Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ប្រជាកសិករ ទទូចអាជ្ញាធរ និងសមត្ថកិច្ច ខេត្តក្រចេះ ជួយអន្តរាគមន៍ ក្រោយមាន ករណីបាត់គោ ក្របី

0
0

-ស្នងការខេត្ត បញ្ជាឲ្យនគរបាលតាម ស្រុកចាត់វិធានការ និងតាមចាប់ជនសង្ស័យ បំបាត់ការ ព្រួយបារម្មណ៍ របស់ប្រជាពលរដ្ឋ

ក្រចេះ ៖ ប្រជាកសិករ ក្នុងខេត្តក្រចេះ បានទទូចឲ្យអាជ្ញាធរ និងសមត្ថកិច្ច នៅខេត្តក្រចេះ ជួយចាត់វិធានការ ទប់ស្កាត់សកម្មភាព ចោរលួចគោក្របី នៅក្នុងភូមិឋានរបស់ពួកគាត់ ដែលបានបាត់ នាពេលកន្លងទៅនេះ ដែលធ្វើឲ្យ ប៉ះពាល់ដល់ការ ដឹកជញ្ជូនកសិផល និង ទំនិញផ្សេងៗ ដែលជាកម្លាំងអូសទាញនោះ ។

ឆ្លើយតបទៅនឹងបទល្មើសទាំងនេះ ស្នងការ នគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ លន់ សុផាត បានប្តេជ្ញា និងចាត់វិធានការទប់ស្កាត់ ទាំងនេះ ហើយនឹងតាមចាប់ ក្រុមចោរទាំងនេះ យកមកផ្តន្ទាទោស តាមផ្លូវច្បាប់ ដើម្បី បំបាត់ការព្រួយបារម្មណ៍ របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន។

លោកឧត្តមសេនីយ៍ស្នងការបាន លើកឡើងថា ប្រជាពលរដ្ឋខ្លះ បានព្រលែងសត្វគោកក្របី នៅតាមវាល រាប់ថ្ងៃ ជាហេតុធ្វើឲ្យ ជនសង្ស័យខ្លះ បានឆ្លៀតឱកាសលួចយកទៅ ករណីខ្លះលួចយកទៅលក់ និងខ្លះទៀតលួចយក ទៅកាប់យកសាច់។ តែយ៉ាងណានោះលោកស្នងការ បានបញ្ជាក់ថា លោកបានបញ្ជាឲ្យ អធិការ នគរបាលតាមស្រុកក្រុង បន្តស្រាវជ្រាវ និងស៊ើបអង្កេតករណី បទល្មើសទាំងនេះ ដោយយកចិត្តទុកដាក់ ដើម្បីតាមចាប់ជនដៃដល់។

លោក កង ធឿន ជាប្រជាពលរដ្ឋ រស់នៅក្នុងភូមិធំ ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ បានថ្លែងប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០១៥នេះថា ក្រោយពេលរដូវ ច្រូតកាត់រួចរាល់ ពោលគឺនៅដើមខែធ្នូ ឆ្នាំ២០១៤ រហូតដល់ខែមករា ឆ្នាំ២០១៥ សកម្មភាព លួចគោ ក្របី បានកើតមានយ៉ាងខ្លាំង។

ជាពិសេសនៅ ភូមិថ្មី និងភូមិសង្គម ក្រុមចោរទាំងនោះ បានលួចគោ ក្របី មានទាំងការកាប់យកសាច់ និងដឹក ឡើងរថយន្តឈ្មួញ។ ប្រជាពលរដ្ឋ រូបនេះ បន្តទៀតថា អំពើចោរកម្មលួចគោ ក្របី បានកើតមានឡើងស្ទើរតែ រាល់ឆ្នាំទៅហើយ មិនដែល បានឃើញអាជ្ញាធរ ឬសមត្ថកិច្ច ចេញប្រតិបត្តិការ និងវិធានការ ជួយទប់ស្កាត់ អំពើទាំងអស់នេះឡើយ។

ក្រុមប្រជាពលរដ្ឋ បានរាយការណ៍ មកមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលដូចៗគ្នា សកម្មភាពចោរកម្ម លួចគោ លួច  ក្របីនេះ បានធ្វើឲ្យជីវភាពរបស់ពួកគាត់ ត្រូវដុនដាបថែមមួយកម្រិតទៀត។ ពួកគាត់បានបញ្ជាក់ថា គ្រាដែលការ  ប្រកបរបរធ្វើស្រែចំការ ទទួលបានផលមិនសូវល្អនោះ ជីវភាពរបស់ពួកគាត់ពឹងផ្អែក មួយផ្នែកធំទៅលើរបរចិញ្ចឹម សត្វគោ ក្របី ដើម្បីលក់ដូរដោះស្រាយតម្រូវការក្នុងជីវភាព តែបើត្រូវក្រុមចោរលួចបាត់ទៅនោះ មិនដឹងជារំពឹង  អ្វីទៀតនោះទេ។

លោក កង ដារា បានរអ៊ូរទាំថា «ខ្ញុំធ្វើស្រែចំការត្រូវទឹកឡើងមករលួយអស់ ពឹងលើការចិញ្ចឹមសត្វពាហនៈ ដើម្បី  ដោះស្រាយជីវភាព និងលក់យកលុយឲ្យកូនរៀនសូត្រ តែពេលនេះ ត្រូវចោរលួចអស់ទៅ។ ខ្ញុំមិនដឹងបានអ្វី សម្រាប់ចំណាយថ្លៃចាយវាយ និងការសិក្សារបស់គាត់ទៀតនោះទេ»។

យោងតាមប្រជាពលរដ្ឋ សកម្មភាពលួចគោរ ក្របីនេះ គឺមានរាប់រយក្បាល ហើយប្រជាពលរដ្ឋ កំពុងមានការលំ  បាកយ៉ាងខ្លាំង ទាំងយប់ទាំងថ្ងៃត្រូវតែប្រុងប្រយ័ត្នជាប់ជានិច្ច បើធ្វេសប្រហេសបន្តិច នឹងបាត់ជាមិនខាន។ លោក អ៊ំ សំ មេឃុំសណ្តាន់ បានថ្លែងទទួលស្គាល់ថា អំពើចោរកម្មពិតជាកំពុងនិងកើតមាននៅ  ក្នុងឃុំ អំឡុងប៉ុន្មានខែ ចុងក្រោយនេះ បន្ទាប់ពីប្រជាពលរដ្ឋ បញ្ចប់ការច្រូតកាត់។

លោកបានបញ្ជាក់ថា មិនត្រឹមតែនៅ  ក្នុងឃុំសណ្តាន់នោះទេ ឃុំជាច្រើនទៀត នៅក្នុងស្រុកសំបូរ ក៏កើតមានផងដែរ។ ឆ្លើយតបនឹងអំពើចោរកម្មនេះ លោក អ៊ំ សំ បានបញ្ជាក់ថា ក្រុមប្រឹក្សាឃុំសណ្តាន់ បានជួបប្រជុំគ្នាជាប្រចាំ និង បានដាក់ចេញ វិធានការជាច្រើន ដូចជាការបែងចែកដាក់ កម្លាំងនគរបាល និងប្រជាការពារ ភូមិយាមនៅពេល យប់ និងរង់ចាំបណ្តឹងពីប្រជាពលរដ្ឋ ដើម្បីចុះប្រតិបត្តិការ បង្រ្កាបក្រុមជនល្មើស ឲ្យបានទាន់ពេលវេលា។

មេឃុំរូបនេះ បានបន្តថា កម្លាំងរបស់លោក ធ្លាប់បានចុះជួយអន្តរាគមន៍បានទាន់ពេលវេលា និងរំដោះគោ ក្របីពី  ប្រជាពលរដ្ឋ បានជាច្រើនករណីផងដែរ បន្ទាប់ពីទទួលបានបណ្តឹងពី ប្រជាពលរដ្ឋភ្លាមៗនោះ។

លោក ក៏បានឲ្យ  ដឹងផងដែរថា មុខសញ្ញាចោរលួចគោ ក្របីទាំងនោះ ត្រូវបានកំណត់ មុខសញ្ញាមួយចំនួនហើយ ដែលពួកគេមាន  បណ្តាញរបស់ពួកគេទាំងពីលើរហូតដល់ក្រោម។ បើតាម លោក អ៊ំ សំ មុខសញ្ញាលួចគោ ក្របីនោះ ជាមនុស្សនៅក្នុងភូមិស្រុក ក៏មាន និង អ្នកមកពីឆ្ងាយ ក៏មានហើយមុខសញ្ញា ក៏ធ្លាប់ជាប់គុកជាច្រើនដងមកហើយ។ ដើម្បីចាត់វិធានការឆ្លើយ តបអំពើចោរកម្មឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា លោកមេឃុំ អ៊ំ សំ បានអំពាវ នាវឲ្យប្រជាពលរដ្ឋចូលរួម សហការផ្តល់ព័ត៌មាននានា ពីមុខសញ្ញាក្រុមចោរ ដើម្បីផ្តល់លទ្ធភាពឲ្យសមត្ថកិច្ច  និង ឈានទៅដល់ការឃាត់ខ្លួន។

លោកមេឃុំ ក៏បានអំពាវនាវ ឲ្យអាជ្ញាធរខេត្តក្រចេះទាំងមូល ជួយដាក់វិធានការហាមឃាត់កុំ ឲ្យមានការដឹកជញ្ជូន គោក្របីនៅពេលយប់ ព្រោះអាជ្ញាធរតាមភូមិ-ឃុំ មិនអាចត្រួតពិនិត្យ។ លោកមេឃុំរូបនេះ ក៏អំពាវនាវផងដែរ ឲ្យ  អាជ្ញាធរ និងសមត្ថកិច្ចតាមបណ្តាស្រុក និងឃុំនានា នៅទូទាំង ខេត្តក្រចេះ ត្រូវសហការគ្នា ដើម្បីឆ្លើយតបឲ្យ ទាន់ពេលវេលា ចំពោះសកម្មភាព របស់ក្រុមចោរ នាំមកនូវសេចក្តីសុខជូនប្រជាពលរដ្ឋ។

យ៉ាងណាក៏ដោយនោះ អំពើចោរកម្ម លួចគោ ក្របី ខាងលើនេះ មិនត្រឹមតែកើតឡើង នៅខេត្តក្រចេះនោះទេ ប៉ុន្តែបានកើតឡើង នៅតាមបណ្តារាជធានី និងខេត្តផ្សេងទៀត ដូចជាកើតឡើងនៅខេត្តកណ្តាល និង រាជធានីភ្នំពេញតែម្តង។ ករណីខ្លះសមត្ថកិច្ចបានតាមចាប់ ជនសង្ស័យ និងករណីខ្លះ កំពុងតាមចាប់៕


ស្លាប់កើនដល់ ៨នាក់, ប៉ូលិសកំពុង តាមរកពួក ISIS វាយប្រហារ សណ្ឋាគារ លីប៊ី

0
0

ទ្រីប៉ូលី៖ កងកម្លាំង សម្ព័ន្ធរបស់ពួក ឧទ្ទាមរដ្ឋឥស្លាម ISIS បានបើកការ វាយប្រហារទៅលើ សណ្ឋាគារ ដ៏ធំបំផុតមួយ ក្នុងរដ្ឋធានីទ្រីប៉ូលី របស់ប្រទេសលីប៊ី នៅថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ ២០១៥ នេះ ដោយក្នុងនោះបាន សម្លាប់សន្តិសុខ សណ្ឋាគារ ៣នាក់ និង ជនបរទេសដែល ស្នាក់នៅក្នុងនោះចំនួន ៥នាក់។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា ការវាយប្រហារដោយគ្រាប់បែក នោះ ធ្វើឡើង ដោយការដាក់បង្កៃនៅហ្នឹងកន្លែងចតយានយន្តក្នុងសណ្ឋាគារ ហើយក៏បំផ្ទុះកាលពី វេលាម៉ោង ១០ ព្រឹក ម៉ោងនៅក្នុងតំបន់ ដែលបានបង្កឲ្យកណ្តាលក្រុងទាំងមូល កក្រើក ដូចរញ្ជួយផែនដី។ បន្ទាប់មកទៀត មានខ្មាន់ កាំភ្លើងពីរនាក់ ដែលគេជឿជាក់ថា ជាបណ្តាញរបស់ពួក ISIS បានបង្កការបាញ់រះទៅក្នុងសណ្ឋាគារនោះតែម្តង។

បន្ទាប់ពីការវាយប្រហារ ប្រជាពលរដ្ឋ និង ជនបរទេសនៅតំបន់ក្បែរខាង ក៏ត្រូវ ជម្លៀស ចេញទៅរកកន្លែង សុវត្ថិភាព ផងដែរ។ រហូតមកដល់ពេលនេះ កងកម្លាំងទីក្រុងទីក្រុង ទ្រីប៉ូលី កំពុងតាមដានរកជនសង្ស័យ ដែលបានលុកលុយ ចូលសណ្ឋាគារខាងលើ ប៉ុន្តែ មិនទាន់បាន ចេញមកវិញនោះទេ ព្រោះគេបានយកសណ្ឋាគារទាំងមូលធ្វើជា ចំណាប់ខ្មាំង៕

អគ្គិសនីកម្ពុជា ចាប់ផ្តើមចុះតបណ្តាញ អគ្គិសនីជូនកម្មករ នៅថ្ងៃព្រហស្បតិ៍នេះ (មានវីដេអូ)

0
0

ភ្នំពេញ៖ ដោយមិនបង្អង់យូរ ក្រោយទទួលបទបញ្ជាពី នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ  ហ៊ុន សែន ត្រឹមតែជាង ១០ថ្ងៃនោះ នៅថ្ងៃព្រហស្បតិ៍នេះ មន្រ្តីអគ្គិសនីកម្ពុជា នឹងចាប់ផ្តើមចុះបំពេញការងារតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រ ជូនកម្មករ កម្មការិនីហើយ។ ជំហ៊ានដំបូងក្នុងយុទ្ធនាការ នៃការផ្គត់ផ្គង់ថាម ពលអគ្គិសនីជូនកម្មករឲ្យប្រើប្រាស់ក្នុងតម្លៃ ត្រឹម ៦១០រៀលក្នុងមួយគីឡូវ៉ាត់នេះ នឹងត្រូវធ្វើឡើងនៅក្នុង ខណ្ឌ ឬស្សីកែវ ខណ្ឌមានជ័យ និងខណ្ឌដង្កោ។

យោងតាមលិខិតជម្រាបជូនទៅអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស នាថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ នេះ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា បានឲ្យដឹងថា ក្រុមនិយោជិត របស់អគ្គិសនីកម្ពុជា នឹងចុះទៅទទួលពាក្យស្នើសុំបន្តចរន្ត និងធ្វើការតភ្ជាប់ចរន្តអគ្គិសនីនៅទីតាំងស្នាក់នៅរបស់ កម្មករ កម្មការិនី នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០១៥នេះតទៅ។

ក្រុមនិយោជិត នឹងចាប់ផ្តើមធ្វើការពីម៉ោង ៤ និង៣០នាទីល្ងាច ដល់ម៉ោង ៨ និង៣០នាទីយប់សម្រាប់ថ្ងៃចន្ទ  ដល់ថ្ងៃសៅរ៍។ សម្រាប់ថ្ងៃអាទិត្យ វិញ នឹងធ្វើចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច។ តាមរយៈផ្ញើជូនអភិបាល រាជធានីនេះ លោក កែវ រតនៈ បានបញ្ជាក់ថា ក្រុមការងារចុះទៅបណ្តាខណ្ឌនីមួយៗ មានចំនួន ១០ក្រុម និង មានសមាជិកសរុប ៨០នាក់។

អគ្គនាយកអគ្គិសនីកម្ពុជា បានស្នើសុំអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ជួយចូលរួមសហការ និង ចាត់កម្លាំងប្រដាប់អាវុធម្នាក់ ទៅអមតាមក្រុមការងារនីមួយៗ ព្រមទាំងសុំការចូលរួមពីមន្រ្តីសាលាខណ្ឌ/សង្កាត់ ចំនួន ៤រូបទៅចូលរួមផងដែរ។

តាមរយៈលិខិតដដែលនេះ បានឲ្យដឹងផងដែរថា ចាប់នៅថ្ងៃទី២៩ សប្តាហ៍ក្រោយនេះ ក្រុមការងាររបស់អគ្គិស នីកម្ពុជា ក៏នឹងចុះទៅជួបម្ចាស់ដី ម្ចាស់ផ្ទះ និងម្ចាស់បន្ទប់ជួលនៅក្នុងខណ្ឌទាំង ៣ខាងលើផងដែរ ដើម្បីធ្វើការ វាយតម្លៃសំណង និងពិនិត្យបណ្តាញខ្សែ ក៏ដូចជាកុងទ័រ ដែលមានស្រាប់នៅតាមផ្ទះ ឬបន្ទប់ជួលរបស់កម្មករ  និយោជិត។

នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធវារីអគ្គិសនីឬស្សីជ្រុំនៅ   ខេត្តកោះកុង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥កន្លងទៅ បានបញ្ជាឲ្យអគ្គិសនីកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធរិះ  រកវិធានការ ដើម្បីផ្តល់ឱកាសឲ្យកម្មករ កម្មការិនី បានប្រើប្រាស់ថាមពលអគ្គិសនីក្នុងតម្លៃដូចប្រជាពលរដ្ឋទូទៅ   ពោលមិនស្ថិតក្រោមតម្លៃវិនិយោគបន្តពីម្ចាសផ្ទះជួល ឬម្ចាស់បន្ទប់ជួល ដែលមានតម្លៃថ្លៃនោះឡើយ។

ក្រោយទទួលបានបទបញ្ជានេះ អគ្គិសនីកម្ពុជា ដែលដឹកនាំដោយលោក កែវ រតនៈ បានបើកកិច្ចប្រជុំជាមួយ  មន្រ្តីពាក់ព័ន្ធ អាជ្ញាធរ មន្រ្តីសហជីព ព្រមទាំងប្រជាពលរដ្ឋជាម្ចាស់ផ្ទះ ឬបន្ទប់ជួលផងដែរ។ លោក កែវ រតនៈ   បានសម្រេចចំណាយថវិកាជាង ២លានដុល្លារ ដើម្បីតបណ្តាញខ្សែភ្លើង និងដំឡើងកុងទ័រដល់ផ្ទះ ឬបន្ទប់ ជួល  របស់កម្មករ-កម្មការិនីតែម្តង៕

- អគ្គិសនីកម្ពុជា បង្ហាញវិធានការ តបណ្តាញអគ្គិសនី ទៅតាមបន្ទប់ជួល របស់កម្មករ

មេ អ.ហ ស្រុកអង្គបូរី ដាក់កុងត្រូលជជុះ នៅច្រករបៀងជំរិត យកលុយពីអ្នក ដឹកទំនិញ

0
0

តាកែវ៖ មេបញ្ជាការកងរាជអាវុធហត្ថ (អ.ហ) ស្រុកអង្គរបូរី លោក សុខ ឡេះ ដែលល្បីល្បាញខាងរកស៊ីបទ ល្មើសនេសាទដុះស្លែរាប់សិបឆ្នាំនៅក្នុងខេត្តតាកែវនោះ ត្រូវបានក្រុមប្រជាពលរដ្ឋខ្មែរ និង វៀតណាម បាននាំគ្នា ធ្វើការរិះគន់យ៉ាងខ្លាំងចំពោះការដាក់ប៉ុស្តិ៍ «កុងត្រូលជជុះ» ជំរិតយកលុយពីប្រជាពលរដ្ឋដឹកទំនិញ តាមតំបន់ព្រំ ដែន។

យោងតាមប្រភពពីប្រជាពលរដ្ឋ បានប្រាប់ឲ្យដឹងថា ប៉ុស្តិ៍ច្រករបៀង «ឆែ១» ដែលលោកមេបញ្ជាការស្រុកអង្គបូរី  សុខ ឡេះ ដាក់នេះ ស្ថិតនៅក្នុងឃុំបូរីជលសា ស្រុកបូរីជលសា ជាប់ព្រំដែនប្រទេសវៀតណាម។ ប៉ុស្តិ៍នេះ មាន មនុស្សពីរទៅបីនាក់ ជាសាច់ញាតិរបស់លោក សុខ ឡេះ ចាំស្ទាក់យកលុយពីទូកដឹកទំនិញ គ្រប់ប្រភេទ ដែល ឆ្លងកាត់។

ប្រភពពីប្រជាពលរដ្ឋបានបន្តថា ក្នុងទូកចំណុះ៥០តោន ត្រូវបង់លុយឲ្យលោក សុខ ឡេះ ពី៤ម៉ឺន ទៅ៥ម៉ឺន រៀល និងទូកចំណុះតូចៗត្រូវបង់១ម៉ឺន ទៅ២ម៉ឺនរៀល អាស្រ័យប្រភេទទំនិញនៅលើទូក។ បើមានម្ចាស់ទូក ណា មិនឲ្យប្រាក់ គឺក្រុមលោក សុខ ឡេះ និងកាក់ទូកនេះ ទុកនៅកន្លែងប៉ុស្តិ៍នោះតែម្ដង។ កុងត្រូលជជុះនៅ លើផ្ទៃទឹកនេះ ត្រូវបានលោក សុខ ឡេះ ដាក់ជំរិតយកលុយពីប្រជាជនរាប់សិបឆ្នាំមកហើយ។

ក្រុមប្រជាពលរដ្ឋបានសំណូមធឲ្យអាជ្ញាខេត្តតាកែវ ជួយដកប៉ុស្តិ៍លោក សុខ ឡេះ នេះចេញផង ជាពិសេសពួក គាត់សំណូមពដល់នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សូមមានចំណាត់ ការទៅលើបុគ្គល សុខ ឡេះ នេះផង ព្រោះកន្លងមកមេកងរាជអាវុធហត្ថស្រុកអង្គបូរី រូបនេះ បានប្រព្រឹត្តបទ ល្មើសនេសាទយ៉ាងល្បីល្បាញលើផ្ទៃទឹកក្នុងខេត្តតាកែវ រាប់សិបឆ្នាំហើយ គ្មានថ្នាក់ដឹកខេត្ត ឬតុលាការមានចំ ណាត់ការឡើយ។ ផ្ទុយទៅវិញបុគ្គលនេះ មានតែឡើងឋានៈរហូត ព្រោះតែគេមានលុយអាចសូកប៉ាន់ថ្នាក់ដឹក  នាំខិលខូចមួយចំនួន ដើម្បីបានឡើងតំណែងរហូតដល់ក្លាយជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកអង្គបូរីដល់ សព្វថ្ងៃនេះ។

ពាក់ព័ន្ធការលើកឡើង ពីប្រជាពលរដ្ឋខាងលើ មជ្ឈមណ្ឌុលព័ត៌មានដើមអម្ពិលមិនអាចទាក់ទងសុំការបំភ្លឺពីមេ បញ្ជាការស្រុកអង្គបូរី លោក សុខ ឡេះ បានទេ ដោយលេខទូរស័ព្វរបស់លោកមិនអាចហៅចូលបាន៕

ឃាត់ខ្លួន អ្នករត់កង់បី ក្រោយស៊ី សាច់ឆ្កែហើយ បង្កជម្លោះ ក្នុងវង់ផឹកស៊ី

0
0

ភ្នំពេញ៖ នគរបាលប៉ុស្តិ៍ទន្លេបាសាក់ បានធ្វើការឃាត់ខ្លួន បុរសអ្នករត់កង់បីម្នាក់ ខណៈផឹកស៊ីស្រវឹង រួចបង្កជម្លោះ រករឿងក្នុងវង់ជាមួយគ្នា ដោយប្រើបំពង់ទីប និងកំាបិត គម្រាមកាប់ និងវាយដុំ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ នៅក្រោយស្ពានអាកាសក្បាលថ្នល់។

មន្រ្តីនគរបាលមូលដ្ឋានបានឲ្យដឹងថា  ជនបង្កជម្លោះមានឈ្មោះ ទុំ រ៉ាម៉ូ ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នករត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល សង្កាត់បឹងត្របែក ខណ្ឌចំការមន ឯជនរងគ្រោះក្នុងករណីនេះមាន ឈ្មោះ ជួប ចាន់ អាយុ៣១ឆ្នាំ ជាអ្នករត់កង់បីដូចគ្នា មានស្រុកកំណើត នៅភូមិត្រពាំងថ្លាន់ ឃុំប្រកភ្នំ ស្រុកអង្គជ័យ ខេត្តកំពត។

សាក្សីនៅកន្លែងកើតហេតុបានរៀបរាប់ ដំណើររឿងជម្លោះថា នៅមុនពេលកើតហេតុ ខណៈជនរងគ្រោះ ជួប ចាន់ កំពុងរត់ម៉ូតូកង់បី បានឆ្កែងាប់មួយក្បាល ដែលរថយន្តបុក រួចយកមកធ្វើ ហើយនាំគ្នាផឹកស៊ី នៅខាងក្រោមស្ពាន អាកាសក្បាលថ្នល់ ជិតមន្ទីរពេទ្យបាយ័ន្ត ខណៈកំពុងផឹកស៊ីនោះ ជនបង្ក ទុំ រ៉ាម៉ូ ក៏បើកកង់បីមកតាមផ្លូវនោះ អ្នកក្នុងវង់ក៏បានស្រែកហៅ បបួលមកផឹកជាមួយគ្នា។

សាក្សីបានបន្តទៀតថា នៅម៉ោងប្រមាណ២រសៀល ខណៈកំពុងផឹកនោះ ឈ្មោះ រ៉ាម៉ូ ក៏មានជម្លោះជា មួយអ្នកផឹកស៊ីម្នាក់ទៀត  រួចក៏ទាញទីបរកវៃ ហើយបុរសម្នាក់នោះក៏បាន រត់ចេញទៅបាត់ ពេលនោះជនរងគ្រោះឈ្មោះ ជួប ចាន់ ក៏បាននិយាយថា ឃើញទេថាកុំឲ្យហៅមកផឹកនាំរឿង ឥឡូវរឿងមែន គ្រាន់តែឮដូចនេះ ជនបង្កក៏ខឹង រួចក៏យកបំពង់ទីប រកវៃ ប៉ុន្តែត្រូវបានជនរងគ្រោះគេចខ្លួនទាន់។ ក្រោយបង្កជម្លោះ ក៏បានបែកផ្លូវគ្នា រត់ម៉ូតូកង់បីជា ធម្មតា ប៉ុន្តែស្រាប់តែជនបង្ក នៅតែមិនអស់ចិត្ត រួចមករករឿងជនរងគ្រោះ ដោយមានកំាបិតនៅក្នុងដៃ ភ្លាមៗនោះ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹង ដល់សមត្ថកិច្ច ទើបឈានដល់ការឃាត់ខ្លួន។

បើតាមករណីនេះ ភាគីជនរងគ្រោះបានបញ្ជាក់ថា មិនចង់រករឿងវែងឆ្ងាយនោះទេ ពោលគឺគ្រាន់តែឲ្យជនបង្ក ធ្វើការសុំទោស និងធ្វើកិច្ចសន្យា ឈប់ប្រព្រឹត្តរឿងនេះតទៅទៀត ដើម្បីបញ្ចប់ជម្លោះ និងរឿងរ៉ាវ ប៉ុន្តែខាងជនបង្ក ហាក់ដូចជាមិនព្រម និងរឹងទទឹង ខណៈរូបគេនៅមិនទាន់ ស្វាងស្រានៅឡើយ។

បច្ចុប្បន្ននេះ ជនបង្កត្រូវបានឃាត់ខ្លួន បណ្តោះអាសន្ននៅប៉ុស្តិ៍ នគរបាលទន្លេបាសាក់៕

ស្ត្រីខ្មែរ៥នាក់ រងគ្រោះដោយ ការរៀបការ ជាមួយបុរសចិន ត្រឡប់មកដល់ កម្ពុជាវិញ នៅថ្ងៃស្អែក

0
0

ភ្នំពេញៈ ស្ត្រីខ្មែរដែលចាញ់បោកមេខ្យល់ នាំទៅរៀបការជាបុរសជនជាតិចិន នៅខេត្តជាងស៊ី ប្រទេសចិន ចំនួន៥នាក់ នឹងត្រូវបញ្ជូន ត្រឡប់មកដល់កម្ពុជាវិញនៅម៉ោង៣រសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥នេះ នៅអាកាសយានដ្ឋាន អន្តរជាតិភ្នំពេញ។

លោកកុយ គួង អ្នកនាំពាក្យក្រសួងការបទេសកម្ពុជា បានប្រកាសឲ្យដឹងនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥នេះថា ស្ត្រីខ្មែរទាំង៥រូប ត្រូវបានស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងក្វាងចូវ សហការជាមួយអាជ្ញាធរចិន ជួយសង្គ្រោះ បានកាលពីពេលថ្មីៗនេះ។

លោកបានបញ្ជាក់ឲ្យដឹងថា ស្រ្តីដែលរងគ្រោះនោះរួមមាន៖ ១ ឈ្មោះ ស្រ៊ុន ស៊ាម មានស្រុកកំណើតនៅភូមិក្រូចសើច ឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ២ ឈ្មោះ ធឿន ស៊ីនេត មានស្រុកកំណើតនៅភូមិសាឡុង ឃុំថ្មី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។ ៣ ឈ្មោះ ជិន ចិន្តា មានស្រុកកំណើតនៅភូមិត្រពាំងខ្លា ឃុំរការពរប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ ៤ ឈ្មោះ ណា ស៊ីណា មានស្រុកកំណើតនៅស្រុកកោះធំ ខេត្តកណ្តាល និងទី៥ ឈ្មោះ សុខ លីដា មានស្រុកកំណើតស្រុកកោះធំ ខេត្តកណ្តាល។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួងការបរទេស និងសហការប្រតិបត្តិការអន្តរជាតិបានអំពាវ នាវដល់ពលរដ្ឋខ្មែរ ជាពិសេសនារីខ្មែរ ដែលជាជនងាយរងគ្រោះ បង្កើនការប្រុងប្រយ័ត្នខ្ពស់ កុំឲ្យចាញ់បោកតាម ការអូសទាញ បញ្ចុះបញ្ជូលពីសំណាក់មេខ្យល់ ដែលប៉ុនប៉ង នាំទៅធ្វើការ ឬទៅរៀបការជាមួយបុរសជនជាតិនៅប្រទេសចិន ជាមួយការសន្យាកុហក ឬជាថ្នូរនិងលាភសក្ការៈផ្សេងៗ។

លោកកុយ គួង បានបញ្ជាក់ថា កន្លងមកក្រសួង ក៏ដូចជាស្ថានទូត និងស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំបរទេស ជាពិសេសប្រទេសចិន បានទទួលពាក្យបណ្តឹងយ៉ាងច្រើនពីជនរងគ្រោះ និងគ្រួសារជនរងគ្រោះ ហើយក្រសួង រួមជាមួយស្ថានទូត និងស្ថានអគ្គកុងស៊ុលកម្ពុជា បាននឹងកំពុងជួយសង្គ្រោះនារីខ្មែររងគ្រោះ ទាំងនោះមកកម្ពុជា វិញជាបន្តបន្ទាប់។

ជាការកត់សម្គាល់ នារីខ្មែរជាច្រើននាក់ តែងតែបានរងគ្រោះដោយចាញ់បោកមេខ្យល់នាំទៅ រៀបការនៅប្រទេសចិន ក៏ដូចជាទៅធ្វើការនៅប្រទេសម៉ាឡេស៊ីជាដើម ទោះបីមានការ ផ្សព្វផ្សាយ និងការចាប់ជនល្មើស ជាច្រើនករណី យ៉ាងណាក្តី តែករណីជួញដូរនេះ គេនៅតែសង្កេតឃើញកើតមានច្រើនករណីដដែល៕    

អហ ខេត្តកំពង់ស្ពឺ បញ្ជេញប្រតិបត្តិការ តាមចាប់មុខសញ្ញា ចែកចាយ និងប្រើប្រាស់ គ្រឿងញៀន ៧នាក់ ដកហូតវត្ថុតាង មួយចំនួនធំ

0
0

កំពង់ស្ពឺៈ កម្លាំងអាវុធហត្ថ នៃមន្ទីរស្រាវជ្រាវ បទល្មើសព្រហ្មទណ្ឌខេត្ត រួមសហការ ជាមួយកម្លាំង អាវុធហត្ថ ស្រុកសំរោងទង បានបញ្ចេញប្រតិបត្តិការ ចំនួន២ថ្ងៃជាបន្តបន្ទាប់ តាមបង្ក្រាបមុខសញ្ញាចែកចាយ និងប្រើប្រាស់ គ្រឿងញៀនចំនួន៧នាក់ ស្ថិតនៅ២ទីតាំងផ្សេង គ្នា គឺនៅស្រុកសំរោងទង និងក្រុងច្បារមន ព្រមទាំងដកហូត វត្ថុតាងជាថ្នាំញៀន ប្រភេទម៉ាទឹកកក ឧបករណ៍សម្រាប់ជក់ និងសម្ភារៈ លុយកាក់ មួយចំនួនផ្សេងទៀត។

ប្រតិបត្តិការតាមបង្ក្រាប ជនពាក់ព័ន្ធគ្រឿងញៀន និងឈានទៅដល់ការចុះឆែកឆេរ ទីតាំងទាំងពីរកន្លែងបានធ្វើឡើង  ក្រោមការដឹកនាំបញ្ជាផ្ទាល់ ពីលោកឧត្តមសេនីយ៍ម៉ែន ស៊ីប៊ន មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ ដោយមានការ ឯកភាពតាមផ្លូវច្បាប់ ពីសំណាក់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរ។

លោកឧត្តមសេនីយ៍ម៉ែន ស៊ីប៊ន បានបញ្ជាក់ឲ្យដឹងថា ប្រតិបត្តិការតាមចាប់ជនល្មើសពាក់ព័ន្ធ ទៅនឹងបញ្ហាគ្រឿងញៀន ខាងលើនេះ បានធ្វើឡើងតាំងពីយប់ថ្ងៃទី២៧ រហូតដល់វេលាម៉ោង ១០និង១៥នាទីព្រឹក ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ នៅគោលដៅ ចំនួន២ផ្សេងគ្នា ដោយគោលដៅទី១ ស្ថិតនៅភូមិចំបក ឃុំវល្ល័សរ ស្រុកសំរោងទង និងទីតាំងទី២ស្ថិតនៅភូមិសំណង់ សង្កាត់រកាធំ ក្រុងច្បារមន។

លោកម៉ែន ស៊ីប៊ន បានបញ្ជាក់ទៀតថា ក្រោយពីការចុះឆែកឆេរនៅទីតាំងទាំងពីរនេះ កម្លាំងអាវុធហត្ថរបស់លោក បានឃាត់ខ្លួនជនសង្ស័យ៧នាក់ ក្នុងនោះស្រី៣នាក់ ព្រមទាំងថ្នាំញៀន ប្រភេទម៉ាទឹកកកចំនួន៤កញ្ចប់ធំតូច គ្រាប់កាំភ្លើងកា៥៤ ចំនួន២០គ្រាប់ បំពងទីបចំនួន២ កាំបិតកៃចំនួន២ ដាវចំនួន១ ម៉ូតូមួយគ្រឿង លុយជាងមួយលាន សម្ភារៈ សម្រាប់ជក់មួយចំនួនទៀត។

មេបញ្ជាការអាវុធហត្ថខេត្តកំពង់ស្ពឺ បានបង្ហាញការផ្តេជ្ញា តាមបង្ក្រាបនិងចាប់ខ្លួនមុខសញ្ញា គ្រឿងញៀន បន្តទៀត តបតាមបទបញ្ជាដ៏ម៉ើងម៉ាត់ របស់នាយឧត្តមសេនីយ៍សៅ សុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេស និងដើម្បី រក្សាសន្តិសុខ ក៏ដូចជាកាត់បន្ថយបទល្មើស ជួនប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលផ្តើមចេញពីបញ្ហាគ្រឿងញៀននេះ។

មន្ត្រីអាវុធហត្ថខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ដែលត្រូវចាប់ខ្លួននេះរួមមាន ទី១ឈ្មោះ អ៊ុង ធារ៉ា ភេទប្រុស អាយុ២៨ឆ្នាំ ២ឈ្មោះ យ៉ុង លីន ភេទស្រី ៣ឈ្មោះ លី គន្ធា ភេទស្រី ៤ឈ្មោះ សុខ ភ័ក្រ ភេទប្រុស ៥ឈ្មោះ ង៉ែត ចន្ធី ភេទស្រី ៦ឈ្មោះ ឡោ សុខហួរ ភេទប្រុស អាយុ២៩ឆ្នាំ ៧ឈ្មោះ មៀច បូលីន ភេទប្រុស អាយុ៣៣ឆ្នាំ។

បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ស្ថិតក្រោមការស៊ើបសួរ និងឃុំខ្លួនជាបណ្តោះអាសន្ន នៅទីបញ្ជាការដ្ឋានអាវុធហត្ថ ខេត្តដើម្បីរៀបចំសំណុំរឿងបញ្ជូនទៅកាន់តុលាការផ្តន្ទាទោស តាមផ្លូវច្បាប់៕

គណៈកម្មការ រដ្ឋសភា ជំរុញរដ្ឋមន្ត្រី ក្រសួងកិច្ចការនារី ដោះស្រាយ បញ្ហាការរំលោភ ស្រ្តីជាពលរដ្ឋ ធ្វើការ ក្រៅប្រទេស

0
0

ភ្នំពេញ៖ គណៈកម្មការទី៨ នៃរដ្ឋសភា (គណៈកម្មការសុខាភិបាល, អតីតយុទ្ធ និងយុវនីតិសម្បទា, ការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ និងកិច្ចការនារី) បានស្នើទៅដល់ រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ជួយដោះស្រាយបញ្ហា ការរំលោភទៅលើ ពលករខ្មែរ ជាស្ត្រីកំពុងធ្វើការ ចំណាកស្រុក ដែលបានទៅបម្រើការងារ នៅក្រៅប្រទេសផង។

ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រី ក្រសួងកិច្ចការនារី លោកស្រី អ៊ឹង កន្ថាផាវី នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ នាទីស្តីក្រសួងកិច្ចការនារី ប្រធានគណៈកម្មការទី៨ លោកស្រី កែ សុវណ្ណរ័ត្នន៍ បានមាន ប្រសាសន៍ថា ជួយធ្វើម៉េចឲ្យពិនិត្យមើលអនុស្សរណៈ រវាងពលករកម្ពុជា ដែលទៅធ្វើការនៅប្រទេស ម៉ាឡេស៊ី ទាក់ទងនឹងការគោរព សិទ្ធិកម្មករ។

លោកស្រីបន្តថា “សូមក្រសួងជួយពិនិត្យពាក់ព័ន្ធ នឹងកម្មការចំណាកស្រុក ដែលត្រូវបានរំលោភ ការបំពាន ពីការធ្វើចំណាកស្រុកនេះ និងសូមជួយពិនិត្យមើល បញ្ហាស្រ្តី ដែលគេបណ្តេញចេញ ពីលំនៅឋានផងដែរ”។

ជាការឆ្លើយតបលោកស្រី អ៊ឹង កន្ថាផាវី បានមានប្រសាសន៍ថា ចំពោះបញ្ហាស្រ្តីខ្មែរ ដែលទៅបម្រើការងារ នៅប្រទេសក្រៅហ្នឹង កន្លងមករាជរដ្ឋាភិបាលកម្ពុជា បានធ្វើការកាត់បន្ថយហានិភ័យ របស់ពួកគាត់ជាច្រើន ដូចជាការ ចុះអនុស្សារណៈជាមួយប្រទេស ជាដៃគូរជាដើម។

លោកស្រីថា “ចំពោះពាក់ព័ន្ធការងារ ជាមួយប្រទេសចិន ក្រសួងមហាផ្ទៃ ពិសេសអគ្គស្នងការនគរបាលជាតិ គាត់បានចុះអនុស្សរណជាមួយប្រទេសចិនហើយ ដើម្បីធ្វើកិច្ចសហប្រតិបត្តិការបង្រ្កាប ទៅលើសស្ត្រីខ្មែរ ទៅប្រទេសចិន”។

ទាក់ទងនឹងបញ្ហារបស់ស្ត្រីនានា ដែលត្រូវបណ្តេញចេញពីដីធ្លី ត្រូវបានលោកស្រី អ៊ឹង កន្ថាផាវី បានបញ្ជាក់ថា កន្លងមកក្រសួងបាន ទទួលលិខិតពីរ ទាក់ទងនឹងស្រ្តីនៅបឹងកក់ និងនៅផ្សារបឹងកុក គឺយើងបានបញ្ជូនក្រុមការងារ នៅពិនិត្យមើលមុនសិន បើជនរងគ្រោះនោះ មិនមានធ្វើអ្វីខុសច្បាប់នោះទេ ក្រសួងកិច្ចការនារី និងធ្វើអន្តរាគមន៍។

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានបន្ថែម នៅក្នុងអាណត្តិថ្មីនេះ សម្រាប់ស្ត្រីដែលបានចូលរួមក្នុង ឆាកនយោបាយ មានកើនឡើង ពី៣២ភាគរយ រហូតបានចំនួន ៣៧ភាគរយ។ ហើយឥឡូវនេះ ដើម្បីជួយកាត់បន្ថយការ ធ្វើចំណាក ស្រុករបស់ស្ត្រីទៅធ្វើការនៅប្រទេសក្រៅនោះ ក្រសួងបានបង្កើនមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញផ្សេងៗចំនួន ១៣នៅទូទាំងប្រទេស ទៅដល់ពួកគាត់ ដូចជា ជំនាញផ្នែកឧស្សាហកម្ម និងផ្នែកទេសចរណ៍ជាដើម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៥ម្សិលមិញនេះ គណៈកម្មការទី៨ ក៏បានកោះហៅ រដ្ឋមន្ត្រីក្រសួង សុខាភិបាល លោក ម៉ម ប៊ុនហេង មកសាក់សួរពីបញ្ហាក្នុងតួនាទីរបស់លោក ពិសេសបញ្ហាទាក់ទង នឹងអ្នកឆ្លងមេរោគអេដស៍នៅក្នុងឃុំរការ ស្រុកសង្កែរ ខេត្តបាត់ដំបងផងដែរ៕


គណ:បញ្ជាការ ឯកភាព ខណ្ឌមានជ័យ យកសង្កាត់ ចាក់អង្រែលើ ជាសមរភូមិក្តៅ ក្នុងការចុះបង្ក្រាប បទល្មើស

0
0

ភ្នំពេញ: លោកអភិបាល ខណ្ឌមានជ័យ បានប្តេជ្ញាចិត្តថា សម្រាប់ឆ្នាំ២០១៥នេះ ធ្វើការទប់ស្កាត់រាល់បទ ល្មើសក្នុងមូលដ្ឋាន មិនអោយកើតមានច្រើន ដូចឆ្នាំ២០១៤នោះទេ ។ ក្នុងនោះលោកអភិបាលខណ្ឌ ក៏បានស្នើ ដល់ចៅសង្កាត់ ទាំងអស់ យកចិត្តទុកដាក់ លើបញ្ហាគំនរសំរាម និងជំរុញរឹតបន្តឹង អនុវត្តច្បាប់ ចរាចរផ្លូវគោក អោយបានម៉ឺងម៉ាត់ និងជាពិសេសត្រូវ ចុះរៀបចំសណ្តាប់ធ្នាប់ លើដងផ្លូវវេងស្រេង ដោយមិនអោយ មានការលក់ដូរ លើដងផ្លូវជាដាច់ខាត ។

អភិបាលខណ្ឌមានជ័យ លោក ពេជ្រ កែវមុនី មានប្រសាសន៍លើកឡើងបែបនេះ ក្នុងកិច្ចប្រជុំគណ: បញ្ជាការ ឯកភាព ប្រចាំខែមករា នៅសាលាខណ្ឌមានជ័យ នារសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ ។

លោកអភិបាលខណ្ឌ បានលើកឡើងថា សម្រាប់ឆ្នាំ២០១៤ សកម្មភាពបទល្មើសកើតឡើងក្នុងខណ្ឌមានជ័យ មាន ចំនួន៦០លើក ក្នុងនោះសង្កាត់ស្ទឹងមានជ័យ មានចំនួន ៣១លើក សង្កាត់បឹងទំពុន ចំនួន ១៣លើក សង្កាត់ចាក់ អង្រែក្រោម ចំនួន១០លើក និងសង្កាត់ចាក់អង្រែលើ ចំនួន៦លើក ។ លោកអភិបាលខណ្ឌលើកឡើងទៀត ក្នុងនោះ បទល្មើសព្រហ្មទណ្ឌ កើតឡើងចំនួន ១៩លើក ។

ខណ:ក្នុងកុច្ចប្រជុំនោះ លោកអភិបាលខណ្ឌ បានចាត់ទុកសង្កាត់ចាក់អង្រែលើ ជាសមរភូមិក្តៅ ដែលក្រុម ជនសង្គមងងឹត ចេញធ្វើសកម្មភាព អុកឡុក ក្នុងមូលដ្ឋានគ្រប់ពេលវេលា ក្នុងនោះសកម្មភាពជួញដូរ គ្រឿងញៀន សកម្មភាពចោរ លួចឆក់ប្លន់ ចោរគាស់ផ្ទះលួច ទ្រព្យសម្បត្តិទាំងយប់ថ្ងៃ គួរអោយព្រួយបារម្ភខ្លាំងណាស់ ។

ទន្ទឹងនឹងនេះ អាជ្ញាធរខណ្ឌ សង្កាត់ ត្រូវចុះធ្វើរដ្ឋបាល នៅសង្កាត់ចាក់អង្រែលើ ដោយប្រើប្រាស់កម្លាំង សមត្ថកិច្ច អោយបានច្រើន ដើម្បីបំបាក់ស្មារតីក្រុម សង្គមងងឹត ពេលឃើញកម្លាំងព្រោតព្រាត ក្រុមសង្គមងងឹតទាំងនោះ មិនហ៊ានចេញធ្វើសកម្មភាព ដោះឡើយ ។

ប៉ុន្តែចំពោះសកម្មភាពការងារនេះ ក្នុងនាមសមត្ថកិច្ច អាជ្ញាធរខណ្ឌ ត្រូវចុះធ្វើរដ្ឋបាល នៅគ្រប់សង្កាត់ទាំងអស់ ក្នុងខណ្ឌ ដោយមានអភិបាល រងខណ្ឌម្នាក់ ដឹកនាំសហការ គ្នាជាមួយមេនគរបាល មេអាវុធហត្ថ នគរបាលប៉ុស្តិ៍ និងចៅសង្កាត់ ចុះធ្វើជាប្រចាំ អោយដូចភ្លៀងរលឹម ដើម្បីទប់ស្កាត់បទល្មើស មិនអោយកើតមានច្រើន ដូចឆ្នាំកន្លងទៅទៀតឡើយ ។

ជាមួយគ្នានេះ លោកអភិបាលខណ្ឌ ក៏បានថ្លែងកោតសរសើរ ដល់កម្លាំងសមត្ថកិច្ច ទាំងអស់ដែលបានខិតខំរួមដៃគ្នា ចុះអនុវត្តន៍ តាមតួនាទី ភារកិច្ចរបស់ខ្លួនបានល្អប្រសើរ មិនគិតពីការនឿយហត់ ក្តៅត្រជាក់ ឬយប់ថ្ងៃអ្វីសោះឡើយ ដើម្បីរក្សាសុវត្ថិភាព ភាពសុខសាន្តជូនប្រជាជន គ្រប់កាល:ទេស: អោយស្របតាមគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ពោលគឺគ្មានសកម្មភាព ៩យ៉ាង៕

កម្លាំងសមត្ថកិច្ច ប៉ុសិ៍ច្បារអំពៅ២ ឃាត់ខ្លួន ជនសង្ស័យម្នាក់ រួមនឹងថ្នាំញៀន ២កញ្ចប់

0
0

ភ្នំពេញៈ នៅវេលាម៉ោង ១៦ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ច ប៉ុសិ៍ច្បារអំពៅ២ បានធ្វើការ បង្ក្រាបជនសង្ស័យ ម្នាក់ ពាក់ព័ន្ធនិងការជួញដូរគ្រឿងញៀន ស្ថិតនៅចំណុច ក្នុងវត្តច្បារអំពៅ ខណ្ឌច្បារអំពៅ។

មន្ត្រីសមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅបានឲ្យដឹងថា ជនសង្ស័យ មាន ឈ្មោះ ខេង  សុខហឹម  ហៅ ឩត្តម ភេទ ប្រុស  អាយុ ២៩ឆ្នាំ ទីលំនៅមិនពិតប្រាកដ ។ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ច បានរឹបអូស វត្ថុតាង សារធាតុញៀន ចំនួន ២កញ្ចប់តូច  ទូរស័ព្ទដៃមួយគ្រឿង  នឹងម៉ូតូមួយគ្រឿង ម៉ាកស្ទេប ពណ៌ក្រហមលាយខ្មៅ  ពាក់ផ្លាកលេខ  ភ្នំពេញ 1AM-1910។ 

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាំងត្រូវបានសមត្ថកិច្ចឃុុំខ្លួនជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនទៅ កាន់តុលាការ ដោះស្រាយតាមនីតិវិធីច្បាប់៕

អាស៊ាន ថ្កោលទោស យ៉ាងខ្លាំង ទៅលើការ សម្លាប់ចំណាប់ ខ្មាំងជប៉ុន ដោយ ISIS

0
0

ក្យូដូ៖ រដ្ឋមន្រ្ដីការបរទេស នៃសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន នៅថ្ងៃពុធ ទី២៨ ខែមករា នេះ បានថ្កោលទោស យ៉ាងខ្លំាងទៅលើ អំពើដ៏ព្រៃផ្សៃ ដែលធ្វើទ្បើងដោយ ក្រុមឧទ្ទាម ជ្រុលនិយម នៅអ៊ីរ៉ាក់ និងស៊ីរី (ISIS) ដែលបានចាប់ចំណាប់ខ្មាំង ជាជនជាតិជប៉ុនពីរនាក់ ក្នុងនោះម្នាក់ត្រូវ បានសម្លាប់រួចទៅហើយ។

តាមសារព័ត៌មានក្យូដូ ចេញផ្សាយ ឲ្យដឹងទៀតថា អាស៊ាន ធ្វើការព្រមាន លើកការប្រព្រឹត្ដិ អំពើខុសច្បាប់ចំពោះការ សម្លាប់ជីវិតអ្នកដទៃ និងប្រើអំពើព្រៃផ្សៃ រួមទាំងភេរវកម្មទាំងអស់ ជាក់ស្ដែងទៅលើសកម្មភាព សម្លាប់ដ៏ពៃ្រផ្សៃ ទៅលើចំណាប់ខ្មាំង ដែលជនជាតិជប៉ុនម្នាក់ ហើយនឹងអាចទៅដល់ការសម្លាប់ និងឃុំខ្លួនអ្នកដទៃ ផ្សេងទៀតផងដែរ។ នេះបើតាមសេចក្តី ថ្លែងការណ៍នៃរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងកិច្ចប្រជុំនៅម៉ាឡេស៊ី។

រដ្ឋមន្រ្ដីអាស៊ានបានគូសបញ្ជាក់ថា នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ក្នុងការតាមចាប់ ជនល្មើសទាំងអស់ ដែលប្រព្រឹត្ដិខុសច្បាប់នេះ មកផ្ដន្ទាទោសតាមផ្លូវ ច្បាប់ និងអំពាវនាវឲ្យដោះលែងចំណាប់ខ្មាំងដែល ពួកក្រុមល្មើស ចាប់មកនេះ។ ព្រមជាមួយគ្នានោះ អាស៊ាន ក៏បានចូលរួមគាំទ្រ និងសាមគ្គីភាព ជាមួយរដ្ឋាភិបាលជប៉ុនផងដែរ។

សូមបញ្ជាក់ផងដែរថា ចំណាប់ខ្មាំង២នាក់ ដែលជាអ្នកកាសែតឯករាជ្យរបស់ជប៉ុន ត្រូវបានកុ្រម ឧទ្ទាមរដ្ឋអ៊ីស្លាមISIS ចាប់ខ្លួន ដើម្បីចាប់ជម្រិតទារប្រាក់ ដោយក្នុងនោះ ម្នាក់ត្រូវបានក្រុមឧទ្ទាមនេះសម្លាប់រួចទៅហើយ ចំពោះ ម្នាក់ទៀត នឹងសម្លាប់បន្ទាប់ពី២៤ ក្រោយពីផ្ញើរនូវឃ្លីបវីដេអូមួយ ទៅរដ្ឋាភិបាលជប៉ុននោះ កាលពីយប់ថ្ងៃអង្គារ៕

៣៦នាក់ស្លាប់ ក្នុងការប្រយុទ្ធ គ្នាជាមួយក្រុម ISIS នៅខេត្ត ឌីយ៉ាឡា, អីរ៉ាក់

0
0

បាគូបា៖ មនុស្សសរុប ៣៦នាក់ បានស្លាប់នៅក្នុងការ វាយប្រហារ និង ប៉ះទង្គិចគ្នា រវាងកង កងកម្លាំងអ៊ីរ៉ាក់ និង ពួកឧទ្ទាមរដ្ឋអ៊ីស្លាម ស្ថិតនៅខេត្ត ឌីយ៉ាឡា ភាគខាងកើតប្រទេស នៅថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០១៥នេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយដោយដកស្រង់ព័ត៌មានពីមន្ត្រីសន្តិសុខអ៊ីរ៉ាក់ទៀត ថា ការប៉ះទង្គិចគ្នា ដ៏ធ្ងន់ធ្ងរមិនធ្លាប់មាននេះ គឺកើតមានរវាង កងកម្លាំងទ័ពអ៊ីរ៉ាក់ រួមសហការ ជាមួយនឹងពួកសកម្មប្រយុទ្ធនីកាយស៊ីអ៊ីត បើកការវាយប្រហារទៅលើពួកសកម្មប្រយុទ្ធ រដ្ឋអ៊ីស្លាម ដែលកំពុងលាក់ខ្លួននៅតំបន់ភ្នំ នៃភាគឦសានរបស់ទីក្រុង បាគូបា នៃខេត្តឌីយ៉ាឡា ចម្ងាយ ៦៥ គីឡូម៉ែត្រ ពីរដ្ឋធានីបាកដាដ។

មេបញ្ជាការទ័ពលោក ចាមីល អាល់ ស៊ីម៉ារី បាននិយាយថា នៅក្នុងការវាយប្រហារនោះ បានបណ្តាលឲ្យកង កម្លាំងពួក ISIS ជាង ២០នាក់បាត់បង់ជីវិត។ ពួក ISIS ត្រូវបានគេ អះអាង ថា បានប្រមូលផ្តុំគ្នាលាក់ខ្លួន នៅក្នុងរូងភ្នំ និង តាមតំបន់ដែលចម្អៀតៗនៅតំបន់ប្រជុំភ្នំនោះ ជាហេតុ នាំឲ្យការវាយប្រហារកន្លងមកមានភាពលំបាក៕

តារាវីទូ រកឃើញ ភពសៅរ៍ថ្មី ដែលមាន រង្វង់ធំជាង ២០០ ដង

0
0

ស៊ីអិនអិន៖ កាលពីឆ្នាំ ១៦១០ បិតាអ្នកវិទ្យាសាស្ត្រលោក ហ្គាលីឡេអូ ហ្គាលីលា បាន ប្រើប្រាស់កែវយឺត របស់ខ្លួន ចាប់បាននូវរូបភាព របស់វង្វង់ភពសៅរ៍ ដែលជាភពលេខរៀងទី ៦ ក្នុងប្រព័ន្ធព្រះអាទិត្យនោះ រយៈពេលជាង ៤០០ឆ្នាំក្រោយ មកទៀត អ្នកវិទ្យាសាស្ត្រ សម័យ ថ្មីបានស្វែងរកឃើញភពផ្សេងទៀត ដែលមានលក្ខណៈ និង ទំហំប្រហាក់ប្រហែល នឹងភពសៅរ៍ របស់យើងណាស់។

តាមរយៈការប្រើប្រាស់កែវយឺត ដ៏មហាអស្ចារ្យនោះ ក្រុមអ្នកតារាវិទូ បានរកឃើញភពសៅរ៍ ថ្មីមួយទៀតដែលមានទំហំ រង្វង់ព័ទ្ធជុំវិញ ធំជាងរង្វង់របស់ភពសៅរ៍ របស់ប្រព័ន្ធព្រះអាទិត្យ យើង ហើយភពសៅរ៍ថ្មីនេះ មានឈ្មោះថា J1407b។ មិនគួរឲ្យជឿនោះទេ ព្រោះចម្ងាយ របស់វាពីផែនដី គឺ ៤០០ ឆ្នាំនៃពន្លឺឯណោះ ដោយយើងប្រាកដជាគ្មានថ្ងៃណា អាចទៅ ដល់ ឬ ផ្តិតយករូបភាពរបស់វា ដូចភពសៅរ៍របស់យើងបានឡើយ។

តាមពិតទៅវាត្រូវបានរកឃើញតាំងពីឆ្នាំ ២០១២ មកម្ល៉េះ ប៉ុន្តែវាត្រូវការពេលវេលាជាច្រើន ឆ្នាំ ដើម្បីសិក្សា និង បង្កើតនូវរូបភាពពិត ដោយអ្នកតារាវិទូជឿជាក់ថា ភព J1407b នោះ អាច មានព្រះច័ន្ទជាច្រើនវិញជុំវិញវា។ ភាពលម្អិតយ៉ាងណានោះ ក្រុមអ្នកវិទ្យាសាស្ត្រអាមេរិក កំពុងព្យាយាមសិក្សាទៅមុខទៀត៕

រដ្ឋាភិបាល ទីក្រុងមូស្គូ បញ្ជាក់អំពី ទស្សនកិច្ច របស់មេដឹកនាំ កូរ៉េខាងជើង គឺនៅខែឧសភា

0
0

មូស្គូ៖ វិមានក្រឹមឡំាង រុស្ស៊ី បានឲ្យដឹងនៅថ្ងៃពុធថា សាធារណរដ្ឋ ប្រជាធិបតេយ្យ ប្រជានិត្យកូរ៉េ ឬកូរ៉េខាងជើង បានបញ្ជាក់ថា មេដឹកនាំកំពូលរបស់ខ្លួន គឺលោក គីម ជុងអ៊ុន នឹងធ្វើដំណើរទៅទីក្រុង មូស្គូ នៅក្នុងខែឧសភា ខាងមុខ ដើម្បីចូលរួមពិធីខួបលើកទី៧០ នៃជ័យជំនះរបស់សហភាពសូវៀត លើរបបណាស៊ីអាល្លឺម៉ង់។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែកតាម ផ្សាយរបស់សារព័ត៌មាន អ៊ិនធ័រហ្វាក់ ដែលស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡំាងលោក ឌីមីទ្រី ផេស្កូវថា «មេដឹកនាំរបស់កូរ៉េខាងជើង បានបញ្ជាក់ថា ចូលរួមក្នុងពិធីនេះ ហើយយើងក៏បានត្រៀមរួចរាល់ហើយដែរ ចំពោះការមកដល់នៃមេដឹកនាំកំពូលរូបនេះ»។

ជាមួយគ្នានោះដែរ កាលពីដើមសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡារ៉ូវ បាននិយាយថា រុស្ស៊ីបានទទួលសញ្ញាណវិជ្ជមានលើកដំបូងពីប្រទេស កូរ៉េខាងជើង អំពីទស្សនកិច្ចមកកាន់ទីក្រុង មូស្គូ របស់លោក គីម នៅខែឧសភាខាងមុខ។

សូមបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ី បានប្រារព្ធពិធីថ្ងៃជ័យជំនះ ០៩ឧសភា ជារៀងរាល់ឆ្នាំ ដែលជាទិវាជ័យជំនះ លើរបបពួកណាស៊ីអាល្លឺម៉ង់ ក្នុងសង្គ្រាមសម្រាប់អ្នកស្នេហាជាតិដ៏មហស្ចារ្យ អំឡុងសង្គ្រាមលោកលើកទី២ របស់ប្រទេសរុស្ស៊ី៕

អាជ្ញាធរ ក្រុងភ្នំពេញ សុំឲ្យមន្ទីរសុខាភិបាល បង្កើនការ ទទួលខុសត្រូវ ឲ្យបានខ្ពស់

0
0

ភ្នំពេញ៖ ដើម្បីពង្រឹង និងទាក់ទាញ ទំនុកចិត្តពី ប្រជាពលរដ្ឋកម្ពុជា មកលើវិស័យសុខាភិបាល វិញនោះ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានអំពាវនាវឲ្យមន្ទីរសុខាភិបាលរាជធានី ត្រូវបង្កើនការពង្រឹង និងត្រួតពិនិត្យ គ្រប់គ្លីនិកទាំ ងអស់ រួមទំាងពេទ្យធ្មេញផងដែរ ហើយប្រសិនបើមានគ្លីនិកណាមួយ មិនគោរពលក្ខណនោះទេ គឺឈានទៅដល់ការ បិទចោលតែម្តង។

ការអំពាវនាវ ក៏ដូចជាការចាត់វិធានការ ដែលបានធ្វើឡើងនៅក្នុងពិធីបិទសន្និបាតបូកសរុប សមិទ្ធិផលសុខាភិបាល ឆ្នាំ២០១៤ និងទិសដៅការងារឆ្នាំ ២០១៥ របស់មន្ទីរសុខាភិបាល រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃពុធ ទី២៨ ខែមករា ឆ្នាំ២០១៥ លោកអភិបាលមានប្រសាសន៍ថា គ្រូបង្រៀនបង្ហាត់ខុសអាចមាន ឱកាសកែបាន ប៉ុន្តែគ្រូពេទ្យវិញ ប្រសិនណាបើធ្វើខុស គឺអាចបណ្តាលឲ្យបាត់បង់ជីវិត ដូច្នេះសូមឲ្យមានការយកចិត្តទុកដាក់ អំពីបញ្ហានេះឲ្យខ្ពស់។

ការលើកឡើងរបស់លោក ប៉ា សុជាតិវង្ស គឺបន្ទាប់ពីបញ្ហាអសកម្មជាច្រើន កើតឡើងក្នុងវិស័យសុខាភិបាល កម្ពុជា ដោយក្នុងនោះ មានទំាងការចាក់ថ្នាំ ក៏ដូចជាព្យួរសឺរ៉ូម ដែលចម្លងមេរោគអេដស៍ ទៅអ្នកភូមិពីគូ្រពេទ្យឈ្មោះ យ៉ែម ជ្រិន នៅភូមិរកា ខេត្តបាត់ដំបង បណ្តាលឲ្យអ្នកឆ្លងគិតត្រឹមថ្ងៃទី២២ ខែមករា មានចំនួនរហូតដល់២២៦នាក់, ការវះកាត់បណ្តាលឲ្យ ស្រ្តីម្នាក់ស្លាប់ នៅខេត្តពោធិ៍សាត់ នៅគ្លីនិកពេទ្យចិន និងបញ្ហាលក់ថ្នាំពេទ្យដោយផ្សំទុក ជាមុនជាដើម។

ដើម្បីរួមចំណែកលើកស្ទួយវិស័យនេះ លោកអភិបាលរាជធានី ក៏បានស្នើឲ្យមានការបង្កើតជាអ្នក ស្ម័គ្រចិត្តកាកបាទក្រហម នៅតាមភូមិ ដើម្បីអប់រំណែនាំដល់ប្រជាជនអំពីការថែទំាគភ៌ ទារក និងសុខភាពទៀតផង។

សូមបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងវិស័យសុខាភិបាលនេះដែរ បើតាមលោក ម៉ម ប៊ុនហេង បានលើកឡើង ក្រោយការចូល ទៅបំភ្លឺជាមួយគណៈកម្មាធិការទី៨នៃរដ្ឋសភាជាតិថា គ្រូពេទ្យទំាងអស់នៅកម្ពុជាមានជាង ២ម៉ឺននាក់ ដែលចំនួននេះក៏នឹងត្រូវការ បន្ថែមទៀត ចំណែកមណ្ឌលសុខភាពវិញ គឺមានចំនួន ១០៨០កន្លែងនៅទូទំាងប្រទេស៕


អាជ្ញាធរ ខណ្ឌដូនពេញ ចុះរុះរើការដ្ឋាន បារបរទេស «Tilac» សង់លើចិញ្ចើមផ្លូវ គ្មានច្បាប់ អនុញ្ញាត

0
0

ភ្នំពេញ ៖ គណៈកម្មការចម្រុះ ខណ្ឌដូនពេញ ដឹកនាំដោយលោក សុខ ពេញវុធ អភិបាលរងខណ្ឌ និងលោក ចាន់ បណ្ឌិត នាយករង រដ្ឋបាលសាលាខណ្ឌ កាលពី រសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ បានចុះទៅរុះរើការដ្ឋានសង់ លើចិញ្ចើមផ្លូវ សាធារណៈ គ្មានច្បាប់អនុញ្ញាត ធ្វើឲ្យប៉ះពាល់ សណ្តាប់សាធារណៈ យ៉ាងធ្ងន់ធ្ងរ និងធ្វើឲ្យបាត់ សោភ័ណភាពទីក្រុង។

ចំណាត់ការរុះរើ សំណង់ខុសច្បាប់ លើចិញ្ចើមផ្លូវសាធារណៈ ខាង លើនេះ បានធ្វើឡើង ក្រោយពីមាន សេចក្តី រាយការណ៍ពី ប្រជាពលរដ្ឋ ទើបអភិបាល ខណ្ឌដូនពេញ លោក គួច ចំរើន បញ្ជាទៅក្រុមការងារ ចុះអនុវត្តដោយគ្មាន ការយោគយល់ នោះឡើយ ។

មន្រ្តីសាលាខណ្ឌដូនពេញ បានបញ្ជាក់ថា «គណៈកម្មការបាន ដាក់កម្លាំង ប្រជាការពារខណ្ឌ ចុះមករុះរើផ្ទាល់ ដែលមានឈ្មោះ កែវ ស្រីលាភ ជួលពីលោក ចៅ យាង ជាម្ចាស់ផ្ទះ ដើម្បីបើកបារបរទេស យីហោ «Tilas» ស្ថិត នៅផ្ទះលេខ៤៨ ភូមិ១០ សង្កាត់ ផ្សារថ្មីទី៣ ខណ្ឌដូនពេញ»។

មន្រ្តីសាលាខណ្ឌបានបញ្ជាក់ទៀតថា «ការជួលផ្ទះនេះ គឺគ្មានកិច្ច សន្យាជួលពីសាលា រាជធានីភ្នំពេញ គ្មានច្បាប់ជួសជុល ពីមនី្ទរជំនាញ និងមិនស្តាប់ការណែនាំ របស់អាជ្ញាធរមូលដ្ឋាន»។

ជាមួយគ្នានេះ មន្រ្តីសាលាខណ្ឌដូនពេញ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ និងអ្នករកទទួលទាន ទាំងឡាយនៅ ក្នុងទឹកដី ខណ្ឌដូនពេញ ត្រូវគោរព ច្បាប់របស់ជាតិ និងចូលរួមសហការ ជាមួយអាជ្ញាធរមាន សមត្ថកិច្ច មិនត្រូវ សាងសង់សំណង់ ឬអគាររំលោភលើផ្លូវ សាធារណៈរបស់រដ្ឋនោះឡើយ។

អាជ្ញាធរបាន បង្ហាញចំណាត់ការ ជាបន្តបន្ទាប់ មិនឲ្យមានសកម្មភាពបែបនេះ កើតឡើងទៀតឡើយ នៅក្នុង ទឹកដីខណ្ឌដូនពេញ ក្នុងគោលបំណង បង្កើនសោភ័ណភាពទីក្រុង រក្សាសណ្តាប់ធ្នាប់សាធារណៈ និង កាត់បន្ថយ ការកកស្ទះចរាចរណ៍ជាដើម ពីព្រោះសំណង់ខ្លះ ដែលរំលោភលើចិញ្ចើមផ្លូវនោះ នាំឲ្យផ្លូវ រួមតូចជាដើម៕

ម្ចាស់ការដ្ឋានសំណង់ ដែលសង់រំលោភ លើចិញ្ចើមផ្លូវសាធារណៈ

ផ្លាស់ប្តូរ និងតែងតាំង មន្រ្តីតុលាការពី ជាន់ទាប ដល់កំពូល ១៧រូប

0
0

ភ្នំពេញ៖ ព្រះមហាក្សត្រកម្ពុជា ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥កន្លងទៅ បានចេញព្រះរាជក្រឹត្យផ្លាស់ប្តូរ និងតែងតាំង មន្រ្តីតុលាការទូទាំងប្រទេសពីកម្រិតសាលាដំបូង រហូតដល់តុលាការកំពូលចំនួន ១៧រូប។

សូមអានព្រះរាជក្រឹត្យទាំងស្រុងដូចខាងក្រោម៖

លោក កែវ រតនៈ ចុះបើកប្រតិបត្តិការ តបណ្តាញអគ្គិសនី និងដំឡើងកុងទ័រ ជូនកម្មករ

0
0

ភ្នំពេញ ៖ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា នៅម៉ោង ៥ និង២០នាទី ល្ងាច ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៥ នេះ បានដឹកនាំមន្រ្តីអគ្គិសនីកម្ពុជា ចុះប្រតិបត្តិការតបណ្តាញអគ្គិសនី និង ដំឡើងកុងទ័រ ជាលើកដំបូងជូនកម្មករ-កម្មការិនី នៅក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។

ប្រតិបត្តិការ តបណ្តាញអគ្គិសនី និងដំឡើងកុងទ័រដល់បន្ទប់ជួលរបស់កម្មករ-កម្មការិនី ក្រោយការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ទទួលបានការសាទរ និងស្វាគមន៍យ៉ាងខ្លាំងពីសំណាក់ កម្មករ- កម្មការិនី ក៏ដូចជាអ្នកប្រកបអាជីវកម្ម ក្នុងតំបន់រោងចក្រផងដែរ ។

ប្រតិបត្តិការចុះតបណ្តាញអគ្គិសនី និងដំឡើងកុងទ័រ ដើម្បីជួយឲ្យកម្មករ-កម្មការិនី បានប្រើប្រាស់អគ្គិសនី ត្រឹមតម្លៃ ៦១០រៀល ក្នុង ១ គីឡូវ៉ាត់ម៉ោង ដែលចាប់ផ្តើមនៅរសៀលថ្ងៃនេះ និងធ្វើឡើងនៅខណ្ឌចំនួន ៣ គឺខណ្ឌឬស្សីកែវ, ខណ្ឌមានជ័យ និងខណ្ឌដង្កោ ដែលជាតំបន់ប្រជុំទៅដោយរោងចក្រ និងមានចំនួនកម្មករច្រើនជាងគេក្នុងរាជធានីភ្នំ ពេញ ។

កម្មករ ទាំងអ្នកជួលបន្ទប់ បានថ្លែងថា ពួកគាត់សុទ្ធតែសប្បាយចិត្តចំពោះចំណាត់ការ របស់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរអគ្គិសនីកម្ពុជា ហើយពួកគាត់ សុទ្ធតែយល់ព្រមនឹងការបង់ប្រាក់កក់ តម្លៃប្រមាណ ៣ម៉ឺនរៀល តាមការកំណត់របស់អគ្គិសនីកម្ពុជា ។ តែពួកគាត់ក៏បានសំណូមពរឲ្យម្ចាស់ផ្ទះជួល កុំបន្តឡើង ថ្លៃបន្ទប់ ឬក៏ផ្ទះជួល ។

យោងតាមលិខិតជម្រាបជូន ទៅអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ នេះ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា បានឲ្យដឹងថា ក្រុមនិយោជិត របស់អគ្គិសនីកម្ពុជា នឹងចុះទៅទទួលពាក្យស្នើសុំបន្តចរន្ត និងធ្វើការតភ្ជាប់ចរន្តអគ្គិសនី នៅទីតាំងស្នាក់នៅរបស់ កម្មករ-កម្មការិនី នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០១៥នេះតទៅ ។

ក្រុមនិយោជិត នឹងចាប់ផ្តើមធ្វើការ ពីម៉ោង ៤ និង៣០នាទីល្ងាច ដល់ម៉ោង ៨ និង៣០នាទីយប់សម្រាប់ថ្ងៃចន្ទ  ដល់ ថ្ងៃសៅរ៍ ។ សម្រាប់ថ្ងៃអាទិត្យវិញ នឹងធ្វើចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច ។ តាមរយៈលិខិតផ្ញើជូនអភិបាល រាជធានីនេះ លោក កែវ រតនៈ បានបញ្ជាក់ថា ក្រុមការងារចុះទៅបណ្តាខណ្ឌនីមួយៗ មានចំនួន ១០ក្រុម និង មាន សមាជិកសរុប ៨០នាក់ ។

អគ្គនាយកអគ្គិសនីកម្ពុជា បានស្នើសុំអភិបាលរាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស ជួយចូលរួមសហការ និង ចាត់ កម្លាំងប្រដាប់អាវុធម្នាក់ ទៅអមតាមក្រុមការងារនីមួយៗ ព្រមទាំងសុំការចូលរួមពីមន្រ្តីសាលាខណ្ឌ/សង្កាត់ ចំនួន ៤ រូបទៅចូលរួមផងដែរ ។

តាមរយៈលិខិតដដែលនេះ បានឲ្យដឹងផងដែរថា ចាប់នៅថ្ងៃទី២៩ ខែមករា នេះតទៅ ក្រុមការងាររបស់អគ្គិសនីកម្ពុជា ក៏នឹងចុះទៅជួបម្ចាស់ដី ម្ចាស់ផ្ទះ និងម្ចាស់បន្ទប់ជួល នៅក្នុងខណ្ឌទាំង ៣ខាងលើផងដែរ ដើម្បីធ្វើការវាយតម្លៃ សំណង និងពិនិត្យបណ្តាញខ្សែ ក៏ដូចជាកុងទ័រ ដែលមានស្រាប់នៅតាមផ្ទះ ឬបន្ទប់ជួលរបស់កម្មករ និយោជិត ។

នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសសម្ពោធវារីអគ្គិសនីឬស្សីជ្រុំ នៅខេត្ត កោះកុង កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៥ កន្លងទៅ បានបញ្ជាឲ្យអគ្គិសនីកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធរិះរកវិធាន ការ ដើម្បីផ្តល់ឱកាសឲ្យកម្មករ-កម្មការិនី បានប្រើប្រាស់ថាមពលអគ្គិសនី ក្នុងតម្លៃដូចប្រជាពលរដ្ឋទូទៅ ពោលមិន ស្ថិតក្រោមតម្លៃវិនិយោគបន្តពីម្ចាស់ផ្ទះជួល ឬម្ចាស់បន្ទប់ជួល ដែលមានតម្លៃថ្លៃនោះឡើយ ។

ក្រោយទទួលបានបទបញ្ជានេះ អគ្គិសនីកម្ពុជា ដែលដឹកនាំដោយ លោក កែវ រតនៈ បានបើកកិច្ចប្រជុំជាមួយ មន្រ្តី ពាក់ព័ន្ធ អាជ្ញាធរ មន្រ្តីសហជីព ព្រមទាំងប្រជាពលរដ្ឋជាម្ចាស់ផ្ទះ ឬបន្ទប់ជួលផងដែរ ។ លោក កែវ រតនៈ បាន សម្រេចចំណាយថវិកាជាង ២លានដុល្លារ ដើម្បីតបណ្តាញខ្សែភ្លើង និងដំឡើងកុងទ័រដល់ផ្ទះ ឬបន្ទប់ ជួល របស់ កម្មករ-កម្មការិនីតែម្តង ៕

នគរបាល ខេត្តបន្ទាយមានជ័យ ប្រមូលជនញៀនថ្នាំ ១៦នាក់ ក្រោយរកឃើញ កំពុងប្រើប្រាស់

0
0

-ព្រះរាជអាជ្ញាសម្រេចបិទ ផ្ទះកន្លែងជក់ ខណៈមេក្លោងរត់គេចខ្លួន  

បន្ទាយមានជ័យ ៖ ជនញៀនថ្នាំ ចំនួន១៦នាក់ ខណៈកំពុងប្រមូលផ្តុំ ជក់គ្រឿងញៀន នៅចំណុច រ៉ា រថភ្លើង ភូមិសែនសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ត្រូវបាននគរបាល ការិយាល័យ ប្រឆាំងបទល្មើស គ្រឿង ញៀនខេត្ត ចុះទៅឃាត់ខ្លួន យកមកសួរនាំ ដើម្បីមាន វិធានការតាមផ្លូវច្បាប់។

ជនញៀនថ្នាំទាំងនេះ ត្រូវបានធ្លាក់ និងជាឈ្នាន់របស់មុខសញ្ញា ជួញដូរ គ្រឿងញៀនម្នាក់ ដែលកំពុងរត់គេចខ្លួន ក្រោយពីដឹងថា កម្លាំងសមត្ថកិច្ច បានចុះទៅចាប់ខ្លួន និង បង្ក្រាបជាក់ស្តែង កាលពីវេលាម៉ោង ៣៖៥០នាទី សៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១។

មន្រ្តីនគរបាល ការិយាល័យប្រឆាំង គ្រឿងញៀន ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ជនសង្ស័យ ស៊ូ សៀង អាយុ ៦១ឆ្នាំ ដែលជាម្ចាស់ផ្ទះ បានរត់គេចខ្លួនបាត់ គឺជាមុខសញ្ញាម្នាក់ តែងតែធ្វើសកម្មភាព ចែកចាយ ថ្នាំញៀន ដ៏សកម្ម ហើយនៅពេលនេះ បានប្រើរូបភាព ដោយយកក្មេងៗ និងជនញៀនថ្នាំមួយចំនួនទៀត ជាអ្នកចែកចាយបន្ត ។

មន្រ្តីនគរបាល បានបញ្ជាក់ទៀតថា ក្រោយទទួលបាន ព័ត៌មានភ្លាម ពីប្រជាពលរដ្ឋ មូលដ្ឋាន នូវសកម្មភាព ប្រមូលផ្តុំគ្នា ជក់ និងប្រើប្រាស់ គ្រឿងញៀននោះ លោក ធិន ស៊ិនដេត នាយការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ ដោយមានការឯកភាពពី សំណាក់ លោក ផាន់ ភិរម្យ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះទៅកាន់ទីផ្ទះនោះ ដើម្បីបង្ក្រាប និង តាមចាប់ខ្លួនមេក្លោង ក្នុងករណីជួញដូរគ្រឿងញៀននេះ ។

បើតាមការបញ្ជាក់ របស់មន្រ្តីនគរបាល ដដែល ក្រោយបញ្ចេញប្រតិបត្តិការ ចុះទៅឆែកឆេរ កម្លាំងសមត្ថកិច្ចបាន រកឃើញថ្នាំញៀន និង សម្ភារសម្រាប់ជក់ មួយចំនួនធំផងដែរ ប៉ុន្តែមេក្លោងបានរត់គេចខ្លួនបាត់។

ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានបញ្ជាក់ថា «ជនសង្ស័យ ដែលជាម្ចាស់ ផ្ទះនោះ គឺជាមុខសញ្ញា ចែកចាយគ្រឿងយ៉ាងសកម្ម នាពេលកន្លងទៅ ហើយជននេះ ត្រូវបានកម្លាំងសមត្ថកិច្ច ចាប់ខ្លួន រួចត្រូវបានតុលាការ សម្រេចឃុំខ្លួន ដាក់ពន្ធនាគារទៀតផង»។

លោកស្នងការបានបន្តទៀតថា ក្រោយចេញពីពន្ធនាការ ជននេះ មិនបានរាងចាលនោះឡើយ ផ្ទុយទៅវិញ បានបន្ត ធ្វើសកម្មភាព ចែកចាយ ដោយមិនខ្លាច រអាលនោះឡើយ។

លោកឧត្តម សេនីយ៍ បានបញ្ជាក់ទៀតថា បើទោះបីកម្លាំងសមត្ថកិច្ច មិនបានចាប់ខ្លួនជនសង្ស័យរូបនេះ តែផ្ទះ របស់ជននេះ ត្រូវបានព្រះរាជអាជ្ញា សម្រេចបិទចោល ហើយបន្តតាមស្រាវជ្រាវ តាមចាប់ខ្លួន យកមកផ្តន្ទាទោស តាមផ្លូវច្បាប់។

ក្រោយការឃាត់ខ្លួន ជនគ្រឿងញៀន១៥នាក់ ត្រូវបានសមត្ថកិច្ច យកទៅសួរនាំបន្តទៀត នៅការិយាល័យប្រឆាំង គ្រឿងញៀន ដើម្បីបន្តការសួរនាំ និងចាត់ការ តាមផ្លូវច្បាប់៕

ម៉ាឡេស៊ី សន្មត់ ជាផ្លូវការថា ជនរងគ្រោះ លើ MH370 ស្លាប់ទាំងអស់ តែចិនអំពាវនាវ ឲ្យបន្ត ប្រឹងប្រែង ស្វែងរកយន្តហោះ

0
0

ស៊ិនហួ៖ នាយកដ្ឋាន អាកាសចរណ៍ស៊ីវិល ម៉ាឡេស៊ី បានប្រកាស នៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមករា ឆ្នាំ២០១៥ នេះថា រដ្ឋាភិបាលទីក្រុង គូឡាឡាំពួរ បានសម្រេចចេញ សេចក្តីប្រកាស ជាផ្លូវការដោយសន្មត់ថា ជើងហោះហើរ MH370 បានជួប គ្រោះថ្នាក់ កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ និងបានបណ្តាល ឲ្យអ្នកជិះនៅលើ នោះទាំងអស់ ២៣៩នាក់ ស្លាប់បាត់បង់ជីវិត។

សេចក្តីប្រកាសខាងលើនេះ បាននាំឲ្យរដ្ឋាភិបាលចិន ចេញមុខអំពាវនាវសាជាថ្មី ឲ្យអាជ្ញាធរម៉ាឡេស៊ី ត្រូវបន្ត ប្រើប្រាស់គ្រប់វិធី ដើម្បីស្វែងរកជើងហោះហើរ ដែលមានជនរងគ្រោះចិន យ៉ាងច្រើននោះ។ ការអំពាវនាវនេះ ធ្វើឡើងដោយលោ កនាយករដ្ឋមន្ត្រីចិន លី ខេជាង ក្នុង ជំនួបជាមួយនឹងនាយករដ្ឋមន្ត្រីបារាំង ម៉ានូអែល វ៉ល នៅវិមានប្រជាជន ទីក្រុងប៉េកាំង៕

Viewing all 8042 articles
Browse latest View live




Latest Images