ភ្នំពេញ ៖ បុរសម្នាក់ទំនង ផឹកស្រាស្រវឹងធ្លាក់ភ្នែក បានបើករថយន្តលុស្សស៊ីស បុករោងការ របួសបាក់ដៃស្ត្រីម្នាក់ រួចហើយបានព្យាយាម បើករត់ជ្រុលចង្កូត បុកបង្គោលភ្លើង និងផ្ទះអ្នកស្រុក បណ្ដាលឲ្យខ្ទេច រថយន្ត ព្រមទាំងរងរបួសខ្លួនឯង យ៉ាងដំណំ ហើយត្រូវបក្ខពួក មកដឹករំដោះយកទៅបាត់ ។
គ្រោះថ្នាក់ខាងលើនេះបាន កើតឡើងកាលពី វេលាម៉ោង១០និង៥៥ នាទីយប់ ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៣ នៅចំណុចមុខផ្ទះលេខ ១២៣ ផ្លូវលេខ ៣៦៩ ភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌមានជ័យ។
លោកអនុសេនីយ៍ទោ ទិត្យ ចំរើន នាយផ្នែកនគរបាល ចរាចរណ៍ ខណ្ឌមានជ័យ បានឲ្យដឹងថា រថយន្តបង្កម៉ាកលុស្សស៊ីស RX 300 ពណ៌ទឹកប្រាក់ ស្លាកលេខភ្នំពេញ 2S- 5377 បើកបរដោយបុរសម្នាក់ ដែលសាក្សីអះអាងថា ស្រវឹងស្រាធ្លាក់ភ្នែក បានរងរបួសយ៉ាងដំណំ ហើយត្រូវបានបក្ខពួក ដឹករំដោះយកទៅបាត់ មុនពេលកម្លាំងនគរបាល ទៅដល់កន្លែងកើតហេតុ។
លោក ទិត្យ ចំរើន បានបន្តថា ពីដំបូងរថយន្តបង្កបាន ធ្វើដំណើរតាមផ្លូវ ៣៦៩ ពីភូមិកោះក្របី ចូលមកភ្នំពេញ។ លុះធ្វើដំណើរ មកដល់ចំណុច មុខផ្ទះលេខ ១២៣ ក៏ជ្រុលចង្កូតបុករោងការ បាក់បែកតុកៅអី រ៉ឺម៉កម៉ូតូមួយគ្រឿង និងបណ្តាលឲ្យស្ត្រីម្នាក់ របួសបាក់ដៃឆ្វេង ។
បន្ទាប់មករថយន្តបាន ព្យាយាមបើករត់មកដល់មុខ ផ្ទះលេខ ៥៣៤ ភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ក៏បុកបង្គោលភ្លើង និងយ៉ាកផ្ទះអ្នកស្រុក បណ្តាលឲ្យរថយន្តខូចខ្ទេចស្ទើរទាំងស្រុង ហើយអ្នកបើកបរ របួសយ៉ាងដំណំ។ បច្ចុប្បន្នរថយន្តបង្ក ត្រូវបានកម្លាំងនគរបាល ការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ ស្ទូចយកទៅរក្សាទុក ដើម្បីដោះស្រាយតាមច្បាប់៕