ភ្នំពេញៈ ក្រោយសម័យសង្រ្គាមញាំញីច្រើនឆ្នាំ កម្ពុជាបានក្លាយជាប្រទេសខ្ទេចខ្ទី ស្ទើរទាំងស្រុង មិនតែប៉ុណ្ណោះ សង្រ្គាមបានបន្សល់នូវជនពិការ ជនអនាថា ក្មេងកំព្រាជាច្រើន នៅទីប្រជុំជនតាមបណ្តាខេត្តនានា ជាពិសេសក្នុង រាជធានីភ្នំពេញ គេតែងសង្កេតឃើញមានកុមារអនាថា បាននិងកំពុងយក ចិញ្ចើមផ្លូវ សំយ៉ាបផ្ទះ ទីអារ៉ាម និង សួនច្បារជាផ្ទះសម្បែង និងដើរប្រមូលចំណីអាហារសល់តាមភោជនីយដ្ឋាននានា ដើម្បីចិញ្ចឹមជីវិត។ ផ្តើមចេញ ពីក្តីអាណិតស្រឡាញ់ចំពោះក្មេងៗ ដែលមិនធ្លាប់ទទួលភាពកក់ក្តៅ ការបីបមថ្នមថ្នាក់ពីឪពុកម្តាយ និងរបប អាហារទៀងទាត់នោះហើយ បានជំរុញឲ្យអង្គការមួយឈ្មោះថា «ផ្ទះបាយកុមារ» បានចាប់កំណើតឡើង ក្នុង បំណងផ្តល់នូវរបបអាហារប្រចាំថ្ងៃ និងបង្កើតឱកាសសិក្សា ពោលគឺពន្លឺជីវិតថ្មី ជូនដល់កុមារអនាថានៅកម្ពុជា។
«ផ្ទះបាយកុមារ» ស្ថិតនៅតាមបណ្តោយផ្លូវ៤៥៤ ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន ស្ថិតនៅមិនឆ្ងាយពី ផ្សារបឹងត្របែកប៉ុន្មានឡើយ ដោយបង្កប់ខ្លួនជាមួយអគារផ្ទះល្វែងជ្រោងច្រាង អគារ២ល្វែងជាប់គ្នា អមដោយ ដើមស្វាយ២ដើម ជាមួយសំឡេងអឺងកង រញេចរញាចប្លែកពីលំនៅដ្ឋានដទៃទៀត ទីនេះជាកន្លែងផ្តល់នូវភាព សប្បាយរីករាយ ផ្តល់ឱកាសសិក្សា និងអាហារូបត្ថម្ភផ្សេងៗ ដល់ក្រុមក្មេងៗអនាថា រើសអេតចាយ និងសុំទាន រាប់រយនាក់ រួមទាំងទារកផងដែរ។
ក្នុងឯកសណ្ឋានអាវសក្រឡាបង្កង់ ខោពណ៌ខ្មៅ សក់ស្កូវព្រោង លោក ង៉ូវ ឈីវ ប្រធានអង្គការផ្ទះបាយកុមារ បានប្រាប់ឲ្យដឹងទាំងទឹកមុខរីករាយថា ផ្តើមចេញពីបទពិសោធការងារជាមួយកុមារជាច្រើនឆ្នាំ ក្រោមដំបូលអង្គ ការក្រៅរដ្ឋាភិបាលមួយ ជាពិសេសទឹកចិត្តអាណិតស្រឡាញ់ បានជំរុញឲ្យរូបលើកបង្កើតអង្គការ «ផ្ទះបាយកុមារ» នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១០។ បន្ទាប់ពីបង្កើតរយៈពេលប្រមាណជា៣ឆ្នាំមកនេះ អង្គការរបស់លោកបានបំពេ ញ បេសកកម្ម ជួយដល់កុមាររាប់ពាន់នាក់ ដោយផ្តល់ជាចំណីអាហារ សម្ភារៈសិក្សា សម្លៀកបំពាក់ ជាពិសេស ភាពកក់ក្តៅ ការអាណិតស្រឡាញ់ ដែលក្មេងៗកំពា្រ ក្មេងហិតកាវ ក្មេងរើសអេតចាយ ពុំធ្លាប់មានពីមុនមកនោះ។
ជាមួយនឹងបេសកកម្មមនុស្សធម៌ផ្តោតសំខាន់ជួយដល់កុមារ និងទារកនៅកម្ពុជា ដោយមិនមាននិន្នាការនយោ បាយ ឬសាសនានោះ លោក ង៉ូវ ឈីវ បានបន្តថា ជារៀងរាល់ខែលោកត្រូវចំណាយជាង១ម៉ឺនដុល្លារ ដើម្បី ចំណាយថ្លៃម្ហូបអាហារ សម្ភារៈសិក្សា សម្លៀកបំពាក់ ជូនកុមារអនាថានៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាសាខានៅ ព្រែកក្តាម ព្ររមទាំងថ្លៃទឹកដោះគោសម្រាប់ទារក ដែលឪពុកម្តាយរបស់គេខ្វះខាត និងត្រូវឪពុកម្តាយបោះបង់ ចោលផងដែរ។
កញ្ញា ម៉ៅ ផល្លា ជាសហការីកំពុងបម្រើការងារនៅក្នុងអង្គការផ្ទះបាយកុមារ ដែលមានសកម្មភាពយ៉ាងស្និទ្ធស្នាល ជាមួយកុមារ ក៏បានរៀបរាប់ផងដែរថា ជារៀងរាល់ថ្ងៃមានកុមារប្រមាណជា២៥០នាក់ បានមកបរិភោគអាហារ នៅផ្ទះបាយកុមារ ដោយថ្ងៃខ្លះមាននំបុ័ងសម្លការី នំបញ្ចុកសម្លការី ពេលខ្លះក៏មានបាយសាច់ជ្រូកផងដែរ តែពួក គេមិនបង្កការលំបាកពេលរៀបចំបាយទឹកនោះទេ។
កញ្ញាបញ្ជាក់ថា «យើងមិនមានផលលំបាកក្នុងរៀបចំអាហារជូនពួកគេនោះទេ ព្រោះយើងបានបង្រៀនពួកគេ ឲ្យចេះទទួលខុសត្រូវលើខ្លួនឯង ដូចជាចេះលាងចាន និងទុកដាក់ចានបាយរបស់គេ»។
នៅលើតុបាយដែលមានក្មេងៗជាច្រើននាក់ ក្នុងសម្លៀកបំពាក់ចាស់ៗចម្រុះគ្នា ភាគច្រើនឪពុកម្តាយរបស់គេជា អ្នករើសអេតចាយ ខ្លះទៀតជាអ្នកញៀនថ្នាំនោះ កុមារីម្នាក់ ក៏ដូចកុមារីរួមតុមួយចំនួនទៀត បានអះអាងដូចៗគ្នា ថា ពួកគេសប្បាយចិត្ត ដែលបានអង្គការផ្តល់បាយទឹក ក៏ដូចជាសម្ភារៈឲ្យទៅសាលា ហើយពួកគេតែងតែនាំគ្នា មកហូបអាហារនៅក្នុងអង្គការជារៀងរាល់ថ្ងៃ ដោយក្នុងមួយថ្ងៃហូប២ពេល។
កុមារីរូបនេះបញ្ជាក់ថា «នៅផ្ទះញាំបានតែមួយចាន់ ដោយសារពុកម៉ែរកលុយមិនសូវបាន គាត់ជាអ្នករើសអេត ចាយ»។
មិនខុសពីកុមារីខាងលើនេះដែរ កុមារាម្នាក់ទៀត ពាក់អាវខ្មៅចាស់ណាស់ទៅហើយនោះ ដោយដៃម្ខាងកាន់នំបុ័ង ដៃម្ខាងកាន់ស្លាបព្រាដួសសម្លការី បាននិយាយមួយៗថា រូបគេតែងតែមកញ៉ាំបាយនៅអង្គការជារៀងរាល់ថ្ងៃរយៈ ពេលជាងមួយឆ្នាំមកហើយ នៅពេលព្រឹក និងពេលថ្ងៃ។
ដោយឪពុកម្តាយបានលែងលះគ្នាទៅហើយនោះ កុមារារូបនេះ មិនបានចូលសាលារៀននោះទេ រូបគេតែងតែដើរ រើសអេតចាយជារៀងរាល់ថ្ងៃ តែទោះជាយ៉ាងណារូបគេ នៅតែមានបំណងចង់ចូលសាលារៀនដូចក្មេងដទៃទៀត ដែរ។
ក្រៅតែពីជួយផ្តល់ម្ហូបអាហារ សម្ភារៈសិក្សាដល់ក្មេងកំព្រាដ៏សែនកម្សត់ជាច្រើននាក់នោះ «ផ្ទះបាយកុមារ» ក៏ បានជួយអប់រំ ដល់ក្មេងៗហិតកាវ ញៀនថ្នាំជាច្រើន ឲ្យពួកគេចៀសឆ្ងាយពីសារធាតុញៀន បែរមករកការសិក្សា។ មិនតែប៉ុណ្ណោះអង្គការ បានជួយបង្ហាត់បង្រៀនការរាំរបាំ ក៏ដូចជាការសម្តែងផ្សេងៗ ពោលគឺធ្វើយ៉ាងណាជួយ កុមារអនាថាទាំងអស់ អាចមានឱកាសទទួលបាននូវអនាគតមួយដ៏ភ្លឺស្វាង។
កុមារី មិថុនា ជាសមាជិកក្នុងក្រុមរបាំ ដែលអង្គការ«ផ្ទះបាយកុមារ» បង្ហាត់បង្រៀននោះ បានឲ្យដឹងថា រូបគេ សប្បាយចិត្តណាស់ ដែលបានអង្គការយកទៅសាលារៀន និងផ្តល់សម្ភារៈសិក្សាជាច្រើន ខណៈដែលម្តាយរបស់ គេជាអ្នករើសអេតចាយ និងឪពុកជាអ្នករត់ម៉ូតូឌុប គ្មានលទ្ធភាពបញ្ជូនចូលសាលារៀននោះ។ រហូតមកដល់ ពេលនេះ កុមារី មិថុនា រៀនបានថ្នាក់ទី៣ហើយ នៅសាលាហ៊ុននាង បឹងត្របែក។ កុមារី មិថុនា ក៏មានបំណង ប្រាថ្នារបស់ខ្លួនចង់ក្លាយទៅជាអ្នកសិល្បៈផងដែរ ប្រសិនបើបានអង្គការជួយផ្តត់ផ្គង់រហូតនោះ។
មិនខុសពី មិថុនា ដែលជាមិត្តរួមក្រុមសម្តែងរបាំដែរ កុមារី ស្រី កែវ ក៏បានបញ្ជាក់ថា រូបគេបានចូលមកហូបបាយ នៅក្នុងអង្គការរយៈពេល៣ឆ្នាំមកហើយ ព្រមទាំងទទួលបានការផ្គត់ផ្គង់សម្ភារៈសិក្សាដូចគ្នាដែរ។
«ផ្ទះបាយកុមារ» មិនត្រឹមតែជួយដល់កុមាអនាថា ក្មេងកំព្រា និងទារកនោះទេ អង្គការមួយនេះ ក៏បានជួយផ្គត់ផ្គង់ ដល់និស្សិតដែលកំពុងខ្វះខាតនៅក្នុងការសិក្សាផងដែរ។ លើសពីនេះទៀត អង្គការមួយនេះ ជួយអប់រំពន្យល់ ណែនាំឲ្យក្មេងៗ ដែលត្រូវសង្គមបំភ្លេចចោលជាច្រើននាក់ ឲ្យត្រឡប់មកទទួលបាននូវពន្លឺជីវិតថ្មីសម្រាប់ ពួកគេ តាមរយៈការសិក្សារៀនសូត្ររហូតដល់ចប់មហាវិទ្យាល័យក៏មាន ដោយទទួលបានការឧបត្ថម្ភគាំទ្រទាំងស្រុងពី អង្គការ ។
ក្នុងនាមជាអង្គការមួយដែលមានការចំណាយរហូតជាង១ម៉ឺនដុល្លារក្នុងមួយខែនោះ សម្រាប់ការហូបចុក សម្ភារៈ សិក្សា សម្លៀកបំពាក់ កុមារ អនាថា និងក្មេងកំព្រា លោក ង៉ូវ ឈីវ បានអះអាងថា ដោយភាពជឿជាក់ពីម្ចាស់ ជំនួយទាំងក្នុង និងក្រៅប្រទេស លើសកម្មភាពរបស់អង្គការផ្ទះបាយកុមារនោះ រហូតមកដល់ពេលនេះ អង្គការ ទទួលបានការផ្គត់ផ្គង់ និងគាំទ្រពីម្ចាស់ជំនួយ អាចជួយឲ្យរូបលោកបន្តការងារមនុស្សធម៌បានជាច្រើនឆ្នាំ ទៅមុខ ទៀត តែទោះបីជាយ៉ាងណា លោកក៏នៅតែព្រួយបារម្ភផងដែរលើការទ្រទ្រង់ផ្នែកហិរញ្ញវត្ថុ។
លោកបញ្ជាក់ថា «វាពិបាកនៅពេលដែលយើងទទួលកុមារ ដែលមានភាពស៊ាំទៅនឹងគ្រឿងខ្លាំង យើងពិបាកក្នុង ការជួយគេ ដូច្នេះយើងត្រូវការចំណាយច្រើន...។ ពេលការងារយើងទទទួលបានជោគជ័យកាន់តែខ្លាំង ការចំ ណាយរបស់យើងក៏កាន់តែខ្ពស់ផងដែរ»។
លោក ង៉ូវ ឈីវ ក៏បានថ្លែងអំពាវនាវដល់សម្បុរសជនទាំងអស់ ដែលមានសម្ភារៈក្មេងលេង ឬអង្រឹងទារកតូចៗ សម្ភារៈសិក្សា ដែលឈប់ប្រើប្រាស់សូមកុំបោះចោលអាចយកទៅប្រគល់ជូនអង្គការរបស់លោក ដើម្បីផ្តល់ឲ្យ ក្មេងៗនៅក្នុងអង្គការទាំងអស់ បានលេង និងយកទៅប្រើប្រាស់បន្ត។
លោកបានអំពាវនាវថា «សូមអ្នកមានទ្រព្យសម្បត្តិ មេត្តាចែកនូវប្រេងសំណាងរបស់ខ្លួន ជួយដល់កុមារដែលចាប់ កំណើតជាមួយឪពុកម្តាយ ដែលគ្នាគ្មានលទ្ធភាពជួយផ្គត់ផ្គង់ដល់កូន»។
ទោះបីជាបន្ទុកនៃការចំណាយធំធេងក្តីប្រធានអង្គការផ្ទះបាយកុមារ លោក ង៉ូវ ឈីវ នៅតែរក្សាទឹកចិត្តសណ្តោស ប្រណីអាណិតស្រឡាញ់ និងឆន្ទៈមុះមុតរបស់ខ្លួនថា នឹងព្យាយាមស្វែងរកជំនួយឲ្យបានកាន់តែច្រើនថែមទៀត ជួយដល់កុមារអនាថា ក្មេងកំព្រា និងទារកនៅកម្ពុជា ហើយបើសិនជាមានការជួយឧបត្ថម្ភពីសម្បុរសជនទាំងក្នុង និងក្រៅស្រុក កាន់តែច្រើនថែមទៀតនោះ លោកនឹងពង្រីកវិសាលភាពអង្គការ ក៏ដូចជាបង្កើតសាខានៅតាម ជាយៗក្រុង ដើម្បីជួយក្មេងៗអនាថាកម្ពុជាឲ្យបានកាន់តែច្រើនថែមទៀត៕
{jwplayer}http://111.92.240.170:81/dap-news/dap-images/2013/March/id-009/ricehouse.mp4&image=http://111.92.240.170:81/dap-news/dap-images/2013/March/id-009/ST-089.jpg&width=500&height=320{/jwplayer}
ក្មេងៗក្នុងអង្គការផ្ទះបាយកុមារ នាំគ្នាស្រស់ស្រូបអាហារ
កុមារីក្នុងអង្គការផ្ទះបាយកុមារ សម្តែងរបាំជូនពរ
កុមារីក្នុងអង្គការផ្ទះបាយកុមារ សម្តែងឈុតឆាករឿងទុំទាវ
រូបថតសកម្មភាពអង្គការផ្ទះបាយកុមារ ជួយចិញ្ចឹមទារក ដែលត្រូវម្តាយបោះបង់ចោល ឬខ្វះលទ្ធភាពចិញ្ចឹម
ប្រធានអង្គការ លោក ង៉ូវ ឈីវ ពន្យល់ពីការងារក្នុងអង្គការនាពេលកន្លងមក