ព្រះវិហារ៖ គណៈកម្មការអន្តរក្រសួង ដើម្បីសម្របសម្រួលរៀបចំ និងអភិវឌ្ឍន៏តំបន់ព្រំដែនភាគ ខាងខាងលិច ដឹកនាំដោយលោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួង អភិវឌ្ឍន៍ ជនបទ និង លោក នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេរភូមិន្ទ កាលពីថ្ងៃទី៣០ ខែមករា កន្លងមកនេះ បានចុះពិនិត្យនិងវាយតម្លៃ អំពីលទ្ធផលនៃការអភិវឌ្ឍន៏ភូមិឋាន និង ការសាងសង់ផ្ទះ ជូនគ្រួសារកងទ័ពជំហានទី២ នៅទិសប្រាសាទព្រះវិហារ និងទិសខេត្តឧត្តរមានជ័យ។
តាមសេចក្តីរាយការណ៍ របស់លេខាធិការដ្ឋាន នៃគណៈកម្មការអន្តរក្រសួង ដើម្បីសម្រប សម្រួលរៀបចំ និងអនុវត្តគម្រោងអភិវឌ្ឍន៍ តំបន់ព្រំដែនភាគខាងលិច បានឲ្យដឹងថា៖ ក្នុង រយៈកាលជាង៤ឆ្នាំមកនេះ ក្រុមការងារបានសម្រេចនូវភារកិច្ចជាយុទ្ធសាស្រ្តជាច្រើន តាម ទស្សនវិស័យ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា សំដៅប្រែក្លាយតំបន់ព្រំដែន ដែលជាអតីតតំបន់ប្រយុទ្ធ ឲ្យក្លាយជា តំបន់មានការ អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសជិតខាង។
លទ្ធផលជាក់ស្តែង គិតត្រឹមខែមករាឆ្នាំ២០១៣នេះ នៅទិសប្រាសាទព្រះវិហារសម្រេច ការសាងសង់ផ្ទះជំហ៊ានទី២ បានចំនួន១៣៦ខ្នង លើផែនការ៩៨៣ខ្នង និងនៅទិសឧត្តរមានជ័យ ចំនួន៨២៦ខ្នង លើ ផែនការ១.១០០ខ្នង។
ក្រៅពីតួលេខ នៃការសាងសង់ផ្ទះខាងលើនេះ ក្រុមកាងារអន្តរ ក្រសួង ក៏នៅបានសម្រេចកិច្ចការមួយចំនួនទៀត រួមមាន៖ ការបែងចែកដីជូនគ្រួសារ កងទ័ព ការកសាងផ្លូវធ្វើដំណើរ ស្ថាបនាអគារសិក្សា មណ្ឌលសុខភាព ជីកស្រះទឹក អណ្តូងទឹក សាងសង់បង្គន់អនាម័យ និងការផ្តល់ពូជដំណាំហូបផ្លែផ្សេងៗជាដើម។
បច្ចុប្បន្ននេះគេសង្កេតឃើញ ភូមិជាច្រើននៅជាប់តំបន់ព្រំដែន ដែលរាជរដ្ឋាភិបាលទើប បង្កើតថ្មី កំពុងទទួលការរីកលូតលាស់ជាបន្តបន្ទាប់ ដែលសមិទ្ធិផលទាំងនេះ ពិតជាបង្អែក ដ៏កក់ក្តៅសំរាប់កងទ័ពគ្រួសារ កងទ័ពរស់នៅប្រកបដោយភាពសុខុដុមរម្យនា រួមចំណែក ដល់ការបំពេញភារកិច្ចជាប្រវត្តិសាស្រ្ត ក្នុងបុព្វហេតុការពារ បូរណភាពទឹកដី និង ការពារ សុខសុវត្ថិភាពតំបន់ព្រំដែន ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។
ជាមួយនឹងក្នុងដំណើរ ចុះពិនិត្យវាយតម្លៃ នៃការអភិវឌ្ឍន៏នេះដែរ លោក ជា សុផារ៉ា និង លោកនាយឧត្តមសេនីយ៍ គន់ គីម បានជំរុញដល់ក្រុមការងារទាំងអស់ ត្រូវ បន្តសាងសង់ផ្ទះឲ្យឆាប់ ចប់រួចរាល់មុនរដូវវស្សាចូលមកដល់ ដោយធានាទាំងគុណភាព និង សោភ័ណ្ឌភាព ជាពិសេស បានផ្តាំផ្ញើឲ្យប្រជាពលរដ្ឋគ្រប់ក្រុមគ្រួសារ ត្រូវយកចិត្តទុកដាក់ធើ្វការដាំដុះឲ្យ អស់ផ្ទៃដី និងចិញ្ចឹមសត្វឲ្យបានច្រើន ដើម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃ៕