ភ្នំពេញៈ យោងតាមព័ត៌មាន ពីមន្ដ្រី ក្រសួងព័ត៌មាន បានឱ្យដឹងនៅរសៀលថ្ងៃចន្ទ ទី១៥ ខែ តុលា នេះថា ព្រះបរមសព សម្ដេចឪ ព្រះបាទ នរោត្ដម សីហនុ នឹងមកដល់រាជធានីភ្នំពេញ នៅរសៀលម៉ោង ៣ ថ្ងៃទី១៧ ខែ តុលា ឆ្នាំ ២០១២ ខាងមុខនេះ។
ជាមួយគ្នានោះផងដែរ នៅឯរដ្ឋធានីទីក្រុងប៉េកាំង ប្រទេសចិន សេចក្ដីរាយការណ៍ របស់ទីភ្នាក់ងារផ្លូវការ ស៊ិនហួរ បានឱ្យដឹងថា អនុប្រធានាធិបតីចិន ស៊ីជិន ពីង ចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រយានី ក្នុងនាមបក្សកុម្មុយនីស្ដចិន រដ្ឋាភិបាល និងប្រជាជនចិន នាព្រឹកថ្ងៃចន្ទ ទី១៥ ខែ តុលា ឆ្នាំ ២០១២។
លោក ស៊ីជិន ពីង បានថ្លែងបន្ទាប់ពីធ្វើការស្មឹងស្មាត នៅមុខព្រះឆាយាល័ក្ខ សម្ដេច ព្រះនរោត្ដម សីហនុ ថា “យើងមានការភ័យ តក់ស្លុត រន្ធត់ ជាខ្លាំង នៅពេលឮដំណឹងថា ព្រះអង្គសោយទិវង្គត់”។
លោកបន្ដថា សម្ដេច គឺជាមេដឹកនាំដ៏អស្ចារ្យ ជាទីគោរពស្រលាញ់ ពីសំណាក់ប្រជារាស្ដ្រខ្មែរ ដែលក្នុង ឆាកព្រះជន្មាយុ របស់ព្រះអង្គ បានបូរជា ព្រះរាជបូជនីកិច្ច ដើម្បីឯករាជ្យជាតិ និងការអភិវឌ្ឍប្រកបដោយ សន្ដិភាព របស់ប្រទេសជាតិ របស់ព្រះអង្គ។