Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all 8042 articles
Browse latest View live

កីឡាករ​ កម្ពុជាឈ្នះពីរ ចាញ់មួយ ពេលជួបថៃ ម្សិលមិញ

0
0

ភ្នំពេញៈ នៅក្នុងការប្រកួត ប្រដាល់ក្បាច់គុន បុរាណខ្មែរ ជាលក្ខណៈមិត្តភាពអន្ដរជាតិ រវាងកីឡាករកម្ពុជា និងកីឡាករថៃចំនួន ៣ប្រកួតនៅលើសង្វៀន ទូរទស្សន៍អប្សរា កាលពីថ្ងៃសៅរ៍ ទី២៦ ខែមករា ឆ្នាំ២០១៣ ម្សិលមិញនេះ លទ្ធផល គឺកម្ពុជា ឈ្នះ២ និងថៃ ឈ្នះ១ ។

កីឡាករដែលយកជ័យជំនះឲ្យកម្ពុជារួមមាន កីឡាករ សំរិទ្ធ សុភាព អ្នកប្រដាល់មកពីក្លឹបអប្សរាគុនខ្មែរ ប្រកួតឈ្នះពិន្ទុកីឡាករថៃ Youkhav Sit Phantou និងកីឡាករ ឃីម ឌីម៉ា អ្នកប្រដាល់មកពីក្លឹបអប្ស រាគុនខ្មែរដូចគ្នា បានធ្វើឲ្យកីឡាករ Chhat Chhanoy Sit Phantou អ្នកប្រដាល់មកថៃបោះបង់ការ ប្រកួតនៅក្នុងទឹកទី៣ ។ ចំណែកកីឡាករថៃដែលយកឈ្នះលើកីឡាករកម្ពុជាគឺ Phing Lek Sit Phantou យកឈ្នះពិន្ទុកីឡាករ ពេជ្រ សីហា អ្នកប្រដាល់មកពីក្លឹបសមាគមកីឡាប្រដាល់ក្រសួងការពារជាតិ ។

ចំពោះជំនួបរវាងកីឡាករ សំរិទ្ធ សុភាព និង Youkhav Sit Phantou ពួកគេទាំង ២នេះ គឺខ្លាំងដូចគ្នា ។ ចាប់ពីទឹក ទី១រហូតដល់ទឹកទី៥ សុភាព បានព្យាយាមដើរចូល ដើម្បីប្ដូរកណ្ដាប់ដៃរបស់គេ ប៉ុន្ដែគេមិនហ៊ានប្រហែស ឡើយ ដោយសារ Youkhav គេក៏មានស្នៀតល្អសម្រាប់សម្លាប់គូប្រកួតដែរ តែទោះជាយ៉ាងណា Youkhav មិនអាចធ្វើអ្វីមកលើ សុភាព បានឡើយ ចប់ការប្រកួតចៅក្រមបានកាត់សេចក្ដីឲ្យ សំរិទ្ធ សុភាព ឈ្នះ Youkhav ដោយពិន្ទុ ។

ចំណែកកីឡាកររូបស្រស់ ឃីម ឌីម៉ា បានធ្វើឲ្យកីឡាករ Chhat Chhanoy Sit Phantou បោះបង់ការប្រកួតក្នុង ទឹកទី៣ ។ កីឡាករទាំង២នេះទឹកទី១ ពួកគេមិនសូវជាវាយសម្រុកគ្នាប៉ុន្មានទេ ដោយគ្រាន់តែវាយស្ទាប់ស្ទង់ បច្ចេកទេសគ្នាទៅវិញទៅមកប៉ុណ្ណោះ ។

ប៉ុន្ដែលុះចូលដល់ទឹកទី២ ឌីម៉ា ហាក់មើលឃើញចំណុចខ្សោយរបស់គូប្រកួត(Chhat Chhanoy) ពេលនោះ គេក៏ដើរចូលនឹងវ៉ៃសង្គ្រប់យកតែម្ដង ដោយប្រើកណ្ដាប់ដៃ ជង្គង់ និងកែង រហូតធ្វើឲ្យ Chhat Chhanoy មានមាន ស្នាមបែបជាលើកទី១ នៅលើក្បាល ។ ទឹកទី៣ ឌីម៉ា ព្យាយាមប្រើកែងទៅលើក្បាល Chhat Chhanoy បន្ថែម ទៀត ធ្វើឲ្យមុខរបួសចាស់បែកកាន់តែធំ ពេលនោះអ្នកឲ្យទឹករបស់កីឡាករថៃរូបនេះ បានសុំបញ្ឈប់ការប្រកួត ត្រឹមទឹកទី៣នេះ ដោយឲ្យកីឡាករ ឃីម ឌីម៉ា ឈ្នះតែម្ដង ។

រីឯគូអន្ដរជាតិមួយប្រកួតទៀត គឺ Phing Lek Sit Phantou បានយកឈ្នះ ពេជ្រ សីហា ដោយពិន្ទុ ។ នៅក្នុងការប្រកួត ៥ទឹក ពេជ្រ សីហា បានវាយចេញច្រើន ប៉ុន្ដែភាគច្រើនមិនចំគោលដៅ ចំណែក Phing Lek គេវាយចេញតិច តែចំគោលដៅទាំងអស់ ។ ពេជ្រ សីហា គេតែងដើរចូលដើម្បីប្រើកណ្ដាប់ដៃ របស់គេស្ទើរ តែគ្រប់ទឹកតែមិនបានសម្រេច ផ្ទុយមកវិញបែរជាត្រូវ Phing Lek វ៉ៃស្កាត់ចំពេញៗមុខ ។ ការខិតខំរបស់កីឡាករ ពេជ្រ សីហា បានត្រឹមតែប្រកួតបំពេញទឹកតែប៉ុណ្ណោះ ចុងក្រោយ គឺកីឡាករ Phing Lek ជាអ្នកឈ្នះដដែរ ។
ចំពោះគូមិត្តភាពជាតិវិញ កីឡាករ លាង ស៊ីពេជ្រ អ្នកប្រដាល់មកពីក្លឹបសមាគមកីឡាប្រដាល់ខេត្តកោះកុង ប្រកួតឈ្នះពិន្ទុអ្នកប្រដាល់មកពីក្លឹបកងពលធំអន្ដរាគមលេខ៣(ព្រះវិហារ) គឺកីឡាករ ផាវ ភឿគ, កីឡាករ ឌុន រដ្ឋា អ្នកប្រដាល់មកពីក្លឹបអេភូថងកីឡា ប្រកួតឈ្នះ ថៃ ប៊ុនហាន អ្នកប្រដាល់មកពីក្លឹបបូរីនាគរាជ ដោយពិន្ទុ និងកីឡាករ ម៉ន បារាំង អ្នកប្រដាល់មកពីក្លឹបព្រែកឯងកីឡា បានប្រកួតឈ្នះពិន្ទុកីឡាករ មង្គល សុភ័ក្រ អ្នកប្រដាល់មកពីក្លឹបអេភូថងកីឡា ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


ចេញពីក្លឹប បើកម៉ូតូលឿនរេចង្កូត បុកចិញ្ចើមផ្លូវ បណ្តាលឲ្យ ស្លាប់ម្នាក់ របួសធ្ងន់ពីរនាក់

0
0

ភ្នំពេញ៖ យុវជនម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ និងពីរនាក់ទៀត បានរងរបួសធ្ងន់ ក្រោយពីពួកគេ ទាំងបីនាក់ បានបើកម៉ូតូឌុបគ្នា ក្នុងល្បឿនលឿន ហើយរេចង្កូត ទៅបុកចិញ្ចើមផ្លូវ ក្រោយចេញពីក្លឹបមួយ នៅកោះពេជ្យ កាលពីវេលា ម៉ោង ៣៖២០នាទីយប់រំលង អាធ្រាត្រ ចូលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅលើផ្លូវព្រះនរោត្តម មុខសាលា បឋមសិក្សា ព្រះនរោត្តម ស្ថិតក្នុងសង្កាត់ផ្សារកណ្តាល២ ខណ្ឌដូនពេញ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ ទាំងបីនាក់ បានជិះម៉ូតូម៉ាក សេ១២៥មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AW-3481 ដែលតាមសេចក្តី រាយការណ៍ពីសាក្សីខ្លះ ជនរងគ្រោះទាំងបីនាក់ បានចេញពីក្លឹបកំសាន្តមួយ នៅកោះពេជ្យ ហើយពេលមកដល់ ចំណុចកើតហេតុ ក៏បើកលឿន រេចង្កូតទៅបុក ចិញ្ចើមផ្លូវ បណ្តាលឲ្យ ស្លាប់ម្នាក់ និងរងរបួសធ្ងន់ពីរនាក់ ត្រូវបានបញ្ជូនទៅ កាន់គ្លីនិកឯកជនមួយ។

បើតាមសមត្ថកិច្ចមូលដ្ឋាន ជនរងគ្រោះ ដែលស្លាប់នោះមានឈ្មោះ លន់ ជីវ៉ា អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិបាសាំង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម។ ដោយឡែក ជនរងគ្រោះ ចំនួន២នាក់ ផ្សេងទៀត ដែលរងរបួសធ្ងន់ រួមមាន ទី១ឈ្មោះ រដ្ឋា ភេទប្រុស អាយុ២១ឆ្នាំ  មានទីលំនៅ ភូមិខ្លាគ្រហឹម ឃុំអ៊ូមាល់ ស្រុកបាធាយ ខេត្តកំពង់ចាម និងទី២ ឈ្មោះ គឿន និមល ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិខ្លាគ្រហ៊ឹម ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

បើតាមសមត្ថកិច្ច គ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពី ជនរងគ្រោះទាំងបីនាក់ បានជិះម៉ូតូលឿន ហើយឌុបគ្នា រួចជ្រុលទៅបុក ចិញ្ចើមផ្លូវ អូសជាច្រើនម៉ែត្រ។

ក្រោយកើតហេតុ ម៉ូតូរបស់ជនរងគ្រោះ ត្រូវបានយក ទៅរក្សាទុក នៅការិយាល័យ ចរាចរណ៍ ជើងគោក រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តទៀត៕

DAP-News

DAP-News

DAP-News

ប្រជាពលរដ្ឋ​ នៅតំបន់ អូរ៣ជាន់ សប្បាយចិត្ត ដោយសារ មានផ្លូវ ប្រើប្រាស់

0
0

បន្ទាយមានជ័យ-អូរ៣ជាន់៖ ប្រជាពលរដ្ឋនៅ ឃុំអូរ៣ជាន់ និងតំបន់ជាប់ឃុំនេះ ដែលពីមុន ធ្លាប់តែធ្វើដំណើរពិបាកនោះ នៅពេលនេះ មានអារម្មណ៍សប្បាយរីរាយ ដោយសារតែមានផ្លូវជាតិ ប្រើប្រាស់នាពេលខាងមុខដ៏ខ្លី។

អ្នករត់ម៉ូតូឌុប ក៏ដូចអ្នកធ្វើដំណើរចេញចូលតាមផ្លូវ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅ កាន់ចំណុច ច្រកព្រំដែនអូរ៣ជាន់ ប្រវែងជិត ២០គីឡូម៉ែត្រ ចន្លោះបង្គោលព្រំដែនកម្ពុជា និងថៃលេខ ៤៣-៤៤ ស្ថិតក្នុងទឹកដីឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់នឹងឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ បានសំដែងក្តីរីករាយ ដោយសារមានផ្លូវជាតិ ជំនួសផ្លូវដី ពិបាកធ្វើដំណើរ ពិសេសក្នុងរដូវវស្សា។

បុរសឈ្មោះ សន ជាប្រជាពលរដ្ឋរស់នៅក្នុងឃុំអូរ៣ជាន់ បាននិយាយប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៣ ត្រង់ចំណុចព្រំដែននោះថា ជាច្រើនជំនាន់មកហើយ នៅក្នុងទឹកដីនេះ មិនដែលមានផ្លូវទំហំធំ និងក្រាលកៅស៊ូដូចពេលនេះឡើយ ទើបតែពេលនេះប៉ុណ្ណោះ។
លោកបញ្ជាក់ថា «ផ្លូវនេះកាលពីមុន ពិបាកធ្វើដំណើរណាស់ ពិសេសរដូវភ្លៀង ហើយក្រោយពីផ្លូវនេះសាងសង់រួចរាល់ ប្រជាពលរដ្ឋនៅក្នុងតំបន់អូរ៣ជាន់ ពិតសប្បាយចិត្ត ពីព្រោះពួកគេ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ពិសេសដឹកជញ្ជូនកសិផលដូចជា ស្រូវ ដំឡូង និងទំនិញផ្សេងៗទៀត»។

អភិបាលស្រុកអូរជ្រៅ លោក កែវ សែន មានប្រសាសន៍ឲ្យដឹងថា ផ្លូវដែលមានប្រវែង ជិត ២០គីឡូម៉ែត្រកំពុងតែធ្វើនេះ ជាជំនួយឥតសំណងរបស់ប្រទេសចិន មានតម្លៃប្រមាណ ៨លានដុល្លារ ដែលលោកបានខិតខំផ្តួចផ្តើមទាក់ទាញជំនួយនេះ ដោយមានការជួយជ្រោមជ្រែងអន្តរាគមន៍ពីថ្នាក់ដឹកនាំខាងលើ។
លោកអភិបាលស្រុកបានបញ្ជាក់ថា កំណាត់ផ្លូវនេះ ពិតជាមានសារៈសំខាន់សម្រាប់ ជាតិ និងប្រជាជននៅតំបន់អូរ៣ជាន់ «ផ្លូវនេះ គិតទាំងជើងផ្លូវមានទំហំ ៩ម៉ែត្រ ចំណែកសាច់កៅស៊ូខាងលើទំហំ ៧ម៉ែត្រ ធ្វើរួចរាល់នៅក្នុងខែមេសា ខាងមុខ។ ផ្លូវនេះតភ្ជាប់ពីផ្លូវក្រវ៉ាត់ព្រំដែនពីតំបន់ផ្សេង ទៅកាន់ចំណុចច្រកព្រំដែនអូរ៣ជាន់។ ប្រយោជន៍ដទៃទៀតមានខាងធ្វើដំណើរ និងចរាចទំនិញ បំរើឲ្យវិស័យសេដ្ឋកិច្ច»។

ចំណែកបញ្ហាអគ្គិសនីវិញ លោកអភិបាលស្រុក បានឲ្យដឹងថា សព្វថ្ងៃមានតម្លៃជិត៤.០០០៛ មួយគីឡូវ៉ាត់ម៉ោង និងក្នុងពេលខាងមុខនឹងធ្លាក់មកនៅត្រឹមជាង ១.០០០៛ ប៉ុណ្ណោះ ក្រោយពីអូសខ្សែភ្លើងទៅដល់។

ប្រធាន ប៉ុស្តិ៍ច្រកព្រំដែនអូរ៣ជាន់ លោក ភាង រិន បានឲ្យដឹងថា ច្រកព្រំដែនអូរ៣ជាន់ នេះ ភាគីកម្ពុជា មានឆន្ទៈចង់បង្កើតឲ្យក្លាយទៅជាច្រកទ្វារព្រំដែនផ្លូវការ ប៉ុន្តែភាគីថៃ មិនទាន់បានផ្តល់ចម្លើយឲ្យពិតប្រាកដនៅឡើយទេ ដូច្នេះភាគីកម្ពុជា នៅរង់ចាំតែខាងភាគីថៃយល់ព្រមតែប៉ុណ្ណោះ។

ចំពោះចំនួនប្រជាជន និងបញ្ហានយោបាយវិញ អភិបាលស្រុកអូរជ្រៅ លោក កែវ សែន បានឲ្យដឹងថា នៅឃុំអូរ៣ជាន់មានប្រជាជនប្រមាណជិត ២០.០០០នាក់ ភាគច្រើនជា អ្នកគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច និងលោកតា សឺន សាន ពីព្រោះតំបន់ព្រំដែនអូរ៣ជាន់ ជាប់ប្រទេសថៃនេះ សម្បូរទៅដោយជំរុំភៀសខ្លួន កាលពីសម័យតស៊ូត្រីភាគី ប៉ុន្តឥឡូវប្រជាពលរដ្ឋទាំងនោះ ភាគច្រើនបោះឆ្នោតឲ្យគណបក្សប្រជាជនម្ពុជា ដោយសារឃើញការយកចិត្តទុកដាក់ រីកចម្រើន និងអភិវឌ្ឍនៅមូលដ្ឋាន ក៏ដូចថ្នាក់ជាតិ ក្រោមការដឹកនាំរបស់គណ បក្សប្រជាជនកម្ពុជា។ បច្ចុប្បន្ន សមាជិកក្រុមប្រឹក្សាឃុំ គណបក្សប្រជាជនកម្ពុជា មានប្រៀប ច្រើនលើសលុបលើគណបក្សនានា៕

Photo by DAP-News

Photo by DAP-News

ប្រតិភូសាលា ខណ្ឌមានជ័យ បានទៅដល់ទីតាំង ឈរជើង របស់ក្រុមយុវជន ស្ម័គ្រចិត្តទី៣១

0
0

បាត់ដំបង៖ អភិបាល ខណ្ឌមានជ័យ លោក គួច ចំរើន រួមដំណើរ ដោយអភិបាលរងខណ្ឌ លោក ហៀក ចាន់លៀង លោក ស ថេត ស្នងការនគរបាល ខេត្តបាត់ដំបង លោក ហាក់ សុខមករា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបទៀត នៅព្រឹកថ្ងៃ អាទិត្យទី២៧ ខែមករា ឆ្នាំ២០១៣ បានចុះទៅដល់ ទីតាំងឈរជើង របស់ក្រុមយុវជន ស្ម័គ្រចិត្ត ក្រុមទី៣១ នៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ហើយបានចែក អំណោយ ជាថវិកា និងគ្រឿងឧបភោគ បរិភោគជាច្រើនមុខ ។

 លោក គួច ចំរើន បានឲ្យដឹងថា អាជ្ញាធរ ខណ្ឌមានជ័យ ទាំងមូល បានចំណាយ ពេល២ថ្ងៃ ចុះមកសួរសុខទុក្ខ ព្រមទាំងនាំ យកអំណោយ និងថវិកា មកចែកជូនដល់ ក្រុមយុវជនស្ម័គ្រចិត្ត ដែលបាន និងកំពុងបំពេញ បេសកកម្ម ការងារ ជាប្រវត្តិសាស្រ្ត ចុះមកវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង ។

នៅក្នុងឱកាសនោះ លោក គួច ចំរើន បានផ្តាំផ្ញើពីការសួរសុខទុក្ខ ពីសំណាក់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកជំទាវ ហើយបានលើកឡើង ពីប្រសាសន៍របស់សម្តេចថា នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ។

ដូច្នេះពេលចុះមកនេះ ត្រូវធ្វើចេះជួយគ្នានិងធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋ ស្រឡាញ់រាប់អាន និងនឹករលឹក ពេលចេញទៅវិញ។

ជាមួយគ្នានេះ លោក គួច ចំរើន បានថ្លែងអំណរគុណ ដល់ ឪពុកម្តាយរបស់ ក្រុមយុវជនស្ម័គ្រចិត្ត ទាំងអស់ ដែលបានអនុញ្ញាតិឲ្យ កូនចៅរបស់ខ្លួន ចុះមកវាស់វែង ដីធ្លី ជូនប្រជាពលរដ្ឋ នៅតាមបណ្តា ខេត្តស្របតាម គោលនយោបាយចាស់ សកម្មភាពថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខ៕

DAP-News

DAP-News

DAP-News

DAP-News

DAP-News

DAP-News

ក្រុមប្រឆាំង ស៊ីរី នឹងចាប់ផ្តើម ស៊ើបអង្កេត អំពើឧក្រិដ្ឋកម្ម សង្រ្គាមក្នុង ប្រទេសស៊ីរី

0
0

អ៊ីស្តានប៊ុល៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៣នេះ បានឲ្យដឹងថាមានក្រុម ប្រឆាំងមន្ត្រីជាន់ខ្ពស់ មួយចំនួនរបស់ស៊ីរី និងសកម្មជនសិទិ្ធមនុស្ស អន្តរជាតិ បានប្រាប់ ឲ្យដឹងថា កាលពីថ្ងៃសៅរ៍មុននេះ ពួកគេនឹងចាប់ផ្តើមធ្វើការ ស៊ើបអង្កេត អំពើឧក្រិដ្ឋកម្មសង្រ្គាម ដែលពួកគេបាន ប្រព្រឹត្តនៅក្នុងប្រទេសស៊ីរី។

ការប្រមូលផ្តុំគ្នាក្នុងរយៈពេលពីរថ្ងៃ មានគោលបំណងដើម្បីត្រាយផ្លូវ សម្រាប់ស្វែងរកយុត្តិធម៌ ក្នុងនាមជនរង គ្រោះនៃភាពចលាចលរបស់ស៊ីរី។

នាយកទទួលបន្ទុកយុត្តិធម៌បណ្តោះអាសន្នលោក Radwan Zaideh នៅក្នុងបេសកកម្មពិភពអារ៉ាប់ បាននិយាយ ឲ្យ ដឹងថា “វាជារឿងសិទ្ធិអាទិភាពមួយដ៏មានសារសំខាន់យ៉ាងពិតប្រាកដ ដើម្បីចាប់ ផ្តើមបើកការស៊ើបអង្កេត មួយ ហើយស្វែងរកមនុស្សទាំងអស់នោះឲ្យ ធ្វើការទទួលខុសត្រូវ ចំពោះអ្វីដែលពួកគេបានប្រព្រឹត្ត អំពើឧក្រិដ្ឋកម្មសង្រ្គាម និងឧក្រិដ្ឋកម្មប្រឆាំងនិងមនុស្សជាតិ។

លោក Zaideh បានបញ្ជាក់បន្ថែមថា កងទ័ពស៊ីរីសេរីនិយមនឹងមិនបានរាប់បញ្ចូលនៅ ក្នុងករណីធ្វើការ ស៊ើបអង្កេត ឡើយ៕

រដ្ឋមន្ត្រីអ៊ីរ៉ង់ៈ កិច្ចចរចា ក្នុងប្រទេស ជាដំណោះស្រាយ ដ៏ប្រសើរបំផុត ចំពោះវិបត្តិ នៅស៊ីរី

0
0

តេអ៊ីរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៣នេះ ថា តាមទីភ្នាក់ ងារសារ ព័ត៌មានFars បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីការពារជាតិរបស់អ៊ីរ៉ង់ លោកឧត្តមសេនីយ៍ Ahmad Vahidi បានអំពាវនាវសុំឲ្យមាន កិច្ចចរចាក្នុងប្រទេស ដើម្បីដោះស្រាយនូវវិបត្តិ នៅក្នុង ប្រទេសស៊ីរី។

ការអះអាងជាថ្មីម្តងទៀតរបស់ក្រុមប្រឆាំងនៃសាធារណរដ្ឋអ៊ីស្លាម ដែលបានជំទាស់ទៅនឹងការអន្តរគមន៍ នៅក្នុង រដ្ឋអារ៉ាប់ នោះ លោក Vahidi បាននិយាយថា “ការធ្វើអន្តរាគមន៍តាមរយៈកងកម្លាំងជនបរទេស នៅក្នុងប្រទេសស៊ីរី គឺវាជារឿងដែលធ្វើអោយមានហានិភ័យ" នៅក្នុងតំបន់ ព្រមទាំងជនស៊ីរីផងដែរ។

លោកបានស្រាយបំភ្លឺថា ស៊ីរីគឺបានចេញមុខតស៊ូប្រយុទ្ធប្រឆាំងនិងអ៊ីស្រាអែលជាងគេ ដោយលោកបន្តទៀតថា “ប្រទេសមួយ និងកងទ័ពមួយ ដែលកំពុងចេញមុខចំពោះយុទ្ធនាការប្រឆាំងជំទាស់នឹងអ៊ីស្រាអែល មិនគួរចុះខ្សោយនោះទេ"។

អ៊ីរ៉ង់គឺជាសម្ព័ន្ធមិត្តនៅក្នុងតំបន់យ៉ាងជិតដិតរបស់រដ្ឋាភិបាលស៊ីរី ស្ថិតនៅក្នុងជម្លោះរបស់ ខ្លួនប្រឆាំងនិង អ៊ីស្រាអែល និងក្រុមប្រឆាំងប្រដាប់អាវុធ។

យោងតាមសារព័ត៌មាន Fars បានឲ្យដឹងថា កាលពីថ្ងៃសៅរ៍មុន រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម រ៉ែ និង ពាណិជ្ជកម្មរបស់អ៊ីរ៉ង់ លោក Mehdi Qazanfari និងឯកអគ្គរដ្ឋទូតរបស់ស៊ីរីប្រចាំនៅអ៊ីរ៉ង់លោក Adnan Mahmoud បានជួបពិភាក្សាគ្នារកមធ្យោបាយសហប្រតិបត្តិការផ្នែកវិស័យសេដ្ឋកិច្ច និង កិច្ចព្រមព្រៀង ពាណិជ្ជកិច្ចរវាងប្រទេសទាំងពីរផងដែរ៕


ព្រមជាមួយគ្នានេះដែរ ភាគីទាំងពីរ បានគូសបញ្ជាក់យ៉ាងច្បាស់ថា រឿងវិនិយោគគឺវាជា រឿងមានសារសំខាន់ណាស់ចំពោះរដ្ឋាភិបាលរបស់ប្រទេសទាំងពីរ សម្រាប់ពង្រីកដៃគូកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងបញ្ហាប្រឈមនានាចំពោះការដាក់ទណ្ឌកម្ម និងសង្រ្គាមពីប្រទេសមហាអំណាចលោកខាងលិច។

សូមជម្រាបថា កាលពីដើមខែមុន នាយករដ្ឋមន្ត្រីស៊ីរី លោក Wael al-Halqi បានធ្វើដំ ណើរទស្សនកិច្ចទៅអ៊ីរ៉ង់ នៅចំពេលដែលប្រទេសទាំងពីរបានចុះហត្ថលេខាស្តីពី អនុស្សារណៈយោគយល់គ្នាពីរចំណុចនៅក្នុងវិស័យសេដ្ឋកិច្ចនោះ៕

Photo by DAP-News

សាលាក្តីខ្មែរក្រហម នឹងបើក សវនាការ នៅថ្ងៃចន្ទ ដោយមានតែ លោក ខៀវ សំផន

0
0

ភ្នំពេញ៖ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដែលគេហៅសាមញ្ញថា សាលាក្តី ខ្មែរក្រហមនោះ នឹងបើកសវនាការ នៅថ្ងៃចន្ទនេះ ដោយមានវត្តមានតែ លោកខៀវ សំផន ចូលរួមតែប៉ុណ្ណោះ ខណៈលោក នួន ជា និងលោក អៀង សារី កំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យ។

លោក នេត្រ ភក្រ្តា មន្រ្តីនាំពាក្យសាលាក្តីខ្មែរក្រហម បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ឲ្យដឹងនៅថ្ងៃ ទី ២៧ ខែ មករា ឆ្នាំ ២០១៣ថា លោក ខៀវ សំផន នឹងចូលខ្លួន នៅក្នុងសាលសវនាការ នៅថ្ងៃចន្ទនេះ បន្ទាប់ពីជនជាប់ចោទរូបនេះ ត្រូវបានក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត អនុញ្ញាតឲ្យវិលត្រឡប់ពីមន្ទីរពេទ្យ មកកាន់មន្ទីរឃុំឃាំង របស់អ.វ.ត.ក វិញ កាលពីថ្ងៃសុក្រ ទី២៥ ខែមករា ឆ្នាំ២០១៣ ។

លោកបន្តថា ចំពោះលោក នួន ជា គឺគាត់ មិនទាន់បានត្រូវក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញ ពីមន្ទីពេទ្យនៅឡើយ ទេ ដោយសារតែលោក នួន ជា ត្រូវបន្តនៅក្នុងមន្ទីរពេទ្យជាបន្តទៀត ដើម្បីព្យាបាលជំងឺរលាកទងសួតរបស់ គាត់បន្តទៅទៀត។ប៉ុន្តែយ៉ាងណាក៏ដោយ បច្ចុប្បន្នស្ថានភាពជំងឺរបស់លោក នួន ជា បានល្អប្រសើជាងមុន ហើយ តែក្រុមគ្រូពេទ្យនៅបន្តតាមដានពិនិត្យសុខភាពរបស់គាត់ ជាបន្តទៀត ដើម្បីឲ្យគាត់ បានជាសះស្បើយ។

លោក នេត្រ ភក្រ្តា បន្ថែមថា “ចំពោះលោក នួន ជា គឺគាត់បានលះបង់សិទ្ធិមានវត្តមាននៅក្នុងសវនាការ បានន័យថាលោក នួន ជា នឹងមិនមានវត្តមាន ក្នុងបន្ទប់សវនាការទេ នៅថ្ងៃច័ន្ទ ហើយលោកអៀង សារី ក៏នឹងលះបង់សិទ្ធិក្នុងការចូលរួមក្នុងបន្ទប់សវនាការដោយផ្ទាល់នោះទេ ប៉ុន្តែគាត់ នឹងនៅចាំស្តាប់ក្នុងបន្ទប់សោតទស្សន៍ នៅខាងក្រោម”។

លោក បញ្ជាក់ថា នៅក្នុងសវនាការខាងមុខនេះ នឹងពិនិត្យទៅលើបញ្ហាសុខភាពរបស់ពួកគាត់ ប៉ុន្តែគេនៅមិនទាន់ដឹងនៅឡើយទេ ចំពោះរបាយការណ៍ ស្តីពីបញ្ហាសុខភាពរបស់ពួកគាត់យ៉ាងណានោះ៕

ពួកលួចទិន្នន័យ វាយលុក ចូលគេហទំព័រ រដ្ឋាភិបាល អាមេរិក

0
0
វ៉ាស៊ីនតោន៖ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ចុះផ្សាយនៅអាទិត្យ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៣នេះ ឲ្យដឹងថា ពួកលួចទិន្នន័យនៅក្នុងប្រព័ន្ធអ៊ិនធើណេត (Hacker) កាលពីថ្ងៃសៅរ៍បានវាយលុក ចូលទៅក្នុង គេហទំព័រក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក នៅក្នុងអ្វី ដែលត្រូវបានគេជឿថា ជាការសងសឹកទៅនឹងការ សម្លាប់សកម្មជនអ៊ិនធើណេត។

គេហទំព័រគណៈកម្មការវិនិច្ឆ័យទោសសហរដ្ឋអាមេរិក ជាទីភ្នាក់ងារទទួលបន្ទុកសម្រាប់ គោលការណ៍ណែនាំវិនិច្ឆ័យទោសសហព័ន្ធរដ្ឋាភិបាលសហរដ្ឋអាមេរិក ត្រូវបានចូលវាយ លុក ។ ពួកHacker ក៏បានបង្ហោះផងដែរនូវសារមួយ ដោយទាមទារឲ្យ សហរដ្ឋអាមេរិក ធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ របស់ខ្លួន បើមិនដូច្នេះ ទេ ពួកគេនឹងធ្វើឲ្យលេចធ្លាយ នូវព័ត៌មានដ៏រសើប ដែលរកបាននៅក្នុងការវាយលុកចូល នៅក្នុងគេហទំព័រនោះ។

យោងតាមសេចក្តីរាយការណ៍ព័ត៌មានដ៏ច្រើន បានឲ្យដឹងថា ក្រុម Hacker ហៅថាជា «ជនអនាមិក» ត្រូវបានគេ សង្ស័យថា នៅពីក្រោយការវាយប្រហារនេះ។ សេចក្តីរាយការណ៍ ជាច្រើនត្រូវបានដកស្រង់ពីលិខិតមួយ ច្បាប់ចេញពីក្រុមនោះ ដោយសរសេរថា ក្រុមខ្លួនបានលួចចូលទៅក្នុងគេហទំព័រគណៈកម្មការវិនិច្ឆ័យទោស សហរដ្ឋអាមេរិក ដើម្បីជាការសងសឹកនិងការសម្លាប់លោក Aaron Swartz ជាសកម្មជនអ៊ិនធើណេតម្នាក់ ដែលត្រូវបានកាត់ទោសប្រហារជីវិតកាលពីដើមខែនេះ។

របាយការណ៍ជាច្រើន បានបង្ហាញពីរដ្ឋអាជ្ញាសហព័ន្ធ បានធ្វើការដេញដោលដោយបង្ខំលើលោក Swartz ដោយចោទប្រកាន់ថា បានទាញយកឯកសារអត្ថបទសិក្សារាប់លានច្បាប់ ក្នុងគោលបំណង ដើម្បីធ្វើការចែក ចាយឯកសារទាំងនោះ ដោយសេរី មុនពេលដែលលោក ត្រូវបានកាត់ទោសប្រហារជីវិតកាលពីថ្ងៃទី១១ ខែមករា។ លោកត្រូវប្រឈមមុខនឹងការចោទប្រកាន់ថា បានក្លែងបន្លំឯកសារកុំព្យូទ័រសហព័ន្ធ ហើយលោក អាចត្រូវជាប់ពន្ធនាគាររយៈពេល៣៥ឆ្នាំ ប្រសិនបើត្រូវបានកាត់ទោស។

គួរបញ្ជាក់ផងដែរថា គណៈកម្មការវិនិច្ឆ័យទោសសហរដ្ឋអាមេរិក ក៏បានចេញនូវសេចក្តីថ្លែងការណ៍មួយដោយ និយាយថា គេហទំព័ររបស់ខ្លួន ឋិតនៅក្នុងដំណើរការធ្វើឲ្យប្រសើរឡើងវិញហើយ នាថ្ងៃសៅរ៍ដដែលនោះ៕


ម្ចាស់ម៉ូតូម្នាក់ទៀត បានមកទទួល​ ម៉ូតូហុងដាឌ្រីម ពីស្នងការដ្ឋាន​ នគរបាល ខេត្តកំពង់ចាម

0
0
កំពង់ចាមៈម្ចាស់ម៉ូតូទី៧ បានមកទទួល ម៉ូតូពីស្នងការដ្ឋាន នគរបាលខេត្ត កំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៣ បន្ទាប់ពីធ្វើការផ្ទៀងផ្ទាត់ ឯកសារលេខតួលេខ ម៉ាស៊ីនត្រឹមត្រូវ នូវម៉ូតូដែលសល់ចំនួន៦គ្រឿងដែល សមត្ថកិច្ចបានចាប់ និងដកហូត ពីជនល្មើស នាពេលកន្លងទៅថ្មីៗ នេះ។

ម្ចាស់ម៉ូតូទី៧នេះ មានឈ្មោះ យាត ស៊ាងហ៊ី ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិបុសពោធិ៍ ឃុំមេស
ជ្រៃ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ជាម្ចាស់ម៉ូតូម៉ាក ហុងដាឌ្រីម សេរីឆ្នាំ២០១០ ពណ៌ខ្មៅ លេខតួលេខ
ម៉ាស៊ីន ៨៤៩០៥៨១ ។

លោក វរសេនីយ៍ឯក ជឹម សេងហុង ស្នងការរងទទួលផែនយុត្តិធម៌ បានមានប្រសាសន៍រំលឹកឲ្យដឹងថា រយៈពេលជាង១០ថ្ងៃកន្លងទៅនេះ ក្រោយពីមានករណីចោរ កាច់សោរក យកម៉ូតូប្រជាពលរដ្ឋ លោក ឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគបាលខេត្ត បានដាក់បទបញ្ជាយ៉ាងតឹងរឹង ដល់កម្លាំង សមត្ថកិច្ចនគរបាល នៅក្នុងក្រុងក៏ ដូចនៅតាមបណ្តាស្រុក ទូទាំងខេត្តកំពង់ចាម ធ្វើយ៉ាងណា ទប់ស្កាត់នូវអំពើចោរកម្មនោះ ។

ក្រោយពីមានបទបញ្ជាដាក់ចុះ ក្នុងនាម លោក ជាប្រធានការិយាល័យកណ្តាលនគរបាលយុត្តិធម៌ បានមានវិធានការ ចាត់កម្លាំងសមត្ថកិច្ចក្រោមឱវាទ ធ្វើការស៊ើបអង្កេត ស្រាវជ្រាវ រហូតដល់ ទទួល បានលទ្ធផលជាវិជ្ជមាន។

លោកបន្តថា "សមត្ថកិច្ចយើង បានរកឃើញម៉ូតូម៉ាកហុងដាឌ្រីម ចំនួន១២គ្រឿង ចាប់ពី សេរីឆ្នាំ២០០៧ ដល់សេរីឆ្នាំ២០១៣ ជាម៉ូតូដែលមុខសញ្ញាចោរកម្មបាន ធ្វើសកម្មភាព នាពេលថ្មីៗ។ ហើយម៉ូតូទាំងនោះ សមត្ថកិច្ចយើង បានដកហូតយកមករក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម និងបានធ្វើការប្រកាសតាមប្រព័ន្ធផ្សព្វផ្សាយរកម្ចាស់"។

បើតាមលោក ស្នងការរូបនេះ ចាប់តាំពីការប្រកាសផ្សព្វផ្សាយ នាថ្ងៃទី ១៥ ខែមករា ឆ្នាំ២០១៣ រហូតមកដល់ថ្ងៃទី២៧ ខែមករានេះ មានម្ចាស់ម៉ូតូចំនួន៧នាក់ហើយ ដែលបានទទួលម៉ូតូ របស់ខ្លួនត្រឡប់ ទៅវិញ ក្រោយពីបានផ្ទៀងផ្ទាត់ឯកសារត្រឹមត្រូវនោះ។

លោក ស្នងការរង បានឲ្យដឹងទៀតថា បច្ចុប្បន្ន នៅសល់ម៉ូតូចំនួន៥គ្រឿងទៀត ដែលមិនទាន់រកម្ចាស់ឃើញ ហើយកំពុងរក្សាទុក នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សម្រាប់ឲ្យអ្នកដែលបាន បាត់ម៉ូតូបន្ត មកផ្ទៀងផ្ទាត់ឯកសារ។

លោក យាត ស៊ាងហ៊ី ដែលទើបបានទទួលម៉ូតូរបស់ខ្លួន បានប្រាប់ដើមអម្ពិលឲ្យដឹងថា ម៉ូតូរបស់លោក
បានបាត់តាំងពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៣ ខណៈពេលដែលលោក ទុកនៅក្រោមផ្ទះ។ហើយពេលនេះ
លោក មានអារម្មណ៍សប្បាយរីករាយណាស់ និងសូមអរគុណដល់សមត្ថកិច្ចនគរបាល ខេត្តកំពង់ចាម ដែលបានខិតខំស្រាវជ្រាវរកម៉ូតូ ធ្វើឲ្យរូបលោកបានទទួលម៉ូតូត្រឡប់មកវិញនាពេលនេះ ៕

Photo by DAP-News

ក្រុមប្រឹក្សា​ រដ្ឋចិន ជម្រុញឲ្យមាន ភាពជឿនលឿន ថ្មីនៅក្នុងទំនាក់ ទំនងរវាង អាមេរិក-ចិន

0
0

ប៉េកាំង៖ ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ ចុះផ្សាយកាល ពីថ្ងៃទី២៧ ខែមករាឆ្នាំ២០១៣ នេះ បានឲ្យដឹងថា លោក Dai Bingguo ក្រុមប្រឹក្សារដ្ឋចិន បាននិយាយកាល ពីថ្ងៃសៅរ៍ថា ចិន និងសហរដ្ឋអាមេរិក គួរតែបន្តនូវ ទំនាក់ទំនងឲ្យបាន រឹងមាំនៅក្នុងផ្នត់គំនិត ក្នុងទិសដៅជាទូទៅនៃ ទំនាក់ទំនងទ្វេភាគី របស់ប្រទេសទាំងពីរ ហើយនិងធ្វើ ឲ្យជឿនលឿននូវ ទំនាក់ទំនងទ្វេភាគី របស់ខ្លួនបន្ថែមទៀត នៅក្នុងយុគសម័យថ្មីនេះ។

លោក Dai Bingguo បានសន្ទនាតាមទូរស័ព្ទជាមួយលោកស្រី ហ៊ីលឡារី គ្លីនតុន រដ្ឋមន្រ្តីការបរទេសសហរដ្ឋ អាមេរិក ថា ទំនាក់ទំនងរវាងចិន និងសហរដ្ឋអាមេរិក ជាទូទៅនៅតែមានភាពរឹងមាំ និងបានធ្វើឲ្យមាន ភាពជឿនលឿនជាវិជ្ជមាន ដ៏សំខាន់កាលពី៤ឆ្នាំកន្លងទៅ ហើយទំនាក់ទំនងរវាងចិននិងសហរដ្ឋមេរិក ក្នុងពេលបច្ចុប្បន្ននេះ ឋិតនៅក្នុងដំណាក់កាលមួយដ៏មានសារៈសំខាន់ដើម្បីសម្លឹងមើលទៅថ្ងៃអនាគត។

ប្រទេសទាំងពីរគួរតែបន្តដើម្បីបំពេញនូវការព្រមព្រៀងគ្នាឲ្យឈានទៅដល់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ហើយនិងនាំមកនូវភាពរឹងមាំដើម្បីទិសដៅជាទូទៅនៃការកសាងរួមគ្នាក្នុងដៃគូសហប្រតិបត្តិគ្នាមួយ ដោយ ត្រូវផ្អែកលើផលប្រយោជន៍ ហើយនិងការគោរពគ្នាទៅវិញទៅមក ថែមទាំងជាបរិការថ្មីមួយនៃការទាក់ទង គ្នារវាងប្រទេសមហាអំណាចធំទាំងពីរ ដូច្នេះជាការជួយសម្រេចឲ្យបាននូវភាពជឿនលឿនកាន់តែជិតស្និទ្ធ ហើយនិងថ្មីនៅក្នុងទំនាក់ទំនងរវាងចិននិងសហរដ្ឋអាមេរិកនៅក្នុងយុគសម័យថ្មីនេះ។

លោកស្រី គ្លីនតុន បាននិយាយថា សហរដ្ឋអាមេរិក ក៏មានបំណងដើម្បីពង្រឹងជាបន្តនូវការផ្លាស់ប្តូររបស់ខ្លួន ដែលក្នុងនោះមានដូចជា ការពិភាក្សាគ្នា និងកិច្ចសហប្រតិបត្តិការជាមួយចិន ហើយនិងធ្វើការរួមគ្នានៅ ក្នុងការកសាងនូវបរិការថ្មីមួយនៃការទាក់ទងគ្នារវាងប្រទេសមហាអំណាចទាំងពីរ ដោយផ្អែកទៅលើភាព ជឿនលឿនដ៏ច្រើន ដែលត្រូវបានធ្វើឡើងនៅក្នុងទំនាក់ទំនងរវាងអាមេរិកនិងចិន ក្នុងរយៈ៤ឆ្នាំកន្លងទៅនេះ៕

អាវុធហត្ថ ខេត្តស្វាយរៀង ចាប់បានមេអាស៊ីត ជិតមួយតោន របស់ក្រុមហ៊ុន ជិនមីយ៉ុង

0
0

ស្វាយរៀង៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តស្វាយរៀង សហការជាមួយកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានស្ទាក់ចាប់ រថយន្តមួយគ្រឿង ដែលបានដឹកមេអាស៊ីត ចំនួន២៥ប៊ីដុង នៅក្នុង ឃុំកណ្ដៀងរាយ ស្រុកស្វាយទាប នៅរសៀលថ្ងៃទី ២៧ ខែមករា ឆ្នាំ២០១៣ ខណៈដែលរថយន្តនេះ បើកមកពីក្រុងបាវិត ឆ្ពោះទៅកាន់រាជធានីភ្នំពេញ។

លោក សឿង សាន ប្រធានក្រុមបង្រ្កាប បទល្មើស នៃស្នងការដ្ឋានកងរាជអាវុធហត្ថ លើផ្ទៃប្រទេសបានប្រាប់ ឲ្យដឹងថា ការចាប់រថយន្ត ដឹកមេអាស៊ីតនេះ គឺបន្ទាប់ពីលោក បានទទួលព័ត៌មាន ពីភ្នាក់ងារ របស់លោកនៅ ក្រុងបាវិតថា មានរថយន្តមួយគ្រឿង បានដឹកមេអាស៊ីត ខុសច្បាប់ ពីក្រុងបាវិតទៅ កាន់រាជធានីភ្នំពេញ លោកក៏បានសហការ ជាមួយ កងរាជអាវុធហត្ថខេត្តស្វាយរៀង ស្ទាក់ឃាត់រថយន្តមួយគ្រឿង ម៉ាកហ៊ីយ៉ាន ដាយកូរ៉េចំណុះ១តោន កន្លះ ពាក់ស្លាកលេខ ភ្នំពេញ ៣A ២៦១៨ របស់ក្រុមហ៊ុន ជិនមីយ៉ុង ដែលបើកបរ ដោយបុរសម្នាក់រួមនិងព្រូឡានម្នាក់ផង នៅចំណុចខាងលើ រួចបញ្ជូនមកកាន់ទីបញ្ជាការដ្ឋាន កងរាជអាវុធ ខេត្តស្វាយរៀង។ 

លោក សឿង សាន បានបន្តថា ការដឹកមេអាស៊ីតនេះគឺមិនមានលិខិតស្នាម អីនោះទេ ដោយអ្នកបើកបរ បានប្រាប់មន្រ្តី អាវុធហត្ថថា មេអាស៊ីតនេះ គឺជារបស់ក្រុមហ៊ុន ជិនមីយ៉ុង ដែលមានទីតាំងនៅ ចាក់អង្រែលើរាជធានី ភ្នំពេញ បានឲ្យពួកគេ ទាំងពីរ យករថយន្ត មកដឹកនៅ ក្រុងបាវិតនេះ ដោយទទួលយកពីឈ្មួញ វៀតណាម តាមច្រករបៀង។

បន្ទាប់ពីចាប់ឃាត់ រថយន្តនេះហើយ មន្រ្តីកងរាជអាវុធហត្ថ បានទាក់ទងបញ្ជូនឲ្យគយចល័ត យកទៅពិនិត្យ ក៏ប៉ុន្តែមន្រ្តីគយបានរវល់ ទើបបានជា ទុកមួយយប់ ហើយនៅព្រឹកនេះ កងរាជអាវុធហត្ថបាន ស្នើសុំព្រះរាជអាជ្ញា ចុះមកបើកឃ្លុប រថយន្តក៏ឃើញមាន ប៊ីដុងអាស៊ីតចំនួន ២៥ប៊ីដុង ដែលក្នុងមួយប៊ីដុង ចំណុះ៤១លីត្រ សរុបទាំងអស់មាន ទំងន់ប្រមាណមួយតោន។

ក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចបាន ប្រគល់ជូនឲ្យ តុលាការចាត់ការបន្ត។ បើតាមសមត្ថកិច្ច មេអាស៊ីតនេះ គឺក្លែងក្លាយ ដែលក្រុមឈ្មួញយួន បានលួចដឹកចេញមកលក់ឲ្យខ្មែរ ដែលអាស៊ីតនេះ វាបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់សុខភាពហើយការ ដឹកនេះគឺច្រើនលើកច្រើនសារ មកហើយដែរ ទើបតែសមត្ថកិច្ចចាប់បាននៅ ពេលនេះ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

មន្ត្រីយូអិន កំពុងស្ថិតនៅ ស៊ីរីសម្រាប់ ជំនួយមនុស្សធម៌

0
0

ដាម៉ាស៖ យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចេញផ្សាយនៅថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៣ នេះថា ស្របពេលដែលអំពើ ហិង្សានៅតែបន្តកើតឡើងយ៉ាងក្តៅគគុក នៅក្នុង ទីក្រុង មួយចំនួនរបស់ប្រទេសស៊ីរីនោះ លោកស្រី វ៉ាល្លឺរី អាម៉ូស ដែលត្រូវជាមន្ត្រី ជាន់ ខ្ពស់ អង្គការសហប្រជាជាតិទទួលបន្ទុកបញ្ហាសិទ្ធិមនុស្ស បានធ្វើដំណើរទស្សនកិច្ចនៅប្រទេស មជ្ឈិមបូព៌ាមួយនេះ ដើម្បីពិភា ក្សាជាមួយមន្ត្រីរដ្ឋាភិបាលពីរឿងផ្តល់ជំនួយមនុស្សធម៌។

មុនដំណើរទស្សនកិច្ចមកដល់រដ្ឋធានីដាម៉ាស កាលពីថ្ងៃអាទិត្យ នោះ លោកស្រីអាម៉ូស បាន ធ្វើទស្សនកិច្ចរយៈពេល ២ថ្ងៃនៅឯ សាលា សាអាដាឡាហ៍ វ៉ាណួស ដែលស្ថិតនៅតំបន់ ម៉ាសាគែន បារហ្សេ ជិតនឹងប្រទេសស៊ីរី ដោយតំបន់នេះត្រូវបាន ជ្រើសយកជា កន្លែងទទួល ជនភៀសខ្លួនស៊ីរី រាប់ម៉ឺននាក់ដែលរត់គេចចេញពីសង្គ្រាមហែកហួរគ្នាក្នុងប្រទេស។

លោកស្រី អាម៉ូស បានប្រាប់អ្នកសារព័ត៌មាននានាថា លោកស្រីធ្វើដំណើរទៅកាន់តំបន់នោះ ដើម្បី ពិនិត្យមើលទីជម្រក និង មន្ទីរ ព្យាបាលជម្ងឺចល័ត។ ជនភៀសមួយចំនួនបានប្រាប់ លោកស្រី ថាពួកគេត្រូវការអ្វីជាច្រើនទៀត សម្រាប់សហគមន៍ របស់ពួក គេនោះ ហើយតាម ពិតទៅពួក គេមិនអាចត្រឡប់មកលំនៅដ្ឋានរបស់ខ្លួនវិញបាននោះទេ ហើយពួកគេក៏បានមិន ដឹងដែរថា មានអ្វីកំពុងតែ កើតឡើងនៅទីនោះដែរ។

គួរបញ្ជាក់តាមសម្តីរបស់លោកស្រី អាម៉ូស ថាជនភៀសខ្លួនស៊ីរី ទាំងអស់បានស្វាគមន៍ និង ត្រេកអរចំពោះអង្គការ ក្រៅរដ្ឋាភិបាល ទាំងឡាយ ដែលបាន និង កំពុងជួយពួកគេ ហើយពួក គេសូមអំពាវនាវឲ្យអង្គការសហប្រជាជាតិជួយបន្ថែមទៀត ទៅដល់ជនភៀស ខ្លួនស៊ីរី ដែល ចេះតែកើនឡើងឥតឈប់ឈរនោះ។

Photo by DAP-News

ច្រកព្រំដែនភ្នំដី នៅសំពៅលូន ភាគីខ្មែរនាំចេញ កសិផល ថៃនាំចូល គ្រឿងសំណង់

0
0

បាត់ដំបង៖ ប្រជាពលរដ្ឋ នៅព្រំដែនភ្នំដី ស្រុកសំពៅលូន បានឲ្យដឹងនៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៣ នេះ ទំនិញឆ្លងកាត់ ច្រកព្រំដែនច្រើនជាងគេ ផលិតផលកសិកម្ម និងគ្រឿងសំណង់។

ក្រុមអាជីវកខ្មែរលក់ដូរនៅក្នុងផ្សារខូវឌីន ក្នុងទឹកដីថៃឲ្យដឹងថា ភាគីថៃបានឆ្លងដែនមកទិញដំបូងមី ពោត និងសណ្តែក ក្នុងមួយថ្ងៃៗ រាប់សិបតោន ជាពិសេសច្រើនជាងគេ គឺដំបូងមី ហើយថៃ ក៏បាននំា ចូលមកខ្មែរវិញផងដែរ នូវស៊ីម៉ង់តិ៍ និងដែក។

ក្រុមអាជីវករទាំងនោះ ក៏បានឲ្យដឹងទៀតថា កសិករដែលដំាដំឡូងមីឆ្នាំនេះ ប្រហែលជាខាត ក៏ព្រោះ តម្លៃដំឡូងមី ដែលថៃបានទិញនៅពេលនេះ វាថោកជាងឆ្នាំមុន ការដំាដុះ ក៏ជួបនូវបញ្ហាជាំទឹកភ្លៀង នំាឲ្យដំឡូងស្អុយរលួយ បូករួមទាំងសមត្ថកិច្ចទាំងភាគីខ្មែរ និងភាគីថៃ នៅតាមច្រកព្រំដែនភ្នំដី-បាន ខូវឌី តម្លើងថ្លៃក្បាលរថយន្តពី២.០០០ បាត ទៅ៣.០០០ បាត។

ពាក់ព័ន្ធនិងការដំឡើងថ្ងៃក្បាលរថយន្តឆ្លងកាត់ព្រំដែនច្រកភ្នំដី-បានខូវឌីន មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅមិនទាន់អាចសុំការបំភ្លឺពីសមត្ថកិច្ចខ្មែរ-ថៃ នៅច្រកព្រំដែនបាននៅឡើយទេ នាថ្ងៃនេះ។

ដោយឡែក ប្រជាពលរដ្ឋនៅច្រកភ្នំដី ស្រុកសំពៅលូន ខេត្តបាត់ដំបង ក៏បានឲ្យដឹងដែរថា នៅក្នុងផ្សារ ខូវឌិន ក្នុងទឹកដីថៃមានអាជីវករប្រមាណ៩០% លក់ដូរក្នុងផ្សារនេះ ពួកគេជួលតូប ក្នុងតម្លៃ ១.៥០០ បាត ទៅ២.៥០០បាត ក្នុងមួយខែ។

ចំណែកឯប្រជាពលរដ្ឋ អ្នកលក់ដូរត្រីសាច់វិញ ជួលតូបក្នុងតម្លៃ៨០០បាត ក្នុងមួយខែ។ ក្រុមប្រជា ពលរដ្ឋក៏បានឲ្យដឹងទឲទៀតថា អាជីវករខ្មែរដែលលក់ដូរនៅក្នុងផ្សារខូវឌីន នេះ គឺលក់ដូរតែ២ម៉ោង ទៅ៣ម៉ោង ប៉ុណ្ណោះ នៅម៉ោង១២ និងម៉ោង១ ថ្ងៃត្រង់ ផ្សារនេះ ត្រូវបិទហើយ។

ចំពោះក្រុមអ្នករុញរទេះ ដឹកឥវ៉ាន់វិញ ពួកអាចមានលទ្ធភាពរកប្រាក់ ក្នុងមួយថ្ងៃចាប់ ពី២០០បាត ទៅ ៣០០ បាត ដោយក្នុងមួយជើង អាចបានចំណូលពី២០បាត ទៅ៣០បាត៕

យុវជនស្ម័គ្រចិត្ដ សម្ដេចតេជា ក្រុមទី១៤១ ចែកគ្រឿងបរិភោគ និងសម្ភារៈសិក្សា ដល់លោកគ្រូ និងសិស្ស ៨៥នាក់

0
0

កោះកុង៖ កាលពីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៣ ក្រុមយុវជនស្ម័គ្រចិត្ដ របស់សម្ដេចតេជោទី១៤១ ដែលមាន ភារៈកិច្ច ចុះវាស់វែងដី ធ្លីជូន ប្រជាពលរដ្ឋ នៅភូមិកោះប៉ោរ ស្រុកមណ្ឌលសីមា ខេត្ដកោះកុងដោយមើលឃើញ នូវភាពលំបាក របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅតំបន់ដាច់ស្រយាល ពិបាកក្នុងការ ធ្វើដំដើរទៅ ទីផ្សារ និងមានចំងាយរាប់ គីឡូម៉ែត្រ ហើយឆ្លងកាត់ ដៃព្រែក សមុទ្រទៀត ផងនោះ បាននាំយកគ្រឿង ឧបភោគ បរិភោគ និងសម្ភារៈសិក្សា ជូនដល់ពួកគេ។

អំណោយទាំងនេះ ត្រូវបានប្រគល់ជូន គ្រូចំនួន២នាក់ ក្នុងម្នាក់ៗ ទទួលបាន ម៉ី១កេះ ទឹកសុទ្ធ១យួ ទឹកក្រូច១យួ ត្រីខកំប៉ុង១យួ ទឹកត្រី១យួ អំបិល១គីឡូក្រាម ស្ករសរ១គីឡូក្រាម ប៊ីចេង១គីឡូក្រាម ខ្ទឹម១គីឡូក្រាម ម្រិច១គីឡូក្រាម ឆៃពៅ១ គីឡូក្រាម ក្រមា១ សៀវភៅ៣ ក្បាល ។

សិស្សមានចំនួន៨៥នាក់ ម្នាក់ៗទទួលបាន សៀវភៅ ចំនួន២ក្បាល ប៊ិច២ដើម ខ្មៅដៃ១ដើម និងថវិកា ១០០០ រៀល។ លោក សៀង វុធថា ប្រធានក្រុម យុវជនស្ម័គ្រចិត្តទី១៤១ បានឱ្យភ្នាក់ងារ ដើមអម្ពិល ឱ្យដឹងថា អំណោយ ដែលចែកជូនដល់ លោកគ្រូ២នាក់ និងសិស្សានុសិស្ស ចំនួន៨៥នាក់ គឺបានមកពីការ ជួយឧបត្ថម្ភ របស់ សមាគមបញ្ញាវន្ដ និងយុវជនស្ម័គ្រចិត្ដ (យុវជនក្រុម១២)ដែលបាន ជួយក្រុមលោក កាលពី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ ហេតុដូច្នេះ ដោយមើលឃើញនូវ ភាពលំបាក របស់លោកគ្រូ និងសិស្សានុសិស្ស ក្រុមយុវជន បានមូលមតិគ្នា ជួយចែករំលែក អំណោយទាំងនោះ ទៅចែកជូនដល់ ពួកគាត់ ដើម្បីជួយដោះស្រាយ បានមួយគ្រា ។

លោក សៀង វុធថា  បានឱ្យដឹងទៀតថា ដោយមើលឃើញ នូវចំណេះដឹង និងខ្វះភាសា បរទេស នៅពេលសម្រាក ពីការងារ ពេលល្ងាច លោកក៏ជួយបង្រៀន ភាសាអង់គ្លេស រយៈពេល១ម៉ោង ថែមទៀតផង។ 

លោក សៀង វុធថា បានបញ្ជាក់ថា តាមរយៈរាជរដ្ឋាភិបាល ដែលបានបញ្ជូនក្រុមលោក ចុះបេសកម្មមកនេះ ទើបលោកដឹងនូវរាល់អ្វីៗ ហើយនេះ ជាបទពិសោធន៏ មួយសំរាប់ជីវិត របស់លោក ដែលបានឆ្លងកាត់ រាល់ការលំបាក រាល់ពេល ចុះបំពេញការងារ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

នាយករដ្ឋមន្រ្តីថៃ នឹងមកចូលរួម ព្រះរាជពិធី ថ្វាយព្រះភ្លើង ព្រះបរមសព ព្រះបិតាជាតិខ្មែរ

0
0

បាងកក៖ នាយករដ្ឋមន្រ្តីថៃ បានពិភាក្សា ជាមួយ រដ្ឋមន្រ្តីការបរទេស ដើម្បីត្រៀមធ្វើដំណើរ ចូលរួមព្រះរាជពិធី ថ្វាយព្រះភ្លើង ព្រះបរមសព ព្រះបាទ នរោត្តម សីហនុ នាថ្ងៃទី ៤ ខែកុម្ភៈ ខាងមុខនេះ។

យោងតាម គេហទំព័រ INN របស់ថៃផ្សាយ នៅថ្ងៃចន្ទ ទី២៨ ខែមករា នេះ បានឲ្យដឹងថា លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ បានជួបប្រជុំ ពិភាក្សា ជាមួយ លោក ស៊ូរ៉ាផុង តូវិចាក់ឆៃគុល រដ្ឋមន្រ្តីក្រសួង ការបរទេសថៃ និងមន្រ្តីពាក់ព័ន្ធ ដើម្បីត្រៀមធ្វើ ដំណើរ ចូលរួមក្នុង ព្រះរាជពិធី ថ្វាយព្រះភ្លើង ព្រះបរមសព ព្រះបាទ នរោត្តម សីហនុ ព្រះមហាវិរៈក្សត្រ ជាតិខ្មែរ នៅថ្ងៃចន្ទ ទី៤ ខែកុម្ភៈ សប្ពាហ៍ក្រោយ ។

ក្រៅពីនេះ លោកស្រី យីងឡាក់ ត្រៀមស្វាគមន៍ ដំណើរទស្សនកិច្ច ជាផ្លូវការមកកាន់ ប្រទេសថៃ របស់លោក ណង់ម៉ាក អ៊ីរ៉ូ នាយករដ្ឋមន្រ្តីបារាំង នៅថ្ងៃទី៤ -៥ ខែ កុម្ភៈ ខាងមុខនេះផងដែរ៕


ម្ចាស់បណ្តើរម៉ូតូ បែកកង់ ចោរវាយ ប្លន់យកហើយ ដឹករត់អត់រួច

0
0

ភ្នំពេញ ៖ នគរបាល ព្រហ្មទណ្ឌខណ្ឌដង្កោ សហការជាមួយ និងនគរបាលប៉ុស្តិ៍ ដង្កោបានឡោមព័ទ្ធ ចាប់ចោរប្លន់ ម៉ូតូបានម្នាក់និង ម្នាក់ទៀតរត់ គេចខ្លួនបាត់ ខណៈដែលក្រុមចោរ ទាំងពីរនាក់នេះបាន ដើរមកធ្វើសកម្មភាព វាយយុវជនពីរនាក់ យកម៉ូតូស្មាសវី មិនបានសម្រេច កាលពីវេលាម៉ោង ២៣ និង ១០ នាទី ថ្ងៃទី ២៧ ខែមករា ឆ្នាំ ២០១៣  នៅចំណុចផ្លូវបេតុងក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ ។

ក្រុមចោរប្លន់ម្នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើនេះមានឈ្មោះ ហ៊ីម វិបុល ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ មានស្រុកកំណើតនៅខេត្តកំពង់ចាម ។ តាម ចម្លើយ សារភាពរបស់ឈ្មោះ ហ៊ីម វិបុលខាងលើនេះបានឲ្យដឹងថា មុនពេលកើតហេតុរូបខ្លួននឹងបក្ខពួកម្នាក់ ទៀត បានដើរតាមផ្លូវបេតុងមួយខ្សែជិតកន្លែងកើតហេតុ ខណៈនោះស្រាប់តែឃើញយុវជនពីរនាក់ និងនារីម្នាក់ បានបណ្តើរម៉ូតូមួយគ្រឿងម៉ាកស្មាសវី ពណ៌ខ្មៅ ស៊េរី ២០១៣ ភ្នំពេញ 1BR-3092 កាត់មុខរបស់ខ្លួន។ ពេល ឃើញឱកាសល្អឈ្មោះ ហ៊ីម វិបុល និងបក្ខពួកម្នាក់ទៀតបែកគំនិតធ្វើសកម្មភាពវាយទៅលើយុវជនពីរ ជាម្ចាស់ម៉ូតូស្មាសវី ហើយប្លន់យកម៉ូតូបណ្តើររត់។ប៉ុន្តែអកុសលភ្លាមនោះក្រុមជនរងគ្រោះបានស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើលដល់នគរបាលមូលដ្ឋានដែលកំពុងដើរល្បាត ឃើញក៏ដេញចាប់បានឈ្មោះ ហ៊ីម វិបុល ភ្លាមៗតែម្តង ចំណែកបក្ខពួកផ្សេងទៀតបានរត់គេចខ្លួនបាត់ស្រមោលអស់ ។

បន្ទាប់ពី សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន ក៏នាំខ្លួនឈ្មោះ ហ៊ីម វិបុល យកមកកាន់អធិការដ្ឋាន នគរបាល ខណ្ឌ ដង្កោដើម្បីធ្វើការសាកសួរតាមចាប់បក្ខពួកម្នាក់ទៀតយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។ ចំណែកម៉ូតូដែលក្រុមចោរប្លន់ត្រូវសមត្ថកិច្ចធ្វើលិខិតប្រគល់ជូនម្ចាស់វិញហើយ៕

www.dap-news.com

នគរបាល បង្ក្រាបរថយន្ត ដឹកឈើ ប្រណីតបាន ១គ្រឿង

0
0

រតនគិរី៖ រថយន្តកាមរី ផ្ទុកឈើ ប្រណីតជាច្រើន ដុំត្រូវបានកម្លំាងនគរបាល ប្រឆំាងបទល្មើសសេដ្ឋកិច្ចនៃ ស្នងកាដ្ឋាននគរបាល ខេត្ត រតនគិរី ស្ទាក់ចាប់បាន កាលពីវេលាម៉ោង ១០ និង ២០នាទីយប់ថ្ងៃទី ២៧ ខែមករា ឆ្នំា ២០១៣ ស្ថិតត្រង់ចំណុចភូមិប៉ក់ធំ  ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

នាយការិយាល័យប្រឆំាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការដ្ឋាន នគរបាលខេត្តរតនគិរី លោក នូវ ដារ៉ា បានថ្លែង ប្រាប់ឲ្យដឹងថា ដោយ មាន ការណែនាំ ពីលោក ឧត្តមសេនីយ៍ត្រី រ៉ាយ រ៉ៃ ស្នងការនគរបាលខេត្ត និងលោក វរសេនីយ៍ឯក ផែន ឌីណា ស្នងការរងទទួល បន្ទុក ការិយាល័យ កណ្តាលយុត្តិធម៌ដល់បណ្តាល មន្រ្តីនគរបាលជំនាញ អនុវត្តបទបញ្ជាលេខ ០០២ របស់ប្រមុខ រាជរដ្ឋាភិបាល ក្នុង ការ ទប់ស្កាត់និងបង្ក្រាបបទ ល្មើសព្រៃឈើ ឲ្យដូចភ្លៀងរលឹម។

លោកវរសេនីយ៍ទោ នូវ ដារ៉ា ប្រាប់បន្តឲ្យដឹងទៀតថា មុននឹងឈានដល់ការស្ទាក់ចាប់ រថយន្តកាមរីស៊េរី ឆ្នំា ១៩៩១ ពណ៌ស្លែគ្មាន ស្លាកលេខនេះបានគឺដោយសារកម្លំាងក្រោមឱវាទរបស់លោក  ទទួលព័ត៌មានពីកម្លំាងសម្ងាត់ថាមានរថយន្តកាមរី ០១គ្រឿងកំពុង ធ្វើចរាចរតាមបណ្តោយផ្លូវ ជាតិលេខ ៧៨ ក្នុងទិសដៅឆ្ពោះទៅកាន់ប្រទេសវៀតណាមសង្ស័យ មានផ្ទុកឈើប្រណីត ទើបសុំយោបល់ ថ្នាក់លើ ឃាត់រថយន្តកាមរី នេះតែម្តង។

លោក នូវ ដារ៉ា បន្ថែមទៀតថា បន្ទាប់ពីធ្វើការត្រួតពិនិត្យរួច កម្លំាំងរបស់លោករកឃើញ មានឈើប្រណីត ប្រភេទធ្នង់ ជាច្រើនដុំហើយ បាននំា យករថយន្តដឹកបទល្មើស នោះមករក្សា ទុកនៅស្នងការដ្ឋាននគរបាល ខេត្តរតនគិរី។ក្នុងព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០១៣ នេះដែរ មន្រ្តីនគរបាលប្រឆំាង បទល្មើស សេដ្ឋកិច្ចខេត្តរតនគិរី បានប្រគល់វត្ថុតាង មានរថយន្តកាមរីស៊េរី ឆ្នំា ១៩៩១ ពណ៌ស្លែគ្មាន ស្លាកលេខ ០១គ្រឿងរួមទំាងឈើប្រណីតប្រភេទធ្នង់ជា ច្រើនដុំឲ្យមន្រ្តីជំនាញ ខណ្ឌរដ្ឋបាលព្រៃឈើខេត្ត រតនគិរី ដើម្បីដោះស្រាយ តាមច្បាប់ស្តីពីព្រៃឈើ៕

Photo by DAP-News

Photo by DAP-News

លោកបណ្ឌិត គឹម សន្តិភាព បើកវគ្គបណ្តុះ បណ្តាល ដល់សកម្មជន យុវជន គណបក្ស ឃុំទាំង៨ នៃស្រុកពាមរក៌

0
0

ខេត្តព្រៃវែង៖ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៣  លោកបណ្ឌិត គឹម សន្តិភាព អនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ សមាជិកក្រុម ការងារ យុវជនគណបក្ស ថ្នាក់កណ្តាល និងជាអនុប្រធាន ក្រុមការងារ យុវជនគណបក្ស ខេត្តព្រៃវែង បានរៀប ចំវគ្គបណ្តុះបណ្តាល ស្តីពី យុវជនដណ្តើមឈ្នះ ដល់សកម្មជន យុវជនស្រុកពាមរក៏ ខេត្តព្រៃវែង ក្រោមអធិបតីភាព លោកបណ្ឌិតរដ្ឋ ជាម យៀប សមាជិកអចិន្ត្រៃយ៍ គណ:កម្មាធិការ កណ្តាល គណបក្ស ប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ថ្នាក់កណ្តាល ចុះជួយស្រុកពាមរក៏-ពាមជរ ខេត្តព្រៃវែង ។

ក្នុងវគ្គបណ្តុះបណ្តាលនេះ មានការចូលរួមជា សិក្ខាកាមពីសកម្មជនយុវជន ឃុំទាំង ៨ និង សកម្មជនយុវជន ស្រុកពាមជរសរុបចំនួន ១២០ នាក់ ។ ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនេះ លោកបណ្ឌិតរដ្ឋ ជាម យៀប  បានផ្តល់នូវការ ណែនាំស្តីពីតួនាទីនិងភារកិច្ច របស់សកម្មជន យុវជនគណបក្ស ក្នុងការចូលរួម ដណ្តើមជោគជ័យ ជូនគណបក្ស ប្រវត្តិ និងសមិទ្ធិផលជាប្រវត្តិសាស្រ្ត របស់បក្សដល់សិក្ខាកាម ដែលបានចូលរួម និងបានពាំនាំការ ផ្តាំផ្ញើអំពីការសាកសួរ សុខទុក្ខពីសម្តេចទាំងបី ដែលជាថ្នាក់ដឹកនាំគណបក្ស ។

 បន្ទាប់មកក៏មាន ការផ្តល់បទអន្តរាគមន៍ លើប្រធានបទមួយ ចំនួនទៀតដូចជា : លក្ខន្តិកៈបក្ស គោលនយោបាយទូទៅ និងគោលនយោបាយតាម ផ្នែករបស់គណបក្ស សមិទ្ធិផល និងសិល្ប:នៃការនិយាយ ជាសាធារណ: ដែលឧទ្ទេសនាមដោយលោក គង់ បូរ៉ា សមាជិកយុវជន គណបក្ស ថ្នាក់កណ្តាល និង លោក រាជ រ៉ា វាគ្មិនយុវជន បក្សខេត្តព្រៃវែង និងក៏មានការចូលរួម ផ្តល់បទពិសោធន៍ ការងារនយោបាយ និងការងារ ប្រតិកម្មរហ័ស ពីសំណាក់លោក សុខ ឥសាន អ្នកតំណាងរាស្រ្ត មណ្ឌលព្រៃវែង និងជាសមាជិក គណកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ផងដែរ ។

  សកម្មជនយុវជនទាំងអស់ បានចូលរួមស្តាប់ដោយ យកចិត្តទុកដាក់ និងបានចូលរួមជា មតិយោបល់យ៉ាងក្លាវក្លា ដែលធ្វើអោយ សកម្មជនយុវជនទាំងអស់ ទទួលបាននូវបទពិសោធន៍ល្អៗ បន្ថែមទៀត ដើម្បីចូលរួម ជាមួយគណបក្សឃុំ និងស្រុកពាមរក៏ ក្នុងការដណ្តើម ជោគជ័យជូនគណបក្ស សំរាប់ការបោះឆ្នោត នីតិកាលទី៥ ដែលនឹង ប្រព្រឹត្តទៅនាថ្ងៃទី ២៨ ខែកក្កដាឆ្នាំ ២០១៣ ខាងមុខនេះ ៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

អាមេរិក ចាប់ផ្តើមលូកដៃ ជ្រៅចូលក្នុង ប្រតិបត្តិការ នៅម៉ាលី

0
0

ស៊ីអិនអិន៖ សហរដ្ឋអាមេរិក បានបញ្ជាក់ពីការលូក ដៃចូលរបស់ខ្លួន នៅក្នុងប្រទេស ម៉ាលី កាន់តែខ្លំាងឡើងៗ ដែលជាកន្លែង ដែលយោធាបារំាង ចាប់ផ្តើមប្រយុទ្ធ ប្រឆំាងនឹងកុ្រមឧទ្ទាមឥស្លាម ។

យោងតាមគេហទំព័រ ស៊ីអិនអិន បានឲ្យដឹងនៅថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៣ថា អាមេរិក នឹងគាំទ្រប្រតិបត្តិការ យោធាបារំាងបន្តទៀត ដោយការដឹកនាំបេសកកម្ម ពីរបៀបចាក់សំាង ក្នុងលំហរអាកាស។ នេះបើតាមការ លើក ឡើង ក្នុងសេចក្តីថ្លែងខ្លីមួយ កាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានកិច្ចសន្ទនា តាមទូរស័ព្ទមួយរវាង រដ្ឋមន្រ្តីការពារជាតិ អាមេរិក លោក លីអន ផានីតា ជាមួយរដ្ឋមន្រ្តីការពារជាតិ បារំាងលោក ហ្ស៊ង់វីយិស ឡឺឌ្រីយែន។

នៅក្នុងសេចក្តីថ្លែងនោះបានលើកឡើងថា «មេដឹកនាំទំាងពីរបានពិភាក្សាអំពីផែនការណ៍ ដែល អាមេរិក នឹង បញ្ជូន កងកម្លំាង ពីប្រទេសអាហ្រ្វិក ក្នុងនោះមានប្រទេស ឆាដ និងប្រទេស តូហ្គោ ដើម្បីគាំទ្រកិច្ចខិតខំ ប្រឹងប្រែង របស់ អន្តរជាតិ ក្នុងប្រតិបត្តិការនៅ ប្រទេសម៉ាលី។ លោក ផានីតា និងលោក ឡឺឌ្រីយែន បានទាក់ទង គ្នាយ៉ាងជាប់អំពីដំណើ ប្រតិបត្តិការនៅម៉ាលី ប្រឆំាងនឹងកុ្រម បណ្តាញភេរវកម្ម។

គួរបញ្ជាក់ផងដែរថា ទាក់ទងនឹងនយោបាយរបស់អាមេរិកនេះដែរ អាមេរិក បានហាមឃាត់មិន ឲ្យមានការផ្តល់ ជំនួយ យោធាដោយត្រង់ទៅ ប្រទេសម៉ាលី ដោយសារតែរដ្ឋាភិបាល ប្រទេសនេះ ទើបបានកើតចេញពី ការធ្វើ រដ្ឋប្រហារ និងគ្មានការគំាទ្រ ណាមួយដោយត្រង់ចំពោះ យោធាម៉ាលី នោះទេ រហូតប្រទេសនេះ ត្រូវបានជ្រើសរើស តាមរយៈការបោះឆ្នោតនោះ ៕

Photo by DAP-News

វិទ្យាស្ថានជាតិ បណ្តុះបណ្តាល បច្ចេកទេស បន្តបើកវគ្គបំប៉ន សមត្ថភាពបន្ថែម ជូនគ្រូបចេ្ចកទេស

0
0

ភ្នំពេញ៖ វិទ្យាស្ថានជាតិ បណ្តុះបណ្តាល បច្ចេកទេស (NTTI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី២៨ ខែមករា ឆ្នាំ២០១៣ បានបន្តបើកវគ្គបណ្តុះ បណ្តាលបំប៉នសមត្ថភាព បន្ថែមជូនដល់គ្រូបច្ចេកទេស ដែលមកពីគ្រឹះស្ថានអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ រាជធានី ខេត្ត-ក្រុងនានា ចំនួន ៣៥នាក់។

លោក ទុន សោភ័ន ប្រធានដេប៉ាត់ម៉ង់វិទ្យាសាស្រ្តអប់រំបណ្តុះបណ្តាលបច្ចកទេស និងវិជ្ជាជីវៈបានថ្លែងឲ្យដឹងថា កាលពីឆ្នាំ២០១២ និងដើមឆ្នាំ២០១៣ វិទ្យាស្ថានបានរៀបចំវគ្គបំប៉ន សមត្ថភាពបន្ថែម ជូនដល់គ្រូបច្ចេកទេស ដែលមកពីគ្រឹះស្ថានអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ នៅទូទាំងប្រទេស បានចំនួន៦លើក និងមានសិក្ខាកាមចំនួន ៣០១នាក់ រួចមកហើយ។ វិទ្យាស្ថានបានបន្ត បើកវគ្គបំប៉នជូន គ្រូបច្ចេទេស បន្ថែមទៀត។

នាយក NTTI លោក យ៉ោក សុទ្ធី បានថ្លែងផងដែរថា វគ្គបំប៉ននេះ ផ្តោតជាចំបងទៅ លើការពង្រឹង សមត្ថភាព គុណភាព ដល់គ្រូបច្ចេក ទេសក៏ដូចជា ការត្រួតពិនិត្យ និងវាយតម្លៃលើការបង្រៀន និងរៀន ដើម្បីក្លាយខ្លួន ជាគ្រូបច្ចេកទេសអាជីព ប្រកបដោយសុពលភាព និងការទទួលខុស ត្រូវចំពោះភារៈកិច្ច ជាគ្រូបង្រៀនល្អ។

លោកនាយកវិទ្យាស្ថាន ក៏បានផ្តំាផ្ញើឲ្យសិក្ខាកាមទាំងអស់ ប្រឹងប្រែងក្រេបជញ្ជក់យកចំណេះ ដឹងដែលគ្រូផ្តល់ ជូនដើម្បីយកទៅ អនុវត្តន៍ ប្រកបដោយប្រសិទ្ធភាពខ្ពស់។គួរបញ្ជាក់ថា វគ្គបំប៉នសមត្ថភាព បន្ថែមជូនគ្រូបច្ចេកទេសនេះ មានរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី ២៨ ដល់ ៣១ ខែមករា ឆ្នាំ២០១២៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Viewing all 8042 articles
Browse latest View live




Latest Images