ស្វាយរៀង៖ លោក លី សុវណ្ណ អនុប្រធានក្រុមការងារ ចុះជួយស្រុកចន្ទ្រា និងជាប្រធានក្រុមការងារចុះជួយឃុំទួលស្ដី នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែកុម្ភៈ ឆ្នាំ២០១៣ បានអញ្ជើញចូលរួមជាអធិបតីភាព នៅក្នុងពិធីបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ចំនួន៨៤នាក់ នៅទីស្នាក់ការ គណបក្សឃុំទូលស្ដី។
បន្ទាប់ពីលោក សុខ សេក ប្រធានគណៈកម្មាធិការគណបក្ស ឃុំទូលស្ដី បានឡើងរាយការណ៍អំពីការងារបក្ស ព្រមទាំងមានការឡើងប្ដេជ្ញាចិត្ត ពីសមាជិកបក្សថ្មីរួចមក លោក លី សុវណ្ណ បានមានប្រសាសន៍ថា ក្នុងនាមរូបលោក ជាប្រធានក្រុមការងារ ចុះជួយឃុំទួលស្ដី លោកពិត ជាមានកិត្តិយសខ្លាំងណាស់ ដែលបានចូលរួមនៅក្នុងពិធីបញ្ចូលសមាជិកបក្សថ្មីនេះ ព្រោះបងប្អូនបានយល់យ៉ាងច្បាស់ ពីការដឹកនាំដ៏ត្រឹមត្រូវ របស់ថ្នាក់នាំគណបក្សប្រជាជនកម្ពុជា ទើបបានជាបងប្អូនសម្រេចចិត្ត ចូលជាសមាជិក គណបក្សប្រជាជនកម្ពុជានៅថ្ងៃនេះ។
លោក លី សុវណ្ណ បានបន្តថា គ្រប់ការលៈទេសៈ គណបក្សប្រជាជនកម្ពុជា តែងតែរួមសុខរួមទុក្ខជានិច្ច ជាមួយនឹងប្រជាពលរដ្ឋ ដោយបានឆ្លងកាត់ គ្រប់ឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង តាំងពីដំណាក់ កាលសង្រ្គោះជាតិចេញពីរបបប្រល័យពូជសាសន៍ប៉ុល ពត មកម្ល៉េះ និងដំណាក់កាល ស្ដារកសាងទឹកដីឡើងវិញ រហូតមកដល់ដំណាក់កាល មានសុខសន្តិភាព បង្រួមបង្រួមជាតិ និងការអភិវឌ្ឍដូចពេលសព្វថ្ងៃនេះ។
នៅក្នុងពិធីនោះ លោក លី សុវណ្ណ ក៏បានលើកឡើងប្រាប់ប្រជាពលរដ្ឋ កុំឲ្យចាញ់ឃោសនាគណបក្សផ្សេង ដែលតែងតែដើរឃោសនា បោកប្រាស់ ប្រជាពលរដ្ឋ និងតែងតែរិះគន់រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណបក្សប្រជាជនកម្ពុជាដឹកនាំនោះ ថាមិនបានកសាងអ្វី សំរាប់ប្រជាពលរដ្ឋនោះទេ តែតាមការពិតរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានកសាងអភិវឌ្ឍសមិទ្ធផលជាច្រើន នៅទូទាំងប្រទេស ជាពិសេស សម្ដេចតេជោ ហ៊ុន សែន ដែលលោកតែងតែស្ថិតនៅជាប់ជានិច្ច ជាមួយប្រជាពលរដ្ឋ ដោយនៅទីណាមានការលំបាក ទីនោះតែងតែមានមុខ សម្ដេចតេជោ និងលោកជំទាវ ក៏ដូចមន្រ្តីគណបក្សប្រជាជនកម្ពុជា រីឯគណបក្សប្រឆាំងវិញ មិនដែលបានកសាងសមិទ្ធផលអ្វី សំរាប់ប្រជាជន នោះទេ សូម្បីតែផ្លូវមួយខ្សែក៏មិនដែលបានធ្វើផង។
ឆ្លៀតនៅក្នុងឱកាសនោះ លោក លី សុវណ្ណ ក៏បានជំរុញឲ្យសមាជិក គណបក្សប្រជាជនកម្ពុជាទាំងអស់ នៅឃុំទូលស្ដី ត្រូវទៅចូលរួមបោះឆ្នោត ឲ្យគណបក្សប្រជាជនកម្ពុជា ឲ្យបានគ្រប់គ្នា ជាពិសេសត្រូវជួយប្រាប់ដល់បងប្អូនឯទៀត អំពីអំពើល្អរបស់គណបក្ស ដើម្បីធ្វើយ៉ាងណាឲ្យពួកគេ បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាពិសេសការបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជា គឺមានន័យថា បោះឆ្នោតជូនសម្ដេចតេជោ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្រ្តីអាណត្តិទី៥បន្តទៀត។
បន្ទាប់ពីបញ្ចប់កម្មវិធីលោក លី សុវណ្ណ ក៏បានផ្ដល់របស់កំដរដៃ ជូនដល់សមាជិកបក្សថ្មីទាំង៨៤នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ២ម៉ឺនរៀល និងបានចុះទៅពិនិត្យសុខភាព ជូនប្រជាពលរដ្ឋនៅភូមិទាំង៣ របស់ឃុំទួលស្ដី និងបានផ្ដល់វថិកាដល់ជនចាស់ជរា គ្មានទីពឹងមួយគ្រូសារ នូវ ថវិកាចំនួន២០ម៉ឺនរៀល ព្រមទាំងបានធានាយកក្មេងស្រីម្នាក់ ឈ្មោះ ថុន ស្រីលី អាយុ១៣ឆ្នាំ ដែលមានជំងឺព្រែកដៃព្រែកជើង តាំងពីកំណើត យក ទៅព្យាបាលវះកាត់នៅមន្ទីរព្រះកេតុមាលា រាជធានីភ្នំពេញផងដែរ៕