Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

សម្តេចតេជោ ជំរុញឲ្យភាគី កម្ពុជា-ឡាវ បន្តសហការលើសន្តិសុខតាមព្រំដែន

$
0
0

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានជំរុញឱ្យភាគីឡាវនិង កម្ពុជា បន្តសហការលើ វិស័យ សន្តិសុខ នៅតាមព្រំដែន រួមទាំងការសាងសង់ស្ពាន ដើម្បីសម្រួលដល់ ប្រជាជននៅតាមព្រំដែន នៃប្រទេសទាំងពីរ។

នៅក្នុងជំនួបជាមួយ លោក សមកែវ ស៊ីឡាវង្ស រដ្ឋមន្ត្រីស្តីទីក្រសួងសន្តិសុខ សាធារណៈឡាវ នៅវិមានសន្តិភាព រសៀលថ្ងៃទី២៣ ខែមីនានេះ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា បញ្ហាសន្តិសុខ ជាបញ្ហាសំខាន់ សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ ហើយដោយយើងមានភូមិផងរបងជាប់គ្នានោះ គឺធ្វើយ៉ាងណាខិតខំបន្តកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខនៅតាមព្រំដែន ឱ្យបានគ្រប់ជ្រុងជ្រោយ រួមទាំងការងារ ជាច្រើនទៀតដែលត្រូវបន្តធ្វើរួមគ្នាដូចជា ការទប់ស្កាត់បទល្មើស ការកាប់ឈើខុសច្បាប់ នៅតាមព្រំដែន និងសម្រួលធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅតាមព្រំដែន មានការទៅមករកគ្នា ជាពិសេសការប្រើប្រាស់ទឹកបានដោយងាយស្រួល ។

នេះជាការបញ្ជាក់របស់ លោក កៅ កឹមហួន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បញ្ជាក់ប្រាប់អ្នកសារព័ត៌មាន នៅក្រោយជំនួបនារសៀលនេះ។ លោក សម កែវស៊ីឡាវង្ស បញ្ជាក់ថា ក្នុងនាមរដ្ឋាភិបាល និងប្រជាជនឡាវ នឹងខិតខំជំរុញផ្លាស់ប្តូរបទពិសោធន៍ ពីគ្នាទៅវិញទៅមក ជាពិសេស រវាងក្រសួងសន្តិសុខឡាវ និងក្រសួងមហាផ្ទៃកម្ពុជា ។

មួយវិញទៀត ក្រសួងទាំងពីរ នឹងខិតខំធ្វើយ៉ាងណាជំរុញដោះស្រាយនូវបញ្ហា ដែលនៅសេសសល់ ជាមួយគ្នាជាបន្តទៀត។ ក្រៅពីនេះភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំនៅពេលនេះ ផងដែរ ដើម្បីផ្លាស់ប្តូរនិស្សិតបានទៅសិក្សា នៅប្រទេសទាំងពីរ មានន័យថា និស្សិតកម្ពុជាបានទៅ សិក្សានៅឡាវ និងនិស្សិតឡាវ បានមកសិក្សា នៅប្រទេសកម្ពុជា។

ជាមួយគ្នានោះ សម្តេចតេជោ បានជំរុញឱ្យ ការសាងសង់ស្ពាន បានឆាប់ ដើម្បីឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរមានភាពងាយស្រួល ក្នុងការចេញចូលប្រកប មុខរបររកស៊ីជាមួយគ្នា៕


ដំណើរទស្សនកិច្ច សិក្សា និងការងារ មនុស្សធម៌ របស់សាលារៀន ខេមអេលីត លើកទី៣

$
0
0

កំពង់ស្ពឺ ៖ កាលពីថ្ងៃអាទិត្យ ទី២៣ ខែមីនា ឆ្នាំ២០១៥ សាលារៀន ខេមអេលីត បានរៀបចំឱ្យមានដំណើរទស្សន កិច្ចសិក្សា និងមនុស្សធម៌ឆ្ពោះ ទៅកាន់ រមណីដ្ឋានគិរីរម្យ ខេត្តកំពង់ស្ពឺដោយមានការចូលរួម ពីសំណាក់សិស្សានុសិស្ស បុគ្គលិកសិក្សា ចំនួន១២០នាក់ក្នុង គោលបំណង ស្វែងយល់ ពីទីតាំងភូមិសាស្ត្រវប្បធម៌ និងចែករំលែកសម្ភារ សិក្សាដល់សិស្សានុសិស្ស នៅសាលាអង្គការគំរោងពុទ្ធិកបណ្ណាល័យកម្ពុជា ក្នុងភូមិឡ ឃុំត្រែងត្រយឹងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលកំពុងជួបការខ្វះខាត។

លោក ហេង រដ្ឋា នាយកសាលារៀន ខេមអេលីតបានបញ្ជាក់ថា គោលបំណងដែលសាលារៀន រៀបចំឱ្យមានដំណើរទស្សនកិច្ចសិក្សានេះ គឺដើម្បីឱ្យសិស្សគ្រប់រូបមានឱកាសបានសិក្សាបន្ថែមលើទីតាំងភូមិសាស្ត្រ ប្រវត្តិសាស្ត្រ វប្បធម៌ ជំនឿរបស់បុព្វបុរសខ្មែរ និងបង្កភាព សប្បាយរីករាយ រឹតចំណង មិត្តភាព សាមគ្គីភាពរវាងសិស្ស គ្រូបង្រៀន បុគ្គលិកសិក្សា នឹងសហគមន៍។

លោក ហេង រដ្ឋា បានបន្ថែមទៀតថា ជានិច្ចកាលសាលារៀន ខេមអេលីតតែងតែព្យាយាម តម្រង់ ទិសសិស្សានុសិស្សគ្រប់រូប ឱ្យមាន សីលធម៌រស់នៅល្អ មានមនុស្សធម៌ និងចេះចែករំលែក។ តួយ៉ាងដោយមានការចូលរួមពីសំណាក់សិស្ស និសិ្សត បុគ្គលិក គ្រូបង្រៀន សាស្ត្រាចារ្យ របស់ សាលារៀន ខេមអេលីត អង្គការអាស៊ី អឺរ៉ុប សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប សាលារៀន ខេមអេលីត បានទទួល ជំនួយសប្បុរសធម៌ជាទឹកប្រាក់ និងសម្ភារសិក្សាមួយចំនួនដើម្បីចែកជូនប្អូនៗ សិស្សានុសិស្សនៅសាលាអង្គការគំរោងពុទ្ធិកបណ្ណាល័យកម្ពុជា ដែលមានទីតាំង ស្ថិតនៅភូមិឡ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

សាលារៀន ខេមអេលីត បានបែងចែកជំនួយសប្បុរសទាំងអស់ ជូនសិស្សានុសិស្សចំនួន៧០នាក់ នូវកញ្ចប់ជាសម្ភារសិក្សា ដោយក្នុងមួយកញ្ចប់ៗមាន សៀវភៅចំនួន៥ក្បាល ប៉ិច ៤ដើមខ្មៅដៃ២ដើម សម្ភារសិក្សាជាឈុត     ចំនួន១ តុក្តាក្មេងលេងចំនួន១ ថវិកាចំនួន៥,០០០រៀល និងជូនដល់លោកគ្រូ ប្រចាំថ្នាក់ជាទឹកប្រាក់ចំនួន ៣៣០,០០០ រៀល (សាបសិបបីម៉ឺនរៀល) និងសម្ភារជាច្រើនទៀត។ ក្រៅពីនេះក៏មានសិស្ស នៃសាលារៀន ខេមអេលីត និងសាកលវិទ្យាល័យ អាស៊ីអឺរ៉ុប បានបន្ថែម ថវិការផ្ទាល់ខ្លួនបន្ថែមទៀតជូនសិស្ស និងលោកគ្រូ តាមស្ថានភាពជាក់ស្តែង។

អ្វីដែលគួឱ្យកត់សម្គាល់នោះគឺ សាលាខាងលើនេះកំពុងជួបបញ្ហាប្រឈមជាច្រើន ដូចជាលោកគ្រូ បង្រៀន មានតែម្នាក់ ហើយចាស់ និងមានសុខភាពមិនសូវល្អ។ សាលាមានតែមួយខ្នង និងមួយបន្ទប់ ប៉ុន្តែមានសិស្សរហូតដល់ទៅ៤ថ្នាក់ផ្សេងៗគ្នា ចាប់ពីមត្តេយ្យ ដល់ថ្នាក់ទី៣។ លោកគ្រូ ណាត សុផាត ដែលជាគ្រូបន្ទុកថ្នាក់ត្រូវ ពុះចែក  ក្តារខៀន ដែលមានសភាពចាស់ទ្រុតទ្រោម  ជាពីរ ឬបីប្លង់ ដើម្បី បង្រៀនសិស្ស។ សិស្សភាគច្រើនមិនមានឯកសណ្ឋានឱ្យបានសមរម្យនោះទេ។ ម៉្យាងវិញទៀតសាលាក៏មិនមានអណ្តូងទឹកប្រើប្រាស់ ដែលតម្រូវឱ្យទិញពីឈ្មួញ។ សាលារៀន ខេមអេលីត ក៏សូមអំពាវនាវ ដល់សម្បុរសជនទាំងអស់ មេត្តាជួយសាលាខាងលើ ជាពិសេសគឺ អណ្តូងទឹក ដែលត្រូវការថវិការចំនួន ២,០០០ដុល្លារ ដើម្បីផ្គត់ផ្គង់ដល់សាលា និងភូមិទាំងមូល (មិនមានអណ្តូងទឹក)។ សូមទាក់ទងមកសាលារៀន ខេមអេលីត តាមរយៈលោក ម៉ៅ សុផាត ប្រធានរដ្ឋបាល និងកិច្ចការសហគមន៍ សាលារៀន ខេមអេលីត តាមរយៈទូរសព្ទលេខ ០៩៥ ៥៥៥ ១២១ ឬ ០៨៧ ៦៥៥ ៧៧៧។

សូមបញ្ជាក់ថាសាលារៀន ខេមអេលីត គឺជាសាខាមួយទៀតរបស់សាកលវិទ្យាល័យ អាស៊ីអឺរ៉ុប ដែលមានបណ្តុះបណ្តាលលើបួន កម្មវិធីដូចជា ចំណេះទូទៅភាសាខ្មែរ ពីមត្តេយ្យដល់ថ្នាក់ទី១២ មត្តេយ្យភាសាអង់គ្លេស ពីអាយុ១ឆ្នាំកន្លះឡើងទៅភាសាអង់គ្លេសសិស្សធំ (ថ្នាក់ពេញម៉ោង និងក្រៅម៉ោង) ភាសាអង់គ្លេស-ចិន(មត្តេយ្យ និងសិស្សធំ)សិក្សាជាមួយគ្រូបរទេស (ជនជាតិដើម)។

ដើម្បីអបអរការបើកឱ្យដំណើរការសាលារៀន ខេមអេលីតសាខាទេពផន សាលារៀន ខេមអេលីត សូមប្រកាសផ្តល់ អាហារូបករណ៍ ចំនូន៥០% សម្រាប់សាខាទេពផន និង២០%សម្រាប់ សាខាទួល ទំពូង ។  សាលាក៏មានការផ្តល់ជូនដោយឥតគិតថ្លៃសម្រាប់ការចុះឈ្មោះ២៥០នាក់ដំបូងនូវ សៀវភៅ សិក្សា១ ឈុត ឯកសណ្ឋាន ១កំប្លេ សេវារដ្ឋបាល និងថ្លៃចុះឈ្មោះ ជារៀងរហូត។

សាលារៀន ខេមអេលីត សាខាទី១ អាសយដ្ឋាន អាគារលេខ១៦២ABC ផ្លូវលេខ១៤៣ កែងផ្លូវ៣៨៦ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ សាខាទី២ អាគារលេខ ២៧៨ABCD ផ្លូវ១៨២ (ផ្លូវឧកញ៉ា ទេពផន) សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ទូរស័ព្ទលេខៈ ០១០ ៦៦៦ ៨៩៧ (ទួលទំពូង) ឬ ០៦៩ ៦៦៦ ៨៩៧ (ទេពផន)Website: thecameliteschool.com

សមត្ថកិច្ច នគរបាលខណ្ឌ សែនសុខ ឃាត់ខ្លួន មនុស្ស២នាក់ ពាក់ព័ន្ធ ករណីប្រើប្រាស់ គ្រឿងញៀន

$
0
0

ភ្នំពេញៈ សមត្ថកិច្ចនគរបាល ខណ្ឌសែនសុខ បានធ្វើការឃាត់ ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណី ប្រើប្រាស់គ្រឿងញៀន នៅវេលាម៉ោង២០ និង២០នាទី ថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៥ នៅចំណុច តាមបណ្ដោយផ្លូវផ្លូវ៥៩៨ ភូមិសេប៉េសេ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខរាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យទី១ ឈ្មោះគុណ ធារិន ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុល ម៉ាស៊ីនដេរ  ស្នាក់នៅផ្ទះជួលផ្លូវ លំភូមិតាសេត សង្កាត់ ចោមចៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យ ទី២ឈ្មោះ ម៉ៅ វណ្ណះ ភេទប្រុស អាយុ២២ឆ្នាំ ជនជសតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវលំភូមិតាសេត សង្កាត់ ចោមចៅខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ទៀតថា មុនពេលកើតហេតុ គណៈបញ្ជាការ ខណ្ឌសែនសុខ បានដាក់គោលដៅ ត្រួតពិនិត្យអាវុធជាតិផ្ទុះនៅចំណុច តាមបណ្ដោយផ្លូវ៥៩៨ ភូមិសេប៉េ សេសង្កាត់ ទឹថ្លាខណ្ឌសែនសុខ ក៏បានប្រទះឃើញ ជនសង្ស័យ ទើបធ្វើការ ត្រួតពិនិត្យ ឃើញមានក្រាមពណ៍សថ្លា នៅជាប់និងខ្លួន ជនសង្ស័យ១កញ្ចប់តូច ទើបឈាន ដល់ការឃាត់ខ្លួនជនសង្ស័យ ដើម្បីយកមកធ្វើការសាកសួរតែម្ដង។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងទៀតថា  បច្ចុប្បន្នជនសង្ស័យ ទាំង២នាក់ ត្រូវបានសមត្ថកិច្ច នគរបាលខណ្ឌសែនសុខ
ធ្វើការឃាត់ខ្លួន និងសាកសួរបំភ្លឺ នៅអធិការដ្ឋាន នគរបាល ខណ្ឌសែនសុខ  និងរៀបចំ កសាងសំណុំរឿង បញ្ជូនទៅ
តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

ម្ចាស់ផ្ទះសំណាក់ ត្រពាំងថ្លឹង ចាប់ម្ចាស់ ផ្ទះសំណាក់ ៣ដុល្លារ បង្ខាំងទុក ក្រោយ ឈ្លោះគ្នា

$
0
0

-ម្ចាស់ផ្ទះសំណាក់ត្រពាំងថ្លឹង មិនព្រម បើកទ្វារ ទោះសមត្ថកិច្ចនិង អាជ្ញាធរទៅ ជួយអន្ដរាគមន៍

ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបាន កើតឡើង ក្រោយពីម្ចាស់ផ្ទះសំណាក់ត្រពាំង ថ្លឹង ពីរនាក់ប្ដីប្រពន្ធ បាន ចាប់ស្ដ្រីជាម្ចាស់ផ្ទះ សំណាក់៣ដុល្លារបង្ខាំងទុកក្នុងបន្ទប់ ក្រោយ ពីភាគីទាំងពីរ បានឈ្លោះគ្នាក្នុងរឿងរកស៊ី នៅវេលាម៉ោង៤និង៣០នាទីរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥នេះ ។

ជាមួយគ្នានេះ ម្ចាស់ផ្ទះសំណាក់ត្រញំង ថ្លឹង ដែលប្ដីអាចជាមន្ដ្រីមានសមត្ថកិច្ចផង នោះ មិនព្រមចាក់សោ បើកទ្វារឱ្យម្ចាស់ផ្ទះ សំណាក់៣ដុល្លារចេញមកក្រៅនោះទេ បើទោះបីសមត្ថកិច្ច និងអាជ្ញាធរជាច្រើននាក់ បានចុះទៅជួយអន្ដរាគមន៍ក៏ដោយនោះ ។

អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ លោកយឹម សារ៉ាន់ បានបញ្ជាក់ថា ដោយសារតែធ្លាប់ឈ្លោះគ្នា នាពេល កន្លងទៅ ស្ដីពីការរកស៊ី ដោយផ្ទះសំណាក់នៅក្បែរគ្នា នោះនៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥នេះ ម្ចាស់ផ្ទះសំណាក់ទាំងពីរ បានឈ្លោះប្រកែកគ្នា ម្ដងទៀត ។

លោកយឹម សារ៉ាន់ បានបញ្ជាក់ទៀតថា ដោយសារតែភាគីម្ចាស់ផ្ទះសំណាក់ត្រពាំងថ្លឹង មានពីរនាក់ប្ដីប្រពន្ធ ក៏ចាប់ស្ដ្រីជាម្ចាស់ផ្ទះសំណាក់៣ដុល្លារ យកទៅចាក់សោនៅក្នុងបន្ទប់ មិនឱ្យចេញ នោះឡើយ ។

អធិការខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ ទៀតថា ក្រោយពីទទួលបានព័ត៌មានភ្លាម លោកបានដឹកនាំ កម្លាំង និងសហការជាមួយ អាជ្ញាធរមូលដ្ឋានភូមិសង្កាត់ ចុះទៅជួយអន្ដរាគមន៍ ប៉ុន្ដែអ្វីដែលហួសចិត្ដនោះ គឺម្ចាស់ ផ្ទះត្រពាំងថ្លឹងពីរនាក់ប្ដីប្រពន្ធ នៅតែមិនព្រមបើកសោឱ្យនោះទេ ។

លោកយឹម សារ៉ាន់ បានបញ្ជាក់ថា ក្រោយពីទទួលបានបទបញ្ជាពីសំណាក់ស្នង ការនិងស្នងការរង ទទួលផែន ព្រមទាំងព្រះ រាជអាជ្ញា កម្លាំងសមត្ថកិច្ចរបស់លោក បានសម្រេចធ្វើការឃាត់ខ្លួនពីរនាក់ប្ដីប្រពន្ធ និងរំដោះស្ដ្រី រងគ្រោះជាម្ចាស់សំណាក់៣ដុល្លារមកក្រៅវិញ ។

សេចក្ដីរាយការណ៍ពីសមត្ថកិច្ចនៅកន្លែង កើតហេតុ បានឱ្យដឹងថា មិនត្រឹមតែមិនព្រមបើកទ្វារតាមការស្នើសុំ របស់សមត្ថកិច្ចនោះទេ ប៉ុន្ដែពួកគេទាំងពីរនាក់ ថែមទាំងគំរាមចាប់ ស្ដ្រីរងគ្រោះទៅកន្លែងអាវុធហត្ថទៀតផង៕

ម្ចាស់ផ្ទះសំណាក់ត្រពាំងថ្លឹង ទាំង២នាក់ប្តីប្រពន្ធ ដែលត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ស្រ្តីជាម្ចាស់ផ្ទះសំណាក់៣ដុល្លារ ដែលត្រូវម្ចាស់ផ្ទះសំណាក់ត្រពាំងថ្លឹង ចាប់បង្ខាំង

អាជ្ញាធរខេត្ដត្បូងឃ្មុំ ចុះរៀបចំប្រព័ន្ធលូ បញ្ជៀសការ ជនលិចក្រុងសួង នៅរដូវវស្សា

$
0
0

ត្បូងឃ្មុំ ៖ អភិបាលរងខេត្ដត្បូងឃ្មុំ លោក ហាក់ សុខមករា នៅរសៀលថ្ងៃ ទី២៤ ខែមីនា ឆ្នាំ២០១៥នេះ បានដឹកនាំ ក្រុមការងារ និងគណៈកម្មាការផ្សារសួង ចុះទៅរៀបចំប្រព័ន្ធលូ ដោយជួលកម្មករឱ្យចុះស្ដារនៅក្នុងផ្សារនិង ជុំវិញផ្សារសួង ក្រុងសួង គោល បំណងកាត់ បន្ថយនិងបញ្ជៀសការជន់លិចនៅរដូវវស្សា និងមានភ្លៀងធ្លាក់ ។

លោក ហាក់ សុខមករា បានថ្លែងឱ្យដឹង ថា ក្រុមការងារបានពិនិត្យមើលបញ្ហានិង ការស្ដារលូនៅក្នុងផ្សារ ទាំងតូច ទាំងធំ ព្រម ទាំងការទុកដាក់សំរាម ឱ្យបានត្រឹមត្រូវនៅ ជុំវិញផ្សារ ពីព្រោះបើគ្មានការរៀបចំទេ និងធ្វើឱ្យមាន ការជន់លិចជាក់ជាមិនខានឡើយនារដូវវស្សា ដែលមានភ្លៀងធ្លាក់ច្រើន ។

អភិបាលរងខេត្ដរូបនេះ បានបន្ដថា ក្រោយពីបញ្ចប់ការត្រួតពិនិត្យនិងស្ដារលូ នៅក្នុងផ្សាររួចមក លោក នឹងក្រុម ការងារ បានចុះពិនិត្យបន្ដនៅជុំវិញក្រុង គឺកន្លែងដែលត្រូវបង្ហូរទឹកចេញក្រៅក្រុង ។

លោក ហាក់ សុខមករា បានបន្ដទៀតថា  លោកនឹងក្រុមការងារក៏បានចុះទៅពិនិត្យមើលនិងរៀបចំធ្វើប្រព័ន្ធលូ នៅជុំវិញបេន រថយន្ដព្រមទាំងជួសជុលផ្លូវនៅមុខបេន ដែលចាប់ផ្ដើមឡើងនៅខែមេសាខាងមុខនេះ ។

លោក ហាក់ សុខមករា បានលើកឡើង ទៀតថា អាជ្ញាធរខេត្ដត្បូងឃ្មុំ បាននឹងកំពុង ខិតខំរៀបចំហេដ្ឋារចនា សម្ព័ន្ធនៅក្នុងក្រុង ដើម្បីបង្កើនសោភ័ណភាពក៏ដូចជាការទាក់ ទងពីភ្ញៀវជាតិនិងអន្ដរជាតិផងដែរ ។

ចំពោះការងារទាំងនេះ អភិបាលរង ខេត្តត្បូងឃ្មុំ បានជំរុញឲ្យគណៈកម្មាការផ្សារសួង និងខាងបេនរថយន្ត ត្រូវរៀប ចំស្តារ ប្រព័ន្ធលូទាំងនេះឲ្យបានល្អ ខាងអាជ្ញាធរជាអ្នកត្រួតពិនិត្យមើលពីលើ៕ 

យន្ដហោះ ដឹកអ្នកដំណើរ ធ្លាក់នៅប្រទេស បារាំង អ្នកជិះនិងអាកាស យានិក ១៤៨នាក់ សង្ស័យស្លាប់ ទាំងអស់

$
0
0

ប៉ារីស ៖ យន្ដហោះ អ៊ែរបើសមួយគ្រឿង ដែលផ្ទុកអ្នកដំណើរនិងអាកាសយានិក ១៤៨នាក់ បានធ្លាក់នៅភាគខាងត្បូងប្រទេសបារាំង នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ។

សេចក្ដីរាយការណ៍នានាពីប្រទេសបារាំង បានឱ្យដឹងថា អ្នកដំណើរ១៤២នាក់ និងអាកាសយានិក ៦នាក់ ត្រូវបានគេសង្ស័យថា ស្លាប់ទាំងអស់ ។
យ៉ាងណាក៏ដោយ អាជ្ញាធរប្រទេសបារាំង បាននឹងកំពុងចុះទៅពិនិត្យមើលករណីនេះ ។

គណៈកម្មាធិការ រួមនៃគណៈកម្មការ ទន្លេមេគង្គ ( MRC) ប្រជុំវិសាមញ្ញ លើរបៀបវរៈ​ ៨សំខាន់ៗ

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី ២៣-២៤ ខែមីនា ឆ្នាំ ២០១៥ លេខាធិការដ្ឋាន គណៈកម្មការទន្លេមេគង្គ បានរៀបចំ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការរួម នៃគណៈកម្មការទន្លេមេគង្គ(MRC) នៅលេខាធិការដ្ឋាន របស់ខ្លួនប្រចាំ រាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់ លោក តែ ណាវុធ ប្រធានប្តូរ វេនគណៈកម្មាធិការ រួម MRC ប្រចាំឆ្នាំ២០១៤‑២០១៥ ។

កិច្ចប្រជុំមានការអញ្ជើញ ចូលរួមពីប្រតិភូសមាជិកគណៈកម្មាធិការរួមនៃបណ្តាប្រទេសជាសមាជិក កម្ពុជា ឡាវ ថៃ និងវៀតណាម និងមន្ត្រីលេខាធិការដ្ឋាន MRC សរុបចំនួន ៣៨ រូប។

កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការរួមនេះ បានពិនិត្យនិងពិភាក្សាលើរបៀបវារៈសំខាន់ៗរួមមាន ទី១. វឌ្ឍនភាពនៃការកែទម្រង់រចនាសម្ព័ន្ធរបស់លេខាធិការដ្ឋាន MRC ទី២ រូបមន្តនៃការបង់វិភាគ ទានរបស់ប្រទេសជាសមាជិក MRC ទី៣ ការប្តូរវេននាយកប្រតិបត្តិលេខាធិការដ្ឋាន MRC ទី៤ ការពិនិត្យមើលឡើងវិញលើបទបញ្ជាផ្ទៃក្នុង របស់គណៈកម្មាធិការរួម និងក្រុមប្រឹក្សារបស់MRC ទី៥ របាយការណ៍វឌ្ឍនភាពនៃការបន្សីគ្នា រវាងឯកសារយុទ្ធសាស្ត្រអភិវឌ្ឍអាងទន្លេ ផែនការយុទ្ធសាស្ត្រ MRC ឆ្នាំ ២០១៦-២០២០ មុខងារគ្រប់គ្រងអាងទន្លេ និងរចនាសម្ព័ន្ធរបស់លេខាធិការដ្ឋាន MRC ។ ទី៦ ការបន្តអនុស្សារណៈយោគយល់គ្នារវាង MRC និង គណៈកម្មការទន្លេ Mississippi របស់ សហរដ្ឋអាមេរិក ទី៧ កុងត្រាសម្រាប់បុគ្គលិក របស់លេខាធិការដ្ឋាន MRC និងទី៨ ការត្រៀម លក្ខណៈ សម្រាប់រៀបចំកិច្ចប្រជុំលើកទី៤១ របស់គណៈកម្មាធិការរួម MRC នៅប្រទេសកម្ពុជា នាខែឧសភា ឆ្នាំ២០១៥ ៕

លោក ស ខេង ចាកចេញ ពីកម្ពុជា ឆ្ពោះទៅអូស្ត្រាលី

$
0
0

ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅម៉ោង៦ល្ងាចថ្ងៃអង្គារ៍ ទី២៤ ខែមីនា ឆ្នាំ២០១៥បានធ្វើដំណើរ ទៅប្រទេសអូស្រ្តាលី ដើម្បីចុះហត្ថលេខា លើអនុស្សារណៈ នៃការយោគយល់គ្នា រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ស្ដីពីកិច្ចសហប្រតិបត្តិការ អន្តោប្រវេសន៍ នៅមន្ទីររដ្ឋសភានៃទីក្រុងកង់ប៊ែរ៉ា ជាមួយលោក ភីថើ ឌុចសុន រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងការពារព្រំដែនអូស្រ្តាលី ។

ដំណើរឆ្ពោះទៅកាន់ប្រទេស អូស្រ្តាលី របស់ លោកឧបនាយករដ្ឋមន្រ្តី ស ខេង ធ្វើឡើងតបតាមការអញ្ជើញ របស់រដ្ឋាភិបាលអូស្ត្រាលី ចាប់ពីថ្ងៃទី២៤-២៧ខែមីនាឆ្នាំ២០១៥។

យោងតាមសេចក្ដី ប្រកាសព័ត៌មាន របស់ក្រសួងមហាផ្ទៃ ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៥ ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាននៅថ្ងៃ ទី២៤នេះ បន្តថា ការចុះអនុស្សរណៈនេះ សបញ្ជាក់កាន់តែច្បាស់ថែមទៀត ពីការប្ដេជ្ញាចិត្តរបស់កម្ពុជា-អូស្ត្រាលី ក្នុងការរួមគ្នា ប្រយុទ្ធប្រឆាំង រាល់ការគំរាមកំហែង ផ្នែកសន្តិសុខ ជាពិសេសឧក្រិដ្ឋកម្មឆ្លងដែន និងអន្តោប្រវេសន៍ខុសច្បាប់។

តាមគម្រោងអំឡុងពេលបំពេញ ទស្សននេះផងដែរ លោក ស ខេង ក៏នឹងជួបពិភាក្សាការជាមួយមន្ត្រី ជាន់ខ្ពស់ ប្រទេសអូស្រ្តាលី រួមមាន៖លោកស្រី Julie Bishop រដ្ឋមន្ត្រីក្រសួងការបទេសអូស្រ្តាលី លោក ភីថើ ឌុចសុន រដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងការពារព្រំដែនអូស្រ្តាលី ព្រមទាំងចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយសហគមន៍ខ្មែរនៅទីក្រុងស៊ីដនីផងដែរ៕

Photo by DAP-News

Photo by DAP-News


នគរបាលខណ្ឌ ៧មករា បង្ក្រាបក្រុម ចោរឆក់ ពីរនាក់

$
0
0

ភ្នំពេញ  ៖ ក្រុមចោរឆក់ទូរស័ព្ទ របស់ ប្រជាពលរដ្ឋ តាមដងផ្លូវសាធារណៈ ត្រូវ បាននគរបាល ខណ្ឌ៧មករា  បង្ក្រាបនិង ចាប់ខ្លួន នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ ២០១៥នេះ ក្រោយពី ធ្វើសកម្មភាព។

ស្នងការរង និងជាប្រធានការិយាល័យ កណ្ដាលនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ លោកឧត្ដមសេនីយ៍ជួន ណារិន្ទ បានបញ្ជាក់ ថា ជនសង្ស័យពីរនាក់និងម៉ូតូមួយគ្រឿង ត្រូវបាននគរបាលខណ្ឌ៧មករា បង្ក្រាបនិង ចាប់ខ្លួន បានភ្លាមៗ ក្រោយពីពួកគេបានធ្វើ សកម្មភាពឆក់ទូរស័ព្ទដៃរបស់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ។

លោកឧត្ដមសេនីយ៍ បានបញ្ជាក់ថា ជន សង្ស័យទី១ ឈ្មោះឡេង សៀងហោ អាយុ ២១ឆ្នាំ និងទី២ ឈ្មោះស៊យ សុភា អាយុ១៦ឆ្នាំ ។

ក្រោយការចាប់ខ្លួនជនសង្ស័យទាំងពីរ នាក់ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់៕

ផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ ផ្លូវគោកថ្មី នៅខេត្តបាត់ដំបង

$
0
0

បាត់ដំបង៖ នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ ក្រសួងសាធារណការ និងដឹកជញ្ជូន សហការជាមួយមន្ទីរជំនាញ បានចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ ផ្លូវគោកថ្មីមាន ១២ជំពូក និងមាន៩២មាត្រា នៅសាលាខេត្តបាត់ដំបង ក្រោមអធិបតីភាពលោកស្រី មិន មានណាវី រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន លោក អ៊ុក វង្ស ប្រធានក្រុមប្រឹក្សាខេត្ត លោក ងួន រតនៈ អភិបាលរងខេត្ត។ ពិធីផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោកនេះ មានវត្តមានអញ្ជើញចូលរួម ពីអស់លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ប្រធាន អនុប្រធានមន្ទីរនានា កងកម្លាំងយោធា អាវុធហត្ថ នគរបាល មន្រ្តីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត សរុបប្រមាណជិត៥០០នាក់។

បន្ទាប់ពីសុន្ទរកថា ស្វាគមន៍របស់លោក ងួន រតនៈ អភិបាលរងខេត្ត តំណាងឲ្យលោក ច័ន្ទ សុផល អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការ សុវត្ថិភាព ចរាចរណ៍ខេត្តបាត់ដំបង ដោយបានបញ្ជាក់ ពីលទ្ធផលការងារ របស់លេខាធិការដ្ឋាន សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានអនុវត្តក្នុងឆ្នាំ២០១៤កន្លងមក គឺបានចុះអប់រំ នៅតាមបណ្តាស្រុកក្រុងក្នុងខេត្ត តាមរយៈការចុះផ្សព្វផ្សាយផ្ទាល់ តាមវិទ្យុ ទូរទស្សន៍ តាមការចែកចាយសៀវភៅ ខិតប័ណ្ណ រូបភាពដែលទាក់ទង និងច្បាប់ចរាចរណ៍ផ្លូវគោក ដោយបានកិច្ចសហការគ្នាដូចជា មន្ទីរជំនាញ នគរបាលចរាចរណ៍ និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងចូលរួម អនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពផងដែរ។

លោកស្រី មិន មានណាវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឡើងមានប្រសាសន៍ ក្នុងពិធីផ្សព្វផ្សាយច្បាប់នេះថា លោកស្រីសូមថ្លែង អំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ពិសេសអាជ្ញាធរខេត្ត សមត្ថកិច្ចពាក់ព័ន្ធ ដែលបានសហការគ្នាអនុវត្តច្បាប់ចរាចរណ៍ កន្លងមក បានល្អប្រសើរ។

លោកស្រី មិន មានណាវី បានបញ្ជាក់ថា នៅក្នុងច្បាប់ថ្មីនេះ គឺបានកែប្រែមាត្រានៃច្បាប់ចរាចរណ៍មួយចំនួន ក្នុងគោលបំណងពង្រឹងច្បាប់ ដើម្បីឲ្យប្រជាពលរដ្ឋ យើងនាំគ្នា គោរពច្បាប់ចរាចរណ៍ ឲ្យបានច្រើនជាងមុន ពីព្រោះរាជរដ្ឋាភិបាលកម្ពុជា បានផ្តោតទៅលើការគ្រោះថ្នាក់ចរាចរណ៍ជាចំបង ដោយសារតែនៅកម្ពុជា យើងមានគ្រោះថ្នាក់ចរាចររាល់ថ្ងៃ ច្រើនឡើងៗគួរឲ្យបារម្ភ ដោយសារកត្តា៣ គឺកត្តាមនុស្សជាចំបង កត្តាយានយន្ត និងកត្តាផ្លូវថ្នល់។

ដូច្នេះថ្នាក់ដឹកកំពូល ពិសេសសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឯកភាពក្រសួងជំនាញ ក៏ដូចជាអន្តរក្រសួងបានគិតគូរនិងយល់ថា ត្រូវពង្រឹងច្បាប់ថ្មីនេះ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ចរាចរ និងចាប់បង្ខំឲ្យប្រជាពលរដ្ឋ ឬអ្នកប្រើប្រាស់យានយន្ត មានការប្រុងប្រយ័ត្នខ្ពស់ ដោយបានកំណត់ដូចជា អ្នកបើកបររថយន្ត គ្រប់ប្រភេទ ត្រូវគោរពច្បាប់ មានឯកសារគ្រប់គ្រាន់ និងអ្នកបើកបរម៉ូតូ ត្រូវពាក់មួកសុវត្ថិភាពទាំងអស់គ្នា ទាំងអ្នកជិះមុខនិងអ្នកក្រោយ ព្រមទាំងមានការផាក ពិន័យ ទៅលើជនណា ដែលមិនគោរពច្បាប់ចរាចរណ៍ ដោយផាកពិន័យគុណនិង៥ដង ប្រៀបជាមួយច្បាប់ចរាចរណ៍ចាស់ ការផាកពិន័យមានចំនួនច្រើននេះ គឺមិនមែន ដើម្បីចង់បានលុយ ពីការផាកពិន័យនោះទេ គឺធ្វើយ៉ាងនេះដើម្បីចាប់បង្ខំ ឲ្យអ្នកប្រើប្រាស់យានយន្តទាំងអស់ គោរពច្បាប់ចរាចរណ៍ប៉ុណ្ណោះ និងដើម្បីកាត់បន្ថយ អត្រាស្លាប់និងរបួស ដោយសារគ្រោះថ្នាក់ចរាចរ ឲ្យនៅកម្រិតទាបបំផុត។

បន្ទាប់មកមន្រ្តីជំនាញ មកពីក្រសួងបានឡើងធ្វើការបង្ហាញ ដល់អង្គពិធីពីផលប៉ះពាល់ អ្នកបើកបរយានយន្ត និងមូលហេតុនៃគ្រោះថ្នាក់ចរាចរ និងបានពន្យល់ពីការ កាត់បន្ថយ កុំឲ្យមានគ្រោះថ្នាក់ចរាចរ កាន់តែច្រើនឡើងៗដូចមុនទៀត។

នៅក្នុងពិធីនោះដែរ គណៈអធិបតី ក៏បានធ្វើបូកសរុប នៃពិធីផ្សព្វផ្សាយ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះ ដោយបានសម្តែងនូវការសហការគ្នា ដើម្បីទប់ស្កាត់ អត្រាស្លាប់ និងរបួស ដោយសារគ្រោះថ្នាក់ចរាចរ និងបានធ្វើការណែនាំ ដល់អង្គពីធីទាំងមូល នាំគ្នាគោរពច្បាប់ទាំងអស់គ្នាពីថ្ងៃនេះតទៅ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ក្រុមហ៊ុន ធានារ៉ាប់រង ហ្វតតេ ផ្ដល់សេវា ធានារ៉ាប់រង លើគណនីត្រូវទទួល

$
0
0

ភ្នំពេញ៖  ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៥ បានរៀបចំសិក្ខាសាលាមួយ នៅសណ្ឋាគារ ភ្នំពេញ ទាក់ទងនឹងប្រធានបទ ធានារ៉ាប់រងលើគណនីត្រូវទទួល និង អត្ថប្រយោជន៍ ដែលជាសេវាកម្មធានារ៉ាប់រងថ្មីមួយទៀត ដែលអាចផ្តល់សំណងចំពោះ ក្រុមហ៊ុននំាផលិតផល របស់ខ្លួនទៅក្រៅប្រទេស ហើយត្រូវបានគេជឿឬ ជំពាក់ និងមិនបាន ទូរទាត់វិក្កយប័ត្រដែលខ្លួនបានជំពាក់ មកឲ្យក្រុមហ៊ុននំាចេញវិញ។

លោកយក់ ចំរើនឬទ្ធិ អគ្គនាយកក្រុមហ៊ុនហ្វតតេ បានមានប្រសាសន៍ថា ក្រុមហ៊ុនធានារ៉ាប់រងហ្វតតេ តែងតែខិតខំរិះរក និងផ្ដល់ជូននូវសេវាធានារ៉ាប់ ដែលមានលក្ខណៈច្នៃប្រឌិត និងថ្មីៗ សម្រាប់អតិថិជននិងទីផ្សារធានារ៉ាប់រងទាំងមូល ជាក់ស្ដែងការផ្ដល់ជូន នូវសេវាធានារ៉ាប់រងលើគណនីត្រូវទទួលដែលជាផលិតផលមួយថ្មីមុនគេបង្អស់ សម្រាប់អតិថិជនក្នុងប្រទេសកម្ពុជា។ សេវាធានារ៉ាប់រងនេះ នឹងជួយដល់ក្រុមហ៊ុននាំចេញ ក្នុងការបង្កើនការលក់របស់ខ្លួន ដល់អតិថិជនក្រៅប្រទេសកាន់តែច្រើនបន្ថែមទៀត ដោយសារតែសេវាធានារ៉ាប់រងនេះ នឹងផ្ដល់សំណងជូនក្រុមហ៊ុននាំចេញ ដែលបាន នាំចេញផលិតផលរបស់ខ្លួន ទៅក្រៅប្រទេសដោយអនុញ្ញាតឲ្យមានការជឿ ឬ ជំពាក់ ប៉ុន្តែអតិថិជននៅក្រៅប្រទេសនោះ មិនបានទូទាត់វិក្កយបត្រដែលខ្លួនបានជំពាក់នោះ ជាហេតុធ្វើឲ្យក្រុមហ៊ុននាំចេញ ដែលមានទីតាំងនៅកម្ពុជា ទទួលរងការខាតបងធ្ងន់ធ្ងរ ។ អត្ថប្រយោជន៍ផ្សេងទៀត របស់ធានារ៉ាប់រងនេះ មានដូចជាការផ្ដល់ជូន នូវការបង្កើនសមត្ថភាព ប្រកួតប្រជែងក្នុងទីផ្សារនាំចេញ និងការទទួលបាននូវលក្ខខណ្ឌល្អ ប្រសើរសម្រាប់ហិរញ្ញប្បទាន ក្នុងការនាំចេញ ជាដើម។

លោកបានបន្តថា គោលបំណងសំខាន់ នៃសិក្ខាសាលានេះ ធ្វើឡើងដើម្បីចែករំលែកចំណេះដឹង ទាក់ទងនឹងសេវាធានារ៉ាប់រង លើគណនីត្រូវទទួល និងអត្ថប្រយោជន៍របស់សេវាធានារ៉ាប់រងនេះ ។ ទន្ទឹមនឹងនេះ សិក្ខាសាលានេះក៏ផ្ដល់ឱកាស សម្រាប់ក្រុមហ៊ុនធានារ៉ាប់ហ្វតតេ ប្រកាសជាសាធារណៈ ពីការចាប់ផ្ដើម ផ្ដល់សេវាធានារ៉ាប់រងនេះជាផ្លូវការផងដែរ ៕

Photo by DAP-News

Photo by DAP-News

សម រង្ស៊ី-គង់ គាំ កើតជម្លោះនិងគ្នា ជុំវិញ ប្ដូរវេនសមាជិក ព្រឹទ្ធសភា

$
0
0

ភ្នំពេញ ៖ លោកសម រង្ស៊ី ប្រធាន គណបក្សសង្គ្រោះជាតិ  ត្រូវបានលោកគង់ គាំ ប្រធានគណបក្សសមរង្ស៊ី បរិហារចោទ ប្រកាន់ដោយមិន បានគោរព នូវពាក្យសន្យា ទាក់ទិនទៅនឹងការផ្លាស់ប្ដូរ វេនតំណែង សមាជិកព្រឹទ្ធ សភាពាក់កណ្ដាលអាណត្ដិ ដែលគណបក្សនេះ តម្រូវឱ្យមាន ការផ្លាស់ប្ដូរ  ។ ប៉ុន្ដែនៅពេលដែលសមាជិកព្រឹទ្ធសភា បានកាន់តំណែងមកដល់ត្រឹមអាណត្ដិ ដែលផ្ទៃក្នុងគណបក្សសមរង្ស៊ី ឯកភាពគ្នាថា នឹងត្រូវប្ដូរវេន ដោយឱ្យអ្នកបន្ទាប់មកជំនួស ត្រូវបានលោកសមរង្ស៊ី បដិសេធមិនផ្លាស់ប្ដូរ ហើយឥឡូវនេះមេដឹកនាំទាំងពីរ បានចាប់ផ្ដើមមើល មុខគ្នាមិនចំ ហើយអាចនឹងឈានទៅដល់ជម្លោះបែកបាក់ផ្ទៃក្នុងថែមទៀត ។

យោងតាមលិខិតរបស់គណបក្សសមរង្ស៊ី កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ដីអំពីសេចក្ដីសម្រេច នៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ គណបក្សសមរង្ស៊ី ថ្ងៃពុធ ទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ដែលត្រូវបានគេ បង្ហោះនៅលើបណ្ដាញទំនាក់ទំនងសង្គមនៅថ្ងៃអង្គារ ទី២៤ ខែមីនា នេះ ដោយដកស្រង់នូវចំណាររបស់លោកគង់ គាំ សមាជិកព្រឹទ្ធសភា និងជាប្រធានគណបក្សសមរង្ស៊ី ដែលបានចោទប្រកាន់លោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសមរង្ស៊ី ទាក់ទិនជុំវិញ ការសុំឱ្យផ្លាស់ប្ដូរវេន សមាជិកព្រឹទ្ធសភា លោកស្រី ថាក់ ឡានី ថា“លោកប្រធានសមរង្ស៊ី ក្រឡាស់សំដី កាលពីនៅប៉ារីស អំពីករណីលោកស្រីថាក់ ឡានី ។ បើប្រកាសសច្ចៈ គឺត្រូវប្ដូរពាក់កណ្ដាលអាណត្ដិ” ។

សូមបញ្ជាក់ថា នៅក្នុងលិខិតចុះថ្ងៃទី១៨ ខែកុម្ភៈនេះ នៅក្នុងរបៀបរវៈទី៣ ស្ដីអំពីលោកស្រីថាក់ ឡានី សមាជិកព្រឹទ្ធសភា ដែលនឹងត្រូវផ្លាស់ប្ដូរពាក់កណ្ដាលអាណត្ដិ ដើម្បីជំនួសអ្នកផ្សេង ត្រូវបានលោកសម រង្ស៊ី ដែលមានវត្ដមានចូលរួមនៅក្នុងកិច្ចប្រជុំរបស់គណៈអចិន្ដ្រៃយ៍កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ នៅស្នាក់ការកណ្ដាលគណបក្ស សមរង្ស៊ី  ស្ថិតនៅក្នុងសង្កាត់ចាក់អង្រែលើ លោកសម រង្ស៊ី បានជំទាស់មិនឱ្យមានការ ផ្លាស់ប្ដូរតំណែងសមាជិកព្រឹទ្ធសភា របស់លោកស្រី ថាក់ ឡានីទេ ។

នៅក្នុងលិខិតពុំបានបញ្ជាក់អំពីមូលហេតុ ទេ ប៉ុន្ដែចំណាររបស់លោកគង់ គាំ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៥ បានខឹង សម្បារយ៉ាងខ្លាំង ចំពោះលោកសម រង្ស៊ី ដោយវាយប្រហារសំដីធ្ងន់ៗនៅលើចំណារ លិខិតនៃសេចក្ដីសម្រេចអង្គប្រជុំថា លោក ប្រធានក្រឡាស់សំដី...។

សូមបញ្ជាក់ថា កាលពីថ្ងៃពុធទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង១០និង៣០នាទីព្រឹកនៅស្នាក់កណ្ដាលគណបក្សសមរង្ស៊ី ផ្ទះលេខ៥៧៦ ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ មានកិច្ចប្រជុំគណៈកម្មាធិការអចិន្ដ្រៃយ គណបក្សសមរង្ស៊ី ក្រោមអធិបតីភាព លោកស្រី ទាវ វណ្ណុល អនុប្រធានគណបក្ស សមរង្ស៊ី ប្រធានអង្គប្រជុំ ។ ក្នុងនោះលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ និងជាអតីតប្រធានគណបក្សសមរង្ស៊ី បានអញ្ជើញចូលរួមស្ដាប់នៅក្នុងអង្គប្រជុំនេះ ដែរ ។

សមាជិកគណៈកម្មាធិការអចិន្ដ្រៃយ៍ ដែលបានអញ្ជើញចូលរួម មានចំនួន៩រូប (អវត្ដមាន២រូប គឺលោកប្រធានគង់ គាំ និង លោកសោ ចាន់ដេត ) របៀបវារៈដែលលើក មកប្រជុំរួមមាន

១-បេសកកម្មរបស់សមាជិកព្រឹទ្ធសភា ទៅជួយការងារខេត្ដ១អាសនៈ

២-ពិនិត្យនូវរបាយការណ៍ចំណូល ចំណាយ របស់គណបក្ស និងការផ្ទេរពីគណបក្សសមរង្ស៊ី ទៅគណបក្សសង្គ្រោះជាតិ

៣-ករណីលោកស្រីថាក់ ឡានី

៤-ផ្សេងៗ

បន្ទាប់ពីបានពិភាក្សាយ៉ាងយកចិត្ដទុក ដាក់រួចមក អង្គប្រជុំរបស់គណៈកម្មាធិការ អចិន្ដ្រៃយគណបក្ស បាន សម្រេចជាឯកច្ឆ័ន្ទ ដូចខាងក្រោម ៖

១-កែសម្រួលលើសេចក្ដីសម្រេច ដោយ តែងតាំងលោកស្រី ឡាយ បូនី និងលោកស្រី លី នារី ជួយការងារនៅខេត្ដព្រះវិហារ។ បន្ថែមលើការងារនេះទៀត លោកស្រី លី នារី ជួយការងារនេះនៅខេត្ដពោធិ៍សាត់ ដដែល ។

២-ថវិកាផ្ទេរចំនួន៥០ភាគរយ នៃចំណូល របស់គណបក្សសម រង្ស៊ី បានមក ពីសមាជិកព្រឹទ្ធសភា ១១រូប ទៅឱ្យគណបក្សសង្គ្រោះជាតិ ចាប់ពីខែកុម្ភៈ ឆ្នាំ២០១៥ រហូតដល់ចប់អាណត្ដិព្រឹទ្ធសភា នីតិកាលទី៣ ។

៣-ករណីលោកស្រី ថាក់ ឡានី លោក ប្រធាន សមរង្ស៊ី បានសម្រេចឱ្យនៅជា សមាជិកព្រឹទ្ធសភាដដែល គឺមិនមានការផ្លាស់ប្ដូរទេ ។

៤-គណបក្សសម រង្ស៊ីនៅបន្ដជួយថវិកា ចំនួន១លានរៀលដដែល ចំពោះថវិកាមហា ជន ដែលមានវត្ដមាន លោកប្រធានសម រង្ស៊ី និងលោកអនុប្រធានកឹម សុខា អញ្ជើញ ទៅខេត្ដដែលមាន១អាសនៈ( ក្នុងករណី ដែលគណបក្សសង្គ្រោះជាតិ មិនបានជួយថវិកា១លានរៀលនេះ) ។

សូមបញ្ជាក់ថា គណបក្សសមរង្ស៊ី បាន សម្រេចជាគោលការណ៍កន្លងទៅ ថា សមា ជិករដ្ឋសភានិងព្រឹទ្ធសភា នឹងត្រូវផ្លាស់ប្ដូរ វេន ពាក់កណ្ដាលអាណត្ដិ ដើម្បីបើកលទ្ធភាពឱ្យអ្នកលេខរៀងបន្ទាប់ ដែលខិតខំតស៊ូជ្រោមជ្រែងជួយគណបក្ស មានវាសនាបានអង្គុយកៅអីរដ្ឋសភា និងព្រឹទ្ធសភានឹងគេដែរ ។

ដើមហេតុដែលនាំឱ្យមានសេចក្ដីសម្រេចរបស់គណបក្សផ្លាស់ប្ដូរវេនពាក់កណ្ដាល អាណត្ដិបានធ្វើឡើងនៅទីក្រុងបាងកកប្រទេសថៃ កាលពីឆ្នាំ១៩៩៨ ដែលថ្នាក់ដឹកនាំ គណបក្សសម រង្ស៊ី ចេញគោលការណ៍លើក ទឹកចិត្ដទៅដល់សកម្មជនដែលបានតស៊ូជាមួយគណបក្ស ដោយក្នុងនោះ ពួកគេត្រូវចែករំលែកគ្នា ក្នុងការទទួលបាននូវសមាជិកសភានិងព្រឹទ្ធសភាទៅតាមអ្វីដែលគណបក្សទទួលបានពីការបោះឆ្នោត ។ ហើយសេចក្ដីសម្រេច នោះ ក៏បានបន្ដអនុវត្ដរហូតមក ប៉ុន្ដែកន្លងទៅ លោកសម រង្ស៊ី មិនបានអនុវត្ដទាំងស្រុងទេ ដោយសមាជិករដ្ឋសភា និងព្រឹទ្ធសភាភាគច្រើន អង្គុយទាល់តែចប់អាណត្ដិ៥ឆ្នាំតែម្ដង ។

ទោះជាយ៉ាងណាក៏ដោយ គេមិនទាន់ដឹង ទេ ថាតើគណបក្សសង្គ្រោះជាតិ ដែលមានធាតុផ្សំគណបក្សសមរង្ស៊ី និងគណបក្សសិទ្ធិមនុស្ស មានគោលការណ៍ ផ្លាស់ប្ដូរសមាជិកសភា ពាក់កណ្ដាលអាណត្ដិយ៉ាងណានោះទេ ៕

Michelle Obama ៖ ខ្ញុំពិតជាអរគុណ និងរីករាយជាខ្លាំង ដែលបានក្លាយជា មនុស្សម្នាក់ មកទស្សនា នៅប្រាសាទ អង្គរវត្ត

$
0
0

ភ្នំពេញ ៖ យោងតាមវិដេអូ របស់លោកស្រី Michelle Obama ដែលបានផ្សាយ នៅក្នុងគេហទំព័រ The White House របស់រដ្ឋាភិបាល សហរដ្ឋអាម៉េរិក ស្តីអំពីដំណើរទស្សនកិច្ច របស់លោកស្រី Michelle Obama នៅប្រាសាទ អង្គរវត្តរបស់កម្ពុជា ដ៏ល្បាញល្បីលើពិភពលោក។ លោកស្រីទី១ ភរិយារបស់ប្រធានាធិបតី សហរដ្ឋអាម៉េរិក បានរៀប រាប់យ៉ាងដូច្នេះថា ៖

បន្ទាប់ពីធ្វើទស្សនកិច្ច នៅសាលា ហ៊ុន សែន បាគង ក្នុងគោលដៅជំរុញកម្មវិធី Let Girls Learn លោកស្រី Michelle Obama បានបន្តដំណើរទស្សនកិច្ច នៅប្រាសាទអង្គរវត្ត ដែលជាប្រាសាទបុរាណដ៏ធំមហិមាមួយ ស្ថិតនៅក្នុងខេត្ត សៀមរាប ។

លោកស្រីបានបញ្ជាក់ថា ប្រាសាទអង្គរវត្តត្រូវបានកសាងឡើង តាំងពីដើមសតវត្សរ៍ទី១២ នៃគ.ស ប៉ុន្តែ នៅតែស្ថិត ស្ថេរជាវិមានសាសនាដ៏ធំមួយនៅលើផែនដី ។

ប្រាសាទបុរាណនេះ បានក្លាយជានិមិត្តសញ្ញារបស់ប្រទេសកម្ពុជា ព្រមទាំងជារូបភាពក្នុងទង់ជាតិ នៃព្រះរាជាណា ចក្រកម្ពុជាថែមទៀតផង ។

អង្គរវត្តដំបូងឡើយ ត្រូវបានកសាងឡើង ដើម្បីគោរពដល់អាទិទេព នៃសាសនាហិណ្ឌូ ហើយក្រោយមក បានក្លាយ ជាទីកន្លែង សម្រាប់សក្ការៈបូជា នៃសាសនាព្រះពុទ្ធ។ ប្រាសាទនេះស្ថិតនៅក្នុងអតីតរាជធានី នៃអាណាចក្រខ្មែរ បុរាណ។ ក្នុងពេលនោះប្រាសាទទាំងនេះ ហ៊ុំព័ទ្ធដោយលំនៅដ្ឋានប្រជាពលរដ្ឋ និងវាលស្រែរាប់រយគីឡូម៉ែត្រ ហើយ មនុស្សបានបង្កើតផ្លូវទឹក ដើម្បីបញ្ចូលទឹកទៅវាលស្រែរបស់កសិករថែមទៀតផង ។

ក្នុងពេលទស្សនាជុំវិញប្រាសាទ អ្វីដែលលោកស្រីបានឃើញ ធ្វើឲ្យលោកស្រីស្រមៃនឹកដល់អរិយធម៌ដ៏រុងរឿង ការ កសាងប្រាសាទទាំងនេះឡើង។ ចម្លាក់ដ៏ស្រស់ស្អាតជាច្រើនត្រូវបាន ឆ្លាក់នៅលើជញ្ជាំងប្រាសាទ ដែលបង្ហាញពីរឿងរ៉ាវប្រវត្តិសាស្ត្រ នៃប្រជាពលរដ្ឋខ្មែរ ក្នុងសម័យនោះ។ លោកស្រី Michelle បានឃើញ ទីតាំងក្នុងប្រាសាទ ដែល ជាកន្លែងមនុស្សធ្លាប់គោរពបូជា ចំពោះព្រះអាទិទេព និងផ្លូវជុំវិញប្រាសាទដែលដូនតាខ្មែរធ្លាប់ដើរឆ្លងកាត់ជាដើម។

លោកស្រី First Lady រូបនេះ បានបន្តបញ្ជាក់ថា មិនមានអ្នកណាម្នាក់ដឹងច្បាស់ ពីមូលហេតុដែលនាំឲ្យមនុស្សចាក ចោលប្រាសាទ និងទីក្រុងនេះនោះទេ ហើយនៅសតវត្សរ៍ទី១៥ មនុស្សស្ទើរទាំងអស់បានចាកចេញពីទីនេះ ។

ក្រោយមកដើមឈើបានហ៊ុំព័ទ្ធប្រាសាទ គឺមានតែព្រះសង្ឃតែប៉ុណ្ណោះដែលបន្តគង់នៅ និងសូត្រធម៌នៅទីនោះ។ យ៉ាងនេះក្តីហេតុផលទាំងនេះ មិនអាចបញ្ឈប់មនុស្សមិនឲ្យបន្តមកទស្សនាស្ថាបត្យកម្មដ៏អស្ចារ្យមួយនេះបានឡើយ។ ហើយពេលនេះ លោកស្រីពិតជាអរគុណ និងរីករាយជាខ្លាំង ក្នុងការក្លាយជាមនុស្សម្នាក់ ដែលបានមកទស្សនានៅ ទីនេះ ៕

ក្រសួងដាក់ចេញ នូវសកម្មភាព និងវិធានការ ៧ ចំណុច ដើម្បីផ្គត់ផ្គង់ខ្សាច់ ឲ្យបានទាន់ពេលវេលា

$
0
0

ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានឲ្យដឹងថា យើងបានឯកភាព ដាក់ចេញនូវវិធានការ ចំនួន ៧ចំណុច ទៅលើសកម្មភាព និងវិធានជាបន្ទាន់ ដើម្បីធ្វើការផ្គត់ផ្គង់ខ្សាច់ ឲ្យបានទាន់ពេលវេលា នៅក្នុងទីផ្សារ កម្ពុជា ។

ថ្លែងនៅក្នុងសន្និសីទកាសែត ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងការគ្រប់គ្រងរ៉ែខ្សាច់ នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០១៥ នាទីស្តីក្រសួងរ៉ែ និងថាមពល លោករដ្ឋមន្ត្រី ស៊ុយ សែម បានមានប្រសាសន៍ថា ដើម្បីដោះស្រាយបញ្ហាការ ផ្គត់ផ្គង់ខ្សាច់ឲ្យបានទាន់ពេលវេលា រាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ បានចេញសេចក្តី សម្រេច ស្តីពីការកំណត់គោលការណ៍ ធ្វើអាជីវកម្មខ្សាច់ ដែលប្រគល់ភារកិច្ច ឲ្យក្រសួងរ៉ែ និងថាមពល ជាអ្នកចេញ អាជ្ញាប័ណ្ណ និងទទួលខុសត្រូវ គ្រប់បែបយ៉ាងលើការធ្វើអាជីវកម្មខ្សាច់គ្រប់ប្រភេទ ។

លោករដ្ឋមន្ត្រីបានបន្ថែមថា “ក្រោយទទួលបានភារកិច្ច ថ្នាក់ដឹកនាំក្រសួង បានបើកកិច្ចប្រជុំនៅថ្ងៃទី២៣ ខែមីនា ឆ្នាំ ២០១៥ ដើម្បីជជែកពិភាក្សា ពីវិធានការ និងការកំណត់ធ្វើផែនការ ក្នុងការពង្រឹងអភិបាលកិច្ច និងការគ្រប់គ្រងអាជីវ កម្មនេះ”។

លោក ស៊ុយ សែម បានបញ្ជាក់ថា នៅកិច្ចប្រជុំនោះ បានឯកភាពគ្នាទៅលើសកម្មភាព និងវិធានការមួយចំនួនជា បន្ទាន់ ហើយវិធានការនោះ រួមមាន ទី១-បន្តពន្យារអាជ្ញាប័ណ្ណ ដែលមានស្រាប់នៅក្នុងតំបន់ ដែលបានសិក្សារួចជា ស្រេចទៅលើផលប៉ះពាល់សង្គម សេដ្ឋកិច្ច និងបរិស្ថាន, ទី២-ត្រូវវាយតម្លៃ និងសិក្សាឲ្យបានច្បាស់លាស់សិន មុន ផ្តល់អាជ្ញាប័ណ្ណថ្មី, ទី៣-អន្តរក្រសួង នឹងត្រូវរៀបចំឡើង ដើម្បីសហការវាយតម្លៃសិក្សា ពីផលប៉ះពាល់បរិស្ថាន និង ផែនការកាត់បន្ថយការប៉ះពាល់បរិស្ថាន, ទី៤- ឆ្មាំទន្លេ ត្រូវប្រមូលផ្តុំ ដើម្បីការពារទន្លេ ប្រឆាំងទប់ស្កាត់ នឹងការធ្វើ អាជីវកម្មខ្សាច់ខុសច្បាប់, ទី៥-បង្កើតលេខទូរស័ព្ទ ដើម្បីទទួលបណ្តឹងទាក់ទង នឹងការបូមខ្សាច់អនាធិបតេយ្យ នៅ តាមសមុទ្រ ដងទន្លេ និងស្ទឹង, ទី៦-រៀបចំ និងពិនិត្យឡើងវិញ នូវរាល់លក្ខខណ្ឌ ក្នុងការផ្តល់អាជ្ញាប័ណ្ណ និងទី៧- នឹងធ្វើលទ្ធកម្មជ្រើសរើស អ្នកជំនាញបច្ចេកទេសបរិស្ថាន ដើម្បីជួយធ្វើការសិក្សា តំបន់ដែលអាចធ្វើអាជីវកម្មខ្សាច់។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល បានមានប្រសាសន៍ថា យើងត្រូវធ្វើការឲ្យបានច្បាស់ លាស់ មុនផ្តល់អាជ្ញាប័ណ្ណអាជីវកម្មខ្សាច់ ដូចនៅក្នុងដងទន្លេជាដើម យើងត្រូវសិក្សានូវទន្លេទាំងមូលសិន ដើម្បីផ្តល់ យោបល់ជូនទៅក្រសួង មុននឹងធ្វើការចេញអាជ្ញាប័ណ្ណ ជូនទៅក្រុមហ៊ុនដែលចង់ធ្វើអាជីវកម្ម ។

លោករដ្ឋមន្ត្រីបានបន្តថា “នៅទន្លេមេគង្គមានពីររដូវ គឺរដូវប្រាំង និងវស្សា ហើយកម្ពស់ទឹក ក៏មានការខុសប្លែក រវាងរដូវទាំងពីរនេះ អីចឹងទេ ការកកដី ការដុះដីនៅតំបន់ខ្លះ ហើយក៏អាចថា វាខូងនៅកន្លែងផ្សេង បាក់ច្រាំងនៅកន្លែង ផ្សេង គឺជារឿងមួយដែលត្រូវសិក្សាឲ្យបានច្បាស់លាស់”។

លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស មានប្រសាសន៍ថា ក្នុងការសហ ការគ្រប់គ្រងរ៉ែខ្សាច់ និងការអនុវត្តច្បាប់អាជីវកម្មរ៉ែ នៅក្នុងប្រទេសកម្ពុជា កងរាជអាវុធហត្ថមានតួនាទីមួយចំនួន។

លោកនាយឧត្តមសេនីយ៍ បានបន្តថា “តួនាទី ទី១-ត្រូវធ្វើការការពារនូវមន្ត្រីក្រសួងរ៉ែ និងបរិស្ថាន និងមន្ត្រីផ្សេងទៀត ដែលមានតួនាទី និងភារកិច្ចក្នុងការធ្វើអធិការកិច្ច ក្នុងការត្រួតពិនិត្យទៅលើអាជីវកម្មធនធានរ៉ែ ជាពិសេស ខ្សាច់ដែល កំពុងនិយាយនេះ, ទី២-ផ្តល់កម្លាំងមនុស្សជាក់ស្តែង ក្នុងការចូលរួមការពារ, ទី៣-ផ្តល់មធ្យោបាយ មានទូកលឿន (អូបរ) និង៤-គឺច្បាប់បានផ្តល់នូវអំណាច ផ្នែកនគរបាលយុត្តិធម៌ ដូច្នេះ ក្នុងប្រតិបត្តិការនេះ បើសិនជាមានជនណា ប្រព្រឹត្តបទល្មើស ដែលស្ថិតនៅក្នុងបទល្មើសឧក្រិដ្ឋ ដែលក្រមព្រហ្មទណ្ឌបានចែង ជាតួនាទីរបស់កងរាជអាវុធហត្ថ គឺអាវុធហត្ថមានតួនាទីបង្ក្រាប់តាមផ្លូវច្បាប់”។

បើតាមការបញ្ជាក់ របស់រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម បានឲ្យដឹងថា នៅក្នុងពេលបច្ចុប្បន្ននេះ មានអាជីវកម្មរ៉ែចំនួន ១៤២ក្រុមហ៊ុន បាន និងកំពុងធ្វើអាជីវកម្ម នៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុនទាំងនោះ មាន នៅក្នុងរាជធានីភ្នំពេញ ចំនួន ៧ក្រុមហ៊ុន, ខេត្តកណ្តាល ៤១, ព្រៃវែង ៦, កំពង់ឆ្នាំង ៣, កំពង់ធំ ១២, កំពង់ស្ពឺ ១៣, កោះកុង ១០, កំពត ២២, ព្រះសីហនុ ៧, កែប ៣, តាកែវ ៣, ពោធិ៍សាត់ ៩, សៀមរាប ៤ និងខេត្តស្ទឹងត្រែង ចំនួន ១ក្រុមហ៊ុនផងដែរ ៕

ជនរងគ្រោះ ក្នុងឧប្បតិហេតុ ធ្លាក់យន្តហោះ អាការចរណ៍ Germanwings មានជនជាតិ អាល្លឺម៉ង់ ៧២នាក់ និងអេស្ប៉ាញ ៣៥នាក់

$
0
0

ប៊ែកឡំាង៖ បើតាមលោក Thomas Winkelmann នាយកប្រតិបត្តិ ក្រុមហ៊ុនអាកាសចរណ៍ Germanwings បាននិយាយ នៅក្នុងសន្និសីទ សារព័ត៌មាននៅ ថ្ងៃពុធថា មានជនជាតិអាល្លឺម៉ង់ ចំនួន ៧២នាក់ និងជនជាតិ អេស្ប៉ាញ ៣៥នាក់ ស្ថិតក្នុងចំណោមជនរងគ្រោះ ទំាង១៥០នាក់នៃជើងហោះ ហើរ 4U9525។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងថា យន្តហោះជើង ហោះហើរ 4U9525 បានហោះចេញពីទីក្រុង បាសេឡូណា ប្រទេសអេស្ប៉ាញ ឆ្ពោះទៅទីក្រុង ដូសែលឡូស ប្រទេស អាល្លឺម៉ង់ ជាមួយនឹងមនុស្សទំាងអស់នៅលើនោះគឺចំនួន ១៥០នាក់។

ជាមួយគ្នានោះដែរ បើតាមរដ្ឋមន្រ្តីការបរទេសអង់គ្លេសលោក Philip Hammond បាននិយាយថា យ៉ាងហោច ណាស់ មានជនជាតិអង់គ្លេស ៣នាក់ នៅលើយន្តហោះដែលធ្លាក់នៅភាគខាងត្បូងប្រទេសបារំាងនោះ៕


ជនអនាថា និងពិការជើង ម្នាក់ដេកស្លាប់ ក្នុងបរិវេណ ផ្សារចាស់ ដោយមិនដឹង មូលហេតុ

$
0
0

ភ្នំពេញៈ ជនអនាថា និងពិការជើងម្ខាងផងដែរនោះ បានដេកស្លាប់នៅ ក្នុងរិវេណផ្សារចាស់ ដោយមិនទាន់ ដឹងពីមូលហេតុដែលបណ្តាលឲ្យ ស្លាប់នោះទេ។ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ នៅក្នុងរិវេណផ្សារចាស់ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

ប្រភពពីមន្ត្រីសមត្ថកិច្ច បានរាយការណ៍ឲ្យដឹងថា ជនអនាថាខាងលើគឺ ជាអ្នកសុំទាន ដោយពិការជើងម្ខាង ហើយមិនទាន់ត្រូវបានគេស្គាល់ អត្តសញ្ញាណនៅឡើយទេ។ កម្លាំងសមត្ថកិច្ចកំពុងសុំកិច្ចអន្តរាគម ពីមន្ត្រីគ្រប់ គ្រងផ្សារដើម្បីយកសពរបស់ជនរងគ្រោះ ចេញពីក្នុងផ្សារ។

បច្ចុប្បន្នកម្លាំងមានសមត្ថកិច្ច កំពុងធ្វើកោសល្យវិច័យ ទៅលើជនរងគ្រោះ ដើម្បីកំណត់មូលហេតុ នៃការស្លាប់ខាងលើនេះ៕  

អាជ្ញាធរ និងសមត្ថកិច្ច ខណ្ឌទួលគោក ចុះធ្វើរដ្ឋបាល នៅខាងក្រោយ សាលាទិចណូ

$
0
0

ភ្នំពេញៈ គណៈបញ្ជាការ ឯកភាពខណ្ឌទួលគោក ដែលមានកម្លាំង សមត្ថកិច្ចចម្រុះ ទាំងនគរបាល ទាំងអាវុធហត្ថ និងប្រជាការពារ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ជាច្រើននាក់ នៅយប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥នេះ បានចុះធ្វើរដ្ឋបាល នៅខាងក្រោយសាលាទិចណូ ដើម្បីរក្សារសន្តិសុខ ក៏ដូចជាសណ្តាប់ធ្នាប់ តាមមូលដ្ឋាន។

អភិបាលរងខណ្ឌទួលគោក លោក ប៉ាង លីដា អភិបាលខណ្ឌទួលគោក ដែលដឹកនាំកម្លាំងចុះធ្វើរដ្ឋបាល នៅយប់នេះ បានថ្លែងថា យុទ្ធនាការចុះឆែកឆេរ ក៏ដូចជាការចុះត្រួតពិនិត្យតាមផ្ទះប្រជាពលរដ្ឋ គឺដើម្បី ការពារទប់ស្កាប់ សកម្មភាពបទល្មើសៗនានា ដែលមុខសញ្ញាខ្លះ បានពួនអាត្មាដើម្បីធ្វើសកម្មភាពជា ដើម។

 លោកប៉ាង លីដា បានបន្តទៀតថា អាជ្ញាធរនិងសមត្ថកិច្ចក៏បានធ្វើការណែនាំ ដល់ប្រជាពលរដ្ឋដែលរស់នៅ តំបន់នេះត្រូវរាយការណ៍ និងសហការជាមួយសមត្ថកិច្ច នៅពេលដែលឃើញមុខសញ្ញាសង្ស័យមកលាក់ខ្លួន និងចង់ធ្វើសកម្មភាពអ្វីមួយនោះ។

បើតាមអភិបាលរងខណ្ឌរូបនេះ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរ និងបន្តយុទ្ធនាការចុះធ្វើរដ្ឋបាល នៅវេលាម៉ោង៨ ព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ២០១៥ បន្តទៀត។

លោកប៉ាង លីដា បានបញ្ជាក់ថា គណៈបញ្ជាការឯកភាពខណ្ឌដែលដឹកនាំដោយលោកអភិបាលខណ្ឌតែងតែ ដាក់ផែនការចុះធ្វើរដ្ឋបាល និងត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាបន្តបន្ទាប់នៅក្នុងទឹកដីខណ្ឌទួលគោក ក្នុងគោល បំណងការពារសន្តិសុខ សណ្តាប់ធ្នាប់ ក៏ដូចជាទប់ស្កាត់បញ្ហាបទល្មើសនានាដែលអាចកើតមាន ឡើង នៅពេលណាមួយ៕

នគរបាលប៉ុស្តិ៍ វត្តភ្នំឃាត់ខ្លួន ជនសង្ស័យ វាយប្រជាពលរដ្ឋ ប្លន់យក ទ្រព្យសម្បត្តិ

$
0
0

ភ្នំពេញៈ កម្លាំងនគរបាលល្បាត របស់ប៉ុស្តិ៍វត្តភ្នំ ខណ្ឌដូនពេញ បានធ្វើការដេញចាប់ និងឃាត់ខ្លួន ជនសង្ស័យបាន ម្នាក់ ក្នុងចំណោមបក្ខពួក៣នាក់ ផ្សេងទៀត ក្រោយពីពួកគេបានធ្វើសកម្មភាព គៀប និងវាយប្លន់ យកទ្រព្យសម្បត្តិ  រួមមានទូរស័ព្ទ និងលុយកាកមួយចំនួន កាលពីវេលាម៉ោង ៧ និង ៤០នាទីយប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅចំណុចវត្តភ្នំបែបខាងជើង ក្នុងសង្កាត់វត្តភ្នំ ខណ្ឌូដូនពេញ។

ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនខាងលើមានឈ្មោះ  ទៀង សុភ័ក្រ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះចំការឪឡឹក សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ។ ចំណែកជនរងគ្រោះ មានឈ្មោះ ស្រេង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរបើកឡានក្រុមហ៊ុនទឹកសុទ្ធ ស្នាក់នៅផ្ទះជួល លេង៦ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។  សម្ភារៈដែលត្រូវបានបានបាត់បងរួមមាន លុយចំនួន១០០ដុល្លារ និងទូរស័ព្ទម៉ាក LG មួយគ្រឿង។

ប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូម៉ាកគុបតែម្នាក់ឯង ដើម្បីម រកបងប្អូន ហើយក៏ឈប់ម៉ូតូ រួចជនរងគ្រោះបានចូលទៅលេងនៅវត្តភ្នំពប៉ែបខាងជើង ។ ព្រភពដដែល បានបន្តថា ពេលនោះក៏មានជនសង្ស័យចំនួន៣នាក់ បានមកធ្វើសកម្មភាពចាប់គ្រៀកជនរងគ្រោះ ហើយលួកយកលុយ និងទូរស័ព្ទពីក្នុងកាបូបរបស់ជនរងគ្រោះ។ ក្រោយធ្វើសកម្មភាព បានសម្រេច ជនសង្ស័យបាននាំគ្នាគេចខ្លួន ពេលនោះជនរងគ្រោះបានស្រែកថាចោរៗ ក៏ត្រូវបានកម្លាំងល្បាត របស់ប៉ុស្តិ៍វត្តភ្នំនៅជិតនោះធ្វើការបង្ក្រាបដេញតាមចាប់បានម្នាក់ ចំណែក២នាក់ផ្សេងទៀតបានរត់រួច ដោយបានយកទាំងលុយ និងទូរស័ព្ទទៅជាមួយផង។

បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកាន់ប៉ុស្តិ៍វត្តភ្នំ ដើម្បីធ្វើការសាកសួរបន្ត៕

ប្រទេសជាច្រើន នឹងត្រូវចូលរួម សមយុទ្ធសន្តិសុខ ដែនសមុទ្រ នៅក្នុងប្រទេស ឥណ្ឌូនេស៊ី

$
0
0

ហ្សាការតា៖ បើតាមមន្រ្តីរបស់ប្រទេស ឥណ្ឌូនេស៊ី បាននិយាយនៅថ្ងៃពុធថា ប្រទេសចំនួន១៧ នឹងមកចូលរួម ក្នុងសមយុទ្ធដែនសមុទ្រ នៅទីក្រុង យូគីយ៉ាកាតា ប្រទេស ឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី៣០ ខែមីនា រហូតដល់ ថ្ងៃទី០១ ខែមេសា។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃពុធ ទី២៥ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែក តាមការលើកឡើង របស់លោក អេឌី ហ្វ័រណង់ឌី ប្រធានក្រុមប្រឹក្សាភិបាល សន្តិសុខដែនសមុទ្រ របស់ឥណ្ឌូនេស៊ីថា សមយុទ្ធលើកនេះគឺជាលើកទី៦ហើយ ដែលធ្វើឡើងក្នុង គោលបំណងរឹតបន្តឹង ការសម្របសម្រួល ក្នុងចំណោមប្រទេសដែលចូលរួមជាច្រើនទៀត ក្នុងការប្រយុទ្ធប្រឆំាងនឹងឧក្រិដ្ឋកម្ម នៅតាមដែនសមុទ្រក្នុងតំបន់។

លោកបន្តថា «ប្រទេសជាច្រើននឹងដាក់ការការពារចំពោះការរំលោភបំពាននៅសមុទ្រ ជាបញ្ហាអាទិភាព បន្ទាប់ពីជួប ប្រទះបញ្ហាជាច្រើនក្នុងចំណោមការរំលោភបំពាន ដែលបានកើតឡើងនៅ ក្នុងបូរណភាព ដែនទឹកសកលលោក»។

ក្នុងចំណោមប្រទេសដែលនឹងមកចូលរួមទំាងនោះរួមមាន ចិន, អូស្រ្តាលី, ជប៉ុន, ហ្វីលីពីន, ទីម័រ និងប្រទេស ជាច្រើនទៀត៕

ក្រុមចោរចូល បាញ់ប្លន់​យក ទ្រព្យសម្បត្តិ ពី​ប្រជាពលរដ្ឋ នៅស្រុកត្បូងឃ្មុំ

$
0
0

ត្បូងឃ្មុំៈ ជនសង្ស័យ២នាក់ ប្រដាប់ដោយកាំភ្លើងខ្លី បានចូលទៅបាញ់ប្លន់ យកទ្រព្យសម្បត្តិ និងសម្ភារៈ មួយចំនួន ពីជនរងគ្រោះ ស្ថិតនៅឃុំអញ្ជើម ស្រុកត្បូងឃ្មុំ ខេត្តត្បួងឃ្មុំ កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥។

ជុំវិញករណីប្លន់ខាងលើនេះ អធិការនគរបាលស្រុកត្បូងឃ្មុំ លោក សួស ស៊ាងលី បានបញ្ជាក់តាមទូរស័ព្ទមកថា ជនសង្ស័យមានគ្នា២នាក់ ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ហើយបានចូលទៅបាញ់ប្លន់ ជនរងគ្រោះបណ្តាលឲ្យ រងរបួស  រួចយកទ្រព្យសម្បត្តិរត់គេចខ្លួនបាត់។

លោកអធិការស្រុកត្បូងឃ្មុំបានបញ្ជាក់ទៀតថា នៅពេលនេះកម្លាំងរបស់កំពុងចុះមកធ្វើការស្រាវជ្រាវ ដើម្បីតាមបង្ក្រាបក្រុមចោរប្លន់ទាំងនេះ។ លោកបន្តថា លោកនៅមិនទាន់បានដឹងទំហំនៃការ បាត់បង់ទ្រព្យសម្បតិ្ត និងអត្តសញ្ញាណរបស់ជនរងគ្រោះ ក៏ដូចជាដំណើររឿងយ៉ាងនោះទេ ដោយលោកបន្តថាកំពុងជាប់រវល់៕

Viewing all 8042 articles
Browse latest View live




Latest Images