Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

តាមពិត យន្តហោះ AirAsia មិនត្រូវបាន អនុញ្ញាតឲ្យ ហោះហើរ ថ្ងៃអាទិត្យ នោះទេ

$
0
0

ស៊ួរ៉ាបាយ៉ា៖ ក្រសួងដឹកជញ្ជូន របស់ឥណ្ឌូណេស៊ី បានប្រាប់ឲ្យដឹង នៅថ្ងៃចន្ទ ទី០៥ ខែមករា ឆ្នាំ ២០១៥ នេះថា យន្តហោះ AirAsia ជើងហោះហើរ QZ8501 គឺគ្មានការវិភាគ ឬការអនុញ្ញាតជាផ្លូវការណាមួយ ឲ្យធ្វើការហោះហើរ ពីឥណ្ឌូណេស៊ី ទៅសិង្ហបុរី នៅថ្ងៃអាទិត្យ សប្តាហ៍មុន ដែលជាថ្ងៃជួយគ្រោះថ្នាក់នោះឡើយ។

សារព័ត៌មាន ស៊ីអិនអិន ចេញផ្សាយនៅថ្ងៃចន្ទ ទី០៥ ខែធ្នូ នេះថា តាមពិតទៅយន្តហោះ ខាងលើនេះ ត្រូវបាន អនុញ្ញាតការហោះហើរ តាមកាលកំណត់ តែបួនថ្ងៃប៉ុណ្ណោះក្នុងមួយសប្តាហ៍ ប៉ុន្តែមិនបានរួមបញ្ចូល នៅថ្ងៃអាទិត្យ នោះឡើយ។

ក្រសួងដឹកជញ្ជូនរបស់ឥណ្ឌូណេស៊ី បានប្រកាសឲ្យដឹងនូវការបើកប្រតិបត្តិការស៊ើបអង្កេត ឲ្យបានពេញ លេញលើករណីនេះ។ ដោយឡែកក្រសួងក៏នឹងធ្វើការពិនិត្យ ឡើងវិញនូវ អាជ្ញាប័ណ្ណហោះហើររបស់ក្រុមហ៊ុនទាំងអស់ នៅទូទាំងប្រទេស ដើម្បីកុំឲ្យមានការរំលោភ កិច្ចព្រមព្រៀងដូចជើងហោះហើរ QZ8501៕


អ្នកកាសែត សរុប ១៣៨នាក់ ស្លាប់ក្នុងឆ្នាំ ២០១៤

$
0
0

ហ្ស៊ឺណែវ៖ សម្រាប់ឆ្នាំ ២០១៤ កន្លងទៅនេះ បានក្លាយជាលើកទីពីរហើយ ដែលជាឆ្នាំ មាន អ្នកកាសែតស្លាប់ ច្រើនជាងក្នុងប្រវត្តិសាស្ត្រ សម្រាប់រយៈពេល ១០ឆ្នាំ ចុងក្រោយនេះ ដោយយ៉ាងហោចណាស់ ពួកគេ ១៣៨នាក់ បានស្លាប់ ដោយសារការសម្លាប់ គ្រប់រូបភាព កាលពីឆ្នាំ ២០១៤។ នេះបើតាមការ បូកសរុបលទ្ធផលរបស់ ស្ថាប័នយុទ្ធនាការ ព័ត៌មាន អ៊ែមប្លេម (PEC) ដែលបានរាប់ទាំងអ្នក កាសែតអាម៉េរិក និង អង់គ្លេស ដែលក្រុម ISIS កាត់ក្បាលផងដែរ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី០៥ ខែមករា ឆ្នាំ ២០១៥ នេះទៀតថា របាយការណ៍ ប្រចាំឆ្នាំខាងលើនេះ បានចេញកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០១៤ ដោយក្នុង នោះ អ្នកកាសែត ១២៨ បានស្លាប់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៣។ សម្រាប់ឆ្នាំ ២០១៤ កន្លងទៅនេះ តួលេខត្រូវបានបូកសរុបដូចកាលពីឆ្នាំ ២០១៣ ប៉ុន្តែរយៈ ពីថ្ងៃទី១៥ ធ្នូ ដល់ ថ្ងៃទី៣១ ឆ្នាំ ២០១៤ មានអ្នកកាសែត ៤នាក់បន្ថែមទៀតស្លាប់។

យ៉ាងណាក៏ដោយ ប្រទេសដែលមានអ្នកកាសែតស្លាប់ច្រើនជាងគេ នោះគឺនៅប្រទេសស៊ីរី ដែលមានរហូតដល់ ១៩នាក់ ហើយតួលេខនេះ គឺឈរនៅលំដាប់លេខ ១លើសកលលោក តាំងពីឆ្នាំ ២០១២ មកម្ល៉េះ។ ប្រទេស ផ្សេងទៀតដែលមានអ្នកកាសែតស្លាប់ច្រើនបន្ទាប់ មានដូចជា តំបន់ហ្គាសា ១៦នាក់, ប៉ាគីស្ថាន ១២នាក់, អ៊ីរ៉ាក់ ១០នាក់, និង អ៊ុយក្រែន ៩នាក់។

បើគិតពីតួលេខតាមតំបន់វិញ តំបន់មជ្ឈិមបូព៌ា ជាកន្លែងមានអំពើហិង្សាខ្លាំងគេ ដែលមាន អ្នកកាសែតស្លាប់ រហូតដល់ទៅ ៥២នាក់ក្នុងឆ្នាំ ២០១៤, តំបន់អាស៊ី ៣២នាក់, អាម៉េរិកឡាទីន ២៩នាក់, តំបន់ សាហារ៉ា-អាហ្វ្រិក ១៥នាក់, និង អឺរ៉ុប ១០នាក់៕

សាលា ស្រុកភ្នំស្រុក ប្រារព្ធ រំលឹកខួប លើកទី៣៦ នៃទិវាជ័យជំនះ ៧មករា

$
0
0

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥នេះ  នៅបរិវេណ សាលាស្រុកភ្នំស្រុក បានប្រារព្ធ ពិធី រំលឹកខួបលើកទី៣៦ នៃទិវាជ័យជំនះ ៧មករា (៧មករា១៩៧៩-៧មករា២០១៥) ពិធីនេះស្ថិតក្រោម អធិបតីភាព លោកអ៊ុង អឿន ប្រធានក្រុមប្រឹក្សាខេត្ត  អស់លោក លោកស្រី សមាជិកក្រុមប្រឹក្សា ស្រុក ខេត្ត លោក លោកស្រី ជាអភិបាលរងខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ជាពិសេសនោះ ពលរដ្ឋចូលរួមប្រមាណជា២០០នាក់ ផងដែរ។

ក្នុងឱកាសនោះ លោកអ៊ុង អឿន ប្រធានក្រុម ប្រឹក្សាខេត្ត បានថ្លែងថា នេះការរលឹក ខួបអនុស្សាវរីយ៍ លើកទី៣៦ នៃទិវាជ័យជំនះ៧មករា ជាថ្ងៃ ផ្តល់កំណើតទី២ ដល់ប្រជាជន យើងនៅទូទាំង ប្រទេសក្នុង និងក្រៅប្រទេស បើ ពុំមានថ្ងៃ៧មករាទេ តើមានថ្ងៃ៧ មករា ឆ្នាំ២០១៥ មកពីណាហើយពុកម៉ែ បងប្អូនយើងនៅទីនេះ ក៏ដូចជានៅទូទាំង ប្រទេសយើង មានជីវិតរស់រាន ម៉េចនឹងកើតបើ របបវាលពិឃាតកម្ពុជា ប្រជាធិតេយ្យ បានកំទេចប្រជាជន យើង ជិតនឹងរលាយ សាបសូន្យទៅហើយនោះ។

ថ្ងៃ៧មករា នាំមកនូវអ្វីៗ ទាំងអស់ ជូនជាតិមាតុភូមិរបស់យើង ជាក់ស្តែងដូចជា ហេដ្ឋារចនាសម្ព័ន្ធ សាលារៀន មន្ទីរពេទ្យ វត្តអារាម ផ្លូវខ្វាត់ខ្វែង ដូចជាកន្លែងខ្លះមិន ធ្លាប់មានផ្លូវឥឡូវ មានផ្លូវ ផ្លូវលំក្លាយជាផ្លូវចាក់ កៅស៊ូ ប្រជាពលដ្ឋមាន សេរីភាពពេញ បរិបូណ៍ក៏ដោយសារមានថ្ងៃ៧មករាដែរ។

ក្រោមការដឹកនាំដ៏ឆ្នើម ពីសំណាក់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះជាណាចក្រកម្ពុជា ៕

សិប្បកម្មកែច្នៃ គ្រឿងសង្ហារឹម ដ៏ធំនៅក្នុងអតីត រោងម៉ាសុីន កិនស្រូវសូរ៉ាប៉ា កំពុងសម្រុក កែច្នៃគ្រឿងសង្ហារឹម យ៉ាងណាធិបតេយ្យ

$
0
0

ពោធិ៍សាត់ៈ សិប្បកម្មកែច្នៃគ្រឿងសង្ហារឹម ដ៍ធំនៅក្នុងអតីតរោងម៉ាសុីន កិនស្រូវសូរ៉ាប៉ា ស្ថិតក្នុងភូមិពោធិ៍ តាគួយ សង្កាត់លលកស ក្រុង/ខេត្តពោធិ៍សាត់ ត្រូវបានមជ្ឈដ្ឋានទូទៅ មើលឃើញថា សព្វថ្ងៃនេះគេកំពុងតែ សម្រុកកែច្នៃគ្រឿងសង្ហារឹ មគ្រប់ប្រភេទយ៉ាងរលួនបំផុត ដោយមិនមានការរំខានអ្វីបន្តិចសោះឡើយពីសំណាក់ លោកមេព្រៃ ខេត្តមេព្រៃផ្នែកក្រគរ និងមេព្រៃសង្កាត់ រដ្ឋបាលព្រៃឈើសំពៅមាស នោះទេ។

បើតាមការកត់សំគាល់ពីប្រភពនានា បានបង្ហើបថា នៅក្នុងសិប្បកម្មមួយនេះ គឺមិនមានច្បាប់អនុញ្ញាតិពី រដ្ឋបាល ព្រៃឈើខេត្តឡើយ។ ហើយសិប្បកម្មមួយនេះក៏ធ្លាប់មានការ ព្រមានពីសង្កាត់រដ្ឋបាលព្រៃសំពៅមាស កាលពីពេលកន្លង ទៅផងដែរប៉ុន្តែ ម្ចាស់សិប្បកម្មកែច្នៃ មួយនៅតែ ចចេសរឹងរួស និងមិនស្តាប់ការណែនាំ ពីមន្រ្តីជំនាញ ទៀតផង តែបើតាមប្រភពខ្លះក៍បានបង្ហើបថាសិប្បកម្មមួយនោះទំនងជាមានខ្ខងបង្ហែក ដ៍ក្រាស់ឃ្មឹក ពីមន្រ្តីថ្នាក់ អន្រ្ទើសណាមួយនៅក្នុងខេត្តនេះ៕

ស្រវឹងស្រា ស្រឿងៗ ឡើងចាប់កូនគេ រំលោភ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន

$
0
0

កំពង់ស្ពឺៈ កម្លាំងសមត្ថកិច្ច នគរបាលបាល ស្រុកភ្នំស្រួច បានធ្វើការឃាត់ខ្លួន បុរសម្នាក់ បន្ទាប់ពីបានផឹកស្រាស្រវឹង រួចធ្វើសកម្មភាព ចាប់រំលោភក្មេងស្រី មិនទាន់គ្រប់អាយុម្នាក់ នៅក្នុងបន្ទប់ ហើយត្រូវបានម្តាយ របស់ក្មេងស្រីរងគ្រោះ ឃើញទាន់ បានស្រែកឆោឡោតែម្តង។ ហេតុការណ៍នេះបានកើតឡើងនៅក្នុង ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៥។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនមានឈ្មោះ ទួន ឌិត ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរដុតធ្យូង និងធ្វើស្រែ ចំណែកក្មេងស្រីរងគ្រោះ មានអាយុ៧ ឆ្នាំ រស់នៅភូមិឃុំកើតហេតុ ខាងលើ។

ប្រភពព័ត៌មានបានឲ្យដឹងថា ក្រោយពីផឹកស្រាស្រវឹងស្រឿងៗ ជនសង្ស័យបានធ្វើសក្មភាព ឡើងទៅលើផ្ទះ ក្មេងស្រីរងគ្រោះ រួចបានធ្វើសកម្មភាពចាប់រំលោភ តែត្រូវបានម្តាយក្មេងស្រី រងគ្រោះឃើញទាន់ ហើយបានស្រែឲ្យ គេជួយផ្អើលដល់អ្នកជិតខាងដែលរស់នៅក្នុងភូមិ ធ្វើការចាប់ខ្លួនរួចប្រគល់ទៅឲ្យសមត្ថកិច្ចតែម្តង៕

កូរ៉េខាងត្បូង ៖ មីស៊ីលកូរ៉េខាងជើង ពិតជាអាចបាញ់ ដល់ទឹកដី អាមេរិក មែន

$
0
0

សេអ៊ូល ៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះ បានចេញសេចក្តីសន្និដ្ឋាន ជាផ្លូវការរបស់ខ្លួនថា គ្រាប់មីស៊ីល រយៈ ចម្ងាយឆ្ងាយ ដែលផលិតនៅប្រទេសកូរ៉េខាងជើង ពិតជាអាចបាញ់ដល់ទឹកដី របស់សហរដ្ឋអាមេរិក ប្រាកដមែន ។

ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយ នៅថ្ងៃទី០៦ ខែមករា នេះ បន្តទៀតថា ការអះអាង របស់កូរ៉េខាងត្បូងបែប នេះ បានធ្វើឡើង នៅក្នុងរបាយការណ៍សន្តិសុខប្រចាំឆ្នាំ ដែលបាន ធ្វើការតាមដាន លើប្រតិបត្តិការសាកល្បង គ្រាប់ មីស៊ីល រយៈចម្ងាយឆ្ងាយ របស់កូរ៉េខាងជើង កាលពីឆ្នាំ២០១៤ ហើយជាលទ្ធផល គឺវាពិតជាមានអនុភាព ដូចដែលទី ក្រុងព្យុងយ៉ាង អួតអាងកន្លងមកប្រាកដមែន ។

គួរបញ្ជាក់ថា កន្លងមកប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងដោយជោគជ័យ នូវគ្រាប់រ៉ុក្កែតប្រភេទ Unha-3ដែល ត្រូវបានគេជឿជាក់ថា មានរយៈចម្ងាយរហូតដល់ទៅ ៨.០០០គីឡូម៉ែត្រឯណោះ កាលពីខែធ្នូ ឆ្នាំ២០១២ ។ ដោយ ឡែកកាលពីឆ្នាំ២០១៤ ការធ្វើតេស្តដូចគ្នានោះ បានទទួលបរាជ័យ ។

បើតាមរបាយការណ៍ របស់កូរ៉េខាងត្បូង មីស៊ីលប្រភេទ Taepodong-2 បានបង្កើតឡើងហើយ កាលពីពេលថ្មីៗនេះ ដោយអាចបាញ់ចម្ងាយ ១០.០០០ គីឡូម៉ែត្រ ៕

ឧកញ៉ា ទ្រី ភាព ដំឡើងរោងចក្រកែច្នៃ កៅស៊ូតម្លៃ ៣,៧លានដុល្លារ នៅខេត្តរតនគិរី

$
0
0

រតនគិរី៖ លោកឧកញ៉ា ទ្រី ភាព បន្ទាប់ពីការវិនិយោគដាំកៅស៊ូ លូតលាស់អាចប្រមូលផលបានហើយនោះ នៅ  ពេលនេះ បានបោះទុន ៣,៧លានដុល្លារ ដំឡើងរោងចក្រកែច្នៃកៅស៊ូ ផលិតជ័រក្រែប លើតំបន់សេដ្ឋកិច្ចពិសេស  អូយ៉ាដាវ ក្នុងខេត្តរតនគិរី ជាមួយការរំពឹងថា អាចជួយកែច្នៃផលិតផលកៅស៊ូក្នុងស្រុក ឲ្យមានតម្លៃខ្ពស់នៅលើទី ផ្សារ។

តំណាងក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅថ្ងៃទី០៦ ខែមករា  ឆ្នាំ២០១៥ រោងចក្រកែច្នៃកៅស៊ូនេះ ចំណាយពេលសាងសង់រយៈពេល ១៥ខែ។ តំណាងក្រុមហ៊ុន បានបញ្ជាក់  បន្ថែមទៀតថា រោងចក្រមួយនេះ នឹងធ្វើការកែច្នៃកៅស៊ូទៅជាជ័រក្រែប។

តំណាងក្រុមហ៊ុន ក៏បានសម្តែងការរំពឹងផងដែរថា រោងចក្រកែច្នៃកៅស៊ូតម្លៃជិត ៤លានដុល្លារនេះ នឹងជួយធ្វើ  ឲ្យផលិតផលកៅស៊ូរបស់ខ្មែ មានតម្លៃខ្ពស់នៅលើទីផ្សារ។

បើតាមការបង្ហើបរបស់តំណាងក្រុមហ៊ុន លោកឧកញ៉ា ទ្រី ភាព ក្រៅពីការផលិតរោងចក្រកែច្នៃកៅស៊ូទៅ នៅ លើតំបន់សេដ្ឋកិច្ចអូយ៉ាដាវនេះ ក៏កំពុងផលិតរោងចក្រសំងួតម្រេច និងពោតផងដែរ។

សូមបញ្ជាក់ថា ក្រុមហ៊ុនរបស់លោកឧកញ៉ា ទ្រី ភាព ទទួលបានសិទ្ធិពីរាជរដ្ឋាភិបាលវិនិយោគលើផ្ទៃដីជាច្រើន ពាន់ហិកតា ដើម្បីដាំដំណាំកៅស៊ូ និងម្រេច ព្រមទាំងបង្កើតជាតំបន់សេដ្ឋកិច្ចពិសេសរួមមាន៖ ផែស្ងួត សណ្ឋា គារ កាស៊ីណូ ក្រោមតម្លៃវិនិយោគជិត រាប់សិបលានដុល្លារ។

កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ក្រុមហ៊ុនទើបតែបើកសម្ពោធដាក់ឲ្យដំណើរ ការសណ្ឋាគារ និងកាស៊ីណូ មានតម្លៃប្រមាណ ១៥,៨លានដុល្លារអាម៉េរិក៕

អ្នកដើររាំតាម ភោជនីយដ្ឋាន ត្រូវគេវាយ ទម្លាក់ពីលើផ្ទះរបស់ខ្លួន ជាន់ទី៤

$
0
0

ភ្នំពេញ ៖ យោងតាមសំដី សាច់ញាតិ ជនរងគ្រោះ បានទូរស័ព្ទប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលនៅ ល្ងាចថ្ងៃទី៦ ខែមករានេះ ថាយុវជនម្នាក់ ដែលមានមុខរបរ រាំតាមភោជនីយដ្ឋានពេលយប់ បានត្រូវបានគេវាយ សម្លាប់ រួច ទម្លាក់ពី លើផ្ទះជាន់ទី៤ មកក្រោម បណ្ដាលឱ្យស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ កាលពីយប់ ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅផ្ទះ លេខ៦២E3 ផ្លូវលេខ១៧៤ ភូមិទី១១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

នគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឱ្យដឹងថា ជនរងគ្រោះឈ្មោះម៉ុច សុធារៈ អាយុ២០ឆ្នាំ មុខរបរដើររាំតាមភោជនីយដ្ឋានចល័ត ។

មុនពេលកើតហេតុ បន្ទាប់ពីត្រឡប់មក ពីធ្វើការក្នុងស្ថានភាពស្រវឹង កើតជម្លោះគ្នា ជាមួយបងប្អូន រួចហើយ ឡើងទៅលើជាន់ទី៤ លុះបន្ដិចក្រោយមក ស្រាប់តែមានការភ្ញាក់ផ្អើល ក្រោយពីជនរងគ្រោះ ធ្លាក់ក្រោម បណ្ដាលឱ្យស្លាប់ មុនពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

បើតាមគ្រូរាំ របស់ជនរងគ្រោះបានអះអាងថា ជនរងគ្រោះមិនមែន លោតពីលើផ្ទះនោះទេ គឺអាចមាន ជនល្មើសណាម្នាក់ វាយទម្លាក់ ព្រោះនៅលើផ្នែកក្បាល មានប៉ោងភ្នែក ដូចជាមាននរណា ម្នាក់ដាល់ ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវក្រុមគ្រួសារបូជាហើយនៅល្ងាចថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥នេះ៕


មន្រ្តីជំនាញ មិនទាន់បញ្ជាក់ ពីបញ្ហាគ្រឹះ ក្រោមស្ពាន ព្រែកតាមាក់

$
0
0

ភ្នំពេញ ៖ បន្ទាប់ពីមានសាធារណមតិមួយចំនួន បានលើកឡើងថា មានករណីបាក់ស្រុតដី នៅក្រោមស្ពានព្រែកតា មាក់ ត្រើយខាងកើត ស្ថិតនៅភូមិស្វាយអាត់លើ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បង្កឲ្យប៉ះពាល់ស្ពាន ហើយអ្នកដំណើរមានការភ័យខ្លាចនោះ មិនទាន់ត្រូវបានមន្រ្តីជំនាញ ខាងក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់ថា ប៉ះពាល់ស្ពាននៅឡើយទេ ។

នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៤នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទាក់ទងសុំការបំភ្លឺ ពីលោក លឹម ស៊ីដេនីន រដ្ឋ លេខាធិការក្រសួងសាធារណការ ដែលជាអ្នកទទួលខុសត្រូវ លើស្ពានព្រែកតាមាក់នោះ លោកមិនទាន់បញ្ជាក់ពីមូល ហេតុពិតប្រាកដនៅឡើយទេ ដោយប្រាប់ថា ចាំបញ្ជាក់នៅថ្ងៃស្អែក ។

ដោយឡែកលោក ជា ស្រ៊ុន មេឃុំព្រែកតាមាក់ បានថ្លែងថា សូមកុំឲ្យសាធារណជននានា កុំជឿទៅលើព័ត៌មាន ដែល ផ្សព្វផ្សាយ នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ព្រោះព័ត៌មានទាំងនោះ មិនពិតប្រាកដ និងមិនច្បាស់លាស់ ទេ ។

ចំណែកប្រជាពលរដ្ឋម្នាក់ទៀត ឈ្មោះ ហៀប បុប្ផា បាននិយាយស្រដៀងលោកមេឃុំថា ការបាក់ស្រុតដីនេះ បានកើត ឡើងជារៀងរាល់ឆ្នាំ មិនមានអ្វីប្លែកនោះទេ ប៉ុន្តែ គ្រាន់តែឆ្នាំនេះឃើញថា បាក់ស្រុតខ្លាំងជាងឆ្នាំកន្លងមក៕

លោក នឹម ថូត អញ្ជើញរាប់បាត្រ ប្រគេនព្រះសង្ឃ ៧០អង្គ និងប្រារព្ធខួប ៣៦ឆ្នាំ ទិវាជ័យជម្នះ ៧មករា នៅស្រុកថ្មគោល

$
0
0

បាត់ដំបង៖ លោក នឹម ថូត រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាប្រធានថ្នាក់ជាតិ និងប្រធានក្រុមការងារ CPP ចុះជួយ ស្រុកថ្មគោល បានដឹកនាំក្រុមការងារ អញ្ជើញរាប់បាតប្រគេនព្រះសង្ឃ ៧០អង្គ និងប្រារព្ធខួប៣៦ឆ្នាំ ទិវាជ័យជម្នះ៧មករា នៅវត្តជ្រោយម្ទេស ស្ថិតក្នុងភូមិសាស្រ្ត ឃុំតាម៉ឺន ស្រុកថ្មគោល នាព្រឹកថ្ងៃទី៦ ខែមករាឆ្នាំ២០១៥។ ពិធីនេះ ក៏មានការអញ្ជើញចូលរួម លោកឧត្តមសេនីយ៍ត្រី ជា ធន លោក គឹម ទៀង ទីប្រឹក្សាលោក ឧបនាយករដ្ឋមន្រ្តី ស ខេង ថ្នាក់ដឹកនាំមន្រ្តីរាជកា កងកម្លាំង អាជ្ញាធរដែនដី ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ្ធ សិស្សានុសិស្សប្រមាណជាង១.០០០នាក់។

បន្ទាប់ពីលោក សម ណេង អភិបាលស្រុកថ្មគោល បានឡើងមានមតិស្វាគមន៍ និងអានសារលិខិតទាំងស្រុង របស់សម្តេចធម្មពោធិសាល ជា ស៊ីម ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងពិធីមិទ្ទិញ រំឭកខួបទី៣៦ នៃទិវាជ័យជម្នះ៧មករា (០១.០១.១៩៧៩ .០៧.០១.២០១៥ ) រួចមក។

លោក នឹម ថូត រដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ជាប្រធានក្រុមការងារថ្នាក់ជាតិ និងប្រធានក្រុមការងារ CPP ចុះជួយស្រុកថ្មគោល បានមានប្រសាសន៍ សំណេះសំណាល ជាមួយប្រជាពលរដ្ឋ ពុទ្ធបរិស័ទ ទាំងអស់ថា មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង បានជួបជុំគ្នា ដើម្បីប្រារព្ធខួប៣៦ឆ្នាំ ទិវាជ័យជម្នះ ៧មករា (៧ មករា ១៩៧៩-០៧ មករា ២០១៥) ក្រោយការផ្តួលរំលំ នៃរបបប្រល័យពូជសាសន៍ ប៉ុល ពត។

ពិធីរំលឹកខួប នៃទិវាជ័យជម្នះពិធីរាប់បាត្រ ប្រគេនព្រះសង្ឃនេះ ត្រូវបានប្រារព្ធធ្វើឡើង នៅក្នុងបរិវេណវត្តជ្រោយម្ទេស ឃុំតាម៉ឺន ស្រុកថ្មគោល ព្រមទាំងមាន ការចូលរួម ពីសំណាក់ ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ អាជ្ញាធរស្រុក ឃុំ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ យុវជនគណបក្ស និងក្រុមការងារគ្រប់ជាន់ថ្នាក់ នៃ គណបក្សប្រជាជនកម្ពុជា ចុះជួយស្រុកប្រមាណជា ១ពាន់នាក់។

លោក នឹម ថូត បានបញ្ជាក់ពីខ្លឹមសារ របស់សុន្ទរកថា របស់សម្តេច អគ្គមហា ធម្មពោធិសាល ជា ស៊ីម ប្រធានគណបក្ស ប្រជាជនកម្ពុជា ដែលបានលើកឡើង ពីវីរភាពរបស់ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា គ្រប់ជាន់ថ្នាក់ ក្នុងការតស៊ូ រំដោះជាតិឲ្យផុត ពីការកាប់សម្លាប់ របស់ពួកអាវខ្មៅ ប៉ុល ពត ដោយបាន ប្រមូលផ្តុំគ្នាបង្កើត ជាអង្គការរណសិរ្ស សាមគ្គី សង្គ្រោះជាតិកម្ពុជា រហូតទទួលបានមហាជ័យជម្នះ ជាប្រវត្តិសាស្ត្រនាថ្ងៃ ០៧ ខែមករា ឆ្នាំ១៩៧៩ ដែលប្រជាជន កម្ពុជា បានចាត់ទុកជាថ្ងៃកំណើត ទី២របស់ខ្លួន ហើយប្រទេសជាតិ ក៏ទទួលបានការកសាង និងអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន។

លោក នឹម ថូត បាននាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្តេចទាំង៣ ជាមួយការលើកឡើង ពីប្រវត្តិដ៏ខ្មៅងងឹត ក្នុងរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលប្រជាជន កម្ពុជា នៅទូទាំងប្រទេស ទទួលរងនូវភាពវេទនាដោយអត់អាហារ ការបង្ខំឲ្យធ្វើការជាទម្ងន់ និងការសម្លាប់រង្គាល ដែលជាសោកនាដកម្ម មិនអាចគណនាបាន ធ្វើឲ្យ សម្រែកដង្ហោយហៅ របស់ ប្រជាជនកម្ពុជា បានបន់ស្រន់បួងសួងអស់ទេវតា និង វត្ថុស័ក្តិសិទ្ធ ដើម្បីជួយស្រោចស្រង់ជីវិត ឲ្យផុតពីរបបដ៏អប្រិយនេះ។ ទីបំផុត មាន តែគណបក្សប្រជាជនកម្ពុជា ដែលបានបង្កើតឡើង ជាចលនាតស៊ូរំដោះជាតិ ក្រោមការជួយឧបត្ថម្ភពីកងទ័ព ស្ម័គ្រចិត្តវៀតណាម រហូតទទួលបានជ័យជម្នះនាថ្ងៃ ០៧ មករា ១៩៧៩ ។

ជាមួយនឹងការលើកឡើង នៃការធ្វើពលិកម្មនេះ លោក នឹម ថូត ក៏បានបញ្ជាក់ពីគោលបំណង នៃទិវានេះ គឺដើម្បីឲ្យសមាជិក របស់គណបក្សប្រជាជន ពិសេស ស្រទាប់យុវជនជំនាន់ក្រោយ បានយល់កាន់តែច្បាស់ ចងចាំ និង ដឹងគុណជានិច្ចថ្ងៃ ៧ មករា ១៩៧៩ និងស្នាដៃធំៗ ជាប្រវត្តិសាស្ត្រ ដែលគណបក្ស ប្រជាជនកម្ពុជា បានសម្រេចជូនជាតិ នាពេល កន្លងមក និងការ ចូលរួមការពារមិនឲ្យមានរបបនេះវិលមកជាលើកទី២។ ម្យ៉ាងទៀតយើងបានរម្លឹក ខួបថ្ងៃជ័យជម្នះ ៧មករានេះ ធ្វើឲ្យសាធារណមតិជាតិ និងអន្តរជាតិ ឃើញកាន់តែច្បាស់ ពីគោលជំហរដឹកនាំដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដើម្បីធានាសន្តិភាព ស្ថិរភាព ប្រជាធិបតេយ្យ ការអភិវឌ្ឍន៍សង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន។

លោក នឹម ថូត បានផ្តាំផ្ញើ ដល់សមាជិក នៃអង្គពិធីសំណេះសំណាលនេះ ត្រូវពង្រឹងសាមគ្គី ឯកភាពផ្ទៃក្នុងឲ្យបានរឹងមាំ ផ្សារភ្ជាប់ជិតសិទ្នជាមួយប្រជាជន ធ្វើតែអំពើល្អ បម្រើផលប្រយោជន៍ជូនប្រជាជនអស់ពីចិត្តពីថ្លើម ក្នុងនោះត្រូវប្រមូលផ្តុំកម្លាំង បង្កើនប្រសិទ្ធភាពការងារ និងសម្រេចភារកិច្ច ស្របតាមកម្មវិធី នយោបាយ របស់រាជរដ្ឋាភិបាល និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ និងជាពិសេសក្នុងស្រទាប់យុវជន យើងជំនាន់ក្រោយ ដែលជាទំពាំងស្នងឫស្សីរ បស់ប្រទេសជាតិ ទៅថ្ងៃក្រោយ ត្រូវខិតខំរៀនសូត្រយកចំណេះដឹង បង្កើនធនធានមនុស្សសម្រាប់បន្តវេន ក្រៅពីរៀនសូត្រ យើងត្រូវនាំគ្នា លេងកីឡា ឲ្យបានច្រើន ដើម្បីសុខភាព និងជៀសឲ្យផុត ចាកឆ្ងាយពីអំពើអបាយមុខមិនល្អផ្សេងៗ ក្នុងសង្គម បែរមករកខំពង្រឹងសមត្ថភាពខ្លួន ដើម្បីមានឱកាសចូលរួម ជួយដល់កិច្ចការ សង្គម ដែលមានប្រយោជន៍ ដល់សហគមន៍ ក្នុងមូលដ្ឋានយើងវិញ។

នាឱកាសនោះ គណៈអធិបតីបានអញ្ជើញរាប់បាត្រ ប្រគេនព្រះសង្ឃចំនួន ៧០អង្គ ដែលនិមន្តមកពី៧វត្ត មានទេយ្យវត្ថុ និង បច្ច័យមួយចំនួន ដល់ព្រះសង្ឃក្នុង ស្រុកថ្មគោល ដើម្បីឧទិ្ទសកោសល ជូនជនរួមជាតិ ដែលស្លាប់ក្នុងរបប ប៉ុល ពត ៣ឆ្នាំ៨ខែ២០ថ្ងៃផងដែរ។ បន្ទាប់ពីចប់កម្មវិធីហើយ លោកបានដឹកនាំក្រុមការងារ ទៅពិនិត្យមើលក្លឹបកីឡា « ក្លឹបកីឡាថ្មគោល សែនជ័យ» ដែលបានរៀបចំ ប្រកួតកីឡាប្រដាល់រយៈពេល៣ថ្ងៃ គឺនៅរៀងរាល់ល្ងាចថ្ងៃទី៧.៨.៩ ខែមករា ឆ្នាំ២០១៥ ដើម្បីអបអរសាទរទិវាថ្ងៃជ័យជមន្នះ ៧មករានេះដែរ និងដើម្បីលើកស្ទួយវិស័យកីឡា ក្នុងនោះក៏មានការជួយឧបត្ថម្ភ ជាថវិកា សម្រាប់ទ្រទ្រង់ កម្មវិធីប្រកួតកីឡា ប្រដាល់នេះមាន៖ លោកនាយឧត្តសេនីយ៍ សួស អង្គារ៍ អគ្គស្នងការរងនគរបាលជាតិ ឧត្ថម្ភថវិកាចំនួន១លានរៀល លោកឧត្តមសេនីយ៍ត្រី ជា ធន ស្នងការរង នគរបាលខេត្តបាត់ដំបង និងជាប្រធានមជ្ឈមណ្ឌល បន្សាបគ្រឿងញៀន « ពិភពនៃក្តីសង្ឃឹមខេត្តបាត់ដំបង» ឧបត្ថម្ភថវិកាចំនួន៥០ម៉ឺនរៀល និងលោក គឹម ទៀង ទីប្រឹក្សាលោក ឧបនាយករដ្ឋមន្រ្តី ស ខេង ឧបត្ថម្ភថវិកាចំនួន ៥០ម៉ឺនរៀល ផងដែរ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះសួរសុខទុក្ខ និងនាំយកអំណោយ ជូនអង្គភាព សម្ព័ន្ធមេត្រីភាព នៅខេត្តឧត្តរមានជ័យ

$
0
0

ឧត្តរមានជ័យៈ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្រ្តី ចុះទៅសាកសួរសុខទុក្ខ និងនាំយកអំណោយ សម្ភារបរិក្ខារថវិកា គ្រឿងឧបភោគ បរិភោគ ជូនវីរយុទ្ធជន ក្នុងអង្គភាពសម្ព័ន្ធមេត្រីភាព វរៈសេនាតូច លេខ៤១៥ នៃកងពលតូចថ្មើរជើងលេខ៤១ ដឹកនាំដោយ មេបញ្ជាការវីរសេនីយឯក ធឿង ធា នៅលើភ្នំ ច្រកជាំ (ព្រំដែនកម្ពុជា-ថៃ) ស្រុកអន្លង់វែង និងវរៈសេនាតូចលេខ៤២៥ នៃកងពលតូចថ្មើរជើងលេខ ៤២ ដឹកនាំដោយមេបញ្ជាការវីរៈសេនីយឯក តន់ ញាន នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។

នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខនេះដែរ លោកមេបញ្ជាការទាំងពីរ បានបញ្ជាក់ថា ទោះបីជា សភាពការណ៍យោធាសន្តិសុខ តាមបណ្តោយព្រំដែន មិនមានភាពតានតឹង ដូចឆ្នាំកន្លងទៅក្តី ក៏ប៉ុន្តែមហិច្ឆិតាលោភលន់ របស់ប្រទេសសៀម នៅតែមានគំនិតរំលោភឈ្លានពាន លើអធិបតេយ្យភាព ដែនដីកម្ពុជា តាមរយៈសកម្មភាពយោធា ដែលយើងពិនិត្យឃើញ មានភាពមិនប្រក្រតីមួយចំនួនតាម ខ្សែបន្ទាត់ព្រំដែន ដូចជាចាប់ដាក់ ពន្ធនាគារ និងបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ដែលឆ្លងដែនទៅរកស៊ីនៅ ក្នុងប្រទេសសៀម ដោយពុំមានការដោះស្រាយ តាមផ្លូវច្បាប់ របស់ប្រទេសទាំងពីរ ។ ទោះបីជាមាននូវ សភាពការណ៍ខាងលើក៏ដោយ ក៏អង្គភាពទាំងពីរបានអនុវត្ត តាមការណែនាំរបស់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ពិសេសមេបញ្ជាការយោធភូមិភាគទី៤ ខិតខំធ្វើការ អត់ធ្មត់ ទំនាក់ទំនងសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង ដោះស្រាយបញ្ហាមិនប្រក្រតី ដែលកើត ឡើងក្នុងភូមិសាស្ត្រ ទទួលខុសត្រូវ ដោយសន្តិវិធី គ្មានការផ្ទុះអាវុធ ធ្វើឱ្យតំបន់ព្រំដែនមានសន្តិភាព និង ការអភិវឌ្ឍ ការពារបានបូរណភាពទឹកដី និងអាយុជីវិតប្រជាពលរដ្ឋ ។

ថ្លែងក្នុងឱកាសដ៏ប្រពៃនោះ លោក តូច ចាន់កុសល បានបញ្ជាក់ថា គណៈប្រតិភូក្រសួង ជាសមរភូមិក្រោយ មិនដែលភ្លេចសោះឡើយ ពីសេចក្តីសុខទុក្ខ របស់បងប្អូន សមរភូមិមុខ ដែលបាននឹង កំពុងឈរជើងការពារទឹកដី ពីការរំលោភឈ្លានពានរបស់សត្រូវ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាព នៃដែនកម្ពុជរដ្ឋ នៃយើងគ្រប់គ្នា។ លោកបានបន្ថែមថា «បេះដូងយើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះវីរភាពដ៏ថ្លៃថ្លាដែល ឯកឧត្តម អស់លោក លោកស្រី សុខចិត្តបូរជាសាច់ ស្រស់ឈាមស្រស់ និងចាកឆ្ងាយពីក្រុមគ្រួសារមកបំពេញ ភារកិច្ចក្នុងបុព្វហេតុជាតិ មាតុភូមិនាពេលនេះ។ ដោយសុឆន្ទៈ ដ៏រឹងមាំនេះហើយទើប បើកឱកាស ឲ្យកម្ពុជា ធ្វើការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ និងកំពុងបន្តជម្រុញ ពន្លឿនការអភិវឌ្ឍដោយចីរកម្ម នាពេលអនាគត ស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ នៃ រាជរដ្ឋាភិបាលកម្ពុជា និងឈានទៅដល់ការកាត់បន្ថយ ភាពក្រីក្ររបស់ពលរដ្ឋ បានយ៉ាងពិតប្រាកដ»។

ឆ្លៀតក្នុងឱកាសនេះដែរ លោក តូច ចាន់កុសល បានរំលឹកឡើងថា ៣៦ឆ្នាំ នៃការប្រឹងប្រែង និង ជ័យជម្នះប្រកបដោយ មោទនភាព របស់ប្រជាជនកម្ពុជា ក្រោមការ ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែល មាន សម្តេចទាំងបី ជាប្រមុខដ៏ឈ្លាសវៃ ប្រជាជនដែលនៅរស់រាន រួចផុតពីរបបប៉ុល ពត បានរួមសាមគ្គី កៀក ស្មាគ្នា ដើម្បីប្រយុទ្ធទប់ស្កាត់ ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបដ៏យង់ឃ្នងនេះ និងស្តារសេដ្ឋកិច្ច សង្គមឡើងវិញ តាំងពីលេខសូន្យ ឱ្យមានការរីកចម្រើនជាជំហានៗ ។

លោក តូច ចាន់កុសល ក៏បានផ្តាំផ្ញើដល់បងប្អូន យុទ្ធជនក្នុងអង្គភាពការពារព្រំដែន យកចិត្ត ទុកដាក់បន្ថែមទៀត ក្នុងការថែរក្សាសុខភាព រស់នៅស្អាត ហូបស្អាត ទឹកស្អាត ស្នាក់អាស្រ័យ ពេលយប់ សម្រាក និងគេងត្រូវដាក់មុង ការពារមូស កុំឱ្យកើតជំងឺគ្រុនចាញ់ ជាពិសេសត្រូវលេងកីឡា ដើម្បីពង្រឹង កាយសម្បទា របស់ យើងទាំងអស់គ្នាឱ្យរឹងមាំ និងរហ័សរហួន ព្រមទាំងបាន បាននាំយកមក នូវអំណោយ ជាសម្ភារ ថវិកាកំដរដៃ ជូនដល់បងប្អូនវីរយុទ្ធជន យុទ្ធនារី វរៈសេនាតូច លេខ៤១៥ និង៤២៥ តាម អង្គភាពនីមួយៗរួមមាន៖ ១)-អង្ករ ៥០បាវ ២)-មី ៥០កេស ៣)-ទឹកត្រី ៥០យួរ ៤)-ទឹកស៊ីអ៊ីវ ៥០យួរ ៥)-ទឹកបរិសុទ្ធ ២០០យួរ ៦)-ថវិកា ជូនវរៈយុទ្ធជន យុទ្ធនារីម្នាក់ៗ ចំនួន២០.០០០‍៛(ពីរម៉ឺនរៀល) ៨)-ថវិកាជូនអង្គភាពនីមួយៗទទួល បាន ៤.០០០.០០០៛ (បួនលានរៀល) និងជូនកំព្យូទ័រ និងអាគុយ ៧០អំពែរ ចំនួន ០២គ្រឿងដល់វរៈសេនាតូចលេខ៤២៥ បន្ថែមទៀត ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ព្រឹត្តិការណ៍​ប្រចាំថ្ងៃ​ដើមអម្ពិល ស្តីពី​ព្រឹត្តិការណ៍ ៧ មករា ១៩៧៩ (មានសំឡេង)

$
0
0

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៧ មករា ១៩៧៩ គឺគិតមកដល់ឆ្នាំ២០១៥នេះ មានរយៈពេល ៣៦ឆ្នាំហើយ។ ព្រឹត្តិការណ៍បានធ្វើឲ្យអ្នកនយោបាយខ្មែរ និងប្រជាជនខ្មែរ យល់ឃើញខុសគ្នា។ ក្រុមមួយយល់ឃើញថា ជាថ្ងៃកងទ័ពវៀតណាម សហការគ្នាជាមួយកងទ័ពរបស់សម្តេច ហេង សំរិន, សម្តេច ជា ស៊ីម និងសម្តេចតេជោ ហ៊ុន សែន មកជួយសង្គ្រោះប្រជាជនកម្ពុជា ចេញពីវាលពិឃាដនៃរបបកម្ពុជា ប្រជាធិបតេយ្យ (ខ្មែរក្រហម)។ ចំណែកក្រុមខ្មែរមួយទៀត យល់ឃើញថា ជាការចូលមកឈ្លានពានប្រទេសកម្ពុជា ពីសំណាក់ប្រទេសយួន។

តើលោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ យល់ឃើញដូចម្តេចដែរ ចំពោះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ៧ មករា ១៩៧៩នេះ? តើលោកបណ្ឌិតសភាចារ្យ ឆ្លើយយ៉ាងណាចំពោះសំណួរដែលសួរថា បើពុំមានការតស៊ូបណ្ដេញ វត្តមានកងទ័ពវៀតណាមនៅកម្ពុជា របស់ក្រុមត្រីភាគីនៅតាមព្រំដែនខ្មែរ-ថៃទេ តើវាសនាប្រទេសកម្ពុជា នឹងទៅជាយ៉ាងណា? ព្រមទាំងសំណួរសំខាន់ៗមួយចំនួនទៀត តើលោកបណ្ឌិតសភាចារ្យ ឆ្លើយបែបណាដែរ?

ដើម្បីបានដឹងច្បាស់អំពីខ្លឹមសារចម្លើយនៃសំណួរខាងលើ សូមប្រិយមិត្ត ស្តាប់នាទីព្រឹត្តិការណ៍ប្រចាំថ្ងៃដើមអម្ពិល ដែលមានប្រធានបទ ស្តីពី ព្រឹត្តិការណ៍ ៧ មករា ១៩៧៩ ដែលផ្សាយតាមវិទ្យុដើមអម្ពិល កាលពីរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥ ហើយនៅពេលនេះផ្សាយតាមគេហទំព័រដើមអម្ពិល ជាសំឡេងដូចខាងក្រោម។

- វាគ្មិនកិត្តិយស លោកបណ្ឌិតសភាចារ្យ រស់ ចន្រ្តាបុត្រ ជាសាស្រ្តាចារ្យបណ្ឌិតផ្នែកវិទ្យាសាស្រ្តនយោបាយ
- អ្នកសម្របសម្រួល និងចោទសួរ លោក ប៉ោ សេដ្ឋា

ក្រសួងសាធារណការ៖ មិនមាន​បញ្ហាអ្វីទេ​ដល់​ស្ពាន​ព្រែក​តាមាក់

$
0
0

ភ្នំពេញ៖ រឿងរ៉ាវស្រុតបាក់ដី នៅគល់ស្ពានព្រែកតាមាក់ ស្ថិតនៅស្រុកមុខកំពូលនោះ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៥ ខាងក្រសួងសាធារណការ និងដឹកជញ្ជូនបានផ្ញើលិខិតមួយច្បាប់តាមមកកាន់ អង្គភាពព័ត៌មានយើងខ្ញុំ ដោយបានបញ្ជាក់ថា «តាមការពិនិត្យ មិនមានបញ្ហាអ្វីទេ ដល់ស្ពាន គ្រាន់តែមានការច្រោះដីច្រាំងទន្លេ ជ្រាយចេញពីផ្ទៃដីខាងលើចុះទៅទន្លេ តែបញ្ហានេះយើងនៅតែបញ្ជូនក្រុមបច្ចេកទេស ចុះពិនិត្យលើកជាគំរោងទប់ដី ដើម្បីសោភ័ណភាពច្រាំងទន្លេ នឹងកុំឲ្យបងប្អូនប្រជាពលរដ្ឋមានការខ្លាច រឺមានអារម្មណ៍មិនល្អដល់ការខូចខាត៕

វៀតណាមនាំចេញអង្ករ ៧,៥លានតោនក្នុងឆ្នាំ២០១៤

$
0
0

ហាណូយ៖ ប្រទេសវៀតណាមនំាចេញអង្ករជាង៧,៥លានតោនក្នុងឆ្នាំ២០១៤ទាំងតាមរយៈ ការដឹកជញ្ជូនផ្លូវការ និងការនាំចេញឆ្លងកាត់ព្រំដែន។ នេះបើយោងតាមមជ្ឈមណ្ឌលឧស្សាហកម្មនិងពាណិជ្ជកម្ម ដែលស្ថិតក្រោមក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម ប្រាប់ឲ្យដឹងនៅថ្ងៃអង្គារនេះ។

តាមសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី ០៦ ខែមករា ឆ្នាំ២០១៥ បន្តទៀតថា ការនាំចេញអង្ករជាផ្លូវការមានចំនួន ៦,៥លានតោនទៅលើទីផ្សារពិភពលោក ដែលគិតជាទឹកប្រាក់ ២,៨៤ពាន់លានដុល្លារ អាមេរិក ក្នុងឆ្នាំ២០១៤ ហើយតម្លៃនាំចេញអង្ករ នៃប្រទេសវៀតណាមជាមធ្សមក្នុងឆ្នាំ២០១៤ បាន ៤៣៦,៩២ដុល្លារក្នុងមួយតោន។

ព្រមជាមួយគ្នានោះ កាលពីឆ្នាំ២០១៤ គេបានបង្ហាញជាលើកទីបីសម្រាប់ប្រទេសចិន ដែល នៅតែជាអតិថិជនដ៏ធំបំផុតសម្រាប់ការនាំចូលអង្ករពីប្រទេសវៀតណាមចំនួន ២,១លានតោន តាមរយៈការនាំចេញជាផ្លូវការ។

ចំណែកប្រទេសហ្វីលីពីន ជាប់ចំណាត់ថ្នាក់ទីពីរ នៃការចូលអង្ករពីវៀតណាម ក្នុងឆ្នាំ២០១៤ ចំនួន ១,៤លានតោន។ លើសពីនេះទៅទៀតការនាំចេញអង្ករ ជាផ្លូវការរបស់វៀតណាម បានប្រហែលជាមួយលានតោនទៅកាន់ប្រទេសចិនតាមរយៈប្រតិបត្ដិការឆ្លងកាត់ព្រំដែន ក្នុងឆ្នាំ២០១៤ ហើយដែលបាននាំយកនូវតួលេខសរុបនៃទំហំនាំចេញអង្ករវៀតណាម នៅចុង ឆ្នាំ២០១៤ កើនដល់ ៧,៥លានតោន។

សូមបញ្ជាក់ផងដែរថា បើតាមការស្រង់សម្ដីពីរបាយការណ៍របស់សមាគមស្បៀងវៀតណាម បានឲ្យដឹងថា នៅឆ្នាំ២០១៥ ប្រទេសនេះបានកំណត់គោលដៅនៃការនាមចេញអង្ករ ពី ៧-៧,៥លានតោន ហើយបច្ចុប្បន្ននេះ អង្ករវៀតណាម បានមានវត្ដមានក្នុងប្រទេសនិងតំបន់ ចំនួន១៣៥ នៅទូទាំងពិភពលោក ៕

យោធាអ៊ុយក្រែន ១៣នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅភាគខាងកើត

$
0
0

គៀវ៖ យ៉ាងហោចណាស់ យោធាអ៊ុយក្រែន ១៣នាក់ស្លាប់ និង ១៧នាក់ទៀតរងរបួស ក្នុង គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅតាមដងផ្លូវស្ថិតក្នុងតំបន់ភាគខាងកើត ដែលកំពុង មានជម្លោះហែកហួរជាមួយនឹងពួកឧទ្ទាមបំបែករដ្ឋទីក្រុង ដូណេតក៍ នៅថ្ងៃអង្គារ ទី០៦ ខែមករា ឆ្នាំ ២០១៥ នេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍នោះបានកើត ឡើងនៅពេលដែលរថយន្តហោះរបស់យោធា បានបុកពេញទំហឹងជាមួយនឹងរថយន្ត ក្រុង ដែលស្ថិតក្នុងពេលបំពេញប្រតិបត្តិការយោធានៅតំបន់ ដូណេតក៍ ភាគខាងកើត ប្រទេសអ៊ុយក្រែន។ ដោយឡែកនាយទាហានដែលរងរបួស ទាំង ១៧នាក់ ត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យក្បែរកន្លែងកើតហេតុនោះហើយ។

មេបញ្ជាការទ័ពប្រចាំតំបន់ និង ក្រសួងមហាផ្ទៃអ៊ុយក្រែន បានប្រាប់ឲ្យដឹងថា មូលហេតុ នៃគ្រោះថ្នាក់ចរាចរណ៍ ទំនងជាបណ្តាលមកពីពេលមេឃងងឹត និង អាកាសធាតុអាក្រក់ (ធ្លាក់ព្រិល) ប៉ុន្តែការស៊ើបអង្កេតរកមូលហេតុជាក់លាក់នោះ កងកម្លាំងមានសមត្ថកិច្ចកំពុងបើកការស៊ើប អង្កេតបន្តទៀត៕


អ្នកស្រាវជ្រាវ នៅតែជួបប្រទះ ការលំបាក ក្នុងការរុករក យន្ដហោះ អ៊ែរអេស៊ា

$
0
0

ហ្សាការតា៖ ក្រុមអ្នកធ្វើប្រតិបត្តិការ ស្រាវជ្រាវ រកបំណែកកំទេច យន្ដហោះ និងសាក សពអ្នកដំណើរ នៅលើជើងហោះហើរ QZ8501 នោះ បាននិងកំពុងជួប ប្រទះការលំបាក ជាច្រើន ហើយអ្វីដែលពួកគេ ចង់រកឲ្យឃើញឆាប់នោះ វាមិនមែនជាការ ងាយស្រួលនោះទេ ស្របពេលដែល មានអាកាសធាតុអាក្រក់ នៅចំណុចដែល យន្ដហោះបានធ្លាក់ ។

ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៤ នេះឲ្យដឹងថា ដោយសារតែ អាកាសធាតុអាក្រក់បែបនេះ ជាកត្តាបណ្ដាលឲ្យ យន្ដហោះមួយគ្រឿងនេះ ជួបនឹង គ្រោះថ្នាក់កាលពីថ្ងៃទី ២៨ ខែធ្នូ កន្លងទៅ ។ រហូតមកដល់ពេលអាកាសធាតុនៅតែមិន អំណោយផលទៅលើ ក្រុមអ្នកស្វែងរកកំទេចកំទី និងសាកសពអ្នកដំណើរ ក្រោយការធ្លាក់យន្ដហោះ ។

ផ្ទុយពីភាពលំបាកទាំងនេះ បើទោះបីជាយ៉ាងណាក៏ដោយប្រទេសឥណ្ឌូណេស៊ី បានទទួល ការគោរព និង កោតសរសើរជាខ្លាំង ពីសហគមន៍អន្ដរជាតិ សម្រាប់សមត្ថភាព របស់ខ្លួនក្នុង ការស្រាវជ្រាវ នៅក្នុងតំបន់ កើតហេតុ បន្ទាប់ពីរយៈពេល ៣ថ្ងៃក្រោយ ការធ្លាក់យន្ដហោះ ។

ដោយឡែករដ្ឋាភិបាល ឥណ្ឌូណេស៊ី ក៏សូមថ្លែងការកោតសរសើរ ចំពោះភ្នាក់ងារក្នុងការរុករក និងកិច្ចខិតខំ ប្រឹងប្រែងជួយសង្គ្រោះ ។ នេះជាបទពិសោធន៍ ថ្មីមួយសម្រាប់ប្រទេស ឥណ្ឌូណេស៊ី ដោយកន្លងមក ធ្លាប់តែមានហេតុការណ៍បាក់ដី រញ្ជួយដី ផ្ទុះភ្នំភ្លើង ដែលទាំងនេះ បានកើតមានឡើង ជាញឹកញាប់សម្រាប់ ប្រទេសសំបូរកោះមួយនេះ ៕

ជ្រុងមួយនៃសង្គម ៖ ថ្នាក់ដឹកនាំ គួរតែនាំគ្នា ឈប់អង្គុយបក់ផ្សែង រឿងស្ទះចរាចរណ៍ទៀតទៅ !

$
0
0

ដោយ ៖ នាយខ្វែក

ភ្នំពេញ ៖ មិនថា រាស្រ្ត មន្រ្តី អ្នកមានអ្នកក្រនោះទេ បច្ចុប្បន្ននេះ សូម្បីតែមន្រ្តីថ្នាក់ដឹកនាំធំៗភាគច្រើន ក៏នាំគ្នារអ៊ូរទាំ ពីរឿងស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញដែរ ជាពិសេសពេលម៉ោងចេញ-ចូល ធ្វើការ និងពេលព្រលប់ៗតែម្តង ។

ពិធីមង្គលការនៅតាមកន្លែងទទួលរៀបចំពិសារភោជនាអាហារធំៗ ភាគច្រើនដូចជា នៅកោះពេជ្រ នៅមជ្ឈមណ្ឌល ម៉ុងឌីយ៉ាល់ និងកន្លែងមួយចំនួនទៀត ដែលពីមុនមក តែម៉ោង ៥-៦ល្ងាច ភ្ញៀវចូលពេញៗ ឥឡូវត្រូវបានពន្យាររហូត ដល់ម៉ោង ៧-៨ យប់ ទើបមានភ្ញៀវចូលពេញៗ ដោយសារតែការស្ទះចរាចរណ៍ ភ្ញៀវភាគច្រើនខ្ជិលទៅហូបពីក្បាល ព្រលប់ ព្រោះខ្លាចស្ទះចរាចរណ៍ទុករហូតដល់ម៉ោងជាង ៧ ជាង ៨យប់ ទើបនាំគ្នាទៅដោយយល់ថា ចរាចរណ៍រៀង ធូរស្បើយ ។

នៅតុការ នៅរោងបុណ្យ ឬក៏ការណាត់ជួបណាមួយ នៅក្នុងរាជធានីភ្នំពេញ ឲ្យតែអ្នកណាទៅយឺតជាងគេ អ្នកនោះ តែងតែយកលេសពីការស្ទះចរាចរណ៍ ទើបនាំឲ្យយឺតយូរសម្រាប់ធ្វើការដោះសារប្រាប់ដៃគូណាត់ជួប ឬក៏មិត្តភក្តិ និង ក្រុមគ្រួសារជាដើម ។ តាមពិតការកកស្ទះចរាចរណ៍ នៅក្នុងរាជធានីភ្នំពេញនាប៉ុន្មានឆ្នាំចុងក្រោយនេះ ពិតជារឿងគួរ ឲ្យឈឺក្បាលមែន មិនថា រាស្រ្ត មិនថា មន្រ្តី មិនថា ថ្នាក់ដឹកនាំធំៗនោះទេ អ្នកណាក៏ទទួលស្គាល់ និងរអ៊ូរទាំដែរ តែ ចំពោះរាស្រ្តសាមញ្ញ ពួកគាត់បានត្រឹមតែរអ៊ូរទាំប៉ុណ្ណោះ គឺគ្មានសមត្ថភាព និងសិទ្ធិអំណាចក្នុងការដោះស្រាយនោះ ទេ យ៉ាងច្រើនបានត្រឹមមានស្មារតីភ្ញាក់រលឹកចូលរួមកាត់បន្ថយការកកស្ទះចរាចរណ៍ តាមរយៈការបើកបរគោរពច្បាប់ ចរាចរណ៍ដោយខ្លួនឯងប៉ុណ្ណោះ ។ ប៉ុន្តែ ចំពោះមន្រ្តីអាជ្ញាធរ ថ្នាក់ដឹកនាំវិញ គឺពួកគាត់មានសិទ្ធិ មានអំណាចក្នុងការ ធ្វើឲ្យបាត់ ឬកាត់បន្ថយការកកស្ទះចរាចរណ៍បាន តាមរយៈចំណាត់ការអនុវត្តច្បាប់ចរាចរណ៍ឲ្យបានម៉ឺងម៉ាត់ តាម រយៈការអនុវត្តច្បាប់ នៃការប្រើប្រាស់ផ្លូវថ្នល់ឲ្យបានត្រឹមត្រូវ ជាពិសេសការរៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យមាន របៀបរៀបរយជាដើម ។

គេឆ្ងល់ថា បើមន្រ្តី និងថ្នាក់ដឹកនាំមានសិទ្ធិអំណាច ក្នុងការលុបបំបាត់ និងកាត់បន្ថយការកកស្ទះចរាចរណ៍បាន ចុះ ហេតុអ្វីក៏មិននាំគ្នាធ្វើ ចាំនាំគ្នាអង្គុយរអ៊ូពីរឿងស្ទះចរាចរណ៍ពេលខ្លួនធ្វើដំណើរធ្វើអី ?

បច្ចុប្បន្ននេះ មានកត្តាបីដែលគេមើលឃើញថា នាំឲ្យមានការកកស្ទះចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ ជាពិសេស តំបន់ទីប្រជុំជន និងដងវិថីធំៗ ដោយកត្តាទី១ បណ្តាលមកពីកំណើនមនុស្ស កំណើនយានយន្ត នៅក្នុងទីក្រុងដែល កត្តាទី១នេះ គេពិបាកនឹងធ្វើការលុបបំបាត់ ឬកាត់បន្ថយបានណាស់ ។ កត្តាទី២ គឺការបើកបរមិនគោរពច្បាប់ មិន គោរពសិទ្ធិក៏ពិបាកនឹងលុបបំបាត់បានភ្លាមៗដែរ គឺគេអាចធ្វើការកាត់បន្ថយបានជាបណ្តើរៗ ។ កត្តាទី៣ គឺបញ្ហា រំលោភច្បាប់ នៃការប្រើប្រាស់ផ្លូវថ្នល់ រួមទាំងបញ្ហាសណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ គឺជាឧបសគ្គដ៏ធំមួយ ក្នុងការធ្វើឲ្យមានការកកស្ទះចរាចរណ៍ តែកត្តាទី៣នេះ បើមន្រ្តីអាជ្ញាធរ សមត្ថកិច្ចរួមទាំងថ្នាក់ដឹកនាំ មានឆន្ទៈធ្វើការ លុបបំបាត់ គឺមិនពិបាកនោះទេ ហើយអាចកាត់បន្ថយការស្ទះចរាចរណ៍បានមួយចំណែកធំទៀតផង ។

បច្ចុប្បន្ននេះ កន្លែងប្រកបអាជីវកម្មខ្លះ ដោយសារទីតាំងគ្មានចំណតឯកជន គាត់បានយកកៅអី ឬក៏របាំងទៅដាក់លើ ដងផ្លូវមុខកន្លែងអាជីវកម្ម ហើយសរសេរអក្សរហាមចត ឬសរសេរថា សម្រាប់រថយន្តអតិថិជន ហាងរបស់ខ្លួនចត ដោយមិនឲ្យអ្នកផ្សេងចតឡើយ ។ កន្លែងអាជីវកម្មខ្លះទៀត គាត់បានដាក់សម្ភារៈ ដាក់របាំង ឬក៏រៀបតុកៅអីពេញលើ ចិញ្ចើមផ្លូវ ធ្វើអាជីវកម្មមិនឲ្យអ្នកថ្មើរជើងដើរ ឬទុកសម្រាប់ចតយានយន្តរបស់អតិថិជនឡើយ ដោយឲ្យអតិថិជនចត យានយន្តនៅលើទ្រូងផ្លូវកន្លែងខ្លះ រហូតដល់ពីរជួរ បីជួរ ធ្វើឲ្យទ្រូងផ្លូវនៅតូច បង្កការកកស្ទះចរាចរណ៍ស្ទើរពេញទី ក្រុង ។ ប៉ុន្តែ ករណីនេះប្រសិនបើមន្រ្តី សមត្ថកិច្ច និងថ្នាក់ដឹកនាំមានឆន្ទៈលុបបំបាត់គឺមិនពិបាកនោះទេ ព្រោះយកតែ ច្បាប់ ស្តីពីការប្រើប្រាស់ផ្លូវថ្នល់ និងវិធានការរៀបចំសណ្តាប់ធ្នាប់សាធារណៈ មកអនុវត្តគឺមានប្រសិទ្ធិភាពហើយ ចុះ ហេតុអ្វី ក៏គេមិននាំគ្នាចាត់វិធានការអនុវត្ត បែរជានាំគ្នាអង្គុយរអ៊ូពីរឿងស្ទះចរាចរណ៍រាល់ថ្ងៃ មិនខុសពីនាំគ្នាអង្គុយបក់ តែផ្សែង តែមិននាំគ្នាដងទឹកជះពន្លត់រងើកភ្លើងនោះឡើយ ! ឬមួយការរៀបចំសណ្តាប់ធ្នាប់ឲ្យល្អ ធ្វើឲ្យបាត់ប្រយោជន៍ ដល់មន្រ្តី អាជ្ញាធរសមត្ថកិច្ច ?៕

ស្លាកហាមចតត្រូវបានគេយកទៅដាក់នៅលើទ្រូងផ្លូវ បង្កការកកស្ទះ

ក្រុមការងារ​ថ្នាក់​កណ្ដាល​ចុះ​ ជួយ​ខេត្តកំពង់ស្ពឺ ប្រារព្ធ​ពិធី​អបអរ​ថ្ងៃ​រំដោះ​ ៧ មករា

$
0
0

កំពង់ស្ពឺ៖ ក្រុមការងារថ្នាក់កណ្តាល ចុះជួយខត្តកំពង់ស្ពឺ ព្រមទាំងសមាជិក ទាំងអស់ក្នុងមូលដ្ឋាន ស្រុកភ្នំស្រួច បានរៀបចំពិធីអបអរ ខួបលើកទី៦៣ ថ្ងៃរំដោះ៧មករា (៧មករា១៩៧៩-៧មករា២០១៥) ដែលជាថ្ងៃកំណើតទី២ របស់ប្រជាជនខ្មែរទាំងមូល ត្រូវបានរំដោះចេញពីរបបវាលពិឃាត ដ៏យង់ឃ្នង ខ្មៅងងឹត ៣ឆ្នាំ ៨ ខែ និង២០ ថ្ងៃ រហូតធ្វើឲ្យប្រទេសកម្ពុជាមានការអភិវឌ្ឍរីកចម្រើនគ្រប់វិស័យ ដល់សព្វថ្ងៃ ។

ពិធីនេះបានប្រារព្ធធ្វើឡើង នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៥ ដោយមានអ្នកចូលរួម ជាអធិបតីភាព ដោយលោក ទ្បាយ អ៊ីពិសិដ្ឋ ប្រធានក្រុមការងារ ស្រុកភ្នំស្រួច ,លោក សួស គង់ អនុប្រធានទី១ ក្រុមការងារស្រុកភ្នំស្រួច ,លោក កង សូសាទី សមាជិកក្រុមការងារថ្នាក់កណ្តាល ចុះជួយខត្តកំពង់ស្ពឺ,លោក ពៅ ណារិន ព្រមទាំងក្រុមការងារក្រសួងផែនការ និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានជាច្រើននាក់ទៀត ៕

មន្រ្តីឥណ្ឌូនេស៊ី៖ កន្ទុយយន្តហោះ AirAsia ត្រូវបានរកឃើញ

$
0
0

ហ្សាការតា៖ មន្រ្តីទទួលបន្ទុកការរុករក យន្តហោះរបស់អាកាសចរណ៍ AirAsia បាននិយាយនៅថ្ងៃពុធថា ក្រុមសង្គ្រោះ និងស្រាវជ្រាវរបស់ប្រទេស ឥណ្ឌូនេស៊ី បានកំណត់ទីតំាងនៃកន្ទុយយន្តហោះ ដែលបានធ្លាក់ចូលក្រោមផ្ទៃទឹក។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី០៧ ខែមករា ឆ្នាំ២០១៥ ដោយផ្អែកតាមការលើកឡើងរបស់លោក បាំបាំង សូលីស្តូ ប្រធានទីភ្នាក់ងាររុករក នៅក្នុងសន្និសីទសារព័ត៌មានថា «យើងជោគជ័យដោយទទួលបានបំណែករបស់យន្តហោះ ដែលជាការកំណត់គោលដៅរបស់យើងហើយ។ បំណែកនៃកន្ទុយ យន្តហោះ ត្រូវបានបញ្ជាក់ថារកឃើញ»។

ការរកឃើញផ្នែកខាងក្រោយរបស់យន្តហោះនេះ ត្រូវបានគេគិតថាគឺជារឿងសំខាន់មួយដើម្បីឈានទៅរកប្រអប់ខ្មៅនៃយន្តហោះ ដែលផ្ទុកទិន្នន័យ និងថតសំឡេង ដើម្បីបញ្ជាក់អំពីមូលហេតុពិតប្រាកដដែលនាំឲ្យយន្តហោះធ្លាក់។

ពាក់ព័ន្ធនឹងហេតុការណ៍ធ្លាក់យន្តហោះនេះដែរ សាកសពចំនួន ៣៩នាក់ ត្រូវបានគេរកឃើញ ហើយបំណែកធំៗចំនួន ៥នៃយន្តហោះ ក៏ត្រូវបានគេរកឃើញដែរ ខណៈប្រតិបត្តិការរុករកត្រូវបានរារំាងដោយសារបញ្ហាអាកាសធាតុ៕

NASA រកឃើញភពថ្មី Kepler 438b មានលក្ខណៈ ស្រដៀងនឹងផែនដី

$
0
0

ណាសា៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានប្រកាសនៅថ្ងៃពុធ ទី០៧ ខែមករា នេះថា ខ្លួនបានរកឃើញ នូវភពថ្មីមួយទៀតហើយ ដែលវាត្រូវបានដាក់ឈ្មោះថា Kepler 438b ជាភព មួយដែលវិលជុំវិញផ្កាយ (ព្រះអាទិត្យ) របស់វា មានគំលាតប្រហាក់ប្រហែលនឹងផែនដី និង ព្រះអាទិត្យរបស់ផែនដីផងដែរ ក៏ប៉ុន្តែព្រះអាទិត្យនៃ Kepler 438b នោះមានពន្លឺខ្សោយជាង។

Kepler 438b ជាភពទីប្រាំបីហើយ ដែលអង្គការ NASA បានរកឃើញ ដោយប្រើប្រាស់កំពូលកែវយឺត ដើម្បីស្វែងរកភពណាមួយ ស្រដៀងនឹងភពផែនដីយើងនេះ។ នេះជាភពតូចមួយ ដែលមានគម្រាតសមរម្យពីព្រះអាទិត្យរបស់វា ដែលមានន័យថា អាចមានទឹកហូរនៅលើផ្ទៃ ភព ហើយសីតុណ្ហភាពនៃបរិយាកាស អាចនឹងសមស្របសម្រាប់ការរស់នៅផងដែរ។

បើតាមការគណនាពីក្រុមអ្នកវិទ្យាសាស្ត្រនោះ Kepler 438b មានទំហំតូចជាងផែនដីជាងពីរដងឯណោះ (ប្រហាក់ប្រហែលនឹងភពអង្គារ)។ យ៉ាងណាក៏ដោយ វាស្ថិតនៅចម្ងាយឆ្ងាយ សែនឆ្ងាយពីភពផែនដី ដោយគេអាចត្រឹមតែស្មានពីអ្វីៗ ដែលមាននៅលើភពនោះ តាម រយៈទីតាំងភូមិសាស្ត្ររបស់វាប៉ុណ្ណោះ ប៉ុន្តែបណ្ឌិត ហ្គីលឡឺម៉ូ តូរែស នៃមជ្ឈមណ្ឌលអវកាស ខេមប្រ៊ីជ សហរដ្ឋអាមេរិកវិញ បានអះអាងថា “ភពភាគច្រើនទំនងគ្រាន់តែជាវាលថ្ម ដូចភពផែនដីតែប៉ុណ្ណោះ។”

គួរបញ្ជាក់ថា ចាប់តាំងពីការប្រើប្រាស់កែវយឺតទំនើប និងធំជាងគេលើពិភពលោក (Nasa's Kepler space telescope) មក NASA បានរកឃើញភពចំនួនជាង ១.០០០ ភព ដោយក្នុងនោះមានតែភព ៨ប៉ុណ្ណោះ ដែលគេសន្មត់ថា អាចមានលក្ខណៈស្រដៀងនឹងផែនដីយើង ដោយយោងទៅលើគំលាតភពទាំងនោះ ពីព្រះអាទិត្យរបស់វា និងទំហំផងដែរ៕

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images