Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

គណៈកម្មការទី៦រដ្ឋសភា កំពុងជួបជាមួយ សហជីព ពិភាក្សាលើសេចក្តី ព្រាងច្បាប់សហជីព

0
0

ភ្នំពេញ ៖  គណៈកម្មការទី នៃរដ្ឋសភា ដែលដឹកនាំដោយលោក ប៉ែន បញ្ញា នៅរសៀលថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ កំពុងជួបជា មួយសហជីពទូទាំងប្រទេស ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី សហជីព នាវិមានរដ្ឋសភា ៕


ថ្ងៃ១មករា២០១៦៖ ស្ថានីយទូរទស្សន៍ ក្នុងស្រុកទាំងអស់ នឹងចាក់ផ្សាយរឿងខ្មែរ ក្នុងម៉ោងមាស

0
0

ភ្នំពេញ៖ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ ខាងមុខនេះ គ្រប់ស្ថានីយទូរទស្សន៍ ក្នុងស្រុកទាំងអស់ នឹងចាក់ ផ្សាយវណ្ណកម្មខ្មែរ (រឿងភាគខ្មែរ) នៅលើកញ្ចក់ទូរទស្សន៍របស់ខ្លួន ចាប់ពីម៉ោង៧ ដល់ ម៉ោង ៩យប់។

បើយោងតាមលិខិត របស់ក្រសួងព័ត៌មាន ចុះថ្ងៃទី ២៥កញ្ញា ឆ្នាំ២០១៥ បានកំណត់ឲ្យ ម្ចាស់ស្ថានីយទូរទស្សន៍ ក្នុងស្រុកទាំងអស់ ចាក់ផ្សាយវណ្ណកម្មខ្មែរ នៅលើកញ្ចក់ទូរទស្សន៍ របស់ខ្លួន ចាប់ពីថ្ងៃទី ១ ខែវិច្ឆិកា ឆ្នាំ២០១៥តទៅ។  ក៏ប៉ុន្តែដោយយោងទៅលើសំណូមពរ របស់ម្ចាស់ស្ថានីយទូរទស្សន៍មួយចំនួន ដែលបានសុំពន្យារពេល ដោយសារជួបបញ្ហាផលិតកម្មវិធី និងការផ្លាស់ប្តូរម៉ោងផ្សាយនោះ ក្រសួងព័ត៌មាន បានចេញលិខិតមួយទៀត ចុះថ្ងៃ ទី២៦ តុលា ឆ្នាំ២០១៥ ដោយបានអនុញ្ញាត ឲ្យម្ចាស់ស្ថានីយមួយចំនួនពន្យាពេលនូវការ ចាក់ផ្សាយ វណ្ណកម្មខ្មែរ រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៥។

បើយោងតាមលិខិត របស់ក្រសួងព័ត៌មាន ចុះថ្ងៃទី២៦តុលាឆ្នាំ២០១៥នេះ បានបញ្ជាក់ថា ថ្ងៃទី ៣១ ខែធ្នូ ដ៏ខ្លីខាងមុខនេះ គឺជាថ្ងៃកំណត់ ចុងក្រោយហើយ។ ក្រសួងព័ត៌មានជឿជាក់ថា លោក លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ទាំងអស់ នឹងអនុវត្តតាមសេចក្តីជូនដំណឹងនេះ ឲ្យមានប្រសិទ្ធភាពខ្ពស់។

សូមបញ្ជាក់ដែរថា ការកំណត់ឲ្យស្ថានីយទូរទស្សន៍ ក្នុងស្រុកចាក់ផ្សាយវណ្ណកម្មខ្មែរ (រឿងភាគ ខ្មែរ) នៅក្នុងម៉ោងមាស ម៉ោង១៩:០០នាទី ដល់ម៉ោង ២១:០០នាទី ដែលប្រជាពលរដ្ឋទស្សនា ច្រើនជាងគេនេះ គឺសំដៅលើកកម្ពស់ ដល់ខ្សែភាពយន្តខ្មែររបស់យើង។ ក៏ប៉ុន្តែ ទន្ទឹមគ្នានេះ ម្ចាស់ផលិតកម្មខ្មែរ ក៏គួរផលិតខ្សែភាពយន្តរបស់ខ្លួន គួរជាទីទស្សនា និងទាក់ទាញរបស់ ទស្សនិកជនផងដែរ៕

អគារការិយាល័យថ្នាក់ ដឹកនាំព្រឹទ្ធសភា នឹងចាប់ផ្តើមបើកការ ដ្ឋាសាងសង់ នៅថ្ងៃទី៣១ធ្នូនេះ

0
0

ភ្នំពេញ៖ អគារការិយាល័យ ថ្នាក់ដឹកនាំព្រឹទ្ធសភា ដែលជាអំណោយរបស់រដ្ឋាភិបាល នៃសាធារណរដ្ឋ ប្រជាមានតចិន នឹងចាប់ផ្តើមប្រារពពិធីបញ្ចុះបឋមសិលាសាងសង់នៅក្នុបរិវេណវិមានរដ្ឋចំការមន នាព្រឹកថ្ងៃទី៣១ខែធ្នូឆ្នាំ២០១៥នេះហើយ ក្រោមវត្តមានរបស់សម្តេច សេនាវិបុលភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងលោក ជំទាវ BU Jianuo ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានតចិន និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំ មន្រ្តីរាជកា នៃព្រឹទ្ធសភាជាច្រើនរូបផងដែរ៕

អ្នកភូមិចំនួន ៤៧នាក់ សង្ស័យពុលអាហារ នឹងទឹកក្រូចកូកាកូឡា វិលត្រឡប់ទៅ ផ្ទះវិញអស់ហើយ

0
0

ភ្នំពេញ៖ ស្នងការនគរបាលខេត្តពោធិ៍សាត់ លោក សារុន ចាន់ធី បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ២០១៥ នេះឲ្យដឹងថា «ជនរងគ្រោះដែលសង្ស័យថាពុលអាហារ នឹងទឹកក្រូច ចំនួន ៤៧នាក់ បានចេញពីមន្ទីរពេទ្យ និងវិលត្រឡប់ទៅផ្ទះវិញអស់ហើយ » ។

លោកបានមានប្រសាសន៍បន្តថា «ករណីពុលអហារ និង ទឹកក្រូចនេះ ខាងខ្ញុំកំពុងរងចាំលទ្ធផលពីមន្ត្រីកាំកុងត្រូល» ។

ប្រវត្តិរឿង៖
ភ្នំពេញ៖ ជនរងគ្រោះម្នាក់បានស្លាប់ ក្នុងចំណោមជនរងគ្រោះ ចំនួន៤៨នាក់ ដែលអាជ្ញាធរសង្ស័យថា បានពុលអាហារ នៅក្នុងពិធី សែនព្រេន ប្តីប្រពន្ធ១គូ ក្នុងខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥។

ស្នងការនគបាលខេត្តពោធិ៍សាត់ លោក សារុន ចាន់ធី បានអោយមជ្ឈមណ្ឌលពត៌មានដើមអម្ពិល ដឹងថា ជនរងគ្រោះដែលសង្ស័យថាពុលអាហារ នឹងទឹកក្រូច ម្នាក់បានស្លាប់ កាលពីថ្ងៃទី២៦ ខែ ធ្នូ ឆ្នាំ២០១៥ ក្នុងចំណោមពលរដ្ឋ៤៨នាក់ដែលបានពុលអាហារនៅក្នុងពិធីសែនព្រេនប្តីប្រពន្ធ១គូ ក្នុងភូមិតាំងគោកខេត្តពោធិ៍សាត់។
លោកស្នងការ បានបញ្ជាក់បន្ថែមទៀតថា រហូតមកដល់ពេលនេះគេនៅមិនទាន់អាចបញ្ជាក់បានទេនូវមូលហេតុនៃការពុលនេះទេ ដោយរងចាំខាងបច្ចេកទេស សុខាភិបាលធ្វើការពិសោធន៍ ក៏ប៉ុន្តែតាមការសន្និដ្ឋានបណ្តោះអាសន្ន នៃការពុលនេះគឺមកពីការពុលចំនីអាហារ ដែលពួកគាត់បានបរិភោគក្នុងពិធីនោះ។

កាលពីថ្ងៃទី២១ ខែធ្នូ កន្លងទៅនេះ អ្នកភូមិប្រមាណ៤៨នាក់ ត្រូវបានរាយការណ៍មកថា បានពុល ខ្លះចុកពោះ ខ្លះក្អួតចង្អោរ និងខ្លះនោមចេញឈាម បន្ទាប់ពីបានផឹក ទឹកក្រូចកូកាកូឡា ខណៈពួកគេបានចូលរួមក្នុងពិធីសែនព្រេនប្តីប្រពន្ធ ១គូ នៅក្នុងភូមិតំាងគោក ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់។ តាម សេចក្តីរាយការណ៍ ជំហានដំបូង ប្រជាពលរដ្ឋបាន សន្និដ្ឋានថា ជាករណីពុល កូកាកូឡា ក៏ព្រោះតែក្នុងពិធីសែនព្រេននេះ ម្ចាស់កម្មវិធី ឈ្មោះហុន ហន បានទិញកូកាកូឡា ដបចំណុះ ១,២៥លីត្រ ពីផ្ទះអ្នកលក់ចាប់ហួយឈ្មោះផាត វុទ្ធី អាយុ៣០ឆ្នាំ រស់នៅភូមិទួលជ្រាវ ឃុំតាលោ ដើម្បីយកទៅធ្វើពិធីសែន ព្រេនជាមួយប្រពន្ធឈ្មោះ វិន ដោយមានអ្នកភូមិ ចូលរួមប្រមាណ ១០០នាក់។

ក្រោយពីអ្នកចូលរួមទាំងនោះបានបរិភោគម្ហូបអាហារ រួមនឹងទឹកក្រូចម៉ាកកូកាកូឡា ក៏ស្រាប់តែមានការៈពុលជាង៣០នាក់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកស្រុក-ខេត្ត ឯអ្នកដែលមានស្ថានភាពធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកព្យាបាលនៅភ្នំពេញ។ ពាក់ព័ន្ធនឹងករណីនេះដែរ ប្រធានមណ្ឌល សុខភាព ខេត្តពោធិ៍សាត់ នៅមិនទាន់សន្និដ្ឋានបានថា ជាការពុលចំណីអាហារ រួមនឹងការពិសាទឹកក្រូចនោះទេ តែយ៉ាងណាក៏ដោយមន្រ្តីជំនាញ បានសន្និដ្ឋានថា ទឹកក្រូចដែលពលរដ្ឋផឹកនោះ ទំនងជារបស់ក្លែងក្លាយ ឬផុតកំណត់៕

ឯកអគ្គរដ្ឋទូត ចប់អាណត្តិអូស្ត្រាលី ពេញចិត្តនឹង កិច្ចសហប្រតិបត្តិការ ជាមូយកម្ពុជា

0
0

ភ្នំពេញ៖ ក្នុងជំនួបទ្វេរភាគី ជាមួយសម្តេចអគ្គមហា ពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា លោកស្រីអាលីសុនបូរ៉ូ (AlisonBurrows) ឯកអគ្គរដ្ឋទូត ចប់អាណត្តិអូស្ត្រាលីប្រចាំកម្ពុជា មានប្រសាសន៍ថា លោកស្រីពេញចិត្ត និងកម្ពុជាសម្រាប់ កិច្ចសហប្រតិបត្តិការ ក្នុងអាណត្តិបំពេញកិច្ចការ រយៈពេល ៣ឆ្នាំនេះ។

លោកស្រីថា អូសស្ត្រាលីនៅតែបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការ បញ្ជាសន្តិសុខតាមតំបន់ព្រំដែន និងឧក្រិដ្ឋកម្មឆ្លងដែនជាមួយកម្ពុជា។

លោក កែវ ពិសិដ្ឋ នាយកខុទ្ធកាល័យសម្តេចហេង សំរិនមានប្រសាសន៍ប្រាប់ក្រុម អ្នកសារព័ត៌មានក្រោយជំនួប នាព្រឹកថ្ងៃទី៣០ខែធ្នូ ឆ្នាំ២០១៥ នៅវិមានរដ្ឋសភាថា លោកស្រី ឯកអគ្គរដ្ឋទូតបានថ្លែងអំណរគុណ ចំពោះសម្តេចប្រធានរដ្ឋសភា ដែលបានបង្កភាពងាយស្រួល ក៏ដូចជាកិច្ចសហប្រតិបត្តិការ យ៉ាងល្អជាមួយស្ថានទូតកាណាដា និងរដ្ឋសភាអូស្ត្រាលីក្នុងអាណត្តិ បេសកម្មទូតរបស់លោកស្រីរយៈពេល ៣ឆ្នាំកន្លងមកនេះ។

លោកស្រីបន្តថា រយៈពេលបីឆ្នាំកន្លងមកនេះ លោកស្រីបានខិតខំប្រឹងប្រែងជំរុញ ឲ្យមានកម្មវិធីអភិវឌ្ឍន៍នានា នៅកម្ពុជាដូចជាជំរុញលើកស្ទូយ ផ្នែកធនធានមនុស្ស ដោយបាន ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ផ្តល់ជំនួយកំចាត់មីន ការអភិវឌ្ឍវិស័យកសិកម្ម និងជំនួយលើសាលាក្តីខ្មែក្រហមជាដើម។

លោកស្រីបញ្ជាក់ថា«កម្មវិធី និងកិច្ចសហប្រតិបត្តិការដែល កម្ពុជានិងអូស្ត្រាលីបាន ធ្វើថ្មីៗ និងបន្តនោះ គឺជាការបន្តពង្រឹង សន្តិសុខតាមតំបន់ព្រំដែន ក៏ដូចជាការយកចិត្តទុកដាក់ក្នុងការតាមដាន ប្រឆំាងឧក្រិដ្ឋកម្មឆ្លងដែន និងការជួញដូរមនុស្សជាដើម»។

ក្នុងអាណត្តិរបស់លោកស្រី បានធ្វើកិច្ចសហប្រតិបត្តិការល្អ ដែលឈានដល់រាជរដ្ឋាភិបាល ទំាងពីរបានចុះកិច្ចព្រមព្រៀងមួយ គឺកម្ពុជាព្រមទទួលយកជនភៀសខ្លួនអូស្ត្រាលីពីកោះណេរុ មករស់នៅប្រទេសកម្ពុជា។ អូស្ត្រាលីក៏អីចឹងដែរនាពេល កន្លងមកបានទទួលយកជនភៀសខ្លួនពី កម្ពុជាទៅរស់នៅអូស្ត្រាលីផងដែរ ក្នុងរយៈកាលដែលកម្ពុជា កំពុងមានសង្គ្រាមស៊ីវិល។ ជាងនេះក្នុងអាណត្តិលោកស្រី បានកៀងគរអ្នកវិនិយោគអូស្ត្រាលីមកដាក់ វិនិយោគទុននៅកម្ពុជាជាច្រើនផងដែរ ។

លោកស្រីសង្ឃឹមថា នៅក្នុងឆ្នាំថ្មីដែលនឹងឈាន មកដល់ខាងមុខនោះអូស្ត្រាលី និងកម្ពុជាកាន់តែមានភាពល្អប្រសើរថែមទៀត ពិសេសនោះសម្តេចនឹងដឹកនាំគណៈប្រតិភូទៅទស្សនកិច្ច ជាផ្លូវការនៅប្រទេសអូសស្ត្រាលី នាពេលខាងមុខ។

ក្នុងជំនួបនោះដែរ សម្តេចបានសាទរចំពោះ លោកស្រីឯកអគ្គរដ្ឋទូត បានទទួលជោគជ័យក្នុងអាណត្តិ ការទូតនៅកម្ពុជារយៈពេល ៣ឆ្នាំកន្លងមក ក្នុងដំណើរពង្រឹកកិច្ចសហប្រតិបត្តិការ ជាមួយកម្ពុជាលើគ្រប់វិស័យ រវាងកម្ពុជា-អូស្ត្រាលី៕

រុស្ស៊ី នឹងផលិត ឧទ្ធម្ភាគចក្រ Kamov ក្នុងទឹកដី ឥណ្ឌា

0
0

ញូដេលី៖ ក្រុមហ៊ុន Rostech State Corporation របស់ប្រទេសរុស្ស៊ី បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយ ជាមួយនឹងក្រុមហ៊ុន HAL របស់ប្រទេសឥណ្ឌា ដើម្បីបើកដំណើរការ ផលិតឧទ្ធម្ភាគចក្រ យោធាប្រភេទ Kamov នៅក្នុងទឹកដីឥណ្ឌា ផ្ទាល់តែម្តង។ នេះបើតាម សារព័ត៌មានឥណ្ឌា ចេញផ្សាយនៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ ២០១៥។

កិច្ចព្រមព្រៀង ចុងក្រោយនេះ មានតម្លៃជាទឹកប្រាក់ ១ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលគ្រោងផលិតឲ្យបាន នូវឧទ្ធម្ភាគចក្រចំនួន ២០០ គ្រឿង ប្រភេទ Kamov 226T light helicopters។ នាយកប្រតិបត្តិក្រុមហ៊ុន រុស្ស៊ីលោក Sergei Chemezov បាននិយាយថា “ការផលិតឧទ្ធម្ភាគចក្រ នឹងមានការចូលរួមគ្នា រវាងក្រុមហ៊ុនបច្ចេកវិទ្យា រុស្ស៊ី និង ឥណ្ឌា។”

គួរបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលឥណ្ឌា និង រុស្ស៊ី បានរួមគ្នាលើវិស័យបច្ចេកវិទ្យា កម្រិតខ្ពស់ ដែលវា សមស្របទៅតាម គោលដៅរបស់រដ្ឋាភិបាលរបស់ លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី តាំងពីឆ្នាំ ២០១៤ ថាត្រូវតែបង្កើនផលិតផល ដែលផលិតនៅលើទឹកដីឥណ្ឌា “Made in India”  គ្រប់ប្រភេទនៃទំនិញទាំងអស់៕

ក្រុម១៥៧ ខេត្តព្រះសីហនុ ផ្តល់អំណោយមនុស្សធម៌ ដល់អ្នកភូមិត្រពំាងគា

0
0

ព្រះសីហនុ៖ ប្រធានចលនា យុវជនកម្ពុជា ក្រុម១៥៧ សាខាខេត្តព្រះសីហនុ លោក ទៀ សុខា នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះ បានដឹកនាំសមាជិក សមាជិកា ចុះចែកអំណោយមនុស្សធម៌ ដល់ប្រជាពលរដ្ឋ ទីទ័លក្រពីរគ្រួសារ ស្ថិតនៅភូមិត្រពំាងគោ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ប្រជាពលរដ្ឋទីទ័លក្រ ដែលទទួលបាន អំណោយមនុស្សធម៌នេះ ទី១គ្រួសារ ស្រ្តីមេម៉ាយ ឈ្មោះ ប៉ន ខាត់ អាយុ៣៥ឆ្នាំ មានកូនតូចៗ៥នាក់ ក្នុងបន្ទុក រស់នៅក្រោមដើមឈើ ឯកូនៗពួកគាត់ថែមទំាង មិនមានឱកាសរៀនសូត្រផង ឯគ្រួសារទី២ គឺគ្រួសារ លោក សុខ គូ និង ផា រឿន មានកូនតូច៥នាក់ ក្នុងបន្ទុកគ្មានផ្ទះសំបែងសព្វថ្ងៃរស់នៅអាគាស្នាក់ការ ភូមិចាស់ដែលទុកចោល និងគ្មានមុខរបរពិតប្រាកដ។

តាមរយៈស្ថានភាពនេះ ហើយ ទើបលោក ទៀ សុខា បានដឹកនាំសមាជិក សមាជិកា នាំយកអំណោយរបស់លោកបណ្ឌិត ហ៊ុន ម៉ាណែត ស្ថាបនិកចលនាយុវជនកម្ពុជា ក្រុម១៥៧ និងលោក ម៉ឹង ពន្លក ប្រធានក្រុម១៥៧ ផ្តល់ជូនពួកគាត់ ដែលក្នុងមួយគ្រួសារទទួលបាន អង្ករ ៥០គីឡូក្រាម, មី ២កេស, ត្រីខ ២យួ, ទឹកត្រី ២យួ, ទឹកស៊ីអ៊ីវ ២យួ, ប្រេងឆា ២ដប, អំបិល ២គីឡូក្រាម, ប៊ីចេង ២កញ្ចប់ និងថវិការ ៨០ម៉ឺនរៀល។ ជាមួយគ្នានោះ សមាជិកក្រុម១៥៧ សាខាខេត្តព្រះសីហនុ លោក យស ស៊ីវុត្ថា ក៏បានជួយឧបត្ថមបន្ថែមកង់មួយគ្រឿង និងជួយជាថវិកា១៥ម៉ឺរៀលក្នុង១ខែ រយ:ពេល២ឆ្នាំ ជាមួយនិង លោក ហ៊ត សីហា ក៍បានជួយឧបត្ថមកង់មួយគ្រឿងផងដែរ ទៅដល់គ្រួសារស្ត្រីមេម៉ាយដើម្បី ផ្គត់ផ្គង់ដល់ការសិក្សា របស់កុមាទាំង៥នាក់នោះ។

ពលរដ្ឋទាំងពីរគ្រួសារបាន សម្តែងក្តីរំភើបសប្បាយរីករាយឥតឧបមា ខណៈពេលដែលរូបគាត់ មានការខ្វះខាតទីជំរក ហើយជីវភាពពិតជាមាន ការលំបាកខ្លាំងណាស់ខ្លាំងណាស់ ក្នុងការចិញ្ចឹមកូនៗ នៅក្នុងបន្ទុក មិនតែប៉ុណ្ណោះ ការសិក្សារបស់កូនៗ ក៏ត្រូវបានបញ្ឈប់អស់ហើយព្រោះទីទ័លក្រខ្លាំងពេក។ ពួកគាត់ក៏បាន ថ្លែងអំណរគុណ ដល់លោកបណ្ឌឹត ហ៊ុន ម៉ាណែត ស្ថាបនិកចលនាយុវជនកម្ពុជា ក្រុម១៥៧ លោក ម៉ឹង ពន្លក ប្រធានចលនាយុវជន កម្ពុជា ក្រុម១៥៧ ព្រមទាំងលោក ទៀ សុខា ដែលបានលះបង់ ពេលវេលាដ៏មានសម្លៃនេះ បានដឹកនាំសមាជិកចុះមក សាកសួរសុខទុក្ខ និងចែកអំណោយដោយផ្ទាល់ផងដែរ។

មន្រ្តីអាជ្ញាធរមូលដ្ឋានក៏បាន ថ្លែងអំណរគុណផងដែរដល់ ក្រុមចលនាយុវជនកម្ពុជា ក្រុម១៥៧ បានដែលយក អំណោយមកចែកជូនដល់ ប្រជាពលរដ្ឋ ទីទ័លក្រក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីរួមគ្នាជួយប្រជាពលរដ្ឋក្នុងសង្គមជាតិ។

លោក ទៀ សុខា បានពាំនាំនូវ ការសាកសួរសុខទុក្ខពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងលោកម៉ឹង ពន្លក ក្នុងឱកាសនោះថា ក្នុងនាម លោកដែលនៅមូលដ្ឋាននេះផ្ទាល់ បន្ទាប់ពីទទួលបានព័ត៌មានថា មានប្រជាពលរដ្ឋទីទ័លក្រក្នុងមូលដ្ឋានរបស់ខ្លួនក៏បាន ចាត់ចែងយកអំណោយមក ចែកជូនភ្លាមៗតែម្តង ដោយមិនឲ្យបងប្អូនស្លាប់ដោយគ្មានអ្វីហូបនោះឡើយ ៕

ខែក្រោយ នឹងដល់វេន តៃវ៉ាន់ ម្តងដែលពិភាក្សារឿង “ស្ត្រីបម្រើផ្លូវភេទ” ជាមួយជប៉ុន

0
0

តៃប៉ិ៖ កោះតៃវ៉ាន់ និង ប្រទេសជប៉ុន បានព្រមព្រៀងគ្នាថា នឹងរៀបចំកិច្ចពិភាក្សាស្តី អំពី បញ្ហា “ស្ត្រីបម្រើផ្លូវភេទ សម័យសង្គ្រាម” ជាមួយគ្នា នៅខែមករា ឆ្នាំ ២០១៦ ខាងមុខនេះ បន្ទាប់ពីជប៉ុន បានសម្រេចជោគជ័យ ដោយ បញ្ចប់បញ្ហា ដែលបានអូសបន្លាយ ជាង ៧០ឆ្នាំ ជាមួយកូរ៉េខាងត្បូងរួចមក។ នេះបើតាមការផ្សាយ របស់ទីភ្នាក់ងារ ព័ត៌មានជប៉ុន ក្យូដូ នៅថ្ងៃពុធ ទី៣០ ខែធ្នូ ឆ្នាំ ២០១៥។

លោករដ្ឋមន្ត្រីការបរទេសកោះតៃវ៉ាន់ ដាវីដ លីន បានប្រាប់អ្នកសារព័ត៌មាន ក្នុងទីក្រុង តៃប៉ិ ថា “ជប៉ុន បានព្រម ព្រៀង ក្នុងការរៀបចំ កិច្ចចរចាគ្នា ទៅលើបញ្ហាអតីតកាល ស្រដៀង នឹងកូរ៉េខាងត្បូង នោះចាប់ពីដើមខែមករា តទៅ។ វាពិតជានឹងលំបាកណាស់ ក្នុងការសម្រេច បានលទ្ធផល ប៉ុន្តែដំណើរការនេះ នឹងនៅតែបន្តទៅថ្ងៃ អនាគត។”

គួរបញ្ជាក់ថា កោះតៃវ៉ាន់ ធ្លាប់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន ពីចន្លោះឆ្នាំ ១៨៩៤ ដល់ ១៩៤៥។ យ៉ាង ហោចណាស់ ស្ត្រី ២.០០០ នាក់ត្រូវបានគេរកឃើញថា បានទទួលរងគ្រោះ ជាស្ត្រីបម្រើឲ្យទាហានជប៉ុន ហើយ ក្នុងនោះស្ត្រី ៨៥ នាក់ គឺជាជនរងគ្រោះធ្ងន់ធ្ងរបំផុត។ បច្ចុប្បន្នពួកគាត់មួយចំនួន នៅរស់រានមានជីវិត ហើយមានអាយុជាមធ្យម ៩០ឆ្នាំ៕


លោក ហ៊ុន ម៉ណែត ផ្ដល់សម្ភារៈសិក្សាដល់ សាលា បឋមសិក្សាសំបួរមាស

0
0

ភ្នំពេញ៖ ក្រុមជំនួយការ លោក ហ៊ុន ម៉ាណែត បាននាំយកអំណោយ ជាសម្ភារ:ក្នុងថ្នាក់រៀន ពីអង្គការមូលនិធិ Furniture for Education Worldwide និងសម្ភារ:មួយចំនួនទៀត រួមមាន ក្តាខៀន ចំនួន ០៥ កុំព្យូទ័រលើតុ ចំនួន ០២គ្រឿង ម៉ាស៊ីនព្រីនធ័រ ចំនួន ០២គ្រឿង ដែលជាអំណោយដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយ: លោក ហ៊ុន ម៉ាណែត ប្រគល់ជូនសាលាបឋមសិក្សាសំបួរមាស ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥។

លោក សាយ ឆាយ នាយកសាលាបឋមសិក្សាសំបួរមាស សម្តែងនូវទឹកចិត្តសប្បាយរីករាយជាអនេក ចំពោះសម្ភារ:អំណោយទាំងនេះ ខណៈសាលារបស់លោកកំពុងជួបការខ្វះខាតជាច្រើននូវសម្ភារ:សិក្សា ក៏ដូចជាសម្ភារ:ថ្នាក់រៀន សម្រាប់បំពាក់តាមថ្នាក់ និងការប្រើប្រាស់ ហើយសម្ភារ:ទាំងនេះ នឹងបានឆ្លើយតប នូវតម្រូវការប្រើប្រាស់មួយផ្នែកធំផងដែរ ។ លោកបានមានប្រសាសន៍ថា សម្រាប់ទិសដៅដ៏ឆាប់ៗខាងមុខនេះ សាលាអាចប្រឈមនឹងការខ្វះអគារសិក្សា អាស្រ័យដោយកំណើន សិស្សានុសិស្ស ពីមួយឆ្នាំទៅមួយឆ្នាំ ជាក់ស្តែងបច្ចុប្បន្ន សាលាបានយកបន្ទប់ទីចាត់ការ និងបណ្ណាល័យ ធ្វើជាថ្នាក់រៀនសម្រាប់ក្មួយៗ បណ្តោះអាសន្នសិន ដើម្បីបំពេញសេចក្តីត្រូវការរៀនសូត្ររបស់សិស្ស ។

លោក មែ ស៊ីថន ក៏បានឲ្យដឹងផងដែរថា កន្លងទៅនេះ លោក ហ៊ុន ម៉ាណែត ធ្លាប់បានប្រគល់តុ កៅអីសិក្សា មួយចំនួនដល់សាលារួចមកហើយ ហើយសម្ភារ:ដែលផ្តល់ជូននេះ នឹងបំពេញបន្ថែមនូវតម្រូវការប្រើប្រាស់ របស់សាលា ចំពោះមុខថែមទៀត ។

លោកនាយកសាលា តំណាងឲ្យលោកគ្រូ អ្នកគ្រូ បុគ្គលិកសិក្សា ក្មួយៗសិស្សានុសិស្ស និងមាតាបិតាសិស្ស គោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចទាំងពីរ និងក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំសាកល ២០១៦នេះ សូមគោរពជូនពរ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បុត្រាបុត្រី ចៅប្រុសចៅស្រី សូមទទួលបានពុទ្ធពរបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ៕

នគរបាលឃាត់ ខ្លួនមនុស្ស ៤នាក់សង្ស័យ សេបគ្រឿងញៀន និងលាក់អាវុធ ខុសច្បាប់

0
0

ខេត្តមណ្ឌលគីរី៖ កំលាំងនគរបាល អធិការដ្ឋាននគរបាល ស្រុកកោះញែក ដឹកនាំដោយលោក កាន់ ពេញ អធិការស្រុកកោះញែក សហការជាមួយកំលាំងប៉ុស្តិ៍រដ្ឋបាល ឃុំស្រែសង្គម កាលពីល្ងាចថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ បានធ្វើការឃាត់ខ្លួនបុរស ៤នាក់ នៅចំណុចស្រែជ្រេស ក្នុងភូមិក្បាលកោះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្ត មណ្ឌលគីរី សង្ស័យមានការជាប់ពាក់ព័ន្ធ សារធាតុញៀននិងលាក់ទុកអាវុធ ខុសច្បាប់។

លោក កាន់ ពេញ បានបញ្ជាក់ប្រាប់អ្នកយកព័ត៌មាន យើងនៅព្រឹក ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥នេះថា មុខសញ្ញា សង្ស័យខាងលើនេះ សមត្ថកិច្ចបានធ្វើការស្រាវជ្រាវ ជាច្រើនថ្ងៃមកហើយរហូតដល់ថ្ងៃនេះ កំលាំងនគរបាល ក៍ចាប់ផ្តើម ធ្វើការឃាត់ខ្លួនបញ្ជូនមកកាន់ អធិការដ្ឋាននគរបាលស្រុក ធ្វើការសួរនាំ។ជនសង្សយ័ខាងលើ ទី១ ឈ្មោះ យន់ ឌី អាយុ២៧ឆ្នាំ ស្រុកកំណើត ភូមិសាម៉ ឃុំគងជយ័ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ទី២ឈ្មោះ ម៉ា ម៉ី អាយុ១៦ឆ្នាំ ស្រុកកំណើត ភូមិក្បាលកោះ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគីរី ទី៣ឈ្មោះ ឆាន់ ឈន់ អាយុ២៥ឆ្នាំ ស្រុកកំណើត ភូមិចង្វារ ឃុំគងជយ័ ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ទី៤ឈ្មោះ ឆុំ វិបុល អាយុ៣០ឆ្នាំ ស្រុកកំណើតភូមិ ស្ពានមាស ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ  និងដកហូតបាន វត្ថុតាងដូចជា ៖ ម៉ូតូម៉ាកស៊ីរុស ០១គ្រឿង កាំភ្លើងAK បត់មួយដើម គ្រាប់២គ្រាប់ និងសំភារ:សេបគ្រឿងញៀន មួយចំនួនទៀត។

បច្ចុប្បន្នមនុស្សនិងវត្ថុតាង សមត្ថកិច្ចកំពុងបំពេញសំណុំបែបបទ ដើម្បីបញ្ជូនទៅស្នងការដ្ឋាន នគរបាលខេត្ត មណ្ឌលគីរី ចាត់ការបន្ត។ លោកវរសេនីយ៍ទោ ឡេវ ប៉ុន នាយរងការិយាល័យប្រឆាំងគ្រឿងញៀន នៃ ស្នងការដ្ឋានខេត្ត បានបញ្ជាក់ប្រាប់អ្នកឆ្លើយឆ្លង ព័ត៌មានថា ជនសង្ស័យទាំង៤នាក់ បានសារភាពថា ពួកគេ ពិតជាបានជាប់ពាក់ព័ន្ធ ជាមួយនិងសារធាតុញៀនពិតមែន ដោយឡែករឿងកាំភ្លើង ជនសង្ស័យពុំទាន់បាន សារភាព នៅឡើយទេ លោកនាយរងរូបនោះឱ្យដឹងថា ពាក់ព័ន្ធនិងអាវុធខាងលើ លោកនិងធ្វើការបញ្ជូនខ្លួន ជនសង្ស័យ ទៅកាន់ជំនាញការិយាល័យ អាវុធជាតិផ្ទុះនៃស្នងការដ្ឋាននគរបាលខេត្ត ចាត់ការបន្ត។ លោក តូច យ៉ុន ស្នងការខេត្តមណ្ឌលគិរី បានថ្លែងប្រាប់អ្នកយកព័ត៌មានយើងថា លោកបាននិងកំពុងជុំរុញ និងពង្រឹង បន្ថែមដល់ កងកំលាំងនគរបាល ទូទាំងខេត្ត ជាពិសេសកំលាំងនគរបាលជំនាញ ឱ្យខិតខំជួយទប់ស្កាត់និង ធ្វើការបង្រ្កាប រាល់បទល្មើសផ្សេងៗដែលកើតឡើង នៅក្នុងតំបន់នេះឱ្យមានគុណភាព និងតម្លាភាព និងឈាន ទៅរកការកាត់បន្ថយឱ្យបានកំរិតទាប៕

តើអ្នកធ្លាប់ ភ្ញាក់ឡើង ហើយហើម និង ក្រហមភ្នែក ម្ខាងដែរទេ?

0
0

សុខភាព៖ តើអ្នកគិតថា ការបិទភ្នែកម្ខាង ដោយអាការៈ ហើម ភ្នែកនិង ក្រហម ព្រមទាំង រមាស់ទៀតនោះ វាកើត ឡើងដោយសារ អាឡាក់ស៊ីទេមែនទេ? ដូច្នេះមុនពេលអ្នក ទៅពិនិត្យជាមួយគ្រូពេទ្យ អ្នកគួរសាកល្បង អនុវត្ត តាមវិធីខាងក្រោមជាមុនសិន ដើម្បីឲ្យអ្នកមាន អារម្មណ៍ថា ធូរស្រាល។

១- ចងចាំថា ទឹកប្រទាលកន្ទុយក្រពើ នឹងមិនមានផលប៉ះពាល់ ដល់ភ្នែករបស់អ្នកនោះទេ។ ដើម្បីធ្វើដូចនេះ អ្នកត្រូវការ រុក្ខជាតិប្រទាល កន្ទុយក្រពើស្រស់ៗ។

 ២- យកកន្ត្រៃ ឬ កាំបិតមកកាត់ប្រទាលនោះជា ២ ឬ ៣ អ៊ីង ស្មើៗគ្នា។ បន្ទាប់មកច្បូត យកទឹកវាចំនួន ២ស្លាប ព្រាកាហ្វេ។ ការកាត់បែបនេះ មិនធ្វើឲ្យរុក្ខជាតិមួយនេះស្លាប់នោះទេ ព្រោះនោះកន្លែងកាត់នោះវាអាច ដុះឡើង វិញទៀត។

៣- យកម្រាមដៃរបស់អ្នកជ្រលក់ទៅក្នុងទឹកនោះ បន្ទាប់មកយកទៅលាបនៅលើភ្នែក ដែល ឈឺនោះ ថ្នមៗ។

បន្ទាប់ពីអនុវត្តតាមវិធីនេះហើយ អ្នកនឹងមានអារម្មណ៍ថាធូរស្រាលភ្លាមៗ។ អ្នកគួរតែធ្វើវា ១ ឬ ២ ថ្ងៃ មុនពេល ចូលគេង នោះនៅពេលដែលអ្នកក្រោកពីដំណេកវិញ ភ្នែករបស់អ្នកនឹងមានភាពភ្លឺច្បាស់៕

 

សន្និបាតបូកសរុប ការងារប្រចាំឆ្នាំ ២០១៥ និង លើកទិសដៅការងារឆ្នាំ ២០១៦ របស់សាលាដំបូង ខេត្តរតនគិរី

0
0

រតនគិរី៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៥ នេះ សាលាដំបូងខេត្តរតនគិរី បានបើកសន្និបាតបូកសរុប ការងារប្រចាំឆ្នាំ២០១៥ ដែលអនុវត្តកន្លងមក លើកទិសដៅកន្លងបន្តសម្រាប់ឆ្នាំ២០១៦។ អង្គសន្និបាតនេះប្រារព្ធធ្វើឡើង ក្នុងសាលប្រជុំសាលាខេត្តរតនគិរី ក្រោមវត្តមានលោក ញ៉ែម សំអឿន ធភិបាលរងខេត្ត លោកសួស ឡា ប្រធាន សាលាដំបូងខេត្ត និងលោក លាវ ស្រេង ព្រះរាជអាជ្ងាអមសាលាដំបូង ខេត្តរតនគិរី។អញ្ចើញ ចូលរួមក្នុងឪកាសនោះដែរ មានមន្រ្តីនគរបាល ខេត្ត ជាច្រើននាក់។

ប្រធានសាលាដំបូងខេត្តរតនគិរីលោក សួស ឡា មានប្រសាសន៏ក្នុងអង្គសន្និបាត នេះថា គឺធ្វើឡើងមានគោលដៅ ត្រួតពិនិត្យការងារ ឆ្នាំកន្លងទៅដើម្បីកំណត់បានភាពអសកម្ម ភាពខ្វះខាត ព្រមទាំងបញ្ហាប្រឈមនានា ហើយពិភាក្សាគ្នាដោះស្រាយ សមស្របនិងកំណត់ទិសដៅ អនុវត្តបន្តសម្រាប់ឆ្នាំ២០១៦។

លោក សួស ឡា បន្តថា ក្រោយពីបញ្ចប់អង្គសន្និបាតនេះ គឺបានធ្វើឲ្យអស់លោក លោកស្រី ដែលចូលរួមបានយកចិត្តទុកដាក់ ស្វែងយល់រួមគ្នាយ៉ាងផុសផុល អំពីការលើកឡើងចំពោះបញ្ហាប្រឈម មួយចំនួនដែលបានធ្វើជាមួយគ្នាកន្លងមក ក៏នឹងត្រូវដោះស្រាយ រួមគ្នាក្នុងន័យសហការប្រកប ដោយភាតរភាពខ្ពស់។

គួរបញ្ជាក់ផងដែលថា ក្នុងអង្គសន្និបាតក្នុងព្រឹកនេះ ថ្ងៃ៣០ ខែធ្នូ ឆ្នាំ២០១៥ គណអធិបតិបានអនុញាតិមន្រ្ដីយុត្តិធម៍ ចោទសួរទាក់ទិនទៅនឹងបញ្ហាប្រឈមឲ្យមន្រ្ដីយុត្តិធម៍ជួមប្រទះក្នុងពេលបំពេញការងារកន្លងកម ដើម្បីឲ្យស្ថាបន័ច្បាប់ជួយពន្យល់បន្ថែម ៕

ជប៉ុន៖ ត្រូវដក រូបចម្លាក់ក្មេងស្រី ចេញពីទីក្រុង សេអ៊ូលសិន ទើបយើងអាច ផ្តល់សំណងជំងឺចិត្ត

0
0

តូក្យូ៖ មូលនិធិជប៉ុន ដែលគ្រោងផ្តល់ដល់ស្ត្រីរងគ្រោះ របស់កូរ៉េខាងត្បូង កាលពីសម័យសង្គ្រាមនោះ នឹងធ្វើឡើងតាមកិច្ចព្រមព្រៀង ប៉ុន្តែជប៉ុនស្នើឲ្យកូរ៉េខាងត្បូង ដកចេញនូវ រូបចម្លាក់ ក្មេងស្រី នៅកណ្តាលទីក្រុងសេអ៊ូល ដែលដាក់ប្រឆាំងនឹងជប៉ុន នោះជាមុនសិន។ នេះ បើតាមការផ្សាយ របស់ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ នៅថ្ងៃព្រហស្បតិ៍ ទី៣១ ខែធ្នូ។

លោកនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ បានលើកនូវលក្ខខណ្ឌនេះឡើង ក៏ព្រោះតែ បន្ទាប់ពីកិច្ច ព្រមព្រៀងរវាងជប៉ុន និង កូរ៉េខាងត្បូង ធ្វើឡើង ប្រជាជនជប៉ុនមួយចំនួន បានសម្តែងក្តី មិន ពេញចិត្ត ចំពោះរដ្ឋាភិបាល ដែលបានយកថវិកាជាតិខ្លួនឯង ទៅចំណាយ។ ដូច្នេះ ដើម្បីជា ការបំបាត់កំហឹងពីសាធារណជននោះ ទើបរដ្ឋាភិបាលជប៉ុន សម្រេចដាក់ការទាមទារ ទៅកាន់ កូរ៉េខាងត្បូងវិញ ឲ្យមានការដករូបចម្លាក់ តំណាងស្ត្រីរងគ្រោះ នៅទីក្រុងសេអ៊ូល ចេញ។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងផ្តល់សំណងដល់ជនរងគ្រោះ ជាស្ត្រីកូរ៉េ ដែលធ្លាប់បម្រើផ្លូវភេទ ឲ្យទាហានជប៉ុន នៅសម័យសង្គ្រាមលោក លើកទីពីរ ចំនួន ១ពាន់លានយ៉េន ស្មើនឹងជាង ៨ លានដុល្លារអាមេរិក បានសម្រេចនៅកាលពីថ្ងៃចន្ទ ដើមសប្តាហ៍នេះ ក្នុងកិច្ចប្រជុំរវាងលោក រដ្ឋមន្ត្រីការបរទេសជប៉ុន និង កូរ៉េខាងត្បូង ក្នុងទីក្រុងសេអ៊ូល។ នៅក្នុងនោះដែរ ជប៉ុនបាន ប្រាប់កូរ៉េខាងត្បូង មិនឲ្យប្រើប្រាស់ពាក្យថា “ស្ត្រីបម្រើផ្លូវភេទ” ទាហានជប៉ុនទៀតឡើយ៕

Photo by DAP-News

អភិបាល ខណ្ឌច្បារអំពៅ ព្រមានដល់ មន្ត្រីជំនាញមិនមក ធ្វើការនិងលប់បំបាត់ ភាពអសកម្ម

0
0

ភ្នំពេញ៖ ដោយសារតែភាពអសកម្ម ការងាររបស់មន្ត្រី តាមការិយាល័យជំនាញ ដែលមិនមកធ្វើការ បណ្តាល អោយការងារ មួយចំនួនឈប់សម្រាក គ្មានហេតុផល ធ្វើអោយមានភាពយឺតយ៉ាវ ក្នុងការបំពេញឯកសារ ជូន ប្រជាពលរដ្ឋ ដែលមករកសេវានៅ សាលាខណ្ឌនោះ លោក អ៊ាង ស៊ីផាន អភិបាល នៃគណៈអភិបាល ខណ្ឌ ច្បារអំពៅ បានព្រមានខ្លាំងៗដល់មន្ត្រី ទាំងនោះថា នឹងធ្វើរបាយការណ៍ទៅជូនអភិបាល រាជធានីភ្នំពេញផងដែរ ។
 
ការលើកឡើងបែបនេះ របស់លោក អភិបាលខណ្ឌ នៅ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ លើកទី១៩នេះ ក្រោមវត្តមាន លោកអ៊ំ ម៉ារ៉េត ប្រធានក្រុបប្រឹក្សាខណ្ឌ និងមានការចូលរួមពី លោក-លោកស្រី ជាចៅសង្កាត់ទាំង៨  សមាជិក ក្រុមប្រឹក្សាខណ្ឌ និងមន្ត្រីសាលាខណ្ឌជាច្រើនរូបទៀត ។

លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានធ្វើការបញ្ជាក់ដោយម៉ឺងម៉ាត់ ក្នុងឆ្នាំ២០១៦នេះ គណៈអភិបាល និងខិតខំអនុវត្តបញ្ហាប្រឈម ដែលនៅសេសសល់អោយខាងតែបាន ។ បញ្ហាប្រឈមដែលនៅសេសសល់ គឺជា ចំណែកតូចមួយប៉ុណ្ណោះ ហើយក៍មិនមែនជាបញ្ហារបស់គណៈអភិបាល តែម្នាក់ឯងនោះទេ គឺជា បញ្ហារួមរបស់ យើងទាំងអស់ គ្នា  ដូច្នេះសូមអោយក្រុមការងារ  រួមចិត្ត រួមគិតរួមគ្នាអនុវត្ត ទើបឈានសម្រេចបានលទ្ធផលល្អ ។ សម្រាប់ឆ្នាំ២០១៦ នេះដែរគណៈអភិបាលនិងរឹតបន្តឹង ចំពោះមន្ត្រីណាដែលអសកម្មនិងការងារ  ជាពិសេស មន្ត្រី ទទួលបន្ទុកអនុវត្តផែនការសកម្មភាព ដែលមិនទទួលខុសត្រូវលើការងាររបស់ខ្លួន ។

ដោយឡែកមន្ត្រីដែលមិនមកធ្វើការងារ ហើយចាំតែមកបើកប្រាក់ខែ និងត្រូវប្រឈមមុខ ធ្វើរបាយការណ៍ដាក់ជូន សាលារាជធានីភ្នំពេញ ។ មន្ត្រីដែលបំរើការងារនៅក្នុង រាជរដ្ឋាភិបាល គឺបំរើអោយប្រជាពលរដ្ឋ មិនមែនស៊ីប្រាក់ខែ របស់ប្រជាពលរដ្ឋ ហើយមិនមកធ្វើការនោះទេ សូមមកធ្វើការ អោយបានទៀងទាត់ពេលវេលា  ធ្វើការដោយ ទឹកចិត្ត ស្មោះ ប្រកបដោយឆន្ទះពិត ប្រាកដ ។

ជាមួយគ្នានេះ លោកអភិបាលបានបន្តថា ក្នុងឆ្នាំថ្មី២០១៦នេះនិងកំចាត់អោយអស់ល្បែងស៊ីសងគ្រប់ប្រភេទ ទោះក្នុងរូបភាពណាក៍ ដោយជាពិសេសល្បែងបាញ់ត្រី ដែលល្បែងស៊ីសងទាំង នោះគឺសំបូរជាងគេ នៅក្នុង សង្កាត់ច្បារអំពៅទី២ ទោះមាន ខ្នងបង្អែកប៉ុនណាក៍ដោយ ក៍ត្រូវតែបង្ក្រាបដែរ  ។ បញ្ហានេះ ជារឿងដដែលៗ សូមអោយកងកម្លាំងទាំង២ ផ្នែកសហការជាមួយអាជ្ញាធរខណ្ឌរួមគ្នាអនុវត្តអោយបាន  ។ ដោយឡែក ការងារ អត្តសញ្ញាណប័ណ្ណក៍ជាបញ្ហាមួយដែរដែលធ្វើអោយប្រជាពលរដ្ឋរិះគន់ ទៅលើកក្រុមការងារចុះធ្វើអត្តសញ្ញាណ ប័ណ្ឌ ជាពិសេសទៅលើឯកសារដែលត្រូ វ បំពេញ ។  ដូច្នេះដើម្បីបង្កលក្ខណៈងាយ ស្រួលដល់ប្រជាពលរដ្ឋ ស្នើរសូមអោយក្រុមការងារចាត់ចែងរៀបចំបំពេញឯកសារជូនពួកគាត់ ឬក៍ដាក់ឈ្មោះនៅតាមកន្លែង នីមួយៗ ដើម្បីអោយងាយស្រួល ។

បញ្ហានេះមិនកំហុសរបស់ប្រជាពលរដ្ឋនោះគឺជាកំហុសរបស់សមត្ថកិច្ចនិងក្រុមការងារតែម្តង ៕

ប្រធានច្រកទ្វារអន្តរជាតិ ចាំយាមរួមសហការ ជាមួយនឹងសមត្ថកិច្ចថៃ ធ្វើបរិស្ថាននៅចំណុច (ស)

0
0

កោះកុង : លោក សុវណ្ណ ប៊ុនធឿន ប្រធានស្នាក់ការ ប្រចាំមាត់ច្រក អន្តរជាតិចាំយាម ខេត្តកោះកុង នៅព្រឹកថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០១៥ បានដឹកនាំមន្រ្តីនៅក្រោមឱវាទ និងមានការចូលរួម ពីស្ថាប័នផ្សេងទៀត ដែលមានស្នាក់ ការប្រចាំច្រកទ្វារអន្តរជាតិ ធ្វើអនាម័យបរិស្ថាន និងដើម្បីកែលំអរចំណុច (ស) ឲ្យមាន សោភ័ណ្ឌភាព កាន់តែល្អ នៅក្នុងការចុះធ្វើបរិស្ថានអនាម័យថ្ងៃនេះ ដោយមានការចូលរួមពីភាគីថៃផងដែរ។

 ចំណែកខាងភាគីថៃក្រោយការដឹងនាំចុះធ្វើអនាម័យ ដោយនាវាទោលោក ឆៃឡាត់ ខាំភីរម្យ មេបញ្ជាក់ការ១៨២ ប្រចាំការនៅតាមបន្ទាត់ព្រំដែនកម្ពុជា ថៃ ។

 លោក សុវណ្ណ ប៊ុនធឿន ប្រធានច្រកទ្វារអន្តរជាតិ ចាំយាមបានមានប្រសាសន៏ឲ្យដឹងថា  ការធ្វើបរិស្ថានថ្ងៃនេះ គឺសំដៅទៅលើ៣ចំណុចសំខាន់ៗ៖ ១- សម្អាតបរិស្ថានរួមគ្នាជាមួយភាគីថៃ នៅចំណុច០(ចំណុច ស )។ ២- ក្នុង គោលបំណងសម្អាតបរិស្ថាត នៅតាមមាត់ច្រកនិមួយឲ្យបានក្នុងការទាក់ទាញភ្ញៀវជាតិ ចូលមកកំសាន្ត ប្រទេស នីមួយៗ ។ ៣- សម្ថតិកិច្ចទាំងទ្វេរភាគី ត្រូវរួមគ្នាធ្វើបរិស្ថាននៅចំណុចនេះជាប្រចាំក្នុង១ខែម្តង។ លោក សុវណ្ណ ប៊ុនធឿន បានបន្តថា ការធ្វើបរិស្ថានថ្ងៃនេះ និងរួសហការជាមួយភាគីថៃ នេះលោកមានការ សោមន្សរីរករាយ ក្រៃលែងដោយមានភាគីថៃ បានចុះប្រតិបត្តិការរួមគ្នាមួយ ក្នុងការបោសសំអាត់នៅចំណុច ស ។ហើយទីតាំងនេះ ជាកន្លែងឆ្លងកានរវាងភ្ញៀវជាតិ និងអន្តរជាតិពីប្រទេសកម្ពុជាចូលប្រទសថៃពីប្រទេសថៃចូលកម្ពុជា ហើយការ សំអាតថ្ងៃនេះគឺក៍ធ្វើឲ្យអ្នកដំណើរមានការចាប់អារម្មណ៏ពីសណ្តាប់ធ្នាប់ផង។

លោកបានបញ្ជាក់ថាលោកក៏សុំឲ្យភាគីថៃ មានការចូលរួមបោសសំអាត១ខែម្តងជាកម្ពុជាផងដែរ ហើយនេះ សបញ្ជាក់ ឲ្យឃើញថាប្រទេសទាំង២ចេះសាមគ្គីគ្នារាប់អានគ្នាទៅវិញ ទៅមកនិងគោលបំណង អបអរសាទឆ្នាំថ្មី ២០១៦ផងដែរ ៕


NGO ចង់ឲ្យជ្រើសរើស អគ្គលេខា និងអគ្គលេខារង គ.ជ.ប. ប្រកបដោយ តម្លាភាព

0
0

ភ្នំពេញ៖ សម្ព័ន្ធកំណែងទម្រង់ ការបោះឆ្នោតហៅកាត់ថា ERA និងអង្គការសង្គមស៊ីវិល បានទទូចដល់គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) ជ្រើសរើសអគ្គលេខា និងអគ្គលេខាធិការរង គ.ជ.ប ឲ្យមានតម្លាភាព។

យោងតាមលិខិត របស់សម្ព័ន្ធកំណែទម្រង់ ការបោះឆ្នោត និងអង្គការសង្គមស៊ីវិលផ្សេងៗទៀត ដាក់ជូនគ.ជ.ប បានសម្តែងការអបអរសាទរ ចំពោះគ.ជ.ប ដែលបានប្រកាសជ្រើសរើសជាសាធារណៈ សម្រាប់ឲ្យសាធារណជន  និងភាគីពាក់ព័ន្ធទំាងអស់ចូលរួម ប្រកួតប្រជែង ដាក់ពាក្យធ្វើជាអគ្គលេខា និងអគ្គលេខារង ដែលពុំធ្លាប់មានទាល់តែសោះ ចាប់តំាងពីគ.ជ.ប.ត្រូវបានបង្កើត ហើយមកទល់ពេលនេះគ.ជ.ប បានទទួលពាក្យពីសាធារណជន និងភាគីពាក់ព័ន្ធយ៉ាងច្រើន សម្រាប់ធ្វើការជ្រើសរើស។

លិខិតដាក់ជូនគ.ជ.បបញ្ជាក់ថា «សូមស្នើដោយទទូច ចំពោះគ.ជ.ប ត្រូវតែមានកម្មវិធីតម្លាភាព និងយុត្តិធម៌ទាក់ទងនិងដំណើរការ សម្រាំងយកបេក្ខជន បុរសនិងស្រ្តីមកធ្វើសេចក្តីសម្រេចចិត្ត ជ្រើសរើសនូវបេក្ខជនណាម្នាក់ សម្រាប់តំណែងជាអគ្គលេខា និងអគ្គលេខាធិការង ដើម្បីឲ្យភាគីពាក់ព័ន្ធ និងសាធារណជនបានយល់ដឹង និងចូលរួមជាយោបល់ »។

សង្គមស៊ីវិលទាំងនោះ ជឿជាក់ថា គ.ជ.ប នឹងបើកចំហរាល់ព័ត៌មាន ដែលទាក់ទងនឹងការសម្រាំង និងការសម្រេចចិត្ត ក្នុងការជ្រើសរើសបេក្ខជន សម្រាប់តំណែងខាងលើនេះ ដើម្បីឲ្យមានជំនឿទៅលើឯករាជ្យភាព  និងអព្យាក្រឹត្យភាពរបស់ គ.ជ.ប ជាពិសេសការជឿទុកចិត្តពីសាធារណជន និងភាគីពាក់ព័ន្ធមកើកស្ថាប័ន គ.ជ.ប ក្នុងការរៀបចំការបោះឆ្នោត»។

គ.ជ.ប បានចែកពាក្យ និងការទទួលពាក្យសុំឈរឈ្មោះ ជាបេក្ខជនមុខតំណែងអគ្គលេខា ធិការនិងអគ្គលេខាធិការរង ដែលចាប់ផ្តើមកាលពីថ្ងៃទី១៧ ធ្នូ បានបិទបញ្ចប់ហើយកាល ថ្ងៃទី២៦ធ្នូ ។ គ.ជ.ប បានទទួលពាក្យសុំឈរឈ្មោះ ជាបេក្ខជនមុខតំណែងអគ្គលេខាធិការចំនួន៣៤ នាក់ និងអ្នកដែលទទួលយកពាក្យសុំឈរឈ្មោះ មុខតំណែងជាអគ្គលេធិការរង មានចំនួន១៧០នាក់ ។ អ្នកដែលបានដាក់ពាក្យសុំឈរ ឈ្មោះមុខតំណែងអគ្គលេខាធិការ មានចំនួន២៤នាក់ និងអ្នកដែលបាន ដាក់ពាក្យសុំឈរ ជាមុខតំណែងជាអគ្គលេខាធិការរង មានចំនួន១០០នាក់ ។

បើតាមមន្ត្រីជាន់ខ្ពស់ គ.ជ.ប អះអាងថា នឹងប្រកាសលទ្ធផល នៅចន្លោះពីថ្ងៃទី១-១៥ ខែមករា ឆ្នាំ២០១៦៕

សហគមន៍ សេដ្ឋកិច្ចអាស៊ាន នឹងចាប់ផ្ដើម នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ស្អែក

0
0

ភ្នំពេញ៖ សហគមន៍ សេដ្ឋកិច្ចអាស៊ាន នឹងធ្វើឡើងនៅថ្ងៃសុក្រទី១ ខែមករា ឆ្នាំ២០១៦ស្អែកនេះ ស្របទៅតាមការកំណត់ របស់ប្រទេសជាសមាជិកអាស៊ានទាំង១០។  សហគមន៍សេដ្ឋកិច្ចអាស៊ាន គឺជាទីផ្សារមួយបើកទូលាយ ឲ្យមានលំហូរពាណិជ្ជកម្មសេរី ដែលរួមបញ្ចូលទាំង សេវា ការវិនិយោគ និង កម្មករជំនាញ។

ឆ្លៀតក្នុងឱកាសនេះ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការ គណៈរដ្ឋមន្ត្រីថ្លែងប្រាប់មជ្ឈ មណ្ឌលព័ត៌មានដើមអម្ពិល នៅរសៀលថ្ងៃទី៣១ធ្នូនេះថា  សហគមន៍ សេដ្ឋកិច្ចអាស៊ាន មានទិសដៅពង្រឹងចំណូល របស់ប្រជាជនរស់នៅក្នុងតំបន់អាស៊ាន ដែលមានចំនួនជាង៦០០លាននាក់។  លោកបន្តថា«ទីផ្សារអាស៊ានគេនឹងចាប់ផ្ដើមនៅថ្ងៃស្អែក ។ ជាគោលការណ៍យើងបាន បញ្ចប់ហើយគឺកាត់បន្ថយ រាល់ឧបសគ្គដែលជារនាំង រវាងប្រជាជាតិអាស៊ាននីមួយៗ ដោយសារយើងបានរៀបចំ គោលការណ៍ពន្ធដារ និងគោលការណ៍ច្បាប់ទម្លាប់ ដើម្បីសម្រួលវីហ្សាក្នុងការធ្វើដំណើរ។ ហើយក្នុងន័យនេះ យើងចែកចេញជាពីរ គឺតភ្ជាប់ទំនាក់ទំនងរវាងប្រជាជាតិអាស៊ាន និងចល័តកម្លាំងពលកម្មដែលមានជំនាញ»។ លោក ផៃ ស៊ីផាន បន្ថែមទៀតថា ផលិតផល កសិកម្ម របស់ប្រជាជាតិ ក្នុងអាស៊ានក៏ត្រូវបានចល័ត ផងដែរ។

កន្លងមកធនាគារអភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ADB បានលើកឡើងថា កម្ពុជាកំពុងត្រៀមខ្លួន បានយ៉ាងប្រសើរ សម្រាប់បង្កើតសហគមន៍ សេដ្ឋកិច្ចអាស៊ាន នៅដំណាច់ឆ្នាំ ២០១៥នេះ។ ក៏ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជា ចាំបាច់ត្រូវតែពន្លឿនកំណែទម្រង់របស់ខ្លួន ដើម្បីលើកកម្ពស់តម្លាភាព និង ភាពអាចជឿជាក់បាន នៃប្រព័ន្ធបទដ្ឋានគតិយុត្តិរបស់ខ្លួន ទើបអាចលើកទឹកចិត្ត ឲ្យមានការវិនិយោគកាន់តែច្រើនទៀតបាន។

គោលបំណងរបស់ប្រទេស នៃសហគមន៍អាស៊ាន បានប្តេជ្ញាជំរុញ ឲ្យមានការតភ្ជាប់អាស៊ាន ទាំងផ្នែកហេដ្ឋានរចនាសម្ព័ន្ធរូបវន្ត និងផ្នែកស្ថាប័ន ដែលជាកត្តា គន្លឹះ ដើម្បីកាត់បន្ថយគម្លាតអភិវឌ្ឍន៍ និងធានាជោគជ័យ នៃការធ្វើសមាហរណកម្មអាស៊ាន។ ដើម្បីដល់គោលដៅនេះ ប្រទេសជារដ្ឋភាគី បានដាក់ចេញ នូវផែនការមេ ស្តីពីតភ្ជាប់អាស៊ាន ដោយជំរុញការអនុវត្តផែនការមេនេះ ឲ្យបានឆាប់រហ័ស។ សម្រាប់លំហូរ ដោយសេរីនៃ ពលករជំនាញ ក៏ជាលក្ខណៈសម្បត្តិចម្បងមួយ នៃសហគមន៍សេដ្ឋកិច្ចអាស៊ានផងដែរ៕

Photo by DAP-News

គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ត ដោយខ្លួនឯង នៅតាមផ្លូវទៅ រតនគិរី

0
0

ភ្នំពេញៈ រថយន្តហាយឡែនឌ័រ មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AF-6578 ធ្វើដំណើរតាមផ្លូវ ទៅរតនគិរី ក្នុងស្រុកលំផាត់ បានក្រឡាប់បណ្តាល ឲ្យស្លាប់ស្ត្រីម្នាក់និងស្ត្រីម្នាក់ បានរងរបួស នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥នេះ។

ប្រជាពលរដ្ឋបាននិយាយថា អ្នកបើកបររថយន្តហាយឡែនឌ័រ នេះមានឈ្មោះ ចាន់ ស៊ីណា ។
ក្រោយកើតហេតុសមត្ថកិច្ចបាន ទៅជួយអន្តរាគមន៍ យកជនរងគ្រោះទៅសង្គ្រោះ នៅមន្ទីរពេទ្យនិងចុះវាស់វែង នៅកន្លែងកើតហេតុផងដែរ៕

ប្រទះឃើញគ្រាប់ មិនផ្ទុះប្រភេទ១០៥មីលីម៉ែត្រ ប្រគល់ឲ្យស៊ីម៉ាក កំទេចចោល

0
0

កណ្តាល៖ គ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ ប្រភេទ១០៥មីលីម៉ែត្រ ត្រូវបានប្រជាពលរដ្ឋ ប្រទះឃើញរាយការណ៍ ឲ្យសមត្ថកិច្ចពិនិត្យ រួចបានប្រគល់ឲ្យស៊ីម៉ាក យកទៅកំទេចចោល កាលពីវេលាម៉ោង ១០និង១០នាទី ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅក្នុងភូមិព្រៃធំឃុំសន្លង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

នគរបាលបានឲ្យដឹងថា មុនពេលកើតហេតុ មានប្រជាពលរដ្ឋឈ្មោះ ប៊ុន ស្រេង ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសន្លង ឃុំសន្លង បានយករថយន្តអេស្កាវ៉ាទ័រទៅកាយដី នៅចំណុចភូមិខាងលើ រួចបានប្រទះឃើញ គ្រាប់មិនទាន់ផ្ទុះមួយគ្រាប់ប្រភេទ១០៥មីលីម៉ែត្រ បានរាយការណ៍នគរបាលប៉ុស្តិ៍ ឲ្យទៅយកគ្រាប់នោះមកទុក រួចនគរបាលប៉ុស្តិ៍បានសុំឲ្យកម្លាំងស៊ីម៉ាក់ ចុះមកយកគ្រាប់នោះទៅរក្សាទុក ដើម្បីយកទៅកម្ទេចចោល ៕

ឆ្នាំថ្មី ប្រធានបក្ស យុវជនកម្ពុជា ទទូចឲ្យ អ្នកនយោបាយ គ្រប់និន្នាការ ដោះស្រាយ បញ្ហាជាតិរួមគ្នា

0
0

ភ្នំពេញ៖ សម្រាប់ថ្មីនេះ ដែលឈានចូលមកដល់ប៉ុន្មានម៉ោងទៀតនោះ ប្រធានគណបក្សយុវជនកម្ពុជា ដែលគ្រោង នឹងបង្កើតសម្រាប់ ប្រកួតប្រជែងដណ្តើមសន្លឹកឆ្នោត លោក ពេជ្រ ស្រស់ បានទទូចឲ្យអ្នកនយោបាយ រូបរួមគ្នា ដោះស្រាយបញ្ហាទំាងអស់ដើម្បីជាតិនិងប្រជាជជន។

លោកបានមានប្រសាសន៍ ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទ នារសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ថា «ខ្ញុំ គិតប្រាថ្នាថាបើ ឆ្នាំចាស់កន្លងហួសទៅហើយ ចង់យកគំនិតថ្មី ចិត្តថ្មីមកដោះស្រាយបញ្ហានៅក្នុងប្រទេសកម្ពុជា ។

សូមឲ្យអ្នកនយោបាយទំាងអស់ ទម្លាក់ចោលចិត្តគុំគួនពិសេសជេរគ្នា ដើម្បីកេងចំណេញ នយោបាយ ដើម្បីអង្គុយតុចរចា ដោះស្រាយបញ្ហារបស់ជាតិរួមគ្នា ។ គំនិតច្រើនដោះស្រាយ  គំនិតបុគ្គល គំនិតក្រុមដោះស្រាយមិនចេញទេ។ ដូច្នេះសុំឲ្យអ្នក នយោបាយដែលមានសំឡេងគំាទ្រ ឬជាប់ឆ្នោតក្នុងសភា និងអ្នកនយោបាយដែលទើបតែបង្កើតថ្មីៗ មេត្តាដាក់ចិត្តចុះ នៃចិត្ត ចង់ឈ្នះ កេងចំណេញនយោបាយ គ្រប់រូបភាពនោះ ដាក់ចិត្តចុះដើម្បីរួមគ្នាដោះស្រាយប្រទេស ឲ្យមានការអភិវឌ្ឍន៍បានលឿន»។

ជាមួយគ្នានោះដែរ លោក ពេជ្រ ស្រស់ ដែលជាអ្នកនយោបាយវ័យក្មេងមួយរូប ដែលទើបនឹងរះនោះ បានថ្លែង ថា គណបក្សប្រឆំាង និងគណបក្សកាន់អំណាចពេលកន្លង មកឈ្លោះប្រកែកគ្នា ដើម្បីកេងចំណេញនយោបាយ ដោយឲ្យប្រជាពលរដ្ឋទទួលស្គាល់ខ្លួន។

លោក សុខ ឥសាន្ដ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា ខ្មែររួបរួមគ្នាជាធ្លុងមួយ ជាយូរមកហើយ ហើយក៏គ្មានការបែកបាក់នោះទេ។

ចំណែកលោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានសសេរលើបណ្តាញ សង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា លោកនឹងខិតខំខ្លួនឯង ធ្វើយ៉ាងណាឲ្យជនជាតិខ្មែរគ្រប់គណបក្ស និងគ្រប់និន្នាការនយោបាយ ជានាគ្នា ស្រុះស្រួលគ្នា និងពួតដៃគ្នា ជាមហាគ្រួសារខ្មែរតែមួយ ដើម្បីការពារ និងថែរក្សាជាតិមាតុភូមិរបស់យើង ឲ្យបាននៅគង់វង្សជានិរន្តរ៍ ហើយរួមកម្លាំងគ្នាជាធ្លុងមួយ ដើម្បីកសាងជាតិមាតុភូមិរបស់យើង ឲ្យកាន់តែរុងរឿងល្អប្រសើរ៕

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images