Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ប្រជាពលរដ្ឋ​ នៅតំបន់ អូរ៣ជាន់ សប្បាយចិត្ត ដោយសារ មានផ្លូវ ប្រើប្រាស់

$
0
0

បន្ទាយមានជ័យ-អូរ៣ជាន់៖ ប្រជាពលរដ្ឋនៅ ឃុំអូរ៣ជាន់ និងតំបន់ជាប់ឃុំនេះ ដែលពីមុន ធ្លាប់តែធ្វើដំណើរពិបាកនោះ នៅពេលនេះ មានអារម្មណ៍សប្បាយរីរាយ ដោយសារតែមានផ្លូវជាតិ ប្រើប្រាស់នាពេលខាងមុខដ៏ខ្លី។

អ្នករត់ម៉ូតូឌុប ក៏ដូចអ្នកធ្វើដំណើរចេញចូលតាមផ្លូវ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅ កាន់ចំណុច ច្រកព្រំដែនអូរ៣ជាន់ ប្រវែងជិត ២០គីឡូម៉ែត្រ ចន្លោះបង្គោលព្រំដែនកម្ពុជា និងថៃលេខ ៤៣-៤៤ ស្ថិតក្នុងទឹកដីឃុំអូរ៣ជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាប់នឹងឃុំគោកធ្យូង ស្រុកគោកធ្យូង ខេត្តស្រះកែវ ប្រទេសថៃ បានសំដែងក្តីរីករាយ ដោយសារមានផ្លូវជាតិ ជំនួសផ្លូវដី ពិបាកធ្វើដំណើរ ពិសេសក្នុងរដូវវស្សា។

បុរសឈ្មោះ សន ជាប្រជាពលរដ្ឋរស់នៅក្នុងឃុំអូរ៣ជាន់ បាននិយាយប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៣ ត្រង់ចំណុចព្រំដែននោះថា ជាច្រើនជំនាន់មកហើយ នៅក្នុងទឹកដីនេះ មិនដែលមានផ្លូវទំហំធំ និងក្រាលកៅស៊ូដូចពេលនេះឡើយ ទើបតែពេលនេះប៉ុណ្ណោះ។
លោកបញ្ជាក់ថា «ផ្លូវនេះកាលពីមុន ពិបាកធ្វើដំណើរណាស់ ពិសេសរដូវភ្លៀង ហើយក្រោយពីផ្លូវនេះសាងសង់រួចរាល់ ប្រជាពលរដ្ឋនៅក្នុងតំបន់អូរ៣ជាន់ ពិតសប្បាយចិត្ត ពីព្រោះពួកគេ ងាយស្រួលក្នុងការធ្វើចរាចរណ៍ ពិសេសដឹកជញ្ជូនកសិផលដូចជា ស្រូវ ដំឡូង និងទំនិញផ្សេងៗទៀត»។

អភិបាលស្រុកអូរជ្រៅ លោក កែវ សែន មានប្រសាសន៍ឲ្យដឹងថា ផ្លូវដែលមានប្រវែង ជិត ២០គីឡូម៉ែត្រកំពុងតែធ្វើនេះ ជាជំនួយឥតសំណងរបស់ប្រទេសចិន មានតម្លៃប្រមាណ ៨លានដុល្លារ ដែលលោកបានខិតខំផ្តួចផ្តើមទាក់ទាញជំនួយនេះ ដោយមានការជួយជ្រោមជ្រែងអន្តរាគមន៍ពីថ្នាក់ដឹកនាំខាងលើ។
លោកអភិបាលស្រុកបានបញ្ជាក់ថា កំណាត់ផ្លូវនេះ ពិតជាមានសារៈសំខាន់សម្រាប់ ជាតិ និងប្រជាជននៅតំបន់អូរ៣ជាន់ «ផ្លូវនេះ គិតទាំងជើងផ្លូវមានទំហំ ៩ម៉ែត្រ ចំណែកសាច់កៅស៊ូខាងលើទំហំ ៧ម៉ែត្រ ធ្វើរួចរាល់នៅក្នុងខែមេសា ខាងមុខ។ ផ្លូវនេះតភ្ជាប់ពីផ្លូវក្រវ៉ាត់ព្រំដែនពីតំបន់ផ្សេង ទៅកាន់ចំណុចច្រកព្រំដែនអូរ៣ជាន់។ ប្រយោជន៍ដទៃទៀតមានខាងធ្វើដំណើរ និងចរាចទំនិញ បំរើឲ្យវិស័យសេដ្ឋកិច្ច»។

ចំណែកបញ្ហាអគ្គិសនីវិញ លោកអភិបាលស្រុក បានឲ្យដឹងថា សព្វថ្ងៃមានតម្លៃជិត៤.០០០៛ មួយគីឡូវ៉ាត់ម៉ោង និងក្នុងពេលខាងមុខនឹងធ្លាក់មកនៅត្រឹមជាង ១.០០០៛ ប៉ុណ្ណោះ ក្រោយពីអូសខ្សែភ្លើងទៅដល់។

ប្រធាន ប៉ុស្តិ៍ច្រកព្រំដែនអូរ៣ជាន់ លោក ភាង រិន បានឲ្យដឹងថា ច្រកព្រំដែនអូរ៣ជាន់ នេះ ភាគីកម្ពុជា មានឆន្ទៈចង់បង្កើតឲ្យក្លាយទៅជាច្រកទ្វារព្រំដែនផ្លូវការ ប៉ុន្តែភាគីថៃ មិនទាន់បានផ្តល់ចម្លើយឲ្យពិតប្រាកដនៅឡើយទេ ដូច្នេះភាគីកម្ពុជា នៅរង់ចាំតែខាងភាគីថៃយល់ព្រមតែប៉ុណ្ណោះ។

ចំពោះចំនួនប្រជាជន និងបញ្ហានយោបាយវិញ អភិបាលស្រុកអូរជ្រៅ លោក កែវ សែន បានឲ្យដឹងថា នៅឃុំអូរ៣ជាន់មានប្រជាជនប្រមាណជិត ២០.០០០នាក់ ភាគច្រើនជា អ្នកគាំទ្រគណបក្សហ៊្វុនស៊ិនប៉ិច និងលោកតា សឺន សាន ពីព្រោះតំបន់ព្រំដែនអូរ៣ជាន់ ជាប់ប្រទេសថៃនេះ សម្បូរទៅដោយជំរុំភៀសខ្លួន កាលពីសម័យតស៊ូត្រីភាគី ប៉ុន្តឥឡូវប្រជាពលរដ្ឋទាំងនោះ ភាគច្រើនបោះឆ្នោតឲ្យគណបក្សប្រជាជនម្ពុជា ដោយសារឃើញការយកចិត្តទុកដាក់ រីកចម្រើន និងអភិវឌ្ឍនៅមូលដ្ឋាន ក៏ដូចថ្នាក់ជាតិ ក្រោមការដឹកនាំរបស់គណ បក្សប្រជាជនកម្ពុជា។ បច្ចុប្បន្ន សមាជិកក្រុមប្រឹក្សាឃុំ គណបក្សប្រជាជនកម្ពុជា មានប្រៀប ច្រើនលើសលុបលើគណបក្សនានា៕

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>