Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

ឯកឧត្តម សម រង្ស៊ី ស្ងាត់ស្ងៀម ខណៈលោក អ៊ូ វីរៈ ចាត់ទុកថ្ងៃ ៧មករា ជាថ្ងៃបញ្ចប់ របបខ្មែរក្រហម

$
0
0

ភ្នំពេញ៖ ឯកឧត្តម សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំង ដូចជានៅស្ងាត់ស្ងៀម មិនមានទាន់មានសេចក្ដីថ្លែងការណ៍ អ្វីឡើយទាក់ទងថ្ងៃ ៧មករា រហូតមកដល់ល្ងាចថ្ងៃពុធ ទី០៦មករា នេះ ដែលផ្ទុយពីរៀងរាល់ឆ្នាំគឺ ប្រធានគណបក្ស សង្គ្រោះជាតិរូបនេះតែងតែ ធ្វើការរិះគន់ការប្រារព្ធថ្ងៃ ៧មករា របស់រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា។ តែផ្ទុយទៅវិញសម្រាប់អ្នកវិភាគ នយោបាយនៅកម្ពុជា លោក អ៊ូ វីរៈ និងជាប្រធាន វេទិកា អនាគតកម្ពុជា ចាត់ទុកថ្ងៃ៧មករាជាថ្ងៃបញ្ចប់ របបខ្មែរក្រហមហើយយើង គ្រប់គ្នាគួរ តែដឹង គុណអ្នកបញ្ចប់របបនេះ។

តែយ៉ាងណាក៏ដោយ ថ្ងៃ៧មករា នៅមានការឲ្យតម្លៃ ផ្ទុយគ្នារវាងរាជរដ្ឋាភិបាល និងគណបក្សប្រឆាំង ដែលក្នុងនោះ រដ្ឋាភិបាលដឹកនាំដោយ បក្សប្រជាជនកម្ពុជា ចាត់ទុក៧មករា គឺជាថ្ងៃប្រវត្តិសាស្រ្តដែល បានរំដោះកម្ពុជាចេញ ពីរបបខ្មៅងងឹតប៉ុលពត បីឆ្នាំ ប្រាំបីខែ និងម្ភៃថ្ងៃ ក្រោមការជួយជ្រោមជ្រែង របស់កងកម្លាំងវៀតណាម។ សម្រាប់គណបក្សប្រឆាំង នៅកម្ពុជាវិញជារឿយៗ តែលើកឡើងថា ថ្ងៃ៧មករា គឺជាថ្ងៃដែលបើកឱកាស ឲ្យកងទ័ពវៀតណាម ចូលមកកាន់កាប់ប្រទេសកម្ពុជា ដែលជាហេតុមួយបានបន្សល់ ទុកជនជាតិវៀតណាមរស់នៅ កម្ពុជា មកដល់បច្ចុប្បន្ននេះ។

ឆ្លើយតបនឹងបញ្ហានេះលោក អ៊ូ វីរៈ អ្នកវិភាគនយោបាយនៅ កម្ពុជាទទួលស្គាល់ថា ថ្ងៃ៧មករាគឺថ្ងៃមួយ បិទបញ្ចប់ពួកខ្មែរក្រហមពិតប្រាកដមែន។ ប៉ុន្តែទន្ទឹមនេះបន្ទាប់ពី បញ្ចប់ថ្ងៃ៧មករាមកគឺ ប្រទេស កម្ពុជាធ្លាក់ក្នុងសង្គ្រាមស៊ីវិល អស់រយៈពេល១០ឆ្នាំ និងបានស្ថិតក្រោមអនានិគម របស់វៀតណាមរយៈពេល ១០ឆ្នាំផងដែរ។ លោកថា«ប៉ុន្តែក្នុងន័យនេះ យើងគួរតែដឹងគុណអ្នកដែរ បញ្ចប់របបខ្មែរក្រហម ហើយយើងទាំងអស់គ្នា ក៏គួរតែរម្លឹកថ្ងៃ ៧មករា នេះផងដែរ»។

សម្រាប់ លោក អ៊ូ វីរៈ យល់ថា ការខ្វែងគំនិតគ្នា រវាងថ្ងៃ៧មករាគួរតែបញ្ចប់។ លោកបញ្ជាក់«សម្រាប់ ខ្ញុំគឺបន្ទោសទាំងសងខាង ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង គឺថាអ្នកប្រឆាំងនោះ គឺគាត់ប្រឆាំងមើលឃើញតែ មួយចំហៀង ដូច្នេះគាត់គួរតែបញ្ចប់ទៅ ប៉ុន្តែទាំងអស់ហ្នឹងក៏ដោយសារតែ គណបក្សប្រជាជន គាត់រមែងតែ ស៊ីកេរ្តិ៍ថ្ងៃ៧មករា យូរពេក ទើបធ្វើឲ្យគណបក្សប្រឆាំង តែងតែភ្ជាប់ ថ្ងៃ៧មករាជាមួយ និងការអន្តរាគមរបស់ កងទ័ពវៀតណាម។ ចឹង!ហើយបានធ្វើឲ្យមានការលាបពណ៌ គ្នាទើប ធ្វើឲ្យប្រទេសកម្ពុជា មានការប្រេះឆា ផ្នែកនយោបាយ»។

អ្នកវិភាគរូបនេះបន្តថា អស់ពេលជាង៣០ឆ្នាំ មកហើយយើងគួរទទួលការពិតនៅ កម្ពុជា មួយគឺថ្ងៃ ៧មករា ជាថ្ងៃប្រវត្តិសាស្ត្រមួយដ៏សំខាន់ ដែលបញ្ចប់របបខ្មែរក្រហមទោះបីជា មានការដាក់អនានិគម របស់វៀតណាមក៏ដោយចុះ។ សម្រាប់លោក អ៊ូ វីរៈ យើងទាំងអស់គ្នាគួរតែតម្លៃស្មើ គ្នារវាងថ្ងៃ៧មករានិងថ្ងៃ២៣ តុលាដែលកិច្ចព្រមព្រៀងទីក្រុងប៉ារីស បិទបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា ហើយវានឹងបញ្ចៀស បានការលាបព័ណ៌គ្នា។

បើតាមលោក អ៊ូ វីរៈ ថ្ងៃ៧មករានៅតែជាការចងចាំ របស់ពលរដ្ឋខ្មែរដោយសារ អ្នកនយោបាយ។ លោកថា « គណបក្សប្រជាជន ចង់បានឲ្យគេដឹងគុណគាត់។ រីឯគណបក្សប្រឆាំង ចង់ឲ្យចង់ចាំតាមរយៈ ការវាយប្រហារថាវៀតណាម ចូលមកកម្ពុជា។ ចឹងវាជាការចង់ចាំមួយក្នុង ន័យខុសដែល មិនអាចទទួល យកបាន»។   លោក អ៊ូ វីរៈ ចង់មានការទទួលស្គាល់ ជាការពិតមួយឈប់យល់ ខុសឬលាប ពណ៌ផ្សេងគ្នាជុំថ្ងៃ៧មករា ដែលវានឹងធ្វើឲ្យកម្ពុជា ចំណេញ តាមរយៈការរៀបចំ ប្រទេស រួមគ្នា ឡើង វិញដើម្បីបញ្ឈប់ការឈ្លោះគ្នាក្នុងរឿងអតីតកាល។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា នៅរៀងរាល់ឆ្នាំតែងតែរម្លឹកខួប ថ្ងៃជ័យជំនះ៧មករានៅទូទាំង ប្រទេសដើម្បីរម្លឹកដល់ ជ័យជំនះនេះលើរបបខ្មែរក្រហម វាលពិឃាដ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធាន គណបក្សប្រជាជនកម្ពុជា ដែលជាតួអង្គមួយរូប ក្នុង ចំណោម តួអង្គ សំខាន់ៗ បំផុត ដែលនាំជ័យជំនះ ៧មករា ជូនជនរួមជាតិ បានបញ្ជាក់ជាថ្មីម្តងទៀតថា បើគ្មានថ្ងៃ៧ មករា ឆ្នាំ១៩៧៩ គឺគ្មានអ្វីៗទំាងអស់ ហើយក៏គ្មានការចរចារ ស្វែងរកសន្តិភាព រវាងស៊ីហនុ-ហ៊ុន សែន នោះដែរ។ នេះបើយោងតាមបណ្តាញ ទំនាក់ទំនងសង្គមហ្វេកប៊ុក ផ្លូវការរបស់សម្តេច។


ខ្សឹបដាក់ត្រចៀក៖ ផ្លូវលំភូមិព្រែកជ្រៃលើ ស្ថាបនាបាន ៥៥% តែលុយដកឲ្យ អ្នកម៉ៅការ ១០០%

$
0
0

ព្រៃវែង៖ សមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ឃុំព្រែកជ្រៃ ក្រុមប្រឹក្សាស្រុក ពោធិរៀង ស្ទើរតែទាំងអស់បានតវ៉ា លើករណីស្ថាបនាផ្លូវលំប្រវែង ១៦៤៧ម៉ែត្រ ជាគម្រោងជួសជុលផ្លូវលំដី (ស ) ចំណាយថវិកាសរុបជាង ៧៥លានរៀល ស្ថាបនាទើបបាន ៥៥% ក៍ប៉ុន្តែម្ចាស់គម្រោង ដកយកថវិកា ១០០% ប្រគល់ឲ្យអ្នកម៉ៅការ។

មន្ត្រី ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក បានប្រាប់អ្នកយកព័ត៌មានថា ផ្លូវនេះពេលដាក់ដេញថ្លៃ ថវិកា ៧៧លានរៀល ហើយក្រុមហ៊ុនលោក យស ស៊ីណាត អភិបាលរងស្រុកពារាំង ជាអ្នកដេញថ្លៃបាន ជាង ៧៥លាន ហើយស្ថាបនា ជាង ១៦០០ម៉ែត្រ ខ្នងលើ ៥ម៉ែត្រ ហើយសប្តាហ៍កន្លងមកនេះ គណកម្មការលទ្ធកម្ម ស្រុកពោធិរៀង ខេត្តព្រៃវែង បានចុះពិនិត្យ ឃើញថា ផ្លូវនេះធ្វើទើបតែបាន ៥៥% ក៍ប៉ុន្តែបែរជា លោកអភិបាលស្រុក ជាម្ចាស់គម្រោងដកយកលុយនោះ ១០០% ឲ្យអ្នកម៉ៅការ ខុសច្បាប់នៃការដេញថ្លៃ ដោយផ្លូវនោះកន្លែងខ្លះ ត្រូវចាក់ដី (ស) កំពស់ ១ម៉ែត្រ តែជាក់ស្តែងមិនបានចាក់ ដល់កំរិតនោះទេ ហើយខ្នងលើប្រាំម៉ែត្រ តែជាក់ស្តែងកន្លែងខ្លះទើបតែធ្វើបានទទឹងជាង ៣ម៉ែត្រប៉ុណ្ណោះ។ 

ពួកគាត់បន្តថា ផ្លូវនេះធ្វើបណ្តើប្រះបែកបណ្តើរ ដោយសារមិនមានគ្រឿងចក្រ គ្រប់គ្រាន់ សម្រាប់កិនបង្ហាប់ដីនោះទេ ហើយតាមរយៈ ការចុះពិនិត្យមើល មិនរំពឹងថា ផ្លូវនេះជាប់បានយូរទេ ។

ជុំវិញលើការចោទប្រកាន់ ថាផ្លូវទើបស្ថាបនាបាន ៥៥% តែដកលុយគម្រោង ១០០% ឲ្យអ្នកម៉ៅការអស់នោះ លោក ម៉ៅ គឹមឡុង អភិបាលស្រុកពោធិរៀង ខេត្តព្រៃវែង ដែលជាម្ចាស់គម្រោង បានឆ្លើយតបថា គណកម្មការលទ្ធកម្ម បានចុះពិនិត្យហើយវាយតម្លៃថា បានស្ថាបនា ៥៥% មែន ក៍ប៉ុន្តែជុំវិញការដកលុយ ១០០% នោះ លោកមិនបានដឹងទេ។

សូមបញ្ជាក់ថា ចំណែកឯ មន្ត្រីសាលាស្រុកលួចបង្ហើបថា ការដកលុយនោះ ពិតជាលោកអភិបាលស្រុក ដកយកចេញ ១០០% មែន មូលហេតុដោយសារ គាត់ដើមឆ្នាំនេះ ចូលនិវត្តន៍ហើយ ទើបគាត់ធ្វើបែបនេះ៕

ក្រសួងអប់រំណែនាំ ពីការប្រឡង ជ្រើសរើស សិស្សពូកែ ប្រចាំរាជធានី ខេត្ត ដើម្បីពង្រឹងគុណភាព អប់រំនិងអភិវឌ្ឍន៍ ធនធានមនុស្ស

$
0
0

ភ្នំពេញ៖ ដើម្បីពង្រឹងគុណភាពអប់រំ និងអភិវឌ្ឍន៍ធនធានមនុស្ស នៅកម្ពុជាឲ្យកាន់តែ មានប្រសិទ្ធភាព ក្រសួង អប់រំយុវជននិងកីឡា បានចេញនូវសេចក្តីណែនាំមួយ នៅចុងសប្តាហ៍ទី១ ដើមខែមករាឆ្នាំ២០១៦នេះ ដោយធ្វើ ការណែនាំពីការប្រឡងជ្រើសរើស សិស្សពូកែប្រចាំរាជ ធានី\ខេត្តនិងទូទាំងប្រទេសនៅគ្រឹះស្ថានមធ្យមសិក្សា។

ខ្លឹមសារនៃសេចក្តីណែនាំនោះមានដូចជា៖ មន្ទីរអព់រំ យុវជន និងកីឡារាជធានី\ខេត្ត ត្រូវម្ចាស់ការរៀបចំការប្រឡង ជើរើសរើសសិស្សពូកែប្រចាំរាជធានី\ខេត្តលើផ្នែក អក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩និងថ្នាក់ទី១២ នៅក្នុងខែមិនាតាមលទ្ធភាព និងគំនិតច្នៃប្រឌិតផ្ទាល់ តាមមុខវិជ្ជា និងតាមថ្នាក់នីមួយៗរួចបញ្ជូន បេក្ខភាពមកចូលរួមប្រឡង ជ្រើសរើសសិស្សពូកែ នៅទូទាំងប្រទេសតាមចំនួនដូចកំណត់ក្នុងតារាងបងចែកជូនភ្ជាប់មកជាមួយ។

ចំពោះសិស្សពូកែថ្នាក់ទី៩និងទី១២ នៃគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅឯកជនអាចចូលរួម ក្នុងការប្រឡងជ្រើសរើស សិស្សពូកែប្រចាំរាជធានី\ខេត្ត តាមរាជធានីខេត្តរបស់ខ្លួនជាមួយគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅសាធារណៈដែរ។

ដោយឡែកវិទ្យាល័យអនុវត្ត ត្រូវចូលរួមប្រឡងជ្រើសរើសសិស្សពូកែថ្នាក់រាជធានីជាមួយគ្រឹះស្ថានមធ្យមសិក្សានានា ក្រោមឱវាទមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញ។ ប្រធាន វិញ្ញាសារប្រឡងជ្រើសរើសសិស្សពូកែប្រចាំរាជធានី ខេត្ត ជាសមត្ថកិច្ចរបស់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្តសាម៉ី។

ចំណែកឯការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេស នឹងប្រព្រឹត្តទៅចាប់ថ្ងៃទី២៥ខែ     មេសាឆ្នាំ២០១៦ និងថ្ងៃបន្ត បន្ទាប់នៅមណ្ឌលប្រឡង១០មករា១៩៧៩ខេត្តសៀមរាម ។ មន្ទីរ អប់រំយុវជន និងកីឡាខេត្តសៀមរាប និងសាម៉ីគ្រឹះស្ថាន សិក្សា ដែលត្រូវយកធ្វើជាមណ្ឌល ប្រឡងមានភារកិច្ចរៀបចំមណ្ឌលប្រឡង និងសម្ភារៈចាំបាច់សម្រាប់ការប្រព្រឹត្តទៅ នៃការប្រឡងឲ្យហើយស្រេចមុនបើកសម័យប្រឡង ហើយត្រូវសហការជាមួយនាយកដ្ឋាន មធ្យមសិក្សាចំណេះ ទូទៅក្នុងការរៀបចំពិធីបើក ពិធីបិទ ការចែករង្វាន់ និងដំណើរការកំសាន្តរបស់ បេក្ខជន។

សេចក្តីណែនាំដដែលនោះបានបញ្ជាក់ទៀតថា មន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាបមានភារកិច្ចអញ្ជើញ អភិបាល នៃគណៈអភិបាលខេត្ត ដើម្បីថ្លែងសន្ទរកថាបើកនិងចូលរួមជាកិត្តិយស អមដោយកម្លាំងសមត្ថកិច្ច និងមន្ទីរពាក់ព័ន្ធក្នុងខេត្ត ទាំងកម្មវិធីបើក ពិធីបិទនិងចែករង្វាន់ដល់ជ័យលាភី និងរៀបចំកម្មវិធីដំណើរកំសាន្ត របស់បេក្ខជនដោយធ្វើលិខិត ស្នើសុំទៅអាជ្ញាធរ ដើម្បីស្នើសុំកម្លាំងមានសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានជូនដំណើរ រក្សាសន្តិសុខ សុវត្ថិភាព ក៏ដូចជាជួយសម្របសម្រួលលើការងារផ្សេងៗ សំដៅធ្វើឲ្យដំណើរកំសាន្តនេះប្រកបដោយជោគជ័យ។

សូមបញ្ជាក់ថា ប្រតិភូប្រចាំរាជធានីខេត្ត នីមួយ មានភារកិច្ចដឹកនាំគ្រប់គ្រងបេក្ខជនសិស្សពូកែ របស់ខ្លួនចាប់តាំងពី ពេលចេញដំណើរពីរាជធានី ខេត្តខ្លួន រហូតដល់ពេលត្រឡប់ទៅរាជធានីខេត្តរបស់ខ្លួនវិញ ជាពិសេសត្រូវចុះជាប់ ជាមួយសិស្សនៅពេលធ្វើដំណើរកំសាន្ត ចៀសវាងដាច់ខាតកុំឲ្យកើតមានបញ្ហាជាយថាហេតុ។ ដោយឡែកសិស្សពូកែ ត្រូវស្លៀកសម្លៀកបំពាក់ឯកសណ្ឋានសិស្ស ខោ សំពត់ ខៀវ អាវ ស៕

កែវយឺតអវកាស Kepler របស់ NASA រកឃើញភពថ្មី ជាង ១០០ ហើយ

$
0
0

គីស៊ីមី៖ បើគិតមកត្រឹមថ្ងៃពុធ ទី០៦ ខែមករា ឆ្នាំ ២០១៦ កែវយឺតអវកាស Kepler របស់ អង្គការ NASA បានរកឃើញភពថ្មីៗ ជាង ១០០ ហើយ ក្នុងនោះភពមួយចំនួនត្រូវបានក្រុម អ្នកវិទ្យាសាស្ត្រអះអាងថា អាចនឹងជាកន្លែងដែលមានជីវិតរស់នៅ ក្នុងទម្រង់ណាមួយ ដោយសារតែមានលក្ខណៈស្រដៀងទៅនឹងភពផែនដី។

នៅក្នុងរយៈពេលជាង ២ឆ្នាំ ក្រោយការបង្ហោះចេញផែនដី Kepler បានបំពេញបេសកកម្ម ប្រកប ដោយផ្លែផ្កាជាច្រើន ដែលកែវយឺតនៅលើផែនដីមិនអាចធ្វើបាន។ កែវយឺត នេះគឺ ស្ថិតនៅ ក្នុងគម្រោងទឹកប្រាក់ចំនួន ៦០០ លានដុល្លារអាមេរិក ដែលបានចាប់ផ្តើមគម្រោង ការផលិត កាលពីឆ្នាំ ២០០៩ និងបានសម្រេចកាលពីឆ្នាំ ២០១៣។

គួរបញ្ជាក់ថា កែវយឺត អវកាស Kepler ធ្វើការស្វែងរកភពថ្មីៗ តាមរយៈមធ្យោបាយធ្វើដំណើរ ឆ្លងកាត់។ មានន័យថា ដូចជាភពផែនដីដែរ ពេលដែលផែនដី ធ្វើដំណើរឆ្លងកាត់ព្រះអាទិត្យ ដែលជាផ្កាយរបស់ខ្លួននោះ ស្រមោលរបស់ផែនដី នឹងជះមកលើកែវយឺត ទើបទិន្នន័យបញ្ជាក់ ថា ផ្កាយនោះ មានភពវិលជុំវិញ។ បន្ទាប់មកទៀត ក្រុមអ្នកវិទ្យាសាស្ត្រ នឹងធ្វើការគណនា ពីទំហំផ្កាយ នឹងភព ព្រមគម្លាតរវាងភព និង ផ្កាយ របស់វានោះ។

សម្រាប់ភពដែល ត្រូវបានចាត់ទុកថាមានលក្ខណៈដូចផែនដី គឺ យោងទៅលើកត្តាចម្បងៗ មួយចំនួនដូចជា ទំហំ, ចម្ងាយពីព្រះអាទិត្យ ឬ ផ្កាយ របស់វា, និង ល្បឿនភព ដែលធ្វើការវិល ជុំវិញ ផ្កាយរបស់ខ្លួននោះផងដែរ។ កន្លងមក ភពនិមួយៗ ដែលគេអះអាងថា អាចមានជីវិត រស់ នៅនោះ គ្រាន់តែជាសន្និដ្ឋានប៉ុណ្ណោះ ដោយយោងទៅកត្តាទាំងអស់ខាងលើ៕

Photo by DAP-News

ប្រជាពលរដ្ឋ រាប់រយនាក់ សំរុកបាក់ទំនប់ មកបំពេញសំណុំ ឯកសារដើម្បី ប្រើប្រាស់ផ្លូវជាតិ លេខ៤ ដោយឥតគិតថ្លៃ

$
0
0

ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្ត រាប់រយនាក់ រស់នៅតាមសងខាងផ្លូវជាតិ លេខ៤ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ បានសម្រុកមកបំពេញ សំណុំឯកសារបែបបទ និងមកទទួលពាក្យស្នើសុំ ដើម្បីមានសិទ្ធិប្រើប្រាស់ ផ្លូវជាតិលេខ ៤ ដោយឥតគិតថ្លៃ  ចំណែកឯម្ចាស់យានយន្ត ដែលធ្លាប់ទទួលបានតម្លៃ អនុគ្រោះ ១.៨០០ រៀល នឹងលែងត្រូវបង់ថ្លៃបញ្ជរ តទៅទៀតហើយ ចាប់ពីថ្ងៃទី៧ ខែមករានេះតទៅ ។

លោក ជួន វ៉ាន់ឌន តំណាងក្រុមហ៊ុន អេហ្សិតអ៊ិនវេសមេន  ដែលគ្រប់គ្រង និងថែទាំដងផ្លូវជាតិ ដែលតភ្ជាប់រាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ បានថ្លែងប្រាប់ជម្ឈ មណ្ឌលព័ត៌មាន ដើមអម្ពិល ឲ្យដឹងថា  ការចាប់ផ្ដើម អនុវត្តគោលការណ៍ មិនយកប្រាក់នេះ គឺធ្វើឡើងចំពោះរថយន្តគ្រួសារ និងរថយន្តមន្ត្រីរាជការ ដែលមានទីលំនៅនៅ សងខាងផ្លូវជាតិលេខ៤ ហើយដែលធ្វើដំណើរ ឆ្លងកាត់ញឹកញាប់ និងជាប្រចាំ  ហើយក្រុមហ៊ុន កំពុងផ្សព្វផ្សាយចែកចាយ លិខិតរបស់ក្រសួង ទាក់ទង នឹងការសម្រេចនេះ ជូនដល់ម្ចាស់យានយន្ត ដែលបានបើកបរឆ្លង កាត់បញ្ជរ ដើម្បីបានទទួលដំណឹង កាន់តែច្បាស់ថែមទៀត ។

តំណាងរូបនេះ បានថ្លែងទៀតថា “ដោយអនុលោម ទៅតាមសេចក្តីណែនាំ របស់រាជរដ្ឋាភិបាល ក្រុមហ៊ុន បានផ្សព្វផ្សាយបន្ត ឲ្យបានទូលំទូលាយ ដល់ប្រជាពលរដ្ឋ និង មន្ត្រីរាជការជាម្ចាស់យានយន្ត ដែលរស់នៅតាមដងផ្លូវ ឲ្យមកបំពេញសំណុំបែបបទ ដើម្បីមានសិទ្ធិប្រើប្រាស់ផ្លូវដោយឥតគិតថ្លៃ ។ ចំណែកឯប្រជាពលរដ្ឋ និងមន្ត្រីរាជការ ដែលធ្លាប់បានចុះបញ្ជី និងទទួលបានការ អនុគ្រោះក្នុងតម្លៃពិសេស  ១៨០០ រៀល រួចហើយ នឹងលែងតម្រូវឲ្យបង់ថ្លៃ ឆ្លងកាត់ផ្លូវតទៅទៀតឡើយ” ។

យ៉ាងណាក៏ដោយ លោក ជួន វ៉ាន់ឌន បានអំពាវនាវដល់ម្ចាស់ រថយន្តគ្រួសារ និងមន្ត្រីរាជការ រស់នៅតាមបណ្ដោយផ្លូវជាតិ លេខ៤ ដែលបានធ្វើដំណើរ ឆ្លងកាត់ញឹកញាប់ និងជាប្រចាំ មកបំពេញបែបបទដាក់ពាក្យសុំ នៅតាមបញ្ជរបង់ប្រាក់ដែលនៅជិត ហើយក្រោយពីតាមដានពិនិត្យ នូវលក្ខណៈសម្បត្តិមួយចំនួន ដែលមានការយល់ព្រម ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងមហាផ្ទៃ រួចមក ក្រុមហ៊ុននឹងផ្ដល់ជូន    ប័ណ្ណសម្គាល់ មិនយកថ្លៃឆ្លងកាត់ (Sticker Free) ។

បើតាមមន្រ្តី ក្រុមហ៊ុនរូបនេះ នៅឆ្នាំ ២០១៥ ក្រុមហ៊ុនអេហ្សិតបានអនុគ្រោះ ដល់រថយន្ត ចំនួន ជិត ២៤.០០០ គ្រឿង ដែលជារថយន្តគ្រួសារ និងមន្ត្រី រាជការដែលឆ្លងកាត់ញឹកញាប់ និងជាប្រចាំ ។

ក្រុមហ៊ុនក៏បាន អនុគ្រោះមិនយកប្រាក់សម្រាប់រថយន្ត ដឹកកម្មករចំនួនជាង ១០ ម៉ឺនគ្រឿង និងរថយន្តផ្សេងៗ ដូចជា រថយន្តសង្គ្រោះបន្ទាន់ ក្បួនគណៈប្រិភូ រថយន្តកាកបាទក្រហម រថយន្តអង្គការ សមាគម និងរថយន្តដឹកសម្ភារកងទ័ព  ជាដើម ចំនួនជាង ៨ ម៉ឺនគ្រឿង ដែលគិតជាទឹកប្រាក់ប្រមាណ ៥០ ម៉ឺនដុល្លារក្នុងមួយឆ្នាំ ៕

មនុស្ស៣នាក់ ស្លាប់ដោយសារលង់ ទឹកទន្លេសេសាន និង២នាក់រួចផុត ពីការស្លាប់

$
0
0

 រតនគិរី៖ មនុស្សចំនួន៣នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារលង់ទឹកទន្លេ និង២នាក់ ទៀតបានរួចផុតពីការស្លាប់ បន្ទាប់ពីស្លាប់នៅពេលជួយសង្គ្រោះ ទាន់ពេល វេលា កាលពីថ្ងៃទី៣ខែមករា ឆ្នាំ២០១៦កន្លងមកនេះ។

បើតាមលោក ធួន សូវិយា អធិការរងនគបាល ស្រុកតាវែង ខេត្តរតនគិរី បានឲ្យដឹងនៅថ្ងៃទី៧ ខែមករានេះ ថាមានក្មេងប្រុស ចំនួន២នាក់ ក្នុងចំណោម៣នាក់ បានស្លាប់បាត់បង់ជីវិត ដោយសារលង់ទឹកទន្លេរ កាលពីវេលាម៉ោងប្រមាណ ៣រសៀលកាលថ្ងៃទី៣ ខែមករា កន្លងមកនេះ នៅត្រង់ចំណុចភូមិវៀងវិញ ឃុំតាវែងក្រោម ស្រុកតាវែង។

លោក ធួន សូរិយា ឲ្យដឹងទៀតថា ក្មេងប្រុសម្នាក់ ដែលរួចផុតពីកាស្លាប់ នោះបានចុះលេង ក្នុងទន្លេរនោះដែរ តែមានអ្នកស្រង់ចេញ ពីទឹកទាន់ពេលវេលា។

លោកបន្តថាកាល ពីវេលាម៉ោង៩ យប់ថ្ងៃដដែល នៅចំណុចភូមិវៀងវិញឃុំ តាវែងក្រោម ក្នុងស្រុកតាវែង នោះដែរក៏មានមនុស្សវ័យចំណាស់ ម្នាក់បានស្លាប់ដោយសារលង់ទឹក ទន្លេសេសាននេះផងដែរ។ លោកអធិការបានអោយដឹងទៀត ផងដែរថាបុរសចំណាស់ ដែលបានស្លាប់ដោយសារលង់ទឹក នោះខណៈ ពេលជងរងគ្រោះបានដើរឆ្លងកាត់ ទន្លេរចំពេលដែលទឹក ទន្លេកំពុងជន់ឡើង ហើយថែមទំាងពេលយប់ ទៀតផង។ ចំណែកបុរស់ម្នាក់ទៀត បានរួចផុត ពីការស្លាប់បាត់បង់ជីវិត ក្រោយពីឆ្លងដល់ ត្រើយម្ខាង៕

ប្តីកំណាច ប្រើប្រេង សាំងចាក់ដុត ប្រពន្ធឲ្យរបួសរួច រត់គេចខ្លួនបាត់

$
0
0

កំពង់ចាម៖ ករណីហឹង្សា ក្នុងគ្រួសារមួយ ដែលបង្កឡើងដោយបុរសម្នាក់ យកប្រេងសាំង ស្រោចលើប្រពន្ធ ហើយដុតប្រពន្ធរបស់ ខ្លួនយ៉ាងព្រៃផ្សៃ បណ្តាលឲ្យរង របួសពេញខ្លួន ហើយបុរសជាប្តី បានរត់គេចខ្លួនបាត់។

ហេតុការណ៍នេះ បានកើតឡើង នាវេលាម៉ោង៧ ព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ នៅភូមិរអាងក្រោម ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ស្ត្រីរងគ្រោះ មានឈ្មោះ លុយ ភាព អាយុ៤៦ឆ្នាំ ជាប្រពន្ធជនល្មើស ឈ្មោះញាន លាប អាយុ៤៦ឆ្នាំ អ្នកទាំងពីររស់នៅក្នុងភូមិកើតហេតុ។

សមត្ថកិច្ចឲ្យដឹងទៀតថា ករណីហឹង្សាក្នុងគ្រួសារនេះ គឺបណ្តាលមកពីការ ឈ្លោះប្រកែកគ្នារវាង ប្តី និងប្រពន្ធនេះ ហើយបុរសជាប្តីចិត្តខ្លាំង បានយកប្រេងសាំង ចាក់ស្រោចលើប្រពន្ធ រួចដុតតែម្តង បណ្តាលឲ្យស្ត្រីជាប្រពន្ធរង របួសជាតំណំ ត្រូវបានសាច់ញាតិដឹកមកសង្គ្រោះ នៅមន្ទីរពេទ្យខេត្តកំពង់ចាម។ ករណីនេះផងដែរ សមត្ថកិច្ចនគរបាលមូលដ្ឋាន កំពុងធ្វើការស្រាវជ្រាវ រកចាប់ជនល្មើសយកមកផ្តន្ទា ទោសទៅតាមផ្លូវច្បាប់៕

ស្ថានទូតអាមេរិក ៖ ជ័យជំនះលើពួកខ្មែរក្រហមគឺជាជ័យជំនះ របស់ប្រជាជនកម្ពុជា ទាំងអស់

$
0
0

ភ្នំពេញ៖ ស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការអបអរសាទរទិវាជ័យជំនះ ៧មករា១៩៧៩-២០១៦ ថាជាជ័យជំនះលើ ពួកខ្មែរក្រហម គឺជាជ័យជំនះរបស់ប្រជាជនកម្ពុជាទាំងអស់។

យោងតាមបណ្តាញសង្គមហ្វេសប៊ុក នៅថ្ងៃ៧មករា ឆ្នំា២០១៦ ស្ថានទូតអាមេរិក បានកត់សម្គាល់ថា “ជ័យជំនះរបស់ប្រទេសកម្ពុជានៅថ្ងៃទី ៧ ខែមករា កត់សំគាល់ការរំដោះទីក្រុងភ្នំពេញពីរបបខ្មែរក្រហម ដែលជារបបមួយដែលគេមើលឃើញច្បាស់ថា ស្ថិតក្នុងចំណោមរបបដ៏អាក្រក់បំផុត នៅក្នុងប្រវត្តិសាស្រ្ត។ ជ័យជំនះលើពួកខ្មែរក្រហមគឺជាជ័យជំនះរបស់ប្រជាជនកម្ពុជាទាំងអស់”។

ស្ថានទូតអាមេរិក បានសរសេរបន្ថែមថា “ថ្ងៃនេះ យើងសូមសំដែងទុក្ខសោកចំពោះការបាត់បង់ជីវិតមនុស្សជិត ២ លាននាក់ និងការខ្ចាត់ព្រាត់នៅក្នុងជីវិតមនុស្សជាច្រើនទៀត។ ក្នុងនាមជាមិត្តរបស់ប្រជាជនកម្ពុជា បំណងដ៏មុតមាំរបស់យើងគឺចង់ឃើញប្រជាជនកម្ពុជាក្នុងគ្រប់ជំនឿទាំងអស់ បន្តធ្វើការជាមួយគ្នា ដើម្បីកសាងអនាគតមួយដែលមានវិបុលភាព និងប្រជាធិបតេយ្យកាន់តែច្រើនឡើង”៕


ពិភពលោក ថ្កោលទោស ការបាញ់សាកល្បង គ្រាប់បែក បរិមាណូអ៊ីដ្រូសែន របស់កូរ៉េខាងជើង

$
0
0

BBC៖ ការប្រកាសរបស់កូរ៉េខាងជើង ដែលអះអាងថា ខ្លួនបានទទួលជោគជ័យ លើការបាញ់សាកល្បង គ្រាប់បែកបរិមាណូអ៊ីដ្រូសែន បង្កឲ្យមានការ ថ្កោលទោស ពីប្រទេសក្បែរខាង និងបណ្ដាប្រទេសមួយ ចំនួនជុំវិញពិភពលោក។ ក្រុមប្រឹក្សាអង្គការសហប្រជាជាតិ ក៏រៀបចំការប្រជុំបន្ទាន់ មួយជុំវិញបញ្ហានេះ ដើម្បីពិភាក្សា លើបញ្ហាកូរ៉េខាងជើង។

ប្រធានាធិបតី កូរ៉េខាងត្បួង លោកស្រី ប៉ាក គុនហេ បានបង្ហាញនូវការជួបប្រជុំ ក្រុមប្រឹក្សាសន្តិសុខ របស់ខ្លួនមួយជាបន្ទាន់ ពាក់ព័ន្ធនឹងបញ្ហាបាញ់ សាកល្បងគ្រាប់ បែក បរិមាណូអ៊ីដ្រូសែន ហើយសន្យាថានឹងធ្វើការឆ្លើយតប ទោះបីស្ថិតក្នុង ស្ថានភាពណាក៏ដោយ។

លោកស្រី បានថ្លែងថា “ការបាញ់សាកល្បងនេះ មិនមែនត្រឹមតែបង្កឲ្យ មានអសន្តិសុខដល់ប្រទេសយើងនោះទេ ប៉ុន្តែជាការគំរាមកំហែង ទៅដល់អនាគតរបស់យើង ផងដែរ “។

នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ិនហ្សូ អាបេ បាននិយាយថា “ ការធ្វើតេស្តសាកល្បង គឺជាគំរាមកំហែងដ៏ធ៏មួយ ដល់សុវត្ថិភាពរបស់ប្រទេសយើង ហើយយើងមិនអាច ទទួលយកបាននូវការ បាញ់សាកល្បងនេះទេ “។

លោកបានថ្លែងបញ្ជាក់ថា “នេះគឺជាការបញ្ជាក់យ៉ាងច្បាស់ ពីការរំលោភបំពាន នូវដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ហើយវាក៏ជាការប្រជែង មួយក្នុងទ្រង់ទ្រាយធំ ប្រឆាំងកិច្ចប្រឹងប្រែង ជាអន្តរជាតិ ដើម្បីលុបបំបាត់អាវុធ ប្រល័យលោក”។

ប្រទេសចិន ដែលជាសម្ព័ន្ធមិត្ត ដ៏ជិតស្និទរបស់កូរ៉ខាងជើង បាននិយាយថា “ខ្លួននឹងធ្វើការកោះហៅ ឯកអគ្គរដ្ឋទូតរបស់ខ្លួន ដើម្បីប្រឆាំងនឹងការធ្វើតេស្តនោះ ហើយប្រទេសចិន សូមធ្វើការប្រឆាំងយ៉ាងដាច់ អហង្ការចំពោះការបាញ់ សាកល្បងនេះ។

តាមប្រសាសន៍ របស់អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក ហ៊ូ ចុងជីង ដែលបានកត់សម្គាល់ថា “ការសាកល្បងអាវុធនេះ គឺជាការមិនគោរពទៅ នឹងតួនាទី របស់សហគមន៍អន្តរជាតិ ហើយយើងសុំទទូចឲ្យកូរ៉េខាងជើង រក្សា និងគោរពនូវអ្វីដែលជាការ ប្ដេជ្ញាចិត្តរបស់ខ្លួនក្នុងការកាត់បន្ថយ អាវុធនុយក្លេរអ៊ែ ហើយបញ្ឈប់ នូវការធ្វើសកម្មភាពណាមួយ ដែលអាចបង្កឲ្យស្ថានភាព កាន់តែអាក្រក់ បន្ថែមទៀត។

ដោយឡែកសេចក្ដី រាយការណ៍ពីទូរទស្សន៍CNN បានប្រកាសឲ្យដឹងថា កិច្ចប្រជុំអង្គការសហប្រជាជាតិ នឹងចាប់ផ្ដើមក្នុង ពេលបន្តិចទៀតនេះ ដើម្បីពិនិត្យទៅលើ ការបាញ់សាកល្បងរបស់ ប្រទេសកូរ៉េខាងជើង។

ចំណែក រដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក ហ្វីលីព ហាមុន បានហៅ “ការបាញ់ធ្វើតេស្តសាកល្បងនេះគឺជាការ បង្កហេតុ ប្រសិនបើសេចក្ដីរាយការណ៍ ពីការធ្វើតេស្ត សាកល្បងអាវុធនុយក្លេរអ៊ែអ៊ីដ្រូសែន របស់កូរ៉េខាងជើង ពិតជាមានពិតមែននោះវាជាការរំលោភបំពាន មួយទាំងស្រុង ទៅដល់កិច្ចប្រឹងប្រែងដំណោះស្រាយរបស់ ក្រុមប្រឹក្សាសន្តិសុខ របស់អង្គការសហប្រជាជាតិ ហើយខ្ញុំសូមធ្វើការថ្កោលទោស ទុកឲ្យហើយ”។

ប្រធានាធិបតីបារាំង លោក ហ្រ្វង់ស័រ ហូឡង់ បានដង្ហើយហៅឲ្យមានការប្រតិកម្ម ដ៏ខ្លាំងក្លាពីសហគមន៍អន្តរជាតិ ខណៈពេលដែលយើងកំពុងរង់ចាំ ឲ្យមានការបញ្ជាក់ ពីអាកប្បកិរិយានៃការធ្វើតេស្ត សាកល្បងអាវុធនុយក្លេរអ៊ែនោះ យើងសូមប្រកាស និងសូមធ្វើការអង្កេតពីសប្តាហ៍ កន្លងទៅនេះពីកូរ៉េខាងជើង  ហើយប្រទេសបារាំង សូមធ្វើការថ្កោលទោស បញ្ហានេះថាការរំលោភបំពាន មួយទៅដល់ដំណោះស្រាយ របស់អង្គការសហប្រជាជាតិ ដែលមិនអាចទទួលយកបាននោះទេ”៕

ម៉ោងចាក់ផ្សាយថ្មី នឹងកែប្រែ ទម្លាប់នៃការ ទស្សនា ខ្សែភាពយន្ត របស់ទស្សនិកជន

$
0
0

ភ្នំពេញ៖ ការផ្លាស់ប្តូរ ពេលវេលាចាក់ផ្សាយ ខ្សែភាពយន្ត នៅក្នុងម៉ោងពិសេសនេះ មានន័យថា ទស្សនិកជន នៅក្នុងប្រទេសកម្ពុជា អាចនឹងចូលសម្រាន្តយឺត ហើយក៏ប្រញាប់រូតរះ ត្រឡប់មកគេហដ្ឋានវិញផងដែរ ដើម្បីបានទស្សនា នូវខ្សែភាពយន្ តភាគបរទេសល្បីៗ ដែលមិនធ្លាប់មានពីមុនមក ។

យោងតាមទូរទស្សន៍ ភីអិនអិន ដែលជាប៉ុស្តិ៍ទូរទស្សន៍ថ្មី និងទំនើបបំផុតរបស់ប្រទេសកម្ពុជា បទបញ្ញតិ្តថ្មីរបស់ ក្រសួងព័ត៌មានគឺ ខ្សែភាពយន្តបរទេសទាំងអស់ នឹងមិនតម្រូវឲ្យចាក់ផ្សាយ ចាប់ពីចន្លោះម៉ោង៧ ដល់ម៉ោង៩យប់។ ដូច្នេះ ទស្សនិកជន អាចនឹងត្រឡប់មកគេហដ្ឋានវិញលឿន ដើម្បីបានទស្សនាភាពយន្ត បរទេសនៅមុនម៉ោង៧យប់ ។ ជាមួយគ្នានេះ ប្រជាពលរដ្ឋ ដែលរស់នៅតាមបណ្តាខេត្តនានា អាច នឹងចូលសម្រាន្តយឺតផងដែរ ដើម្បីបានទស្សនាតារា ក្នុងដួងចិត្ត នៅក្នុងខ្សែភាពយន្តភាគ បរទេសដែលខ្លួនពេញចិត្ត។

សម្រាប់ទស្សនិកជន នៅទូទាំងប្រទេសកម្ពុជា ដែលទស្សនាកម្មវិធីព័ត៌មាននោះ បច្ចុប្បន្នកម្មវិធីនេះមាន ចាក់ផ្សាយក្នុងម៉ោងពិសេសផងដែរ ។ ដូចេ្នះទស្សនិកជន នឹងទទួលបានព័ត៌មានរឹត តែប្រសើរថែមទៀត ។

លោក Glen Felgateអគ្គនាយកស្ថានីយ ទូរទស្សន៍ភីអិនអិន បានមានប្រសាសន៍ថា  “ដំណើរការកម្មវិធីទាំងមូល របស់ទូរទស្សន៍ត្រូវបានផ្លាស់ប្តូរ ហើយការផ្លាស់ប្តូរ ថ្មីនេះដែរត្រូវបានគេរំពឹង ថាក៏នឹងផ្លាស់ប្តូរទម្លាប់នៃការទស្សនា របស់ប្រជាពលរដ្ឋទូទៅដូចគ្នា ។”

ជាផ្នែកមួយនៃការផ្លាស់ប្តូរនេះ បច្ចុប្បន្នទូរទស្សន៍PNN ចាក់ផ្សាយភាពយន្តបរទេស នៅម៉ោង ៦ ដល់ម៉ោង៧យប់ ម៉ោង ៩ ដល់ម៉ោង១០យប់ និងម៉ោង ១១យប់ ដល់ម៉ោង១អធ្រាត្រ ជារៀងរាល់ថ្ងៃ ។ ចាប់ពីម៉ោង ៦ ដល់ម៉ោង៧យប់ ទូរទស្សន៍ PNN នឹងចាក់ផ្សាយភាពយន្តភាគថៃ រឿងលោហិតនាគ ត្រកូលសឹង្ហ (ច័ន្ទ ដល់ ព្រហស្បតិ៍) និងក្រមុំស្រស់លង់កំឡោះខ្ទើយ (សុក្រ ដល់ អាទិត្យ) ។ ម៉ោង ៩ ដល់ម៉ោង១០យប់ ពយន្តភាគថៃរឿង មិត្តទ្រុស្តមិត្ត (ច័ន្ទ ដល់ ព្រហស្បតិ៍) និងស្រមោលដួងចន្ទ (សុក្រ ដល់ អាទិត្យ) ។ នៅវេលាថ្ងៃត្រង់ ចាក់ផ្សាយភាពយន្តភាគចិន រឿងស្រីឆ្នាស់បេះដូងដែក ពីម៉ោង ១១ ដល់ម៉ោង១២ ថ្ងៃត្រង់ និងភាពយន្តភាគថៃរឿង ល្ខោនជីវិត នៅម៉ោង១ រសៀល ។

នៅខែមករា ចាប់ពីម៉ោង១១ ដល់ម៉ោង១២ថ្ងៃត្រង់ ទូរទស្សន៍ PNN នឹងចាក់ផ្សាយ ភាពយន្តភាគចិន រឿងស្រីឆ្នាស់បេះដូងដែក និងពីម៉ោង ១២ ដល់ម៉ោង១ រសៀល ភាគយន្តភាគថៃល្បី រឿង ល្ខោនជីវិត ។ ខ្សែភាពយន្តភាគទាំងពីរ នឹងចាប់ផ្តើមចាក់ផ្សាយនៅសប្តាហ៍នេះ និងបន្តចាក់ផ្សាយក្នុងខែមករា ។ ទូរទស្សន៍ ភីអិនអិន នឹងនាំយកខ្សែភាពយន្តខ្មែរ មកចាក់ផ្សាយក្នុងម៉ោងពិសេស របស់ខ្លួននៅចុងឆ្នាំនេះ ៕

លោក សយ វិចិត្រ ជួបជជែក ផ្លាស់ប្តូរបទ ពិសោធន៍ ជាមួយអតីត មិត្តរួមសាលាក្រហម

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦នេះ អតីតសិស្សសាលារចនា (សកលវិទ្យាល័យស្ថាបត្យកម្ម) ជាច្រើន បានមកជួបជុំពិភាក្សា និងផ្លាស់ប្តូរបទពិសោធន៍ជាមួយគ្នា ក្រោយបញ្ចប់ការសិក្សា អស់រយៈពេលប្រមាណ៥ឆ្នាំ។ ក្នុងចំណោមអតីត សិស្សនៅសាលារចនានេះ គេបានឃើញមានវត្តមាន លោក សយ វិចិត្រ ដែលជា នាយកប្រតិបត្តិ (CEO) មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល លោក វី ជីវ័ន្ត លោក វង្ស តារារតនា រួមជាមួយបុគ្គលសំខាន់ៗ ជាច្រើននាក់ទៀតផង ។

បើតាមលោក សយ វិចិត្រ នៅថ្ងៃនេះក្រុមអតីតនិស្សិត នៅសាលារចនា ជាច្រើន បានមកជួបជុំគ្នា នៅក្នុងកម្មវិធីតាំងពិពណ៌ និងប្រគំតន្រ្តី ដែលរៀបចំឡើងដោយ លោក ហ៊ុន ម៉ានី ជាប្រធានសហភាព សហព័ន្ធ យុវជនកម្ពុជា (សសយក) ដែលកម្មវិធីនេះប្រារព្ធឡើង នៅពហុកីឡាដ្ឋានអូឡាំពិក ដោយក្នុងនោះ លោកពិតជា សប្បាយរីករាយ ដែលបានជួបជាមួយ អតីតសិស្សរួមសាលា បានជជែកផ្លាស់ប្តូរ បទពិសោធន៍ គ្នាទៅវិញទៅវិញ៕

ពលរដ្ឋ នៅភូមិទួលក្រសាំង ប្រតិកម្ម និងកសិកដ្ឋាន ចិញ្ចឹមសត្វទា ថាប៉ះពាល់ ដល់សុខភាព ពួកគាត់

$
0
0

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋ ជិត១០គ្រួសារ រស់ក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល បានប្រតិកម្ម និងកសិដ្ឋានចិញ្ចឹមសត្វ មួយកន្លែងនៅក្នុង ស្ថានីយ៍បង្កាត់ពូជត្រី របស់ជលផលខេត្តកណ្តាល ដែលបង្កឲ្យជះក្លិនស្អុយ ធ្វើឲ្យប៉ះពាល់ដល់សុខភាព ពួកគាត់យ៉ាងខ្លាំងរហូត ធ្វើឲ្យកូនចៅរបស់ពួកគាត់ ធ្លាក់ខ្លួន ឈឺផងដែរ ដោយសុំឲ្យម្ចាស់កសិដ្ឋាន បំបាត់ក្លិនស្អុយនេះ ឲ្យបាន និងសុំឲ្យរើសទៅចិញ្ចឹមឆ្ងាយ ពីលំនៅដ្ឋានរបស់ពួកគាត់ផងដែរ ដោយដំណឹងនេះ ជ្រាប់ដល់ អាជ្ញាធរស្រុកទើប នៅល្ងាចថ្ងៃទី៦ខែមករា ឆ្នាំ២០១៦ នេះអាជ្ញាធរស្រុកបានចុះ ទៅពិនិត្យមើលនិងសម្របសម្រួល ជូនប្រជាពលរដ្ឋផងដែរ។

ប្រជាពលរដ្ឋរស់ នៅក្បែរកសិដ្ឋាននេះ បាននិយាយថា កាលពីរដូវធ្លាក់ភ្លៀង កន្លងមកនោះពួកគាត់ ពិបាកក្នុងការរស់នៅ ហើយកូនរបស់ពួកគាត់ ធ្លាក់ខ្លួនឈឺដោយ សារតែក្លិនចេញពីកសិដ្ឋានស្អុយខ្លាំង ហើយកន្លងមកថ្មីៗនេះ ពួកគាត់ធ្លាប់បានជួប ជាមួយម្ចាស់កសិដ្ឋានដោយ សុំឲ្យម្ចាស់កសិដ្ឋានជួយ ធ្វើយ៉ាងលុបបំបាត់ក្លិនស្អុយ នេះឲ្យបាន ជាពិសេសនោះសុំមិនឲ្យចិញ្ចឹមកន្លែងចាស់នឹងទេ ត្រូវរើចេញទៅ ឆ្ងាយពីលំនៅដ្ឋានរបស់ពួកគាត់ ហើយម្ចាស់កសិដ្ឋានបាន សន្យាលុបបំបាត់ក្លិនស្អុយនេះ ហើយឈប់ចិញ្ចឹម កន្លែងចាស់នេះ ដោយលោកធ្វើកន្លែងថ្មី ឲ្យឆ្ងាយពីលំនៅដ្ឋានរបស់ ពួកគាត់ផងដែរ ប៉ុន្តែបន្ទាប់ពី សន្យារួចប៉ុន្មានថ្ងៃក្រោយមក ស្រាប់តែឃើញ ចាប់កូនទារមកដាក់ចូលរោងចាស់ដដែល ទើបធ្វើឲ្យពួកគាត់កាន់តែកើត ទុកមិនសុខចិត្តនិង ម្ចាស់កសិដ្ឋាននេះ។

ពាក់ព័ន្ធ និងការចោទប្រកាន់របស់ ប្រជាពលរដ្ឋនោះ ម្ចាស់កសិដ្ឋានបានលើកឡើងថា ចំពោះការព្រួយបារម្ភរបស់ ប្រជាពលរដ្ឋរស់នៅក្បែរកសិដ្ឋាន របស់លោកនោះ ក៏ជាក្តីកង្វល់របស់លោកដែរ ព្រោះបន្ទាប់ពីមានការតវ៉ា របស់ប្រជាពលរដ្ឋថាមានក្លិនប៉ះពាល់ ដល់សុខភាពពួកគាត់នោះ គឺលោកបានខិតខំ រៀបចំបរិស្ថាននៅក្នុង បរិវេណទ្រង់ទារហូតលុបបំបាត់ ក្លិនបាន១០០ភាគរយហើយពេលនេះ ចំណែកឯប្រជាពលរដ្ឋថា លោកដាក់កូនទារចូលកន្លែងចាស់ មិនរើសនោះ គឺត្រឹមត្រូវហើយ ប៉ុន្តែការដាក់នេះគឺគ្រាន់តែដាក់ បណ្តោះអាសន្នប៉ុណ្ណោះ ព្រោះរោងថ្មីមិនទាន់ធ្វើហើយ ម្យ៉ាងវិញទៀតលោកកម្មង់កូនទារ គេមកមុនប្រជាពលរដ្ឋប្រតិកម្មទៅទៀត ដូច្នេះលោកត្រូវតែយកដាក់ នៅរោងចាស់បណ្តោះអាសន្នសិន នៅពេលរោងថ្មីធ្វើរួច គឺលោកនិងជម្លៀសចេញភ្លាមៗ។

ចំណែកអាជ្ញាធរស្រុក ដែលមានលោក ឃឹម ចាន់គីរី អភិបាលស្រុក និងលោក ញ៉ែម វត្ថា អភិបាល និងមន្ត្រីជំនាញមួយ ចំនួនទៀតបានចុះទៅពិនិត្យ ដល់ក្នុងកសិដ្ឋាន រួចហើយបានធ្វើការណែនាំដល់ម្ចាស់កសិដ្ឋាន ត្រូវតែបំបាត់ក្លិនស្អុយឲ្យបាន ហើយបើមានសត្វទារងាប់ត្រូវកប់ឲ្យបានត្រឹមត្រូវ កុំបោះចោលពាល់វាលពាស់កាល ធ្វើយ៉ាងណាបញ្ជៀស កុំឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ជុំវិញនេះឲ្យសោះ៕

លោក នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញសម្ពោធ សមិទ្ធផលនានា ក្នុងវត្តពន្លាក

$
0
0

ភ្នំពេញ៖ លោក គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ កងយោធពលខេមរភូមិន្ទ នៅព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ បានអញ្ជើញជួបសំណេះ សំណាលជាមួយប្រជាពលរដ្ ឋនិងសម្ពោធសមិទ្ធផលនៅក្នុង វត្តគីរីមានជ័យ ហៅវត្តពន្លាក ស្ថិតនៅឃុំចុងជាច់ ស្រុកតំបែរខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីលោក វ៉េង សាខុន រដ្ឋលេខាធិ ការក្រសួងធនធានទឹក និង ឧត្តុនិយម ព្រមទាំងថ្នាក់ដឹកនាំ អាជ្ញាធរដែនដី ប្រមាណជិត ១ពាន់នាក់។

លោក នាដ រ៉ាវុធ អភិបាលស្រុកតំបែរបានឲ្យដឹងថា “វត្តពន្លាកបានកកើតឡើង នាឆ្នាំ១៩៥៣ គិតមកទល់បច្ចុប្បន្ននេះមាន អាយុកាល ៦៣ឆ្នាំហើយ។ វត្តពន្លាកក៌ដូចជាវត្តដទៃទៀតដែរ នៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុលពតត្រូវបានបំផ្លិច បំផ្លាញគ្មានរស់ ហើយទីនេះពួកខ្មែក្រហមបានយក ធ្វើជាកន្លែងដាក់ជីលាមកគោ ក្របី និងសម្ភារៈផ្សេងៗទៀត”។

លោកអភិបាលស្រុកបញ្ជាក់ថា ក្រោយថ្ងៃរំដោះ ៧មករា ឆ្នាំ១៩៧៩ វត្តពន្លាត្រូវបានកសាង ឡើងវិញជាបណ្តើរៗ ហើយនៅឆ្នាំ២០០៥ ផ្តើមចេញពីទឹកចិត្តជ្រះថ្លា ប្រកបដោយការជឿជាក់ ក្នុងពុទ្ធសាសនា សម្តេច តេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត រួមជាមួយពុទ្ធបរិស័ទ ជិតឆ្ងាយចូលរួមផងនោះ ក៏បានកសាងនូវសមិទ្ធផលសាសនាជាច្រើននៅក្នុងវត្តនេះ។

ក្នុងឱកាសននោះ លោកនាយឧត្ដមសេនីយ៍ គន់ គីម បានថ្លែងកោតសរសើរ ចំពោះព្រះចៅអធិការវត្ត ព្រះសង្ឃគ្រប់អង្គ ព្រមទាំងគណៈគណៈកម្មការ ពុទ្ធបរិស័ទ ដែលបានរួមគ្នាកសាងទីអារាមនេះ ឲ្យមានការរីកលូតលាស់ដល់សព្វថ្ងៃ។ ឆ្លងតាមសមិទ្ធិផលជាច្រើន ដែលបានសម្ពោធនាថ្ងៃនេះបង្ហាញឲ្យ ឃើញពីការចូលរួមយ៉ាងសកម្មរបស់ពុទ្ធបរិស័ទ ជាមួយរាជរដ្ឋាភិបាល ក្នុងការកសាង និងអភិវឌ្ឍន៏វិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យ មានការរីកចំរើនឡើងវិញ បន្ទាប់ពីត្រូវបំផ្លិចបំផ្លាញក្នុងរបបខ្មែរក្រហម។

លោកនាយឧត្តមសេនីយ៍បញ្ជាក់ថា បច្ចុប្បន្ននៅកម្ពុជាវិស័យ ព្រះពុទ្ធសាសនាបានដើរ តួនាទីយ៉ាងសំខាន់ នៅក្នុងការប្រៀនប្រដៅ មនុស្សឲ្យធ្វើអំពើល្អ មានការយល់ដឹងអំពីបុណ្យបាប ការកសាងជាអំពើកុសល ហើយដែលធ្វើឲ្យសង្គមជាតិទាំង មូលទទួលបាននូវសុខសន្តិភាព និងស្ថេរភាព ។ នាពេលនោះផងដែរលោកបាន បំពាក់មេដាយដល់សប្បុរជននានា និងឧបត្ថម្ភដល់ក្រុមកាយរិទ្ធ យុវសិស្ស អាជ្ញាធរដែនដី តាជីយាយជី លោកគ្រូ អ្នកគ្រូ ដែលបានចូលរួម និងបានឧបត្ថម្ភថវិកាបន្ថែមដល់វត្តពន្លាកចំនួន២ម៉ឺនដុល្លា ដើម្បីបន្តកសាងសេនាសេណៈ ផ្សេងៗក្នុងទីអារាមនោះ។

សូមបញ្ជក់ថា សមិទ្ធផលនានាដែលត្រូវសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នាពេលនោះមានដូចជា ឧបដ្ឋានសាលា១ខ្នង កសាងអស់ទឹកប្រាក់ចំនួនជាង១៥ម៉ឺនដុល្លា កុដ្ឋិ៣ខ្នង និងបន្ទប់អនាម័យ៣បន្ទប់ កសាងអស់ទឹកប្រាក់ជាង ២ម៉ឺនដុល្លាអាមេរិក៕

លោក ទៀ សុខា ចូលរួម ខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា ស្រុកថ្មបាំង

$
0
0

កោះកុង៖ ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ស្រុកថ្មបាំង លោក ទៀ សុខា រួមនិងសមាជិក គណបក្ស ប្រជាជនកម្ពុជា ស្រុកថ្មបាំង នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦ នេះបានអញ្ជើញចូលរួម រំលឹកខួបអនុស្សាវរីយ៍ លើកទី៣៧ នៃទិវាជ័យជំនះ ៧មករា (៧ មករា ១៩៧៩-០៧ មករា ២០១៦) ដែលជាថ្ងៃកំណើតទី២ របស់ប្រជាពលរដ្ឋកម្ពុជា។

ក្នុងពិធីរំលឹក ខួបលើកទី៣៧ នៃថ្ងៃជ័យជំនះ ៧មករា ដែលប្រារព្ឋ នៅឃុំជីផាត នេះ អភិបាលស្រុកថ្មបាំង បានថ្លែងថា នេះជាការរំលឹកខួប នូវថ្ងៃកំណើតទី២ នៃការរស់រានមានជីវិត របស់ ប្រជា ពលរដ្ឋខ្មែរនេះ គឺដើម្បីរំលឹក ដល់ ប្រជាពលរដ្ឋ ជាពិសេស ស្រទាប់យុវជន ឲ្យយល់ច្បាស់ ចងចាំជានិច្ច និង ដឹងគុណជានិច្ចនៃថ្ងៃ៧ មករា ១៩៧៩ និងស្នាដៃធំៗ ជាប្រវត្តិសាស្ត្រ ដែលគណបក្ស ប្រជាជនកម្ពុជា បាន សម្រេចជូនជាតិ និងមាតុភូមិតាំងពី ដំណាក់កាលសង្គ្រោះជាតិ រហូតមកដល់បច្ចុប្បន្ន និងប្ដេជ្ញាការពារ មិនឲ្យមានរបបនេះ វិលមកជាលើកទី២។

ថ្លែងក្នុងឱកាសនោះដែរ លោក ទៀ សុខាប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ស្រុកថ្មបាំង ក៏បានរំលឹកឡើងវិញពី សោកនាដកម្ម ក្នុងរបប៣ឆ្នាំ ៨ខែនិង២០ថ្ងៃ ដែលប្រជាជនកម្ពុជា ទទួលរងនូវទុក្ខវេទនា រស់នៅក្នុងគុក ឥតជញ្ជាំង ដោយ ពួកប៉ុលពត បាន បង្ខិតបង្ខំប្រជាជន ឲ្យធ្វើការលើសកម្លាំងហូបចុក មិនគ្រប់គ្រាន់ និងបិទសិទ្ធសេរីភាព គ្រប់បែបយ៉ាង មិនត្រឹមតែប៉ុណ្ណោះ ពួកវាបានកាប់សម្លាប់ និងធ្វើទារុណកម្ម លើប្រជាជនឯង យ៉ាងសាហាវ ព្រៃផ្សៃបំផុត។

លោក ទៀ សុខា បានបញ្ជាក់ទៀតថា "រហូតដល់ថ្ងៃរំដោះ ៧មករា១៩៧៩ របបដ៏យង់ឃ្នងនេះ ត្រូវបានផ្ដួលរំលំ ដោយសារ កម្លាំង មហាសាមគ្គី របស់រណសិរ្សសាមគ្គី សង្គ្រោះជាតិកម្ពុជា គុណបំណាច់ ដ៏ធំធេងនេះ ប្រជាជន កម្ពុជា ចងចាំជានិច្ច និងមិនអាចបំភ្លេចបានឡើយ ថ្ងៃ៧មករា គឺជាថ្ងៃកំណើត ទី២ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មិនអាចបំភ្លេចបាន ដោយសារ មានថ្ងៃរំដោះ៧មករា ទើបប្រជាពលរដ្ឋកម្ពុជាយើង អាចរស់រានមាន ជីវិតឡើងវិញ និងមាន សេរីភាព រហូតមកដល់បច្ចុប្បន្ននេះ"។

ក្នុងពិធីនេះដែរទាំង លោក ទៀ សុខា ក៏ដូចជាមន្រ្តីរាជការ អាជ្ញាធរ និងប្រជាពលរដ្ឋនៅស្រុកថ្មបាំង បានចាត់ទុកថា ស្មារតី៧មករា គឺជាស្មារតីអមត ស្ថិតនៅក្នុងជម្រៅចិត្ត របស់ប្រជាជនកម្ពុជាជាប់ជានិច្ច ដូចនេះហើយបានជាថ្ងៃ៧មករា ត្រូវបានគេកំណត់ជាថ្ងៃ ទិវាសម្រាប់ ជាតិទាំងមូលទាំង មន្ដ្រីរាជការបុគ្គលិក កម្មករ ក្រុមហ៊ុន ទាំងអស់ ដែលបំពេញការងារនៅកម្ពុជា បានឈប់សម្រាកមួយថ្ងៃ។ ជាមួយគ្នានោះ លោក ទៀ សុខា និងប្រជាពលរដ្ឋ ទាំងអស់ ក្នុងស្រុកថ្មបាំង បានប្រកាសប្តេជ្ញា បន្តគាំទ្រ បេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៅអណត្តិក្រោយៗទៀត ដើម្បីសម្តេចបន្តដឹកនាំប្រទេសជាតិ ក្រោមមាគ៌ាដ៏ភ្លឺស្វាង។

ប្រធានក្រុមការងារ គណបក្សប្រជាជនកម្ពុជា ចុះជួយមូលដ្ឋាន ស្រុកថ្មបាំងរូបនេះ បានលើកឡើទៀតថា ជនទាំង ឡាយណាដែល ដែលមិនទទួលស្គាល់ ថ្ងៃ៧មករានោះ គឺជាជនឆបោក និងក្បត់ខ្លួនឯង ហើយ មិនទទួលស្គាល់ សច្ចះធម៌ប្រវត្តិសាស្ត្រ។ ផ្ទុយទៅវិញ សម្រាប់លោកផ្ទាល់ និងអ្នកគាំទ្រគណបក្ស ប្រជាជនកម្ពុជា ក៏ដូចជាប្រជាពលរដ្ឋមួយចំនួនធំ បានចាត់ទុកថា ថ្ងៃ៧មករា ឆ្នាំ១៩៧៩ បានសង្គ្រោះមាតុភូមិកម្ពុជាដ៏កំសត់ ឲ្យរស់ឡើងវិញ អ្វីៗគ្រប់យ៉ាងចាប់ផ្តើម ពីបាតដៃទទេស្អាត ក្រោយពីរបបខ្មែរក្រហម បានកំទេចគ្មានសល់នូវអ្វីដែលជា សមិទ្ធផលពីសង្គមចាស់។ ការស្ដារប្រទេស ត្រូវចាប់ផ្តើមចេញពី ចំនុចក្រោមសូន្យ។ មកដល់ថ្ងៃនេះ កម្ពុជា មានអគារខ្ពស់ ទំនើបៗ មានហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ថ្មីៗជាច្រើន មានធនធានមនុស្សគ្រប់ផ្នែក មនុស្សមាន សិទ្ធិសេរីភាព មានកម្មសិទ្ធ ដែលទទួលបានផល ពីផ្នែកនានានៃសង្គម និងគ្រប់វិស័យទាំងអស់។ ទៅថ្ងៃ អនាគត កម្ពុជានឹងមានការអភិវឌ្ឍន៍ រីកចម្រើនបន្ថែមទៀត ដូចបណ្ដាប្រទេសអភិវឌ្ឍន៍ នៅក្នុងពិភពលោក៕

ការដាក់ឲ្យដំណើរការ ប្រតិវេទន៍គយ អាស៊ីគូដានៅ ការិយាល័យគយនិង រដ្ឋាករផែស្ងួត

$
0
0

ភ្នំពេញ៖ ការដាក់ឲ្យដំណើរការ ប្រតិវេទន៍គយ (ឯកសារ រដ្ឋបាលតែមួយ) តាមមធ្យោបាយ អេឡិចត្រូនីក នៅការិយាល័យគយនិង រដ្ឋាករផែស្ងួត បុកសេងភីភី អេសអ៊ី ហេ្សត ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០០៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្ដីពីបញ្ញត្ដិ និងនីតិវិធីប្រតិវេទន៍គយ។

តាមសេចក្ដី ជូនដំណឹងនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០១៦ បានឲ្យដឹងថា ការសមេ្រចដាក់ឲ្យ ដំណើរការប្រព័ន្ធស័្វយប្រវត្ដិ កម្មទិន្នន័យគយអាស៊ីគូដា នៅការិយាល័យគយនិងរដ្ឋាករផែស្ងួតបុកសេង ភីភី អេសអ៊ីហ្សេត និងការិយាល័យគយនិងរដ្ឋាករ កោះរកា ដែលមានប្រសិទ្ធភាព អនុវត្តចាប់ពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦តទៅ៕


ក្រសួងសាធារណការ ស្នើឲ្យម្ចាស់យាន យន្តគ្រប់ប្រភេទ មកដាក់ពាក្សស្នើសុំ ជាមុនដើម្បីត្រួតពិនិត្យ បច្ចេកទេស

ក្រុមហ៊ុន កូកា កូឡា ចាប់រង្វាន់លើកទី១ សម្រាប់កម្មវិធី អាពាហ៍ពិពាហ៍

$
0
0

ភ្នំពេញ៖ នៅផ្សារទំនើបអ៊ីអនម៉ល នាថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា) បានបង្កើតកម្មវិធីចាប់ ឆ្នោតផ្តល់សំណាង ជូនដល់អតិថិជន មានសំណាងចំនួន ២៤រូប ពីកម្មវិធីពិសេសអាពាហ៍ពិពាហ៍ ដោយមានរង្វាន់ ម៉ូតូហុងដាឌ្រីមស៊េរីថ្មី សម្ភារៈប្រើប្រាស់ក្នុងផ្ទះ ទូរស័ព្ទដៃ និងម៉ាស៊ីនថតរូប។

គូស្វាមី ដែលមានឱកាសឈ្នះសំណាង ត្រូវបានប្រកាសនៅជាន់ ផ្ទាល់ដីផ្សារទំនើបអ៊ីអន នៅថ្ងៃនេះ ដើម្បីអបអរដល់គូស្វាមីថ្មី ដែលបានជាវផលិតផលពីក្រុមហ៊ុនភេសជ្ជៈ កូកាកូឡាកម្ពុជា។ រង្វាន់ដែលក្រុមហ៊ុនកូកាកូឡា ផ្តល់ឲ្យមាន ម៉ូតូហុងដា ០២រង្វាន់ ទូរស័ព្ទទំនើបម៉ាក Samsung Galaxy J7 ១០រង្វាន់ ទូរទស្សន៍ Sony ចំនួន០៣រង្វាន់ ទូទឹកកក ម៉ាក Toshiba ចំនួន០៣រង្វាន់ និងម៉ាស៊ីនថតរូប Canon ០៣រង្វាន់ ។ ក្រៅពីរង្វាន់ធំ ខាងក្រុមហ៊ុន ក៏ផ្តល់រង្វាន់ឈ្នះភ្លាមៗ ១០០% សម្រាប់អតិថិជន ដែលបានជាវផលិតផល កូកា កូឡា ដោយគ្រាន់តែកោសសន្លឹកឆ្នោត នឹងឈ្នះរង្វាន់ ធ្វើដំណើរទៅក្រេបទឹកឃ្មុំ រយៈពេល ៣ថ្ងៃ២យប់ គូប៉ុងសម្រាប់ចាក់សាំង និងគូប៉ុងសម្រាប់ពិសាភីហ្សា ឬធុងទឹកកក ដោយគ្រាន់តែបំពេញឈ្មោះ លើសន្លឹកឆ្នោត។

បញ្ជាក់ផងដែរថា កម្មវិធីនេះ បានរៀបចំបីឆ្នាំបន្ត បន្ទាប់គ្នា ជាពិសេសគូស្វាមីភរិយា ដែលគ្រោងនឹងរៀបអាពាហ៍ពិពាហ៍ ក្នុងអំឡុងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៥ ដល់ ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ ក្រោយពេលជាវផលិតផលកូកាកូឡា៕

ទិញលេខ ពិសេសតាម Facebook, Viber និង Line កាន់តែងាយស្រួល

$
0
0

ភ្នំពេញ៖ កាន់តែងាយស្រួល សម្រាប់អ្នកនិយមប្រើប្រាស់ ស៊ីមលេខពិសេស គ្រប់ទម្រង់ចាប់ពី លេខហុងស៊ុយ លេខតាមថ្ងៃកំណើត លេខថ្ងៃអនុស្សាវរីយ៍ រហូតដល់លេខស្រដៀងនឹងលេខ កំពុងប្រើប្រាស់ និងលេខកុម្ម៉ង់តាមតម្រូវការ មិត្ដហ្វូនផ្ដល់សេវាកម្ម លក់លេខស្អាតៗតាម អនឡាញលើគេហទំព័រ Facebook, Viber និង Line។

ជាកម្មវិធីថ្មី និងដំបូងបំផុតក្នុង ព្រះរាជាណាចក្រកម្ពុជា ចំពោះការលក់ស៊ីមលេខ ពិសេសតាមបណ្ដាញសង្គមល្បីៗ អតិថិជនដែលមានបំណង ប្រើប្រាស់បណ្ដាញ ទូរស័ព្ទមិត្ដហ្វូនទាំងអស់ អាចជ្រើសរើសស៊ីមលេខស្អាតៗ តាមតម្រូវការនៅគ្រប់ទីកន្លែង និងគ្រប់ខេត្ដក្រុង។

មិត្ដហ្វូន បានឲ្យដឹងអំពីនីតិវិធី ទិញស៊ីមលេខតាមអនឡាញថា «នៅលើគេហទំព័រ Facebook, Viber និង Line បុគ្គលិកមិត្ដហ្វូន នឹងផ្ដល់ការប្រឹក្សាដល់លោកអ្នក ដោយជួយឆែកលេខ និងជញ្ជូនលេខទៅកាន់បញ្ជរ ក្បែរផ្ទះរបស់លោកអ្នកទៀតផង»។

ក្រុមហ៊ុនទូរស័ព្ទដែលបានដាក់ ដំណើរការក្បាលស៊ីមជាច្រើន នាពេលកន្លងមកនេះ បានអះអាងថា ជាមួយនឹងជម្រើសលេខពិសេស និងស្អាតៗរាប់ពាន់ម៉ឺនលេខ អតិថិជនអាចស្វែងរក លេខសំណព្វចិត្ដ តាមសេចក្ដីប្រាថ្នា នៅតាមបណ្ដាញសង្គម ដោយមិនចាំបាច់ចំណាយ ពេលធ្វើដំណើរទៅកាន់បញ្ជរ លក់លេខឡើយ។

តាមរយៈ Hotline របស់បណ្ដាញសង្គម Viber និង Line អតិថិជនអាច Add ទៅកាន់លេខទូរស័ព្ទ 097 9 097 097 រួចធ្វើការ Chat និងផ្ញើសារដោយបង្ហាញលេខពិសេសដែលលោកអ្នកជ្រើសរើស។ ក្រោយពីទទួលសារពីលោកអ្នក បុគ្គលិកមិត្ដហ្វូននឹងធ្វើការស្វែងរក លេខពិសេសទាំងនោះ និងឆ្លើយតបមកវិញ ជាមួយការបញ្ជូនលេខទាំងនោះទៅកាន់បញ្ជរក្បែរ ផ្ទះរបស់លោកអ្នក រួមទាំងតម្លៃលេខ។

ស្រដៀងគ្នាដែរ តាមរយៈបណ្ដាញសង្គម Facebook អតិថិជនអាចផ្ញើសារទៅកាន់ Facebook Page តាមរយៈអាសយដ្ឋាន “www.facebook.com/metfone.closer” របស់មិត្ដហ្វូន ដោយភ្ជាប់ជាមួយនូវ លេខដែលបានជ្រើសរើសរួច។ បុគ្គលិកកាន់ Page នេះនឹងដំណើរការជូន លោកអ្នកដូចសេវាកម្ម Hotline ខាងលើផងដែរ។ ជាទូទៅ លេខពិសេស ឬលេខស្អាតៗដែលអតិថិជន ភាគច្រើនមានបំណង ចង់ប្រើប្រាស់នោះ គឺលេខតាមថ្ងៃកំណើត លេខតាមថ្ងៃខួបអាពាហ៍ពិពាហ៍ ឬខួបណាត់ជួបគ្នាដំបូង លេខហុងស៊ុយ និងលេខស្រដៀងនឹងលេខ កំពុងប្រើប្រាស់សព្វថ្ងៃជាដើម។

មិត្ដហ្វូន បានបញ្ជាក់ប្រាប់ថា «ស្របតាមដំណើរវិវត្ដន៍ នៃសម័យបច្ចេកវិទ្យាទំនើប យើងដាក់ឲ្យដំណើរការសេវាកម្ម លក់លេខពិសេសតាមបណ្ដាញ សង្គមដ៏ថ្មីសន្លាងនេះឡើងគឺក្នុងគោលបំណង ផ្ដល់ភាពងាយស្រួលដល់អតិថិជន មិត្ដហ្វូនក្នុងការ ទិញលេខពិសេស និងសន្សំសំចៃពេលវេលា ធ្វើដំណើរទៅកាន់ Showroom របស់ក្រុមហ៊ុន»៕

តុលាការធ្វើការ ចោទប្រកាន់ យុវជនគំរាមសម្លាប់ សម្ដេចតេជោ ២បទល្មើស

$
0
0

ភ្នំពេញ៖ នៅរសៀលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៦នេះ លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានធ្វើការចោទប្រកាន់ យុវជនគំរាមសម្លាប់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក បច្ចុប្បន្ន យុវជនដែលគំរាមសម្លាប់សម្ដេច ត្រូវបានកសាងសំណុំរឿង បញ្ជូនបន្តទៅចៅក្រម ស៊ើបសួរចាត់ការបន្ត តាមនីតិវិធី ។

លោក សៀង សុខ បានឲ្យដឹងថា នៅក្នុងដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងធ្វើការសម្រេចឃុំ ឬមិនឃុំខ្លួនយុវជនរូបនេះ។ យុវជនដែលគំរាមសម្លាប់សម្ដេចមានឈ្មោះ ម៉ាន់ សំអ៊ាន់ អាយុ២៥ឆ្នាំ មុខរបរបុគ្គលិក គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ស្ថាបនាលីមីតធីត សាខាខេត្តសៀមរាប ឬកំពង់ធំ ត្រូវបានចោទប្រកាន់ពីបទ គំរាមកំហែងថា នឹងសម្លាប់ និង បទប្រមាថ តាមមាត្រា ២៣៣ និងមាត្រា ៥០២ នៃក្រមព្រហ្មទណ្ឌ ។

លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងពីបទល្មើសទាំងពីរថា ទី១.គំរាមកំហែងថា នឹងសម្លាប់ កំណត់ការផ្តន្ទាទោសពី ៦ខែទៅ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លានរៀលទៅ ៤លានរៀល ពោលជាបទមជ្ឈិម, និងទី២. ប្រមាថ កំណត់ការ ផ្តន្ទាទោសពី ១ថ្ងៃទៅ ៦ថ្ងៃ និងពិន័យជាប្រាក់ពី១ពាន់រៀលទៅ ១សែនរៀល ពោលជាបទលហុ៕

សវតារឿង៖
យុវជនដែលបាន គំរាមសម្លាប់ និងជេរប្រមាថសម្តេចតេជោ តាម Facebook បានសារភាព ប្រាប់តុលាការថា ខ្លួនពិតជាអ្នកសសេរផ្ទាល់ដៃ មែនមកពីខ្លួនមានចំណេះដឹងតិចតួច។

តុលាការក្រុងភ្នំពេញដែលមាន តំណាងអយ្យការលោក សៀង សុខ បានសួរនាំចប់មួយព្រឹកថ្ងៃទី៨មករា ជនសង្ស័យត្រូវបានសមត្ថកិច្ចសន្តិសុខ ផ្ទៃក្នុង នៃក្រសួងមហាផ្ទៃបញ្ជូនខ្លួន ទៅវិញរងចាំសាក សួរបន្ថែមទៀតពីព្រះរាជអាជ្ញារងអមសាលាដំបូង។

យុវជននោះបានសារភាពប្រាប់តុលាការថា ខ្លួនពិតជាបានសសេរផ្ទាល់ដៃមែនមកពីខ្លួន មានចំណេះ ដឹងតិចតួចតែត្រូវ បានសាធារណៈជនរិះគន់ថា ធ្វើឲ្យខូចឈ្មោះពាក្យថាយុវជន ព្រោះយុវជនខ្លះមាន ចំណេះដឹងតិចតួច ក៏គេមិនដែលហាមាត់និយាយស្តីជេរប្រមាថ និងគំរាមសម្លាប់ថ្នាក់ដឹកនាំបែបនេះ នោះទេ៕

នគរបាល ខណ្ឌឫស្សីកែវម្នាក់ វាយតប់គ្នា ជាមួយយុវជន ៣នាក់ លទ្ធផល រងរបួស ទាំងសងខាង

$
0
0

ភ្នំពេញ៖ នគរបាល ខណ្ឌឫស្សីកែវម្នាក់ មានទំនាស់វាយតប់គ្នាជាមួយ យុវជន ៣នាក់ បណ្តាលឲ្យរងរបួសទាំងសងខាង ស្ថិតនៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ។

ទំនាស់វាយតប់គ្នា រវាងនគរបាលខណ្ឌឫស្សីកែវម្នាក់ ជាមួយយុវជន ៣នាក់ បណ្តាលឲ្យរងរបួសទាំងសងខាង ក្នុងនោះខាងភាគីយុវជន ៣នាក់ ទី១ ឈ្មោះ ពៅ ពិសិដ្ឋ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (របួសត្រង់ក)។ ទី២ ឈ្មោះ ប៊ូ សុជាតិ ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (របួសត្រង់ក្បាល)។ ទី៣ ឈ្មោះ ជាតិ ស៊ីនួន ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (របួសត្រង់ចិញ្ចើម)។ ចំណែកឯខាងភាគី នគរបាលខណ្ឌឫស្សីកែវ មានឈ្មោះ ចាន់ ស៊ីវុត្ថា ហៅ ឌិត ភេទប្រុស មុខរបរមន្រ្តីនគរបាលខណ្ឌឫស្សីកែវ ស្នាក់នៅភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ (របួងត្រង់ចិញ្ចើមនិងក្បាល)។

ក្រោយកើតហេតុ ខាងភាគីមន្រ្តីនគរបាល បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លា និងបានទូរស័ព្ទ ទៅគំរាមប្រពន្ធខាងភាគីយុវជន ៣នាក់ ខាងលើថា ជួបវាត្រង់ណា ធ្វើស៊ីត្រង់នោះ ឮដូច្នេះ យុវជនទាំង៣នាក់ ក៏បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់ទឹកថ្លា ពេលមកជួបមុខគ្នា ក៏ស្រែកឈ្លោះគ្នាបន្តទៀត ធ្វើឲ្យផ្អើលពេញប៉ុស្តិ៍នគរបាល។ ក្រោយមក ក៏មានការសម្របសម្រួលពីនគរបាល ហើយភាគីយុវជន៣នាក់ ក៏ជួយចេញថ្លៃព្យាបាល ឲ្យទៅនគរបាលខណ្ឌឫស្សីកែវ ចំនួន ១០០ដុល្លារ ដើម្បីបញ្ចប់រឿង៕

Photo by DAP-News

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images