Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ជប៉ុនផ្តល់ជំនួយ ៧៨.៤៣០ដុល្លារ សម្រាប់គម្រោង សង់ផ្ទះកុមារ និងមណ្ឌល សហគមន៍ ក្នុងខណ្ឌ ពោធិ៍សែនជ័យ

$
0
0

ភ្នំពេញ៖ ប្រទេសជប៉ុនបាន ផ្តល់ជំនួយឥតសំណងចំនួន ៧៨.៤៣០ដុល្លារអាមេរិក សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយគូសាណូណិ) ដល់សាលាសង្កាត់គោករកា ខណ្ឌពោធិ៍សែនជ័យ សម្រាប់គម្រោងសាងសង់ផ្ទះកុមារ និងមណ្ឌលសហគមន៍ក្នុងសង្កាត់ គោករកា រាជធានីភ្នំពេញ។

លោក ហ៊ីហ្គូជិ យ៉ូស៊ីហ៊ីរ៉ូ ភារៈធារីស្តីទីស្ថានទូតជប៉ុន ប្រចាំកម្ពុជា បានប្រសាសន៍ក្នុងពិធីចុះហត្ថលេខានេះ ថាគម្រោង មានគោលបំណងកែលម្អ បរិស្ថាននៃផ្ទះកុមារ ក្នុងភូមិអណ្តូង តាមរយៈការសាងសង់អគារថ្ម កម្ពស់ពីរជាន់មួយខ្នង និងបរិក្ខារអនាម័យផងដែរ។

លោកបានបន្តទៀតថា តាមរយៈការកែលម្អបរិក្ខារនេះ នឹងផ្តល់អត្ថប្រយោជន៍ ដល់កុមារជាង៦០នាក់ ដែលកំពុងស្នាក់នៅរៀនសូត្រ ព្រមទាំងម្តាយ របស់ពួកគេ ក៏ដូចក្មេងៗជាច្រើន ដែលត្រូវចូលរៀននៅផ្ទះកុមារនេះនាពេលអនាគត។

លោកបានបន្ថែមទៀតថា ផ្ទះកុមារថ្មីនេះ ក៏ជាទីតាំងនៃមណ្ឌលសហគមន៍ ដែលអ្នកម្តាយនៅតំបន់អាចសិក្សា ពីវិធីសាស្ត្រចិញ្ចឹមបីបាច់កុមារ និងការកែលម្អជីវភាពរស់នៅរបស់ពួកគេ។

ចៅសង្កាត់គោករកា ខណ្ឌលពោធិ៍សែនជ័យ លោក ភី ណុប បានមានប្រសាសន៍ថា គម្រោងនេះធ្វើឡើង ដើម្បីផ្តល់ការថែទាំ និងអប់រំកុមារតូចៗ ឲ្យទទួលបាននូវប្រសិទ្ធិភាព នៃការអប់រំ ការអភិវឌ្ឍន៍លើគ្រប់វិស័យ រាងកាយ បញ្ញា ស្មារតី សង្គម និងផ្លូវចិត្ត មុនត្រៀមខ្លួនចូលសាលា។

លោកបានបន្តទៀតថា គម្រោងនេះនិងផ្តល់ឱកាស ដល់កុមារទាំងប្រុសទាំងស្រី ដែលបានបោះបង់ការសិក្សា ស្រ្តីមេម៉ាយ ស្ត្រីដែលទទួលរងផលប៉ះ ពាល់ដោយសារជំងឺអេដស៍ ចាស់ជរា អាណាព្យាបាលកុមារឲ្យទទួលបាននូវជំនាញ និងវិជ្ជាជីវៈពិតប្រាកដ ដើម្បីជាយាន្តក្នុងការដោះស្រាយ បញ្ហាជីវភាព ឲ្យមានភាពល្អប្រសើរ។

លោកបានបន្ថែមទៀតថា បច្ចុប្បន្នសង្កាត់គោករកា មានភូមិចំនួន១៨ និងសហគមន៍ចំនួន៧ ដែលមានប្រជាជនរស់នៅចំនួន ៣២៦គ្រួសារ និង មានប្រជាជនចំនួន១១.៤៦០នាក់ ដោយប្រជាជនរស់ក្នុងភូមិអណ្តូងទាំងអស់ ១.៦៤៦គ្រួសារ ស្មើរនឹង៣.៦៤៩នាក់ ដែលក្នុងនោះមានកុមារ ៤៣៥នាក់ ហើយជំនួយសប្បុរសនេះ អាចជួយកុមារតូចៗ ចំនួន២០០នាក់ កុមារជំទង់ចំនួន១៥០នាក់ ព្រមទាំងស្ត្រី ចាស់ជរា អាណាព្យាបាលកុមារ ចំនួន៧០០នាក់ ឲ្យទទួលអត្ថប្រយោជន៍ជាច្រើន ពីគម្រោងសាងសង់ផ្ទះកុមារ និងមណ្ឌលសហគមន៍។

ពិធីចុះហត្ថលេខានេះ ធ្វើឡើងនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៣ នៅស្ថានទូតជប៉ុនប្រចាំកម្ពុជា ដែលមានលោក ហ៊ីហ្គូជិ យ៉ូស៊ីហ៊ីរ៉ូ ភារៈធារីស្តីទីស្ថានទូតជប៉ុន ប្រចាំកម្ពុជា និងលោក ភី ណុប ប្រធានក្រុមប្រឹក្សាសង្កាត់គោករកា ខណ្ឌលពោធិ៍សែនជ័យ ព្រមទាំងមន្ត្រីជំនាញ ដែលពាក់ព័ន្ធជាច្រើនរូបទៀត៕

www.dap-news.com

www.dap-news.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>