Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

«កាដូឆ្នាំថ្មី» នគរបាល រាជធានីភ្នំពេញ បង្រ្កាបក្រុមចោរដៃឆៅ និងសកម្ម ប្លន់បាញ់សម្លាប់ ជាច្រើនករណី នាពេលកន្លងមក

$
0
0

- មេចោរដៃដល់ម្នាក់ស្លាប់ ពេលបាញ់តដៃជាមួយសមត្ថកិច្ច និងឃាត់ខ្លួនពីរនាក់

ភ្នំពេញ៖ នៅវេលាម៉ោង ៥ល្ងាចថ្ងៃទី១ នៃឆ្នាំ២០១៥នេះ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ និងខណ្ឌដង្កោ បាននាំគ្នាឡោមព័ទ្ធតាមចាប់ចោរប្លន់ម៉ូតូម្នាក់ រហូតផ្ទុះអាវុធដាក់គ្នាជាច្រើនគ្រាប់ នៅតាមវាលស្រែ ក្នុងសង្កាត់ ព្រៃ ស ខណ្ឌដង្កោ។ ទីបំផុតចោរបំផ្លាញ់សន្តិសុខក្នុងសង្គម ត្រូវមរណា ដោយសារគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច ពេលរូបគេព្យាយាមបាញ់តដៃជាមួយសមត្ថកិច្ច ខណៈបក្ខពួកពីរនាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោង ៤ និង ៣០នាទីល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ ២០១៥នេះ ក្រុមចោរមានគ្នា៣នាក់ បាននាំគ្នាធ្វើសកម្មភាពប្លន់យកម៉ូតូ ហើយត្រូវបានកម្លាំងសមត្ថកិច្ចប្រដេញ តាមចាប់ រហូតធ្វើឲ្យក្រុមចោរទាល់ច្រកផ្តួលម៉ូតូចោល នៅចំណុចលូ៥ ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយក៏ត្រូវសមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់។ ដោយឡែកបក្ខពួកម្នាក់ទៀត បានស្ទុះទៅភ្ជង់ប្លន់ម៉ូតូអ្នកដំណើរ មួយគ្រឿងទៀត ព្យាយាមជិះគេចខ្លួន តែត្រូសមត្ថកិច្ចប្រដេញតាមជាប់រហូត។

លុះដល់វាលស្រែក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ជនសង្ស័យបានផ្តួលម៉ូតូចោល ព្យាយាមរត់គេចខ្លួន ព្រមទាំងបាញ់ តដៃជាមួយសមត្ថកិច្ចរហូតដល់ជាង ៣០គ្រាប់។ ទីបំផុតចោរអស់លក្ខណ៍ បានរងនូវគ្រាប់កាំភ្លើងរបស់សមត្ថកិច្ច ដែលបាញ់ការពារខ្លួននោះ បណ្តាលឲ្យស្លាប់បាត់បង់ជីវិតកណ្តាលវាលស្រែតែម្តង។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការរងរនគរបាលរាជធានីភ្នំពេញ ដែលដឹកនាំបញ្ជាក្នុងប្រតិប្តិការបង្រ្កាបចោរ ប្លន់នេះ បានបញ្ជាក់ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ក្រុមចោរមានគ្នា៣នាក់ ដោយចោរម្នាក់ត្រូវបានចាប់ ខ្លួន ហើយម្នាក់ទៀត បានស្លាប់បន្ទាប់ពីបាញ់តដៃជាមួយសមត្ថកិច្ច។ រហូតដល់ម៉ោងជាង ៥ល្ងាចថ្ងៃនេះ សមត្ថកិច្ចកំពុងឡោមព័ទ្ធចាប់ចោរម្នាក់ទៀត ដែលកំពុងលាក់ខ្លួននៅផ្ទះជួលម្តុំលូ៥។

លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា ប្រតិបត្តិការខាងលើនេះ សមត្ថកិច្ចដកហូតបានកាំភ្លើង កា៥៤មួយដើម និង កា៥៩មួយដើមផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា មេចោរប្លន់ ដែលបាញ់តដៃជាមួយសមត្ថកិច្ចរហូតដល់ត្រូវគ្រាប់ស្លាប់កណ្តាលវាលស្រែ នោះ មានឈ្មោះ ឃុលល័រ។ មេចោរ ឃុលល័រ នេះ ជាមុខសញ្ញាប្លន់ដ៏សកម្ម និងកក្រើកក្នុងរាជធានីភ្នំពេញ ព្រម ទាំងបាញ់សម្លាប់ជនរងគ្រោះមិនញញើតដៃ និងជាច្រើនករណីមកហើយ។ មិនតែប៉ុណ្ណោះ មេចោរ ឃុលល័រ មាន ដីការបស់តុលាការ តាមចាប់ខ្លួនជាច្រើនផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា ប្រតិបត្តិការបង្រ្កាបក្រុមចោរប្លន់ត្រូវបានបិទបញ្ចប់ហើយនៅវេលាម៉ោង ៥ និង៤៦នាទី ល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ជាលទ្ធផលឃាត់ខ្លួនពីរនាក់ និងស្លាប់ម្នាក់។

ទោះបីជាយ៉ាងណាឆុតឆាកប្រយុទ្ធ ជាមួយក្រុមចោរ ដើម្បីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋនេះ សមត្ថកិច្ចមិនទទួលរងរបួសនោះទេ។

ប្រតិបត្តិការបង្រ្កាបក្រុមចោរប្លន់នេះ ដែលចាត់ទុកជា«កាដូសន្តិសុខ» ដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋខ្មែរ នាដើមឆ្នាំថ្មី ឆ្នាំ២០១៥នេះ ត្រូវបានចូលរួមសហការ ប្រកបដោយប្រសិទ្ធភាពខ្ពស់រវាងកម្លាំងនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌទួលគោក មានជ័យ ដង្កោ និងពោធិ៍សែនជ័យ៕


ផ្ទាំងទស្សនីយភាព នារាត្រីឆ្លងឆ្នាំថ្មី នៅមជ្ឈមណ្ឌល កោះពេជ្រ

ម្ចាស់ក្សត្រី នរោត្តម អរុណរស្មី, ញ៉ឹក ប៊ុនឆៃ យាងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ទៅធ្វើជាប្រធានគណបក្ស ហ៊្វុនស៊ិនបិុច សម្តេចក្រុមព្រះ សព្វ ព្រះហប្ញទ័យយល់ព្រម

គណបក្សរាជានិយម ចាប់ផ្តើមទំព័រថ្មី

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥នេះ គណបក្សរាជានិយម ដែលដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិនិងព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ដែលជាបងប្អូនបង្កើត ម្តាយទីទៃពីគ្នា ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហប្ញទ័យ យល់ព្រមឲ្យមានគណបក្សរាជានិយម តែមួយ នោះគឺគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ដែលជាស្នាព្រះហស្ថមិនអាចកាត់ថ្លៃបានរបស់សម្តេចព្រះបរម រតនកោដ្ឋ នរោត្តម សីហនុ ដែលឆ្លងតាមរយៈនៃ ហ៊្វុនស៉ិនប៉ិច នឹងរៀបចំសមាជវិសាមញ្ញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ខាងមុននេះ ដោយយាងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ទៅគង់ជាព្រះប្រធាន។

យោងតាមលិខិតចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ របស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ប្រធានគណបក្សហ្វ៊ិនស៊ិនប៉ិច និងលោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ គណបក្ស បានសុំយាងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ មកគង់ជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។ ចំណែកសម្តេចក្រុមព្រះ បច្ចុប្បន្នជាព្រះប្រធាន គណបក្សសង្គមរាជាធិបតេយ្យ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ដូចគ្នានេះដែរ បានឆ្លើយទៅនឹងថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ដោយសព្វព្រះរាជហប្ញទ័យ ទទួលនូវការស្នើសុំយាងទៅគង់ ជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ។

យោងតាមលិខិត របស់សម្តេចព្រះរាជបុត្រី អរុណរស្មី ដោយមានចុះហត្ថលេខាអមពីលោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ គណបក្សផង បានមានព្រះសុវណ្ណីថា «សម្តេចក្រុមព្រះជាទីគោរពដ៏ខ្ពង់ខ្ពស់ ! យោងស្មារតីបង្រួបបង្រួមជាតិ អ្នករាជានិយម និងអ្នកសីហនុនិយម, យោងស្មារតីកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រង អចិន្រៃ្តយ៍ គណបក្សហ៊្វុនស៊ិនប៉ិច ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥។ ខ្ញុំម្ចាស់មានកិត្តិយស សូមទូលថ្វាយ សម្តេចក្រុមព្រះ មេត្តាជ្រាបថា គណបក្សហ៊្វុនស៊ិនប៉ិច សូមយាងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ មកធ្វើជាប្រធានគណបក្សហ៊្វុនស៉ិនប៉ិច។ ការជ្រើសតាំងជាផ្លូវការ សម្តេចក្រុមព្រះ ក្នុងតួនាទីខាងលើនេះ នឹងធ្វើតាមរយៈ សមាជគណបក្សហ៊្វុនស៉ិនប៉ិច នាពេលខាងមុននេះ»៕

នៅក្នុងលិខិតឆ្លើយតបថ្វាយ សម្តេចព្រះរាជបុត្រី នរោត្តម អារុណរស្មី និងលោក ញ៉ឹក ប៊ុនឆៃ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ដដែល សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ មានព្រះរាជបន្ទូលថា «ខ្ញុំបានទទួលរួច ហើយនូវលិខិតរបស់សម្តេច និងឯកឧត្តម ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ស្តីពីការយាងខ្ញុំ មកធ្វើជាប្រធានគណបក្សហ្វ៊ិនស៊ិនប៉ិច។ ខ្ញុំមានមហាកិត្តិយស និងសេចក្តីរីករាយ យល់ព្រមមកធ្វើជាប្រធាន គណបក្សហ្វ៊ិនស៊ិនប៉ិច តាមសំណើររបស់សម្តេច និងឯកឧត្តម ដើម្បីបន្តដឹកនាំគណបក្សយើងឡើងវិញ» ៕

សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ គ្រោងរៀបចំសមាជគណបក្សរបស់ព្រះអង្គ នៅថ្ងៃទី១៩ ខែមករា ខាងមុខនេះ ដូច្នេះព្រោះតែស្ថានការណ៍នយោបាយ នៃគណបក្សរាជានិយមទាំងពីរ វិវឌ្ឍន៌លឿនដូចភ្នែកបន្ទរ ហើយរួមទាំងអ្នកវិភាគរកគិតមិនទាន់នោះ តាមទំនងប្រហែលជាយកថ្ងៃទី១៩នេះ សម្រាប់គណបក្សហ៊្វុនស៊ិនប៉ិច ក្នុងការរៀបចំសមាជវិសាមញ្ញា ដើម្បីយាងសម្តេចក្រុមព្រះ គង់ជាព្រះប្រធាន របស់គណបក្ស ហ៊្វុនស៊ិនប៉ិច ។ គណបក្ស ហ៊្វុនស៊ិនប៉ិច ជាស្នាព្រះហស្ថរបស់សម្តេចឪ នរោត្តម សីហនុ ដែលបានបង្កើតឡើងនៅទីក្រុង ព្យុងយ៉ាង កូរ៉េខាងជើង នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨២ ។ នៅពេលនោះក្នុងនាមចលនា តស៊ូ។

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៩២ ចលនាហ៊្វុនស៊ិនប៉ិចបានក្លាយទៅជាគណបក្ស តាមរយៈនៃការរៀបចំសមាជ នៅរំចង់ ខេត្តឧត្តរមានជ័យ អតីតតំបន់តស៊ូ នៅជាយដែន ដែលនៅពេលនោះ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ត្រូវបានអង្គសមាជ បោះឆ្នោតថ្វាយជាព្រះប្រធាន។ នៅឆ្នាំ១៩៩៣ គណបក្ស ហ៊្វុនស៊ិនប៉ិច បានចូលរួមបោះឆ្នោត រៀបចំដោយអង្គការសហប្រជាជាតិ ទទួលបានអាសនៈ ៥៨ សម្តេចក្រុមព្រះបានក្លាយជានាយករដ្ឋមន្រ្តីទី១ នៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៨ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈ ៤៣ សម្តេចក្រុមព្រះ ក្លាយជាព្រះប្រធានរដ្ឋសភា នៅក្នុងការបោះឆ្នោតឆ្នាំ២០០៣ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈ ២៦ សម្តេចក្រុមព្រះ ក៏នៅបន្តតំណែងជាព្រះប្រធានរដ្ឋសភា ។

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៦ យុគ្គសម័យកាល ខ្មៅងងឹត ដោយលាយឡំជាមួយខ្យល់ព្យុះវាយកម្ទេច គណបក្ស ហ៊្វុនស៊ិនប៉ិច ធ្វើឲ្យគណបក្សនេះធ្លាក់ទៅក្នុងពិភពអន្តកាល ពុះជ្រៀកទៅជា២ ហើយសម្តេចក្រុមព្រះ លែងជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ចាប់ពីពេលនោះមក។

នៅមុនកាលបោះឆ្នោត ២០១៣ ថ្នាក់ដឹកនាំគណបក្សរាជានិយមទាំងពីរ បានព្យាយាមបង្រួបបង្រួម រហូតបានចុះកិច្ចព្រមព្រៀង នៅខែមេសា ឆ្នាំ២០១២ ដោយក្នុងនោះព្រះអង្គ នរោត្តម រណប្ញទ្ធិ ដែលពេលនោះ សម្តេចក្រុមព្រះ គ្រោងនឹងយាងទៅជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ម្តងរួចទៅហើយ ប៉ុន្តែដោយសារពពកខ្មៅ មិនទាន់រលត់អស់

ទើបអ្នកទាំងពីររស់នៅ កណ្តោចកណ្តែងទីទៃពីគ្នា ។ ប៉ុន្តែចូលមកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ នេះ ទើបពន្លឺព្រះច័ន្ទ បានបញ្ចេញរស្មីឡើងវិញ ធ្វើឲ្យបងប្អូនអ្នករាជានិយមទាំងពីរ រួបរួមគ្នា ចាប់ពីពេលនេះតទៅ ដែលយើងអាចនិយាយថា រាត្រីថ្ងៃព្រហស្បតិ័ ទី០១ ខែមករា ឆ្នាំ២០១៥ ជារាត្រីដ៏មានន័យ មហាត្រចេះត្រចង់ដែលបងប្អូនរាជានិយមទាំងពីរ បានបញ្ចប់នូវភាពឈឺចាប់៕ 

www.freshnews.com

ក្រុមចោរចូលប្លន់ ផ្ទះអាជីវករ យកលុយជិត ៦ពាន់ដុល្លារ និង មាសជាង ៦តម្លឹង

$
0
0

បាត់ដំបង៖ ក្រុមចោរប្រដាប់កាំភ្លើងវែងខ្លី ៣នាក់ បានជិះ ម៉ូតូចូលប្លន់ផ្ទះអាជីវករប្តូរប្រាក់ លក់មាស និងវេរលុយ (វីង) យកលុយដុល្លារ និងលុយបាត សរុបជិត ៦ពាន់ដុល្លារ និងមាសជាង ៦តម្លឹង នាវេលាម៉ោង ៦ និង៥០នាទី ល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។

យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ ក្រុមចោរមានគ្នា ៣នាក់ ប្រដាប់កាំភ្លើង អាការស្វាយបត់ និងកាំភ្លើងខ្លី បានជិះម៉ូតូមកដល់ផ្ទះជនរងគ្រោះ ហើយចូលភ្ជង់ម្ចាស់ផ្ទះវាយបំបែកទូដាក់មាស ប្រមូលយកមាស ព្រមទាំងសំឡុតប្រមូលយកលុយដុល្លារ និងលុយបាត ហើយជិះម៉ូតូគេចខ្លួនទៅបាត់ដោយ សុវត្ថិភាព។

សមត្ថកិច្ចបញ្ជាក់ថា ទ្រព្យសម្បត្តិ ដែលក្រុមចោរប្លន់ទៅនោះ មានលុយដុល្លារ ៣.៩០០ដុល្លារ, លុយបាត ៦០.០០០បាត និងមាសទម្ងន់ ៦តម្លឹង ៣ជី។ ម្ចាស់ផ្ទះជាជនរងគ្រោះ មានឈ្មោះ ចាន់ ឈាងហាប់ ភេទប្រុស អាយុជាង ៥០ឆ្នាំ។

ទោះបីជាយ៉ាងអំពើប្លន់ប្រដាប់អាវុធលើកដំបូងក្នុងឆ្នាំ២០១៥នេះ មិនបង្កឲ្យម្ចាស់រងគ្រោះថ្នាក់នោះទេ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះទៅកាន់កន្លែងកើតហេតុ ព្រមទាំងសាកសួរព័ត៌មាន ដើម្បីកំណត់មុខ សញ្ញាចោរប្លន់ និងស្រាវជ្រាវតាមចាប់យកផ្តន្ទាទោសទៅតាមច្បាប់៕

នគរបាលចរាចរ ខេត្តព្រះសីហនុ បញ្ជូនបុរស ជនជាតិ រុស្សី ទៅតុលាការ បន្ទាប់ពីបង្កគ្រោះថ្នាក់ចរាចរ លើ អ្នកដទៃ

$
0
0

ព្រះសីហនុ ៖ នគរបាលចរាចរផ្លូវគោក ខេត្តព្រះសីហនុ បានបញ្ជូន បុរសជនជាតិរុស្សីម្នាក់ ទៅសាលា ដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ដោយសារតែបានបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់រថយន្តអ្នកដទៃ ព្រោះតែក្នុងខ្លួនផ្ទុកជាតិអាល់កុលហួសកំរិត  ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៥នេះ នគរបាលចរាចរណ៍ខេត្តព្រះសីហនុបាន ចាប់បញ្ជូនខ្លួនបុរសជនជាតិរុស្សីម្នាក់ឈ្មោះ VICTOR  STUPAIKOV ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិរុស្សី បើកបររថយន្តម៉ាក PRELUDE ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A4670  ស្នាក់ នៅបណ្តោះអាសន្ន ក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ទៅសាលាដំបូងខេត្ត ពីបទស្រវឹងស្រា ផ្ទុកជាតិអាល់កុលក្នុងខ្លួន ០,៩៣ ហើយបានបង្កគ្រោះ ថ្នាក់ចរាចរណ៍ដល់អ្នកដទៃទៀតផង ។

លោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យ នគរបាល ចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង ៩និង៣០នាទីព្រឹក នៅតាមបណ្តោយផ្លូវឯករាជ្យ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បុរសជនបរទេសរូបនេះ បានបើកបររថយន្តចេញ ពីហាងផឹកស៊ីមួយកន្លែង ក្នុងអាការៈស្រវឹងជោក ចេញពីរង្វង់មូលតោពីរ ក្នុងទិសដៅចូល មកផ្សារលើ លុះមកដល់មុខហាងស៊ុប ណាក់ណាក់ ជនបង្កបានបើកបុករថយន្តភ្ញៀវ ទេសចរណ៍មកពីក្រុងភ្នំពេញ ម៉ាកតូយ៉ូតាកាមរី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2X 9363  បើកបរដោយឈ្មោះ ឡាំ ឆាយ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរលក់ដូរ មានទីលំ នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតមួយចំហៀង នៅចំណុចខាងលើ ហើយពុំមាននរណារងរបួសឡើយ ។

ក្នុងបទល្មើសចរាចរណ៍មួយនេះ នគរបាលបានបញ្ជូនខ្លួនជនជាតិរុស្សីម្នាក់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ រីឯវត្ថុតាងត្រូវបានរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ខេត្តព្រះសីហនុបណ្តោះអាសន្នដើម្បីរង់ចាំម្ចាស់ រថយន្តរងគ្រោះចូល មកដោះស្រាយ នៅពេលក្រោយ ។ គេសង្កេតឃើញថា បច្ចុប្បន្ននេះនៅក្រុងព្រះសីហនុ ជនបរទេសជាច្រើន បានហូប គ្រឿងស្រវឹង ហើយបើកបរមិនគោរព ច្បាប់ខ្មែរប៉ុន្មាននោះទេ ដែលបញ្ហានេះធ្វើឲ្យអ្នកធ្វើ ដំណើរ ក្នុងក្រុង ព្រះសីហនុ មានការក្តៅក្រហាយយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ពួកគេ ព្រោះប្រជាពលរដ្ឋ ទាំងនេះ បារម្មណ៍ខ្លាចមាន គ្រោះថ្នាក់ចរាចរណ៍ ជាយថា ហេតុណាមួយមកលើកូន ចៅរបស់ពួកគាត់ ។

ដូច្នេះការ បញ្ជូនជនបរទេសរូបនេះ គឺជាការព្រមានមួយដល់ជនបរទេស ឯទៀតឲ្យគោរពច្បាប់ ចរាចរណ៍ របស់ខ្មែរផងដែរ ដើម្បីកុំអាងតែមានលុយ ដើរផឹកស៊ី ហើយបើកបរមិនគោរពច្បាប់នោះ ។ ប្រជាពលរដ្ឋសង្ឃឹមថា សាលាដំបូងខេត្តព្រះសីហនុ និងមានចំនាត់ការយ៉ាង ស័ក្តិសម ចំពោះជនល្មើស ច្បាប់ចរាចរណ៍រូបនេះ ៕

លោក ញឹក ប៊ុនឆៃ៖ ការបង្រួបបង្រួម បក្សរាជានិយម មិនមានការរៀបចំ ពីនាយករដ្ឋមន្រ្តី កម្ពុជានោះទេ តែចង់រក្សាកេរ ដំណែលសម្តេចឪ

$
0
0

ភ្នំពេញ៖ ក្រោយពីមួយថ្ងៃដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ សម្រេចសព្វព្រះរាជហឫទ័យ យល់ព្រមគង់ជាព្រះប្រធានដឹកនាំ គណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ឡើងវិញតាមការស្នើសុំរបស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តមអរុណរស្មី, លោក ញឺក ប៊ុនឆៃ អគ្គលេខាធិការនៃគណបក្សហ៊្វុនស៊ិនប៉ិច បានរៀបចំសន្និសារព័ត៌មាន នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៥ ដោយបញ្ជាក់ពីជំហររបស់ខ្លួនថា ការបង្រួបបង្រួមបក្សរាជនិយមនៅពេលនេះ មិនមែនជាការរៀបចំពីនាយករដ្ឋមន្រ្តីកម្ពុជានោះទេ ពោលគឺជាគំនិតរួមរួបទាំងស្រុង ពីបក្សដោយខ្លួនឯងក្នុងបំណង តែមួយគត់ គឺដើម្បីបង្រួបបង្រួមអ្នករាជានិយម។

លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការនៃគណបក្ស ហ៊្វុនស៊ិចប៉ិច បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីស្នាក់ការបក្សនារសៀលថ្ងៃទី២ មករា ថា ការយាងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទ្រង់ធ្វើជាព្រះប្រធានគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិចឡើងវិញ មិនមានការរៀបចំពីនាយករដ្ឋមន្រ្តីកម្ពុជា ឬភាគីចិនណាមួយនោះទេ តែសម្តេចនាយករដ្ឋមន្រ្តី ពិតជាបានទូរស័ព្ទអបអរសាទរ នៅពេលឃើញអ្នករាជានិយម រួបរួមគ្នាឡើងវិញដើម្បីរក្សា កេររបស់សម្តេចឪ។

លោកថ្លែងថា “ពីមុនសម្តេចតេជោចាត់ចែងទាំងស្រុង តែការរួបរួមលើកនេះ ជាគំនិតទាំងស្រុងរបស់បក្ស គ្រាន់តែសម្តេចទូរស័ព្ទមកអបអរ ខ្ញុំសូមបញ្ជាក់ថា គំនិតរួបរួមនេះ តាំងពីសម្តេចឪមកម្ល៉េះ និងព្រះអនុជអរុណរស្មីតាំងពីយូរ តែទើបរកដំណោះស្រាយចេញ បានកាលពីម្សិលមិញព្រោះ មិនចង់ឃើញបក្សរាជានិយម បែកគ្នាជាពីរ និងបំណងធំចង់ថែរក្សាគង់វង្សអ្វីដែលកេរដំណែលរបស់សម្តេចតា”។

លោកបានបន្ថែមថា នៅពេលនេះសបញ្ជាក់ឲ្យកាន់តែច្បាស់ថា លោកគ្មានទំនាស់ណា មួយជាមួយសម្តេចក្រុមព្រះនោះទេ ហើយការបែកបាក់កន្លងមក របស់គណបក្សរាជានិយម មិនមែនដោយសារ លោកចង់ក្លាយខ្លួនជាប្រធានបក្សនោះដែរ។

លោកថា “ខ្ញុំគ្មានបំណងចង់ធ្វើប្រធានបក្សអីនោះទេ ខ្ញុំឈឺចាប់ពេកហើយពេលឃើញបក្សរាជានិយមបែកបាក់ម្តងហើយម្តងទៀត មិនចង់ឲ្យបក្សហែងហួរគ្នា នេះជាលើកចុងក្រោយគ្មាន ការបែកបាក់ទៀតទេ ព្រោះអាយុចាស់ៗអស់ហើយ”។

ជាមួយគ្នានេះ សកម្មភាពរបស់បក្សបន្ត គឺរង់ចាំការធ្វើសមាជរបស់បក្សហ៊្វុនស៊ីនប៉ិច នៅថ្ងៃខាងមុខ ដើម្បីពង្រឹងខ្លួនត្រៀមការបោះឆ្នោត និងចូលរូមជាមួយគណបក្ស ដែលមានសំឡេងច្រើនក្នុងការ ដោះស្រាយពីបញ្ហាប្រទេសជាតិ ដែលប្រទេសជាតិកំពុងដោះស្រាយ ដូចជាបញ្ហាអន្តោប្រវេសន៍ អំពើពុករលួយជាដើម ដោយលោកជឿជាក់លើ គណបក្សរាជានិយមជាដៃគូដ៏ល្អជាមួយ គណបក្សប្រជាជនកម្ពុជា ជាជាងគណបក្សសង្រ្គោះជាតិបច្ចុប្បន្ន។

យោងតាមលិខិតចុះថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ របស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ប្រធានគណបក្សហ៊្វុនស៊ីនប៉ិច និងលោក ញឹក ប៊ុនឆៃ អគ្គលេខាធិការគណបក្ស បានសុំយាងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ មកគង់ជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។ ចំណែកសម្តេចក្រុមព្រះ បច្ចុប្បន្នជាព្រះប្រធាន គណបក្សសង្គមរាជាធិបតេយ្យ នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ដូចគ្នានេះដែរ បានឆ្លើយទៅនឹងថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ដោយសព្វព្រះរាជហប្ញទ័យ ទទួលនូវការស្នើសុំយាងទៅគង់ ជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។

សូមជម្រាបថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៦ គណបក្ស ហ៊្វុនស៊ិនប៉ិច បានធ្វើឲ្យគណបក្សនេះធ្លាក់ពុះជ្រៀកទៅជា២ ហើយសម្តេចក្រុមព្រះ លែងជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ចាប់ពីពេលនោះមក។

នៅមុនកាលបោះឆ្នោត ២០១៣ ថ្នាក់ដឹកនាំគណបក្សរាជានិយមទាំងពីរ បានព្យាយាមបង្រួបបង្រួម រហូតបានចុះកិច្ចព្រមព្រៀង នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១២ ដោយក្នុងនោះព្រះអង្គ នរោត្តម រណប្ញទ្ធិ ដែលពេលនោះ សម្តេចក្រុមព្រះ គ្រោងនឹងយាងទៅជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ម្តងរួចទៅហើយ ប៉ុន្តនៅតែបន្តបែកបាក់ទើបតែនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៥នេះ ទើបគេឃើញបក្សរាជានិយមពីរនេះរូបរួមគ្នាឡើងវិញម្តងទៀត៕

សម្តេចហេង សំរិនបញ្ជូន សំណើលោកស្រី កែ សុវណ្ណរតន៍ករណី ជួយអន្តរាគមន៍ សម្រាមទៅ អាជ្ញាធរសៀមរាប

$
0
0

ភ្នំពេញ៖ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សម្តេចហេង សំរិននៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥នេះ បានបញ្ជូនសំណើជួយអន្តរាគមន៍ បញ្ឈប់សកម្មភាពដឹក សម្រាមមកចាក់ នៅតំបន់ក្បែរ ភូមិអន្លង់ពីរ និងភូមិភ្នំដី ឃុំត្រពាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាបទៅ អភិបាលខេត្តសៀមរាប។

លិខិតរបស់ លោកស្រី កែ សុវណ្ណរតន៍ ដែលបានផ្ញើទៅសម្តេច ហេង សំរិន ឲ្យជួយអន្តរាគមន៍ របស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី៣០ ខែធ្នូ បានផ្ញើទៅអភិបាល ខេត្តសៀមរាប លោក ឃឹម ប៊ុនស៊ុងហើយ នៅព្រឹកនេះ។

លិខិតរបស់លោកស្រីបានឲ្យដឹងថា «កាលពីថ្ងៃទី២៤ ខែធ្នូ ប្រជាពលរដ្ឋចំនួន៤៣២នាក់ មកពីភូមិអន្លង់ពីរ និងភូមិភ្នំដី បានដាក់ពាក្យបណ្តឹង មកអ្នកតំណាង រាស្រ្តមណ្ឌល ខេត្តសៀមរាប ស្នើសុំជួយអន្តរាគមណ៍ដើម្បីបញ្ឈប់សកម្មភាពដឹកសម្រាមរបស់ក្រុមហ៊ុន ហ្គាអ៊ីយ៉ា ភីអីលស៊ី មកចាក់នៅតំបន់ក្បែរ លំនៅឋានដែល ប្រជាពលរដ្ឋកំពុងរស់នៅ»។

ប្រភពដដែលបានបន្ថែមថា សម្រាមដែលក្រុមហ៊ុនដឹកយកមកចាក់ នេះបានធ្វើឲ្យប៉ះ ពាល់ដល់ទិន្នផលស្រែកចំការ ព្រមទាំងធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ឈឺជាប្រចាំដោយសារ តែក្លិននៃគំនរសម្រាមទាំងនោះ»៕


Hyundai និង Kia ដាក់គោលដៅ ឆ្នាំ២០១៥ លក់រថយន្តឲ្យបាន ៨,២លានគ្រឿង

$
0
0

សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០១៤ថា ក្រុមហ៊ុន ផលិត និងចែកចាយរថយន្ត របស់ប្រទេសកូរ៉េ ខាងត្បូងឈ្មោះថា Hyundai និង Kia បានដាក់ គោលដៅ របស់ខ្លួនថា នៅក្នុងឆ្នាំ២០១៥នេះ នឹងលក់ចេញរថយន្ត ឲ្យបាន៨,២លានគ្រឿង ។ ការដាក់ផែនការបែបបនេះ បន្ទាប់ពីក្រុមហ៊ុនរថយន្តខាងលើ ទទួលបានការលក់ចេញរថយន្ត ប្រមាណ៨លានគ្រឿងនៅឆ្នាំ២០១៤ ។

លោក Chung Mong-koo ប្រធានក្រុមហ៊ុន Hyundai Motor Group បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍ មួយដល់បុគ្គលិករបស់ លោកនាឆ្នាំថ្មីនេះថា
ក្រុមហ៊ុនទាំងពីរមានបំណង បង្កើនការផលិតរថយន្ត និងលក់ចេញឲ្យបាន៨,២លានគ្រឿងនៅក្នុងឆ្នាំនេះ ។

គួររំលឹកថា ក្រុមហ៊ុន Hyundai បានលក់ចេញយានយន្តប្រមាណ៤.៩៦៣.០០០គ្រឿង កាលពីឆ្នាំមុន ខណៈដែលក្រុមហ៊ុន Kia បានលក់ចេញយានយន្ត កើនឡើងដល៣.០៤១.៦៩៦គ្រឿង ។

ក្រុមហ៊ុន Hyundai បានកំណត់ការលក់ចេញ យានយន្តនៅក្នុងឆ្នាំ២០១៥ប្រមាណ៥,០៥លាន គ្រឿង និងក្រុមហ៊ុន Kia បានដាក់ផែនការលក់ចេញ ប្រមាណ៣,១៥លានគ្រឿង ៕

នាវាដឹកប្រេងលីប៊ី បុកនឹងនាវាស្តុក កុងតឺន័រ របស់សិង្ហបុរី កាលពីព្រឹកថ្ងៃសុក្រ

$
0
0

សិង្ហបុរី៖ នាវាដឹកប្រេងរបស់ប្រទេសលីប៊ី បានបុកជាមួយនឹងនាវាស្តុក កុងតឺន័រ របស់សិង្ហបុរី ក្នុងដែនទឹក របស់ប្រទេសសិង្ហបុរី ស្ថិតនៅចម្ងាយប្រមាណ ១៧ គីឡូម៉ែត្រ ភាគឦសាន នៃ តំបន់ ផេដ្រា ប្រង់កា កាលពីព្រឹកថ្ងៃសុក្រ ទី០២ ខែមករា។ នេះបើតាមការផ្តល់ព័ត៌មានពី អាជ្ញាធរកំពង់ផែ និង នាវាចរណ៍ សិង្ហបុរី (MPA)។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា នាវាទាំងពីរខាងលើ បានបុកគ្នា កាល ពីវេលាម៉ោង ៦ ព្រឹក ហើយនាវាដឹកប្រេងដែលមានទំហំតូច ជាងនាវាដឹកកុងតឺន័រ នោះបាន ទទួលរងការខូចខាតខ្លាំងជាងគេ និង នាំឲ្យមានការលេចធ្លាយប្រេងខ្លាំងផងដែរ។ អាជ្ញាធរ ក៏ បានចេញឧទ្ធម្ភាគចក្រ ដើម្បីត្រួតពិនិត្យស្ថានភាពជាក់ស្តែងក្នុងគ្រានោះផងដែរ។

គួរបញ្ជាក់ថា ប្រេងដែលកំពប់នៅលើដែនទឹករបស់ជ្រោយសមុទ្រម៉ាឡាកា រវាងសិង្ហបុរី និង ម៉ាឡេស៊ី កំពុងត្រូវបានដោះស្រាយដោយ អាជ្ញាធរនៃប្រទេស ជិតខាងទាំងពីរ។ ដោយឡែក នាវាទាំងពីរ ដែលរងគ្រោះត្រូវបានបញ្ជូនមកត្រួតពិនិត្យនៅកំពង់ផែហើយ ដើម្បីធ្វើការជួស ជុល និង ស៊ើបអង្កេតរកមូលហេតុ នៃការបុកគ្នានេះឲ្យបានជាក់លាក់៕

ទស្សនៈឡប់ៗ ៖ ...តែ ៤ពាន់លានសោះហ្នឹង ...!

$
0
0

ដោយ ៖ នាយខ្វែក

ភ្នំពេញ ៖ ប៉ុន្មានថ្ងៃនេះ នៅលើទីផ្សារវិនិយោគ និងក្នុងចំណោមអ្នករកស៊ីធំៗនៅស្រុកខ្មែរម្នាក់ៗ បាននាំគ្នាជ្រួលជ្រើម និងភ្ញាក់ផ្អើល ព្រោះតែមានក្រុមហ៊ុនមួយមកពីប្រទេសកូរ៉េ បានធ្វើសន្និសីទកាសែតប្រកាសថា ក្រុមហ៊ុនខ្លួន នឹងបោះ ទុន ៤០០០លានដុល្លារ សហរដ្ឋអាម៉េរិកមក ធ្វើការអភិវឌ្ឍនៅស្រុកខ្មែរ បង្កើតទីក្រុងរណប ។

រឿងក្រុមហ៊ុនកូរ៉េប្រកាសស្ពាយលុយ ៤០០០លានដុល្លារអាម៉េរិក មកវិនិយោគស្រុកខ្មែរនេះ មិនត្រឹមតែអ្នកវិនិយោគ ផ្អើលទេ សូម្បីតែនៅតាមតុកាហ្វេដែលធ្លាប់តែវិភាគរឿងនយោបាយនោះ ក៏នាំគ្នាងាកមកវិភាគរឿងលុយវិនិយោគ ៤០០០លានដុល្លារនេះដែរ ។

តាម្នាក់ដែលទំនងជាជើងចាស់ ខាងវិភាគបានលើកឡើងថា មិនធម្មតាទេ លុយ ៤០០០លានដុល្លារធ្វើការវិនិយោគ បង្កើតទីក្រុងរណប នៅតាខ្មៅអាចធ្វើឲ្យទីរួមខេត្តកណ្តាលពេលយប់ ភ្លឺដូចពេលថ្ងៃ ព្រោះអង្គការសហប្រជាជាតិ គ្រាន់ តែចាយត្រឹម ២០០០លានដុល្លារសោះ លុយដុល្លារហូរហៀរស្ទើរពេញស្រុកខ្មែរ រហូតដល់សព្វថ្ងៃ សូម្បីតែជំងឺអេដស៍ ដែលកើតចេញពីលុយ ២០០០លានដុល្លាររបស់អ៊ុនតាក់ ក៏បន្សល់ទុកមកដល់សព្វថ្ងៃដែរ ។ ចុះទម្រាំ ៤០០០លាន ដុល្លារទៀត ។

លោកតានិយាយមិនទាន់ចប់ប្រយោគផង ស្រាប់តែអន្ទិតផ្លូចអង្គុយអានកាសែតនៅតុម្ខាង ក៏លូកមាត់តបដោយមិន ខ្លាចតាខឹងថា ៖

អន្ទិតផ្លូច ៖ លោកតាឯងជឿដែរ ! បើក្រុមហ៊ុនធំៗរបស់ជប៉ុន របស់អាម៉េរិកទៅអាចជឿខ្លះ នេះក្រុមហ៊ុនកូរ៉េសោះ ហ្នឹង ប្រវត្តិធ្លាប់មានច្រើនមកហើយតើ ! ចុងក្រោយអភិវឌ្ឍន៍ចេញអីខ្លះ គឺបានត្រឹមតែមកបំផើមចោលប៉ុណ្ណោះ ។ ក្រោយពីលើកកែវតែក្រេបផ្សើមបំពង់ករួចមក អន្ទិតផ្លូចក៏បន្តឡើងថា ៖

អន្ទិតផ្លូច ៖ លោកតាឯងក្រលេកមើលអគារ ៤២ជាន់ ទីក្រុងរណបខាំមិនកូ មិនសុទ្ធតែជារបស់ក្រុមហ៊ុនកូរ៉េប្រកាស ឡើងបោះទុនរាប់រយ រាប់ពាន់លានដុល្លារ ធ្វើការវិនិយោគ លទ្ធផលពេលនេះ មិនគាំងស្ញេញ សូម្បីតែគម្រោងវិនិយោគ របស់ក្រុមហ៊ុនយក្សប៊ូយ៉ុងរបស់កូរ៉េ ដែលប្រកាសបោះទុនរាប់រយ រាប់ពាន់លានដុល្លារ បង្កើតមជ្ឈមណ្ឌល ពាណិជ្ជកម្ម នៅតាមផ្លូវសហព័ន្ធរុស្ស៊ី ក្បែរផ្សារទឹកថ្លា រហូតមកដល់ពេលនេះ ទំនងគាំងស្ញេញទៀតហើយ ព្រោះក្រៅ ពីជីកយកអាចម៍ដីលក់ ទឹកហូរចូលបង្កើតជាបឹងធំល្វឹងល្វើយរួចមក ក៏ស្ងាត់ជ្រាបទៅវិញទៅ ។

នាយខ្វែកដែលកំពុងផ្ទៀងត្រចៀកស្តាប់ ពេលលឺអន្ទិតផ្លូចនិយាយបែបនេះ ហាក់ដូចជាយល់ស្របម្យ៉ាងដែរ ព្រោះអា រឿងហាឡើងរាប់រយរាប់ពាន់លានដុល្លារនេះ មិនមែនតែអាផ្លូចវាមិនជឿនោះទេ កន្លងមកសូម្បីតែសម្តេចនាយករដ្ឋ មន្រ្តីក៏ធ្លាប់ប្រកាសមិនជឿអារឿងអ្នកវិនិយោគមកសុំជួបដោយប្រកាសដាក់ទុនវិនិយោគរាប់រយ រាប់ពាន់លានដុល្លារ នេះផងដែរ ដោយកាលណោះសម្តេចបានថ្លែងថា អាហាឡើងរយលាន ហាឡើងពាន់លានដុល្លារនេះ ច្រើនតែ « ខ្យល់ » ។

ក្រោយស្តាប់សំដីអន្ទិតផ្លូច និងនឹកឃើញប្រសាសន៍នាយករដ្ឋមន្រ្តីដែលធ្លាប់ថ្លែង នាពេលកន្លងមក បានធ្វើឲ្យនាយ ខ្វែករៀងតឹងអារម្មណ៍មកវិញ រួចហើយក៏នឹកថា កុំទៅគិតច្រើន ៤០០០លានដុល្លារ គ្រាន់តែជាតួលេខសោះហ្នឹង បើ ឃើញពិតជាក់ស្តែងចាំគិតតទៅទៀត ៕

ព្រះចៅអធិរាជជប៉ុន ស្វាគមន៍ឆ្នាំថ្មី និង ចង់ឲ្យពិភពលោក ទាំងមូលមានសន្តិភាព

$
0
0

តូក្យូ៖ នៅថ្ងៃសុក្រ ទី០២ ខែមករា ឆ្នាំ២០១៥ នេះ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ បានមាន ព្រះរាជហរទ័យអបអរសាទរ ស្វាគមន៍ពិធីចូលឆ្នាំសកល ២០១៥ ក្នុងទិវាជាតិមួយនៅ ព្រះបរមរាជវាំង ស្ថិតនៅកណ្តាលទីក្រុងតូក្យូ ហើយក្នុងឱកាសនោះដែរ ព្រះអង្គបានបួងសួង សុំសន្តិភាព សម្រាប់ប្រទេសជប៉ុន និង សកលលោកទាំងមូល។

ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃសុក្រ ទី០២ ខែមករា នេះដោយលើកឡើង ពីព្រះរាជបន្ទូលនៃព្រះចៅ អាគីហ៊ីតុ ទៀតថា “នៅក្នុងថ្ងៃចាប់ផ្តើមនៃឆ្នាំថ្មីនេះ ខ្ញុំសូមបួងសួង ឲ្យមានសន្តិភាព និង សុភមង្គល សម្រាប់ប្រជាជននៃប្រទេសជប៉ុន និង ប្រជាជនទាំងអស់ របស់សកលលោក។ ពិភពលោកគួរតែរៀនសូត្រពីប្រវត្តិសាស្ត្រនៃឆ្នាំ ២០១៥ នេះ ដែលជា ពេលត្រូវរំឭកខូបទី ៧០ឆ្នាំ នៃការបញ្ចប់សង្គ្រាមលោកលើកទីពីរនោះ។”

គួរបញ្ជាក់ថា កាលពីសម័យសង្គ្រាមលោកលើកទីពីរ ប្រទេសជប៉ុនបានទទួលរងគ្រោះខ្លាំង បំផុតដោយសារតែការទម្លាក់គ្រាប់បែកបរមាណូ ពីសហរដ្ឋអាម៉េរិក នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី ដែលបានបណ្តាលឲ្យមនុស្សរាប់សែននាក់បាត់បង់ជីវិត និង ជាថ្ងៃនៃការបញ្ចប់ សង្គ្រាមលោក កាលពីឆ្នាំ ១៩៤៥នោះដែរ។

ប្រការនេះ នាំឲ្យប្រទេសជិតខាងជប៉ុន នាំគ្នា តាមដានពីការវិវឌ្ឍនយោបាយរបស់ជប៉ុនជានិច្ច ក្នុងនាមជាអតីតចក្រពត្តិមួយ ដែលធ្លាប់មាន ឥទ្ធិពលគ្របដណ្តប់នៅតំបន់អាស៊ីបូព៌ា ទាំងមូលកាលពីសម័យសង្គ្រាមលោកទាំងពីរលើក៕

សង្គមស៊ីវិល-សហជីព រួមគ្នា​បង្សុកូល​ឧទ្ទិស​កុសល ជូនអ្នក​ស្លាប់​លើ​ផ្លូវវ៉េងស្រេង​ថ្ងៃ​ស្អែក

$
0
0

ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិល និងសហជីពនៅកម្ពុជា បានរួមគ្នារៀបចំពិធីសូត្រ តាមបែបសាសនា និងបង្សុកូលដល់អ្នកដែលបានស្លាប់ នៅលើកំណាត់ផ្លូវវ៉េងស្រេង ក្នុងព្រឹត្តិការណ៍ផ្ទុះបាតុកម្ម និងកូដកម្មកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។

លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានថ្លែងឲ្យដឹងថា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥ស្អែកនេះ គឺជាខួបមួយឆ្នាំរបស់ ក្រុមកម្មករដែលបានស្លាប់ ក្នុងហេតុការណ៍បាតុកម្មនៅ ទូទាំងប្រទេសកាលពីឆ្នាំមុន ដែលមានអ្នកស្លាប់ចំនួន ៤នាក់។ លោកថា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធពួកគេនោះ បានជាអង្គការសង្គមស៊ីវិល និងសហជីពរួម គ្នាបង្សុកូលឧទ្ទិកុសលដល់ពួកគេ។

សូមបញ្ជាក់ថា នៅថ្ងៃទី៤ មករា គណបក្សសង្រ្គោះជាតិ ក៏នឹងប្រាព្ធកម្មវិធីនេះដូចគ្នាដែរ នៅលើទីលានប្រជាធិបតេយ្យ ក្បែររមណីយដ្ឋានវត្តភ្នំ៕

CPP និងCNRP បន្តពិភាក្សាជំពូកទី៦ ខណៈ ៤ចំណុចនៅតែខ្វែងគំនិតគ្នា

$
0
0

ភ្នំពេញ៖ ក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្គ្រោះជាតិ (CNRP) នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤នេះ នៅតែបន្តពិភាក្សាគ្នានៅក្នុងជំពូកទី៦ នៃច្បាប់ថបោះឆ្នោត ស្របពេលដែលនៅមាន ៤ចំណុចទៀត ដែលកំពុងខ្វែងគំនិងគ្នា។

ថ្លែងបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាគ្នារវាងក្រុមការងារ នៃគណបក្សទាំង នាវិមានរដ្ឋសភា ប្រធានក្រុមការងារ និងជាសមាជិកសភា មកពីCNRP លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា ការពិភាក្សាច្បាប់បោះឆ្នោតនេះ នៅសល់ចំណុច ៤ដែលមិនទាន់បានស្រុះស្រួលគ្នានៅឡើយទេ។

លោកថា “ចំណុចដែលមិនទាន់បានស្រុះស្រួលគ្នានោះ មានទី១. ការដៅអត្តសញ្ញាណរបស់អ្នកបោះឆ្នោត, ទី២. ការកំណត់ពេលវេលា សម្រាប់ចុះឈ្នោះបោះឆ្នោត, ទី៣. មិនទាន់បានកំណត់ភាពច្បាស់លាស់ណាមួយសម្រាប់ឯកសារចុះឈ្មោះបោះឆ្នោត និងទី៤. ការកំណត់អាសនៈនៅក្នុងរដ្ឋសភារបស់អ្នកតំណាងរាស្ត្រ”។
ប្រធានក្រុមការងារ និងជាសមាជិករដ្ឋសភា មកពី CPP លោក ប៊ិន ឈិន បានមានប្រសាសន៍ថា សម្រាប់គណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់ជំហរឲ្យអ្នកបោះឆ្នោត ត្រឹមតែមានអត្តសញ្ញាណប័ណ្ណបានហើយ។

លោកបន្តថា “កត្តាដែលគណបក្សប្រជាជនប្រកាន់ជំហរដូចនេះ ព្រោះមិនចង់ឲ្យមានការចំណាយថវិកាជាតិសម្រាប់ធ្វើប័ណ្ណបោះឆ្នោតថែមទៀត  អីចឹងត្រឹមតែមានអត្តសញ្ញាណប័ត្របាន និងមានការងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋសម្រាប់ទុកដាក់”។

សូមបញ្ជាក់ថា មកដល់ពេលនេះ ក្រុមការងារ នៃគណបក្សទាំងពីរនៅតែបន្តពិភាក្សាត្រង់ជំពូកទី៦ នៃច្បាប់បោះឆ្នោតដដែល ប៉ុន្តែបានមកដល់មាត្រាទី៥៣ចាស់ និយាយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យបំពេញតួនាទីតំណាងខ្លួន ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងសៀវភៅបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ឃុំ សង្កាត់ និងមាត្រា៥៤ចាស់ និយាយពីដើម្បីទៅចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋត្រូវបង្ហាញអត្តសញ្ញាប័ណ្ណ ដល់ក្រុមអ្នកចុះឈ្មោះបោះឆ្នោត៕

រកឃើញសាកសព កើនដល់ ៣០នាក់ ក្រោយធ្លាក់យន្តហោះ AirAsia

$
0
0

ស៊ូរ៉ាបាយ៉ា៖ ក្រុមអ្នករុករកជើងហោះហើរ QZ8501 របស់អាកាសចរណ៍ AirAsia ដែលបាន ធ្លាក់កាលពីថ្ងៃអាទិត្យ សប្តាហ៍មុននេះ បានប្រាប់ឲ្យដឹងនៅកាលពីល្ងាចថ្ងៃសុក្រ ទី០២ ខែ មករា ថាសាកសពចំនួន ៣០នាក់ហើយត្រូវបានរកឃើញ ក្នុងចំណោមជនរងគ្រោះ ១៦២នាក់ ដែលបាន បាត់ខ្លួនទៅជាមួយនឹងយន្តហោះ ឈានចូលថ្ងៃទី០៦ នេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា សាកសព ២២ ក្នុងចំណោម ៣០នាក់ ត្រូវបានស្រង់យក និង បញ្ជូនទៅកាន់ទីក្រុង ផាងកាឡាន ប៊ុន នៃ ខេត្តភាគកណ្តាល កាលីម៉ាន់តាន និង ទីក្រុងស៊ូរ៉ាបាយ៉ា របស់ខេត្តឈ្វា ភាគខាងកើតប្រទេសឥណ្ឌូណេស៊ី ដោយឡែកសាកសព ៤នាក់ទៀត កំពុងស្ថិតនៅលើនាវាសង្គ្រោះរបស់អាម៉េរិក លើដែន សមុទ្រនៃតំបន់កំពុងរុករកយន្តហោះនោះនៅឡើយ។ សម្រាប់សាកសព ៤នាក់ទៀតត្រូវ បានរកឃើញចុងក្រោយគេកាលពីព្រលប់។

គួរបញ្ជាក់ថា យន្តហោះ AirAsia បានធ្លាក់ និង បាត់ខ្លួនរួមជាមួយមនុស្ស ១៦២នាក់ ក្នុងនោះ ១៥៥នាក់ជាអ្នកដំណើរ និង ៧នាក់ទៀតជាអ្នកបម្រើការងារលើនោះ។ សាច់ញាតិ របស់ជន រងគ្រោះទាំងអស់ កំពុងតែទន្ទឹងរង់ចាំសាកសព យ៉ាងអន្ទះសារ នៅតាមប៉ុស្តិ៍សំខាន់ៗ ដែល សាកសព នឹងដឹកមកដល់ក្រោយការស្រង់យកចេញពីទឹក។ ដោយឡែកអ្នកដំណើរជាច្រើន ទៀត រួមទាំងប្រអប់ខ្មៅ នឹង តួយន្តហោះទាំងមូល កំពុងស្ថិតក្នុងការស្វែងរកបន្ត៕


ស្គាល់អត្ត សញ្ញាណ សពស្រ្តីម្នាក់ ដែលចោរប្លន់សម្លាប់ យកម៉ូតូ ស្រុកភ្នំព្រឹក ហើយ

$
0
0

បាត់ដំបង ៖ ស្រ្តីរងគ្រោះម្នាក់ មានមុខរបរ ជាអ្នករត់ម៉ូតូឌុប ដែលបុរសឃាតក ២នាក់ បានយកខ្សែរឹតក សម្លាប់ចោល ក្នុងចំការ ប្លន់យកម៉ូតូ កាលពីវេលាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតក្នុង ភូមិអូរឃុំ ពេជ្រចិន្តា ស្រុកភ្នំព្រឹក កន្លងទៅ ហើយត្រូវប្រជាពលរដ្ឋ ប្រទះឃើញ កាលពីវេលាម៉ោង ៤និង៣០នាទី ល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ឥឡូវត្រូវបាន សមត្ថកិច្ចនគរបាល ស្រុកភ្នំព្រឹកស្គាល់ អត្តសញ្ញាណជនរងគ្រោះហើយ។

លោក សារ៉េត វិសេដ្ឋ អធិការរង នគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវ ចោរ២នាក់ ប្លន់សម្លាប់យកម៉ូតូបាត់នោះ មានឈ្មោះ ខែម វណ្ណា ហៅ វិត ភេទស្រីអាយុ ៤៦ឆ្នាំ មុខរបរ ជាអ្នករត់ ម៉ូតូឌុប មានទីលំនៅក្រុមទី១០ ភូមិដូង ឃុំបឹងរាំងស្រុកកំរៀង។

លោក សារ៉េត វិសេដ្ឋ បានបញ្ជាក់ថា តាមសម្តីកូនស្រីរបស់ជនរង គ្រោះបានរៀបរាប់ ក្នុងពាក្យបណ្តឹង កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នៅអធិការដ្ឋាន នគរបាលស្រុកកំរៀង បានឲ្យដឹងថា នៅថ្ងៃបាត់ ខ្លួនម្តាយរបស់នាង មានគេឃើញគាត់ ឌុបបុរស២នាក់ ពីស្រុកកំរៀង សំដៅមកស្រុកភ្នំព្រឹក ដល់ ពេល ល្ងាចមិនឃើញម្តាយ (ជនរងគ្រោះ) ត្រឡប់មកផ្ទះវិញ ក៏សង្ស័យខ្លាចមាន ចោរប្លន់សម្លាប់ យកម៉ូតូ នៅទីណាមួយ  ។ បន្ទាប់ពីសមត្ថកិច្ចស្រុកកំរៀង បានទទួលពាក្យបណ្តឹងហើយ លុះដល់ថ្ងៃទី២៦ ខែធ្នូ កម្លាំងសមត្ថកិច្ចក៏បានចុះស្រាវជ្រាវ ក៏ឃើញមានបុរស២នាក់ ជិះម៉ូតូយកទៅទុកចោល នៅម្តុំក្លឹប ស៊ីធី ក៏ដេញ តាមចាប់មិនទាន់ រួចជនសង្ស័យទាំង២នាក់ បានរត់ឆ្លងអូរទៅទឹកដីថៃបាត់ ហើយកម្លាំង នគរបាល ក៏បានក៏បានយកម៉ូតូនោះមករក្សាទុក នៅអធិការស្រុកបណ្តោះអាសន្ន រងចាំម្ចាស់ មកទទួលយកទៅវិញ ។

លុះដល់វេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១ ខែមករាឆ្នាំ២០១៥ ស្រាប់តែមាន ប្រជាពលរដ្ឋ ជាម្ចាស់ ចម្ការ បានប្រទះឃើញសាកសព ស្អុយរលួយសល់តែឆ្អឹង ស្លាប់នៅក្នុងចម្ការរបស់គាត់ ស្ថិតក្នុងភូមិអូរ ឃុំពេជ្រចិន្តាស្រុកភ្នំព្រឹក ហើយសមត្ថកិច្ចស្រុកភ្នំព្រឹក បានសហការជាមួយសមត្ថកិច្ច ស្រុកកំរៀង ចុះមក ពិនិត្យកន្លែងកើតហេតុ និងផ្អែកលើពាក្យ បណ្តឹងរបសកូនជនរងគ្រោះព្រមទាំងភិនភាគសព ដែលក្រុម គ្រួសារ មកឃើញស្គាល់ ទើបសមត្ថកិច្ចបានស្គាល់ឈ្មោះ ជនរងគ្រោះ។ ដោយសមត្ថកិច្ចបាន ពិនិត្យនៅ កន្លែងឃើញមានបន្សល់វត្ថុតាង មានខ្សែពួដែលឃាតកទុកនៅជិតនោះ សមត្ថកិច្ចបានសន្និដ្ឋានថា ឃាតក ទាំង២នាក់នោះបានយកខ្សែរឹតក.សម្លាប់ចោល ប្លន់យកម៉ូតូរួចគេចខ្លួនបាត់ ។

បច្ចុប្បន្នសម្ថកិច្ចបានប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី និងប្រគល់ ម៉ូតូជន រង គ្រោះ ឲ្យទៅសាច់ញាតវិញ រួចរាល់ហើយ ។ ចំណែកជនសង្ស័យទាំង២នាក់ដែលបានរត់ខ្លួនបាត់នោះ សមត្ថកិច្ចកំពុងស្វែករងចាប់ខ្លួន យកមកផ្តន្ទោទោសតាមច្បាប់ នៅពេលក្រោយ ៕

ពលរដ្ឋរស់ នៅភូមិទួលពង្រ និងភូមិប្រជាធម្ម ក្តៅក្រហាយ និងរថយន្ត ដឹកអាចម៌ដី

$
0
0

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋប្រមាណ៣០ គ្រួសារតំណាង ឱ្យពលរដ្ឋ រាប់រយគ្រួសារ រស់នៅរស់ ភូមិប្រជាធម្ម និងភូមិទួលពង្រ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ព្រឹកថ្ងៃទី០៣ ខែកមរា ឆ្នាំ២០១៥បានក្តៅក្រហាយ និង  រថយន្តដឹកអាចម៌ដី បានបំផ្លាញផ្លូវថ្នល់ និងផុយដី របស់ក្រុមហ៊ុនមួយចំនួនបើក ឆ្លងកាត់ ទៀតឡើយ ។

ប្រជាពលរដ្ឋបាននិយាយថា មូលហេតុដែលពួកគាត់បិទផ្លូវនោះ គឺដោយសាររថយន្ត ដឹកដីទាំងនោះ បើកលឿន បង្កឱ្យខូចផ្លូវ មិនជួសជុល និងជះបង្ហុយដី ដាក់មកលើផ្ទះសំបែង របស់ពួកគាត់ដែលរស់នៅ តាមដងផ្លូវជារៀងរាល់ថ្ងៃ ធ្វើឱ្យពួកគាត់ទ្រាំមិនបាន ។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋបានឲ្យដឹងថា ក្នុងព្រឹត្តការណ៍នេះ ពួកគាត់បាននាំគ្នាធ្វើបែប នេះជាលើកទី២ ហើយ កន្លងមកពួកគាត់ បាននាំគ្នាឃាត់រថយន្តដឹកដីទុក រួចបានសំណូមពរ ដល់អាជ្ញាធរ មានសមត្ថកិច្ច ឱ្យជួយអន្តរាគមន៍ដល់ក្រុមហ៊ុនទាំងនោះ ឲ្យទឹបាញ់ទឹកតាមផ្លូវក្នុង ១ថ្ងៃ ២ដងព្រឹក ល្ងាច និងខូចខាត ផ្លូវត្រូវជួសជុលវិញផង ។

លោក គាត ហ៊ុល ចៅសង្កាត់ផ្សារកណ្តាល បានប្រាប់ឲ្យដឹងតាមរយះទូស័ព្ទថា លោកបានឲ្យលោកមេភូមិ និងក្រុមប្រឹក្សា ទៅសម្របសម្រួលជាមួយពលរដ្ឋ និងធ្វើតាមសំណូមពរ របស់ពួកគាត់ ឲ្យក្រុមហ៊ុន កាយ អាចម៌ដីយកទឹកស្រោចតាមផ្លូវ ១ថ្ងៃ២ដង ចំណែករឿងផ្លូវ ខ្ញុំត្រៀមធ្វើ និងសុំដីក្រុមហ៊ុនជួសជុល ។ លោកបានបន្តថា រងចាំថ្ងៃចន្ទខាងមុខនេះ យើងនិងហៅក្រុម ហ៊ុនទាំងអស់ មកសាកសួរ នៅសាលា សង្កាត់ រកពិធីបែបណា ដើម្បីការប៉ះពាល់ដល់ ប្រជពលរដ្ឋ ។

លោកបានបញ្ជាក់ថា លោកនិងស្នើសុំឲ្យក្រុមហ៊ុនជួយរកផ្លូវមួយខ្សែរ ដើម្បីបើកវាងផ្លូវចេញពីភូមិ កុំឲ្យប៉ះ ពាល់ដល់សុខភាព និងការផុយដី ជាពិសេសនោះផ្លូវរបស់ពួកគាត់ ៕

ប្រទះឃើញ សាកសព បុរសម្នាក់ សមត្ថកិច្ច មិនទាន់ស្គាល់ អត្តសញ្ញាណ

$
0
0

ស្ទឹងត្រែង៖ ប្រជាពលរដ្ឋម្នាក់ បានឃើញ សាកសពបុរសម្នាក់ ដេកស្លាប់ សល់តែលលាដ៏ក្បាល និង ស្បែកដណ្តប់ឆ្អឹង យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៩ និង២០នាទី ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ ២០១៥ នៅចំនុចដុងក្រឡ ក្បែរស្នាក់ការបន្ទាយប៉េអឹម ចំងាយប្រមាណ៣០០ម៉ែត្រ ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

ការភ្ញាក់ផ្អើលដ៏រន្ធត់នេះ ធ្វើឲ្យមានការសង្ស័យថា ស្លាប់ដោយអំពើឃាតកម្ម ហើយបាន រាយការណ៍ ជូនសមត្ថកិច្ច។

លោក ដួង ស៊ីវត្ថា នាយការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្ត បានឲ្យដឹងថា តាមការសន្និដ្ឋាន ជំហានដំបូង គឺស្លាប់ដោយសារខ្យល់គ ។ ព្រោះជាជនពនេចរគ្មានគោលដៅ ផ្អែក តាមវត្ថុតាង ដែលជាសម្ភារៈផ្ទាល់ខ្លួន របស់សាកសព មានដូចជា ក្រដាស់ក្មេងលេង មានកាំភ្លើង ជ័រ២ដើម ក្រដាស់សំរាប់ចិនសែន អាវរងារ ស្បែកជើង ផ្ទាត់១គូ ។ ល ។ គឺជាមនុស្សវិក លចរិក។សាក សពមាន សភាពស្អុយរលួយ អាចស្លាប់នៅចន្លោះ ថ្ងៃទី០៥ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤។

ប្រជាពលរដ្ឋនៅក្បែរ កន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃគេឃើញ ជនវិកលចរិក ម្នាក់ អាយុ ប្រមាណជាង៤០ឆ្នាំ មិនស្កាល់អត្តសញ្ញាណ តែដឹងថា មកពីខេត្តតាកែវ តែងតែមក ដេកស្នាក់នៅ កន្លែងអ្នកតា តែរយៈពេលជាង១០ថ្ងៃមកហើយ មិនដែលឃើញរូបគាត់ ដែលគេ សង្ស័យ ថា ចេញពីភូមិ ចំណុចកើតហេតុ បាត់ទៅហើយ តែមិនស្មានថា មកដេកស្លាប់ នៅក្នុងព្រៃអីចឹងសោះ។

ក្រោយពីមានការសន្និដ្ឋាន ពីសមត្ថកិច្ច និងមានសាក្សី បានរៀបរាប់រួចមក គេសន្និដ្ឋានមិនមែន កើតឡើង ដោយអំពើឃាតកម្មទេ ព្រោះនៅពេលចេញពីភូមិនោះ ប្រហែលជាអត់បាយ ធ្វើឲ្យខ្យល់គ ដេកដួលស្លាប់ ក្នុងព្រៃគ្មានអ្នកឃើញតែម្តង ៕

ជនជាតិ វៀតណាម ចំនួន ៧នាក់ ត្រូវបាន សមត្ថកិច្ច ចាប់បញ្ជូនខ្លួន ទៅកាន់ អគ្គនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ

$
0
0

ខេត្តសៀមរាប: ជនជាតិវៀតណាមចំនួន ៧នាក់ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនខ្លួន ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃដែលប្រតិបត្តិការ ខាងលើត្រូវបានធ្វើឡើង កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៥ ក្រោមការបញ្ជាដឹកនាំ កម្លាំងផ្ទាល់ពីសំណាក់លោក វរសេនីយ៍ឯក ចៅ ម៉ៅវីរះ ស្នងការរងទទួលបន្ទុក អន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប និងលោកវរសេនីយ៍ត្រី ជា គឹមសាន នាយការិយាល័យអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។

គេហទំព័រ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា លោក វរសេនីយ៍ឯក ចៅ ម៉ៅ វីរៈ បានអោយដឹងថា ដោយអនុវត្តតាមការយកចិត្តទុកដាក់ ខ្ពស់ជាប្រចាំពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ក៏ដូចជាលោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប និងដើម្បីធ្វើអោយការអនុវត្ត នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព អោយកាន់តែមានប្រសិទ្ធភាព ខ្ពស់ផងនោះ ។ ជាក់ស្តែងកម្លាំងនគរបាលការិយាល័យ អន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប តែងតែបានចុះធ្វើការត្រួតពិនិត្យ ការងាររដ្ឋបាលចំពោះជនបរទេស ដែលរស់នៅក្នុងក្រុងសៀមរាប ដែលមកប្រកបរបផ្សេងៗផងដែរ ។

ដោយលោកវរសេនីយ៍ឯក ចៅ ម៉ៅ វីរះ ស្នងការរងទទួលបន្ទុកអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាល ខេត្តសៀមរាប បានបញ្ជាក់ថាបន្ទាប់ពីកម្លាំង សមត្ថកិច្ចជំនាញ បានធ្វើការត្រួតពិនិត្យ ចំពោះជនបរទេសដែលរស់នៅក្នុង ក្រុងសៀមរាប ទាំងទីតាំងស្នាក់នៅ ប្រកបអាជីវកម្ម និងបំរើការងារផ្សេងៗ ជាច្រើនកន្លែងរួចមក ជាលិទ្ធផលសមត្ថកិច្ចជំនាញ បានរកឃើញនិងនាំខ្លួន ជនជាតិវៀតណាមដែលមិនទាន់មាន ឯកសារគ្រប់គ្រាន់ក្នុងការបំពេញបែបបទសុំ ស្នាក់នៅបានចំនួន ៧នាក់ ក្នុងនោះមានជនជាតិវៀតណាម ភេទប្រុសចំនួន៣នាក់ និងនារីចំនួន៤នាក់ផងដែរ ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា បន្ទាប់ពីបានឃាត់ខ្លួន និងធ្វើការត្រួតពិនិត្យរកមើល ឯកសារពីជនអន្តោប្រវេសន៍ ខាងលើទាំងអស់ហើយនោះ រហូតមកដល់ ថ្ងៃទី០៤ខែមករានេះសមត្ថកិច្ចបានបញ្ជូនខ្លួនជនជាតិវៀតណាមទាំង ៧នាក់ ទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីចំណាត់ការទៅ តាមផ្លូវច្បាប់បន្ត ដោយចោទប្រកាន់ ពីបទស្នាក់នៅខុសច្បាប់ ៕

Photo by DAP-News

បំណែកធំៗពីរទៀត ត្រូវបានរកឃើញ នៅកន្លែង យន្តហោះ Air Asia ធ្លាក់

$
0
0

បន្ទាប់ពីរកឃើញបំណែក យន្តហោះតូចៗ ស្រង់សាកសពបានចំនួន៣០ និងរបស់ស្តុកប្រេងក្នុងរយៈប៉ុន្មានថ្ងៃ នៃការរុករកជើងហោះហើរ QZ8501 កន្លងមកនេះ នៅថ្ងៃសៅរ៏ ទី ០២ មករានេះ ក្រុមអ្នករុករកជើងហោះហើរ របស់អាជ្ញាធរឥណ្ឌូនេស៊ី បានប្រទះឃើញវត្ថុបំណែកធំៗពីរទៀត។

ទូរទស្សន៍ CNN បានដកស្រង់សម្តី លោក Bambang Soelistyo ប្រធានផ្នែកក្រុមអ្នកស្រាវជ្រាវ និង សង្រ្គោះរបស់ឥណ្ឌូនេស៊ីបានថ្លែងឲ្យដឹងថា នៅថ្ងៃសៅរ៍នេះ ក្រុមអ្នករុករកបន្តស្វែងរក ដោយប្រទះឃើញវត្ថុបំណែកធំៗពីរ ដែលបញ្ជាក់ថាជាផ្នែក នៃយន្តហោះ QZ8501 នៅទីតាំងក្នុងសមុទ្រជ្វា ជាទីដែលយន្តហោះ ត្រូវបានគេសន្និដ្ឋានធ្លាក់នៅទីនោះ។ វត្ថុបំណែកទី១ គឺមានទំហំ 9.2 x 4.6 x 0.5 ម៉ែត្រ និង វត្ថុបំណែកទីពីរមានទំហំ 7.2 x 0.5 ម៉ែត្រ។

គួរបញ្ជាក់ថា យន្តហោះ AirAsia បានធ្លាក់ និង បាត់ខ្លួនរួមជាមួយមនុស្ស ១៦២នាក់ ក្នុងនោះ ១៥៥នាក់ជាអ្នកដំណើរ និង ៧នាក់ទៀត ជាអ្នកបម្រើការងារលើនោះ។ សាច់ញាតិ របស់ជន រងគ្រោះទាំងអស់ កំពុងតែទន្ទឹងរង់ចាំសាកសព យ៉ាងអន្ទះសារ នៅតាមប៉ុស្តិ៍សំខាន់ៗ ដែល សាកសព នឹងដឹកមកដល់ក្រោយ ការស្រង់យកចេញពីទឹក។ ដោយឡែកអ្នកដំណើរជាច្រើន ទៀត រួមទាំងប្រអប់ខ្មៅ នឹង តួយន្តហោះទាំងមូល កំពុងស្ថិតក្នុងការស្វែងរកបន្ត៕

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images