ឧត្តរមានជ័យៈ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៣ថ្មីៗនេះ លោក ត្រាំ អ៊ីវតឹក រដ្ឋមន្រ្តីក្រសួង សាធារណការ និងដឹកជញ្ជូន បានទៅសួរសុខទុក្ខ និងនាំយកអំណោយ សម្ភារៈបរិក្ខារ ថវិកា គ្រឿងឧបភោគ បរិភោគ មួយចំនួន ចែកជូន ដល់ វីរយុទ្ធជន ក្នុងអង្គភាពសម្ព័ន្ធមេត្រីភាព វរៈសេនាតូចលេខ ៤១៥ នៃកងពលតូចថ្មើរជើងលេខ៤១ នៅស្រុកអន្លង់វែង និងវរៈសេនាតូចលេខ៤២៥ នៃកងពលតូច ថ្មើរជើងលេខ៤២ នៅសង្កាត់អូរស្មាច់ ខេត្តឧត្តរមានជ័យ ។
ក្នុងពេលជួប សំណេះសំណាល ជាមួយមេបញ្ជាការ និង ពលទាហាន ដែលឈរជើងនៅតំបន់ទាំង២ ខាងលើលោក ត្រាំ អ៊ីវតឹក បានមានប្រសាន៍ថា ឆ្នាំ២០១២ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានរៀបចំពិធីបើកការដ្ឋាន និងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធិផលធំៗ ចំនួន១២លើករួចមក ។
លោកទម្លាយឱ្យដឹងថា នៅដើម ឆ្នាំ២០១៣នេះ យើងត្រៀមសមិទ្ធផល ចំនួន០៣ ផ្សេងទៀត គឺ១-ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៣ ត្រៀមបើក ការដ្ឋានសាងសង់ និងស្តារកំណាត់ផ្លូវជាតិលេខ៦ ពីថ្នល់កែង ដល់អង្រ្គង ខេត្តសៀមរាប ប្រវែងសរុប ២៤៨,៥២គីឡូម៉ែត្រ ។ ២-ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ ត្រៀមរៀបចំ ពិធីបើកការដ្ឋាន សាងសង់ស្ពានកោះធំ ប្រវែង៤២១ម៉ែត្រ ទទឹង១៣,៥០ម៉ែត្រ និងផ្លូវតភ្ពាប់ស្ពាន នៅត្រើយ ខាងកើត ប្រវែង ៣០០ម៉ែត្រ ភ្ជាប់ផ្លូវខេត្តលេខ១១០ ត្រង់ចំណុចភូមិព្រែកថ្មី ឃុំជ្រោយតាកែវ និងស្ថិតត្រើយខាងលិច ប្រវែង ១០៩ម៉ែត្រ ភ្ជាប់មកផ្លូវជាតិ លេខ២១ ត្រង់ចំណុចភូមិ ព្រែកធន់ ឃុំព្រែកស្ពឺ ស្រុកកោះធំ មានប្រវែងសរុប ទាំងសងខាង ៤០៩ ម៉ែត្រ ទទឹង ផ្លូវ១៤ ម៉ែត្រ ក្រាលបេតុងកៅស៊ូ (AC) ទទឹង១០.៨ ម៉ែត្រ និងទី៣-ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៣ ត្រៀមរៀបចំពិធីបើកការដ្ឋាន សាងសង់ ផ្លូវជាតិ លេខ៤៤ (ច្បារមន-ឱរ៉ាល់-ឧត្តុង្គ) ប្រវែងសរុប ១៣៩,៦០៧គីឡូម៉ែត្រ ទទឹង១១ម៉ែត្រ ស្ពាន ១៦កន្លែង លូជ្រុង១១កន្លែង និងលូមូល ១៩៤កន្លែង ។
ស្របជាមួយគ្នានេះដែរ គណៈប្រតិភូក្រសួង បាននាំយកមកនូវអំណោយជាសម្ភារៈ ថវិកាមួយចំនួន ជូន ដល់បងប្អូនវីរយុទ្ធជន យុទ្ធនារី វរៈសេនាតូច លេខ៤១៥ និង៤២៥ តាម អង្គភាពនីមួយៗរួមមាន៖ ១)-អង្ករ ៨០បាវ ២)-មីយើង ៥០កេស ៣)-ទឹកត្រី ១០០យួរ ៤)-ទឹកស៊ីអ៊ីវ ១០០យួរ ៥)-ទឹកបរិសុទ្ធ ២០០យួរ ៦)-ថ្នាំពេទ្យ ៥០០កញ្ចប់ ៧)-ថវិកាម្នាក់ៗ ចំនួន២០.០០០៛(ពីរម៉ឺនរៀល) ៨)-ថវិកាជូនអង្គភាពនីមួយៗទទួល បាន ១០.០០០.០០០៛ (ដប់លានរៀល) ៕