Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

រថយន្តឡង់គ្រីស័រ បុកម៉ូតូបណ្តាលឲ្យ បុរស ម្នាក់របួសធ្ងន់ រួចបើកគេចខ្លួនបាត់ ក្នុងក្រុងបានលុង

$
0
0

រតនគិរីៈ រថយន្តឡង់គ្រីស័រមួយគ្រឿង បានបើកបុកម៉ូតូ បណ្តាលអោយ មនុស្សម្នាក់របួសធ្ងន់  ហើយ បន្ថែមល្បឿន បើកគេចរត់គេចខ្លួនបាត់។  ហេតុការណ៍នេះកើតឡើង កាលវេលាម៉ោង៨ និង១០នាទី យប់ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ ត្រង់ចំណុចផ្លូវបែកជា៤ ស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។

ប្រជាពលរដ្ឋក្បែរកន្លែងកើតហេតុប្រាប់អោយដឹងថា ពួកគាត់បានឃើញរថយន្តឡង់គ្រីស័រ ពណ៌ខ្មៅ មិនចាំស្លាកលេខ បើកក្នុងទិសដៅពីលិច ទៅកើត ក្នុងល្បឿនលឿន ស្របពេលម៉ូតូម៉ាកC125ពណ៌ខ្មៅ គ្មានស្លាកលេខ ជិះម្នាក់ឯង ក្នុងទិសដៅពីជើង ទៅត្បូង លុះមកដល់ផ្លូវបំបែកជា៤ ត្រូវរថយន្តបុកពេញទំហឹង បណ្តាលអោយម៉ូតូដាច់កង់មុខ និងមនុស្សម្នាក់រងរបួសធ្ងន់។  ភ្លាមនោះដែរសមត្ថកិច្ច មូលដ្ឋាន និងនគរបាលចរាចរនៃស្នងការនគរបាលខេត្តចុះជួយអន្តរាគមន៍ ដឹកជនរងគ្រោះ ទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យ បង្អែកខេត្តរតនគិរី។

យ៉ាងណាក៏ដោយសមត្ថកិច្ចមិនទាន់ស្វែងរកអត្តសញ្ញាណជរងគ្រោះ និងអ្នកបើកបររថយន្តឡង់គ្រីស័រ បង្កហេតុនៅឡើយទេ ពោលគឺរថយន្តបើកគេចខ្លួនបាត់។ប្រជាពលរដ្ឋ ដែលមានលំនៅដ្ឋាន ក្បែរកន្លែងកើត ហេតុខាងលើ បានអះអាងថា រថយន្តឡង់គ្រីស័រ ខាងលើនេះ មានលំនៅដ្ឋាន ក្រោយមន្ទីរ បរិស្ថានខេត្ត ស្ថិតក្នុងភូមិ ឃុំខាងលើហើយ រថយន្តឡង់គ្រីស័រ ខាងលើនេះបើកបរ មានល្បឿនលឿន ហើយជាមធ្យោបាយសំរាប់ដឹកជញ្ជូនឈើប្រណីត យ៉ាងសកម្មទៅប្រទេសវៀតណាម។

បច្ចុប្បន្នម៉ូតូ របស់ជនរងគ្រោះត្រូវបាន នគរបាលចរាចរណ៍ នាំយករក្សាទុក នៅស្នងការដ្ឋាននគរបាល ខេត្តរតនគិរី។  ចំណែកឯរថយន្តបង្កហេតុ ដែលបើកគេចសមត្ថកិច្ច កំពុងតែតាមប្រមាញ់ ដើម្បីយកមកដោះស្រាយ គ្នានៅពេលក្រោយ៕


កម្លាំងសមត្ថកិច្ច ខណ្ឌមានជ័យ ចុះពិនិត្យ មជ្ឈមណ្ឌល ភាសាកូរ៉េ-ជប៉ុន អ៊ីលីត គ្មានសិទ្ធនាំពលករ ទៅធ្វើការនៅ ក្រៅប្រទេស

$
0
0

ភ្នំពេញៈ នៅព្រលប់ម៉ោង 19៖30នាទីនា ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ កម្លាំងនគរបាល ប្រឆាំង និងការជួញ ដូរមនុស្ស និងការពារអនីតិជន សហការជាមួយមន្ត្រី ក្រុមប្រឹក្សាសង្កាត់ ស្ទឹងមានជ័យ បានចុះមកពិនិត្យ បិទជាបណ្តោះអាសន្ន នូវមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ភាសាកូរ៉េ-ជប៉ុន អ៊ីលីត ដែលមានទីតាំង ស្ថិតនៅ ក្នុងផ្ទះលេខ01-03 ក្រុមទី១ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយមជ្ឈមណ្ឌល មួយនេះ គ្មានច្បាប់នាំពលករចេញ ទៅក្រៅប្រទេស ។

តាមប្រពពីមន្ត្រីសមត្ថកិច្ចខណ្ឌមានជ័យបានឲ្យដឹងថា ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ កម្លាំងនគរបាល ប្រឆាំង និងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយមន្ត្រី ក្រុមប្រឹក្សាសង្កាត់ ស្ទឹងមានជ័យ បានចុះមកពិនិត្យ បិទជាបណ្តោះអាសន្ន នូវមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ភាសាកូរ៉េ-ជប៉ុន អ៊ីលីត ដោយសារតែមជ្ឈមណ្ឌលមួយនេះមិនមានច្បាប់អនុញ្ញាតនាំពលករទៅធ្វើការចំណាក់ស្រុកក្រៅប្រទេស៕

សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ប្រុសស្រី ១១នាក់ រួមនឹងថ្នាំញៀន ចំនួន១៩កញ្ចប់ តូច

$
0
0

ភ្នំពេញៈ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង១៧កម្លាំងនគរបាលប៉ុស្តិ៍ចតុមុខ  និងខណ្ឌដូនពេញ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី វ៉ាន់កុសល្យ បានចុះបង្ក្រាបទីតាំងជួញដូរ និងប្រើប្រាស់គ្រឿងញៀន មួយ កន្លែង នៅផ្ទះលេខ១៦១ ផ្លូវ២៥២ ក្រុម៥០ សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ប្រតិបត្តិការបង្រ្កាបនេះ កម្លាំងសមត្ថកិច្ច បានដកហូតបានទូហ្គេមបាញ់ត្រី ចំនួន០៤គ្រឿង (ចាប់ទុកនៅ សាលាខណ្ឌដូនពេញ) និងឃាត់ខ្លួនបានចំនួនមនុស្ស១១នាក់ (ប្រុស០៩នាក់ ស្រី០២នាក់) និងគ្រឿងញៀន ១៩កព្ចាប់តូច កាបូបចំនួន០៧   ទូរស័ព្ទដៃចំនួន០៤ នាឡិកាដៃចំនួន០១។

បច្ចុប្បន្នជនសង្ស័យប្រុស-ស្រី ខាងលើត្រូវបានធ្វើការឃុំខ្លួនជាបណ្តោះអាសន្ន រងចាំការដោះស្រាយ តាមនីតិវិធីច្បាប់៕

អភិបាលខេត្ត កំពង់ចាម បញ្ជាឲ្យសមត្ថកិច្ច បង្ក្រាប ជញ្ជីងថ្លឹងចល័ត ខុសច្បាប់ និងចាត់វិធានការ តាមផ្លូវច្បាប់

$
0
0

-ស្នងការ ខេត្តកំពង់ចាម បញ្ជាឲ្យនគរបាល ដកខ្លួនជាបន្ទាន់ បើសិនបានចូលរួម ជាមួយក្រុមជញ្ជីង ថ្លឹងចល័តខុសច្បាប់នេះ

កំពង់ចាមៈ អភិបាលខេត្តកំពង់ចាម លោក លន់ លឹមថៃ បានចេញបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ឲ្យអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ ទាំងអស់ ចុះបង្ក្រាបទីតាំងជញ្ជីងថ្លឹងចល័ត ដែលនៅបន្តលួចដាក់ នៅតាមដងផ្លូវសាធារណៈ នៅក្នុងទឹកដីខេត្តកំពង់ចាម។ នេះជាការអះអាង ពីសំណាក់ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍បែន រ័ត្ន នៅយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥នេះ។

លោកឧត្តមសេនីយ៍ស្នងការ បានដកស្រងបទបញ្ជា របស់អភិបាលខេត្តយ៉ាងដូច្នេះថា " ខ្ញុំសូមដាក់បញ្ជា គ្រប់កំម្លាំង សមត្ថកិច្ចទាំងអស់ និងលោកអភិបាលស្រុក ជាប្រធានគណៈបញ្ជាការ ឯកភាពត្រូវសហការគ្នា ចាប់ឃាត់ត្រួតពិនិត្យ រកច្បាប់ ឬលិខិតស្នាម បើគ្មានទេត្រូវកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការអនុវត្តន៍តាមផ្លូវច្បាប់ "។

អភិបាលខេត្តកំពង់ចាម បានចេញបញ្ជាទៀតថា " គ្រប់ស្រុកក្រុង និងកម្លាំងទាំងពីរ គឺអាវុធហត្ថ និងនគរបាល ត្រូវតាមដាន ជាប្រចាំ មិនត្រូវឲ្យក្រុមនេះដើរធ្វើសកម្មភាព ជាដាច់ខាត បើមានបញ្ហាអ្វីត្រូវរាយការណ៍ សុំបទបញ្ជាពីខ្ញុំជាបន្ទាន់"។

លោកឧត្តមសេនីយ៍បែន រ័ត្ន បានបញ្ជាក់ថា ស្ទើររាល់យប់តែងមានមនុស្សមួយក្រុម២ ទៅ៣នាក់បានដើរតួ ជាក្រុម ជញ្ជីងចល័ត នៅម្តុំផ្សារព្រែកទទឹង និងត្រពាំងបេង ដែលក្រុមនេះមិនមានឧបករណ៍ជញ្ជីង ឬលិខិតស្នាម មកបង្ហាញ អាជ្ញាធរឡើយ ជាទង្វើខុសពីការណែនាំ របស់ក្រសួងសាធារណៈការ ។ ដើម្បីរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូរ លោកស្នងការ បានបញ្ជាមិនឲ្យនគរបាលចូលរួមជាមួយ ក្រុមទាំងនេះឡើយ ។

លោកឧត្តមសេនីយ៍ស្នងការ បានបញ្ជាក់យ៉ាងដូច្នេះថា " លោកស្នងការរង លោកប្រធានការិយាល័យចរាចរ ផ្លូវគោក លោកអធិការ តាមស្រុកក្រុងទាំងអស់ ត្រូវដកកម្លាំងនគរបាល ដែលបាននឹងកំពុងធ្វើសកម្មភាព ជាមួយក្រុមជញ្ជីងទាំងអស់ ត្រឡប់មកកាន់ អង្គភាពវិញ រហូតមានបញ្ជាថ្មី ទើបអនុញ្ញាត ហើយមិនអនុញ្ញតឲ្យលោកអធិការ ចាត់តាំងកម្លាំង  ចេញទៅ ធ្វើសកម្មភាពនេះ ដោយគ្មានការអនុញ្ញាត ជាផ្លូវការពីស្នងការឡើយ"។

សូមបញ្ជាក់ក្រសួងសាធរណការ កាលពីខែកុម្ភៈ ឆ្នាំ២០១៥ បានចេញសេចក្តីសម្រេច អនុញ្ញាតឲ្យមានស្ថានីយ៍ជញ្ជីងថ្លឹង តែ៩ទីតាំងប៉ុណ្ណោះ នៅទូទាំងប្រទេស ខុសពីហ្នឹង គឺខុសច្បាប់៕

ហ៊ីយ៉ាន់ដាយ បើកបុក ហុងដា សេ១២៥ រងរបួសធ្ងន់ ៤នាក់

$
0
0

កណ្តាលៈ ជនរងគ្រោះ៤នាក់បានរងរបួសធ្ងន់ ហើយត្រូវបានគេដឹកយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ ភ្នំពេញភ្លាមៗបន្ទាប់ពីត្រូវបាន រថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងបើកបុក កាលពីវេលាម៉ោង៨ និង ៤០នាទី
 ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅលើផ្លូវជាតិ លេខ៦ ភូមិស្វាយជ្រំ ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល។

តាមប្រភពព័តមានបានឲ្យដឹងថា រថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ចាម 3A1427 បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ក្រោយបង្កគ្រោះថ្នាក់បានចុះពីរថយន្ត រត់គេចខ្លួនបាត់។

ចំណែកភាគីរងគ្រោះ ជាម៉ូតូ ម៉ាកហុងដាC125 ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1BN-5199 បើកបរ ដោយឈ្មោះ នៅ រ៉ា វៃ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិវត្តថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្ដាល ដោយមានឌុបមនុស្ស៣នាក់ ពីក្រោយ :១-ឈ្មោះនៅ សារី ភេទស្រី អាយុ៣៨ឆ្នាំ  ២-ឈ្មោះដង់   ដេវីត ភេទប្រុស អាយុ៨ឆ្នាំ ៤-ឈ្មោះអុល  សីហា ភេទប្រុស អាយុ១០ឆ្នាំ មានទីលំនៅភូមិឈើទាភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល  ។

ប្រភពដដែលបានបន្តថា នៅមុនពេលកើត ហេតុគេឃើញ ម៉ូតូរងគ្រោះ ធ្វើដំណើរឆ្លងកាត់ផ្លូវពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវបានរថយន្តខាងលើ បើក ពីត្បូងទៅជើង ហើយបានបុកម៉ូតូដែលឆ្លងកាត់ផ្លូវ ខាងលើ បណ្ដាលអោយ របួសធ្ងន់ដល់អ្នកជិះម៉ូតូទាំង៤នាក់តែម្តង។

ជនរងគ្រោះត្រូវបានបញ្ចូនទៅព្យាបាល នៅមន្ទីរពេទ្យភ្នំពេញ ចំណែក ម៉ូតូនិងរថយន្ត ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកមុខកំពូល៕

សមត្ថកិច្ច ឃាត់ខ្លួន ប្អូនប្រុស ប្រធានសមាគម ស្ត្រីបឹងកក់ ក្រោយបង្កអំពើហិង្សា ទៅលើម្តាយរបស់ខ្លួន

$
0
0

កំពង់ឆ្នាំងៈ ប្អូនប្រុស២នាក់ របស់អ្នកស្រី យ៉ោម បុប្ឆា ប្រធានសមាគម ស្ត្រីបឹងកក់ ត្រូវបានកម្លាំងអាជ្ញាធរ មានសមត្ថកិច្ចខេត្តកំពង់ឆ្នាំង ឃាត់ខ្លួន កាលពីថ្ងៃ ទី២៥ ខែមីនា ឆ្នាំ២០១៥ បន្ទាប់ពី បានប្រើអំពើហឹង្សា ទៅលើម្តាយបង្កើតរបស់ខ្លួន។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ មាន ១.ឈ្មោះ យ៉ោម គឹមឡុង ភេទប្រុស អាយុ៣៥ឆ្នាំ និង២.ឈ្មោះ យ៉ោមពិសិដ្ឋ ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិ ភ្នំតាអុស  ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ចំណែកជនរងគ្រោះ ដែលជាម្តាយឈ្មោះ សាម សុខ អាយុ៦០ឆ្នាំ ត្រូវកូនប្រុសទាំងពីរ ប្រើអំពើហិង្សា កាលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នាំយកមកកាន់អធិការ ដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ
និងកសាងសំណុំរឿង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្តតាមនីតិវិធីច្បាប់៕

រដ្ឋអាជ្ញា៖ គ្មានភស្តុតាងណា មួយដែលបង្ហាញថា ជាការវាយប្រហារ ភេរវកម្មលើយន្តហោះ Germanwings ឡើយ

$
0
0

ប៉ារីស៖ សារព័ត៌មាន BFMTV របស់បារំាង បានផ្សាយថា គ្មានអី្វដែលបង្ហាញ ពីក្រុមភេរវករ វាយប្រហារមកលើ យន្តហោះGermanwings បណ្តាលឲ្យ ធ្លាក់នោះទេ។ នេះបើយោងតាមការលើកឡើង របស់រដ្ឋអាជ្ញា នៅក្នុងសន្និសីទ សារព័ត៌មាន នៅថ្ងៃព្រហស្បតិ៍ នៅទីក្រុង ម៉ាកសី។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែកតាម ការលើក ឡើង របស់លោក ប្រាយ រ៉ូប៊ីនថា ចំពោះប្រអប់ខ្មៅទី២ របស់យន្តហោះ Germanwings A320 នៅមិនទាន់រកឃើញ នៅឡើយទេ បន្ទាប់ពីធ្លាក់កាលពីថ្ងៃអង្គការ នៅខេត្ត Alps ភាគខាងត្បូងប្រទេស បារំាង។

ចំណែកជនរងគ្រោះដែលស្លាប់ក្នុងឧប្បតិហេតុនេះ បើតាមការពិនិត្យឡើងវិញ របស់រដ្ឋាភិបាលអេស្ប៉ាញ បានបញ្ជាក់ នៅថ្ងៃព្រហស្បតិ៍ថា មានជនជាតិអេស្ប៉ាញរហូតដល់ ៥០នាក់៕

ហុងដាសេ១២៥ បុកសាន់យ៉ាន់ សណ្តោងរ៉ឺម៉ក រងរបួសបាក់ជើងម្ខាង

$
0
0

កណ្តាលៈ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ វេលាម៉ោង២០;១៥នាទី លើផ្លូវលេខ១៤ ចំណុចភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្តាល មានករណីគ្រោះថ្នាក់ចរារណ៍មួយបានកើតឡើង រវាងម៉ូតូ និងម៉ូតូសណ្ដោងរ៉ឺម៉ក បណ្ដាលឲ្យជនរងរងរបួសបាក់ជើងខាងឆ្វេង និងខូចម៉ូតូ១គ្រឿង។

ជនរងគ្រោះជាម្ចាស់ម៉ូតូ ឈ្មោះសេង ស៊ាន ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិព្រែកតូច ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាលបើក ម៉ូតូ ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CB-0733 ទិសដៅពីត្បួងទៅជើង រងរបួស ត្រូវបានបងប្អូនយក ទៅមន្ទីរពេទ្យភ្នំពេញ។ ចំណែកភាគីខាងម៉ូតូសណ្ដោងរ៉ឺម៉ក ឈ្មោះប៊ូ សុផល ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់រ៉ឺម៉ក រស់នៅភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្ដាល បើកបរម៉ូតូសណ្ដោងរ៉ឺម៉ក ម៉ាកសាន់យ៉ាន់ គ្មានស្លាកលេខ ទិសដៅពីជើងទៅត្បូង មិនរងបួសទេ។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា បណ្ដាលមកពីម៉ូតូម៉ាកសេ១២៥ បើកមកដល់ កន្លែកកើតហេតុ បានទៅបុកកង់រ៉ឺម៉ក ខាងឆ្វេងឲ្យរងរបួសតែម្ដង។

បច្ចុប្បន្ន វត្ថុតាងទាំងពីរ កម្លាំងជំនាញបានយកមករក្សាទុក នៅអធិការ ដើម្បីរងចាំដោះស្រាយតាមនីតិវិធីច្បាប់៕


អេហ្ស៊ីប បញ្ជូននាវា ចម្បំាង ០៤គ្រឿង ទៅរក្សាសន្តិសុខ នៅឈូងសមុទ្រ អាដិន

$
0
0

គែរ៖ បើតាមប្រភពពី មន្រ្តីយោធាអេហ្ស៊ីបម្នាក់ បានប្រាប់ស៊ិនហួថា នាវាចម្បំាងរបស់ប្រទេស អេហ្ស៊ីបចំនួន០៤គ្រឿង បានឆ្លងកាត់ព្រែកជីក Suez នៅថ្ងៃព្រហស្បតិ៍ ក្នុងដំណើរឆ្ពោះទៅប្រទេស យេម៉ែនហើយ ដើម្បីទៅរក្សាសន្តិសុខ នៅឈូងសមុទ្រ អាដិន។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងដោយផ្អែក តាមប្រភពពីយោធានោះថា នាវាចម្បំាងទំាងនោះ បានបញ្ជូនទៅប្រទេស យេម៉ែន ដើម្បីទៅរក្សាសន្តិសុខនៅដៃសមុទ្រ បាប់អាល់ ម៉ាន់បាប់ ដែលជាច្រករបៀងសមុទ្រដ៏សំខាន់មួយ គ្រប់គ្រងការធ្វើដំណើរ ចូលទៅកាន់សមុទ្រក្រហម។

ជាមួយគ្នានោះដែរ នាវាចម្បំាងជាច្រើនទៀត ដែលចតនៅព្រែកជីក Suez ក៏នឹងបញ្ជូនទៅតាមក្រោយផងដែរ។ ដោយឡែកប្រទេស អារ៉ាប៊ីសាអូឌីតវិញ ក៏បានអនុវត្តការវាយប្រហារដែនអាកាសប្រឆំាងនឹងក្រុមឧទ្ទាម ហួរទី នៅក្នុងប្រទេស យេម៉ែន កាលពីថ្ងៃពុធ ទី២៥ ដែលមានរយៈពេលប៉ុន្មានបន្ទាប់ពីក្រុមឥស្លាមនិកាយស៊ីអីត វាយប្រហារសំដៅចូលភាគខាងត្បូងទីក្រុង កំពង់ផែ អាដិន៕

 កាសែតរដ្ឋរបស់អេហ្ស៊ីបឈ្មោះ អារ៉ាំ បានស្រង់ប្រភពពីមន្រ្តីយោធាអេហ្ស៊ីប ដែលបាននិយាយថា ក្រុមប្រយុទ្ធរបស់ខ្លួន កំពុងតែប្រុងជើងការខ្ពស់ ហើយនឹងចូលអន្តរាគមន៍ភ្លាមៗ ដោយរង់ចំាតែការបញ្ជាពីអាជ្ញារតែប៉ុណ្ណោះ។

ក្រុមហ៊ុន សាណូហី្វ កម្ពុជា នាំចូលផលិតផល ឱសថថ្មី Enterogermina មកទីផ្សារ កម្ពុជា

$
0
0

ភ្នំពេញ៖ ក្រុមហ៊ុន សាណូហ្វីកម្ពុជា ដែលជាសម្ព័ន្ធមួយ នៃក្រុមហ៊ុនថែទាំសុខភាព លំដាប់ពិភពលោក បានរៀបចំ ពិធីបង្ហាញផលិតផលឱសថថ្មីមួយ ដែលទើបតែនាំចូល មកដល់ប្រទេសកម្ពុជា មានឈ្មោះថា Enterogermina រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ដល់ថ្ងៃ២៧ខែមីនាស្អែកនេះនៅសណ្ឋាគារ សុខា ដោយមានការអញ្ជើញចូលរួម ពីក្រុមអ្នក ជំនាញថែទាំសុខភាព ចំនួនជាង៣០០នាក់ ដែលសុទ្ធសឹងជាឱសថការីនិងវេជ្ជបណ្ឌិត។

គោលបំណងដែលក្រុមហ៊ុនខាងលើ រៀបចំកម្មវិធីនេះឡើងគឺចង់បង្កើនចំណេះដឹងផ្នែកវេជ្ជសាស្រ្ត និងវិទ្យាសាស្រ្ត ទៅកាន់អ្នកជំនាញ រួមទាំងពន្យល់ណែនាំ ពីអត្តប្រយោជន៍ផលិតផល Enterogermina ជាម៉ាកដ៏សំខាន់ សម្រាប់ការថែទាំសុខភាព របស់អតិថិជនផងដែរ៕

អាជ្ញាធរអប្សរា នឹងធ្វើបទ ឧទ្ទេសនាម ស្ដីពីការ ប្រើប្រាស់ បច្ចេកវិទ្យាទំនើប LiDAR ដើម្បីស្រាវជ្រាវ អំពីសណ្ឋានដី រុក្ខជាតិ និងផែនទី បុរាណវិទ្យា នៃរមណីយដ្ឋានអង្គរ

$
0
0

សៀមរាប ៖ នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ ខាងមុខនេះ ដោយមានកិច្ចសហការ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងសាលាបារាំង ចុងបូព៌ា អាជ្ញាធរជាតិអប្សរា នឹងរៀបចំឲ្យមានបទឧទ្ទេសនាម មួយ ស្ដីពី លទ្ធផលស្រាវជ្រាវថ្មី លើរមណីយដ្ឋានអង្គរ, ភ្នំគូលែន, និងកោះកេរ តាមរយៈបច្ចេកវិទ្យា LiDAR (ឡាយដា) ឆ្នាំ២០១២ និងផ្សព្វផ្សាយការ អនុវត្តគម្រោងនេះជំហ៊ានទី២ ហើយដែលគម្រោងនេះ នឹងពង្រីកទៅដល់ទីកន្លែងផ្សេងៗទៀត ដូចជា លង្វែក/ឧដុង្គ សម្បូរព្រៃគុក, ព្រះខ័នកំពង់ស្វាយ, ភ្នំគូលែន, និងប្រាសាទបន្ទាយឆ្មារ ។

ហើយតាមរយៈការប្រកាសព័ត៌មានដោយអាជ្ញាធរជាតិអប្សរា ការធ្វើបទឧទ្ទេសនាមនេះ នឹងរៀបចំ ប្រព្រឹត្តទៅនៅទីស្នាក់ការ កណ្ដាលរបស់អាជ្ញាធរជាតិអប្សរា ក្នុងសាលសន្និសីទអង្គរ ។ តាមការឲ្យដឹងពីមន្ត្រីអាជ្ញាធរជាតិអប្សរា សាលសន្និសីទ អង្គរនេះ ជាទីកន្លែងប្រជុំជារៀងរាល់ឆ្នាំ នៃគណៈកម្មាធិការអន្តរជាតិ អាយស៊ីស៊ី-អង្គរ(ICC-Angkor) ហើយអាចដាក់ចំណុះរហូតជាង ៥០០នាក់ឯណោះ។

រីឯអ្នកចូលរួមវិញ គឺអាជ្ញាធរជាតិអប្សរា សូមអញ្ជើញអ្នកសារព័ត៌មានជាទូទៅទាំងភ្នំពេញ និងបណ្ដាខេត្តផ្សេងៗ មន្ត្រីរាជការនៅសាលាខេត្តសៀមរាប និងតាមមន្ទីរផ្សេងៗ សិស្ស និស្សិត ព្រះសង្ឃ ព្រមទាំងមគ្គុទ្ទេសទេសចរណ៍ ហើយអ្នកពាក់ព័ន្ធផ្សេងៗទៀតប្រមាណ ៣៥០នាក់។

ចំពោះ លទ្ធផលនៃការស្រាវជ្រាវតាមបច្ចេកវិទ្យា LiDAR (ឡាយដា)វិញ គឺថា បច្ចេកវិទ្យានេះ ជា  បច្ចេកវិទ្យាទំនើប ដោយគេយកប្រអប់របស់វា មកផ្អោបជាមួយឧទ្ធម្ភាចក្រ ហើយបាញ់កាំរស្មីឡាស៊ែ ចុះមកក្រោមដោយឆ្លងកាត់់ដើមឈើ និងព្រៃព្រឹក្សារហូតមកដល់ដី ហើយកាំរស្មីនេះបានឡងឡើងមកលើវិញ ដោយនាំមកជាមួយនូវទិន្នន័យជាក់ស្ដែង នៃស្ថានភាពដី ក្រោមដី និងដើមឈើ ។ អញ្ចឹងការឆ្លុះថតដោយប្រើកាំរស្មីឡាស៊ែ បែបនេះ អាចឲ្យអ្នកស្រាវជ្រាវ យល់ដឹងអំពីសណ្ឋានដី រុក្ខជាតិ និងផែនទីបុរាណវិទ្យានៃរមណីយដ្ឋានអង្គរ ប្រកបដោយសុក្រឹតភាពខ្ពស់។

ពិសេសជាងនោះទៅទៀត បើតាមការឲ្យដឹងពីមន្ត្រីអាជ្ញាធរជាតិអប្សរា បច្ចេកវិទ្យា LiDAR (ឡាយដា) នេះ បានផ្ដល់លទ្ធផលហួសពីការស្មានទុក ដោយផ្ដល់នូវទិន្នន័យសំខាន់ៗដែលអ្នកស្រាវជ្រាវ ក៏ដូចជាអ្នកបុរាណវិទ្យា អាចធ្វើការសន្និដ្ឋានបាន ថា ក្នុងកំឡុងពេល នៃអាណាចក្រខ្មែរ ការវិវត្តផ្នែកវិស្វកម្ម ការរៀបចំរចនាសម្ព័ន្ធទឹក ការពង្រីកក្រុងអង្គរ ព្រមទាំងការប្រែប្រួលអាកាសធាតុពេលនេះ មានលក្ខណៈយ៉ាងដូចម្ដេចខ្លះ?

នេះគឺគ្រាន់តែជាខ្លឹមសារមួយចំនួនដែលពាក់ព័ន្ធនឹងបទឧទ្ទេសនាម ស្ដីពី លទ្ធផលនៃការស្រាវជ្រាវនេះ សូមអញ្ជើញ មកចូលរួមស្ដាប់ទាំងអស់គ្នា នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៥ ហើយកម្មវិធីនេះ ក៏មានសម្រាប់អ្នកសារព័ត៌មានផងដែរ ជាពិសេសទៀតនោះ អ្នកសារព័ត៌មានទាំងអស់ នឹងបានចុះទៅពិនិត្យជាក់ស្ដែងសម្ភារៈ LiDAR (ឡាយដា) នៅព្រលានយន្តហោះអន្តរជាតិសៀមរាប ព្រមទាំងទស្សនកិច្ចនៅក្នុងតំបន់រមណីយដ្ឋានអង្គរផងដែរ ៕

អគារសង្គ្រោះ បន្ទាន់ ដែលជាអំណោយ របស់សប្បុរស ជនជនជាតិស្វីស ត្រូវបានសម្ភោធ ឲ្យប្រើប្រាស់ជាផ្លូវការ

$
0
0

សៀមរាប ៖ អគារសង្គ្រោះបន្ទាន់ ១ខ្នង មានពីរជាន់ នៅឯមន្ទីរពេទ្យបង្អែក ស្រុកសូទ្រនិគម ខេត្តសៀមរាប បានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៦ ខែមិនា ឆ្នាំ២០១៥ ដែលបានចំណាយថវិកាប្រើប្រាស់អស់ចំនួន ៩ម៉ឺន ៨ពាន់ ៣៥០ ដុល្លារសហរដ្ឋអាមេរិក ដើម្បីជាប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងភូមិសាស្ត្រនោះ ។

ពិធីសម្ភោធនេះ គឺស្ថិតក្នុងអធិបតីភាពរបស់លោក ជូ យិនស៊ីម រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ដ្រមណ្ឌលសៀមរាប និងមានការអញ្ជើញចូលរួមពី លោកព្រឹទ្ធាចារ្យ សាលាអង់រីកូ ម្ចាស់អំណោយ លោក គឹម ឆៃហៀង អភិបាលរងខេត្តសៀមរាប និងព្រះសង្ឃ អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ ផងដែរ ។

បន្ទាប់ពីមតិស្វាគមន៍របស់លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប រួចមក លោកព្រឹទ្ធាចារ្យ សាលា អង់រីកូ បានមានប្រសាសន៏ឲ្យដឹងថា ដោយការស្រឡាញ់ និងជាប់ចិត្ដជាមួយនិងប្រជាជនខេត្ដសៀមរាប លោកនិងជនរួមជាតិស្វីស បានជួយកសាងមណ្ឌលសុខភាពជាច្រើន កន្លែងជូនដល់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប ដែលបានចំណាយមូនិធិ អស់ចំនួន ជាង ២លាន ៦សែន ដុល្លារសហរដ្ឋអាមេរិក រួមទាំងគម្រោង សម្រាប់ឆ្នាំ ២០១៥ នេះទៀត គឺស្មើនឹង ជាង ២លាន ៨ សែន ១ម៉ឺន ១ពាន់ ៦២ដុល្លារអាមេរិក ។

លោកបានគូសបញ្ជាក់ ថា ចាប់ពីឆ្នាំ១៩៩៩ មកទល់នឹងឆ្នាំ២០១៤ គឺមានសប្បុរសជនស្វីសជាច្រើននាក់ បានគាំទ្រគម្រោងរបស់លោក ហើយគម្រោងនោះ បាននាំយកមកផ្តល់ជូនប្រជាជនខេត្តសៀមរាប រួមមានអណ្តូងទឹក សាលារៀន  អាគារសិក្សា  បណ្ណាល័យ មត្តេយ្យសាលា មណ្ឌលសុខភាព អាគារពេទ្យ អាគារសម្ភព អាគារផ្តល់ឈាម ហើយនៅមានអំណោយសប្បុរសធម៌ជាច្រើនទៀត ដូចជាស្បៀងអាហារ សម្លៀកបំពាក់ សម្ភារៈប្រើប្រាស់ និងការសាងសង់លំនៅដ្ឋានជូនជនក្រីក្រ ផងដែរ ។

ថ្លែងនៅក្នុងឱកាសនោះ លោក ជូ យិនស៊ីម និង លោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ដ្រមណ្ឌលសៀមរាប បានឲ្យដឹងថា អគារសង្គ្រោះបន្ទាន់១ខ្នង ស្មើរនឹង ២ជាន់នេះ ជាសមិទ្ធិផលថ្មីមួយទៀត ដែលលោកព្រឹទ្ធាចារ្យ សាលាអង់រីកូ បានជួយកសាងឲ្យស្រុកសូត្រនិគម សម្រាប់ ក្នុងការជួយសង្គ្រោះដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាននេះ ។ ហើយអគារនេះ គឺជា សមិទ្ធិផលដ៏មានតំលៃបំផុត និងបានរួមចំណែកយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រមុខក្នុងការលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា ឲ្យមានការរីកចម្រើនសម្រាប់បម្រើសេវាសាធារណៈ ផ្នែកសុខាភិបាលជូនប្រជាជន ។

ក្នុងឱកាសនោះដែរ លោកទាំងពីរ ក៏បានថ្លែងអំណរគុណ ដល់លោកព្រឹទ្ធាចារ្យ សាលាអង់រីកូ និងសប្បុរសជន នៃប្រជាជនស្វីស ដែលបានជួយកសាងសមិទ្ធផលនានាក្នុង ខេត្ដសៀមរាបនេះ។  លោកបានចាត់ទុកថា សកម្មភាពនេះបានសបញ្ជាក់ពី ការយកចិត្ដទុកដាក់យ៉ាងធំធេងរបស់លោកព្រឹទ្ធាចារ្យ សាលាអង់រីកូ ក្នុងការលើកស្ទួយវិស័យសុខាភិបាលនៅកម្ពុជា ។ ហើយលោក ក៏បានស្នើឲ្យលោកព្រឹទ្ធាចារ្យ សាលាអង់រីកូ បន្ដជួយកសាងសមិទ្ធិផលនានាបន្ថែមទៀត ដល់ខេត្តសៀមរាប ។

លោក ក៏បានគូសបញ្ជាក់ថា ថ្ងៃនេះយើងមានមោទនភាព និងក្តីសង្ឃឹម ចំពោះ សមិទ្ធផលថ្មី ដែលជាចំណងដៃដ៏មានតម្លៃ និងមានអត្ថន័យជ្រាលជ្រៅបំផុតសម្រាប់មន្រ្តីសុខាភិបាល គ្រប់ថ្នាក់ និង ប្រជាជនខេត្តសៀមរាប ដែលមិនត្រឹមតែមាន តម្លៃលើការសាងសង់អាគារ ការបំពាក់សម្ភារៈបរិក្ខាប្រកបដោយបច្ចេកវិទ្យាទំនើបៗ ប៉ុណ្ណោះទេ តែតាមរយៈ នៃសមិទ្ធផលទាំងនេះ គឺពិតជាមានតម្លៃមនសិកាស្រឡាញ់មនុស្សជាតិ និង ចំណងទាក់ទងនៃកិច្ចសហប្រតិបត្តិការ ជាមិត្តភាព អន្តរជាតិ រវាង ប្រទេសទាំងពីរ ដែលមិនអាចកាត់ ថ្លៃបាននោះឡើយ ។ ក្នុងឱកាសនោះដែរ លោក ក៏បានអំពាវនាវ ឲ្យប្រជាពលរដ្ឋទាំងអស់ ត្រូវរក្សាសុខភាពឲ្យបានល្អ ការពារឲ្យបាននូវជំងឺឆ្លងផ្សេងៗ ៕

កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បេីកការប្រកួត បាល់ទាត់ ដណ្តើមពានរង្វាន់ យុវជន ខណ្ឌដង្កោ

$
0
0

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៥ ក្នុងទីលានបាល់ទាត់ អនុវិទ្យាល័យព្រៃវែង ស្ថិតក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានប្រារព្ធពិធី បើកការប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់ យុវជនខណ្ឌដង្កោ ដែលរៀបចំឡើង ដោយកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងមានការសហការ គាំទ្រពីសហព័ន្ធបាល់ទាត់កម្ពុជា ព្រមទាំងមន្ទីរ អប់រំយុវជន និងកីឡារាជធានីភ្នំពេញ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ពង្ស សាវរិទ្ធ មេបញ្ជាការរង កងរាជអាវុធហត្ថ រាជធានី ភ្នំពេញ តំណាង លោក ឧត្តសេនីយ៍ទោ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។

ក្នុងពិធីនោះក៏មានការអញ្ជើញចូលរួមពី លោក ម៉ៃ តុលា អគ្គលេខាធិការរង សហព័ន្ធបាល់ទាត់កម្ពុជា, លោក អ៊ុំ វ៉ាន់នី អនុប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ, លោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌដង្កោ, លោកស្រី ម៉ៅ សុមានា គណកម្មការប្រតិបត្តិក្លឹបបាល់ទាត់ កងរាជអាវុធហត្ថរាជធានីភ្នំពេញ, ព្រមទាំងមន្ត្រីកងរាជអាវុធហត្ថ រាជធានីភ្នំពេញ និងភ្ញៀវកិត្តិយសជាច្រើនទៀត។

ក្នុងការប្រកួតនេះដែរ គឺមានកីឡាករ៣៣ក្រុម មកពី៣៣សាលាក្នុងខណ្ឌដង្កោ រួមមានសាលាបឋមសិក្សារចំនួន២៤, អនុវិទ្យាល័យ០៦ និង វិទ្យាល័យ០៣ ដែលក្រុមទាំងអស់នេះដឹកនាំដោយគ្រូបង្វឹក ដែលធ្លាប់បានទទួលការបណ្តុះបណ្តាល ជំនាញអាជ្ញាកណ្តាល និង គ្រូបាល់ទាត់ថ្នាក់មូលដ្ឋាន កាលពីអំឡុងខែតុលា ឆ្នាំ២០១៤ ក្រោមការរៀបចំរបស់ លោក ឧត្តមសេនីយ៍ទោ រ័ត្នស្រ៊ាង សហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា ដែលមាន នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស ជាប្រធានសហព័ន្ធផងដែរ។

ក្រោយពេលលោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង មកកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៣ ក្រៅពីបំពេញភារកិច្ច ស្នូលរបស់កងរាជអាវុធហត្ថ  លើការងារ បង្កា បង្ក្រាប សង្គ្រោះ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង បានយកចិត្តទុកបន្ថែមផងដែរលើវិស័យកីឡា ។ លោក ធ្លាប់មានប្រសាសន៍ថា ការបំផុស ចលនាបាល់ទាត់ ក្នុងខណ្ឌដង្កោនេះ គឺគ្រាន់តែចំណុចចាប់ផ្តើមទេ ទិសដៅរបស់លោក និងបន្តជំរុញឲ្យមានសកម្មភាពកីឡាបាល់ទាត់នេះ ឲ្យរឹតតែផុលផុសនិងរីកចម្រើន គ្រប់បណ្តាខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ។ ការធ្វើបែបនេះគឺដើម្បីលើក ស្ទួយ វិស័យកីឡាផង និងជាវិធីសាស្ត្រអូសទាញផ្លូវចិត្តយុវវ័យឲ្យស្រឡាញ់កីឡា ជៀសឆ្ងាយពីការសេពគ្រឿងញៀន និង ការប្រព្រឹត្តអំពើពាលាផ្សេងផង ជាពិសេស លោក ស្រឡាញ់បាល់ទាត់កុមារណាស់ ព្រោះថាគ្រប់ពេលដែលលោក នៅផ្ទាល់ជាមួយក្នួយៗ លោកតែងមានអារម្មណ៍សប្បាយរីករាយ និង ធូរស្បើយពីភាពស្មុគ្រស្មាញផ្សេងៗ។

គួរសង្កេតដែរថា ការយកចិត្តទុកដាក់លើវិស័យកីឡាបាល់ទាត់របស់ លោកឧត្តមសេនីយ៍ រ័ត្ន ស្រ៊ាង នេះមិនមែន ទើបតែចាប់ផ្តើម នៅរាជធានីភ្នំពេញនោះទេ គឺមានតាំងពី លោក នៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យមកម្លេះ។ ចាប់តាំងពីសហព័ន្ធបាល់ទាត់កម្ពុជា ដែលមាន  នាយឧត្តមសេនីយ៍ សៅ សុខា ជាប្រធានសហព័ន្ធ បានបើកឲ្យមានការប្រកួតដណ្តើមពានរង្វាន់បាល់ទាត់ស្ត្រី និងកុមារអាយុក្រោម១៣ឆ្នាំ ថ្នាក់ជាតិលើកដំបូងនៅឆ្នាំ២០១០ មក លោកឧត្តមសេនីយ៍ទោ រ័ត្ន ស្រ៊ាង បានបង្កើតក្រុមបាល់ទាត់អធិរាជភ្នំស្វាយ ទាំងបាល់ ទាត់ស្ត្រីនិងកុមារ មកចូលរួមប្រកួតជារៀងរាល់ឆ្នាំ និងទទួលបានជ័យលាភីលេខ១ ទាំងពីក្រុមផងដែរ។

លើសពីនេះទៀត លោកឧត្តមសេនីយ៍ឧត្តម រ័ត្ន ស្រ៊ាង បានផ្តួចផ្តើមធ្វើការ បណ្តុះបណ្តាល ធនធានក្នុងវិស័យ កីឡាបាល់ទាត់ ជាច្រើនក្នុងខេត្តបន្ទាយមានជ័យ ដោយសហការជាមួយសហព័ន្ធបាល់ទាត់កម្ពុជា ដូចជា៖ - បើកវគ្គបាល់ទាត់ ថ្នាក់មូលដ្ឋាន ចំនួន០២លើក សិក្ខាកាម ៦០នាក់ - បើកវគ្គអាជ្ញាកណ្តាលមូលដ្ឋាន ចំនួន០២លើក សិក្ខាកាម ៦០នាក់ - បើកវគ្គអាជ្ញាកណ្តាលថ្នាក់តំបន់ ចំនួន០១លើក សិក្ខាកាម ២៥នាក់ - បើកវគ្គគ្រូបាល់ទាត់ ហ្វូតសាល ( Futsal ) ចំនួន ០១លើក សិក្ខាកាម ២៥នាក់ - បើកវគ្គអាជ្ញាកណ្តាល ហ្វូតសាល ( Futsal )  ចំនួន ០១លើក សិក្ខាកាម ២៥នាក់៕



ខ្សឹបដាក់ត្រចៀក ៖ ដីអតីតក្រុមហ៊ុន កសិកម្មខ្មែរអង្គរ ត្រូវឈ្មួញ យកធ្វើទីតាំងកាប់ឈើ ក្នុងដែនជម្រកសត្វព្រៃ ភ្នំព្រេច !

$
0
0

ដោយ ៖ នាយខ្វែក

ភ្នំពេញ ៖ អ្នកដឹងរឿងមួយរូប នៅខេត្តមណ្ឌលគិរី បានលួចខ្សឹបឲ្យដឹងថា បច្ចុប្បន្ននេះបើក្រសួងបរិស្ថាន ក្រសួងកសិ កម្ម និង អាជ្ញាធរខេត្តមណ្ឌលគិរី មិនមានវិធានការទប់ស្កាត់ជាបន្ទាន់ទេ ព្រៃឈើក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច នឹង រងនូវការកាប់វិនាស នាពេលខាងមុខឆាប់ៗនេះជាមិនខាន ។

អ្នកដឹងរឿង បានលួចបង្ហើបឲ្យដឹងថា កន្លងមករាជរដ្ឋាភិបាលបានសម្រេចកាត់ដីព្រៃដែនជម្រកសត្វព្រៃភ្នំព្រេច នៅ ចំណុចក្បែរព្រំ ប្រទល់ខេត្តក្រចេះ ប្រមាណ ៨០០០ហិកតា ប្រគល់ទៅឲ្យក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ក្រោមរូបភាពដី សម្បទានសេដ្ឋ កិច្ចដើម្បីដាំកៅស៊ូ ។ ប៉ុន្តែ កាលពីដើមឆ្នាំនេះ រាជរដ្ឋាភិបាល បានសម្រេចលុបចោល ដោយរឹបអូស យកដីខាងលើមក ដាក់ជាសម្បត្តិរដ្ឋវិញ ដោយដាក់ឲ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ចំណុះឲ្យដែន ជម្រកសត្វព្រៃ ភ្នំ ព្រេចវិញដដែល ដោយសំអាងថា ក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ដែលមានឈ្មោះ អៀប ប៉ៃ អនិកជនខ្មែរ នៅប្រទេស បារាំង ជាប្រធានមិនបានធ្វើការអភិវឌ្ឍន៍ដាំកៅស៊ូដូចកិច្ចសន្យា ។ ក្នុងនោះគេដឹងថា គ្រាន់តែរាជរដ្ឋាភិ បាលសម្រេច លុបចោលកិច្ចសន្យាដីសម្បទានសេដ្ឋកិច្ច របស់ក្រុមហ៊ុនកសិកម្មខ្មែរអង្គរភ្លាម ស្រាប់តែមានក្រុម ទាហានដែលគេអះអាងថា ធ្វើតាមបញ្ជារបស់ឧកញ៉ារកស៊ីឈើ ដ៏មានឥទ្ធិពលម្នាក់ ចូលទៅដេញមេការបុគ្គលិកក្រុម ហ៊ុនឲ្យរើគ្រឿងចក្រ ចេញភ្លាមៗផងដែរ ហើយក្រោយមកឧកញ៉ា មានឥទ្ធិពលខាងលើបានបញ្ជូន គ្រឿងចក្ររថយន្ត រ៉េវ រថយន្តប្រកង់ សម្រាប់ដឹកឈើចូលទៅកាន់ទីតាំងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនកសិកម្មខ្មែរអង្គរ ក្រោមការ ចាត់ចែងពីកូនចៅ ឈ្មោះ ពៅសក់បះ ជា ឈ្មួញរកស៊ីឈើនៅខេត្តកំពង់ចាម ដើម្បីចាយលុយឲ្យពលរដ្ឋក្រីក្រចូលព្រៃ កាប់ឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ដែល បច្ចុប្បន្នគេអះអាងថា មាន នៅសល់តែប្រភេទឈើលេខមួយ សុក្រម និងកកោះ នោះ យកមកលក់ឲ្យពួកខ្លួនក្នុងតម្លៃថោក ។

ការធ្វើសកម្មភាពកាប់ឈើ នៅក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច ខាងលើនេះ ក៏ត្រូវបានគេអះអាងថា ទាល់តែមានភ្លើង ខៀវពីប្រធានដែនជម្រកសត្វព្រៃផងដែរ ទើបអាចកាប់ និងដឹកចេញមកតាមទឹកដីស្រុកស្នួល ខេត្តក្រចេះ នាំយកទៅ លក់នៅស្រុកយួនតាមច្រកស្រុកមេមត់ ខេត្តត្បូងឃ្មុំបាន ។

អ្នកខ្សឹបបានបន្ថែមថា ឥឡូវនេះទាន់នៅថ្មីៗ សកម្មភាពកាប់បំផ្លាញទើបនឹងចាប់ផ្តើម ដូចនេះក្រសួងបរិស្ថាន ក្រសួង កសិកម្ម និងអាជ្ញាធរខេត្តមណ្ឌលគិរី គួរតែមានវិធានការធ្វើការទប់ស្កាត់ជាបន្ទាន់ ព្រោះផ្លូវគ្រួសក្រហមដែលខាងក្រុម ហ៊ុនកសិកម្មខ្មែរអង្គរធ្វើតភ្ជាប់ពីស្រុកស្នួល នាពេលកន្លងទៅបានផ្តល់អំណោយផលយ៉ាងខ្លាំង ដល់ឈ្មួញដឹកឈើ ចេញពីព្រៃ ៕

ផ្ទុះធុងហ្គាស ក្នុងរោងចក្រ របួសកម្មករ ៣នាក់

$
0
0

ភ្នំពេញ៖ កម្មករផ្នែកផ្សារដែកចំនួន ៣នាក់ នៅក្នុងរោងចក្រមួយកន្លែង មិនស្គាល់ឈ្មោះ ស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅវេលាម៉ោង ៥និង៣០នាទី ល្ងាចថ្ងៃទី២៧ ខែមីនា នេះ បានរងរបួសធ្ងន់ ក្រោយពីមានករណីផ្ទុះធុងហ្គាស ពេលកម្មករទាំងនោះកំពុងផ្សារដែក។ ជនរងគ្រោះទាំងបី នាក់ ដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់មនី្ទរពេទ្យលោកសង្ឃ ប៉ុន្តែមិនទាន់ស្គាល់ អត្តសញ្ញាណនៅឡើយទេ ៕

Photo by DAP-News


ស្នងការដ្ឋាន នគរបាល ខេត្តតាកែវ ដាក់កម្លាំងជិត ១០០នាក់ ចេញល្បាត តាមទីប្រជុំជន

$
0
0

តាកែវ៖ លោកឧត្តមសេនីយ៍ត្រី អ៊ុក សំណាង ស្នងការនគបាលខេត្តតាកែវ បានថ្លែងឲ្យដឹងថា បន្ទាប់ពីទទួលបទបញ្ជា របស់នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដែលបានប្រកាសដល់កម្លាំងនគរបាល គ្រប់ ស្នងការដ្ឋានទូទាំងប្រទេស ឲ្យរឹតបន្តឹង និង រក្សាសន្តិសុខ សុវត្ថិភាព នៅទីប្រជុំជននានា ជាពិសេសកន្លែងលក់ គ្រឿងអលង្ការ និងប្តូរប្រាក់ ដែលអាចនឹងកើតមានអំពើប្លន់ប្រដាប់អាវុធ។

លោកស្នងការបានបន្តថា ដើម្បីអនុវត្តន៍នូវបទបញ្ជានេះ ស្នងការដ្ឋានខេត្តតាកែវ បានដាក់បទបញ្ជាឲ្យគ្រប់អធិ ការដ្ឋានទាំង១០ក្រុង-ស្រុក នៅទូទាំងខេត្តតាកែវ ត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់នៅតាមទីប្រជុំជន ដែល មានកន្លែងលក់មាស និងដូរលុយ។ ចំណែកស្នងការដ្ឋានខេត្ត ក៏បានបញ្ចេញកម្លាំងអន្តរាគមន៍ និងកម្លាំងព្រហ្ម ទ័ណ្ឌជិត ១រយនាក់បន្ថែមលើកម្លាំងចំនួន ១៣៥នាក់ ដែលកំពុងតែឈរជើងនៅតាមបណ្ដាផ្សារទាំង ៣១នៅ ទូទាំងខេត្ត ដើម្បីជិះល្បាត និងការពារសន្តិសុខសណ្ដាប់ធ្នាប់ជួនប្រជាពលរដ្ឋទាំងពេលថ្ងៃ និងពេលយប់។

លោកស្នងការខេត្តតាកែវ អ៊ុក សំណាង ក៏បានសំណូមពរឲ្យប្រជាពលរដ្ឋចូលរួមសហការ និងជួយរាយការណ៍ ប្រាប់សមត្ថកិច្ចជាបន្ទាន់ បើឃើញមានហេតុការណ៍អ្វីកើតឡើង ឬបានឃើញជនសង្ស័យត្រូវរាយការណ៍ប្រាប់ ដល់សមត្ថកិច្ច ដើម្បីសមត្ថកិច្ចមានវិធានការទប់ស្កាត់ និងចាប់ខ្លួនជនសង្ស័យឲ្យបានទាន់ពេលវេលា៕

ភ្ជង់ប្លន់ យកគ្រឿងអលង្ការ ពីប្រជាពលរដ្ឋនៅ ស្រុកស្វាយអន្ទរ អស់ជាងមួយដំឡឹង

$
0
0

ព្រៃវែងៈ ស្នងការនគរបាល ខេត្តព្រៃវែង លោកឧត្តមសេនីយ៍ ស្រេង ជា បានបញ្ជាក់តាមទូរស័ព្ទឲ្យដឹងថា មានករណីប្លន់ ប្រដាប់អាវុធមួយនៅឃុំចីឃ្លាំង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥នេះ ដែលបង្កដោយជនសង្ស័យ៣ នាក់ប្រដាប់ដោយកំាភ្លើង បានភ្ជង់ជនរងគ្រោះ រួចហើយយកគ្រឿងអលង្ការ គេចខ្លួនបាត់ ដោយសុវត្ថិភាព។

លោក ឧត្តមសេនីយ៍ស្រេង ជា ដែលកំពុងនៅកន្លែងកើតហេតុ បានបញ្ជាក់ទៀតថា អំពើប្លន់នេះបាន កើតឡើងនៅពេលដែលជនរងគ្រោះ ពីនាក់ប្តីប្រពន្ធត្រឡប់មកពីបុណ្យគេ ហើយពេលមកដល់ផ្ទះ ស្រាប់តែមានជនសង្ស័យ៣នាក់ ឈប់ម៉ូតូនៅមុខផ្ទះ ហើយភ្ជង់ជនរងគ្រោះទាំងពីរនាក់ឲ្យនៅក្រោមផ្ទះ បន្ទាប់មកបក្ខពួករបស់វា បានឡើងទៅលើផ្ទះ ប្រមូលយកមាសអស់ជាងមួយដំឡឹង រួចហើយគេច ខ្លួនបាត់ដោយសុវត្ថិភាព។

លោកស្នងការ បានអះអាងថា ជនរងគ្រោះទាំងពីរនាក់ប្តីប្រពន្ធមិនមានរងរបួសនោះឡើយ ហើយបច្ចុប្បន្ន កម្លាំងសមត្ថកិច្ចរបស់លោកកំពុងធ្វើការស្រាវជ្រាវ ដើម្បីតាមប្រមាញ់ ក្រុមចោរទាំងនេះ៕

ខឹងក្មេងប្រុស រងគ្រោះ ឈ្លោះជាមួយ កូនរបស់ខ្លួន ចាប់ចងក និងចងមាត់ ជាន់ពន្លិចទឹកស្លាប់ ត្រូវជាប់ខ្នោះ

$
0
0

កំពង់ចាមៈ អំពើឃាត់កម្មដ៏សាហាវឃោឃៅមួយ បានកើតឡើងបន្ទាប់ពី ជនល្មើសម្នាក់ បានចងក និងចងមាត់ ក្មេងប្រុសអាយុ៧ឆ្នាំ រួចហើយជាន់ពន្លិចទឹក រហូតដល់ស្លាប់ យ៉ាងវេទនាជាទីបំផុត កាលពីវេលាម៉ោង ១ និង៥០ រសៀលថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០១៥ ស្ថិតនៅភូមិព្រែកសង្កែកើត  ឃុំពាម៍កោះស្នា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារតែ ជនល្មើសរូបនេះ បានខឹង និងមានគំនុំជាមួយក្មេងប្រុសរងគ្រោះ ឈ្លោះជាមួយកូនរបស់ខ្លួន ។

យ៉ាងណាក៏ដោយជនល្មើស មិនបានរួចពីសំណាញ់ច្បាប់នោះទេ ដោយសារតែកម្លាំងនគរបាល ចុះទៅឃាត់ខ្លួនចាប់វាយខ្នោះ បានភ្លាមៗក្រោយពីធ្វើសកម្មភាព សម្លាប់ ក្មេងប្រុសរងគ្រោះនោះ។

មន្ត្រីនគរបាលព្រហ្មទណ្ឌស្រុកស្ទឹងត្រង់ បានបញ្ជាក់ថា ជនល្មើសដែលត្រូវចាប់ខ្លួន នេះមាន ឈ្មោះ ហួង ប៊ុនថេត អាយុ៣៣ឆ្នាំ រីឯក្មេងប្រុសរងគ្រោះ ឈ្មោះ គង់ ពិសិដ្ឋ អាយុ៧ឆ្នាំ។

ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍បែន រ័ត្ន បានសំដែងការសោកស្តាយ ចំពោះការស្លាប់យ៉ាងវេទនា របស់ក្មេងប្រុសរងគ្រោះ ដែលនគរបាល របស់លោកទៅ យឺតមួយជំហាន ប៉ុន្តែបានបង្ក្រាប និងចាប់ខ្លួនជនល្មើសរូបនេះទាន់ពេលវេលា ដើម្បី កសាងសំណុំរឿងបញ្ជូន ទៅកាន់តុលាការ ផ្តន្ទាទោសតាមផ្លូវច្បាប់។

តាមលោកឧត្តមសេនីយ៍ ជនល្មើសរូបនេះ បានគុំក្មេងប្រុសរងគ្រោះតាំងពីម្សិលមិញមកម្លេះ នៅពេលដែលឈ្លោះជាមួយកូនរបស់ខ្លួន ហើយមកដល់ថ្ងៃនេះទៀត ក្មេងៗទាំងពីរបានឈ្លោះគ្នាម្តងទៀត ធ្វើឲ្យជនល្មើស ខឹងរហូត ចាប់ក្មេងប្រុសរងគ្រោះយកខ្សែចងក  និង ចងមាត់ ហើយចាប់ច្រមុជទឹករហូត ដល់ស្លាប់តែម្តង៕

ភស្តុតាង បានបង្ហាញថា សហពិឡុត យន្តហោះ Germanwingsមាន ជំងឺផ្លូវចិត្ត

$
0
0

ប៊ែកឡំាង៖ បើតាមសារព័ត៌មាន Spiegel Online របស់ប្រទេសអាល្លឺម៉ង់ បានផ្សាយកាលពីថ្ងៃព្រហស្បតិ៍ថា បន្ទាប់ពីរយៈពេល ប៉ុន្មានម៉ោងនៃការឆែកឆេរ ផ្ទះរបស់សហពិឡុតនៅទីក្រុង ឌូសែលឡូវ នៅថ្ងៃព្រហស្បតិ៍ ក្រុមអ្នកស៊ើបអង្កេត បានរកឃើញថា សហពិឡុតដែលមានអាយុ ២៧ឆ្នាំ ដែលមានចេតនាធ្វើឲ្យយន្តហោះ Germanwings ជើងហោះហើរ 4U9525 ធ្លាក់នៅភាគខាង ត្បូងប្រទេស បារំាងនោះ គឺមានជំងឺផ្លូវចិត្ត។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅរាត្រីថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០១៥ បានឲ្យដឹងថា ពាក់ព័ន្ធ នឹងឧប្បតិហេតុធ្លាក់យន្តហោះ បណ្តាលឲ្យមនុស្សស្លាប់ទំាងអស់ ១៥០នាក់រួចមក នៅប្រទេស នូវែលសេឡង់ ឯនោះវិញ ក៏មានការរិតបន្តឹងប្រតិបត្តិការនៃយន្តហោះដឹកអ្នកដំណើរផងដែរ ដោយច្បាប់គឺតម្រូវឲ្យមានមនុស្ស យ៉ាងហោចណាស់ ២នាក់ នៅក្នុងកាប៊ីនខាងមុខនៃយន្តហោះគ្រប់ពេលវេលាទំាងអស់។

នេះបើតាមអាជ្ញាធរអាកាសចរណ៍ស៊ីវិលរបស់នូវែលសេឡង់ បានប្រកាសនៅថ្ងៃសុក្រ បន្ទាប់ពីពិនិត្យឡើងវិញច្បាប់របស់ខ្លួន ក្រោយឧប្បតិហេតុធ្លាក់យន្តហោះនៅបារំាង៕

អាវុធហត្ថ ស្ទឹងត្រែង រៀបចំផែនការ ការពារសុវត្ថិភាព និងសន្តិសុខ ជូននាយក រដ្ឋមន្រ្តី ក្នុងឱកាស សម្ភោធស្ពានមេគង្គ នាពេលខាងមុខ

$
0
0

ស្ទឹងត្រែង៖ លោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថ ខេត្តស្ទឹងត្រែង បានដាក់បញ្ជា ឲ្យកម្លាំង ក្រោមឱវាទ ដែលចំណុះឲ្យអាវុធហត្ថ ក្នុងខេត្តស្ទឹងត្រែងទាំងមូល ដាក់ពង្រាយកម្លាំងការពារ សុវត្ថិភាព ជូននាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេល ខាងមុខ ខណៈពេលដែលសម្តេចតេជោ នាយករដ្ឋមន្ត្រី អញ្ជើញមកសម្ភោធដាក់ឲ្យ ប្រើប្រា ស់ស្ពានមិត្តភាពកម្ពុជា-ចិនមេគង្គ នៅថ្ងៃទី០១មេសា២០១៥នេះ ។

ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ត្រី បានជំរុញឲ្យកម្លាំងអាវុធហត្ថទាំង អស់ឲ្យឈរលើស្មារតី ប្រុងប្រយ័ត្នខ្ពស់ និងយកចិត្តទុកដាក់ ការពារសុវត្ថិភាពជូនគណៈប្រតិភូ ក៏ដូចជានាយករដ្ឋមន្រ្តី ព្រមទាំង ប្រជាពលរដ្ឋក្នុងខេត្ត ដែលបានអញ្ជើញមកចូលរួមក្នុងពីធីនោះ ជាពិសេសមេបញ្ជាការអាវុធគ្រប់មូលដ្ឋាន ឲ្យយកចិត្តទុកដាក់ គោរពតាមបទបញ្ជា ក៏ដូចជាត្រូវមានវិន័យថ្លៃថ្នូរ ក្នុងការបំពេញការងារ ។

សូមបញ្ជាក់ថា កិច្ចប្រជុំរៀបចំផែនការនេះ ត្រូវបានធ្វើឡើងនៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ត និងមេបញ្ជាការនៅតាមមូលដ្ឋានផងដែរ កាលពី ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៥ ៕

Viewing all 8042 articles
Browse latest View live


Latest Images