ភ្នំពេញ៖ យ៉ាងហោចណាស់ របាំងដែកចែកទ្រូវផ្លូវ ចំនួន៩ផ្ទាំងបាន រងការខូចខាត និងរប៉ើក ក្នុងនោះរងការខូចខាត ចំនួន៦ផ្ទាំង ដោយសារ តែជនជាតិកូរ៉េ បានបើករថយន្តបុក ដោយសារតែស្រវឹង។
គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយសារ តែស្ថានភាព ស្រវឹងខាងលើនេះ បានកើតឡើងកាល ពីវេលាម៉ោង១១៖៣០នាទីយប់ ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៣ ស្ថិតនៅតាម ផ្លូវសហព័ន្ធរុស្ស៊ី មុខហ្រ្គីនកាហ្វេ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សមត្ថកិច្ចមូលដ្ឋាន និងមន្រ្តី នគរបាលចរាចរបាន ឲ្យដឹងថា មុនពេលកើតហេតុ បុរសជនជាតិចិន ឈ្មោះ Sung Kue អាយុ៤១ឆ្នាំ បានបើករថយន្ត របស់ខ្លួនម៉ាក Hyundai ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2P-0842 បើកតាមបណ្តោយ ផ្លូវសហព័ន្ធរុស្ស៊ី លុះដល់ចំណុចកើតហេតុ ក៏បានរេចង្កូត បុករបាំងដែកចែកទ្រូង ផ្លូវបណ្តាលឲ្យរងការខូចខាតអស់ ចំនួន៦ផ្ទាំង និងរប៉ើកចំនួន៣ផ្ទាំង។
បើតាមសមត្ថកិច្ច ក្រោយបង្កគ្រោះថ្នាក់ ចរាចរណ៍ខាងលើនេះ សមត្ថកិច្ចបាន វាស់ជាតិអាល់កុល បង្ហាញថា អ្នកបើករថយន្ត មានជាតិអាល់កុលចំនួន ០,៧៧មីលីក្រាម ក្នុងមួយលីត្រខ្យល់ ។ បច្ចុប្បន្ន រថយន្តត្រូវ បានសមត្ថកិច្ច ចរាចរណ៍ យកទៅរក្សាទុក នៅសាលារាជធានីភ្នំពេញ ដើម្បីឲ្យម្ចាស់រថយន្តរថយន្ត ចូលខ្លួនទៅដោះស្រាយតាមផ្លូវច្បាប់។
លោក ហេង ចាន់ធារី នៅតែអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ និងអ្នកបើកបរ មិនត្រូវបើកបរ នៅពេល មានភាព ស្រវឹងនោះឡើយ ហើយច្បាប់មិនមានការ យោគយល់ទេ ពេលបង្កគ្រោះថ្នាក់ ចរាចរណ៍ម្តងៗ ពោលត្រូវតែកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ។ លោកបានបន្តថា កម្លាំងសមត្ថកិច្ចរបស់លោក នៅតែធ្វើការងារនេះ ជាប្រចាំក្នុងគោលបំណងកាត់បន្ថយអាត្រាគ្រោះថ្នាក់ចរាចរណ៍ដែលកំពុងតែកើនឡើងនៅពេលបច្ចុប្បន្ននេះ។
លោកវរសេនីយ៍ត្រី ប៉ែន ឃុន នាយរងការិយាល័យចរាចរបាន ថ្លែងអំពាវនាវឱ្យ ប្រជាពលរដ្ឋក្នុងរាជធានីភ្នំ ពេញ ទាំងអស់ ត្រូវចូលរួមសហការនិងគោរព ច្បាប់ចរាចរណ៍ឱ្យបានត្រឹមត្រូវ ហើយកត្ដា ដែលសំខាន់មួយទៀតនោះ គឺមិនត្រូវបើកបរ ពេលដែលខ្លួនស្រវឹងនោះឡើយ ។
សមត្ថកិច្ចជំនាញ បានឱ្យដឹងថា កម្រិតដែល ត្រូវផាកពិន័យ ចំពោះជនណា ដែលមានជាតិអាកុលក្នុងខ្លួន ចាប់ពី០,៤០ឡើង ទៅ ហើយច្បាប់តម្រូវឱ្យ ផាកពិន័យ ពី ២ម៉ឺន៥ពាន់រៀល ទៅ ១លានរៀល ហើយត្រូវជាប់ ពន្ធនាគារ ពី ៦ថ្ងៃ ទៅ ៦ខែ ៕