បាត់ដំបង៖ សប្បាយ ក្លាយជាទុក្ខ យ៉ាងហោចណាស់ មនុស្សចំនួន១៤នាក់ បានរងរបួស ធ្ងន់ស្រាល ខណៈពួកគេ បាននិងកំពុងរាំ យ៉ាងសប្បាយ នៅក្នុងពិធីរាំវង់ នៃពិធីសែនចូលឆ្នាំចិន ស្រាប់តែមានជនមិនស្គាល់មុខ បោកគ្រាប់បែកចូល បណ្តាលឲ្យផ្ទុះ ធ្វើឲ្យមានការតក់ស្លុត និងភ័យគ្រប់ៗគ្នា តែម្តង។
ហេតុការណ៍ ប៉ងសម្លាប់មនុស្ស នៅកន្លែងរាំវង់ ខាងលើនេះបានកើតឡើងកាល ពីវេលាម៉ោង ៩៖១៥នាទីយប់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅ ភូមិតាគ្រៃ ឃុំតាគ្រៃ ស្រុកកំរៀង ខេត្តបាត់ដំបង។
មេបញ្ជាការអាវុធហត្ថ ខេត្តបាត់ដំបង លោកឧត្តមសេនីយ៍ ប៉ោ វណ្ណៈ បានថ្លែងឲ្យដឹងថា មានជនរងគ្រោះ ចំនួន១៤នាក់ បានរងរបួស ក្នុងនោះ របួសធ្ងន់៣នាក់ ក្រោយពេលមានជនមិនស្គាល់ អត្តសញ្ញាណបានបោកគ្រាប់បែក ចូលកន្លែងរាំវង់ ។
លោក ស្រី វុទ្ធី អធិការរងនគរបាល ស្រុកកំរៀង ទទួលបន្ទុក ព្រហ្មទណ្ឌ បានឲ្យដឹងថា ម្ចាស់ផ្ទះកើតហេតុខាងលើមានឈ្មោះ ឈិន ឌី អាយុ៤៤ឆ្នាំ និងប្រពន្ធ មានឈ្មោះ ម៉ៃ ឡៃ អាយុ៣៦ឆ្នាំ មានមុខរបរជាអ្នកធ្វើស្រែ។
លោក ស្រី វុទ្ធី បានបន្តថា ម្ចាស់ផ្ទះដែលជាប់សែស្រឡាយចិន ដែរនោះបានរៀបចំ ពិធីសែនចិន ហើយបានជួលធុងបាស់ មករាំលេងកម្សាន្តនៅពេលយប់ លុះដល់ ម៉ោង កើតហេតុ ស្រាប់តែមានរឿងនេះកើតឡើងតែម្តងទៅ។
បើតាមលោក ស្រី វុទ្ធី ក្រោយកើតហេតុ ជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូនទៅ កាន់មន្ទីរពេទ្យភ្លាមៗ ដើម្បីជួយសង្គ្រោះ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់អាច បញ្ជាក់ពីអត្តសញ្ញាណ ជនរងគ្រោះនៅ ឡើយទេ ហើយក៏មិនទាន់ដឹងពី មូលហេតុពិតប្រាកដនៅឡើយទេ ខណៈសមត្ថកិច្ចកំពុងតាមប្រម៉ាញ់ ជនដៃដល់៕