ភ្នំពេញៈ បន្ទាប់ពីបើកការស៊ើបអង្កេតអស់ជាច្រើនថ្ងៃ ស្ថានទូតបារាំង បានចេញសេចក្តីថ្លែងការណ៍ថា ការស្លាប់របស់ជនជាតិបារាំង លោក Laurent Vallier និងកូនៗ៤នាក់ នៅក្នុងខេត្តកំពង់ស្ពឺ ដោយអាថ៌ កំបាំង កាលពីចុងឆ្នាំ២០១១ នោះ មិនមែនជាអំពើអត្តឃាត ដូចការសន្និដ្ឋានរបស់កម្លាំងសមត្ថកិច្ច កម្ពុជាឡើយ។
ស្ថានទូតបារំាងនៅថ្ងៃសៅរ៍ ទី២៣ ខែមីនា ឆ្នាំ២០១៣ បានចេញសេចក្តីថ្លែងការថា ការស្រាវ និងស៊ើប អង្កេតរបស់លោកស្រី ក្លូឌីន អង់ហ៊្វូ ចៅក្រមស៊ើបសួរជនជាតិបារាំង បានបិទបញ្ចប់ហើយ ការស្រាវជ្រាវ មានការវិវត្ដយ៉ាងខ្លាំង ដោយលទ្ធផលបង្ហាញថា ករណីនេះមិនមែនជាការធ្វើអត្ដឃាតនោះឡើយ។ លទ្ធផលនេះ វាផ្ទុយស្រឡះពីការសន្និដ្ឋានរបស់សមត្ថកិច្ចកម្ពុជា ដែលថា ជាករណីអត្តឃាតនោះ។
ទោះបីជាយ៉ាងណា លោកស្រី ក្លូឌីន អង់ហ៊្វូ ចៅក្រមស៊ើបសួរទទួលបន្ទុកស្រាវជ្រាវករណី នៃការស្លាប់ របស់គ្រួសារលោកវ៉ាលីយេ និងក្រុមស៊ើបអង្កេតរបស់លោកស្រី ដែលត្រៀមចាកចេញពីប្រទេសកម្ពុជា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អាជ្ញាធរកម្ពុជាគ្រប់លំដាប់ថ្នាក់ ទាំងស្ថាប័នតុលាការ និង នគរបាល ដែលបានចូលរួមសហការយ៉ាងល្អឥតខ្ចោះ។
ការផ្លាស់ប្ដូរវត្ថុតាងនិងនីតិវិធី ការស្រាវជ្រាវដ៏ស្រួចស្រាល់របស់នគរបាលបច្ចេកទេស និងការសាកសួរ ជាច្រើន អាចធ្វើទៅបាន គឺអាស្រ័យដោយមានកិច្ចសហប្រតិបត្ដិការ ដ៏មានប្រសិទ្ធិភាពនិងមិនចេះ នឿយហត់ពីសំណាក់ភាគីកម្ពុជា ។
បុរសជនជាតិបារាំងលោក Laurent Vallier និងកូនទាំង៤ របស់លោក ដែលមានអាយុពី២ដល់១០ឆ្នាំ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងពីផ្ទះនៅក្នុងខេត្តកំពង់ស្ពឺ កាលពីខែកញ្ញា ឆ្នាំ២០១១ បន្ទាប់ពីភរិយាជនជាតិខ្មែររបស់លោកបានស្លាប់ចោលទៅ។ លុះដល់ខែមករា ឆ្នាំ២០១២ ទើបគេបានប្រទះឃើញគ្រោង ឆ្អឹងរបស់លោក និងកូនៗទាំង៤ នៅក្នុងរថយន្តដែលលិចក្នុងស្រះទឹកក្រោយផ្ទះ។
ក្រោយប្រទះឃើញសាកសពក្រុមគ្រួសារនេះ កម្លាំងសមត្ថកិច្ចបានបើកការស៊ើបអង្កេត និងស្រាវជ្រាវ ជំវិញការស្លាប់នេះ តែមិនទទួលបានលទ្ធផលជាក់លាក់នៅឡើយទេ ព្រមទាំងមានការសន្និដ្ឋានថា ជាអំពើអត្តឃាត។
ដោយស្ថានទូតបារាំងមិនជឿលើការសន្និដ្ឋាននេះ បានបើកការស៊ើបអង្កេតមួយ ដោយបញ្ជូនមន្រ្តី ជំនាញរបស់ខ្លួនមកបើកការស៊ើបអង្កេតបន្ត។ ក្រោយការស៊ើបអង្កេតលទ្ធផលផ្ទុយគ្នាស្រឡះពីការ សន្និដ្ឋានរបស់សមត្ថកិច្ចកម្ពុជា ពោលមិនមែនជាករណីធ្វើអត្ដឃាតនោះឡើយ ។
តែទោះជាយ៉ាងណាក្តី ស្ថានទូតបារាំង ក៏មិនទាន់បានបញ្ជាក់ផងដែរ ពីមូលហេតុច្បាស់លាស់ នៃការ ស្លាប់របស់លោក Laurent Vallier និងកូនៗទាំង៤នាក់របស់គាត់នោះ៕