Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

អ៊ីរ៉ង់ បដិសេធ សហការ ជាមួយអាមេរិក ប្រឆាំង នឹងភេរវកម្ម

$
0
0

តេហេរ៉ង់៖ សាធារណៈ អ៊ីស្លាមអ៊ីរ៉ង់ បានបដិសេធ ទាំងស្រុង ចំពោះការសហប្រតិបត្ដិការ ជាមួយ សហរដ្ឋអាមេរិក ប្រឆាំងនឹង ក្រុមភេរវកម្ម។ នេះបើតាមរដ្ឋមន្រ្ដីការបរទេស ជាន់ខ្ពស់ បានដកស្រង់ ដោយទូរទស្សន៍ ព័ត៌មានរដ្ឋអ៊ីរ៉ង់ នៅថ្ងៃពុធ ទី ០៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ។

សារព័ត៌មានចិនស៊ិនហួ បានបន្ដឲ្យដឹងថា អាមេរិកថ្មីៗនេះ បានស្នើឲ្យអ៊ីរ៉ង់ ឲ្យជួយសហការ ជាមួយខ្លួន ដើម្បីប្រឆាំងនឹងក្រុមភេរវកម្ម ។ ទោះជាយ៉ាងណាក៏ដោយ អ៊ីរ៉ង់ នៅតែបាត់ជំនឿ ទាំងស្រុងទៅលើអាមេរិក ហើយប្រកែកមិនព្រមជួយជាដាច់ខាត។ នេះបើយោងតាម អនុរដ្ឋមន្រ្ដី ការបរទេសរបស់ប្រទេសអ៊ីរ៉ង់ ទទួលបន្ទុកកិច្ចការអារ៉ាប់និងអាហ្រ្វិកលោក ហូសេន អាម៉ៃ -អាបដូទ្បាហៃយ៉ា។

លោក បន្ដទៀតថា វត្ដមានកងទ័ពយោធាបរទេសមួយនេះ នៅក្នុងតំបន់អ៊ីរ៉ាក់ ក្នុងរយៈពេល ប៉ុន្មានឆ្នាំ ចុងក្រោយនេះ បានបង្ហាញឲ្យឃើញថា វិធីសាស្រ្ដយោធារបស់អាមេរិក បានជួប ប្រទះតែបញ្ហាមិនចេះ មិនចេះហើយ ដែលធ្វើប្រទេសអ៊ីរ៉ាក់ទទួលបរាជ័យ មិនត្រឹមតែ ប៉ុណ្ណោះទេ ចំពោះការបង្ក្រាបអំពើភេរវកម្ម ក៏មិនបានទទួល លទ្ធផលអ្វីសោះទ្បើយ រួមទាំងស្ថេរភាពរបស់ប្រទេសក្នុងតំបន់នេះផងដែរ។

សូមបញ្ជាក់ថា វត្ដមានរបស់ក្រុមភេរវករដូចជាអាល់កៃដា និង ឧទ្ទាមរដ្ឋអ៊ីស្លាម ក្នុងប្រទេសស៊ីរី និង អ៊ីរ៉ាក់ គឺជាគោលនយោបាយ ដែលខុសពីការចង់បានរបស់អាមេរិក ជាពិសេសវា ប្រឆាំងត្រង់ៗទៅនឹងសហរដ្ឋអាមេរិក តែម្ដង៕


រោងចក្រ អប្សរា ហ្គាមិន បដិសេធ ពាក់ព័ន្ធ ការចាប់ខ្លួន សហជីព

$
0
0

ភ្នំពេញ៖ អគ្គនាយករោងចក្រកាត់ដេរ អប្សរា ហ្គាមិន (Apsara Garment) បានធ្វើការបដិសេធ ថាមិនបាន ជាប់ពាក់ព័ន្ធ ទៅនឹងការចាប់ខ្លួន លោក សៀង រិទ្ធិ ប្រធានសហជីព សហព័ន្ធសាមគ្គីការងារ កម្ពុជា កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥នោះទេ។

ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្នុងសន្និសីទកាសែត ពាក់ព័ន្ធនឹងការចាប់ខ្លួនរបស់លោក សៀង រិទ្ធី នៅរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ នាទីស្នាក់ការសមាគមកាត់ដេរកម្ពុជា (GMAC) លោក ខូវ ឆាយ អគ្គនាយករោងចក្រ អប្សរា ហ្គាមិន បានឲ្យដឹងថា លោក សៀង រិទ្ធិ កាលពីចុងខែមករា និងដើមខែកុម្ភៈ ឆ្នាំ២០១៥នេះ បានដឹកនាំកម្មករ ដែលបម្រើការងារនៅក្នុងរោងចក្រ អប្សរា ហ្គាមិន ប្រមាណជាង ៥០នាក់ បានធ្វើកូដកម្មតវ៉ាទាមទារដំណោះស្រាយនូវចំណុចមួយចំនួន។ ការធ្វើកូដកម្មនេះ ក៏មានការសំឡុងគំរាម ពីភាគីសហជីព ថានឹងមានប្រើអំពើហិង្សានៅលើភាគីរោងចក្រផងដែរ បើគ្មានដំណោះស្រាយ តាមពួកគេនោះទេ។

លោកថា “លោក សៀង រិទ្ធី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣កុម្ភៈ ពីសំណាក់អាជ្ញាធ មានសមត្ថកិច្ច រឿងរាវ នៃការចាប់ខ្លួននេះ គឺមិនមានការពាក់ព័ន្ធជាមួយភាគីរោងចក្រនោះទេ ដោយសារការធ្វើកូដកម្មរបស់ គាត់បានឈានទៅរកការធ្វើហួសពីច្បាប់ ដូច្នេះសមត្ថកិច្ចដែលជាអ្នករក្សាច្បាប់ គឺធ្វើការឃាត់ខ្លួន យកទៅសាក់សួរ រហូតដល់មានការឃុំខ្លួន”។

លោក ខូវ ឆាយ បានបញ្ជាក់ថា សមត្ថកិច្ចចាប់ខ្លួន លោក សៀង រិទ្ធីនេះ ដោយសារតែ ពេលគាត់ធ្វើកូដកម្មនោះ បានយកដំបងឫស្សីជាច្រើន ក្នុងបំណងអ្វីមួយ។ ពាក់ព័ន្ធនឹងបញ្ហានេះ នៅក្នុងសវនាការព្រឹកមិញនេះ លោក សៀង រិទ្ធី បានអះអាងថា ការយកដំបងឫស្សីមកក្នុងពេលធ្វើកូដកម្មនោះ គឺយកមកដើម្បីដោតទង់តែប៉ុណ្ណោះ។

លោកអគ្គនាយក បានបន្ថែមថា ចំណុចដែលកម្មករទាំងនោះបានធ្វើការទាមទារនោះ មាន បន្ថែមប្រាក់ ២៨ដុល្លារទៀត ទៅលើប្រាក់ខែគោលរបស់កម្មករ, ថែមលុយថ្លៃបាយថ្ងៃត្រង់ ចំនួន ៣.០០០រៀល លើប្រាក់បច្ចុប្បន្នចំនួន ១.០០០រៀល, ការបន្ថែមប្រាក់បំណាច់ឆ្នាំ, ស្ត្រីមានផ្ទៃពោះ អាចឈប់សម្រាក់ ១ថ្ងៃ ក្នុង១ខែ ដើម្បីបានទៅពិនិត្យផ្ទៃពោះ, កុំកាត់ប្រាក់ខែ បើកម្មករមកយឺត ចាប់ ១០ ទៅ២០នាទី, មិនកាត់ប្រាក់អត្ថប្រយោជន៍ផ្សេងៗ ពេលធ្វើកូដកម្ម និងការដាក់បញ្ចូលសហជីពរបស់លោក សៀង រិទ្ធី ទៅជាសហជីពរបស់រោងចក្រ អប្សរា ហ្គាមិននេះ ជាដើម។ ហើយចំណុចទាំងអស់នេះ មានចំណុច ជាច្រើនខាងភាគីរោងចក្រ បានយល់ព្រម និងខ្លះទៀតកំពុងធ្វើការចរចារគ្នា ប៉ុន្តែ ពេលកំពុងធ្វើការចរចារគ្នា ក៏មានរឿងដូចរៀបរាប់ខាងលើកើតឡើងតែម្តង។

លោក កាន់ មូនីកា អគ្គលេខាធិការរង នៃសមាគមរោងចក្រកាត់ដេរ បានឲ្យដឹងថា លោក សៀង រិទ្ធី កន្លងមក មានប្រវត្តិជំរុញឲ្យមានអំពើហិង្សា និងលើកទឹកចិត្តឲ្យកម្មករធ្វើកូដកម្មខុសច្បាប់ នៅតាមរោងចក្រនានា ក្នុងប្រទេសកម្ពុជា។

លោក បន្តថា “សកម្មភាពប៉ុនប៉ងហិង្សាចុងក្រោយរបស់ ប្រធានសហជីពរូបនេះ នៅរោងកាត់ដេរ អប្សរា ហ្គាមិន ដែលសហជីពនេះ មិនមានការចុះបញ្ជីត្រឹមត្រូវតាមច្បាប់ផងនោះ គួរត្រូវថ្កោលទោសឲ្យ បានទូលំទូលាយ ថាជាអំពើខុសច្បាប់ និងបង្កអសន្តិសុខសាធារណៈ”។

លោក កាន់ មូលីកា ក៏បានអំពាវនាវទៅដល់រាជរដ្ឋាភិបាលកម្ពុជា សូមជួយទប់ស្កាត់ចំពោះ សហជីពខិលខូចមួយចំនួន ដែលតែងតែដឹកនាំ ញុះញង់កម្មករឲ្យធ្វើកូដកម្ម និងបាតុកម្មខុសច្បាប់ផង។ និងសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលផងដែរ ដែលកន្លងមកតែងតែបានជួយការពារសណ្តាប់ធ្នាប់ និងស្ថេរភាពបានយ៉ាងល្អ នៅពេលមានកូដកម្ម និងបាតុកម្ម តាមបណ្តារោងចក្រ ជាសមាជិករបស់ សមាគមកាត់ដេរកម្ពុជា។

សូមបញ្ជាក់ថា បើយោងតាមរបាយការណ៍របស់សមាគមកាត់ដេរកម្ពុជា បានឲ្យដឹងថា នៅក្នុងខែមករា ឆ្នាំ២០១៥កន្លងទៅនេះ មានកូដកម្មកើតឡើងតាមបណ្តារោងចក្រនៅទូទាំងប្រទេសកម្ពុជា មានចំនួន ១៨ករណី ដែលកូដកម្មនេះ មានការធ្លាក់ចុះច្រើន បើធៀបទៅនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៤៕

សេតវិមាន យល់ព្រម ឲ្យអង្គការ ណាសា ស្រាវជ្រាវព្រះច័ន្ទ យូរ៉ូប៉ា របស់ ភពព្រហស្បតិ៍

$
0
0

ណាសា៖ សំណើសុំធ្វើការ ស្រាវជ្រាវលើព្រះច័ន្ទ យូរ៉ូប៉ា របស់ភពព្រហស្បតិ៍ នោះត្រូវបាន សេតវិមាន សម្រេចផ្តល់ ថវិការាប់សិបលានដុល្លារ ហើយ ដើម្បីរៀបចំ បោះជំហានទៅមុខ យ៉ាងធំសម្បើម ហើយថ្ងៃមុខ មនុស្សនៅលើផែនដី នឹងបានដឹងឬ យល់ពីមុខមាត់កាន់ តែច្បាស់ របស់ព្រះច័ន្ទ ដែលមានសមុទ្រ ទឹកកកនៅលើផ្ទៃរបស់វានោះ។

នៅក្នុងសំណើសុំថវិកាជាតិសម្រាប់ឆ្នាំ ២០១៦ ដែលរៀបចំឡើងដោយរដ្ឋបាលរបស់ប្រធានា ធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ទៅកាន់សភាសម្រេចនៅដើមខែកុម្ភៈ ឆ្នាំ ២០១៥ នេះ អង្គការ ណាសា បានទទួលទឹកប្រាក់ ១៨,៥ ពាន់លានដុល្លារអាមេរិក សម្រាប់បេសកកម្ម សិក្សា ស្រាវជ្រាវ និង បង្កើតរបស់ខ្លួន ទាំងមូលសម្រាប់ឆ្នាំ ២០១៦ ដោយក្នុងនោះ ៣០លានដុល្លារ ត្រូវបានអនុម័តសម្រាប់ បេសកកម្មទៅកាន់ព្រះច័ន្ទ យូរ៉ូប៉ា។

គួរបញ្ជាក់ថា យូរ៉ាប៉ា ជាព្រះច័ន្ទមួយ ក្នុងចំណោមព្រះច័ន្ទធំៗទាំង ៤ របស់ភពព្រហស្បតិ៍ ដែលមានព្រះច័ន្ទ ហ្គានីមេដេ ធំជាងគេ បន្ទាប់មក គឺព្រះច័ន្ទ ឡូ, យូរ៉ូប៉ា, និង កាលីស្តូ។ ដោយឡែកព្រះច័ន្ទ ទាំងតូចទាំងធំ របស់ភពព្រហស្បតិ៍ គឺមានសរុបរហូតទៅដល់ ៦៧ឯណោះ ហើយចំពោះព្រះច័ន្ទធំទាំង ៤នោះ ត្រូវបានរក ឃើញដោយអ្នកវិទ្យាសាស្ត្រ ហ្គាលីឡេអូ ហ្គាលីឡៃ តាំងពីឆ្នាំ ១៦១០ មកម្ល៉េះ។

អង្គការណាសា មានគម្រោងបញ្ជូនយាន ទៅសិក្សានៅព្រះច័ន្ទ យូរ៉ូប៉ា ដូចនៅភពព្រះអង្គារ ដែរ ដើម្បីស្វែងយល់ពីភាពពិត ក្រោយយានរបស់ខ្លួនបានថតរូបព្រះច័ន្ទ នេះពីចម្ងាយ កាលពីឆ្នាំ ១៩៧៩នោះ។ យាននៅថ្ងៃអនាគត នឹង រុករកថាតើព្រះច័ន្ទ ដែលមានទំហំប៉ុន នឹងព្រះច័ន្ទរបស់ផែនដីដែរនេះ អាចឲ្យជីវិតរស់ នៅបាន ឬទេ ព្រោះវាមានសមុទ្រ ទឹកកកនៅខាងក្នុង៕

សមត្ថកិច្ច ស្រុកកៀនស្វាយ ដឹកនាំកម្លាំង ចុះរៀចំ សណ្តាប់ធ្នាប់ នៅផ្សារគគីរ

$
0
0

កណ្តាល: សមត្ថកិច្ច ស្រុកកៀនស្វាយ បានចុះរៀចំសណ្តាប់ធ្នាប់ នៅតាមកំណាត់ផ្លូវជាតិ ពិសេសមុខ ផ្សារគគីរ ស្ថិតនៅភូមិទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ដែលគណៈ កម្មការផ្សារគគីរ យកផ្លូវ សាធារណៈ អោយបងប្អូនពលរដ្ឋ លក់ដូរបែបអនាធិបតេយ្យ ត្រង់ចំណុចច្រកចូលអធិការស្រុក និងច្រកចូល ការិយាល័យអប់រំយុវជន និងកីឡា ស្រុកកៀនស្វាយ នៅព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥។

ដោយមានការរិៈគន់ពីប្រជាពលរដ្ធយ៉ាងខ្លាំងថា គណៈកម្មការផ្សារគគីរ យកផ្លូវសាធាណៈអោយប្រជាពលរដ្ឋ លក់ដូរបែបអានាធិបតេយ្យ ហើយដឹងតែដើរយកលុយភាសីុមិន បានគិតផលប៉ះពាល់ ដល់អ្នកធើ្វដំណើរ ឆ្លងកាត់ទីនោះ រាល់ថ្ងៃទេ។

បើតាមលោក ព្រុំ សំណាងអធិការរង ស្រុកទទួលផ្នែកសណ្តាប់ធ្នាប់ បានអោយដឹងថា យោងតាមបញ្ជាពីលោក ប៉ា សំអិត អធិការស្រុក បានដឹកនំាកម្លាំងចុះរៀបចំសណ្តាប់ ហើយធើ្វការណែនំាដល់ពួកគាត់សិន ដោយមិន អនុញ្ញាតអោយគាត់លក់ដូរបន្តទៀតទេ បើគាត់មិនស្តាប់ការណែនំាទេ សមត្ថកិច្ចធើ្វតាមច្បាប់ហើយ៕

លោក ហ៊ែល តួនី ដឹកនាំកិច្ចប្រជុំ ផ្សព្វផ្សាយ ការអនុវត្តន៍ ផែនការសកម្មភាព អាជ្ញាធរទន្លេសាប ឆ្នាំ ២០១៥- ២០១៧

$
0
0

នាព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលប្រជុំទីស្តីការ ក្រសួងធនធានទឹក និងឧតុនិយម (ក្បាលថ្នល់) លោក ហ៊ែល តូនី អគ្គលេខាធិការ អាជ្ញាធរទន្លេសាប តំណាង លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង ធនធានទឹក និងឧតុនិយម និងជាប្រធាន អាជ្ញាធរទន្លេសាប បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងណែនាំ ពីការចុះអនុវត្តន៍ ផែនការ សកម្មភាពការងារ របស់អគ្គលេខាធិកាដ្ឋាន នៃអាជ្ញាធរទន្លេសាប ឆ្នាំ៣០១៥-២០១៧ ដល់មន្ត្រីក្រោមឱវាទ ដោយមានសមាសភាព ចូលរួមចំនួន៦០រូប។

ផែនការសកម្មភាព ការងារនេះ បានឆ្លុះបញ្ចាំពីសកម្មភាពសំខាន់ៗ ក្នុងការចុះអនុវត្តការងារ ប្រមូល ចងក្រងព័ត៌មាន ទិន្នន័យ ដើម្បីចូលរួមចំណែកជួយលើកកំពស់ដល់ការគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍន៍ តំបន់ជុំវិញ បឹងទន្លេសាប និងតំបន់ពាក់ព័ន្ធប្រកបដោយចីរភាព។

ផែនការសកម្មភាព ការងារបានចែកចេញជា៥ ផ្នែកសំខាន់ៗ  ហើយផែនការសកម្មភាព ២០១៥-២០១៧ ចែកចេញជា៦ ទិសដៅ ១៥ ផែនការ សកម្មភាព និង៥១សកម្មភាព ដែលនឹងត្រូវអនុវត្តន៍ ដោយអគ្គលេខាធិការដ្ឋាន និងនាយកដ្ឋានជំនាញទាំង៤។

លោកបានបញ្ជាក់ផងដែរថា  ផែនការសកម្មភាពនេះ គឺជាឧបករណ៍យ៉ាងសំខាន់សម្រាប់បង្ហាញ ទិសជូនដល់មន្ត្រី ក្រោមឱវាទ ក្នុងការអនុវត្តន៍សកម្មភាពប្រចាំឆ្នាំ និងបានយល់ដឹងពីបរិបទការងារទាំងឧបស័គ្គ បញ្ហាប្រឈម និងដំណោះស្រាយនានា ដើម្បីឲ្យការអនុវត្តន៍សកម្មភាពឆ្នាំ២០១៥ នេះទទួលបានជោគជ័យ ប្រកបដោយប្រសិទ្ធភាព ព្រមទាំងមានការគាំទ្រ និងចូលរួមសហការពីក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍន៍នានា ជាពិសេសសម្រាប់ជាមូលដ្ឋានក្នុងការអនុវត្តន៍ផែនការសកម្មភាពការងារនៅជំហ៊ានបន្តទៀត៕

សពបុរស អណ្តែតក្នុង ទឹកទន្លេបាសាក់ ទាំងខ្នោះដៃជាប់នោះ ត្រូវកម្លាំងសមត្ថកិច្ច រកឃើញ អត្តសញ្ញាណ ហើយ

$
0
0

កណ្តាលៈ សពបុរសម្នាក់  ដែលត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញស្លាប់ អណ្ដែតទឹកទន្លេ បាសាក់ កាលពីវេលា ម៉ោង១ រសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅខាងក្រោយ សាលារៀនសាមគ្គី ភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្ដកណ្ដាល ដោយដៃខាងឆ្វេង របស់សព មានខ្នោះទៀតផង ត្រូវបានកម្លាំងសមត្ថកិច្ច កំណត់អត្តសញ្ញាណ ហើយ នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ជា រតនះ ហៅ ហៀង ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរជាងច្នៃត្បួងពេជ្រ ជាកូនកំព្រាឪពុកម្ដាយ ស្លាប់អស់អត់មានបងប្អូន សាច់ញាតិ រស់នៅជាមួយម្ដាយមីង មានទីលំនៅ ផ្ទះលេខ៣៤ ផ្លូវលេខ២ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ប្រភពបានបន្តថា ជនរងគ្រោះ បានចេញបាត់ពីផ្ទះ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ បានផ្តាច់ការទាក់ទង តាមទូរស័ព្ទនៅពេលល្ងាច។

ប្រភពពីសាច់ញាតិជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៥ ម្ដាយមីងនិងក្រុមគ្រួសារ បានធ្វើការទំនាក់ទំនង តាមទូរស័ព្ទមិនចូល ហើយបានរង់ចាំតែពុំឃើញត្រឡប់មកផ្ទះវិញទេ រហូតដល់ ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ វេលា ម៉ោង៥ល្ងាច ទើបបើកមើលព័ត៌មាន ឃើញមានសពអណ្ដែតទឹក នៅឃុំស្វាយរលំ ស្រុកស្អាង ខេត្តកណ្ដាល។ សាច់ញាតិជនរងគ្រោះបានបញ្ជាក់ថា សម្ភារៈដែលនៅ ជាប់ខ្លួន ជនរងគ្រោះ ក្រោយបាត់ខ្លួនរួមមាន ៖ ១-ម៉ូតូហុងដា គុប ពណ៌កាម៉ៃ តម្លៃ២៨០០ដុល្លារ ២-ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង មួយម៉ាក iphone6 ពណ៌ខ្មៅ មួយទៀត ម៉ាក iPhone 4 ពណ៌ស ៣-ចិញ្ចៀនត្រា រូបនាគដាំត្បូងពេជ្រ ០១វង់។

សូមបញ្ជាក់ថា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ កាលពីវេលាម៉ោង១ រសៀល សពបុរសម្នាក់ ត្រូវបានប្រជា ពលរដ្ឋ ប្រទះឃើញស្លាប់អណ្ដែតទឹកទន្លេ បាសាក់ ស្ថិតនៅខាងក្រោយ សាលារៀនសាមគ្គី ភូមិលេខ២ ឃុំស្វាយរលំ ស្រុកស្អាង ខេត្ដកណ្ដាល ដោយដៃខាងឆ្វេង របស់សព មានខ្នោះទៀតផង៕

ប្រធាន អង្គការម្នាក់ ដាក់កុងត្រូល ជជុះនៅកោះស្លា ត្រូវកងរាជ អាវុធហត្ថ ចាប់ខ្លួន

$
0
0

កំពត៖ មន្ទីរព័ត៌មានសន្តិសុខ នៃកងរាជអាវុធហត្ថខេត្ត បាននឹងកំពុងកសាងសំណុំរឿង បញ្ជូន ខ្លួនប្រធាន ស្នាក់ការ អង្គការម្នាក់ ទៅសាលាដំបូងខេត្ត នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ពាក់ព័ន្ធ ករណី ដាក់កុងត្រូលជជុះ ជំរិតទារប្រាក់ពីអ្នក រកស៊ីដឹកឈើ

មន្ត្រីកងរាជអាវុធហត្ថខេត្ត បានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលដឹងថា ជនសង្ស័យឈ្មោះ តឹក សែន ភេទប្រុស ជាប្រធាន ទីស្នាក់ការ អង្គការការពារបរិស្ថាន ដើម្បីសិទ្ធិពលរដ្ឋកម្ពុជា មាន ទីស្នាក់ការ នៅភូមិជ័យសេនា ឃុំតាកែន ស្រុកឈូក ខេត្តកំពត។ មន្ត្រីកងរាជអាវុធហត្ថដដែល ឲ្យដឹងទៀតថា កាលពីថ្ងៃទី០៤ ខែកុម្ភៈ លោកយី សុខឿន ប្រធានមន្ទីរអធិការកិច្ច ទំនាក់ទំនងសភា ព្រឹទ្ធសភាខេត្តកំពត បានសហការជាមួយកម្លាំង កងរាជអាវុធហត្ថ ស្រុកឈូក ចេញល្បាតរុករក និងត្រួតពិនិត្យកុងត្រូល អាណាធិបតេយ្យ តាមដងផ្លូវក្នុងភូមិសាស្ត្រ ស្រុកឈូក រហូតដល់ម៉ោង ០១រំលងអាធ្រាត្រ ចូលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ ក៏បានប្រទះឈ្មោះតឹក សែន កំពុងតែធ្វើសកម្មភាព ជំរិតទារលុយ ពីប្រជាពលរដ្ឋ ដែលកំពុងដឹកឈើតាមគោយន្តកន្ត្រៃចំនួន ២ម៉ឺនរៀល ក្រោយពីសាកសួររួច ក៏ធ្វើការឃាត់ និងនាំខ្លួន មកឃុំបណ្តោះអាសន្ន នៅកងរាជអាវុធហត្ថស្រុកឈូក ហើយព្រឹកថ្ងៃទី០៥ ក៏បញ្ជូនបន្ត មកសាកសួរ នៅឯទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងឡើងតុលាការ។

គួរបញ្ជាក់ថា ឈ្មោះតឹក សែន និងសហការី បានដាក់ទីស្នាក់ការ ខាងលើអស់រយៈពេលជាង ០៦ឆ្នាំមកហើយ អង្គការមួយនេះ តែងតែដើរធ្វើសកម្មភាព  ជំរិតទារប្រាក់ពីពួកប្រជាពលរដ្ឋរកស៊ី ដឹកឈើគ្រប់ រូបភាព នៅក្នុងភូមិសាស្ត្រនោះ ហើយធ្លាប់មានកើតរឿងជាច្រើនករណី ជុំវិញនឹងការដាក់កុងត្រូលជជុះនេះ រហូតមកដល់ថ្ងៃ មុនបោះឆ្នោតក្នុងអាណត្តិនេះ ដោយសារមានបាតុភាពច្រើន ទើបលោកអភិបាលខេត្តកំពត ខូយ ឃុនហ៊ួរ បានបិទជាផ្លូវការ មិនអនុញ្ញាតឲ្យ អង្គការមួយនេះធ្វើសកម្មភាពបន្តទៅទៀតឡើយ រួមនឹងអង្គការមួយចំនួន ផ្សេងទៀតផងដែរ។

ដោយឡែក លោកតឹក សែន មិនបានអនុវត្តតាមលោកអភិបាលខេត្តនោះទេ តែងតែប្រើគ្រប់រូបភាព ក្នុងសកម្មភាព ល្មើសប្រាស់ចាកពីច្បាប់ នៅតែលបលួចដាក់កុងត្រូលអាណាធិបតេយ្យ បង្កើតកម្លាំងខុសច្បាប់ ដើរទារលុយ អ្នករកស៊ីឈើ ក្នុងក្របខ័ណ្ឌ ដើម្បីបំរើផលប្រយោជន៍ផ្ទាល់ ខ្លួនតែប៉ុណ្ណោះឯង៕

ប្រធានា ធិបតីបារំាង និងអធិការបតី អាល្លឺម៉ង់ នឹងធ្វើដំណើរ ទៅទីក្រុង កៀវ ដើម្បីដោះស្រាយ វិបត្តិអ៊ុយក្រែន

$
0
0

ប៉ារីស៖ ប្រធានាធិបតីបារំាង លោក ហ្រ្វង់ស្វ័រ ហូឡង់ និងអធិការបតីអាល្លឺម៉ង់ គឺលោកស្រី អេនជឺឡា ម៉ាគែល នឹងធ្វើដំណើរ ទៅទីក្រុង កៀវ សម្រាប់កិច្ចខិតខំប្រឹងប្រែងថ្មី ដើម្បីដោះស្រាយ ដោយសន្តិវិធី នៃវិបត្តិអ៊ុយក្រែន ក្នុងពេលដែលវិបត្តិនេះ កំពុងមានភាពតានតឹង ក្នុងតំបន់។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងដោយ ផ្អែកតាមការ លើកឡើងរបស់លោក ហូឡង់ថា «ប្រទេសអ៊ុយក្រែន កំពុងស្ថិតក្នុងសង្គ្រាម និងបានប្រើប្រាស់អាវុធធុនធ្ងន់ ចំណែកជនស៊ីវិលត្រូវបានសម្លាប់ជារៀងរាល់ថ្ងៃ។ ខ្ញុំ និងលោកស្រី ម៉ាគែល បានសម្រេចចិត្តហើយថា នឹងបង្កើតដំណោះស្រាយថ្មី ហើយពួកយើងនឹងធ្វើដំណើរទៅកាន់ទីក្រុង កៀវនៅរសៀលនេះតែម្តង»។

មេដឹកនំាកំពូលទំាងពីរដែលបានបំបែកភាពទ័លច្រកកាលពីកិច្ចប្រជុំដំបូង ជាមួយអ៊ុយក្រែន និងប្រទេស រុស្ស៊ី កាលពីខែមិថុនា ឆ្នាំ២០១៤ ក៏គ្រោងនឹងពិភាក្សាសំណើថ្មីជាមួយប្រធានាធិបតីអ៊ុយក្រែន លោក ភីតត្រូ ផរ៉ូហ្សិនកូ នៅពេលបន្ទាប់ រួមទំាងជាមួយប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន នៅថ្ងៃសុក្រផងដែរ។

ជាមួយគ្នានោះដែរ ប្រធានាធិបតីបារំាង លោក ហ្វ្រង់ស្វ័រ ហូឡង់ បាននិយាយថា លោកនឹងមិនគំាំទ្រឲ្យអ៊ុយក្រែន ចូលជាសមាជិករបស់អង្គការណាតូឡើ៕


សមត្ថកិច្ច ឃាត់ខ្លួន ប្រុសស្រី៣នាក់ រួមទាំង គ្រឿងញៀន មួយចំនួន

$
0
0

បន្ទាយមានជ័យ៖ កម្លាំងនគរបាលការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ សហការជាមួយ កម្លាំងនគរបាល ក្រុងប៉ោយប៉ែត បាន តាមប្រមាញ់ និងបង្ក្រាបករណី គ្រឿងញៀន រួមទាំងឃាត់ខ្លួន ជនសង្ស័យ ប្រុសស្រី៣នាក់ រួមទាំងវត្ថុតាងគ្រឿងញៀនប្រភេទក្រាម ពណ៌ស (ទឹកកក) បានមួយចំនួនធំ  និងវត្ថុតាង ផ្សេងៗមួយចំនួនទៀត។

ហេតុការណ៍បង្ក្រាបករណីគ្រឿងញៀនខាងលើនេះ បានធ្វើឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០១៥ ត្រង់ចំណុច ជិតហាងលក់ទូរស័ព្ទដៃ វុយ សេង ក្នុងបន្ទប់ជួល ស្ថិតនៅភូមិក្បាលកោះ សង្កាត់-ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក ធិន សុិនដេត នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានពី មហាជន និងកម្លាំងជំនាញសម្ងាត់ របស់លោក តាមដានស្រាវជ្រាវទល់តែថ្ងៃនេះ ទើបឈានដល់ការបង្ក្រាបបានលទ្ធផលល្អតែម្តង។

ជនសង្ស័យខាងលើរួមមាន ទី១,ឈ្មោះ ហង្ស សុគា ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ត្រូវបានកម្លាំង របស់សមត្ថកិច្ច ប្រមាញ់បាននៅចំណុចក្បែរ អាំងចិញ្ចឹមក្រពើ និងដកហូតបានគ្រឿងញៀន ផងដែរ(ចែកចាយបន្ត)  ជនសង្ស័យទី២ ឈ្មោះ សាត សីហា ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅបន្ទប់ជួលលេខ ១២៥ (ជួញដូរ) រស់នៅភូមិយាងថ្មី ឃុំកូប សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត និងជនសង្ស័យទី៣, ឈ្មោះ សុខ ស្រីរ័ត្ន ភេទស្រី អាយុ២៣ឆ្នាំ រស់នៅភូមិអូរឬស្សីលើ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

សមត្ថកិច្ចបានដកហូតបានរួមមាន គ្រឿងញៀន ម៉្សៅក្រាម សថ្លា ចំនួន៩ថង់ ក្នុងនោះចំនួន៨ថង់ធំ និង១ថង់តូច ,គ្រឿងញៀនមេតំហ្វេតាមីន ពណ៌ផ្កាឈូក ចំនួន១គ្រាប់កន្លះ ,សំបកថង់១ដុំ ,ដែកកេះ ៦ ,ក្រដាសអាលុយមីញ៉ូម ១ដុំធំ ,ស្គុតពណ៌ផ្កាឈូក១ដុំ ,ទូរស័ព្ទដៃ២គ្រឿង ,ជញ្ជីងថ្លឹងគ្រឿង ១គ្រឿង និងរថយន្តកាមរីឆ្លាម១គ្រឿងផងដែរ។

បច្ចុប្បន្នកម្លាំងនគរបាលជំនាញ បានសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីផ្លូវច្បាប់៕

បណ្តារដ្ឋមន្រ្តី ការពារជាតិ របស់ណាតូ ចាប់ផ្តើម កិច្ចប្រជុំនៅទីក្រុង ព្រុចសែល

$
0
0

ព្រុចសែល៖ បណ្តារដ្ឋមន្រ្តីការពារជាតិ របស់អង្គការណាតូ បានប្រមូលផ្តុំគ្នា នៅក្នុងកិច្ចប្រជុំ នៅថ្ងៃព្រហស្បតិ៍ ទី០៥ ដើម្បីពិភាក្សាគ្នា អំពីការអនុវត្តផែនការ សកម្មភាពត្រៀម រួមទំាងបញ្ហាក្នុង វិបត្តិអ៊ុយក្រែនផងដែរ។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែកតាម សេចក្តីថ្លែងការណ៍ ដែលចេញដោយលោក ជេន ស្តូលថិនប៉ើក អគ្គលេខាធិការអង្គការណាតូថា «នេះជាពេលវេលាមួយ ដ៏មានសារៈសំខាន់ សម្រាប់បញ្ហាសន្តិសុខ នៅអឺរ៉ុប និងនៅទូទំាងពិភពលោក»។

ផែនការសកម្មភាពត្រៀមរបស់ណាតូ ត្រូវបានអនុម័តនៅក្នុងកិច្ចប្រជុំកំពូលនៅប្រទេស វែល ដើម្បីផ្តល់ឲ្យចេញបញ្ជា និងការត្រួតពិនិត្យបឋម នៅក្នុងរដ្ឋ Baltic States, ការធ្វើឲ្យប្រសើរឡើងនៃផែនការការពារជាតិ ដោយអនុលោម ជាមួយនឹងការគម្រាមកំហែងណាមួយពិតប្រាកដ រួមទំាងការបង្កើតការត្រៀមកម្រិតខ្ពស់ឆាប់រហ័ស ដើម្បីឆ្លើយតបដោយប្រើប្រាស់កម្លំាង៕

ក្រុមយុវជន ក្រុងប៉ោយប៉ែត នាំយកកង់ថ្មី ប្រគល់អោយ សិស្សម្នាក់កំព្រា ឪពុកម្តាយ និងកំពុងមានជំងឺ

$
0
0

បន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០១៥ ក្រុមយុវជនក្រុងប៉ោយប៉ែត បាននាំយក អំណោយចែកជូន សិស្សានុសិស្សម្នាក់ ដែរខ្វះខាត់ និងកំព្រាឪពុកម្តាយ រស់នៅជាមួយលោកយាយជរា ។ ការចុះជួយនិងប្រគល់ជូនកង់ថ្មី ១គ្រឿ និងខោអាវ នៅក្នុងសាលាអនុវិទ្យាល័យ អូរឬស្សី និងការចង្អុលបង្ហាញ ពីលោកង៉ោ ម៉េងជ្រួន ប្រធាន គណបក្សប្រជាជនកម្ពុជា ក្រុងប៉ោយប៉ែត  ក្រោយការដឹកនាំកម្លាំង យុវជនផ្ទាល់ដោយអ៊ុយ ច័ន្ទរិទ្ធ ប្រធានយុវជនក្រុង លោកសុខ ពេញណន សមាជិកយុវជន លោកឡាច ប៊ុនលីម សមាជិកយុវជនក្រុង និងសមាជិកយុវជនក្រុងជាច្រើន រូបផងដែរ។

សិស្ស យ៉ែម សីហា ភេទប្រុស អាយុ១៥ ថ្នាក់ទី៨ រស់នៅអនុវិទ្យាល័យអូរឬស្សី ត្រូវជាប្រុសបង្កើតលោកយាយ មុំ យឿន អាយុ៦៩ឆ្នាំ  រស់នៅភូមិអូរនាង សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ សិស្សយ៉ែម សីហា ទទួលបានកង់ថ្មី ១គ្រឿង កាបូបស្ពាយថ្មី១ ខោអាវកីឡា ២កំផ្លេរ និងថវិការមួយចំនួនផងដែរ។

សូមបញ្ជាក់ថា លោកឡាច ប៊ុនលីម បានឧបត្ថម្ភកង់ខាងលើនេះ ទាំងស្រុងតែម្តង ចំណែកឧបករណ៍ផ្សេងៗ គឺក្រុមយុវជន។ ជាមួយគ្នានេះ ក្រុមយុវជនបានសហការជាមួយអាជ្ញាធរមូលដ្ឋាន ភូមិបាលិលេយ្យ២ សង្កត់-ក្រុងប៉ោយប៉ែត នាំយកអំណោយ ១គ្រួសារដែលខ្វះខាត់ និងមានជំងឺស្លាប់មួយចំហៀងខ្លួនផងដែរ  រួមមាន អង្ករ ៥០គីឡូក្រាម មី ១កេស ទឹកស៊ី ទឹកត្រី ២យួរ ស្ករស ១គីឡូក្រាម  អំបិល ១គីឡូក្រាម ប៊ីចេង ១គីឡូក្រាម និងថវិកា១៥ ម៉ឺនរៀលផងដែរ។

លោកតា ហង្ស សាន្ត អាយុ៦៦ឆ្នាំ កំពុងមានជំងឺស្លាប់មួយចំហៀងខ្លួន និងភរិយា សេង ហួយ អាយុ៥៩ ឆ្នាំ គ្មានកូនចៅ គ្មានជំរកត្រឹមត្រូវ ត្រូវម្ចាស់ផ្ទះអោយស្នាក់ នៅក្នុងខ្ទមខាងមុខផ្ទះ៕

រកឃើញ ផ្នូរបុរាណ៣ ក្នុងរូងភ្នំ នៅខេត្តស៊ីនជាំង ប្រទេសចិន

$
0
0

URUMQI៖ ក្រុមបុរាណវិទូ របស់ប្រទេសចិន បានបញ្ជាក់ព័ត៌មាន លម្អិតថា ក្នុងរូងភ្នំមួយ ដ៏ជ្រៅស្ថិតនៅទីក្រុង ស្វយ័ត Tashkurgan Tajik នៃតំបន់ខ្ពង់រាប ស៊ីនជំាង ពួកគេបានប្រទះឃើញ ផ្នូរសាកសពនៅតាមច្រាំងថ្ម ចំនួន ៣ទីតាំង។

តាមសារព័ត៌មាន ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃ ព្រហស្បតិ៍ ទី ៥ ខែកុម្ភៈ ឆ្នាំ ២០១៥ ឲ្យដឹងថា ផ្នូរក្នុងរូងភ្នំដ៏ខ្ពស់ និង ជ្រៅនោះមានចំនួន៣ ដែលឃើញនៅជាប់ច្រាំងថ្ម ចោទហើយខ្ពស់ក្រោយពីអ្នកបុរាណវិទូបានស្រាវជ្រាវ ចាប់ពី ឆ្នាំ២០១៤មក ។ នេះ បើយោងតាមលោក អៃតៅអ្នកបុរណវិទ្យាមកពីវិទ្យាស្ថានបុរាណស៊ីនជាំងបានឲ្យដឹង។

លោក អៃ បន្ដថា លោក បានប្រទះឃើញឆ្អឹងកូនក្មេងនៅជាប់នឹងរូងថ្ម ដែលនេះ ជារឿង កម្រមួយក្នុងប្រទេសចិន ប៉ុន្ដែសម្រាប់តំបន់ Tashkurgans វិញគេបានរកឃើញទារកស្លាប់ក្នុងផ្ទៃម្ដាយបានកាប់នៅក្នុងច្រាំងថ្ម ដែលមានអាយុកាលរហូតដល់ទៅបីទសវត្សរ៍មុន គ.ស ឯណោះ។

សូមបញ្ជាក់ថា ការបញ្ចុំសពនៅក្នុងរូងថ្មបែបនេះ គេធ្លាប់បានរកឃើញនៅក្នុងបណ្ដាលខេត្ដភាគនិរតី របស់ចិនកន្លងមកដែរ ដូចជាខេត្ដយូណាន និងខេត្ដ គួយចូវ ក្រោយពីការស្រាវជ្រាវដែលចាប់ផ្តើមលើទីតាំង មានអាយុកាលយ៉ាងយូរគឺ ៤.០០០ឆ្នាំមកហើយ៕

ស្ត្រីចំណាស់ម្នាក់ ប្តឹងនគរបាល ឲ្យចាប់ជន៤នាក់ ពីបទរំលោភ សេពសន្ថវៈ

$
0
0

កំពង់ចាម៖ កម្លាំងនគរបាល នៃការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាម ជាមួយការ ឯកភាពពីស្ថាប័នអយ្យការ អមសាលាដំបូងខេត្ត បានចុះស្រាវជ្រាវ និងឈានទៅឃាត់ខ្លួន បុរស៤នាក់ កាលពីថ្ងៃទី៤ ខែគុម្ភៈ ឆ្នាំ២០១៥ នៅភូមិអូរឬស្សី ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោយពីមានពាក្យបណ្តឹងរបស់ស្ត្រីម្នាក់ បានប្តឹងជនសង្ស័យ ទាំង៤នាក់នោះ ពីបទល្បួងបង្អកស្រាឲ្យស្រវឹង រួចចាប់រំលោភ បានសម្រេចម្តងម្នាក់ៗ កាលពីយប់ ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥កន្លងទៅ។

លោក ទុំ ចាន់ណា នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានមានប្រសាសន៍ឲ្យដឹងថា ស្ត្រីរងគ្រោះ អាយុ៥១ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុ ។ លោក នាយការិយាល័យ ឲ្យដឹងទៀតថា តាមស្ត្រីរងគ្រោះ បានប្តឹងសមត្ថកិច្ចកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង៩យប់ ស្ត្រីរងគ្រោះ និងបុរស៤នាក់ បាននាំគ្នាផឹកស្រា ។លុះបន្ទាប់មក ជនសង្ស័យទាំង៤នាក់ បានល្បួងបង្អកស្រាធ្វើឲ្យគាត់ស្រវឹង រួចនាំគ្នារំលោភគាត់ ម្តងម្នាក់ៗ បានសម្រេចទាំងអស់គ្នា ។

លោក នាយការិយាល័យបន្តថា ក្រោយពីមានពាក្យប្តឹងនោះ កម្លាំងសមត្ថកិច្ចនគរបាល នៃការិយាល័យ ព្រហ្មទណ្ឌកម្រិតធ្ងន់ ក្រោមបទបញ្ជា របស់លោក លោក ឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពី លោក ជីវ ចាន់តារា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានចុះស្រាវជ្រាវ ដល់កន្លែង កើតហេតុ រហូតឈានទៅឃាត់ខ្លួន បុរសទាំង៤នាក់នោះ ជាបន្តបន្ទាប់។ ជនសង្ស័យរួមាន ១ឈ្មោះ រ៉េត ម៉ាប់ អាយុ៣១ឆ្នាំ ២ឈ្មោះ ចែម ចេន អាយុ៣៧ឆ្នាំ ៣ឈ្មោះ ស្រេង ក្រូច អាយុ៣៨ឆ្នាំ ៤ឈ្មោះ ឆូយ ឆាយ អាយុ២៩ឆ្នាំ អ្នកទាំង៤ រស់នៅភូមិខ្ទួយទី៣ ឃុំអូរម្លូ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

ក្រោយឃាត់ខ្លួន ជនសង្ស័យត្រូវបាន នាំយកមកសាកសួរ នៅការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្តកំពង់ចាម ។ ជាមួយគ្នានោះ ជនសង្ស័យទាំង៤នាក់ បានឆ្លើយសារភាពថា ពួកខ្លួនពិតជា បានប្រព្រឹត្តរំលោភលើស្ត្រីរងគ្រោះ បានសម្រេចម្តងម្នាក់ ពិតប្រាកដមែន ។ ហើយជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងខេត្តកំពង់ចាម ចាត់ការទៅតាមនីតិវិធី៕

ជនវិកលចរិកម្នាក់ ត្រូវអ្នកភូមិ ស្មានថាចោរ ចូលលួចគោ នាំគ្នាព្រួតវាយ រហូតស្លាប់

$
0
0

កំពង់ស្ពឺៈ បុរសវិកលចរិកម្នាក់ ត្រូវបានប្រជាពលរដ្ឋ នាំគ្នាព្រួតវាយបណ្តាល ឲ្យស្លាប់ភ្លាមៗ ខណៈ ជនរងគ្រោះរូបនេះ ដើរចូលក្រោយភូមិ ហើយអ្នកភូមិស្មានថា ជាចោរបម្រុងលួចគោ ហើយជនសង្ស័យ២នាក់ ត្រូវបាន កម្លាំងសមត្ថកិច្ច ឃាត់ខ្លួន យកមកសួរនាំ។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ១០ និង ៤៥នាទី យប់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិស្រែអំបិល ឃុំត្រពាំងគ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

តាមប្រភពពីសមត្ថកិច្ចបានទម្លាយឲ្យដឹងថា នៅពេលកើតហេតុ ក៏មាននគរបាលម្នាក់ទៅឃាត់ការធ្វើសកម្មភាព របស់ប្រជាពលរដ្ឋមិនឲ្យវាយទៅលើជនរងគ្រោះនោះទេ ព្រោះនគរបាលខាង លើបានស្គាល់អត្តសញ្ញាណ ជនរងគ្រោះនោះ ជាជនវិកលចរិក តែប្រជាពលរដ្ឋមិនព្រមស្តាប់ហើយបានធ្វើការដេញវាយរហូតដល់ស្លាប់តែម្តង។

តាមប្រភពពីម្តាយរបស់ជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ នួន ពុតធា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិជ្រៃមង្គល ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានស្មារតីមិនល្អតាំងពី កើតមកម្លេះ។

សពជនរងគ្រោះត្រូវបានជនសង្ស័យ២ នាក់ ដែលអ្នកភូមិ បានអូសយកទៅដុតនឹងធាងដូងនៅចំណុចផ្លូវ រទេះភ្លើងជំនាន់ប៉ុលពត ខាងលិចភូមិបាញ់កង្កែបប្រហែល៥០០ម៉ែត្រ។

 បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកជនសង្ស័យទាំង ពីរនាក់ត្រូវឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីសាកសួរបន្ត៕

វេទិកាមិត្ដអ្នកអាន ៖ សុំសរសើរអ្នក វិភាគ លោកសុខ សាន្ត

$
0
0

ដោយ ៖ ទុំ សុមាល័យ

តាមការពិតស្មេរខ្ញុំ ទុំ សុមាល័យ បានបាត់ឈ្មោះបោះសំឡេង ១១ឆ្នាំហើយពីទំព័រកាសែតមនសិការខ្មែរ ដែលជាកាសែតប្រឆាំងរដ្ឋាភិបាល ដឹកនាំដោយគណបក្សប្រជាជន តែជាកាសែត ប្រឆាំងគាំទ្រគណបក្សសមរង្ស៊ី ឥឡូវគណបក្ស សង្គ្រោះជាតិ ។

នៅពេលនេះ ស្មេរខ្ញុំទើបតែសាកល្បង សរសេរត្រួសៗឱ្យកាសែតដើមអម្ពិល ម្តងម្កាល ដែលកាសែតនេះ ឈ្មោះដើមអម្ពិល បានបដិសន្ធិឡើង នៅក្បែរ អតីតវិមានរដ្ឋសភា ដែលមានលោកសយ សុភាព ជាបណ្ណាធិការ ក្រោយពីលោកត្រូវបានអ្នកនយោបាយពឹងពាក់ឱ្យឆ្លើយឆ្លងលិខិតទៅវិញទៅមក រហូតបាន អ្នកនយោបាយជាសះគ្នា លោកក៏បានបង្កើតកាសែតនេះ ឡើង ដើម្បីទុកជាអនុស្សាវរីយ៍។

ថ្ងៃនេះ ខ្ញុំចង់បញ្ចេញទស្សនៈខ្លី ចំពោះ អ្នកវិភាគលោកសុខ សាន្ត ដែលសំណេររបស់ លោកតែងតែបង្ហើតាមកាសែតភ្នំពេញប៉ុស្ដិ៍ ជាភាសាខ្មែរជាច្រើនមកហើយ រាប់ទាំងថ្ងៃនេះ ភ្នំពេញប៉ុស្ដិ៍ បានចុះផ្សាយអត្ថបទរបស់លោក ក្រោមចំណងជើងថា “បើវាផុយស្រួយបែបនេះ ឱ្យបែកទៅចុះ” ។ នៅក្នុងអត្ថបទរបស់លោកជារបៀបលិខិតមិត្ដអ្នកអាន លោកបានលើកឡើងនូវឈ្មោះអ្នក វិភាគផ្សេងៗមួយចំនួនទៀត ដែលការវិភាគរបស់ពួកគេ ភាគច្រើនលើសលុបលំអៀងទៅរកគណបក្សសង្គ្រោះជាតិ វាយប្រហារគណបក្សប្រជាជន ដៀលត្មេះអ្នកនយោបាយជើងចាស់ ដូចជា សម្ដេចក្រុមព្រះ និងមាក់ងាយអ្នកបណ្ឌិតមួយ ចំនួន ដែលមានបំណងបង្កើតបក្សនយោបាយ ដើម្បីប្រកួតប្រជែងនៅពេលខាងមុខ ។ ខ្ញុំក៏ធ្លាប់បានអានអត្ថបទពួកគេ ដោយយកចិត្ដទុកដាក់ ប៉ុន្ដែការវិភាគរបស់ពួកគេ សុទ្ធតែអ្នកដឹកនាំគណបក្សសង្គ្រោះជាតិខ្លាំងដ៏មហិមា ខណៈដែលពួកគេកំពុងតែដឹកនាំគណបក្សប្រឆាំង ហើយថ្មីៗនេះ ទើបបានតំណែងជាប្រធានក្រុមសភាភាគតិច ខណៈដែលអនុប្រធានអង្គុយកៅអីខ្ពស់ជាង គឺអនុប្រធានទី១រដ្ឋសភា  ។ អ្វីដែលគួរឱ្យ អស់សំណើចការវិភាគរបស់គេចុងក្រោយ ដោយប្រៀបធៀបសម្ដេចហ៊ុន សែន ទៅនឹង ត្រីបក រីឯសម រង្ស៊ី និងកឹម សុខា ទៅនឹង សេះទឹម ។ ហើយត្រីបកនេះ គឺដើរមកដល់ សភាពទាល់ច្រក ។ វាពិតជាគួរឱ្យខ្មាសអៀន ណាស់ ដែលត្រីបកដើរមកដល់ទាល់ច្រក អ្វីដែលវាកំពុងតែលើកឡើងហើយកាន់ប្រត្យក្ស គឺត្រីបក កំពុងកាន់អំណាច ហើយឥទ្ធិពលនៅ តែមានដដែល រីឯសេះទឹម ដែលលោកអ្នកវិភាគថាខ្លាំងនោះ ម៉ោងនេះ ជាបក្សប្រឆាំងតែប៉ុណ្ណោះ ។

ខ្ញុំសូមកោតសរសើរ លោកសុខ សាន្ត ដែលអត្ថបទវិភាគរបស់លោក មានលក្ខណៈ យុត្ដិធម៌ច្រើន ចំពោះអ្នកនយោបាយ ក៏ដូចជា អ្នកវិភាគនយោបាយ ដែលមានបំណងបង្កើត បក្សនយោបាយ ហើយបានបង្ហាញទស្សនៈទូលំ ទូលាយលើកទឹកចិត្ដដល់អ្នកនយោបាយឬ ពលរដ្ឋខ្មែរ ដែលមានបំណងធ្វើនយោបាយ ឱ្យចូលរួមចំណែកនៅក្នុងសង្គម វាខុសពីអ្នក វិភាគផ្សេងទៀត ដែលរារាំងគេបង្កើតបក្ស នយោបាយ ក៏ដូចជាការមើលស្រល អតីត អ្នកនយោបាយជាន់ខ្ពស់ ដូចជាសម្ដេចក្រុម ព្រះនរោត្ដមរណឫទ្ធិ យាងមកដឹកនាំគណបក្ស ហ្វ៊ុុនស៊ិនប៉ិច ។ អ្នកវិភាគទាំងនោះ ដោយចោទគេឯងថា មកបំបែកបំបាក់អ្នក ប្រជាធិបតេយ្យ ឬជាមនុស្សដែលគណបក្ស កាន់អំណាចប្រើឱ្យបំបែកសំឡេងជាដើម ។

មិនតែប៉ុណ្ណោះ យើងក៏ធ្លាប់ឃើញអតីត អ្នកដែលបានស័ក្ដិយស ដោយសារសម្ដេច ក្រុមព្រះ ដូចជា លោកស្រីមូរ សុខហួរ ជាដើម បានមើលស្រាល ចំពោះ សម្ដេចក្រុមព្រះ ក៏ដូចជាអ្នកវិភាគ លោកកែម ឡី យ៉ង សាំងកុមារ ចោទពួកគាត់ ហើយរារាំងមិនឱ្យគេទៅបង្កើតបក្ស ព្រមទាំងលាបពណ៌សុទ្ធតែអាយ៉ងយួនជាដើម ។ គេនៅចាំថា លោកស្រីមូរ សុខហួរ ដែលធ្លាប់បានតំណែងរដ្ឋមន្ដ្រីក្រសួងកិច្ចការ នារី ដោយសារតែដើរបាំងឆ័ត្រឱ្យម្ចាស់ក្សត្រី ម៉ារី កាលពីឆ្នាំ១៩៩៨ ពេលនោះអ្វីៗ ក៏សម្ដេចក្រុមព្រះ ហ្វ៊ុនស៊ិនប៉ិច ល្អគ្រប់១០ ផ្ទុយទៅវិញ ជេរ សមរង្ស៊ី កប់ៗមាត់ ថា សុទ្ធតែពូជក្បត់ជាតិ ។ ល ។ ដល់ពេលលោកស្រី មូរ សុខហួរ ទៅជ្រកជាមួយត្រកូលក្បត់ជាតិ បែរជាបកមកវាយប្រហារ ត្មេះដៀល សម្ដេច ក្រុមព្រះ និងហ្វ៊ុនស៊ិនប៉ិច សុទ្ធតែចោលម្សៀត ហើយដើរគៀងគរគេឯងឱ្យជួយជេរ រួមទាំងឱ្យអ្នកកាសែតជួយជេរផងដែរ ។ បើសិនជាអ្នកទាំងនោះ មិនបានជួយជេរ ចោទគេសុទ្ធតែបម្រើដាច់ថ្លៃឱ្យគណបក្សប្រជាជន ។ អ្នកនយោបាយប្រភេទមូរ សុខហួរ គួរកុំសេពគប់ និងកុំយកខ្លួនបៀត ព្រោះសុទ្ធតែប្រភេទអ្នកនយោបាយ ដល់ត្រើយដុតស្ពាន ឬនិយាយឱ្យស្រួលស្ដាប់ ដល់ ត្រើយសើយគូទ ក្រពើវង្វេងបឹង ។

ជាថ្មីម្ដងទៀត ខ្ញុំ ទុំ សុមាល័យ សូមគាំទ្រ និងលើកទឹកចិត្ដ ចំពោះលោកសុខ សាន សុំ ឱ្យការរួមយោបល់របស់លោក តាមរយៈ លិខិតមិត្ដអ្នកអាន មិនថាតែនៅកាសែត ភ្នំពេញប៉ុស្ដិ៍ ឬគេហទំព័រផ្សេងទៀតនោះទេ  សូមឱ្យលោកទទួលបានជោគជ័យ ដើម្បីឱ្យ សង្គមជាតិយើង រីកចំរើនទៅមុខ ។

ចូលរួមផ្តល់យោបល់ តាមរយៈ អ៊ីមែល tumsomalay@gmail.com


លោកបណ្ឌិត កែម ឡី ជួបប្រជាពលរដ្ឋ ៤៥រូប មាននិន្នាការ មកបណ្ដាញ សង្គមខ្មែរដើម្បីខ្មែរ ពន្យល់ពីការ សន្សំប្រាក់

$
0
0

ភ្នំពេញ៖ ពីម៉ោងប្រមាណ ១២ និង៣០នាទី ដល់ម៉ោង ២រសៀល ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ នៅឃុំ ធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង លោកបណ្ឌិត កែម ឡី ជាមេបណ្ដាញសង្គមខ្មែរ ដើម្បីខ្មែរ ម្នាក់ដែរនោះ បានចុះទៅជួបប្រជាពលរដ្ឋ ៤៥នាក់ ដែលមាននិន្នាការ មកខាងបណ្ដាញសង្គមខ្មែរ ដើម្បីខ្មែរ និងមានអ្នកខ្លះចង់បង្កើត គណបក្សមូលដ្ឋានផងដែរ ដើម្បីពន្យល់ ពីការសន្សំប្រាក់ នៅតាមមូលដ្ឋាន។

លោកបណ្ឌិត កែម ឡី បានពន្យល់ថា ភាពក្រីក្ររបស់ប្រជាពលរដ្ឋមានច្រើនចំណុច ប៉ុន្តែមានចំណុចមួយក៏មកពី ប្រជាពលរដ្ឋខ្លួនឯងដែរ គឺការចាយវាយទៅលើរឿងមិនសូវមានប្រយោជន៍ ដូចជា ផឹកកាហ្វេច្រើនកែវក្នុងមួយថ្ងៃ ក៏ដូចផឹកស្រា ស្រាបៀរ ជក់បារី...ដូច្នេះបើសិនអ្នកទាំងនោះ កាត់បន្ថយការផឹកនិងជក់តែពាក់កណ្ដាល ហើយលុយពាក់កណ្ដាលនោះយកមកសន្សំរួមគ្នានៅមូលដ្ឋានឃុំរបស់ខ្លួន ក៏អាចកាត់បន្ថយភាពក្រីក្របានដែរ។

លោកបានមានប្រសាសន៍បញ្ជាក់ប្រាប់ទៅប្រជាពលរដ្ឋទាំងអស់នោះថា «បើសិនបងប្អូនសម្រេចចិត្តយល់ព្រមថាសន្សំ គឺយើងកំណត់ថ្ងៃជួបគ្នាលើកក្រោយទៀត ខ្ញុំនឹងយកអ្នកជំនាញខាងសន្សំប្រាក់មកពន្យល់ ឲ្យបានច្បាស់លាស់អំពីលក្ខខណ្ឌ នៃការសន្សំ ដោយយកឯកសារមកផងដែរ បន្ទាប់មកបង់ប្រាក់ចូលសន្សំតែម្តង ហើយប្រាក់សន្សំនេះ បងប្អូនអាចខ្ចីបាន ដើម្បីយកទៅពង្រីកមុខរបរ ឬបង្កើតមុខរបរថ្មី»។

ប្រជាពលរដ្ឋចំនួន៤៥នាក់នេះ មកពីឃុំចំនួន៥ នៃស្រុកបាភ្នំ ខេត្តព្រៃវែង គឺមាន ឃុំធាយ, ឃុំស្ពឺ «ក»ឃុំស្ដៅក្រោម, ឃុំបឹងព្រះ និងឃុំរក្សជ័យ។ តាមការសង្កេតផ្ទាល់ គឺពួកគេមានសន្ទុះទឹកចិត្តយ៉ាងខ្លាំង ចង់សន្សំប្រាក់នៅមូលដ្ឋានរបស់ខ្លួន ចំពោះកាលបរិច្ឆេទជួបគ្នាលើកក្រោយមិនទាន់បានកំណត់នៅឡើយទេក្នុងពេលជួបជុំគ្នានោះ ដោយទុកឲ្យខាង ប្រជាពលរដ្ឋជាអ្នកកំណត់៕

នាយឧត្តម សេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត សភានគរបាល កម្ពុជា ចុះសួរសុខទុក្ខ និង សំណេះសំណាល ដល់កម្មសិក្សាការី នគរបាលជាតិ ភូមិភាគ៦

$
0
0

កំពង់ឆ្នាំងៈ លោក នាយឧត្តមសេនីយ៍ សេង ផល្លី ប្រធានបណ្ឌិត សភានគរបាលកម្ពុជា និងប្រតិភូអមដំណើរ នៅព្រឹកថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំបានចុះសួរសុខទុក្ខ និងសំណេះសំណាល ដល់សិក្ខាកាម ជានគរបាល ដែលកំពុងសិក្សា នៅសាលានគរបាល ភូមិភាគ៦ ខេត្តកំពង់ឆ្នាំង ។

លោកឧត្តមសេនីយ៍ត្រី រត្ន័ ចំរើននាយកសាលានគរបាលជាតិ ភូមិភាគ៦ បានថ្លែងអោយដឹងថា អនុវត្តតាម ប្រកាសលេខ៣៦៥៣ ប្រ.ក ចុះថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៤ ក្រសួងមហាផ្ទៃសាលា នគរបាលជាតិ ភូមិភាគ៦បាននឹង កំពុងដំណើរការ វគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈ នគរបាលសម្រាប់បេក្ខជនជ្រើសរើស ថ្មីអោយចូលបំរើក្នុង ករបខណ្ឌនគរបាលជាតិឆ្នាំ២០១៤ (ជំហានទី១) មានចំនួន១៧៣នាក់ ស្រី២៧នាក់ អត្តមានម្នាក់ ។ នៅក្នុងនោះ ១-ស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន៨០នាក់ ស្រី១៦នាក់ ២-ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន៥៥នាក់ ស្រី៥នាក់ ៣-ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ចំនួន៣៨នាក់ ស្រី៦នាក់ ដែលមានកម្រិតវប្បធម៌ ទុតិយភូមិចំនួន៨៣នាក់ ថ្នាក់បរិញ្ញាប័ត្រចំនួន៨៨នាក់ និងថ្នាក់បរិញ្ញាបត្រ័ជាន់ខ្ពស់ចំនួន១នាក់ ដែលចាប់ផ្តើមសិក្សាចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ សិក្សារយៈពេល២ខែ ត្រូវបញ្ចប់នៅថ្ងៃទី២៥ ខែធ្នូឆ្នាំ២០១៥ នាពេលខាងមុខនេះ ។

ការអភិវឌ្ឍន៍សាលាដោយមានការចង្អុលបង្ហាញ និងការណែនាំពី លោកឧត្តមសេនីយ៍ឯក ប្រធានបណ្ឌិតសភានគរបាល កម្ពុជា និង ប្រធាននាយកដ្ឋានបណ្តុះបណ្តាល សាលាបានចលនាដល់កម្មសិក្សាការីវគ្គនេះអំពីបញ្ហា សិល្បៈចែករម្លែក ចូលរួមអភិវឌ្ឍន៍សាលាបានចំនួន ៤.១៣០.០០០រៀលផងដែរ ។

លោកឧត្តមសេនីយ៍ឯក សេង ផល្លី ប្រធានបណ្ឌិតសភានគរបាលកម្ពុជា បានថ្លែងសួរសុខទុក្ខ និងសំណេះសំណាល ជាមួយសិក្សាកាមនាឱកាសនោះ លោកឧត្តមសេនីយ៍ឯកក៍បានផ្តាំផ្ញើ និងធ្វើការណែនាំដល់សិក្សាកាមទាំងអស់ អោយខិតខំយកចិត្តទុកដាក់រៀនសូត្រ អោយបានខ្ជាប់ខ្ជួន គោរពវិន័យ រក្សាសេចក្តីថ្លៃថ្នូ និងសាមគ្គីភាពផ្ទៃក្នុង ក្នុងនាមជានគរបាលជាតិ ដែលនឹងត្រូវចេញទៅកាន់តួនាទីដើម្បីបំរើនិងការពារជាតិមាតុភូមិ ក៍ដូចជាប្រជាបលរដ្ឋទូទៅ ស្របតាមវិជ្ជាជីវនគរបាលជាតិ ។

ក្នុងនោះផងដែរ នាយឧត្តមសេនីយ៍បណ្ឌិតសភានគរបាលកម្ពុជា ក៍បានសំណេះសំណាលជាមួយប្រធានក្រុម សិក្ខាកាមដោយផ្ទាល់មាត់ នូវហេតុការណ៍ និងទុក្ខលំបាករបស់សិក្ខាកាមអំឡុងពេលកំពុងស្នាក់នៅ និងរៀនសូត្រ នៅសាលានគរបាលជាតិភូមិភាគ៦នេះ  ដោយសិស្សកម្មសិក្សាការីបានបញ្ជាក់ថាមានភាពល្អប្រសើរ និងរលូនទៅមុខ ដែលអាចទទួលយកបាន ដោយគ្រូ ពន្យល់ និងណែនាំបានល្អ ចាប់យកបទពិសោធន៍ និងចំណេះដឹងដើម្បីបម្រើប្រជាពលដ្ឋ ក៍ដូចជាប្រទេសជាតិ នៅពេលបញ្ចប់វគ្គសិក្សា ៕

ជនសង្ស័យ ឆក់ត្រីចំនួន ២នាក់ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន កសាងសំណុំរឿង បញ្ជូនទៅតុលាការ

$
0
0

កំពង់ឆ្នាំងៈ ជនសង្ស័យ ក្នុងសកម្មភាពឆក់ត្រី ចំនួន០២នាក់ ត្រូវបានសមត្ថកិច្ច រដ្ឋបាលជលផល សង្កាត់នេសាទ ជលគិរី សហការជាមួយ កម្លាំងនគរបាល ស្រុកជលគិរី និងកម្លាំងសឹករងស្រុក បានធ្វើការឃាត់ខ្លួន ខណៈជនសង្ស័យ ធ្វើសកម្មភាពឆក់ត្រី នៅចំណុចបឹងឆកឬស្សី ភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរីខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ចរដ្ឋបាលជលផល បានអោយដឹងថា ជនសង្ស័យទី១-ឈ្មោះ គុណ នៅ ភេទប្រុស អាយុ៣៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិកំពង់បាស្រូវ ឃុំជលសារ ស្រុកជលគិរី ទី២- ឈ្មោះ យឹម ម៉ាប់ ភេទប្រុស អាយុ៣៦ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ នៅវេលាម៉ោង ៦ព្រឹក ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ កម្លាំងសមត្ថកិច្ច ចម្រុះខាងលើ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើសជលផល   ក៍ប្រទះឃើញជនសង្ស័យកំពុងធ្វើសកម្មភាពឆក់ត្រី នៅចំណុខាងលើ ឃើញដូច្នេះសមត្ថកិច្ចបានធ្វើការឃា់ខ្លួនជនសង្ស័យរួមនិងវត្ថុតាង មានអាំវែទ័រឆក់ចំនួន៣គ្រឿង អាគុយ៤០អំពែ ចំនួន២ និងដងឆក់១គ្រឿង ។

ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចរដ្ឋបាលជលផល នៅរសៀលថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៥ នេះ កំពុងកសាង សំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូខេត្តកំពង់ឆ្នាំងតាមនីតិវិធី ៕

ក្រិកតែងតាំង ប្រធានសភាថ្មី ជាស្ត្រីអាយុ ក្មេងបំផុត តែ៣៨ឆ្នាំ

$
0
0

អាតែន៖ សមាជិកសភាថ្មី នៃប្រទេសក្រិក បានបោះឆ្នោត សម្រេចនៅថ្ងៃសុក្រ ទី០៦ ខែកុម្ភៈ ឆ្នាំ ២០១៥ នេះ ដោយសម្លេង គាំទ្រច្រើនមិនធ្លាប់មាន គឺ ២៣៥ ក្នុងចំណោម ៣០០ សម្លេង គាំទ្រលោកស្រី ហ្សយ កូនស្ទេនតូភូលូ វ័យទើបតែ ៣៨ឆ្នាំ ឲ្យក្លាយជាប្រធានសភាថ្មី ក្រោយ ការបោះឆ្នោត កាលពីខែមករា កន្លងទៅនេះ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយបន្តទៀតថា គណបក្សកាន់អំណាច SYRIZA បាន បង្កើតនូវទំព័រប្រវត្តិសាស្ត្រថ្មី ទាំងប្រធានសភាដែលមានវ័យក្មេង បំផុត និង មានសមាជិក សភាគាំទ្រច្រើនបំផុត។ រំលឹកកាលពីឆ្នាំ ២០១២ ដែលជាឯកត្តកម្មចាស់ អតីតប្រធានសភា ក្រិកលោក អ៊ីវ៉ាន់ជែឡឺស ម៉ៃម៉ារ៉ាគីស បានទទួលសម្លេងគាំទ្រចំនួន ២២៣ សម្លេងប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្រិកក៏ធ្លាប់មានប្រធានសភាជាស្ត្រីម្តងដែរកាលពីឆ្នាំ ២០០៤ ដល់ ២០០៩ គឺ លោកស្រី អាន់ណា ផ្សារួដា បេណាគីស។ ចំពោះលោកស្រី កូនស្ទេនតូភូលូ ដែលជា ប្រធានសភាពេលនេះ គឺជាអនុប្រធាន នៃគណបក្សអភិរក្សនិយម SYRIZA ផ្ទាល់តែម្តង៕

សេចក្តីប្រកាស ព័ត៌មាន របស់ អាជ្ញាធរជាតិអប្សរា ស្តីពីការទប់ស្កាត់ សកម្មភា​ព ថតរូបអាក្រាត របស់ភ្ញៀវបទេស​ នៅរមណីយដ្ឋាន អង្គរ

Viewing all 8042 articles
Browse latest View live




Latest Images