Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

លោក ស្វាយ ស៊ីថា៖ ៧ មករា ជាសច្ចធម៌ ប្រវត្តិសាស្ដ្រ រំលេចនូវវីរភាព គ្មានពីររបស់ឥស្សរជន

0
0

តាកែវ៖ នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥ នៅឃុំកុមាររាជា ស្រុកបាទី ខេត្តតាកែវ មានប្រារព្ធមិទ្ទិញរំលឹកខួប អនុស្សាវរីយ៍លើកទី៣៦ ថ្ងៃ ៧ មករា ១៩៧៩-៧ មករា ២០១៥ ជាថ្ងៃដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់ បានរួច ផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងចាត់ទុកជាថ្ងៃកំណើតទីពីររបស់ខ្លួន។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ យុវជន គ្រូបង្រៀន ប្អូនៗសិស្សានុសិស្សជាង ៣០០នាក់ លោក ស្វាយ ស៊ីថា រដ្ឋលេខា ធិការទីស្ដីការគណៈរដ្ឋមន្ដ្រី និង ជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយឃុំកុមាររាជា បានជម្រាបអំពីឬសគល់ពិត ប្រាកដនៃថ្ងៃ ៧ មករា គឺជាសច្ចធម៌ប្រវត្តិសាស្ដ្រ ដែលរំលេចឲ្យឃើញនូវវីរភាពគ្មានពីររបស់ថ្នាក់ដឹកនាំ នៃរាជរដ្ឋា ភិបាល រដ្ឋសភា និងព្រឹទ្ធសភាបច្ចុប្បន្ន ដែលបានរួបរួមគ្នាបង្កើតចលនាតស៊ូកម្លាំងរណសិរ្ស ២ ធ្នូ ១៩៧៨ ដោយ មានការចូលរួមពីកងទ័ពស្ម័គ្រចិត្តវៀតណាម ផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងចាប់ផ្ដើមស្ដារ កសាង ប្រទេសពីចំណុចសូន្យ រហូតមានការរីកចម្រើនស្ទើរគ្រប់វិស័យ និងធានាបាននូវសន្ដិភាពពេញបរិបូរណ៍ ដូចមាន ក្នុងពេលបច្ចុប្បន្ននេះ។

លោក ស្វាយ ស៊ីថា ក៏បានឆ្លើយតបទៅនឹងក្រុមអ្នកនយោបាយមួយចំនួន ដែលបាន និងកំពុងបង្កើនល្បឿនក្នុង ការឃោសនា បំភ្លៃ ភូតកុហក សាធារណមតិ ដោយល្បិចកលគ្រប់បែបយ៉ាង តាមរយៈការលើកឡើងដោយខុស ឆ្គងថា ថ្ងៃ ៧ មករា ជាថ្ងៃដែលប្រទេសជិតខាងឈ្លានពានទឹកដីនោះថា ជាការព្យាយាមបំភ្លេចចោលទាំងស្រុងនូវ ទុក្ខវេទនា របស់ប្រជាពលរដ្ឋខ្មែរដែលត្រូវបានរបបខ្មៅងងឹតកាប់សម្លាប់អស់ជាង ៣លាននាក់ ការបង្ខំឲ្យធ្វើការ ងារធ្ងន់ហួសកម្លាំង បំផ្លាញអស់គ្មានសល់នូវហេដ្ឋារចនាសម្ព័ន្ធនានា និងការយកទៅសម្លាប់នូវធនធានមនុស្ស បញ្ញវ័ន្ដជាច្រើន។ ប៉ុន្ដែពួកក្រុមប្រឆាំងមិននិយាយមួយម៉ាត់សោះ និងមិនទទួលស្គាល់សោះឡើយ នូវវិរភាពគ្មាន ពីររបស់ឥស្សរជនដែលបាននាំមកនូវសុខសន្ដិភាពដូចសព្វថ្ងៃ។

ជាការបញ្ជាក់ឡើងវិញ អំពីការពិតនៃប្រវត្តិសាស្ដ្រ លោក ស្វាយ ស៊ីថា បានសង្កត់ធ្ងន់ថា មានថ្ងៃ ១៧ មេសា ១៩ ៧៥ ទើបមាន ២ ធ្នូ ១៩៧៨ មាន ២ ធ្នូ ១៩៧៨ ទើបមាន ៧ មករា ១៩៧៩។ ដូច្នេះ អំពើកាប់សម្លាប់ ដ៏សាហាវ ឃោរឃៅនេះ មានទំហំធំធេងណាស់ ប៉ុន្ដែក្រុមប្រឆាំងបានបន្ដភូតកុហកសាធារណមតិ ហេតុនេះ គេអាចគិតថា បញ្ហាផ្សេងៗជាច្រើនទៀត ពួកប្រឆាំងនឹងបន្ដបោកប្រាស់ប្រជាពលរដ្ឋគ្មានទីបញ្ចប់ ហើយដែលការពិតជាក់ស្ដែង នោះ កងទ័ពស្ម័គ្រចិត្តវៀតណាម បានដកចេញអស់ពីកម្ពុជា តាំងពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ១៩៨៩ មកម្ល៉េះ។

ជាមួយគ្នានេះ លោក ក៏បានរំលឹកផងដែរថា ពីព្រោះតែមានរបបប្រល័យពូជសាសន៍នេះហើយ ទើបមានការបង្កើត នូវអង្គជំនុំជម្រះវិសាមញ្ញកាត់ទោសមេដឹកនាំខ្មែរក្រហម ដោយមានការចូលរួមពីអង្គការសហប្រជាជាតិ ចំណាយ ថវិការាប់លានដុល្លារ ក្នុងគោលដៅជាសំខាន់ពីរយ៉ាង៖ ទី១- ឲ្យពិភពលោកស្វែងយល់អំពីរបបប្រល័យពូជសាស ន៍ និងទី២- ឲ្យប្រជាពលរដ្ឋខ្មែរមានការចងចាំ និងទប់ស្កាត់របបប្រល័យពូជសាសន៍កុំឲ្យវិលត្រឡប់មកវិញជាថ្មី។

ក្នុងឱកាសជួបសំណេះសំណាលនៃពិធីនេះដែរ លោក ស្វាយ ស៊ីថា ក៏បានជំរុញឲ្យថ្នាក់ដឹកនាំមូលដ្ឋាន ត្រូវខិតខំ ពង្រឹងការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យបានល្អប្រសើរ និងអាជ្ញាធរត្រូវតែខំទប់ស្កាត់ការកើតមាននូវ ល្បែងស៊ីសង និងការប្រើប្រាស់គ្រឿងញៀន ដើម្បីធានានូវភាពសុខសាន្តជូនប្រជាពលរដ្ឋ។

ជាពិសេស លោក ក៏រំលឹកជូនដល់ប្រជាពលរដ្ឋកុំឲ្យចាញ់បោកការឃោសនាបោកប្រាស់របស់ក្រុមប្រឆាំង ដែល និយាយបំភ្លើសអំពីមីក្រូហិរញ្ញវត្ថុ ដែលមីក្រូហិរញ្ញវត្ថុនេះសំដៅដល់សេវាធនាគារ ផ្ដល់ប្រាក់កម្ចីមួយចំនួន ដោយ ពួកគេថា ធនាគារទាំងនេះជារបស់រដ្ឋ ហើយជំរុញឲ្យប្រជាពលរដ្ឋទៅខ្ចីដោយខ្វះការទទួលខុសត្រូវ គឺប្រឈមនឹង ការបាត់បង់ដីធ្លី ផ្ទះសម្បែង ពីព្រោះការពិត ធនាគារទាំងនេះ គឺជារបស់ក្រុមហ៊ុនឯកជននោះទេ។ ប៉ុន្ដែក្នុងទិស ដៅខាងមុខទៀត ក្រុមការងារថ្នាក់ជាតិក្នុងខេត្តតាកែវ នឹងបង្កើតសហគមន៍កសិកម្ម ដើម្បីសម្រួលដល់ការលំបាក ជាក់ស្ដែងរបស់ប្រជាពលរដ្ឋឲ្យជៀសផុតពីការបោកប្រាស់របស់ក្រុមប្រឆាំង។

បន្ទាប់ពីបញ្ចប់ពិធីសំណេះសំណាលរួចមក ក្រុមការងារថ្នាក់ជាតិ ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី បានជួបជុំគ្នា ពិសារអាហារសាមគ្គី និងច្រៀងរាំកំសាន្ដយ៉ាងសប្បាយរីករាយខុសពីអតីតកាលក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ ដ៏ខ្មៅងងឹត ប្រៀបដូចគុកឥតជញ្ជាំងដែលបំបិទសិទ្ធិសេរីភាពគ្រប់យ៉ាង ត្រូវបានកាត់ផ្ដាច់៕


ភ្ញាក់ងារដើមអម្ពិល រងការគំរាម បាញ់សម្លាប់ ក្នុងករណី គ្រោះថ្នាក់ចរាចរណ៍ បង្កដោយ ទាហានស័កិ្ត៤កន្លះ

0
0

ភ្នំពេញ៖ ភ្នាក់ងាររបស់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល លោក ថៃ ចំរ៉ុង បានរងនូវការគំរាមបាញ់សម្លាប់ផ្តាច់ ជីវិតតែម្តង នៅក្នុងករណីគ្រោះថ្នាក់ ចរាចរណ៍ បង្កដោយនាយទាហានស័កិ្ត ៤កន្លះ ស្រវឹងជោគ បើករថយន្ត មកតាមកៀរបុករថយន្តពីចំហៀង នៅរសៀល ម៉ោង ៤ និង ១០នាទី ថ្ងៃ១១ ខែមករា ឆ្នាំ២០១៥នេះ ។

សាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា លោក ថៃ ចំរ៉ុង បានបើករថយន្ត ម៉ាក វីស្ទូ មកដល់ត្រង់ចំណុច រង្វង់មូល កាំភ្លើងគួចកាណុង ស្រាប់តែមានរថយន្តម៉ាក តូយ៉ាតា ហាយឡែនឌ័រ ពាក់ស្លាកលេខ ភ្នំពេញ 2W-2791 បានបើកមកវ៉ា ហើយក៏ជ្រុលចង្កូតកៀ រថយន្តរបស់លោក ថៃ ចំរ៉ុង តែម្តង។ ជនបង្កដែលបើករថយន្ត ក្នុង អាការៈស្រវឹងជោគជាំ និងបង្កគ្រោះថ្នាក់ចរាចរណ៍ ក៏បានចុះពីលើរថយន្ត ហើយបានទាញ ទូរស័ព្ទ តេហៅគ្នីគ្នា មកជួយអន្តរាគមន៍។

ប្រភពដដែលបន្តថា ក្រោយពីសុំសម្រុះសម្រួល រួចមកជនបង្កក៏បានបោះសម្តី ឲ្យជនរងគ្រោះ ថា “អញព្រមសង ហ្អែងហើយ ហ្អែងនៅចង់អន្តរាគមន៍ ដល់ថ្នាក់ណាក៏មិនឈ្នះអញដែរ”។ គ្រាន់តែនិយាយចប់ នាយទាហានសក្តិ ៤កន្លះរូបនេះ ក៏ស្ទុះទាញកាំភ្លើងវែងនៅក្នុងឡាន ដើម្បីមកគម្រាមភ្នាក់ងារយកព័ត៌មានដើមអម្ពិល តែម្តង ហើយ ក៏ធ្វើឲ្យមានការភ្ញាក់ផ្អើលពេញផ្លូវ។ បើកុំតែបានប៉ូលិសជួយអន្តរាគមន៍ទាន់ពេលវេលាម្ល៉េះ មិនដឹងមាន ហេតុការណ៍អាក្រក់អ្វី កើតឡើងនោះទេ។

ទង្វើរបស់នាយនាហានសក្តិ ៤កន្លះរូបនេះ ត្រូវបានអ្នកច្បាប់លើកឡើងថា យ៉ាងហោចណាស់ បានបង្កបទល្មើសចំនួន៣ ដែលច្បាប់មិនអាចអត់ឱនឲ្យបាន ទី១៖ បើកបររថយន្តក្នុងអាការៈស្រវឹង ទី២៖ បង្ករ។ គ្រោះថ្នាក់ចរាចរណ៍ដល់អ្នកដទៃ និងទី៣៖ ដកអាវុធ(វែង) មកគម្រាមជនរងគ្រោះ ។ ទង្វើបែបគ្មានកោត ក្រែងច្បាប់ សូម្បីតែមួយក្រចកបែបនេះ សមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសស្ថាប័ន អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ គួរមានវិធានការតាម ផ្លូវច្បាប់ទៅលើជនល្មើស ដែលបង្កគ្រោះថ្នាក់ដល់អ្នកដទៃហើយ បែជាដកអាវុធមកគម្រាមកំហែងទៀត៕

លោក សុខ លូ ជួបសំណេះ សំណាលជាមួយ បងប្អូនពលរដ្ឋ នៅឃុំមានជ័យ

0
0

កំពង់ធំៈ លោក សុខ លូ អភិបាលរងខេត្ត និងជាប្រធាន ក្រុមការងារ ចុះជួយស្រុកសណ្តាន់ថ្ងៃទី ១១ខែ មករា ឆ្នាំ ២០១៥ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋ មកពីឃុំមានជ័យ នៃស្រុក សណ្តាន់ខេត្តកំពង់ធំ ។  ក្នុងឱកាសនោះ លោកសុខ លូ បានពាំនាំនូការសាកសុខទុក្ខ ពីសំណាក់ សម្តេចទាំងបី ដែលសម្តេចតែងតែបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ទូទាំងប្រទេស ។ 

លោកបានចាត់ទុកថា ថ្ងៃ៧កមរា គឺជាថ្ងៃកំណើត ទី២ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មិនអាចបំភ្លេចបាន ដោយ សារ មានថ្ងៃរំដោះ៧មករា ទើបប្រជាពលរដ្ឋកម្ពុជាយើង អាចរស់រានមាន ជីវិតឡើងវិញ និងមាន សេរីភាព រហូត មកបច្ចុប្បន្ននេះ។ ស្មារតី៧មករា គឺជាស្មារតីអមតស្ថិត នៅក្នុងជម្រៅចិត្ត របស់ប្រជាជនកម្ពុជាជាប់ជានិច្ច ។ ដូចនេះហើយបានជាថ្ងៃ៧មករា ត្រូវបានគេកំណត់ជាថ្ងៃ ទិវា សម្រាប់ ជាតិទាំងមូលទាំងមន្ដ្រីរាជការបុគ្គលិក កម្មករ ក្រុមហ៊ុន ទាំងអស់ ដែលបំពេញការងារនៅកម្ពុជា។

ដោយសារការដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការវិវឌ្ឍន៍រីកចម្រើនលើ គ្រប់វិស័យ ហើយសមិទ្ធផលនានា ត្រូវបានកកើតឡើង ពាសពេញ ផ្ទៃប្រទេស។ លោកបាន ណែនាំដល់ មន្ដ្រីក្រោមឱវាទទាំងអស់ រំលឹកនូវការដឹងគុណផងដែរ ដល់វីរៈជនស្នេហាជាតិ គ្រប់ទិសទី ដែលបានពលី ជីវិត រំដោះ ប្រជាជាតិ ឲ្យបានរួចផុតពីរបបដ៏យង់ខ្នងនេះ ហើយតទៅយើងត្រូវខិតខំ បំពេញការងារ ទៅតាមតួនាទី រៀងៗខ្លួន ដើម្បីបម្រើ សំណូមពរ និង សេចក្ដីត្រូវការជូន ប្រជាពលរដ្ឋ រួមសាមគ្គីគ្នា ការពារសមិទ្ធផលទាំង ឡាយ ឲ្យបានស្ថិតស្ថេរគង់វង្ស និងជំរុញអោយបងប្អូនប្រជាពលរដ្ឋ ក្រោយពីប្រមូលផលស្រូវ វស្សាហើយត្រូវ បន្តដាំដំណាំរួមផ្សំបន្ថែមទៀត ដើម្បីអោយជីវភាពរបស់បងប្អូនមានការកើនឡើងជាលំដាប់៕

អភិបាល ខេត្តព្រះវិហារ អញ្ជើញប្រគល់ ពានរង្វាន់ដល់បេក្ខជន បេក្ខនារី ជាប់ចំណាត់ថ្នាក់ នៃការប្រឡង ចំរៀងសម័យ

0
0

-បិទបញ្ចប់ មហាស្រពប្រឡង ចំរៀងសម័យ អបអរសាទរ ថ្ងៃជ័យជំនះ៧មករា នៅខេត្តព្រះវិហារ មានអ្នកចូលរួម យ៉ាងណែនតាន់តាប់

ព្រះវិហារ ៖ បេក្ខជន បេក្ខនារី ទាំង៦នាក់ ដែលជាប់ចំណាត់ ថ្នាក់លេខ១ លេខ២ និងលេខ៣ (ស្រី៣នាក់ និងប្រុស៣នាក់) នៅក្នុងកម្មវិធីប្រឡង ចំរៀង សម័យប្រចាំខេត្តព្រះវិហារ នារសៀល និងល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥នេះ បានមកទទួលពានរង្វាន់ និងទឹកប្រាក់ពីអភិបាល ខេត្ត ព្រះវិហារ លោក អ៊ុំ ម៉ារ៉ា ក្រោយពីពួកគេ ត្រូវបានគណៈកម្មការ  បានធ្វើការ វាយតម្លៃ និងជ្រើសរើស ជាអ្នកទទួលជ័យលាភី ពិតប្រាកដនោះ។

នៅថ្ងៃ ទី១១ ខែមករា ឆ្នាំ២០១៥នេះ អាជ្ញាធរខេត្តព្រះវិហារ ដែលមានមន្ទីរវប្បធម៌ និងសាសនា បានរួមសហការជាមួយ ស្ថានីយ៍ ទូរទស្សន៍ អប្សរា ប៉ុស្តិ៍ លេខ១១ បានរៀបចំមហាស្រព ប្រឡងចំរៀងសម័យ ដើម្បី អបអរ សាទរ នៃថ្ងៃជ័យជំនះ៧មករា លើកទី៣៦ និងជាថ្ងៃបិទបញ្ចប់ នៃការតាំងពិព័រណ៌ ទំនិញពាណិជ្ជកម្ម រវាងអាជ្ញាធរខេត្ត ទាំង៣របស់ខ្មែរ (ខេត្តព្រះវិហារ ខេត្តកំពង់ធំ និងខេត្តសៀមរាប) និងខេត្តទាំង៥ ភាគឥសាន របស់ប្រទេសថៃ នារយះពេល៥ ថ្ងៃមកនេះ។

នៅក្នុងពិធីមហាស្រព ប្រឡងចំរៀងសម័យ ដែលធ្វើឡើងនៅ ក្នុងបរិវេណពហុកីឡដ្ឋាន ខេត្តព្រះវិហារខាង លើនេះ ត្រូវបានអភិបាល ខេត្តព្រះវិហារ លោក អ៊ុំ ម៉ារ៉ា ដែលជាគណៈអធិបតីនោះ បញ្ជាក់ថា មានអ្នកចូលរួម យ៉ាងច្រើនតាន់តាប់ ប្រកបដោយ ក្តីសប្បាយ រីករាយយ៉ាងខ្លាំង។

បើតាមលោកអភិបាលខេត្ត សម្រាប់ការប្រឡង ចំរៀងសម័យ នៅក្នុងកម្មវិធីនេះ មានបេក្ខជន បេក្ខនារី ចំនួន ៤០នាក់ មកពីតាម បណ្តាភូមិ នៃសង្កាត់ ឃុំ ក្រុង ស្រុក ទាំង៨ របស់ ខេត្តព្រះវិហារ ចូលរួមបញ្ចេញទឹកដមសំឡេង ដើម្បីឲ្យគណៈកម្មការ ជាអ្នក សម្រេច និងជ្រើសរើស ចុងក្រោយ រកឲ្យឃើញម្ចាស់ជ័យលាភីពិតប្រាកដ ដែល មានលេខ១ លេខ២ និងលេខ៣ ។

លោក អ៊ុំ ម៉ារ៉ា បានមានប្រសាសន៍ បន្តទៀតថា ក្រោយបញ្ចប់នៃការឡើងច្រៀង បញ្ចេញទឹកដម សំឡេងរួចមក គណៈកម្មការ ដែលជាមេប្រយោគ បានសម្រេចជ្រើសរើស បេក្ខជន៣នាក់ និងបេក្ខនារី៣នាក់ ដើម្បីទទួលពានរង្វាន់ និងប្រាក់រង្វាន់។

លោកអភិបាល ខេត្ត បានអញ្ជើញប្រគល់ពាន និងប្រាក់រង្វាន់ ដល់អ្នកទទួល បានជ័យ លាភីទាំង៦នាក់ ដោយអ្នកជាប់លេខ១ ទាំងបេក្ខជន និងបេក្ខនារី ទទួល បានពានមួយ និងថវិកាចំនួន៨០ម៉ឺនរៀល អ្នកជាប់លេខ២ ទាំងបេក្ខជន និងបេក្ខនារី ទទួលបានពានមួយ និងថវិកា ចំនួន៥០ម៉ឺនរៀល និងអ្នក ជាប់លេខ៣ ទាំងបេក្ខជន និងបេក្ខនារី ទទួលបានពានមួយ និងថវិកា ចំនួន៣០ ម៉ឺនរៀល។

ដោយឡែក បេក្ខជន និងបេក្ខនារី ដែលមិនមាន ឱកាស ទទួលបានចំណាត់នោះ ក៏ត្រូវលោកអភិបាលខេត្ត ផ្តល់ជូនថវិកា ក្នុងម្នាក់ៗ ចំនួន៥ម៉ឺនរៀលផងដែរ ។

លោក អ៊ុំ ម៉ារ៉ា បានលើកឡើងថា សម្រាប់កម្មវិធី ដ៏ធំប្រចាំខេត្តព្រះវិហារ ខាងលើនេះ ពិតជាបានធ្វើឲ្យ ប្រជាពលរដ្ឋ ដែលចូលរួម មានក្តីសប្បាយចិត្ត និងពេញចិត្តយ៉ាងខ្លាំង ហើយ បញ្ហាសន្តិសុខវិញ បានដំណើរការទៅដោយរលូន ពុំមានអ្វីកើតឡើង គួរឲ្យចាប់ អារម្មណ៍នោះទេ ៕

អភិបាលខេត្តព្រះវិហារ ប្រគល់ប្រាក់រង្វាន់ ដល់បេក្ខនារី

នាយករដ្ឋមន្រ្តីកម្ពុជា អញ្ជើញបើកឲ្យ ដំណើរការ វារីអគ្គិសនីឬស្សីជ្រុំ

0
0

- ក្រុមហ៊ុនផលិតថាមពលអគ្គិសនីចិន រំពឹងថា វារីអគ្គិសនីឬស្សីជ្រុំ នឹងចូលចំណែកសំខាន់ សម្រាប់អភិវឌ្ឍកម្ពុជា

កោះកុង៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ២០១៥ នឹងបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់បើកឲ្យដំណើរការវារីអគ្គិសនីឬស្សីជ្រុំ ស្ថិតនៅកណ្តាលដងព្រៃ នៃជ្រលងភ្នំក្រវ៉ាញ ចម្ងាយប្រមាណជា ៥០គីឡូម៉ែត្រពីទីរួមខេត្តកោះកុង ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុក មណ្ឌលសីមា ខេត្តកោះកុង បន្ទាប់ពីចំណាយពេលសាងសង់រយៈពេលប្រមាណ ៣ឆ្នាំ។

វារីអគ្គិសនីឬស្សីជ្រុំ មានសមត្ថភាពផលិតថាមពលរហូតដល់ទៅ ៣៣៨មេហ្គាវ៉ាត់ ត្រូវបានសាងសង់ឡើង ដោយ ក្រុមហ៊ុនវិនិយោគរបស់ចិន ចំណាយថវិការ ៥៨០លានដុល្លារអាម៉េរិក។ វារីអគ្គិសនីឬស្សីជ្រុំ ត្រូវបានប្រើប្រាស់ សម្រាប់ផ្គត់ផ្គង់ថាមពលអគ្គិសនីក្នុងរាជធានីភ្នំពេញ និងតំបន់មួយចំនួន ក្នុងខេត្តពោធិ៍សាត់។

- ក្រុមហ៊ុនផលិតថាមពលអគ្គិសនីចិន រំពឹងថា វារីអគ្គិសនីឬស្សីជ្រុំ នឹងចូលចំណែកសំខាន់ សម្រាប់អភិវឌ្ឍកម្ពុជា

វារីអគ្គិសនីឬស្សីជ្រុំ ដែលបានចូលរួមចំណែកដ៏សំខាន់មួយក្នុងការផ្គត់ផ្គង់ថាមពលបម្រើការប្រើប្រាស់របស់ប្រជា ពលរដ្ឋកម្ពុជា ក្នុងរាជធានីភ្នំពេញ និងខេត្តពោធិ៍សាត់ផងនោះ មានទីតាំងស្ថិតនៅកណ្តាលដងព្រៃ នៃជ្រលងភ្នំ ក្រវ៉ាញ ចម្ងាយប្រមាណជា ៥០គីឡូម៉ែត្រពីទីរួមខេត្តកោះកុង ស្ថិតក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌល សីមា។ មុននឹងចូលដល់វារីអគ្គិសនីនេះ គឺត្រូវធ្វើដំណើរឆ្លងកាត់ផ្លូវដែលឈូសឆាយភ្នំមានចំណោតខ្ពស់ៗ និង កាច់កោងខ្លាំង ធ្វើឲ្យអ្នកកាសែតនៅលើរថយន្តភ័យបុកពោះផងដែរ។

អគ្គនាយករង នៃក្រុមហ៊ុន «ឆាយណា ហ្គនទៀន» និងជាវិស្វករផងគ្រប់គ្រងការសាងសង់វារីអគ្គិសនីឬស្សីជ្រុំ លោក លី ជៀនហ៊រ បានថ្លែងប្រាប់ក្រុមអ្នកព័ត៌មានក្នុងពេលបំពេញទស្សនកិច្ចកាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០ ១៤ ថា វារីអគ្គិសនីឬស្សីជ្រុំ បានកំពុងផ្គត់ផ្គង់ថាមពលទៅរាជធានីភ្នំពេញ ខេត្តពោធិ៍សាត់ និង ខេត្តបាត់ដំបងផង ដែរ។

មុននឹងឈានដល់ការសម្រេចជាស្ថាពរនូវសមិទ្ធិផលទំនប់វារីអគ្គិសនីឬស្សីជ្រុំ ដែលផ្តល់ថាមពលជាច្រើនរយ មេហ្គាវ៉ាត់នេះ ក្រុមហ៊ុន បានឆ្លងកាត់នូវឧបស័គ្គជាច្រើន។ នេះបើយោងតាមតំណាងក្រុមហ៊ុន។

លោក លី ជៀនហ៊រ បានបញ្ជាក់ថា នៅក្នុងដំណាក់កាលដំបូង នៃការសិក្សាគម្រោង ដែលធ្វើឡើងនាឆ្នាំ២០០៤ នោះ ក្រុមអ្នកជំនាញការរបស់ក្រុមហ៊ុន ត្រូវដើរឆ្លងកាត់តាមផ្លូវលំតូចមួយ ដ៏សែនលំបាកឆ្លងកាត់ព្រៃភ្នំ ជាច្រើន ថ្ងៃ ដើម្បីចូលទៅកាន់កន្លែងផលិតវារីអគ្គិសនី ដោយថ្ងៃខ្លះដាច់អាហារ ហើយបង្ខំចិត្តផឹកទឹកមិនស្អាត ក៏មាន។ ក្រុមហ៊ុនក៏ជួបប្រទះនូវផលលំបាក ក្នុងការដឹកជញ្ជូនគ្រឿងបរិក្ខា ព្រមទាំងខ្វះខាតកម្លាំងពលកម្មផងដែរ។

រហូតដល់ឆ្នាំ២០១៤ មិនត្រឹមតែវារីអគ្គិសនីខាងលើនោះទេ ដែលត្រូវបានស្ថាបនារួចរាល់ជាស្ថាពរ ផ្លូវក្រាលគ្រួស និងកន្លែងខ្លះចាក់បេតុងកាត់ព្រៃភ្នំមួយខ្សែ ក៏ត្រូវបានក្រុមហ៊ុន «ឆាយណា ហ្គនទៀន» សាងសង់ឡើងរួចរាល់ផង ដែរ។ ផ្លូវនេះមិនត្រឹមតែបម្រើប្រយោជន៍ជូនក្រុមហ៊ុននោះទេ តែវាក៏បាននិងកំពុងបម្រើប្រយោជន៍ជូន ប្រជាពល រដ្ឋកម្ពុជា នៅទីជនបទក្នុងស្រុកមណ្ឌលសីម៉ា ហើយក៏អាចធ្វើដំណើរឆ្លងកាត់ពីពោធិ៍សាត់ទៅកោះកុងផងដែរ។

ឆ្លើយតបទៅនឹងសំណួរថា តើក្រុមហ៊ុន បានគិតគូរពីការប៉ះពាល់ដល់បរិស្ថាន និងធនធានធម្មជាតិយ៉ាងណានោះ តំណាងក្រុមហ៊ុនបានបញ្ជាក់ថា ការធ្វើឲ្យមានពណ៌បៃតងស្រស់បំព្រង គឺជាទិសស្លោករបស់ក្រុមហ៊ន «ឆាយណា ហ្គនទៀន» ដូច្នេះក្រុមហ៊ុនតែងព្យាយាមខ្ពស់បញ្ចៀសការកាប់បំផ្លាញ់ព្រៃឈើ ព្រោះព្រៃឈើជាប្រភពទាក់ទាញ ទឹកភ្លៀង ដើម្បីផ្គត់ផ្គង់ដល់វារីអគ្គិសនី។

បើតាមលោក លី ជៀនហ៊រ ក្រុមហ៊ុនមិនត្រឹមតែមិនកាប់ព្រៃឈើនោះទេ ថែមទាំងព្យាយាមដាំដើមឈើឡើងវិញ នៅកន្លែង ដែលក្រុមបានកាប់ ដើម្បីសាងសង់ទីជម្រកពេលដំណើរការសាងសង់វារីអគ្គិសនីផងដែរ។

តំណាងក្រុមហ៊ុន ក៏បានបញ្ជាក់ផងដែរថា ក្នុងដំណាក់សាងសង់វារីអគ្គិសនីមួយនេះ ក្រុមហ៊ុនបានទទួលរងនូវការ រិះគន់ជាច្រើនពីបណ្តាអង្គការសង្គមស៊ីវិល តែក្រុមហ៊ុន ក៏បានទទួលយកនូវអនុសាសន៍ដែលល្អមួយចំនួនពីអង្គ ការសង្គមស៊ីវិលផងដែរ។

ពាក់ព័ន្ធបញ្ហាបច្ចេកទេសវិញ លោកវិស្វករ លី ជៀនហ៊រ ដែលជាមន្រ្តីជំនាញរបស់ក្រុមហ៊ុន និងគ្រប់គ្រងផ្ទាល់ នៅការដ្ឋានវារីអគ្គិសនីឬស្សីជ្រុំនេះ បានថ្លែងអះអាងថា ការផលិតធ្វើតាមស្តង់ដាបច្ចេកទេសដូចនៅក្នុងស្រុកចិន ពោលទំនប់វារីអគ្គិសនីមិនអាច់បាក់ ឬធ្លាយនោះឡើយ ទោះបីរញ្ជួញដីក៏ដោយ។ ទំនប់ទប់ទឹកនីមួយៗត្រូវបាន ធ្វើឡើង ដោយថ្មរាប់ម៉ឺនដុំ និងមានបំពាក់ឧបករណ៍បច្ចេកវិទ្យាទំនើបសម្រាប់ដាមតានស្ថានភាពទំនប់ថែមទៀត។

ឆ្លើយទៅនឹងសំណួររបស់ក្រុមអ្នកព័ត៌មានថា តើអាចបណ្តាលឲ្យមានគ្រោះមហន្តរាយដល់ប្រជាពលរដ្ឋដែរឬទេ ប្រសិនបើទំនប់ត្រូវបានបាក់នោះ។ លោក លី ជៀនហ៊រ បានបញ្ជាក់ថា មិនបង្កគ្រោះថ្នាក់ដល់ប្រជាជនឡើយ ព្រោះនៅជ្រលងភ្នំក្រវ៉ាញនោះ ធំ អាចឲ្យទឹកហូរទៅលឿន ហើយទឹកទាំងនេះ នឹងធ្លាក់ចូលសមុទ្រ។ ជាពិសេស នៅក្នុងសមុទ្រនាខេត្តកោះកុងមានដើមកោងកាងច្រើន អាចស្រូបទឹកបានលឿន ដូច្នេះមិនបង្កផលប៉ះពាល់ដល់ ប្រជាពលរដ្ឋក្នុងខេត្តកោះកុងនោះឡើយ។

បើតាមលោក លី ជៀនហ៊រ នៅក្នុងដំណើរការសាងសង់នេះ មន្រ្តីជំនាញមកពីក្រសួងពាក់ព័ន្ធទៅលើបច្ចេកទេស និងបរិស្ថានជាដើមនោះ បានចុះទៅត្រួតពិនិត្យចំនួន២១ដង រួមមានក្រុមហ៊ុនវាយតម្លៃគុណភាពមកពីប្រទេស ស្វីសផងដែរ។

ជាមួយសមិទ្ធិផលវារីអគ្គិសនីឬស្សីជ្រុំនេះ បន្ទាប់ពីជម្នះនូវពាក្យនិន្ទា និងរិះគន់ពីក្រុមអង្គការក្រៅរដ្ឋាភិបាលពាក់ ព័ន្ធលើបញ្ហាបរិស្ថានជាច្រើននោះ លោក លី ជៀនហ៊រ បានថ្លែងរំពឹងថា នឹងចូលរួមចំណែកជួយប្រជាជន និង ប្រទេសកម្ពុជាទាំងមូលកាន់តែរីកចម្រើនថែមទៀត។

លោកបានថ្លែងថា «ក្រុមហ៊ុនសង្ឃឹមថា កម្ពុជា និងបានរុងរឿនរីកចម្រើនលូតលាស់ទៅមុខកាន់តែខ្លាំងថែមទៀត សមស្របទៅនឹងការខិតខំ និងលះបង់អស់ពីកម្លាំងកាយចិត្ត ដើម្បីស្ថាបនាវារីអគ្គិសនីដ៏ធំនេះឡើង»។

សូមបញ្ជាក់ថា វារីអគ្គិសនី ត្រូវបានមន្រ្តីរាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកជាធុងអាគុយមួយដ៏សំខាន់សម្រាប់ផ្គត់ផ្គង់ និងផ្តល់ថាមពលអគ្គិសនី សម្រាប់បម្រើលើវិស័យនានា ដើម្បីអភិវឌ្ឍន៍ប្រទេស ដោយមិនខ្វះបានឡើយ។

មិនថាតែទីជនបទនោះទេ ដែលកំពុងខ្វះថាមពលអគ្គិសនីប្រើប្រាស់នោះ នៅក្នុងរាជធានីភ្នំពេញ កាលពីឆ្នាំ២០ ១៣ កន្លងទៅនេះ គេនៅចាំបានថា ចរន្តអគ្គិសនីត្រូវបានដាច់ស្ទើរតែរៀងរាល់ថ្ងៃ ហើយក៏ទទួលបានការរអ៊ូរទាំ ពីអ្នកប្រើប្រាស់ផងដែរ។ ការដាច់ចរន្តអគ្គិសនីនេះ ត្រូវបានមន្រ្តីអគ្គិសនីកម្ពុជាពន្យល់ថា បណ្តាលមកពីចំនួនអ្នក ប្រើប្រាស់មានការកើនឡើង ហើយថាមពលផ្គត់ផ្គង់មិនទាន់គ្រប់គ្រាន់។

តែការនិន្ទាពីសំណាក់អ្នកប្រើប្រាស់មិនយូរប៉ុន្មានក៏បានរសាត់ផុតទៅ ពោលនៅចុងឆ្នាំ២០១៣ អគ្គិសនីកម្ពុជា បានចេញមកប្រកាសដោយមោទនភាពថា ចាប់ពីឆ្នាំ២០១៤នេះទៅ ក្នុងរាជធានីភ្នំពេញ និងតំបន់មួយចំនួនជាប់   រាជធានីភ្នំពេញ នឹងលែងមានភាពរអាក់រអួល ឬខ្វះខាតថាមពលអគ្គិសនីទៀតហើយ បន្ទាប់ពីវារីអគ្គសិនីមានលទ្ធ ភាពផ្គត់ផ្គង់ថាមពលធំៗជាច្រើន ត្រូវបានសាងសង់រួចរាល់ជាស្ថាពរ និងដាក់ឲ្យដំណើរការ។

ជាសក្ខីភាពរហូតដល់ដើមឆ្នាំ២០១៤នេះ ក្នុងរាជធានីភ្នំពេញ ដែលត្រូវការថាមពលអគ្គិសនីប្រមាណជា ៥០០មេ ហ្គាវ៉ាត់ ដើម្បីបំពេញតម្រូវការការប្រើប្រាស់របស់ប្រជាពលរដ្ឋ និងរោងចក្រ ឧស្សាហកម្មនានានោះ លែងជួប បញ្ហាដាច់ចរន្តអគ្គិសនីដូចឆ្នាំ២០១៣កន្លងទៅទៀតហើយ។ បើតាមមន្រ្តីអគ្គិសនីកម្ពុជា បានបញ្ជាក់ថា ថាមពល អគ្គិសនីក្នុងរាជធានីភ្នំពេញបច្ចុប្បន្នមិនត្រឹមតែអាចប្រើប្រាស់បានគ្រប់គ្រាន់នោះទេ គឺប្រើសល់ថែមទៀតផង។

វារីអគ្គិសនីធំៗ ដែលដាក់ឲ្យដំណើរការនាអំឡុងឆ្នាំ២០១៣កន្លងទៅ រួមមាន៖ វារីអគ្គិសនីឬស្សីជ្រុំ ក្នុងខេត្តកោះ កុង អាចផលិតថាមពលបានជាង ៣០០មេហ្គាវ៉ាត់, វារីអគ្គិសនីអាតៃ ក្នុងខេត្តពោធិ៍សាត់ អាចផលិត ថាមពល បានប្រមាណ ១២០មេហ្គាវ៉ាត, វារីអគ្គិសនីកំចាយ ក្នុងខេត្តកំពត អាចផលិតថាមពលបានប្រមាណ ១៩៤.១ មេ ហ្គាវ៉ាត់ និងអគ្គិសនីដើរដោយធ្យូងថ្ម នៅក្នុងខេត្តព្រះសីហនុ អាចផ្តល់ថាមពលប្រមាណ ១០០មេហ្គា វ៉ាត់។ ក្រៅ ពីវារីអគ្គិសនីដែលបានរៀបរាប់ កម្ពុជានៅមានវារីអគ្គិសនីខ្នាតតូចមួយចំនួនទៀតដូចជា វារីអគ្គិសនី នៅអូរជុំ ខេត្ត រតនគិរី ផ្តល់ថាមពល ១មេហ្គាវ៉ាត់, ទំនប់វារីអគ្គិសនីគិរីរម្យមួយ ផ្តល់ថាមពល ១២មេហ្គាវ៉ាត់ និង ទំនប់វារីអគ្គិសនី គិរីរម្យបី ផ្តល់ថាមពល ១៨មេហ្គាវ៉ាត់។ កម្ពុជា ក៏នៅមានវារីអគ្គិសនីជាច្រើនផ្សេងទៀត កំពុង ដំណើរការសាង សង់ និងស្ថិតក្នុងដំណាក់កាលសិក្សាគម្រោងផងដែរ៕

បន្ទប់ត្រួតពិនិត្យ និង បញ្ជានៅស្ថានីយ៍វារីអគ្គិសនីឬស្សីជ្រុំ

ទំនប់ស្តុកទឹកសម្រាប់ប្រើប្រាស់នៅស្ថានីយក្រោម

ទំនប់ស្តុកទឹក សម្រាប់ប្រើប្រាស់នៅស្ថានីយលើ

លោក លី ជៀនហ៊រ បញ្ចាំស្លាយពន្យល់ពីដំណើរការនៃការសាងសង់វារីអគ្គិសនីឬស្សីជ្រុំ

កម្ពុជាមានទុក្ខ យ៉ាងក្រៀមក្រំ ក្រោយលោក ហែម ថុន ទទួលមរណភាព

0
0

ភ្នំពេញ៖ កម្ពុជាបានបាត់បង់ថ្នាក់ដឹកនាំកីឡាដ៏ឆ្នើមមួយរូប គឺលោក ហែម ថុន អគ្គលេខាធិការរងនៃ គណៈកម្មាធិការ ជាតិ អូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ សហព័ន្ធកីឡាហែលទឹកខ្មែរ ដែលលោកបាន ទទួលមរណភាព នៅល្ងាចថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥នេះ ។

ប្រភពព័ត៌មានពីលោក កាំង សុធា មន្ដ្រីព័ត៌មានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានថ្លែងថា មន្ដ្រីគណៈកម្មាធិការ ជាតិអូឡាំពិកកម្ពុជា តក់ស្លុតយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងថា លោក ហែម ថុន បានទទួលមរណភាព ។ លោក ហែម ថុន បានទទួលមរណភាព ដោយសាររោគាពាធក្នុងជន្មាយុ៧៦ឆ្នាំ ។

លោក កាំង សុធា បានបន្ដថា មរណភាពរបស់លោក ហែម ថុន បានធ្វើឲ្យមន្ដ្រី NOCC និងស្ថាប័នកីឡាជាតិ គ្រប់ជាន់ថ្នាក់ មានការសោកស្ដាយខ្លាំងណាស់ ដែលកម្ពុជាត្រូវបាត់បង់អ្នកមានសមត្ថភាព និងជាអតីតកីឡាករ ហែលទឹកជើងចាស់ សម័យសង្គមរាស្ដ្រនិយមដ៏ឆ្នើមមួយរូប ។

មន្ដ្រីព័ត៌មាន NOCC រូបនេះ បាននិយាយទាំងអារម្មណ៍ក្ដុកក្ដួលអួលដើមកថា “ក្នុងនាមមន្ដ្រីអូឡាំពិកកម្ពុជា គឺយើងមានការសោកស្ដាយជាខ្លាំង ដែលយើងបានបាត់បង់ថ្នាក់ដឹកនាំកីឡាដ៏មានសមត្ថភាពមួយរូប ព្រោះគាត់ (ហែម ថុន) បានលះបង់ពេលវេលាច្រើនណាស់ ដើម្បីលើកស្ទួយវិស័យកីឡាកម្ពុជា ដូច្នេះយើងនឹងចងចាំ ស្នាដៃរបស់គាត់ជារៀងរហូត” ។

លោកបន្ថែមថា “លោក ហែម ថុន ប្រៀបបីដូចជាសារមន្ទីកីឡាមួយអញ្ចឹង ព្រោះគាត់ជាអ្នកកីឡាជើងចាស់ម្នាក់ ដែលរស់នៅបានយូរតាំងពីសម័យសង្គមរាស្ដ្រនិយមមក ពោលគឺគាត់បានចងចាំរឿងរ៉ាវយ៉ាងច្រើនទាក់ទងនឹងកីឡា ហើយគាត់ក៏បានកសាងស្នាដៃជាច្រើនជូនជាតិផងដែរ ។ ដូច្នេះសូមវិញ្ញាណខន័្ធលោកគ្រូបានសោយសុខ ក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ” ៕

Photo by DAP-News

Photo by DAP-News

ក្រុមការងារ CPP និង CNRP ខ្វែងគំនិតគ្នាក្នុងការ កំណត់ពេលវេលា ឃោសនាបោះឆ្នោត

0
0

ភ្នំពេញ៖ ក្រុមការងារពិភាក្សាលើវិសោធនកម្មច្បាប់បោះឆ្នោត មកពីគណបក្សប្រជាជនកម្ពុជា (CPP) និងគណ បក្សសង្គ្រោះជាតិ (CNRP) បានខ្វែងគំនិតគ្នាក្នុងការកំណត់ពេលវេលា នៃការឃោសនាបោះឆ្នោត ដោយ CN RP ចង់រក្សារយៈពេលឃោសនា៣០ថ្ងៃដដែល រីឯ CPP ចង់កាត់បន្ថយមកនៅត្រឹមតែ ១៤ថ្ងៃ។

ថ្លែងបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាស្តីពីវិសោធនកម្មសេចក្តីព្រាងច្បាប់បោះឆ្នោតនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ នេះ ប្រធានក្រុមការងារ និងជាសមាជិករដ្ឋសភាមកពី CNRP លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា នៅ ក្នុងជំពូកទី៧ បានពិភាក្សាគ្នាច្រើន ហើយខ្លឹមសារ នៃការពិភាក្សានេះ មានការឯកភាពគ្នាច្រើន ប៉ុន្តែ យើងនឹង យកទៅកែសម្រួលនូវខ្លឹមសារ នៃមាត្រាមួយចំនួន។

លោកថា «អ្វីដែលយើងមិនទាន់ឯកភាពគ្នា គឺចំណុចទី១ គឺរយៈពេល នៃការឃោសនាបោះឆ្នោត គឺខាង CNRP  ខាងបានច្រើន គឺយ៉ាងហោចណាស់សូមរក្សាទុកដូចនៅច្បាប់ចាស់ដែលមានរយៈពេល៣០ថ្ងៃ សម្រាប់ឲ្យគណ បក្សនយោបាយលោកអាចធ្វើការឃោសនបាន ប៉ុន្តែខាង CPP គាត់សុំស្នើតែ ១៤ថ្ងៃ ចំណុចនេះ ក្រុមការ ងារ មិនទាន់បានឯកភាពគ្នាទេ ប្រហែលជាទុកឲ្យថ្នាក់ដឹកនាំអ្នកសម្រេច»។

លោក គួយ ប៊ុនរឿន បានបន្ថែមទៀតថា ក្រៅពីចំណុចនោះ ក៏មានចំណុចផ្សេងមួយចំនួនទៀត ដែលនៅមិន ទាន់ស្របគ្នា គឺការធ្វើយុទ្ធនាការ នៃការឃោសនាបោះឆ្នោត ជាពិសេស ការដង្ហែក្បួន នៃយុទ្ធនាការបោះឆ្នោត   គឺនៅក្នុងច្បាប់ចាស់មិនបានកំណត់ពេលវេលាសម្រាប់ការហែរក្បួននោះទេ។ ចំណុចនេះ CPP ចង់ឲ្យមានការ ហែរក្បួនតែ ២ថ្ងៃទេ គឺថ្ងៃទី១ និងថ្ងៃបញ្ចប់ នៃការឃោសនាបោះឆ្នោត។

ប្រធានក្រុមការងារ និងជាសមាជិករដ្ឋសភា មកពី CPP លោក ប៊ិន ឈិន បានមានប្រសាសន៍ថា CPP ចង់ឲ្យ មានពេលបើក នឹងពេលបិទបញ្ចប់ការឃោសនា ព្រោះជួយកាត់បន្ថយបញ្ហាប្រឈមនៅក្នុងសង្គម ឧទាហរណ៍  ដូចនៅក្នុងរាជធានភ្នំពេញ ពេលមានយុទ្ធការហែរក្បួនឃោសនាបោះឆ្នោតម្តងៗ តែងតែមានការកកស្ទះចរាចរ  ណ៍ជារឿយៗ ប៉ុន្តែចំណុចហ្នឹង ត្រូវនៅជជែកគ្នាបន្តទៀត។

លោកបន្តថា «ការឃោសនាចំនួន ១៤ថ្ងៃនេះ ក៏យើងចង់កាត់បន្ថយការប្រឈមដែរ ពីព្រោះស្រុកគេខ្លះអត់ ឃោសនាផងហ្នឹង ហើយទៅស្រុកជប៉ុនហ្នឹង មានតែ ៤ ទៅ ១០ថ្ងៃដែរ ហើយនៅសិង្ហបុរីក្បែរយើង មានតែ៩ថ្ងៃ តើ, បារាំង ១៤ថ្ងៃដែរ អីចឹងយើងកុំឲ្យវាខាត់បង់លុយកាក់។ បើនិយាយរឿងឃោសនាហ្នឹង គណបក្សទាំងអស់ ហ្នឹង គឺគេធ្វើការឃោសនារបស់គេជាប្រចាំដែរ ទោះមិនបាច់គេប្រាប់ថាឃោសនា ក៏គេឃោសនាដែរ»។

បើតាមលោក គួយ ប៊ុនរឿន បានបញ្ជាក់ថា កិច្ចពិភាក្សានៅក្នុងថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥នេះ មានចំនួន ១៤ មាត្រា ក្នុងចំណោម ២៤មាត្រា នៃជំពូកទី៧ ដែល១៤មាត្រានោះ នៅមានចំណុច ៣ដែលមិនស្រប់គ្នា គឺទី១.  ការកំណត់ពេលវេលា នៃការឃោសនាបោះឆ្នោត, ទី២. ការធ្វើយុទ្ធការឃោសនាបោះឆ្នោត និងទី៣. ការចូលរួម ឃោសនាបោះឆ្នោត របស់មន្ត្រីរាជការ ក្នុងស្ថាប័នផ្សេងៗ៕

កម្ពុជា- អាម៉េរិក ធ្វើសមយុទ្ធ រួមគ្នា ជាង១០ថ្ងៃ


អាជ្ញាធរក្រុង បើកកាដ្ឋានផ្លូវ បេតុងមួយខ្សែ មានប្រវែង ៩៥៨ម៉ែត្រ

0
0

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ អាជ្ញាធរក្រុង មានសមត្ថកិច្ច បាន ចុះបើកការដ្ឋាន ផ្លូវបេតុងមួយខ្សែ ស្ថិតនៅភូមិបាលិលេយ្យ១ និងក្បាលស្ពាន២ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយ លោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត លោកចៅសង្កាត់ នុត លី លោកសុខ ខឿន ប្រធានក្រុមប្រឹក្សាក្រុង ជាពិសេសនោះ គឺពលរដ្ឋជាច្រើននាក់អបអរសាទរ ។

លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងបានថ្លែងបានថ្លែងថា ផ្លូវមួយខ្សែរនេះកាលពីមុខ វាមានការពិបាកយ៉ាងខ្លាំង ក្នុង ការធ្វើចរាចរណ៍ ធ្វើដំណើរ ជាពិសេសផ្លូវនេះ ឈានមកដល់រដូវវស្សាគឺ មានការលិចលង់ទឹក បែកភក់ ។
លោកបានបន្តថា ដោយមានការយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាល លើបញ្ហាផ្លូវគមនាគមន៍ ដើម្បីងាយ ស្រួលក្នុងធ្វើចរាចរណ៍ទៅវិញទៅមក ផ្លូវបេតុងខាងលើនេះមានប្រវែង៩៥៨ម៉ែត្រ ចំណាយថវិកាសរុបចំនួន២៣ មឺុនដុល្លារ ក្នុងនោះលោកអភិបាលក្រុង បានអំពាវនាដល់សប្បុរសជន និងអាជ្ញាធរក្រុង បានថវិកាចំនួន ៣៣០០០ដុល្លារ ចំណែកឯថវិកានៅសល់នោះគឺ ពលរដ្ឋដែលលំនៅដ្ឋាន និងមានដីធ្លីនៅជិតផ្លូវបេតុង ខាងលើ នេះចូលរួមចំណាយទាំងអស់គឺ ១០០ភាគរយ។

ក្នុងនោះដែរប្រជាពលរដ្ឋបានចូលរួមអប់អរសាទរ លើកាបើកការដ្ឋានផ្លូវបេតុខាងលើនេះ ពួកគាត់ ទាំងអស់គ្នា បាននិយាយ កោសសរសើរដល់អាជ្ញាធរ ជាពិសេសនោះគឺ មានសម្តេចអគ្គមហាសេនាតេជោ សែន ជានាយក រដ្ឋមន្រ្តី នៃព្រះរាជណាចក្រកម្ពុជា បានខិតខំដឹកនាំប្រទេសជាតិ យើងកាន់តែរីកចំរើន ជាពិសេសនោះបញ្ហាផ្លូវគមនាគម តែម្តង៕

តុលាការ សម្រេច ចោទប្រកាន់ បុរសនីហ្សេរីយ៉ា ៨នាក់ និង ស្រ្តីខ្មែរ២នាក់ ពីបទ ជួញដូរ គ្រឿងញៀន ជិត ១គីឡូក្រាម

0
0

ភ្នំពេញ ៖ តំណាងអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ នៅថ្ងៃច័ន្ទ ទី១២ ខែមករា ឆ្នាំ២០១៥ បានសម្រេច ចោទប្រកាន់ជនសង្ស័យ ចំនួន១០នាក់ ក្នុងនោះរួមមាន បុរសជនជាតិ នីហ្សេរីយ៉ា ចំនួន៨នាក់ និង ស្រី្តខ្មែរ ចំនួន២នាក់ ពីបទជួញដូរ ដោយខុសច្បាប់ នូវសារធាតុញៀន ទម្ងន់ជិត ១គីឡូក្រាម ប្រព្រឹត្ត នៅក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ។

មន្ត្រី នគរបាល នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ បានឲ្យដឹងថា ជនសង្ស័យទាំង១០នាក់ ខាងលើនេះ មាន ឈ្មោះ ទី១-ឈ្មោះ Okorom Kizito ភេទប្រុស ទី២-ឈ្មោះ Francis Nnadi ភេទប្រុស  , ទី៣-ឈ្មោះ Nna Buifefa Vour Okorom ភេទប្រុស , ទី៤-ឈ្មោះ Sunday Nwaduisi ភេទប្រុស , ទី៥-ឈ្មោះ Nna Mezie Victorភេទប្រុស , ទី៦-ឈ្មោះ Izuchukkwu, ទី៧-ឈ្មោះ Tony Mmaduka ភេទប្រុស  និង ទី៨-ឈ្មោះ Simon Maduka Uka Ndu ភេទប្រុស ។ អ្នកទាំង៨នាក់នេះ ជាជនជាតិស្បែកខ្មៅ នីហ្សេរីយ៉ា និង ទី៩-ឈ្មោះ ម៉ន វិនយ៉ុងភេទស្រី  និង ឈ្មោះ អេង ចន្ធីនាថ ភេទស្រី អ្នកទាំង២នាក់នេះ គឺជាជនជាតិខ្មែរ។ 

ពួកគេត្រូវបានឃាត់ខ្លួន ជាបន្តបន្ទាប់ ដោយសមត្ថកិច្ចនគរបាលមន្ទីរ ប្រឆាំងគ្រឿងញៀន សហការជាមួយ សមត្ថកិច្ច ពាក់ព័ន្ធចុះបង្ក្រាប នូវទីតាំងសង្ស័យជួញដូរគ្រឿងចំនួន ៣គោលដៅ ស្ថិតនៅផ្ទះលេខ១៨ ផ្លូវ២៤បេតុង ក្រុមទី៦ ភូមិ សន្សំកុសល២ និង នៅភូមិចំរើនផល១ សង្កាត់បឹងទំពុន ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពី ថ្ងៃ ទី៨ និង ទី៩ ខែមករា ឆ្នាំ ២០១៥ កន្លងទៅនេះ។   ក្រោឃាត់ខ្លួនពួកគេ   សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួង មហាផ្ទៃ ដកហូតបានថ្នាំញៀនប្រភេទមេតំហ្វីតាមីន ចំនួន៦កញ្ចប់ មានទម្ងន់ជិត១គីឡូក្រាម ព្រមទាំងវត្ថុតាង ពាក់ព័ន្ធចំនួនផ្សេងទៀត ពីពួកគេ៕

តុលាការ ជំនុំជម្រះ មេខ្យល់ លក់ដូរ មនុស្ស៥នាក់ ពាក់ព័ន្ធ នឹងករណី លក់ដូរស្រ្តី ខ្មែរ៧នាក់ ទៅរៀបការ ប្តីចិន

0
0

ភ្នំពេញៈ សាលាដំបូងរាជធានី ភ្នំពេញកាលពីព្រឹក ថ្ងៃទី១២ ខែកមរា ២០១៥  បានបើកសវនាការ ជំនុំជម្រះ និង កាត់ទោស ជនជាប់ចោទដែល សង្ស័យជាមេខ្លោងជួញដូរមនុស្ស ចំនួន៥នាក់ ជាប់ពាក់ព័ន្ធនឹងករណី លក់ដូរ ស្រ្តីខ្មែរ ចំនួន៧នាក់ ទៅរៀបការ ជាបុរសចិន នៅកុ្នងប្រទេសចិន ប្រព្រឹត្តកាលពីដើមឆ្នាំ ២០១៤។

លោកស្វាយ តុញ ប្រធានចៅក្រម ប្រឹក្សាជំនុំជម្រះ នៃ សាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ជនជាប់ចោទ ទាំង៥នាក់ខាងលើនេះ មានឈ្មោះ ទី១-ឈ្មោះ Wang Houguo ភេទប្រុស អាយុ៤៩ឆ្នាំ ទី២-ឈ្មោះ Li Xigging ភេទប្រុស អាយុ៣២ឆ្នាំ អ្នកទាំង២នាក់នេះ ជាជនជាតិចិន ទី៣-ឈ្មោះ ឈុន លីដា ភេទស្រី អាយុ ២២ឆ្នាំ ទី៤-ឈ្មោះ សុខ ឃីម ភេទស្រីអាយុ ៥៩ឆ្នាំ និង ទី៥-ឈ្មោះ ដូយ សំអូន ភេទស្រី អាយុ ៥៧ឆ្នាំ។  

ជនជាប់ចោទទាំង៥នាក់នេះ ត្រូវបានចោទប្រកាន់ពីបទ «ប៉ុងប៉ងលក់-ដូរមនុស្ស ដោយមានគោលដៅឆ្លងដែន» និង «ផ្តល់ ឯកសារដោយទុច្ចរិត» និង ត្រូវបានចាប់ខ្លួន ដោយកម្លាំង នគរបាល ការិយាល័យ ប្រឆាំងការជួញដូរមនុស្ស និងការពារ អនីតិជនរាជធានីភ្នំពេញ កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៤។ 

តុលាការនឹង បន្តសវនាការ នៃសំណុំរឿងក្តីនេះ នៅថ្ងៃ ទី ២៨ ខែ មករា ២០១៥ ខាងមុខទៀត៕

ដំណោះស្រាយ រវាងប្រជាពលរដ្ឋ ៥គ្រួសារ ចោទប្រកាន់ អនុវិទ្យាល័យ អូរជ្រៅ រំលោភ យកដីទៅ សាងសង់ សាលារៀន

0
0

បន្ទាយមានជ័យ ៖ នៅរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ នៅក្នុងសាល ប្រជុំសាលាក្រុងប៉ោយប៉ែត រកដំណោះ ស្រាយ រវាងប្រជាពលរដ្ឋ ៥គ្រួសារ ចោទប្រកាន់ អនុវិទ្យាល័យអូរជ្រៅ រំលោភយកដីពួកគាត់ មានទំហំ១៩២០០ម៉ែត្រ ការ៉េ ស្នើរនិង៨ឡូតិ៍ ១២គុណ ២០ម៉ែត្រ តាំងពី២០០៥ ស្ថិតត្រង់ភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ កិច្ចដោះស្រាយនេះ ក្រោយអធិបតីភាព លោកង៉ោ ម៉េងជ្រួន អភិបាលក្រុង លោកចែម សំបូរ ប្រធានការិយាល័យ អប់រំយុវជន និងកីឡាក្រុងប៉ោយប៉ែត  និងមន្ត្រីជំនាញជាច្រើននាក់ រួមទាំងភាគី ទាំងសងខាងផងដែរ។

ប្រជាពលរដ្ឋបានប្រាប់អោយដឹងថា ពួកគាត់បានកាន់កាប់ដីធ្លីខាងលើនេះតាំងពីឆ្នាំ១៩៩៣ ព្រមទាំងមាន ប្លន់ដីកាន់កាប់ដីស្របច្បាប់ ច្បាស់លាស់ត្រឹមត្រូវ និងក៏មានការទទួលស្គាល់ពីមន្ត្រីជំនាញ។

លោកង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានថ្លែងថា អាជ្ញាធរក្រុង បានប្រមូលព័ត៍មាន បន្ថែមពីបញ្ហាខាងលើនេះ ដើម្បីយកទៅ រាយការណ៍ប្រាប់ថ្នាក់លើបន្ថែម និងការចុះហត្ថលេខា ពាក់ព័ន្ធលើប័ណ្ណរបស់ប្រជាពលរដ្ឋ និងបូក សរុបរបាយការណ៍ ដើម្បីដោះស្រាយបញ្ហា ។ បញ្ហាខាងលើនេះបានដោះស្រាយគ្នា ជាច្រើនលើកមកហើយ ក៏មិន ទាន់ចប់នៅឡើយនិងជំរុញបញ្ជូនទៅថ្នាក់លើខេត្ត ។ ការសម្របសម្រួលនេះ គឺដោះស្រាយតាមការដំណោះស្រាយ ឈ្នះឈ្នះ ។

លោកបានបន្ថែមថា អនុវិទ្យាល័យអូរជ្រៅបានចុះបញ្ជី ជារបស់រដ្ឋ ដែរទទួលស្គាល់នៅក្នុងឆ្នាំ២០០៤ ចុះបញ្ជី របស់សម្បត្តិរដ្ឋ ចំណែកប្រជាពលរដ្ឋ៥គ្រួសារ មានលិខិតទិញដល់លក់ សម័យមុន និងមានឯកសារ សំអាងថា ជាប័ណ្ណចំណូល របស់មន្ត្រីជំនាញ ។

លោកអភិបាលក្រុងបានបញ្ជាក់ថា ទីតាំងនៃអនុវិទ្យាល័យអូរជ្រៅ មានទំហំដី២៨០០០ម៉ែត្រការ៉េ ស្នើនិង១០០គុណ ២៨០ម៉ែត្រ ចុះបញ្ជីឆ្នាំ២០០៤ ចូលទៅបញ្ជីសម្បត្តិរដ្ឋ និងមានឯកសារគ្រប់គ្រាន់ច្បាល់លាស់ រហូតមកដល់បច្ចុប្បន្ន គឺពុំមានការប្រែប្រួស និងខុសអ្វីនោះទេ គឺប្រក្រតីត្រឹមត្រូវ។ ចំណែកការសម្រេចប្រគល់ ទៅអោយភាគីណាមួយទេ ខាងអាជ្ញាធរក្រុង មិនអាចដោះស្រាយសម្រេចបានទេ គឹគ្រាន់តែប្រមូលយករបាយការណ៍ទាំងអស់ ប្រគល់ ជូនគណៈកម្មាធិការ ថ្នាក់ខេត្ត ។

លោកបានបញ្ជាក់ថា កិច្ចដោះស្រាយនេះជាលើកចុងក្រោយ ហើយប្រមូលវត្ថុតាងទាំង អស់ដែរអាជ្ញាធរប្រមូល បានជូនថ្នាក់ខេត្ត ត្រួតពិនិត្យជាក់ស្តែង និងសម្រេចតាមក្រោយ។ ក្នុងនោះខាងគណៈកម្មាការជំនាញបានចុះ ទៅត្រួតពិនិត្យ នៅគោលដៅទីតាំង ខាងលើនេះ បាននិយាយថា ការដោះស្រាយខាងលើនេះជាច្រើនលើកមក ហើយក៏ពុំទាន់ចប់នៅឡើយ ព្រមទាំងមានការយកចិត្តទុកដាក់ យ៉ាងខ្លាំង ដើម្បីអោយភាគីទាំង២ ពិភាក្សារកខុសត្រូវ។ មន្រ្តីជំនាញបានបន្តថា យើងជាសមាជិកក្រុមការងារ បានចុះទៅស្រាវជ្រាវ រកបានឯកសារ មាន២ ទី១ ផ្នែកប្រជាពលរដ្ឋ៥គ្រួសារ ឃើញមាននៅប័ណ្ណសំគាល់ដី មានចំនួន៧ប័ណ្ណ មានដីចំនួន៨ឡូត្តិ៍ ស្នើរនិង១៩២០ម៉ែត្រ ការ៉េ ទី២ ខាងមន្ទីរ ស្រាវជ្រាវរកឃើញមានទំហំដី របស់អនុវិទ្យាល័យ មាន១០០គុណ២៨០ម៉ែត្រ ស្មើរនិង ២៨០០០ម៉ែត្រការ៉េ ដែលខាងទទួលស្គាល់ ពីឆ្នាំ២០០៤ រហូតដល់ឆ្នាំ២០១៣ និងបានចុះបញ្ជីត្រឹមត្រូវ បញ្ជីសម្បត្តិរដ្ឋ និងមានឯកសារ គ្រប់គ្រាន់ច្បាល់លាស់ ហើយទីតាំងនេះពុំមានអ្វីប្រែប្រួលឡើយ។ ដូច្នេះហើយមន្ត្រីជំនាញប្រមូលរបាយការណ៍ទាំងអស់គឺ ប្រគល់អោយថ្នាក់លើសម្រេច៕

រដ្ឋមន្ត្រី ការបរទេស អាម៉េរិក ជួបគ្រោះថ្នាក់ ចរាចរណ៍ នៅឥណ្ឌា តែមិនមាន របួសទេ

0
0

ញូដេលី៖ លោករដ្ឋមន្ត្រី ការបរទេសអាម៉េរិក ចន ឃើរី មិនបានទទួលរងរបួសអ្វីនោះឡើយ នៅក្នុង គ្រោះថ្នាក់ចរាចរណ៍ កាលពីរសៀលថ្ងៃចន្ទ ទី១២ ខែមករា ដែលបានកើតឡើងនៅ តាមដងផ្លូវមួយកន្លែងស្ថិតនៅរដ្ឋ ហ្គូហ្សារ៉ាត ភាគខាងលិចប្រទេសឥណ្ឌា ជាពេលដែល លោកធ្វើដំណើរគ្រោងឡើងយន្តហោះ ទៅបន្តទស្សនកិច្ច នៅប្រទេសប៉ាគីស្ថាននោះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា គ្រោះថ្នាក់ចរាចរណ៍ បានបង្កឡើង ដោយម៉ូតូ ដង្ហែក្បួន រថយន្តរបស់លោក ឃើរី ទៅអាកាសយានដ្ឋាន ដួលពេលកំពុង ប្រតិបត្តិការ ប៉ុន្តែលោក ឃើរី មិនបានចេញ ពីរថយន្តរបស់លោកនោះឡើយ ព្រោះវាគ្រាន់តែ ជារឿងតូចតាចប៉ុណ្ណោះ បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅរដ្ឋនោះ។

បើតាមសម្តីពីមន្ត្រីប៉ូលិស បានឲ្យដឹងថា រថយន្តរបស់លោក ឃើរី ជិះ ត្រូវរថយន្តផ្សេងទៀត ដែលអមដំណើរជាមួយ បុកពីក្រោយ បណ្តាលឲ្យខូចខាតតិចតួច បន្តែលោក ឃើរី នៅតែ ស្ថិតក្នុងរថយន្តនោះដដែល ដោយមិនបាន ចុះមកពិនិត្យអ្វីនោះឡើយ រួចលោកក៏បន្តដំណើរ លើរថយន្តដដែល ដើម្បីឡើងយន្តហោះបន្តទៅកាន់ ប្រទេសប៉ាគីស្ថាន ដោយសុវត្ថិភាព៕

មីយ៉ាន់ម៉ា នឹងបើកដំណើរការ ទីផ្សារមូលប័ត្រ នៅខែតុលា

0
0

រ៉ង់ហ្គូន៖ ប្រទេសមីយ៉ាន់ម៉ា បាន នឹងកំពុង រៀបចំដំណើរការ ទៅរកការបង្កើតទីផ្សារមូលប័ត្រ ដំបូង បំផុតមិនធ្លាប់មាន ចំពោះប្រទេសសេដ្ឋកិច្ច អាស៊ីអាគ្នេយ៍មួយនេះ ដែលវាគ្រោងនឹងមាន មូលដ្ឋាននៅទីក្រុងរ៉ង់ហ្គូន នៅខែតុលា ឆ្នាំ ២០១៥ ខាងមុខនេះ ដើម្បីបង្កើននូវការអភិវឌ្ឍ ផ្នែកហិរញ្ញវត្ថុ និង លំហូរនៃវិនិយោគិនបរទេស។

ទីភ្នាក់ងារព័ត៌មានព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃចន្ទ ទី១២ ខែមករា នេះទៀតថា ក្រោមកិច្ចព្រៀម ដែលបាន ចុះហត្ថលេខានៅរដ្ឋធានីណៃពិដោ ទីផ្សារមូលប័ត្រទីក្រុង រ៉ងហ្គូន នឹងបង្កើតឡើងក្នុងភាពជាដៃគូជាមួយនឹងធនាគារ សេដ្ឋកិច្ចមីយ៉ាន់ម៉ា (MEB) ៥១ភាគរយ, វិទ្យាស្ថានស្រាវជ្រាវជប៉ុន ដៃវ៉ា ៣០,២៥ភាគរយ, និង ក្រុមហ៊ុនមូលប័ត្រ ជប៉ុន ១៨,៧៥ ភាគរយ។

ដោយឡែកក្រុមហ៊ុនឯកជនតូចៗ មួយចំនួន និង ប្រតិបត្តិករសេដ្ឋកិច្ចសំខាន់ៗក្នុងប្រទេស នេះក៏បានចុះបញ្ជី ចូលរួម ផងដែរ ទៅក្នុងទីផ្សារមូលប័ត្រ ជាមួយនឹងការអំពាវនាវ ឲ្យមាន ការត្រួតពិនិត្យគុណភាព និង ប្រសិទ្ធភាព ឲ្យល្អ ប្រសើរ។ សម្រាប់ថ្ងៃកំណត់ទី២៧ ខែកុម្ភៈ ខាងមុខនេះ មីយ៉ាន់ម៉ា បានប្រកាសទទួលការដាក់ពាក្យឲ្យទាក់ទង រកអ្នកផ្តល់សេវាកម្ម ទាំងឡាយ មកពិភាក្សាគ្នាស្តីពីការបង្កើត គណកម្មការ សន្តិសុខមូលប័ត្ររួមគ្នា៕

អាកាសចរណ៍ អន្តរជាតិចំនួន ៦ នឹងបើកដំណើរការ ព្រមគ្នានៅ នេប៉ាល់

0
0

កាត្មាន់ឌូ៖ អាកាសចរណ៍ អន្តរជាតិចំនួន ៦ កាលពីពេលថ្មីៗនេះ បានប្រកាសពី ផែនការ របស់ពួកគេ ក្នុងការ ចាប់ផ្តើមធ្វើប្រតិបត្តិការ ក្នុងប្រទេសនេប៉ាល់។ នេះបើតាមការលើកឡើង ពីអ្នកនាំពាក្យក្រសួងវប្បធម៌ និង អាកាសចរណ៍ ស៊ីវិល លោក ម៉ូហាន គ្រីស្នា សាពកូតា នៅថ្ងៃចន្ទ ទី១២ ខែមករា ឆ្នាំ ២០១៥។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា អាកាចរណ៍អន្តរជាតិថ្មីទាំង ៦ ដែល គ្រោងដាក់ ដំណើរការនោះរួមមាន អាកាសចរណ៍បី ដែលត្រូវបានអាជ្ញាធរអាកាសចរណ៍ ស៊ីវិល ទទួលស្គាល់ប្រតិបត្តិការរួចរាល់ គឺ Regent Airways (បង់ក្លាដែស), Malindo Air (ម៉ាឡេស៊ី), និង Mihin Lanka (ស្រីលង្កា)។

ដោយឡែក អាកាសចរណ៍ Himalayan Airlines របស់នេប៉ាល់, Go Air របស់ឥណ្ឌា និង Sichuan Air របស់ចិន ក៏បានត្រៀមខ្លួនរួចរាល់ហើយដែរ ដើម្បីចេញប្រតិបត្តិការរបស់ខ្លួន។ ពួកគេនឹងធ្វើការហោះហើរ ជារៀងរាល់ថ្ងៃ ទៅកាន់ប្រទេសនេប៉ាល់ ដើម្បីគោលបំណងរៀង ខ្លួន ដូចជាទេសចរណ៍ និង វិនិយោគផងដែរ។

បន្ថែមពីនេះ វាក៏នឹងជួយអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិ របស់ប្រទេសអាស៊ីខាងត្បូង មួយនេះ ឲ្យកាន់តែប្រសើរជាងមុនផងដែរ ព្រោះកន្លងមកមានការរិះគន់ថា ស្ថានភាពទូទៅ មិនល្អប្រសើរសម្រាប់ស្វាគមន៍ ភ្ញៀវបរទេសនោះឡើយ៕


លោក សម រង្ស៊ី និង លោក កឹម សុខា នឹងចុះជួប ប្រជាពលរដ្ឋ ចំនួន៥ខេត្ត

0
0

ភ្នំពេញ៖ លោកសម រង្ស៊ី និង លោក កឹម សុខា ដែលជាថ្នាក់ដឹកនាំ របស់គណបក្ស សង្រ្គោះជាតិ នឹងធ្វើបេសកកម្ម រួមគ្នា ដើម្បីចុះជួប ប្រជាពលរដ្ឋ នៅតាមបណ្តា ខេត្តចំនួន៥ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី១៤-១៧ ខែមករា ឆ្នាំ២០១៥។

ខេត្តដែលថ្នាក់ដឹកនាំរបស់គណបក្សសង្គ្រោះជាតិ គ្រោងនឹងចុះទៅជួបរួមមាន ខេត្ត កំពង់ស្ពឺ ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តស្វាយរៀង និងខេត្តកណ្តាល។ នេះបើតាមលិខិតរបស់គណបក្សសង្រ្គោះជាតិ ដែលចេញ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៤នេះ៕

Samsung ទាមទារឲ្យ វៀតណាម ដកថ្លៃពន្ធ នាំចូល ១៥,៥លាន ដុល្លារ

0
0

ហូជីមិញ៖ ក្រុមហ៊ុន Samsung អេទ្បិចត្រូនិក បានស្នើឲ្យប្រទេសវៀតណាម បន្ធូបន្ថយពន្ធនាំចូល ១៥,៥ លានដុល្លារ អាម៉េរិក សម្រាប់រោងចក្រ ក្រុមហ៊ុនរបស់ខ្លួន ក្នុងទីក្រុងហូជីមិញ ដោយសារតែ សម្ភារៈក្នុងស្រុក របស់វៀតណាម មិនមានស្ដង់ដារ ល្អគ្រប់គ្រាន់ តាមតម្រូវការ ក្នុងការផលិតផលិតផល របស់ខ្លួនទ្បើយ។

តាមសារព័ត៌មាន Thanhnien ចេញផ្សាយនៅថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ ២០១៥ ឲ្យដឹងថា ក្រុមហ៊ុន Samsung អេទ្បិចត្រូនិក បានស្នើសុំប្រហែល ៨លានដុល្លារអាម៉េរិក ក្នុងការលើក លែងពន្ធនាំចូល សម្ភារៈសំណង់ សម្រាប់ រោងចក្រ របស់ខ្លួននេះ និង៧,៥លានដុល្លារ ក្នុងការលើកលែងពន្ធសម្ភារៈផលិតផល រួមទាំងប្រើ រយៈពេលប្រាំឆ្នាំ ខាងមុខបន្ថែមទៀត ដើម្បីឈានទៅដល់ការអនុវត្តគោលនយោបាយអនុគ្រោះពន្ធរបស់ខ្លួន។

ក្រុមហ៊ុន Samsung បាននិយាយថា ក្រុមហ៊ុនបានធ្វើការស្នើសុំការលើកលែងពន្ធចាប់ពី ផលិតផលរបស់ខ្លួន ប្រើប្រាស់បច្ចេកវិទ្យា ចុងក្រោយបំផុត ហើយរំពឹងថា នឹងបង្កើតប្រាក់ វិនិយោគចំនួន៦ពាន់លានដុល្លារក្នុងមួយឆ្នាំ ក្នុងរោងចក្រ នៅពេលអនាគតដែលនឹងប្រែជា ប្រាក់ចំណូលដ៏ធំសម្រាប់ប្រទេសវៀតណាម ផ្ទាល់តែម្ដង។

ព្រមជាមួយគ្នានោះ ក្រុមហ៊ុនដ៏ធំរបស់កូរ៉េ បានចេញសេចក្ដីថ្លែងការណ៍មួយដោយ បាន និយាយថា រោងចក្រនេះ ត្រូវតែបំពេញតាមស្ដង់ដារអន្ដរជាតិ ដោយក្រុមហ៊ុន មិនមានពេល វេលាគ្រប់គ្រាន់ក្នុងការបង្កើត សង្វាក់ផ្គត់ផ្គង់ ដែលមានគុណភាព ដោយផ្ទាល់ នៅក្នុងប្រទេស វៀតណាមនោះទេ។

ក្រុមហ៊ុន Samsung ក៏បានស្នើសុំមិនឲ្យបង់ពន្ធលើការនាំចូលដោយសារតែ វាលំបាកសម្រាប់ អាជីវកម្មព្រោះក្នុងអំទ្បុង ពេលប៉ុន្មានឆ្នាំ ដំបូងការចំណាយផ្សេងៗ ជុំវិញការបង្កើតក្រុមហ៊ុន Samsung នៅទីនេះ ចំនួន ៧០០លានដុលា្លរអាម៉េរិកឯណោះ។

ទន្ទឹមនឹងនោះផងដែរ មន្រ្ដីរដ្ឋបាលហូជីមិញ បានអនុម័តឲ្យសាងសង់ រោងចក្រអេទ្បិចត្រូនិកកាលពីខែកញ្ញា ឆ្នាំ២០១៤ ដោយរោងចក្រនេះបានចំណាយអស់១,៤ពាន់លានដុល្លារ លើផ្ទៃដី ៧០ហិកតា នៅក្បែរ ឧទ្យាន ហាយតិចសាយហ្គន ក្នុង សង្គាត់ ៩ និងផ្ដល់ការងារដល់បុគ្គលិកចន្លោះពី ៤.០០០-៥.០០០នាក់។

ក្រុមហ៊ុនន Samsung បាននិយាយថា ខ្លួនមានគម្រោងសហប្រតិបត្ដិការ រោងចក្រ ក្នុងរយៈពេល៥០ឆ្នាំ ដែលចាប់ផ្ដើម ក្នុងត្រីមាសទីមួយឆ្នាំ២០១៦ ហើយ តំណាងក្រុមហ៊ុន បានសន្យាថា នឹងប្រើសមាសភាគក្នុងស្រុកផលិត ពី៣០-៤០ ភាគរយនៅក្នុង ការផលិត ផលិតផលសម្រេចរបស់ខ្លួន បន្ទាប់ពី៣ឆ្នាំនៃការផលិតឲ្យ រោងចក្រនេះមានសេ្ថរភាព៕

ជនរងគ្រោះ MH17 ២៩៥នាក់ ត្រូវកំណត់ អត្តសញ្ញាណ រួចរាល់

0
0

ឡាអេ៖ សពជនរងគ្រោះ ម្នាក់ទៀត ដោយសារតែការ ធ្លាក់ជើងហោះ ម៉ាឡេស៊ី MH17 នៅភាគខាងកើត អ៊ុយក្រែន កាលពី ខែកក្កដា ឆ្នាំ២០១៤ នោះ ត្រូវបានក្រុមជំនាញហូឡង់ កំណត់អត្តសញ្ញាណ រួចរាល់ហើយ ដែលជាហេតុនាំឲ្យ ជនរងគ្រោះសរុប ដែលត្រូវបាន កំណត់រួចរាល់មានចំនួន ២៩៥នាក់ លើជនរងគ្រោះទាំងអស់ ២៩៨នាក់។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៣ ខែមករា ឆ្នាំ២០១៥ នេះថា ក្នុងចំណោមជនរងគ្រោះទាំង ២៩៨នាក់ ដែលបានស្លាប់នោះ គឺ មាន១៩៦នាក់ ជាជនជាតិហូឡង់។ បើតាមព័ត៌មានចុងក្រោយ ឲ្យដឹងថា សពមនុស្ស៣នាក់បន្ថែមទៀត ត្រូវបានកំណត់ អត្តសញ្ញាណរួចរាល់ ដោយសុទ្ធសឹងតែ ជាជនជាតិហូឡង់ទាំងអស់។

ចំពោះការត្រួតពិនិត្យសាកសពកន្លងមកនេះ គឺទទួលខុសត្រូវដោយក្រុមស៊ើបអង្កេត ពិសេស LTFO ដោយ យកការពិនិត្យទ្រង់ទ្រាយធ្មេញ និង ស្កេនក្រយៅដៃជាគោល។ ដោយឡែក ជនរងគ្រោះ ៣នាក់ផ្សេងទៀត កំពុង បាត់ខ្លួននៅឡើយ នៅទីតាំងដែលយន្តហោះធ្លាក់ នៅ ភាគខាងកើតអ៊ុយក្រែន ដោយពុំទាន់ត្រូវបានរកឃើញ នៅឡើយទេ។ សម្រាប់មូលហេតុនៃ ការធ្លាក់យន្តហោះ MH17 នោះក៏មិនទាន់មានក្រុមជំនាញណាអះអាងដែរ៕

អ៊ុយក្រែន៖ គ្រាប់រ៉ុក្កែត វាយប្រហារ ឡានក្រុង សម្លាប់មនុស្ស ១០នាក់

0
0

គៀវ៖ យ៉ាងហោចមនុស្ស ១០នាក់ បានស្លាប់ និង ១៣នាក់ផ្សេងទៀត រងរបួស បន្ទាប់រថយន្ត ដឹកពួកគេទាំងនេះ ត្រូវបាន គ្រាប់រ៉ុក្កែតមួយគ្រាប់ មិនស្គាល់ប្រភព វាយប្រហារទាំង កណ្តាលថ្ងៃស្ថិតនៅ ភាគខាងត្បូងទីក្រុង ដូណេត របស់ប្រទេស អ៊ុយក្រែន។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអង្គារ ទី១៣ ខែមករា នេះទៀតថា ការ វាយប្រហារនោះ បានកើតឡើង នៅទីក្រុងភាគខាងកើតអ៊ុយក្រែន ដែលកំពុងតែកើតជម្លោះ ហែកហួររវាងរដ្ឋាភិបាល និង ក្រុមឧទ្ទាមបំបែករដ្ឋជាប់ ព្រំដែនរុស្ស៊ីជិតមួយឆ្នាំមកហើយ៕

GM បង្ហាញនូវ បច្ចេកវិទ្យាថ្មី Chevrolet Volt ២០១៦ ខណៈចូលរួម តាំងពិព័រណ៍ រថយន្តអន្តរជាតិ នៅអាម៉េរិក ខាងជើង

0
0

ឌឺត្រ័យ៖ ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ ចុះផ្សាយ នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៥ថា ក្រុមហ៊ុន ផលិតរថយន្ត លំដាប់យក្ស របស់អាម៉េរិក General Motors (GM) បានបង្ហាញនូវ បច្ចេកវិទ្យាថ្មី របស់ខ្លួន នៅក្នុងពិធីតាំង ពិព័រណ៍ រថយន្តអន្តរជាតិ ដែលបានរៀបចំឡើង នៅអាម៉េរិកខាងជើង កាលពីថ្ងៃចន្ទម្សិលមិញនេះ ។

ការបង្ហាញនេះត្រូវបានគេដឹងថា ជាការកែប្រែនូវមុខមាត់ថ្មី ក្រោយពីក្រុមហ៊ុន នេះរងនូវការ រិះគន់ជាច្រើន ជុំវិញការ ប្រមូលយានយន្ត រាប់សិបគ្រឿងមកធ្វើ ការត្រួតពិនិត្យ គុណភាពឡើងវិញ កាលពីឆ្នាំមុន ។

ជុំវិញការប្រមូលយានយន្ត ជាច្រើនគ្រឿងមកពិនិត្យគុណភាព និងជួសជុលឡើង វិញរបស់ក្រុមហ៊ុន GM ករណីនេះលោកស្រី Marry Barra ដែលគេស្គាល់ថាគាត់ ជានាយកប្រតិបត្តិក្រុមហ៊ុន ផលិតរថយន្ត យក្សមួយនេះ ទទួលនូវការចោទ សួរជាច្រើនចំពោះ សុវត្ថិភាពយានយន្តទាំងនោះ ។ ប៉ុន្តែអ្វីដែលជាការ បង្ហាញឡើងនូវបច្ចេកវិទ្យាថ្មី របស់ក្រុមហ៊ុនខាងលើនោះ គឺជាប្រភេទរថយន្ត Chevrolet Volt ឆ្នាំ២០១៦ ដែលរថយន្តនេះប្រកបដោយ សុវត្ថិភាពខ្ពស់ ទាំងការរចនាម៉ូដ និងផ្តល់នូវសញ្ញាជាច្រើន ដល់អ្នកប្រើប្រាស់បានដឹងមុននៅពេល និងអំឡុងប្រើប្រាស់រថយន្តជួប នឹងបញ្ហាចរាចរណ៍នោះ ។

ក្រុមហ៊ុន GM បានបញ្ជាក់ថា សម្រាប់រថយន្តស៊េរីទំនើបនេះ វាជាប្រភេទរថយន្ត ដែលមានបំពាក់ដោយកាមេរ៉ា មានពោងសុវត្ថិភាពចំនួន១០ ដោយត្រូវបានដាក់នៅពីមុខជង្គង់អ្នកដំណើរ ដែលនៅក្នុងរថយន្តយន្ត ជាមួយ នឹងកង់ដ៏ល្អ ។ ក្រុមហ៊ុននេះបាននិយាយថា វាជារថយន្តដ៏ល្អ សម្រាប់ការបញ្ចូលនូវបច្ចេកវិទ្យាទំនើបៗ ។

ក្រុមហ៊ុននេះបានបញ្ជាក់ថា រថយន្តម៉ាក Chevrolet Volt នឹងចេញលក់លើទីផ្សារ នៅចុងឆ្នាំ២០១៥ ហើយមាន រថយន្តមួយប្រភេទ ទៀតឈ្មោះថា Buick Cascada នឹងចេញលក់នៅដើម ឆ្នាំ២០១៦ខាងមុខ ៕

Viewing all 8042 articles
Browse latest View live




Latest Images