Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ឆ្នាំ២០១៥ បទល្មើសព្រហ្មទណ្ឌ កើតឡើង ៧៦៥លើក ស្លាប់មនុស្ស ៤៣នាក់ និងរងរបួស ១៩២នាក់

$
0
0

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងថា នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០១៥កន្លងទៅនេះ បទល្មើសព្រហ្មទណ្ឌបានកើតឡើងចំនួន៧៦៥លើក ថយចុះ៧៩លើក បើប្រៀបធៀបទៅនឹងឆ្នាំ២០១៤ ហើយក្នុងករណីទំាងនេះ បានបណ្តាលឲ្យស្លាប់មនុស្សចំនួន៤៣នាក់ និងរងរបួស១៩២នាក់។

ក្នុងពិធីប្រជុំបូកសរុប ដកបទពិសោធន៏ សភាពការណ៏ លទ្ធផលប្រតិបត្តការបង្កា បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងសណ្តាប់ធ្នាប់ចរាចរណ៏ ប្រចាំឆ្នាំ ២០១៥របស់គណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នេះ ឧត្តមសេនីយ៍ឯក ជូន សុវណ្ណ បានបញ្ជាក់ថា ក្នុងចំណោមបទល្មើស ព្រហ្មទណ្ឌកើតមានចំនួន ៧៦៥លើកនោះ មានបទល្មើស ឧក្រិដ្ឋកើតឡើងចំនួន ១៨១លើក ថយចុះ៨លើក បទល្មើសមជ្ឈឹម៥៨៤លើក ថយចុះ៧១លើក។ ករណីទាំងនេះកើតមានឡើងនៅក្នុងខណ្ឌពោធិសែនជ័យ ១៣៥លើក សែនសុខ៦៥លើក ចំការមន ១០០លើក ឬស្សីកែវ ៩៥លើក មានជ័យ ៤៥លើក ទួលគោក ៦៤លើក ដូនពេញ ៨៩លើក ដង្កោ ៤៣លើក ៧មករា ៣៩លើក ច្បាអំពៅ ៣៦លើក ព្រែកព្នៅ ៣១លើក និងខណ្ឌជ្រោយចង្វា ២៣លើក បណ្តាលឲ្យស្លាប់មនុស្សចំនួន ៤៣នាក់ និងរងរបួស១៩២នាក់ បាត់បង់រថយន្ត៦គ្រឿង ម៉ូតូ៩៣គ្រឿង និងប្រាក់កាស សម្ភារៈ គ្រឿងអលង្ការមួយចំនួនទៀត ។ ចំពោះករណីលួចមានស្ថានទម្ងន់(ប្លន់) ១២៩លើក ជាករណីប្លន់ម៉ូតូ ១០២លើក និងប្លន់សម្ភារៈ-កាបូបលុយ២៧លើក ឃាតកម្ម២៨លើកស្លាប់២៨នាក់ របួស០១នាក់ ជាករណីបាញ់សម្លាប់១៥លើក និងកាប់ចាក់ វាយសម្លាប់១៣លើក រំលោភសេពសន្ទវៈ១៨លើក បង្ខាំងមនុស្សខុសច្បាប់០៣លើក និងជះទឹកអាស៊ីត០៣លើក។

លោកស្នងការនគរបាលរាជធានីភ្នំពេញ បានបន្ថែមទៀតថា ចំពោះការងារបង្ក្រាបសមត្ថកិច្ចរាជធានីភ្នំពេញ បង្ក្រាបបទល្មើសព្រហ្មទណ្ឌបានចំនួន ៥៧០ករណី ស្មើនឹង៧៤,៥០% នៃបទល្មើសរួម ឃាត់ជនល្មើសបានចំនួន៨១៦នាក់ ក្នុងនោះបទល្មើសឧក្រិដ្ឋ១១២ករណី ឃាត់ខ្លួន២០៦នាក់ និងបទល្មើសមជ្ឈឹម ៤៥៨ករណីឃាត់ខ្លួន៦១០នាក់ បង្ក្រាបជាក់ស្តែងបានចំនួន៤៩៩ករណី ឃាត់ខ្លួន៦៧៧នាក់ ស្មើនឹង៨៧,៥៤%នៃលទ្ធផលបង្ក្រាបរួម បង្ក្រាបដោយស៊ើបអង្កេតបានចំនួន៧១ករណី ឃាត់ខ្លួន១៣៩នាក់កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។

លោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានជំរុញឲ្យកងកម្លំាងសមត្ថកិច្ចចម្រុះក្នុងរាជធានីភ្នំពេញទាំងអស់ត្រូវចាប់ផ្តើមកសាងផែនការការពារសន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ស្របពេលដែលកំដៅនយោបាយអាចនឹងមានការកើតឡើង នៅពេលមុនការបោះឆ្នោត ពេលបោះឆ្នោត និងក្រោយពេលបោះឆ្នោតខាងមុខនេះ និងម្យ៉ាងទៀតខណៈដែរប៉ុន្មានសប្តាហ៏ចុងក្រោយនេះស្ថានភាពប្រឆំាងតវា និងការសម្តែងមតិនានាហាក់មានការកក្រើកឡើងវិញផ្ទុយនឹងច្បាប់ដែលនាំឲ្យ ប៉ៈពាល់ដល់សណ្តាប់ធ្នាប់នឹងការរស់នៅរបស់ប្រជាពលរដ្ឋ។

លោកប៉ា សុជាតិវង្ស បានបញ្ជាក់បន្ថែមទៀតថា ការត្រៀមផែនការជាមុននេះ មានសារៈសំខាន់ណាស់ ដើម្បីត្រៀមកម្លំាងសរុបមធ្យោបាយសរុបក្នុងការ ឆ្លើយតបរាល់បញ្ហាមិនប្រក្រតីនានាដែលកើតមានឲ្យកាន់តែមានប្រសិទ្ធិភាព ហើយឆ្នាំ២០១៦នេះត្រូវតែរក្សាឲ្យបានស្ថេរភាពសន្តិសុខនយោបាយដែលជាផ្នែកមួយជំរុញឲ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នាដើមឆ្នាំ២០១៧បានប្រព្រឹត្តទៅដោយរលូន ។ លោកថា "អាជ្ញាធរពុំបានចាត់ទុករាល់ការប្រឆំាងតវានានាសុទ្ធតែខុសច្បាប់នោះទេ ប៉ុន្តែអ្វី ដែលជាបញ្ហានោះគឺអ្នកនៅពីក្រោយខ្នងឬជនទី២ ជនទី៣ឆ្លៀតឱកាសកេងចំណេញនយោបាយប៉ុណ្ណោះ និងបង្កើតឲ្យមានអសន្តិសុខក្នុងសង្គម ដើម្បីឲ្យការដោះស្រាយបញ្ហាប្រឈម នានារបស់ប្រជាពលរដ្ឋអាចទទួលបានប្រសិទ្ធិភាព និងមិនប្រឈមចំពោះផ្លូវច្បាប់នោះ គឺត្រូវអនុវត្តន៏នូវគោលការណ៍៣ចំនុច គឺទី១ មានបញ្ហានៅកន្លែងណាត្រូវដោះស្រាយនៅកន្លែងនោះ ទី២ ការបញ្ចេញមតិ និងដោះស្រាយនៅក្នុងវេទិការសាធារណៈ និងទី៣ ការប្រមូលផ្តុំ សម្តែងមតិប្រឆំាងតវាត្រូវធ្វើឡើងនៅទីលានប្រជាធិបតេយ្យតែម្តង" ។

អភិបាលរាជធានីភ្នំពេញ រូបនេះ ក៏បានបញ្ជាក់ទៀតថា ទោះបីការងារជាច្រើននៅក្នុងឆ្នាំ២០១៥ទទួលបានជោគជ័យគួរជាទីមោទនៈក៏ដោយ តែនៅមានចំណុចខ្វះខាត និងបញ្ហាប្រឈមមួយចំនួនដែលយើងត្រូវធ្វើការកែសម្រួលនិងដោះស្រាយផងដែរ ជាពិសេសបញ្ហាបទល្មើសព្រហ្មទណ្ឌ បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ សណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវ បញ្ហារថយន្តធំចេញ ចូលរាជធានីភ្នំពេញ បញ្ហាសំរាម និងអនាម័យជាដើម គឺនៅមិនទាន់អនុវត្តន៏បានល្អឆ្លើយតបទ ទៅនឹងសំណូមពរ និងតម្រូវការប្រជាពលរដ្ឋគ្រប់គ្នាបាននៅឡើយ ៕


សម្តេចកិត្តិព្រឹទ្ធបណ្ឌិត យកខ្ទមចាស់ ផ្លាស់យកផ្ទះថ្មី ឲ្យប្តីប្រពន្ធ ទីទ័លក្រពីរនាក់ នៅភូមិក្រំាងដូង

$
0
0

ព្រះវិហារ៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នេះ បានផ្តល់ភាពកក់ក្តៅឲ្យគ្រួសារទីទ័លក្រ មានជម្រករស់នៅសមរម្យ បន្ទាប់ពីការសម្រេចសាងសង់ផ្ទះឈើ់ ដ៍ស្អាតមួយជំនួសខ្ទមប្តីប្រពន្ធ ពីរនាក់ រស់នៅភូមិក្រំាងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។

ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុក របស់សម្តេចកិត្តិព្រឺទ្ធបណ្ឌិត បានសរសេរថា "ខ្ទមចាស់ ផ្លាស់ផ្ទះថ្មី សាងសង់ជូនគ្រួសារទីទ័លក្រ ឈ្មោះ លោក អ៊ុនខ្មះ ប្រពន្ធឈ្មោះ ចាន់ ស៊ីណាត នៅភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ"។

សម្តេចបានបញ្ជាក់ទៀតថា "ផ្ទះឈើដ៏ស្អាតមួយខ្នងនេះ មានទទឹង៥ម៉ែត្រ និងបណ្តោយ៦ម៉ែត្រ ធ្វើអំពីឈើប្រក់ដែកស័ង្កសី ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈឯកឧត្តម អ៊ុ ម៉ារ៉ា ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ"៕

១៣មករា រដ្ឋសភានឹងប្រជុំ ពិនិត្យនិងអនុម័ត សេចក្តីព្រាងច្បាប់ ទូទាត់ថវិកា ឆ្នាំ២០១៤

$
0
0

ភ្នំពេញ៖ លោក ស៊ុន ឆ័យ អ្នកតំណាងរាស្រ្ត គណបក្សសង្រ្គោះជាតិ បានថ្លែងថា រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងបើកសម័យប្រជុំ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ ទូទាត់ថវិកាជាតិឆ្នាំ២០១៤ នាវិមានរដ្ឋសភា ក្រោមអធិបតីភាពសម្តេចហេង សំរិន នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ខាងមុខ៕

Photo by DAP-News

លោក ជា សុមេធី ដែលត្រូវបាន តែងតាំងជាអភិបាល ខេត្តព្រៃវែង ជំនួសលោកហាស់ សារ៉េត

$
0
0

ភ្នំពេញ ៖ នៅសាលាខេត្តព្រៃវែង រសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ  សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសផ្ទេរ តំណែងអភិបាលខេត្តព្រៃវែង ដោយក្នុងនោះលោក ជា សុមេធី អតីតជាអគ្គស្នងការរង នគរបាលជាតិ និងជាប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ទៅជាអភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ជំនួសលោកហាស់ សារ៉េត ដែលត្រូវចូលនិវត្តន៍ ។

នៅក្នុងពិធីនេះ ក៏មានការអញ្ជើញចូលរួមពីប្រធាន ក្រុមប្រឹក្សា និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ ៕

លោក ស៊ុន ឆៃ ថាសមាជិកសភា CNRP នឹងចូលរួមអនុម័តច្បាប់ សហជីព

$
0
0

ភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់គណបក្ស សង្គ្រោះជាតិ (CNRP) លោក ស៊ុន ឆៃ បានលើកឡើងថា សមាជិករដ្ឋសភា មកពីបក្សសង្គ្រោះជាតិនឹង ចូលរួមពិភាក្សាអនុម័តច្បាប់ សហជីពជាមួយ សមាជិកសភាគណបក្ស ប្រជាជន កម្ពុជា លើសេចក្តីព្រាងច្បាប់សហជីពនាពេលខាងមុខ។

  ប្រាប់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ នាវិមានរដ្ឋសភា លោកស៊ុនឆៃ ថា ជាគោល ការណ៍ គណបក្សសង្គ្រោះជាតិមិនចូលប្រជុំសភាជាមួយ សមាជិកសភាមកពីគណបក្សប្រជាជនកម្ពុជានោះទេ មកពីមូលហេតុសមាជិកសភាគណបក្សសង្គ្រោះជាតិ មិនបានចូលរួមពិភាក្សានិងឲ្យយោបល់ លើសេចក្តីព្រាង ច្បាប់មួយចំនួននាពេលកន្លងមក ទើបធ្វើពហិកាមិនចូលរួមប្រជុំ ។

  លោកបញ្ជាក់ថា «នៅពេលណាយើងមានការជជែកគ្នា ពន្យល់គ្នា នោះជានីតិវិធី ល្អណាស់  ។ ខ្ញុំថា ខ្ញុំបានចួលរួម ដោះស្រាយ ឬពិនិត្យច្បាប់ មួយចំនួនកន្លងមក ដូចជាគណៈកម្មការជាតិរៀបចំការបោះឆ្នោត និងច្បាប់បោះឆ្នោតនោះ មានស្នើសុំពីសមាជិកសភាបក្សប្រឆំាងបានកែសម្រួលមួយចំនួនមានភាពល្អប្រសើរ»។

ជាមួយគ្នានោះដែរ លោក ស៊ុន ឆៃ បានលើកឡើងថា  ជាក់ស្តែងច្បាប់សហជីព ដែលគណៈកម្មការចំពោះកិច្ច រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិជជែកគ្នានោះ មានចំណុចមួយចំនួនបានកែសម្រួល បន្ទាប់ពីការស្នើសុំពីសហជីពតាមរយៈសមាជិកគណៈកម្មការចំពោះកិច្ចគណបក្សសង្គ្រោះជាតិ ។  លោកថា ប្រសិនបើមិនមាន ការជជែកគ្នាលើសេចក្តីព្រាងច្បាប់សហជីព នោះទេ នឹងមានការតវ៉ា ពីសហជីព ពិសេស នឹងធ្វើឲ្យមានការប៉ះពាល់ដល់ការបញ្ជាទិញ ទំនិញពីស្រុកខ្មែរព្រោះសហជីពមានតួនាទីសំខាន់ ក្នុងការពារ កម្មករនិងការបញ្ជាទិញទំនិញពីកម្ពុជា។

  គួរបញ្ជាក់ថា កាលពីរសៀលថ្ងៃទី៤ មករា គណៈកម្មការចំពោះ កិច្ចបានបើកឆាកដំបូងពិភាក្សា សេចក្តីព្រាង ច្បាប់សហជីព  និងបានឯកភាពគ្នាចំនួនពីរចំណុច ក្នុងចំណោម២១ចំណុចដែលក្រុមសហជីព ដាក់សំណើរ។

  គណៈកម្មការចំពោះកិច្ចបានពិភាក្សាឯកភាពគ្នាបាន២មាត្រា គឺមាត្រាទី៣ និងមាត្រា៤នៃច្បាប់សហជីព ដែលមាន១៧ជំពូក និង១០០មាត្រា។  គណៈកម្មការចំពោះកិច្ចគណបក្សដែលមានអាសនៈក្នុងរដ្ឋសភា នឹងជូបពិភាក្សាលើ សេចក្តីច្បាប់សហជីពម្តងទៀតនៅថ្ងៃទី១៣ មករា ឆ្នាំ ម៉ោង២ រសៀល នៅវិមានរដ្ឋសភា ៕

ជិះម៉ូតូពីភ្នំពេញ មកលេងស្រុកនៅកំពតបែរជាជួបគ្រោះថ្នាក់ ចរាចរណ៍ រងរបួសធ្ងន់

$
0
0

កំពត៖ ស្ត្រីម្នាក់បានជិះម៉ូតូ ពីភ្នំពេញមកលេងស្រុកកំណើត នៅខេត្តកំពត ក្នុងល្បឿនលឿន មិនប្រយ័ត្ន បានបុកម៉ូតូគេពីក្រោយ បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង នៅម៉ោង ១០ព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ លើកំណាត់ផ្លូវជាតិលេខ៤១ ស្ថិតក្នុងភូមិខ្ពបរុន ឃុំស្រៃចែង ស្រុកជុំគីរី។

មន្ត្រីនគរបាលចរាចរស្រុកជុំគីរី បានឲ្យដឹងថា ជនរងគ្រោះបើកម៉ូតូ ម៉ាកសេ១២៥ សេរី២០១៥ ពណ៌ខ្មៅ អត់ពាក់ស្លាកលេខ ឈ្មោះ រ៉ែន ង៉ែត្រ ភេទប្រុស អាយុ៤៥ឆ្នាំ រស់នៅភូមិពងទឹក ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត រងរបួសធ្ងន់។ រីឯស្ត្រីជិះម៉ូតូបង្ក បុកគេពីក្រោយ ឈ្មោះសេង ស្រីទូច អាយុ២៥ឆ្នាំ រស់នៅភូមិដូង ឃុំស្រែក្នុង ស្រុកជុំគីរី ខេត្តកំពត បើកបរម៉ូតូម្នាក់ឯង ម៉ាកស្មាស់វ៉េវ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1CZ-4651។

មន្ត្រីនគរបាលដដែល បន្តថា ស្ត្រីបើកម៉ូតូស្មាស់ បានធ្វើដំណើរមកពីរាជធានីភ្នំពេញ សំដៅមកលេងស្រុក លុះដល់ចំណុចកើតហេតុ បានបុកទៅនឹងម៉ូតូជនរងគ្រោះពីក្រោយចំពេញទំហ៉ឹង ខណៈរត់ស្របទិសគ្នា ពីជើងទៅត្បូង ធ្វើឲ្យធ្លាក់ទៅក្នុងគ្រលុកកាវថ្នល់ បណ្តាលឲ្យរងរបួសធ្ងន់ទាំងសងខាង។ ក្រោយហេតុការណ៍ភ្លាម បុរសជាជនរងគ្រោះបើក ម៉ូតូសង់ពីមុខ ត្រូវបានគេដឹកនាំយកទៅព្យាបាលនៅឯមន្ទីរពេទ្យខេត្តតាកែវ ចំណែកស្ត្រីជិះម៉ូតូបុកគេពីក្រោយ រងរបួស ធ្ងន់ដែរ ត្រូវបានគេដឹកនាំយកទៅព្យាបាលនៅមណ្ឌលសុខភាព នៃឃុំកើតហេតុខាងលើ។ ដោយឡែកវត្ថុតាង ម៉ូតូទាំង២គ្រឿង ត្រូវបានកម្លាំងនគរបាល នាំយកទៅរក្សាទុកនៅឯប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំស្រែចែង ដើម្បីដោះស្រាយគ្នាទៅថ្ងៃក្រោយ៕

កូវ៉ែត កោះហៅមន្ត្រីទូត របស់ខ្លួន ពីអ៊ីរ៉ង់ វិញដើម្បីសុវត្ថិភាព

$
0
0

កូវ៉ែត៖ ប្រទេសកូវ៉ែត នៅថ្ងៃអង្គារ ទី០៥ ខែមករា ឆ្នាំ ២០១៦ នេះ បានកោះហៅឯកអគ្គរាជ ទូតរបស់ខ្លួន ប្រចាំប្រទេសអ៊ីរ៉ង់ ត្រឡប់មកកាន់ប្រទេសកំណើតវិញ បន្ទាប់ពី ក្រុមអ្នកតវ៉ា ប្រកបដោយកំហឹង របស់អ៊ីរ៉ង់ បាន លុកលុយស្ថានទូត អារ៉ាប៊ី សាអូឌីត ប្រចាំរដ្ឋធានី តេហេរ៉ង់ បណ្តាលឲ្យខូចខាតយ៉ាងដំណំ ដើម្បីប្រឆាំងទៅនឹងអាជ្ញាធរ អារ៉ាប៊ី សាអូឌីត ដែលបានចាប់ខ្លួនអ្នកប្រតិបត្តិអ៊ីស្លាម និកាស៊ីអ៊ីត ៤៧ នាក់ ដោយសង្ស័យពីការបង្កភេរវកម្ម កាលពីឆ្នាំ ២០១៥ កន្លងទៅនេះ។

គួរបញ្ជាក់ថា ក្រោយពីមានការវាយប្រហារនៅស្ថានទូត និងស្ថានកុងស៊ុល ទីក្រុង ម៉ាសហាដ នៃប្រទេស អារ៉ាប៊ី សាអូឌីត បានប្រកាសរំលាយចំណងទាក់ទងការទូត ជាមួយនឹងអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យ និងស្នើឲ្យស្ថានទូត និង កុងស៊ុល ទាំងអស់របស់អ៊ីរ៉ង់នៅក្នុងប្រទេសនេះ ដកចេញក្នុងរយៈពេល ៤៨ម៉ោង។

ក្រោយពីការប្រកាសនេះ ប្រទេសកាន់សាសនាម៉ូស្លីម ៣ប្រទេសបានចូលរួមជាមួយ នឹងអារ៉ាប់ ដោយបានផ្ដាច់ ចំណងការទូតជាមួយនឹងអ៊ីរ៉ង់ដូចគ្នា។ នេះជាភាពតានតឹងថ្មីផ្នែក ការទូតនៅតំបន់មជ្ឈិមបូព៌ា ដែលតម្រូវឲ្យ មានការ ដោះស្រាយជាបន្ទាន់ និង ប្រយ័ត្នប្រយែង បំផុត ព្រោះថា វានឹងបង្កឲ្យសេដ្ឋកិច្ចពិភពលោក ជួបបញ្ហា៕

កម្មករជាង១០០នាក់ មកពីកំពង់ស្ពឺ លើកគ្នាមកសុំកិច្ច អន្តរាគមន៍ពី រដ្ឋមន្រ្តីការងារ

$
0
0

ភ្នំពេញ ៖ ក្រុមកម្មករ-កម្មការិនី ចំនួន១០០នាក់មកពី រោងចក្រ Agile Sweater ស្ថិតនៅភូមិតាអោង សង្កាត់ ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី៥ ខែមករា ឆ្នាំ២០១៦នេះ  បាននាំគ្នាហែក្បួនមកសុំកិច្ច អន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង ។

លោក ស៊ុត ចិត្រ មន្រ្តីសម្ព័ន្ធសហជីពចលនាកម្មករកម្ពុជា បាននិយាយប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ក្រោយពីក្រុមកម្មករបាននាំគ្នាមកដល់ក្រសួងការងារមួយសន្ទុះ ខាងមន្រ្តីដោះស្រាយវិវាទការងារ បាតុកម្ម និងកូដកម្ម បានចេញមកទទួលញត្តិពីក្រុមកម្មករដោយសន្យាថា នឹងចុះទៅដោះស្រាយ ប៉ុន្តែមិនទាន់បញ្ជាក់ថ្ងៃ ណាពិតប្រាកដនៅឡើយទេ។

លោកបន្តថា កម្មករបានធ្វើកូដកម្មតាំងពីថ្ងៃទី២៥ ខែធ្នួមកម្ល៉េះ ដើម្បីទាមទារលក្ខខណ្ឌការងារ៩ចំណុច ប៉ុន្តែរហូតមកដល់ពេលនេះ មិនទាន់មានដំណោះសា្រយពីថៅកែទៀត។

លក្ខខណ្ឌទាំង៩ចំណុចនោះមានចំណុចសំខាន់ៗដូចជា៖ ដករដ្ឋបាលរោងចក្រចេញ ដោយរដ្ឋបាលរូបនេះ បញ្ឈប់ការងារកម្មករតាមអំពើចិត្ត និងយកលុយពីកម្មករ , ដំឡើងសោហ៊ុយធ្វើដំណើរ៣ដុល្លារថែមទៀត , ដកពាក្យបណ្តឹងពីកម្មករ , សួមឲ្យផ្តាច់កិច្ចសន្យាការងារពី៣ឆ្នាំទៅ៦ឆ្នាំវិញ , បន្ថែមលុយបាយថ្ងៃត្រង់ ៣ពាន់រៀល  និងថែមប្រាក់បន្ថែមម៉ោងដល់កម្មករនៅថ្ងៃបុណ្យ និងថ្ងៃឈប់សម្រាក់៕


ស្វាមីភរិយាបានគ្នា សម័យប៉ុលពត ៨០០គូរ ប្រារពខួបអាពាហ៍ពិពាហ៍ លើកដំបូង នៅជាយដែនម៉ាឡៃ

$
0
0

បន្ទាយមានជ័យ៖ ស្វាមីភរិយា ដែលបានទទួលយកគ្នា ជាប្តីប្រពន្ធតាមការ ចាត់តាំងរបស់អង្គការ សម័យប៉ុលពត បានជួបជុំគ្នាប្រារពខួប អាពាហ៍ពិពាហ៍របស់ខ្លួនជាលើកដំបូង កាលពី០៥ ខែមករា ឆ្នាំ២០១៦ នៅជាយដែនកម្ពុជាថៃ ក្នុងបរិវេណវិទ្យាល័យម៉ាឡៃ ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដើម្បីបង្ហាញពីក្តីស្រឡាញ់ និងសន្តិភាពទៅកាន់ពិភពលោក។

ពិធីនេះត្រូវបានរៀបចំឡើង ដោយអង្គការសហពន្ធ័ សន្តិភាពសកលកម្ពុជា (Universal Peace Federation Cambodia) ក្រោមអធិបតីភាពលោក ហ៊ុត ហេន នាយសាខា UPF-BTB នាយឧត្តមសេនីយយ៍ សុខ ភាព ទីប្រឹក្សាក្រសួងការពារជាតិ លោក សួន បវរ អភិបាលរងខេត្តបជ លោក អែម សុខា អភិបាលស្រុកម៉ាឡៃ ក្រៅពីនេះមានការចូលរួមពីគូរភរិយាស្វាមីចំនួន៨០០គូ។

លោក ហ៊ុត ហេន មន្ត្រីសម្របសម្រួលកម្មវិធី បានមានប្រសាសន៍ថា ពិធីនេះគឺយើងប្រារព ធ្វើឡើងក្នុងគោលបំណង គឺធ្វើឡើងដើម្បីរំលឹក អនុស្សាវរីយ៍ពីអតិតកាល និងអប់រំក្រុមគ្រួសារដែលជាសមាជិក សង្គមឲ្យមានការគោរពស្រលាញ់គ្នា ស្មោះត្រង់រវាងគ្នា ចាប់ដៃគ្នា កសាងសុភមង្គលគ្រួសារ ក្រោមច្បាប់ស្តីពីឯកពន្ធ័ភាពក្នុងន័យ " សន្តីភាពផ្តើមចេញពីគ្រួសារ"៕

សមត្ថកិច្ចជំនាញ សហការជាមួយ នឹងម្ចាស់ផ្ទះជួល សំណាក់ចុះធ្វើរដ្ឋបាលចំហ ដើម្បីបង្រ្កាប អ្នកចែកចាយ និងប្រើប្រាស់គ្រឿងញៀន

$
0
0

រតនគិរី៖ លោកវរសេនីយ៍ ត្រី អ៊ុង សុភាព នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃ ស្នងការ នគរបាលខេត្ត នៅម៉ោង ២ និង ៣០ នាទី រសៀល ទី០៤ ខែមករា ឆ្នាំ២០១៦ បានដឹកនាំ កម្លាំង នគរបាលកម្រិតស្រាល កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន សហការគ្នា ជាមួយកម្លាំងនគរបាលអធិការនគរបាលក្រុងបានលុង ចុះធ្វើរដ្ឋបាលជាចំហក្នុង សង្កាត់ ឡាបានសៀក តាមផ្ទះជួល ផ្ទះសំណាក់ ដោយធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០៤នាក់ ដែលពាក់ព័ន្ធករណី ប្រើប្រាស់គ្រឿងញៀន។

ជនសង្ស័យទី១ ឈ្មោះ កែវ វាសនា ហៅ ញ៉ាញ់ ភេទ ប្រុស អាយុ ២៨ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅភូមិ ថ្មដា សង្កាត់ បឹងកន្សែង ក្រុង បានលុង មុខរបរមិនពិតប្រាកដ ទី ២ ឈ្មោះ ហូង ចាន់ សុភាភេទប្រុសអាយុ ២៣ ឆ្នាំជនជាតិ ខ្មែរ ទី៣ ឈ្មោះ វុន លីដា ភេទស្រី ១៩ ឆ្នាំ ជនជាតិខ្មែរ (អ្នកទាំង២នាក់នេះមានទីលំនៅភូមិ អូរកន្តិល សង្កាត់ បឹងកន្សែងក្រុងបានលុង) និងទី ៤ ឈ្មោះ ស៊ីម ដេ ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅ ភូមិ ថ្មី សង្កាត់ ឡាបានសៀក ក្រុងបានលុង។

បច្ចុប្បន្នជនសង្ស័យចំនួន ៤ នាក់ ខាងលើ ត្រូវ បានឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យ ប្រឆាំងគឿងញៀន ដើម្បីកសាងសំណុំរឿង បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត រតនគិរី ៕

ទីបញ្ជាការជួរមុខ ប្រារព្ធពិធីអបអរសាទរ ខួបទី ៣៧ នៃទិវាជ័យជំនះ ៧មករា

$
0
0

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៦ នៅទីបញ្ជាការជួរមុខ នៃគណ:កម្មការជាតិសន្តិសុខ លម្ហសមុទ្រ ស្ថិតក្នុងភូមិអ៊ុង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានរៀបចំពិធីអបអរសាទរខួបទី៣៧នៃទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩ - ៧ មករា ២០១៦) ។

អញ្ជើញចូលរួមក្នុងពិធីនេះរួមមានលោកឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក មេបញ្ជាការជួរមុខ នៃគណ:កម្មការជាតិសន្តិសុខលម្ហសមុទ្រ និងបណ្តាមេបញ្ជាការរង នៃស្ថាប័នគន្លឹះចំនុះ ព្រមទាំងនាយ នាយនាវីរង ពលនាវឹក និងសមាជិក សមាជិការ ចលនាយុវជនកម្ពុជា ក្រុម១៥៧ ប្រមាណ៨០នាក់ ។

បន្ទាប់ពីលោកឧត្តមនាវីទោ ទៀ ប៊ុនលៀម មេបញ្ជាការរងទីបញ្ជាការជួរមុខឡើងអានសុន្ទកថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាថ្លែងក្នុងពិធីមីទ្ទិញរំឭកខួបលើកទី ៣៧ នៃទិវាជ័យជម្នះ ៧ មករា ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត សង្រ្គោះប្រជាជាតិអោយរស់ឡើងវិញ ហើយបានឋិតឋេរគង់វង្ស និងរីកចម្រើនរហូតមកដល់បច្ចុប្បន្នរួចមក លោកឧត្តមនាវីឯក ទៀ សុខា បានថ្លែងថា យើងជួបជំគ្នាថ្ងៃនេះគឺក្នុងស្មារតីចងចាំជានិច្ចនូវគុណូបការ:ដ៍ថ្លៃថ្លាបំផុតរបស់បុព្វបុរស នៃវីរយុទ្ធជន យុទ្ធនារី ស្នេហាជាតិគ្រប់ជំនាន់ ដែលបានពុះពារប្រយុទ្ធ ហ៊ានធ្វើពលិកម្ម យ៉ាងអង់អាចក្លាហានបំផុត ដើម្បីការពារជាតិមាតុភូមិ និងប្រជាជនអោយស្ថិតស្ថេរគង់វង្សជារៀងរហូត ។

លោកមេបញ្ជាការក៏បានសូមលំអោនកាយគោរពវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិ ជាង៣លាននាក់ ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌បំផុតក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ដ៏ឃោឃៅព្រៃផ្សៃ ហើយសូមឧទ្ទិសបួងសួងអោយដួងព្រលឹងរបស់ជនរងគ្រោះទាំងនោះបានទៅកាន់សុគតិភពផងដែរ៕

អាលីអាឡាតាស់ ៖ (សម្តេចតេជោ) ហ៊ុន សែន ជា មនុស្សឆ្លាត និងចេះបត់បែន អាចដឹកនាំ ប្រទេសបានយូរ

$
0
0

ដោយ សយ សុភាព

(ធ្លាប់បានផ្សាយ Monday, 10 November 2014 14:33)

សំដីខាងលើនេះ ជាប្រសាសន៍របស់ លោក អាលីអាឡាតាស់ អតីតរដ្ឋមន្ដ្រី ក្រសួងការបរទេសឥណ្ឌូនេស៊ី ដែល លោកបានមានប្រសាសន៍ ប្រាប់អ្នកកាសែតខ្មែរដ៏ ល្បីម្នាក់ ឈ្មោះ ឆាយ សុផល ក្នុងអំឡុង ពេលលោក និងអ្នក កាសែតផ្សេងទៀតបាន ជួបជាមួយនឹងលោក អាលីអាឡាតាស់ នៅ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៥ នៅប្រទេសឥណ្ឌូ នេស៊ី ។

ខ្ញុំសូមដកស្រង់ នូវប្រសាសន៍របស់អតីត សហប្រធានសន្និសីទកិច្ចព្រមព្រៀងទីក្រុង ប៉ារីស ស្ដីពីការបញ្ចប់ជម្លោះ នយោបាយនៅកម្ពុជា កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ដែលពេលនោះ លោក អាលីអាឡាតាស់ បានធ្វើជាសហ ប្រធានជាមួយលោក រ៉ូឡង់ ដុយម៉ាស់ អតីតរដ្ឋមន្ដ្រីការបរទេសបារាំង។លើសពីនេះទៅទៀត ខ្ញុំសូមដកស្រង់ ប្រសាសន៍ របស់លោក កាស៊ីត ភីរម្យយ៉ា អតីតរដ្ឋមន្ដ្រីក្រសួងការបរទេសថៃ ដែល លោក ឆាយ សុផល បានជួបនៅ ក្នុងទីក្រុង បាងកក កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១១ ព្រមទាំងព្រះរាជបន្ទូលរបស់អតីត ព្រះមហាក្សត្រដ៏ល្បាញ ល្បី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមកោដ្ឋព្រះបាទ នរោត្ដម សីហនុ ដែលបានមានព្រះរាជ បន្ទូលនៅក្នុង អង្គមិន្ទិញ កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០១១ នៅមុខព្រះបរមរាជវាំង ។

នៅក្នុងសៀវភៅ របស់លោក ឆាយ សុផល ដែលមានចំណងជើងថា ហ៊ុន សែន នយោបាយ និងអំណាចក្នុងប្រវត្ដិ សាស្ដ្រខ្មែរ ជាង ៤០ឆ្នាំ ដែលបានបោះពុម្ពផ្សាយកាលពី ខែមករា ឆ្នាំ២០១២ កន្លងទៅ ដោយបានដកស្រង់នូវព្រះ រាជបន្ទូល និងប្រសាសន៍ របស់អ្នកដឹកនាំសំខាន់នេះ នៅទំព័រទី៤ និង ទី៥ ក្នុងសៀវភៅរបស់លោក ។ ខ្លឹមសារ មាន ដូចតទៅ ៖

ចំណុចពិសេសមួយទៀត ដែល ហ៊ុន សែន មានគឺលក្ខណៈដ៏ប៉ិនប្រសប់ពីធម្មជាតិ ។ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០០៥ តាម រយៈការរៀបចំពិធីអាហារពេលល្ងាចរបស់ កាសែត Jakarta Post ខ្ញុំ (អ្នកនិពន្ធ) បានជួបជាមួយ លោក អាលី អាឡាតាស់ (Ali Alatas) អតីតរដ្ឋមន្ដ្រីការបរទេសឥណ្ឌូនេស៊ី ដោយពិធីអាហារនោះបានធ្វើឡើង នៅក្នុងគេហដ្ឋានផ្ទាល់របស់លោក អាលី អាឡា តាស់ ក្នុងទីក្រុងហ្សាកាតា (Jakarta) ។ លោក អាឡាតាស់ បានប្រាប់ខ្ញុំ និងអ្នកសារព័ត៌មានអន្ដរជាតិមួយចំនួនទៀតថា នៅក្នុង ដំណាក់កាលនៃការចរចាស្វែងរកសន្ដិភាព នាចុងទស្សវត្សឆ្នាំ ១៩៨០ បើទោះជា ហ៊ុន សែន ជាមេដឹកនាំក្មេងជាងគេក្នុងចំណោម ភាគីជម្លោះទាំងអស់របស់ប្រទេសកម្ពុជាក៏ ដោយ ក៏លោកសង្កេតឃើញថា ហ៊ុន សែន ជាមនុស្ស “ Smart and flexible” ឬ “ ឆ្លាត និងចេះបត់បែន ” ។

លោក អាឡាតាស់ បានបញ្ជាក់ថា “ មនុស្សនេះពិតជាអាចដឹកនាំប្រទេសបានយូរអង្វែង” ។ អាឡាតាស់ បានអះ អាងថា លោកធ្លាប់សរសើរសម្ដេច នរោត្ដម សីហនុ ថា ជាបុគ្គលពូកែមួយអង្គនៅក្នុងចំណោមមេដឹកនាំឆ្នើមៗ នៅ ក្នុងតំបន់អាស៊ី ប៉ុន្ដែ ហ៊ុន សែន ក៏មិនធម្មតាដែរ ព្រោះថា បើ ទោះជាខ្លួននៅវ័យក្មេងនិងមានបទពិសោធន៍នយោបាយ តិចជាងសម្ដេច សីហនុ លោក សឺន សាន និងមេដឹកនាំខ្មែរក្រហមដទៃៗទៀតក៏ដោយ ក៏ ហ៊ុន សែន អាចប្រឈម ជាមួយអ្នកទាំងនោះបានដោយមិនចុះញ៉ម ដែលចំណុចនេះគឺពិតជាមនុស្សដែលមានទេពកោសល្យពីកំណើត ហើយ ទេពកោសល្យពីកំណើតបែបនេះ គឺលំបាករកណាស់នៅក្នុងសង្គមមនុស្ស ។

លោក កាស៊ីត ភីរុមយ៉ា (Kasit Piromya) អតីតរដ្ឋមន្ដ្រីក្រសួងការបរទេស ថៃ (ឆ្នាំ២០០៦-ចុងខែកក្កដា ឆ្នាំ ២០១១) ដែលជាអ្នករិះគន់សម្ដេច ហ៊ុន សែន យ៉ាង ចាស់ដៃនោះ ក៏បានរំលឹកពីភាពប៉ិនប្រសប់  របស់សម្ដេច ហ៊ុន សែន ដែលកាលពីចុង ទស្សវត្សឆ្នាំ ១៩៨០ ដោយលោកនិយាយ ថា “ ហ៊ុន សែន ជាមនុស្សឆ្លាត និងជាមនុស្សល្អ ” ។ ឆ្លើយនឹងសំណួររបស់ខ្ញុំ (អ្នកនិពន្ធ) នៅឯការិយាល័យរបស់លោក នាទីក្រុងបាង កក នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ ២០១១ ដែលសួរថា “ តើលោកយល់យ៉ាងដូចម្ដេចចំពោះ ហ៊ុន សែន កាលពីពេលចរចានាឆ្នាំ១៩៨៩? ” លោក កាស៊ីត បានឆ្លើយយ៉ាងរហ័សថា ហ៊ុន សែន ជា “ មនុស្សឆ្លាត ” ដោយអះអាងថា បើទោះជានៅឆ្នាំ ១៩៨៩ “ ហ៊ុន សែន មិនបានបញ្ចប់ការសិក្សានៅសាកល វិទ្យាល័យដូចជា លោក សឺន សាន ព្រះអង្គ ម្ចាស់ នរោត្ដម រណឫទ្ធិ លោក សឺន ស៊ូប៊ែរ្ដិ៍ ក៏ដោយ ក៏ ហ៊ុន សែន មានភាពវ័យឆ្លាត ពូ កែ និងរហ័សរហួនជាងអ្នកទាំងនោះ ។ តាមលក្ខណៈពីធម្ម ជាតិ ហ៊ុន សែន ពិតជាពូកែ និងបង្ហាញពីសម្បជញ្ញៈល្អ ”។ លោក កាស៊ីត ភីរុមយ៉ា នៅចុងទស្សវត្សឆ្នាំ ១៩៨០ គឺជា ប្រធានដឹកនាំគណៈប្រតិភូថៃ ទៅចូលរួម នៅក្នុងកិច្ចចរចារបស់ភាគីជម្លោះកម្ពុជាដែរ ។

នៅក្នុងមិទ្ទិញ មហាជនមួយដ៏ធំនៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០១១ នៅមុខព្រះបរម រាជវាំង ដើម្បីអបអរសាទរខួប ២០ ឆ្នាំនៃ ការយាងមាតុភូមិនិវត្ដន៍របស់សម្ដេចឪ សម្ដេចម៉ែង ព្រះមហាវីរក្សត្រ សម្ដេច  នរោត្ដម សីហនុ បានមានព្រះរាជ បន្ទូលថា “រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្ដេច ហ៊ុន សែន ក៏ដូចជាថ្នាក់ដឹកនាំសភា ទាំងពីរ បានធ្វើឱ្យ ប្រទេសមានការរួបរួមគ្នា ហើយប្រទេសមានសន្ដិភាពពេញលេញ ” ។ នៅចំពោះមុខមនុស្សរាប់ម៉ឺននាក់សម្ដេចឪបាន បញ្ជាក់ថា “រាជរដ្ឋាភិបាល ក្រោមការ ដឹកនាំរបស់សម្ដេច ហ៊ុន សែន បានទាញ ប្រទេសកម្ពុជាឱ្យចេញពីឋានៈទុន ខ្សោយ និងឱ្យឋានៈជាអ្នកមានអំណាចមួយនៅក្នុងពិភពលោក ហើយថា ការរួបរួមគ្នាជាធ្លុង មួយនេះគឺជាភាពខ្លាំង ដែលនាំឱ្យប្រទេសដើរលើ “ ផ្លូវសន្ដិភាព ផ្លូវឯករាជ្យ និងផ្លូវ កសាងជាតិលើគ្រប់វិស័យ ” ៕

នារីវ័យក្មេង ជិះរថយន្ត RX350 ធ្លាក់រណ្តៅការដ្ឋាន សំណាងល្អ មិនគ្រោះថ្នាក់

$
0
0

ភ្នំពេញ ៖នារីវ័យក្មេងម្នាក់ ខណៈជិះរថយន្តម៉ាក ឡិចស៊ីស RX350 បត់ស្ដាំដោយមិនបានប្រុងប្រយ័ត្ន ធ្លាក់ចូលក្នុងរណ្តៅការ ដ្ឋានផ្លូវរងការខូចខាត សំណាងល្អមិនបណ្ដាលអោយអ្នកបើករថយន្ដរងរបួស ឬក៏គ្រោះថ្នាក់ដល់អ្នកដទៃ ។

បើយោងតាមគេហទំព័រអគ្គស្នងការ នគរបាលជាតិ បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើង នៅម៉ោង២និង៥០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវលេខ៧០ កែងនឹងផ្លូវលេខ5K ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេបានឃើញនារីវ័យក្មេងម្នាក់បើករថយន្តមួយគ្រឿងម៉ាក ឡិចស៊ីស RX350 ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-5767 បើកបរដោយនារីវ័យប្រហែលជាង20ឆ្នាំ ម្នាក់ បើករថយន្តតា មបណ្តោយផ្លូវលេខ៧០ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុបានបត់ស្ដាំមិនបានមើលមុខក៏ធ្លាក់ចូលក្នុងរណ្តៅការដ្ឋានសាងសង់ផ្លូវបណ្តាលឱ្យរងការខូចខាតរថយន្ត សំណាងល្អអ្នកបើកបរមិនមានរងរបួស និងមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃ។

ក្រោយមកម្ចាស់រថយន្តបានទំនាក់ទំនងទៅរថយន្តស្ទូច ឱ្យមកស្ទូចយកទៅធ្វើការជួសជុលដោយខ្លួនឯង ហើយសមត្ថកិច្ចក៏មិនបានហាមឃាត់អ្វីនោះទេ ដោយសារតែមិនបង្កគ្រោះថ្នាក់ដល់អ្នកដទៃឬសម្បត្តិសារធារណៈ៕

លោក គួច ចំរើន ឲ្យអាជ្ញាធរ យកចិត្តទុកដាក់ ចំពោះករណី ឆក់ជនបរទេស ការកំណត់ មុខសញ្ញាចោរឆក់ និងម៉ូតូ អត់ស្លាកលេខ

$
0
0

ភ្នំពេញ៖ អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន ក្នុងកិច្ចប្រជុំជាមួយមន្រ្តី និងអាជ្ញាធរក្រោមឱវាទ នៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ នេះ បានដាក់ផែនការឲ្យសមត្ថកិច្ចទំាងអស់ ក៏ដូចជាអាជ្ញាធរ នៅក្នុងភូមិសាស្រ្តខណ្ឌ ដូនពេញ ត្រូវយកចិត្តទុកដាក់ទៅលើបញ្ហា នៃករណីអំពើឆក់ជនបរទេស និងការកំណត់មុខសញ្ញាចោរឆក់ រឿងម៉ូតូអត់ស្លាកលេខ និងមុខសញ្ញាផ្សេងៗ។

ការដាក់ផែនការបែបនេះ របស់លោក គួច ចំរើន បានធ្វើឡើងនៅ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាព ខណ្ឌដូនពេញ ដោយមានវត្តមានលោក លោកស្រីអភិបាលរងខណ្ឌ, លោកអធិការ មេបញ្ជាការ និង លោកលោកស្រីប្រធានប៉ុស្តិ៏, លោក លោកស្រីចៅសង្កាត់, លោកលោកស្រីប្រធានផ្សារ និង មន្ត្រីជុំវិញខណ្ឌ។ ក្នុងរបៀបវារៈនៃកិច្ចប្រជុំ ផ្តោតសំខាន់ទៅលើ បញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋាន បញ្ហា ល្បែងស៊ីសង ដែលជាដើមចមនៃអំពើប្លន់ និងបញ្ហាចោរឆក់ វាបង្កដល់ភ្ញៀវទេសចរដែលមានការភ័យខ្លាច៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

ក្រសួងយុត្តិធម៌ សម្រេចមិនលើកលែង បន្ធូបន្ថយទោស ទណ្ឌិតប្រព្រឹត្តបទល្មើស ប្លន់ គ្រឿងញៀន និង ឧក្រិដ្ឋទ្រង់ទ្រាយធំៗ

$
0
0

ភ្នំពេញ ៖ ក្រសួងយុត្តិធម៌នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦នេះ បានសម្រេចដាក់ ចេញនូវគោលការណ៍ ថ្មីមួយ ដោយមិនបន្ធូរ បន្ថយ ទោសចំពោះទណ្ឌិត ដែលបានប្រព្រឹត្តនូវបទឧក្រិដ្ឋកម្មធំៗ នោះឡើយ។ ប៉ុន្តែយ៉ាងណាក៏ដោយប្រសិន បើពិនិត្យទៅរកឃើញថា ទណ្ឌិតនោះបានកែប្រែខ្លួន នោះក្រសួងនិង ពិនិត្យ មើលពីលទ្ធភាពក្នុងការបន្ថូបន្ថយទោស។

លោក ជិន ម៉ាលីន អ្នកនំាពាក្យក្រសួយុត្តិធម៌ បានលើកឡើងក្នុងសន្និសីទសារព័តមាន ក្រោយបញ្ចប់ កិច្ចប្រជុំជាមួយ តំណាងពន្ធនាគារព្រះរាជអាជ្ញា គ្រប់ខេត្ត គណៈអភិបាលខេត្តទូទំាងប្រទេស ដើម្បីពិនិត្យមើលលើការពង្រឹងគោលការណ៍ នៃការបន្ធូបន្ថយ និងលើកលែងទោសដល់ទណ្ឌិត នាព្រឹកថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ ថា ក្នុងកិច្ចប្រជុំបានលើកយក បញ្ហារបស់ពន្ធនាគារ គឺដាក់អ្នកទោស ក្នុងពន្ធនាគារមិនគ្រប់គ្រាន់ ដោយអ្នកទោសមានច្រើនចំណែក ពន្ធនាគារតូចមិនអាចផ្ទុកបាន។

  ក្នុងកិច្ចប្រជុំបានលើកឡើងថា រាល់សំណើររបស់ពន្ធនាគារតាមរាជធានី-ខេត្តទំាងអស់នៅមាន ភាពខ្វះខាត មិនទាន់គ្រប់លក្ខខណៈ ខ្វះឯកសារមួយចំនួនសម្រាប់ គណៈកម្មការថ្នាក់ជាតិពិនិត្យ និងលើកលែងទោស  ដូចជាទណ្ឌិតខ្លះមិនទាន់មានសម្រង់សាលក្រម ជាស្ថាពរ ដោយជាប់បណ្តឹង សាលាឧទ្ធរណ៍ឬសាលាកំពូល ។

  លោកថា ដើម្បីដោះស្រាយរាល់បញ្ហាដែលកើតមានឡើងនោះត្រូវតែពង្រឹងយន្តការអធិការកិច្ច ពន្ធនាគារជាប្រចំា ហើយព្រះរាជអាជ្ញារាជធានី-ខេត្តមានភារកិច្ចសំខាន់ក្នុងការពិនិត្យ ពន្ធនាគារ ដើម្បីរកចំណុចខ្វះខាតទំាងនោះ។

លោក ជិន ម៉ាលីន បញ្ជាក់ថា«ការលើកលែង និងបន្ធូបន្ថយទោសមិនអនុវត្តចំពោះទណ្ឌិតណា ដែលជាប់ទោសនៅ សេសសល់រយៈពេលតិចចំនួនទោសនោះ ។ បានន័យថា ទណ្ឌិតដែលនៅសល់ រយៈពេល ១ ខែឬ២ខែ មិនធ្វើការលើក លែងទោសនោះទេ   គឺទុកឲ្យទណ្ឌិតនោះអនុ វត្តទោសចប់ ទោសជាស្ថាពរតែម្តង។ យើងមិនធ្វើការលើកលែង ទោសចំពោះទណ្ឌិតដែល ប្រព្រឹត្តិបទល្មើស ឧក្រិដ្ឋធំៗ និងជាបទល្មើសមិនរាងចាល ប្លន់ ឧក្រិដ្ឋកម្មគ្រឿងញៀនធំៗ នោះទេ»។

ជាមួយគ្នានេះដែរ នាពេលកន្លងមក មានការលើកលែង និងបន្ធូបន្ថយទោស នោះ គឺមានការស្នើ សុំពីប្រធានពន្ធនាគា និងមានការត្រួតពិនិត្យបានដិនដល់រួចដាក់សំណើមកគណៈកម្មាធិការថ្នាក់ជាតិ ដើម្បីពិនិត្យ និងវាយតម្លៃដែលមាន សមាសភាពមកពីអន្តរការក្រសួង។

បើតាម លោក បេទា ឡេង ប្រធាននាយកដ្ឋានប្រតិបត្តិ នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួមហាផ្ទៃ បានឲ្យដឹងថា បច្ចុប្បន្ន មានទណ្ឌិតចំនួន១៧៨,៩៦នាក់ ស្រីចំនួន១៤៦,២នាក់ នៅទូទំាងប្រទេស ចំណែកពន្ធនាគារអាចផ្ទុក បានចំនួន ១២០,០០នាក់  លើសចំនួន៥៨៩,៦នាក់ ស្មើនឹង ២៣,៧៣% ទណ្ឌិតជាអនិតិជនមានចំនួន៥២៦នាក់  ស្រី៨៦នាក់ ៕


សម្តេចតេជោ បង្គាប់ឲ្យលោក ហោ ណាំហុង ធ្វើលិខិតបញ្ឈប់ ជួលដីផ្ញើទៅប្រទេស ៣ជាប់ព្រំដែនកម្ពុជា

$
0
0

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រទេសកម្ពុជា បានបង្គាប់ឲ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ហោ ណាំហុង ធ្វើលិខិតបញ្ឈប់ការជួលដី នៅតាមបន្ទាត់ព្រំដែន ផ្ញើទៅកាន់រដ្ឋាភិបាលថៃ ឡាវ និងវៀតណាម។

 ថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល តាមទូរស័ព្ទនៅរសៀលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥នេះ អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន បានមានប្រសាសន៍ថា “លិខិតហ្នឹងសម្តេចបាន បង្គាប់ទៅលោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ធ្វើលិខិតទៅបណ្តាប្រទេសដែលជាប់ព្រំដែន ហើយការបង្គាប់នេះនៅពេលដែលប្រជុំគណៈរដ្ឋមន្ត្រី កាលពីពេលថ្មីនេះ”។

 សូមបញ្ជាក់ថា កន្លងទៅក្រសួងមហាផ្ទៃ បានធ្វើលិខិតផ្ញើទៅកាន់មន្ត្រីអាជ្ញាធរតាមបន្ទាត់ព្រំដែន នៃប្រទេស ទាំង៣ ដោយផ្សព្វផ្សាយទៅកាន់ប្រជាពលរដ្ឋដែលធ្លាប់ជួលដី និងកំពុងជួលដីឲ្យប្រជាជនថៃ ឡាវ វៀតណាម ដាំដំណាំនានា ត្រូវបញ្ឈប់ការជួលដីនេះបន្តទៅទៀត៕

រដ្ឋបាលខេត្តកែប ប្រារព្ធពិធីខួប​ អនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ៧មករា

$
0
0

កែប៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅខេត្តកែប នាព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ បានរៀបចំ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា(៧ មករា ១៩៧៩-៧ មករា ២០១៦) ដែលជាថ្ងៃប្រជាជនកម្ពុជា ចងចាំមិនភ្លេច ហើយជាកំណើតទី២របស់មាតុភូមិមួយនេះ ដែលបានរួចផុតពីរបប ប្រល័យពូជសាសន៍ ប៉ុល ពត។

ការរៀបចំពិធីនេះ ធ្វើឡើងនៅបរិវេនវិមានឯករាជ្យ ស្ថិតក្នុងភូមិកែប សង្កាត់កែប ក្រុងកែប ខេត្តកែប ដោយ

មានលោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយខេត្តកែប អញ្ជើញជាអធិបតី និងមានការចូលរួមពីលោក កែន សត្ថា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបក្សប្រជាជនកម្ពុជាខេត្តកែប និងលោកប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុមយុវជន បានចូលរួមយ៉ាងច្រើនកុះករផងដែរ៕

រដ្ឋមន្រ្តីទេសចរណ៍ ចាត់ទុកកសិ-ទេសចរណ៍ ជាផលិតផល ទេសចរណ៍ មួយដ៏មាន សក្តានុពល បន្ទាប់ពី អេកូទេសចរណ៍

$
0
0

បន្ទាយមានជ័យ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួង ទេសចរណ៍បានចាត់ទុក កសិ-ទេសចរណ៍ គឺជាផលិតផលទេសចរណ៍មួយ ដ៏មានសក្តានុពល បន្ទាប់ពីអេកូទេសចរណ៍ ជាពិសេសសម្រាប់ បណ្តាប្រទេសដែល សេដ្ឋកិច្ចពឹងផ្អែក លើវិស័យកសិកម្ម ដូចជាប្រទេសកម្ពុជាជាដើម។

លោករដ្ឋមន្រ្តីថ្លែង នៅក្នុងពិធីបុណ្យស្រូវ និងចំបើងនៅ ខេត្តបន្ទាយមានជ័យថា ការរៀបចំព្រឹត្តិការណ៍ បុណ្យស្រូវ និងចំបើង មិនត្រឹមតែអាចជួយ ផ្សព្វផ្សាយសក្ដានុពល កសិ-ទេសចរណ៍នៅកម្ពុជា និងជំរុញការ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាប៉ុណ្ណោះទេ ក៏អាចទាក់ទាញ ចំណាប់អារម្មណ៍ពី ក្រសួង-ស្ថាប័នពាក់ព័ន្ធផ្សេងៗ វិស័យឯកជន និងប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឱ្យយកចិត្ត ទុកដាក់កាន់តែខ្ពស់ថែមទៀត លើការថែរក្សាអភិរក្ស ធនធានធម្មជាតិនិងវប្បធម៌នៅកម្ពុជា។

លោករដ្ឋមន្រ្តីសង្គត់ធ្ងន់ថា កសិ-ទេសចរណ៍ សំដៅដល់ការប្រើប្រាស់ សកម្មភាពកសិកម្ម ដើម្បីបម្រើជូនភ្ញៀវទេសចរ ដែលមានដូចជា ការស្នាក់នៅតាមកសិដ្ឋាន ការរស់នៅដោយផ្ទាល់ ជាមួយប្រជាកសិករ ក្នុងរយៈពេលខ្លី តាមរយៈ ការរៀបចំឲ្យមានជា ផ្ទះស្នាក់ការទិញ ប្រើប្រាស់នូវកសិផល ឬផលិតផលដោយ ផ្ទាល់ពីកសិករ ការចុះកម្មសិក្សាស្វែងយល់ ពីបច្ចេកទេសដាំដំណាំជាដើម ដែលគោលបំណងសំខាន់ គឺផ្តល់ប្រាក់ចំណូល ដោយផ្ទាល់ទៅដល់ដៃប្រជាកសិករ។

គួរបញ្ជាក់ថា សម្រាប់ខេត្តបន្ទាយមានជ័យ ឆ្នាំទទួលបានទិនផលបាន ៦០តោន ក្នុងមួយឆ្នាំៗ សម្រាប់ឆ្នាំ២០១៥ មានបរិមាណស្រូវ នាំចេញប្រហាក់ប្រហែល ឆ្នាំ២០១៤ ទោះបីជាប្រឈម និងបញ្ហាគ្រោះរាំងស្ងួត តំបន់មួយចំនួនក៏ដោយ ក៏ការនាំស្រូវចេញ របស់ខេត្តនៅតែមានកំណើន គួរឲ្យកត់សម្គាល់៕

អគ្គីភ័យឆាបឆេះរោងចក្រ មួយកន្លែង ក្នុងខណ្ឌឬស្សីកែវ

$
0
0

ភ្នំពេញ ៖នៅរសៀលម៉ោង៣និង៣០នាទីថ្ងៃពុធទី០៦ធ្នូនេះ មានអគ្គិភ័យឆាបឆេះរោងចក្រមួយកន្លែងក្នុង ខណ្ឌឬស្សីកែវ ហើយកម្មករ-កម្មការិនី ក៏បានរត់ចេញមកក្រៅយ៉ាងដើម្បីរកកន្លែងសុវត្ថិភាព។ ទន្ទឹមនឹងនេះអាជ្ញាធរ មូលដ្ឋានរួមជាមួយមន្រ្តី ពន្លតអគ្គិភ័យបានចេញជួយ អន្តរាគមន៍នៅកន្លែងកើតហេតុ ។

សមត្ថកិច្ចនៅមិនទាន់ដឹងពីមូលហេតុ ដែលនាំឲ្យមានអគ្គិភ័យនោះទេ ៕

ម្ចាស់រថយន្ត ទិញត ពីម្ចាស់ដើម ស្នើឲ្យ រាជរដ្ឋាភិបាល បញ្ឈប់កាត់ឈ្មោះ យាន្តយន្ត

$
0
0

ភ្នំពេញ៖ ក្រុមម្ចាស់រថយន្ត ដែលទិញតពីម្ចាស់ដើម បានធ្វើការរអ៊ូរទាំ ចំពោះច្បាប់ចរាចរណ៍ថ្មី តម្រូវឲ្យកាត់ឈ្មោះពី ម្ចាស់ដើមមកជា របស់ខ្លួនវិញ ដោយពួកគេបានស្នើ ទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជា ឲ្យបញ្ឈប់ការកាត់ឈ្មោះនេះ ពីព្រោះមានការលំបាកជាខ្លាំង ក្នុងការស្វែងរកម្ចាស់ដើម។

ចំពោះករណីនេះ ត្រូវបានមន្រ្តីជំនាញខាង សណ្តាប់ធ្នាប់លើកឡើងថា ខាងក្រសួងមហាផ្ទៃ និងក្រសួងសាធារណៈ និងដឹកជញ្ជូន បាននិងកំពុងជួបប្រជុំគ្នា ដើម្បីរកដំណោះស្រាយ ដែលជាផ្លូវងាយស្រួល ទៅដល់ម្ចាស់រថយន្តទិញតពីគេ។

លោក ហៀម ដារ៉ា ដែលជាម្ចាស់រថយន្ត ទិញតពីគេ បានរៀបរាប់ថា ខ្លួនបានទិញរថយន្តតពីគេ ហើយក៏មិនដឹងថា ម្ចាស់ដើមជាអ្នកណា ហើយច្បាប់តម្រូវឲ្យកាត់ឈ្មោះ លោកមិនដឹងជាទៅ ស្រាវជ្រាវស្វែងរកនៅទីណានោះទេ។

លោកបន្តថា “កាត់ឈ្មោះតហ្នឹងវា មានការលំបាកច្រើន ។ យើងមិនដឹងថា តើទៅរកអ្នកទិញ តពីមុនហ្នឹងនៅឯងណា ហើយបើទៅហៅគេនៅឆ្ងាយៗ នាំឲ្យខាតពេលវេលា។ ជួនកាលអ្នកម្ចាស់ឡានចង់កាត់ឲ្យ អ្នកខ្លះមិនចង់កាត់ឲ្យ ហើយគេធ្វើមិនដឹងមិនលឺ ឲ្យយើងជាអ្នកទទួលខុសត្រូវ។ ម្យ៉ាងវិញទៀត គឺរដ្ឋយកលុយច្រើន ប៉ុន្តែបើយកតិចយើងមានលទ្ធភាពក្នុង ការសម្រួលជាមួយអ្នកទិញដូចគ្នា”។

លោកថា តាមព័ត៌មានដែលលោកទទួលបាន គឺការកាត់ឈ្មោះនេះ រថយន្តប្រភេទធន់តូចតម្លៃ១០០ដុល្លារ ប៉ុន្តែរថយន្តធុនធំ ២០០ដុល្លារ។

ប៉ុន្តែលោកថា សម្រាប់ការកាត់ឈ្មោះនេះ ជាការល្អប្រសើរសម្រាប់អ្នកទិញរថយន្តថ្មី។

លោកបញ្ជាក់ថា “ខ្ញុំសំណូមពរឲ្យរាជរដ្ឋាភិបាល កុំឲ្យមានកាត់ឈ្មោះចឹង បើកាត់គឺកាត់ពីពេលដែលច្បាប់ថ្មីចេញនេះ ហើយថ្ងៃក្រោយចាំរឹតបន្តឹង ហើយបើឡានចាស់ សុំឲ្យលើកលែងតែម្តង”។

ចំណែក លោក សេង វុទ្ធី ម្ចាស់រថយន្តម្នាក់ទៀត ក៏បានលើកឡើងមិនខុស ពីលោក ហៀម ដារ៉ាដែរ គឺថា ពិតជាមានការ លំបាកជាខ្លាំងមែន មិនដឹងទៅរកម្ចាស់ ដើមនៅទីណា ព្រោះអ្នកខ្លះក៏បានរើផ្ទះ ទៅនៅកន្លែងផ្សេង ដែលខុសពីការទៅទិញនៅពេលនោះ។

លោកថា បើសិនជាទិញរថយន្តតពីម្ចាស់ ដើមតែម្នាក់ងាយស្រួលទាក់ទង ដើម្បីកាត់ឈ្មោះ ប៉ុន្តែបើ៣ទៅ៤ម្ចាស់នោះមិនដឹងជា ទៅរកនៅឯណានោះទេ។

លោកបញ្ជាក់ថា “ខ្ញុំចង់ច្បាប់ថ្មីហ្នឹង បន្ធូរបន្ថយខ្លះ ព្រោះបើតម្រូវ ឲ្យធ្វើអីចឹង ខ្ញុំជឿថា គឺពិបាកក្នុងការធ្វើ។បើម្ចាស់ដែលស្លាប់ ទៅតើយើងទៅរកនៅណា”។

លោកថា សម្រាប់រូបលោកផ្ទាល់ តាំងពីច្បាប់ថ្មីបើកឲ្យ ដំណើរការមក ប៉ូលីសមិនទាន់ធ្វើការ ផាកពិន័យនៅឡើយទេ ដោយសារតែលោកគោរពច្បាប់ ដោយភ្ជាប់មកជាមួយ នូវឯកសារគ្រប់ប្រភេទ។

សម្រាប់បញ្ហានេះ ឧត្តមសេនីយ៍ឯក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់ បានមានប្រសាសន៍ថា ច្បាប់ថ្មីតម្រូវឲ្យម្ចាស់រថយន្ត ធ្វើការកាត់ឈ្មោះត្រឹម រយៈពេល៩០ថ្ងៃ ប៉ុន្តែ សមត្ថកិច្ចមិនបានផាកពិន័យឡើយ។

លោកបញ្ជាក់ថា “រឿងនេះ យើងកំពុងធ្វើការសិក្សា ជាមួយក្រសួងសាធារណៈការ ដោយពួកគាត់ (ម្ចាស់រថយន្តទិញត) មានផលលំបាកអីចឹង ។ យើងចង់ធ្វើម៉េចឲ្យ ពួកគាត់មានការងាយស្រួល ដើម្បីឲ្យក្រសួងសាធារណៈការឯកភាពអត់ បើសិនជាគាត់ជឿជាក់ នៅថ្នាក់មូលដ្ឋានថា បើឡានហ្នឹងជាឡានគាត់ កាត់ឈ្មោះបានអត់ រឿងនេះ យើងកំពុងជជែកគ្នា។ ប៉ុន្តែ ប៉ូលីសខ្ញុំមិនបានផាកទៅទេ ហើយក៏យើងសម្រួលតម្លៃនៃការកាត់ហ្នឹងផងដែរ”។

ច្បាប់ចរាចរណ៍ថ្មីនេះ បានកំណត់គោលដៅដែល នគរបាលចរាចរណ៍ត្រូវធ្វើការ ឃាត់ខ្លួនចំពោះអ្នកធ្វើដំណើរ នៅតាមដងផ្លូវនោះ គឺមានអ្នកបើកបរ មានជាតិស្រវឹង បើកបរយានយន្ត អត់ស្លាកលេខ ការពាក់ស្លាកលេខក្លែងក្លាយ អ្នកអត់មានប័ណ្ណបើកបរ អ្នកអត់មានប័ណ្ណសំគាល់យានយន្ត និងការបើកបរខុសបច្ចេកទេស ជាច្រើនទៀត រួមទាំងការជេរប្រមាថ មកលើនគរបាលផងដែរ៕

Viewing all 8042 articles
Browse latest View live




Latest Images