បាត់ដំបងៈ នាព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០១៣កន្លងទៅនេះ លោកឧត្តមសេនីយ៍ឯក ប៊ុន សេង ទីប្រឹក្សា សម្តេចតេជោ នាយកមន្រ្តី មេបញ្ជាការរង កងទ័ពជើងគោក ជាមេបញ្ជាការយោធភូមិភាគទី៥ និង លោកជំទាវ ឡៃ គីមហុង ប៊ុន សេង បានអញ្ជើញ ជាអធិបតី ក្នុងមិទេ្ទញអបអរសាទរ ខួបលើកទី១០២ ទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៣ នៅទីបញ្ជាការដ្ឋាន យោធភូមិភាគទី៥ ព្រមទាំងមានវត្តមាន អញ្ជើញចូលរួមផងដែរ ពីអស់ លោកនាយទាហាន មន្រ្តីស្ថាប័នក្នុងខេត្ត យុទ្ធនារីនគរបាលជាតិ យុទ្ធ នារីកងរាជអាវុធហត្ថ យុទ្ធនារីកងយោធពល ខេមរភូមិន្ទ នាយទាហាន នាយទាហានរង ពលទាហានប្រមាណជាង ៣០០ នាក់ បានចូលរួមផងដែរ ។
ក្នុងកិច្ចសុន្ទនាស្វាគមន៍ និងរបាយការណ៍សង្ខេប របស់នារីយោធភូមិភាគ លោកស្រីវរសេនីយ៍ទោ អៀង ចាន់ធី បានបញ្ជាក់ឲ្យដឹង ពីសកម្មភាព និងលទ្ធផលការងាររបស់នារី នៅទូទាំងយោធភូមិទី៥ សម្រេចបាន នារយៈពេលកន្លងមក ហើយតាមរយៈប្រធានបទ សិទ្ធិស្មើគ្នា ឱកាសដូចគ្នា ដើម្បីពន្លឿន កិច្ចអភិវឌ្ឍន៍ ព្រមទាំងបានបង្ហាញឲ្យឃើញ នូវសកម្មភាព និងលើកកម្ពស់នូវតម្លៃ ឋានៈ តួនាទី ក្នុងការ រួមចំណែករបស់ស្រ្តី ពិសេស នារី នៅក្នុងកងយោធពល ខេមរភូមិន្ទ ដែលបានបម្រើ ឲ្យវិស័យការពារ ជាតិ រួមនឹងការអភិវឌ្ឍន៍ប្រទេសជាតិ លើគ្រប់វិស័យ ។
លោកជំទាវ ឡៃ គីមហុង ប៊ុនសេង ប្រធានកិត្តិយសនារី បានអញ្ជើញអាននូវព្រះរាជសារសម្តេចព្រះមហាក្សត្រី ព្រះរាជមាតាជាតិខ្មែរ ដែល មានខ្លឹមសារថា ខួបលើកទី១០២ នៃទិវានារីអន្តរជាតិ ៨ មីនា ឆ្នាំ២០១៣ នេះ ក្រោមប្រធានបទ សិទ្ធិស្មើគ្នា ឱកាសដូចគ្នា ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍ ដោយ មានគោលបំណងជំរុញ និងកែលំអរផ្នត់គំនិតសង្គម ដែលមាននៅលើស្រ្តី និងបុរស ដើម្បីលើកកម្ពស់ សិទ្ធិ និងឱកាសចូលរួមដូចគ្នា ក្នុងកិច្ចអភិវឌ្ឍន៍ជាតិ ។ បន្ទាប់ពីពិធីជូនបាច់ផ្កា និងចុះហត្ថលេខា លើសៀវភៅកម្រងអនុស្សាវរីយ៍ ការចាប់រង្វាន់សំនួរ ចម្លើយ និងពិធីបំពាក់ គ្រឿងឥស្សរិយសរួចមក មានប្រសាសន៍សំណេះសំណាលនាពេលនេះ។
លោកឧត្តមសេនីយ៍ឯក ប៊ុន សេង បានសម្តែង នូវក្តីមោទនៈ និងការសាកសួរសុខទុក្ខក្នុងមនោ សញ្ចេតនា គោរពស្រឡាញ់នារី ក្នុងជួរកង យោធពលខេមរភូមិន្ទ ក៏ដូចជានារីទូទាំងយោធពលភូមិភាគទី ៥ ទាំងអស់ និងក្រុមគ្រួសារឲ្យប្រកបតែ សេចក្តីសុខ និងសុភមង្គល ។
លោកឧត្តមសេនីយ៍ឯក ប៊ុន សេង បានបញ្ជាក់ថា ប្រធានបទឆ្នាំនេះ បានឆ្លុះឲ្យស្រ្តីខ្មែរបានផ្លាស់ ប្តូរនូវផ្នត់គំនិត និងឥរិយាបទដែលស្រ្តីជាឆ្អឹងខ្នង នៃសេដ្ឋកិច្ចជាតិ និងជាមាតានៃពិភពលោក ហើយ ស្រ្តីជាដៃគូដែលពុំអាចខ្វះបាន របស់បុរស ព្រមទាំងបានសម្តែង នូវការគាំទ្រប្រធានទិវាអន្តរជាតិ ឆ្នាំនេះ គឺផ្តោតសំខាន់ ទៅលើការតម្លៃដល់សក្តានុពល របស់មនុស្ស តាមរយៈការលើក កម្ពស់សិទ្ធិ និងឱកាសដូចគ្នារវាងស្រ្តី និងបុរស ក្នុងការ ទទួលបាននូវចំណេះដឹង និងជំនាញបច្ចេកទេស គ្រប់ផ្នែក និងបានចូលរួមលើគ្រប់វិស័យផងដែរ ។
លោកឧត្តមសេនីយ៍ បានគូសបញ្ជាក់ ពីប្រវត្តិនៃការតស៊ូរបស់នារី រហូតដល់មានការទទួលស្គាល់ សិទ្ធិជាសកលនាពេលនេះ ហើយការលើក កម្ពស់សីលធម៌ក្នុងសង្គម តម្លៃ និងគ្រួសារខ្មែរ គឺជាកិច្ចការ ចំពោះមុខ ដែលយើងទាំងអស់គ្នា ត្រូវយកចិត្តទុកដាក់ស្តារ និងអភិវឌ្ឍន៍ឡើងវិញ រួមជាមួយនឹងរាជ រដ្ឋាភិបាលការពារសេចក្តីថ្លៃថ្នូ របស់មនុស្សជាតិ និងការពារគុណតម្លៃមនុស្សធម៌ និងចូលរួមពន្លឿន នៃការកាត់បន្ថយភាពក្រីក្រ ។ ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ និងលោកជំទាវបានជូន អំណោយវត្ថុអនុស្សាវរីយ៍ ដល់សមាជិកដែលបានចូលរួមជាង ៣០០ នាក់ ក្នុង ម្នាក់ៗ ទទួលបាន សារុង ១ ថវិកា ២ ម៉ឺនរៀល រួមនឹងសៀវភៅ ១ ក្បាលផងដែរ ៕