បាត់ដំបង៖ អភិបាល ខណ្ឌមានជ័យ លោក គួច ចំរើន រួមដំណើរ ដោយអភិបាលរងខណ្ឌ លោក ហៀក ចាន់លៀង លោក ស ថេត ស្នងការនគរបាល ខេត្តបាត់ដំបង លោក ហាក់ សុខមករា អនុរដ្ឋលេខាធិការក្រសួងធនធានទឹក និងមន្រ្តីពាក់ព័ន្ធ ជាច្រើនរូបទៀត នៅព្រឹកថ្ងៃ អាទិត្យទី២៧ ខែមករា ឆ្នាំ២០១៣ បានចុះទៅដល់ ទីតាំងឈរជើង របស់ក្រុមយុវជន ស្ម័គ្រចិត្ត ក្រុមទី៣១ នៅភូមិតាក្រី ឃុំតាក្រី ស្រុកកំរៀង ហើយបានចែក អំណោយ ជាថវិកា និងគ្រឿងឧបភោគ បរិភោគជាច្រើនមុខ ។
លោក គួច ចំរើន បានឲ្យដឹងថា អាជ្ញាធរ ខណ្ឌមានជ័យ ទាំងមូល បានចំណាយ ពេល២ថ្ងៃ ចុះមកសួរសុខទុក្ខ ព្រមទាំងនាំ យកអំណោយ និងថវិកា មកចែកជូនដល់ ក្រុមយុវជនស្ម័គ្រចិត្ត ដែលបាន និងកំពុងបំពេញ បេសកកម្ម ការងារ ជាប្រវត្តិសាស្រ្ត ចុះមកវាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ នៅខេត្តបាត់ដំបង ។
នៅក្នុងឱកាសនោះ លោក គួច ចំរើន បានផ្តាំផ្ញើពីការសួរសុខទុក្ខ ពីសំណាក់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និងលោកជំទាវ ហើយបានលើកឡើង ពីប្រសាសន៍របស់សម្តេចថា នៅផ្ទះម្តាយទីទៃ នៅព្រៃម្តាយតែមួយ។
ដូច្នេះពេលចុះមកនេះ ត្រូវធ្វើចេះជួយគ្នានិងធ្វើយ៉ាងណា ឲ្យប្រជាពលរដ្ឋ ស្រឡាញ់រាប់អាន និងនឹករលឹក ពេលចេញទៅវិញ។
ជាមួយគ្នានេះ លោក គួច ចំរើន បានថ្លែងអំណរគុណ ដល់ ឪពុកម្តាយរបស់ ក្រុមយុវជនស្ម័គ្រចិត្ត ទាំងអស់ ដែលបានអនុញ្ញាតិឲ្យ កូនចៅរបស់ខ្លួន ចុះមកវាស់វែង ដីធ្លី ជូនប្រជាពលរដ្ឋ នៅតាមបណ្តា ខេត្តស្របតាម គោលនយោបាយចាស់ សកម្មភាពថ្មី របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ជាប្រមុខ៕