ភ្នំពេញ ៖ គេសង្កេតឃើញ គ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅ ក្នុងរាជធានីភ្នំពេញ ក៏ដូចជា តាមបណ្តាខេត្ត ក្នុងប្រទេសកម្ពុជា ភាគីច្រើនកើតឡើង ដោយសារ អ្នកបើកបរស្រវឹងស្រា ហើយបើកលឿន មិនចេះអធ្យាស្រ័យគ្នា ដូចជា ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយបុរសម្នាក់ ស្រវឹងចេញហូបការ បើករថយន្តលឿន បុកធ្លាយចូលលំនៅឋាន ប្រជាពលរដ្ឋ និងម៉ូតូរ៉ឺម៉ក់ កង់បី ដែលចតទុកស្ងៀមពេញទំហឹង តែម្តង ដែលបណ្តាលឲ្យមនុស្ស រួមដំណើរក្នុង រថយន្តពីរនាក់ និងម្ចាស់ម៉ូតូរ៉ឺម៉ក់កង់បីត្រូវរងរបួស។
គ្រោះថ្នាក់បង្កឡើងកាល ពីវេលាម៉ោង កាលពីវេលាម៉ោង១និង០០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៣ នៅមុខផ្ទះលេខ៨២ យីហោ ឪសថស្ថាន បន្ទាយស្រី តាមបណ្តោយ មហាវិថីព្រះសីហនុ ក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។
យោងតាមសេចក្តីរាយការណ៍ ពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេសង្កេតឃើញ បុរសម្នាក់វ័យជាង ៣០ ឆ្នាំ រួមដំណើរ ជាមួយបុរសពីរនាក់ទៀតបាន បើករថយន្តមួយគ្រឿង ម៉ាកកាមរីបឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2U1697 បានបើកក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវលេខ ៥១ ( ម៉ាស្ទរ) ក្នុងទិសដៅពី ជើងទៅ ត្បូង លុះបើកមកដល់ចំណុច កែងផ្លូវព្រះសីហនុ រថយន្តបង្កហេតុបានទាញ ចង្កូតបត់មកខាងស្តាំដៃ ប៉ុន្តែដោយសារតែល្បឿន រថយន្តលឿនពេក ទាញចង្កូតមិនទាន់បាន ជ្រុលទៅបុកម៉ូតូកង់បី ដែលចតទុកនៅមុខផ្ទះខ្ទាតផ្លោង ហើយរថយន្តបាន បន្តបុក ទម្លាយចូលទៅក្នុងលំឋានមួយកន្លែងទៀត នៅជិតចំណុចកើតហេតុ ទើបរថយន្តអស់ល្បឿនទៅមុខ លែងរួច គឺបណ្តាលឲ្យ រថយន្តបង្កហេតុ ត្រូវរងការខូចខាតផ្នែកខាងមុខ ទាំងស្រុង និងសសរទ្វារផ្ទះប្រជាពលរដ្ឋ ត្រូវរងការខូចមួយផ្នែកធំ និងម៉ូតូកង់បី ដែលចតទុកស្ងៀមហើយ ត្រូវរថយន្តបើកបុកវិញ ក៏ត្រូវរងការខូចខាតច្រើនដែរ លើសពីនេះ អ្នករួមដំណើរក្នុងរថយន្ត ពីរនាក់ និងម្ចាស់កង់បីម្នាក់ ត្រូវរងរបួស ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងនគរបាលចរាចរណ៍ ខណ្ឌចំការមន បានចុះទៅអន្តរាគមន៍ ដល់ចំណុចកើតហេតុ ។ ប៉ុន្តែករណីខាងលើនេះអ្នកបើករថយន្តបង្កហេតុបាន រត់គេចខ្លួនបាត់ដោយមាន អ្នកផ្សេងចេញមុខមក ដោះស្រាយ សំណងជូនម្ចាស់ម៉ូតូកង់បី និង សងថ្លៃខូចខាត ផ្ទះប្រជាពលរដ្ឋដោយមិនបាន ឲ្យសមត្ថកិច្ចស្ទូចយក រថយន្តទៅរក្សាទុកឡើយ។ សមត្ថកិច្ចបានបញ្ជាក់ថាគ្រោះថ្នាក់នេះបង្កឡើង ដោយសារតែអ្នកបើកបរ ស្រវឹងស្រា បាត់បង់ស្មារតីបើកលឿន ៕