ប៉េកំាង៖ ប្រធានាធិបតីថ្មី របស់ចិនលោក ស៊ី ជិនពីង នៅថ្ងៃ ព្រហស្បតិ៍នេះ បានប្តេជ្ញាថា ប្រទេសរបស់លោក នឹងធ្វើការសហការ ឲ្យកាន់តែស៊ីជម្រៅ ថែមទៀត ជាមួយអង្គការ សហប្រជាជាតិ។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍ ទី២១ ខែមីនា ឆ្នាំ២០១៣ថា នៅក្នុងកិច្ច សន្ទនា តាមទូរស័ព្ទ ជាមួយអគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក បាន គីមូន បាន ស៊ី បាននិយាយថា «ចិននឹងធ្វើការងារជាមួយយូអិន ដើម្បីរក្សាសុវត្ថិភាព យុត្តិធម៌អន្តរជាតិ និងប្រឹងប្រែងនាំមកនូវ កិច្ចសហការ អន្តរជាតិ ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ថែមទៀត ដល់ពិភពលោក»។
លោក ស៊ី បានប្រាប់ថា «ចិនតែងតែជាអ្នកគាំទ្រស្មោះត្រង់ និងជាដៃគូសំខាន់របស់អង្គការសហប្រជាជាតិ ហើយ ចិនតែងតែជួយគំាទ្រ និងស្វែងរកការសហការជាពហុភាគី រួមទំាងការគោរពតួនាទីកិច្ចការពិភពលោកផងដែរ»។
ជាមួយគ្នានោះដែរ លោក បាន គីមូន បាននិយាយដោយបានអបអរសារទរដល់លោក ស៊ី ដែលបានជាប់ជា ប្រធានាធិបតីចិន ហើយលោកក៏បានសម្តែងការជឿជាក់ថា ប្រជាជនចិននឹងអាច សម្រេចបាននូវក្តីសង្ឃឹម ដ៏ ធំធេងរបស់ខ្លួនបាន តាមរយៈការដឹកនាំរបស់លោក ស៊ី។
លោកក៏បានថ្លែងអំណរគុណផងដែរចំពោះចិន ដែលតែងតែគំាទ្រយ៉ាងខ្លំាងក្លាចំពោះស្ថានប័នពិភពលោក ហើយ កិច្ចសហប្រតិបត្តិការរវាងចិន និងយូអិន នឹងត្រូវរីកលូតលាស់ទៅមុខ ក្នុងថ្ងៃអនាគតផងដែរ។
លោកក៏បានជូនពរឲ្យលោក ស៊ី ទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេស រុស្ស៊ី និងប្រទេស នៅ អាហ្វ្រិកចំនួនបីទៀត ក្នុងពេលខាងមុខនេះ ដោយប្រទេសទំាងនោះរួមមាន ប្រទេស តង់ហ្ស៊ានៀ កុងហ្គោ និងអាហ្វ្រិកខាងត្បូង ហើយលោកជឿជាក់ថា កិច្ចប្រជុំកំពូលនៅអាហ្វ្រិកខាងត្បូង នឹងក្លាយជាសមិទ្ធផល វិជ្ជមាន មួយ ដោយយូអិន រីករាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយចិន ក្នុងកិច្ចការនៅអាហ្វ្រិក ៕