សៀមរាប : នៅព្រឹកថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១២ អ្នកតំណាង នៃសប្បុរសជន អង្គការ LCMC ប្រចាំកម្ពុជា (Lutheran Congregations in Mission for Christ of Cambodia) និង អង្គការ LMC IOWA ជាមួយ អង្គការ LAM IOWA នៅសហរដ្ឋអាមេរិក បានផ្ដល់សម្ភារ:សិក្សា មានសៀវភៅសរសេរ ប៊ិច ខ្មៅដៃ និងសម្ភារ:មួយចំនួន ទៀតដល់ សិស្ស ២៨៧នាក់ ដែលជួបការលំបាក និងខ្វះសម្ភារ:សិក្សា និងលោកគ្រូ អ្នកគ្រូ នៅសាលាបឋមសិក្សារហាល ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប។
អ្នកស្រី ឱក គឹមស៊ាន ដែលតំណាងសប្បុរសជន នៃអង្គការ LCMC ប្រចាំកម្ពុជា តាមរយ:តំណាង បានឲ្យដឹងថា ដោយបានស្វែងយល់ពីផលលំបាក និងការខ្វះសម្ភារ:សិក្សា របស់សិស្សនៅសាលាបឋមសិក្សា រហាល ទើប សប្បុរសជននៃអង្គការ LCMC ប្រចាំកម្ពុជា និង អង្គការ LMC IOWA ជាមួយ អង្គការ LAM IOWA នៅ សហរដ្ឋអាមេរិក ដែលមានសណ្ដានចិត្តមនុស្សធម៌ បាននាំគ្នាចូលរួមបរិច្ចាគនូវធនធាន ថរិកា របស់ខ្លួនដើម្បី បានរៀបចំសម្ភារ:សិក្សា មានសៀវភៅសរសេរ ប៊ិច ខ្មៅដៃ និងសម្ភារ:មួយចំនួនទៀតផ្ដល់ជូនដល់សិស្ស ២៨៧នាក់ (កុមារី ១៣៥នាក់) ដែលជួបការលំបាក និងខ្វះសម្ភារ:សិក្សា ក្នុងនោះលោកគ្រូ អ្នកគ្រូ ៨រួប (អ្នកគ្រូ៥រូប) បានទួលនូវថវិកា មួយចំនួនសម្រាប់ជាការចែករំលែកនូវការលំបាកក្នុងគ្រានេះផងដែរ។ ហើយ អ្នកតំណាង នឹងពាំនាំនូវការលំបាក និងសំណូមពរទាំងដែលសាលាកំពុងមាន ជូនដល់ក្រុមសប្បុរសជន ក្នុងការពិចារណាក្នុងការជួយដោះស្រាយតាមលទ្ធភាព និងសមត្ថភាព។
លោកគ្រួ សាន សិទ្ធ នាយកសាលាបឋមសិក្សា រហាល និងសាលាគ្រញូង បានថ្លៃងអំណរគុណយ៉ាង ជ្រាលជ្រៅ ចំពោះ លោក លោកស្រី ទាំងជនជាតិខ្មែរ និងបរទេស ដែលជាសប្បុរសជន ដែលបានបរិច្ចាក នូវធនធាន ថវិកា និងពិសេសគឺសណ្ដានចិត្តដ៏មនុស្សធម៌ ក្នុងការគិតគួរ ជួយរំលែកនូវការលំបាករបស់ សហគមន៍ សិស្ស និងលោកគ្រូ អ្នកគ្រូ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើក កម្ពស់វិស័យអប់រំនៅកម្ពុជា ពិសេសនៅជនបទដាច់ស្រយាល ដួចជាសាលា រហាល នៅពេលនេះ។
លោកគ្រូបានបន្ដលើកឡើងនូវផលលំបាក និងសំណូមពរមួយចំនួនដែលសិស្ស លោកគ្រូ អ្នកគ្រូ និងសាលា នៅជួបការលំបាក និងខ្វះខាត ជូនដល់សប្បុរសជន អង្គការ ស្ថាប័ន អាជ្ញាធរ និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយដោះស្រាយ ឧបត្ថម្ភ គាំទ្រ នូវតម្រូវការដ៏ចាំបាច់ និងជាអាទិភាពមានដូចជា ទី១-សាលាបឋមសិក្សា គ្រញូង នៅភូមិគ្រញូង ឃុំតាសៀម នៅជិតជើងភ្នំគូលេន ដែលមានចម្ងាយប្រមាណ ៥គីឡូម៉ែត្រ ពីសាលា បឋមសិក្សា រហាល ដែលជាសាលាចំណុះឲ្យសាលា រហាល នោះ មានអាគារសិក្សាមួយខ្នង មាន៣បន្ទប់ ដែលបានកសាងដោយ តារា ហូលីវូដ ដ៏ល្បី គឺលោកស្រី Angelina Jolie កាលពីប៉ុន្មានឆ្នាំកន្លងទៅ ខ្វះគ្រូ បង្រៀន គឺមានតែគ្រូជាប់កិច្ចសន្យា ដែលពេលខ្លះគ្មានគ្រូបង្រៀន ហើយគ្រូកិច្ចសន្យា១រូបនោះ គាត់ត្រូវបង្រៀន ម្នាក់ឯង៣ថ្នាក់ពីថ្នាក់ទី១ ដល់ ថ្នាក់ទី៤ តែថ្នាក់ទី៣ និងទី៤ ត្រូវបង្រៀនបញ្ចូលគ្នា។ ទី២- សាលាអនុវិទ្យាល័យ រហាល សព្វថ្ងៃបង្រៀននៅក្នុងបរិវេណ និងបន្ទប់ជាមួយ សាលាបឋមសិក្សារហាល និងនៅក្រោមរោងដោល មានសិស្សសរុបជិត ៨០នាក់ មាន៣ថ្នាក់ ពីថ្នាក់ទី៧ ដល់ ទី៩ មានគ្រូសរុប៥នាក់។
លោកគ្រូបានបន្ថែមថា ក្រៅពីនេះ នៅបញ្ហាបន្ទាប់បន្សំ មួយចំនួនទៀត ដូចជា សាលាមិនមាន ប្រភពទឹក ស្អាតប្រើប្រាស់ សិស្សខ្វះសម្ភារ:សិក្សា ខ្វះខាតសំលៀកបំពាក់ សិស្សដែលនៅឆ្ងាយមិនមានកង់ជិះមករៀន និងមិនមានអាហារបំប៉នដល់សិស្សដែលក្រីក្រទាំងនោះ ជាដើម។
លោកគ្រូ អ្នកគ្រូ និងមាតា បិតាសិស្ស ព្រមទាំងអាជ្ញាធរ សូមអំពាវនាវដល់សប្បុរសជន អង្គការ ជាតិ អន្ដរជាតិ ស្ថាប័ន អាជ្ញាធរខេត្ត និងប្រមុខរាជរដ្ឋាភិបាលកម្ពុជា មេត្ដាជួយសិក្សាបន្ថែមពីផលលំបាកដែលសាលា និងសហគមន៍កំពុងជួបប្រទះ ហើយមេត្ដាជួយដោះស្រាយ ឧបត្ថម្ភ គាំទ្រ ដែលជាតម្រូវការទាំងនេះ ជូនពួកគាត់ផង៕