ព្រះវិហារ ៖ អាជ្ញាធរ ខេត្ដព្រះវិហារ នៅថ្ងៃទី១៨ ខែមីនា នេះ បានចែកប័ណ្ណ កម្មសិទ្ធិដីធ្លី ជូនប្រជាពលរដ្ឋ នៅក្នុងភូមិ អូរខ្លែងពណ៌ សង្កាត់ប៉ាល់ហាល ក្រុងព្រះ វិហារ ប្រព្រឹត្ដទៅក្រោមអធិបតីភាព នាយឧត្ដមសេនីយ៍ មាស សុភា មេបញ្ជា ការកងទ័ពជើងគោក ដែលជាតំណាង របស់សម្ដេចតេជោ ហ៊ុន សែន និងលោក អ៊ុំ ម៉ារ៉ា អភិបាលខេត្ដព្រះវិហារ ព្រមទាំង មានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំខេត្ដ អាជ្ញាធរមូលដ្ឋាន ក្រុមយុវជនស្ម័គ្រចិត្ដ ក្រុមមន្ដ្រីវាល និងប្រជាពលរដ្ឋជាច្រើននាក់ ផ្សេងទៀត ។
មន្ដ្រីសាលាខេត្ដព្រះវិហារ បានឱ្យដឹងថា ប្រជាពលរដ្ឋ ចំនួន ៥៧៨ គ្រួសារ បាន អញ្ជើញមកទទួលប័ណ្ណ កម្មសិទ្ធិដីធ្លីដែល ស្មើនឹង ៩១៦ ប័ណ្ណ ស្មើនឹងផ្ទៃដី ១៩៣៧,៧៤ហិកតា ។ ក្រោយពីបញ្ចប់ បទអន្ដរាគមន៍ របស់អភិបាលខេត្ដព្រះ វិហាររួចមក នាយឧត្ដមសេនីយ៍ មាស សុភា បានឡើងសំណេះសំណាល ជាមួយ ប្រជាពលរដ្ឋ ទាំង ៥៧៨ គ្រួសារ ដែលបាន មកទទួលប័ណ្ណកម្មសិទ្ធិដីធ្លីនៅពេលនេះ ។
មន្ដ្រីសាលាខេត្ដព្រះវិហារ បានឱ្យដឹងថា នេះជាលើកទី៦ហើយ ដែលអាជ្ញាធរខេត្ដ ព្រះវិហារ បានរៀបចំ និងប្រគល់ប័ណ្ណកម្ម សិទ្ធិ ជូនប្រជាពលរដ្ឋ មកពី ១០ភូមិក្នុង ចំណោម ១៧ឃុំ ដែលជាតំបន់វាស់វែងដីធ្លី ជូនប្រជាពលរដ្ឋ ។
មន្ដ្រីសាលាខេត្ដព្រះវិហារ បានឱ្យដឹង ទៀតថា ចំនួនប័ណ្ណកម្មសិទ្ធិដីធ្លីដែលចែក ជូនប្រជាពលរដ្ឋ ទាំង ៦លើកនេះ មាន ចំនួន ៣៤០២ ប័ណ្ណ ស្មើនឹង ២៤០០គ្រួសារ ស្មើនឹងទំហំផ្ទៃដី ១១០៩៧,៨៣ហិកតា ។ ប្រជាពលរដ្ឋ ដែលមកទទួលប័ណ្ណកម្មសិទ្ធិ ដីធ្លី ពីអាជ្ញាធរខេត្ដព្រះវិហារនៅពេលនេះ បានថ្លែងអំណរគុណ យ៉ាងជ្រាល ជ្រៅជូនចំពោះសម្ដេចតេជោ ហ៊ុន សែន តាមរយៈ គោលនយោបាយចាស់ សកម្មភាពថ្មី វាស់ វែងដីធ្លី ជូនប្រជាពលរដ្ឋ ឱ្យក្លាយជាកម្ម សិទ្ធិពិតប្រាកដ ៕