ញូយ៉ក៖ ប្រេសិតជាន់ខ្ពស់ កូរ៉េខាងត្បូង បាននិយាយ នៅថ្ងៃចន្ទ ទី០៤ ខែកុម្ភៈថា ក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិ ដែលដឹកនាំ ដោយប្រទេស កូរ៉េខាងត្បូង ដែលទើបនឹង ក្លាយជាប្រធាន យូអិននៅខែនេះ នឹងចាត់វិធានការយ៉ាងតឹងរ៉ឹង និងខ្លំាងក្លា ប្រឆំាងនឹង ប្រទេសកូរ៉េខាងជើង ប្រសិនបើមានការ សាកល្បងនុយក្លេអ៊ែរ ណាមួយនោះ ។
យោងតាមទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ បានឲ្យដឹងនៅថ្ងៃអង្គារ ទី០៥ ខែកុម្ភៈ ឆ្នាំ២០១៣ ដោយ ស្រង់សម្តីរបស់លោក គីម ស៊ូក អគ្គរដ្ឋទូតកូរ៉េខាងត្បូង ប្រចាំនៅអង្គការ សហប្រជាជាតិថា «ការសាកល្បង នុយក្លេអ៊ែរណាមួយ នឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ បន្ទាប់ពីមានការចេញផ្សាយពីសារព័ត៌មានខុសៗគ្នាថា រដ្ឋកុម្មុយនីសកូរ៉េខាងជើង បាន ត្រៀមបច្ចេកវិទ្យារបស់ខ្លួនរួចជាស្រេចហើយ ក្នុងការសាកល្បង តាមរយៈនុយក្លេអ៊ែរ ដែលនៅសេសសល់។
លោកបានបង្ហាញថា «សកម្មភាពមមាញឹកនៅមូលដ្ឋានសាកល្បងនុយក្លេអ៊ែរ ពុងហ្គី របស់ កូរ៉េខាងជើង ជាទីតំាងដែលប្រទេសកុម្មុយនីស្តឯកោមួយនេះ សាកល្បងនុយក្លេអ៊ែរ ពីរលើកមកហើយ គឺនៅឆ្នាំ២០០៦ និងឆ្នាំ២០០៩»។
លោក គីម បានប្រាប់អ្នកយកព័ត៌មានថា «ក្រុមប្រឹក្សាសន្តិសុខ នឹងចាត់វិធានការឲ្យបាន តឹងរ៉ឹង និងខ្លំាងក្លា ប្រសិនបើប្រទេសកូរ៉េខាងជើង ហ៊ានសាកល្បងនុយក្លេអ៊ែរទៀត»។
គួរបញ្ជាក់ផងដែរថា ពាក់ព័ន្ធនឹងបញ្ហាកូរ៉េខាងជើងនេះដែរ កាលពីខែមុន ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បានអនុម័តលើដំណោះស្រាយមួយ ដើម្បីពង្រីកទណ្ឌកម្មយ៉ាង ស្វិតស្វាញមួយ ទៅលើប្រទេសកូរ៉េខាងជើង ដែលបានបាញ់បង្ហោះគ្រាប់រ៉ូកែតចម្ងាយឆ្ងាយ និងហាមមិនឲ្យប្រទេសនេះ សាកល្បងបច្ចេកវិទ្យាមីស៊ីលណាមួយដាច់ខាត៕