Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជីករណ្ដៅដី ធ្វើអាជីវកម្ម នៅតំបន់ មាត់បឹងទន្លេសាប បំពានច្បាប់អនុញ្ញាត ជំនាញធ្វើមិនដឹង

$
0
0

សៀមរាប : នៅតំបន់មួយចំនួន នៃមាត់បឹងទន្លេសាប និងទីតាំងមួយចំនួនទៀត នៅខេត្តសៀមរាប ត្រូវបានក្រុមឈ្មួញធ្វើអាជីវកម្ម ជីករណ្ដៅកាយយកអាចម៍ដី (ដឹកដីលក់) បានជីកកកាយធ្វើអាជីវកម្មនៃរណ្ដៅដី មានទំហំធំជាង និងជ្រៅជាងច្បាប់អនុញ្ញាត តែអង្គភាព និងមន្ទីរ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ហាក់មិនបានដឹងឮ និងយកចិត្តទុកដាក់ ក្នុងការពិនិត្យ ចាត់វិធានការទាន់ពេលវេលា ទើបធ្វើឲ្យមន្ត្រីសាលាខេត្ត ធ្វើការចុះត្រួតពិនិត្យ រួចធ្វើសេចក្ដីរាយការណ៍ ជូនថ្នាក់ដឹកនាំខេត្ត ដើម្បីពិនិត្យ និងសម្រេចចំពោះករណីទាំងនេះ។

សូមបញ្ជាក់ថា បើតាមប្រសាសន៍ របស់មន្ត្រីសាលាខេត្តសៀមរាប គឺ លោក គិម វណ្ណៈ នាយកទីចាត់ការអន្តរវិស័យ កាលពីរសៀលថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៣នេះ ថា បើតាមលិខិតអនុញ្ញាតិ គឺរណ្ដៅដី ដែលត្រូវជីកកកាយយកអាចម៍ដីធ្វើអាជីវកម្ម គឺ ត្រូវមានទំហំ បណ្ដោយ៣០ម៉ែត្រ ទទឹង២០ម៉ែត្រ និងជម្រៅអតិបរមាត្រឹមតែ ៥ម៉ែត្រ។ តែការពិនិត្យ និងការចុះវាស់វែងជាក់ស្ដែង ឃើញរណ្ដៅដីខ្លះដែលកំពុងជីក និងរណ្ដៅដីចាស់ មានបណ្ដោយជាង៥០ម៉ែត្រ ទទឹងរហូតដល់៥០ម៉ែត្រ ជម្រៅ ៧ម៉ែត្រ ឬ អាចជ្រៅជាងនេះក៏មាន។ ហើយរណ្ដៅខ្លះទៀតបានជីកជិតៗគ្នា រួចគេជីកទម្លាយរហូតមានប្រវែងប្រមាណជា ១០០ម៉ែត្រ និងជម្រៅជ្រៅលើកការកំណត់ នៃច្បាប់អនុញ្ញាតិ។

ក្រៅពីនោះ យើងបានទៅដល់កន្លែង ដែលកំពុងនិងបានជីករណ្ដៅយកអាចម៍ដី ដែលនៅជាប់តំបន់ព្រៃលិចទឹក នៃមាត់បឹងទន្លេសាបផងដែរ ដូចជា នៅភូមិ... សង្កាត់ ស្វាយដង្គំ ក្រុងសៀមរាប ដែលមានចម្ងាយប្រមាណជា ៥គីឡូម៉ែត្រពីក្រុង និងមានចម្ងាយប្រមាណជា ៣-៤គីឡូម៉ែត្រ ពីតំបន់ភ្នំក្រោម (ដែលនៅពេលរសៀលនោះ យើងបានឃើញប្រភេទសត្វស្លាប់យ៉ាងច្រើន នៃតំបន់ដីសើម កំពុងហោះហើរ និងចុះរកចំណី)។

ការជីករណ្ដៅដី ធ្វើអាជីវកម្មលក់អាចម៍ដីទាំងនេះ ជាទូទៅមានការប៉ះពាល់ដល់ សណ្ដាប់ធ្នាប់ ដឹកធ្ងន់ខូចផ្លូវ ថ្នល់ ចរាចរគ្មានសណ្ដាប់ធ្នាប់ ដោយបើកបរក្នុង ល្បឿនលឿន និងរថយន្ដខ្លះពេលដឹកដីមិនបានគ្រប់ ដឹកលើសចំណុះ ជ្រុះកំពប់តាមផ្លូវសាធារណ: និងហើយជាទូទៅពួកគេ បានបើករថយន្ដប្រជែង ជើងគ្នាឲ្យ បានច្រើនជើង ដែលអ្នកសៀមរាប មានការព្រួយបារម្ភ ក្រែងមានគ្រោះថ្នាក់ចរាចរ ពិសេសចំពោះកុមារៗផងដែរ។

សូមរំលឹកថា ការពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៣កន្លងទៅ លោក ស៊ូ ភិរិន្ទ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប នៅឯកិច្ចប្រជុំរបស់សាលាខេត្ត ថា បច្ចុប្បន្ននៅ ខេត្តសៀមរាប មានការអភិវឌ្ឍន៍យ៉ាងច្រើន តម្រូវការផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ផ្សេងៗ កាន់តែច្រើន ដែលនាំឲ្យមានការធ្វើអាជីវកម្មដឹកជញ្ជូនដីស ថ្ម ខ្សាច់ យកទៅប្រើប្រាស់ក៏ច្រើនផងដែរ។ ក្នុងការធ្វើអាជីវកម្ម និងដឹកជញ្ជូនដី បានធ្វើឲ្យមានបញ្ហាដល់បរិស្ថាន សណ្ដាប់ធ្នាប់ និងសោភ័ណភាពទីប្រជុំជន ពិសេសនៅក្រុង សៀមរាប ដូចជាខូចផ្លូវថ្នល់ ការស្ទះចរាចរ មានដីហុយក្នុងក្រុង កត្តាទាំងនេះនាំឲ្យមានការរិះគន់ ពីសំណាក់ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយ ព័ត៌មានក្នុងស្រុកមួយចំនួន។ ហេតុនេះទើបអាជ្ញាធរខេត្ត បានប្រជុំពិភាក្សា លើការធ្វើអាជីវកម្ម និងដឹកជញ្ជូនអាចម៍ដី នៅក្នុងខេត្តសៀមរាប។

លោកអភិបាលខេត្ត បានស្នើរឲ្យលោក គិម វណ្ណ: នាយកទីចាក់ការអន្តរវិស័យ រាយការណ៍ និងបន្តចុះពិនិត្យ លើអាជីវកម្មជីករណ្ដៅដី និងការដឹកជញ្ជូនអាចម៍ដី នៅក្រុងសៀមរាប។ ហើយកាលពីថ្ងៃទី១៤ មករា ២០១៣ ក្រុមការងារសាលាខេត្ត បានចុះពិនិត្យមើលទីតាំង ធ្វើអាជីវកម្មជីករណ្ដៅកកាយយកអាចម៍ ចំនួន៨កន្លែង នៅក្នុងខេត្តសៀមរាប ក្នុងនោះ នៅក្រុងសៀមរាប ចំនួន ៧កន្លែង និងស្រុកប្រាសាទបាគង ចំនួន ១កន្លែង។ ហើយការធ្វើអាជីវកម្មទាំងនេះ មានការអនុញ្ញាត ពីមន្ទីរ ឧស្សាហកម្មរ៉ែ និងថាមពលខេត្ត តាមរយ:លោកមេភូមិ មេឃុំ ចៅសង្កាត់ លោកអភិបាលក្រុង ស្រុក។ ដែលក្នុងលិខិតអនុញ្ញាតរបស់មន្ទីរ ឲ្យជីកកាយដីក្នុងទំហំ ២០ម៉ែត្រx ៣០ម៉ែត្រ ជម្រៅមិនលើសពី៥ម៉ែត្រ ក្នុងរយ:ពេល៥ខែ ប៉ុន្តែការពិនិត្យជាក់ស្ដែង គឺទីតាំងនីមួយៗ មានទំហំលើសពីការអនុញ្ញាត ពីមន្ទីរឧស្សាហកម្ម រ៉ែ និងថាមពលខេត្ត។ ហើយការដឹកដី ឃើញថាមិនមានការគ្រប់ត្រឹមត្រូវ បណ្ដាលឲ្យមានការធ្លាក់ដី តាមទ្រូងផ្លូវ ថ្នល់ និងបណ្ដាលឲ្យស្ទះចរាចរនៅកន្លែង មួយចំនួន ទៀតផង។

នៅក្នុងកិច្ចប្រជុំកន្លងទៅ លោកអភិបាលខេត្ត បានដូកសរុប និងផ្ដល់អនុសាសន៍ ថា ចំពោះ ការធ្វើអាជីវកម្មជីកអាចម៍ដី និងការដឹកជញ្ជូននៅខេត្តសៀមរាប មាន បញ្ហាចំនួន៣ គឺ ការធ្វើឲ្យខូចផ្លូវថ្នល់នៅពេលដឹកជញ្ជូនដី ទីពីរខូចសណ្ដាប់ធ្នាប់សាធារណ: ការស្ទះចរាចរណ៍ ការបើករថយន្ដក្នុងល្បឿនលឿន ធ្វើឲ្យមានគ្រោះ ថ្នាក់ចរាចរណ៍។ បញ្ហាបរិស្ថាន ធ្លាក់ដីលើផ្លូវថ្នល់ បណ្ដាលឲ្យមានដីហុយ។ លោកអភិបាល បានលើកឡើងនូវវិធានការ សំដៅធ្វើឲ្យមានសណ្ដាប់ធ្នាប់ល្អ សោភ័ណភាព អនាម័យល្អ ក្នុងក្រុង និងខេត្តសៀមរាប ត្រូវ រាល់ការធ្វើអាជីវកម្មជីកអាចម៍ដី និងដឹកជញ្ជូនដី ត្រូវមានលិខិតអនុញ្ញាត ពីអភិបាលខេត្ត ឬ ក្រសួង ពាក់ព័ន្ធ តាមរយ:មេភូមិ មេឃុំ ចៅសង្កាត់ អភិបាលក្រុង ស្រុក និងមន្ទីរជំនាញ។ ហើយអភិបាលរងខេត្ត ទទួលបន្ទក់ នាយកទីចាត់ការអន្តរវិស័យ សាលាខេត្ត និង លោកប្រធាន មន្ទីរជំនាញ ត្រូវពិភាក្សាគ្នាអំពីការកំណត់ទីកន្លែងជីកដី កំណត់ទម្ងន់ដឹកជញ្ជូន កំណត់ផ្លូវត្រូវដឹកជញ្ជូន កំណត់ពេលវេលា និងគ្រប់គ្រងការ ដឹកជញ្ជូនឲ្យបានត្រឹមត្រូវ។

ទោះបីជាយ៉ាងណា ក៏នៅតែមានការរិះគន់ចំពោះជាអន្លើរៗ ចំពោះការធ្វើអាជីវកម្មជីករណ្ដៅយកអាចម៍ដី និងការដឹកជញ្ជូនដីធ្វើអាជីវកម្ម រហូតមកដល់ពេលនេះ នៅតែមានការធ្វើអាជីវកម្ម និងការដឹកជញ្ជូនដីល្មើសច្បាប់អនុញ្ញាត និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់ល្អ សោភ័ណភាព អនាម័យល្អ ក្នុងក្រុង និងខេត្តសៀមរាប នៅ ឡើយ។ តែមន្ទីរ អង្គភាព និងមន្ត្រីជំនាញពាក់ព័ន្ធ ហាក់មិនទាន់បានចុះពិនិត្យ ពង្រឹងការអនុវត្តតាមលិខិត បទដ្ឋាន ច្បាប់នៅឡើយ។ ទើបតែពេលនេះ ទើបអាជ្ញាធរ ខេត្ត បានចុះពិនិត្យ និងឈានទៅរកការពង្រឹងការអនុវត្តច្បាប់ លិខិត បទដ្ឋាន៕

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles