កោះកុង៖ កាលពីរសៀល ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៣ ក្រុមយុវជនស្ម័គ្រចិត្ដ របស់សម្ដេចតេជោទី១៤១ ដែលមាន ភារៈកិច្ច ចុះវាស់វែងដី ធ្លីជូន ប្រជាពលរដ្ឋ នៅភូមិកោះប៉ោរ ស្រុកមណ្ឌលសីមា ខេត្ដកោះកុងដោយមើលឃើញ នូវភាពលំបាក របស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅតំបន់ដាច់ស្រយាល ពិបាកក្នុងការ ធ្វើដំដើរទៅ ទីផ្សារ និងមានចំងាយរាប់ គីឡូម៉ែត្រ ហើយឆ្លងកាត់ ដៃព្រែក សមុទ្រទៀត ផងនោះ បាននាំយកគ្រឿង ឧបភោគ បរិភោគ និងសម្ភារៈសិក្សា ជូនដល់ពួកគេ។
អំណោយទាំងនេះ ត្រូវបានប្រគល់ជូន គ្រូចំនួន២នាក់ ក្នុងម្នាក់ៗ ទទួលបាន ម៉ី១កេះ ទឹកសុទ្ធ១យួ ទឹកក្រូច១យួ ត្រីខកំប៉ុង១យួ ទឹកត្រី១យួ អំបិល១គីឡូក្រាម ស្ករសរ១គីឡូក្រាម ប៊ីចេង១គីឡូក្រាម ខ្ទឹម១គីឡូក្រាម ម្រិច១គីឡូក្រាម ឆៃពៅ១ គីឡូក្រាម ក្រមា១ សៀវភៅ៣ ក្បាល ។
សិស្សមានចំនួន៨៥នាក់ ម្នាក់ៗទទួលបាន សៀវភៅ ចំនួន២ក្បាល ប៊ិច២ដើម ខ្មៅដៃ១ដើម និងថវិកា ១០០០ រៀល។ លោក សៀង វុធថា ប្រធានក្រុម យុវជនស្ម័គ្រចិត្តទី១៤១ បានឱ្យភ្នាក់ងារ ដើមអម្ពិល ឱ្យដឹងថា អំណោយ ដែលចែកជូនដល់ លោកគ្រូ២នាក់ និងសិស្សានុសិស្ស ចំនួន៨៥នាក់ គឺបានមកពីការ ជួយឧបត្ថម្ភ របស់ សមាគមបញ្ញាវន្ដ និងយុវជនស្ម័គ្រចិត្ដ (យុវជនក្រុម១២)ដែលបាន ជួយក្រុមលោក កាលពី ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៣ ហេតុដូច្នេះ ដោយមើលឃើញនូវ ភាពលំបាក របស់លោកគ្រូ និងសិស្សានុសិស្ស ក្រុមយុវជន បានមូលមតិគ្នា ជួយចែករំលែក អំណោយទាំងនោះ ទៅចែកជូនដល់ ពួកគាត់ ដើម្បីជួយដោះស្រាយ បានមួយគ្រា ។
លោក សៀង វុធថា បានឱ្យដឹងទៀតថា ដោយមើលឃើញ នូវចំណេះដឹង និងខ្វះភាសា បរទេស នៅពេលសម្រាក ពីការងារ ពេលល្ងាច លោកក៏ជួយបង្រៀន ភាសាអង់គ្លេស រយៈពេល១ម៉ោង ថែមទៀតផង។
លោក សៀង វុធថា បានបញ្ជាក់ថា តាមរយៈរាជរដ្ឋាភិបាល ដែលបានបញ្ជូនក្រុមលោក ចុះបេសកម្មមកនេះ ទើបលោកដឹងនូវរាល់អ្វីៗ ហើយនេះ ជាបទពិសោធន៏ មួយសំរាប់ជីវិត របស់លោក ដែលបានឆ្លងកាត់ រាល់ការលំបាក រាល់ពេល ចុះបំពេញការងារ ៕