ភ្នំពេញ ៖ ព្រះសង្ឃ ១០០អង្គ និមន្តមកពីបណ្តាវត្តនានា ក្នុងរាជធានីភ្នំពេញ បាននិមន្តសូត្រមន្ត រំដោះគ្រោះចង្រៃ នៅតាមបណ្តោយ មហាវិថីព្រះនរោត្តម ចាប់ពី វិមានឯករាជ្យ រហូតដល់ ស្ពានអាកាសក្បាលថ្នល់ ព្រមទាំងកន្លែង ដែលជួបគ្រោះថ្នាក់ចរាចរណ៍ ដ៏អកុសលសម្លាប់កុមារា កុមារី ៣នាក់ នៅមុខក្រសួងមហាផ្ទៃ ។
នៅក្នុងពិធី និមន្តប្រោសព្រំ ព្រះសង្ឃ និមន្តមកពីបណ្តាវត្តនានា ក្នុងរាជធានីភ្នំពេញនៅវេលាម៉ោង ២ រសៀលថ្ងៃអាទិត្យ ទី០៣ ខែមីនា ក្រោមកំដៅព្រះសូរ្យសែង បាននិមន្តប្រោសព្រំ រលាស់ ទឹក បាចផ្កា ដើម្បីនាំមកនូវសេរីសួស្តី ជូនដល់ប្រជាពលរដ្ឋកម្ពុជា ដែលធ្វើដំណើរនៅតាមដងមហាវថីមួយេនះ ។
ជាមួយគ្នានេះ ផ្ទះនីមួយៗនៅតាមដងផ្លូវគេសង្កេតឃើញ ប្រជាពលរដ្ឋ បាននាំគ្នាលើកទឹកប្រគេនព្រះសង្ឃ ប្រោសព្រំនៅតាមមុខផ្ទះរបស់ខ្លួនផងដែរ ។
ពាក់ព័ន្ធនឹងការសូត្រមន្តរំដោះគ្រោះនៅតាមដងផ្លូវនេះដែរ លោក ខ័ណ្ឌ ច័ន្ទសុផល ប្រធានក្រុមព័ត៌មានដោយ សេរី ថ្មីៗ និងប្រតិកម្មរហ័ស នៅក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងជាអ្នករៀបចំកម្មវិធីនិមន្តសូត្រមន្ត បានថ្លែងឲ្យដឹងនៅក្នុងពិធីនោះថា ដោយសារតែឃើញមានគ្រោះថ្នាក់ចរាចរស្ទើររៀងរាល់ថ្ងៃ និងស្របតាមការ អំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាពិសេស គឺក្រោយពេលកើតមានឧប្បត្តិហេតុ គ្រោះថ្នាក់ចរាចរដ៏រន្ធត់នៅមុខក្រសួងមហាផ្ទៃ ផ្តាច់ជីវិតកុមារា កុមារី៣នាក់ និងរងរបួសជាច្រើននាក់ទៀត ទើប លោកនិមន្តព្រះសង្ឃរៀបចំពិធីសូត្រមន្តប្រោសព្រំនេះឡើង។ ពិធីសូត្រមន្ត គឺដើម្បីរំដោះគ្រោះឧបទ្រពចង្រៃ និង នាំមកនូវសេរីសួស្តី សេចក្តីសុខជូនប្រជាពលរដ្ឋខ្មែរ ដែលធ្វើដំណើរតាមបណ្តោយមហាវិថីព្រះនរោត្តម ទៅតាម ជំនឿរបស់ខ្មែរ។
តែទោះជាយ៉ាងណា លោកបញ្ជាក់ថា នេះជាសារមួយជូនដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់ ពេល បើកបរ តែបើរអ្នកបើកបរនៅតែមិនគោរពបញ្ហាគ្រោះថ្នាក់ចរាចរនៅតែងាយនិងកើតមានដដែល។ «នេះជាសារ អប់រំចំពោះប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នពេលបើកបរ តែបើពួកគាត់មិនប្រុងប្រយ័ត្នទេនោះ គ្រោះថ្នាក់នៅ តែងាយនិងកើតមាន»។
ដោយឡែកព្រះតេជគុណ ជួន សាវឿន ប្រធានគណៈកម្មការសង្ឃវត្តឧណ្ណាលោម បានសង្ឃដីកានៅក្នុងឱកាស និមន្តប្រោសព្រំនោះដែរថា តាមទំនៀបទម្លាប់របស់ខ្មែរតាំងពីបុរាណមក ការសូត្រប្រោសព្រំ រំដោះគ្រោះចង្រៃ ដោយប្រើធម៌របស់ព្រះសម្មាសម្ពុទ្ធ តែងតែនាំមកនូវសេចក្តីសុខ និងសេចក្តីចម្រើន។
តែព្រះតេជគុណ ជួន សាវឿន បានបញ្ជាក់ថា «ការប្រោសព្រំនេះ ក៏មិនអាចអះអាងថា រួចផុតពីគ្រោះ១០០ភាគ រយដែរ ព្រោះសម័យបច្ចុប្បន្នមានរថយន្ត ទោចក្រយានយន្តច្រើន ដូច្នេះអ្នកបើកបរគ្រប់រូបត្រូវមានការប្រុងប្រ យ័ត្នខ្ពស់ដោយខ្លួនឯង។ គ្រោះតែងកើតមានដល់ជនណា ដែលប្រមាថ ខ្វះការប្រុងប្រយ័ត្ន»។
ពាក់ព័ន្ធទៅនិងការបង្កគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកដទៃ ព្រះតេជគុណ ក៏បានបញ្ជាក់ថា តាមធម៌របស់ព្រះ សម្មាសម្ពុទ្ធជនណា ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ ដោយក្តីប្រមាថនោះ ជននោះរមែងទទួលនូវផល បាបសម្រាប់ជាតិមុខ និងជាតិក្រោយៗទៀត។
អ្នកស្រី ល័ក្ខ សុគន្ធារិន ម្តាយកុមារីរងគ្រោះទាំងពីរនាក់ បានរៀបរាប់ទាំងក្តីខ្សឹកខ្សួលស្រណោះស្រណោកថា វាពិតជាល្អណាស់ ដែលព្រះសង្ឃនិមន្តសូត្ររំដោះគ្រោះតាមដងផ្លូវ តែអ្នកស្រីបានអំពាវនាវដល់អ្នកបើកបរទាំង ត្រូវមានស្មារតីទទួលខុសត្រូវលើការបើកបររបស់ខ្លួន និងប្រុងប្រយ័ត្នជានិច្ច ចៀសវាងបង្កគ្រោះថ្នាក់ដល់ជនដទៃ ដែលមិនដឹងអីដូចជាកូនស្រីរបស់អ្នកស្រី។
«ខ្ញុំពិតគាំទ្រនូវសកម្មភាពនេះ តែខ្ញុំសោកស្តាយដែលជនបង្កខ្វះការ ប្រុងប្រយ័ត្ន ធ្វើឲ្យគ្រោះថ្នាក់ដ៏សែនកុសល បែបនេះ។ ខ្ញុំពិតជានឹកស្រណោះកូនស្រីទាំងពីររបស់ខ្ញុំខ្លាំងណាស់ ជិះកង់ឌុបគ្នាចេញពីរៀន មិនទាន់ទាំងបាន ញាំអីផង មិនគួរជួបគ្រោះអកុសលបែបនេះ»។ នេះជាសំដីដ៏ខ្សឹកខ្សួលអួលដើមក លាយឡំនិងទឹកភ្នែករបស់ ម្តាយកុមារី រងគ្រោះ រិន បុប្ផា និង រិន រចនា ដែលទើបមានអាយុ១២ និង៨ឆ្នាំនោះ។
មិនខុសពីមតិខាងលើដែរ ប្រជាពលរដ្ឋជាច្រើននាក់ នៅតាមដងមហាវិថីព្រះនរោត្តម ដែលកំពុងមើលព្រះសង្ឃនិ មន្តសូត្រមន្តនោះ បានបញ្ចេញទស្សនៈរបស់ខ្លួនថា តាមជំនឿរបស់ខ្មែរ ការសូត្រមន្តប្រោសព្រំ គឺនាំមកនូវសេច ក្តីសុខ និងបណ្តេញគ្រោះឧបទ្រពចង្រៃបានច្រើន។ តែទោះជាយ៉ាងណាអ្នកបើកបរខ្លួនឯងផ្ទាល់ គឺត្រូវតែគោរព ច្បាប់ចរាចរណ៍ បើកបរដោយប្រុងប្រយ័ត្ន មិនត្រូវបើកលឿនហួសហេតុ ជាពិសេសមិនត្រូវបើកបរក្នុងសភាព ស្រវឹង។
លោកស៊ីរឿន ជាអ្នករត់ម៉ូតូឌុប នៅគោលដៅគល់ស្ពានអាកាសក្បាលថ្នល់ បានថ្លែងគាំទ្រនូវសកម្មភាពរបស់ព្រះ សង្ឃខាងលើនេះ។ តែលោកបានបញ្ជាក់ថា នៅគល់ស្ពានអាកាសឧស្សាហ៍កើតគ្រោះថ្នាក់ចរាចរណាស់ ភាគ ច្រើន នៃគ្រោះថ្នាក់នោះ បណ្តាលមកពីអ្នកបើកបរមិនប្រុងប្រយ័ត្ន ពេលខ្លះលឿនហួសហេតុ ហើយពេលខ្លះទៀត បទរថយន្ត ឬម៉ូតូដោយមិនមើលឆ្វេងស្តាំ។
ដោយឡែកបុរសអ្នករត់ម៉ូតូឌុបម្នាក់ទៀត ក៏បានចូលរួមបញ្ចេញទស្សនៈរបស់ខ្លួនផងដែរថា ក្រុមអ្នករត់ម៉ូតូឌុប ដូចជាពួកលោក ក៏ឧស្សាហ៍ជួបគ្រោះថ្នាក់ភាគច្រើនផងដែរ ហើយគ្រោះថ្នាក់នោះកើតឡើងដោយសារតែពួក លោកខ្វះការប្រុងប្រយ័ត្ន ពោលនៅពេលជិះរកភ្ញៀវម្តងៗ ពេលមានភ្ញៀវហៅហើយ ពួកគាតបត់យ៉ាងលឿន ដោយមិនបានមើលឆ្វេងស្តាំនោះទេ។ លោកក៏បានអំពាវនាវឲ្យក្រុមអ្នករត់ម៉ូតូឌុប ក៏ដូចជារ៉ឺម៉កកង់៣ ពេលរកស៊ី ហើយពេលមានភ្ញៀវនោះ គួរណាស់តែមើលឆ្វេងស្តាំមុននិងបត់ម៉ូតូ ឬរ៉ឺម៉កកងបី។
ការនិមន្តប្រោសព្រំ លើករាសី រំដោះគ្រោះចង្រៃនេះ បានធ្វើឡើងបន្ទាប់ពី ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏សែនអកុសល បានផ្តាច់ជីវិត កេ្មងតូចៗ ៣ នាក់ និង៧នាក់រងរបួសធ្ងន់ស្រាល នៅមុខក្រសួងមហាផ្ទៃ កាលពីល្ងាចថ្ងៃទី០១ ខែមីនា ហើយក៏ស្របពេលដែលការ អំពាវនាវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីថ្ងៃទី២៧ ខែកុម្ភៈ ដោយនិមន្តឲ្យព្រះសង្ឃ សូត្រមន្តរំដោះគ្រោះចង្រៃ នៅតាមបណ្តាផ្លូវ ដែលឧស្សាហ៍ជួបគ្រោះថ្នាក់ចរាចរណ៍ និងផ្តាច់ជីវិតអ្នកធ្វើដំណើរផងដែរ៕