- ហោរាសាស្រ្តចិន៖ មនុស្សឆ្នាំម្សាញ់ គួរសុំពរពីអ្នកដទៃ ឲ្យបានច្រើន និងព្យាយាមនិយាយ តែអ្វីដែលល្អ និងចៀសវាងសម្តីមិនពីរោះស្តាប់
ភ្នំពេញ៖ ប្រជាពលរដ្ឋចិនប្រមាណជា ៧សែននាក់ កំពុងតែរកស៊ី និងប្រកបជំនួញនៅកម្ពុជា ដោយភាតរភាព ក្រោមចំណងនយោបាយមិត្ត ភាព និងកិច្ចសហប្រតិ បត្តិជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងរាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋាភិបាលចិន។ នេះបើយោងតាមការបញ្ជាក់ថា របស់លោក អៀក ស៊ីង ប្រធានការិយាល័យ សមាគមចិន ប្រចាំនៅកម្ពុជា។
លោក អៀក ស៊ីង បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលតាមទូរស័ព្ទនៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៣ ដែល ជាថ្ងៃដែលប្រជាពលរដ្ឋចិននាំសែនព្រេនជូនកុងម៉ា និងទេវតាឆ្នាំថ្មីនោះថា ប្រជាពលរដ្ឋចិននៅកម្ពុជាភាគច្រើន ជាអ្នករកស៊ី និងជាអ្នកជំនួញ ហើយការរស់នៅ ក៏ដូចជាការប្រកបជំនួញរបស់ពួកគាត់ ក៏មិនដែលមានបញ្ហាអ្វី ជាផលលំបាក និងឧបស័គ្គនោះដែរ។ លោក អៀក ស៊ីញ បានបញ្ជាក់ថា «ក្រោមការយកចិត្តទុកដាក់ពីអាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា បានបង្កលក្ខណៈងាយស្រួលដល់ការរកស៊ី និងធ្វើជំនួញរបស់ពលរដ្ឋចិននៅ កម្ពុជា»។
ជំនឿរបស់ប្រជាពលរដ្ឋចិន សម្រាប់ឆ្នាំម្សាញ់
ខណៈដែលឆ្នាំថ្មី ឆ្នាំម្សាញ់ របស់ប្រពៃណីចិន ឈានចូលមកដល់នោះ នៅតាមផ្ទះអ្នកជំនួញ និងអ្នកមានស្តុក ស្តម្ភជាច្រើននៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាប្រជាពលរដ្ឋខ្មែរខ្លះផងដែរ ដែលជាប់សែស្រឡាយចិន បាននាំគ្នា រៀបចំសែនព្រេនទ្រង់ទ្រាយតូចធំទៅតាមលទ្ធភាព ឧទ្ទិសថ្វាយដល់កុងម៉ា និងទេវតាឆ្នាំថ្មី។
ពាក់ព័ន្ធនិងការសែនព្រេននេះ លោក អៀក ស៊ីញ បានបញ្ជាក់ថា នៅមុនថ្ងៃបុណ្យចូលឆ្នាំឈានចូលមកដល់ ដែលចិន គេហៅថា ថ្ងៃចាយនោះ ប្រជាពលជនចិន ក៏ដូចជាអ្នកជាប់សែស្រឡាយចិន នាំគ្នាថ្វាយតង្វាយ ដូចជា ជ្រូកខ្វៃ ទាខ្វៃ មាន់ស្ងោ ផ្លែឈើ បន្លែ លុយកាក់ និងរបស់របរសំខាន់ៗជាច្រើនទៀត ដើម្បីឧទ្ទិសថ្វាយជូនដល់ កុងម៉ា និងទេវតាឆ្នាំថ្មី។
បើតាមលោក អៀក ស៊ីញ បានបញ្ជាក់ថា ការសែនព្រេននេះ គឺធ្វើទៅតាមលទ្ធភាពមិនមានការកំណត់នោះទេ។ គ្រាន់តែថា តាមជំនឿរបស់ប្រជាពលរដ្ឋចិន បើសែនព្រេនកាន់តែធំ ការរកស៊ី និងប្រកបរបរជំនួញសម្រាប់ឆ្នាំថ្មី ក៏កាន់តែរីកចម្រើន និងសម្បូរសប្បាយទៅហ្នឹងដែរ។
លោក អៀក ស៊ីង បានថ្លែងយ៉ាងដូច្នេះ «ការសែនព្រេនមិនមានការកំណត់ ឬបង្ខិតបង្ខំនោះទេ គឺធ្វើទៅតាមលទ្ធ ភាព... សែនដូនតាដូនតាជួយ សែនទេវតា ទេវតាជួយ »។
ពាក់ព័ន្ធនិងការរៀបចំផ្ទះសម្បែងវិញ លោក អៀក ស៊ីង បានឲ្យដឹងថា នៅថ្ងៃមុនពេលដែលថ្ងៃចូលឆ្នាំឈានចូលមកដល់នោះ ប្រជាពលរដ្ឋចិន ក៏ដូចអ្នកជាប់សែស្រឡាយចិនទាំងអស់ ត្រូវនាំគ្នារៀបចំ បោសសំអាត និងតុប តែងផ្ទះសម្បែង ព្រមទាំងបិទពាក្យស្លោក ដែលមានអត្ថន័យថា រកស៊ីមានបានជាដើម។
ដោយឡែកនៅថ្ងៃចូលឆ្នាំចិន តាមទំនៀមទម្លាប់ចិន គេក៏បានហាមប្រាមមិនឲ្យបោសសំអាតផ្ទះសម្បែង និងបោក គក់ខោអាវនោះទេ ហើយនៅថ្ងៃនេះដែរ គេនឹងទៅដើរលេងជួបជុំជាមួយសាច់ញាតិ ក្រុមគ្រួសារ បន្ទាប់ពីរវល់ ពេញមួយឆ្នាំ ជាមួយការរកស៊ី និងប្រកបជំនួញ ចិញ្ចឹមជីវិតនោះ។ នេះបើតាមការបញ្ជាក់របស់លោក អៀក ស៊ីញ។
ដោយឡែកការប្រគល់អាំងប៉ាវវិញ លោក អៀក ស៊ីញ បានឲ្យដឹងថា ការឲ្យអាំងប៉ាវនេះ បើឲ្យក្មេងៗ មានន័យ ថា ជូនពរឲ្យរៀនសូត្របានឆ្លាតវៃ បើជូនចាស់ទុំវិញ មានន័យថា ជាការដឹងគុណចំពោះឪពុកម្តាយ និងចាស់ព្រឹទ្ធា ចារ្យ និងសូមជូនពរឲ្យពួកគាត់មានសុខភាពល្អ។
ថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំម្សាញ់ ត្រូវចំថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៣ ជាថ្ងៃដែលសប្បាយ និងមានសេច ក្តីសុខបំផុតសម្រាប់ក្រុមគ្រួសារសាច់ញាតិរបស់ជនជាតិចិន ក៏ដូចជាអ្នកជាប់សែស្រឡាយចិន។
តែក៏មានការហាមប្រាមឲ្យប្រុងប្រយ័ត្នផងដែរ សម្រាប់ប្រជាពលរដ្ឋចិន ដែលកើតឆ្នាំកុរ ឆ្នាំខាល ឆ្នាំវក និងឆ្នាំ ម្សាញ់ ព្រោះជាឆ្នាំ ដែលឆុងនឹងទេវតាចិន ឆ្នាំម្សាញ់២០១៣។ ឆ្នាំកុរ ត្រូវប្រយ័ត្នប្រយែងពីរឿងលុយកាក់ ឯក សារ ឧប្បត្តិហេតុ រួមទាំងសុខភាពផងដែរ ចំណែកទិសល្អ គឺទិសខាងជើង ខាងត្បូង និងទិសខាងកើតឆៀងខាង ជើង។ ឆ្នាំខាល ជាឆ្នាំឆុងបែបប្រយោល មិនសូវមានសភាពធ្ងន់ធ្ងរ ក៏ប៉ុន្តែអ្វីដែលគួរប្រយ័ត្នគឺភាពទាស់ទែងគ្នារវាងមិត្តភក្ដិ រឿងសុខភាព និងខែ ដែលគួរប្រយ័ត្នគឺខែកុម្ភៈ ខែឧសភា និងខែសីហា រីឯការតុបតែងកាយវិញចៀសវាងឈុតពណ៌ខ្មៅ និងទិសធ្វើដំណើរល្អគឺទិសខាងត្បូង។ ឆ្នាំវក អ្វីដែលឆ្នាំវកត្រូវប្រយ័ត្នប្រយែងគឺពាក្យសម្តី និងសុខភាពពាក់ព័ន្ធនឹងសាច់ដុំ និងឆ្អឹង ហើយខែដែលត្រូវប្រយ័ត្នជាងគេគឺខែកុម្ភៈ និងវិច្ឆិកា។ ចុងក្រោយគេគឺឆ្នាំម្សាញ់ ឆ្នាំនេះអ្វីដែលមនុស្សឆ្នាំម្សាញ់គួរធ្វើឲ្យបានច្រើន គឺសុំពរពីអ្នកដទៃ និងព្យាយាមនិយាយតែអ្វីដែលល្អ និងចៀសវាងឲ្យបាននូវពាក្យសម្តីមិនពីរោះស្តាប់ ព្រោះអាចនឹងនាំមកនូវអពមង្គលដល់ខ្លួនពេញមួយឆ្នាំ។ចំណែកខែដែលគួរប្រុងប្រយ័ត្នគឺខែកុម្ភៈ និងខែវិច្ឆិកា។
ក្នុងឆ្នាំថ្មីនេះក្បួនចិនបានបែងចែកឆ្នាំទាំង១២ជា៣ក្រុម ក្នុងនោះគឺក្រុមមានរាសីល្អ ក្រុមមានរាសីមធ្យម និងក្រុមរាសីធ្លាក់ ដោយក្រុមរាសីល្អមានឆ្នាំវក ឆ្នាំរកា ឆ្នាំម្សាញ់ និងឆ្នាំឆ្លូវ ឆ្នាំទាំង៤នេះ ក្នុងឆ្នាំថ្មីមានអ្វីៗកើតឡើងជា ច្រើន ដើម្បីពិសោធន៍មើលពីសមត្ថភាព ទោះបីជាហត់នឿយបន្តិចក្តី តែមុខរបរការងារបានចម្រើនរុងរឿង។ ចំណែកក្រុមមានរាសីមធ្យមវិញមានឆ្នាំជូត ឆ្នាំថោះ ឆ្នាំរោង ឆ្នាំមមី ឆ្នាំមមែ និងឆ្នាំច ឆ្នាំទាំង៦នេះក្នុងឆ្នាំថ្មីគ្មានអ្វីអាក្រក់ពេក ហើយក៏គ្មានអ្វីល្អពេកនោះដែរ តែរាល់ការងារទាំងអស់ត្រូវតាំងចិត្តឲ្យម៉ឺងម៉ាត់បន្តិចទើបទទួលបានផលល្អ។ រីឯក្រុមចុងក្រោយគេគឺក្រុមរាសីធ្លាក់ ក្នុងនោះមានឆ្នាំកុរ និងឆ្នាំខាល ដោយឆ្នាំទាំង២នេះមានរឿងរ៉ាវជាច្រើនត្រូវប្រឈមដោះស្រាយ យកល្អគួរឆ្លៀតឱកាសធ្វើពិធីរំដោះគ្រោះ ដើម្បីឲ្យទទួលបានសុខសប្បាយពេញមួយឆ្នាំ។
ប្រពៃណីចិន ក៏មានបែងចែងពណ៌នាំសំណាងទៅតាមឆ្នាំទាំង១២ផងដែរ ដោយឆ្នាំជូតមានពណ៌ក្រហម ឆ្នាំឆ្លូវពណ៌ផ្ទៃមេឃ និងពណ៌ស្វាយ ឆ្នាំខាល ពណ៌លឿង ឆ្នាំថោះពណ៌ប្រផេះ ឆ្នាំរោងពណ៌លឿង និងពណ៌មាស ឆ្នាំ ម្សាញ់ពណ៌ស្ករ និងពណ៌ប្រផេះឆ្នាំមមី ពណ៌ស្ករ ពណ៌បៃតង និងពណ៌ផ្ទៃមេឃ ឆ្នាំមមែពណ៌ក្រហម និងពណ៌ឈាមជ្រូក ឆ្នាំវក ពណ៌ស្វាយ ពណ៌លឿង និងពណ៌មាស ឆ្នាំរកា ពណ៌ខ្មៅ និងពណ៌ស្ករ ឆ្នាំច ពណ៌ខ្មៅ និងពណ៌ផ្ទៃមេឃ ឆ្នាំកុរពណ៌ស្វាយ និងពណ៌ស្វាយចាស់។
ប្រតិទិនរបស់ជនជាតិចិន
- ថ្ងៃសុក្រ ទី៨ ខែកុម្ភៈ ឆ្នាំ២០១៣ ជាថ្ងៃចាយ ប្រជាជនចិន ឬអ្នកជាប់សែស្រឡាយចិនគេនឹងនាំគ្នាទិញវត្ថុជាតង្វាយសំខាន់ៗ ដូច្នេះអាចពោលបានថា ថ្ងៃខាងលើនេះ ជាថ្ងៃដែលត្រូវចំណាយប្រាក់ចេញច្រើន ក្នុងនោះមានទាំងផ្លែឈើ អាហារ បង្អែមចម្អាប សាច់សត្វ និងអាហារសមុទ្រ រួមទាំងគ្រឿងសំណែនដទៃៗទៀត ដែលចៀសមិនផុតពីក្រដាសប្រាក់ ក្រដាសមាសនោះឡើយ។
- ថ្ងៃសៅរ៍ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៣ ចិនចាត់ទុកថា ថ្ងៃខាងលើនេះ ជាថ្ងៃសំពះបុព្វបុរស និងវិញ្ញាណ ដែលគ្មានសាច់ញាតិ ឬវិញ្ញាណអនាថា ដោយចាត់ទុកថា ជាការធ្វើបុណ្យធ្វើទានជូនដំណើរឆ្នាំចាស់ ស្វាគមន៍ឆ្នាំថ្មី។ លុះស្អែកឡើងគេបែងចែកជាពេលវេលា ដោយក្នុងពេលព្រឹក សែនបុព្វបុរស ដែលបានចែកឋានទៅ ក្នុងនោះគ្រឿងសំណែនមានទឹកតែ កាហេ្វ ស្រា ព្រមទាំងបាយសម្ល ដោយមានការដុតក្រដាសមាស ក្រដាសប្រាក់ និងសម្លៀក បំពាក់ជាក្រដាសបញ្ជូនទៅឲ្យអ្នកចែកឋានទៅដោយគេជឿថា នឹងទទួលបានសម្លៀកបំពាក់ថ្មីៗស្លៀកពាក់ និងមានលុយចាយក្នុងភពនោះផងដែរ។
នៅពេលរសៀលគឺសែនវិញ្ញាណអនាថាផ្សេងៗ ដែលជាការធ្វើបុណ្យម្យ៉ាង ដោយមានសំណែនស្រដៀងគ្នាទៅ នឹងសំណែនបុព្វបុរស ក៏ប៉ុន្តែគេដុតផាវ ដើម្បីហៅវិញ្ញាណទាំងនោះមកស៊ី។ លុះស៊ីរួចហើយ គេនឹងបាចអង្ករលាយជាមួយអំបិលជុំវិញផ្ទះ ដើម្បីប្រាប់ថា ស៊ីអស់ហើយត្រូវត្រឡប់ទៅវិញ។
- ថ្ងៃអាទិត្យ ទី១០ ខែកុម្ភៈ ឆ្នាំ២០១៣ ចិនចាត់ទុកថា ជាថ្ងៃតម ជាថ្ងៃចូលឆ្នាំដំបូងដោយគេនឹងសែនទេវតាប្រចាំលាភសំណាងឈ្មោះឆៃស៊ីងអៀក ដើម្បីសុំសិរីមង្គល រកស៊ីមានបានពេញមួយឆ្នាំ។ ការសែនទេវតាក្នុងថ្ងៃខាងលើនេះគេច្រើនធ្វើនៅពេលយប់បន្ទាប់ពីចាប់ផ្តើមចូលឆ្នាំថ្មី ព្រោះជាពេលវេលាដែលទេវតាឆៃស៊ីងអៀក យាងមកកាន់ភពមនុស្ស។ ក្រៅពីនេះថ្ងៃខាងលើនេះក៏ជាថ្ងៃដែលកូនចៅគោរពមាតាបិតា ជីដូនជីតា អ្នកមានឧបការ គុណ ដើម្បីបង្ហាញពីភាពកតញ្ញូ។
ចំណែកគ្រឿងតង្វាយដែលសំខាន់មិនអាចខ្វះបានក្នុងឱកាសសែនទេវតាចូលឆ្នាំចិននោះមាន ១-ក្រូចពណ៌លឿង ជាតំណាងឲ្យសិរីមង្គល និងក្នុងគតិរបស់ចិនតៃជីវ គេប្រើក្រូចប្រភេទនេះ៤ផ្លែដើម្បីសែន ២-ចេក តំណាងឲ្យទាញចូលនូវលាភសក្ការៈ និងសុំឲ្យកើតកូនពូនជាចៅពេញផ្ទះសម្បែង ៣-ផ្លែប៉ោម តំណាងឲ្យសេចក្តីសុខ និងសន្តិភាព ៤-ផ្លែទំពាំងបាយជូរ តំណាងឲ្យភាពរីកចម្រើន ៥-ផ្លែសឺរី តំណាងឲ្យការហូរចូលនៃលាភសក្ការៈ ៦-មាន់ តំណាងឲ្យភាពស្រស់សង្ហា មានកេរ្តិ៍ឈ្មោះមុខមាត់ និងរីកចម្រើននៅក្នុងតួនាទីការងារ ៧-ទា តំណាងឲ្យភាពបរិសុទ្ធ ស្អាតស្អំ និងមានសមត្ថភាពចម្រុះបែប ៨-ត្រី ត្រីមឹក តំណាងឲ្យការសម្បូរហូរហៀរទាំងរបស់ស៊ីចុក និងប្រើប្រាស់ ជាពិសេសគឺភាពសម្បូរសប្បាយតែម្តង។ ក្រៅពីនេះនៅមានគ្រឿងសំណែនដទៃទៀតដូចជា នំតំណាងឲ្យភាពស្រស់ស្រាយ ឆាកជីវិតមានភាពរលូន និងជាទូទៅគឺទទួលបានសេចក្តីសុខពេញមួយឆ្នាំតែម្តង។ ៩-សាច់ជ្រូក តំណាងឲ្យភាពសម្បូរសប្បាយមានទទួលទានប្រើប្រាស់គ្រប់គ្រាន់។ ១០- មីឆា តំណាងឲ្យអាយុយឺនយូរ។ ១១-គ្រាប់ឈូក តំណាងឲ្យមានកូនប្រុសច្រើននាក់។ ១២-សណ្តែកកាត់ តំណាងឲ្យដុំលុយ។ ១៣-សារាយសមុទ្រពណ៌ខ្មៅ តំណាងឲ្យភាពមានបានហូរហៀរ នៃទ្រព្យសម្បត្តិ។ ១៤-ទំពាំង តំណាងឲ្យការសុំពរឲ្យទទួលបាននូវភាពសម្បូរសប្បាយ និងសេចក្តីសុខ។ ក៏ប៉ុន្តែវត្ថុសំណែនដែលគេចៀសវាងប្រើប្រាស់គឺតៅហ៊ូស ព្រោះយោងតាមពណ៌សនោះ គឺជាពណ៌ ដែលគេសម្រាប់ប្រើប្រាស់ក្នុងពិធីសោកសៅតែប៉ុណ្ណោះ៕