Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ព្រះរាជអាជ្ញា ចោទប្រកាន់ ដេវីដ ឆាយណាវ៉ា និងបក្ខពួក ពីបទបង្កអំពើហិង្សា (មានវីដេអូ)

$
0
0

ភ្នំពេញ៖ ក្រោយបញ្ចប់ ការសាកសួរ និងបានបញ្ចប់កាលពីវេលា ម៉ោងប្រហែល ៧យប់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ នេះ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ បានសម្រេចចោទប្រកាន់ ឈ្មោះ ដេវីដ ឆាយណាវ៉ា និងបក្ខពួក ចំនួន២នាក់ ផ្សេងទៀត រួមមាន ក្មួយប្រុសបង្កើត និងអនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ ឈ្មោះ យិន ស៊ីណា ពីបទបង្កអំពើហិង្សា ដែលបានប្រព្រឹត្តិ ទៅលើអ្នកកាសែត ជិត១០នាក់។

នេះតាមបើការលួច បង្ហើបរបស់មន្រ្តី សាលាដំបូង រាជធានីភ្នំពេញ បានប្រាប់មជ្ឈមណ្ឌល ព័ត៌មាន ដើមអម្ពិល នៅយប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ នេះ។

ការទាក់ទងសុំការអធិប្បាយពី លោក មាស ច័ន្ទពិសិដ្ឋ ដែលកាន់សំណុំរឿងនេះ ចំនួន២ដង តាមទូរស័ព្ទនា យប់ថ្ងៃទី១៩ ខែមីនា នេះ បានទទួលបរាជ័យ ដោយសារតែលោកបានមិន បានលើកទូរស័ព្ទ ។

យ៉ាងណាក៏ដោយ មន្រ្តីសាលាដំបូង រាជធានីភ្នំពេញបាន ឲ្យដឹងថា ក្រោយការនាំខ្លួន ដេវីដ ឆាយណាវ៉ា និងក្មួយប្រុស ប្រាក់ អ៊ូស៊ី មកកាន់សាលាដំបូង ពីសំណាក់ កម្លាំងនគរបាលព្រហ្ម ទណ្ឌកម្រិតស្រាល រាជធានីភ្នំពេញ រួចមក ជនបង្កទាំងពីរនាក់ ខណៈម្នាក់ទៀត រត់គេចខ្លួន ត្រូវបានព្រះរាជអាជ្ញារង លោក មាស ច័ន្ទពិសិដ្ឋ បានសាកសួរ ជុំវិញការប្រើ អំពើហិង្សាទៅលើ អ្នកកាសែត រហូតធ្វើឲ្យ មានរបួសធ្ងន់ស្រាល ជិត១០នាក់នោះ បានបញ្ចប់ នៅវេលាម៉ោង ប្រហែល៧យប់ថ្ងៃទី១៩ ខែមីនា នេះ ហើយលោក មាស ច័ន្ទពិសិដ្ឋ បានសម្រេចចោទ ប្រកាន់ពីបទបង្កហិង្សា ។

ក្រោយការចោទប្រកាន់រួចមក ជនបង្កទាំងពីរនាក់នេះ ត្រូវបានសមត្ថកិច្ច នាំទៅឃុំខ្លូនជា បណ្តោះអាសន្ន នៅស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញសិន រួចព្រឹកឡើងថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ នឹងបញ្ជូនបន្ត ទៅចៅក្រមស៉ើបសួរ អមសាលាដំបូងរាជធានីភ្នំពេញ។

យោងតាមមន្រ្តី សាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ឈ្មោះ យិន ស៊ីណា ជាអនុរដ្ឋលេខាធិការ ក្រសួងយុត្តិធម៌ មកពីកូតា គណបក្ស ហ្វ៊ុនស៉ិនប៉ិច ត្រូវបានតុលាការ ចេញដីកាបង្គាប់ ឲ្យចូលខ្លួនដើម្បីបំភ្លឺ ហើយបើមិនចូលទេ តុលាការនឹងចេញដីកា តាមចាប់ខ្លួនជាក់ជា មិនខាន។

សូមបញ្ជាក់ថា អ្នកកាសែតក្នុងស្រុក ដែល មកពីអង្គភាពផ្សេងៗគ្នា ប្រមាណជាជិត ១០នាក់ ក្នុងនោះមាន ម្នាក់ ជាអ្នកយកព័ត៌មាន ឱ្យមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល បានរងរបួសធ្ងន់ ស្រាល បន្ទាប់ពី ឈ្មោះ ដេវីដ ឆាណាយវ៉ា ព្រមទាំងក្មួយ និងបក្ខ ពួកផ្សេងទៀត បាននាំគ្នា ប្រើអំពើហិង្សា ទាំងកំរោល មកលើអ្នកកាសែត ទាំងនោះ បន្ទាប់ពីពួកគេ ខឹងអ្នកកាសែត យកកាមេរ៉ា ទៅថតពីគ្រោះថ្នាក់ចរាចរណ៍ បើករថយន្ដ បុក ជញ្ជាំង ការដ្ឋានសំណង់ នៅ តាមផ្លូវ ។

យ៉ាងណាក៏ដោយ ជនបង្កដែលប្រើអំពើ ហិង្សា លើអ្នកកាសែត ដែលអ្នកខ្លះដួល សន្លប់ បញ្ជូនទៅកាន់មន្ទីរពេទ្យ ត្រូវបានកម្លាំងនគរបាល និងសមត្ថកិច្ចពាក់ព័ន្ធ ចាប់ខ្លួន ២នាក់ បញ្ជូនទៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្នុងនោះម្នាក់ឈ្មោះ ដេវីដ ឆាណាយវ៉ា និងម្នាក់ ទៀត ជាក្មួយប្រុសបង្កើត ឈ្មោះ ប្រាក់ អ៊ូស៊ី អាយុ ២០ឆ្នាំ ជា និស្សិតឆ្នាំ ទី៣ នៅសកល វិទ្យាល័យឯកជន ។

ព្រឹត្ដិការណ៍ ដែលបង្កឱ្យមានការភ្ញាក់ ផ្អើល ដែលផ្ដើមចេញពីគ្រោះថ្នាក់ចរាចរណ៍ ហើយក្លាយ ជាបទល្មើស ព្រហ្មទណ្ឌ ដោយសារតែវាយតប់ ទៅលើអ្នកកាសែត ពេល ចុះទៅយកព័ត៌មាន និងថតរូបស្ដីពី គ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ ១២យប់រំលង អាធ្រាត្រ ឈានចូលថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៣ ស្ថិតនៅតាមបណ្ដោយផ្លូវ លេខ ២១៤ ក្នុងសង្កាត់បឹងរាំង ខណ្ឌដូនពេញ ក្នុង នោះអ្នក រត់ម៉ូតូ ឌុបម្នាក់ ក៏រងរបួសផងដែរ បន្ទាប់ពីបាន ចូលជួយ ក្រុមអ្នកកាសែត ។

យោងតាមប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន បានឱ្យដឹងថា មុនដំបូងឡើយ ដែលនាំឱ្យ មានករណី បង្កអំពើ ហិង្សា មកលើអ្នកកាសែត ខាងលើនេះ បានកើតឡើង ក្រោយពីរថយន្ដ ចំនួន ២គ្រឿង បានបើក ប្រដេញគ្នា ក្នុង នោះរថយន្ដម៉ាក Mini Coopers ពណ៌ក្រហម ពាក់ស្លាកលេខ បណ្ដោះអាសន្ន 6106 បានជ្រុលទៅបុក របង ការដ្ឋានសំណង់ ទៅមុខលែងរួច ខណៈដែលរថយន្ដ CRV ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2C-1369 ជ្រុលទៅបុក បង្គោលភ្លើង ដែលនៅក្បែរនោះបណ្ដាលឱ្យ រថយន្ដទាំង២ រងការខូចខាត ផ្នែកខាង មុខ ។

សមត្ថកិច្ចបានឱ្យដឹងទៀតថា បន្ទាប់ពី មានករណីគ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ អ្នកយកព័ត៌មាន មកពីតាម អង្គភាពផ្សេងៗ រួមមាន ទូរទស្សន៍ និងកាសែត បាននាំគ្នា ចុះទៅផ្ដិតយក រូបភាព និងព័ត៌មាន នៅកន្លែងកើត ហេតុ ដូចសព្វមួយដង ។

ប៉ុន្ដែ នៅពេលដែលយកកាមេរ៉ាទៅថត គ្រោះថ្នាក់ចរាចរណ៍នេះ ស្រាប់តែអ្នកបើក រថយន្ដម្នាក់ ត្រូវបានគេដឹងថា មានតួនាទីជា អនុរដ្ឋលេខាធិការ ក្រសួងយុត្ដិធម៌ឈ្មោះ យាន ស៊ីណា បានមកវាយកាមេរ៉ា និងដាល់ អ្នកកាសែត បណ្ដាលឱ្យរងរបួស ។

ស្ថាន ភាពនេះបានធ្វើឱ្យ ធ្ងន់ធ្ងរទៅៗ ខណៈដែល បក្ខពួកអ្នកបើករថយន្ដ ជាច្រើននាក់បាន មកជួយអន្ដរាគមន៍ និងវាយទៅលើអ្នក កាសែតជាច្រើននាក់ ក្នុងនោះបានបណ្ដាល ឱ្យបុគ្គលិក នៅស្ថានីយ៍ទូរទស្សន៍បាយ័ន ម្នាក់ ឈ្មោះ សុវណ្ណ សេដ្ឋី សន្លប់នៅនឹង កន្លែង រងរបួសធ្ងន់ ត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យភ្លាមៗផងដែរ ។

បន្ទាប់ពីមានករណីខាងលើនេះ អ្នក បើករថយន្ដម្នាក់ ឈ្មោះ ប្រាក់ អ៊ូស៊ី អាយុ ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៅ សកលវិទ្យាឯកជន បានទូរស័ព្ទសុំជួយ អន្ដរាគមន៍ពីពូបង្កើត របស់ខ្លួន គឺឈ្មោះ ដេវីដ ឆាណាយវ៉ា ពេលនោះ រូបលោក បានបើករថយន្ដម៉ាក BMW ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X-7771 ។

នៅពេលឈ្មោះ ដេវីដ ឆាណាយវ៉ា រូបនេះ រួមជាមួយភរិយា របស់ខ្លួន ដែលមកជាមួយផងនោះ ក៏ បង្កើតជាជម្លោះ កាន់តែខ្លាំង ដោយបានវាយទៅលើ ក្រុមអ្នកកាសែត ដោយអ្នកខ្លះ រងរបួស លើផ្ទៃមុខ និងដងខ្លួន ដោយសារ តែ បក្ខពួក របស់ ដេវីដ ឆាណាយវ៉ា វាយនៅនឹងកន្លែង កើតហេតុ ។

សេចក្ដីរាយការណ៍ ពីកន្លែងកើតហេតុ បានឱ្យដឹងថា បន្ទាប់ពីមានការប្រតាយ ប្រតប់ និងប្រើអំពើហិង្សា ធ្វើឱ្យ មានការភ្ញាក់ផ្អើលយ៉ាងដូច្នេះ កម្លាំងនគរបាលមូលដ្ឋាន និងសមត្ថកិច្ច ពាក់ព័ន្ធបានទៅជួយអន្ដរាគមន៍ តាម រយៈការឃាត់ខ្លួនជនបង្ក ២នាក់ ម្នាក់ឈ្មោះ ដេវីដ ឆាណាយ វ៉ា និងម្នាក់ទៀត ជាក្មួយប្រុសបង្កើតយក ទៅសួរ នាំបន្ដ នៅស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ខណៈដែលអ្នកកាសែត ក្នុងស្រុកបានទៅ ដាក់ពាក្យបណ្ដឹង និងចូលបំភ្លឺ នៅកន្លែងសមត្ថកិច្ច ។

ទាក់ទិនគ្រោះថ្នាក់ចរាចរណ៍ ហើយក្លាយជាបទល្មើសព្រហ្មទណ្ឌ ខាងលើនេះ ស្នងការនគរបាល រាជធានីភ្នំពេញ លោក ឧត្ដមសេនីយ៍ផ្កាយ៣ ជួន សុវណ្ណ បាន ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នៅ ព្រឹកថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ ថា ជន បង្កចំនួន ២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច របស់លោកឃាត់ខ្លួន ក្នុងនោះម្នាក់ឈ្មោះ ដេវីដ ឆាយណាវ៉ា និងក្មួយប្រុស បង្កើតឈ្មោះ ប្រាក់ អ៊ូស៊ី អាយុ ២០ឆ្នាំ ជា និស្សិតឆ្នាំទី៣ នៅសកលវិទ្យាល័យ ឯកជន ។

លោកឧត្ដមសេនីយ៍ ជួន សុវណ្ណ បាន អះអាងថា សំណុំរឿងនេះលោកនឹងបញ្ជូន ខ្លួនជនបង្ក ទាំង២ ពីបទបង្ក របួសស្នាម ទៅសាលាដំបូង រាជធានីភ្នំពេញ មិនអាច អត់ឱនឱ្យបានឡើយ បើទោះបីមានការ អន្ដរាគមន៍ យ៉ាង ណាក៏ដោយនោះ ។

លោក ទុយ មែន អ្នកយកព័ត៌មានឱ្យ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បាន និយាយថា ជនរងគ្រោះដែល រងរបួសធ្ងន់ ក្នុងចំណោមជនរងគ្រោះទាំងអស់  បានមក ដាក់ពាក្យបណ្ដឹង នៅស្នងការដ្ឋាន នគរបាល រាជធានី ភ្នំពេញ ក្នុងនោះរួមមាន ១- លោក ស៊ូ ប៊ុនធី អាយុ ៤៨ឆ្នាំ ជាបុគ្គលិក របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ ១១, ២-លោក សុវណ្ណ រិទ្ធគីន អាយុ ២១ឆ្នាំ ជាបុគ្គលិក របស់ទូរទស្សន៍ប៉ុស្ដិ៍លេខ៩, ៣-លោក សុវណ្ណ សេដ្ឋី អាយុ ១៩ឆ្នាំ ជា បុគ្គលិក ទូរទស្សន៍បាយ័ន , ៤-លោក វាសនា មីនា ជា អ្នករត់ម៉ូតូឌុប រួមទាំងរូបលោកផ្ទាល់ ។

ដោយឡែក អ្នកកាសែតដែលរងរបួស ស្រាល នៅក្នុងហេតុការណ៍ ខាងលើនេះ គ្រោងនឹងដាក់ ពាក្យបណ្ដឹង ផងដែរ ក្នុងនោះរួមមាន លោក មាស ចាន់ធឿន អាយុ ៤៨ឆ្នាំ ជាបុគ្គលិកទូរទស្សន៍ អប្សរា លោក រឿង ចំរើន អាយុ ២៧ឆ្នាំ ជាបុគ្គលិកគេហទំព័រ អគ្គស្នងការនគរបាលជាតិ លោក ផុន ពិសិដ្ឋ អាយុ ២៩ឆ្នាំ ជាបុគ្គលិក គេហទំព័រ អគ្គស្នងការនគរបាលជាតិ លោក ជា សេឌី អាយុ៣០ឆ្នាំ ជាបុគ្គលិកទូរទស្សន៍ប៉ុស្ដិ៍ លេខ ១១ និងលោក សុវណ្ណ រិទ្ធី ជាបុគ្គលិក កាសែត កោះសន្ដិភាព ។

ជាមួយគ្នានេះ ឈ្មោះ ដេវីដ ឆាណាយ វ៉ា ត្រូវបានស្នងការនគរបាល រាជធានីភ្នំ ពេញ លោក ជួន សុវណ្ណ បញ្ជាក់ ថាជននេះ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញ ចេញដីកា តាមចាប់ខ្លួន ជាប់ពាក់ព័ន្ធ នឹងការប្រើ ប្រាស់អាវុធ ខុសច្បាប់ ដូច្នេះត្រូវជាប់ក្នុងបទល្មើស ចំនួន២ ទី១ ពីបទបង្ករបួសស្នាម លើអ្នកកាសែត និងទី២ ពីបទ ប្រើប្រាស់ អាវុធខុសច្បាប់ ៕

DAP-News

{jwplayer}http://111.92.240.170:81/dap-news/dap-video/David-chaynava.mp4&image=http://111.92.240.170:81/dap-news/dap-video/David-chaynava.jpg&width=400&height=350{/jwplayer}

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>