ភ្នំពេញៈ ក្រុមយុវជនកាកបាទ ក្រហមកម្ពុជា និងយុវជន កាយរិទ្ធិកម្ពុជា ប្រចាំសាកលវិទ្យាល័យ ជាតិគ្រប់គ្រង (NUM) ដែលដឹកនាំ ដោយលោក កុយ កុសល ព្រឹទ្ធិបុរសរង មហាវិទ្យាល័យ ហិរញ្ញវត្ថុ និងគណនេយ្យ នៅថ្ងៃទី១៨ ខែមីនា បាននាំយកថវិកា និងសម្ភារៈ មួយចំនួន ទៅឧបត្ថម្ភជូន ដល់និស្សិត ដែលរងនូវ អគ្គិភ័យឆេះផ្ទះ ស្ថិតក្នុងភូមិព្រែកតាគង់ សង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
ថវិកាទាំងនេះ មាន ចំនួន៨៥ម៉ឺនរៀល និងសំភារៈគ្រឿងឧបភោគ បរិភោគ មួយចំនួនទៀត ដូចជា អង្ករ៥០ គីឡូក្រាម មី២កេស ទឹកសុទ្ធ២កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ កន្ទេល១ ដើម្បីជួយចែករំលែកជូនដល់ និស្សិត លឹម តារាច័ន្ទ សិក្សាឆ្នាំទី៣ ផ្នែកហិរញ្ញវត្ថុ និងធនាគារ ដែលត្រូវ អគ្គិភ័យឆាបឆេះផ្ទះ អស់ទាំងស្រុង កាលពីថ្ងៃទី០៩ ខែមីនា ឆ្នំា២០១៣ ។
តំណាង NUM បានឱ្យដឹងថា ការជួយគ្នាទៅវិញ ទៅមក គឺជាទំលាប់ របស់និស្សិត ប្រចាំសាកលវិទ្យាល័យ ជាតិគ្រប់គ្រង ទៅហើយ ជាក់ស្តែង ថវិកាទំាងនេះ បានមកពីការរៃអង្គាស របស់និស្សិត បុគ្គលិក សាស្រ្តាចារ្យ និងគណៈគ្រប់គ្រង NUM រួមជាមួយ អំណោយ បន្ថែមខ្លះទៀតពីលោក បណ្ឌិត កុយ កុសល ផ្ទាល់ខ្លួនផង ។
និស្សិត លឹម តារាច័ន្ទ បានថ្លែងអំណរគុណ ចំពោះនិស្សិតអាហារូបករណ៍ ក៏ដូចជានិស្សិត បុគ្គលិក សាស្រ្តាចារ្យ NUM រួមទាំង យុវជនកាកបាទ ក្រហមកម្ពុជា និងសមាគមជាតិកាយចារិទ្ធកម្ពុជា ជាពិសេសលោក កុយ កុសល ដំណាងលោក ហោ ប៉េង សាកលវិទ្យាធិការ ដែលតែងតែយកចិត្ត ទុកដាក់ចំពោះនិស្សិតនានា របស់ខ្លួន នៅពេលពួកគេ ជួបគ្រោះអាសន្ន៕