ភ្នំពេញ៖ ក្រោយពីជួប ហេតុការណ៍ គ្រោះថ្នាក់ដ៏រន្ធត់ មិនគួរឲ្យជឿ បណ្តាលឲ្យបាត់បង់ ជីវិតមនុស្សរហូត ដល់ ទៅ៤នាក់ ក្នុងមួយប៉ប្រិចភ្នែក ក្នុងគ្រោះថ្នាក់ចរាចរ រវាងរថយន្តរបស់ តារាចម្រៀង ខេមរៈ សិរីមន្ត និងរថយន្ត កុងតឺន័រ កាលពីវេលាម៉ោងជាង ៩ យប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៣ នេះ បានក្លាយទៅជា សោកនាដកម្មមួយ កំពុងតែ រំជើបរំជួលពីសំណាក់ មហាជនទូទៅ នៅក្នុងការតាមដាន យ៉ាងយកចិត្តទុកដាក់ ពីបណ្តាញសារ ព័ត៌មាន នានា ខណៈសាកសព និងជនរងគ្រោះ ក្នុងហេតុការណ៍នេះ ត្រូវបានគេដឹងថា សុទ្ធសឹងតែជាសាច់ ញាតិអ្នកសិល្បៈល្បីៗ។
ថ្ងៃទី០៨ ខែមីនា នេះត្រូវបានគេដឹងថា សពជនរងគ្រោះដែលបានស្លាប់នៅ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ មានដូចជាឈ្មោះ ជី វីរៈ ដែលជាកូនប្រុសរបស់តារាកំប្លែងល្បី នាយកុយ បានដឹកមកដល់ភ្នំពេញ នឹងកំពុង តម្កល់ ធ្វើបុណ្យនៅក្នុងវត្តសន្សំកុសល ។ ដោយឡែកជនរងគ្រោះឈ្មោះ អ៊ាច វណ្ណៈ ដែលជាកូនប្រុស របស់ តារា កំប្លែងលោក យាយ ណយ សំណាង ក៏បានដឹងមកដល់ភ្នំពេញ នឹងកំពុងតម្កល់ធ្វើបុណ្យ នៅក្នុងវត្ត ទួលទំពូង។
លោក ខេមរៈ ភារុណ ដែលត្រូវជាបងប្រុសបង្កើតរបស់ លោក ខេមរៈ សិរីមន្ត បានថ្លែងប្រាប់ មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល ខណៈដែលលោកកំពុងជិះរថយន្តចេញពីកំពង់សោមមកភ្នំពេញ មុននេះបន្តិចថា “សពជន រងគ្រោះ ដែលបាត់បង់ជីវិត ក្នុងហេតុការណ៍នោះ ត្រូវបានសមត្ថកិច្ចជួយដឹក បញ្ជូនមកភ្នំពេញ ជាបណ្តើរៗអស់ ហើយ គឺតាំងពីម៉ោង ២ទៀបភ្លឺមកម៉្លេះ ។ ចំណែកខាងផលិតកម្មសាន់ដេ ក៏កំពុងតែខ្វែងដៃខ្វែងជើងចូលរួមជួយ ចាត់ចែងជាមួយសាច់ញាតិជនរងគ្រោះ និងទាក់ទងជាមួយសមត្ថកិច្ចជាប្រចាំ ដើម្បីដោះស្រាយហេតុការណ៍ នេះផងដែរ ” ។
លោក ខេមរៈ ភារុណ បានបន្តទៀតថា ដោយឡែកស្ថានភាពតារាចម្រៀង ខេមរៈ សិរីមន្ត បន្ទាប់ពីជួបហេតុ ការណ៍ ដ៏រន្ធត់កាលពីយប់រួចមក រហូតមកដល់ពេលនេះ គឺប្អូនប្រុសរបស់លោក នៅមិនទាន់អាចនិយាយ អ្វីកើត នោះទេ គឺពោរពេញដោយអារម្មណ៍តក់ស្លុតរន្ធត់យ៉ាងខ្លាំង ខ្វល់ខ្វាយដេកមិនលក់ និងហាក់បីដូចជា ភ្លេចភ្លាំង ខ្លះៗ ព្រោះហេតុការណ៍នេះ បានដក់ជាប់ក្នុងអារម្មណ៍ ខេមរៈ សិរីមន្ត មិនអាចនឹងងាយលុបបំបាត់បានឡើយ ។
ខេមរៈ ភារុណ បានបន្ថែមទៀតថា រហូតមកដល់មកពេលនេះ សិរីមន្ត កំពុងតែសម្រាកនៅក្នុងក្រុងព្រះសីហនុ នៅឡើយ ដើម្បីដោះស្រាយជាមួយសមត្ថកិច្ច និងភាគីបង្កគ្រោះថ្នាក់ម្ខាងទៀត ហើយមិនដឹងប្រាកដថា នឹងវិល ត្រឡប់មកភ្នំពេញវិញ នៅថ្ងៃណានោះទេ ។ ដោយឡែកចំពោះការប្រគំតន្ត្រីស្រាបៀរ ថៃហ្គឺរ នាល្ងាចនេះ ក៏ត្រូវ លើក ពេលចោលដែរ ៕