពី ១ សែនរៀល ទៅ ៨ សែនរៀល។ ចំណែកជនណា បើកបរយានយន្តនៅពេលដែលខ្លួនស្ថិតនៅក្នុងភាពស្រវឹង ដោយមានជាតិអាល់កុល ចាប់ពី០,៤០ មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៨០ក្រាម ក្នុងមួយលីត្រ ឈាមឡើងទៅ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ៦ ខែ និងពិន័យជាប្រាក់ពី ៨ សែនរៀល ទៅ ៤ លានរៀលផងដែរ។

សម្រាប់ជនណាដែលរារាំង ឬប្រើប្រាស់មធ្យោបាយណាមួយ ដើម្បីជាឧបសគ្គដល់ចរាចរណ៍សាធារណៈ ត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ១ ឆ្នាំ និងពិន័យជាប្រាក់ពី៨សែនរៀលទៅ៨លានរៀល ហើយបុគ្គល ណាដែលមានរំលោភលើរាងកាយ របស់មន្ត្រីអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដែលកំពុងបំពេញភារកិច្ច ត្រូវ ផ្តន្ទាទោសតាមក្រមព្រហ្មទណ្ឌជាធរមាន។

សេចក្តីព្រាងច្បាប់ដដែលបានបន្តថា ជនណាបើកបរ បណ្តាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ឆ្នាំ ទៅ ៣ ឆ្នាំ និងពិន័យជាប្រាក់ពី ៤ លានរៀល ទៅ ១៥ លានរៀលឬក៏អាចលើសហ្នឹង។ ហើយជនណា បើកបរ បណ្តាលឲ្យអ្នកដទៃស្លាប់ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ ទៅ ៥ ឆ្នាំ និងពិន័យជាប្រាក់ពី ១០ លានរៀល ទៅ ២៥ លានរៀល ចំពោះជនដែលបើកបរនោះមិនមានប័ណ្ណបើកបរ។

សូមរំលឹកថាគ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំ២០១៣កន្លងទៅ មានជនរងគ្រោះចំនួន ១៦.២២៧នាក់ ក្នុងនោះ មានអ្នកស្លាប់ ១.៩៥០ នាក់ និងរបួសធ្ងន់ ៥៦៧១ នាក់។ ហើយគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានអ្នកស្លាប់ ច្រើនជាង ៥ ទៅ៦នាក់ ក្នុងមួយថ្ងៃ។ ៦៩% នៃអ្នកស្លាប់សរុប គឺជាអ្នកជិះម៉ូតូ ហើយមិនពាក់មួកសុវត្ថិភាព។

សម្រាប់គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៤នេះ មានការឡើងខ្លាំង បើធៀបកាលពីឆ្នាំ២០១៣ កន្លងទៅ ហើយ អ្នកស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលជិត ១១ ខែ នៅឆ្នាំ២០១៤នេះ បានកើនដល់ជាង ២.០០០នាក់៕

ព្រះអង្គម្ចាស់ Akishino គម្រប់វ័យ ៤៩វស្សា ប្តេជ្ញារក្សា ព្រះបញ្ញាញាណ អំពីសង្គ្រាម លោកលើកទី២

$
0
0

ត្យក្យូ៖ ព្រះអង្គម្ចាស់ Akishino បុត្ររបស់ព្រះចៅអធិរាជ្យ បានមានព្រះបន្ទូល មុនពេល ប្រារព្វ ពិធីចម្រើន ព្រះជន្ម៤៩ព្រះវស្សា នាថ្ងៃអាទិត្យ នេះ ថា ទ្រង់នឹងរក្សាបញ្ញាញាណរបស់ទ្រង់ ដើម្បីចងចាំទាក់ទងនឹងសង្គ្រាម លោកលើកទី២ជាដរាប ដូចដែលទ្រង់បានត្រង់ត្រាប់បិតារបស់ទ្រង់ ហើយក៏ប្តេជ្ញាចិត្តផងដែរថា នឹងមិនឱ្យមាន សង្រ្គាមបែបនេះ ប៉ះពាល់ជីវភាពរស់នៅរបស់ប្រជារាស្រ្តជប៉ុននោះទេ។

ទីភ្នាក់ងារព័ត៌មានក្យូដូជប៉ុន រាយការណ៍នៅថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ថា ព្រះអង្គម្ចាស់ បានមានព្រះ បន្ទូល នៅក្នុងសន្និសីទកាសែតមួយបុណ្យចម្រើនព្រះជន្មថា ដោយបានស្តាប់យ៉ាងយកព្រះទ័យទុកដាក់ ចំពោះ ព្រះចៅអធិរាជ Akihito និងម្ចាស់ក្សត្រីយ៍ Michiko អំពីសង្រ្គាមនោះ ដែលមាតានិងបិតារបស់ទ្រង់ជាសាក្សីរស់ គឺជា “ឱកាសដ៏មានសារៈសំខាន់បំផុត”។

ព្រះអង្គមានបន្ទូលថា “ទោះបីយើងមិនមានបទពិសោធន៍ផ្ទាល់ខ្លួនអំពីសង្រ្គាមនោះយ៉ាងណាក្តី ដូច្នោះហើយ យើងអាចកំណត់ភាពប្រាកដប្រជាមួយ ដែលយើងអាចប្រាប់កូនចៅអំពីអ្វី ដែលបានកើតមានឡើង នៅក្នុង អំឡុងពេលនោះ”។

ទ្រង់មានបន្ទូលទៀតថា ព្រះអង្គបានទតឃើញដំណើរទស្សនកិច្ច របស់ព្រះចៅអធិរាជនិងព្រះមហាក្សត្រីយ៍ ដែលបច្ចុប្បន្នក្សត្រទាំងពីរមានព្រះជន្ម៨០ព្រះវស្សា ទៅកាន់ទីសក្ការៈសង្រ្គាមនៅក្នុងប្រទេសជប៉ុន នៅ ក្រៅប្រទេស ជាការឆ្លុះបញ្ចាំងទឹកព្រះទ័យរបស់ក្សត្រទាំងពីរ “មានព្រះហឫទ័យជាអនេកប្បការដែលថា សង្រ្គាម នោះ មិនគួរបំភ្លេចនោះឡើយ”។

ក្រសួង​មហាផ្ទៃ​ បណ្តេញ​មន្រ្តី​នគរបាល​ ១៥នាក់​ បំរើការ​នៅ​ស្នង​ការដ្ឋាន​ ខេត្តកណ្តាល

$
0
0

ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចលុបឈ្មោះ មន្រ្តីនគរបាលចំនួន១៥ បំរើការចុះស្នងការដ្ឋាន នគរបាលខេត្តកណ្តាល ព្រមទាំងកាត់ផ្តាច់បៀវត្សរ៍ និងរបបផ្សេងៗថែមទៀតផងដែរ។

ការសម្រេចនេះ ត្រូវបានធ្វើឡើងនៅក្នុងសេចក្តីសម្រេចមួយចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៤។
លោក ស ខេង បានបញ្ជាក់ថា “ប្រាក់បៀវត្សរ៍ និងរបបផ្សេងៗ ត្រូវបានកាត់ផ្តាច់ និងលុបចោលពីក្របខណ្ឌមន្រ្តីនគរបាលជាតិ ចាប់ពីខែ........ឆ្នាំ២០១....តទៅ”។

មន្រ្តីនគរបាលទាំងនោះ មានឈ្មោះ៖ ១-អនុសេនីយ៍ត្រី សំ សេដ្ឋា អត្តលេខ ២០៧៧៨, ២-អនុសេនីយ៍ត្រី ផាន់ រ៉ាវុធ អត្តលេខ ៥៨១១០, ៣-អនុសេនីយ៍ត្រី កង ទិត្យរស្មី អត្តលេខ ៦៧៦១៧, ៤-អនុសេនីយ៍ត្រី ជា មុន្នីរ័ត្ន អត្តលេខ ៦៥៦៧២, ៥-អនុសេនីយ៍ត្រី យស អូន អត្តលេខ ៥៥២៩៨, ៦-អនុសេនីយ៍ត្រី យ៉ា សំអាង អត្តលេខ ៥៥៣៤៥, ៧-អនុសេនីយ៍ត្រី គង់ សក្តា អត្តលេខ ៥៥៣៣៩, ៨-ព្រិន្ទបាលឯក ឡាច ផល្លា អត្តលេខ ២០៩៦១, ១០-ព្រិន្ទបាលឯក កែវ សុខៈ អត្តលេខ ៥៨១៤២, ១១-ព្រិន្ទបាលឯក ឈួន ឈាន អត្តលេខ ៤០៩៣០, ១២-ព្រិន្ទបាលទោ តុប ជយោ អត្តលេខ ៦៣៥៣៥, ១៣-ព្រិន្ទបាលទោ ណេង សុខជា អត្តលេខ៦៣៥៣៥, ១៤-ព្រិន្ទបាលទោ ស៊ុក ប៊ុនថេត អត្តលេខ ៥៨៣៥៥ និង១៥-ព្រិន្ទបាលទោ ឱក សុធារិទ្ធ អត្តលេខ ៥៨៨៣៣៧៕


នាយកវិទ្យាស្ថាន ពហុបច្ចកទេស ព្រះកុសុមៈ ជំរុញឱ្យយុវជន ចាប់អារមុ្មណ៍ លើការសិក្សា ជំនាញបច្ចេកទេស

$
0
0

ភ្នំពេញ៖ នាយកវិទ្យាស្ថាន ពហុបច្ចេកទេសព្រះកុសុមៈ ជាសាលាបណ្តុះបណ្តាល បច្ចេកទេសមួយ នៅភ្នំពេញ នៅព្រឹកមិញនេះ បានជំរុញឱ្យយុវជន យុវសិស្សខ្មែរ ចាប់អារម្មណ៍ ទៅលើការសិក្សា ជំនាញបច្ចេកទេស ឱ្យបាន ច្រើន ដោយសារតែទីផ្សារការងារ លើវិស័យនេះ ក្នុងប្រទេសកម្ពុជា កាន់តែទូលំទូលាយឡើងហើយ ។

លោក ហែម ចន្ថា នាវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ បានថ្លែងក្នុងពិធីបើកបវេសនកាល នៃ វិទ្យាស្ថាន ពហុបច្ចេក ទេសព្រះកុសុមៈ នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៤នេះថា ការបណ្តុះបណ្តាល បច្ចេកទេស និង វិជ្ចាជីវៈ កន្លងមកមិនសូវមានអ្នកចង់ចូលរៀនប៉ុន្មានទេ គឺគេចូលចិត្តផ្នែក ពាណិជ្ជសាស្ត្រ ( Accounting, Marketing, Management) តែបច្ចុបន្ន នៅផ្នែកពាណិជ្ជសាស្ត្រនេះ ពិបាកស្វែងរកការងារធ្វើ ទីផ្សារការងារ មានលក្ខណៈចង្អៀត ។ ដូច្នេះទីផ្សារផ្នែកបច្ចេកទេស មានលក្ខណៈទូលាយ ដូចជាជំនាញ អគ្គិសនី សំណង់ និងអេឡិចត្រូវនិច ដូច្នេះអ្នកចូលចិត្តខាងពាណិជ្ជសាស្ត្រ បានបង្វែរទិសមកខាង បច្ចេកទេសវិញ ព្រោះផ្នែកនេះ ងាយស្រួលក្នុងការស្វែងរកការងារ ធ្វើពេលបញ្ចប់ការសិក្សា ។

លោកបានបន្ថែមថា សិស្សនិស្សិតទាំងអស់ ដែលបានប្តូរពីផ្នែកពាណិជ្ជសាស្ត្រ មកផ្នែកបច្ចេកទេស គឺពិតជាមិន ខុសបំណងទេ ពីព្រោះនៅពេលបញ្ចប់ការសិក្សា គឺងាយស្រួលរកការងារធ្វើ ។ ម្យ៉ាងវិញទៀត នៅក្នុងពេលបើក បវេសនកាល វិទ្យាស្ថានមានបើកកម្មវិធី ប្រកួតរ៉ូបូតផងដែរ ដើម្បីបង្កើនចំណេះដឹង ផ្នែកខាងអេឡិចត្រូនិច បន្ថែមទៀត និងដើម្បីបង្ហាញពីស្នាដៃ បង្កើតរ៉ូបូត របស់និស្សិត ។

លោកបានបន្ថែមទៀតថា ការបណ្តុះបណ្តាលធនធានមនុស្ស ផ្នែកបច្ចេកទេស នៅវិទ្យាស្ថាន ពហុបច្ចេកទេស ព្រះកុសុមៈ គឺផ្តោតយ៉ាងសំខាន់ ទៅលើគុណភាព និងប្រសិទ្ធិភាព ដើម្បីឆ្លើយតប ទៅនឹងទីផ្សារការងារ ពោល គឺការបណ្តុះបណ្តាល នៅតាមសាលាឬវិទ្យាស្ថាន ធ្វើយ៉ាងណា ដើម្បីអោយនិស្សិត ចេញទៅមានការងារ ធ្វើនៅ តាមរោងចក្រសហគ្រាស ហើយម្យ៉ាងវិញទៀត ត្រូវធ្វើយ៉ាងណា ដើម្បី វិទ្យាស្ថាន និង រោងចក្រសហគ្រាស ត្រូវមាន កិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ គឺមានន័យថា សាលាជាអ្នកផ្គត់ផ្គង់ពលកម្ម ចំណែករោងចក្រ សហគ្រាស ជាអ្នកត្រូវការ កម្លាំងពលកម្ម៕

ក្រុមហ៊ុន «ពៅ មុន្នីជាតិ» ជីកយកថ្មភ្នំ និងដីគ្រួសក្រហម តំបន់ជង្រុកត្រី បឹងទន្លេសាប លក់ទៅ ខេត្តកណ្តាល

$
0
0

កំពង់ឆ្នាំង ៖ ក្រោយកម្លាំង សមត្ថកិច្ចចម្រុះ បរាជ័យ ក្នុងការចុះឃាត់គ្រឿងចក្រ គាស់កាយថ្មភ្នំ និងដី គ្រួសក្រហមដឹក ធ្វើអាជីវកម្មលក់ ពីខេត្តកំពង់ឆ្នាំង ទៅកាន់ខេត្តកណ្តាល កាលពី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ លោក សោម វឺន អភិបាលនៃ គណៈអភិបាល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានអះអាងប្រាប់ឲ្យដឹងថា លោកនឹងធ្វើរបាយការណ៍ ជូនលោកអភិបាលខេត្ត និងធ្វើលិខិតស្នើសុំកម្លាំង សមត្ថកិច្ចធ្វើអន្តរាគមន៍ និងធ្វើលិខិតជូនដំណឹង ដល់អាជ្ញាធរឃុំ ទឹកហូត ក្នុងការឃាត់គ្រឿងចក្រ របស់ក្រុមហ៊ុន «ពៅ មុន្នីជាតិ» ដែលគេស្គាល់ថា ប្រធានក្រុមហ៊ុន ជាកូនរបស់ លោក ពៅ ស៊ឹង មានឋានៈស្មើនឹងឯកឧត្តមនៅ ក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ។

 គួររម្លឹកថា កម្លាំងសមត្ថកិច្ចចម្រុះ ស្រុករលាប្អៀរ មានកងរាជអាវុធហត្ថ យោធា និងមន្ត្រីនគរបាល បានបរាជ័យ ដកថយក្រោយវិញ មួយជំហានខណៈចុះឃាត់ការ ជីកយកអាចម៍ដី របស់ក្រុមហ៊ុនមួយ ស្ថិតនៅមាត់ បឹងឆ្អឹងដំរី ក្នុងភូមិទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។  

កម្លាំងសមត្ថកិច្ចចម្រុះ ក្រោមបញ្ជាផ្ទាល់ របស់អភិបាល ស្រុករលាប្អៀរ លោក សោម វឺន ដោយបានទទួលបញ្ជាផ្ទាល់ពី អភិបាលខេត្តកំពង់ឆ្នាំងគឺ លោក ឈួរ ច័ន្ទឌឿន នេះបើយោងតាមប្រសាសន៍របស់លោក សោម វឺន នៅរសៀលថ្ងៃ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ ។

លោក សោម វឺន បានបន្តថា ក្រុមហ៊ុន គ្រឿងចក្រធ្វើឡើង ដោយពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដោយអាងលើ ខ្នងខ្សែអ្នកមានអំណាច មិនស្តាប់តាម អាជ្ញាធររបស់ លោកឡើយ ។ អភិបាលស្រុករូបនេះ បានបន្តឲ្យដឹងថា តាមយោបល់ របស់អភិបាល នៃគណៈអភិបាលខេត្ត បញ្ជាឲ្យ កងកម្លាំងចម្រុះ ធ្វើការឃាត់គ្រឿងចក្រទាំងនេះ ទុកបណ្តោះអាសន្ន និងធ្វើកំណត់ហេតុជាមុនសិន ប្រសិនបើក្រុមហ៊ុន មានច្បាប់គួរយកច្បាប់មកជម្រាបជូន អាជ្ញាធរដែនដី ដូចជា ឃុំ ស្រុក និងខេត្តជាដើម ។

តាមការសង្កេតកម្លាំង សមត្ថកិច្ចចម្រុះបានត្រឹមចុះទៅ អង្គុយស្តាប់ការ បរិយាយរបស់តំណាង ក្រុមហ៊ុនតែប៉ុណ្ណោះ រួចក៏នាំគ្នាត្រឡប់មកវិញ ដោយមិនមាន ធ្វើកំណត់ហេតុ ឬធ្វើការឃាត់គ្រឿងចក្រ ទាំងនោះឡើយ ។ ប្រជាពលរដ្ឋ នៅតំបន់ខាងលើ បាននិយាយថា ក្រុមហ៊ុននេះកាលពីថ្ងៃមុន ពួកគេបានជីកគាស់កកាយ យកថ្មពីកូនភ្នំតូច ដែលជាទីកន្លែង ពួកគាត់គោរពបន់ស្រន់ តាមជំនឿពីដូនតាមក ប្រជាពលរដ្ឋបានបន្តថា តំបន់ភ្នំនេះ ឈ្មោះហៅថា ភ្នំព្រះ ដែលពីសម័យបុរាណ មកបានតំណាលថា គឺជាភ្នំឥន្ទបត្តបូរី ពួកគាត់បានបញ្ចេញ វាចារដោយរិះគន់ទៅ លើអាជ្ញាធរ ភូមិព្រែកសាលា និង ឃុំទឹកហូតបាននាំគ្នា ឃុបឃិតជីកគាស់កកាយយកថ្ម និងអាចម៍ដី លក់ ប្រសិនបើអ្នកណាតវ៉ា ពួកគេចោទថា ជាប្រជាពលរដ្ឋប្រឆាំងទៅវិញ កន្លែងក្រុមហ៊ុន ជីកយកអាចម៍ដីលក់នេះ គឺស្ថិតនៅជាប់មាត់បឹងឆ្អឹងដំរី ប្រមាណ១០ម៉ែត្រ ដែលជាបឹងអភិរក្ស ធនធានជលផល ដែលប្រជាពលរដ្ឋ មានជំនឿថា ជាជម្រកត្រីដ៍សំបូរបែប សម្រាប់បឹងទន្លេសាប។

ប្រជាបលរដ្ឋ បានបន្តទៀតថា តាមជំនឿអរូបិយ បឹងនេះមានរូងមួយប្រាស្រ័យ ទាក់ទងទៅក្រោមភ្នំព្រះ ឬហៅថា ភ្នំឥន្ទបត្តបូរី ដែលជាប្រភព ស្តេចត្រីរស់នៅ បង្កើតកូនចៅដ៏ មានសារៈសំខាន់ តាំងពីដូនតា ដំណាលតៗ គ្នាជារៀងរហូតមក។  តំណាងក្រុមហ៊ុន ទាំងនេះបានអះអាងថា គេមានឋានៈថ្នាក់ ឯកឧត្តម មានច្បាប់ត្រឹមត្រូវ ចង់ដឹងសួរលោកមេភូមិ និងលោកប្រធានមន្ទីររ៉ែ និងថាមពល គឺលោក អ៊ុក រស់ ទៅនឹងដឹងហើយ ។

ពាក់ព័ន្ធនិងព័ត៌មានខាងលើ លោក អ៊ុក រស់ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០១៤នេះ អោយដឹងថា លោកទទួលស្គាល់ថា ក្រុមហ៊ុនមានច្បាប់ អនុញ្ញាតិរយៈពេល៦ខែ គឺតាំងពីអតីតអភិបាល ស្រុករលាប្អៀរលោក ឈឹម វុទ្ធា ដោយឡែក លោកអភិបាលស្រុកថ្មី លោក សោម វឺន ពិតជាមិនដឹងឡើយ ។

ទោះយ៉ាងណាក៏ដោយ គេសង្កេតឃើញថា លោក សោម វឺន ត្រូវបានតែងតាំង ជាអភិបាលស្រុករលាប្អៀរ ល្មមផុតរយៈពេល៦ខែ ចុងក្រោយដែលអាចនិយាយថា ការអះអាងរបស់ លោកប្រធានមន្ទីររ៉ែ និងថាមពល ហាក់ដូចមានភាព មិនប្រក្រតីច្រើន ដូច្នេះដើម្បីឆ្លើយតប កំណែទម្រង់ស៊ីជម្រៅ របស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន គួរអង្គភាព ប្រឆាំងអំពើពុករលួយ ធ្វើការបើកអង្កេតឲ្យ បានស៊ីជម្រៅ កុំអោយមន្ត្រីមួយចំនួន តូចប្រើទស្សនៈលាបពណ៌កាន់ តែឲ្យ ប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ កាន់តែខ្លាំងឡើងៗ។

ទោះយ៉ាងណា ក្រុមហ៊ុនទាំងនេះ មិនបានបង្ហាញអាជ្ញាប័ណ្ណ ឬច្បាប់អនុញ្ញាតដល់ សមត្ថកិច្ចចម្រុះឡើយ ។ ប្រជាពលរដ្ឋបានរិះគន់យ៉ាងខ្លាំង ទៅលើសមត្ថកិច្ចចម្រុះដែលចុះទៅ ហាត់ដូចជា ការទាត់ខ្យល់ ។ មជ្ឈដ្ឋានទូទៅកំពុងតែទន្ទឹងរង់ចាំមើលថា តើសមត្ថកិច្ចចម្រុះខេត្តកំពង់ឆ្នាំង អាចប្រើធម៌ក្តៅ ទៅលើក្រុមហ៊ុនទាំងនេះដល់កម្រិតណា?៕

ការជួបគ្នា រវាងក្រុមការងារ គណបក្សទាំងពីរ នៅទើ មួយចំណុចទៀត

$
0
0

ភ្នំពេញ ៖ បន្ទាប់ពីក្រុមការងារ គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានចំណាយពេលជួបគ្នា អស់ ពេលជាង ៣ម៉ោង នៅរសៀលថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤នេះ នៅសល់មួយចំណុចទៀត ដែលមិនបានបញ្ចប់ជាមួយ គ្នា គឺការជ្រើសរើសអគ្គលេខាធិការរង គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត(គ.ជ.ប) ។

ការជួបគ្នារវាងគ្នានេះ ត្រូវបានធ្វើឡើង បន្ទាប់ពីថ្នាក់ដឹកនាំកំពូលទាំងពីរ គឺសម្តេចតេជោ ហ៊ុន សែន អនុប្រធានគណ បក្សប្រជាជនកម្ពុជា និងលោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ បានឆ្លៀតឱកាសជួបគ្នា ប្រហែលជាមួយ ម៉ោងនៅរដ្ឋសភា កាលពីថ្ងៃសុក្រទី២៨ ខែវិច្ឆិកា ក្នុងគ្រាដែលសភាបើកិច្ចប្រជុំ អនុម័តសេចក្តីព្រាងច្បាប់ ថវិកាជាតិ ឆ្នាំ២០១៥ ។

ចំណុចដែលមានការខ្វែងគំនិតគ្នា គឺនៅត្រង់ចំណុចការជ្រើសរើស អគ្គលេខាធិការរង គ.ជ.ប ដោយខាងគណបក្ស ប្រជាជនកម្ពុជា ចង់បានការចេញដោយអនុក្រឹត្យ ដែលមានការចុះហត្ថ លេខាត្រឹមនាយករដ្ឋមន្រ្តី ប៉ុន្តែគណបក្ស សង្រ្គោះជាតិ ចង់ចេញដោយព្រះរាជ្យក្រឹត្យ ដែលចុះហត្ថលេខាដោយព្រះមហាក្សត្រកម្ពុជា ។

តំណាងក្រុមការងារទាំងពីរ បានមានប្រសាសន៍ ប្រាប់ក្រុមអ្នកសារព័ត៌មានបន្ទាប់ ពីបញ្ចប់កិច្ច ជំនួបនាវិមានរដ្ឋសភា ថា នៅថ្ងៃសុក្រសប្តាហ៍នេះ ក្រុមការងារទាំងពីរ នឹងជួបគ្នាម្តងទៀត ដើម្បីពិភាក្សាលើវិសោធនកម្មច្បាប់បោះឆ្នោត និង ការពិនិត្យច្បាប់បោះឆ្នោត ។

ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ប៊ិន ឃិន បានមានប្រសាសន៍ថា ចំពោះបញ្ហាមួយចំណុច នេះ ខាងក្រុមការងារលោក មិនទាន់ឆ្លើយតបយ៉ាងណានៅឡើយទេ រង់ចាំបទបញ្ជាពីថ្នាក់ដឹកនាំ ។

ការជួបគ្នានៅរសៀលនេះ ក្រុមការងារគណបក្សប្រជាជនកម្ពុជា ដឹកនាំដោយលោក ប៊ិន ឃិន ចំណែកគណបក្ស សង្រ្គោះជាតិ ដឹកនាំដោយ លោក គួយ ប៊ុនរឿន ។ ដោយឡែកសមាសភាព លោកស្រី ពង់ ឈីវកេក មិនទាន់សម្រច កំណត់ដកនៅឡើយទេ ។តំណាងក្រុមការងារបន្តថា ច្បាប់បោះឆ្នោតនឹងត្រូវបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០១៥ខាងមុខ។

សូមបញ្ជាក់ថា ក្រុមការងារ គណបក្សមានអាសនៈ នៅក្នុងសភាទាំងពីរ ធ្លាប់បានជួបពិភាក្សាគ្នា ជាច្រើនដងមក ហើយ លើការធ្វើកំណែទម្រង់បោះឆ្នោត ហើយលទ្ធផលរហូតមកពេលនេះនៅតែមិនទាន់បញ្ចប់ទៀត ។

លទ្ធផលដែលថ្នាក់ដឹកនាំទាំងពីរ បានជួបគ្នាគឺសម្រេចឲ្យ ធ្វើវិសោធនកម្មប្រការ៤៨ថ្មី (ពីរ) នៃបទបញ្ជាផ្ទៃក្នុង នៃរដ្ឋ សភា ដើម្បីរៀបចំឲ្យមានថ្នាក់ដឹកនាំតំណាងរាស្រ្ត នៃ គណបក្សនយោបាយ ដែលមានអាសនៈក្នុងរដ្ឋសភា និងរៀបចំ ឲ្យមានប្រធានក្រុមភាគតិចនៅរដ្ឋសភា ដើម្បីជាគូសន្ទនា ជាមួយប្រមុខរាជរដ្ឋាភិបាល ទាក់ទងបញ្ហាប្រទេសជាតិ។ ប្រធានក្រុមភាគតិចនេះ នឹងមានឋានៈស្មើ នាយករដ្ឋមន្រ្តី ។

បក្សទាំងពីរ នឹងជំរុញការធ្វើវិសោធនកម្មប្រការ៤៨ថ្មី (ពីរ) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ឲ្យបាន ឆាប់ដោយចាត់ ទុកជា អាទិភាព។ ដោយឡែកចំណុចវិសោធនកម្មផ្សេងទៀត នៃបទបញ្ជាផ្ទៃ ក្នុងរដ្ឋសភានឹងត្រូវពិភាក្សាគ្នា ពេលក្រោយ ទៀត នៅក្នុងយន្តការរបស់រដ្ឋសភា ។

ចំណែករាល់បញ្ហា ដែលនៅសេសសល់ មិនទាន់ចុះសម្រុងគ្នា នៅក្នុងសេចក្តីស្នើសេចក្តីព្រាងច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ថ្នាក់ដឹកនាំកំពូល នៃបក្សទាំងពីរ បានឯក ភាពគ្នា ដោះស្រាយបញ្ចប់ ហើយក្រុមការងារគណបក្សទាំងពីរ នឹងបន្តជួបប្រជុំគ្នា ដើម្បីអនុវត្តតាមស្មារតីនៅសប្តាហ៍ នេះ ៕

សេចក្តីព្រៀងច្បាប់ ចរាចរណ៍ ផ្លូវគោកថ្មី អនុម័តបាន ២ ជំពូក សល់១០ជំពូកទៀត ពិភាក្សាបន្ត នៅថ្ងៃពុធ

$
0
0

ភ្នំពេញ ៖ សេចក្តីព្រៀងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលមានការកំណត់ កម្រិតទោសទណ្ឌធ្ងន់ធ្ងរ ជាងច្បាប់ចរាចរណ៍ ផ្លូវគោកចាស់នោះ ត្រូវបានរដ្ឋសភា លើកយកមកពិភាក្សាពេញមួយព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ តែមិនទាន់បញ្ចប់ នៅឡើយទេ ពោលអនុម័តបានតែ ២ជំពូកប៉ុណ្ណោះ ជំពូកនៅសល់ចំនួន ១០ទៀត នឹងលើកមក ពិភាក្សាបន្តនៅថ្ងៃ ពុធ ទី០៣ ខែធ្នូ ។

ក្នុងអង្គប្រជុំនាព្រឹក ថ្ងៃចន្ទ ទី០១ ខែធ្នូ ឆ្នាំ២០១៤ សមាជិករដ្ឋសភា បានបោះឆ្នោតគាំទ្រ ទៅលើជំពូកទី១ ស្ដីពីបទ ប្បញ្ញត្តិទូទៅ ដោយសំឡេងគាំទ្រ ១០៧ លើ១០៩។ ជំពូកទី២ ស្ដីពីសញ្ញាចរាចរណ៍ ដោយសំឡេងគាំទ្រ ១០៥ លើ ១០៩ ។

នៅក្នុងឱកាសបើកកិច្ចប្រជុំ អនុម័តលើសេចក្តីព្រៀងច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីនេះ លោក សម រង្ស៊ី មានប្រសាសន៍ គូសបញ្ជាក់ថា បញ្ហាធំ ដែលនាំឲ្យអត្រាគ្រោះថ្នាក់ចរាចរណ៍ខ្ពស់នោះ គឺកើតចេញពីការបើកបរមិន គោរពច្បាប់ចរា ចរណ៍ កត្តាយានយន្ត ផ្លូវ និងកត្តាផ្សេងៗមួយចំនួនទៀត ។

លោក សម រង្ស៊ី បានថ្លែងជំរុញ ឲ្យមានការផ្តន្ទាទោសស្មើៗគ្នា ចំពោះអ្នកប្រព្រឹត្តល្មើសនឹងច្បាប់ចរាចរណ៍ ដោយមិន ត្រូវមានការលើកលែង ចំពោះអ្នកមានអំណាច ឬអ្នកមានលុយនោះឡើយ។ ដើម្បីអនុវត្តន៍ច្បាប់ចរាចរណ៍ ឲ្យមាន ប្រសិទ្ធភាព និងកុំឲ្យមានអំពើពុករលួយ ចំពោះមន្រ្តីអនុវត្តន៍ច្បាប់នោះ លោក សម រង្ស៊ី បានស្នើឲ្យមានការបញ្ចុះតម្លៃ សាំង និងដំឡើងប្រាក់ខែ ដល់មន្រ្តីអនុវត្តន៍ច្បាប់ឲ្យបានសមរម្យ ។

សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោក ដែលរដ្ឋសភាបានអនុម័តនាព្រឹកមិញនេះ មានចំនួន ១២ជំពូក ស្មើ និង៩២ មាត្រា ក្នុងនោះកែសម្រួល ៦៤មាត្រា រាក្សាខ្លឹមសាចាស់ ១៣ និងបន្ថែមថ្មី ១៥មាត្រា និងលុបចោល ១៨មាត្រា ។ សេចក្តីព្រាងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី មានការកំណត់យ៉ាងតឹងរឹង សម្រាប់អ្នកធ្វើដំណើរតាមទោចក្រ យានយន្ត រថយន្ត និងមធ្យោបាយធ្វើដំណើរគ្រប់ប្រភេទ ដូចការការកំណត់ឲ្យអ្នកធ្វើដំណើរ តាមទោចក្រយានយន្ត និងត្រីចក្រ យានត្រូវពាក់មួកសុវត្ថិភាព ឲ្យបានគ្រប់គ្នាទាំងអ្នកបើកបរ និងអ្នករួមដំណើរ។ ទោចក្រយានយន្តមួយធ្វើដំណើរ បាន តែ៣នាក់ប៉ុណ្ណោះ បូករួមទាំងកូនក្មេង ។

សេចក្តីព្រាងច្បាប់ថ្មី ក៏មានការបង្កើននូវកម្រិតថវិកាផាកពិន័យ និងការដាក់ទោសទណ្ឌធ្ងន់ធ្ងរណាស់ផងដែរ សម្រាប់ អ្នកដែលល្មើសច្បាប់ចរាចរណ៍។ ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច បណ្តាលឲ្យស្លាប់អ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ៤លានរៀល ទៅ១៥ លានរៀល ឬអាចបន្ថែមទោសទណ្ឌ លើសពីនេះទៀត។ ជនណាបើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរពកាតព្វកិច្ច បណ្តាលឲ្យមានរបួសដល់អ្នកដទៃ ហើយបណ្តាលឲ្យអ្នក រងគ្រោះអសមត្ថភាព ធ្វើការងារក្នុង រយៈពេលស្មើ ឬលើសពី ៨ថ្ងៃ គិតចាប់ពីថ្ងៃកើតហេតុ ត្រូវផ្តន្ទាទោសដាក់ពន្ធ នាគារ ពី៦ខែ ទៅ២ឆ្នាំ និងពិន័យជា ប្រាក់ពី២លានរៀល ទៅ១០លានរៀល ឬអាចលើសពីនេះ ។

សម្រាប់អ្នកបើកបើកបរយានយន្ត ដោយគ្មានប័ណ្ណបើកបរ ត្រូវផ្តន្ទាទោស ដាក់ពន្ធនាគារពី ៦ ថ្ងៃ ទៅ ១ខែ និងពិន័យ ជាប្រាក់ពី ១សែនរៀលទៅ៨សែនរៀល ។ អ្នកបើកបរយានយន្ត មិនព្រមបញ្ឈប់យានយន្ត តាមការបញ្ជារបស់មន្ត្រី នគរបាលចរាចរណ៍ផ្លូវគោក ដើម្បីធ្វើតេស្តពិនិត្យជាតិអាល់កុល ឬសារធាតុគ្រឿងញៀន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ ១ខែ និងពិន័យជាប្រាក់ពី ១សែនរៀល ទៅ ៨សែនរៀល។ ចំណែកជនណា បើកបរយានយន្តនៅពេល ខ្លួនស្ថិតនៅក្នុងភាពស្រវឹង ដោយមានជាតិអាល់កុល ចាប់ពី ០,៤០ មិល្លីក្រាម ក្នុងមួយលីត្រខ្យល់ ឬចាប់ពី០,៨០ ក្រាម ក្នុងមួយលីត្រ ឈាមឡើងទៅត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ ខែ ទៅ ៦ ខែ និងពិន័យជាប្រាក់ពី ៨ សែន រៀល ទៅ ៤ លានរៀលផងដែរ ។

សម្រាប់ជនណាប្រើប្រាស់ រថយន្តដោយគ្មានបណ្ណសម្គាល់ ឬគ្មានស្លាកលេខសម្គាល់រថយន្ត ត្រូវផ្តន្ទាទោសដាក់ ពន្ធ នាគារពី ៦ថ្ងៃ ទៅ១ខែ និងពិន័យជាប្រាក់ពី ១០ម៉ឺនរៀល ទៅ៨០ម៉ឺនរៀល ។

ក្រៅពីការដាក់ទោសទណ្ឌ សម្រាប់អ្នកបើកបរមិនគោរពច្បាប់ចរាចរណ៍ មន្ត្រីអ្នកអនុវត្តន៍ច្បាប់ ដែលមិនគោរពតួនាទី ភារកិច្ចរបស់ខ្លួន ក៏ត្រូវច្បាប់កំណត់ដាក់ទោសទណ្ឌធ្ងន់ធ្ងរផងដែរ។ ក្នុងមាត្រា ៧៤ នៃសេចក្តីព្រាងច្បាប់ថ្មី នេះ បាន កំណត់ថា មន្រ្តីនគរបាលចរាចរណ៍ផ្លូវគោកណា ដែលនៅក្នុងក្របខណ្ឌមុខងារ ឬក្នុងឱកាសបំពេញមុខងាររបស់ខ្លួន ហើយបានដកហូតយកប័ណ្ណបើកបរ ស្លាកលេខ ប័ណ្ណសម្គាល់យានជំនិះ ឬឃាត់ទុកយានជំនិះ ដោយបំពានច្បាប់ ត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារពី ៦ថ្ងៃ ទៅ១ខែ និងពិន័យជាប្រាក់ ពី១០ម៉ឺន ទៅ៨០ម៉ឺនរៀល ។

ក្រៅពីការកំណត់ទោសទណ្ឌធ្ងន់ធ្ងរទៅ នៅក្នុងសេចក្តីព្រៀងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ក៏មានការកំណត់ទៅលើ មធ្យោបាយដឹកជញ្ជូន និងមានការដាក់នូវបទប្បញ្ញត្តិជាច្រើនផ្សេងទៀត សម្រាប់អ្នកធ្វើចរាចរណ៍លើដងវិថី ដែលគេ រំពឹងថា នឹងជួយឲ្យការធ្វើចរាចរណ៍លើដងវិថីបានល្អប្រសើរ និងចូលរួមចំណែកកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍ បានខ្ពស់ ។

សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ កាលពីឆ្នាំ២០១៣កន្លងទៅ មានជនរងគ្រោះចំនួន ១៦.២២៧នាក់ ក្នុងនោះ មានអ្នកស្លាប់ ១.៩៥០នាក់ និងរបួសធ្ងន់ ៥.៦៧១នាក់។ គ្រោះថ្នាក់ចរាចរណ៍បណ្តាលឲ្យមនុស្សស្លាប់ច្រើនជាង ៥ ទៅ៦នាក់ ក្នុងមួយថ្ងៃ ក្នុងនោះ ៦៩ភាគរយ គឺជាអ្នកជិះម៉ូតូ ហើយមិនពាក់មួកសុវត្ថិភាព ។

សម្រាប់គ្រោះថ្នាក់ចរាចរណ៍ ក្នុងឆ្នាំ២០១៤នេះ មានការឡើងខ្លាំង បើធៀបកាលពីឆ្នាំ២០១៣ កន្លងទៅ ហើយ អ្នក ស្លាប់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ក្នុងរយៈពេលជិត ១១ខែ នៅឆ្នាំ២០១៤នេះ បានកើនដល់ជាង ២.០០០នាក់៕

ក្រុមហ៊ុន ចំនួន៧ ថែមទៀត ត្រូវ រាជរដ្ឋាភិបាលកម្ពុជា សម្រេចដកហូត យកដីសម្បទាន មកវិញ

$
0
0

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដកហូត ដីសម្បទាន ពីក្រុមហ៊ុនទទួលបានដីសម្បទាន ចំនួន ៧ថែម ទៀត ដែលធ្វើ អាជីវកម្ម នៅក្នុងភូមិសាស្រ្តនាខេត្តជាប់ព្រំដែន៧ នៅក្នុងប្រទេសកម្ពុជា ដើម្បីដាក់ឱ្យស្ថិតនៅ ក្រោម ការគ្រប់គ្រង របស់ក្រសួងបរិស្ថាន ។

យោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៤ បានឱ្យដឹងថា ក្រុមហ៊ុនចំនួន៧ ដែលរាជរដ្ឋាភិបាល ដកហូតយកមកវិញនេះ ទទួលបានដីសម្បទាន នៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី កំពង់ស្ពឺ ព្រះសីហនុ ព្រះវិហារ កំពង់ធំ ឧត្តរមានជ័យ និងខេត្តបាត់ដំបង ជាដើម។

សូមអានអនុក្រឹត្យ របស់រាជរដ្ឋាភិបាល៖

Viewing all 8042 articles
Browse latest View live




Latest Images