រតនគិរីៈ រថយន្តម៉ាកតូយូតា មួយបាំងកន្លះមួយ ផ្ទុកឈើប្រណីតជាច្រើនដុំ ត្រូវបានកម្លាំង នគរបាលប្រឆាំងបទល្មើស សេដ្ឋកិច្ចនៃស្នងការនគរ បាលខេត្តរតនគិរី ស្ទាក់ចាប់ បានកាលពីវេលា ម៉ោង១២ និង៣០នាទី យប់ថ្ងៃទី១៦ ខែកុម្ភៈ ឈានចូលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិត នៅចំណុចភូមិកាតេ ឃុំយំជ័រ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
លោកវរសេនីយ៍ទោនូវ ដារ៉ា នាយការិយាល័យប្រឆាំង បទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាល ខេត្តរតនគិរីបានឲ្យដឹងថា ដោយមានការណែនាំ ពីលោកវរៈសេនីយ៍ឯក ផែន ឌីណា ស្នងការរង ទទួលបន្ទុកការិយាល័យ កណ្តាលយុត្តថម៌ ដល់បណ្តាមន្ត្រីជំនាញ ក្នុងការទប់ស្កាត់ និងបង្រ្កាប បទល្មើសព្រៃឈើឲ្យខានតែបាន។
លោកបន្តថា មុននឹងឈានដល់ការស្ទាក់ចាប់រថយន្តដឹកឈើប្រណីតល្មើសច្បាប់នេះបាន គឺដោយសារកម្លាំង សម្ងាត់បានរាយការណ៍មកថា មានរថយន្តម៉ាកតូយូតាតាកូម៉ា ពណ៌ខ្មៅ ពាក់ ស្លាកលេខ 4JJV 691 មួយគ្រឿងកំពុងធ្វើចរាចរតាមបណ្តោយផ្លូវជាតិលេខ៧៨ ក្នុងទិសដៅ ឆ្ពោះទៅកាន់ ប្រទេសវៀតណាម ដោយមានផ្ទុកឈើប្រណីត ពេញប្រៀប ទើបសុំយោបល់ថ្នាក់លើ ឃាត់រថយន្តនេះតែម្តង។ ចំណែកអ្នកបើករបត្រូវបានរត់គេចខ្លួនបាត់ បន្សល់ទុកនៅរថយន្ត និងឈើប្រណីតនៅនឹងកន្លែងកើតហេតុ។
លោកនូវ ដារ៉ា បន្ថែមទៀតថា បន្ទាប់ពីធ្វើការត្រួតពិនិត្យ រួចកម្លាំងរបស់លោក ឃើញមាន ឈើប្រណីត ប្រភេទធ្នង់ជាច្រើនដុះ ហើយបាននាំយករថយន្តដឹកឈើប្រណីត ខុសច្បាប់នោះ ទៅរក្សាទុកបណ្តោះអាសន្ននៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីឲ្យម្ចាស់ រថយន្តចូលខ្លួន ដោះស្រាយតាមផ្លូវច្បាប់៕