បេរូត៖ ប្រជាជនជាតិ ស៊ីរីយ៉ាងតិច ៨នាក់ បានស្លាប់ និង ៣០នាក់ផ្សេង ទៀតទទួលរងរបួស នៅថ្ងៃសុក្រ ទី១៥ ខែមីនានេះក្នុង ហេតុការណ៍គ្រោះថា្នក់ ឡានក្រុងក្នុងតំបន់ កាហាឡេ ភាគខាងកើតនៃរដ្ឋធានី បេរូត ប្រទេស លីបង់។
ប្រភពដែលបានមកពីមន្រ្តីសុន្តិសុខនៅទីនោះបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួថា ឡាន ក្រុងដែលបានផ្ទុកជនភៀសខ្លួនស៊ីរីនោះត្រូវបានដឹងយ៉ាងច្បាស់ថាបានបើកបុក រណាំងចែកផ្លូវនៅ ផ្លូវជាតិ ដែលមានគោលដៅពីទីក្រុងដាម៉ាស ទៅ បេរូត ក្រោយពីអ្នកបើក រថយន្ដបាត់បង់ម្ចាស់ ការលើការបញ្ជា ឡានក្រុង។
ក៏ដូចគ្នានេះផងដែរ មន្ត្រីកាកបាតក្រហមលោក ចច ខេតាណេហ៍ បានកំណត់ពីចំនួនស្លាប់។ លោកបាន និយាយប្រាប់ភ្នាក់ងារទូរទស្សន៍ LBCI ថាក្រុមជំនួយបានដឹកអ្នករងរបួសចំនួន ៣០នាក់ ទៅកាន់មន្ទីរពេទ្យដែរនៅក្នុងតំបន់នោះ។
គួរបញ្ជាក់ថាជនភៀសខ្លួនស៊ីរី រាប់រយនាក់បានរត់ភៀសខ្លួនទៅកាន់ប្រទេសជិតខាងរបស់ ខ្លួន ជារៀងរាល់ថ្ងៃដើម្បីគេចចេញពីប្រទេសរបស់ខ្លួន ដែលកំពុងតែហែកហួរយ៉ាងខ្លាំង ដោយ សង្គ្រាម រវាងរដ្ឋាភិបាល និង ក្រុមឧទ្ទាមរយៈពេលជាង ២ឆ្នាំមកនេះ៕