Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

រកឃើញករណី ផ្ទុះជំងឺ ផ្តាសាយបក្សី នៅភាគខាង ត្បូងជប៉ុន

0
0

តូក្យូ៖ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ ថា ខេត្ត Miyazaki ភាគខាងត្បូង ប្រទេសជប៉ុន នៅថ្ងៃអង្គារនេះ បានរាយការណ៍មកថា មានកសិដ្ឋានចិញ្ចឹម បក្សីមួយកន្លែង ដែលរកឃើញមាន ករណីផ្ទុះជំងឺផ្តាសាយបក្សី ។ ករណីនេះកើតឡើង នៅក្រុង Nobeoka ហើយរីរុសដែលឆ្លង នោះមានអំបូរ H5។

យោងតាមសេចក្តីរាយការណ៍ បានបញ្ជាក់កាលពីថ្ងៃចន្ទថា មានសត្វមាន់ងាប់ចំនួន១៦ក្បាល ហើយក្នុងនោះ មាន់០៣ក្បាលរកឃើញថា មានផ្ទុកវីរុសផ្តាសាយបក្សីជាវិជ្ជមាន ហើយ១០ក្បាលបានងាប់នាពេលកន្លងទៅនេះ តែលទ្ធផលអវិជ្ជមាន ។

អាជ្ញាធរនៅក្នុងតំបន់បានសម្លាប់សត្វបក្សីចំនួន៤ពាន់ក្បាល បន្ទាប់ពីមានករណីផ្ទុះជំងឺ ឡើងនៅក្នុង កសិដ្ឋាន ខាងលើ ហើយសម្រាប់ បណ្តាកសិដ្ឋាននៅក្បែរៗនោះ ត្រូវបានហាម ឃាត់យ៉ាងតឹងរឹង មិនអាចមានចលនា សត្វឆ្លងកាត់ផ្តេសផ្តាសឡើយ ។

គួរបញ្ជាក់ថា ខេត្ត Miyazaki ជាខេត្តមួយមានផ្ទៃដីធំជាងគេ របស់ជប៉ុនដែលនិយមចិញ្ចឹមសត្វបក្សី ក្នុងមាន ពូជមាន់យកសាច់ ។ សរុបមានកសិកដ្ឋានចិញ្ចឹមបក្សីប្រមាណ២០ភាគរយនៅទូទាំងប្រទេស ។ នេះបើយោង តាមតួលេខដែលចេញដោយក្រសួងកសិកម្ម ៕


ភាគហ៊ុនរបស់ Samsung ធ្លាក់ចុះ ខណៈក្រុមហ៊ុន ចិនកំពុងរីកធំ ធាត់ឡើង

0
0

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៤ថា តួលេខដែលបាន បង្ហាញឡើងនៅថ្ងៃអង្គារ នេះបានឲ្យដឹងថា ក្រុមហ៊ុនផលិត និងចែកចាយស្មាតហ្វូនលំដាប់ លេខ១លើ ពិភពលោក Samsung គិតក្នុងត្រីមាសទី៣ ឆ្នាំនេះ ភាគហ៊ុនបានធ្លាក់ចុះ ខណៈដែលបណ្តាក្រុមហ៊ុនចិន ក្នុងនោះរួមមាន Huawei, Xiaomi និង Lenovo បានរីកធំធាត់ជាបន្ត បន្ទាប់ ។

នៅក្នុងត្រីមាសទី៣ឆ្នាំនេះ ការលក់ចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung មានចំនួន៧៣,២១លាន គ្រឿងនៅទូទាំង ពិភពលោក ។ តួលេខនេះ សរុបបានកើនឡើង២៤,៤ភាគរយ ។

ប៉ុន្តែទោះបីជាគេដឹងថា ក្រុមហ៊ុននេះនៅតែរក្សាបានលំដាប់លេខ១ សម្រាប់ពិភពលោកក៏ពិតមែន តែភាគហ៊ុន បានថយចុះ៧.៧ភាគរយ ដែរគិតចាប់ពីដើមឆ្នាំមក ។

គេបានដឹងថា ការធ្លាក់ចុះនូវភាគហ៊ុនបែបបនេះ ដោយសារតែស្ថិតក្នុងការប្រកួតប្រជែងគ្នាច្រើន ក្នុងនោះមាន ក្រុមហ៊ុនចិន ល្បីៗដូចជា Huawei, Xiaomi និង Lenovo ដោយក្រុមហ៊ុនទាំង នេះមានភាគហ៊ុន កើនឡើង ជាបន្តបន្ទាប់ គឺ៥,៣ភាគរយ, ៥,២ភាគរយ និង៥ភាគរយ បើទោះបីជាជាប់ក្នុង លំដាប់ថ្នាក់លេខ៥លើពិភពលោកក៏ដោយ ៕

អ្នកស្លាប់ ដោយសារ កប់ក្នុងល្បាប់ភក់ នៅឥណ្ឌូនេស៊ី កើនឡើង ៥១នាក់

0
0

ចាវ៉ា៖ ទូរទស្សន៍ប៊ីប៊ីស៊ី បានផ្សព្វផ្សាយ ព័ត៌មានចុងក្រោយ ដែលផ្សាយចេញ នៅល្ងាចថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ថា ចំនួនអ្នកស្លាប់ ដែលកប់ក្នុងល្បាប់ភក់ នៅភូមិ Jemblung ស្ថិត ក្នុងដែនកោះ ជ្វា បានកើនឡើង ៥១នាក់ហើយ និងមានមនុស្សជាច្រើននាក់ ទៀតបាត់ខ្លួននៅឡើយ ។

គួររំលឹកថា ហេតុការណ៍នៃការកកើតឡើងល្បាប់ភក់ហូរច្រោះ ហើយបណ្តាលឲ្យអ្នកស្រុក នៅដែនកោះ ខាងលើបាត់បង់ជីវិត និងបាត់ខ្លួនមិនទាន់រកឃើញបានកើតឡើងកាលពីថ្ងៃសុក្រ សប្តាហ៍មុន ។
មនុស្សរាប់រយនាក់ កំពុងត្រូវបានក្រុមជួយសង្គ្រោះ បាននឹងកំពុងជីកកកាយរកមើល សាកសពដែលនៅ កប់ក្នុងល្បាប់ភក់ ។

សម្រាប់ប្រតិបត្តិការកកាយរកអ្នកបាត់ខ្លួននោះ ត្រូវបានប្រភពព័ត៌មានរាយការណ៍ទៀតថា នៅថ្ងៃអង្គារនេះនឹងមានការហូរច្រោះល្បាប់ភក់ ដែលបង្កការភ័យខ្លាចដល់អ្នកស្រុកជាថ្មីម្តងទៀត ។
មន្ត្រីអាជ្ញាធរនៅក្នុងតំបន់បានឲ្យដឹងថា សង្ឃឹមថា នឹងរកឃើញអ្នកដែលបាត់ខ្លួនទាំងនោះ តែក្តីសង្ឃឹមរស់គឺមានតិចតួចណាស់ ។

លោក Agus Haryono ប្រធានក្រុមអ្នកជួយសង្គ្រោះនៅក្នុងហេតុការណ៍ដ៏អាក្រក់មួយនេះបានបញ្ជាក់ថា "យើងសង្ឃឹម និងសូមបួងសួងថា យើងអាចជួយដល់អ្នកបាត់ខ្លួនទាំងនោះ ប៉ុន្តែឱកាសរស់គឺ មានតិចតួចណាស់" ៕

ចៅហ្វាយស្រុក កោះហៅ មេ អ.ហ ស្រុកអង្គបូរី បំភ្លឺការបង្រា្កប បទល្មើសនេសាទ ដោយលាក់កំបាំង

0
0

តាកែវ៖ អភិបាលស្រុកអង្គបូរីលោក ឃុន បូ បានកោះហៅលោក សុខ ឡេះ មេបញ្ជាការកងរាជអាវុធហត្ថ (អ. ហ) ស្រុកអង្គបូរី ឲ្យចូលខ្លួនបំភ្លឺជុំវិញការបង្រ្កាបបទល្មើសនេសាទដោយស្ងាត់ៗ មិនសុំយោបល់ពីគណៈបញ្ជា  ការឯកភាពស្រុក។

ការកោះហៅ លោក សុខ ឡេះ បំភ្លឺបទល្មើសនេសាទនេះ បានធ្វើឡើងកាលពីថ្ងៃ១៥ ខែធ្នូ បន្ទាប់ពីមេ អ.ហ រូប  នេះ បានដឹកនាំមន្រ្តីក្រោមឱវាទចុះបង្រ្កាបបទល្មើសនេសាទ នៅលើផ្ទៃបឹងស្រុកអង្គបូរី កាលពីថ្ងៃទី១៣ ខែធ្នូ  ឆ្នាំ២០១៤កន្លងទៅ។

លោក ឃុន បូ បានមានប្រសាសន៍ឲ្យដឹងថា លោកពិតជាបានកោះហៅ លោកមេ អ.ហ ស្រុកអង្គបូរីឲ្យចូលខ្លួន បំភ្លឺពិតប្រាកដមែនពាក់ព័ន្ធទៅនិងកម្លាំង អ.ហ ស្រុក ដឹកនាំដោយលោក សុខ ឡេះ បានចុះបង្ក្រាបបទល្មើស នេសាទ ដោយមិនមានការជូនដំណឹងដល់គណៈបញ្ជាការឯកភាពស្រុក ដែលលោកជាប្រធានគណៈបញ្ជការ ឯកភាព ក៏ប៉ុន្តែលោក សុខ ឡេះ មិនបានចូលខ្លួនមកឆ្លើយបំភ្លឺនោះទេ ដោយលោកបានបញ្ជូនមេបញ្ជាការរង ម្នាក់ មកឆ្លើយបំភ្លឺជំនួសវិញ។

លោកអភិបាលស្រុកបានថ្លែងថា «ខ្ញុំគាំទ្ររាល់សកម្មភាពបង្រ្កាបបទល្មើសនេសាទ ក៏ប៉ុន្តែសកម្មភាពបង្រ្កាបនេះ មិនត្រូវធ្វើឡើងដោយរំលងគណៈបញ្ជាការឯកភាពស្រុកនោះទេ»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ លោក សុខ ឡេះ បានដឹកនាំកម្លាំងរបស់លោក ចុះទៅបង្រ្កាបបទល្មើស នេសាទ នៅចំណុចអតីតឡូតិ៍លេខ១៣ ស្ថិតក្នុងឃុំគោកធ្លក ស្រុកអង្គរបូរីខេត្តតាកែវ ដោយចាប់បានស្បៃមុង សាយ៉ឺនមួយចំនួន។

យោងតាមមន្រ្តីរដ្ឋបាលជលផលស្រុកអង្គរបូរីម្នាក់ ដែលបានប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹង ផងដែរថា ការដែលលោក សុខ ឡេះ មេបញ្ជាការប៉េអឹមស្រុកអង្គរបូរី ដឹកនាំកូនចៅចុះទៅបង្រ្កាបបទល្មើសនេ  សាទនៅចំណុចខាងលើ មន្រ្តីជលផលស្រុកអត់បានដឹងនោះទេ ហើយមកទល់ពេលនេះរដ្ឋបាលជលស្រុក ក៏ មិនទាន់ទទួលរបាយការណ៍ណាមួយស្ដីពីការចុះបង្ក្រាបនេះដែរ។

លោកបានថ្លែងថា «រឿងនេះ អាចលោក សុខ ឡេះ កំពុងតែចចារស្ថាត់ៗជាមួយពួកអ្នកនេសាទខុសច្បាប់ទាំង អស់នោះហើយ បានជាមិនមានរបាយការណ៍បញ្ជូនមកខាងមន្រ្តីជំនាញ»។

ដោយឡែកនគរបាលស្រុកអង្គរបូរី បានឲ្យដឹងថា បច្ចុប្បន្នរាល់បទល្មើសនានា គឺខាងកម្លាំងកងរាជអាវុធហត្ថធ្វើ ទាំងទទឹងទិស ដោយគ្មានការឆ្លងយោបល់ពីអភិបាលស្រុកដែលជាគណៈបញ្ជាការឯកភាពស្រុកនោះទេ ដោយ ពួកគេចាត់ទុកអភិបាលស្រុកដូចជាទីងមោង និងគ្មានតម្លៃអ្វីទាំងអស់។

ពាក់ព័ន្ធទៅនិងបញ្ហានេះអ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីលោកសុខ ឡេះ បានទេ ដោយទូរស័ព្ទមិនចូល។

លោកមេបញ្ជការ អ.ហ ស្រុកអង្គបូរី សុខ ឡេះ ជាអ្នករកស៊ីខុសច្បាប់ខាងប្រព្រឹត្តបទល្មើសនេសាទដុះស្លែរាប់ ឆ្នាំមកហើយនៅក្នុងខេត្តតាកែវ ពោលតាំងពីរូបលោក នៅជាមន្រ្តី អ.ហ តូចតាចម្នាក់ម្ល៉េះ។ ដោយសារលោក  សុខ ឡេះ មានប្រាក់ច្រើននោះហើយ ទើបលោកអាចរត់ការឆ្វេងស្ដាំ ក្រឡាខ្លួនក្លាយជាមេបញ្ជាការស្រុកកោះ អណ្ដែត បានមួយរយៈ ស្រាប់តែ បានឡើងកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកអង្គបូរីតែម្ដង៕

អរគុណ​ លោកអ៊ុំ អៀង​ មូលី ចំពោះសៀវភៅ “ជីវិតលើផ្លូវបត់បែន ទៅរកសន្ដិភាព”

0
0

ភ្នំពេញ៖ ជាបឋមអនុញ្ញាតឱ្យខ្ញុំ សូមថ្លែងអំណរគុណលោកអ៊ុំ អៀង មូលី (ជាពាក្យដែលខ្ញុំ បានប្រើចំពោះលោក អៀង មូលី ចាប់តាំងពីខ្ញុំ បានជួបដោយផ្ទាល់ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ១៩៩៣  ។ នោះពាក្យ ដំបូងដែលខ្ញុំប្រើ គឺលោកអ៊ុំ អៀង មូលី មិនមែនឯកឧត្ដម អៀង មូលី ទេ ព្រោះខ្ញុំគិតថា ការប្រើពាក្យ ពេចន៍នេះ បង្ហាញពីការគោរពរាប់អាន ជាលក្ខណៈគ្រួសារ) ដែលបានសរសេរសៀវភៅ កម្រាស់ ៧០០ទំព័រ ចែកចេញជា ៩វគ្គ នៃខ្លឹមសារក្នុងសៀវភៅ ក្រោមចំណងជើងថា “ជីវិតលើផ្លូវបត់បែនទៅ រកសន្ដិភាព ”  ដែលសៀវភៅនេះ បានបោះពុម្ព កាលពីឆ្នាំ២០១៣។ ខ្ញុំបានទិញសៀវភៅនេះ កាលពី ថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០១៤ ប៉ុន្ដែខ្ញុំទើបតែបានអាន កាលពីថ្ងៃអាទិត្យ ទី១៤ ខែធ្នូ វេលា ម៉ោង ១១នាទី រហូតមកដល់ថ្ងៃអង្គារ ទី១៦ ខែធ្នូ វេលាម៉ោង ១និង៣០នាទីរសៀល (ខ្ញុំបានទិញ សៀវភៅ មួយចំនួន ទាក់ទងទៅនឹងប្រវត្ដិសាស្ដ្រផ្សេងៗ ក៏ដូចជាអ្នកនយោបាយល្បីៗសម្រាប់អាន ហើយទើបតែបញ្ចប់សៀវភៅទាំងនោះ ក៏ចាប់ផ្ដើមអានសៀវភៅ របស់ លោកអ៊ុំ ឃើញថាល្អនិងជក់ចិត្ដ ចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត)  ។

នៅក្នុងការ អានរបស់ខ្ញុំ នៅវេលាខាងលើនេះ ខ្ញុំចាប់ផ្ដើមអានពី អារម្ភកថា បន្ទាប់ទៅខ្ញុំបន្ដអានពីវគ្គទី៩ ចុះមក ទី៧ ទី៦ ទី៥ និងទី៤ ដោយឡែកសម្រាប់វគ្គ១ វគ្គ២ វគ្គ៣ និងវគ្គ៨ ខ្ញុំមិនទាន់បានអាននៅឡើយទេ  ដោយនៅក្នុងវគ្គ ទាំងនោះ លោកអ៊ុំ អៀងមូលី សរសេររៀបរាប់ពីជីវិតផ្ទាល់ខ្លួន ដោយរង់ចាំទុកអានបន្ដទៀត។ ប៉ុន្ដែ ចាប់ពីវគ្គ៤ ដល់វគ្គ៩ ខ្ញុំបានអានចប់ ដោយការអានយកចិត្ដទុកដាក់ជាទីបំផុត។ ជាសរុប ក្រោយពីបាន អាននូវស្នាដៃ របស់អ្នកនិពន្ធ ក៏ដូចជាអ្នកប្រឡូកផ្ទាល់ក្នុង កិច្ចការទាំងនេះ បានធ្វើឱ្យខ្ញុំដឹងរឿងរ៉ាវមួយ ចំនួនបន្ថែមទៀត ទាក់ទិនទៅនឹងការតស៊ូ របស់អតីតរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ហៅកាត់ថា រជរបខ ឬភាសាអង់គ្លេស KPLNF បន្ទាប់ពីខ្ញុំបានអានសៀវភៅ ដែលសរសេរដោយលោក ឧត្ដមសេនីយ៍ គង់ ថាន់ ដែលបានសរសេរអំពីរឿងរ៉ាវនៅក្នុងរណសិរ្សនេះ ។ តែយ៉ាងណាក៏ដោយ លោក អ៊ុំ អៀង មូលី មិនបានចាត់ទុកការសរសេរសៀវភៅរបស់លោក  គង់ ថាន់ ថាត្រឹមត្រូវទាំងអស់នោះទេ ជាពិសេសទាក់ទិនទៅនឹង តួនាទីរបស់លោកអ៊ុំ អៀង មូលី នៅពេលដែលសម្ដេច សឺន សានបានតែងតាំង  រូបលោក ឱ្យក្លាយទៅជាអគ្គលេខាធិការ រណសិរ្សរំដោះជាតិប្រជាពលរដ្ឋខ្មែរ នៅឆ្នាំ១៩៨៨ ក្រោយ ពេលដែលលោក នាង ជិនហន ត្រូវបានបង្ខំ ឱ្យលាចេញពីមុខតំណែង ចេញពីអគ្គលេខាធិការ រណសិរ្ស នេះ។ ការតែងតាំងនេះ បន្ទាប់ពីសម្ដេចសឺនសាន ទើបតែបានបញ្ចប់ការដោះស្រាយ ទំនាស់ការបែកបាក់ផ្ទៃក្នុងជាមួយ ក្រុមឧត្ដមសេនីយ៍ សក់ ស៊ុតសាខន និងឧត្ដមសេនីយ៍ ឌៀន ឌែល ។ ក្រោយពីខ្ញុំបានអាន ខ្ញុំមិនត្រឹមតែ ទទួលបាននូវព័ត៌មាន ដែលវាបានក្លាយទៅជាអតីតកាលនោះទេ ក៏ប៉ុន្ដែវាបានឱ្យខ្ញុំ ស្វែងយល់សម្រាប់ បច្ចុប្បន្ន និងទៅអនាគត ថែមទៀតផង។

ក្រោយពីខ្ញុំបានអានសៀវភៅនេះភ្លាម ខ្ញុំមិនបានបង្អង់យូរ ក៏ ចាប់ផ្ដើមសរសេរអត្ថបទផ្ទាល់ ថ្លែងអំណរគុណចំពោះលោកអ៊ុំ អៀង មូលី និងសហការីរបស់លោកអ៊ុំ ដែលបានខិតខំសរសេរចងក្រងនូវរឿងរ៉ាវទាំងនេះ និងការសម្រិតសម្រាំង ព្រមទាំងសុក្រិតភាពនៃ អក្ខរាវិរុទ្ធខ្មែរ តាមគេហទំព័រដើមអម្ពិល របស់ខ្ញុំ ។ ពិតមែនតែខ្ញុំ បានស្គាល់លោកអ៊ុំ អៀង មូលី ចាប់ តាំងពីពេលលោកអ៊ុំ ទើបទទួលតំណែងជាអគ្គនាយកស៊ីម៉ាក់ និងក្រោយមកជារដ្ឋមន្ដ្រីក្រសួងព័ត៌មាន ប៉ុន្ដែខ្ញុំពុំបានយល់ដឹង អំពីព្រឹត្ដិការណ៍នៅក្នុងរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរឡើយ។ ទើបតែពេល នេះក្រោយពីខ្ញុំបានអាន ទើបខ្ញុំយល់ដឹងច្រើនបន្ថែមទៀត ក្រោយពីខ្ញុំបានអានចប់ នូវការសរសេររបស់ ឧត្ដមសេនីយ៍ គង់ ថាន់ កាលពីជិតពីរឆ្នាំកន្លងទៅ ។

ក្រោយពីខ្ញុំបានអាននិងយល់សេចក្ដីនៅក្នុងសៀវភៅ នេះ ធ្វើឱ្យខ្ញុំនឹកទៅដល់លោក ប៊ុន ចាន់ម៉ល់ អតីតអ្នកដឹកនាំមួយនៃចលនាខ្មែរឥស្សរ ដែលបានសរសេរ សៀវភៅទុកមកដល់បច្ចុប្បន្ន ក្រោមចំណងជើងថា “ចរិតខ្មែរ” ដែលសៀវភៅនេះ លោក ប៊ុន ចាន់ម៉ល់ បានបង្ហាញពីចរិតអ្នកដឹកនាំខ្មែរ មិនថាតែក្នុងស្រុក និងចូល ទៅព្រៃតស៊ូទេ គឺមានគំនិតផ្ដួល ដណ្ដើមមុខ ដណ្ដើមមាត់... នៅពេលដែលខ្ញុំបានអានសៀវភៅ របស់លោកអ៊ុំ ពិតជាបានបង្ហាញឱ្យឃើញថា ចលនា នោះបានរត់ ទៅដល់ជាយដែនខ្មែរ-ថៃហើយ ក្រោមរូបភាពនៃការបណ្ដេញបរទេសឈ្លានពាន ប៉ុន្ដែអ្នក ដឹកនាំទាំងនោះ នៅបន្ដឈ្លោះដណ្ដើមតំណែង និងពឹងពាក់បរទេសឱ្យ ជួយទៀត ។ ហើយនេះមិនមែនតែ នៅក្នុងរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ សូម្បីតែនៅក្នុងចលនាហ្វ៊ុនស៊ិនប៉ិច ក៏មានជម្លោះ ដណ្ដើមអំណាច រវាងព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ តំណាងផ្ទាល់របស់សម្ដេចឪ ជាមួយឧត្ដមសេនីយ៍ ទៀប បែន ផងដែរ ។ តើកត្ដាទាំងនោះ អ្នកណាជាអ្នកបំបែកបំបាក់? ក្រោយមកទៀត ការបែកបាក់ នោះ បានមានឃើញនៅក្នុងប្រទេស ក្រោយពីចលនាទាំងនោះ ក្លាយទៅជាបក្សនយោបាយ ឧទារហណ៍ ក្រុមលោក សក់ ស៊ុតសាខន , ឈឹម ឱមយ៉ន់... បណ្ឌិត ហេង វង្សប៊ុនឆាត  បានបង្កើតគណបក្សប្រជា ធិបតេយ្យសេរី ខណៈដែលក្រុមសម្ដេច សឺន សាន បង្កើតគណបក្ស ប្រជាធិបតេយ្យសេរី និយមព្រះពុទ្ធ សាសនា និងក្រោយមកបានបែកមួយក្រុមបន្ថែមទៀត គឺក្រុមលោកអ៊ុំ អៀង មូលី តែម្ដង ដែលមាន សមាជិកសភា ៥រូប ក្នុងចំណោម១០ ដែលមាន អាសនៈនៅក្នុងរដ្ឋសភាឆ្នាំ១៩៩៣ រួមជាមួយអ្នកដែល គាំទ្រលោកអ៊ុំ បានដើរចេញ ហើយបានធ្វើសមាជ យកគណបក្សនេះមកដឹកនាំ នៅក្នុងអំឡុងឆ្នាំ១៩៩៤ ។

ដោយឡែកចលនាហ្វ៊ុនស៊ិនប៉ិច ក្រោយមកក្លាយជា គណបក្សនយោបាយឈ្នះឆ្នោត ឆ្នាំ១៩៩៣ ក៏បាន ចាប់ផ្ដើមបែកបាក់ទៅជាគណបក្សផ្សេងៗ មិនតិចជាង១០ ខណៈដែលគណបក្សប្រជាជនកម្ពុជា ដែល តែងតែលឺក្រុមប្រឆាំងឃោសនាថា មានទំនាស់បែកបាក់ រវាងក្រុមសម្ដេច ជា ស៊ីម និងសម្ដេច ហ៊ុន សែន។ ប៉ុន្ដែនៅក្នុង ឆាកនយោបាយកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ គណបក្ស ប្រជាជនកម្ពុជា នៅតែបន្ដដឹកនាំប្រទេស ហើយសម្ដេចទាំងបី នៅតែជាឥស្សរជន កំពូលគណបក្ស ប្រជាជន ព្រមទាំងកំពុងដឹកនាំប្រទេសដដែល (សម្ដេច ហ៊ុន សែន បានត្រូវអ្នកនិពន្ធ ហារី មេត្ដា ស្រិទ្ធនាមថា “បុរសខ្លាំង ហ៊ុន សែន ” ទៀតផង។

ជាទីបញ្ចប់ ខ្ញុំសូមគាំទ្រនិងលើកទឹកចិត្ដ ឱ្យលោកអ៊ុំបន្ដការសរសេររឿងរ៉ាវប្រវត្ដិពិតខាងលើ នៅក្នុង ភាគ២បន្ដទៀត ហើយខ្ញុំពិតជាទទួលបាននូវព័ត៌មានសំខាន់ៗ បើទោះបីជារឿងរ៉ាវទាំងនោះ បានក្លាយ ទៅជាប្រវត្ដិសាស្ដ្រក៏ដោយ៕

Photo by DAP-News

Photo by DAP-News

ក្រុមហ៊ុន​ឯកជន​មួយ​ប្រកាស​ឲ្យ ឈ្មោះ ឯម វណ្ណា ចូល​ខ្លួន​មក​ដោះ​ស្រាយ​បំណុល

0
0

ភ្នំពេញ៖ ក្រុមហ៊ុនឯកជនមួយសូមប្រកាសដល់ឈ្មោះ ឯម វណ្ណា អតីតជាបុគ្គលិកក្រុមហ៊ុននេះ ឲ្យចូលខ្លួនមកដោះស្រាយបំណុល ដែលបានជំពាក់ក្រុមហ៊ុន ចំនួន ៤៧២៩ ដុល្លារ ចាប់ពីថ្ងៃផ្សាយដំណឹងនេះ ។ បើពុំនោះទេ ក្រុមហ៊ុន នឹងចាត់វិធានការតាមផ្លូវច្បាប់ ។

សូមរំឭកថា ឈ្មោះ ឯម វណ្ណា ភេទប្រុស កើតឆ្នាំ១៩៧៦ កាន់អត្តសញ្ញាបណ្ណលេខ ១០០០០៧៦៥៤ ទូរស័ព្ទធ្លាប់ប្រើ ០១៦ ៥២ ៧៦៩៨ បច្ចុប្បន្នទទួលដំណឹងថា ទៅធ្វើការនៅប្រទេសកូរ៉េ មានស្រុកកំណើតនៅភូមិតុំ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ។

ដោយយោងទៅកិច្ចសន្យាសងប្រាក់ ព្រមទាំងការដាក់បញ្ចាំប្លង់ កាន់កាប់អចលទ្រព្យ ដោយមានការដឹងឮពីលោកមេភូមិ នៅក្នុងសង្កាត់រកាក្រៅ ឈ្មោះ ឯម វណ្ណា នៅជំពាក់ប្រាក់ក្រុមហ៊ុន ដែលខ្លួនបោកយកទៅចំនួន ៤៧២៩ ដុល្លារ មានភ្ជាប់ឯកសារ វិក័យបត្រជាភស្ដុតាងផ្លូវច្បាប់ ។ ក្រុមហ៊ុនសូម ប្រកាសដល់សមត្ថកិច្ច ដូចមានក្នុងពាក្យបណ្ដឹង ចុះថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ២០១៤ ទៅកាន់ លោក អ៊ុក ធុល នាយប៉ុស្ដិ៍រដ្ឋបាលសង្កាត់រកាក្រៅ និងក្រុមហ៊ុនកូរ៉េ ដែលជួលបុគ្គលបោកប្រាស់នេះ ព្រមទាំងសាធារណជន បើបានស្គាល់អាសយដ្ឋានជាក់លាក់ ពេលបច្ចុប្បន្នរបស់ឈ្មោះ ឯម វណ្ណា សូមផ្ដល់ព័ត៌មានមកក្រុមហ៊ុន តាមរយៈទូរស័ព្ទ ០៨៧ ៥៥៥ ០១៩ យើងខ្ញុំនឹងជូនសារគុណជាទីគាប់ចិត្ត ។

យ៉ាងណាមិញ ក្រុមហ៊ុនក៏ទុកពេលវេលា សម្រាប់ការចរចាក្រោយការចុះផ្សាយនេះ ដល់ឈ្មោះ ឯម វណ្ណា និងសាច់ញាតិផងដែរ ៕

ចាស់មាន​ ប្រពន្ធ-កូន កន្លះកន្ទេលហើយ លួចទៅរៀបការ ជាមួយស្រីក្រមុំ នាងមិនព្រម ផ្សំដំណេក ចាប់ទារបណ្តាការ

0
0

កណ្តាល ៖ បុរសអាយុពាក់កណ្តាលមនុស្សម្នាក់ បានរត់ចោលផ្ទះសម្បែង និងប្រពន្ធ-កូន បន្ទាប់ពីបែកធ្លាយរឿងរ៉ាវ ដល់សមត្ថកិច្ច ខណៈដែលខ្លួនធ្វើការចាប់បង្ខាំងយាយរបស់ភរិយាទី២របស់ខ្លួន ដែលទើបនឹងរៀបការ ដើម្បីគំរាម ទារបណ្តាការយកមកវិញ ខណៈដែលភរិយាទី២ ក្រោយរៀបការដឹងថា ប្តីរបស់ខ្លួនមានប្រពន្ធ និងមានកូនកន្លះ កន្ទេលទៅហើយនោះ មិនព្រមចូលផ្សំដំណេកជាមួយ ធ្វើឲ្យបុរសជាប្តីផ្ទុះកំហឹង ចាប់បង្ខាំងយាយក្មេកទារបណ្តា ការតែម្តងទៅ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅនេះ ស្ថិតនៅផ្ទះរបស់បុរស ជាជនសង្ស័យ ឈ្មោះ សុខ ឆាង អាយុ ៤៨ឆ្នាំ មានមុខរបរ ជាកសិករ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈដែលស្រ្តីជាប្រពន្ធទី២ រួមជា មួយនឹងម្តាយ បាននាំគ្នាទៅប្តឹងសមត្ថកិច្ចដើម្បីសុំឲ្យជួយអន្តរាគមន៍ រំដោះយកម្តាយ និងត្រូវជាយាយរបស់ស្រ្តីជា ភរិយាទី២ ចេញពីកណ្តាប់ដៃប្តី ។ ក្នុងនោះខណៈសមត្ថកិច្ចទទួលបានពាក្យបណ្តឹង ហើយធ្វើដំណើរទៅអន្តរាគមន៍ ដល់ទីតាំងផ្ទះជនសង្ស័យ ក្នុងបទបង្ខាំងមនុស្សខាងលើ ធ្វើឲ្យជនសង្ស័យដឹងខ្លួនជាមុន ក៏រត់គេចខ្លួនបាត់ទៅ ។

ដោយឡែកស្រ្តីដែលជាប្រពន្ធទី២ រួមទាំងក្រុមគ្រួសារដែលរងគ្រោះ នៅក្នុងអំពើឆបោក និងចាប់បង្ខាំងខាងលើនេះ ទី១មានឈ្មោះ ផាន ស្រីអួយ ភេទស្រី អាយុ ១៩ឆ្នាំ មានមុខរបរ ជាកម្មការិនីកាត់ដេរ មានទីលំនៅភូមិត្រពាំងកោះ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត ត្រូវជាភរិយាទី២ របស់ជន សង្ស័យឈ្មោះ សុខ ឆាង ដែលទើបនឹងរៀបការជាមួយគ្នា តែមិនទាន់បានផ្សំដំណេក ទី២ ឈ្មោះ ខេង លឿ ភេទស្រី ត្រូវជាម្តាយរបស់ឈ្មោះ ផាន ស្រីអួយ និងទី៣ឈ្មោះ ញ៉ែត សយ ភេទស្រី អាយុ ៧៣ឆ្នាំ ត្រូវជាយាយរបស់ឈ្មោះ ផាត ស្រីអួយ ដែលមានទីលំនៅស្រុកឈូក ខេត្តកំពតជាមួយគ្នា ។

ពាក់ព័ន្ធទៅនឹងករណី ចាប់បង្ខាំងមនុស្ស ដើម្បីគំរាមទារប្រាក់ខាងលើនេះ ត្រូវបានស្រ្តីឈ្មោះ ផាន ស្រីអួយ ធ្វើការ រៀបរាប់ឲ្យដឹងថា រវាងខ្លួន និងឈ្មោះ សុខ ឆាង បានស្គាល់គ្នា ខណៈនាងធ្វើជាកម្មការិនីកាត់ដេរ ហើយចុងក្រោយការស្គាល់ និងរាប់អានគ្នាខាងលើនេះ ឈានដល់ការស្រឡាញ់ ដោយសារតែឈ្មោះ សុខ ឆាង ពូកែលួងលោមនូវ ពាក្យសំដី និងអះអាងថា ខ្លួនជាបុរសពោះម៉ាយ ប្រពន្ធស្លាប់ចោលយូរឆ្នាំមកហើយ ។

ការលួងលោម រួមទាំងការផ្តល់ លុយកាក់ឲ្យចាយខ្លះៗផងនោះ ទើបធ្វើឲ្យខ្លួនបាក់ចិត្តស្រឡាញ់ ព្រមរៀបការជាមួយនឹងបុរសពោះម៉ាយខាងលើ បើ ទោះបីជារូបគេ មានវ័យចាស់ជាងខ្លួនរហូតដល់ជាង ២០ឆ្នាំក៏ដោយ ។ ក្រោយពីយល់ព្រមហើយ នៅថ្ងៃទី១៩ ខែ វិច្ឆិកា ឆ្នាំ២០១៤ កន្លងទៅនេះ ស្រាប់តែឈ្មោះ សុខ ឆាង បាននាំមនុស្សមួយក្រុម ដែលអះអាងថា ជាសាច់ញាតិជិះ រថយន្តទៅចូលស្តីដណ្តឹងរូបនាងដល់លំនៅដ្ឋានទៅតាមប្រពៃណី ដោយមានការព្រមព្រៀងគ្នាទាំងសងខាង ។

លុះ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៤ ពិធីរៀបមង្គលការក៏ចាប់ផ្តើមឡើង ក្រោមសំឡេងបាយខុនចងដៃ ដោយភាគីខាង ប្រុស ជាអ្នករ៉ាប់រងចំណាយទៅលើពិធីរៀបមង្គលការខាងលើនេះ រហូតដល់ចប់ចុងចប់ដើម ។ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៤ មួយថ្ងៃក្រោយនៃថ្ងៃរៀបមង្គលការ បុរសជាប្តីឈ្មោះ សុខ ឆាង ក៏បាននាំប្រពន្ធវ័យក្មេងរបស់ខ្លួន រួមទាំង យាយឈ្មោះ ញ៉ែត សយ ធ្វើដំណើរមកលេងស្រុកកំណើតផ្ទះសម្បែងខាងប្តី នៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុក កៀនស្វាយ ដើម្បីផ្សំដំណេក និងបានស្គាល់សាច់ញាតិ ស្រាប់តែពេលធ្វើដំណើរមកដល់ផ្ទះខាងប្តី នាង ផាន ស្រីអួយ ជាប្រពន្ធ ធ្លាក់ថ្លើមក្តុក ព្រោះដឹងថា ប្តីដែលទើបរៀបការថ្មីថ្មោងរបស់ខ្លួន មិនមែនជាបុរសពោះម៉ាយ ដូចការអះអាងនោះឡើយ តាមពិត ជាបុរសមានប្រពន្ធ និងមានកូនរហូតដល់ ៤នាក់ នៅក្នុងបន្ទុកទៀតផង ។

ទោះបីដឹងថា ប្តីរបស់ខ្លួនភូត កុហកយ៉ាងណាក៏ដោយ ក៏នាង ផាន ស្រីអួយ មិនបានបង្កជម្លោះរករឿងដេញដោលអ្វីនោះឡើយ គឺសុខចិត្តនៅស្ងៀម ហើយមានបំណងចាកចេញ ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញ ដើម្បីបញ្ចប់បញ្ហា តែបុរសជាប្តីចេះតែឃាត់ រហូតដល់យប់ ក៏បានបបួលនាងចូលដេកជាមួយគ្នា តែត្រូវនាង ធ្វើការបដិសេធ ធ្វើឲ្យបុរសជាប្តីឈ្មោះ សុខ ឆាង រករឿងខឹង រួចហើយគំរាមកំហែងទារ យកប្រាក់ថ្លៃបណ្តាការចំនួន ២៥០០ដុល្លារវិញ ហើយបើគ្មានលុយឲ្យទេ រូបគេនឹងបង្ខាំងយាយទុកដើម្បីឲ្យទៅរក លុយមកលោះ ។

ពេលឃើញទង្វើយ៉ាងដូច្នេះ នាង ផាន ស្រីអួយ ក៏បានទូរស័ព្ទប្រាប់ម្តាយនៅឯស្រុក លុះស្អែកឡើង ម្តាយក៏ធ្វើដំណើរ មកកាន់ផ្ទះរបស់កូនប្រសារ ដើម្បីធ្វើការចរចារកដំណោះស្រាយ តែបុរសឈ្មោះ សុខ ឆាង ដាច់ខាត នៅតែទាមទារលុយ ២៥០០ដុល្លារ បើមិន ព្រមយករូបគេធ្វើជាប្តី រួមរស់ជាមួយគេទេនោះ ។ ខណៈដែលបុរសឈ្មោះ សុខ ឆាង ទាមទារលុយ និងឃាត់យាយរបស់នាង មិនឲ្យចាកចេញពីផ្ទះ រូបនាង និងម្តាយដែលគ្មានលុយបង់ឲ្យក៏បាន ទៅសុំផ្ទះអ្នកជិតខាងដេក រហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ ស្រ្តីជាម្តាយឈ្មោះ ខេង លឿ ក៏បានពឹងពាក់អ្នកភូមិឲ្យជូន ទៅប្តឹង នគរបាលស្រុកកៀនស្វាយ ។ ក្នុងនោះខណៈដែលនគរបាលស្រុក និងប៉ុស្តិ៍បន្ទាយដែក ចុះទៅ ធ្វើការសាកសួរដល់ផ្ទះកើតហេតុ ស្រាប់តែបុរសឈ្មោះ សុខ ឆាង បានរត់គេចខ្លួនបាត់ទៅ ហើយស្រ្តី៣នាក់ ដែលជា ម្តាយ កូន និងយាយ ក៏នាំគ្នាធ្វើដំណើរទៅកាន់ស្រុកភូមិរបស់ខ្លួនវិញអស់ទៅ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ឃាត់ខ្លួន ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន ១៤ កញ្ចប់តូច

0
0

កណ្តាលៈ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ដោយបានរកឃើញថ្មាំញៀនមួយចំនួន នៅជាប់ និងខ្លួន ហើយបានបញ្ជូនយកទៅ សួរនាំ នៅថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង ២២ និង៣០ យប់ ចំណុច ផ្សារតាខ្មៅថ្មី ភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ជនសង្ស័យម្នាក់ ឈ្មោះ ជឿ សាន់នី ហៅ ឆៃលី ភេទប្រុស អាយុ២៩ឆ្នាំ ទីលំនៅបច្ចុប្បន្ន ផ្ទះជួល ភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ទីលំនៅអចិន្ត្រៃយ៍ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន) ។  រឹបអូសវត្ថុតាង ម្សៅក្រាម ពណ៌សថ្លា ចំនួន១៥កញ្ចប់តូច ស្មើនឹង១,៧៨ក្រាម ជាសារធាតុញៀនមេតំហ្វេតាមីន (Ice) សំភារៈវិចខ្ចប់ សំរាប់ចែកចាយមួយចំនួន ជញ្ជីងសមម្រាប់ ថ្លឹងថ្នាំញៀនចំនួន ០១ ទូរស័ព្ទដៃម៉ាក់ Samsung ពណ៌ខ្មៅចំនួន ០១គ្រឿង មួកប៉ារ៉ាយោធា ថ្នាក់វរសេនីយ៍ចំនួន០១។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១២  វេលាម៉ោង២២ និង ៣០នាទី កម្លាំងផ្នែកយុត្តិធម៌ បានដឹកនាំកម្លាំង សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលដើមមៀន និងតាក្តុល ធ្វើការ ចុះបង្ក្រាបមុខសញ្ញាចែកចាយ គ្រឿងញៀននៅចំណុចខាងលើ ដោយជនសង្ស័យ បានលាក់ទុកម្សៅ ក្រាមពណ៌ស ថ្លាសង្ស័យជាសារធាតុញៀន នៅក្នុងមួករបស់ខ្លួន ពាក់ជាប់នឹងក្បាលចំនួន ១១កញ្ចប់ បន្ទាប់មក កម្លាំងសមត្ថកិច្ច យើងបាន បញ្ជូនជនសង្ស័យ រួមទាំងវត្ថុតាង ខាងលើមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ។

លុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ វេលាម៉ោង ១០ព្រឹក កម្លាំងព្រហ្មទណ្ឌអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានសហការ ជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ប៉ុស្តិ៍ដើមមៀន ចៅសង្កាត់ មេភូមិ ដឹកនាំ ដោយលោកស្នងការរង ទទួលបន្ទុកគ្រឿងញៀន បានចុះឆែកឆេរផ្ទះជួលជនសង្ស័យ ដែលស្ថិត នៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល រកឃើញម្សៅក្រាមពណ៌សថ្លា សង្ស័យ ជាថ្នាំញៀនចំនួន ០៤កញ្ចប់តូច  ជញ្ជីងសម្រាប់ ថ្លឹងថ្នាំញៀនចំនួន ០១ និងសំភារៈវិចខ្ចប់ សម្រាប់ចែកចាយគ្រឿងញៀន មួយចំនួនបន្ថែមទៀត  បញ្ជូនមកអធិការដ្ឋានគរបាល ក្រុងតាខ្មៅ ដើម្បីកសាងសំណុំ រឿងតាមនីតិវិធី ៕


អ្នកពិនិត្យឈាម រកមេរោគ អេដស៍ នៅឃុំរកា កើនដល់ ៨៩៥នាក់ ខណៈតួលេខ នៃអ្នកផ្ទុក មានត្រឹម ១០៦ដដែល

0
0

បាត់ដំបង៖ គិតត្រឹមវេលាម៉ោង ៥៖៣០នាទីល្ងាច ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នេះ ចំនួនប្រជាពលរដ្ឋ មកពីឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដែលបានមកពិនិត្យឈាម រកមេរោគអេដស៍ បានកើនដល់ ៨៩៥នាក់ហើយ ប៉ុន្តែចំនួន ពលរដ្ឋ ដែលរកឃើញថាមានផ្ទុក មេរោគអេដសន៍ មិនមានការកើនឡើងទេ ដោយមានចំនួនត្រឹម ១០៦នាក់ ដដែល ដូចទៅនឹងតួលេខ កាលពីព្រឹកមិញ ។

លោក អឹម ចិត្រា ប្រធានការិយាល័យ ប្រតិបត្តិសុខាភិបាលស្រុកសង្កែ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលថា បន្ទាប់ពីរាប់តួលេខជាលើកទី២ នាល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នេះ ឃើញថា ចំនួនប្រជាពលរដ្ឋ ដែលមកពិនិត្យឈាម រកមេរោគអេដស៍ បានកើនឡើងច្រើន រហូតដល់ ៨៩៥នាក់ ប៉ុន្តែអ្នកពិនិត្យថ្មីនេះ មិនមាននរណា ត្រូវរកឃើញថា មានផ្ទុកមេរោគអេដស៍នោះទេ ។

តាមសន្នីសិទព័ត៌មាន ដែលរៀបចំដោយ អាជ្ញាធរ ខេត្តបាត់ដំបង និងមន្ទីរសុខាភិបាល ខេត្តបាត់ដំបង ដឹកនាំដោយលោក ប៊ុត គឹមស៊ាន អភិបាលរង ខេត្តបាត់ដំបង នៅព្រឹកមិញ បានឱ្យដឹងថា គិតត្រឹមម៉ោង១១៖៣០នាទី ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ ចំនួនប្រជាពលរដ្ឋឃុំរកា ដែលបានមកធ្វើតេស្តចំនួន ៧៧៥នាក់ ហើយក្នុងនោះពលរដ្ឋ ចាស់ក្មេង ចំនួន ១០៦នាក់ ត្រូវបានពិនិត្យឃើញថា មានឆ្លង មេរោគអេដស៍។

អាជ្ញាធរគ្រោងនឹងប្រកាស ពីតួរលេខរៀងរាល់២ដង ក្នុងមួយថ្ងៃ យ៉ាងណាក៏ដោយ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ ថ្ងៃស្អែក រដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង នឹងចុះទៅខេត្តបាត់ដំបងដោយផ្ទាល់ ដើម្បីធ្វើសន្និសិទ្ធកាសែត ជួបជនរងគ្រោះ នៅភូមិរកាឃុំរកា ដោយមានលោក ច័ន្ទ សុផល អភិបាលខេត្តចូលរួម និងមន្រ្តីពាក់ព័ន្ធជាច្រើន រូបទៀត៕

មេបញ្ជាកា រកងទ័ពថៃ ធ្វើទស្សនកិច្ច ២ថ្ងៃ នៅមីយ៉ាន់ម៉ា

0
0

បាងកក៖នៅព្រឹកថ្ងៃពុធនេះ មេបញ្ជាការ កងទ័ពថៃលោក Udomdej Sitabutr បានធ្វើការបំពេញ ទស្សនកិច្ចរយៈពេល ២ថ្ងៃ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបពិភាក្សា ស្ដីពីកិច្ចសហប្រតិបត្តិការ ទ្វេរភាគី ជាពិសេសក្នុងការ អភិវឌ្ឍន៍តំបន់ព្រំដែន និងការរត់ពន្ធគ្រឿងញៀន។

ទីភ្នាក់ងារសារព័ត៌មាន បាងកកប៉ុស្ដិ៍ ចេញផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ នេះឲ្យដឹងថា មុនពេលចេញ ដំណើរទៅកាន់ ទីក្រុងណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា នាយឧត្តមសេនីយ៍ Udomdej បាននិយាយថា កងកម្លាំងរបស់មីយ៉ាន់ម៉ា បាន អញ្ជើញរូបលោក ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ស្របពេលដែលរូបលោក នាពេលថ្មីៗនេះ ត្រូវបានតែងតាំងតំណែងជា មេបញ្ជាការកងទ័ពថ្មី។

នៅក្នុងដំណើរទស្សនកិច្ចនេះដែរ លោក នឹងជួបពិភាក្សាជាមួយនឹងបណ្ដាមេបញ្ជាការ កងទ័ពមីយ៉ាន់ម៉ា ដែលអ្នក ទាំងអស់គ្នានឹងពិភ្សា លើបញ្ហាព្រំដែន ដំណោះស្រាយដីកោះ រួមទាំងការរត់ពន្ធគ្រឿងញៀន ជាពិសេសគម្រោង អភិវឌ្ឍន៍រវាងភាគីទាំងពីរ ទីលើតំបន់ព្រំដែន និងការដាំដើមឈើឡើងវិញនៅតាម បន្ទាត់ព្រំដែនថៃ មីយ៉ាន់ម៉ា៕

មន្រ្តីយោធា កើតចិត្ត ប្រច័ណ្ឌ ប្រពន្ធចុង ទាញកាំភ្លើង បាញ់ស្លាប់ ទាំងម្តាយ និងកូនតូច

0
0

បាត់ដំបង៖ នៅវេលាម៉ោង៧៖៣០នាទី យប់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នេះ មានករណីឃាតកម្មដ៏សាហាវមួយ នៅភូមិភ្នំតូច ឃុំពេជ្រាដា ស្រុកភ្នំព្រឹក្ស ខេត្តបាត់ដំបង ដោយប្តីជាមន្រ្តីយោធាថ្នាក់អនុសេនីយ៍ម្នាក់ បានកើត ចិត្តប្រច័ណ្ឌ បាញ់សម្លាប់ប្រពន្ធចុង និងកូន រួចហើយ បាញ់សម្លាប់ខ្លួនឯង យ៉ាងអណោចអធម ។

លោក សុង សុភ័ក្រ អធិការនគរបាល ស្រុកភ្នំព្រឹក្ស បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឱ្យដឹងថា ២នាក់ ប្រពន្ធចុង និងកូន បានស្លាប់ ក្រោយពេលបញ្ជូន ដល់មន្ទីរពេទ្យ ភូមិភាគ៥សំពៅលូន ។ ចំណែកបុរសជាប្តី បានបាញ់ខ្លួនឯងស្លាប់តាមក្រោយ បន្ទាប់ពីដឹងថា ប្រពន្ធចុង របស់ខ្លួនឯងស្លាប់នៅមន្ទីរពេទ្យ ។

លោកអធិការរូបនេះ បានបន្ថែមថា បុរសជាប្តី មានឈ្មោះ  វិត ធី អាយុ៤៩ឆ្នាំ មានឋានៈអនុសេនីយ៍ទោ ដែលជាប្រធាន ផ្នែកប្រតិបត្តិការសឹករងស្រុកភ្នំព្រឹក្ស រស់នៅ កន្លែងកើតហេតុ ចំណែកប្រពន្ធចុង មានឈ្មោះ សុខ បញ្ហា អាយុ២៧ឆ្នាំ ត្រូវគ្រាប់កាំភ្លើងចំទ្រូង ហើយកូនស្រីឈ្មោះ ចាន់ណា អាយុទើបតែ ៣ឆ្នាំ ប៉ុណ្ណោះ ក៏ត្រូវគ្រាប់កាំភ្លើងនៅក្រោមឃ្លៀក ខាងស្តាំ។

បើតាមការឱ្យដឹងពីប្រជាពលរដ្ឋ ដែលជាញាតិជិតខាង របស់ជនរងគ្រោះ បានឱ្យដឹងថា ប្តីប្រពន្ធទាំងពីរនេះ មានទំនាស់ នឹងគ្នា ចំនួន២-៣ថ្ងៃមកហើយ ទើបនឹងថ្ងៃពុធនេះ ប៉ុណ្ណោះ ដែលពួកគេ មានទំនាស់ពាក្យសម្តីខ្លាំង ព្រោះតែប្តីប្រច័ណ្ឌប្រពន្ធ ដែលមានទំនាក់ទំនង ជាមួយបុរសផ្សេង ។

យ៉ាងណាក៏ដោយនេះ គ្រាន់តែជាការលើកឡើង របស់ប្រជាពលរដ្ឋ ដោយឡែកសមត្ថកិច្ច មិនទាន់ហ៊ានបញ្ជាក់ តាមការអះអាង របស់ប្រជាពលរដ្ឋ នេះ នៅឡើយទេ ។ ករណីនេះ សមត្ថកិច្ច បានរកឃើញកាំភ្លើង K54 មួយដើម ដែលប្តីជាមន្រ្តីយោធា ប្រើប្រាស់ ដើម្បីសម្លាប់ ប្រពន្ធ និង កូនខ្លួនឯង ផងដែរ៕

ក្មេងប្រុស២នាក់ លុងទឹកប្រឡាយ ស្លាប់ទាំងពីរនាក់ ក្រោយឪពុក ទៅចំការបាត់

0
0

កណ្តាលៈ ក្មេងប្រុស២នាក់ បានលង់ទឹកស្លាប់ បន្ទាប់ពីចុះទៅលេងទឹកក្នុងប្រឡាយ នៅចំណុច ប្រឡាយ លេខ៦៣ ភូមិកំពង់ទួល ឃុំអន្លុងរមៀត ស្រុកកណ្ដាលស្ទឹងខេត្តកណ្តាល ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤។

ក្មេងប្រុសរងគ្រោះមាន ឈ្មោះថន ចំរ៉ុង ភេទប្រុស និង ឈ្មោះថន ថារដ្ឋ ភេទប្រុស អាយុ៦ឆ្នាំ រស់នៅភូមិខាងត្បូង ឃុំអន្លុងរមៀត ស្រុកកណ្ដាលស្ទឹង មានឪពុកឈ្មោះ អន សុភក្រា អាយុ៣៣ឆ្នាំ ម្ដាយឈ្មោះចាន់ ស្រីមុំ អាយុ៣៤ឆ្នាំ ។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុ ១៣និង៣០នាទី ក្មេងរងគ្រោះទាំង២នាក់ បានដើរមកលេងផ្ទះតា ឈ្មោះអុ៑ក ផន អាយុ៧១ឆ្នាំ ពិការមួយចំហៀងខ្លួន និងយាយឈ្មោះពូន សុគន្ធ អាយុ៦៣ឆ្នាំ ដោយឪពុករបស់បានលួងកូន អោយដេកនៅលើផ្ទះយាយតា រួចខ្លួនក៍ទៅធ្វើការ ដាំកូនឈើអោយគេ នៅភូមិកំពង់ទួល ឃុំអន្លង់រមៀត។ ចំណែក យាយ របស់ក្មេងក៍បានទៅជួយ ចំហុយនំអាកោ អ្នកភូមិ ពេលក្មេងរងគ្រោះ ទាំង២នាក់ ភ្ញាក់ពីដេក ក៏មកសុំលុយតា ចំនួន៥០០រៀល តែតាគ្មានលុយ ក្មេងរងគ្រោះ បាន ដើរលេងបាត់  លុះដល់វេលាម៉ោងកើតហេតុខាងលើ ក្មេងរងគ្រោះទាំង២នាក់ ក៏ចុះទៅមុជទឹកក្នុងប្រឡាយ បណ្ដាលអោយលុងទឹកស្លាប់តែម្តង។

 បន្ទាប់ពីធ្វើការពិនិត្យទៅលើសពក្មេងរងគ្រោះ កម្លាំងសមត្ថកិច្ច  សន្និដ្ឋានថា ថាពិតជាស្លាប់ ដោយសារ លង់ទឹកពិតប្រាកដមែន ហើយមន្ត្រីជំនាញ ក៍ប្រគល់សពក្មេងរងគ្រោះ អោយទៅឳពុកម្ដាយ ធ្វើបុណ្យតាមប្រពៃណី៕

នគរបាលក្រុង សិរីសោភ័ណ ច្បាមមុខសញ្ញា ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន៣នាក់ ដកហូតវត្ថុតាង មួយចំនួន

0
0

បន្ទាយមានជ័យ ៖ ប្រតិបត្តិការ ដូចភ្លៀងរលឹម នៃការបង្ក្រាបករណី គ្រឿង ញៀន ក្នុងខេត្តបន្ទាយមានជ័យ បានធ្វើឡើង ជាបន្តបន្ទាប់ កម្លាំង នគរបាលតាម ការិយាល័យ ប្រឆាំងគ្រឿងញៀន និងនគរបាល តាមបណា្ត ស្រុកក្រុង ក្រោមបទបញ្ជា ដ៏ម៉ឺងម៉ាត់របស់ស្នងការ នគរបាលខេត្ត ធ្វើយ៉ាងណា កាត់បន្ថយ និងលុបបំបាត់ ជំងឺដ៏គ្រោះសហាវមួយនេះ កាន់តែថយទៅៗ នៅក្នុងសង្គមកម្ពុជា ។

ជាក់ស្តែង នៅល្ងាចថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ នេះ កម្លាំងនគរបាល ជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាល ក្រុងសិរីសោភ័ណ បានបង្ក្រាប និងឃាត់ខ្លួន ជនសង្ស័យ៣នាក់ ជាប់ពាក់ព័ន្ធ សកម្មភាព ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ព្រមទាំងដកហូតវត្ថុតាង មួយចំនួនផងដែរ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ក្រុងសិរីសោភ័ណ បានថ្លែង ឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ត្រូវបានចាប់ខ្លួន ជាបន្ត បន្ទាប់ ក្នុងនោះ ២នាក់ ឃាត់ខ្លួន បាននៅចំណុច ភូមិភ្នំបាក់ សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ជាមុខសញ្ញាជួញដូរ រួមមាន ទី១-ឈ្មោះ ភុំ គឹមហេង ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅ ភូមិភ្នំបាក់ សង្កាត់ទឹកថ្លា និងទី២-ឈ្មោះ ថោង ចំរុង ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅ ភូមិគោកផ្នៅ ឃុំបន្ទាយនាង ស្រុកមង្គលបូរី ។

មន្រ្តីនគរបាល ដដែល បានបន្តទៀតថា ក្រោយការឃាត់ខ្លួន ជនសង្ស័យទាំង២នាក់ រួចមក ស្នងការនគរបាល ខេត្តលោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាឲ្យធ្វើការស្រាវជ្រាវ និងសួរនាំ ដើម្បីបន្តចាប់ខ្លួន ជនសង្ស័យ ទាំងជាប់ពាក់ព័ន្ធ ផ្សេងទៀត ។ ក្រោយការសួរនាំរួចមក អធិការនគរបាល ក្រុងសិរីសោភ័ណ លោក ស៊ីវ សុជាតិ និងលោកអធិការរង អ៊ុង អឿន បានបន្តទៅឃាត់ខ្លួន ជនសង្ស័យម្នាក់ទៀត ដែលជាមុខសញ្ញា ប្រើប្រាស់គ្រឿងញៀន។

ជនសង្ស័យទី៣ ដែលត្រូវឃាត់ខ្លួនចុងក្រោយ នេះមានឈ្មោះ មុត ប្រុស ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅ ភូមិកំប៉ោល ឃុំកំប៉ោល ស្រុកព្រះនេត្រព្រះ។ តាមការបញ្ជាក់ ពីមន្រ្តីនគរបាលខាងលើ ក្រោយការចាប់ខ្លួន ជនសង្ស័យ ទាំង៣នាក់ កម្លាំងសមត្ថកិច្ច បានដកហូត ថ្នាំម្សៅពណ៌ស ថ្លាក្រាម១ ថង់ ជំទង់ ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន២ ទូរស័ព្ទដៃចំនួន ៥គ្រឿងព្រមទាំង សំភារៈ សំរាប់ជក់ និងច្រកថ្នាំមួយចំនួនទៀតផងដែរ។

បច្ចប្បន្ន ជនសង្ស័យ ទាំង៣នាក់ ត្រូវបានបញ្ជូនយកទៅសួរនាំនិងឃុំខ្លួន ជាបណ្តោះ អាសន្ន នៅអធិការដ្ឋាន នគរបាល ក្រុងសិរីសោភ័ណ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់ តុលាការចាត់ការតាមផ្លូវច្បាប់ ។ ស្នងការ នគរបាល ខេត្តបន្ទាយមានជ័យ បានបង្ហាញការប្តេជ្ញាចិត្ត លើការបង្ក្រាបករណីជួញដូរ ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន នៅក្នុងខេត្តកាន់តែខ្លាំងឡើង ដើម្បីលុបបំបាត់ ឃាតកឈាមត្រជាក់មួយនេះ ដែលអាចបំផ្លាញ សង្គម ជាតិទាំងមូលតែម្តង៕

នគរបាល ខេត្តកំពង់ធំ ចាប់ជនត្រូវចោទ២នាក់ តាមដីកា របស់តុលាការ

0
0

កំពង់ធំ ៖ កម្លាំងនគរបាល ព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ធំ សហការ ជាមួយកម្លាំង នគរបាលតាម បណ្តាស្រុក គឺស្រុកកំពង់ស្វាយ និងស្រុកបារាយណ៍ បានធ្វើការស្រាវជ្រាវ ហើយឈានទៅ ដល់ការឃាត់ខ្លួន ជនត្រូវចោទ២នាក់ក្នុងករណី២ផ្សេងពីគ្នា ។

មន្រ្តីនគរបាល ព្រហ្មទណ្ឌ ខេត្តកំពង់ធំ បានថ្លែងឲ្យដឹងថា ដោយអនុវត្តតាមដីកា បញ្ជាឲ្យចាប់ខ្លួននោះ កម្លាំងនគរបាល ពាក់ព័ន្ធ បានចុះទៅធ្វើការស៊ើបអង្កេត ហើយឈាន ទៅដល់ការ ឃាត់ខ្លួន ជនត្រូវចោទ ពីបទលួចម្នាក់ ឈ្មោះ ហួត ចំរើន អាយុ ៣២ឆ្នាំ រស់នៅភូមិនីពេជ ខ ឃុំនីពេជ ស្រុកកំពង់ស្វាយ និងជនត្រូវ ចោទពី បទឆបោកម្នាក់ទៀត ឈ្មោះ ចិន អឿន អាយុ៣៧ឆ្នាំ រស់នៅ ភូមិសំពៅលូន ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤នេះ។

មន្រ្តីនគរបាល បានបញ្ជាក់ទៀត ក្រោយទទួលបានដីកា ពីតុលាការ រួចហើយនោះ ស្នងការនគរបាល ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ ជូ សំអាន បានបញ្ជាឲ្យកម្លាំង នគរបាលជំនាញ ព្រហ្មទណ្ឌ តាមការិយាល័យនិងកម្លាំង នគរបាល តាមបណ្តា ស្រុកទាំងនោះ រួមដៃគ្នា ធ្វើការស្រាវជ្រាវ ដើម្បី តាមចាប់ ជនទាំងនេះ បញ្ជូនទៅកាន់ តុលាការចាត់ការ បន្តតាមផ្លូវច្បាប់ ។

ក្រោយការចាប់ខ្លួន ជនត្រូវចោទទាំង២នាក់ ត្រូវបានឃុំខ្លួន នៅស្នងការដ្ឋាន នគរបាល ខេត្តកំពង់ធំ ជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ។ ស្នងការនគរបាល ខេត្តកំពង់ធំ បានថ្លែង បញ្ជាក់ថា កម្លាំងនគរបាល របស់លោក បាននិងកំពុងបន្តត្រួតពិនិត្យ មើលរាល់ដីកា របស់តុលាការ ដែលបានប្រកាសចេញ ជាផ្លូវការ ដើម្បីអនុវត្ត និងតាមចាប់ ជនត្រូវចោទទាំងនោះ មិនឲ្យរួចពីសំណាញ់ ច្បាប់នោះឡើយ៕

នគរបាល ស្រុកបារាយណ៍ បន្តរៀបចំវេទិកា សាធារណៈ ភូមិឃុំមាន សុវត្ថិភាព

0
0

កំពង់ធំ ៖ ដើម្បីបន្តអនុវត្ត និងបង្កើនការ យល់កាន់តែខ្លាំង ជូនដល់ ប្រជា ពលរដ្ឋ តាមមូលដ្ឋាន លើកគោលនយោបាយ ភូមិឃុំមានសុវត្ថិភាព លក្ខណៈ សម្បត្តិទាំង៩យ៉ាងនោះ នគរបាលខេត្តកំពង់ធំ បានបន្តរៀបចំ វេទិកា សាធារណៈ ជាបន្តបន្ទាប់ តាមបណ្តា ស្រុកក្រុង តាមរយះការអញ្ជើញ ឲ្យប្រជាពលរដ្ឋ ចូលរួម ស្តាប់ និងលើកឡើង នូវបញ្ហាក៏ដូចជា យោបល់ ផ្សេងៗ ក្នុងគោលបំណង ឲ្យថ្នាក់ដឹកនាំជួយដោះស្រាយជូន ។

មន្រ្តី នគរបាលខេត្តកំពង់ធំ បានថ្លែងឲ្យដឹងថា សម្រាប់អធិការដ្ឋាន នគរបាល ស្រុកបារាយណ៍ មន្រ្តីនគរបាល បានអនុវត្ត គោលនយោបាយ ភូមិឃុំ មានសុវត្ថិភាព និងធ្វើវេទិកាសាធារណៈ ជាមួយប្រជាពលរដ្ឋ១លើក នៅ ឃុំគគីរធំ ដោយមានអ្នកចូលរួម៦៦នាក់ ក្នុងនោះស្រី២៦នាក់ ។ មន្រ្តី នគរបាល បានបន្តទៀតថា នៅក្នុង វេទិកាសាធារណៈ ខាងលើនេះ មន្រ្តី នគរបាល របស់យើង បានពន្យល់នូវលក្ខណៈសម្បត្តិទាំង៩យ៉ាង ដែលធ្វើឲ្យ ភូមិឋាន មានសុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អ សម្រាប់ការរស់នៅ និងរកស៊ី ប្រកបដោយ ភាពជឿជាក់ និងមិនមានការភ័យខ្លាច។

មន្រ្តីនគរបាលដដែល បានបញ្ជាក់ថា សម្រាប់យុទ្ធនាការនេះ ស្នងការនគរបាល ខេត្តកំពង់ធំ លោកឧត្តមសេនីយ៍ ជូ សំអាន បានធ្វើការណែនាំដល់ នគរបាល ទាំងអស់ ត្រូវបង្កើន សកម្មភាពមួយនេះ ដល់ទីជនបទ ដើម្បីឲ្យប្រជាពលរដ្ឋ ទាំងនោះ កាន់តែចូលរួម សហការជាមួយ សមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន លើការទប់ស្កាត់ បទល្មើសផ្សេងៗ ។

ជាមួយគ្នានេះ សមត្ថកិច្ច ក៏បាន ពេញបែបបទ ធ្វើអត្តប័ណ្ណ សញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋបានចំនួន២២៦នាក់ ប្រុស១០៩នាក់នៅតាម ស្រុកក្រុងផងដែរ។ ដោយឡែក សម្រាប់ការងារ ចុះល្បាតវិញ កម្លាំងនគរបាល ចេញល្បាតរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងភូមិសាស្ត្រ របស់ខ្លួន និងបន្តចុះរឹតបន្តឹង អនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក តាមស្រុកក្រុង ជាប្រចាំផងដែរ៕


សម្តេចតេជោ៖ តម្លៃប្រេងលើទី ផ្សារអន្តរជាតិ ធ្លាក់ចុះនឹងធ្វើ ឲ្យប្រេងនៅកម្ពុជា ធ្លាក់ចុះបន្តទៀត

0
0

ភ្នំពេញ ៖ ប្រមុខរាជ រដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាពេលបច្ចុប្បន្ន តម្លៃប្រេង នៅលើទីផ្សារអន្តរជាតិ បានធ្លាក់ចុះដែល ជាហេតុនឹងធ្វើ ឲ្យប្រេងសាំង នៅកម្ពុជា នឹងបន្តធ្លាក់ចុះទៀត។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ដែលទើប តែបញ្ចប់ ការសិក្សា នៅសកលវិទ្យាល័យភូមិន្ទ ចំការដូងនៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះ ថា ទោះបីជាតម្លៃ ប្រេងនៅលើពិភពលោកធ្លាក់ចុះ ប៉ុន្តែ អូប៉ីច(OPEC)មិនបន្ថយក្នុងការផលិត ឡើយ។

សម្តេចបញ្ជាក់ថា «ប្រសិនបើស្ថានភាពតម្លៃប្រេងបន្តធ្លាក់ចុះបានន័យថា តម្លៃប្រេង នៅលើទីផ្សារ អន្តរជាតិ នឹងមានការធ្លាក់ចុះ ហើយក៏ត្រូវតម្រូវឲ្យ ទីផ្សារក្នុងស្រុក យើងធ្លាក់ចុះដែរ»។

ទាក់ទងនឹងបញ្ហានេះដែរសម្តេចតេជោ ហ៊ុន សែន បានឲ្យលោកឧបនាយកររដ្ឋមន្រ្តី គាត ឈន់ ដែលជាអតីតរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ត្រូវពិនិត្យមើលតម្លៃប្រេងនេះ។

នាយករដ្ឋមន្រ្តីបានបន្ថែមថា មានមតិមួយចំនួនបានលើកឡើងថា តម្លៃប្រេងនៅ លើទីផ្សារ អន្តរជាតិ មានការធ្លាក់ចុះហេតុអ្វីបាន ជាតម្លៃប្រេងនៅកម្ពុជា មិនទាន់ធ្លាក់តម្លៃ ដោយសារតែ ក្រុមទាំងនោះ នៅពេលដែលទិញប្រេងមកគឺមានតម្លៃថ្លៃ ទើបបានជាគេនៅ បន្តលក់រហូតដល់អស់ប្រេង។

បើតាមសម្តេចមានក្រុមហ៊ុនប្រេង៣ នៅកម្ពុជាស្រួលនិយាយគ្នាគឺហៅមកប្រជុំគ្នា ចុះតម្លៃភ្លាម ប៉ុន្តែក្រុម ហ៊ុនក្រៅស្រុក២មានការលំបាកចុះ បន្តិចដោយសារតែត្រូវ សុំយោបល់ពីមេដែលមួយនៅបារាំង និងមួយទៀតនៅអាម៉េរិក។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះក្រុមហ៊ុនប្រេងឥន្ទនៈ នៅកម្ពុជាចំនួន៧ បានបញ្ចុះតម្លៃ ធ្វើឲ្យប្រជាពលរដ្ឋខ្មែរ នៅទូទាំងប្រទេសមានការ សប្បាយរីករាយជាខ្លាំង ដែលជាហេតុធ្វើឲ្យកាត់បន្ថយការចំណាយ៕

UN ៖ កម្ពុជា​ជា​ប្រទេស​គំរូ​ចំពោះ​ពិភពលោក ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​នៃ ​អង្គការ​សហ​ប្រជាជាតិ

0
0

ភ្នំពេញ៖ អង្គការសហប្រជាជាតិ ដែលហៅកាត់ថា UN បានចាត់ទុកប្រទេសកម្ពុជា ជាប្រទេសគំរូលើសកលលោក ចំពោះបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ ហើយថាប្រទេសដ៏តូចនេះ បានបញ្ជូនកងទ័ពមួកខៀវរបស់ខ្លួន ជាងពីរពាន់នាក់ហើយ ចាប់តាំងពី២០០៦ មករហូតមកដល់ពេលបច្ចុប្បន្ននេះ។

ថ្លែងចំពោះមុខអគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ប៉ុល សារឿន និងនាយទាហាន ពលទាហាន ព្រមទាំងកងទ័ពមួកខៀវជាច្រើននាក់ ក្នុងកម្មវិធីជូនដំណើរកងអនុសេនាធំ វិស្វកម្មលេខ ៦៣៩ ជិតពីររយនាក់ ទៅកាន់ប្រទេសលីបង់នាថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះ អ្នកស្រី Claire Van der vaeren អ្នកសម្របសម្រួលអង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជាលើកឡើងថា តាមរយៈការចូលរួមចំណែក ក្នុងបេសកកម្មរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិនេះ បានធ្វើឲ្យប្រទេសកម្ពុជាក្លាយជាប្រទេសគំរូមួយ សម្រាប់ពិភពលោក។ ដូច្នេះអង្គការសហប្រជាជាតិ សូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជាក្នុងការចូលរួមចំណែក បង្កើតឲ្យមានសន្តិភាពដល់ បណ្តាប្រទេសផ្សេងៗទៀតនៅលើពិភពលោកនេះ។

អ្នកស្រីបានបន្តថា ប្រទេសកម្ពុជា ជាប្រទេសធ្លាប់ពឹងពាក់ អង្គការសហប្រជាជាតិ ឲ្យជួយកាលពីកំឡុងទសវត្សរ៍ឆ្នាំ១៩៩៣ ប៉ុន្តែនាពេលបច្ចុប្បន្នេះកម្ពុជា បានក្លាយទៅជា ប្រទេសមានភាពល្បីល្បាញ ក្នុងការជួយរក្សាសន្តិភាពលើពិភពលោកទៅវិញ។

នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ បានមានប្រសាសន៍ក្នុងកម្មវិធីជូនដំណើរនោះថា កងទ័ពដែលកម្ពុជានឹងបញ្ជូនទៅកាន់ប្រទេសលីបង់នេះ គឺជាសមិទ្ធផលប្រវត្តិសាស្រ្តថ្មីមួយទៀត លើសមិទ្ធផលនានាដែល កងយោធពលខេមរភូមិន្ទសម្រេចបាន លើវិស័យរក្សាសន្តិភាពចាប់តាំងពីឆ្នាំ២០០៦មក។ នាយឧត្តមសេនីយ៍បានបន្តថា សមិទ្ធផលនេះបានឆ្លុះបញ្ចាំងពីឆន្ទះដ៏មុះមុត របស់រាជរដ្ឋាភិបាលក្នុងការបន្តចូលរួម គាំទ្រវិស័យសន្តិភាពមនុស្សធម៌ ដើម្បីស្វែងរកសុខសន្តិភាព ភាពសុខដុមរមនា និងសុខមាលភាពជូនដល់ប្រជាជននៃ បណ្តាប្រទេសលើពិភពលោកនេះ។

សូមរំលឹកថាចាប់តាំងពីឆ្នាំ២០០៦ មករហូតដល់នាពេលបច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជូនកងទ័ពរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ បានចំនួន ១៤លើក ស្មើនឹងជាងពីរពាន់នាក់ ហើយទៅកាន់ប្រទេសចំនួនប្រាំពីរ ដូចជាប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្វ្រិកកណ្តាល លីបង់ ស៊ីរី ឆាត់និងម៉ាលីជាដើម។

ទាហានមួកខៀវដែលកម្ពុជា បានបញ្ជូននោះគឺសុទ្ធតែ ធ្វើការបណ្តុះបណ្តាលជំនាញជាច្រើន ដូចជាការដោះមីន វិស្វកម្ម ពេទ្យ និងដឹកជញ្ជូនជាដើម ហើយពួកគេត្រូវបានធ្វើការបណ្តុះបណ្តាល ដោយខ្លួនឯងពាក់កណ្តាល និងពាក់កណ្តាលទៀត ត្រូវបានប្រទេសជាមិត្ត ដូចជាប្រទេសជប៉ុន ចិន អាម៉េរិក បារាំង អូស្រ្តាលី និងប្រទេសឥណ្ឌា បានជួយ។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិ គ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព តែងតែប្រាប់អ្នកសារព័ត៌មានថា អង្គការសហប្រជាជាតិ នៅតែត្រូវការប្រទេសកម្ពុជា ជាដរាបសម្រាប់ឲ្យជួយអន្តរាគមន៍លើពិភពលោក ពីព្រោះថាអង្គការនេះ បានចាត់ទុកថាប្រទេសកម្ពុជា បានមានបទពិសោធន៍ច្រើនលើផ្នែកនេះជាច្រើន ហើយក៏មានគ្រូបង្វឹកសុទ្ធ តែប្រទេសមហាអំណាចធំៗថែមទៀតផង៕

សម្តេចតេជោ ហ៊ុន សែន បញ្ជាឲ្យ ការពារសុវត្ថិភាព គ្រួសារគ្រូពេទ្យដែល ចំលងជំងឺ អេដស៍ ទៅអ្នកស្រុក

0
0

ភ្នំពេញ៖ ក្នុងគ្រាដែលប្រជាពលរដ្ឋនៅឃុំរកាស្រុកសង្កែ ក្នុងខេត្តបាត់ដំបង បានកើតជំងឺ អេដស៍ ជាបន្តបន្ទាប់ រហូតដល់ជាង១០០នាក់ ដោយសារតែ ការចំលងមេរោគ ពីគ្រូពេទ្យ ភូមិនោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃប្រទេសកម្ពុជា បានបញ្ជាឲ្យ អាជ្ញាធរមាន សមត្ថកិច្ចត្រូវការពារ សុវត្ថិភាពក្រុមគ្រួសាររបស់គ្រូពេទ្យ ឲ្យបានល្អ ខណៈសម្តេចមិនទាន់ ជឿអំពីការចំលងមេរោគដ៏កាចសាហាវមួយនេះ។

សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ ក្នុងពិធីចែកសញ្ញាបត្រ ដល់និស្សិតសកល វិទ្យាល័យ ភូមិន្ទចំការដូងព្រែកលាភ នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤ថា សូមអំពាវនាវឲ្យកុំ ឲ្យអ្នកស្រុកមានការតក់ស្លុតអំពីករណីនេះ ហើយត្រូវរក្សាភាពស្ងប់ស្ងៀម។

សម្តេចនាយករដ្ឋមន្រ្តីបន្តថា «ទាមទារឲ្យការពារសុវត្ថិភាពគ្រូពេទ្យនិងក្រុមគ្រួសារ គ្រូពេទ្យ សូមអំពាវនាវដល់ប្រជាពលរដ្ឋនៅទីនោះ តិចថា ឃើញគាត់ ទៅវ៉ៃសម្លាប់គាត់ ។សុវត្ថិភាព របស់គាត់ជារឿងសំខាន់ណាស់ ដើម្បីផ្តល់ក្នុងការស្រាវជ្រាវមួយពិតប្រាកដ ហើយសួរគាត់ថា ១០៦នាក់នេះ ចេញពីការព្យាបាល របស់គាត់ទាំងអស់ឬយ៉ាងម៉េច សិក្សាមិនទាន់ គ្រប់ជ្រុងជ្រោយទេ ពិបាកជឿដែរ ត្រូវតែសហការគ្នា»។

សម្តេចនាយកបន្ត រហូតមកដល់ពេលនេះ គ្រប់ភាគីពាក់ព័ន្ធដែលមាន ទាំងតំណាង អង្គការ សុខភាពពិភពលោក រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង និងវិទ្យាស្ថានប៉ាស្ទ័រ បានទៅដល់កន្លែងកើតជំងឺដោយផ្ទាល់ហើយ ហើយត្រូវសហការគ្នា ក្នុងការស្រាវជ្រាវ រក មូលហេតុច្បាស់លាស់ បើសិនជារឿងនេះ កើតឡើងមែនគឺធ្ងន់ធ្ងរខ្លាំងណាស់។

សម្តេចបន្តថា ៩៩ភាគរយ គឺសម្តេចមិនទាន់ជឿថា អ្នកស្រុកកើតជំងឺនោះឡើយ ព្រោះមិន ទាន់ដឹងពីមូលហេតុពិតប្រាកដពីការចម្លងមេរោគនេះ ហើយរហ័សពេក។

សម្តេចបានបញ្ជាក់ថា «ខ្ញុំនៅតែមិនជឿ អត់ជឿព្រោះថាគ្រូពេទ្យចម្លង ហើយអាវិធី ចម្លង គឺវាចម្លងរបៀបម៉េច យើងសាកល្បងគិតជាមួយគ្នាមើល ចឹងមានតែគាត់កើតអេដស៍មុន ទៅចាក់ថ្នាំគេ គឺគាត់ចាក់ខ្លួនគាត់សិន ហើយទៅចាក់ ប៉ុន្តែដូចជាទៅមិនរួច ដូចជាមិនទំនង សោះ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៦ ខែធ្នូ មានករណីភ្ញាក់ផ្អើលមួយកើតឡើង នៅឃុំរការ ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានគ្រូពេទ្យម្នាក់ឈ្មោះ យ៉ែម ជ្រិន អាយុ៤៨ឆ្នាំ ជាគ្រូពេទ្យ ប្រចាំភូមិ បានចម្លងមេរោគអេដស៍ ទៅប្រជាពលរដ្ឋជាបន្តបន្ទាប់ ដែលរហូតមកដល់ថ្ងៃទី១៨ ធ្នូនេះ មានចំនួន១០៦នាក់ ហើយដែលបានឆ្លងជំងឺ មានទាំងចាស់អាយុជាង៨០ឆ្នាំ ទាំងក្មេងអាយុ២ឆ្នាំក៏មាន៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

នាយករដ្ឋមន្ត្រី មិនទាន់ជឿថា មានករណីឆ្លងជំងឺ អេដស៍នៅ ឃុំរកា

0
0

ភ្នំពេញ : សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះ បានប្រកាសថា រឿងនៃការឆ្លង មេរោគអេដស៍ លើអ្នកភូមិចំនួន១០៦នាក់ នៅឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង សម្តេចនៅ មិនទាន់ជឿនៅឡើយទេ រហូតដល់ ៩៩ភាគរយ ។

នៅចំពោះមុខនិស្សិតជ័យលាភី នៃសាកលវិទ្យាល័យ ភូមិន្ទកសិកម្មចំការដូង នាព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា វាជារឿងនៅមិនទាន់ជឿនោះទេ ការដែលប្រជាពលរដ្ឋ ១០៦នាក់ ក្នុងចំណោម ជាង៨០០នាក់ ឆ្លង ជំងឺអេដស៍ មានទាំងក្មេងអាយុ ២ឆ្នាំ និងចាស់អាយុដល់៨០ឆ្នាំ។ សម្តេចក៏បានអំពាវនាវដល់ ប្រជាពលរដ្ឋនៅ តំបន់ នោះ រក្សាភាពស្ងប់ស្ងាត់ ហើយក៏អំពាវនាវដល់កងកម្លាំង ប្រដាប់អាវុធទាំងអស់ ត្រូវការពារសុវត្ថិភាពគ្រូពេទ្យភូមិ ដែលប្រជាពលរដ្ឋចោទថា ជាអ្នកចម្លងមេរោគអេដស៍ ពីព្រោះបើប្រជាពលរដ្ឋផ្ទុះហិង្សា ហើយឈានទៅ ការវាយ សម្លាប់ក្រុមគ្រួសារ ក៏ដូចជាគ្រូពេទ្យនោះ ច្បាស់ជាធ្វើឲ្យបាត់ដានជាក់ជាមិនខាន ។

សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងទៀតថា ឥឡូវនេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល អង្កការសុខភាពពិភពលោក និង មន្ត្រីបច្ចេកទេសនៅ ប៉ាស្ទ័រ កំពុងទៅកាន់តំបន់នោះ ដើម្បីធ្វើការស្រាវជ្រាវ និងតាមដានសារជាថ្មីឡើងវិញ ៕

ព្រះមហាក្សត្រខ្មែរ អញ្ជើញប្រធានរដ្ឋ វៀតណាម មកទស្សនកិច្ច នៅកម្ពុជាពីរថ្ងៃ

0
0

ភ្នំពេញ៖ លោក ជ្រឿង តឹងសាង ប្រធានរដ្ឋ នៃសាធារណរដ្ឋ សង្គមនិយមវៀតណាម នឹងដឹកនាំគណៈប្រតិភូ  ជាន់ខ្ពស់របស់ខ្លួន មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជាចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០១៤ តបតាមការ  អញ្ជើញរបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះថា ដំណើរទស្សនកិច្ចពីរ ថ្ងៃនៅកម្ពុជា ប្រមុខរដ្ឋវៀតណាម លោក ជ្រឿង តឹងសាង នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេច  ព្រះបរមនាថ នរោត្តម សីហមុនី។

ប្រមុខរដ្ឋវៀតណាមរូបនេះ ក៏នឹងចូលជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា, សម្តេច ហេង  សំរិន ប្រធានរដ្ឋសភា, លោក សាយ ឈុំ អនុប្រធានទី១ ព្រឹទ្ធសភា ហើយលោកក៏នឹងចូលថ្វាយបង្គំព្រះអគ្គម  ហាសង្ឃរាជាធិបតី ទេព វង្ស ព្រះមហាសង្ឃរាជគណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ធា មហាសង្ឃរា  ជាធិបតី បូរ គ្រី ព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយផងដែរ។

បើតាមសេចក្តីជូនព័ត៌មាននេះ កម្ពុជា និង សាធារដ្ឋសង្គមនិយមវៀតណាម នឹងចេញសេចក្តីថ្លែងការណ៍រួមគ្នា  នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចរបស់លោក ជ្រឿង តឹងសាង៕

Viewing all 8042 articles
Browse latest View live


Latest Images