ភ្នំពេញ ៖ រថយន្ដកុងតឺន័រ ដឹកស៊ីម៉ងត៍ពេញមួយគ្រឿង នៅពេលដែលថយគូថ ដាក់ស៊ីម៉ងត៍ឱ្យផ្ទះលក់ស៊ីម៉ងត៍ ឆាយ វ៉ាន់ហាត ស្ថិតនៅតាមបណ្ដោយផ្លូវ ២៧១ មុខផ្សារហេង លី ក្នុងខណ្ឌទួលគោក បានដាច់កាឡេ រួចហើយ រអិលទៅមុខ ជ្រុលបុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់៣កង់ ហើយបង្កឱ្យស្ទះចរាចរជាង ១ម៉ោង តាំងពី ចំណុចស្ពានអាកាស៧មករា រហូតមកដល់ចំណុចកើតហេតុ ។
មន្ដ្រីនគរបាលចរាចរជើងគោក ដែលចុះទៅជួយ អន្ដរាគមន៍ គ្រោះថ្នាក់ចរាចរនេះ បានឱ្យដឹងថា កាលពីវេលាម៉ោង ១០និង៣០នាទី ព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ ២០១៣នេះ រថយន្ដកុងតឺន័រ ដឹកស៊ីម៉ងត៍ពេញមួយគ្រឿង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ៣អា១២៧៨ បាន ថយគូថ ដាក់ស៊ីម៉ងត៍ ស្រាប់តែពេលនោះដាច់កាឡេ ធ្វើឱ្យរថយន្ដរអិលទៅមុខ បុករបាំងថ្មចែកទ្រូងផ្លូវ បណ្ដាលឱ្យបាក់អស់៣កង់ ។
មន្ដ្រីនគរបាលចរាចររូបនេះបានបន្ដថា ក្រោយកើតហេតុ ដោយសារតែរថយន្ដធំ ហើយដាច់កាឡេទៅមុខលែងរួច នៅកាត់ទទឹងផ្លូវ ធ្វើឱ្យកកស្ទះចរាចរយ៉ាងខ្លាំង ប៉ុន្ដែត្រូវបានកម្លាំងនគរបាល ចរាចរជើងគោក និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ជួយបញ្ជាចរាចរ ដោយឱ្យរថយន្ដធំៗធ្វើដំណើរផ្លូវផ្សេង ពោល អនុញ្ញាតឱ្យតែរថយន្ដធុនតូច និងម៉ូតូឆ្លងកាត់ទីនោះ។
យ៉ាងណាក៏ដោយ រហូតមកដល់វេលាម៉ោង១១និង៤០នាទី ព្រឹកថ្ងៃដដែលនេះ រថយន្ដកុងតឺន័រមិនទាន់ត្រូវបានស្ទូច និងបើកចេញ នៅឡើយទេ ដោយរង់ចាំអ្នកបើករថយន្ដ ទៅទិញកាឡេថ្មី យកមកប្ដូរផ្លាស់ ៕