ភ្នំពេញៈ ព្រះសង្ឃ និងក្រុមចលនាសង្គមក្នុងបណ្តាញ ទំនាក់ទំនងសង្គម ជាច្រើនអង្គ និងនាក់ បានអំពាវនាវ ស្វែងរកកិច្ចសហការនានា ពីសប្បុរសជនពុទ្ធសាសនិកជនទាំងអស់ ចូលជាបច្ច័យសម្រាប់ការចំណាយផ្សេងៗ ដើម្បីនិមន្តទៅប្រោះព្រំរំដោះគ្រោះ និងនាំមកសេចក្តីសុខចម្រើនសម្រាប់អ្នកដំណើរទូទៅលើកំណាត់ផ្លូវជាតិ លេខ៤ ជាពិសេសចំណុចដែលកើតគ្រោះថ្នាក់រន្ធត់ៗនាពេលថ្មីៗនេះ ។ ពិធីសូត្រមន្តប្រោះព្រំដោះឧបទ្រពចង្រៃ នេះ គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០១៣ វេលាម៉ោង ១រសៀល។
ការអំពាវនាវស្វែងរកជំនួយឧបត្ថម្ភនេះ បានធ្វើឡើងបន្ទាប់ពីប្រធានក្រុមព័ត៌មានជាតិ សេរី ថ្មីៗ និងប្រតិកម្ម រហ័សក្នុង បណ្តាញទំនាក់ទំនងសង្គម លោក ខ័ណ្ឌ ច័ន្ទសុផល គ្រោងនឹងនិមន្តព្រះសង្ឃជាច្រើន អង្គក្នុងរាជធានី ភ្នំពេញ និង ក្នុងខេត្តព្រះសីហនុ និមន្តទៅប្រោះព្រំរំដោះគ្រោះ បណ្តេញឧបទ្រពចង្រៃ និងលើករាសីសេរីសួស្តី សេចក្តីសុខ ចម្រើននៅតាមបណ្តោយផ្លូវ ដែលឧស្សាហ៍កើតគ្រោះថ្នាក់ចរាចរច្រើនបំផុត ជាពិសេសគ្រាន់តែដើម ឆ្នាំ២០១៣ មជ្ជុរាជលើដងវិថីមួយនេះ ផ្តាច់ជីវិតមនុស្សអស់ជាច្រើននាក់។
បើតាមលោក ខ័ណ្ឌ ច័ន្ទសុផល ជារៀបចំចាត់ពិធីប្រោះព្រំនេះ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាព្រឹក ថ្ងៃសៅរ៍ ទី០៩ ខែមីនា ឆ្នាំ២០១៣ថា ដោយសារចំណុចដែលព្រះសង្ឃត្រូវនិមន្តទៅប្រោះព្រំលើកំណាត់ផ្លូវជាតិ លេខ៤ មានចង្ងាយឆ្ងាយ ហើយខ្វះលទ្ធភាពសម្រាប់ការចំណាយផ្សេងៗ ដូចជាថ្លៃរថយន្តឈ្នួល និងថ្លៃចង្ហាន់ លោក ហេតុនេះហើយទើបលោកអំពាវនាវស្វែងការជួយឧបត្ថម្ភគាំទ្រពីសប្បុរជន ក៏ដូចជាអាជ្ញាធរ និងសមត្ថកិច្ច ផងដែរ។
បើតាមប្រធានក្រុមព័ត៌មានជាតិ សេរី ថ្មីៗ និងប្រតិកម្មរហ័ស នៃបណ្តាញសង្គមហ្វេសប៊ុករូបនេះ បានឲ្យដឹងទៀត ថា ព្រះសង្ឃដែលគ្រោងនិងនិមន្តទៅប្រោះព្រំលើកំណាត់ផ្លូវជាតិលេខ៤នេះ មានប្រហែលជា១០០អង្គ ដោយ ៥០និមន្តពីរាជធានីភ្នំពេញ និង៥០អង្គទៀតនៅក្នុងខេត្តព្រះសីហនុតែម្តង។ តាមការគ្រោងទុកពិធីសូត្រមន្តប្រោះ ព្រំនេះ នឹងធ្វើឡើងនៅតាមចំណុច ដែលកើតគ្រោះថ្នាក់រន្ធត់ៗ និងផ្តាច់ជីវិតមនុស្សច្រើន ដូចជាកន្លែងដែលបង្ក គ្រោះថ្នាក់ដល់តារាចម្រៀងល្បីវ័យក្មេង លោក ខេមរៈ សិរីមន្ត កាលពីយប់ថ្ងៃទី០៧ សម្លាប់ជីវិតមនុស្សរហូតដល់ ៧នាក់ និងចំណុចដែលរថយន្តកាមរីបាឡែនក្រឡាប់ផ្ទុះឆេះ សម្លាប់យុវវ័យប្រុសស្រីរហូតដល់៦នាក់ កាលពីអំ ឡុងពេលចូលឆ្នាំចិន នៅម្តុំចំការដូងប្រេងរបស់លោកឧកញ៉ា ម៉ុង ឬទ្ធី។
នៅក្នុងពិធីសូត្រមន្តប្រោះព្រំនេះ បើតាមការបញ្ជាក់ពីលោក ខ័ណ្ឌ ច័ន្ទសុផល បានឲ្យដឹងថា ក៏មានការអញ្ជើញ ចូលរួមពីតារាកំប្លែងនាយកុយ និងលោកយាយ ណយ សំណាង ដែលជាឪពុកម្តាយ នៃកូនប្រុស២នាក់ ដែល បានស្លាប់បាត់បង់ជីវិត ក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរកាលពីយប់ថ្ងៃទី០៧ កន្លងទៅនេះផងដែរ។
ការប្រោះព្រំនេះ លោក ខ័ណ្ឌ ច័ន្ទសុផល បានឲ្យដឹងផងដែរថា ក្បួនដង្ហែនឹងចាប់ផ្តើមពីចំណុចឆ្នេរអូរឈើទាលមុខផ្ទះសម្តេច តេជោ រហូតដល់ឃ្លាំងលើ បន្ទាប់មកព្រះសង្ឃនិមន្តតាមរថយន្ត ដើម្បីបន្តទៅប្រោះព្រំ តាមគោលដៅផ្សេងៗ ទៀត ដែលឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរធ្ងន់ធ្ងរ ដូចជាកន្លែងផ្ទុះឆេះរថយន្ត និងកន្លែងគ្រោះថ្នាក់ចរាចររថយន្តកុង តឺន័រ បុករថយន្តតារាចម្រៀង ខេមរៈ សិរីមន្តជាដើម។
ពិធីប្រោះព្រំតាមជំនឿ និងប្រពៃណីរបស់ប្រជាពលរដ្ឋខ្មែរ បានធ្វើឡើងម្តងរួចមកហើយកាលពីថ្ងៃទី៣ ខែមីនា នៅតាមបណ្តោយមហាវីថីព្រះនរោត្តម ដោយមានការអញ្ជើញចូលរួមពីប្រជាពលដ្ឋយ៉ាងច្រើនផងដែរ ជាពិសេស ក្រុមគ្រួសារ នៃសពជនរងគ្រោះ ដែលត្រូវកញ្ញានិស្សិតពេទ្យបើករថយន្តបុកនៅមុខក្រសួងមហាផ្ទៃ។
បញ្ហាគ្រោះថ្នាក់ចរាចរកំពុងក្លាយទៅជាក្តីបារម្ភយ៉ាងខ្លាំងប្រជាពលរដ្ឋទូទៅ និងរាជរដ្ឋាភិបាលកម្ពុជា បើតាម របាយការណ៍ របស់អង្គការពិការអន្តរជាតិ បានឲ្យដឹងថា ជាមធ្យមកម្ពុជាមានមនុស្សស្លាប់យ៉ាងហោចណាស់ ៥នាក់ក្នុង១ថ្ងៃ។
ដោយក្តីព្រួបារម្ភនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា កាលពីពេលថ្មីៗ បានអំពាវនាវឲ្យព្រះសង្ឃ និមន្តប្រោះព្រំរំដោះគ្រោះឧបទ្រពនៅតាមបណ្តាដងផ្លូវ ដែលឧស្សាហ៍ជួបគ្រោះថ្នាក់ចរាចរ និងផ្តាច់ជីវិតមនុស្ស ច្រើនជាងគេ។
សម្រាប់សប្បុរសជន ដែលមានសទ្ធាជ្រះថ្លា ចូលរួមក្នុងសកម្មភាពនេះ អាចទាក់ទងជាមួយលោក ខ័ណ្ឌ ច័ន្ធសុ ផល ទូរស័ព្ទលេខ ០១២ ២៥ ២៥ ២២, ០៨៨ ៨ ២៥ ២៥ ២២។
តាមរយៈ នៃការអំពាវនាវនេះ ភិបាលខណ្ឌមានជ័យ លោក គួច ចំរើន បានចូលរួមឧបត្ថម្ភ ថវិកា១០០ដុល្លារ សម្រាប់ការចំណាយផ្សេងៗក្នុងកម្មវិធី៕
លោក ខ័ណ្ឌ ច័ន្ទសុផល នាំយកថវិកាសប្បុរសជន ចូលរួមរំលែកទុក្ខ ជាមួយនាយកុយ និង យាយ ណយ សំណាង