Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

នគរបាល ក្រុងប៉ោយប៉ែត ឃាត់ខ្លួនអ្នកជួញដូរ គ្រឿងញៀនម្នាក់

0
0

បន្ទាយមានជ័យ ៖ កំលាំងនគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន សហការជា មួយកំលាំង អធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែត បានចុះបង្ក្រាបករណី ជួញដូរគ្រឿងញៀនមួយ កន្លែងនៅចំណុច បរិវេណកា ស៊ីណូផ្កាប្រាំ ស្ថិតក្នុងភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមាន ជ័យឃាត់ខ្លួន ជនសង្ស័យបានម្នាក់ ។

លោក ធិន ស៊ិនដេត នាយការិយាល័យ ប្រឆាំងគ្រឿងញៀន បានប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល តាមរយៈទូរសព្ទ នៅព្រឹកថ្ងៃទី២៨ ខែធ្នូឆ្នាំ២០១៤ថា ករណីចុះ បង្ក្រាបនេះ បានធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ វេលាម៉ោង ២០និង៤០នាទី ជនសង្ស័យ មានឈ្មោះ ប្រាក់ ឌីម៉ង់ ភេទប្រុស អាយុ៣០ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករ មានស្រុក កំណើតនៅភូមិពាមប្រធ្នោះ ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម ។ ទីលំនៅបច្ចុប្បន្ន មិនពិតប្រាកដ នៅក្រុងប៉ោយប៉ែត្រ ។

វត្ថុតាំងនិងសំភារៈ ដែលចាប់បានរួមមាន ៖ថ្នាំប្រភេទ ម្សៅក្រាមពណ៌ស ចំនួន៧កូនថងតូច ទូរស័ព្ទដៃ១គ្រឿង ម៉ាកណូគាពណ៌ខ្មៅ (ចុចពិល) ៕


គេហទំព័រសំខាន់ៗ របស់កូរ៉េខាងជើង បន្តរអាក់រអួល ឈានដល់ថ្ងៃទី៦

0
0

សេអ៊ូល៖ គេហទំព័រសំខាន់ៗ របស់កូរ៉េខាងជើង បានទទួលរងនូវការរំខាន នៅថ្ងៃអាទិត្យ សម្រាប់រយៈពេល ៦ថ្ងៃជាប់ៗគ្នា បន្ទាប់ពីរដ្ឋាភិបាល ក្រុងវ៉ាស៊ីនតោន បានព្រមាន ចំពោះសកម្មភាព របស់កូរ៉េខាងជើង ដែលត្រូវបានគេចោទថា បានវាយប្រហារ តាមប្រព័ន្ធសាយប៊ើ (Cyber) ប្រឆាំងក្រុមហ៊ុន SONY PICTURES ENTERTAINMENT ។

ទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហាប់រាយការណ៍ នៅថ្ងៃអាទិត្យនេះ ថា គេហទំព័រសំខាន់ៗ របស់កូរ៉េខាងជើង Naenara និងគេហទំព័រ២ទៀត ដែលរក្សាផ្ទុកទិន្នន័យ នៅចិននោះ ក៏រអាក់រអួលផងដែរ នៅព្រឹកថ្ងៃអាទិត្យ ។

គេហទំព័រផ្លូវការរបស់កូរ៉េខាងជើង ដែលផ្ទុកទិន្នន័យ នៅទីក្រុងប៊ែរឡាំង អាចចូលមើលបានតែមួយ ភ្លែតប៉ុណ្ណោះ ។ទោះជាយ៉ាងនេះ គេហទំព័ររបស់ទីភ្នាក់ងារ ព័ត៌មានមជ្ឈិម របស់កូរ៉ខាងជើង (KCNA) និងកាសែតអនឡាញ ផ្លូវការរបស់កូរ៉េខាងជើង ឈ្មោះថា RODONG SINUM ត្រូវបានជួសជុលឱ្យ ដំណើរការឡើងវិញ ហើយដែរ ។

កូរ៉េខាងជើង បានជួបការរំខានបន្ទាប់ ពីការជម្លោះតាមប្រព័ន្ធសាយ ប៊ើជាមួយសហរដ្ឋអាម៉េរិក ។ អាម៉េរិក បានចោទប្រកាន់ រដ្ឋផ្តាច់ការមួយនេះ ក្នុងការពាក់ព័ន្ធ នឹងការលួចបំផ្លាញ ខ្សែភាពយន្ត “THE INTERVIEW” របស់ក្រុមហ៊ុន SONY PICTURES ENTERTAINMENT ៕

អាគារប៉ុស្តិ៍ នគរបាល រដ្ឋបាល ខេត្តកំពង់ចាម ចាប់ផ្តើមបង្ហាញ រូបរាងថ្មី ជាបណ្តើរៗ

0
0

-ប៉ុស្តិ៍រដ្ឋបាលទាំង១០៩ ទូទាំងខេត្ត មាន៤០ប៉ុស្តិ៍ ត្រូវធ្វើការ ជួសជុល ឡើងវិញ

-ស្នងការ ខេត្តកំពង់ចាម នៅបន្តអំពាវនាវ ស្វែងរកជំនួយពី សប្បុរសជន   

កំពង់ចាម ៖ អាគារប៉ុស្តិ៍ នគរបាល រដ្ឋបាល មួយចំនួន នៅតាមបណ្តាស្រុក របស់ខេត្តកំពង់ចាមនោះ បានបង្ហាញវត្តមាន រូបរាងថ្មី ជាបណ្តើរៗហើយ ខណៈ អាគារប៉ុស្តិ៍ដទៃទៀត ចាប់ផ្តើមសាងសង់ និងបញ្ចុះបឋមសិលា។

សូមបញ្ជាក់ថា នៅទូទាំង ខេត្តកំពង់ចាម មានអាគារប៉ុស្តិ៍ នគរបាលរដ្ឋបាល ចំនួន១០៩ តែមានអាគារប៉ុស្តិ៍ នគរបាលរដ្ឋបាល ៤០ប៉ុណ្ណោះ ស្ថិតនៅស្រុក មួយចំនួន មិនមានកន្លែងស្នាក់នៅ និងមិនសាកសម ធ្វើការរបស់កងកម្លាំង នគរបាល សម្រាប់ការ បំពេញភារកិច្ច លើការពង្រឹងសន្តិសុខ និងបម្រើសេវា ជូនប្រជាពលរដ្ឋ តាមមូលដ្ឋាន។

ដោយឃើញ ស្ថានភាពបែបនេះ និង បន្តការងារ ពីថ្នាក់ដឹកនាំមុននោះ ស្នងការនគរបាល ខេត្តកំពង់ចាម លោក ឧត្តមសេនីយ៍ បែន រ័ត្ន បានដើរមុខគេ ក្នុងការផ្តួចផ្តើមគំនិត ធ្វើចលនា និង រៃអង្គាសប្រាក់ ពីសប្បុរសជន គ្រប់ស្រទាប់វណ្ណះ ជាពិសេស ការបរិច្ចាគ ដោយការពេញចិត្ត និងស្រឡាញ់ពីសំណាក់ ប្រជាពលរដ្ឋ តាមមូលដ្ឋាន។

មន្រ្តីនគរបាល ខេត្តកំពង់ចាម បានថ្លែងបញ្ជាក់ថា ក្នុងរយះពេល១១ខែ ដែល លោកឧត្តមសេនីយ៍ បែន រ័ត្ន មកកាន់តំណែងជាស្នងការ នៅខេត្តកំពង់ចាម នោះ លោកបានបើកយុទ្ធនាការ ការងារមួយនេះ រហូតកសាង អាគារប៉ុស្តិ៍ នគរបាល រដ្ឋបាល ចេញជារូបរាងចំនួន៨ កន្លែងនៅក្នុងស្រុកចំនួន៥។

អាគារប៉ុស្តិ៍ នគរបាលរដ្ឋបាល ចំនួន៧ ដែលមានទំហំ ៧ គុណ៩ម៉ែត្រ ធ្វើអំពីបេតុងដ៏រឹងមាំ និងប្រកសង្ក័សីខ្លះ និងប្រកស៊ីប្រ៉ូខ្លះ បានចេញ ជារូបរាងហើយ ហើយកងកម្លាំងនគរបាល អាចចូល ធ្វើការងារ ជាប្រចាំប្រកប ដោយភាពកក់ក្តៅ ហើយអាគារប៉ុស្តិ៍នគរបាល រដ្ឋបាលទី៨ គឺប៉ុស្តិ៍ស្វាយពោធិ៍ ស្រុកស្រីសន្ធរ បានចាប់ផ្តើមបញ្ចុះបឋមសិលា កាលពី ព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ ក្រោមការចូលរួមពីថ្នាក់ដឹកនាំ នគរបាលខេត្ត និងស្រុក ជាច្រើននាក់ផងដែរ។

មន្រ្តីនគរបាល ខេត្តកំពង់ចាម បានថ្លែងថា ប៉ុស្តិ៍នគរបាល រដ្ឋបាលទាំង៨នោះ រួមមាន នៅស្រុកស្រីសន្ធរចំនួន៣ ស្រុកបាធាយចំនួន១ ស្រុកព្រៃឈរចំនួន២ ស្រុកចំការលើចំនួន២ និង ស្រុក ស្ទឹងត្រង់ចំនួន១ ។

ជុំវិញយុទ្ធនាការកសាង កន្លែងធ្វើការ ឲ្យកងកម្លាំង នគរបាល របស់ខ្លួនទូទាំងខេត្ត កាន់តែមានផាសុកភាព និងភាពកក់ក្តៅនោះ ស្នងការ នគរបាលខេត្ត លោកឧត្តមសេនីយ៍ បែន រ័ត្ន បានថ្លែងបញ្ជាក់ថា នៅខេត្តមករា ឆ្នាំ២០១៥ខាងមុខនេះ លោកនឹងនាំមុខ កសាងប៉ុស្តិ៍នគរបាល រដ្ឋបាល មួយទៀត គឺនៅឃុំគគរ ស្រុកកំពង់សៀម ។

តាមរយះការកសាង ប៉ុស្តិ៍នគរបាល រដ្ឋបាល ជូនមន្រ្តីនគរបាល តាមបណ្តាស្រុក ខាងលើនេះ ត្រូវបាន លោកឧត្តមសេនីយ៍ស្នងការ បញ្ជាក់ពីការផ្តល់ជំនួយថា «ដោយសារតែ ប្រជាពលរដ្ឋមាន ភាពកក់ក្តៅ និងការទុកចិត្តមកលើ នគរបាល របស់យើង ទើបពួកគាត់បានបរិច្ចាគថវិកា តាមលទ្ធភាព និងសទ្ធា របស់ខ្លួន អ្នកខ្លះ៥ម៉ឺនរៀល និងអ្នកខ្លះទៀតលើសពីនេះ...»។

លោកឧត្តម សេនីយ៍ស្នងការ បែន រ័ត្ន បានលើកឡើងថា ក្នុងចំណោមប៉ុស្តិ៍នគរបាល រដ្ឋបាល ទាំង១០៩ នៅទូទាំងខេត្តកំពង់ចាមនោះ មានចំនួន៤០ប៉ុស្តិ៍ ដែលមិនមានកន្លែងស្នាក់នៅ និងមិនសមរម្យ សម្រាប់កន្លែងធ្វើការរបស់កងកម្លាំង នគរបាលរបស់យើង។

បើតាមលោក បែន រ័ត្ន នៅ ឆ្នាំ ២០១៤នេះ ស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម បានទទួលសំណង់មួយ ដែលជាលុយរបស់រដ្ឋ គឺការសាងសង់ អធិការដ្ឋាន នគរបាល ស្រុកកងមាស ដែលកសាងបានប្រមាណ៨៥ភាគរយហើយ ។

ដោយឡែក សម្រាប់ការ កសាង អធិការដ្ឋាននគរបាល ស្រុកព្រៃឈរ លោកស្នងការ បាន និងកំពុង ស្វះស្វែងរកជំនួយ សប្បុរសធម៌ ដើម្បីបន្តការងារមួយនេះ ពីលោក ស្នងការមុន។ ដូច្នេះសរុបទាំងអស់ ប៉ុស្តិ៍នគរបាលចំនួន៦ ត្រូវបានសាងសង់ តាមរយះការផ្តល់ ជំនួយពីសប្បុរសជន និង២ប៉ុស្តិ៍ទៀតបានមកពីរដ្ឋ។ រីឯអធិការ ដ្ឋាននគរបាលមួយ ជាថវិការបស់រដ្ឋ និងមួយទៀតតាមរយះ ការជំនួយ របស់សប្បុរសជន។

លោកឧត្តមសេនីយ៍ស្នងការ បានថ្លែង បញ្ជាក់ថា បើទោះបី ថ្នាក់ស្នងការដ្ឋាននគរបាលខេត្ត ពុំមានថវិកា រដ្ឋគ្រប់គ្រាន់ សម្រាប់កសាង អាគារប៉ុស្តិ៍រដ្ឋបាលនគរបាល ក៏ដោយនោះ តែលោកបាន ផ្តួចផ្តើមគំនិត តាមរយះ ការធ្វើចលនា ការជួយឧបត្ថម្ភផ្សេងៗ ដើម្បី ផ្តល់កន្លែងធ្វើការ ជូនកងកម្លាំងនគរបាល ឲ្យបានសមរម្យ និង មានទឹកចិត្ត កាន់តែខ្លាំង លើការងារ បម្រើសន្តិសុខ និងការផ្តល់សេវា ជូនប្រជាពលរដ្ឋ នៅទូទាំងខេត្តកំពង់ចាម ។

លោកស្នងការក៏សូមអំពាវនាវ ដល់សប្បុរសជន ទាំងឡាយណា បើមានចិត្តចង់ចូលរួមចំណែក ឧបត្ថម្ភ ទាំងថវិកា ឫសម្ភារះសំណង់ផ្សេងៗ សម្រាប់កសាង អាគារប៉ុស្តិ៍ នគរបាលរដ្ឋបាល ផ្សេងទៀតនោះ លោកនឹងស្វាគមន៍ ហើយទទួល គ្រប់ពេលវេលា៕

លោកឧត្តមសេនីយ៍ស្នងការ ចុះពិនិត្យដំណើរសាងសង់ អាគារប៉ុស្តិ៍នគរបាលរដ្ឋបាល នាពេលកន្លងទៅ

ពិធីបញ្ចុះបឋមសិលា អាគារប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំស្វាយពោធិ៍ ស្រុកស្រីសន្ធរ

ពលរដ្ឋ៥១គ្រួសារ នៅសង្កាត់ឪឡោក ទទួលអំណោយ ពីគណបក្ស ប្រជាជន ខណ្ឌពោធិ៍សែនជ័យ

0
0

ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ចំនួន៥១គ្រួសារ រស់នៅ ក្នុងសង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ បានមកទទួល អំណោយ ពីថ្នាក់ដឹកនាំ និងមន្រ្តីគណបក្ស ប្រជាជន ខណ្ឌពោធិ៍សែនជ័យ ។

ពិធីនេះ បានប្រព្រឹត្ត ទៅកាលពីព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅក្នុង បរិវេណស្នាក់ការ គណបក្សប្រជាជនសង្កាត់ឪឡោកក្រោមវត្តមាន លោក ក្រូច ផាន ប្រធានគណបក្សប្រជាជនខណ្ឌ លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាល ខណ្ឌពោធិ៍សែនជ័យ និងជាអនុប្រធានគណបក្សប្រជាជនខណ្ឌ និងមានការអញ្ជើញចូលរួមពី លោក សេង គន្ធ អភិបាលរង លោក ឃឹម ស៊ុនសូដា អភិបាលរង លោកស្រី អ៊ឹម ថាវី អភិបាលរង រួមទាំងមន្ត្រីជុំវិញ ការិយាល័យ ខណ្ឌជាច្រើនរូបទៀត។

ថ្លែងទៅកាន់ ប្រជាពលរដ្ឋទាំង៥១គ្រួសារនោះ លោក ហែម ដារិទ្ធិ បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងមានការណែនាំ បន្ថែមពីអភិបាល រាជធានីភ្នំពេញ ឲ្យអាជ្ញាធរមូល ដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ដែលពួកគាត់ជួបទុក្ខលំបាក នោះ ក្រុមការងារ ត្រូវចេះចុះជួយដល់ពួកគាត់ មិនត្រូវបណ្តែតបណ្តោយ ឲ្យពួកគាត់រងទុក្ខលំបាកម្នាក់ឯងនោះទេ ទើបបានចាត់ឲ្យ លោកចៅសង្កាត់ ធ្វើការស្រាវជ្រាវ នៅក្នុងមូលដ្ឋាន សង្កាត់រកមើលបងប្អូនណា ដែលក្រីក្រពិតប្រាកដ។

 ជាក់ស្តែង លោកចៅសង្កាត់បានរកឃើញថា បងប្អូនចំនួន៥១គ្រួសារ កំពុងតែជួបប្រទះនឹងការខ្វះខាត ក្នុងជីវិភាពគ្រួសារ ទើបលោកបានរៀបចំ ជាអំណោយនាំយកមកចែកជូនតែម្តង។

លោកបានបន្ត ទោះបីជាអំណោយ នាំយកចែកជូន នាពេលនេះ មិនអាចជួយដល់បងប្អូនបានរហូតក្តីប៉ុន្តែ វាអាចជួយដោះ ទ័លបងប្អូនបានគ្រាដែរ ហើយបន្ទាប់ពី បងប្អូនទទួលបាន អំណោយហើយនោះ សូមបងប្អូន ត្រូវតែខិតខំស្វែងរកមុខរបរផ្សេងទៀត ទៅតាមលទ្ធភាព ដើម្បីផ្គត់ផ្គង់គ្រួសារ ឲ្យកាន់តែប្រសើរ។

ជាមួយគ្នានោះដែរ លោក ក្រូច ផាន បានថ្លែងថា បងប្អូនដែលមកទទួលអំណោយ នាពេលនេះ គឺសុទ្ធតែជាអ្នកក្រីក្រ ក្រុមការងារបានចាត់ចែង រៀបចំអំណោយភ្លាមៗ មកប្រគល់ជូនបងប្អូន។ លោកបានបន្តថា អំណោយដែល បងប្អូនទទួល បានក្នុងមួយគ្រួសារៗអង្ករ ២៥គីឡូក្រាម ទឹកសុទ្ធ១កេស ទឹកក្រូច១កេស មី១កេស ប៊ីចេង១កញ្ចប់ ខោអាវ១កំប្លេ សារុង១ និងថវិកាចំនួន៨ម៉ឺនរៀលផងដែរ។

ជាមួយគ្នានេះ ក្រោយបញ្ចប់ការ ចែកអំណោយ ជូនប្រជាពលរដ្ឋ នៅសង្កាត់ ឪឡោកនោះ ថ្នាក់ដឹកនាំខណ្ឌ ទាំងលោកអភិបាល និងអភិបាលរង បាន អញ្ជើញចូលរួម នៅក្នុងពិធីកាត់សក់ជូន កូនក្រមុំ កូនកំលោះ ដែលជា សមាជិក យុវជនសហភាព សហព័ន្ធយុវជនកម្ពុជា ដែលបានរៀប អាពាហ៍ពិពាហ៍ នៅសង្កាត់ត្រពាំងក្រសាំងផងដែរ៕

លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ អញ្ជើញកាតក់សក់ ជូនកូនកំលោះកូនក្រមុំ

លោក សេង គន្ធ អភិបាលរង ខណ្ឌពោធិ៍សែនជ័យ អញ្ជើញកាតក់សក់ ជូនកូនកំលោះកូនក្រមុំ

សាលាឧទ្ទរណ៍ តម្កល់ទោស ឡៃ វីរៈ ដាក់គុក១២ឆ្នាំ និងឃួន រឿន ដាក់គុក១៦ឆ្នាំពីបទ «ជួញដូរគ្រឿងញៀន» ជិត១គីឡូក្រាម»

0
0

ភ្នំពេញ៖ សាលាឧទ្ទរណ៍ កាលពីសប្តាហ៍មុន បានបើកសវនាការ ប្រកាសសាលដីកា លើសំណុំរឿង ជួញដូរគ្រឿងញៀន របស់ លោក ឡៃ វីរៈ អតីតឧត្តមសេនីយ៍ទោ និងជាអភិបាល ខេត្តឧត្តរមានជ័យ និងលោក ឃួន រឿន អតីតឧត្តមសេនីយ៍ទោ និងជាមេបញ្ជាការរង នៃកងយោធភូមិភាគពិសេស និងគូរកនចំនួន២នាក់ទៀត ជាប់ពាក់ព័ន្ធនឹង ករណីជួញដូរគ្រឿងញៀន ប្រភេទម៉ាទឹកកកជិត១ គីឡូក្រាម កាលពីឆ្នាំ២០១២ ។

សាលាឧទ្ទរណ៍ បានតម្កល់សេចក្តី របស់សាលាដំបូង រាជធានីភ្នំពេញ ចុះកាលបរិច្ឆេទថ្ងៃទី ៣ ខែកក្កដា ឆ្នាំ២០១២ ទុកជាបានការដដែល និងបានសម្រេចបន្តឃុំខ្លួន ជនជាប់ចោទ ទាំង៤នាក់ ខាងលើនេះ នៅក្នុងពន្ធនាគារព្រៃស តាមនីតិវីធីច្បាប់។

យោងតាមឯកសារ របស់តុលាការបានឲ្យដឹងថា  ជនជាប់ចោទ ឈ្មោះ  ឡៃ វីរះ ភេទប្រុស អាយុ ៥៨ ឆ្នាំ ជនជាប់ចោទ ឈ្មោះ  ឃួន រឿន ភេទប្រុស អាយុ៦១ឆ្នាំ ឈ្មោះ ឈៀង ឈុនលី ភេទប្រុស អាយុ២៨ឆ្នាំ និងឈ្មោះ សួរ សីលា ភេទប្រុស អាយុ២៩ឆ្នាំ ត្រូវបានចោទ ប្រកាន់ពីតំណាងអយ្យាការពីបទ «ជួញដូរដោយ ខុសច្បាប់នូវ សារធាតុញៀន» តាមមាត្រា៤០ នៃច្បាប់ស្តីការត្រួតពិនិត្យគ្រឿងញៀន និង  តាមមាត្រា ២០ នៃច្បាប់ស្តីពីការ គ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងគ្រាប់រំសេវ។

ពួកគេទាំង៤នាក់ ត្រូវបានចាប់ខ្លួនដោយ សមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ ខណៈបានយកគ្រឿងញៀនទៅលក់ឲ្យ ភ្នាក់ ងារសមត្ថកិច្ច ប្រឆាំងគ្រឿងញៀន ដែលបន្លំខ្លួនធ្វើការថៅ កែទិញគ្រឿងញៀនទម្ងន់១ គីឡូក្រាម តម្លៃ ៥០,០០០ (៥ម៉ឺន) ដុល្លារ អាមេរិកពីពួកគេ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១១ នៅជាយក្រុងភ្នំពេញ ស្ថិត ក្នុងភូមិអូដឹម ខណ្ឌពោសែនជ័យ។

  ក្រោយឃាត់ខ្លួន និងឆែកឆេរផ្ទះរបស់ លោក ឡៃ វីរៈ សមត្ថកិច្ចនគរបាល ប្រឆាំងគ្រឿងញៀន រឹបអូសបានម្សៅគ្រឿងញៀន មេតំហ្វេតាមីន ទម្ងន់សរុប ៩១២ ក្រាម(ជិត១ គីឡូក្រាម) ទូរស័ព្ទចំនួន០៤ គ្រឿង អាវុធAK-47 ចំនួន ០២ដើម និងគ្រាប់ចំនួន ៧១ គ្រាប់ កាំបិតស្នៀតចំនួន០១ដើម រូបបដិមារករ ចំនួន ០១ ម៉ាញោថត សម្លេងចំនួន ០១ និងរថយន្តចំនួន០២គ្រឿង ពីលោកឡៃ វីរៈ និង លោកឃូន រឿន។

 គួររំឮកថា កាលពីថ្ងៃ ទី៣ ខែកក្កដា ឆ្នាំ២០១២ សាលាដំបូង រាជធានីភ្នំពេញ បានកាត់ទោសលោក ឡៃ វីរៈ ដាក់ពន្ធនាគារ រយៈពេល១២ ឆ្នាំ និងពិន័យជាប្រាក់ចំនួន២៥លានរៀល សម្រាប់ដាក់ចូលក្នុងថវិកាជាតិ លោក ឃួន រឿន ជាប់ពន្ធនាគារ១៦ឆ្នាំ និងពិន័យជាប្រាក់ចំនួន ៣២ លានរៀល ។ ចំណែកឯឈ្មោះ ឈៀង ឈុនលី និងឈ្មោះ សួរ សីលា ត្រូវបានតុលាការ សម្រេចផ្តន្ទាទោស ដាក់គុក ម្នាក់ៗ រយៈពេល ១០ ឆ្នាំ និងពិន័យជាប្រាក់ ម្នាក់ៗ ចំនួន២០ លានរៀលផងដែរ៕

៣៧ម៉ោងហើយ យន្តហោះ AIR ASIA ជាមួយមនុស្ស ១៦២នាក់ នៅតែបាត់តម្រុយ សូន្យឈឹង

0
0

- យន្តហោះរបស់ Air Asia កំពុង បាត់ខ្លួន តម្លៃ ៨៥លានដុល្លារ

- សាច់ញាតិអ្នកដំណើរលើយន្តហោះបាត់ខ្លួន បង្ហាញអារម្មណ៍សោកសៅ

- មួយគ្រួសារមានគ្នា ៥នាក់ លុបចោលការហោះហើរ ជាមួយ AirAsia QZ8501 ព្រោះឪពុកធ្លាក់ខ្លួនឈឺធ្ងន់

ឥណ្ឌូនេស៊ី៖ គិតត្រឹមម៉ោង ៧ល្ងាចថ្ងៃចន្ទ ទី២៩ ខែធ្នូ ឆ្នាំ២០១៤នេះ ការបាត់ដំណឹងជើងហោះហើរ QZ8501 មានរយៈពេល ៣៧ម៉ោងហើយ ហើយការស្រាវជ្រាវរុករកក៏ត្រូវបានផ្អាកនៅយប់ថ្ងៃទី២ផងដែរ ដោយមិនទាន់ ទទួលបានដាន ឬដំណឹងអ្វីទាំងអស់ ទោះក្រុមស្រាវជ្រាវប្រឹងប្រែងយ៉ាងស្វិតស្វាញយ៉ាងណាក្តី។

ជើងហោះហើរ QZ8501 របស់ក្រុមហ៊ុនអាកាសចរណ៍ Air Asia ដែលចូលហ៊ុនរវាងប្រទេស ឥណ្ឌូនេស៊ី និង ម៉ា ឡេស៊ី បានបាត់ដំណឹងកាលពីវេលាម៉ោងប្រមាណ ៦ និង២០នាទីព្រឹកថ្ងៃអាទិត្យ ទី២៨ ខែធ្នូ ឆ្នាំ២០១៤ (ម៉ោង ក្នុងតំបន់) ត្រូវនឹងម៉ោង ២៣ និង២០នាទី(ម៉ោងសកល) បន្ទាប់ពីបានហោះចាកចេញពីព្រលានយន្តហោះទីក្រុង Surabaya ប្រទេសឥណ្ឌូនេស៊ី នៅវេលាម៉ោង ៥ និង២០នាទី (ម៉ោងក្នុងតំបន់) ឆ្ពោះទៅកាន់ប្រទេសសិង្ហបុរី។ ជើងហោះហើរ QZ8501 រំពឹងថា នឹងធ្វើដំណើរទៅដល់ប្រទេសសឹង្ហបុរី នៅម៉ោង ៨ និង ៣០នាទី (ម៉ោងក្នុង តំបន់)។

ជើងហោះហើរ QZ8501 ជាប្រភេទយន្តហោះ Airbus 320-200 បានបាត់ដំណឹង បន្ទាប់ពីការចេញដំណើរ បាន រយៈពេលប្រហែលពីរម៉ោង។ នេះករណីលើកទី២ហើយក្នុងករណីបាត់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ម៉ា ឡេស៊ី ក្នុងឆ្នាំ២០១៤ នេះ ដោយទី១ យន្តហោះ MH370 និងទី២ យន្តហោះ Air Asia ជើងហោះហើរ QZ8501 នេះតែម្តង។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ភ្នាក់ងារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០១៤។

ក្រុមហ៊ុន Air Asia មានមូលដ្ឋានធំ (Headquarters) នៅទីក្រុងកូឡាំពួរ ប្រទេសម៉ាឡេស៊ី មាននាយកប្រតិបត្តិ

ឈ្មោះ Tony Fernandes និងមានបុគ្គលិកជាង ១ម៉ឺននាក់ និង មានគោលដៅហោះហើរជាង ១០០កន្លែង នៅ តាមបណ្តាប្រទេសក្នុងតំបន់អាស៊ី-អាគ្នេយ៍។

រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់ឥណ្ឌូនេស៊ី បានបញ្ជាក់ថា យន្តហោះដែលបានបាត់នេះ ត្រូវបានគ្រប់គ្រងដំណើរ ការដោយក្រុមហ៊ុន Air Asia របស់ប្រទេសឥណ្ឌូនេស៊ី ហើយត្រូវបានចូលរួមភាគហ៊ុនជាមួយក្រុមហ៊ុនអាកាស ចរណ៍ម៉ាឡេស៊ីចំនួន ៤៨,៩ភាគរយ។

បើគិតត្រឹមម៉ោង ៧ល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ យន្តហោះបានបាត់អស់រយៈពេលប្រមាណ ៣៧ម៉ោងហើយ ប្រតិបត្តិការរកមិនទាន់ឃើញយន្តហោះនៅឡើយទេ។ យន្តហោះបានបាត់ការទាក់ទង ខណៈហោះហើរនៅលើ ដែនសមុទ្រ Java នៅចន្លោះកោះ Kalimantan និង កោះ Java។ មុនពេលដាច់ការទាក់ទង អ្នកបើកបរបានស្នើ សុំប្តូរផ្លូវហោះហើរ ដោយសុំហោះឡើងទៅកម្ពស់ ១១.០០០ម៉ែត្រវិញ ដើម្បីបញ្ចៀសពីស្ថានភាពពពកក្រាស់ និង ដោយសារមានអាកាសធាតុមិនអំណោយផល។

ក្នុងចំណោមមនុស្សទាំង ១៦២នាក់ មានអ្នកដំណើរ ១៥៥នាក់ បុគ្គលិក៥នាក់ និងអ្នកបើកបរ ២នាក់។ ក្នុងនោះ មានកុមារ ១៦នាក់ និង ទារកម្នាក់ផងដែរ។ ក្នុងចំណោមមនុស្សនៅលើយន្តហោះនោះ មានជនជាតិឥណ្ឌូនេស៊ី ១៤៩នាក់, កូរ៉េខាងត្បូង ៣នាក់, សឹង្ហបុរី១នាក់, អង់គ្លេស១នាក់ និងម៉ាឡេស៊ី១នាក់។

យោងតាមគេហទំព័រតាមដានជើងហោះហើរបានបញ្ជាក់ថា ផ្លូវហោះហើររបស់យន្តហោះនេះ ស្ទើរទាំងស្រុង គឺ ស្ថិតលើសមុទ្រ។ យោងតាមសំដីមន្រ្តីក្រុមស្រាវជ្រាវ និង សង្គ្រោះ របស់ឥណ្ឌូនេស៊ី បានសន្និដ្ឋានថា យន្តហោះ ជើងហោះហើរ QZ8501 របស់ក្រុមហ៊ុន Air Asia អាចធ្លាក់ទៅក្នុងដែនទឹកសមុទ្រ ដែលស្ថិតចំងាយពី១៣០គីឡូ ម៉ែត្រទៅ ១៦០គីឡូម៉ែត្រ ពីកោះ Belitung របស់ឥណ្ឌូនេស៊ី។ បន្ទាប់ពីការបាត់ដំណឹងក្រុមយោធាដែនអាកាស របស់ប្រទេសឥណ្ឌូនេស៊ី សឹង្ហបុរី និងម៉ាឡេស៊ី បានចុះស្វែងរកយន្តហោះ តែក្រោយមកមានក្រុមការងារខ្លះ បាន ប្រកាសឈប់សំរាកជាបណ្តោះអាសន្ន ដោយសារយប់ងងឹតពិបាកធ្វើការ បន្ទាប់ពីធ្វើការស្វែងរកជាងកន្លះថ្ងៃ ដោយឡែកក្រុមការងារផ្នែកកប៉ាល់មួយចំនួននៅតែបន្តស្វែងរក។

នៅក្នុងប្រតិបតិ្តការរុករកនេះ ប្រទេស ម៉ាឡេស៊ី បានបញ្ជូនយន្តហោះចំនួន ៣គ្រឿង និងកប៉ាល់៣គ្រឿង ខណៈ ដែលប្រទេសឥណ្ឌូនេស៊ី បានបញ្ជូនទាំងយោធាជើងគោក ជើងទឹក និង ដែនអាកាសតែម្តង ដើម្បីជួយស្វែងរក យន្តហោះ។ ដោយឡែកសឹង្ហបុរី បានបញ្ជូនយន្តហោះ C-130 និងកប៉ាល់ចំនួន ៤គ្រឿង ចូលរួមក្នុងបេសកកម្ម នេះផងដែរ។

សូមជម្រាបថា ក្រុមហ៊ុន Air Asia របស់ម៉ាឡេស៊ី រួមជាមួយក្រុមហ៊ុនឥណ្ឌូនេស៊ី Air Lines ធា្លប់ត្រូវគេបានហាម ឃាត់ មិនឲ្យហោះហើរទៅកាន់សហភាពអឺរ៉ុប កាលពីឆ្នាំ២០០៧កន្លងទៅនេះដោយសារបារម្ភ ចំពោះបញ្ហាសុវត្ថិ ភាព ប៉ុន្តែបម្រាមនេះ ត្រូវបានលុបចោលវិញកាលពីឆ្នាំ២០១០កន្លងទៅនេះ។

- យន្តហោះរបស់ Air Asia កំពុង បាត់ខ្លួន តម្លៃ ៨៥លានដុល្លារ

គេហទំព័រដ៏ល្បី Business Insider នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ បានចេញផ្សាយនូវប្រវត្តិខ្លះៗ របស់យន្តហោះ ដែលកំពុងបាត់ខ្លួន ជាមួយមនុស្ស ១៦២នាក់ ដែលជិះនៅលើនោះ។

យន្តហោះ ដែលកំពុងបាត់ខ្លួនជាប្រភេទយន្តហោះ Airbus A320-200 ផលិតដោយក្រុមហ៊ុន Airbus របស់ប្រ ទេសបារាំង ហើយយន្តហោះប្រភេទ Airbus A320-200 ចាប់ផ្តើមហោះហើរសាកល្បងលើកដំបូងនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៨៧ និងហោះហើរជាផ្លូវការនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ១៩៨៨ ដោយក្រុមហ៊ុនអាកាសចរណ៍ Air France ។

សម្រាប់យន្តហោះ ដែលកំពុងបាត់ខ្លួនវិញ ត្រូវបានក្រុមហ៊ុនអាកាសចរណ៍ Air Asia របស់ប្រទេសឥណ្ឌូនេស៊ី ដែលមានភាគហ៊ុនរួមជាមួយក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ី (៤៨.៩ភាគរយ) ទិញមកប្រតិបត្តិការហោះហើរ កាលពីឆ្នាំ២០០៨ ដល់បច្ចុប្បន្ន ក្នុងតម្លៃ៨៥លានដុល្លារអាមេរិក។ ក្រុមហ៊ុន Air Asia មានមូលដ្ឋាននៅទីក្រុង កូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ដែលមាននាយកប្រតិបត្តិ ឈ្មោះ Tony Fernandes និង មានបុគ្គលិកជាង ១ម៉ឺន នាក់ ព្រមទាំងមានគោលដៅហោះហើរជាង ១០០កន្លែង។ យន្តហោះ ដែលបាត់ខ្លួននេះ មានអាយុកាលហោះ ហើរចំនួនប្រមាណជា ២៣,០០០ម៉ោង (ជិត៣ឆ្នាំ) តែគិតមកដល់ពេលនេះ វាទើបហោះហើរបានប្រមាណ១៣,៦ ០០ម៉ោងប៉ុណ្ណោះ ហើយវាមាន២ម៉ាស៊ីន អាចផ្ទុកអ្នកដំណើរបានចំនួន ១៨០នាក់។ ក្រុមហ៊ុន Air Asia របស់ម៉ា ឡេស៊ី រួមជាមួយក្រុមហ៊ុនឥណ្ឌូនេស៊ី Air Lines ធា្លប់ត្រូវគេបានហាមឃាត់ មិនឲ្យហោះហើរទៅកាន់សហភាព អឺរ៉ុប កាលពីឆ្នាំ២០០៧កន្លងទៅនេះ ដោយសារបារម្ភចំពោះបញ្ហាសុវត្ថិភាព ប៉ុន្តែបម្រាមនេះ ត្រូវបានលុបចោល វិញកាលពីឆ្នាំ២០១០កន្លងទៅនេះ។

យោងតាមប្រភពព័ត៌មាន ពីគេហទំព័រ របស់ក្រុមហ៊ុន Airbus យន្តហោះ Airbus A320-200 មានម៉ាស៊ីន២ ដែលអាចជាប្រភេទ CFM56-5A1 ឬ CFM56-5B4 បើកបានក្នុងល្បឿន ៨៣៧ គីទ្បូម៉ែត្រ ក្នុងមួយម៉ោង ដោយ ហោះបានចម្ងាយឆ្ងាយបំផុត ៤,៤៤២គីទ្បូម៉ែត្រ ក្នុងរយៈកម្ពស់ជាង១០គីឡូម៉ែត្រ អាចដឹកទំនិញបានទម្ងន់ ៩,៤ ៣៥គីទ្បូក្រាម, ផ្ទុកប្រេងឥន្ធនៈបានចំនួន ២៣,៨៥៩លីត្រ ហើយវាមានប្រវែង៣៧.៥៧ម៉ែត្រ ប្រវែងស្លាបចំនួន ៣១.៥៧ ម៉ែត្រ និងកម្ពស់ចំនួន ១១.៧៦ម៉ែត្រ។

- សាច់ញាតិអ្នកដំណើរលើយន្តហោះបាត់ខ្លួន បង្ហាញអារម្មណ៍សោកសៅ

ក្រុមគ្រួសាររបស់ជនរងគ្រោះ ស្ថិតនៅលើយន្តហោះ AirAsia បានមកប្រមូលផ្តុំគ្នានៅតាមព្រលានយន្តហោះក្នុង តំបន់ ដោយសង្ឃឹមថា សាច់ញាតិរបស់ពួកគេ គឺមានសុវត្ថិភាពជាធម្មតានោះទេ។

ស្រ្តីម្នាកឈ្មោះ Oei Endang Sulsilowati និងកូនស្រីរបស់នាង បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Juan da ក្នុងទីក្រុងស៊ូរ៉ាបាយ៉ា ប្រទេសឥណ្ឌូនេស៊ី ដើម្បីរកព័ត៌មានប្អូនប្រុសរបស់នាងឈ្មោះ Oei Jimmy Sentosa Winata និងប្រពន្ធរបស់គាត់, កូនប្រុសម្នាក់អាយុ ១៣ឆ្នាំ និងកូនស្រី អាយុ ០៩ឆ្នាំ។

លោកស្រី Sulsilowati បាននិយាយថា «យើងបានឃើញក្នុងទូរទស្សន៍ នៅអ្វីដែលបានកើតឡើង ហើយយើង បានមកទីនេះ ដើម្បីស្វែងរកព័ត៌មាន អំពីអ្វីដែលកំពុងកើតឡើងនេះ»។

គ្រូសាររបស់នាង បានធ្វើដំណើរទៅប្រទេសជប៉ុន ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី។ នាងថា «ខ្ញុំបានដឹងព័ត៌មាន អំពីឧប្បត្តិហេតុនេះ តាមទូរទស្សន៍ ហើយព្យាយាមមកទីនេះ ដើម្បីទទួលព័ត៌មានមួយចំនួនទៀតពីក្រុមគ្រួសារ របស់ខ្ញុំ។ ប៉ុន្តែខ្ញុំដឹងថា ប្អូនប្រុសរបស់ខ្ញុំ មិនដែលធ្វើដំណើរតាម AirAsia នោះទេ ដូច្នេះខ្ញុំត្រូវរក្សាភាពស្ងប់ស្ងាត់ ។ បន្ទាប់មកមានគេ បានមកប្រាប់ខ្ញុំថា ពួកគេឃើញឈ្មោះប្អូនប្រុសខ្ញុំ នៅតាមកញ្ចក់ទូរទស្សន៍។ បន្ទាប់ពីខ្ញុំ បាន ឃើញដូច្នេះមែន ខ្ញុំក៏ចាប់ផ្តើមយំតែម្តង»។

ចំណែកក្មេងស្រី សិស្សសាលាពីរនាក់ផ្សេងទៀត ក៏បានធ្វើដំណើរមកដល់អាកាសយានដ្ឋាន Juanda ផងដែរ រង់ ចាំទទួលព័ត៌មានអំពីឪពុកម្តាយរបស់ពួកគេ ដែលធ្វើដំណើរទៅប្រទេស សិង្ហបុរី។ ពួកគេអង្គុយជិតតុរបស់បុគ្គលិក AirAsia សម្លឹងមើលជាមួយអារម្មណ៍ នៃការបាត់បង់ និងមានអារម្មណ៍ច្របូកច្របល់។

ចំណែកនៅអាកាសយានដ្ឋាន Changi នៅសិង្ហបុរីវិញ កញ្ញាល្វីស ស៊ីដាតា បានប្រាប់ Channel NewsAsia ថា គូដណ្តឹងរបស់នាង និង គ្រួសាររបស់គាត់ ស្ថិតនៅលើយន្តហោះ AirAsia។ នាងថា «នៅពេលដែលខ្ញុំនៅតាមផ្លូវ មកព្រលានយន្តហោះ ខ្ញុំបានស្តាប់វិទ្យុដែលផ្សាយថា យន្តហោះកំពុងបាត់ដំណឹង»។

នាងបន្ថែមថា «វា គឺជាវិស្សមកាលចុងក្រោយរបស់គាត់ និងក្រុមគ្រួសារ មុនពេលដែលយើងរៀបការជាមួយគ្នា»។

- មួយគ្រួសារមានគ្នា ៥នាក់ លុបចោលការហោះហើរ ជាមួយ AirAsia QZ8501 ព្រោះឪពុកធ្លាក់ខ្លួនឈឺធ្ងន់

លោក Chandra Susanto មកពីខេត្ត Surabaya ប្រទេសឥណ្ឌូនេស៊ី រួមនិងភរិយា ព្រមទាំងកូន ៣នាក់ផ្សេង ទៀត គ្រោងធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសសិង្ហបុរី ដើម្បីថ្ងៃវិស្សមកាលតាមជើងហោះហើរ QZ8501 នៅក្នុង ថ្ងៃជួបគ្រោះឧប្បត្តិហេតុនេះ តែជាសំណាងដ៏ល្អវិសេសវិសាល ព្រោះលោកលុបចោលទៅវិញ ដោយសារតែឪពុក របស់ខ្លួនធ្លាក់ខ្លួនឈឺធ្ងន់។

លោក Chandra Susanto បាននិយាយប្រាប់ថា លោកបានកក់សំបុត្រសម្រាប់ក្រុមគ្រួសារ របស់លោកជាមួយ ជើងហោះហើរ AirAsia QZ8501 ដោយធ្វើដំណើរពីខេត្ត Surabaya ទៅកាន់ប្រទេសសឹង្ហបូរី រួចរាល់អស់ហើយ ក្នុងគោលបំណងធ្វើដំណើរកម្សាន្តនៅថ្ងៃឈប់សម្រាក ហើយគម្រោង នៃការធ្វើដំណើរកម្សាន្តនេះ គឺលោកបាន គ្រោងទុកតាំងពីខែមីនា ឆ្នាំ២០១៤មកម៉្លេះ។

លោក Susanto បាននិយាយបន្តថា «វា គឺជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងបំផុតមួយសម្រាប់ពួកយើងនូវពេល ដែល លោកបានសម្រេចចិត្តលុបចោលដំណើរកម្សាន្តវិញកាលពីថ្ងៃម្សិលម៉ិញ»៕

លោក Remi Emmanuel Plesel ជំនួយការអ្នកបើកបរ និងលោក  Iriyanto អ្នកបើកបរយន្តហោះ

លោក Chandra Susanto និងក្រុមគ្រួសារ ដែលលុបការហោះហើរជាមួយ QZ8501

ជំងឺ អេបូឡា ផ្ទុះឡើងបាន មួយឆ្នាំហើយ ធ្វើឲ្យកក្រើក ដល់ពិភពលោក

0
0

ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ឱ្យដឹងថា ជំងឺអេបូឡា ត្រូវបានគេកំណត់ថា រយៈពេលមួយឆ្នាំគត់ ដែលជំងឺនេះផ្ទុះឡើង កក្រើកដល់ពិភពលោក ។

ប្រវត្តិរបស់ជំងឺអេបូឡា ដែលបានផ្ទុះឡើងនៅក្នុងប្រទេសហ្គីណេ ។ គេបានកំណត់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ ជារយៈពេលពេញមួយឆ្នាំហើយ ដែលជំងឺអេបូឡាបានផ្ទុះឡើង ដំបូងនៅក្នុង ប្រទេសហ្គីណេ ដែលបណ្តាលឲ្យក្មេងប្រុសម្នាក់ អាយុ០២ឆ្នាំរស់នៅ តំបន់ដាច់ស្រយ៉ាលមួយនៅភូមិ ម៊ែលលៀនដូ ស្រុក ហ្គិកដេឌូ ក្នុងប្រទេសហ្គីណេ បានស្លាប់ និងបញ្ជាក់ច្បាស់ថា ពិតជាអ្នកទី១ដែលបានឆ្លងជំងឺអេបូឡា
នៅក្នុងតំបន់អាហ្វ្រិកខាងលិចយ៉ាងពិតប្រាកដ ។

អង្គការសុខភាពពិភពលោក ហៅកាត់ថាWHO បានកំណត់យកការផ្ទុះឡើងនូវជំងឺអេបូឡា ជាលើកដំបូង នៅក្នុងប្រទេសហ្គីណេ កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៣ ដែលវីរុសបានរីក សាយភាយរហូតដល់៩០ភាគរយ
ហើយជំងឺនេះបានឆ្លងខ្លាំងក្លានិងរហ័សតាមច្រកព្រំដែនទៅកាន់ប្រទេសលីប៊ីរ៉ា និងសៀរ៉ាឡេអូន ដែលជាប្រទេស ស្ថិតក្នុងទ្វីបអាហ្វ្រិកខាងលិចដូចគ្នានោះ ។

នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៤ អង្គការសុខភាពពិភពលោក បានប្រកាសអំពីការឆ្លងជំងឺនេះថា "វាជាជំងឺដែលបង្ក មហន្តរាយខ្លាំងក្លាណាស់សម្រាប់ពិភពលោកទាំងមូល" ។

ឈានចូលមកដល់ពាក់កណ្តាលខែកញ្ញា ឆ្នាំ២០១៤ ចំនួនអ្នកស្លាប់ដោយសារជំងឺអេបូឡា បានកើនឡើងខ្ពស់ ពីមួយ សប្តាហ៍ទៅមួយសប្តាហ៍ បើទោះបីជាមានវិធានាការទប់ស្កាត់ដល់ ការឆ្លងរាលដាលនៅក្នុងប្រទេសហ្គីណេ
លីប៊ីរ៉ា និងសៀរ៉ាឡេអូន ក៏ដោយ ។ ប្រទេសនីហ្សេរីយ៉ា សេណេហ្គាល់ អេស្ប៉ាញ និងសហរដ្ឋអាម៉េរិក ក៏រងគ្រោះ ដោយសារជំងឺ នេះដែរ។

យោងតាមតួលេខដែលបង្ហាញឡើងដោយអង្គការសុខភាពពិភពលោក បានបញ្ជាក់ថា ករណីដំបូង នៅក្នុង ប្រទេសអាហ្វ្រិកខាងលិច សរុបមានចំនួន១៩.៤៩៧ករណី ក្នុងនោះមានអ្នកស្លាប់ ប្រមាណ៧.៥៨៨នាក់ហើយ ៕

លោក ឱម យ៉ិនទៀង ៖ ACU មិនទទួលពាក្យ ញត្តិបណ្តឹងទេ ជុំវិញការស្នើសុំ ឲ្យស៊ើបអង្កេត ករណីពុករលួយ របស់មេដឹកនាំ បក្សប្រឆាំង

0
0

ភ្នំពេញ ៖ ទេសរដ្ឋមន្រ្តី និងជាប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ (ACU) បានចេញមកអះអាងថា ស្ថាប័នរបស់ខ្លួន មិនទទួលញត្តិបណ្តឹង នោះទេ ពោលទទួល តែពាក្យបណ្តឹងប៉ុណ្ណោះ ហើយទោះបីញត្តិនោះ ជាញត្តិ ប្តឹង ក៏ដោយ ។

ការថ្លែងបែបនេះ របស់ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ បានកើតឡើង ក្រោយពេលដែល សកម្មជន និងអ្នកតំណាងក្រុម គាំទ្រ គណបក្ស សង្គ្រោះជាតិ តាមបណ្តា ខេត្តក្រុងរាជធានី បានស្នើសុំទៅលោក ទេសរដ្ឋមន្រ្តី ឲ្យចាត់វិធានការ ចំពោះអំពើពុករលួយរបស់មេដឹកនាំ គណបក្ស គឺលោកប្រធាន សម រង្ស៊ី និងអនុប្រធាន កឹម សុខា តបទៅនឹងការលើកឡើង របស់លោកស្រី ឡាក់ សុភាព ជាសមាជិកគណៈ កម្មាធិការនាយក នាពេល កន្លងទៅនោះ។

ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មាន នាយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១៤ ប្រធានអង្គភាព ប្រឆាំងអំពើពុករលួយ លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បានបញ្ជក់ថា «តាមច្បាប់ ACU មិនទួលញត្តិប្តឹងទេ។ ញត្តិ មានលក្ខណៈនយោបាយ ។ ACU មិនមែនជាស្ថាប័ន នយោបាយទេ ជា ស្ថាប័ន អនុវត្តច្បាប់ចាប់បញ្ជូន ទៅកាត់ទោស ។ ACU ទទួលតែពាក្យប្តឹង តែមិនទទួលញត្តិទេ ទោះបីញត្តិនោះ សរសេរថា ជាញត្តិប្តឹងក៏ដោយ ។ កន្លងមក យើងជួបញត្តិប្តឹងរបៀបហ្នឹង ប្រហែលជិត២០ញត្តិ យើងក៏ ប្រាប់ដូចគ្នា ថាយើងមិនទទួលទេ»។

លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា «បើលុបពាក្យញត្តិចេញ ហើយដាក់ថា ពាក្យប្តឹង ACU អាចទទួលបាន»។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ ក្រុមអ្នកគាំទ្រ គណបក្សសង្គ្រោះជាតិ ដែលតំណាងឲ្យ សកម្មជន នៅតាម បណ្តា ខេត្តរាជធានី បានបញ្ចេញញត្តិគាំទ្រ សរសេដោយដៃ បានបង្ហាញ ការគាំទ្រ ដល់ ACU ដែលមានលោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រញាប់បើកការ ស្រាវជ្រាវស៊ើបអង្កេត ជាបន្ទាន់ពាក់ព័ន្ធទៅ នឹងការចោទប្រកាន់ របស់ លោកស្រី ឡាក់ សុភាព សមាជិកគណៈកម្មាធិការ នាយកគណបក្ស សង្គ្រោះជាតិ មកលើលោកប្រធាន សម រង្ស៊ី និងអនុប្រធាន កឹម សុខា ថា បានប្រព្រឹត្តិអំពើពុករលួយ ចំនួនទឹកប្រាក់ ពី៣០ ទៅ៤០ លានដុល្លារ ដែលបានមកពីការរៃអង្គាសចូលរួម ពីពួកគេ និងអ្នកគាំទ្រ ទាំងក្នុង និងក្រៅប្រទេស ដើម្បីបង្ហាញភាពស្អាត ស្អំ ជូនថ្នាក់ដឹកនាំគណបក្ស ។

ញត្តិដែលមានស្នាមមេដៃ ពីតំណាងអ្នកគាំទ្រ ខាងលើនេះ បានបញ្ជាក់ទៀត «ប្រសិនបើការស្រាវជ្រាវ ស៊ើបអង្កេតរកឃើញថា មានការប្រព្រឹត្ត អំពើពុករលួយ ដូចការចោទប្រកាន់ របស់លោកស្រី ឡាក់ សុភាព នោះ សូមឯកឧត្តមទេសរដ្ឋមន្រ្តី មេត្តាចាត់វិធានការតាមនីតិវិធី ច្បាប់ជាធរមាន»។

ក្រោយការបញ្ចេញ ជាសាធារណៈ របស់មន្រ្តីជាន់ខ្ពស់ គណបក្ស សង្គ្រោះជាតិ និងជំនួយការរបស់ លោក កឹម សុខា នោះ បានធ្វើឲ្យ ថ្នាក់ដឹកនាំ និងមន្រ្តីគណបក្សសង្គ្រោះជាតិ ចេញមកជាបន្តបន្ទាប់ បកស្រាយ និងចង់ឲ្យលោកស្រី បង្ហាញភស្តុតាង និងមិនទទួលស្គាល់ ចំពោះការ លើកឡើងបែបនេះឡើយ ។

យោងតាមមន្រ្តី ជាន់ខ្ពស់គណបក្ស សង្គ្រោះ ជាតិ បានលួចបង្ហើបថា កាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ លោកស្រី ឡាក់ សុភាព បានបង្ហាញមុខនៅ ចំពោះមុខគណៈកម្មាធិការវិន័យ ហើយ គណៈកម្មាធិការ បានដាក់លក្ខខណ្ឌ ចំនួន២ចំណុច រួមមានទី១ គណបក្ស សង្គ្រោះជាតិ បានឲ្យលោកស្រី ដាក់ពាក្យលាឈប់ចេញពីបក្ស និងទី២ គណបក្ស នឹងបញ្ឈប់លោកស្រី ពីសមាជិកភាព និងបញ្ចប់តួនាទី របស់ គណបក្ស។

សូមបញ្ជាក់ថា ជំនួយការម្នាក់របស់អនុប្រធាន គណបក្ស សង្គ្រោះជាតិ លោក កឹម សុខា និងមានតួនាទីជាថ្នាក់ដឹកនាំមួយរូប នៅក្នុងគណៈកម្មាធិការនាយក របស់បក្ស លោកស្រី ឡាក់ សុភាព បានទម្លាយការបែកបាក់ ផ្ទៃក្នុងយ៉ាងខ្លាំង នៅក្នុងគណបក្ស ព្រមទាំងលើកឡើង ពីអំពើពុករលួយ កឹបកេងលុយ រាប់លានដុល្លារ តែម្នាក់ឯងរបស់ លោក សម រង្ស៊ី ។

លួចប្រាប់អ្នកកាសែត នៅក្នុងកិច្ចប្រជុំ របស់ក្រុមបង្កើត គណបក្សថ្មី នៅឯខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ លោកស្រី ឡាក់ សុភាព បានលើកឡើងអំពី ការខ្វែងគំនិតគ្នា និងការបែកបាក់ផ្ទៃក្នុង របស់គណបក្សសង្គ្រោះជាតិ ទាំងក្នុង និងក្រៅ ប្រទេស រហូតបង្ខំឱ្យមេដឹកនាំជាន់ខ្ពស់ ទាំងពីរ គឺលោកប្រធាន សម រង្ស៊ី និងអនុប្រធាន កឹម សុខា បានចាកចេញពីកម្ពុជា ឆ្ពោះទៅកាន់ប្រទេសបារាំង កាលពីប៉ុន្មានថ្ងៃមុននេះ ដើម្បីដោះស្រាយ ជម្លោះពីថ្នាក់ដឹកនាំម្ចាស់ជំនួយ និងសកម្មជនសំខាន់ៗនៅទីនោះ ។

លោកស្រី ឡាក់ សុភាព ដែលសុខចិត្ដ ទុកកូនរស់នៅសហរដ្ឋអាមេរិក ហើយមកប្រឡូកនយោបាយនៅកម្ពុជា និងថ្នាក់ដឹកនាំ សំខាន់មួយរូប ក្នុងគណបក្សប្រឆាំង បានបញ្ជាក់ យ៉ាងដូច្នេះថា “...ដំណឹងថ្មីមួយទៀតសោត គាត់ (លោកសម រង្ស៊ី និង លោកកឹម សុខា ) អញ្ជើញទៅប្រទេសបារាំងហ្នឹង គឺមានការចម្រូងចម្រាស់គ្នាធ្ងន់ធ្ងរ ដោយអត់ស៊ីចង្វាក់គ្នាទេ ទាំងនៅក្រៅប្រទេស និងក្នុងប្រទេស មានដូចតែគ្នាទេ ។

មានការបែងចែកអំណាច អ្នកដែលបោះឆ្នោតហើយជាប់ មានការប្រកាន់និងអ្នកជាប់ អីចឹងទេ មានការរើសអើង ជាការផុយស្រួយនៃការបែកបាក់ អាយុខ្លីនៃការ ដឹកនាំរបស់គណបក្ស គឺ CNRP តែម្ដង”។

ជំនួយការអនុប្រធានគណបក្ស ដែលអះអាងថាបានចូលប្រឡូកក្នុងឆាកនយោបាយ អស់រយៈពេល ២០ឆ្នាំរូបនេះ បានទម្លាយទៀតថា កាលពីកិច្ចប្រជុំបក្ស នាដើមខែធ្នូ ឆ្នាំ២០១៤កន្លងទៅ លោក កឹម សុខា បានលើកឡើងអំពីការផ្ដល់លុយមក លោក សម រង្ស៊ី ៣០ ទៅ ៤០លានដុល្លារ ហើយលោក សម រង្ស៊ី បានទទួល ២០លានដុល្លារហើយ ប៉ុន្ដែអ្នកស្រីមិនបានបញ្ជាក់ឱ្យច្បាស់នោះឡើយ ថាតើទឹកប្រាក់រាប់សិបលានដុល្លារនេះ នរណាផ្ដល់ជូនលោក សម រង្ស៊ី នោះទេ ។

លោកស្រី ឡាក់ សុភាព បានបង្ហាញអំពីការរឹងទទឹងរបស់ មេដឹកនាំបក្សប្រឆាំង ក្នុងការដឹកនាំថ្នាក់មូលដ្ឋាន ដែលនាំឱ្យមានការ បែក បាក់ និងរង្គោះរង្គើ “មិនសំខាន់ការរលាយគណបក្សនោះទេ តែវាជាការ រលាយប្រទេសជាតិតែម្ដង”៕


នាវារបស់ចិន ឈ្មោះ Offshore Oil 286 ចាប់ផ្តើម ប្រតិបត្តិការ ជ្រមុជក្នុងទឹក ជម្រៅ៣ពាន់ ម៉ែត្រ

0
0

ហ្គាងហ្ស៊ូ៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅរាត្រីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ថា នាវារបស់ចិន មួយគ្រឿង ឈ្មោះថា Offshore Oil 286 បានចាប់ផ្តើមប្រតិបត្តិការ របស់ខ្លួន ដោយជ្រមុជទឹកក្នុង ជម្រៅប្រមាណ ៣ពាន់ម៉ែត្រចុះទៅក្រោម ហើយប្រតិបត្តិការនេះ បានធ្វើឡើង កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ។

គេបានដឹងថា នាវារបស់ចិនឈ្មោះ Offshore Oil 286 បានស្ថាបនាឡើងដោយចំណាយ ទឹកប្រាក់អស់ ប្រមាណជាង១ពាន់លានយ័ន ស្មើនឹង១៦៣លានដុល្លារសហរដ្ឋអាម៉េរិក ។ នាវានេះ ជាកម្មសិទ្ធិរបស់ក្រុមហ៊ុន រុករកប្រេងក្នុងស្រុកឈ្មោះ Offshore Oil Engineering Co. Ltd ក្រោម ការគ្រប់គ្រងដោយរដ្ឋាភិបាលចិន សម្រាប់ សារជីវកម្មរុករកប្រេងជាតិ និងត្រូវបានគេចាត់ទុក ថាជានាវារុករកប្រេងដ៏ធំបំផុតសម្រាប់ប្រទេសចិន ។

នាវាមួយនេះមានប្រវែង១៤១ម៉ែត្រ និងទទឹង២៩ម៉ែត្រ មានសមត្ថភាពអាចផ្ទុកបាន១១.២២៨តោន និងអាចផ្តល់ កន្លែងស្នាក់នៅដល់អ្នកនៅលើនាវាចំនួន១៥០នាក់ ។

គេបានដឹងថា នាវាមួយនេះក៏អាចគ្រប់គ្រង និងមានបំពង់បញ្ជូនដល់ការបំពេញបេសកកម្ម នៅក្រោមទឹកជា មួយមនុស្សយន្ត និងការរុករកនៅកម្រិតទឹកជ្រៅ ។ លើសពីនេះវាក៏អាចបញ្ជូន សម្ភារៈនិងបរិក្ខាក្នុងពេល អនុវត្តន៍កិច្ចការងារ នៅក្រោមទឹកបានទៀតផង ។

នាវាខ្នាតយក្សនេះត្រូវបានគេដឹងថា ផលិតឡើងដោយក្រុមហ៊ុនមួយឈ្មោះថា CSSC Huangpu Wenchong Shipbuilding Company Limited៕

ចិន គ្រោងកាត់បន្ថយ ការផលិតប្រេង ប្រមាណ១,៥ លានតោន នៅឆ្នាំ២០១៥

0
0

ហាប៊ីន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤ថា ក្រុមហ៊ុន រុករកប្រេង របស់ប្រទេស ចិនយក្សឈ្មោះថា PetroChina គ្រោងនឹងកាត់បន្ថយ ការផលិតប្រេង នៅឆ្នាំក្រោយ ។

នៅក្នុងសន្និសីទ ស្តីអំពីកិច្ចការ សេដ្ឋកិច្ច ភាគឥសាន ដែលបានប្រារព្ធ ធ្វើឡើងនៅខេត្ត ហៃឡុងជៀន ក្រុមហ៊ុន អ្នកផលិតប្រេង និងឧស្ម័នខ្នាតយក្ស របស់ប្រទេសចិន ដែលមានមូលដ្ឋានរុករកនៅ ដាគីង ផលិតប្រេងបាន ប្រចាំឆ្នាំបានជិត១/៤នៃ បរិមាណប្រេងសរុប ហើយក្រុមហ៊ុននេះរំពឹងថា នឹងធ្វើការកាត់បន្ថយការ ផលិតប្រេងប្រមាណ ១,៥លានតោន នៅក្នុងឆ្នាំ២០១៥ ។

នៅឆ្នាំ២០២០ ក្រុមហ៊ុនខាងលើនឹងបង្កើនការកាត់បន្ថយការផលិតប្រេងប្រមាណ៣២លានតោន
ជាមួយគ្នានេះដែរសម្រាប់ការផលិតប្រេងប្រចាំឆ្នាំនឹងត្រូវបន្ថយប្រមាណជាង១,៣លានតោន ។
នៅក្នុងសន្និសីទបានឲ្យដឹងយ៉ាងដូច្នេះ ។

គួរបញ្ជាក់ថា ក្រុមហ៊ុនខ្នាតយក្សរបស់ចិនមួយនេះ បានផលិតប្រេងបានប្រមាណជាង ២,១ពាន់ លានតោន ដែលប្រេងទាំងនោះជាប្រេងនៅឆៅ ហើយផលិតកម្មប្រេងនេះ គឺចាប់ផ្តើមតាំងពី ឆ្នាំ១៩៦០មកម្ល៉េះ ៕

គណៈបញ្ជាការ ឯកភាព ខណ្ឌដូនពេញ ចុះធ្វើរដ្ឋបាល ទាំងយប់ ចូលរួមទប់ស្កាត់ បទល្មើស

0
0

ភ្នំពេញ៖ គណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ ដឹកនាំដោយ អភិបាល រងខណ្ឌ លោក សុខ ពេញវុធ តំណាងលោកអភិបាលខណ្ឌ គួច ចំរើន នៅយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ នេះ បានបើកយុទ្ធនាការ ដឹកនាំកម្លាំង សមត្ថកិច្ច ទាំងនគរបាល ទាំងអាវុធហត្ថ និងប្រជាការពារខណ្ឌ ព្រមទាំង អាជ្ញាធរ មូលដ្ឋាន ចុះធ្វើត្រួតពិនិត្យ រដ្ឋបាលនៅតាមបណ្តោយផ្លូវលេខ២១៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

យុទ្ធនាការចុះត្រួតពិនិត្យ រដ្ឋបាលតាម រយៈការឆែកអាវុធជាតិផ្ទុះ  ក៏ដូចជា ការពង្រឹង ច្បាប់ចរាចរផ្លូវគោក របស់អាជ្ញាធរ ខណ្ឌដូនពេញ ខាងលើនេះ ធ្វើឡើងដើម្បីចូលរួម ការទប់ស្កាត់ បទល្មើស បង្កើតបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជា កាត់បន្ថយ អាត្រាគ្រោះថ្នាក់ចរាចរជាដើម។

កម្លាំងនគរបាល កម្លាំងអាវុធហត្ថ និង ប្រជាការពារ បាននាំគ្នាឈរ ជាជួរចំកណ្តាលទ្រូងផ្លូវ ហើយស្ទាក់ត្រួតពិនិត្យ ម៉ូតូដែលមើលទៅ មានការសង្ស័យ ព្រមទាំងរថយន្ត ហើយធ្វើការ ត្រួតពិនិត្យ យ៉ាងល្អិតល្អន់ជាទីបំផុត។

លោកញ៉ែម សៅណុល អធិការរងនគរបាល ខណ្ឌដូនពេញ បានគូសបញ្ជាក់ថា យុទ្ធនាការ ពិនិត្យរដ្ឋបាល នៅតាមផ្លូវ ទីសារធាណៈ ក្នុងទឹកដីខណ្ឌដូនពេញ នឹងធ្វើឡើង ជាបន្តបន្ទាប់ក្នុង គោលបំណង បង្កើនកិច្ចការពារសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈ ជូនប្រជាពលរដ្ឋ មិនថា តែនៅខណ្ឌដូនពេញនោះទេ ប៉ុន្តែសម្រាប់រាជធានីភ្នំពេញ ទាំងមូលតែម្តង។

ការចុះត្រួតពិនិត្យ រដ្ឋបាលខាងលើនេះ ក៏បានចូលរួមចំណែក យ៉ាងច្រើនពីសកម្មភាព របស់ក្រុមជនល្មើស ដែលពួកគេមិនអាច ធ្វើ ឬក៏ប្រព្រឹត្តនៅទីតាំង ណាមួយនោះឡើយ ពីព្រោះនិងមានការជួយអន្តរាគម ក៏ដូចជាការស្ទាក់ ចាប់បានភ្លាមៗ ពីសំណាក់កម្លាំងសមត្ថកិច្ច ដែលឈរនៅតាមគោលដៅ ។

តាមការបញ្ជាក់ ពីលោក សុខ ពេញវុធ ក្រោយបញ្ចប់យុទ្ធនាការ ត្រួតពិនិត្យ ជាតិផ្ទុះ រយះពេលជាងមួយម៉ោងរួចមក គណៈបញ្ជាការឯកភាពខណ្ឌ បានរកឃើញកាំភ្លើងខ្លី ចំនួន២ដើម ពីអ្នកដណើរឆ្លងកាត់ ប៉ុន្តែអាវុធខ្លី ទាំងនោះ មានលិខិតស្នាមប្រើប្រាស់ត្រឹមត្រូវ៕

ក្នុងឆ្នាំ២០១៤ វៀតណាម ទទួលបាន ប្រាក់ចំណូល ជិត១,៥ពាន់ លានដុល្លារ តាមរយៈការ នាំចេញបន្លែ និងផ្លែឈើ

0
0

ហូជីមិញ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ថា វៀតណាម ទទួលបាន ប្រាក់ចំណូល ពីការនាំចេញបន្លែ និងផ្លែឈើ គិតក្នុងឆ្នាំនេះ មានទឹកប្រាក់ជិត១,៥ ពាន់លានដុល្លារ ។

របាយការណ៍ មួយចេញដោយ សមាគមអ្នកនាំបន្លែ និងផ្លែឈើវៀតណាម បានបង្ហោះនៅលើ គេហហទំព័ររបស់ខ្លួន ថាតាមការព្យាករណ៍ទឹកប្រាក់ ដែលជាចំណូលបានមកពីការ នាំចេញបន្លែនិងផ្លែឈើ គឺមានទឹកប្រាក់ ជិត១,៥ពាន់ លានដុល្លារសហរដ្ឋអាម៉េរិក គិតក្នុងឆ្នាំ២០១៤នេះ ។ ទន្ទឹមនឹងនេះដែរ ទឹកប្រាក់ចំនួន៥២១លាន ដុល្លារអាម៉េរិក គឺជាការចំណាយអស់សម្រាប់ការនាំចូលបន្លែ និងផ្លែឈើចូលក្នុងប្រទេសនេះ ។

តាមរយៈការនាំចេញនេះ តួលេខដែលបានបង្ហាញឡើងលើវិស័យនាំចេញនេះ គឺបានកើនឡើង
នូវទឹកប្រាក់ប្រមាណ៩៥៦លានដុល្លារ ។

នៅក្នុងរបាយការណ៍ ក៏បានឲ្យដឹងទៀតថា គិតក្នុងខែធ្នូ ឆ្នាំ២០១៤ តាមការព្យាករណ៍ ទៅលើការ នាំចេញបន្លែនិងផ្លែឈើពីវៀតណាម មានទឹកប្រាក់ប្រមាណ១២០លានដុល្លារសហរដ្ឋអាម៉េរិក ។
សរុបការ នាំចេញផលិតផលទាំងអស់នេះ មានទឹកប្រាក់១,៤៧៧ពាន់លានដុល្លារ ។
តួលេខនេះ ធៀបនឹងឆ្នាំមុនគឺបានកើនឡើង ដោយមានទឹកប្រាក់ត្រឹមតែ១,០៧ពាន់លានដុល្លារនោះទេ ៕

ពាណិជ្ជកម្ម វៀតណាម ហក់ទ្បើងខ្ពស់ ជាលំដាប់ រយៈពេលបីឆ្នាំ ជាប់ៗគ្នា

0
0

ហាណូយ៖ ប្រទេសវៀតណាម បានកត់សម្គាល់ថា កំណើនពាណិជ្ជកម្ម ក្នុងឆ្នាំ២០១៤ កើនទ្បើងប្រហែល ២ពាន់ លានដុល្លារ នេះបើយោងតាម ការិយាល័យស្ថិតិទូទៅ បានរាយការណ៍ឲ្យដឹងកាលចុងសប្ដាហ៍នេះ។

តាមសារព័ត៌មានវៀតណាម ចេញផ្សាយនៅថ្ងៃ ចន្ទទី ២៩ ខែធ្នូ ឆ្នាំ ២០១៤ ឲ្យដឹងថា រយៈពេល៣ឆ្នាំបន្ដបន្ទាប់មកនេះ ប្រទេសវៀតណាម ត្រូវបានគេសម្លឹងឃើញថា កំណើនពាណិជ្ជកម្ម មានការហក់ទ្បើងខ្ពស់ជាលំដាប់ តាំងពីឆ្នាំ២០១២ មានកើនទ្បើង ដល់តែ ២៨៩ លានដុលា្លរអាម៉េរិក និងឆ្នាំ ២០១៣ រហូតដល់តែ៨៦០លានដុល្លារ ឯណោះ ។

ព្រមជាមួយគ្នានោះ សម្រាប់ក្នុងឆ្នាំ២០១៤ នេះ ប្រាក់ចំណូលពីការនាំចេញសរុប បាន កើនទ្បើងដល់ ១៥០,៤២ពាន់លានដុល្លារ ដែលកើនទ្បើងជាងឆ្នាំ២០១៣ដល់តែ ១៣,៦ ភាគរយ ខណៈការនាំចូល សរុបកើនទ្បើងឈានដល់ ១៤៨.៥៨ពាន់លានដុល្លារពីមួយ ឆ្នាំទៅមួយឆ្នាំរហូតដល់តែ ១២,១ភាគរយ។

យោងតាមការិយាល័យស្ថិតិទូទៅ សហគ្រាសវិនិយោគផ្ទាល់ពីបរទេស បានចូលរួមចំណែកភាគច្រើន នៃប្រាក់ ចំណូលនាំចេញដ៏សំខាន់នៃផលិតផលរបស់ប្រទេសវៀតណាម ដល់តែ ៩៩,៦ភាគរយនៃ២៤,៨៣ពាន់លានដុល្លារ ក្នុងផ្នែក ទូរស័ព្ទ និងសមាសភាពការនាំចេញ ៥៩,៤ភាគរយ នៃ ចំនួន ២០,៧៧ពាន់លានដុល្លារ ក្នុងវិស័យ នាំចូលសម្លៀកបំពាក់ និងវាយភណ្ឌ នឹង ៧៧ភាគរយនៃ១០,២២ពាន់លានដុល្លារ ក្នុងការនាំចេញស្បែកជើង ៨៩,៧ភាគរយនៃការនាំចេញគ្រឿងម៉ាស៊ីន និងឧបករណ៍ដែលមានសរុប ចំនួន ៧,២៦ពាន់លានដុលា្លរ និង៩៨,៨ ភាគរយ នៃការនាំចេញកុំព្យូទ័រ និងអេទ្បិចត្រូនិច មានចំនួន ១១,៦៦ពាន់លានដុល្លារ។

សូមបញ្ជាក់ថា ក្នុងឆ្នាំ២០១៤ រចនាសម្ព័ន្ធនៃការចេញបានបង្ហាញឲ្យឃើញថា ការផ្លាស់ប្ដូរដ៏សំខាន់មួយ ក្នុងការទទួលបានប្រយោជន៍នៃទំនិញរបស់ប្រទេសនេះ ដោយមាននាំចេញផ្នែកឧស្សាហកម្ម បានកើនទ្បើង១៥,៩ ភាគរយ នៃ៦០ពាន់លានដុល្លារ កសិកម្មនិងផលិតផលព្រៃឈើ បានកើនទ្បើង១១,៤ភាគរយរហូត ដល់ ១៧,៨០ ពាន់លានដុលា្លរ ខណៈដែលផលិតផល ជលផលបានកើនទ្បើង១៧,៦ ភាគរយនៃ៨ពាន់លានុដុលា្លរ៕

តុលាការ ផ្តន្ទាទោស បុរសតៃវ៉ាន់ ៣នាក់ដាក់គុក ម្នាក់ៗ ពី១ ទៅ២០ឆ្នាំ ពាក់ព័ន្ធ នឹងករណី ជួញដូរគ្រឿងញៀន ជាង៣គីឡូក្រាម

0
0

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ បានប្រកាសសាលក្រម ផ្តន្ទាទោស ជនជាប់ចោទ ជនជាតិតៃវ៉ាន់ចំនួន៣នាក់ ដាក់គុកពួកគេម្នាក់ៗ  កំណត់រយៈពេល ពី០១ ទៅ២០ឆ្នាំ ជាប់ទាក់ទង នឹងករណី ជួញដូរគ្រឿងញៀនទម្ងន់ជាង៣  គីឡូក្រាម ប្រព្រឹត្តនទៅក្នុងចំណុចបន្ទប់លេខ ៣៦៧ នៃ សណ្ឋគារភ្នំពេញ   ស្ថិតនៅក្នុងខណ្ឌដូនពេញ កាលពីកំឡុងខែមករា ឆ្នាំ ២០១៤។ 

លោកកែវ មុនី  ប្រធានចៅក្រមប្រឹក្សា នៃសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទទាំង៣នាក់នេះ មានឈ្មោះ Chew Yong Lin ភេទប្រុស អាយុ ៣០ ជនជាតិតៃវ៉ាន់ ត្រូវបាន តុលាការ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ រយៈពេល១ឆ្នាំ ពីបទ៖ ប្រើប្រាស់គ្រឿងញៀន»។  ចំណែកឯ ជនជាប់ចោទ ឈ្មោះ  Liu Luy Chi ភេទប្រុស អាយុ ៣៣ ឆ្នាំ ជនជាតិចិនតៃវ៉ាន់ និង ឈ្មោះ  Wupo Tsang ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិនតៃវ៉ាន់ ត្រូវបាន តុលាការ សម្រេច ដាក់ពន្ធនាគារម្នាក់ៗ កំណត់ រយៈពេល២០ឆ្នាំ និង ពិន័យជាប្រាក់ម្នាក់ៗ ចំនួន៦០លានរៀល សម្រាប់ដាក់ចូល ក្នុងថវិកាជាតិ។

 

លោកចៅក្រមមុនី បានបញ្ជាក់ថា៖ ជនជាប់ចោទតៃវ៉ាន់ទាំង៣នាក់នេះ ត្រូវបានចាប់ ឃាត់ខ្លួន ដោយសមត្ថកិច្ច នគរបាលប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ នៅចំណុចកើតហេតុ ដូចមានអាស័យដ្ឋានខាងលើ កាលពីយប់ថ្ងៃ ទី ២៣ ខែមករា ឆ្នាំ២០១៤។

យោងតាមរបាយការណ៍របស់ នគរបាលប្រឆាំងគ្រឿងញៀន នៃ ក្រសួងមហាផ្ទៃ បានឲ្យដឹងថា៖ ក្រោយឃាត់ខ្លួន ពួកគេទាំង៣នាក់  សមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកក ចំនួន២ ថង់ធំ  មានទម្ងន់ ៣៣១៨ ក្រាម (៣,៣ គីឡូក្រាម) ពីពួកគេ៕

តុលាការសម្រេច ដោះលែង នារីខារ៉ាអូខេ ជាប់ចោទម្នាក់ តែផ្តន្ទាទោសបុរស ជាសង្ស័យដាក់គុក ១៤ឆ្នាំ ពីបទ«ឃាតកម្មដោយចេតនា»

0
0

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃ ទី២៩ ខែធ្នូ ឆ្នាំ២០១៤ បានប្រកាសសាលក្រម លើសំណុំរឿង ជនជាប់ចោទ២នាក់ ដែលជាគូសង្សានឹងគ្នា ដែលជាប់ចោទពីបទ «មនុស្សឃាតដោយចេតនា»  ជាប់សង្ស័យ រឿងស្នេហាត្រីកោណ រួមគំនិត សម្លាប់ស្ត្រីមេម៉ាយវ័យ៦០ឆ្នាំម្នាក់ ឈ្មោះ យាយ កុងស៊ី ប្រព្រឹត នៅក្នុង ភូមិឬស្សីស្រស់ សង្កាត់និរោធ ខណ្ឌមានជ័យ(បច្ចុប្បន្ន ខណ្ឌច្បារអំពៅ) ក្នុងរាជធានីភ្នំពេញ កាលពីអាធ្រាត ថ្ងៃ ទី៨ ខែ កញ្ញា ឈានចូលថ្ងៃ ទី ៩ ខែ កញ្ញា ឆ្នាំ២០១២។

តុលាការសម្រេចឲ្យជនជាប់ចោទ ឈ្មោះ ដន ច័ន្ទកន្និកា ហៅស្រីការ ភេទស្រី អាយុ ២៦ឆ្នាំ  (មានមុខរបរ មុនចាប់ ខ្លួនជា៖ នារីខារ៉ាអូខេ នៅហាង១៦៨ ភ្នំពេញ) បានរួចផុតពីការចោទប្រកាន់ពីបទៈ មនុស្សឃាតដោយ ចេតនា និង សម្រេចដោះលែង ឲ្យមានសេរីភាពវិញ តែបានសម្រេច សម្រេចផ្តន្ទាទោស កំបាំងមុខ ចំពោះជនជាប់ចោទ ឈ្មោះ  គន់ សុខហៃ ភេទប្រុស អាយុ ៣៤ ឆ្នាំ (អតីត បុគ្គលិកផ្នែកសន្តិសុខ នៅ ព្រឹទ្ធសភាជាតិ (រត់គេចខ្លួន) និង ជាអតីត សង្សា(គូរស្នេហ៍) របស់ឈ្មោះ ដន ច័ន្ទកន្និកា ហៅស្រីការ ដាក់ពន្ធនាគារកំណត់រយៈពេល ១៤ឆ្នាំ ពីបទ៖ មនុស្សឃាត ដោយចេតនា និង បង្គាប់ឲ្យប្រាក់ថ្ងៃ ជម្ងឺចិត្ត និង ខូចខាតចំនួន៤០លានរៀល ទៅគ្រួសារ របស់ជនរងគ្រោះ និង ដីកា បង្គាប់ឲ្យចាប់ខ្លួន ជនជាប់ ចោទឈ្មោះ គន់ សុខហៃ ដើម្បីនាំខ្លួន មកផ្តន្ទាទោស តាមអំណាច របស់សាលក្រមតុលាការនេះ។   

យោងតាមឯកសាររបស់តុលាការបានឲ្យដឹងថា៖ ជនជាប់ចោទឈ្មោះ ដន ច័ន្ទកន្និកា ហៅស្រីការ ត្រូវបានចាប់ខ្លួន ដោយសមត្ថកិច្ច តាមបណ្តឹងរបស់កូនប្រុស របស់ជនរងគ្រោះ បន្ទាប់ពីសមត្ថកិច្ចរកឃើញថា៖ លេខទូរស័ព្ទរបស់នាង បានហៅចូល ទៅកាន់ លេខទូរសព្ទ របស់ស្ត្រីរងគ្រោះ  ឈ្មោះ ទិត្យ វណ្ណា ហៅយាយ កុងស៊ី មានមុខរបរៈ  រកស៊ីចង ការលុយ និង  ជាគូស្នេហ៏លួចលាក់របស់ឈ្មោះ គន់ សុខហៃ ជាញឹកញាប់ នៅមុនថ្ងៃ  និង នៅថ្ងៃ ដែលជន រងគ្រោះ ត្រូវវបានគេសម្លាប់នោះ។ ចំណែក ឯ ឈ្មោះ  គន់ សុខហៃ បានរត់គេចខ្លួន៕


អស់បញ្ហា សម្រាប់ អាការៈ ឈឺក្បាល ដោយសារ ទទួលទានឱសថ Panadol Extra

0
0

ភ្នំពេញ៖ អាការៈឈឺក្បាល ជាបញ្ហាមួយ ដែលមនុស្សគ្រប់រូប តែងតែជួបប្រទះ ជាញឹកញាប់ ប៉ុន្តែ កង្វល់ទាំងនេះ គ្មានបញ្ហានោះទេ នៅពេលដែល លោកអ្នកងាកមកប្រើឱសថ Panadol Extra។

Panadol Extra ជាឱសថមួយប្រភេទ មានប្រសិទ្ធភាពខ្ពស់ សម្រាប់អ្នកដែលរវល់ នឹងការងារ ដែលមាន អាការៈឈឺក្បាល ឬស្មុគស្មាញខ្លាំង ហើយពេលប្រើ មិនប៉ះពាល់ដល់ ក្រពះ និងមិនបណ្តាល ឲ្យងងុយគេង នៅពេលធ្វើការ ឬ ពេលសិក្សាឡើយ។

លោក ឌឹម ភារ័ត្ន ធ្វើការងាររដ្ឋបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ ហើយលោកតែងតែ ជួបការងារ ដ៏ស្មុគស្មាញ និងឈឺក្បាល ដែលរំខានដល់ អារម្មណ៍របស់លោក។ អតិថិជនរូបនេះបាននិយាយថា “ការឈឺក្បាលនេះ ពិតជារំខានមែនទែន ព្រោះវាធ្វើឲ្យខ្ញុំមិនអាចធ្វើការបាន និងពេលខ្លះខ្ញុំ មិនអាចសូម្បីតែញ៉ាំ និងមិនចង់និយាយទៅកាន់នរណាម្នាក់ទេ។

បន្ទាប់ពីបានប្រើប្រាស់ ឱសថ Panadol Extra លោកឌឹមភារ័ត្ន បានលើកឡើងថា “ឥឡូវ ខ្ញុំបានរកឃើញ ប៉ាណាដុលអ៊ិចត្រាដែលបំបាត់ការឈឺក្បាលបានលឿន ជាពិសេសវាមិនបណ្តាល ឲ្យខ្ញុំងងុយគេង ឬឈឺក្រពះនោះទេ” ។ ដូច្នេះសូមទទួលទាន ប៉ាណាដុលអ៊ិចត្រា ដើម្បីបំបាត់ការឈឺក្បាល បានលឿន និងមានប្រសិទ្ធភាព៕

បំណាច់ឆ្នាំ៖ ព្រឹត្តិការណ៍​ព័ត៌មាន​សំខាន់ៗ​ក្នុងពិភពលោក ១០ របស់​ស៊ិនហួ ក្នុងឆ្នាំ​២០១៤

0
0

ប៉េកំាង៖ ខាងក្រោមនេះជាព្រឹត្តិការណ៍កំពូលទំាង ១០ ដែលបានកើតឡើងក្នុងពិភពលោក ក្នុងឆ្នាំ២០១៤ ដែលត្រូវបានជ្រើសរើសដោយស៊ិនហួ។

១. រឿងសំខាន់ថ្មី នៅក្នុងផ្នែកការទូតរបស់ចិន
កាលពីដើមខែកុម្ភៈកន្លងទៅ ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានចូលរួមពិធីបើកកីឡាអូឡាំពិករដូវរងារ នៃការប្រកួតកីឡា សូជី នៅក្នុងប្រទេស រុស្ស៊ី ហើយក៏ជាការបើកសករាជថ្មី ក្នុងទំនាក់ទំនងការទូតជាមួយចិនផងដែរ។ នៅក្នុងឆ្នាំនេះ បណ្តាមេដឹកនាំចិន បានចំណាយពេលទស្សនកិច្ចទៅកាន់ ប្រទេសជាច្រើនទៀតនៅអាស៊ី អាហ្រិ្វក អឺរ៉ុប អាម៉េរិកឡាទីន និងនៅអូសេអានី ដើម្បីកសាងបណ្តាញមិត្តភាពសកល និងលើកកម្ពស់នៃការផ្តួចផ្តើមក្រវ៉ាត់ ផ្លូវសូត្រផ្នែកសេដ្ឋកិច្ច និងផ្លូវសមុទ្រសូត្រនៅសតវត្សរ៍ទី២១។

២. កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីប្រយុទ្ធប្រឆំាងនឹងមេរោគ អ៊ីបូឡា
កាលពីខែកុម្ភៈ ជំងឺអ៊ីបូឡាបានផ្ទុះឡើង និងរីករាលដាលនៅប្រទេស ហ្គីណេ និងក្រោយមកទៅដល់ប្រទេស សៀរ៉ាឡេអូន និងលីប៊ីរីយ៉ា ខណៈប្រទេសផ្សេងទៀត ក៏មានសេចក្តីរាយការណ៍ដែរថា មានករណីឆ្លងជំងឺនេះដែរ។ គិតមកដល់ថ្ងៃទី២៤ ខែធ្នូ ជំងឺដ៏កាចសាហាវនេះ បានសម្លាប់មនុស្សរហូតដល់ ៧.៥៧៣នាក់ហើយ នៅទូទំាងពិភពលោក។

៣. វិបត្តិនៅអ៊ុយក្រែន បានធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាពរវាងរុស្ស៊ី និងប្រទេសលោកខាងលិច
កាលពីខែកុម្ភៈកន្លងទៅ ប្រទេសអ៊ុយក្រែន បានផ្លាស់ប្តូរស្ថានការណ៍នយោបាយ របស់ខ្លួនយ៉ាងលឿន ដោយប្រធានាធិបតីលោក វិកទ័រ យ៉ាណូ កូវិក ត្រូវបានគេបណ្តេញចេញពីតំណែង ហើយខាងគណបក្សប្រឆំាង បានចូលគ្រប់គ្រងអំណាចពេញទី។ កាលពីថ្ងៃទី១៦ ខែមីនា សាធារណរដ្ឋ គ្រីមៀ បានធ្វើប្រជាមតិ ហើយក្រុមបះបោរបំបែករដ្ឋ បានប្រកាសបំបែកចេញពីអ៊ុយក្រែន ហើយទៅចូលរួមជាមួយរុស្ស៊ី។ តំបន់មួយចំនួនទៀតដែលស្ថិត នៅភាគខាងកើតអ៊ុយក្រែន ក៏បានធ្វើប្រជាមតិ ដោយបានប្រកាសឯករាជ្យដោយជោគជ័យ ប៉ុន្តែរដ្ឋាភិបាលអ៊ុយក្រែន ដែលជាម្ចាស់ទឹកដី បានបដិសេធឯករាជ្យ ហើយក៏មិនទទួលស្គាល់លទ្ធផលនៃការធ្វើប្រជាមតិនេះ។

៤. អាកាសចរណ៍ ម៉ាឡេស៊ី បាត់ដំណឹងយ៉ាងអាថ៌កំបាំង
កាលពីថ្ងៃទី០៨ ខែមីនា ជើងហោះហើរ MH370 របស់អាកាសចរណ៍ម៉ាឡេស៊ី ដឹកមនុស្សចំនួន ២៣៩នាក់ ក្នុងនោះមាន អ្នកដំណើរជនជាតិចិន ១៥៤នាក់ ដោយធ្វើដំណើរពីទីក្រុង កូឡាឡាំពួរ ឆ្ពោះទៅទីក្រុង ប៉េកំាង ប្រទេសចិន បានបាត់ការទាក់ទងក្នុងរយៈពេលខ្លី បន្ទាប់ពីហោះហើរ។ វាជារឿងដែលមិនធ្លាប់កើតមានពីមុនមក ហើយទោះបីជាមានកិច្ចខិតខំប្រឹងប្រែង រួមរវាងម៉ាឡេស៊ី ចិន អូស្រ្តាលី អាម៉េរិក និងប្រទេសជាច្រើនផ្សេងទៀតក៏ដោយ ក៏ការស្រាវជ្រាវរកយន្តហោះដែលបាត់ដំណឹង មិនបានទទួលលទ្ធផលអ្វីសូម្បីតែបន្តិច។

ចំណែកនៅថ្ងៃទី១៧ ខែកក្កដា ជើងហោះហើរ MH17 ដែលហោះហើរពីទីក្រុង អាំស្ទែរដាំ ប្រទេស ហូឡង់ ទៅកាន់ទីក្រុង កូឡាឡាំពួរ ប្រទេស ម៉ាឡេស៊ី ត្រូវបានគេបាញ់ធ្លាក់នៅភាគខាងកើតប្រទេស អ៊ុយក្រែន បណ្តាលឲ្យមនុស្សនៅលើយន្តហោះនោះទំាង ២៩៨នាក់ស្លាប់ទំាងអស់។ ជាងនេះទៅទៀត កាលពីថ្ងៃទី២៨ ខែធ្នូថ្មីៗនេះ ជើងហោះហើរ 8501 ដែលធ្វើដំណើរពីប្រទេស ឥណ្ឌូនេស៊ី ទៅសិង្ហបុរី បានបាត់ចេញពីប្រព័ន្ធរ៉ាដា ដោយសារតែអាកាសធាតុអាក្រក់ ដោយមានមនុស្សនៅលើនោះទំាងអស់ ១៦២នាក់ មិនទាន់មានដំណឹងដូចគ្នា។

៥. លិចសាឡង់ សេវុល នៅកូរ៉េខាងត្បូង
កាលពីថ្ងៃទី១៦ ខែមេសា សាឡង់ សេវុល មួយគ្រឿងរបស់កូរ៉េខាងត្បូង បានលិច បណ្តាលឲ្យមនុស្សចំនួន ២៩៥នាក់ស្លាប់ ក្នុងចំណោមមនុស្សទំាងអស់ ៤៧៦នាក់។ ដោយសារតែឧប្បតិហេតុលិចនេះ បានធ្វើឲ្យនាយករដ្ឋមន្រ្តីកូរ៉េខាងត្បូងលោក Chung Hong-won សម្រេចចិត្ត លាលែងពីតំណែង។

៦. ក្រុមបំបែករដ្ឋ IS បង្កបញ្ហាប្រឈមផ្នែកសន្តិសុខសកលលោកជាថ្មី
ចាប់តាំងពីខែមិថុនាមក ក្រុមបំបែករដ្ឋ ដែលជាអង្គការជ្រុលនិយមរដ្ឋអ៊ីស្លាម (បច្ចុប្បន្ន) បានចាប់យកទឹកដីដ៏ធំនៅភាគខាងលិច និងភាគខាងជើងប្រទេសអ៊ីរ៉ាក់ និងភាគខាងកើតប្រទេសស៊ីរី ហើយបានប្រកាសការដំឡើងជា រដ្ឋអ៊ីស្លាម នៅក្នុងតំបន់ដែលស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ពួកគេ។ ទំាងនេះបានធ្វើទុក្ខបុកម្នេញ និងសម្លាប់អ្នកទោសសង្គ្រាម និងចំណាប់ខ្មាំងនៃបណ្តាប្រទេសជាច្រើន ដែលក្រុមនេះចាប់បាន និងបានជ្រើសរើសពួកសកម្មប្រយុទ្ធ ដែលបាននាំបញ្ហាប្រឈមថ្មី ចំពោះសន្តិសុខ និងកិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងអំពើភេរវកម្មក្នុងតំបន់ និងអន្ដរជាតិផងដែរ។

៧. ករណីនៅ រដ្ឋ ហ្វ័រហ្គូសុន សហរដ្ឋអាម៉េរិក ជាការលាតត្រដាងមួយនៃការរើសអើងជាតិសាសន៍នៅអាម៉េរិក
កាលពីថ្ងៃទី០៩ ខែសីហា យុវជនស្បែកខ្មៅម្នាក់ឈ្មោះ ម៉ៃឃើល ប្រោន អាយុ ១៨ឆ្នាំ ត្រូវបានបាញ់សម្លាប់ដោយប៉ូលីសស្បែកសអាម៉េរិក ពាក់ព័ន្ធនឹងរឿងរ៉ាវប្លន់ហាងមួយកន្លែង។

៨. ចិន និងជប៉ុន ឈានទៅដល់ការមូលមតិគ្នា ធ្វើឲ្យប្រសើរឡើងចំណងមិត្តភាព
នៅថ្ងៃទី០៧ ខែវិច្ឆិកា ចិន និងជប៉ុន បានឈានដល់កិច្ចព្រមព្រៀងចំនួនបួនចំណុច ដើម្បីកែលម្អទំនាក់ទំនងទ្វេភាគី។ បីថ្ងៃក្រោយមក ប្រធានាធិបតីចិនលោកស៊ី ជីនពីង និងនាយករដ្ឋមន្រ្តីជប៉ុនលោក Shinzo Abe បានជួបប្រជុំតាមសំណើរបស់ភាគីជប៉ុន នៅមុនកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច អាស៊ីប៉ាស៊ីហ្វិកលើកទី២២ (APEC)។ នេះជាកិច្ចប្រជុំលើកដំបូងរវាងពួកមេដឹកនាំ របស់ប្រទេសទាំងពីរក្នុងរយៈពេលជាងពីរឆ្នាំ ដែលវាជាទំនាក់ទំនងរវាងប្រទេសចិន និងប្រទេសជប៉ុន ដែលបានជួបភាពល្វីងជូរចត់ យ៉ាងធ្ងន់ធ្ងរដោយសារតែមានកំហុសរបស់ជប៉ុន។

៩. អាម៉េរិក និងប្រទេស គុយបា ចាប់ផ្តើមទំនាក់ទំនងធម្មតាជាមួយគ្នាឡើងវិញ
កាលពីថ្ងៃទី១៧ ខែធ្នូ សហរដ្ឋអាម៉េរិក និងប្រទេស គុយបា បានប្រកាសថា ពួកគេបានព្រមព្រៀងដើម្បីពិភាក្សា អំពីការស្តារមកវិញនូវ ទំនាក់ទំនងផ្នែកការទូត ដែលនឹងចាប់ផ្តើមឡើងវិញជាធម្មតា នូវចំណងការទូតនៃប្រទេសទំាងពីរ បន្ទាប់ពីប្រទេស គុយបាន បានធ្វើបដិវត្តកាលពីឆ្នាំ១៩៥៩ ដែលធ្វើឲ្យលោក ហ្វីឌែល កាស្រ្តូ ឡើងកាន់អំណាច។ ពេលនោះអាម៉េរិក បានប្រកាន់យកភាពចងសត្រូវជាមួយគុយបា។

១០. គំនិតផ្តួចផ្តើមឲ្យមានក្រវ៉ាត់ និងផ្លូវសម្រាប់ហេតុផលសហប្រតិបត្តិការ
នៅចុងឆ្នាំ២០១៤ ចិនបានផ្តើមគំនិតកសាង ផ្លូវសូត្រក្រវ៉ាត់សេដ្ឋកិច្ច និងផ្លូវសមុទ្រសូត្រសម្រាប់សតវត្សរ៍ទី២១ ដែលភ្ជាប់តំបន់សេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក នៅភាគខាងកើត និងតំបន់សេដ្ឋកិច្ចអឺរ៉ុប នៅភាគខាងលិច ដោយគំនិតផ្តួចផ្តើមនេះ ក៏ទទួលបានការឆ្លើយតបវិជ្ជមាន និងការចូលរួមពីបណ្តាប្រទេសជាង ៥០ ដែលទាក់ទងផងដែរ។

លោកយាយវ័យ ៨៦ឆ្នាំ រស់ដោយ​ការ​ទូល​បន្លែលក់ បន្ត​ទទួល​អំណោយ​ពី​សប្បុរស​ជន

0
0

ភ្នំពេញ៖ ដោយសារតែមើលឃើញពីទុក្ខលំបាក រស់នៅវេទនារបស់លោកយាយ ងិល អេន វ័យ ៨៦ឆ្នាំ ដែលពឹងផ្អែកលើការលក់បន្លែបន្តិចបន្តួច ដើម្បីទ្រទ្រង់ជីវភាពប្រចាំថ្ងៃនោះ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការកងពលតូច ថ្មើរជើងលេខង៧០ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ បានឧបត្ថម្ភថវិកា ២០ម៉ឺនរៀល និងគ្រឿងឧបភោគបរិភោគ មួយចំនួនជូនដល់លោកយាយ។ ឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ បានឧបត្ថម្ភថវិកា ២០ម៉ឺនរៀល ស្ករស ៥គីឡូ អង្ករ ៣បាវ ត្រីខ ១យួរ និងទឹកដោះគោកន្លះឡូ។

សូមបញ្ជាក់ថា លោកយាយ ងិល អេត អាយុ ៨៦ឆ្នាំ បានជួបនូវព្យុះកម្មជីវិតរស់វេទនាជាពន់ពេក ដោយគ្មានកូនចៅជាទីពំនាក់អាស្រ័យនោះឡើយ ពោលស្វាមី និងកូនៗរបស់ លោកយាយ ត្រូវបានស្លាប់អស់ក្នុងរបបបនក្បត់ប៉ុលពត។ ដូនចាស់កម្សត់មានស្រុកកំណើត នៅភូមិសំរោងពងទឹក ឃុំគិរីមានជ័យ ស្រុកបសេដ ខេត្តកំពង់ស្ពឺ បច្ចុប្បន្នប្រឹងត្រដរបន្តជីវី ដោយការរស់នៅតាមសំយ៉ាបផ្ទះរបស់គេ ក្នុងភូមិព្រែកតារដ្ឋ សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

លោកយាយ ងិល អេត បានរៀបរាប់ឲ្យដឹងថា លោកយាយបានរស់ក្នុងភាពមេម៉ាយតាំង ពីក្រោយរំដោះ បន្ទាប់ពីស្វាមីរបស់លោកយាយ ឈ្មោះ ឡាំង ហ៊ន និងកូនប្រុស ស្រី ០៦នាក់ ( ប្រុស ០៥នាក់ ស្រី ០១នាក់ ) ត្រូវបានបនក្បត់ ប៉ុល ពត កាប់សម្លាប់ធ្វើឲ្យលោកយាយរស់នៅទាំងលំបាក តោកយ៉ាក កំព្រាវេទនារហូតមកដល់បច្ចុប្បន្ន។

លោកយាយបានបន្តថា បច្ចុប្បន្នលោកយាយរស់នៅដោយ សុំសំយ៉ាបផ្ទះគេស្នាក់នៅ និងប្រកបរបរដើរបេះបន្លែ ទូលដើរលក់បានប្រាក់តិចតួច សម្រាប់ ទិញអង្ករ ម្ហូបអាហារចិញ្ចឹមក្រពះ អស់រយៈពេល ១០ឆ្នាំមកហើយ។ សព្វថ្ងៃសំយ៉ាបផ្ទះ ដែលសុំគេស្នាក់នៅនោះ ត្រូវធ្លុះធ្លាយ ទ្រុឌទ្រោម ហើយគ្រែដេក ក៏ពុកផុយថែមទៀត ដល់រដូវវស្សាចូលមកដល់ រូបគាត់មិនសូវបានដេកពួននោះទេ ដោយសារទឹកលិចចូលកន្លែងដេក រូបគាត់រត់ចូលទៅ ជ្រកក្រោមផ្ទះរបស់អ្នកជិតខាង។

លោកយាយ ងិល អេត បានរៀបរាប់ពីជីវិតកម្សត់ទាំងរញីរញ័រថា ជារៀងរាល់ព្រឹក លោកយាយតែងតែក្រោកពីព្រលឹម ដើរបេះបន្លែ ដូចជា ស្លឹកស្តៅ ផ្កាស្តៅ ក៏ដូចជាទិញត្រកួន ស្ពៃ ពីចំការអ្នកភូមិ ទូលដើរលក់ ដោយធ្វើដំណើរឆ្លងទឹក តាមទូកមកលក់ក្បែរ ប៉ុស្តិ៍ទូរទស្សន៍ ស៊ីធីអិន គីឡូម៉ែត្រលេខ៦ រហូតដល់ក្បែរស្ពានជ្រោយចង្វារ ក៏មានដែរ លុះដល់វេលាម៉ោង ២ ឬ ម៉ោង ៣ រសៀល ទើបធ្វើដំណើរត្រឡប់ទៅផ្ទះវិញ។ ក្នុងមួយថ្ងៃៗ រកកម្រៃបាន ៣ម៉ឺន រៀល ផាត់ថ្លៃដើម ២ម៉ឺនរៀល និងថ្លៃសោហ៊ុយធ្វើដំណើរទៅមក ៥.៥០០រៀល ដូច្នេះក្នុងមួយថ្ងៃលោកយាយ នៅសល់ តែ ៤.៥០០រៀលប៉ុណ្ណោះ សម្រាប់ទិញម្ហូបអាហារ៕

ជំនួយការរបស់ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ប្រគល់អំណោយ តាមរយៈតំណាង មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល

អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ប្រគល់រថយន្ត មួយគ្រឿង និងម៉ូតូធំ២ គ្រឿង ជូនស្នងការដ្ឋាន នគរបាល ខេត្តរតនគិរី

0
0

រតនគិរីៈ រថយន្តមួយគ្រឿង រួមនិងម៉ូតូធំ ២គ្រឿង ដែលជាអំណោយ របស់អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ ត្រូវបានប្រគល់ជូន ការិយាល័យ អន្តោរប្រវេសន៍ នៃស្នងការដ្ឋាន នគរបាលខេត្ត រតនគិរី កាលពីព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ ក្រោមអធិបតីភាព របស់លោកឧត្តមសេនីយ៍ឯក  ពិន ពិសិដ្ឋ  អគ្គនាយករង នៃអគ្គនាយកដ្ឋាន អន្តោប្រវេសន៍  និងជាតំណាង នាយឧត្តមសេនីយ៍ សុខ ផល  អគ្គនាយកនៃអគ្គនាយកដ្ឋាន អន្តោប្រវេនស៍ ក្រសួងមហាផ្ទៃ។

ស្នងការរងទទួលបន្ទុក ការិយាល័យ ជំនាញអន្តោប្រវេសន៍ លោកវរសេនីយ៍ឯក ជា ប៊ុនធឿន  បានអានរបាយការណ៍ បូកសរុបការងារ ដែលការិយាល័យ ជំនាញអន្តោប្រវេសន៍ នៃស្នងការដ្ឋាន នគរបាល ខេត្តរតនគិរី  អនុវត្តន៍សំសម្រេច បានកន្លងមក លើការគ្រប់គ្រង ជនបរទេស នៅក្នុងទឹកដី ខេត្តរតនគិរី។

លោកក៏បានបញ្ជាក់អោយដឹងទៀតថា ដោយអនុវត្តន៍ ទៅតាមសេចក្តីណែនាំ និងបទបញ្ជា របស់អគ្គនាយដ្ឋាន អន្តោប្រវេសន៍  និងដោយមានការចង្អុលបង្ហាញ ពីលោកឧត្តមសេនីយ៍ត្រី ងួន គឿន  ស្នងការខេត្តរតនគិរី  ការិយាល័យ ជំនាញអន្តោប្រវេសន៍ នៅក្នុងឆ្នាំ២០១៤នេះ  បានចាប់បញ្ជូនជនអន្តោប្រវេសន៍ ខុសច្បាប់ដែលជាជនជាតិវៀតណាម បានចំនួន១៤លើក ស្មើនឹងមនុស្ស៤៧នាក់ ក្នុងនោះស្រី១០នាក់ និងធ្វើការពិន័យ ជនបរទេស ដែលបម្រើការងារ ដែលគ្មានប័ណ្ណការងារ បានចំនួន៦៥នាក់  មានជន ជាតិវៀតណាម និងជនជាតិឥណ្ឌា ស្មើនិងប្រាក់៣២លានរៀល បង់ចូលថវិការរដ្ឋ។

អគ្គនាយករងអន្តោប្រវេសន៍ លោកឧត្តមសេនីយ៍ឯក ពិន ពិសិដ្ឋ  បានមានមតិសំណេះសំណាល ណែនាំបន្ថែម ដល់ស្នងការ និងការិយាល័យជំនាញ អន្តោប្រវេសន៍  អោយខិតខំយកចិត្តទុកដាក់ បន្ថែមទៀតក្នុងការងារ គ្រប់គ្រង ជនបរទេសជាពិសេស ត្រូវស្រាវជ្រាវរកអោយឃើញ នូវជនបរទេសទាំងឡាយណា ដែលមកស្នាក់នៅ ដោយខុសច្បាប់ និងបំរើការងារ ដោយខុសច្បាប់ក្នុងនោះ ត្រូវយកចិត្តទុកដាក់ បន្ថែមទៀតលើការងារ ទប់ស្កាត់ បទល្មើសឆ្លងដែន និងឧក្រិដ្ឋជនឆ្លងដែន និងធានាធ្វើអោយបានលើការងារ គ្រប់គ្រងជនបរទេស ក្នុងទូរទាំងខេត្ត។ 

បន្ទាប់មកលោកឧត្តមសេនីយ៍ឯក ពិន ពិសិដ្ឋ អគ្គនាយករងអន្តោប្រវេសន៍បានប្រគល់សោរ ជានិមិត្តរូបចំពោះរថយន្ត  និងម៉ូតូធំដែលជាអំណោយ របស់ នាយឧត្តមសេនីយ៍សុខ ផល អគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ  ជូនចំពោះ លោកវរសេនីយ៍ឯកជា ប៊ុនធឿន ស្នងការរងទទួលការិយាល័យអន្តោប្រវេសន៍ ដើម្បីជាមធ្យោបាយបំពេញ ការងារជំនាញ និងដើម្បីជាការលើកទឹកចិត្ត ដែលអង្គភាពបានខិតខំបំពេញភារៈកិច្ច បានជោគជ័យកន្លងមក៕

នគរបាល ក្រុងច្បារមន ក្មួយជើងល្អ លួចប្លង់ដី ម្តាយមីង ចំនួន៣ យកទៅបញ្ចាំ យកលុយផឹកស៊ី

0
0

កំពង់ស្ពឺៈ នគរបាលក្រុងច្បារមនបានឃាត់ខ្លួន បន្ទាប់ពីបានសាកសួរអស់រយៈពេល ៤៨ម៉ោង ទើបយុវជនជើងល្អម្នាក់នេះ បានសារភាពថា ខ្លួនបានយកប្លង់ដីជាកម្មសិទ្ធិកាន់កាប់ដីធ្លី ម្តាយមីងរបស់ខ្លួនចំនួន ៣យកទៅ បញ្ចាំដើម្បីយកលុយផឹកស៊ី ។ ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅភូមិខោប សង្កាត់រកាធំក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន មានឈ្មោះ ស៊ីន ឈាង ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិន ពិតប្រាកដ របស់នៅភូមិខោប សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានលួចយកប្លង់ដី របស់ម្តាយមីង ឈ្មោះ ជួន ស្រីណេត ភេទស្រី អាយុ៣៧ឆ្នាំ រស់នៅភូមិខោប សង្កាត់រកាធំក្រុងច្បារមន ខេត្តកំពង់ស្ពឺ យកទៅបញ្ចាំ ឲ្យ ១-ឈ្មោះ តាម៉េង មុខរបរជាជាងជួសជុលរថយន្តនៅភូមិថ្មី  សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ក្នុងតម្លៃ ៨៥០ដុល្លារ ២-ឈ្មោះបង ច្រឹប ភេទស្រី រស់នៅភូមិខោប ចំនួន១២០០ដុល្លារ ៣-ឈ្មោះ បង ណា កូនមីងណុប រស់នៅភូមិខោប ក្រុងច្បារមន ចំនួន ២៥០ដុល្លារ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ៕

Viewing all 8042 articles
Browse latest View live




Latest Images